ចក្រភពអូទ្រីស
From Wikipedia, the free encyclopedia
ចក្រភពអូទ្រីស (ភាសាអាល្លឺម៉ង់៖ Kaiserthum Oesterreich, បច្ចុប្បន្នសរសេរបានថា៖ Kaiserthum Österreich) គឺជារដ្ឋមហាអំណាចពហុជាតិមួយដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅតំបន់អឺរ៉ុបកណ្តាលចាប់ពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨៦៧ ក្រោមអំណាចនៃរាជវង្សហាបស្បួក។ ចក្រភពអូទ្រីសគឺជារដ្ឋចក្រភពដែលមានចំនួនប្រជាជនច្រើនបំផុតទីបីនៅទ្វីបអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និងចក្រភពអង់គ្លេស។ រួមជាមួយនឹងរាជាណាចក្រព្រុស ចក្រភពអូទ្រីសគឺជារដ្ឋមហាអំណាចធំបំផុតទីពីរដែលស្ថិតនៅក្នុងសហព័ន្ធអាល្លឺម៉ង់។ យោងតាមការសិក្សាភូមិសាស្រ្ត វាគឺជាចក្រភពដែលមានវិសាលភាពទឹកដីធំបំផុតទីបីនៅទ្វីបអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និងចក្រភពបារាំងទីមួយ។
អត្ថបទនេះស្ដីអំពី ចក្រភពហាបស្បួកនៅចន្លោះឆ្នាំ១៨០៤ និងឆ្នាំ១៨៦៧។ ចំពោះទឹកដីក្រោមវាជវង្សហាបស្បួកទូទៅ សូមមើល រាជាធិបតេយ្យហាបស្បួក។ ចំពោះ ចក្រភពហាបស្បួកនៅចន្លោះឆ្នាំ១៨៦៧ និងឆ្នាំ១៩១៨សូមមើល ចក្រភពអូទ្រីស-ហុងគ្រី។
ចក្រភពអូទ្រីស Kaiserthum Österreich (ភាសាអាល្លឺម៉ង់)
| |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
១៨០៤–១៨៦៧ | |||||||||||||
ភ្លេងជាតិ Gott erhalte Franz den Kaiser "សូមព្រះជាម្ចាស់រក្សាព្រះអធិរាជហ្រ្វង់ស្វ័រ" | |||||||||||||
![]() ទឹកដីនៃចក្រភពអូទ្រីសក្នុងឆ្នាំ១៨១៥ (ព្រំដែននៃសហព័ន្ធអាល្លឺម៉ង់គឺជាខ្សែបន្ទាត់ខ្មៅអុជៗ) | |||||||||||||
![]() វិសាលភាពទឹកដីនៃចក្រភពអូទ្រីស (១៨៤៦–១៨៥៩) | |||||||||||||
រាជធានី | វីយែន | ||||||||||||
ភាសាទូទៅ | អាល្លឺម៉ង់ ហុងគ្រី ឆែក ស្លូវ៉ាគី ប៉ូឡូញ រូស៊ីន ស្លូវេនី ក្រូអាត ស៊ែប៊ី រួម៉ានី លុមបារត៍ វីនីស៊ី ឡាដង់ អ៊ីតាលី អ៊ុយក្រែន យីឌីស | ||||||||||||
សាសនា | ភាគច្រើន៖ រ៉ូម៉ាំងកាតូលិក (ផ្លូវការ) ភាគតិច៖ លទ្ធិលូទែរ លទ្ធិកាល់វីន អូស្សូដក់បូព៌ា កាតូលិកបូព៌ា យូដាសាសនា | ||||||||||||
រដ្ឋាភិបាល |
| ||||||||||||
ព្រះអធិរាជ | |||||||||||||
▪ ១៨០៤–១៨៣៥ | ហ្រ្វង់ស្វ័រទី១ | ||||||||||||
▪ ១៨៣៥–១៨៤៨ | ហ៊្វែឌីណង់ទី១ | ||||||||||||
▪ ១៨៤៨–១៩១៦ | ហ្វ្រង់ស្វ័រ ចូសែហ្វទី១ | ||||||||||||
ប្រធានរដ្ឋមន្ត្រី | |||||||||||||
▪ ១៨២១–១៨៤៨ | ក្លេមែនស៍ វន មេទឹរនិច (ដំបូង) | ||||||||||||
▪ ១៨៦៧ | ហ្វ្រីឌ្រិច ហ៊្វែឌីណង់ វ៉ន ប៊ូសត៍ (ក្រោយ) | ||||||||||||
នីតិបញ្ញត្តិ | ក្រុមប្រឹក្សារាជាធិរាជ | ||||||||||||
ព្រឹទ្ធសភា | |||||||||||||
• សភាជាន់ទាប | សភាតំណាងរាស្រ្ត | ||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សតវត្សរ៍ទី១៩ | ||||||||||||
▪ ប្រកាសបង្កើត | ១១ សីហា ១៨០៤ | ||||||||||||
▪ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវរំលាយ | ៦ សីហា ១៨០៦ | ||||||||||||
▪ សមាជទីក្រុងវីយែន | ៨ មិថុនា ១៨១៥ | ||||||||||||
▪ បដិវត្តន៍ឆ្នាំ១៨៤៨ | ១៣ មីនា ១៨៤៨ | ||||||||||||
▪ ប្រកាសរដ្ឋធម្មនុញ្ញ | ២០ តុលា ១៨៦០ | ||||||||||||
▪ សង្គ្រាមព្រុស-អូទ្រីស | ១៤ មិថុនា ១៨៦៦ | ||||||||||||
▪ កិច្ចព្រមព្រៀងឆ្នាំ១៨៦៧ | ៣០ មីនា ១៨៦៧ | ||||||||||||
ក្រឡាផ្ទៃ | |||||||||||||
១៨០៤ | ៦៩៨៧០០ គ.ម២ (២៦៩៨០០ ម៉ាយ ក.) | ||||||||||||
ប្រជាជន | |||||||||||||
• ប៉ាន់ស្មាន (ឆ្នាំ ១៨៤៣) | ៣៧,៥០០,០០០ | ||||||||||||
រូបិយវត្ថុ |
| ||||||||||||
|
ដោយត្រូវរងការគំរាមកំហែងពីចក្រភពបារាំងទីមួយរបស់ព្រះអធិរាជណាប៉ូលេអុងទី១ ព្រះរាជាអូទ្រីសគឺព្រះបាទហ្រ្វង់ស្វ័រទី២ ក៏បានប្រកាសបង្កើតអាណាចក្រមួយនេះឡើងនៅក្នុងឆ្នាំ១៨០៤ ដោយបង្រួបបង្រួមទឹកដីកម្មសិទ្ធិរាជវង្សហាបស្បួកទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលតែមួយ។ តែទោះជាយ៉ាងណា ចក្រភពអូទ្រីសនៅបន្តជាផ្នែកមួយនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋរហូតដល់ឆ្នាំ១៨០៦ ក្រោយចក្រភពរ៉ូម៉ាំងពិសិដ្ឋនោះបានរំលាយ។ អូទ្រីសនៅបន្តប្រយុទ្ធប្រឆាំងនឹងចក្រភពបារាំងនៅក្នុងសង្គ្រាមណាប៉ូលេអូនិក លើកលែងតែចាប់ពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨១៣ នៅពេលដែលអូទ្រីសត្រូវបានបារាំងបង្ខំឱ្យចងសម្ព័ន្ធភាពជាមួយនឹងខ្លួន។ នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីប្រាំមួយ អូទ្រីសបានចុះចូលជាមួយកម្លាំងសម្ព័ន្ធមិត្តវិញដោយរួមគ្នាវាយបារាំងរហូតដល់បានជ័យជម្នះនៅក្នុងឆ្នាំ១៨១៤ និងម្តងទៀតក្នុងឆ្នាំ១៨១៥។ សមាជទីក្រុងវីយែនត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីបញ្ចប់សង្គ្រាម ហើយវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគោលចំហរអូទ្រីសជាមហាអំណាចដ៏ខ្លាំងក្លាមួយប្រចាំសតវត្សរ៍ទី១៩។
ព្រះរាជាណាចក្រហុងគ្រីថ្វីបើស្ថិតនៅក្រោមរាជវង្សហាបស្បួកមែន ប៉ុន្តែរដ្ឋនេះមានស្ថាប័នគ្រប់គ្រងផ្ទាល់ខ្លួនដាច់ដោយឡែកពីចក្រភពអូទ្រីសទាំងមូល។ បន្ទាប់ពីអូទ្រីសបានទទួលបរាជ័យក្នុងសង្គ្រាមព្រុស-អូទ្រីសនៅក្នុងឆ្នាំ១៨៦៦ កិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក៏ត្រូវបានអនុម័តឡើង ហើយរាជាណាចក្រហុងគ្រីរួមជាមួយចក្រភពអូទ្រីសក៏ត្រូវបានបញ្ចូលរួមគ្នាបង្កើតជាចក្រភពអូទ្រីស-ហុងគ្រី។
ប្រវត្តិសាស្រ្ត
និម្មិតកម្ម
ទម្រង់រចនាសម្ព័ន្ធជាច្រើននៃចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានឆ្លងកាត់ការកែតម្រូវតាមរយៈកិច្ចប្រជុំសន្ធិសីទនៅឯទីក្រុងរ៉ាស្តាត (១៧៩៧-១៧៩៩) និងក្រុងរ៉ាធីសប៊ន (១៨០១-១៨០៣)។ នៅខែមីនា ឆ្នាំ១៨០៣ កិច្ចបញ្ឈប់រាជាធិរាជ (ភាសាអាល្លឺម៉ង់៖ Reichsdeputationshauptschluss) ត្រូវបានប្រកាសដោយវាបានកំណត់ចំនួនរដ្ឋសាសនា (រដ្ឋសាសនាគឺជាពាក្យសម្តៅលើរដ្ឋមួយចំនួនធំដែលស្ថិតក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋ) ពី ៨១ មកត្រឹមតែ ៣ រដ្ឋហើយបុរីរាជាធិរាជសេរីត្រូវបានបន្ថយពីចំនួន ៥១ មកនៅត្រឹមតែ ៦ រដ្ឋ។ គេចាត់វិធានការមួយនេះឡើងគឺដើម្បីជំនួសរដ្ឋធម្មនុញ្ញចាស់នៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាមូលហេតុដើមមួយដែលនាំឱ្យចក្រភពទាំងមូលត្រូវដួលរលំ។[២] ដោយប្រឈមនឹងការផ្លាស់ប្តូរដ៏ធំបែបនេះ ព្រះចៅអធិរាជរ៉ូម៉ាំងពិសិដ្ឋព្រះនាមហ្រ្វង់ស្វ័រទី២ ក៏បានបង្កើតគោរមងារថ្មីសម្រាប់ព្រះអង្គផ្ទាល់ និងអ្នកស្នងរាជជាបន្តបន្ទាប់ពីទ្រង់ ពោលគឺព្រះអធិរាជអូទ្រីស។ គោលបំណងក្រោយការបង្កើតគោរមងារ និងអាណាចក្រថ្មីនេះគឺដើម្បីការពារអំណាច និងអត្ថិភាពខ្សែរាជវង្សហាបស្បួកព្រោះព្រះអង្គដឹងថាមុននិងឆាប់ ចក្រភពរ៉ូម៉ាំងពិសិដ្ឋនឹងត្រូវដួលរលំជាក់ជាមិនខាន ឬនឹងត្រូវអធិរាជបារាំងថ្មីព្រះចៅណាប៉ូលេអុងទី១ ដណ្តើមរាជបល្ល័ង្កសោយរាជ្យពីព្រះអង្គ។ ពីដំបូង ព្រះហ្វ្រង់ស្វ័របានគ្រងរាជ្យដោយកាន់គោរមងារទាំងពីរ ប៉ុន្តែនៅក្នុងឆ្នាំ១៨០៦ ទ្រង់ក៏សម្រេចបោះបង់រាជតំណែងជាអធិរាជនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ។
ចក្រភពអូទ្រីសថ្មីនេះគឺលាតសន្ធឹងលើទឹកដីទាំងអស់ដែលស្ថិតនៅក្រោមអធិបតេយ្យភាពនៃរាជាធិបតេយ្យហាបស្បួក ជាជាងចំណងឯកត្តសហភាពរវាងហាបស្បួក និងដែនដីពួកគេដូចពីមុន។ ចក្រភពអូទ្រីសមានតែឈ្មោះជាឯករដ្ឋប៉ុណ្ណោះ ប៉ុន្តែទម្រង់រចនាសម្ព័ន្ធរដ្ឋជាក់ស្តែងនៅតែមានលក្ខណៈជាទឹកដីដាច់ពីគ្នាក្រោមរាជាធិបតេយ្យចម្រុះដូចមុនអញ្ចឹងដែរ។ ពិសេសដូចដែលបានឃើញក្នុងករណីព្រះរាជាណាចក្រហុងគ្រី ដែលជាប្រទេសមួយស្ថិតនៅក្រៅឥទ្ធិពលនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ ហើយជារឿយៗតែងតែត្រូវគេចាត់ទុកជារដ្ឋនគរដាច់ដោយឡែក (ថ្ចីបើទឹកដីហុងគ្រីស្ថិតនៅក្នុងចក្រភពអូទ្រីស)។ ស្ថានការណ៍របស់រដ្ឋហុងគ្រីត្រូវបានគេចារបញ្ជាក់នៅក្នុងមាត្រា ១០ ដែលបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញហុងគ្រីឆ្នាំ១៧៩០ ដោយបានចែងហុងគ្រីថាជា Regnum Independens។ កិច្ចការងារប្រទេសជាតិហុងគ្រីនៅតែបន្តគ្រប់គ្រងដោយស្ថាប័នខ្លួនផ្ទាល់ដូចពីមុនដដែរ ហើយមិនប៉ះពាល់អ្វីជាមួយស្ថាប័នរាជាធិរាជរបស់អូទ្រីសឡើយ។[៣][៤][៥]
ចក្រភពរ៉ូម៉ាំងពិសិដ្ឋបានដួលរលំ និងត្រូវរំលាយចោលជាផ្លូវការបន្ទាប់ពីកិច្ចអន្តរាគមន៍ពីចក្រភពបារាំងនៅខែកញ្ញា ឆ្នាំ១៨០៥។ នៅថ្ងែទី២០ ខែតុលា ឆ្នាំ១៨០៥ កងទ័ពណាប៉ូលេអុងបារាំងបានច្បាំងឈ្នះលើកងកម្លាំងអូទ្រីសក្រោមបញ្ជាការរបស់លោកឧត្តមសេនីយ៍កាល់ ម៉ាក វន លែបអ៊ែរិចនៅក្បែរទីក្រុងអ៊ូម។ ជាលទ្ធផល កងទ័ពអូទ្រីសប្រមាណ ២០,០០០ នាក់ត្រូវបានចាប់ខ្លួន ហើយកាំភ្លើងធំមួយចំនួនត្រូវបានរឹបអូសដោយបារាំង។ ណាប៉ូលេអុងបានបន្តទទួលជ័យជម្នះជាបន្តបន្ទាប់ ពិសេសនៅក្នុងសមរភូមិអ៊ូស្ទែរលីត្ស៍នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៥។ ព្រះចៅហ្រ្វង់ស្វ័របានបង្ខំធ្វើកិច្ចចរចាសន្តិភាពជាមួយបារាំងចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែធ្នូ ហើយទីបំផុតក៏បង្កើតជាយុទ្ធសន្តិភាពដែលចេញជាធរមាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៨០៥។
ជ័យជម្នះរបស់បារាំងបានជំរុញឱ្យមេដឹកនាំនៅតាមរដ្ឋតំបន់រាជាធិរាជមួយចំនួនចងសម្ព័ន្ធភាពជាមួយបារាំង និងប្រកាសឯករាជ្យចេញពីអាណាចក្រអូទ្រីស។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៨០៥ ចៅព្រះពញាម៉ាស៊ីមីលានទី៤ នៃនគរបាវីយែរបានប្រកាសខ្លួនជាព្រះមហាក្សត្របាវីយែរ និងតម្លើងនគរព្រះអង្គជាព្រះរាជាណាចក្រ ហើយជាបន្ទាប់ ចៅព្រះពញាហ្រ្វេដេរីកទី៣ នៃរដ្ឋនគរវួធឹមប៊ឺកក៏បានធ្វើត្រាប់តាមដូចគ្នា។ ព្រះពញាបច្ចន្តជនបទនៃបាដ៍ព្រះអង្គឆាលស៍ ហ្វ្រីឌ្រិច ទ្រង់បានទទួលគោរមងារជាព្រះមហាពញាក្សត្រនៃបាដ៍នៅថ្ងៃទី១២ ខែធ្នូ។ រដ្ឋទាំងប៉ុន្មានខាងលើសុទ្ធតែបានក្លាយជាសម្ព័ន្ធមិត្តនឹងប្រទេសបារាំងជាលទ្ធផល។[៦]
ព្រះហ្រ្វង់ស្វ័រទី២ បានយល់ស្របចុះលើសន្ធិសញ្ញាទីក្រុងប្រែសប៊ួរនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៨០៥ ដោយក្នុងនោះ ព្រះអង្គបានបង្ខំខ្លួនទទួលស្គាល់សម្ព័ន្ធមិត្តថ្មីរបស់បារាំងរួចបានកាត់ទឹកដីមួយភាគទៅឱ្យរដ្ឋទាំងនោះ និងព្រមទាំងព្រះរាជាណាចក្រអ៊ីតាលីផងដែរ។ កិច្ចព្រមព្រៀងទាំងនេះបានបញ្ជាក់ពីការរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋជាស្ថាពរ ហើយនិងការរៀបចំរចនាឡើងវិញនៃបណ្ដារដ្ឋនគរអាល្លឺម៉ង់ក្រោមអំណាចបារាំង។ ឥទ្ធិពលអំណាចដែលអូទ្រីសធ្លាប់មានលើរដ្ឋអាល្លឺម៉ង់ទាំងនោះត្រូវបានរំលាយចោលទាំងស្រុង។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៨០៦ សហព័ន្ធរ៉ាំងត្រូវបានបង្កើតឡើងដោយមានរដ្ឋអធិបតេយ្យចំនួន ១៦ ជាសមាជិកក្រោមឥទ្ធិពលរបស់បារាំង ហើយវាត្រូវបានគេចាត់ទុកថាជាប្រព័ន្ធរដ្ឋស្នងបន្តពីចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨០៦ ព្រះហ្រ្វង់ស្វ័របានប្រកាសរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋជាផ្លូវការដោយមិនចង់ឱ្យស្ថាប័នអំណាចនៃចក្រភពនេះធ្លាក់ក្នុងដៃណាប៉ូលេអុង។
ការំលាយចក្រភពដ៏ចំណាស់ពាន់ឆ្នាំនេះមិនត្រូវបានទទួសស្គាល់ដោយព្រះបាទចចនៃចក្រភពអង់គ្លេសឡើយព្រោះអំណាចរបស់ព្រះអង្គលើរដ្ឋអាល្លឺម៉ង់មួយចំនួនដូចជា ហាណូវើ និងសាចសិន-ឡោអិនបួកជាដើមត្រូវបាត់បង់ភាពស្របច្បាប់។ មិនតែប៉ុណ្ណោះ ទាំងហាណូវើ និងសាចសិន-ឡោអិនបួកត្រូវបានកាត់ចូលទៅក្នុងរដ្ឋរណបបារាំងគឺព្រះរាជាណាចក្រវែស្តហ្វាលីដោយគ្មានកិច្ចព្រមព្រៀងអ្វីជាមួយនឹងអង់គ្លេសឡើយ។
សម័យមេទឹរនិច
លោកក្លេមែនស៍ វន មេទឹរនិចបានក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់អូទ្រីសនៅក្នុងឆ្នាំ១៨០៩។ លោកក៏បានកាន់តំណែងជាអធិការបតីផងដែរពីឆ្នាំ១៨២១ រហូតដល់ឆ្នាំ១៨៤៨ ក្រោមរជ្ជកាលព្រះចៅហ្វ្រង់ស្វ័រទី១ និងបុត្រាព្រះអង្គព្រះនាមហ៊្វែឌីណង់ទី១។ គេបានសម្តៅទៅចន្លោះឆ្នាំ១៨១៥ និងឆ្នាំ១៨៤៨ ក្រោមការដឹកនាំរបស់លោកថា"យុគសម័យមេទឹរនិច"។[៧] ក្នុងអំឡុងពេលកាន់អំណាច លោកមេទឹរនិចគឺជាអ្នកមានអំណាចគ្រប់គ្រងលើគោលនយោបាយការបរទេសរបស់រាជវង្សហាបស្បួក ហើយកិច្ចការរបស់លោកនីមួយៗបានជះឥទ្ធិពលយ៉ាងខ្លាំងសម្បាដល់វិស័យនយោបាយនៅទូទាំងទ្វីបអឺរ៉ុប។ មេទឹរនិចត្រូវបានគេស្គាល់ភាគច្រើនដោយសារតែទស្សនៈ និងការអនុវត្តបែបអភិរក្សនិយមរបស់លោកក្នុងការដោះស្រាយបញ្ហានយោបាយផ្សេងៗដែលនាំឱ្យគោលនយោបាយរបស់លោកមានលក្ខណៈប្រឆាំងនឹងបដិវត្តន៍ និងលទ្ធិសេរីនិយម។[៨] តាមគំនិតមតិរបស់លោក លទ្ធិសេរីនិយមនេះហើយគឺជាទម្រង់នៃបដិវត្តន៍ស្របច្បាប់។[៩] ម្យ៉ាងទៀត លោកមេទឹរនិចគាត់ជឿថាមានតែរាជាធិបតេយ្យផ្តាច់ការប៉ុណ្ណោះដែលជាទម្រង់រដ្ឋាភិបាលត្រឹមត្រូវ។[១០] គំនិតខាងលើទាំងប៉ុន្មានបានជះឥទ្ធិពលដល់គោលនយោបាយប្រឆាំងនឹងបដិវត្តន៍របស់លោកក្នុងគោលបំណងបន្តរក្សាអត្ថិភាពរាជវង្សហាបស្បួកនៅលើឆាកនយោបាយអឺរ៉ុប។ លោកមេទឹរនិចតែងអនុវត្តគោលនយោបាយការទូតអាស្រ័យលើតុល្យភាពអំណាច។[១១] លើសពីនេះ ទិសដៅគោលនយោបាយការបរទេសមេទឹរនិចគឺត្រូវរក្សាលំនឹងនយោបាយអន្តរជាតិ ហើយជាបន្តបន្ទាប់វានឹងអាចរក្សាសិទ្ធិអំណាច និងឥទ្ធិពលហាបស្បួកនៅក្នុងកិច្ចការងារអន្តរជាតិផ្សេងៗ។ លោកមេទឹរនិចបានក្លាយជាប្រធានស្ថាបនិកនៃសមាជទីក្រុងវីយែនឆ្នាំ១៨១៥ បន្ទាប់ពីសង្គ្រាមណាប៉ូលេអូនិកបានបញ្ចប់។[១១] ដោយកិច្ចខិតខំប្រឹងប្រែងរបស់លោក ចក្រភពអូទ្រីសបានទទួលផលប្រយោជន៍ច្រើនជាងរដ្ឋដទៃៗឯទៀតនៅក្នុងសមាជនោះ ហើយជាលទ្ធផល អូទ្រីសបានចងសម្ព័ន្ធភាពជាមួយចក្រភពអង់គ្លេស ព្រុស និងប្រទេសរុស្ស៊ីបង្កើតចេញជាសម្ព័ន្ធភាពចតុភាគី។[៨] ចក្រភពអូទ្រីសថែមទាំងទទួលបានទឹកដីថ្មីៗទៀតផងពីសមាជក្រុងវីយែន ហើយអំណាចឥទ្ធិពលអូទ្រីសបានរីកភាយសាយចូលទៅតំបន់ភាគខាងជើងនៃប្រទេសតាមរយៈសហព័ន្ធអាល្លឺម៉ង់ និងព្រមទាំងរដ្ឋអ៊ីតាលីមួយចំនួនផងដែរ។[៨] ដោយសារតែសមាជក្រុងវីយែននេះផងដែរបានជាអូទ្រីសក្លាយខ្លួចជារដ្ឋមហាអំណាចដឹកនាំសហព័ន្ធអាល្លឺម៉ង់ថ្មី។[១២] ក្រោយពីការប្រជុំសមាជរួច មហាអំណាចធំៗទូទាំងអឺរ៉ុបបានយល់ស្របនឹងគ្នាក្នុងការបង្កើតកិច្ចប្រជុំផ្សេងៗនៅពេលអនាគតបន្ថែមដើម្បីស្វះស្វែងរកដំណោះស្រាយចំពោះជម្លោះ ឬបញ្ហាបដិវត្តន៍នានាដែលអាចកើតមាន។ ក៏ព្រោះតែតួនាទីដ៏សំខាន់របស់មេទឹរនិចនៅក្នុងសមាជនោះ ដូច្នេះហើយបានជាអ្នកខ្លះបានសម្ដៅលើសមាជក្រុងវីយែនថា "កិច្ចប្រជុំមេទឹរនិច" ឬ "ប្រព័ន្ធមេទឹរនិច"។ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីស លោកបានចូលរួមសមាជសំខាន់ៗជាច្រើនបន្តទៀតដើម្បីរកដំណោះស្រាយផ្សេងៗលើកិច្ចការបរទេសនៅអឺរ៉ុប។ សមាជទាំងអស់នោះរួមមានដូចជា សមាជអ៊ិស្លាឆាប៉ែល (១៨១៨) កាល់ស្បាដ (១៨១៩) ត្រុបប៉ូ (១៨២០) ឡៃបាក៍ (១៨២១) និងវេរ៉ូណា (១៨២២)។[៧] គោលដៅចម្បងនៃកិច្ចប្រជុំទាំងអស់នេះគឺចង់រក្សាលំនឹងនយោបាយរបស់មហាអំណាចអឺរ៉ុប និងទប់ស្កាត់បង្ក្រាបការប៉ងធ្វើបដិវត្តន៍ទម្លាក់រដ្ឋអំណាចអឺរ៉ុប។ ដោយសារកិច្ចប្រជុំទាំងនោះបូករួមជាមួយការចងសម្ព័ន្ធភាពជាមួយសំណាក់មហាអំណាចអឺរ៉ុបដែលមេដឹកនាំពួកគេនីមួយៗសុទ្ធតែមានទស្សនៈដូចៗគ្នាពោលគឺចង់រក្សានយោបាយអភិរក្សនិយម ទាំងនេះបានធ្វើឱ្យលោកមេទឹរនិចមានលទ្ធភាពពង្រឹងឥទ្ធិពលអូទ្រីសចូលទៅក្នុងឆាកនយោបាយអឺរ៉ុបបានដោយងាយ។ ម៉្យាងវិញទៀតដោយសារការផ្សព្វផ្សាយពីសេចក្ដីក្រែងរន្ធត់ដែលកើតចេញពីបដិវត្តិន៍ទៅមហាអំណាចអឺរ៉ុប ដូច្នេះលោកអាចសម្រេចនូវសន្តិសុខពេញលេញនិងអធិកភាពចំពោះរាជវង្សហាបស្បួក។[៨]
នៅក្រោមរបបមេទឹរនិច សកម្មភាពបះបោររបស់ពួកជាតិនិយមនៅទិសនិរតី (សព្វថ្ងៃនៅភាគខាងជើងប្រទេសអ៊ីតាលី) ត្រូវបានបង្ក្រាបដោយប្រើកម្លាំងយោធា។ នៅក្នុងមាតុភូមិអូទ្រីសវិញ លោកមេទឹរនិចបានអនុវត្តគោលនយោបាយស្រដៀងគ្នាគឺការបំបាត់ចលនាបដិវត្តន៍ និងផ្នត់គំនិតសេរីនិយម។ គាត់បានប្រកាសអនុម័តច្បាប់កាល់ស្បាដនៃឆ្នាំ១៨១៩ ដែលត្រូវរឹតបន្តឹង និងឃ្លាំមើលរាល់សកម្មភាពនៅក្នុងវិស័យអប់រំ ក្នុងសារព័ត៌មាន និងធ្វើសុន្ទរកថាផ្សេងៗដើម្បីបង្អន់គំនិតបដិវត្តន៍សេរីនិយម។[៧] ជាមួយគ្នានេះដែរ លោកមេទឹរនិចថែមទាំងប្រើវិធីសាស្រ្តស៊ើបការណ៍សម្ងាត់ទៀតផងដើម្បីកម្ចាត់ភាពវឹកវរ និងអនាធិបតេយ្យភាព។
លោកមេទឹរនិចបានប្រតិបត្តិការងារលោកដោយសេរីទាក់ទងនឹងគោលនយោបាយការបរទេសក្រោមរជ្ជកាលអធិរាជហ្វ្រង់ស្វ័រទី១ ក៏ប៉ុន្តែក្រោយពីព្រះចៅហ្រ្វង់ស្វ័របានចូលព្រះទិវង្គតទៅនៅក្នុងឆ្នាំ១៨៣៥ អំណាចឥទ្ធិពលរបស់មេទឹរនិចក៏ចាប់ផ្តើមធ្លាក់អន់ថយបន្តិចម្តងៗនៅក្នុងចក្រភពអូទ្រីស។ រជ្ជទាយាទរបស់ហ្វ្រង់ស្វ័រគឺជាបុត្រារបស់ទ្រង់ព្រះនាមហ៊្វែឌីណង់ទី១ ប៉ុន្តែគួរឱ្យអភ័ព្វ ព្រះចៅហ៊្វែឌីណង់បានទទួលរងនូវពិការភាពខាងបញ្ញា ពោលគឺអសមត្ថភាពខាងបញ្ញា។ ថ្វីបើការឡើងគ្រងរាជសម្បត្តិរបស់ហ៊្វែឌីណង់បានបន្តអំណាចគ្រួសាររាជវង្សហាបស្បួកមែន ប៉ុន្តែព្រះអធិរាជហ៊្វែឌីណង់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឡើយ។[៨] អំណាចដឹកនាំព្រះចៅហ៊្វែឌីណង់ត្រូវបានផ្ទេរទៅឱ្យក្រុមប្រឹក្សារដ្ឋដែលមានសមាជិកដូចជា លោកមេទឹរនិច ប្អូនប្រុសអតីតព្រះអធិរាជហ្រ្វង់ស្វ័រព្រះនាមល្វី និងលោកហ្វ្រង់ស្វ័រ កូឡូរ៉ាត៍ដែលបានក្លាយជាប្រធានរដ្ឋមន្រ្តីដំបូងនៃចក្រភពអូទ្រីសក្នុងឆ្នាំ១៨៤៨។ ទីបំផុត បដិវត្តន៍ឆ្នាំ១៨៤៨ ក្នុងចក្រភពអូទ្រីសបានបង្ខំឱ្យលោកមេទឹរនិចុះចេញពីតំណែង និងកិច្ចការនយោបាយទាំងអស់របស់លោក។ មេទឹរនិចត្រូវបានគេចងចាំជានិច្ចដោយសារតែភាពជោគជ័យរបស់លោកក្នុងការរក្សាស្ថានការប្រទេសឱ្យមានលំនឹង និងដោយបានពង្រីកឥទ្ធិពលរាជវង្សហាបស្បួកទៅក្នុងកិច្ចការអន្តរជាតិ។[៧] ក្រោយមកៗ គ្មានរដ្ឋមន្រ្តីការបរទេសអូទ្រីសណាមានអំណាចនយោបាយស្មើលោកមេទឹរនិចឡើយ ហើយក៏មិនសូវមានឥទ្ធិពលអ្វីច្រើននៅក្នុងកិច្ចការងារអឺរ៉ុបដូចលោកមេទឹរនិចដែរ។[៨]
ប្រវត្តិវិទូជាច្រើនរូបតែងចងចាំសម័យមេទឹរនិចថាជាពេលវេលាដ៏ស្ងាត់ស្ងៀមមួយពោលគឺអូទ្រីសមិនដែលជួបជម្លោះសង្គ្រាម និងព្រមទាំងគ្មានកំណែទម្រង់ផ្ទៃក្នុងមូលវិវដ្តអ្វីថែមទៀតផង។[១៣] មិនតែប៉ុណ្ណោះ គេក៏បានមើលឃើញសម័យនោះជាសម័យកាលដែលសេដ្ឋកិច្ចអូទ្រីសកំពុងលូតលាស់រីកចម្រើន និងប្រកបដោយទៅវិបុលភាព។[១៣] ចំនួនប្រជាជនអូទ្រីសបានកើនឡើងរហូតដល់ទៅ ៣៥.៧ លាននាក់ឯណោះគិតត្រឹមឆ្នាំ១៨៤៨។ នគររូបនីយកម្មបានកើនឡើងខ្ពស់ដោយគេស្ទង់មើលឃើញថាចំនួនប្រជាជនក្នុងទីក្រុងវីយែនបានកើនឡើងដល់ទៅ ៤០០,០០០ នាក់។ នៅអំឡុងសម័យមេទឹរនិចនេះផងដែរ ចក្រភពអូទ្រីសបានរក្សានូវស្ថេរភាពសេដ្ឋកិច្ច និងព្រមទាំងថវិកាជាតិផងដែរ ទោះជាត្រូវទទួលរងនូវការខាតបង់ធ្ងន់ធ្ងរពីសង្គ្រាមណាប៉ូលេអូនិកក្ដី។[១៤]
បដិវត្តន៍ឆ្នាំ១៨៤៨
ចាប់ពីចន្លោះខែមីនា ឆ្នាំ១៨៤៨ រហូតដល់ខែវិច្ឆិកា ឆ្នាំ១៨៤៩ ចក្រភពអូទ្រីសត្រូវបានគំរាមកំហែងដោយចលនាបដិវត្តន៍មួយចំនួនដែលភាគច្រើនមានលក្ខណៈជាតិនិយម។ នៅក្នុងការបះបោរនោះ អ្នកប្រកាន់ខ្សែគំនិតសេរីនិយមនិងព្រមទាំងសង្គមនិយមផងបាននាំគ្នាប្រឆាំងនឹងរបបអភិរក្សនិយមនៃចក្រភពអូទ្រីស។ ថ្វីបើបដិវត្តតន៍ភាគច្រើនត្រូវទទួលបរាជ័យ ប៉ុន្តែវាក៏បាននាំមកនូវកំណែប្រែសំខាន់ៗមួយចំនួនផងដែរដូចជា ការលុបបំបាត់ប្រព័ន្ធសេវកកម្ម (វណ្ណៈកសិករទាសករនៅក្នុងរបបសក្តិភូមិ) បំបាត់នយោបាយបិទសិទ្ធិ និងកិច្ចសន្យាដោយព្រះចៅហ៊្វែឌីណង់ទី១ ក្នុងការអនុម័តច្បាប់រដ្ឋធម្មនុញ្ញនៅទូទាំងប្រទេស។

សម័យបាក

បន្ទាប់ពីអង្គក្សត្រហ្វីលិចនៃឆ្វាសេនប៊ែកបានចូលទិវង្គតទៅនៅក្នុងឆ្នាំ១៨៥២ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃម្នាក់ឈ្មោះបារ៉ន អាឡិចសាន់ដឺ វ៉ន បាកបានក្លាយជាអ្នកកំណត់គោលនយោបាយដ៏មានឥទ្ធិពលជាងគេនៅក្នុងប្រទេសអូទ្រីសនិងហុងគ្រី។ បាកបានធ្វើមជ្ឈការអាជ្ញាធររដ្ឋបាលនៅក្នុងចក្រភពអូទ្រីស ប៉ុន្តែលោកក៏បានគាំទ្រនូវគោលនយោបាយប្រតិកិរិយាផងដែរដោយបានកាត់បន្ថយសេរីភាពសារព័ត៌មាននៅក្នុងប្រទេសជាដើម។ លោកក្រោយមកបានក្លាយជានិមិត្តសញ្ញានៃនយោបាយផ្ដាច់ការ (ឬ Klerikalabsolutist)។ វេលា ឬសម័យដឹកនាំរបស់លោកនៅក្នុងប្រវត្តិសាស្ត្រអូទ្រីសត្រូវបានគេស្គាល់ថាជាយុគសម័យផ្តាច់ការបែបថ្មីឬរបបផ្តាច់ការបាក។
ក្នុងសម័យនេះ ពន្ធនាគារនីមួយៗគឺសម្បូរទៅដោយអ្នកទោសនយោបាយជាច្រើននាក់ដូចជា អ្នកសារព័ត៌មាន និងអ្នកនិពន្ធជនជាតិឆែកដ៏ល្បីម្នាក់ឈ្មោះការ៉ែល ហាវ្លីឆេក បូរ៉ូហ្វស្គី ដោយលោកត្រូវរដ្ឋាភិបាលនិរទេសដោយបង្ខំទៅក្រុងប៊្រីកសិននៅប្រទេសអ៊ីតាលីបច្ចុប្បន្ន។ ការធ្វើនិរទេសនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់លោកជាទម្ងន់ហើយលោកក៏ត្រូវទទួលអនិច្ចកម្មជាលទ្ធផល។ មរណភាពរបស់បូរ៉ូវស្គីបានផ្តល់កេរ្តិ៍ឈ្មោះដ៏អាក្រក់ទៅឱ្យលោកបាកដោយប្រជាជនឆេក មិនយូរប៉ុន្មានចលនាជាតិនិយមនៅទឹកដីឆេកក៏បានផ្ទុះឡើង។
ក្រៅពីគំនិតផ្តាច់ការបែបថ្មីរបស់លោក បាកក៏បានអនុវត្តនូវទស្សនៈមនោគមវិជ្ជាបន្ធូរបន្ថយខ្លះៗផងដែរ ដែលជាហេតុនាំឱ្យសេរីភាពសេដ្ឋកិច្ចកើនឡើងយ៉ាងខ្ពស់អស្ចារ្យនៅក្នុងទសវត្សរ៍ឆ្នាំ១៨៥០។ របៀបរបបកាតព្វកិច្ចផ្ទៃក្នុងប្រទេសចាស់ត្រូវបានលុបបំបាត់ចោលហើយជំនួសវិញដោយរបៀបថ្មី ហើយកម្មករកសិករត្រូវបានរំដោះចេញពីបំណុលសក្តិភូមិរបស់ពួកគេ។[១៥]
ក្នុងនាមជាប្រទេសនាំមុខគេនៅក្នុងសហព័ន្ធអាល្លឺម៉ង់ អូទ្រីសបានស្ម័គ្រចិត្តចូលប្រយុទ្ធនៅក្នុងសង្គ្រាមឆ្លែសវីកលើកទីពីរ (១៨៤៨–១៨៥០)។[១២]
រដ្ឋសាដេញ៉ាបានចងសម្ព័ន្ធភាពជាមួយប្រទេសបារាំងដើម្បីវាយត្រួតត្រាតំបន់លុមបារឌី-វីនេស៊ីដែលជាទឹកដីដ៏សំខាន់មួយរបស់ចក្រភពអូទ្រីស។ អូទ្រីសក៏ទទួលបរាជ័យនៅក្នុងជម្លោះសង្គ្រាមនេះក្នុងឆ្នាំ១៨៥៩ ហើយក៏ត្រូវប្រគល់លុមបារឌីទៅឱ្យអ៊ីតាលីបន្ទាប់ពីចុះសន្ធិសញ្ញាវីល្លាហ្វ្រង់កា និងសន្ធិសញ្ញាទីក្រុងហ្ស៊ូរិច។[១៦]
ក្រោយឆ្នាំ១៨៥៩
រដ្ឋធម្មនុញ្ញនៃឆ្នាំ១៨៦១ បាននាំឱ្យកើតមានព្រឹទ្ធសភា (Herrenhaus) និងសភាតំណាងរាស្រ្ត (Abgeordnetenhaus) ប៉ុន្តែទាំងអស់នេះមិនបានធ្វើឱ្យព្រះអធិរាជនិងគ្រួសាររាជវង្សទ្រង់ពេញព្រះទ័យនោះទេ។[១៧]
បន្ទាប់ពីបញ្ចប់សង្គ្រាមលើកទីពីរជាមួយប្រទេសដាណឺម៉ាកក្នុងឆ្នាំ១៨៦៤ តំបន់ហូលស្តែនក៏បានក្លាយជាទឹកដីអូទ្រីសរីឯតំបន់ឆ្លែសវីក និងឡោអិនបួកវិញបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ព្រុស ប៉ុន្តែទោះបីជាយ៉ាងណា បញ្ហាផ្ទៃក្នុងរបស់អូទ្រីសគឺនូវតែបន្តមានដដែរ។[១៨] មន្រ្តីសភាជាន់ខ្ពស់បានជំនួសទៅក្នុងសភាតំណាងរាស្ត្រក្នុងខេត្តចំនួន ១៧ ឯប្រជាជនហុងគ្រីបានទាមទារចង់បានស្វ័យភាពផ្ទាល់ខ្លួន ចំណែកឯប្រជាជននៅតំបន់វីនេស៊ីវិញគឺចង់ផ្តាច់ខ្លួនចេញពីអូទ្រីសហើយចូលជាផ្នែកនៃប្រទេសអ៊ីតាលីវិញ។
ភាពបរាជ័យរបស់អូទ្រីសនៅក្នុងសង្គ្រាមព្រុស-អូទ្រីសនៃឆ្នាំ១៨៦៦ បាននាំឱ្យសហព័ន្ធអាល្លឺម៉ង់ត្រូវរំលាយចោល និងការអនុម័តនូវវកិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧។ កិច្ចព្រមព្រៀងនោះបានកំណត់ថា ព្រះរាជាណាចក្រហុងគ្រី និងចក្រភពអូទ្រីសដែលធ្លាប់ជាអង្គភាពពីរដាច់ពីគ្នានឹងបញ្ចូលរួមគ្នាដើម្បីបង្កើតជារបបរាជានិយមក្បាលពីរពោលគឺចក្រភពអូទ្រីស-ហុងគ្រី។
គោលនយោបាយការបរទេស

សង្គ្រាមណាប៉ូលេអូនិកបានចូលមកជ្រៀតជ្រែកលើគោលនយោបាយការបរទេសអូទ្រីសទាំងមូលពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨១៥។ គេបានចាត់ទុកកងកម្លាំងទ័ពអូទ្រីសនៅក្នុងសង្គ្រាមនេះថាជាកម្លាំងទ័ពដ៏ខ្លាំងក្លាជាងគេបំផុតដែលអាណាចក្របារាំងត្រូវប្រឈម។ បន្ទាប់ពីព្រុសបានចុះសន្ធិសញ្ញាសន្តិភាពជាមួយបារាំងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៧៩៥ មក អូទ្រីសបានក្លាយជាប្រទេសតែមួយគត់ដែលត្រូវទទួលរ៉ាប់រងទៅលើសង្គ្រាមជាមួយបារាំងណាប៉ូលេអុងអស់រយៈពេលជាងដប់ឆ្នាំ។ កត្តានេះបានធ្វើឱ្យសេដ្ឋកិច្ចអូទ្រីសចុះទ្រុតទ្រោមជាខ្លាំងរហូតបណ្តាលឱ្យប្រជាជនជាច្រើនបាននាំគ្នាចេញប្រឆាំងនឹងគោលនយោបាយសឹកសង្គ្រាមរបស់រដ្ឋាភិបាល។ ជាលទ្ធផល ព្រះចៅហ្រ្វង់ស្វ័រទី១ ទ្រង់បានបដិសេដមិនព្រមទទួលគំនិតណាដែលជំរុញឱ្យបញ្ឆេះភ្លើងសង្គ្រាមជាមួយនឹងបារាំងណាប៉ូលេអុងអស់មួយរយៈ។ តែទោះយ៉ាងណាក្ដី ព្រះអង្គបានលួចចុះកិច្ចព្រមព្រៀងយោធាជាសម្ងាត់ជាមួយនឹងចក្រភពរុស្ស៊ីនៅក្នុងខែវិច្ឆិកា ឆ្នាំ១៨០៤ ក្នុងបំណងចង់សងសឹកនឹងបារាំងវិញបើមានឱកាស។ កិច្ចព្រមព្រៀងសម្ងាត់មួយនេះគឺបានបង្កើតឡើងដើម្បីធានានូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកក្នុងករណីបើមានសង្គ្រាមថ្មីប្រឆាំងនឹងបារាំងកើតឡើង។[១៩]
ចក្រភពអូទ្រីសដំបូងបានមានភាពស្ទាក់ស្ទើរក្នុងការចូលរួមក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីប្រឆាំងនឹងបារាំង ប៉ុន្តែដោយមានការបញ្ចុះបញ្ចូលពីអង់គ្លេស ទីបំផុតអូទ្រីសក៏បានប្រកាសចូលរួមក្នុងសង្គ្រាម ក៏ប៉ុន្តែអូទ្រីសត្រូវដកខ្លួនវិញបន្ទាប់ពីទទួលបរាជ័យនៅក្នុងសមរភូមិអូស្ទែរលីត្ស៍។ ទោះបីជាថវិកាជាតិរបស់អូទ្រីសត្រូវបានចំណាយភាគច្រើនទៅលើសង្គ្រាមហើយទំនាក់ទំនងអន្តរជាតិត្រូវបានកាត់បន្ថយមែនក្តី ប៉ុន្តែសន្ធិសញ្ញាទីក្រុងប្រែសប៊ួរបានផ្តល់ពេលវេលាច្រើនសមរម្យដើម្បីឱ្យអូទ្រីសពង្រឹងកម្លាំងទ័ពនិងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ លើសពីនេះទៅទៀត សម្ដេចព្រះបរមរាជឱរសាធិរាជអូទ្រីសព្រះនាមឆាលស៍ និងលោកយ៉ូហាន ហ្វីលីព ស្តាឌីអនគឺមានមហិច្ឆតាខ្ពស់ និងមិនដែលបានបោះបង់គំនិតបន្តសង្គ្រាមជាមួយបារាំងឡើយ។

ព្រះបរមរាជឱរសាធិរាជឆាលស៍បានបម្រើការជាប្រធាននៃក្រុមប្រឹក្សាផ្នែកសង្គ្រាម និងជាអគ្គមេបញ្ជាការនៃកងទ័ពអូទ្រីស។ ដោយដូច្នេះ ទ្រង់ក៏បានប្រើអំណាចដើម្បីរៀបចំកំណែទម្រង់ទ័ពជាថ្មីដើម្បីត្រៀមសម្រាប់សង្គ្រាមបន្ទាប់។ ចំពោះលោកយ៉ូហាន ហ្វីលីព វន ស្តាឌីអនវិញកាលនុះត្រូវជារដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីស ហើយតែងតែមានគំនិតប្រឆាំងនិងស្អប់ខ្ពើមព្រះអធិរាជណាប៉ូលេអុងជានិច្ចព្រោះថាទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកនៅឯប្រទេសបារាំងត្រូវបានអាជ្ញាធរបារាំងរឹបអូសយកទាំងអស់ក្រោមកិច្ចបញ្ជារបស់ណាប៉ូលេអុង។ មិនតែប៉ុណ្ណោះ ព្រះមហេសីទីបីរបស់ព្រះចៅហ្រ្វង់ស្វ័រទី១ ព្រះនាមម៉ារីយ៉ា លូដូវីកាបានយល់ស្របជាមួយយ៉ូហានក្នុងការផ្តួចផ្តើមសង្គ្រាមថ្មី។ លោកក្លេមែនស៍ វន មេទឹរនិចដែលកាលនុះកំពុងស្នាក់នៅទីក្រុងប៉ារីសបានអំពាវនាវឱ្យថ្នាក់ដឹកនាំអូទ្រីសចូលពិចារណាឱ្យអស់ពីចិត្តមុននឹងសម្រេចប្រកាសសង្គ្រាមជាមួយបារាំង។ ភាពបរាជ័យរបស់កងទ័ពបារាំងនៅឯសមរភូមិបៃលែនក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៨០៨ គឺជាថ្ងៃដែលអូទ្រីសសម្រេចប្រកាសសង្គ្រាមមកលើបារាំងម្តងទៀត។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨០៩ កងកម្លាំងយោធាអូទ្រីសប្រមាណ ១៧០,០០០ នាក់បានវាយចូលបាវីយែរដែលជារដ្ឋរណបមួយរបស់បារាំង។[២០]
ទោះបីជាបានទទួលបរាជ័យជាច្រើនលើកច្រើនសារនិងព្រមទាំងបានបាត់បង់ទឹកដីដោយសារសង្គ្រាមមែន ប៉ុន្តែអូទ្រីសបានបន្តដើរតួយ៉ាងសំខាន់ក្នុងការយកឈ្នះលើណាប៉ូលេអុងនៅក្នុងសង្គ្រាមឆ្នាំ១៨១៣-១៤។ អូទ្រីសបានចូលរួមក្នុងការឈ្លានពានបារាំងជាលើកទីពីរដើម្បីទម្លាក់ណាប៉ូលេអុងចេញពីអំណាចហើយក៏បានរំដោះអ៊ីតាលីខាងត្បូងចេញពីការត្រួតត្រារបស់មូរ៉ាត។
រយៈពេលចុងបញ្ចប់នៃសង្គ្រាមណាប៉ូលេអូនិកបានបង្ហាញពីឥទ្ធិពលដ៏ធំសម្បើមរបស់លោកមេទឹរនិចមកលើគោលនយោបាយការបរទេសក្នុងចក្រភពអូទ្រីស។ ដំបូងឡើយ លោកមេទឹរនិចបានគាំទ្រសម្ព័ន្ធភាពរវាងអូទ្រីស និងបារាំងដោយបានរៀបចំអភិសេករវាងអធិរាជណាប៉ូលេអុងនិងបុត្រីមួយអង្គរបស់ព្រះចៅហ្រ្វង់ស្វ័រគឺព្រះនាងម៉ារី-ល្វី ក៏ប៉ុន្តែក្នុងកំឡុងជម្លោះឆ្នាំ១៨១២ លោកមេទឹរនិចបានមើលឃើញថារបបណាប៉ូលេអុងមិនយូរមិនឆាប់នឹងគង់តែដួលរលំ ហើយដូច្នេះក៏លោកបានសម្រចចិត្តដឹកនាំអូទ្រីសទៅប្រឡូកចូលសង្គ្រាមជាមួយបារាំងម្តងទៀត។ ឥទ្ធិពលរបស់មេទឹរនិចនៅក្នុងកិច្ចប្រជុំសមាជទីក្រុងវីយែនគឺធំសម្បើមមិនអាចកាត់ថ្លៃបាននោះទេ ដោយលោកមិនត្រឹមតែក្លាយជារដ្ឋបុរសកំពូលម្នាក់នៅអឺរ៉ុបនោះទេ ប៉ុន្តែលោកក៏បានក្លាយជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងចំណោមថ្នាក់ដឹកនាំនៃចក្រភពអូទ្រីសផងដែរ។ អាណត្តិដឹកនាំរបស់លោកបានបន្តរហូតដល់ឆ្នាំ១៨៤៨ ដែលជាឆ្នាំដែលបដិវត្តន៍បានផ្ទុះឡើងជាមួយនឹងកំណើនប្រជាប្រិយភាពនៃលទ្ធិសេរីនិយម ហើយជាលទ្ធផល វាបានធ្វើឱ្យឥទ្ធិពលលោកមេទឹរនិចធ្លាក់ចុះនៅក្នុងឆាកនយោបាយអូទ្រីស។ ក្រោមការដឹកនាំរបស់លោក ចក្រភពអូទ្រីសត្រូវក្លាយជារដ្ឋដ៏មានអំណាចខ្លាំងខ្លាមួយនៅអឺរ៉ុបក្រោយឆ្នាំ១៨១៥ ហើយដោយសារឥទ្ធិពលគ្មានប្រៀបនេះក៏បានធ្វើឱ្យអូទ្រីសក្លាយជាឧបសគ្គមួយដែរសម្រាបដំណើរបង្រួបបង្រួមជាតិនៅអាល្លឺម៉ង់ និងអ៊ីតាលី។[២១]
ក្រោយសង្គ្រាមណាប៉ូលេអូនិក លោកមេទឹរនិចបានខិតខំប្រឹងរក្សាតុល្យភាពអំណាច និងទំនាក់ទំនងការទូតវាងព្រុស និងអូទ្រីសក៏ដូចជាបណ្ដារដ្ឋអាល្លឺម៉ង់តូចៗដទៃនៅក្នុងសហព័ន្ធអាល្លឺម៉ង់ដែលគេទើបតែបានបង្កើតថ្មី។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់លោកនេះហើយបានជាគេសម្លឹងមើលមកអូទ្រីសជារដ្ឋច្បងរួមជាមួយព្រុសទទួលមើលខុសត្រូវនៅក្នុងសហព័ន្ធអាល្លឺម៉ង់។ ក្រៅពីនេះ លោកមេទឹរនិចបានប្រឆាំងនូវរាល់ផែនការបង្អន់អំណាចឥទ្ធិពលរបស់បារាំងនៅក្រោយសង្គ្រាមណាប៉ូលេអូនិកដោយលោកមើលឃើញពីសក្តានុពលរបស់របបរាជានិយមបារាំងថ្មីក្នុងការប្រឆាំងនឹងឥទ្ធិពលរុស្ស៊ីនៅលើទ្វីបអឺរ៉ុប។ ពីចន្លោះឆ្នាំ១៨១៥ ដល់ឆ្នាំ១៨៤៨ លោកមេទឹរនិចបានដឹកនាំគោលនយោបាយការបរទេសអូទ្រីសបញ្ចៀសពីជម្លោះនានាពិសេសខណៈពេលដែលចលនាបដិវត្តន៍សេរីនិយមកំពុងកើនមាននៅទូទាំងទ្វីបអឺរ៉ុប។ការលាលែងពីតំណែងរបស់លោកនៅក្នុងឆ្នាំ១៨៤៨ បន្ទាប់ពីត្រូវបានបង្ខំដោយមជ្ឈន្តិកជនក្នុងជួររាជវង្សអូទ្រីស និងព្រមទាំងក្រុមអ្នកបដិវត្តន៍នៅតាមទីសាធារណៈផង អាចជាមូលហេតុចម្បងដែលបណ្តាលឱ្យឥទ្ធិពលបដិវត្តន៍ញែកផ្លូវចូលទៅក្នុងរបបរាជានិយមអូទ្រីស។
នៅកំឡុងសង្គ្រាមគ្រីមៀ អូទ្រីសបានអនុវត្តគោលនយោបាយអព្យាក្រឹតអរិភាពចំពោះប្រទេសរុស្ស៊ី ហើយថ្វីបើមិនបានចូលប្រឡូកផ្ទាល់ក្នុងសង្គ្រាមនោះមែន ប៉ុន្តែអូទ្រីសបានគាំទ្រសម្ព័ន្ធភាពបារាំង-អង់គ្លេសប្រឆាំងរុស្ស៊ី។ ការច្រានចោលសម្ព័ន្ធភាពជាមួយរុស្ស៊ីនេះបានធ្វើឱ្យទំនាក់ទំនងការទូតរបស់អូទ្រីសមានភាពស្ងៀមស្ងាត់ ខណៈរុស្ស៊ីបានងាកមុខចេញលែងផ្ដល់ជំនួយដល់អូទ្រីសនៅក្នុងសង្គ្រាមបារាំង-អូទ្រីសឆ្នាំ១៨៥៩ (នាំឱ្យអូទ្រីសបាត់បង់ឥទ្ធិពលនៅអ៊ីតាលី) និងសង្គ្រាមព្រុស-អូទ្រីសឆ្នាំ១៨៦៦ (នាំឱ្យអូទ្រីសអស់ឥទ្ធិពលនៅក្នុងបណ្ដារដ្ឋនិយាយភាសាអាល្លឺម៉ង់)។[២២]
ការអប់រំ
ភាសាអាល្លឺម៉ង់គឺជាភាសាដែលគេយកមកនិយាយនិងសម្រាប់បង្ហាត់បង្រៀននៅក្នុងវិស័យអប់រំ។[២៣]
វិចិត្ររូប
- ព្រះរាជមកុដព្រះចៅរូដុលហ្វទីពីរ ដែលក្រោយមកត្រូវគេយកមកច្នៃជាមកុដរាជាធិរាជចក្រភពអូទ្រីស
- មកុដរាជលង្កា ឬមកុដមាសអូទ្រីស
- ការរីកលូតលាស់នៃអាណាចក្រហាបស្បួក
- កាក់ប្រាក់វេរ៉ែនស្តាឡឺឆ្នាំ១៨៦៦
- តែមបញ្ជាក់ដែលមានព្រះឆាយាល័ក្ខណ៍ព្រះចៅហ្រ្វង់ស្វ័រទី១
(រ. ១៨០៤–១៨៣៥) - តែមបញ្ជាក់ដែលមានព្រះឆាយាល័ក្ខណ៍ព្រះចៅហ្រ្វង់ស្វ័រ ចូសែហ្វទី១
(រ. ១៨៤៨–១៩១៦) - ចម្លាក់ឥន្រ្តីក្បាលពីរនៅទីស្ដីការក្រសួងសឹកសង្គ្រាមនៅទីក្រុងវីយែន
សូមមើលផងដែរ
- អតីតប្រទេសនៅអឺរ៉ុបក្រោយឆ្នាំ១៨១៥
- អូទ្រីស-ហុងគ្រី
ឯកសារយោង
អានបន្ថែម
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.