ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia
Remove ads
ខេត្តបាត់ដំបង (អង់គ្លេស : Battambang Province) គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ទីរួមខេត្តរបស់ខេត្តបាត់ដំបងគឺក្រុងបាត់ដំបង។ខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យខាងកើតជាប់នឹងខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់ខាងលិចជាប់នឹងខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី។

Remove ads
ឈ្មោះនៃខេត្ត
បើតាមសិលាចារឹកថ្មប្រាសាទដែលយើងមាននិងបានរកឃើញរហូតមកដល់សព្វថ្ងៃនេះនៅក្នុងសម័យមុនអង្គរនិងសម័យអង្គរគេពុំបានឃើញចែងឲ្យយើងដឹងថាតើសម័យនោះមានភូមិស្រុកណាមួយដែលមានឈ្មោះបាត់ដំបងនោះទេ។ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាឈ្មោះបាត់ដំបងនេះមានប្រើឬមិនប្រើនៅក្នុងសម័យនោះដែរ។ប៉ុន្តែនៅក្នុងសម័យអង្គរនិងសម័យក្រោយអង្គរតាមឯកសារមហាបុរសខ្មែរមានប្រើឈ្មោះស្រុកបាត់ដំបង។ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង?ប្រវត្តិសាស្ត្រសរសេរនៅលើសិលាចារឹកមិនបានឆ្លើយឲ្យដឹងឡើយគឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរយើងយល់ថាគឺជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុដែលនាំឲ្យយើងហៅឈ្មោះបាត់ដំបងឬអូរដំបង។ឯឈ្មោះព្រះដំបងគឺស្តេចរាមាទី ០១ កំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជាព្រះដំបង។[២]
Remove ads
ប្រវត្តិសាស្ត្រ

កាលពីសម័យមុនអង្គរនិងសម័យអង្គរភាគខាងលិចនិងភាគពាយ័ព្យនៃបឹងទន្លេសាបគឺជាដែនដីអមោឃបុរៈនិងជាដែនដីភិមៈបុរៈ។នៅក្នុងសម័យអង្គរដែនដីឬភូមិភាគអមោឃបុរៈមានការរីកចម្រើនខ្លាំងដោយសារដីមានជីវជាតិល្អអាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបានប្រកបទៅដោយទិន្នផលល្អប្រសើរ។ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅក្នុងភូមិភាគនេះច្រើនដែលជាភស្តុតាងបង្ហាញគឺមានប្រាសាទបុរាណជាច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់នេះ។ប៉ុន្តែប្រាសាទបុរាណទាំងនោះត្រូវបានរលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់លើកលែងតែតែប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្នឹងខាងកើត ប្រាសាទស្នឹងខាងលិច ប្រាសាទដូនទ្រី។ល។ដែលនាម៉ឺនសព្វមុខមន្ត្រីនិងប្រជារាស្ត្រជំនាន់នោះបានកសាងឡើងសម្រាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងព្រះពោធិសត្វផ្សេងៗខាងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។នៅសតវត្សរ៍ក្រោយៗមកទៀតដែនដីខេត្តបាត់ដំបងត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចម្បាំងរាំងជល់ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្សរ៍ ១៥-១៦-១៧-១៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនខេត្តបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស់និរាសគ្រួសារទ្រព្យសម្បត្តិផ្ទះសម្បែងគួរឲ្យខ្លោចផ្សាក្រៃលែង។
នៅចុងសតវត្សរ៍ទី ១៨ ដល់ដើមសតវត្សរ៍ទី ២០ ខេត្តបាត់ដំបងក៏ធ្លាក់ស្ថិតនៅក្រោមអំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាង ០១ សតវត្សរ៍ដែលគ្រប់គ្រងដោយអំណាចគ្រួសារចៅហ្វាបែនក្រោយមកគេដាក់ឈ្មោះថាត្រកូលអភ័យវង្សអស់ ០៦ តំណរហូតដល់ឆ្នាំ ១៩០៧ ។

តាមសន្ធិសញ្ញាបារាំង-សៀមចុះនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកឲ្យកម្ពុជាវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់ជាជាង ០១ សតវត្សរ៍នោះគឺបាត់ដំបង សៀមរាប-អង្គរ សិរីសោភ័ណ្ឌនិងចុងកាល់ដោយប្តូរនិងខេត្តត្រាចនិងតំបន់ប៉ាក់សេ(ដែនដីលាវ)ប៉ែកខាងលើនៃទន្លេមេគង្គ។ប៉ុន្មានខែក្រោយមកព្រះករុណាព្រះបាទស៊ីសុវត្ថិទ្រង់បានចេញព្រះរាជប្រកាសលេខ ៦៦ ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ១៩០៧ កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា ០៣ ខេត្តគឺខេត្តបាត់ដំបង ខេត្តសៀមរាប និង ខេត្តសិរីសោភ័ណ្ឌ។

នៅក្នុងឆ្នាំ ១៩២៥ ទឹកដីខេត្តបាត់ដំបងត្រូវបានបែងចែកសាជាថ្មីឲ្យទៅជាខេត្តបាត់ដំបងនិងខេត្តសៀមរាបនៅក្នុងនោះខេត្តបាត់ដំបងមានស្រុកចំនួន ០២ គឺស្រុកបាត់ដំបងនិងស្រុកសិរីសោភ័ណ្ឌ។នៅក្នុងឆ្នាំ ១៩៤០ ខេត្តបាត់ដំបងមានស្រុកចំនួន ០៧ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកមង្គលបូរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ្ឌ និង ស្រុកបិត្បូង។
នៅខែឧសភា ឆ្នាំ ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែតត្រូវបានបង្កើតឡើងចំណុះឲ្យស្រុកសិរីសោភ័ណ្ឌ។នៅខែកក្កដា ឆ្នាំ ១៩៥៧ ស្រុកទឹកជោរត្រូវបានបែងចែកទៅជា ០២ ស្រុកគឺ ស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុក។ស្រុកសិរីសោភ័ណ្ឌត្រូវបានបែងចែកទៅជា ០២ ស្រុកដែរគឺស្រុកសិរីសោភ័ណ្ឌនិងស្រុកបន្ទាយឆ្មារ។នៅខែមីនា ឆ្នាំ ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថាស្រុកអូរជ្រៅ។នៅខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដីមោងឬស្សី(ស្រុកមោងឬស្សី)មួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ក្រឡ(ស្រុកគាស់ក្រឡ)។នៅខែមីនា ឆ្នាំ ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកដែលមានទីតាំងនៅថ្មពួក។ជាមួយគ្នានោះស្រុកបន្ទាយឆ្មារត្រូវបានដកចេញពីខេត្តបាត់ដំបងឲ្យចំណុះខេត្តឧត្តរមានជ័យវិញដែលជាខេត្តដែលទើបបង្កើតថ្មី។
នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន ០២ បានបង្កើតឡើងគឺស្រុកបាណន់និងស្រុកគាស់ក្រឡ។សរុបមកដល់ត្រឹមនេះខេត្តបាត់ដំបងមានស្រុកចំនួន ០៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ្ឌ ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ក្រឡនិងតំបន់រដ្ឋបាលចំនួន ០២ គឺតំបន់រដ្ឋបាលបាក់ព្រានិងតំបន់រដ្ឋបាលល្វា។នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ០៣ ឆ្នាំ ០៨ ខែ ២០ ថ្ងៃនៅក្នុងខេត្តបាត់ដំបងក៏ដូចជាខេត្តនានាទូទាំងប្រទេសកម្ពុជាដែរប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងៗពិសេសពីតំបន់ទីក្រុងទីប្រជុំជនទៅកាន់ទីជនបទនិងតំបន់ព្រៃភ្នំ។ខេត្តបាត់ដំបងធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេសបានក្លាយទៅជាតំបន់ទទួលទារុណកម្មកាប់សម្លាប់និងបង្អត់អាហារពេលនោះខេត្តពុំមានព្រំប្រទល់ច្បាស់លាស់នោះទេដោយសារអង្គការដឹកនាំពេលនោះបានដាក់ខេត្តបាត់ដំបងទៅក្នុងតំបន់ភូមិភាគពាយ័ព្យហើយមានតំបន់ ០១ តំបន់ ០៣ តំបន់ ០៤ និង តំបន់ ០៥ ។ខណៈនោះមានឮគេហៅឈ្មោះស្រុកខ្លះដែរដូចជាស្រុកភ្នំសំពៅ ស្រុកបាត់ដំបង ស្រុកមង្គលបូរី ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុក ៤១-ស្រុក ៤២។ល។
ខេត្តបាត់ដំបងត្រូវបានរំដោះចេញជាស្ថាពរពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ១៩៧៩។ក្បាលម៉ាស៊ីនដឹកនាំមានឈ្មោះថាគណៈកម្មាធិការប្រជាជនបដិវត្តន៍(ខេត្ត-ស្រុក-ទីរួមខេត្ត-ឃុំ-សង្កាត់)។គណៈកម្មាធិការប្រជាជនឃុំ-សង្កាត់ត្រូវបានជ្រើសរើសដោយការបោះឆ្នោតដំបូងបំផុតនៅក្នុងឆ្នាំ ១៩៨៣។ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៨៦ ខេត្តបាត់ដំបងមានស្រុកចំនួន ០៩ និងទីរួមខេត្តចំនួន ០១។
នៅក្នុងឆ្នាំ ១៩៨៦ ស្រុកថ្មីចំនួន ០៣ ត្រូវបានបង្កើតបន្ថែមទៀតមានស្រុកបាណន់ ស្រុកបវេល និង ស្រុកឯកភ្នំ។ត្រឹមដំណាក់កាលនេះខេត្តបាត់ដំបងមានស្រុកចំនួន ១២ និងទីរួមខេត្តចំនួន ០១ គឺស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកបាណន់ ស្រុកឯកភ្នំ ស្រុកបាត់ដំបង ស្រុករតនៈមណ្ឌល ស្រុកមង្គលបូរី ស្រុកសិរិសោភ័ណ្ឌ ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកភ្នំស្រុក និង ស្រុកបវេល។
នៅក្នុងឆ្នាំ ១៩៨៨ ស្រុកចំនួន ០៥ គឺស្រុកមង្គលបូរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និង ស្រុកភ្នំស្រុកត្រូវបានកាត់ចេញដើម្បីបង្កើតជាខេត្តថ្មីមួយទៀតគឺខេត្តបន្ទាយមានជ័យ។ចាប់ពីពេលនោះរហូតដល់ឆ្នាំ ១៩៩៣ ខេត្តបាត់ដំបងមានស្រុកចំនួន ០៧ ទីរួមខេត្តចំនួន ០១ ឃុំចំនួន ៥៣ និង សង្កាត់ចំនួន ១០។
ក្រោយមានរដ្ឋធម្មនុញ្ញថ្មីទីរួមខេត្តបាត់ដំបងត្រូវបានប្តូរឈ្មោះមកជាស្រុកស្វាយប៉ោវិញ។ចំណែកសង្កាត់ទាំង ១០ ត្រូវបានប្តូរមកជាឃុំដូច្នេះខេត្តបាត់ដំបងមានស្រុកចំនួន ០៨ និងឃុំចំនួន ៤៧។
នៅក្នុងឆ្នាំ ១៩៩៨ ក្រោយសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យខេត្តបាត់ដំបងត្រូវបានកាត់ទឹកដីមួយផ្នែកទៀតដើម្បីបង្កើតក្រុងប៉ៃលិនហើយស្រុកចំនួន ០៤ ត្រូវបានបង្កើតថែមមានស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និង ស្រុកសំពៅលូន។នៅក្នុងឆ្នាំ ២០០០ ទឹកដីស្រុកមោងឬស្សីត្រូវបានរំលែកមួយផ្នែកបង្កើតជាស្រុកគាស់ក្រឡដែលមានឃុំចំនួន ០៦។ចំណែកឯស្រុកស្វាយប៉ោត្រូវបានប្តូរឈ្មោះមកជាស្រុកបាត់ដំបងវិញ។រីឯស្រុកបាត់ដំបងដែលមានទីតាំងនៅថ្មគោលត្រូវបានប្តូរឈ្មោះជាស្រុកថ្មគោលវិញ។[៣][៤]
Remove ads
សាសនា
សាសនានៅក្នុងខេត្តបាត់ដំបង(ជំរឿនឆ្នាំ ២០១៩)[១]
សាសនាផ្សេងៗ (0%)
សាសនារបស់រដ្ឋគឺសាសនាព្រះពុទ្ធថេរវាទ។ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបងជាង ៩៨.៣% ជាអ្នកកាន់សាសនាព្រះពុទ្ធ។សាសនាអុីស្លាមដែលភាគច្រើនកាន់ដោយជនជាតិចាមរាប់រយឆ្នាំមកហើយមាន ១.៤%។សាសនាគ្រិស្តមានអ្នកកាន់ចំនួនតិចតួចប្រមាណជា ០.៣%។
លក្ខណៈភូមិសាស្ត្រ

ខេត្តបាត់ដំបង គឺជាខេត្តមួយស្ថិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជាមានចម្ងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តសៀមរាប បឹងទន្លេសាបខាងលិចជាប់នឹងខេត្តប៉ៃលិន ខេត្តច័ន្ទបុរីខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ និង ខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់។នៅភាគខាងលិចមានព្រំប្រទល់ប្រវែង ១៤៤.៨ គីឡូម៉ែត្រជាប់នឹងខេត្តច័ន្ទបុរី ខេត្តត្រាច និង ខេត្តស្រះកែវ។ខេត្តបាត់ដំបងមានផ្ទៃដីចំនួន ១១៧០២ គីឡូម៉ែត្រការ៉េមានក្រុងចំនួន ០១ ស្រុកចំនួន ១៣ ឃុំចំនួន ៩៣ សង្កាត់ ១០ និង ភូមិចំនួន ៨១០។ខេត្តនេះមានច្រកទ្វារព្រំដែនអន្តរជាតិ ០១ គឺច្រកដូងនៅក្នុងស្រុកកំរៀងនិងច្រកទ្វារតំបន់ព្រំដែន ០៤ ទៀតគឺច្រកទ្វារគីឡូ ១៣(ភ្នំដី)នៅក្នុងស្រុកសំពៅលូន ច្រកទ្វារអូររំដួលនៅក្នុងស្រុកភ្នំព្រឹក ច្រកទ្វារអូរអន្លក់(សួនស៊ុំ)នៅក្នុងស្រុកកំរៀង និង ច្រកទ្វារឆករកា(៤០០)នៅក្នុងស្រុកសំឡូត។[៥]
Remove ads
រដ្ឋបាល
ខេត្តបាត់ដំបង ចែកចេញជា ១៤ ក្រុង/ស្រុក ១០៣ សង្កាត់/ឃុំ និង ៨១០ ភូមិ[៦][៧]៖
Remove ads
តំបន់ទេសចរណ៍ខេត្តបាត់ដំបង
តំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបងត្រូវបានបែងចែកជា ០៤ ប្រភេទគឺរមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានធម្មជាតិកែច្នៃ និង រមណីយដ្ឋានវប្បធម៌។[៨]
រមណីយដ្ឋានប្រវត្តិសាស្រ្ត
រមណីយដ្ឋានធម្មជាតិ
- រមណីយដ្ឋានស្ទឹងគ្រញូង
រមណីយដ្ឋានស្ទឹងក្រញូង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលមានទីតាំងស្ថិតនៅភាគខាងលិចឈៀងខាងត្បូងក្រុងបាត់ដំបងមានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីក្រុងបាត់ដំបងស្ថិតនៅក្នុងភូមិសាស្ត្រភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូចនិងធំដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់នឹងមាត់ស្ទឹងដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា។ភ្ញៀវទេសចរអាចចុះងូតទឹកលេងកម្សាន្តនៅក្នុងស្ទឹងមានថ្មរដិបរដុបផុសរាយប៉ាយនៅពេលបុណ្យចូលឆ្នាំម្តងៗមានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះរាប់ពាន់នាក់។[៩]
- រមណីយដ្ឋានធម្មជាតិថ្វាកស្រុករតនៈមណ្ឌល
រមណីយដ្ឋានធម្មជាតិថ្វាក គឺជារមណីយដ្ឋានមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងលិចក្រុងបាត់ដំបងមានចម្ងាយប្រមាណជា ៤៥ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង។ភ្ញៀវទេសចរអាចធ្វើដំណើរទៅកម្សាន្តតាមផ្លូវជាតិលេខ ៥៧។រមណីយដ្ឋាននេះស្ថិតនៅក្នុងស្ទឹងសង្កែ ភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាននៅទីនោះ។ចាប់ពីឆ្នាំ ២០១១ រមណីយដ្ឋាននេះចាប់ផ្តើមពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិមកលេងទឹកនិងសម្រាកកម្សាន្ត។នៅរដូវប្រាំងកម្រិតទឹករាក់ល្មមសម្រាប់ភ្ញៀវទេសចរអង្គុយលេងនៅក្នុងស្ទឹងលើថ្មរដេបរដុប។ទីនេះមានដើមឈើធំៗផ្ដល់ជាម្លប់និងគុម្ពឬស្សីជាច្រើនដុះតាមច្រាំងផ្លូវចូលទៅលេងអមទៅដោយតូបដែលសាងសង់ឡើងសម្រាប់ឲ្យភ្ញៀវទេសចរសម្រាកកាយ។ភ្ញៀវទេសចរអាចគយគន់នូវទេសភាពធម្មជាតិនៅតាមមាត់ស្ទឹងស្ដាប់សម្លេងទឹកហូរនិងសត្វយំដ៏ខ្ញៀវខ្ញានិងមុជទឹកកម្សាន្ត។ជាពិសេសទៅទៀតនោះកន្លែងកម្សាន្តនេះមានផ្ទៃទឹកហូររាបស្មើនិងមានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្មធំតូចគួរជាទីកម្សាន្តយ៉ាងមនោរម្យ។នៅថ្ងៃឈប់សម្រាកនិងនៅក្នុងពេលបុណ្យទានធំៗម្តងៗពិសេសបុណ្យចូលឆ្នាំខ្មែរមានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេងទឹកនៅរមណីយដ្ឋាននេះ។និយាយរួមរមណីយដ្ឋាននេះមានលក្ខណៈល្អគ្រប់គ្រាន់សម្រាប់ធ្វើជាកន្លែងកម្សាន្ត លេងទឹក និង សម្រាកកាយយ៉ាងសប្បាយរីករាយ។[១០]
- រមណីយដ្ឋានធម្មជាតិភ្នំកាច់ផ្កា
រមណីយដ្ឋានភ្នំកាច់ផ្កា គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនិងមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបងស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្រះថត ឃុំព្រះត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។បច្ចុប្បន្ននេះភ្នំកាច់ផ្កាបានរៀបចំជាបណ្តើរៗដោយគណៈកម្មការវត្តនិងមានកាំជណ្តើរប្រមាណជាង ៣០០ កាំសម្រាប់ឡើងទៅលើកំពូលភ្នំ។ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ០៥ ហួសពីទីរួមស្រុកមោងឬស្សីប្រមាណ ០៥ គីឡូម៉ែត្ររួចបត់ស្តាំទៅត្រង់។ឈ្មោះភ្នំកាច់ផ្កាកាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំងមឿងបានធ្វើដំណើរចូលទៅប្រទេសសៀមហើយបានឆ្លងកាត់ស្នាក់នៅក្នុងតំបន់នេះបណ្តោះអាសន្នគាត់ក៏បានជួបនិងស្រឡាញ់នារីម្នាក់ឈ្មោះនាងសក់ក្រអូបដែលរស់នៅក្បែរជើងភ្នំនេះដោយនាងអាស្រ័យផលផ្លែឈើនិងទឹកនៅលើខ្នងភ្នំនោះ។នៅលើខ្នងភ្នំមានអណ្តូងស័ក្តិសិទ្ធិមួយដែលហ៊ុំព័ទ្ធទៅដោយផ្កាចម្រុះពណ៌ជារៀងរាល់ថ្ងៃនាងសក់ក្រអូបតែងតែទៅកាច់ផ្កាទៅថ្វាយព្រះនៅជិតអណ្តូងស័ក្តិសិទ្ធិនោះហើយមេទ័ពដែលបានលួចស្រឡាញ់នារីនោះបានដាក់ឈ្មោះភ្នំនេះថាភ្នំកាច់ផ្ការហូតមក។លក្ខណៈសម្បត្តិៈនៃរមណីយដ្ឋាននេះគឺមានធម្មជាតិដ៏សែនមនោរម្យនៅលើខ្នងភ្នំមានអណ្តូងទឹកស័ក្តិសិទ្ធិមួយកន្លែងដែលប្រជាជនតែងតែទៅបន់ស្រន់និងសុំទឹកស័ក្តសិទ្ធិមកទទួលទានឬមុជដើម្បីព្យាបាលរោគ មានផ្ទាំងថ្មធំៗបន្តុបលើគ្នាដែលជាកន្លែងលេងសម្រាប់ប្រជាពលរដ្ឋស្រូបយកខ្យល់បរិសុទ្ធបើយើងមើលពីលើខ្នងភ្នំយើងនឹងឃើញវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក មានល្អាងមួយយ៉ាងធំនៅក្នុងភ្នំ(អ្វីដែលចម្លែកនោះគឺយើងចូលរូងភ្នំពីលើកំពូលភ្នំទៅវិញ) និង មានវត្តមួយដែលប្រជាពលរដ្ឋតែងតែទៅធ្វើបុណ្យទាននៅទីនោះយ៉ាងច្រើនកុះករ។[១១]
- រមណីយដ្ឋានភ្នំព្រះ
រមណីយដ្ឋានភ្នំព្រះ គឺជារមណីយដ្ឋានមួយដែលមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីក្រុងបាត់ដំបងស្ថិតនៅក្នុងភូមិសាស្រ្តភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបងភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ០៥ ហួសពីទីរួមស្រុកមោងឬស្សីប្រមាណ ០៥ គីឡូម៉ែត្ររួចបត់ស្តាំហើយបន្តដំណើរទៅត្រង់។នៅក្នុងអំឡុងឆ្នាំ ១៩៨០ ប្រជាជនបានចូលទៅកាប់វល្លិ៍នៅក្នុងភ្នំនេះក៏ប្រទះឃើញនូវព្រះពុទ្ធរូបជាច្រើនអង្គនៅក្នុងរូងភ្នំហើយក៏បានហៅភ្នំនោះថាភ្នំព្រះរហូតដល់សព្វថ្ងៃ។លក្ខណៈសម្បត្តិនៃរមណីយដ្ឋាននេះគឺមានទេសភាពល្អត្រកាល មានទីវាលយ៉ាងធំក្រាលដោយថ្មដែលកើតឡើងដោយធម្មជាតិ មានផ្ទាំងថ្មធំៗដែលមានរូបរាងដួចសត្វអណ្តើក កង្កែប និង ដូចកំណាត់ឈើដែលគេកាត់ជាកង់ៗជាដើម មានរូបចម្លាក់មេទ័ពឆ្លាក់ជាប់នឹងថ្មដែលយើងសន្មត់ថាជាចម្លាក់តាំងពីសម័យអង្គរ និង មានវត្តមួយដែលប្រជាពលរដ្ឋតែងតែទៅធ្វើបុណ្យទាននៅទីនោះយ៉ាងច្រើនកុះករ។[១២]
- រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់
រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ គឺជារមណីយដ្ឋានធម្មជាតិដែលមានទីតាំងស្ថិតនៅក្នុងភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងមានចម្ងាយប្រមាណ ២៣ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាងភ្នំនាងរំសាយសក់។ភ្ញៀវទេសចរណ៍អាចធ្វើដំណើរពីក្រុងបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅទិសខាងត្បូងនៅលើផ្លូវទៅប្រាសាទបាណន់ដែរពេលធ្វើដំណើរទៅដល់ផ្លូវបំបែកទៅភ្នំសំពៅបត់ឆេ្វងហើយធ្វើដំណើរទៅរហូតទៅដល់ក្លោងទ្វារវត្ដរួចចូលតាមក្លោងទ្វារវត្ដបន្ដរហូតទៅដល់ភ្នំនាងរំសាយសក់។ភំ្ននាងរំសាយសក់នោះមានប្រវត្ដិដើមទាក់ទងនៅក្នុងរឿងព្រេងខ្មែរបុរាណយូរលង់ណាស់មកហើយដែលតែងតែតំណាលតៗគ្នារហូតមកដល់សព្វថ្ងៃនេះ។រឿងព្រេងនេះវាមានប្រវត្ដិទាក់ទងគ្នាទៅនឹងភ្នំបាណន់ ភ្នំសំពៅ ភ្នំតាង៉ែត ភ្នំនាងរំសាយសក់ ភ្នំក្ដោង ភ្នំទ្រុងមាន់ ភ្នំទ្រុងទាជាដើម(សូមអានរឿងព្រះចៅរាជកុលនិងនាងរំសាយសក់)។ល្អាងភ្នំធម្មជាតិមានជណ្ដើរធ្វើពីបេតុងនិងមានបង្កាន់ដៃឡើងរហូតទៅដល់មាត់ល្អាង។ភ្ញៀវទេសចរអាចមើលឃើញនូវទេសភាពដ៏ល្អប្រណិតពីលើកំពូលភ្នំនូវវាលស្រែចម្ការដ៏ធំល្វឹងល្វើយនិងទេសភាពព្រៃភ្នំទាំងឡាយដ៏ខៀវស្រង៉ាត់។នៅលើភ្នំនាងរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសម្រាប់ការបន់ស្រន់សុំសេចក្ដីសុខសប្បាយ។យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរដែលបានសាងសង់ហើយនៅក្នុងល្អាងនេះមានសភាពងងឹតហើយត្រជាក់។នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរចាស់កេ្មងតែងតែនាំគ្នាទៅលេងកម្សាន្តយ៉ាងសប្បាយ។លើសពីនេះទៅទៀតក៏មានការរៀបចំដាក់ភ្លើងនៅក្នុងល្អាង ផ្លូវចូលល្អាង នៅក្នុងវត្ដភ្លឺព្រោងព្រាតនៅក្នុងបុណ្យទានផេ្សងៗ។រីឯនៅជើងភ្នំមានព្រះវិហារមួយដែលកំពុងសាងសង់និងមានទីធ្លាវត្ដដ៏ធំមានសួនច្បារ មានផ្លូវ និង មានការរៀបចំឡើងយ៉ាងល្អប្រពៃ។[១៣]
- រមណីយដ្ឋានទេសចរណ៍ល្អាងភ្នំក្រពើ
រមណីយដ្ឋានទេសចរណ៍ល្អាងភ្នំក្រពើ គឺជារមណីយដ្ឋានទេសចរណ៍ស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបងដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រពើខាងត្បូង ភូមិក្រពើខាងកើត និង ភូមិក្រពើខាងជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងមានចម្ងាយ ១៧.១៧ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ភ្នំក្រពើយើងអាចធ្វើដំណើរទៅកាន់ភ្នំនេះបានតាមផ្លូវជាតិលេខ ៥៧ ដោយរថយន្ដឬម៉ូតូបានដោយសុវត្ថិភាព។ល្អាងភ្នំក្រពើកកើតឡើងពីធម្មជាតិដែលស្ថិតនៅលើភ្នំក្រពើនិយាយរួមមកភ្នំក្រពើនេះក៏មានតំណាលនៅក្នុងប្រជុំរឿងព្រេងខ្មែរគឺរឿងព្រះចៅរាជកុលនិងនាងរំសាយសក់ប្រហាក់ប្រហែលនឹងភ្នំសំពៅដែរដែលវាមានការជាប់ទាក់ទងទៅនឹងភ្នំក្រពើ ភ្នំនាងរំសាយសក់ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និង ភ្នំក្ដោង។នៅលើភ្នំក្រពើនេះក៏មានល្អាងផងដែរលើសពីនេះទៅទៀតគឺមានបឹងច្រមុះនិងបឹងកន្ទុយព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំ។ល្អាងភ្នំក្រពើនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរទៅកម្សាន្តពីព្រោះវានៅមិនខ្ពស់ពីដីដែលមានកម្ពស់ប្រហែលជា ០៤ ទៅ ០៥ ម៉ែត្រពីជើងភ្នំប៉ុណ្ណោះ។ល្អាងនេះមានខ្យល់អាកាសបរិសុទ្ធល្អត្រជាក់មានទីធ្លាធំទូលាយនិងផ្ទាំងថ្មធំៗសម្រាប់សម្រាកលំហែកាយ។ជាពិសេសទៅទៀតនោះគឺវាមានកាំជណ្ដើរឡើងទៅដល់កំពូលភ្នំដែលមានព្រះវិហារកំពុងតែសាងសង់ហើយនៅពីលើកំពូលភ្នំនេះយើងអាចស្រូបយកខ្យល់បរិសុទ្ធនិងទស្សនានូវទេសភាពយ៉ាងល្អស្រស់ត្រកាលដែលនៅជុំវិញភ្នំក្រពើនេះ។[១៤]
- រមណីយដ្ឋានពពុះថ្ម
រមណីយដ្ឋានពពុះថ្ម មានទីតាំងស្ថិតនៅក្នុងភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្ដបាត់ដំបងដែលមានចម្ងាយប្រមាណ ៣៦.៨២ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់រមណីយដ្ឋានពពុះថ្ម។ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទីនោះដោយរថយន្ដឬម៉ូតូតាមផ្លូវទៅកាន់ប្រាសាទបាណន់បានដោយសុវត្ថិភាព។រមណីយដ្ឋានពពុះថ្មគឺជារមណីយដ្ឋានធម្មជាតិដែលមានទីតាំងស្ថិតនៅស្របតាមដងស្ទឹងដែលមានប្រជាប្រិយភាពតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះហើយក្រោយមកក៏ត្រូវបានបោះបង់ចោលនៅក្នុងអំឡុងឆ្នាំ ១៩៧៥ ដោយសារតែតំបន់នេះគឺជាតំបន់សមរភូមិ។វាគឺជារមណីយដ្ឋានដែលផ្ដល់នូវភាពងាយស្រួលសម្រាប់ការកម្សាន្ត សម្រាកលំហែកាយ លេងទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ចូលទស្សនាល្អាងភ្នំប្រាក់នៅជិតនឹងរមណីយដ្ឋានពពុះថ្មនោះទៀតផង។រមណីយដ្ឋាននេះគឺជារមណីយដ្ឋានធម្មជាតិដែលមានព្រៃដុះក្រាស់ផ្ដល់ជាម្លប់ប្រជាក់សម្រាប់ភ្ញៀវទេសចរមកអង្គុយលេងកម្សាន្តមានទឹកស្ទឹងថ្លាឆ្វង់សម្រាប់ងូតកម្សាន្តនិងមានផ្ទាំងថ្មធំៗ ថ្មប៉ប្រះទឹក ខ្សាច់សស្អាតនៅបាតស្ទឹងហើយនៅរដូវប្រាំងទឹកហូរជ្រែកផ្ទាំងថ្មបង្កើតបានជាពពុះទើបប្រជាជននិងភ្ញៀវទេសចរឲ្យឈ្មោះកន្លែងនេះថាពពុះថ្ម។លើសពីនេះទៅទៀតនៅជិតនឹងពពុះថ្មនេះមានភ្នំមួយគឺភ្នំប្រាក់ដែលមានដើមឈើយ៉ាងស្រស់បំព្រងនិងមានល្អាងជាច្រើនដែលអាចឲ្យយើងចូលទស្សនាបានទៀតផង។[១៥]
- រមណីយដ្ឋានព្រែកទាល់ខេត្តបាត់ដំបង
រមណីយដ្ឋានព្រែកទាល់ គឺជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរដែលស្ថិតនៅខាងជើងឈៀងខាងលិចនៃក្រុងបាត់ដំបងមានចម្ងាយស្មើនឹងពាក់កណ្តាលផ្លូវនៃការធ្វើដំណើរតាមទូកពីខេត្តបាត់ដំបងទៅខេត្តសៀមរាប។ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានដោយមធ្យោបាយទូក កាណូត អូប័រ និង ប្រើពេលប្រមាណ ០៧ ម៉ោងនៅក្នុងរដូវវស្សានិង ១០ ម៉ោងនៅក្នុងរដូវប្រាំងអាស្រ័យលើល្បឿនកាណូត។រមណីយដ្ឋានព្រែកទាល់គឺជារមណីយដ្ឋានជម្រកសត្វស្លាបអាថ៌កំបាំងធម្មជាតិនៅក្នុងតំបន់ទន្លេសាបមួយដែលមានតាំងពីយូរលង់ណាស់មកហើយនៅទីនោះគឺជាជម្រកសត្វស្លាបដ៏ធំមួយនិងជាប្រភពតំណពូជសម្រាប់សត្វបក្សាបក្សីគ្រប់ប្រភេទ។[១៦]
- រមណីយដ្ឋានល្អាងភ្នំទាក់ទ្រាំងខេត្តបាត់ដំបង
រមណីយដ្ឋានល្អាងភ្នំទាក់ទ្រាំង មានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំងដែលមានចម្ងាយ ៤១ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាង។យើងអាចធ្វើដំណើរទៅកាន់ភ្នំទាក់ទ្រាំងដោយចេញដំណើរពីក្រុងបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ ទៅដល់សាលារៀនគីឡូ ៣៨ រួចបត់ស្ដាំដែលមានចម្ងាយ ០៣ គីឡូម៉ែត្រពីថ្នល់ជាតិយើងនឹងទៅដល់ភ្នំទាក់ទ្រាំងដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិគីឡូ ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។រមណីយដ្ឋានល្អាងភ្នំទាក់ទ្រាំងគឺជាល្អាងភ្នំមួយដែលកើតមានឡើងតាំងពីយូរយារណាស់មកហើយដែលយើងពុំអាចកំណត់ថានៅឆ្នាំណានោះទេវាគឺជាល្អាងដែលស្ថិតនៅក្នុងរូងភ្នំដែលមានលក្ខណៈបត់បែនទៅតាមស្ថានភាពពីធម្មជាតិរបស់វា។[១៧]
- រមណីយដ្ឋានទឹកធ្លាក់អូរជាំស្រុកសំឡូត
រមណីយដ្ឋានទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឈៀងខាងត្បូងក្រុងបាត់ដំបងមានចម្ងាយ ៨០ គីឡូម៉ែត្រពីក្រុងបាត់ដំបងស្ថិតនៅក្នុ្នងភូមិសាស្រ្តភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។ទឹកធ្លាក់អូរជាំត្រូវបានរកឃើញនៅក្នុងឆ្នាំ ២០០៣ ដោយប្រជាជនដែលទៅរស់នៅទីនោះ។រហូតដល់ឆ្នាំ ២០០៧ ក៏មានប្រជាជនចូលទៅលេងទីនោះតែឃើញរឿងចម្លែកមួយគឺទឹកធ្លាក់ដែលមើលឃើញនោះថតអត់ជាប់បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។រហូតមកដល់ចុងឆ្នាំ ២០១៣ មានមន្ត្រីបរិស្ថាននិងសហគមន៍មួយឈ្មោះសហគន៍តំបន់ការពារធម្មជាតិអូរជាំបានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូរជាំនេះ។ទឹកធ្លាក់នេះមានរយៈកម្ពស់ ៣០ ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗនិងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជាមានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្ម និង ទឹកធ្លាក់ជាបណ្តាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កើតជាបរិយាកាសសប្បាយរីករាយដល់ភ្ញៀវទេសចរមកទស្សនា។[១៨]
រមណីយដ្ឋានធម្មជាតិកែច្នៃ
រមណីយដ្ឋានវប្បធម៌
Remove ads
ឯកសារពិគ្រោះ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
















