យូហ្គោស្លាវី
From Wikipedia, the free encyclopedia
Remove ads
ប្រទេសយូហ្គោស្លាវី[ស ១] គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល និងអាគ្នេយ៍ ដែលមានអត្ថិភាពពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩៩២។
រដ្ឋមួយនេះបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៩១៨[ស ២] បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេន (កើតចេញពីការច្របាច់បញ្ចូលគ្នានៃព្រះរាជាណាចក្រស៊ែប៊ី ជាមួយនឹងបណ្ដារដ្ឋស្លូវេន ក្រូអាត និងស៊ែប ដែលសុទ្ធតែជាអតីតទឹកដីនៃចក្រភពអូទ្រីស-ហុងគ្រី)។ នៅទីបំផុត ប្រជាជនស្លាវខាងត្បូងបានរួបរួមគ្នាបង្កើតចេញជារដ្ឋអធិបតេយ្យមួយ ក្រោយពីបានស្ថិតនៅក្រោមការត្រួតត្រាពីបរទេសអស់ជាច្រើនសតវត្សមក ដូចជា ចក្រភពអូតូម៉ង់ និងអូទ្រីស-ហុងគ្រីជាដើម។ ស្ដេចស៊ែប៊ីព្រះនាម ពេទ័រទី១ បានក្លាយជាព្រះមហាក្សត្រដំបូងនៃរដ្ឋមួយនេះ។ ព្រះរាជាណាចក្រថ្មីថ្មោងនេះត្រូវបានគេទទួលស្គាល់ជាអន្តរជាតិនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩២២ នៅក្នុងសន្និសីទឯកអគ្គរដ្ឋទូតនៅឯទីក្រុងប៉ារីស។[៧] ឈ្មោះផ្លូវការរបស់រដ្ឋនេះត្រូវបានប្តូរមក ព្រះរាជាណាចក្រយូហ្គោស្លាវី នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩២៩។
ព្រះរាជាណាចក្រយូហ្គោស្លាវីត្រូវបានមហាអំណាចអ័ក្សចូលឈ្លានពាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១។ មកដល់ឆ្នាំ១៩៤៣ សហព័ន្ធប្រជាធិបតេយ្យយូហ្គោស្លាវីត្រូវបានប្រកាសបង្កើតឡើងដោយចលនាតស៊ូបក្សព័ន្ធ។ នៅឆ្នាំ១៩៤៤ ព្រះមហាក្សត្រយូហ្គោស្លាវីដែលត្រូវបាននិរទេសក្រៅស្រុក ព្រះនាមពេទ័រទី២ បានប្រកាសទទួលស្គាល់សហព័ន្ធនោះថាជារដ្ឋាភិបាលស្របច្បាប់។ រដ្ឋាភិបាលកុម្មុយនីស្តថ្មីត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសនៅខែវិច្ឆិកា ឆ្នាំ១៩៤៥ ហើយរបបរាជានិយមពីមុនក៏ត្រូវបានលុបបំបាត់ចោល ខណៈឈ្មោះផ្លូវការនៃប្រទេសត្រូវបានប្តូរទៅ សាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី។ ជាថ្នូរនឹងវិនាសកម្មក្នុងសង្គ្រាមលោកលើកទី២ ទឹកដីនៃប្រទេសអ៊ីតាលីដូចជា អ៊ីស្ត្រា រីជេកា និងហ្សាដារ ត្រូវបានកាត់ប្រគល់ឱ្យយូហ្គោស្លាវី។ មេដឹកនាំនៃអតីតចលនាបក្សព័ន្ធលោកយ៉ូស៊ីប ប្រូហ្ស ទីតូបានឡើងគ្រប់គ្រងប្រទេសយូហ្គោស្លាវីពីឆ្នាំ១៩៤៤ ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយក្រោយមកជាប្រធានាធិបតីរហូតដល់ថ្ងៃមរណៈរបស់គាត់នៅក្នុងឆ្នាំ១៩៨០។ នៅឆ្នាំ១៩៦៣ ប្រទេសនេះត្រូវបានប្តូរឈ្មោះជាលើកចុងក្រោយមក សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី (សសសយ)។
នៅក្នុងសហព័ន្ធយូហ្គោស្លាវីគឺមានសាធារណរដ្ឋធម្មនុញ្ញចំនួនប្រាំមួយដែលផ្សំបញ្ចូលគ្នាបង្កើតបានជារដ្ឋប្រទេសមួយនេះ ដោយក្នុងនោះមានដូចជា សាធារណរដ្ឋសង្គមនិយមបូសនី-អ៊ែរសេកូវីន ក្រូអាត ម៉ាសេដ្វាន ម៉ុងតេណេគ្រោ ស៊ែប៊ី និងស្លូវេនី។ ចំណែកនៅក្នុងសាធារណរដ្ឋសង្គមនិយមស៊ែប៊ីវិញគឺមានខេត្តស្វយ័តសង្គមនិយមចំនួនពីរ ពោលគឺ កូសូវ៉ូ និងវយវ៉ូឌីន ហើយនៅក្រោយឆ្នាំ១៩៧៤ ខេត្តទាំងពីរបានទទួលស្វ័យភាពស្មើនឹងសមាជិកដទៃទៀតនៅក្នុងសហព័ន្ធ។[៨][៩] បន្ទាប់ពីបានជួបនូវវិបត្តិសេដ្ឋកិច្ច និងនយោបាយក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គំនិតជាតិនិយម និងជម្លោះក្រុមជនជាតិបានរីករាលសាយទៅពាសពេញផ្ទៃប្រទេស ហើយទីបំផុត យូហ្គោស្លាវីក៏បានបែកបាក់ទៅតាមសាធារណរដ្ឋរៀងៗខ្លួន ដែលដំបូងឡើយបែកចេញជាប្រាំប្រទេស រួចបានបង្កកើតចេញជាសង្រ្គាមយូហ្គោស្លាវី។ ដោយសារតែភាពឃោរឃៅនៅក្នុងសង្គ្រាមនេះ សហគមន៍អន្តរជាតិបានបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវីឡើងដើម្បីកាត់ទោសមេដឹកនាំនយោបាយ និងយោធាពីអតីតយូហ្គោស្លាវីពីបទឧក្រិដ្ឋកម្មសង្រ្គាម អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលបានប្រព្រឹត្តក្នុងអំឡុងពេលសង្រ្គាម។
ក្រោយការបែកបាក់រដ្ឋ សាធារណរដ្ឋម៉ុងតេណេគ្រោ និងស៊ែប៊ីបានរួមគ្នាបង្កើតរដ្ឋសហព័ន្ធថ្មីមួយឡើងដែលមានឈ្មោះថា សាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី (សសយ)។ រដ្ឋសហព័ន្ធថ្មីនេះបានអះអាងថាខ្លួនគឺជារដ្ឋស្នងស្របច្បាប់តែមួយគត់បន្តពី សសសយ ប៉ុន្តែអំណះអំណាងអស់នេះត្រូវបានប្រឆាំងដោយអតីតសាធារណរដ្ឋនៃយូហ្គោស្លាវីពីមុន។ ដោយទទួលយកមតិយោបល់ពីគណៈកម្មាធិការមជ្ឈត្តកម្មបាដង់ទែរ[១០] សសយ ក៏សម្រេចប្តូរឈ្មោះផ្លូវការទៅជា ស៊ែប៊ី និងម៉ុងតេណេគ្រោ នៅក្នុងឆ្នាំ២០០៣។ មកដល់ត្រឹមឆ្នាំ២០០៦ រដ្ឋមួយបានរំលាយខ្លួនជាផ្លូវការបន្ទាប់ពីម៉ុងតេណេគ្រោ និងស៊ែប៊ីបានប្រកាសជារដ្ឋឯករាជ្យរៀងៗខ្លួន ខណៈរដ្ឋកូសូវ៉ូកំពុងមានជម្លោះទាក់ទិននឹងអធិបតេយ្យភាពខ្លួនចាប់តាំងពីបានប្រកាសឯករាជ្យនៅក្នុងឆ្នាំ២០០៨ មក។
Remove ads
ផ្ទៃរឿង
គំនិតទាក់ទងនឹងការបង្កើតរដ្ឋតែមួយសម្រាប់ជនជាតិស្លាវខាងត្បូងរួមបានផុសចេញមកឡើងនៅចុងសតវត្សរ៍ទី១៧ និងចាប់មានប្រជាប្រិយភាពតាមរយៈចលនាអ៊ីល្លីរីនៅក្នុងសតវត្សរ៍ទី១៩។ ឈ្មោះរដ្ឋនេះគឺបានមកពីការច្របាច់បញ្ចូលគ្នានៃពាក្យស្លាវថា jug (ប្រែមកថា "ត្បូង") និង Slaveni/Sloveni (ប្រែថា ស្លាវ)។ ចលនាបង្កើតរដ្ឋយូហ្គោស្លាវីជាផ្លូវការត្រូវបានពន្លឿនយ៉ាងរហ័សបន្ទាប់ពីសេចក្ដីប្រកាសគ័រហ្វូឆ្នាំ១៩១៧ ដែលបានធ្វើឡើងរវាងគណៈកម្មាធិការយូហ្គោស្លាវី និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រស៊ែប៊ី។[១១]
Remove ads
ព្រះរាជាណាចក្រ
ប្រទេសមួយនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៨ ភ្លាមៗក្រោយសង្គ្រាមលោកលើកទី១ បានបញ្ចប់ ដោយដំបូងឡើយមានឈ្មោះថា ព្រះរាជាណាចក្រស៊ែប ក្រូអាត និងស្លូវេនី ដែលជាសហភាពរវាងរដ្ឋស្លូវេន ក្រូអាត និងស៊ែប ជាមួយនឹងព្រះរាជាណាចក្រស៊ែប៊ី។[១២] វាត្រូវបានគេស្គាល់ជាទូទៅនៅសម័យនោះថាជា "រដ្ឋវែសៃ"។[១៣] ក្រោយមក ទើបព្រះរាជាអាឡិចសាន់ដឺទី១ បានប្តូរឈ្មោះប្រទេសមកជា យូហ្គោស្លាវី នៅឆ្នាំ១៩២៩។[១៤]
រជ្ជកាលអាឡិចសាន់ដឺ
សូមមើលផងដែរ: របបផ្ដាច់ការ ៦ មករា
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩២៨ សមាជិកសភាតំណាងស៊ែបម្នាក់ឈ្មោះពូនីសា រ៉ាឈីកបានធ្វើការបាញ់ប្រហារទៅលើសមាជិកបក្សប្រឆាំងប្រាំរូបនៃគណបក្សកសិករក្រូអាត នៅក្នុងរដ្ឋសភានាពេលនោះ ដោយក្នុងនោះមានសមាជិកពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយប្រមាណជាពីរបីសប្តាហ៍ក្រោយមក ប្រធានបក្សមួយនោះក៏បានបាត់បង់ជីវិតដោយរបួសធ្ងន់។[១៥] នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩២៩ ព្រះមហាក្សត្រអាឡិចសាន់ដឺទី១ បានលុបចោលនូវរដ្ឋធម្មនុញ្ញយូហ្គោស្លាវី ទម្លាក់គណបក្សនយោបាយទាំងប៉ុន្មាននៅក្នុងសភា រួចទ្រង់ក៏ឡើងកាន់អំណាចប្រតិបត្តិ និងប្តូរឈ្មោះប្រទេសមកជាយូហ្គោស្លាវី។[១៤][១៦] ព្រះអង្គធ្វើបែបនេះក៏ព្រោះតែចង់ទប់ស្កាត់និន្នាការបំបែករដ្ឋ និងកាត់បន្ថយគំនិតជាតិនិយមនៅតាមរដ្ឋនីមួយៗក្នុងព្រះនគររបស់ទ្រង់។ នៅក្នុងឆ្នាំ១៩៣១ ព្រះអង្គបានប្រកាសរដ្ឋធម្មនុញ្ញថ្មី ហើយបានប្រគល់អំណាចនយោបាយទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ។[១៧] មិនយូរប៉ុន្មាន គោលនយោបាយទាំងអស់ដែលបានដាក់ចេញអនុវត្តដោយព្រះអង្គក៏ត្រូវរងការប្រឆាំងពីមហាអំណាចអឺរ៉ុបផ្សេងៗ ពិសេសគឺនៅក្នុងប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ ដែលមនោគមវិជ្ជាហ្វាស៊ីស និងណាស៊ីបានកំពុងរីករាលដាលពាសពេញផ្ទៃប្រទេសទាំងពីរ ហើយនិងសហភាពសូវៀត ដែលកំពុងស្ថិតនៅក្រោមមេផ្ដាច់ការហ្សូសែហ្វ ស្តាលីន។ ដោយមិនពេញចិត្តនឹងយូហ្គោស្លាវី ប្រទេសអ៊ីតាលី និងអាល្លឺម៉ង់បានសម្ដែងការចង់កែប្រែសន្ធិសញ្ញាអន្តរជាតិដែលបានចុះហត្ថលេខាកាលក្រោយបិទបញ្ចប់សង្គ្រាមលោកលើកទី១[១៨] ហើយចំណែកឯសូវៀតវិញបានកំពុងចិញ្ចឹមចិត្តចូលប្រឡូកក្នុងឆាកនយោបាយនិងសេដ្ឋកិច្ចនៅអឺរ៉ុបដូចកាលរបបមុនៗវិញ ពោលគឺស្ដារគោលនយោបាយអន្តរជាតិឱ្យសកម្មដូចសម័យចក្រភពរុស្ស៊ី។[១៩]
ទន្ទឹមគ្នានេះ ព្រះបាទអាឡិចសាន់ដឺបានព្យាយាមធ្វើមជ្ឈការរដ្ឋប្រទេសយូហ្គោស្លាវី ដោយទ្រង់បានលុបបំបាត់តំបន់ប្រវត្តិសាស្ត្រទាំងឡាយនៅយូហ្គោស្លាវី ហើយព្រំប្រទល់ខាងក្នុងត្រូវបានគូសឡើងវិញដើម្បីបែងចែកខេត្ត ឬបាណូវីណាសារជាថ្មី។[២០][២១] នៅក្រោមរជ្ជកាលរបស់ព្រះអង្គ អ្នកនយោបាយជាច្រើនរូបត្រូវបានចាប់ដាក់ពន្ធនាគារ ឬត្រូវស្ថិតនៅក្រោមការឃ្លាំមើលពីសំណាក់មន្ត្រីនគរបាល ហើយចលនាកុម្មុយនីស្តផ្សេងៗត្រូវបានហាមឃាត់មិនឱ្យមានជាដាច់ខាត។[២២]
ព្រះបាទអាឡិចសាន់ដឺត្រូវបានធ្វើឃាតនៅទីក្រុងម៉ាសេល៍ក្នុងកំឡុងពេលដំណើរព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងឆ្នាំ១៩៣៤ ក្រោមថ្វីដៃលោកវ៉្លាដូ ជែរណូហ្សេមស្គី ដែលត្រូវជាអ្នកជំនាញបាញ់កាំភ្លើងម្នាក់របស់អង្គការបដិវត្តន៍ផ្ទៃក្នុងម៉ាសេដ្វានរួមចាប់ដៃគ្នាជាមួយអ៊ូស្តាឆេ ដែលជាអង្គការបដិវត្តន៍ហ្វាស៊ីសក្រូអាត។[២៣][២៤][២៥][២៦][២៧] រាជបល្ល័ង្កយូហ្គោស្លាវីត្រូវបានស្នងដោយព្រះរាជបុត្រព្រះជន្ម ១១ វស្សារបស់ព្រះអង្គក្រោមព្រះរាជនាម ពីទ័រទី២ ខណៈអំណាចបានធ្លាក់ទៅក្រោមក្រុមប្រឹក្សារាជានុសិទ្ធិដែលដឹកនាំដោយប្អូនជីដូនមួយព្រះបាទអាឡិចសាន់ដឺព្រះនាមប៉ូល។[២៨]
១៩៣៤–១៩៤១
នៅលើឆាកនយោបាយអន្តរជាតិនាចុងទសវត្សរ៍ឆ្នាំ១៩៣០ គេសង្កេតឃើញថាសម្ពាធនយោបាយកំពុងតែកើនឡើងនៅក្នុងបណ្ដាប្រទេសមហាអំណាចសំខាន់ៗ ដោយក្នុងនោះ របបផ្តាច់ការបានកំពុងកើតមហិច្ឆតាឈ្លានពាន ហើយសណ្តាប់ធ្នាប់សកលដែលកើតក្រោយសង្គ្រាមលោកលើកទី១ បានកំពុងរសាយបន្តិចម្តងៗ ក៏ដូចជាការបាត់បង់ទំនុកចិត្តពីបណ្ដាអ្នកគាំទ្រសណ្ដាប់ធ្នាប់សកលនោះ។ នៅក្នុងរដ្ឋក្រូអាតវិញ ដោយមានការគាំទ្រនិងការដាក់សម្ពាធពីអ៊ីតាលីហ្វាស៊ីសនិងអាល្លឺម៉ង់ណាស៊ី មេដឹកនាំក្រូអាតម្នាក់គឺលោកវ៉្លាដកូ ម៉ាឆេកនិងគណបក្សរបស់លោកបានតស៊ូបង្កើតបាណូវីណាក្រូអាស៊ីឡើង (ពោលជាតំបន់ស្វយ័តដែលមានរដ្ឋាភិបាលផ្ទៃក្នុងផ្ទាល់ខ្លួន) នៅក្នុងឆ្នាំ១៩៣៩។ កិច្ចព្រមព្រៀងរវាងក្រូអាតនិងថ្នាក់ដឹកនាំអាល្លឺម៉ង់និងអ៊ីតាលីនោះបានបញ្ជាក់ថា រដ្ឋក្រូអាស៊ីនឹងបន្តជាផ្នែកមួយនៃប្រទេសយូហ្គោស្លាវី ប៉ុន្តែអត្តសញ្ញាណនយោបាយឯករាជ្យនៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ក្រូអាស៊ីគឺត្រូវវិវត្តរក្សាដោយខ្លួនឯង។
ព្រះអង្គម្ចាស់ប៉ូលបានចាញ់សម្ពាធរបស់ពួកហ្វាស៊ីស ហើយក៏ព្រមចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគីនៅទីក្រុងវីយែនក្នុងថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៤១ ដោយសង្ឃឹមថាវានឹងអាចរក្សាយូហ្គោស្លាវីឱ្យនៅក្រៅសង្គ្រាម។ តែយ៉ាងណា សេចក្ដីសម្រេចរបស់ព្រះអង្គបានធ្វើឱ្យទ្រង់បាត់បង់នូវការគាំទ្រពីសំណាក់មហាជន។ មន្ត្រីយោធាជាន់ខ្ពស់ក៏បានចេញមុខប្រឆាំងនឹងសន្ធិសញ្ញានោះ ហើយមិនយូរប៉ុន្មាន ពួកគេក៏បានរួមគ្នាធ្វើរដ្ឋប្រហារនៅថ្ងៃទី២៧ ខែមីនា ដោយអំណាចរដ្ឋត្រូវធ្លាក់ក្រោមលោកឧត្តមសេនីយ៍ឌូសាន ស៊ីម៉ូវីជ។ ជាលទ្ធផល លោកឧត្តមសេនីយ៍បានចាប់ខ្លួនគណៈប្រតិភូនៃសន្ធិសញ្ញាក្រុងវីយែន និរទេសព្រះអង្គម្ចាស់ប៉ូល និងផ្តួលក្រុមប្រឹក្សារាជានុសិទ្ធិរបស់ព្រះអង្គ ហើយក៏បានផ្ទេរអំណាចទាំងប៉ុន្មានទៅឱ្យព្រះមហាក្សត្រពីទ័រវិញ ដែលកាលនុះកំពុងមានព្រះជន្ម ១៧ ព្រះវស្សា។ មិនយូរប៉ុន្មាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤១ ហ៊ីទ្លែរក៏បានសម្រេចចិត្តវាយប្រហារយូហ្គោស្លាវី ហើយភ្លាមៗនោះដែរ លោកមូសូលីនីក៏បានប្រកាសឈ្លានពានប្រទេសក្រិកជាថ្មី។[២៩][៣០]
Remove ads
សង្គ្រាមលោកលើកទី២

នៅវេលាម៉ោង ៥:១២ ព្រឹកប្រលឹមនៃថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤២ កងកម្លាំងចម្រុះមកពីប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងហុងគ្រីបានចូលឈ្លានពានប្រទេសយូហ្គោស្លាវី។[៣១] នៅក្នុងសង្គ្រាមឈ្លានពាននេះ កងកម្លាំងជើងអាកាសអាល្លឺម៉ង់ (លូហ្វវ៉ាហ្វឺ) បានបើកការទម្លាក់គ្រាប់បែកជាច្រើនទៅលើរាជធានីបែលក្រាដ និងទីប្រជុំជនធំៗសំខាន់ៗជាច្រើននៅទូទាំងប្រទេសយូហ្គោស្លាវី។ នៅថ្ងៃទី១៧ ខែមេសា តំណាងមកពីតំបន់ផ្សេងៗនៃប្រទេសយូហ្គោស្លាវីបានរួមគ្នាចុះហត្ថលេខាលើបទឈប់បាញ់ជាមួយអាល្លឺម៉ង់នៅបែលក្រាដ ដោយបានបញ្ចប់សង្គ្រាមឈ្លានពានរយៈពេល ១១ ថ្ងៃនោះ។[៣២] ជាលទ្ធផល មន្ត្រី និងពលទាហានយូហ្គោស្លាវីប្រមាណ ៣០០,០០០ នាក់ត្រូវបានចាប់ខ្លួន។[៣៣]
ក្រោយពីមហាអំណាចអ័ក្សបានកាន់កាប់ប្រទេសយូហ្គោស្លាវីបានដោយជោគជ័យ ពួកគេក៏បានចាប់ផ្ដើមបំបែកយូហ្គោស្លាវីទៅជារដ្ឋដើមតូចៗ។ នៅក្នុងនោះ រដ្ឋឯករាជ្យក្រូអាស៊ីត្រូវបានបង្កើតឡើងជារដ្ឋរណបពួកណាស៊ី ដែលស្ថិតក្រោមការគ្រប់គ្រងដោយកងជីវពលហ្វាស៊ីសនិយមមួយដែលគេស្គាល់ថា អ៊ូស្តាឆេ។ កងទ័ពអាល្លឺម៉ង់ក៏បានកាន់កាប់បូស្នីនិងអ៊ែរសេកូវីន ក៏ដូចជាផ្នែកខ្លះនៃប្រទេសស៊ែប៊ីនិងស្លូវេនីដែរ ខណៈដែលផ្នែកផ្សេងទៀតនៃយូហ្គស្លាវីត្រូវបានបែងចែកកាន់កាប់ដោយប៊ុលហ្ការី ហុងគ្រី និងអ៊ីតាលី។ ចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥ របបអ៊ូស្តាឆេនៅក្រូអាស៊ីបានធ្វើទុក្ខបុកម្នេញ និងសម្លាប់ជនជាតិស៊ែបប្រមាណ ៣០០,០០០ នាក់ រួមជាមួយជនជាតិយូដា និងជនជាតិរ៉មស៍យ៉ាងតិច ៣០,០០០ នាក់ទៀត។[៣៤] ជាមួយគ្នានេះដែរ ជនជាតិស៊ែបប្រមាណរាប់រយរាប់ពាន់នាក់ក៏ត្រូវបានបណ្តេញចេញពីក្រូអាស៊ី ខណៈស៊ែបប្រមាណ ២០០,០០០ ទៅ ៣០០,០០០ នាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យផ្លាស់ប្តូរទៅកាន់សាសនាកាតូលិក។[៣៥]
នៅដើមដំបូង ចលនាតស៊ូប្រឆាំងរបបហ្វាស៊ីសនៅយូហ្គោស្លាវីគឺមានពីរក្រុម ពោលគឺ ក្រុមកុម្មុយនីស្តនិយមបក្សព័ន្ធយូហ្គោស្លាវី (និយមហៅថា ប៉ាធីសង់) និងក្រុមរាជានិយមហៅឆេតនីកស៍ ដោយក្នុងចំណោមក្រុមទាំងពីរនោះ ក្រុមកុម្មុយនីស្តគឺត្រូវបានកម្លាំងសម្ព័ន្ធមិត្តទទួលស្គាល់នៅឯសន្និសីទទីក្រុងតេហេរ៉ង់ (ឆ្នាំ១៩៤៣)។ ក្រុមឆេតនីកស៍និយមស៊ែប៊ីគឺស្ថិតនៅក្រោមការដឹកនាំដោយលោកដ្រាហ្សា មីហាអ៊ីលឡូវីជ ខណៈដែលក្រុមបក្សព័ន្ធកុម្មុយនីស្តយូហ្គោស្លាវីគឺដឹកនាំដោយលោកយ៉ូស៊ីប ប្រូហ្ស ទីតូ។[៣៦]
បក្សកុម្មុយនីស្តប៉ាធីសង់បានផ្តួចផ្តើមយុទ្ធនាការទ័ពព្រៃ ដែលបានវិវត្តទៅជាកងទ័ពតស៊ូដ៏ធំបំផុតនៅអឺរ៉ុបខាងលិចនិងកណ្តាលនាពេលនោះ។ ដំបូងឡើយ ពួកឆេតនីកស៍ត្រូវបានគាំទ្រដោយអតីតរាជរដ្ឋាភិបាលយូហ្គោស្លាវី និងក៏ដូចជាក្រុមសម្ព័ន្ធមិត្តមួយចំនួនផងដែរ ប៉ុន្តែមិនយូរប៉ុន្មាន ចលនារាជានិយមមួយនេះក៏បានបង្វែរពីការប្រយុទ្ធប្រឆាំងកងកម្លាំងអ័ក្សមកផ្តោតលើការប្រឆាំងនឹងក្រុមប៉ាធីសង់ទៅវិញ។ នៅចុងបញ្ចប់នៃសង្គ្រាម ចលនាឆេតនីកស៍នោះបានប្រែក្លាយទៅជាកងជីវពលជាតិនិយមស៊ែប ដែលមានទំនាក់ទំនងនិងពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់ពីកម្លាំងអ័ក្ស។[៣៧] ជាលទ្ធផល ពួកឆេតនីកស៍ក៏បានធ្វើទុក្ខបុកម្នេញ និងសម្លាប់ប្រជាជនមូស្លីម និងក្រូអាតទាំងឡាយដែលស្ថិតក្រោមអាជ្ញាធររបស់ពួកគេ,[៣៨] ដោយចំនួនជនរងគ្រោះត្រូវបានគេប៉ាន់ប្រមាណថាមានចន្លោះពី ៥០,០០០ នាក់ទៅ ៦៨,០០០ នាក់ (ដែលក្នុងនោះមាន ៤១,០០០ នាក់ជាជនស៊ីវិល)។[៣៩] តែទោះជាយ៉ាងណា ចលនាកុម្មុយនីស្តយូហ្គោស្លាវីនៅតែបន្តសង្គ្រាមទ័ពព្រៃរបស់ពួកគេដោយភាពអង់អាចក្លាហានមិនងាករេ។ ជ័យជម្នះសំខាន់ៗបំផុតរបស់ចលនាប៉ាធីសង់ប្រឆាំងនឹងកងកម្លាំងកាន់កាប់អ័ក្សបានកើតឡើងនៅក្នុងសមរភូមិនេរ៉េត្វា និងស៊ូតយ៉េស្ទី។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៤២ ក្រុមប្រឹក្សាប្រឆាំងហ្វាស៊ីសដើម្បីរំដោះជាតិយូហ្គោស្លាវីត្រូវបានកោះប្រជុំនៅក្រុងប៊ីហាឆនៃប្រទេសបូស្នី-អ៊ែរសេកូវីនបច្ចុប្បន្ន។ ក្រុមប្រឹក្សានេះត្រូវបានកោះប្រជុំឡើងវិញម្តងទៀតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៤៣ នៅក្រុងយ៉ាយសេក្នុងប្រទេសបូស្នី-អ៊ែរសេកូវីនដដែរ ហើយក្នុងកិច្ចប្រជុំនេះ គេក៏បានបង្កើតគ្រឹះមូលដ្ឋានថ្មីសម្រាប់រៀបចំប្រទេសពេលចប់សង្គ្រាម ដោយបង្កើតជារដ្ឋសហព័ន្ធមួយ។
ក្រុមប៉ាធីសង់យូហ្គោស្លាវីបានវាយបណ្តេញកម្លាំងអ័ក្សចេញពីស៊ែប៊ីនៅក្នុងឆ្នាំ១៩៤៤ ហើយនិងចេញពីទឹកដីយូហ្គោស្លាវីទាំងមូលនៅក្នុងឆ្នាំ១៩៤៥។ នៅក្នុងនោះ ពួកគេបានទទួលជំនួយខ្លះៗដែរពីកងទ័ពក្រហមរបស់សូវៀត ពិសេសក្នុងការរំដោះទីក្រុងបែលក្រាដ។ នៅក្នុងខែឧសភា ឆ្នាំ១៩៤៥ ក្រុមប៉ាធីសង់បានជួបជាមួយកងកម្លាំងសម្ព័ន្ធមិត្តនៅខាងក្រៅអតីតខ្សែព្រំដែនយូហ្គោស្លាវីពីមុន បន្ទាប់ពីបានដណ្តើមកាន់កាប់ទីក្រុងទ្រីយ៉េសស្តិ៍ និងផ្នែកខ្លះនៃខេត្តស្ទីរី និងការ៉ង់ធីនៅភាគខាងត្បូងប្រទេសអូទ្រីស។ ក៏ប៉ុន្តែ ពួកប៉ាធីសង់បានសម្រេចចិត្តដកថយពីទីក្រុងទ្រីយ៉េសស្តិ៍នៅក្នុងខែមិថុនានៃឆ្នាំដដែរ ក្រោមសម្ពាធពីស្តាលីន ដែលមិនចង់ប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមសម្ព័ន្ធមិត្ត។[៤០]
កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចដើម្បីបង្រួបបង្រួមចលនាតស៊ូយូហ្គោស្លាវីបានចោទជាបញ្ហាដ៏ស្មុគស្មាញ ពិសេសនៅពេលដែលក្រុមប៉ាធីសង់បានបដិសេធមិនទទួលស្គាល់ឧត្តមភាពរបស់រាជរដ្ឋាភិបាលយូហ្គោស្លាវីចាស់ និងក្រុមដែលស្មោះត្រង់នឹងអតីតព្រះមហាក្សត្រ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងទីតូ–ឈូបាឈីជត្រូវបានធ្វើឡើងរវាងក្រុមទាំងពីរនៅក្នុងខែមិថុនា ឆ្នាំ១៩៤៤។ ថ្វីបើមានកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះមែន ប៉ុន្តែមេដឹកនាំប៉ាធីសង់គឺលោកសេនាប្រមុខយ៉ូស៊ីប ប្រូហ្ស ទីតូ ជាក់ស្ដែងគឺជាអ្នកគ្រប់គ្រងក្នុងនាមជានាយករដ្ឋមន្ត្រី។ លោកបានទទួលការគាំទ្រពីទីក្រុងម៉ូស្គូ និងឡុងដ៍ ហើយបានដឹកនាំចលនាតស៊ូដែលមានកម្លាំងទ័ពដ៏រឹងមាំបំផុតដែលមានពលទាហានសរុបប្រមាណ ៨០០,០០០ នាក់។[៤១][៤២]
តួលេខប៉ាន់ប្រមាណផ្លូវការចំពោះជនរងគ្រោះនៅក្នុងប្រទេសយូហ្គោស្លាវីក្នុងកំឡុងសង្គ្រាមលោកលើកទី២ គឺមានប្រមាណ ១,៧០៤,០០០ នាក់។ ការប្រមូលវិភាគទិន្នន័យជាបន្តបន្ទាប់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយប្រវត្តិវិទូលោកវ៉្លាឌីមៀរ ជេរ្យាវីជ និងបូហ្គូលយូប កូឆូវីបានបង្ហាញថាចំនួនអ្នកស្លាប់ពិតប្រាកដគឺមានប្រមាណជាង ១ លាននាក់ប៉ុណ្ណោះ។[៤៣]
Remove ads
សាធារណរដ្ឋសហព័ន្ធប្រជាមានិតយូហ្គោស្លាវី
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ការបោះឆ្នោតសភាត្រូវបានធ្វើឡើង ដោយមានតែរណសិរ្សប្រជាជននិយមកុម្មុយនីស្តប៉ុណ្ណោះដែលមានវត្តមាននៅលើសន្លឹកឆ្នោត ហើយជាលទ្ធផល ពួកគេបានដណ្ដើមអាសនៈបានទាំង ៣៥៤ នៅក្នុងសភាធម្មនុញ្ញដែលទើបបង្កើតថ្មី។ នៅថ្ងៃទី២៩ ខែវិច្ឆិកា សភាធម្មនុញ្ញបានប្រកាសបង្កើតសាធារណរដ្ឋសហព័ន្ធប្រជាមានិតយូហ្គោស្លាវីឡើង ដោយបានលុបបំបាត់របបរាជាធិបតេយ្យពីមុនចោល។[៤៤] ដោយហេតុនេះ អំណាចទាំងប៉ុន្មានក៏បានធ្លាក់ទៅក្នុងដៃលោកសេនាប្រមុខទីតូ ហើយក្រុមប្រឆាំងក្នុងប្រទេសទាំងប៉ុន្មានត្រូវបានកម្ចាត់ចោលស្ទើរអស់។[៤៥]
រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦ របស់សាធារណរដ្ឋសហព័ន្ធប្រជាមានិតយូហ្គោស្លាវី ដែលយកគំរូតាមរដ្ឋធម្មនុញ្ញសហភាពសូវៀត បានបង្កើតសាធារណរដ្ឋចំនួនប្រាំមួយ ខេត្តស្វយ័តមួយ និងស្រុកស្វយ័តមួយ (ផ្នែកមួយនៃសាធារណរដ្ឋស៊ែប៊ី)។ រដ្ឋធានីសហព័ន្ធនៃប្រទេសយូហ្គោស្លាវីក្នុងរបបថ្មីនេះគឺមានមូលដ្ឋាននៅទីក្រុងបែលក្រាដ។ គោលនយោបាយថ្មីៗក្រោយសង្គ្រាមច្រើនផ្តោតលើការសាងរដ្ឋាភិបាលមជ្ឈិមដ៏រឹងមាំមួយក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត និងលើការទទួលស្គាល់សញ្ជាតិច្រើន ពោលគឺក្រុមជនជាតិទាំងឡាយនៅក្នុងប្រទេស។[៤៥]
គោលដៅក្នុងតំបន់របស់លោកទីតូគឺពង្រីកអំណាចយូហ្គោស្លាវីឆ្ពោះទៅរកភាគខាងត្បូង ពោលគឺគ្រប់គ្រងលើប្រទេសអាល់បានី និងផ្នែកខ្លះនៃប្រទេសក្រិក។ នៅក្នុងឆ្នាំ១៩៤៧ ការចរចារវាងយូហ្គោស្លាវី និងប៊ុលហ្ការីបាននាំឱ្យកើតកិច្ចព្រមព្រៀងប៊្លែដឡើង ដែលបានស្នើឱ្យប្រទេសទាំងពីរបង្កើតទំនាក់ទំនងស្អិតរមួតនឹងគ្នា និងអនុញ្ញាតបើកផ្លូវឱ្យយូហ្គោស្លាវីចាប់ផ្តើមសង្គ្រាមស៊ីវិលនៅក្នុងប្រទេសក្រិក និងប្រើប្រាស់ប្រទេសអាល់បានីនិងប៊ុលហ្ការីជាមូលដ្ឋានសឹក។ ស្តាលីនបានបដិសេដវេតូលើកិច្ចព្រមព្រៀងនេះ ជាហេតុនាំឱ្យវាដួលរលំ។ ដោយហេតុនេះ ទំនាក់ទំនងរវាងទីក្រុងប៊ែលក្រាដ និងទីក្រុងម៉ូស្គូក៏បានចាប់ផ្ដើមឃ្លាតចេញពីគ្នាបន្តិចម្តងៗ។[៤៦]
ចំពោះកិច្ចការផ្ទៃក្នុងប្រទេសវិញ យូហ្គោស្លាវីបានដោះស្រាយបញ្ហាក្រុមជនជាតិនិងសញ្ជាតិដោយផ្ដល់សិទ្ធិដល់ជនជាតិនីមួយៗស្មើៗគ្នា។ តែទោះជាយ៉ាងណា យូហ្គោស្លាវីមិនបានអនុវត្តគោលការណ៍នេះទៅលើជនជាតិអាល្លឺម៉ង់ភាគតិចនៅក្នុងប្រទេសខ្លួននោះឡើយ ដោយផ្ទុយទៅវិញ រដ្ឋាភិបាលយូហ្គោស្លាវីបានបណ្ដេញជនជាតិអាល្លឺម៉ង់ទាំងនោះចេញទៅក្នុងប្រទេសអូទ្រីស ដោយលើកហេតុផលថា ពួកគេទាំងនោះបានសហការជាមួយរបបណាស៊ីត្រួតត្រាលើយូហ្គោស្លាវីកាលក្នុងសង្គ្រាមលោកលើកទី២។[៤៧]
Remove ads
កំណត់សម្គាល់
- ភាសាស៊ែប៊ី-ក្រូអាត៖ Jugoslavija / Југославија, ភាសាស្លូវេន៖ Jugoslavija, ភាសាម៉ាសេដ្វាន៖ Југославија, ភាសាអាល់បានី៖ Jugosllavia, ភាសាអារូម៉ង់៖ Iugoslavia, ភាសាហុងគ្រី៖ Jugoszlávia, រូស៊ីនប៉ាណូញាន៖ Югославия, ភាសាស្លូវ៉ាក៖ Juhoslávia, ភាសារ៉ូម៉ានី៖ Iugoslavia, ភាសាឆែក៖ Jugoslávie, ភាសាអ៊ីតាលី៖ Iugoslavia, ភាសាតួកគី៖ Yugoslavya, ភាសាប៊ុលហ្ការី៖ Югославия
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads











