វត្តភ្នំដូនពេញ
From Wikipedia, the free encyclopedia
វត្តភ្នំដូនពេញ ឬ វត្តភ្នំ (អង់គ្លេស: Wat Phnom Daun Penh) or (Wat Phnom) គឺជាវត្តដ៏ចំណាស់មួយ ក្នុងប្រទេសកម្ពុជា ដែលមានអាយុកាលប្រមាណជា ៦៥០ ឆ្នាំ ឆ្លងកាត់ការសាងសង់ និង ជួសជុលជាបន្តបន្ទាប់ ដោយរជ្ជកាលស្ដេចចំនួន ៤អង្គ ។ វត្តភ្នំ គឺជាទីមណ្ឌល នៃបូជនីស្ថាន សាសនា វប្បធម៌ និង ប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណនៃឈ្មោះទីក្រុង ភ្នំពេញ ដែលវត្តនេះមានកម្ពស់សរុប ៤៦ ម៉ែត្រ ដោយស្មើនិងកម្ពស់ហ្វីត (១៥០ហ្វីត) វត្តនេះផងដែរ ត្រូវបានប្រសិទ្ធនាម តាមឈ្មោះ លោកយាយ ដូនពេញ ដែលជាអ្នកបង្កើតវត្តនេះឡើងដំបូងក្នុងឆ្នាំ ១៣៧២ ដែលមានតំណាលពីការ រកឃើញនៅ ព្រះបដិមាបួនអង្គក្នុងដើមគគីមួយក្បែរច្រាងទន្លេ ដោយបដិមារព្រះទាំង ៤អង្គនេះរួមមាន ៖
- បដិមា ព្រះវិស្ណុ (Vishnu) ដែលសាងអំពីថ្លើមថ្ម (Jade Stone)
- បដិមា ព្រះពុទ្ធ (Buddha) ដែលសាងអំពីមាស (Gold)
- បដិមា ព្រះឥន្ទ្រ (Indra) ដែលសាងអំពីសំរិទ្ធ (Bronze)
- បដិមា ព្រះកំចាយ (布袋) (Budai) ដែលសាងអំពីលង្ហិន (Brass) ភាពល្បីល្បាញនេះបានធ្វើឱ្យពួកឈ្មួញចិន និង ពលរដ្ឋខ្មែរកាត់ចិនជាច្រើន មកធ្វើការបន់ស្រន់ យ៉ាងច្រើនកុះករ ដោយបែបនេះហើយ ទើបមានព្រះគ្រូឃោសាចារ្យមួយអង្គនាម ព្រះធម្មលង្កា សូមរតនា ពីលោកយាយដូនពេញ ទៅដម្កល់នៅ វត្តព្រះពុទ្ធឃោសាចារ្យ ក្រោយមកទើបវត្តនេះប្ដូរឈ្មោះជា វត្តចិនដំដែក ក្រោយពេលសំបូរពួកចិនដែលមករស់នៅទីនោះនាំគ្នាមកប្រកបរបរដំដែកនៅតំបន់នោះ ក្រោយពេលឆ្លងកាត់សម័យកាលសង្គ្រាមច្រើន ស្លាកស្នាមនៃជំនឿ បានរលុបបន្តិចម្ដងៗ បូករួមទាំងការប្រែប្រួលសម័យកាលនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរកាត់ចិន ក៏មានជំនឿផ្សេងទៅលើ អ្នកតាព្រះចៅមកដល់ពេលបច្ចុប្បន្ននេះ ដែលផ្ដើមចេញពីការបន់ស្រន់ បដិមា ព្រះកំចាយ ដែលជាសិល្បៈបដិមាមកពីប្រទេសចិននេះឯង ។[១] [២]
វត្តភ្នំដូនពេញ | ||||
![]() | ||||
និមិត្តសញ្ញា សាសនា ![]() | ||||
ឈ្មោះផ្លូវការណ៍ | វត្តភ្នំដូនពេញ | |||
ឈ្មោះដើម | វត្តចេតិយបព៌ត | |||
រកឃើញ | ១៣៧២ | |||
អ្នករកឃើញ | លោកយាយ ដូនពេញ | |||
បាវចនា | ទង់ពុទ្ធសាសនា | |||
រជ្ជកាលស្ដេចសាងសង់ | ៤ អង្គ | |||
រជ្ជកាលទី១ | ពញ្ញាយ៉ាត | |||
រជ្ជកាលទី២ | នរាយណ៍រាមា | |||
រជ្ជកាលទី៣ | ធម្មរាជាទី២ | |||
រជ្ជកាលទី៤ | ព្រះសុីសុវត្ថិ | |||
ទីមណ្ឌល | បូជនីយស្ថាន សាសនា វប្បធម៌ និង ប្រវត្តិសាស្ត្រ |
ប្រវត្តិ
History

វត្តភ្នំ ត្រូវបានពណ៌នាអំពីព្រឹត្តការណ៍ នៃព្រះបាទ ពញ្ញាយ៉ាត ដែលលើករាជធានីពីទួលបាសាន ខេត្ត កំពង់ចាម មកតាំងនៅតំបន់ចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) ដែលជាតំបន់នៃការប្រពសព្វគ្នា នៃទន្លេបួន នោះគឺ ទន្លេសាប ទន្លេមេគ្គងលើ ទន្លេមេគង្គក្រោម និង ទន្លេបាសាក់ ទន្លេទាំងបួនប្រសព្វមុខគ្នា ទើបហៅថា ទន្លេចតុមុខ (Chaktomuk River) មុនពេលព្រះបាទ ពញ្ញាយ៉ាត មកដល់តំបន់ចតុមុខនេះ វត្តភ្នំ ត្រូវបានសាង់រួចរាល់ទៅហើយ ដោយលោកយាយ ដូនពេញ ក្នុងឆ្នាំ ១៣៧២ នៃគ.សករាជ ដែលស្ថិតក្នុងរជ្ជកាល ព្រះធម្មរាជាទី១ រហូតដល់ក្នុងរាជរបស់ ព្រះបរមរាជាទី១ នៃអង្គ ពញ្ញាយ៉ាត ដែលបានលើករាជធានីពីទួលបាសាន មកតាំងនៅ តំបន់ចតុមុខ អំឡុងពេលដែលរាជធានីទួលបាសាន ត្រូវបានលិចលង់ដោយទឹកជំនន់ធំ នាឆ្នាំរោង ក្នុងឆ្នាំ ១៣៩៧ នៃគ.សករាជ រយៈពេល ៣ឆ្នាំ នៃការសាងសង់ទីក្រុងថ្មីនាតំបន់ចតុមុខនេះ ព្រះបាទ ពញ្ញាយ៉ាត បានប្រសិទ្ធនាម ទីក្រុងថ្មីនេះថា "ក្រុងចតុមុខ មង្គលសកលកម្ពុជាធិបតី សិរីធរៈបវរ ឥន្ទ្របត្តបុរី រដ្ឋរាជសីមាមហានគរ" (Krong Chaktomuk Mongkol Sakal Kampuchea Thipadei Sereythorabovor Indrabat Borei Roth Reach Seima Maha Nokor) ដែលគ្រប់គ្នាស្គាល់ថា ជាទីក្រុងចតុមុខ ដែលត្រូវបានប្រកាសឡើងក្នុងឆ្នាំ ១៤០០ នៃគ.សករាជ ។[៣]
ចេតិយធំ ពញ្ញាយ៉ាត
Ponhea Yat Main Stupa

ចេតិយធំ ពញ្ញាយ៉ាត ត្រូវបានសាងសង់ឡើង ដោយព្រះបាទ នរាយណ៍រាមា ក្នុងឆ្នាំ ១៤៣៣ ដល់ឆ្នាំ ១៤៣៤ នៃគ.សករាជ ក្រោយពេលព្រះបាទ ពញ្ញាយ៉ាត យាងសោយព្រះទីវង្គត់ ក្នុងឆ្នាំ ១៤៣២ ។ ចេតិយធំ ពញ្ញាយ៉ាត មានកម្ពស់សរុប ២៧ម៉ែត្រ និងបានសាងសង់អស់រយៈពេលពេញមួយឆ្នាំ ដើម្បីដាក់ដម្កល់អដ្ឋិធាតុ របស់ទ្រង់ ក្រោយបញ្ចប់ការសាងសង់ ព្រះនរាយណ៍មា ដែលជាបុត្រច្បងនៃ អង្គពញ្ញាយ៉ាត បានធ្វើកិច្ចពិធីសូត្រធម្មទាន ពុទ្ធសាសនា រយៈពេល ៧ ថ្ងៃផងដែរ និង បានបញ្ចុះនូវគ្រឿងត្បូងចម្រុះពណ៌ជាច្រើនប្រមាណជា ១មុឺនគ្រាប់ និង បានចេញព្រះរាជឱង្ការ ប្រសិទ្ធនាម វត្តភ្នំនេះថា "វត្តចេតិយបព៌ត" រហូតដល់សម័យកាលទេសប្រែប្រួល ក៏ហៅក្លាយរហូតមក ថាជាវត្តភ្នំ មកដល់ពេលបច្ចុប្បន្ននេះ ។[៤] វត្តភ្នំ នៃរជ្ជកាលព្រះបាទ ធម្មរាជាទី២ ក្រោយពេលព្រះបាទ ស្រីរាជា និង ស្រីសុរិយោទ័យ សោយទីវង្គត់នៅអាយុធ្យា ព្រះធម្មរាជាទី២ បានបញ្ជូនបេសកជន ទៅស្នើសុំអដ្ឋិធាតុរបសព្រះរាមទាំងពីរ យកមកដម្កល់នៅកម្ពុជាវិញ ក្នុងឆ្នាំ ១៤៨៥ នៃគ.សករាជ ព្រះអង្គបានបញ្ជារឱ្យសាងសង់ចេតិយចំនួន២ បន្ថែមទៀត នៅក្នុងបរិវេណនៃវត្តភ្នំនេះ ដើម្បីទុកជាទីដម្កល់នៅព្រះធាតុ (ឆ្អឹង) នៃរាជវង្សរបស់ព្រះអង្គ ទ្រង់ក៏បានបរិច្ចាគព្រះរាជទ្រព្យ ដោយព្រះរាជសទ្ធានូវ វេរភូមិ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ក្បាល ដំរី២១ក្បាល និងគ្រឿងភ្លេងប្រគំផ្សេងៗ ថ្វាយទុកជាទាសាទាសី ឱ្យរក្សាព្រះចេតិយ ព្រះវិហារ សីមា សម្រាប់បោសច្រាសសំអាតជាប្រចាំនៅទីវត្តរាម នៃវត្តចេតិយបព៌តនេះ ក្រោយមក ព្រះធម្មរាជាទី២ បានយាងសោយព្រះទីវង្គត់នៅរាជធានីទួលបាសាន ក្នុងឆ្នាំ ១៤៨៦ នៃគ.សករាជ បុត្ររបស់ទ្រង់ ធម្មខត្តិសុគន្ធរ មានបំណងចង់បញ្ចុះអដ្ឋិធាតុបិតារបស់ទ្រង់ ធម្មរាជាទី២ នៅវត្តចេតិយបពត៌ នៃក្រុងចតុមុខនេះ ប៉ុន្តែក្រោយមកទ្រង់ផ្លាសគំនិត និងបានសម្រេចយកអដ្ឋិធាតុ បិតាទ្រង់ ទៅបញ្ចុះនៅ ខេត្តអាសន្ទុកវិញ (បច្ចុប្បន្ន: កំពង់ធំ) នៅពេលដែលទ្រង់បានយាងត្រឡប់មកពីបញ្ចុះធាតុបិតារួច ទ្រង់បានចូលទៅសួរសុខទុក្ខ ព្រះអនុជរបស់ទ្រង់ ពញ្ញាចន្ទ ជាមួយនិង រាជប្រទាននូវសត្វដំរីមួយចំនួនផងដែរ បន្ទាប់មកទ្រង់ក៏ប្រកាសរាជនៅរាជធានីទួលបាសាន ក្នុងឆ្នាំ ១៤៨៦ នៃគ.សករាជ ដែលមានព្រះនាមក្នុងរាជថា ស្រីសុគន្ធបទ ។[៥]
វត្តភ្នំក្នុងរាជ ព្រះសុីសុវត្ថិ
Wat Phnom in the reign of King Sisowath

រូបសំណាកអនុស្សាវរីយ៍ មិត្តភាពបារាំង-ខ្មែរ ត្រូវបានសាងសង់ឡើងនៅបរិវេណចង្កេះវត្តភ្នំដូនពេញ ដែលស្ថិតនៅទិសខាងត្បូងជាប់ និង នាឡិកាយក្សវត្តភ្នំ រូបសំណាកនេះ គឺជារូបសំណាករបស់ព្រះករុណា ព្រះបាទ សុីសុវត្ថិ ដែលធ្វើអំពីសំរិទ្ធ និង បានសាងសង់ឡើងក្នុងឆ្នាំ ១៩០៩ នៃគ.សករាជ ប៉ុន្តែក្រោយមក គេបានយករូបសំណាកដើមនេះទៅតម្កល់ នៅសារមន្ទីរជាតិ នាភ្នំពេញវិញ និង បានជំនួសដោយការសូនរូបចម្លាក់ទ្រង់មកជំនួសវិញ ដែលសាងឡើងក្នុងឆ្នាំ ១៩៩៨ ដែលរូបសំណាករបស់ទ្រង់ស្ថិតក្នុង ឥរិយាបថគង់លើរាជ្យបល្ល័ង ដើម្បីទទួលនូវ វត្ថុតំណាងខេត្តទាំងបី ដែលកម្ពុជាទទួលបានពី សន្ធិសញ្ញា បារាំង-សៀម (Franco - Siamese Treaties ) ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ១៩០៧ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សង្គ្រាម បារាំង-សៀម ដែលផ្ទុះឡើងក្នុងឆ្នាំ ១៨៩៣ នៃគ.សករាជ ដែលស្ថិតក្នុង រជ្ជកាលរបស់ព្រះបាទ នរោត្តម ។ នៅខាងឆ្វេងរូបសំណាក ព្រះសុីសុវត្ថិ គឺជាស្ត្រីភីលៀងបីរូប បាននាំយកវត្ថុបី ដែលដាក់នៅលើជើងពានតំណាងឱ្យខេត្តទាំង៣ ដែលកម្ពុជាត្រូវទទួលបានពីសៀមត្រឡប់មកវិញរួមមាន៖ ខេត្តសៀមរាប ខេត្តសុីសុផុន (បច្ចុប្បន្ន: ខេត្តបន្ទាយមានជ័យ) និង ខេត្តបាត់ដំបង ។ រូបផ្នែកខាងស្ដាំ គឺជារូប កងទ័ពខ្មែរ ក្នុងសំលៀកបំពាក់បារាំង អមទៅដោយ ទង់ជាតិប្រទេសបារាំង ដែលជាអ្នកជ្រោមជ្រែងទទួលបាន នូវខេត្តទាំងបីនេះត្រឡប់មកវិញ នៅជាប់និង រូបសំណាកនេះ មានក្បាច់រចនាជារូបស៊ុមសរសេរបញ្ចាក់អំពីឈ្មោះខេត្តទាំង៣ ដែលទទួលបានពីសៀមត្រឡប់មកវិញផងដែរ រីឯនៅផ្នែកខាងក្រោមនៃរូបស៊ុមគឺជារូបទេសាភិបាលបារាំងប្រចាំនៅកម្ពុជា លោក "ល្វីស ប៉លលូស៍" (Louis Paul Luce) ។[៦] [៧]
ព្រេងនិទានវត្តភ្នំ
The Legend of Wat Phnom

រឿងវត្តភ្នំដូនពេញ ដែលស្ថិតក្នុងព.សករាជ ១៩១៦ ត្រូវនិង គ.សករាជ ១៣៧២ មានតំណាលថា៖ មានដូនចាស់ម្នាក់ឈ្មោះ "យាយពេញ" ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ ដែលមានលំនៅដ្ឋានក្បែរច្រាំងទន្លេមុខបួន ផ្ទះរបស់គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរធំមួយបានរសាត់អណ្តែតមកទើរនៅក្បែរច្រាំងទន្លេជិតកំពង់ទឹករបស់គាត់ ដូនពេញបានក្រឡេកទៅឃើញរន្ធ ដើមគគីនោះដូចជាមានរបស់អ្វីមួយនៅក្នុងនោះ ដូនពេញ ក៏យកមែកឈើតូចមួយមកកោសកៀរសំអាតភក់ចេញ គាត់់ក៏ប្រះទះឃើញក្នុងប្រហោងឈើគគីរនោះមាន បដិមាព្រះចំនួន ៤អង្គនៅក្នុងនោះ បដិមាទាំងបួន ធ្វើអំពី ថ្មកែវ មាស សំរិទ្ធ និង លង្ហិន ដោយសេចក្ដីត្រេកអរនេះ លោកយាយដូនពេញ ក៏ទៅហៅអ្នកស្រុកអ្នកភូមិ ឱ្យមកមើលនិងបានប្រាប់ឱ្យពួកគេយកពួរទៅចងហើយអូសដើមគគីរនោះមកដើម្បីគាស់យកបដិមាទាំងបួនអង្គនេះ ។ ដូនពេញ និង អ្នកស្រុកអ្នកភូមិមានសេចក្ដីសម្សនោសគ្រប់ៗគ្នា ក៏ពិភាគ្សាគ្នាចង់សាងសង់អាស្រមមួយដើម្បីគ្រាន់ជាទីតម្កល់នៅបដិមាទាំងបួនអង្គនេះ ដើម្បីទុកជាការគោរពបូជា ក្រោយពេលសាងសង់អាស្រមរួច លោកយាយ ដូនពេញ និង អ្នកស្រុកអ្នកភូមិ ក៏នាំគ្នាធ្វើពិធីដង្ហែរបដិមាទាំងបួនអង្គនោះ យកទៅតម្កល់នៅលើកំពូលភ្នំតូចមួយនេះ កូនអ្នកស្រុកអ្នកភូមិក៏ចេះតែនាំគ្នាមកបួសស្នាក់អាស្រ័យនៅអាស្រមមួយនេះ លោកយាយដូនពេញ ក៏ចំណាយនូវប្រាក់កាក់ផ្ទាល់ខ្លួន ដើម្បីសាងសង់ព្រះវិហារមួយ ដើម្បីដម្កល់នូវបដិមាទាំងបួន អង្គបដិមាថ្មកែវ ទ្រង់ឈរមានព្រះហត្ថបួន ព្រះហត្ថម្ខាងទ្រង់កាន់ដំបង និង កងចក្រ ព្រះហត្ថម្ខាងទៀត ទ្រង់កាន់ខ្យងស័ង្ខ និង ផ្កាឈូក ព្រះកេសាបួង ក្នុងទម្រង់ជា ព្រះនរាយណ៍ អង្គបដិមាមាស ជាព្រះពុទ្ធអង្គ ក្នុងទម្រង់ផ្ចាញ់មារ អង្គបដិមាសំរិទ្ធ ជាទេវរូបមានរចនាប្លែកក្នុងទម្រង់មានព្រះមកុដ មានសុរងកនិងឥន្ធនូ សន្និដ្ឋានថាជាព្រះឥន្ទ្រ អង្គបដិមាលង្ហិន មានទម្រង់ជាព្រះសង្ឃធាត់ និង មានព្រះភ័ក្រក្នុងភាពញញឹម ដោយសន្ឋិដ្ឋានថា ជាព្រះកំចាយ ក្នុងរចនបទមកពីស្រុកឆ្ងាយនៃនគរផ្សេង ដោយសារមានព្រះភិក្ខុមកសាងភ្នួសបួសរៀនច្រើន លើវិហារភ្នំនេះ អ្នកស្រុកអ្នកភូមិក៏សម្រេចគ្នាបង្កើតវត្តមួយនេះឡើង ដែលមានឈ្មោះថា "វត្តភ្នំដូនពេញ" ដែលយកតាមឈ្មោះរបស់លោកយាយដូនពេញចាប់ពីពេលនោះមក ។[៨]
ការប្រែប្រួលជំនឿ
Religious Variations

ទីសក្ការៈវត្តភ្នំដូនពេញ តែងត្រូវបានប្រជាពលរដ្ឋជាច្រើនជាពិសេស គឺប្រជាពលរដ្ឋខ្មែរកាត់ចិន ដែលមានជំនឿទៅលើអ្នកតាព្រះចៅ ដែលសម្គាល់ជាអ្នកតាម្ចាស់ស្រុកក្នុងជំនឿវិញាណនិយម (Spiritualism) ហើយពួកគេតែងយកគ្រឿងដង្វាយផ្សេងៗទៅបន់ស្រន់សុំសេចក្ដីសុខ និង ដើម្បីកាត់ឆុងនូវភាពអពមង្គលទាំងពួងផងដែរ យោងតាម ប្រសាសន៍របស់ចាស់ព្រឹទ្ធាចារ្យមួយចំនួន ដែលឆ្លងកាត់ក្នុងសម័យកាល នៃការសែនព្រេនអ្នកតាព្រះចៅ ដែលចាប់ផ្ដើមឡើងជាលើកដំបូងអំឡុង នៃព្រឹត្តិការណ៍ សង្គ្រាមលោកលើកទី២ (World War II) ក្នុងឆ្នាំ ១៩៤១ សៀមបានបើកការវាយប្រហារមូលដ្ឋានកងទ័ពបារាំងនៅក្នុងប្រទេសកម្ពុជា កងទ័ពអាកាសសៀម បានបើកយន្តហោះជាច្រើនគ្រឿងមកទម្លាក់គ្រាប់ ក្នុងទីក្រុងភ្នំពេញ ប្រជាពលរដ្ឋ មានការភិតភ័យណាស់ បានរត់ទៅជ្រកកោនក្នុងបរិវេណវត្តភ្នំដូនពេញ គ្រាប់បែកមួយចំនួន បានធ្លាក់ចំទីតាំងមួយចំនួនដូចជា ផ្សារចាស់ ផ្សារធំថ្មី កំពែងព្រះបរមរាជវាំង និង ទូកប្រជានេសាទដែលនៅតាមច្រាងទន្លេ ប៉ុន្តែមិនមានករណីផ្ទុះគ្រាប់បែកណាមួយនៅបរិវេណវត្តភ្នំនោះទេ ប្រជាពលរដ្ឋដែលរត់ទៅពួននៅវត្តភ្នំ បានតំណាលពីការបន់ស្រន់របស់ពួកគេ ទៅលើអ្នកតាម្ចាស់ស្រុកនាវត្តភ្នំ ដើម្បីឱ្យជួយតាមថែរក្សាពួកគេ រីឯយន្តហោះពីរគ្រឿងនៃកងទ័ពអាកាសសៀម ត្រូវបានកងទ័ពបារាំង បាញ់ធ្លាក់ផងដែរ ដោយមានជំនឿទៅលើអ្នកតាម្ចាស់ស្រុកនាវត្តភ្នំ អាស្រមតូចមួយដែលនៅខាងកើតវត្តភ្នំត្រូវបានប្រជាពលរដ្ឋមកធ្វើការបន់ស្រន់ជាហូរហែរ រហូតដល់ប្រសិទ្ធនាម អាស្រមអ្នកតាម្ចាស់ស្រុកនោះថា "អ្នកតាព្រះចៅ" ចាប់ពីពេលនោះមក ។[៩]
ការអន់ថយចម្លាក់សិល្បៈនៅកម្ពុជា
Cambodia art sculpture decrease

រាល់ពេលដែលប្រជាពលរដ្ឋជាច្រើននាំគ្នាទៅបន់ស្រន់នៅបូជនីយស្ថាន វត្តភ្នំដូនពេញ ពួកគេមិនរំលងការនាំយកភួងផ្កាម្លិះ ឬ ផ្កាឈូកទៅថ្វាយដល់លោក យាយដូនពេញនោះទេ រូបចម្លាក់លោកយាយដូនពេញ ត្រូវបានធ្វើឡើងក្នុងអំឡុង ទស.វទី៩០ ក្រោយពេលប្រទេសកម្ពុជា បិទបញ្ចប់សង្គ្រាមសុីវីល ដែលផ្ទុះឡើងអស់រយៈពេល ២៨ឆ្នាំ ។ ការធ្លាក់ចុះចម្លាក់សិល្បៈនៅកម្ពុជា ដោយកម្ពុជាពេលនោះត្រូវបានរងការបំភ្លេចបំផ្លាញដោយរបប កម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុលពត នៅក្នុងរបបដ៏សាហាវយង់ឃ្នង មួយនេះ ពួកខ្មែរក្រហមបានបោកយក គ្រូបង្រៀន គ្រូសាស្ត្រាចារ្យ និង ក្រុមនិសិត្សបញ្ញាវ័ន្ត រាប់ពាន់នាក់ពីក្រៅប្រទេសយកមកសម្លាប់ថែមទៀតផងដែរ ក្នុងឆ្នាំ ១៩៧៧ តាមរយៈវីដេអូសកម្មភាព ក្នុងការបង្រៀនស្រាវជ្រាវ ដែលរៀបចំឡើងដោយពួកខ្មែរក្រហម ដើម្បីឃោសនាបោកបញ្ឆោតអ្នកចេះដឹងឱ្យត្រឡប់មកកម្ពុជាវិញដើម្បីអភិវឌ្ឍន៍ជាតិ ប៉ុន្តែធាតុពិតអ្នកចេះដឹងទាំងនោះត្រូវបានគេយកទៅសម្លាប់នោះទេ ដោយកង្វះនូវធនធានមនុស្ស ក្នុងប្រទេសកម្ពុជា ចម្លាក់សិល្បៈនៅកម្ពុជាចាប់ផ្ដើមធ្លាក់ចុះអន់ថយជាបន្តបន្ទាប់ រូបចម្លាក់មួយចំនួនធំ មានរូបរាង្គមិនសមប្រកបតាមស្តង់ដារវិជ្ជាជីវៈនោះទេ រូបចម្លាក់ខ្លះមានក្បាលធំខ្លួនតូច មានដៃជើងវែងខ្លី មានត្រចចៀកធំជាងក្បាល រូបចម្លាក់គ្មានកម្ពស់ខ្នាតត្រឹមត្រូវ រូបចម្លាក់តំណាងប្រវត្តិសាស្ត្រជាតិយូរៗទៅ ដូចបៃឡុកបៃឡក្មេងលេង នាំគ្នាយកមកតាំងបង្ហាញតាមអំពើចិត្ត ដែលធ្វើកម្ពុជាអាប់យស្តជាខ្លាំង ក្រុមបុរាណាចារ្យ មានតែសង្ឃឹមថា កូនខ្មែរជំនាន់ក្រោយ ផ្លាសប្ដូរផ្នត់គំនិតទាំងអស់នេះ មិនថារូបចម្លាក់ជា វត្ថុ មនុស្ស សត្វ ឬ ទេវតា ដែលដាក់តម្កល់នៅទីណាៗ ក្នុងប្រទេសកម្ពុជា សូមឱ្យមាននូវកម្ពស់ខ្នាតច្បាស់លាស់ មានការរចនាស្អាតល្អប្រណិត តាមមាឌដ្ឋានស្តង់ដារប្រកបដោយគតិយុត្ត បើសិនជាមានរូបចម្លាក់ណាមួយខុសកម្ពស់ខ្នាត មានរូបរាងមិនល្អស្អាត គួរតែយកចេញ ឬ កំទេចចោល មិនគួរទុកឱ្យនៅបំផ្លាញឈ្មោះកម្ពុជាបន្តទៀតនោះទេ សូមចូលរួមកែប្រែផ្នត់គំនិតនេះទាំងអស់គ្នា លោកយាយ ដូនពេញ ដែលមានប្រវត្តិតាំងពី ស.វទី១៤ ត្រូវសាងសង់រូបសំណាករបស់គាត់តាម សម័យកាលអង្គរ ដែល មុនសម័យកាលចតុមុខ ទៅទៀត ត្រូវមានមូដសក់ប្រភេទណា ត្រូវពាក់សំលៀកបំពាក់បែបណា ត្រូវសន្និដ្ឋានរូបរាង្គរបស់គាត់ តាមរង្វាស់ខ្នាតច្បាស់លាស់ មិនមែនធ្វើចេញមកដូច បៃឡុកបៃឡក្មេងលេង និងយកមកតាំងបង្ហាញស្រេចតែនិងចិត្តនោះទេ ។[១០]
អនុស្សាវរីយ៍ នៃដំរី (សំបូរ)
Memories of elephants (Sambo)

ដំរីមួយក្បាលដែលត្រូវបានម្ចាស់របស់វា យកមកដឹកអ្នកដំណើរនៅបូជណីស្ថានវត្តភ្នំ វាមានឈ្មោះថា "សំបូរ" (Sambo) ដែលជាដំរីមួយក្បាលដែលបានដាក់ឱ្យភ្ញៀវទេសចរណ៍ជិះកំសាន្តជុំវិញ បូជនីស្ថានវត្តភ្នំក្នុងអំឡុងឆ្នាំ 2001 សំបូរមានមាឌធំ និង មានកម្ពស់ខ្ពស់ វាជាសត្វដំរីដ៏ទាក់ទាញមួយ ដែលធ្វើឱ្យក្មេងៗជាច្រើនចង់ឃើញនូវរូបរាង្គរបស់វា សំបូរបានដឹកភ្ញៀវទេសចរណ៍ដើរកំសាន្តជុំវិញ រមណីយដ្ឋាន នៃបូជនីស្ថានវត្តភ្នំ អស់រយៈពេល 14ឆ្នាំ ទើបម្ចាស់របស់វាសម្រេចឱ្យវាចូលនិវត្តន៍ ក្នុងអំឡុងឆ្នាំ 2014 ។ សំបូរ ត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិនា ខេត្តមណ្ឌលគិរី បន្ទាប់ពីវាត្រូវបានលោក សុិន សន យកមកទទួលចិញ្ចឹមតាំងពីអាយុវាបាន ៥ឆ្នាំមកម៉្លេះ ហើយលោកបានបន្តចិញ្ចឹមវាអស់រយៈពេលប្រមាណជា ៤០ ឆ្នាំមកហើយ សំបូរត្រូវបានចាត់ទុកជាសមាជិកមួយ ក្នុងគ្រួសាររបស់លោក ស៊ិន សន ផងដែរ ។ ដំរីឈ្មោះ សំបូរ ដែលមានឈ្មោះល្បីក្នុងប្រទេសកម្ពុជា ហើយធ្លាប់បានដឹកអ្នកទេសចរណ៍កម្សាន្តនៅក្នុងរាជធានីភ្នំពេញ ជាច្រើនឆ្នាំនេះ នឹងត្រូវចូលនិវត្តន៍ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានឱ្យដឹងថា សត្វដំរីឈ្មោះ សំបូរ នឹងបញ្ជូនឱ្យទៅរស់នៅជាមួយសត្វដំរី នៅក្នុងតំបន់អភិរក្សសត្វដំរីពិសេសស្ថិតក្នុង ខេត្តមណ្ឌលគិរី ដែលជាកន្លែងដែលដំរី សំបូរ អាចរស់នៅជាមួយសត្វដំរីដទៃទៀត ព្រមទាំងអាចទទួលការថែទាំ ការព្យាបាលបានយ៉ាងត្រឹមត្រូវផងដែរ ។ [១១] [១២] [១៣]
ការនឹករលឹកដំរីសំបូរ
Remembering the Sambo elephant
ដំរីញីឈ្មោះ «សំបូរ» ជាទីគោរពស្រលាញ់ និងជាសត្វនិមិត្តរូបនៃទេសចរណ៍ទីក្រុងភ្នំពេញ ដ៏ល្បីល្បាញ ដែលគេស្គាល់ថាជា «ដំរីវត្តភ្នំ» បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍្ត ទី១៩ ខែតុលា ឆ្នាំ ២០២៣ ក្នុងអាយុ៦៣ឆ្នាំ ពោលគឺ៩ឆ្នាំក្រោយការចូលនិវត្តន៍ពីសេវាកម្មទេសចរណ៍ នេះបើតាមការបញ្ជាក់របស់គម្រោងជ្រលងសត្វដំរី Elephant Valley Project (EVP) សំបូរបានស្លាប់ ដោយសារតែជំងឺធ្មេញ ដែលបានធ្វើឱ្យសុខភាពរបស់នាងចុះទ្រុឌទ្រោមយ៉ាងខ្លាំងនារយៈពេល១ខែចុងក្រោយនេះ ។ គួរបញ្ចាក់ថា ដំរីសំបូរ បានដឹកភ្ញៀវទេសចរណ៍កំសាន្តជាលើកដំបូងក្នុងទ.សវទី៩០ នាងមានភាពល្បីល្បាញដោយសារការធ្វើដំណើរប្រចាំថ្ងៃរបស់នាងនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិជាមួយនិងដំណើររបស់ដ៏ធំសម្បើមរបស់នាងនៅតាមផ្លូវមាត់ទន្លេ ដែលធ្វើឱ្យអ្នកទេសចរណ៍មានការភ្ញាក់ផ្អើល ដែលបង្កើតឱ្យមានភាពរីករាយជាមួយនិងស្នាមញញឹម ជាចុងក្រោយពួកយើងនូវតែចងចាំអនុស្សាវរីយ៍ល្អៗ ជាមួយអ្នកជានិច្ចសំបូរ អរគុណ នូវវត្តមានរបស់អ្នកកន្លងមក និង សូមជូនពរឱ្យអ្នកទៅកាន់សុខគតិភព ។[១៤] [១៥]
វិចារណកថា
- ថ្មីៗនេះ ក្រុមបុរាណាចារ្យ បានលឺពាក្យចចាមអារ៉ាមមកថា មានជនអគតិ មួយចំនួនបានលើកឡើងថា អ្នកដែលមានគូរ មិនគួរទៅលេង ឬទៅថ្វាយផ្កាបូជានៅម្ដុំវត្តភ្នំទេ ព្រោះនិងធ្វើឱ្យមានការបែកបាក់គ្នា ឬ ព្រាត់ប្រាស់គ្នា...។ ការពិតមិនដូចជាការលើកឡើងរបស់អគតិជនទាំងនោះទេ ការបន់ស្រន់នៅវត្តភ្នំ គឺសាកសិដ្ឋ ចំពោះអ្នកមកបន់ស្រន់ ចំពោះបញ្ហាសុខភាព បញ្ហាការងារ បញ្ហារកសុីជួញដូរ បញ្ហារកគូស្រករ បារមីលោកយាយដូនពេញ មានរិទ្ធិពូកែណាស់ អាចជួយសម្រាលកិច្ចការទាំងនោះបាន ប៉ុន្តែត្រូវចាំថា អ្នកដែលបានសម្រេចកិច្ចការទាំងនោះ ត្រូវថ្វាយត្រណិបមកលោកយាយដូនពេញ តាមការសន្យា ។ ចំពោះអ្នកមកបន់ស្រន់ អ្នកតាព្រះចៅ នៅវត្តភ្នំ មិនពាក់ព័ន្ធ និង លោកយាយដូនពេញឡើយ ។
វិចិត្រសាលវត្តភ្នំ
Wat Phnom Gallery
- Bronze Statue of King Sisowath 1909 sculpture by Théodore Rivière.
- Buddha statue at Wat Phnom Vihara.
ដូចនេះ
See also
- វត្តអារាមនៅកម្ពុជា
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.