កេនយ៉ា

From Wikipedia, the free encyclopedia

កេនយ៉ា
Remove ads

ប្រទេសកេនយ៉ា (ភាសាអង់គ្លេស និងស្វាហ៊ីលី៖ Kenya) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋកេនយ៉ា គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងកើត។ ប្រទេសនេះមានផ្ទៃដីសរុបចំនួន ៥៨០,៣៦៧ គម និងមានប្រជាជនជាង ៤៧.៦ លាននាក់បើគិតតាមជំរឿនឆ្នាំ២០១៩។ រដ្ឋធានីរបស់កេនយ៉ាក៏ដូចជាទីក្រុងធំបំផុតមានឈ្មោះថា នែរ៉ូប៊ី ខណៈដែលទីក្រុងចំណាស់ជាងគេ និងត្រូវជាធានីដំបូងគឺ មុំបាសា។ ទីក្រុងគីស៊ូមូគឺជាទីក្រុងធំបំផុតទីបី ហើយវាមានកំពង់ផែដ៏ធំមួយនៅបឹងវិចតូរីយ៉ា។ គិតត្រឹមឆ្នាំ២០២០ កេនយ៉ាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីប្រចាំអនុតំបន់សាហារ៉ាអាហ្រ្វិក ដោយពីក្រោយតែប្រទេសនីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះ។ ប្រទេសកេនយ៉ាមានព្រំប្រទល់ជាប់នឹងប្រទេសស៊ូដង់ខាងត្បូងនៅភាគពាយព្យ ប្រទេសអេត្យូពីនៅភាគខាងជើង ប្រទេសសូម៉ាលីនៅភាគខាងកើត ប្រទេសអ៊ូកង់ដានៅភាគខាងលិច ប្រទេសតង់សានីនៅភាគខាងត្បូង និងមហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍។

ព័ត៌មានសង្ខេប Jamhuri ya Kenya (ភាសាស្វាហ៊ីលី), រដ្ឋធានី និង ទីក្រុងធំបំផុត ...
Remove ads

ភូមិសាស្ត្រ អាកាសធាតុ និងប្រជាសាស្ត្រនៅក្នុងប្រទេសនេះមានការប្រែប្រួលនិងសភាពលក្ខណៈខុសៗគ្នាច្រើន ចាប់ពីកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិលត្រជាក់ (បាធ្យាន ណេលីអុង និងកំពូលលេណាណានៅលើភ្នំកេនយ៉ា) ជាមួយនឹងព្រៃឈើព័ទ្ធជុំវិញដ៏ធំអស្ចារ្យ សត្វព្រៃ និងតំបន់កសិកម្មជីជាតិ រហូតដល់អាកាសធាតុក្តៅនៅភាគខាងលិច និងតំបន់ជ្រលងភ្នំប្រេះឆា និងតំបន់ស្ងួតមិនសូវមានជីជាតិ តំបន់ស្ងួតពាក់កណ្តាល និងវាលខ្សាច់សុទ្ធសាធ (វាលខ្សាច់ឆាល់ប៊ី និងវាលខ្សាច់នីរី)។

មនុស្សបានចូលមកតាំងទីលំនៅលើទឹកដីកេនយ៉ាដំបូងគឺសុទ្ធតែជាក្រុមអ្នកបរបាញ់ ដូចជាជនជាតិហាស្ដាបច្ចុប្បន្នដែរ។[១០][១១] បើយោងតាមការកំណត់កាលបរិច្ឆេទនៃវត្ថុ និងគ្រោងឆ្អឹងបុរាណៗបានបញ្ជាក់ឱ្យឃើញថា ក្រុមអ្នកនិយាយភាសាឃូស្ហីទិកបានចូលតាំងទីលំនៅដំបូងនៅតំបន់វាលទំនាបនៃប្រទេសកេនយ៉ាចន្លោះពី ៣,២០០ និង ១,៣០០ ឆ្នាំ មុន គ.ស។ ក្រុមអ្នកនិយាយភាសានីឡូទិក បានចាប់ផ្តើមធ្វើចំណាកស្រុកពីស៊ូដង់ខាងត្បូងចូលមកក្នុងទឹកដីនៃប្រទេសកេនយ៉ានៅប្រមាណ ៥០០ មុន គ.ស។[១២] ចំណែកឯក្រុមជនជាតិបង់ធូវិញបានមកតាំងទីលំនៅតាមតំបន់់ឆ្នេរ និងតំបន់ផ្នែកខាងក្នុងប្រទេសកេនយ៉ានៅរវាង ២៥០ ឆ្នាំមុន គ.ស និង ៥០០ ឆ្នាំនៃ គ.ស។[១៣]

ទំនាក់ទំនងជាមួយមហាអំណាចអឺរ៉ុបបានចាប់ផ្តើមដំបូងនៅក្នុងសតវត្សរ៍ទី១៦ ជាមួយចក្រភពព័រទុយហ្កាល់ រីឯអាណានិគមកិច្ចនៅកេនយ៉ាបានចាប់ផ្តើមនៅអំឡុងសតវត្សរ៍ទី១៩ ដែលស្ថិតក្នុងសម័យរុករករបស់ពួកអឺរ៉ុបនៅទ្វីបអាហ្រ្វិក។ កេនយ៉ាសម័យបច្ចុប្បន្នបានងើបចេញពីអាណាព្យាបាលបង្កើតឡើងដោយចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៨៩៥ និងត្រូវបានបញ្ចូលជាទឹកដីអាណានិគមរបស់អង់គ្លេសនៅក្នុងឆ្នាំ១៩២០។ ជម្លោះរវាងចក្រភពអង់គ្លេស និងដែនដីអាណានិគមបាននាំឱ្យផ្ទុះបដិវត្តន៍ម៉ាវម៉ាវឡើងនៅក្នុងឆ្នាំ១៩៥២ ហើយកេនយ៉ាក៏បានប្រកាសឯករាជ្យនៅឆ្នាំ១៩៦៣។ បន្ទាប់ពីបានទទួលឯករាជ្យ ប្រទេសកេនយ៉ានៅតែបន្តឋានៈជាសមាជិកនៃសមាគមប្រជាជាតិនៃសហធនរដ្ឋដដែរ។ រដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១០ ជំនួសឱ្យរដ្ឋធម្មនុញ្ញសម័យឯករាជ្យឆ្នាំ១៩៦៣។

ប្រទេសកេនយ៉ាគឺជាសាធារណរដ្ឋប្រកាន់របបប្រជាធិបតេយ្យតំណាងប្រធានាធិបតី ពោលគឺបុគ្គលជាប់ឆ្នោតត្រូវជាអ្នកតំណាងឱ្យប្រជាពលរដ្ឋ ហើយប្រធានាធិបតីគឺជាប្រមុខរដ្ឋ និងរដ្ឋាភិបាល។[១៤] ប្រទេសកេនយ៉ាគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សមាគមប្រជាជាតិនៃសហធនរដ្ឋ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក កូមេសា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដូចជាអង្គការអន្តរជាតិផ្សេងៗទៀត។ កេនយ៉ាជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទមួយ​របស់​សហរដ្ឋ​អាមេរិក​ ថ្វីបើខ្លួនមិនមានឈ្មោះជាសមាជិករបស់អង្គការណាតូក្ដី។ ដោយមានចំណូលជាតិសរុបស្មើ ១,៨៤០ ដុល្លារ[១៥] កេនយ៉ាគឺជាប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតទាប។ ប្រទេសកេនយ៉ាមានសេដ្ឋកិច្ចធំជាងគេទីពីរនៅអាហ្វ្រិកខាងកើត និងកណ្តាល បន្ទាប់ពីប្រទេសអេត្យូពី ខណៈរដ្ឋធានីណៃរ៉ូប៊ីបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់។[១៦] កសិកម្មគឺជាវិស័យធំបំផុតនៅក្នុងប្រទេស ដោយតែ និងកាហ្វេជាដំណាំសាច់ប្រាក់បែបប្រពៃណី ចំណែកផ្កាស្រស់វិញបានក្លាយជាទំនិញនាំចេញដ៏សំខាន់មួយដែរក្នុងពេលថ្មីៗនេះ។ ឧស្សាហកម្មបែបសេវាកម្មក៏ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយផងដែរ ជាពិសេសវិស័យទេសចរណ៍។ ទោះជាអង្គការពាណិជ្ជកម្មអន្តរជាតិមួយចំនួនបានចាត់ទុកកេនយ៉ាជាផ្នែកមួយនៃតំបន់ស្នែងធំនៃទ្វីបអាហ្រ្វិកក៏ដោយក្ដី[១៧] ប៉ុន្តែកេនយ៉ានៅតែជាសមាជិកសំខាន់នៃប្លុកពាណិជ្ជកម្មសហគមន៍អាហ្វ្រិកខាងកើត[១៨][១៩] ទ្វីបអាហ្រ្វិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកេនយ៉ា នាំមុខសហភាពអឺរ៉ុប។[២០]

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads