ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
From Wikipedia, the free encyclopedia
Remove ads
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន បង្កឱ្យកើតជាសង្គ្រាមដ៏ធំនិងសាហាវឃោរឃៅបំផុតក្នុងទ្វីបអឺរ៉ុបចាំងពីសង្គ្រាមលោកលើកទី២ មក។ ការឈ្លានពាននេះគឺបានវិវត្តចេញពីជម្លោះសង្គ្រាមព្រំដែនរវាងប្រទេសទាំងពីរដែលបានផ្ទុះឡើងដំបូងតាំងពីឆ្នាំ២០១៤ មកម៉្លេះ។[១៨][១៩][២០] ប្រតិបត្តិការឈ្លានពានមួយនេះបានបណ្តាលឱ្យមនុស្សរាប់ម៉ឺនរាប់សែននាក់របួសនិងបាត់បង់ជីវិត ក្នុងនោះមានទាំងយោធានិងស៊ីវិល។ គិតត្រឹមឆ្នាំ២០២៥ នេះ កងទ័ពរុស្ស៊ីបានកំពុងកាន់កាប់ទឹកអ៊ុយក្រែនប្រមាណ ២០%។ ចំពោះប្រជាជនអ៊ុយក្រែនសរុប ៤១ លាននាក់ មាន ៨ លាននាក់ត្រូវបង្ខំផ្លាស់ទីចាកចេញពីប្រទេសរបស់ពួកគេ បើគិតត្រឹមខែមេសា ឆ្នាំ២០២៣ បង្កបង្កើតជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២។
ក្នុងរយៈពេលជាច្រើនខែមុនពេលឈ្លានពាន ទាហានរុស្ស៊ីបានប្រមូលផ្តុំគ្នានៅជុំវិញព្រំដែនប្រទេសអ៊ុយក្រែន ប៉ុន្តែមន្ត្រីរុស្ស៊ីបានចេញបដិសេធ និងច្រានចោលរាល់នូវផែនការវាយប្រហារដែលត្រូវបានគេចោទប្រកាន់។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីនបានប្រកាសផ្តើម "ប្រតិបត្តិការយោធាពិសេស" ដើម្បីគាំទ្ររដ្ឋបំបែកខ្លួននៅអ៊ុយក្រែនពោលគឺ សាធារណរដ្ឋដូណេតស្ក៍ និងលូហ្កានស្ក៍នៃតំបន់ដុនបាស។ ពូទីនបាននិយាយថា គោលដៅនៃប្រតិបត្តិការនេះគឺដើម្បីធ្វើ"វិយោធកម្ម" និង"វិណាស៊ីកម្ម"នៅក្នុងប្រទេសអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបានប្រកាន់ខ្ជាប់នូវមហិច្ឆតារុស្ស៊ីលើអ៊ុយក្រែន ប្រឆាំងនឹងអធិបតេយ្យភាពរបស់អ៊ុយក្រែន និងបានអះអាងមិនពិតថា អ៊ុយក្រែនត្រូវបានកំពុងគ្រប់គ្រងដោយក្រុមនិយមណាស៊ីដែលកំពុងតែធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរុស្ស៊ី។ ប៉ុន្មាននាទីក្រោយពីការប្រកាសផ្តើមប្រតិបត្តិការពិសេសនោះ ការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកក៏បានចាប់ផ្តើមពីទិសខាងជើង ចេញពីប្រទេសបេឡារុសតម្រង់ឆ្ពោះទៅរដ្ឋធានីកៀវ និងតាមទិសផ្សេងៗទៀតរួមមាន៖ ទិសឦសានឆ្ពោះទៅទីក្រុងខាគីវ ទិសខាងត្បូងផ្តើមចេញពីតំបន់គ្រីមៀ និងទិសអាគ្នេយ៍ចេញពីតំបន់ដុនបាស។ ជាការឆ្លើយតបទៅរុស្ស៊ីវិញ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានអនុម័តច្បាប់អាជ្ញាសឹក និងបានបញ្ជាឱ្យមានការចល័តទ័ពទ្រង់ទ្រាយធំដើម្បីការពារប្រទេសរបស់ខ្លួន។
ទាហានរុស្ស៊ីបានដកថយចេញពីសមរភូមិភាគខាងជើងនៅអំឡុងខែមេសា។ ចំណែកនៅឯជួរប្រយុទ្ធខាងត្បូង និងអាគ្នេយ៍វិញ រុស្ស៊ីបានវាយដណ្ដើមយកបានទីក្រុងខឺសុនក្នុងខែមីនា និងទីក្រុងម៉ារីអ៊ូប៉ូលនៅខែឧសភា។ នៅថ្ងៃទី១៨ ខែមេសា រុស្ស៊ីបានប្រកាសផ្តើមសមរភូមិដុនបាសសារជាថ្មីឡើងវិញ។ កងកម្លាំងរុស្ស៊ីបានបន្តទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធា និងស៊ីវិលដែលសុទ្ធសឹងតែមានទីតាំងនៅឆ្ងាយពីជួរប្រយុទ្ធ រួមទាំងបណ្តាញថាមពលរបស់អ៊ុយក្រែនពេញមួយសិសិររដូវ។ នៅចុងឆ្នាំ២០២២ អ៊ុយក្រែនបានប្រកាសវាយបកទៅវិញតាមជួរប្រយុទ្ធខាងត្បូង និងខាងកើត។ មិនយូរប៉ុន្មាន រុស្ស៊ីក៏បានប្រកាសកាត់ផ្ដាច់តំបន់ដែលខ្លួនកំពុងកាន់កាប់ចំនួនបួនមកបញ្ចូលជាទឹកដីរុស្ស៊ីដោយខុសច្បាប់។[២១][២២] នៅក្នុងខែវិច្ឆិកា អ៊ុយក្រែនបានវាយយកទីក្រុងខឺសុនបានមកវិញ។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ រុស្ស៊ីបានត្រៀមទាហានជិត ២០០,០០០ នាក់បន្ថែមទៀតសម្រាប់យុទ្ធនាការវាយប្រហារជាថ្មីសម្ដៅទៅរកទីក្រុងបាក់មុត។[២៣]
សកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានទទួលរងនូវការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។[២៤] មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេច ES-១១/១ ដោយថ្កោលទោសលើការឈ្លានពាន និងបានទាមទារឱ្យរុស្ស៊ីដកទ័ពទាំងប៉ុន្មានរបស់ខ្លួនដែលមានវត្តមាននៅលើទឹកដីអ៊ុយក្រែន។ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ខណៈដែលក្រុមប្រឹក្សាអឺរ៉ុបបានដកប្រទេសរុស្ស៊ីចេញពីអង្គការរបស់ខ្លួន។ ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងរួមទាំងបេឡារុស ហើយបានរួមគ្នាបញ្ជូនជំនួយមនុស្សធម៌ និងយោធាដល់ប្រទេសអ៊ុយក្រែន។ បាតុកម្មប្រឆាំងរុស្ស៊ីបានកើតឡើងនៅជុំវិញពិភពលោក រីឯនៅក្នុងប្រទេសរុស្ស៊ីវិញ បាតុករប្រឆាំងនឹងសង្គ្រាមគឺនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ហើយសារព័ត៌មានផ្សេងៗត្រូវបានអាជ្ញាធរពិរុទ្ធមើលយ៉ាងតឹងរឹង។ ជាលទ្ធផលនៃការឈ្លានពាននេះ ក្រុមហ៊ុនបរទេសជាង ១,០០០ បានដកខ្លួនចេញពីប្រទេសរុស្ស៊ី និងបេឡារុស។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការចាប់ពង្រត់កុមារ និងអំពើប្រល័យពូជសាសន៍ក្នុងអំឡុងការឈ្លានពាន[២៥][២៦] ហើយនៅខែមីនា ឆ្នាំ២០២៣ ICC បានចេញដីកាចាប់ខ្លួនលោកពូទីន។[២៧]
Remove ads
ផ្ទៃរឿង
បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ ប្រទេសអ៊ុយក្រែនដែលទើបតែទទួលបានឯករាជ្យថ្មីៗ និងរុស្ស៊ីបានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមចុះលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ហើយបានដោះកម្ទេចអាវុធនុយក្លេអ៊ែរទាំងប៉ុន្មានដែលបន្សល់ទុកពីអតីតសហភាពសូវៀត។[២៨] ជាការតបស្នងវិញ រុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានយល់ព្រមគោរពនូវបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់អ៊ុយក្រែន តាមរយៈអនុស្សរណៈនៃការធានាសន្តិសុខនៅឯទីក្រុងប៊ុយដាប៉ែស។[២៩][៣០] នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីទាំងប៉ុន្មាននៃធម្មនុញ្ញដើម្បីសន្តិសុខអឺរ៉ុប ដោយបាន"បញ្ជាក់ឡើងវិញនូវសិទ្ធិរបស់រដ្ឋចូលរួមនីមួយៗ និងសេរីភាពក្នុងការជ្រើសរើស ឬផ្លាស់ប្តូរប្រព័ន្ធសន្តិសុខរបស់ពួកគេ រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាពផងដែរ"។[៣១] ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត អតីតប្រទេសប្លុកបូព៌ាជាច្រើនបានចូលរួមជាមួយអង្គការណាតូ ព្រោះដោយសារការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់ដែលមានប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធដូចជា៖ វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ សង្រ្គាមនៅអាប់កាស៊ី (១៩៩២–១៩៩៣) និងសង្រ្គាមឆេឆិនលើកទី១ (១៩៩៤–១៩៩៦) ជាដើម។[៣២] មេដឹកនាំរុស្ស៊ីជាច្រើនបានអះអាងថា មហាអំណាចលោកខាងលិចបានសន្យានឹងរុស្ស៊ីថាសម្ព័ន្ធណាតូនឹងមិនពង្រីកឥទ្ធិពលរបស់ខ្លួនមកទិសខាងកើតនោះឡើយ ប៉ុន្តែអំណះអំណាងនេះត្រូវបានគេជំទាស់ និងច្រានចោលទៅវិញ។[៣៣][៣៤] នៅក្នុងកិច្ចប្រជុំកំពូលណាតូឆ្នាំ២០០៨ នៅឯទីក្រុងប៊ុយការែស ប្រទេសអ៊ុយក្រែន និងចចជីបានស្នើសុំសិទ្ធិចូលរួមជាសមាជិកអង្គការណាតូ។[៣៥] យោបល់ឆ្លើយតបរបស់សមាជិកផ្លូវការណាតូនីមួយៗមានលក្ខណៈចម្រុះដោយបណ្តារដ្ឋនៅអឺរ៉ុបខាងលិចបានសម្តែងនូវសេចក្ដីព្រួយបារម្ភជុំវិញការចេញប្រឆាំងរបស់រុស្ស៊ី។[៣៦] ទីបំផុត ណាតូបានបដិសេធមិនផ្តល់សមាជិកភាពដល់អ៊ុយក្រែន និងចចជី ប៉ុន្តែពួកគេបានចេញសេចក្តីថ្លែងការណ៍មួយដោយយល់ព្រមថា"ប្រទេសទាំងពីរគង់តែក្លាយជាសមាជិកអង្គការណាតូនៅថ្ងៃណាមួយ"។ លោកពូទីនបានចេញមុខប្រឆាំងយ៉ាងពេញទំហឹងចំពោះការដេញថ្លៃសមាជិកភាពណាតូរបស់រដ្ឋទាំងពីរ[៣៧] ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស៊ែរជី ឡាហ្វរូហ្វបាននិយាយថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ស្កាត់ប្រទេសទាំងពីរពីការចូលជាសមាជិកអង្គការណាតូ។[៣៨]

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ប្រធានាធិបតីអ៊ុយក្រែនលោកវិចទ័រ យ៉ានូកូវិចបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមន៍ជាមួយសហភាពអឺរ៉ុប (EU) ដោយបានប្រើប្រាស់អំណាចនយោបាយសង្កត់លើសភាជាតិ រួចបានបង្វែរខ្លួនមកជ្រើសរើសពង្រឹងទំនាក់ទំនងជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលដឹកនាំដោយរុស្ស៊ីវិញ។ សារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីសម្ពាធដែលរុស្ស៊ីបានដាក់មកលើអ៊ុយក្រែនដែលបង្ខំឱ្យប្រមុខដឹកនាំអ៊ុយក្រែនបដិសេធនូវកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។[៣៩] ព្រឹត្តិការណ៍ទាំងនេះបានបង្កឱ្យមានរលកបាតុកម្មគាំទ្រសហភាពអឺរ៉ុបដែលគេនិយមហៅថា អឺរ៉ូម៉ីដាន (Euromaidan) ហើយជាលទ្ធផល លោកយ៉ានូកូវិចត្រូវបានផ្តួលទម្លាក់ចេញពីអំណាចនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ហើយចលនាគាំទ្ររុស្ស៊ីក៏បានផ្ទុះឡើងជាបន្តបន្ទាប់នៅតំបន់ប៉ែកខាងកើត និងត្បូងនៃទឹកដីអ៊ុយក្រែន។ ទាហានរុស្ស៊ីដែលមិនមានសញ្ញាសម្គាល់ពីសាមីខ្លួនបានឆក់យកឱកាសនេះចូលកាន់កាប់ទីតាំងយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គ្រីមៀ ហើយថែមទាំងបានដណ្តើមកាន់កាប់សភាប្រចាំតំបន់គ្រីមៀទៀតផង។ នៅអំឡុងខែមីនា រុស្ស៊ីបានរៀបចំប្រជាមតិមួយ និងបានកាត់ឧបទ្វីបគ្រីមៀបញ្ចូលជាកម្មសិទ្ធិទឹកដីរបស់ខ្លួន។ មួយខែក្រោយមកគឺនៅខែមេសា ឆ្នាំ២០១៤ សង្គ្រាមបានផ្ទុះឡើងនៅតំបន់ដុនបាស ហើយរដ្ឋផ្តាច់ខ្លួនចំនួនពីរក៏បានលេចជារូបរាងឡើង (គាំទ្រដោយប្រទេសរុស្ស៊ី)[៤០][៤១][៤២] ពោលគឺ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍។[៤៣][៤៤] កិច្ចព្រមព្រៀងទីក្រុងមីនស្កឹដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៥ គឺជាកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការប្រយុទ្ធប្រឆាំងគ្នា ប៉ុន្តែបទឈប់បាញ់មិនដែលត្រូវបានចុះជាផ្លូវការឡើយ។[៤៥] សមាជិកទម្រង់ន័រម៉ង់ឌី៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ុយក្រែនបានមើលឃើញកិច្ចព្រមព្រៀងក្រុងមីនស្កឹ ជាកិច្ចព្រមព្រៀងតែរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះ ខណៈរុស្ស៊ីទទូចថា អ៊ុយក្រែនគួរតែចរចាដោយផ្ទាល់ជាមួយរដ្ឋបំបែកខ្លួនទាំងពីរនោះ។[៤៦][៤៧]
នៅឆ្នាំ២០២១ លោកពូទីនបានបដិសេធមិនព្រមធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយហ្សេឡេនស្គី ហើយរដ្ឋាភិបាលរុស្ស៊ីបានចេញគាំទ្រនូវអត្ថបទមួយរបស់អតីតប្រធានាធិបតីលោកឌីមីទ្រី ម៉េដវេដេវជាសាធារណៈ ដែលក្នុងនោះវាបានប្រកែកថា រាល់ដំណោះស្រាយរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺគ្មានអត្ថន័យអ្វីឡើយ ខណៈដែលអ៊ុយក្រែននៅតែបន្តដើរតួជា"រដ្ឋចំណុះ"របស់សហរដ្ឋអាមេរិក។[៤៨] ការកាត់ឧបទ្វីបគ្រីមៀធ្វើជាកម្មសិទ្ធិទឹកដីរបស់ខ្លួនបាននាំឱ្យមានរលកថ្មីនៃជាតិនិយមរុស្ស៊ី ដោយចលនាចក្រពត្តិនិយមរុស្ស៊ីថ្មីភាគច្រើនប្រាថ្នាចង់កាត់ទឹកដីអ៊ុយក្រែនបន្ថែមទៀត ដូចជាផែនការណូវ៉ូរ៉ូស៊ីយ៉ាជាដើម។[៤៩] នៅខែកក្កដា ឆ្នាំ២០២១ លោកពូទីនបានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា "ស្តីពីការរួបរួមជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីនិងអ៊ុយក្រែន" ដោយបញ្ជាក់ជាថ្មីថាជនជាតិរុស្ស៊ីនិងអ៊ុយក្រែនគឺជា"ជនជាតិតែមួយ"។[៥០] អ្នកសង្កេតការណ៍ជាច្រើនបានកត់សម្គាល់ថា ថ្នាក់ដឹកនាំរុស្ស៊ីមានទស្សនៈបំប្លែងចំពោះអ៊ុយក្រែនសម័យទំនើប ក៏ដូចជាប្រវត្តិសាស្រ្តរបស់ខ្លួន។[៥១][៥២][៥៣]
Remove ads
វិបត្តិមុនការឈ្លានពាន
ព័ត៌មានបន្ថែម៖ វិបត្តិរុស្ស៊ី-អ៊ុយក្រែនឆ្នាំ២០២១–២០២២
ព្រឹត្តិការណ៍ឈ្លានពាន
ការឈ្លានពាននេះបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។ វាគឺជាការវាយប្រហារដ៏ធំបំផុតមកលើប្រទេសមួយនៅទ្វីបអឺរ៉ុប និងក៏ជាសង្គ្រាមពេញលេញលើកដំបូងនៅក្នុងទ្វីបនេះផងដែរចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ រុស្ស៊ីបានបើកការវាយតាមរយៈកម្លាំងថ្មើរជើងនិងដែនអាកាសដំណាលៗគ្នា[៥៤][៥៥] ខណៈមីស៊ីលនិងគ្រាប់ផ្លោងរាប់រយគ្រាប់ត្រូវបានបាញ់បំផ្លោងចូលទៅទូទាំងប្រទេសអ៊ុយក្រែន។[៥៦] ជាក់ស្តែង កងពលថ្មើរជើង និងកងកម្លាំងរថក្រោះបានផ្តើមការវាយលុកពីបួនទិសរួមមាន៖ ទិសខាងជើង (សម្រុកទៅទីក្រុងកៀវ) ទិសខាងត្បូង (ចេញពីឧបទ្វីបគ្រីមៀ) ទិសអាគ្នេយ៍ (ចេញពីដែនដីលូហ្កានស្ក៍ និងដុនបាស) និងទិសខាងកើត។[៥៧][៥៨] យុទ្ធនាការទម្លាក់គ្រាប់មីស៊ីលដ៏ធំត្រូវបានប្រព្រឹត្តិទៅដោយរុស្ស៊ីបានបាញ់មីស៊ីលរាប់សិបគ្រាប់ចូលទូទាំងប្រទេសអ៊ុយក្រែនរហូតដល់ភាគខាងលិចក្នុងទីក្រុងល្វីវទៀតផង។[៥៩][៦០]
មកដល់ថ្ងៃទី៧ ខែមេសា កងទ័ពរុស្ស៊ីនៅជួរប្រយុទ្ធភាគខាងជើងសម្ដៅទៅទីក្រុងកៀវ ត្រូវបានបញ្ជាឱ្យដកថយរួចបង្វែរមកប្រយុទ្ធនៅដុនបាសវិញ ដើម្បីពង្រឹងការឈ្លានពានជាថ្មីនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។ កម្លាំងរុស្ស៊ីនៅជួរប្រយុទ្ធភាគឦសានក៏ត្រូវបានដកចេញ និងផ្លាស់ទីមកសមរភូមិនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនដូចគ្នា។[៦១][៦២] ឈានដល់ថ្ងៃទី២៦ ខែមេសា គណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តចំនួន ៤០ ប្រទេសបានមកជួបប្រជុំគ្នានៅមូលដ្ឋានទ័ពអាកាសរ៉ាំស្តែនក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីការបង្កើតសម្ព័ន្ធភាពសម្រាប់ផ្តល់ជំនួយសេដ្ឋកិច្ច បន្ថែមពីលើជំនួយផ្គត់ផ្គង់យោធា និងថវិកាទុកកសាងប្រទេសអ៊ុយក្រែនក្រោយចប់សង្គ្រាម។[៦៣]
ការពឹងផ្អែករបស់អ៊ុយក្រែនលើជំនួយផ្គត់ផ្គង់ដោយលោកខាងលិចបានធ្វើឱ្យប្រសិទ្ធភាពប្រតិបត្តិការយោធាពួកគេមានកំណត់ ខណៈដែលប្រទេសជំនួយបានកើតការបារម្ភខ្លាចថាអ៊ុយក្រែននឹងប្រើប្រាស់គ្រឿងសព្វាវុធដែលផលិតដោយលោកខាងលិចទៅវាយប្រហារគោលដៅស្ថិតនៅខាងក្នុងប្រទេសរុស្ស៊ី។[៦៤] បណ្ឌិតនិងអ្នកជំនាញផ្សេងៗបានសម្ដែងនូវមតិខុសៗគ្នាជុំវិញអនាគតនៃសង្គ្រាមនេះ ដោយអ្នកខ្លះគិតថាអ៊ុយក្រែនគួរយកទឹកដីទៅដោះដូរសន្តិភាពជាមួយរុស្ស៊ី[៦៥] តែអ្នកខ្លះវិញគិតថាអ៊ុយក្រែនអាចបន្តប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីតទៀតថាព្រោះថារុស្ស៊ីបាននិងកំពុងបាត់បង់ធនធានច្រើនស្រាប់ទៅហើយដោយសារសង្គ្រាមនេះ ពោលរុស្ស៊ីអាចចុះខ្សោយនាពេលខាងមុខ។[៦៦]
ការឈ្លានពានដំបូង
ជួរប្រយុទ្ធខាងជើង

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមកាន់កាប់រដ្ឋធានីកៀវ រុស្ស៊ីបានលើកទ័ពឈ្លានពានចេញពីប្រទេសបេឡារុសតាមច្រាំងខាងលិចនៃទន្លេឌីណេព័រ ដោយមានគោលដៅជាក់ស្តែងគឺឡោមព័ទ្ធរដ្ឋធានីរបស់អ៊ុយក្រែនពីទិសខាងលិច។[៦៧][៦៨] កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគាំទ្រដោយកម្លាំងវាយប្រហារចំនួនពីរនៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេឌីណេព័រ៖ ខាងលិចនៅទីក្រុងឈើហ៊ីនីវ និងភាគខាងកើតនៅក្រុងស៊ូមី។[៥៥][៥៤] កងកម្លាំងរុស្ស៊ីបានចូលទៅដល់អូប្លាសឈើនីហ៊ីវនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយបានឡោមព័ទ្ធទីក្រុងរដ្ឋបាលនៃអូប្លាសនោះបន្ទាប់ពីប្រយុទ្ធគ្នាអស់បួនថ្ងៃ។[៦៩][៧០] ដោយធ្វើដំណើរតាមផ្លូវជាតិ កងកម្លាំងរុស្ស៊ីក៏បានចូលដល់ជាយរដ្ឋធានីកៀវភាគខាងកើត ពោលគឺក្រុងប្រូវ៉ារី នៅថ្ងៃទី៤ ខែមីនា។[៥៥][៥៤]

គិតត្រឹមថ្ងៃទី៥ ខែមីនា ក្បួនរថយន្តយោធារុស្ស៊ីដ៏ធំមួយដែលត្រូវបានគេរាយការណ៍ថាមានប្រវែង ៦៤ គីឡូម៉ែត្រ ត្រូវបានជាប់គាំងខណៈពេលធ្វើដំណើរការឆ្ពោះទៅកាន់ទីក្រុងកៀវ។[៧១] កម្លាំងរុស្ស៊ីដែលមានគោលដៅដណ្តើមទីក្រុងឈើនីហ៊ីវក៏ត្រូវជាប់គាំងផងដែរ ដែលជាហេតុធ្វើឱ្យពួកគេសម្រេចចិត្តយាមឡោមព័ទ្ធជុំវិញទីក្រុងនោះ។ នៅឯភាគពាយព្យ កងកម្លាំងរុស្ស៊ីបានបន្តរុលទៅមុខដោយបានកាន់កាប់ក្រុងប៊ូតឆា ហូស្តូមឹល និងវ័រហ្សែលក្នុងដំណើរឆ្ពោះទៅរករដ្ឋធានីកៀវ បើគិតត្រឹមថ្ងៃទី៥ ខែមីនា។[៧២][៧៣] ដល់ថ្ងៃទី១១ ខែមីនា វាត្រូវបានគេរាយការណ៍ថា ហ្វូងរថយន្តដ៏វែងនោះបានបំបែកទៅទីតាំងខុសៗគ្នា ដោយខ្លះបានចតនៅក្រោមម្លប់ដើមឈើដើម្បីគេចខ្លួនពីការចាប់យករូបភាពពីផ្កាយរណប។ គ្រាប់រ៉ុក្កែតជាច្រើនក៏ត្រូវបានគេរកឃើញផងដែរ។[៧៤] នៅថ្ងៃទី១៦ ខែមីនា កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមយុទ្ធនាការវាយតបវិញដើម្បីទប់កងកម្លាំងរុស្ស៊ីដែលត្រៀមនឹងចូលទីក្រុងកៀវតាមទិសដៅផ្សេងៗ។[៧៥] ដោយមិនអាចទទួលបានជ័យជំនះភ្លាមៗនៅក្នុងប្រតិបត្តិការកៀវ កងកម្លាំងរុស្ស៊ីក៏សម្រេចផ្លាស់ប្តូរយុទ្ធសាស្រ្ត ហើយចាប់ផ្តើមប្រើប្រាស់អាវុធប្រឈម ការទម្លាក់គ្រាប់បែកមិនរើសមុខ និងសង្គ្រាមឡោមព័ទ្ធ។[៧៦][៧៧]
នៅថ្ងៃទី២៥ ខែមីនា សកម្មភាពវាយតបរបស់អ៊ុយក្រែននៅក្នុងទីក្រុងកៀវបានផ្តល់លទ្ធផលផ្លែផ្កាច្រើនលើសពីអ្វីដែលខ្លួនបានស្មាន់ បន្ទាប់ពីពួកគេបានដណ្តើមបានទីក្រុង និងតំបន់តូចៗនៅភាគខាងកើត និងលិចនៃទីក្រុងកៀវមកវិញ។[៧៨] កងទ័ពរុស្ស៊ីជាច្រើនបានដកថយចេញពីភាគខាងជើងនៃទីក្រុងកៀវខណៈកំពុងរងការវាយប្រហារច្រើនឡើងៗពីយោធាអ៊ុយក្រែន ហើយនៅចុងខែមីនា កងទ័ពរុស្ស៊ីនៅក្នុងតំបន់ក្រុងប៊ូតឆាបានដកថយចេញទាំងស្រុងទៅភាគខាងជើង។ កងកម្លាំងអ៊ុយក្រែនបានចូលក្នុងក្រុងនេះនៅថ្ងៃទី១ ខែមេសា។[៧៩] អ៊ុយក្រែនបានអះអាងថាខ្លួនបានដណ្តើមកាន់កាប់តំបន់ទាំងមូលជុំវិញរដ្ឋធានីកៀវដោយក្នុងនោះរួមមានក្រុងអៀរពីន ប៊ូតឆា និងហូស្តូមឹល។ល។ នៅត្រឹមថ្ងៃទី២ ខែមេសា ភស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាមត្រូវបានគេរកឃើញនៅទីក្រុងប៊ូតឆា។[៨០]
ជួរប្រយុទ្ធខាងត្បូង និងកើត

នៅថ្ងៃទី២៤ ខែកុម្ភៈ កងកម្លាំងរុស្សីបានផ្លាស់ទីចេញពីគ្រីមៀបុកសម្ដៅមកប៉ែកពាយព្យ ដោយបានកាន់កាប់ស្ពានឆ្លងទន្លេឌីណេព័រជាច្រើន[៨១] និងរួមទាំងព្រែកជីកគ្រីមៀខាងជើងទៀតផង។[៨២] នៅថ្ងៃទី១ ខែមីនា ទីក្រុងខឺសុនបានក្លាយជាទីក្រុងសំខាន់ដំបូងរបស់អ៊ុយក្រែនដែលបានធ្លាក់ទៅក្រោមការកាន់កាប់របស់រុស្ស៊ី។[៨៣] បន្ទាប់មក កងទ័ពរុស្ស៊ីបានបន្តដំណើរទៅកាន់ក្រុងមិកូឡៃហ្វ ហើយបានបើកការវាយលុកព្យាយាមដណ្ដើមទីក្រុងនេះ ប៉ុន្តែត្រូវបានកងកម្លាំងអ៊ុយក្រែនរុញច្រានចេញវិញ។[៨៤] បន្តបន្ទាប់មកទៀត កងកម្លាំងរុស្ស៊ីបានផ្លាស់ទីខិតមកជិតរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ា និងបានឡោមព័ទ្ធទីក្រុងអេនែរ្ហូដារ។[៨៥] គិតមកត្រឹមថ្ងៃទី២៥ ខែកុម្ភៈ កងទ័ពរុស្ស៊ីបានចាប់ផ្ដើមធ្វើដំណើរសម្ដៅទៅក្រុងម៉ារីអ៊ូប៉ូល[៨៦] ហើយមកដល់ថ្ងៃទី២៧ កម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងប៊ែរដាំនស្ក៍។[៨៧][៨៨][៨៩]
មកត្រឹមថ្ងៃទី១៨ ខែមីនា ទីក្រុងម៉ារីអ៊ូប៉ូលត្រូវបានកម្លាំងរុស្ស៊ីឡោមព័ទ្ធទាំងស្រុង ហើយការប្រយុទ្ធគ្នាបានរាលដាលដល់កណ្តាលទីក្រុង ដែលជាហេតុនាំឱ្យកិច្ចប្រឹងប្រែងជម្លៀសជនស៊ីវិលមិនអាចប្រព្រឹត្តិទៅរួច។[៩០] នៅថ្ងៃដដែរ រុស្ស៊ីបានទាមទារឱ្យអាជ្ញាធរក្រុងទម្លាក់អាវុធចុះចាញ់ ប៉ុន្តែខាងភាគីអ៊ុយក្រែនបានបដិសេធ។[៥៧][៥៨] នៅថ្ងៃទី២៧ ខែមីនា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រីអុលហា ស្តេហ្វានីស៊ីណាបាននិយាយថា " ជាង ៨៥ ភាគរយនៃទីក្រុងម៉ារីអ៊ូបូលត្រូវបានរងការបំផ្លិចបំផ្លាញ"។[៩១] ជាងនេះទៅទៀតនោះ រុស្ស៊ីបានបដិសេធមិនអនុញ្ញាតឱ្យឡានក្រុងចំនួន ៥០ គ្រឿងបញ្ជូនដោយអង្គការសហប្រជាជាតិចូលជម្លៀសជនស៊ីវិលជាប់នៅក្នុងទីក្រុងឡើយ។[៩២]
នៅឯដែនដីភាគខាងកើត ទាហានរុស្ស៊ីបានព្យាយាមចូលកាន់កាប់ទីក្រុងខាគីវ ប៉ុន្តែពួកគេត្រូវប្រឈមនឹងកម្លាំងតស៊ូការពារដ៏រឹងមាំរបស់អ៊ុយក្រែន។[៩៣] ទីក្រុងអ៊ីហ្សូមរបស់អ៊ុយក្រែនត្រូវបានកងកម្លាំងរុស្ស៊ីចូលកាន់កាប់នៅថ្ងៃទី១ ខែមេសា បន្ទាប់ពីប្រយុទ្ធគ្នាអស់ជាងមួយខែ។[៩៤][៩៥] នៅថ្ងៃទី២៥ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកប្រតិបត្តិការយោធាដំណាក់កាលទីពីរដោយមានគោលដៅកាន់កាប់ទីក្រុងធំៗនៅភាគខាងកើតប្រទេសអ៊ុយក្រែន។[៩៦]
នៅថ្ងៃទី៣ ខែមេសា បន្ទាប់ពីកងទ័ពរុស្ស៊ីបានដកថយចេញពីរដ្ឋធានីកៀវ ប្រទេសរុស្ស៊ីក៏បានចាប់ផ្ដើមពង្រីកការវាយប្រហាររបស់ខ្លួនលើទឹកដីភាគខាងត្បូងប្រទេសអ៊ុយក្រែនតាមរយៈការទម្លាក់គ្រាប់បែក និងការវាយប្រហារដែនអាកាសទៅលើទីក្រុងអូដេសា មិកូឡៃហ្វ និងរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ា។[៩៧][៩៨] មកដល់ថ្ងៃទី៧ ខែមេសា ការប្រមូលផ្តុំកងទ័ព និងរថក្រោះរុស្ស៊ីឡើងវិញនៅជុំវិញក្រុងអ៊ីហ្សូម ស្លូវីអានស្កិ៍ និងក្រាម៉ាតរស្កិ៍ បានជំរុញឱ្យមន្ត្រីអ៊ុយក្រែនចេញសេចក្ដីណែនាំឱ្យប្រជាជនដែលរស់នៅជិតព្រំដែនភាគខាងកើតទាំងប៉ុន្មានឱ្យជម្លៀសខ្លួនមកភាគខាងលិចអ៊ុយក្រែនជាបន្ទាន់។[៩៩]
ជួរប្រយុទ្ធភាគអាគ្នេយ៍ (៨ មេសា – ៥ កញ្ញា ២០២២)

ត្រឹមថ្ងៃទី១៧ ខែមេសា ដំណើរឈ្លានពានរបស់កម្លាំងរុស្ស៊ីនៅជួរប្រយុទ្ធភាគអាគ្នេយ៍ត្រូវបានកងកម្លាំងអ៊ុយក្រែនបិទខ្ទប់នៅតំបន់ជុំវិញទីក្រុងម៉ារីអ៊ូប៉ូល។[១០០] នៅថ្ងៃទី១៩ ខែមេសា ប្រទេសរុស្ស៊ីបានចាប់ផ្តើមបើកការវាយប្រហារតាមភាគខាងកើតប្រវែង ៤៨០ គីឡូម៉ែត្រ ដែលលាតសន្ធឹងពីទីក្រុងខាគីវទៅដល់ទីក្រុងដូណេតស្ក៍និងលូហ្កានស្ក៍ និងបូករួមទាំងការបាញ់មីស៊ីលស្របៗគ្នាផងដែរចូលសម្ដៅទីក្រុងកៀវនិងល្វីវ។[១០១]
ត្រឹមថ្ងៃទី៣០ ខែឧសភា ព្រោះតែការនាំចូលបន្ថែមនៃអាវុធកាំភ្លើងធំចូលសមរភូមិ រុស្ស៊ីបានមានប្រៀបខ្លាំងលើអ៊ុយក្រែនជុំវិញគុណភាពនិងចំនួននៃកាំភ្លើងធំ។[៦៤] ដោយជាការឆ្លើយតបទៅនឹងពាក្យសម្ដីប្រធានាធិបតីបៃដិនដែលថាអាមេរិកនឹងបញ្ជូនកាំភ្លើងធំទំនើបៗមកឱ្យអ៊ុយក្រែន លោកពូទីនបាននិយាយថា រុស្ស៊ីនឹងពង្រីកប្រតិបត្តិការរបស់ខ្លួនដោយវាតទីលើទីប្រជុំជនសំខាន់ៗបន្ថែមទៀតរបស់អ៊ុយក្រែន។ បន្តិចក្រោយមកនៅថ្ងៃទី៦ ខែឧសភា ក្បាលគ្រាប់មីស៊ីលថ្មីៗបានហោះមកបំបុកទីតាំងជាច្រើនផ្សេងៗនៅទីក្រុងកៀវក្រោយពីរុស្ស៊ីបានខកខានបាញ់ប្រហារទីក្រុងនេះអស់ជាច្រើនសប្ដាហ៍។[១០២]
នៅថ្ងៃទី២០ ខែកក្កដា លោកឡាហ្វរូហ្វបានប្រកាសថា ការពង្រីកប្រតិបត្តិការយោធាពិសេសរុស្ស៊ីនៅតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា និងខឺសុនគឺជាទង្វើដ៏សមស្របបំផុតបើប្រៀបទៅនឹងជំនួយយោធាពីបរទេសដែលបានបញ្ជូនមកឱ្យអ៊ុយក្រែន។[១០៣] កងកម្លាំងជើងគោករុស្ស៊ីបានចាប់ផ្តើមកែនទាហានស្ម័គ្រចិត្តពីតំបន់ខ្លួនកំពុងកាន់កាប់នៅក្នុងខែមិថុនា ហើយក៏បង្កើតបានជាកងអង្គទ័ពទីបីថ្មីដោយមានកម្លាំងប្រមាណចាប់ពី ១៦,០០០ ទៅ ៦០,០០០ នាក់។[១០៤] នៅក្នុងខែកញ្ញា អង្គភាពថ្មីថ្មោងនេះក៏ត្រូវបានរុស្ស៊ីបញ្ជូនទៅសមរភូមិខាគីវចំពេលដែលកងទ័ពរុស្ស៊ីនៅទីនោះបានកំពុងដកថយ។ បើយោងទៅតាមកាសែតព័ត៌មាន Forbes បានបញ្ជាក់ថា កងអង្គទ័ពទីបីមិនបានជួយកម្លាំងរុស្ស៊ីអ្វីច្រើនណាស់ណានោះទេ ពោលគឺគ្មានប្រសិទ្ធភាពដូចការគ្រោងទុកឡើយ។[១០៥]
ការដួលរលំនៃទីក្រុងម៉ារីអ៊ូប៉ូល
នៅថ្ងៃទី១៣ ខែមេសា កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារបន្ថែមទៅលើរោងចក្រផលិតដែកនិងដែកថែបមួយកន្លែងនៅទីក្រុងម៉ារីអ៊ូប៉ូល ដែលជាកន្លែងដែលកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់ដើម្បីការពារបិទកម្លាំងរុស្ស៊ីមិនឱ្យចូលកាន់កាប់ទីក្រុង។[១០៦] នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកដេនីស ស្មីហាលបាននិយាយថា ទាហានអ៊ុយក្រែនបានប្តេជ្ញាទោះយ៉ាងណាក៏មិនព្រមទទួលឱសានវាទចុះចាញ់ពីរុស្ស៊ី និងប្រយុទ្ធការពារម៉ារីអ៊ូប៉ូលរហូតដល់ទីបញ្ចប់។[១០០]
បន្ទាប់ពីបានជួបប្រជុំជាមួយពូទីន និងហ្សេឡេនស្គី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ្គូតេរ៉េសបានថ្លែងនៅថ្ងៃទី២៨ ខែមេសា ថា លោកនឹងព្យាយាមរៀបចំដំណើរជម្លៀសប្រជាជនស៊ីវិលចេញពីរោងចក្រនោះ។[១០៧] នៅថ្ងៃទី៣០ ខែមេសា ទាហានរុស្ស៊ីបានអនុញ្ញាតឱ្យជនស៊ីវិលចាកចេញក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ។[១០៨] មកត្រឹមថ្ងៃទី៣ ខែឧសភា កងកម្លាំងរុស្ស៊ីបានផ្ដើមការវាយប្រហារសារថ្មីលើរោងចក្រនោះ[១០៩] ខណៈជនស៊ីវិលត្រូវបានជម្លៀសចេញអស់នៅថ្ងៃទី៧ ខែឧសភា។[១១០] ក្រោយពីជនស៊ីវិលត្រូវជម្លៀសអស់ រោងចក្រមួយនោះនៅផ្ទុកទាហានអ៊ុយក្រែនប្រមាណ ២,០០០ នាក់ដោយក្នុងនោះមាន ៧០០ នាក់បានរងរបួស។

មេបញ្ជាការទ័ពជាប់នៅរោងចក្រនោះបានទាក់ទងរដ្ឋាភិបាលអ៊ុយក្រែនឱ្យចរចាជាមួយរុស្ស៊ីដើម្បីបើកច្រកផ្លូវចេញ ដោយពួកគេខ្លាចថាកម្លាំងរុស្ស៊ីនឹងប្រហារជីវិតពួកគេអស់ប្រសិនបើពួកគេសុំចុះចាញ់។[១១១] មេបញ្ជាការរងទ័ពជាប់ក្នុងរោងចក្រនោះគឺលោកអ៊ីលីយ៉ា សាម៉ូលែនកូបាននិយាយថា "ពួកយើងដូចមនុស្សត្រៀមស្លាប់អញ្ចឹង ដូច្នេះហើយបានជាយើងខិតខំប្រឹងប្រយុទ្ធតបតវិញអស់ពីចិត្តពីថ្លើម"។[១១២]
នៅថ្ងៃទី១៦ ខែឧសភា ការិយាល័យអគ្គសេនាធិការអ៊ុយក្រែនបានប្រកាសថា ទ័ពនៅម៉ារីអ៊ូប៉ូលនោះបាន "បំពេញបេសកកម្មប្រយុទ្ធរបស់គេហើយ" ហើយនិងកំពុងចាប់ផ្តើមជម្លៀសចេញ។ ទាហានចំនួន ២៦៤ នាក់ត្រូវបានជម្លៀសទៅពន្ធនាគារអូលេនីវកាក្រោមរុស្ស៊ី ខណៈដែល ៥៣ នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្រុងណូវ៉ូអាសូហ្វស្កិ៍ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដូចគ្នា។[១១៣][១១៤] ក្រោយការជម្លៀសទាហានអ៊ុយក្រែនទាំងប៉ុន្មានចេញអស់ កងកម្លាំងរុស្ស៊ីនិងដូណេតស្ក៍បានឈរជើងជាផ្លូវការនៅទីក្រុងម៉ារីអ៊ូប៉ូល។ វិមានក្រឹមឡាំងបានថ្លែងថា លោកពូទីនបានធានារួចហើយថាយុទ្ធជនអ៊ុយក្រែនដែលបានចុះចាញ់នោះនឹងត្រូវបានមើលថែស្របតាម "ច្បាប់អន្តរជាតិ" ខណៈដែលហ្សេឡេនស្គីបាននិយាយថា ខ្លួនកំពុងស្វះស្វែងរកវិធីនាំទាហានទាំងនោះមកផ្ទះវិញ...។[១១៥]
សមរភូមិដុនបាសថ្មី

ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីមកលើស្ថានីយរថភ្លើងក្រុងក្រាម៉ាថូស្ក៍នៅថ្ងៃទី៨ ខែមេសា បានសម្លាប់មនុស្សប្រមាណ ៦១ នាក់[១១៦] និងបង្ករបួសដល់មនុស្សប្រមាណ ៨៧ ទៅ ៣០០ នាក់បន្ថែមទៀត។[១១៧] នៅថ្ងៃទី១១ ខែមេសា លោកហ្សេឡេនស្គីបាននិយាយថា អ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់យុទ្ធនាការវាយប្រហារថ្មីរបស់រុស្ស៊ីពីភាគខាងកើត។[១១៨] ភស្តុតាងពីរូបភាពផ្កាយរណបបានបង្ហាញឱ្យឃើញពីក្បួនរថយន្តយោធារុស្ស៊ីនៅភាគខាងត្បូងចាប់ពីទីក្រុងខាគីវ រហូតដល់អ៊ីហ្សូមនៅថ្ងៃទី១១ ខែមេសា ពោលជាការដាក់ពង្រាយរៀបចំទ័ពឡើងវិញដោយរុស្ស៊ី។[១១៩] នៅថ្ងៃទី១៨ ខែមេសា បន្ទាប់ពីទីក្រុងម៉ារីអ៊ូប៉ូលត្រូវបានធ្លាក់ក្នុងដៃរុស្ស៊ី រដ្ឋាភិបាលអ៊ុយក្រែនបានចេញប្រកាសថា ដំណាក់កាលទីពីរនៃការឈ្លានពានរុស្ស៊ីនៅតំបន់ដូណេតស្ក៍ លូហ្កានស្ក៍ និងខាគីវបានកំពុងតែរីករាលដាលខ្លាំង ដោយកងកម្លាំងរុស្ស៊ីស្ទើរតែកាន់កាប់តំបន់ដុនបាសទាំងមូល។[១២០]
យោងទៅតាមរបាយការណ៍ពីសារព័ត៌មាន BBC នៅថ្ងៃទី២២ ឧសភា បានឱ្យដឹងថា ក្រោយពីក្រុងម៉ារីអ៊ូប៉ូលបានដួលរលំ រុស្ស៊ីបានបង្កើនការវាយលុករបស់ពួកគេនៅលូហ្កានស្ក៍ និងដូណេតស្ក៍ ខណៈគ្រាប់មីស៊ីលជាច្រើនរួមទាំងគ្រាប់កាំភ្លើងធំផងបានផ្លោងចូលក្រុងស៊ីវេរ៉ូដូណេតស្ក៍ ដែលជាទីក្រុងធំបំផុតរបស់អ៊ុយក្រែនក្នុងខេត្តលូហ្កានស្ក៍។[១២១] នៅថ្ងៃទី២៣ ខែឧសភា កងកម្លាំងរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានវាយចូលទីក្រុងលីម៉ាន់ ដោយបានកាន់កាប់ទីក្រុងនេះនៅថ្ងៃទី២៦ ខែឧសភា។[១២២] នៅថ្ងៃទី២៤ ខែឧសភា កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងស្វីតឡូដាស្ក៍មួយទៀត[១២៣] ហើយមកត្រឹមថ្ងៃទី២ ខែមិថុនា មានរបាយការណ៍ថ្មីប្រាប់ថា ទីក្រុងស៊ីវេរ៉ូដូណេតស្ក៍ប្រមាណ ៨០% កំពុងស្ថិតក្រោមកម្មសិទ្ធិរុស្ស៊ី។[១២៤] មួយថ្ងៃក្រោយមក កងកម្លាំងអ៊ុយក្រែនបានផ្ដើមយុទ្ធនាការវាយបកវិញ ហើយមកត្រឹមថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលអ៊ុយក្រែនបានចេញមុខអះអាងថា កម្លាំងអ៊ុយក្រែនបានដណ្ដើម ២០% នៃទីក្រុងនោះមកវិញ។[១២៥]
ខណៈជួរការពារអ៊ុយក្រែននៅស៊ីវេរ៉ូដូណេតស្ក៍បានកំពុងចុះខ្សោយ កងទ័ពរុស្ស៊ីក៏បង្កើនការវាយប្រហារលើទីក្រុងលីស៊ីឆានស្ក៍នៅក្បែរនោះ។[១២៦] នៅថ្ងៃទី៣ ខែកក្កដា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាទីក្រុងលីស៊ីឆាន់ស្ក៍ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីជាផ្លូវការ។[១២៧] សារព័ត៌មាន The Guardian នៅថ្ងៃទី៤ ខែកក្កដា បានចុះផ្សាយថា ក្រោយពីខេត្តលូហ្កានស្ក៍បានដួលរលំទៅក្រោមរុស្ស៊ី កងទ័ពរុស្ស៊ីនឹងបន្តការឈ្លានពានរបស់ពួកគេចូលទៅក្នុងខេត្តដូណេតស្ក៍ម្តង ដោយមានគោលដៅវាយបំបែកទីក្រុងស្លូវីអានស្កិ៍ និងបាក់មុត។[១២៨]
សមរភូមិហ្សាប៉ូរីហ្ស៊ីយ៉ា

កងកម្លាំងរុស្ស៊ីបានបន្តបាញ់ស្រោបមីស៊ីល និងទម្លាក់គ្រាប់បែកជាច្រើនលើទីក្រុងឌីញីប្រូ និងហ្សាប៉ូរីហ្ស៊ីយ៉ា។[១០១] នៅថ្ងៃទី១០ ខែមេសា អាកាសយានដ្ឋានអន្តរជាតិឌីញីប្រូត្រូវបានរុស្ស៊ីវាយកម្ទេចដោយគ្រាប់មីស៊ីល។[១២៩] នៅថ្ងៃទី២៨ ខែមិថុនា មីស៊ីលរុស្ស៊ីដែលបានធ្លាក់លើផ្សារទំនើបមួយកន្លែងនៅក្រុងក្រេមិនឈូកបានសម្លាប់មនុស្សចំនួន ១៨ នាក់ ខណៈប្រធានាធិបតីបារាំងបានចាត់ទុកវាជាឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តិដោយរុស្ស៊ី។[១៣០]

ទីភ្ញាក់ងារនុយក្លេអ៊ែររបស់អ៊ុយក្រែនគឺអ៊ែនឺហួអាតូមបានសម្ដៅលើស្ថានការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ាថាមាន "ភាពតានតឹងខ្លាំង" ដោយបញ្ជាក់ថា រោងចក្រនោះឥឡូវកំពុងបានគ្រប់គ្រងដោយទាហានរុស្ស៊ីរហូតដល់ទៅ ៥០០ នាក់ ខណៈរុស្ស៊ីបានបន្តបាញ់ផ្លោងនៅតំបន់ក្បែរៗនោះដោយមិនញញើត និងបានយករោងចក្រធ្វើជាកន្លែងស្តុកទុកអាវុធទៀតផង។[១៣១] ក្រោយមានការសន្ទនាតាមទូរស័ព្ទរវាងម៉ាក្រុងនិងពូទីន ប្រទេសរុស្ស៊ីបានយល់ព្រមអនុញ្ញាតឱ្យអធិការនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅចុះពិនិត្យនៅរោងចក្រនោះនៅថ្ងៃទី១៩ ខែសីហា។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ការចូលស្ទាបស្ទង់ស្ថានការណ៍នៅរោងចក្រនោះត្រូវបានរុស្ស៊ីរឹតបន្តឹតយ៉ាងខ្លាំង ហើយត្រូវការទាមទារចរចាស្មុគស្មាញច្រើនដើម្បីឱ្យភាគីរុស្ស៊ីបើកផ្លូវចូលមើល។[១៣២]
ការកាត់ទឹកដី និងការបាត់បង់ទឹកដី (៦ កញ្ញា – ១១ វិច្ឆិកា ២០២២)

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ កងកម្លាំងអ៊ុយក្រែនក្រោមបញ្ជាការរបស់នាយឧត្តមសេនីយ៍ស៊ីរស្គីបានបើកការវាយប្រហារតបតនឹងរុស្ស៊ីវិញនៅក្នុងតំបន់ខាគីវ ដោយផ្តើមចេញពីទីតាំងក្បែរក្រុងបាឡាគ្លីយ៉ា។[១៣៣] នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកវ្ល៉ាឌីមៀរ ពូទីនបានប្រកាសពីការចល័តទ័ពដោយផ្នែក ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកស៊ែរហ្គី ស៊ុយហ្គូបាននិយាយថា ទាហានបម្រុងប្រមាណ ៣០០,០០០ នាក់នឹងត្រូវបានកោះហៅចូលបម្រើមាតុភូមិ។[១៣៤]
នៅចុងខែកញ្ញា ឆ្នាំ២០២២ មន្ត្រីអ៊ុយក្រែនដែលបានតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់រុស្ស៊ីកាន់កាប់បានរៀបចំការបោះឆ្នោតប្រជាមតិមួយស្តីពីការកាត់ទឹកដីអ៊ុយក្រែនទាំងនោះចូលទៅក្នុងប្រទេសរុស្ស៊ី។ ទឹកដីដែលត្រូវកាត់នោះរួមមាន ដូណេតស្ក៍និងលូហ្កានស្ក៍ និងព្រមទាំងទឹកដីរដ្ឋបាលយោធារុស្ស៊ីនៅក្នុងខេត្តខឺសុន និងហ្សាប៉ូរីហ្ស៊ីយ៉ាផងដែរ។ រដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសមិនទទួលស្គាល់ប្រជាមតិនោះយ៉ាងក្ដែងៗ ដោយបានចោតវាថាជាការបោះឆ្នោតក្លែងក្លាយ ខណៈលទ្ធផលផ្លូវការបានបង្ហាញពីសំឡេងគាំទ្រលើសលប់ចំពោះការចុះចូលក្នុងទឹកដីរុស្ស៊ី។[១៣៥] នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកពូទីនក៏បានប្រកាសអំពីការកាត់បញ្ចូលតំបន់ដូណេតស្ក៍ លូហ្កានស្ក៍ ខឺសុន និងហ្សាប៉ូរីហ្ស៊ីយ៉ារបស់អ៊ុយក្រែនជាផ្លូវការតាមរយៈសុន្ទរកថាទៅកាន់សភារុស្ស៊ីទាំងពីរជាន់ថ្នាក់។[១៣៦] ដំណាលគ្នានេះ អ៊ុយក្រែន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិសុទ្ធតែបានច្រានចោលទង្វើរុស្ស៊ី និងចាត់ទុកវាជាអំពើខុសច្បាប់។[១៣៧]

នៅថ្ងៃទី២៩ ខែសីហា លោកហ្សេឡេនស្គីបានប្រកាសចាប់ផ្ដើមយុទ្ធនាការវាយបកតបតនឹងរុស្ស៊ីនៅភាគអាគ្នេយ៍ដើម្បីដណ្តើមយកទឹកដីក្នុងតំបន់ខឺសុន និងមិកូឡៃហ្វមកវិញ។[១៣៨] នៅកំឡុងខែតុលា កងទ័ពអ៊ុយក្រែនបានបំបោលកម្លាំងបន្តមកភាគខាងត្បូងឆ្ពោះទៅកាន់ទីក្រុងខឺសុន ដោយបានកាន់កាប់ទឹកដីប្រមាណ ១,១៧០ គីឡូម៉ែត្រការ៉េ ខណៈការប្រយុទ្ធគ្នាបានរាលដាលដល់ភូមិឌូចឆានី។[១៣៩][១៤០] នៅថ្ងៃទី៩ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកស៊ុយហ្គូបានបញ្ជាឱ្យកងកម្លាំងរុស្ស៊ីដកថយចេញពីខេត្តខឺសុនមួយផ្នែក និងរួមទាំងទីក្រុងខឺសុនផងដែរ ហើយផ្លាស់ទីទៅច្រាំងខាងកើតនៃទន្លេឌីណេព័រវិញ។[១៤១] នៅថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីកម្លាំងរុស្ស៊ីបានដកថយចេញអស់ កងទ័ពអ៊ុយក្រែនក៏បានរុលចូលទីក្រុងខឺសុន ដែលត្រូវជាទីតាំងឈរជើងចុងក្រោយបង្អស់របស់រុស្ស៊ីនៅប៉ែកខាងលិច (ស្ដាំ) ទន្លេឌីណេព័រ។[១៤២]
ទឹកដីអ៊ុយក្រែន
ទឹកដីអ៊ុយក្រែនដណ្ដើមបានវិញ
ទឹកដីក្រោមការត្រួតត្រារុស្ស៊ី
ផែនទីនៃជួរប្រយុទ្ធខាគីវគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ២០២៥
ទឹកដីអ៊ុយក្រែនដណ្ដើមបានវិញ
ទឹកដីក្រោមការត្រួតត្រារុស្ស៊ី
ផែនទីនៃជួរប្រយុទ្ធខាគីវគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ២០២៥
ក្រោមបញ្ជាការនាយឧត្តមសេនីយ៍ស៊ីរស្គី កងកម្លាំងអ៊ុយក្រែនបានបើកការវាយបកដោយសម្ងាត់មួយទៀតនៅថ្ងៃទី៦ ខែកញ្ញា នៅតំបន់ខេត្តខាគីវ ក្បែរក្រុងបាឡាគ្លីយ៉ា។[១៣៣] មកត្រឹមថ្ងៃទី៧ ខែកញ្ញា កងកម្លាំងអ៊ុយក្រែនបានវាយចូលក្នុងទឹកដីរុស្ស៊ីកាន់កាប់បានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ដោយបានអះអាងថាខ្លួនបានដណ្តើមទឹកដីមកវិញបានប្រមាណ ៤០០ គីឡូម៉ែត្រការ៉េ។[១៤៣] នៅថ្ងៃទី៨ ខែកញ្ញា កងកម្លាំងអ៊ុយក្រែនបានវាយយកក្រុងបាឡាគ្លីយ៉ាមកវិញ ហើយបានបន្តបោះជំហានសម្ដៅទៅក្រុងគូពានស្ក៍។[១៤៤][១៤៥] នៅព្រឹកថ្ងៃទី១០ ខែកញ្ញា កម្រងរូបថតថ្មីៗបានលេចឡើងបង្ហាញពីសកម្មភាពទាហានអ៊ុយក្រែនលើកបង្ហូតទង់ជាតិអ៊ុយក្រែននៅកណ្តាលទីក្រុងគូពានស្ក៍។[១៤៦]
ត្រឹមថ្ងៃទី១៥ ខែកញ្ញា ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ជាក់ថា រុស្ស៊ីបានបាត់បង់ ឬបានដកខ្លួនចេញពីទីតាំងកាន់កាប់ស្ទើរតែទាំងអស់របស់ពួកគេនៅប៉ែកខាងលិចទន្លេអូស្គីល។[១៤៧] កម្លាំងអ៊ុយក្រែនបាបន្តរុញច្រានទៅភាគខាងកើត ហើយនៅថ្ងៃទី១ ខែតុលា កងកម្លាំងអ៊ុយក្រែនក៏បានរំដោះទីក្រុងលីម៉ាន់ដោយជោគជ័យ។[១៤៨]
សង្គ្រាមឈានដល់វគ្គជាប់គាំង (១២ វិច្ឆិកា ២០២២ – ៧ មិថុនា ២០២៣)
បន្ទាប់ពីយុទ្ធនាគារវាយបកតបតដ៏ជោគជ័យទាំងពីររបស់អ៊ុយក្រែន សង្គ្រាមជួរមុខបានឈានចូលដល់ចំណុចជាប់គាំងនៅកំឡុងសិសិររដូវនៃឆ្នាំ២០២២។[១៤៩] ទន្ទឹមគ្នានេះដែរ រុស្ស៊ីក៏បានប្រកាសអំពីយុទ្ធនាការវាយតបតនឹងអ៊ុយក្រែនវិញ ប៉ុន្តែវាត្រូវបានបរាជ័យយ៉ាងអាម៉ាស់មុខសម្រាប់រុស្ស៊ី បន្ទាប់ពីខ្លួនមិនអាចចម្រាញ់បានសមិទ្ធផលអ្វីពីយុទ្ធនាការនោះ។[១៤៩][១៥០] ក្រៅពីកត្ដារដូវរងា អ្នកវិភាគជាច្រើនបានចាត់ទុកកត្តាបរាជ័យរបស់រុស្ស៊ីលើកង្វះ "ទាហានមានវិជ្ជាជីវៈ" ពោលគឹខ្វះបទពិសោធន៍ បូករួមទាំងកត្តាភស្តុភារដែលជាហេតុនាំឱ្យកងទ័ពរុស្ស៊ីខ្វះអាវុធ និងគ្រាប់រំសេវដើម្បីបំពេញភារកិច្ចរបស់ពួកគេ។[១៤៩][១៥០]
នៅថ្ងៃទី៧ ខែកុម្ភៈ កាសែត ដឹញូវយ៉កថែមស៍ បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានធ្វើកំណែនទ័ពបន្ថែម ២០០,០០០ នាក់ត្រៀមប្រយុទ្ធក្នុងសមរភូមិនៅដុនបាស។[១៥១] នៅចុងខែមករា ឆ្នាំ២០២៣ ការប្រយុទ្ធគ្នានៅភាគខាងត្បូងខេត្តហ្សាប៉ូរីហ្ស៊ីយ៉ាបានពុះកញ្ជ្រោលឡើង នាំឱ្យទាហានទាំងសងខាងស្លាប់និងរបួសជាច្រើននាក់។[១៥២] នៅភាគខាងត្បូងខេត្តដូណេតស្ក៍ក្បែរៗនោះ ប្រទេសរុស្ស៊ីបានបើកការវាយប្រហាររយៈពេលបីសប្ដាហ៍មកលើទីក្រុងរ៉ែធ្យូងមួយឈ្មោះវូលឡេដារ ដោយប្រើរថក្រោះនិងរថពាសធន់ធ្ងន់ជាច្រើនគ្រឿង។ យោងតាមមេបញ្ជាការអ៊ុយក្រែនទៅទីនោះ រថក្រោះនិងរថពាសរុស្ស៊ីជាច្រើនប្រមាណ ១៣០ គ្រឿងត្រូវបានកម្លាំងអ៊ុយក្រែនបំផ្លាញកម្ទេចចោល ខណៈក្រសួងការពារជាតិអង់គ្លេសបានថ្លែងថា កងពលតូចរថក្រោះរុស្ស៊ីក្នុងសមរភូមិនេះត្រូវបានអ៊ុយក្រែនវាយសាបអស់។[១៥៣][១៥៤]
យុទ្ធនាការវាយបកនឹងរុស្ស៊ី (៨ មិថុនា – ១ ធ្នូ ២០២៣)

នៅក្នុងខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីសមរភូមិប្រយុទ្ធបានជាប់គាំងអស់ជាច្រើនខែ កងកម្លាំងអ៊ុយក្រែនក៏បានបើកយុទ្ធនាការវាយបកទៅនឹងរុស្ស៊ីតាមទិសដៅជាច្រើន។[១៥៥][១៥៦] ថ្វីបើកងកម្លាំងរុស្ស៊ីបានខិតខំប្រឹងប្រែងការពារទឹកដីកាន់កាប់របស់ខ្លួន[១៥៧] អ៊ុយក្រែននៅតែអាចវាយដណ្តើមយកទឹកដីដុនបាសខ្លះៗបានមកវិញនៅចុងខែមិថុនា ហើយបានកំពុងវាយរំដោះទឹកដីបន្ថែមទៀតនៅក្នុងខេត្តខឺសុន។[១៥៨] កងទ័ពរុស្ស៊ីបានបង្កប់មីនជាច្រើននៅតាមតំបន់ដែលពួកគេកាន់កាប់ដែលជាហេតុធ្វើឱ្យប្រតិបត្តិការវាយបករបស់យោធាអ៊ុយក្រែនមានការពិបាកនិងយឺតយ៉ាវហួសពីការគ្រោងទុក ហើយលើសពីនេះ វាបានធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេសមានមីនសកម្មច្រើនជាងគេនៅពិភពលោកថែមទៀតផង។[១៥៩]
នៅចន្លោះខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣ កងកម្លាំងអ៊ុយក្រែនបានរុលឆ្លងទន្លេឌីណេព័រដោយជោគជ័យ តែត្រូវរងការខាតបង់ជាទម្ងន់ដូចជាជីវិតទាហាននិងយានយន្តសម្ភារៈយោធាជាដើម។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកហ្សេឡេនស្គីបានថ្លែងថា យុទ្ធនាការវាយរុស្ស៊ីក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះត្រូវបានបរាជ័យ ដោយហេតុថាដំណើរការវាយតបតបានអូសបន្លាយយូរ និងពិបាកខ្លាំងក្នុងការវាយបំបែកកងការពាររបស់រុស្ស៊ី។[១៦០][១៦១] លោកហ្សេឡេនស្គីបាននិយាយបន្ថែមទៀតថា វាគឺងាយស្រួលជាងសម្រាប់អ៊ុយក្រែនក្នុងការវាយដណ្តើមយកគ្រីមៀមកវិញជាជាងដុនបាស ព្រោះថាតំបន់ដុនបាសនេះគឺមានប៉ុស្តិ៍ និងទីកន្លែងឈរយោធារុស្ស៊ីច្រើន ហើយណាមួយប្រជាជននៅទីនោះបានបង្ហាញឆន្ទៈគាំទ្ររុស្ស៊ីរួចទៅហើយ។[១៦២]
សមរភូមិអាឌីហ្យកា

នៅខែតុលា ឆ្នាំ២០២៣ របាយការណ៍សារព័ត៌មានបានចុះផ្សាយថាទាហានរុស្ស៊ីមួយចំនួនបានធ្វើសង្កុបកម្មបង្ហាញការមិនពេញចិត្តនឹងថ្នាក់លើបន្ទាប់ពីកម្លាំងរបស់ពួកគេបានរងនូវការខាតបង់ច្រើនខ្លាំងខណៈកំពុងវាយដណ្ដើមទីក្រុងអាឌីហ្យកា ដោយក្នុងនោះរួមមានកង្វះខាតកាំភ្លើងធំ ស្បៀងអាហារ និងទឹកប្រើប្រាស់ជាដើម។[១៦៣] គិតមកត្រឹមខែវិច្ឆិកា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេសបានបង្ហាញថា ក្នុងប៉ុន្មានសប្តាហ៍មកនេះ កងទ័ពរុស្ស៊ីមានអត្រាអ្នកស្លាប់ និងរបួសកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក។[១៦៤]
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ កងកម្លាំងរុស្ស៊ីទីបំផុតក៏បានដណ្ដើមទីក្រុងអាឌីហ្យកាបានដោយជោគជ័យ ហើយត្រូវបានគេចាត់ទុកទីក្រុងនោះថាជាទ្វាបើកចំហសម្រាប់ឱ្យកងទ័ពរុស្ស៊ីបន្តវាយយកខេត្តដូណេតស្ក៍ទាំងមូលរបស់អ៊ុយក្រែន។[១៦៥][១៦៦][១៦៧] អ្នកសារព័ត៌មាន Forbes ម្នាក់គឺលោកដេវីដ អាក្ស៍បានចាត់ទុកជ័យជម្នះរុស្ស៊ីមួយនេះថាជាជ័យជម្នះដ៏ខាតបង់ច្រើនប្រៀបបានដូចបរាជ័យទៅហើយ ព្រោះថាល្មមតែគេវាយបានក្រុងនេះមួយ រុស្ស៊ីត្រូវចំណាយកម្លាំងទាហានច្រើនហួសប្រមាណ (កងពលទីពីរបូករួមទាំងកម្លាំងទ័ពផ្សេងទៀត) បង្កឱ្យមានទាហានស្លាប់រហូតដល់ទៅ ១៦,០០០ នាក់ និងរបួសដល់ទាហានរាប់ពាន់រាប់ម៉ឺននាក់បន្ថែមទៀត ខណៈរថយន្តចម្បាំងជាង ៧០០ គ្រឿងត្រូវបានបំផ្លាញ។[១៦៨]
ការវាយបកពីរុស្ស៊ី និងការលុកលុយដោយអ៊ុយក្រែន (មេសា ២០២៤ – បច្ចុប្បន្ន)
យុទ្ធនាការវាយបកដោយរុស្ស៊ីប្រចាំវស្សានរដូវ និងនិទាឃរដូវ

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ រុស្ស៊ីបានបើកយុទ្ធនាការថ្មីវាយចូលទៅក្នុងខេត្តខាគីវ។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ រុស្ស៊ីបានវាយកាន់កាប់ភូមិជាច្រើន ខណៈអ៊ុយក្រែនបានជម្លៀសប្រជាជនជាង ១១,០០០ នាក់ចេញពីតំបន់គិតត្រឹមថ្ងៃទី២៥ ខែឧសភា។ អ៊ុយក្រែនបានអះអាងនៅថ្ងៃទី១៧ ខែឧសភាថាកងកម្លាំងរបស់ខ្លួនបានវាយបង្អង់ថយយុទ្ធនាការរុស្ស៊ី ហើយនៅថ្ងៃទី២៥ ខែឧសភា លោកហ្សេឡេនស្គីបានថ្លែងថាកងកម្លាំងអ៊ុយក្រែនបានចូលគ្រប់គ្រងទីតាំងដែលកងទ័ពរុស្ស៊ីវាយចូលមកនៅភាគឦសានខេត្តខាគីវ។ មន្ត្រីរុស្ស៊ីបាននិយាយថា កម្លាំងខ្លួនកំពុង "វាយអ៊ុយក្រែនពីគ្រប់ទិសដៅ" ហើយគោលដៅរបស់ពួកគេគឺបង្កើត "តំបន់ទ្រនាប់" ទុកជាព្រំដែនប្រយុទ្ធ។[១៦៩][១៧០]
បន្ទាប់ពីទទួលបានជោគជ័យក្នុងសមរភូមិអាឌីហ្យកា កងកម្លាំងរុស្ស៊ីក៏បានបន្តរុលទៅទិសពាយ័ព្យដើម្បីប្រមូលផ្ដុំបង្កើនកម្លាំងឡើងវិញ ហើយនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ កងកម្លាំងរុស្ស៊ីនោះក៏បានចូលទៅដល់ក្រុងតូចមួយឈ្មោះអូឆេរីទីណេ ដោយបានកាន់កាប់កូនក្រុងមួយនេះនៅចុងខែមេសា[១៧១][១៧២] រួចក៏បន្តពង្រីកកម្លាំងខ្លួនបន្ថែមនៅខែបន្ទាប់។[១៧៣] ទន្ទឹមគ្នានេះដែរ រុស្ស៊ីក៏បានបើកការវាយលុកបន្ថែមទៅលើទីក្រុងឆាស៊ីវយា[១៧៤] ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅភាគខាងលិចបាក់មុត ហើយបានដណ្ដើមសង្កាត់នៅជាយខាងកើតបំផុតនៃក្រុងនោះនៅចុងខែកក្កដា។[១៧៥][១៧៦] ប្រតិបត្តិការរុស្ស៊ីមួយទៀតត្រូវបានប្រព្រឹត្តិធ្វើឡើងនៅពាក់កណ្ដាលខែមិថុនាដើម្បីវាយដណ្ដើមទីក្រុងតូរ៉េតស្ក៍។[១៧៧][១៧៨] ក្នុងកំឡុងខែកក្កដា កងកម្លាំងរុស្ស៊ីបានមកផ្ដុំពង្រីកកម្លាំងនៅភាគពាយព្យនៃក្រុងអាឌីហ្យកា ហើយនៅថ្ងៃទី១៩ ខែកក្កដា ពួកគេបានចាប់ផ្ដើមដំណើរសម្រុកទៅវាយយកក្រុងប៉ូក្រូហ្វស្ក៍។[១៧៩][១៨០]
អ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ី

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ អ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំបំផុតដំបូងរបស់ខ្លួនចូលទៅក្នុងខេត្តគូស្គ៍នៃទឹកដីប្រទេសរុស្ស៊ី។[១៨១] គោលដៅចម្បងដំបូងនៃប្រតិបត្តិការវាយលុកមួយនេះគឺវាយដណ្ដើមយកក្រុងស៊ូដចាដែលស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីព្រំដែន[១៨២] ហើយបើយោងតាមហ្សេឡេនស្គីគឺអ៊ុយក្រែនបានវាយដណ្ដើមវាដោយជោគជ័យនៅថ្ងៃទី១៥ ខែសីហា។[១៨៣] ដោយសារអង្គភាពយោធា និងកងការពារនៅគូស្គ៍មិនសូវមានបទពិសោធន៍ច្រើន ដូចនេះអ៊ុយក្រែនក៏បានឆក់យកឱកាសវាយកាន់កាប់តំបន់គាកព្រំដែនក្នុងខេត្តមួយនេះ។[១៨៤] ការលុកលុយរបស់អ៊ុយក្រែននេះបានធ្វើឱ្យរុស្ស៊ីបង្វែរទ័ពជាច្រើនពីទឹកដីអ៊ុយក្រែនខាងកើតដែលខ្លួនកំពុងកាន់កាប់ (លើកលែងតែដូណេតស្ក៍) ដើម្បីមកបិទដំណើរការលុកលុយរបស់អ៊ុយក្រែននៅគូស្គ៍។[១៨៥][១៨៦] ថ្វីបើពូទីនបានបញ្ជាដាក់កំហិតឱ្យកងទ័ពរុស្ស៊ីវាយបណ្ដេញអ៊ុយក្រែនចេញពីគូស្គ៍ឱ្យឆាប់ក្ដី ប៉ុន្តែមកដល់ចុងខែមករា ឆ្នាំ២០២៥ កងទ័ពរុស្ស៊ីនៅតែមិនទាន់ជោគជ័យ ខណៈបញ្ជាការច្រើនជាប់ផ្ដោតលើប្រតិបត្តិការនៅដូណេតស្ក៍។[១៨៧][១៨៨]
យុទ្ធនាការរុស្ស៊ីនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥
ខុសពីយុទ្ធនាការដ៏យឺតយូរនៅគូស្គ៍[១៨៩] កងទ័ពរុស្ស៊ីបានបន្តរំកិលកម្លាំងបន្តិចម្តងៗនៅអ៊ុយក្រែនខាងកើត ដោយគោលដៅចម្បងរបស់ពួកគេគឺវាយយកទីក្រុងប៉ូក្រូហ្វស្ក៍។[១៩០][១៩១][១៩២] នៅចុងខែសីហា ឆ្នាំ២០២៤ កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីក្រុងណូវ៉ូហ្រូឌីវកាដែលស្ថិតចម្ងាយតែ ៨ គីឡូម៉ែត្រប៉ុណ្ណោះពីភាគអាគ្នេយ៍នៃទីក្រុងប៉ូក្រូហ្វស្ក៍។[១៨៩] បន្ទាប់មកនៅដើមខែកញ្ញា កងទ័ពរុស្ស៊ីបានវាយដណ្ដើមយកក្រុងក្រាស្នូហូរីវកា[១៩៣] និងអ៊ុយក្រៃអ៊ីនស្ក៍[១៩៤] ដែលសុទ្ធសឹងនៅក្បែរប៉ូក្រូហ្វស្ក៍ និងប៉ែកខាងលិចពីទីក្រុងដូណេតស្ក៍។[១៩៤] មកដល់ចុងខែកញ្ញា កងកម្លាំងរុស្ស៊ីបានចាប់ផ្ដើមដំណើរវាយលុកលើក្រុងវូលឡេដារជាថ្មី[១៩៥] ដោយបានដណ្ដើមក្រុងនេះនៅក្នុងខែតុលា។ ទីក្រុងវូលឡេដារដែលមានមនុស្សរស់នៅប្រមាណ ១៤,០០០ នាក់នៅមុនសង្គ្រាមត្រូវបានគេសង្កេតឃើញថាស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោមសល់តែ "សំបកក្រៅ" ពោលគឺលែងមានជីវិតរស់នៅកុះករដូចមុនក្រោយពីវាបានធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។[១៩៦][១៩៧]
នៅថ្ងៃទី៣០ ខែតុលា ឧត្តមសេនីយ៍អ៊ុយក្រែនម្នាក់គឺលោកដឺមុយត្រូ ម៉ាឆិនកូបានមានប្រសាសន៍ថា "កម្លាំងជួរមុខរបស់យើងត្រូវបានដួលរលំ" ដោយសារតែចំនួនគ្រាប់រំសេវផ្គត់ផ្គង់បានថយចុះ បញ្ហាទាក់ទិននឹងរឿងកំណែនយោធា និងបញ្ជាការនៅសមរភូមិលែងមានប្រសិទ្ធភាព។ លោកបានបន្តនិយាយទៀតថាផែនការជ័យជំនះរបស់ហ្សេឡេនស្គីគឺពឹងផ្អែកជ្រុលខ្លាំងទៅលើជំនួយលោកខាងលិច។ របាយការណ៍សង្ខេបស្ថានភាពសង្គ្រាមអ៊ុយក្រែនដោយមន្ត្រីនៃបណ្ដាប្រទេសលោកខាងលិចក៏បានប្រែលក្ខណៈមកបែបទុទិដ្ឋិនិយមលែងសូវមានមហិច្ឆតាដូចមុន។[១៩៨][១៩៩] យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន សំណុំរឿងព្រហ្មទណ្ឌជាង ១០០,០០០ ករណីចំពោះទាហានរត់ចោលជួរត្រូវបានផ្តួចផ្តើមគិតមកត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៤។[២០០] ស្ថានការណ៍សង្គ្រាមសម្រាប់អ៊ុយក្រែនបានវិវត្តធ្ងន់ធ្ងរមួយកម្រិតទៀតនៅពេលដែលកងកម្លាំងរុស្ស៊ីបានវាយដណ្ដើមក្រុងឃូរ៉ាហូវេនៅចុងខែធ្នូ ឆ្នាំ២០២៤។[២០១]
នៅដើមឆ្នាំ២០២៥ កងកម្លាំងរុស្ស៊ីបានបន្តរុញចូលកាន់តែជ្រៅនៅអ៊ុយក្រែនភាគខាងកើត[២០២][២០៣] ដោយបានកាន់កាប់ទីក្រុងវេលីកាណូវ៉ូស៊ីលកា និងមួយភាគធំនៃក្រុងតូរ៉េតស្ក៍ បើគិតត្រឹមចុងខែមករា។[២០៤][២០៥]
Remove ads
សមរភូមិប្រយុទ្ធ
សង្គ្រាមដែនអាកាស

សង្គ្រាមដែនកាសបានចាប់ផ្ដើមតាំងពីថ្ងៃដំបូងនៃជម្លោះនេះមកម៉្លេះ។ ករណីវាយប្រហារដោយគ្រាប់មីស៊ីលរុស្ស៊ីជាច្រើនបានកើតឡើងនៅទូទាំងប្រទេសអ៊ុយក្រែនបូករួមទាំងតំបន់ខាងលិចនៃប្រទេសនេះផងដែរ។[៥៤][៥៥][២០៦]
គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២២ កងកម្លាំងដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីប្រមាណ ៥៥ គ្រឿង។[២០៧] មកដល់ខែតុលា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅអ៊ុយក្រែនក្នុងបំណងបំផ្លាញមន្ទីរនិងទីកន្លែងចែកចាយផ្គត់ផ្គង់ថាមពលអគ្គិសនីផ្សេងៗ។[២០៨] ជាលទ្ធផលនៃការវាយប្រហារបែបនេះ ប្រជាជនស៊ីវិលអ៊ុយក្រែនរាប់រយនាក់បានបាត់បង់ជីវិត[២០៩] និងរាប់លាននាក់ទៀតត្រូវរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ជាបណ្ដោះអាសន្នគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។[២១០]
នៅខែធ្នូ ឆ្នាំ២០២២ ដ្រូនរបស់អ៊ុយក្រែនជាច្រើនបានទៅធ្វើការវាយប្រហារនៅមូលដ្ឋានទ័ពអាកាសដ្យាហ្គីលេវ៉ានិងអេនហ្កេលស៍នៅភាគខាងលិចប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សចំនួន ១០ នាក់ និងបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកប្រភេទ ទូ-៩៥ ចំនួនពីរគ្រឿង។[២១១]
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ អ៊ុយក្រែនបានបើកដំណើរការប្រតិបត្តិការសម្បុកពីងពាងដែលប្រើប្រាស់ដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី។ ប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជោគជ័យ[២១២] ដោយអ៊ុយក្រែនបានអះអាងថាខ្លួនបានធ្វើឱ្យខូចខាត ឬបំផ្លាញទាំងស្រុងនូវយន្តហោះចម្បាំងតម្លៃថ្លៃៗរបស់រុស្ស៊ីចំនួន ៤១ គ្រឿង ដែលក្នុងនោះរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលរុស្ស៊ីធ្លាប់យកទៅវាយប្រហារតាមបណ្ដាទីប្រជុំជនអ៊ុយក្រែនផងដែរ។[២១៣] បើយោងតាមរបាយការណ៍របស់អាមេរិកវិញបានបង្ហាញថាដ្រូនរបស់អ៊ុយក្រែនបានវាយត្រូវយន្តហោះរុស្ស៊ីចំនួនតែ ២០ គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះមាន ១០ គ្រឿងត្រូវរងការបំផ្លិចបំផ្លាញទាំងស្រុង។[២១៤] ប្រតិបត្តិការរបស់អ៊ុយក្រែនមួយនេះត្រូវបានគេប៉ាន់ប្រមាណថាបានបង្កការខូតខាតជាទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកដល់កងទ័ពជើងអាកាសរុស្ស៊ី។[២១៥][២១៦][២១៧][២១៨]
ជម្លោះដែនទឹក

អ៊ុយក្រែនជាប្រទេសមួយស្ថិតនៅជាប់សមុទ្រខ្មៅដែលមានច្រកចូលតាមច្រកសមុទ្របូស្បូរូស និងដារដាណែល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសតួកគី។ នៅថ្ងៃទី២៨ ខែកុម្ភៈ តួកគីបានអនុវត្តតាមសន្ធិសញ្ញាម៉ុងទ្រុកឆ្នាំ១៩៣៦ និងបានបិទច្រកសមុទ្រទាំងពីរនោះដើម្បីហាមឃាត់នាវាចម្បាំងរុស្ស៊ីដែលមិនបានចុះបញ្ជីនៅឯមូលដ្ឋានទឹកក្នុងសមុទ្រខ្មៅ ហើយត្រូវត្រឡប់ទៅចូលចតនៅកំពង់ផែដើមរបស់គេវិញ។ ជាក់ស្តែង តួកគីបានបដិសេធការឆ្លងកាត់នាវាកងទ័ពជើងទឹករុស្ស៊ីចំនួនបួនដែលរកឆ្លងកាត់ច្រកសមុទ្រតួកគី។[២១៩][២២០][២២១] នៅថ្ងៃទី២៤ ខែកុម្ភៈ សេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែនបានប្រកាសថា នាវាកងទ័ពជើងទឹករុស្ស៊ីបានចាប់ផ្តើមធ្វើការវាយប្រហារលើកោះពស់របស់ខ្លួននៅក្នុងសមុទ្រខ្មៅ។[២២២] នាវាចម្បាំងរបស់រុស្ស៊ីបានបាញ់គ្រាប់ជាច្រើនចូលទៅលើកោះនោះដោយកាំភ្លើងធំនៅលើនាវារបស់ពួកគេ។[២២៣] បន្ទាប់ពីការបាញ់ប្រហារ ទាហានរុស្ស៊ីមួយក្រុមបានចូលចតនៅឆ្នេរកោះ ហើយក៏បានដណ្តើមកាន់កាន់យកកោះពស់បានដោយជោគជ័យ។[២២៤] នៅថ្ងៃទី២៦ ខែកុម្ភៈ រុស្ស៊ីបានចោទប្រកាន់អាមេរិកថាបានផ្ដល់ជំនួយស៊ើបការណ៍សម្ងាត់ដល់កងកម្លាំងជើងទឹកអ៊ុយក្រែនដើម្បីឱ្យពួកគេងាយស្រួលកំណត់គោលដៅវាយប្រហារលើនាវារុស្ស៊ី។ អាមេរិកបានបដិសេដច្រានចោលការចោទប្រកាន់របស់រុស្ស៊ីនេះចោល។[២២៥]
មកត្រឹមថ្ងៃទី៣ ខែមីនា កងកម្លាំងអ៊ុយក្រែននៅទីក្រុងមិកូឡៃហ្វបានពន្លិចនាវាចម្បាំងប្រភេទហ្វ្រីហ្គាតរបស់ខ្លួនឈ្មោះ ហ៊ឺធីម៉ន់ សាហៃដាចឈ្នី ដែលត្រូវជាមេនាវាធំរបស់កងទ័ពជើងទឹកអ៊ុយក្រែន ដើម្បីការពារកុំឱ្យនាវានេះធ្លាក់ទៅក្នុងដៃកងកម្លាំងរុស្ស៊ី។[២២៦] នៅថ្ងៃទី២៤ ខែមីនា មន្ត្រីអ៊ុយក្រែនបាននិយាយថា នាវារបស់រុស្ស៊ីបានចូលចតនៅទីក្រុងប៊ែរឌានស្ក៍ ប៉ុន្តែត្រូវបានអ៊ុយក្រែនបាញ់គ្រាប់រ៉ុក្កែតកម្ទេចចោល។[២២៧][៧៨][៨៩] នៅខែមីនា ឆ្នាំ២០២២ អង្គការនាវាចរណ៍សមុទ្រអន្តរជាតិនៃអង្គការសហប្រជាជាតិ (IMO) បានប្ដេជ្ញាស្វែងរកច្រកផ្លូវសមុទ្រមួយនៅសមុទ្រខ្មៅដើម្បីឱ្យនាវាពាណិជ្ជកម្មឆ្លងកាត់ចាកចេញពីកំពង់ផែអ៊ុយក្រែនដោយសុវត្ថិភាព។[២២៨]
នៅថ្ងៃទី១ ខែមិថុនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ែរជី ឡាហ្វរូហ្វបានអះអាងថា គោលនយោបាយរបស់អ៊ុយក្រែនក្នុងការបង្កប់មីនក្រោមទឹកនៅខាងក្រៅកំពង់ផែរបស់ខ្លួនគឺជាកត្តាមួយបណ្ដាលឱ្យកើតមានវិបត្តិនាំចេញស្បៀងអាហារទៅផ្គត់ផ្គង់ទីផ្សារពិភពលោក។ លោកបាននិយាយបន្ថែមទៀតថា "ប្រសិនបើទីក្រុងកៀវដោះស្រាយបញ្ហាមីននៅកំពង់ផែរបស់ខ្លួន នោះកងទ័ពជើងទឹករុស្ស៊ីនឹងធានាបើកផ្លូវដល់នាវាដឹកគ្រាប់ធញ្ញជាតិផ្សេងៗឱ្យឆ្លងកាត់ចេញទៅកាន់សមុទ្រមេឌីទែរ៉ាណេដោយរលូន"។[២២៩] នៅថ្ងៃទី២៣ ខែកក្កដា សារព័ត៌មាន CNBC បានរាយការណ៍ពីការបាញ់ប្រហារគ្រាប់មីស៊ីលដោយរុស្ស៊ីចូលទៅក្នុងកំពង់ផែក្រុងអូដេសារបស់អ៊ុយក្រែន។ ទង្វីរបស់រុស្ស៊ីនេះបានទទួលការថ្កោលទោសភ្លាមៗពីមេដឹកនាំនៃបណ្ដាប្រទេសនានានៅជុំវិញពិភពលោក ចំពេលដែលអង្គការសហប្រជាជាតិ និងប្រទេសតួកគីទើបបានសម្រេចកិច្ចព្រមព្រៀងនឹងគ្នានាពេលថ្មីៗទាក់ទិននឹងការបើកច្រករបៀងនៅដែនសមុទ្រសម្រាប់ការនាំចេញផលិតផលគ្រាប់ធញ្ញជាតិ និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត។[២៣០]
កម្លាំងការពារប្រជាជនអ៊ុយក្រែន

ជនស៊ីវិលអ៊ុយក្រែនបានរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយការស្ម័គ្រចិត្តចុះចូលជាមួយអង្គភាពការពារទឹកដី ផលិតគ្រាប់បែកដប បរិច្ចាគស្បៀងអាហារ សាងសង់របាំងការពារយោធា[២៣១] និងជួយដឹកជញ្ជូនជនភៀសខ្លួន។ល។[២៣២] ជាការឆ្លើយតបទៅនឹងការអំពាវនាវពីទីភ្នាក់ងារដឹកជញ្ជូនអ៊ុយក្រែន ប្រជាជនស៊ីវិលបានរុះរើ ឬផ្លាស់ប្តូរផ្លាកសញ្ញាផ្លូវគោក សាងសង់របាំងបណ្តោះអាសន្ន និងបិទច្រកផ្លូវផ្សេងៗ។ របាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញអំពីបាតុកម្មតាមដងផ្លូវប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីកាន់កាប់ ហើយជារឿយៗវាបានវិវត្តទៅជាជម្លោះពាក្យសម្ដី និងការប្រឈមមុខដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី។[២៣៣] នៅដើមខែមេសា ប្រជាជនស៊ីវិលអ៊ុយក្រែនមួយចំនួនបានចាប់ផ្តើមរត់ចូលតំបន់ព្រៃភាគខាងជើង និងខាងកើតនៃប្រទេសដើម្បីបង្កើតជាចលនាទ័ពព្រៃប្រឆាំងនឹងសត្រូវឈ្លានពានរបស់ពួកគេ។ យោធាអ៊ុយក្រែនក៏បានប្រកាសស្របៗដែរអំពីយុទ្ធនាការទ័ពព្រៃទ្រង់ទ្រាយធំ ដើម្បីបំពេញបន្ថែមកម្លាំងការពារទូទៅរបស់ខ្លួន។[២៣៤]
ក្នុងករណីខ្លះ មនុស្សមួយចំនួនបានយកខ្លួនប្រាណរបស់គេទៅរារាំងយានយន្តយោធារុស្ស៊ី ហើយវាជាវិធីសាស្ត្រមួយដែលបង្ខំឱ្យកងកម្លាំងរុស្ស៊ីត្រឡប់បកក្រោយវិញ។[២៣៣][២៣៥][២៣៦] ប្រតិកម្មរបស់ទាហានរុស្ស៊ីចំពោះចលនាតស៊ូរបស់ជនស៊ីវិលគឺមានជាច្រើនទម្រង់ខុសៗគ្នាដូចជា ការចុះទៅចរចាជាមួយក្រុមបាតុករ[២៣៣] ការបាញ់គំរាមទៅលើអាកាស ឬដោយផ្ទាល់ទៅក្នុងហ្វូងមនុស្សតែម្ដង។[២៣៧] នៅអំឡុងពេលឈ្លានពាន គេសង្កេតឃើញមានការចាប់ឃុំខ្លួនក្រុមបាតុករជនជាតិអ៊ុយក្រែនជាច្រើននាក់ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ពីការបាត់ខ្លួន ការប្រល័យជីវិត ការចាប់ធ្វើចំណាប់ខ្មាំង ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងអំពើហិង្សាផ្លូវភេទមកលើប្រជាជនអ៊ុយក្រែនដែលប្រព្រឹត្តដោយយោធារុស្ស៊ី។[២៣៨]
គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោកហ្សេឡេនស្គីបានបង្ហាញថា អ៊ុយក្រែនកំពុងមានសមាជិកយោធាចំនួន ៧០០,០០០ នាក់ ដែលបានកំពុងបំពេញកាតព្វកិច្ចប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។[២៣៩] អាវុធ និងអង្គភាពយោធាទាំងឡាយដែលអ៊ុយក្រែនធ្លាប់បានបញ្ជូនទៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដូចជាបេសកកម្មម៉ូនូស្កូនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោជាដើម ត្រួវបានថ្នាក់លើបញ្ជាឱ្យនាំចូលស្រុកវិញ។[២៤០]
Remove ads
អន្តរាគមន៍ពីយោធាបរទេស
ជំនួយដល់អ៊ុយក្រែន

អាវុធធន់ធ្ងន់
អាវុធធន់ស្រាល
សម្ភារៈមិនប៉ះពាល់អាយុជីវិត
ជំនួយក្រៅសម្ភារៈ
អ៊ុយក្រែន
ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ី ប្រទេសជាច្រើនបានសម្រចផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនរួមមានគ្រឿងសព្វាវុធ បរិក្ខារ ការហ្វឹកហ្វឺន និងជំនួយភស្តុភារជាដើម។ ក្រោយពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន បណ្ដាបស្ចិមប្រទេសនិងរួមទាំងប្រទេសមួយចំនួនផ្សេងទៀតដែលមានទណ្ឌកម្មនៅលើរុស្ស៊ីស្រាប់ បានប្រកាសតម្លើងកម្រិតទណ្ឌកម្មសារជាថ្មីក្នុងគោលបំណងផ្ដួលសេដ្ឋកិច្ចរបស់រុស្ស៊ី។[២៤១][២៤២] ទណ្ឌកម្មដែលបានដាក់សង្កត់មកលើរុស្ស៊ីនោះបានចុចសម្ដៅទៅលើអ្នកនយោបាយ ធនាគារ អាជីវកម្ម ដំណូររូបិយវត្ថុ ការនាំចេញ និងការនាំចូលពីប្រទេសរុស្ស៊ីជាដើម។[២៤១]

ជំនួយយោធាអ៊ុយក្រែនភាគច្រើនត្រូវបានសម្របសម្រួលតាមរយៈក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលមានប្រទេសជាង ៥០ ចូលរួមដោយក្នុងនោះមានរដ្ឋជាសមាជិកទាំង ៣២ របស់អង្គការណាតូផងដែរ។[២៤៣] វិទ្យាស្ថានឃីលបានរកឃើញថាជំនួយបរទេសដែលមានតម្លៃស្មើនឹង ៣៨០ ពាន់លានដុល្លារអាមេរិកត្រូវបានបញ្ជូនទៅអ៊ុយក្រែននៅក្នុងចន្លោះខែមករា ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៤។[២៤៤] ជំនួយទៅអ៊ុយក្រែនភាគច្រើនមានប្រភពចេញពីប្រទេសនៅអឺរ៉ុប (ទាំងយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌)។[២៤៥] ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនច្រើនបំផុតបើប្រៀបធៀបនឹងប្រទេសដទៃ[២៤៥] ដោយចាត់ថវិកាប្រមាណ ១៧៥ ពាន់លានដុល្លារដើម្បីជួយប្រទេសនេះ។[២៤៦] ក្នុងអំឡុងសប្តាហ៍ដំបូងនៃការឈ្លានពាន ប្រទេសសមាជិកណាតូបានផ្គត់ផ្គង់អាវុធប្រឆាំងរថក្រោះជាង ១៧,០០០ គ្រឿងដល់អ៊ុយក្រែន[២៤៧] ហើយនៅពាក់កណ្តាលខែមីនា ចំនួននេះត្រូវបានគេប៉ាន់ស្មានថាបានកើនច្រើនជាង ២០,០០០ គ្រឿងទៅទៀត។[២៤៨]
នៅដើមសង្គ្រាមឈ្លានពានដំបូង បណ្ដាប្រទេសគាំទ្រអ៊ុយក្រែនភាគច្រើនបានអះអាងថាខ្លួននឹងមិនបញ្ជូនជំនួយជាកម្លាំងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនឡើយ។[២៤៩] មកដល់ឆ្នាំ២០២៤ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបាននិយាយពីលទ្ធភាពបញ្ជូនទ័ពទៅអ៊ុយក្រែន។[២៥០]
រដ្ឋាភិបាលរុស្ស៊ីធ្លាប់បានគំរាមសងសឹកនឹងប្រទេសដែលបានផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន ហើយបាននិយាយអះអាងទៀតថា អង្គការណាតូបានកំពុងប្រើប្រាស់អ៊ុយក្រែនដើម្បីវាយប្រហាររុស្ស៊ីដោយប្រយោល។[២៥១] យោងតាមគរុសុភាអាមេរិកមួយគឺ Atlantic Council បានបកស្រាយបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីមិនបានបញ្ចេញសកម្មភាពអ្វីដើម្បីសងសឹកទៅលើបស្ចិមលោកដូចដែលខ្លួនបានអះអាងនោះទេ ទោះជាបស្ចិមលោកទាំងនោះបានប្រព្រឹត្តិលើសបន្ទាត់ក្រហមរបស់រុស្ស៊ីក៏ដោយ។[២៥២] នៅក្នុងឆ្នាំ២០២៣ លោកពូទីនបាននិយាយថា ប្រសិនបើជំនួយយោធាទាំងប៉ុន្មានត្រូវកាត់ផ្ដាច់ នោះអ៊ុយក្រែននឹងមិនអាចតតាំងនឹងរុស្ស៊ីបានយូរឡើយ។[២៥៣]
ជំនួយដល់រុស្ស៊ី

ប្រទេសដែលបញ្ជូនអាវុធទៅរុស្ស៊ី
រុស្ស៊ី
អ៊ុយក្រែន
សូមមើលផងដែរ: ជំនួយគាំទ្ររុស្ស៊ីកំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ប្រទេសបេឡារុសបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើការវាយលុក និងបាញ់មីស៊ីលរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន។[២៥៤] ដែនអាកាសប្រទេសបេឡារុសធ្លាប់ត្រូវបានរុស្ស៊ីប្រើប្រាស់ ពិសេសសម្រាប់ប្រតិបត្តិការប្រព័ន្ធរ៉ាដារហូតដល់ឆ្នាំ២០២៣ បន្ទាប់ពីយន្តហោះចាប់រ៉ាដារបស់រុស្ស៊ីប្រភេទ បេរីហ្វ អា-៥០ ត្រូវបានដ្រូនរបស់ក្រុមប្រឆាំងបេឡារុសបាញ់កម្ទេច។[២៥៥] ដោយសារតែអន្តរាគមន៍ដ៏សកម្មរបស់បេឡារុសនៅក្នុងសង្គ្រាមនេះ អ្នកជំនាញមួយចំនួនក៏បានចាត់ទុកបេឡារុសជាសហភាគីសង្គ្រាមមួយផងដែរ[២៥៦][២៥៧] ដែលខុសពីរដ្ឋមិនមែនសហភាគីសង្គ្រាម ពោលជារដ្ឋផ្ដល់ការគាំទ្រផ្សេងៗដោយប្រយោលដល់ភាគីសង្គ្រាម។[២៥៨] ក្រៅពីនេះ បេឡារុសក៏បានគាំទ្រដល់យោធារុស្ស៊ីតាមរយៈការផ្ដល់គ្រឿងសព្វាវុធ និងគ្រាប់រំសេវផ្សេងៗ ហើយបើយោងតាម Armed Conflict Survey នៅក្នុងឆ្នាំ២០២៤ បានឱ្យដឹងថា រុស្ស៊ីបានបញ្ជូនអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរមកបេឡារុស។[២៥៩]
នៅក្នុងខែមិថុនា ឆ្នាំ២០២៣ របាយការណ៍ចារកម្មយោធាអាមេរិកបានសន្មតថា ប្រទេសអ៊ីរ៉ង់កំពុងតែផ្តល់ដ្រូនសឹកប្រភេទ ស្ហាហែដ និងសម្ភារៈផលិតផ្សេងៗដើម្បីបង្កើតរោងចក្រផលិតដ្រូនដល់ប្រទេសរុស្ស៊ី។[២៦០] នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ របាយការណ៍របស់សារព័ត៌មាន Reuters បានចង្អុលបង្ហាញថា អ៊ីរ៉ង់បានបញ្ជូនគ្រាប់មីស៊ីលបាលីស្ទីកទៅឱ្យយោធារុស្ស៊ី។[២៦១] យោងតាមប្រភពពីអាមេរិកនិងអ៊ុយក្រែនបានឱ្យដឹងទៀតថា កងទ័ពអ៊ីរ៉ង់បានមានវត្តមាននៅក្នុងឧបទ្វីបគ្រីមៀដោយដើរតួជាកម្លាំងជួរក្រោយចាប់បញ្ជាដ្រូនទៅវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬជនស៊ីវិលផ្ទាល់នៅអ៊ុយក្រែន។[២៦២][២៦៣] វិទ្យាស្ថានសិក្សាសឹកសង្គ្រាមបានសន្មតស្មាន់ថា កម្លាំងអ៊ីរ៉ង់ទាំងនោះទំនងជាទាហានរបស់អង្គភាពកងឆ្មាំបដិវត្តន៍ឥស្លាម ឬបុគ្គលដែលជាប់ពាក់ព័ន្ធនឹងអង្គភាពនោះ។[២៦៤] អាជ្ញាធរប្រទេសអ៊ីរ៉ង់វិញបានប្រកាសក្ដែងៗច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយដែលថាខ្លួនបានបញ្ជូនគ្រឿងសឹកទៅរុស្ស៊ីដើម្បីវាយប្រហារអ៊ុយក្រែន។[២៦៥]
ប្រទេសកូរ៉េខាងជើងបានផ្គត់ផ្គង់ឱ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទីក និងគ្រាប់ផ្លោងផ្សេងៗ ខណៈអាជ្ញាធរអាមេរិកមិនបានបញ្ជាក់ពីប្រភេទ ឬម៉ាកអាវុធជាក់លាក់មួយណាទេ។ សំណល់កម្ទេចកម្ទីដែលបន្សល់ទុកពីមីស៊ីលដែលធ្លាក់នៅអ៊ុយក្រែននៅខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញពីបំណែកផ្នែកនៃមីស៊ីលហាស៊ុង-១១ អា ១១ បេ និងកាអិន-២៥។[២៦៦][២៦៧] នៅខែតុលា ឆ្នាំ២០២៤ អ៊ុយក្រែននិងកូរ៉េខាងត្បូងបានអះអាងថា វិស្វករកូរ៉េខាងជើងត្រូវបានគេបញ្ជូនមកកាន់សមរភូមិនៅអ៊ុយក្រែនដើម្បីជួយប្រតិបត្តិការបាញ់មីស៊ីលកូរ៉េខាងជើងទាំងនោះ ហើយពួកនោះក៏ត្រូវបាត់បង់ជីវិតខ្លះដែរ។[២៦៨][២៦៩][២៧០]
ក្រោយមកក្នុងខែដដែរ អ្នកនាំពាក្យសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកកំពុងមាន "ការព្រួយបារម្ភ" អំពីរបាយការណ៍ដែលបង្ហាញពីវត្តមានទាហានកូរ៉េខាងជើងកំពុងប្រយុទ្ធនៅអ៊ុយក្រែន។[២៧១][២៧២][២៧៣] ព័ត៌មានពីចារកម្មអ៊ុយក្រែនតាមរយៈលោកហ្សេឡេនស្គីបានជឿថា កូរ៉េខាងជើងបានកំពុងត្រៀមកម្លាំងទាហានប្រមាណ ១០,០០០ នាក់មកប្រយុទ្ធខាងរុស្ស៊ី។[២៧៤] ចំណែកឯរដ្ឋាភិបាលកូរ៉េខាងជើងវិញបានចេញមុខនិយាយថាគ្មានទាហានខ្លួនណាមួយត្រូវបានបញ្ជូនមកជួយប្រយុទ្ធជាមួយនឹងរុស្ស៊ីឡើយ។[២៧៥][២៧៦][២៧៧]
អាមេរិកក្រោយមកបានអះអាងពីការបានរកឃើញភស្តុតាងដែលថាកូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ៣,០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ី ដោយទាហានទាំងនោះអាចត្រូវបានដឹកជញ្ជូនតាមនាវាកាលកំឡុងខែតុលា និងកំពុងហ្វឹកហាត់នៅមូលដ្ឋានយោធាចំនួនបីកន្លែងនៅភាគខាងកើតប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិកបានបន្ថែមទៀតថា ការបញ្ជូនទាហានកូរ៉េខាងជើងចូលរុស្ស៊ីបែបនេះអាចជាភស្តុតាងមួយកម្រិតទៀតដែលបញ្ជាក់ថាយោធារុស្ស៊ីពិតជាកំពុងមានបញ្ហាកង្វះកម្លាំងទាហានមែន។[២៧៨] នៅថ្ងៃទី២៨ ខែតុលា ប្រធានអង្គការណាតូ លោកម៉ាក រូតបានលើកបញ្ជាក់ពីរបាយការណ៍ចារកម្មអ៊ុយក្រែនថា ទាហានកូរ៉េខាងជើងនោះត្រូវបានបញ្ជូនមកតំបន់គូស្គ៍ដើម្បីគាំទ្រកងកម្លាំងរុស្ស៊ីប្រឆាំងនឹងទាហានវាយលុករបស់អ៊ុយក្រែន ខណៈមន្ទីរបញ្ចកោណបានរាយការណ៍ថាទាហានកូរ៉េខាងជើងប្រមាណ ១០,០០០ នាក់ត្រូវបានបញ្ជូនមកជួយរុស្ស៊ីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។[២៧៩][២៨០][២៨១]

វត្តមានកូរ៉េខាងជើងនៅក្នុងសង្គ្រាមត្រូវបានគេបញ្ជាក់ម្ដងហើយម្ដងទៀត ដូចនៅថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានរាយការណ៍ពីវត្តមានទាហានកូរ៉េខាងជើងក្នុងសមរភូមិកាលថ្ងៃទី៥ ខែវិច្ឆិកា។[២៨២] មកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ទាំងក្រសួងការបរទេសអាមេរិក និងកូរ៉េខាងត្បូងបានបញ្ជាក់ស្របគ្នាថា កងទ័ពកូរ៉េខាងជើងបានចាប់ផ្តើមចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅតំបន់គូស្គ៍។[២៨៣][២៨៤][២៨៥] ថ្វីបើគណៈនាយកចារកម្មអ៊ុយក្រែនបានពោលថា កងទ័ពកូរ៉េខាងជើងទំនងជាមិនប្រឡូកវាយជាមួយអ៊ុយក្រែន ហើយកំពុងស្ថិតក្នុងដំណាក់កាលហ្វឹកហ្វាត់នៅឡើយក្ដី[២៨៦] ប៉ុន្តែនៅថ្ងៃទី១៦ ខែធ្នូ អាមេរិកបានរកឃើញថាមានទាហានកូរ៉េខាងជើងមួយចំនួនត្រូវបានស្លាប់នៅក្នុងសមរភូមិប្រយុទ្ធនៃតំបន់គូស្គ៍។[២៨៧] ពីរថ្ងៃក្រោយមកនៅថ្ងៃទី១៨ គេបានប៉ាន់ប្រមាណថាចំនួនទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងសង្គ្រាមមកទល់បច្ចុប្បន្នអាចឈានដល់ខ្ទង់រយ[២៨៨] ខណៈប្រភពពីកូរ៉េខាងត្បូងបានរាយការណ៍មានទាហានកូរ៉េខាងជើងប្រមាណ ១០០ នាក់បានស្លាប់ និង ១,០០០ នាក់បានរងរបួស។[២៨៩]
នៅខែមករា ឆ្នាំ២០២៥ ទាហានកូរ៉េខាងជើងចំនួនពីរនាក់ត្រូវបានចាប់ខ្លួនកំឡុងពេលប្រយុទ្ធនៅអូប្លាសគូស្គ៍។ របាយការណ៍ស៊ើបអង្កេតពីទាហានទាំងពីរនោះបានបង្ហាញឱ្យឃើញថា ទាហានកូរ៉េខាងជើងដែលបានបញ្ជូនមករុស្ស៊ី ត្រូវបានទទួលឯកសារយោធាក្លែងក្លាយ ដែលក្នុងនោះវាបានបញ្ជាក់ថាពួកគេជាជនជាតិរុស្ស៊ីដែលមកពីតំបន់ទូវ៉ា។[២៩០] នៅក្នុងខែមីនា ឆ្នាំ២០២៥ អគ្គសេនាធិការចម្រុះនៃប្រទេសកូរ៉េខាងត្បូងបានចេញសេចក្ដីថ្លែងការថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣,០០០ នាក់បន្ថែមនៅដើមឆ្នាំនេះ រួមជាមួយនឹងគ្រឿងសព្វាវុធយោធាផ្សេងៗដូចជាគ្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីជាដើម ដើម្បីមកជួយគាំទ្រដល់កងកម្លាំងប្រទេសរុស្ស៊ី។ យោងតាមប្រភពពីកូរ៉េខាងត្បូងដដែរ ទាហានកូរ៉េខាងជើងសរុបប្រមាណ ១១,០០០ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដោយក្នុងនោះមានប្រមាណ ៤,០០០ នាក់ត្រូវបានស្លាប់ ឬរងរបួសនៅក្នុងសមរភូមិប្រយុទ្ធ។[២៩១] ក្នុងខែដដែរនោះ រុស្ស៊ីបានចេញទទួលស្គាល់ជាលើកដំបូងអំពីវត្តមានទាហានកូរ៉េខាងជើងដែលបានបញ្ជូនមកជួយកងកម្លាំងរបស់ខ្លួននៅតំបន់គូស្គ៍ ដោយឧត្តមសេនីយ៍រុស្ស៊ីជាន់ខ្ពស់ម្នាក់ឈ្មោះ វ៉ាឡេរី យេរ៉ាស៊ីមូហ្វ បានសម្តែងជាការដឹងគុណពិសេសចំពោះកងទ័ពកូរ៉េខាងជើងដែលបានជួយ "រំដោះតំបន់ព្រំដែនគូស្គ៍"។[២៩២]
Remove ads
វិនាសកម្ម



ទាំងប្រភពពីរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែបានពន្លើសនិងបំប៉ោងចំនួនអ្នកស្លាប់នៃទាហានខាងភាគីសត្រូវគ្នារៀងៗខ្លួនក្នុងគោលបំណងលើកទឹកចិត្តទៅដល់កងកម្លាំងជួរមុខរបស់ពួកគេ។[២៩៣] យោងទៅតាមឯកសារអាមេរិកដែលបែកធ្លាយបានឱ្យដឹងថា "ការរាយការណ៍បន្ទាបចំនួនទាហានស្លាប់ និងរបួសនៅក្នុងប្រព័ន្ធ [រុស្ស៊ី] បានបញ្ជាក់អំពី 'ការស្ទាក់ស្ទើរ' របស់អង្គភាពយោធាជួរមុខក្នុងការផ្ដល់ព័ត៌មានអាក្រក់ដល់បញ្ជាការថ្នាក់លើ"។[២៩៤] ស្រដៀងគ្នានេះដែរ សារព័ត៌មានក្នុងស្រុករុស្ស៊ីក៏បានឈប់ផ្សព្វផ្សាយរាយការណ៍ពីចំនួនស្លាប់របស់ទាហានរុស្ស៊ីផងដែរ។[២៩៥] រុស្ស៊ីក៏ដូចជាអ៊ុយក្រែនសុទ្ធតែធ្លាប់បានទទួលស្គាល់នូវវិនាសកម្មយោធាដ៏ "ច្រើនសន្ធឹកសន្ធាប់" និង "ធ្ងន់ធ្ងរ" នៅឯសមរភូមិជួរមុខ។[២៩៦][២៩៧][២៩៨]
ជាក់ស្ដែង ចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមទាំងយោធានិងស៊ីវិលគឺមិនអាចផ្ទៀងផ្ទាត់បានជាក់លាក់ត្រឹមត្រូវមួយភាគរយឡើយ។[២៩៩] ទីភ្ញាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាទាំងខ្លួន និងអ្នកសង្កេតការណ៍ជម្លោះឯករាជ្យផ្សេងឯទៀតគឺមានការលំបាកខ្លាំងណាស់ក្នុងការផ្ទៀងផ្ទាត់ប្រភពអះអាងចំនួនទាហានស្លាប់ពីភាគីសង្គ្រាមទាំងសងខាង ហើយតែងមានការសង្ស័យអំពីការបំប៉ោងចំនួនទាហានស្លាប់ដោយភាគីទាំងពីរនៅក្នុងប្រភពទាំងនោះ។[៣០០] នៅខែតុលា ឆ្នាំ២០២២ គម្រោងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីឯករាជ្យមួយឈ្មោះ iStories តាមរយៈប្រភពដ៏ជិតស្និទ្ធនឹងវិមានក្រឹមឡាំង បានរាយការណ៍ថា ទាហានរុស្ស៊ីជាង ៩០,០០០ នាក់ត្រូវបានបាត់បង់ជីវិត រងរបួសធ្ងន់ធ្ងរ ឬបានបាត់ខ្លួន។[៣០១]
ខណៈពេលដែលករណីស្លាប់ក្នុងសមរភូមិអាចងាយសន្និដ្ឋានបានដោយផ្អែកលើប្រភពមួយចំនួនដូចជា រូបភាពផ្កាយរណបជាដើម តែផ្ទុយមកវិញ ករណីស្លាប់របស់ជនស៊ីវិលគឺពិបាកនឹងវាស់វែងសន្និដ្ឋានណាស់។ នៅក្នុងខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបានប្រាប់សារព័ត៌មាន CNN ថា ប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់បានបាត់បង់ជីវិត ហើយលោកសង្ឃឹមថាចំនួនអ្នកស្លាប់ទាំងអស់នោះនឹងមិនកើនលើសពី ១០០,០០០ នាក់ចុះ។[៣០២] គិតមកត្រឹមខែកក្កដា ឆ្នាំ២០២៤ ជនជាតិអ៊ុយក្រែនប្រមាណ ២០,០០០ នាក់ត្រូវពិការដៃជើងដោយសារសង្គ្រាម។[៣០៣] ក្រោយការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅទីក្រុងម៉ារីអ៊ូប៉ូល មន្ត្រីអ៊ុយក្រែនជឿថាមនុស្សយ៉ាងច្រើន ២០,០០០ នាក់អាចត្រូវបានស្លាប់បាត់បង់ជីវិត[៣០៤][៣០៥] ខណៈគេនៅប្រទះរកឃើញសាកសពមនុស្សជាបន្តបន្ទាប់គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២២។[៣០៦] អភិបាលក្រុងមួយនេះបានថ្លែងថា ជនស៊ីវិលជាង ១០,០០០ នាក់ត្រូវបានបាត់បង់ជីវិតកំឡុងពេលរុស្ស៊ីបានឡោមព័ទ្ធវាយម៉ារីអ៊ូប៉ូល ប៉ុន្តែចំនួនជាក់ស្ដែងអាចមានរហូតដល់ទៅជាង ២០,០០០ នាក់ឯណោះ ខណៈកងកម្លាំងរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានដឹកជញ្ជូននាំយកគ្រឿងបូជាសពចល័តមកជាមួយពួកគេពេលចូលគ្រប់គ្រងម៉ារីអ៊ូប៉ូល។[៣០៧][៣០៨][៣០៩] ការស៊ើបអង្កេតដោយសារព័ត៌មាន AP ចាប់ពីចុងឆ្នាំ២០២២ បានប៉ាន់ប្រមាណតួលេខជនស៊ីវិលដែលបានស្លាប់ថាមានរហូតដល់ ៧៥,០០០ នាក់ ដោយនេះគ្រាន់តែជាតួលេខរាប់ត្រឹមក្នុងតំបន់ទីក្រុងម៉ារីអ៊ូប៉ូលប៉ុណ្ណោះ។[៣១០][៣១១] ទីភ្ញាក់ងារសារព័ត៌មាន AFP វិញបានចេញផ្សាយថា "ចន្លោះគម្លាតដ៏ធំមួយក្នុងការរាប់ចំនួនអ្នកស្លាប់ និងរបួសគឺកើតចេញពីកង្វះខាតព័ត៌មានពីទីកន្លែងដែលស្ថិតក្រោមការកាន់កាប់ដោយរុស្ស៊ី ដូចជាទីក្រុងកំពង់ផែម៉ារីអ៊ូប៉ូលជាដើម ដែលគេជឿថាជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់នៅទីនោះ"។[៣១២] ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានរាយការណ៍បង្ហាញពីចំនួនទិន្នន័យអ្នកស្លាប់ស៊ីវិលស្រដៀងៗគ្នា ហើយគេជឿថាចំនួនអ្នកស្លាប់និងរបួសពិតប្រាកដក្នុងចំណោមប្រជាជនស៊ីវិលគឺមានចំនួនខ្ពស់ជាងទិន្នន័យដែលគេនិយមប្រើបច្ចុប្បន្ន។[៣១៣]
ទាហានរុស្ស៊ីប្រមាណ ១,២០០ នាក់ត្រូវបានស្លាប់ ឬរបួសនៅក្នុងប្រទេសអ៊ុយក្រែនជារៀងរាល់ថ្ងៃ បើរាប់ចាប់ពីខែឧសភាដល់ខែមិថុនា ឆ្នាំ២០២៤[៣១៤] ហើយចំនួននេះបានកើនដល់ ១,៥០០ នាក់នៅក្នុងខែវិច្ឆិកានៃឆ្នាំ២០២៤ ដោយបូកសរុបចំនួនអ្នកស្លាប់និងរបួសក្នុងខែវិច្ឆិកានោះគឺមានរហូតដល់ទៅ ៤៥,៦៩០ នាក់។[៣១៥] កាសែត Newsweek បានប៉ាន់ប្រមាណថា ថ្ងៃដែលឆក់យកជីវិតទាហានរុស្ស៊ីច្រើនបំផុតគឺស្ថិតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នោះឯង ដោយមានទាហានរុស្ស៊ីស្លាប់ចំនួន ១,៩៥០ នាក់ ដែលនេះជាចំនួនលើសពីអត្រាកំណើតបុរសប្រចាំថ្ងៃជាមធ្យមនៅក្នុងប្រទេសរុស្ស៊ីទៅទៀត (១,៨៣៦)។[៣១៦] សារព័ត៌មាន Meduza ដែលមានមូលដ្ឋាននៅប្រទេសឡេតូនីបានប៉ាន់ប្រមាណថា ទាហានរុស្ស៊ីសរុបចំនួន ១៤០,០០០ នាក់ត្រូវបានបាត់បងជីវិតនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន បើគិតត្រឹមខែកក្កដា ឆ្នាំ២០២៤។[៣១៧]
សង្គ្រាមឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ីនេះបានក្លាយជាសង្រ្គាមដ៏សាហាវឃោរឃៅបំផុតនៅទ្វីបអឺរ៉ុប បើរាប់ចាប់ពីរយៈពេល ៨០ ឆ្នាំចុងក្រោយនេះ[៣១៨] ដោយវាបានឡើងវ៉ាដាច់សង្គ្រាមបូស្នីទៅទៀត។ អត្រាមរណភាពជាមធ្យមនៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២០ គឺ ៨.៧/១០០០ នាក់ ហើយមកដល់ឆ្នាំ២០២៤ វាបានហក់ឡើងដល់ ១៨.៦ ដែលនាំឱ្យអ៊ុយក្រែនជាប់ចំណាត់ថ្នាក់លេខមួយក្នុងនាមជាប្រទេសដែលមានអត្រាមរណភាពខ្ពស់បំផុតនៅលើលោក។ ចំពោះរុស្ស៊ី អត្រាមរណភាពបានរំកិលឡើងដល់ចំណាត់ថ្នាក់លេខប្រាំបួន ពោលគឺមាន ១៤/១០០០ នាក់។[៣១៩][៣២០]
Remove ads
កិច្ចចរចាសន្តិភាព

ការចរចារកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ដើមធ្វើឡើងដំបូងៗនៅថ្ងៃទី២៨ ខែកុម្ភៈ, ថ្ងៃទី៣ ខែមីនា និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅឯព្រំដែនបេឡារុស–អ៊ុយក្រែន។ កិច្ចចរចាបន្ទាប់បន្សំត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា នៅក្នុងប្រទេសតួកគី ហើយកិច្ចចរចាជុំទីបួននៅថ្ងៃទី១៤ ខែមីនា ដោយកិច្ចចរចាទាំងនេះមិនបានឈានដល់កិច្ចព្រមព្រៀងអ្វីទេជាលទ្ធផល។[៣៥០]

នៅក្នុងឆ្នាំ២០២៤ អ៊ុយក្រែនបានប្រកាសពីលក្ខខណ្ឌសន្តិភាពរបស់ខ្លួនដោយក្នុងនោះ អ៊ុយក្រែនបានទាមទារឱ្យរុស្ស៊ីដកកងទ័ពទាំងប៉ុន្មានចេញពីទឹកដីរបស់ខ្លួន ដោះលែងអ្នកទោសអ៊ុយក្រែនទាំងអស់ដែលរុស្ស៊ីបានចាប់ទៅមិនថាជាទាហាន ឬជនស៊ីវិល ចាប់ថ្នាក់ដឹកនាំរុស្ស៊ីទៅកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម ហើយអ៊ុយក្រែនត្រូវទទួលបានការធានាសន្តិសុខដើម្បីការពារកុំឱ្យកើតមានអរិភាពនៅពេលអនាគតតទៅទៀត។ ចំពោះលក្ខខណ្ខរបស់រុស្ស៊ីវិញរួមមាន អ៊ុយក្រែនត្រូវតែកាត់ទឹកដីដែលរុស្ស៊ីកំពុងកាន់កាប់ទាំងអស់មកឱ្យខ្លួន បូករួមទាំងទឹកដីដែលរុស្ស៊ីទាមទារប៉ុន្មានទៀត (ថ្វីបើមិនស្ថិតក្រោមរុស្ស៊ីក្ដី) អ៊ុយក្រែនត្រូវឈប់ចង់ចុះចូលជាមួយអង្គការណាតូ ហើយទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទាំងប៉ុន្មានត្រូវតែដកចេញវិញឱ្យអស់។[៣៥២]
បន្ទាប់ពីលោកដូណាល់ ត្រាំបានក្លាយជាប្រធានាធិបតីអាមេរិកជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ២០២៥ របត់គោលនយោបាយការបរទេសអាមេរិកក៏បានផ្លាស់ប្ដូរភ្លាមៗ។ រដ្ឋបាលត្រាំបានចាប់ផ្តើមបើកផ្លូវចរចាជាមួយរុស្ស៊ី និងចរចាជាមួយអ៊ុយក្រែនដោយដាច់ដោយឡែក។ នៅខែកុម្ភៈ ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានបង្ហាញពីគោលជំហរគាំទ្ររុស្ស៊ីនៅក្នុងសេចក្ដីសម្រេចអង្គការសហប្រជាជាតិចំនួនពីរលើក ដោយដំបូងឡើយអាមេរិកបានជំទាស់នឹងសេចក្តីសម្រេចដែលព្រាងដោយអឺរ៉ុបជុំវិញការថ្កោលទោសសកម្មភាពរបស់រុស្ស៊ី និងគាំទ្របូរណភាពទឹកដីអ៊ុយក្រែន ហើយលើកទីពីរ អាមេរិកបានធ្វើសេចក្តីព្រាង និងបោះឆ្នោតលើសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែនៅក្នុងខ្លឹមសារសេចក្ដីសម្រេចនោះ អាមេរិកមិនបានពោលពាក្យរិះគន់រុស្ស៊ីសម្បីតែមួយឃ្លា។[៣៥៣]
Remove ads
ប្រតិកម្មអន្តរជាតិ
សូមមើលផងដែរ: បាតុកម្មប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

រដ្ឋយល់ស្រប
រដ្ឋប្រឆាំង
រដ្ឋអនុប្បវាទ
រដ្ឋអវត្តមាន
មិនជាសមាជិក
ការឈ្លានពានដោយរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនបានទទួលរងនូវការថ្កោលទោសជាអន្តរជាតិយ៉ាងទូលំទូលាយពីសំណាក់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានានៅលើពិភពលោក និងក៏ដូចជាអង្គការអន្តររដ្ឋាភិបាលមួយចំនួនផងដែរ។[៣៥៤] នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋសមាជិកចំនួន ១៤១ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានរួមគ្នាបោះឆ្នោតគាំទ្រសេចក្តីសម្រេចមួយដែលទាមទារឱ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនទាំងប៉ុន្មានចេញពីទឹកដីអ៊ុយក្រែនជាបន្ទាន់។ ប្រទេសសរុបចំនួនប្រាំពីរដោយរួមមានទាំងរុស្ស៊ីផងដែរបានបោះឆ្នោតប្រឆាំងនឹងវិធានការមួយនេះ។[៣៥៥] សម្រាប់ប្រតិកម្មផ្នែកនយោបាយចំពោះសកម្មភាពឈ្លានពាននេះវិញរួមមាន ការដាក់បន្ថែមនូវទណ្ឌកម្មថ្មីៗលើរុស្ស៊ី ដែលជាហេតុបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅដល់សេដ្ឋកិច្ចរុស្ស៊ី និងសេដ្ឋកិច្ចពិភពលោកជារួម។[៣៥៦] គិតមកត្រឹមខែកក្កដា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានអនុម័តនូវកញ្ចប់ទណ្ឌកម្មចំនួន ១៨ ប្រឆាំងនឹងប្រទេសរុស្ស៊ី និងបេឡារុស ដែលក្នុងនោះមានអង្គភាពស្ថាប័នផ្សេងៗ និងក៏ដូចជាបុគ្គលមានឥទ្ធិពលអំណាចផងដែរ ដែលបូកសរុបចូលគ្នាមានចំនួនប្រមាណជាង ២,៥០០ អង្គភាព។[៣៥៧] ទណ្ឌកម្មពីបស្ចិមលោកបានបង្ខំឱ្យរុស្ស៊ីប្ដូរទិសដៅនៃការនាំចេញប្រេងរបស់ខ្លួនទៅកាន់ប្រទេសដែលគ្មានទណ្ឌកម្មមកលើខ្លួនដូចជាប្រទេសឥណ្ឌាជាដើម និងមកផ្ដោតលើពាណិជ្ជកម្មឧស្ម័នធម្មជាតិរាវវិញ (ដែលស្ថិតនៅក្រៅកម្មវត្ថុទណ្ឌកម្មរបស់សហភាពអឺរ៉ុប) និងផ្លាស់ប្តូរការនាំចេញធ្យូងថ្មពីទ្វីបអឺរ៉ុបទៅទ្វីបអាស៊ី។[៣៥៨] ម្យ៉ាងទៀត ប្រទេសនៅអឺរ៉ុបជាច្រើនបានសម្រេចកាត់ផ្ដាច់នូវរាល់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជាមួយរុស្ស៊ី។[៣៥៩]
រដ្ឋអធិបតេយ្យជាង ៧០ រដ្ឋនៅលើពិភពលោក និងរួមទាំងសហភាពអឺរ៉ុបផងបានបញ្ជូននូវជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន ខណៈបណ្ដាប្រទេសជិត ៥០ ប្រទេសបូករួមទាំងសហភាពអឺរ៉ុបដូចគ្នាបានផ្តល់ជំនួយផ្នែកយោធាគាំទ្រអ៊ុយក្រែន។[៣៦០] ទណ្ឌកម្មសេដ្ឋកិច្ចអឺរ៉ុបមកលើរុស្ស៊ីមានដូចជា ការហាមប្រាមចរាចរណ៍យន្តហោះរុស្ស៊ីលើដែនអាកាសសហភាពអឺរ៉ុប[៣៦១] ការផ្ដាច់ធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធទូទាត់អន្តរជាតិស្វីហ្ត (SWIFT) និងការបិទប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយចំនួនរបស់រុស្ស៊ី។[៣៦២]
ប្រទេសមួយចំនួន ពិសេសបណ្ដាប្រទេសលោកខាងត្បូង បានសម្ដែងនូវបសាទចិត្តជាសាធារណៈ រីឯខ្លះវិញបានសម្ដែងការគាំទ្រពេញទំហឹងតែម្តងចំពោះសកម្មភាពរបស់រុស្ស៊ី ដោយមកពីពួកគេលែងមានទំនុកចិត្តជឿជាក់លើគោលនយោបាយការបរទេសអាមេរិក។[៣៦៣] បាតុកម្មតវ៉ាផ្សេងៗទាក់ទិននឹងសង្គ្រាមឈ្លានពាននេះបានផ្ទុះឡើងនៅជុំវិញពិភពលោក ដោយរួមទាំងក្នុងប្រទេសរុស្ស៊ី និងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ីផងដែរ។[៣៦៤] ការអំពាវនាវធ្វើពហិការផលិតផលទំនិញរបស់រុស្ស៊ីបានរីករាលដាលនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម[៣៦៥] ខណៈពេលដែលក្រុម hacker បានធ្វើការវាយប្រហារទៅលើគេហទំព័ររុស្ស៊ី ពិសេសគឺគេហទំព័ររបស់រដ្ឋាភិបាលរុស្ស៊ីផ្ទាល់។[៣៦៦] មនោសញ្ចេតនាប្រឆាំងជាតិសាសន៍រុស្ស៊ី បានរុលឡើងក្រោយការឈ្លានពាន ដែលថែមទាំងប៉ះពាល់ដល់ជនជាតិរុស្ស៊ីរស់នៅក្រៅប្រទេសគេទៀតផង។[៣៦៧] នៅខែមីនា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានប្រកាសការអនុវត្តការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ ១៥ ឆ្នាំសម្រាប់ជនណាដែលផ្សព្វផ្សាយ "ព័ត៌មានក្លែងក្លាយ" អំពីប្រតិបត្តិការយោធារុស្ស៊ីនៅប្រទេសអ៊ុយក្រែន[៣៦៨] ក្នុងគោលបំណងលុបបំបាត់មតិរិះគន់ណាមួយទាក់ទងនឹងសង្គ្រាម។[៣៦៩]
អន្តរសភា ក៏ដូចជាសភាជាតិនៃបណ្ដាប្រទេសមួយចំនួនបានអនុម័តសេចក្តីសម្រេចប្រកាសរុស្ស៊ីជារដ្ឋឧបត្ថម្ភភេរវកម្ម។[៣៧០] គិតមកត្រឹមខែតុលា ឆ្នាំ២០២២ ប្រទេសចំនួនបីគឺ លីទុយអានី ឡេតូនី និងអេស្តូនី បានប្រកាសរុស្ស៊ីជារដ្ឋភេរវករ។[៣៧១] នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ប្រទេសអ៊ីស្លង់បានក្លាយជាប្រទេសអឺរ៉ុបដំបូងគេបង្អស់ដែលបានបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីដោយសារតែសង្គ្រាមឈ្លានពានអ៊ុយក្រែន។[៣៧២]
ការឈ្លានពាននេះផងដែរបានជំរុញឱ្យប្រទេសអ៊ុយក្រែន[៣៧៣] ហ្វាំងឡង់ និងស៊ុយអែតដាក់ពាក្យសុំធ្វើជារដ្ឋសមាជិកណាតូជាផ្លូវការ។[៣៧៤] ប្រទេសហ្វាំងឡង់បានក្លាយជាសមាជិកណាតូនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣[៣៧៥] ខណៈប្រទេសស៊ុយអែតបានចូលនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។[៣៧៦]
Remove ads
មើលផងដែរ
- បញ្ជីរាយសង្គ្រាមឈ្លានពាននៅក្នុងសតវត្សរ៍ទី២១
- ប្រជាធិបតេយ្យនៅអឺរ៉ុប
- ការបោះឆ្នោតនៅរុស្ស៊ី
- ការបោះឆ្នោតនៅអ៊ុយក្រែន
- បញ្ជីរាយជម្លោះនៅក្នុងទឹកដីអតីតសហភាពសូវៀត
- បញ្ជីរាយជម្លោះនៅអឺរ៉ុប
- បញ្ជីរាយសង្គ្រាមអន្តររដ្ឋចាប់តាំងពីឆ្នាំ១៩៤៥
- បញ្ជីរាយជម្លោះប្រដាប់អាវុធដែលកំពុងកើតឡើង
- បញ្ជីរាយជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន
កំណត់សម្គាល់
- កងកម្លាំងរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការឈ្លានពានរបស់គេចេញពីទឹកដីប្រទេសបេឡារុស។[៤][៥] ប្រធានាធិបតីបេឡារុស លោកអាឡិចសាន់ដឺ លូកាឆេនកូក៏បានបញ្ជាក់ផងដែរថា កងទ័ពបេឡារុសអាចនឹងចូលរួមក្នុងយុទ្ធនាការឈ្លានពានមួយនេះ ប្រសិនបើមានការចាំបាច់[៦] ហើយមីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់ត្រូវបានគេប្រទះឃើញបាញ់ចេញពីដែនដីបេឡារុស។[៧] មន្ត្រីអ៊ុយក្រែនជាច្រើនបានអះអាងថា ទាហានបេឡារុសបានហោះជំហានឆ្លងចូលដែនដីអ៊ុយក្រែនរួចទៅហើយ។[៨]
- រាប់បញ្ចូលទាំងកម្លាំងយោធាទូទៅ យោធាប្រតិព័ន្ធ និងកម្លាំងក្រុមបំបែករដ្ឋប្រមាណ ៣៤,០០០ នាក់បន្ថែមទៀត។
- ជនស៊ីវិលបរទេសយ៉ាងហោចណាស់ចំនួន ១៧៤ មកពី ២៥ ប្រទេសត្រូវបានគេរាយការណ៍បញ្ជាក់ថាស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។
- សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍បានអះអាងថាប្រជាជនស៊ីវិលចំនួន ១,៧៩៩ នាក់ត្រូវបានបាត់បង់ជីវិត និង ៦,៩០២ នាក់ទៀតបានរងរបួសនៅក្នុងទឹកដីរបស់ខ្លួនចន្លោះពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤[៣៣០] ដោយក្នុងនោះមាន ៨ នាក់បានស្លាប់ និង ២៣ នាក់បានរងរបួសនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២[៣៣១] ដូច្នេះចំនួនអ្នកស្លាប់និងរបួសកំឡុងពេលសង្គ្រាមឈ្លានពានមាន ១,៧៩១ (ស្លាប់) និង ៦,៨៧៩ (របួស)។
- មិនតែប៉ុណ្ណោះ អ៊ុយក្រែនធ្លាប់បានអះអាងថា ទាហានកូរ៉េខាងជើងចំនួនប្រាំមួយនាក់បានបាត់បង់ជីវិតក្រោយពីត្រូវរងគ្រាប់មីស៊ីលកាលពីដើមខែតុលា ឆ្នាំ២០២៤ ខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយអះអាងថារបាយការណ៍របស់អ៊ុយក្រែននោះទំនងជាត្រឹមត្រូវ ពោលគឺពិតជាបានកើតឡើងមែន។[៣៤៦] ក៏ប៉ុន្តេ ភាគីរុស្ស៊ីវិញបានបដិសេដច្រានចោលនូវរបាយការណ៍នោះ។[៣៤៧]
Remove ads
ឯកសារយោង
គន្ថនិទ្ទេសន៍
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads