សហភាពសូវៀត

From Wikipedia, the free encyclopedia

សហភាពសូវៀត
Remove ads

សហភាពសូវៀត (ភាសារុស្ស៊ី៖ Советский Союз) ដោយមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត (សសសស) (​ភាសារុស្ស៊ី​៖ Сою́з Сове́тских Социалисти́ческих Респу́блик) គឺជារដ្ឋកុម្មុយនីស្តមួយដែលគ្របដណ្ដប់លើតំបន់អឺរ៉ាស៊ីស្ទើរទាំងមូលពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១។ ជាធម្មតា គេបានចាត់ទុកវាជារដ្ឋសហភាពសហព័ន្ធមួយដែលមានសាធារណរដ្ឋសូវៀតជាតិជាច្រើន ហើយជាក់ស្តែងមានរដ្ឋាភិបាល និងសេដ្ឋកិច្ចមជ្ឈការ។ ប្រទេសនេះគឺជារដ្ឋឯកបក្សដែលដឹកនាំដោយបក្សកុម្មុយនីស្តនៃសហភាពសូវៀតម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតដែលមានទីតាំងស្ថិតនៅក្នុងសាធារណរដ្ឋធំបំផុតនៃសហភាពនេះពោលគឺ សាធារណរដ្ឋសូវៀតរុស្ស៊ី។ វាធ្លាប់ជាប្រទេសធំជាងគេបង្អស់នៅលើពិភពលោកដោយបានគ្របដណ្តប់លើក្រឡាផ្ទៃសរុបជាង ២២,៤០២,២០០ គីឡូម៉ែត្រាការ៉េ និងឆ្លងកាត់ល្វែងម៉ោងចំនួន ១១។

ព័ត៌មានសង្ខេប សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត Союз Советских Социалистических Республик, រដ្ឋធានី និង ទីក្រុងធំបំផុត ...
Remove ads

ឫសដើមកំណើតនៃសហភាពសូវៀតបានចាប់កើតមានឡើងនៅក្នុងបដិវត្តន៍ខែតុលានៃឆ្នាំ១៩១៧ ដែលជាពេលដែលក្រុមបក្សបុលសេវិកក្រោមការដឹកនាំរបស់វ្លាឌីមៀរ លេនីនបានទទួលជ័យជំនះក្នុងការផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។ រួច ពួកគេក៏រួមគ្នាបង្កើតចេញជា សាធារណរដ្ឋសូវៀតរុស្ស៊ីដែលជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ ជាលទ្ធផល សង្គ្រាមស៊ីវិលក៏បានផ្ទុះឡើងរវាងក្រុមបដិវត្តន៍"ក្រហម" និងក្រុមអ្នកប្រឆាំង"បដិវត្តន៍ស"។ កងទ័ពក្រហមបានវាតទីចូលទៅក្នុងដែនដីជាច្រើន (ដែលជាអតីតទឹកដីនៃចក្រភពរុស្ស៊ី) ហើយបានគាំទ្រនិងជួយក្រុមបុលសេវិកនៅតាមតំបន់នីមួយៗឱ្យឡើងគ្រប់គ្រងតំបន់របស់ពួកគេ។ ដល់ឆ្នាំ១៩២២ ក្រុមបុលសេវិកក៏បានលេចខ្លួនឡើងជាអ្នកឈ្នះសង្គ្រាមស៊ីវិល រួចក៏បង្កើតសហភាពសូវៀតឡើងដោយបង្រួបបង្រួមសាធារណរដ្ឋមួយចំនួនដែលបានបែកបាក់ពីគ្នាកាលនៅក្នុងសង្គ្រាម។ បន្ទាប់ពីសង្រ្គាមស៊ីវិលបានបញ្ចប់ រដ្ឋាភិបាលរបស់លេនីនបានអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចថ្មី ដែលនាំឱ្យមានទីផ្សារសេរី និងទ្រព្យសម្បត្តិឯកជន។ ទាំងនេះគឺជាមូលហេតុដែលនាំឱ្យសេដ្ឋកិច្ចប្រទេសកុម្មុយនីស្តដ៏ថ្មីថ្មោងនេះមានឱកាសងើបឡើងស្តារខ្លួនជាមហាអំណាចពិភពលោក។

បន្ទាប់ពីលេនីនបានទទួលមរណភាពនៅក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនក៏បានឡើងកាន់អំណាចបន្ត។[] អំឡុងពេលកាន់អំណាច ស្តាលីនបានកម្ចាត់ចោលរាល់បុគ្គលណាដែលជំទាស់ឬប្រឆាំងនឹងការដឹកនាំរបស់លោកនៅក្នុងបក្សកុម្មុយនីស្ត ហើយបានចាប់អនុវត្តសេដ្ឋកិច្ចផែនការ។ ជាលទ្ធផល សហភាពសូវៀតបានវិវត្តទៅជាប្រទេសដែលមានវិស័យឧស្សាហកម្មមាំមួន និងការងារសមូហភាពខ្ពស់ ទាំងនេះបានឱ្យមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏បានរួមចំណែកដល់គ្រោះទុរ្ភិក្សក្នុងឆ្នាំ១៩៣២-១៩៣៣ ផងដែរ។ ស្តាលីនក៏កើតយមានសេចក្តីភ័យបារម្ភខាងផ្នែកនយោបាយ ហើយបានចាត់វិធានការបោសសម្អាតក្នុងបំណងដកក្រុមអ្នកប្រឆាំងផ្ទៃក្នុងចេញពីបក្ស តាមរយៈការចាប់ខ្លួនមេដឹកនាំយោធា សមាជិកបក្ស និងប្រជាពលរដ្ឋសាមញ្ញៗដែលក្រោយមក ពួកគេត្រូវបានបញ្ជូនទៅជំរុំឃុំឃាំង ឬត្រូវកាត់ទោសប្រហារជីវិត។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ សូវៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយអាល្លឺម៉ង់ណាស៊ី។ នៅដើមសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានឈ្លានពាននិងកាត់ទឹកដីនៃរដ្ឋអឺរ៉ុបខាងកើតមួយចំនួនដូចជា ទឹកដីប៉ែកខាងកើតនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។ នៅខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ក៏បានវាយចូលឈ្លានពានសហភាពសូវៀត ព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមនៃការប្រយុទ្ធបង្ហូរឈាមគ្នាក៏ព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្រ្តជម្លោះប្រដាប់អាវុធ។ សហភាពសូវៀតបានបាត់បង់ចំនួនប្រជាជនយ៉ាងច្រើននៅក្នុងសង្គ្រាមលោកលើកទី២ ទាំងទាហាននិងប្រជាជនស្លូតត្រង់ដោយសារតែអំពើឃោរឃៅបង្កដោយពួកណាស៊ី។ តែមិនយូរប៉ុន្មាន សូវៀតក៏បានវាយបកមកវិញ ហើយនៅទីបំផុតក៏បានដណ្តើមកាន់កាប់ទីក្រុងប៊ែរឡាំង (រដ្ឋធានីអាល្លឺម៉ង់) នៅក្នុងឆ្នាំ១៩៤៥។ ក្រោយពីចប់សង្គ្រាម ទឹកដីនិងតំបន់ដែលដណ្តើមបានដោយកងទ័ពក្រហមក៏បានក្លាយជារដ្ឋរណបនៃប្លុកខាងកើតសង្គ្រាមត្រជាក់ក៏ចាប់លេចឡើងនៅឆ្នាំ១៩៤៧ នៅពេលដែលប្លុករបស់សូវៀតកំពុងប្រឈមតទល់នឹងរដ្ឋខាងលិចដែលបានសហការគ្នា បង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ/អូតង់) នៅក្នុងឆ្នាំ១៩៤៩។

បន្ទាប់ពីមរណភាពរបស់ស្តាលីននៅឆ្នាំ១៩៥៣ សូវៀតក៏ចូលមកដល់សម័យវិស្តាលីននីយកម្ម ដែលជារយៈកាលនៅក្រោមការដឹកនាំដោយនីគីតា គ្រូឆេវ។ ក្នុងរយៈពេលនេះ សហភាពសូវៀតបានទទួលនូវការអភិវឌ្ឍន៍យ៉ាងរហ័ស ដោយទាសករនិងកសិកររាប់លាននាក់ត្រូវបានផ្លាស់ប្តូរទៅរស់នៅក្នុងទីក្រុងឧស្សាហកម្មធំៗ។ សហភាពសូវៀតបានក្លាយជារដ្ឋនាំមុខគេនៅក្នុងការប្រណាំងប្រជែងអវកាសដោយបានបញ្ជូនផ្កាយរណបនិងមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអវកាស។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានមានភាពធូរស្រាលបន្តិចបន្តួចដោយគេតែងនិយមហៅវាថា ដេតង់ (បារាំង៖ Détente) ក៏ប៉ុន្តែមិនយូរប៉ុន្មាន ភាពតានតឹងរវាងប្រទេសទាំងពីរក៏ត្រឡប់មកវិញ បន្ទាប់ពីសូវៀតបានបញ្ជូនទ័ពចូលក្នុងប្រទេសអាហ្វហ្កានីស្ថាន

នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ មេដឹកនាំសូវៀតចុងក្រោយបំផុតគឺលោកមីខាអ៊ីល ហ្គ័របាឆូវបានបន្តរកធ្វើកំណែទម្រង់ និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចបន្ថែមទៀតតាមរយៈគោលនយោបាយ ក្លាណូស និង ពេរ៉ូស្ត្រួយកា។ គោល​ដៅចម្បង​គឺ​ដើម្បី​រក្សា​បក្ស​កុម្មុយនីស្ត​ឱ្យនៅដដែរខណៈ​ពេល​ដែលដោះស្រាយបញ្ហាសេដ្ឋកិច្ចកំពុងជាប់គាំង។ សង្រ្គាមត្រជាក់បានបញ្ចប់ ហើយនៅឆ្នាំ១៩៨៩ បណ្តាប្រទេសក្នុងកតិកាសញ្ញាវ៉ាសូរីនៅខាងប៉ែកអឺរ៉ុបកណ្តាល និងខាងកើតបានចាប់ផ្ដើមផ្តួលរំលំរបបម៉ាក្ស-លេនីននិយមរៀងៗខ្លួនរបស់ពួកគេ។ កំណើនចលនាជាតិនិយម និងបំបែកខ្លួននិយមបានផ្ទុះឡើងនៅទូទាំងសហភាពសូវៀត។ ហ្គ័របាឆូវក៏បានផ្តួចផ្តើមការបោះឆ្នោតប្រជាមតិមួយ (ដែលត្រូវបានធ្វើពហិការដោយប្រទេសលីទុយអានី ឡេតូនី អេស្តូនី អាមេនី ចចជី និងម៉ុលដាវី) ហើយលទ្ធផលបានបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋភាគច្រើនដែលបានចូលរួមបោះឆ្នោតនោះគឺគាំទ្រអភិរក្សសហភាពសូវៀតជាសហព័ន្ធថ្មីមួយទៀត។ នៅខែសីហា ឆ្នាំ១៩៩១ កិច្ចប្រឹងប្រែងធ្វើរដ្ឋប្រហារមួយត្រូវបានប្រព្រឹត្តិធ្វើឡើងដោយក្រុមអ្នកកុម្មុយនីស្តជ្រុលនិយម។ ទោះយ៉ាងណា រដ្ឋប្រហារនោះបានទទួលបរាជ័យ ដោយប្រធានាធិបតីរុស្ស៊ីពេលនោះគឺលោកបូរីស យែលស៊ីនបានដើរតួយ៉ាងសំខាន់ក្នុងការប្រឈមនឹងរដ្ឋប្រហារ។ លទ្ធផលសំខាន់ចម្បងគឺការហាមឃាត់នូវអត្ថិភាពបក្សកុម្មុយនីស្ត។ ជាបន្ទាប់ សាធារណរដ្ឋថ្មីពីរគឺរុស្ស៊ី និងអ៊ុយក្រែនក៏បានប្រកាសឯករាជ្យ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ ហ្គ័របាឆូវបានលាលែងពីតំណែងជាប្រធានាធិបតី។ សាធារណរដ្ឋទាំងអស់ដែលធ្លាប់នៅក្នុងសហភាពសូវៀតបានលេចខ្លួនឡើងជារដ្ឋឯករាជ្យ។ សហព័ន្ធរុស្ស៊ី (អតីត សសសស រុស្ស៊ី) បានទទួលយកសិទ្ធិ និងកាតព្វកិច្ចរបស់សហភាពសូវៀត ហើយត្រូវបានទទួលស្គាល់ថាជាបុគ្គលិកលក្ខណៈផ្លូវច្បាប់បន្តពីសូវៀតនៅក្នុងកិច្ចការពិភពលោក។

សហភាពសូវៀតបានបង្កើតសមិទ្ធិផលសង្គម និងបច្ចេកវិទ្យាសំខាន់ៗជាច្រើន និងនវានុវត្តន៍ទាក់ទងនឹងអំណាចយោធា។ វា​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​លើ​ពិភពលោក និង​ជា​យោធា​ឈរ​ជើង​ធំ​ជាង​គេ​លើ​ពិភពលោក។[][][១០] សហភាពសូវៀតត្រូវបានគេទទួលស្គាល់ថាជារដ្ឋមួយក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំ។ វាគឺជាសមាជិកស្ថាបនិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាសមាជិកនៃអង្គការដើម្បីសន្តិសុខ​ និងសហ​ប្រតិបត្តិការ​នៅអឺរ៉ុប សហព័ន្ធសហជីពពិភពលោក និងជាសមាជិកនាំមុខគេនៃ[[[ក្រុមប្រឹក្សាសម្រាប់ជនុបត្ថម្ភសេដ្ឋកិច្ច]] និងកតិកាសញ្ញាវ៉ាសូរី

មុនពេលរំលាយ សហភាពសូវៀតបានរក្សាឈ្មោះជាមហាអំណាចមួយ រួមជាមួយសហរដ្ឋអាមេរិកអស់រយៈពេលបួនទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទីពីរ។ ពេលខ្លះត្រូវបានគេហៅថា "ចក្រភពសូវៀត" វាបានអនុវត្តអនុត្តរភាពរបស់ខ្លួននៅអឺរ៉ុបខាងកើត-កណ្តាល និងនៅទូទាំងពិភពលោកជាមួយនឹងកម្លាំងយោធា និងសេដ្ឋកិច្ច ជម្លោះប្រូកស៊ី និងឥទ្ធិពលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងការផ្តល់មូលនិធិដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសផ្នែកបច្ចេកវិទ្យាអវកាស និងសព្វាវុធ។ល។[១១][១២]

Remove ads

ការបង្កើតរបបសមូហភាព

មុន​សង្គ្រាមលោកលើកទី១ ប្រទេស​ភាគច្រើន​នៅ​ទ្វីបអឺរ៉ុប រួមទាំង​ប្រទេស​រូស៊ី​ផងដែរ សុទ្ធតែ​ជា​ប្រទេស​កាន់​របបរាជានិយម។ ប៉ុន្តែ​ក្រោយ​សង្គ្រាមលោកលើកទី១​មក ប្រទេស​ទាំងនោះ​ក៏​ប្ដូរ​របបនយោបាយ​ស្ទើរតែ​ទាំងអស់​។
រូស៊ី ជាប្រទេសកាន់របបរាជាធិបតេយ្យ តាំងពីដើមរហូតមក បានបញ្ចប់របបនេះត្រឹមបដិវត្តន៍ ខែតុលា ឆ្នាំ១៩១៧ ឬ​សង្គ្រាមលោកលើកទី១
លោក​វ្លាឌីមៀរ អ៊ីលីច លេនីន ជា​អ្នកដឹកនាំ​ធ្វើបដិវត្តន៍​រំលំ​ស្ដេចត្សារ និង​ជា​អ្នកបង្កើត​របបសង្គមនិយម​នៅ​ប្រទេស​រូស៊ី​។ លុះ​គាត់​បាន​កាន់អំណាច​ភ្លាម ដោយ​មាន​ការគាំទ្រ និង​ចូលរួម​ពី​​ប្រទេស និង​រដ្ឋ​ជិតខាង និង​បង្កើត​បដិវត្ត​ជាច្រើន ពិសេស​គឺ​វណ្ណៈកម្មករ និង​កសិករ លោកលេនីន និង​បក្ស​លោក​បាន​ចាត់វិធានការ​ជាច្រើន ដើម្បី​បំបាត់​របបគ្រប់គ្រង​ចាស់​ទាំង​វិស័យ​នយោបាយ យោធា សេដ្ឋកិច្ច និង​សង្គម​។ ក្រោយមក​លោក​បាន​កែប្រែ​ឈ្មោះ​ប្រទេស​រូស៊ី ទៅជា​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត សរសេរ​កាត់​ថាស.ស.ស.ស​។

Remove ads

សាធារណរដ្ឋ​សូវៀត

សហភាពសូវៀត គឺជា​សហភាព ដែល​មាន​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​ជាច្រើន​ជា​សមាជិក​។ ដំបូងឡើយ សាធារណរដ្ឋ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាងរហ័ស ក្រោយ​បដិវត្តន៍​ខែ​តុលា ឆ្នាំ​១៩១៧​។ នៅពេលនោះ សាធារណរដ្ឋ​ទាំងនោះ​បាន​ទទួល​ឯករាជ្យ​ដាច់ដោយឡែក​ពី​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​របស់​ពួកគេ​បាន​ចងសម្ព័ន្ធ​ជាមួយគ្នា យ៉ាង​ជិតស្និទ្ធ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​គណបក្ស​កុម្មុយនិស្តសហភាពសូវៀត។ នៅ​ឆ្នាំ​១៩២២ សាធារណរដ្ឋ​ចំនួន ៤ (រុស្ស៊ី អ៊ុយក្រែន បេឡារុស និង ត្រង់ករកាស៊ី) បាន​រួមគ្នា​បង្កើត​សហភាពសូវៀត​។ រវាង​ឆ្នាំ​១៩២២ ដល់​ឆ្នាំ​១៩៤០ ចំនួន​សាធារណរដ្ឋ​បាន​កើន​ដល់ ១៦​។ សាធារណរដ្ឋ​ថ្មី​ខ្លះ បាន​មក​ដោយសារ​ការដណ្ដើម​បាន​នូវ​ទឹកដី​ថ្មីៗ ការវិលត្រឡប់​ចូល​មកវិញ​នៃ​អាណាខេត្ត​ចាស់​របស់​ចក្រភពរុស្ស៊ី និង​មួយ​ចំនួន​​ទៀត​កើត​ចេញពី​ការបំបែក​នៃ​សាធារណរដ្ឋ​ដែល​មាន​ស្រាប់​។ ចំណុច​វិនិច្ឆ័យ សម្រាប់​បង្កើត​សាធារណរដ្ឋ​ថ្មី ត្រូវ​មាន​លក្ខណៈ​ដូច​ខាងក្រោម​៖

  1. ត្រូវស្ថិតក្នុងបរិមណ្ឌលនៃសហភាពសូវៀត ដែលអាចឲ្យពួកគេមានលទ្ធភាពក្នុងការបញ្ចេញសិទ្ធិសេរីភាព ដើម្បីផ្ដាច់ខ្លួនចេញ
  2. ត្រូវមាន វិស័យសេដ្ឋកិច្ចរីកចម្រើនខ្លាំង ដើម្បីឲ្យពួកគេអាចរស់នៅបានដោយការបំបែកខ្លួនរបស់ពួកគេខាងលើ
  3. និងត្រូវមានឈ្មោះ បន្ទាប់ពីមានការហូរចូលជនបរទេសក្នុងចំនួនអប្បបរមា មួយលាននាក់។

ប្រព័ន្ធ​នេះ​ស្ទើរតែ​គ្មាន​បំលាស់ប្ដូរ​ទាល់តែសោះ នៅ​ក្រោយ​ឆ្នាំ​១៩៤០​។ គ្មាន​សាធារណរដ្ឋ​ថ្មី​ត្រូវ​បាន​បង្កើត​ថែមទៀត​ទេ​។ សាធារណរដ្ឋ​មួយ​គឺ សាធារណរដ្ឋ​សង្គមនិយម​សូវៀតការ៉េឡូ–ហ្វាំងឡង់ ត្រូវ​បាន​ដកចេញ ហើយ​អាណាខេត្ត​នេះ បាន​ក្លាយជា​ផ្លូវការ​ទៅជា​តំបន់​ស្វយ័ត ការែលីន នៃ​សាធារណរដ្ឋ​សហព័ន្ធសង្គមនិយម​សូវៀត​រុស្ស៊ី​។ សាធារណរដ្ឋ ទាំង​១៥ ដែល​នៅសល់​បាន​បន្ត​រហូតដល់​ឆ្នាំ​១៩៩១​។

ព័ត៌មានបន្ថែម សាធារណរដ្ឋ នៃ​សហភាព​សូវៀត, ទង់ជាតិ ...
Remove ads

ឧបសគ្គដែលប្រទេសរុស្ស៊ីជួបប្រទះ

ក្រោយពីបដិវត្តខែតុលា១៩១៧ មកសហភាពសូវៀតបានជួបឧបសគ្គ និងការលំបាកជាច្រើន ដែលពួកគេត្រូវប្រឈមមុខ តស៊ូគ្រប់បែបយ៉ាង ដើម្បីការពារសមិទ្ធិផលបដិវត្តន៍។
អ្នកបដិវត្តទាំងអស់តស៊ូប្រយុទ្ធទល់នឹងពួកប្រឆាំងបដិវត្តន៍ ទាំងក្នុង និងក្រៅប្រទេស ដោយ​ពួក​ទាំងនោះ​មាន​គោលបំណង​ចង់​បំបាត់​របបគ្រប់គ្រង​ថ្មី​នេះ​(កុំមុយនីស)​។

ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេស

ក្នុង​រយៈពេល​​បី​ឆ្នាំ (១៩១៨–១៩២១) សង្គ្រាម​​ផ្ទៃក្នុង​​មួយ​​បាន​កើត​​ពាសពេញ​​ប្រទេស​។ សង្គ្រាម​នេះ​​គឺ​​ពួកប្រឆាំង​​នឹង​​បដិវត្តន៍ ដែល​គេ​ហៅថា ទ័ពទង់ស បាន​បង្កើត​ឡើង​​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​​​យ៉ាង​ចំហ​​ពី​​ពួកបក្សសម្ព័ន្ធ​​ចាស់​​របស់​​សហភាពសូវៀត​។ ដើម្បី​ប្រឈមមុខ​ចំពោះ​មហន្តរាយ​ដ៏ធំ​នេះ​រដ្ឋាភិបាល​កុំមុយនីស​សូវៀ​បាន​ចាត់វិធានការ​យ៉ាងតឹងរ៉ឹង​បំផុត និង​ប្រើ​គ្រប់​មធ្យោបាយ​​សម្រាប់​ប្រយុទ្ធតទល់​នឹង​ពួកបច្ចាមិត្រ​ដ៏ឃោរឃៅ​នេះ ដើម្បី​ការពារ​បដិវត្តន៍​។
ជាអវសាន​ពួកប្រឆាំង​នឹង​បដិវត្តន៍​បាន​ត្រូវ​កម្ទេច​ទាំងអស់​ក្នុងអំលុងពេល​បី​ឆ្នាំ តែ​របបគ្រប់គ្រង​ថ្មី​នេះពុំទាន់​ជឿជាក់​ថា​អាច​ឆ្លងផុត​គ្រោះ​បាន​នៅឡើយ ព្រោះ​នៅពេលជាមួយគ្នា​នេះ​ពួកគេ​ត្រូវ​ប្រយុទ្ធ​​ទប់ទល់​នឹង​សត្រូវ​ក្រៅប្រទេស ដែល​ប៉ង​កម្ទេច​បដិវត្តន៍​ទៀត​។

អន្តរាគមន៍បរទេស

សម្ព័ន្ធមិត្ត​ចាស់ ​(បារាំង អង់គ្លេស ...) របស់​រូស៊ី​មិន​សប្បាយចិត្ត​នឹង​រូស៊ី​ដែល​ស្ថាបនា​របបកុំមុយនីស្ត​នៅ​សហភាពសូវៀត​ឡើយ ហើយ​ខិតខំ​រិះរក​គ្រប់​ឱកាស ដែល​អាច​ធ្វើបាន ដើម្បី​ធ្វើអន្តរាគមន៍​កម្ទេច​បដិវត្តន៍​ចោល​។ ចម្បាំង​ផ្ទៃក្នុង​ដែល​ពួក ទង់ស ហៅថា គូឡាក់ បាន​បង្កើតឡើង​នោះ បាន​អនុញ្ញាតឲ្យ​ពួក​សត្រូវ​បរទេស​ធ្វើអន្តរាគមន៍​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​សហភាព​សូវៀត​។ យ៉ាងណាមិញ​កងទ័ព​ឆេកូស្លូវ៉ាគី បាន​វាយលុកចូល​តំបន់វ៉ុលកា កងទ័ព​អង់គ្លេស​ដណ្ដើម​យកបាន​ទីក្រុងអាកង់សែល ឯ​កងទ័ព​បារាំង​បាន​វាយលុកចូល​ទីក្រុងអូដេសា ហើយ​កងទ័ព​ជប៉ុន​វាយយក​តំបន់វ្ល៉ាឌីវ៉ូស្ដុក​។ ឯកងទ័ព​ប៉ូឡូញ​វាយយកបាន​ទីក្រុងគាវ​។
ចំពោះ​គ្រោះថ្នាក់​ដ៏ធំធេង ដែល​កំពុង​គំរាមកំហែង​បដិវត្តន៍​នេះ រដ្ឋាភិបាល​សូវៀត​បាន​ប្រើអស់សមត្ថភាព​របស់ខ្លួន ដើម្បី​វាយកម្ចាត់​សត្រូវ​គ្រប់ទិសទី​។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំ​របស់​​លោក​វ្ល៉ាឌីមៀរអ៊ីឡិចលេនីន​ផ្ទាល់ បាន​ធ្វើឲ្យ​បច្ចាមិត្ត​គ្រប់​សមរភូមិ​ដកខ្លួន​ថយ​។ របបគ្រប់គ្រង​កុំមុយនីស្ត​ក៏បាន​ទទួលជោគជ័យ​យ៉ាងត្រចះត្រចង់ ក្រោយពី​បាន​វាយកម្ទេច​សត្រូវ​របស់ខ្លួន​ទាំងក្នុង និង​ក្រៅប្រទេស​អស់ទៅ​។

Remove ads

ការស្ថាបនាក្នុងឆ្នាំដំបូងនៃរបបគ្រប់គ្រងថ្មី

ក្រោយពី​​បាន​​វាយកម្ទេច​​ពួកប្រឆាំង​​នឹង​​បដិវត្តន៍​​ទាំងក្នុង និង​​ក្រៅប្រទេស​​រួចមក របប​គ្រប់គ្រង​​ថ្មី​​ចាប់ផ្ដើម​​ចាត់​វិធានការ​​សំខាន់ៗ​​ទាំងឡាយ ដើម្បី​​កសាង​​សង្គមនិយម​​នៅ​ក្នុង​​ប្រទេស​រូស៊ី ដោយ​ប្រកាន់​ខ្ជាប់​​គោលការណ៍​​ទាំងឡាយ​ដូចតទៅ៖

ស្ថានភាពនៃរបបគ្រប់គ្រងថ្មី

នយោបាយក្នុងប្រទេស

ចាប់ពី​ឆ្នាំ​១៩១៨​មក សាធារណរដ្ឋសង្គមនិយមសូវៀត​​បាន​​ប្រកាស​​ឲ្យ​​ប្រើ​​រដ្ឋធម្មនុញ្ញ​​មួយ​​ថ្មី ដែល​​បាន​​រៀបចំ​ឡើង​​ដោយ​​អង្គការ​សភាជាន់​ខ្ពស់​​សូវៀត​។ នៅ​​ឆ្នាំ​​១៩២៤ រដ្ឋធម្មនុញ្ញ​ទី១ (១៩១៨) បាន​​ត្រូវ​​កែប្រែ​។ នៅ​ឆ្នាំ​​១៩៤៦ រដ្ឋធម្មនុញ្ញ​​ខាងលើ​​មិន​មា​ន​លក្ខណៈ​​សមស្រប​​តាម​កាលៈទេសៈ​​នៃ​សង្គម សហភាពសូវៀត​​ក៏បាន​ត្រូវ​​កែលំអ​​ថែមទៀត​។
រដ្ឋធម្មនុញ្ញ​សូវៀត​បានចែង​ក្នុង​មាត្រា​មួយ​ថា សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត ជា​រដ្ឋសង្គមនិយម​នៃ​វណ្ណៈកម្មករ និង​កសិករ អង្គការ​ផ្សេងៗ​របស់​រដ្ឋមាន៖

  • អង្គការសភា​ជាន់ខ្ពស់ ចែកជា​សភា​នៃ​សហភាព នៃ​សភានៃសញ្ជាតិ។ សភា​ទាំងពីរ​ជាអង្គការនីតិបញ្ញត្តិ។ ក្រៅពី​អង្គការ​ជាន់ខ្ពស់​ខាងលើ​មាន​សភា​ផ្សេងៗទៀត​ដូចជា​សភា​តំណាង​ពលករ​នៅ​តាម​រដ្ឋ តាម​រដ្ឋស្វយ័ត តាម​ខណ្ឌ តាម​ក្រុង ឬ​តាម​រោងចក្រ​សហគ្រាស នានា...។
  • អង្គការ​កាន់​អំណាចនីតិប្រតិបត្តិ គឺ​ក្រុមអភិបាល​ស្នងការ​ប្រជាជន (សព្វថ្ងៃ​គឺ​គណៈរដ្ឋមន្ត្រី)។ ម្យ៉ាងទៀត​រដ្ឋធម្មនុញ្ញ​បាន​ផ្ដល់​សមភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ពុំគិត​ដល់​ភេទ សញ្ជាតិ និង​សាសនា​ឡើយ។

នយោបាយក្រៅប្រទេស

  • បញ្ឈប់​ការធ្វើសង្គ្រាម​តទៅ​ទៀត ពិសេស​ជាមួយ​អាឡឺម៉ង់
  • ស្នើ​គ្រប់​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាមលោកលើកទី១ ឲ្យ​ចរចា​សន្តិភាព។ ប៉ុន្តែ​សំណើ​នេះ​ពុំ​បាន​ទទួល​ការយល់ព្រម​ពី​បក្សសម្ព័ន្ធ​ឡើយ ហើយ​ប្រទេស​រូស៊ី​ក៏​បាន​ចុះហត្ថលេខា​លើ​យុទ្ធសន្តិភាព​ជាមួយ​អាឡឺម៉ង់ នៅ​ថ្ងៃទី ១៥ ធ្នូ ១៩១៧។ នៅ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩១៨ សន្ធិសញ្ញាសន្តិភាព​មួយ​បាន​ចុះហត្ថលេខា​រវាង​ប្រទេសរូស៊ី និង​ប្រទេសអាឡឺម៉ង់ គឺ​សន្ធិសញ្ញាប្រេស្ត-លីតូវស្ក


ម្យ៉ាងទៀត​ចំពោះ​នយោបាយ​ក្រៅប្រទេស​ទូទៅ សហភាពសធារណរដ្ឋសង្គមនិយមសូវៀត​បាន​ប្រកាន់​មូលភាព​សហវិជ្ជមាន ដោយ​សន្តិភាព​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស និង​រវាង​រដ្ឋ​និង​រដ្ឋ ដោយ​សមភាព​និង​សហប្រតិបត្ដិការ -ល-។

មូលភាពខាងសេដ្ឋកិច្ច

ក្នុង​វិស័យ​សេដ្ឋកិច្ច រដ្ឋាភិបាល​មាន​វិធានការ​សំខាន់ៗ យកមក​អនុវត្ត​ដើម្បី​ស្ថាបនា​សង្គម​ថ្មី​មួយ​ប្រកប​ទៅដោយ​គតិយុត្តិធម៌ ពោល​គឺ​បំបាត់ ការជិះជាន់​មនុស្ស​ដោយ​មនុស្ស។ គេ​ចែក​កម្មវិធី​សេដ្ឋកិច្ច​ថ្មី​ជា​ពីរ​រយៈកាល៖

រយៈកាលទី១(១៩១៨ - ១៩២៤)

គឺ​ជា​សម័យ​សហវិជ្ជ​មាន​រវាងរបបសេដ្ឋកិច្ចមូលធននិយម និង​របបសេដ្ឋកិច្ចសង្គមនិយម
យ៉ាង​ណា​មិញ​ការអនុវត្ត​លទ្ធិសេដ្ឋកិច្ច​[កុំមុយនីស]]ទាំង​ស្រុង ពោល​គឺ​រដ្ឋ​កាន់កាប់​ទាំងអស់​នូវ​អង្គការ​សេដ្ឋកិច្ច បាន​ទទួល​លទ្ធផល​ផ្ទុយ​ពី​ការគ្រោងទុក​ដោយ​ស្ថានភាព​ប្រទេស​រូស៊ី​ក្រោយ​ពី​ចម្បាំង​ភ្លាម មិន​មាន​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការអនុវត្ត​សេដ្ឋកិច្ច​កុំមុយនីស​បាន​ឡើយ។ លោក​លេនីន​បានយល់​ច្បាស់ពី​បញ្ហា​នេះ​ក៏​សម្រេចចិត្ត​កែប្រែ​កម្មវិធី​សេដ្ឋកិច្ច​ខាងលើ​ខ្លះៗ ដើម្បី​លើកស្ទួយ​ស្ថានភាព​សេដ្ឋកិច្ច សហភាពសូវៀត​ឡើងវិញ។
លោក​បានបញ្ចូល​នយោបាយ​សេដ្ឋកិច្ច​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា នយោបាយសេដ្ឋកិច្ចថ្មី។ តាម​មូលភាព​នយោបាយ​នេះ​រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​ពួក​មូលធន​អាច​រកស៊ី ឬ​កាន់កាប់​ផ្នែក​ណា​ដែល​ពុំសូវ​មានសារៈសំខាន់​បាន​ខ្លះៗ​។ ចំពោះ​ផ្នែក​សំខាន់ៗ រដ្ឋ​ត្រូវ​កាន់កាប់​តទៅ​ទៀត ដូចជា​ឧស្សាហកម្ម​ធំៗ ពាណិជ្ជកម្ម​ក្រៅប្រទេស និង​ដំនឹកនាំ​នយោបាយ​ក្នុង​ជួររដ្ឋាភិបាល​ជាដើម។ ប៉ុន្តែ​ក្រោយ​ពី​មរណភាព​របស់​លោក​វ្ល៉ាឌីមៀរអ៊ីឡិចលេនីន​នៅ​ឆ្នាំ១៩២៤​មក សភាពការណ៍​ក្នុង​សហភាពសូវៀត​មាន​ការរំជើបរំជួល​ជាខ្លាំង ពិសេស​នៅក្នុ​ង​ជួរ​នយោបាយមជ្ឈិមបក្ស ដែល​បណ្ដាល​មក​ពី​ការដណ្ដើម​អំណាច​បន្ត​រវាង​លោកស្ដាលី និង​លោកត្រុតស្គី។ តែក្រោយ​មក​បាន​ស្ងប់ស្ងាត់​ទៅវិញ​ដោយ​លោក​ត្រុតស្គី​ភៀសខ្លួន​ទៅ​រស់​នៅ​ឯ​ប្រទេស​ម៉ិចស៊ិច ហើយ​ស្លាប់​នៅ​ទី​នោះ​ទៅ។ រី​ឯ​លោកស្ដាលីន ក៏​ឡើង​គ្រប់គ្រង​សហភាព​សូវៀត​បន្ត​ពី​លោក​លេនីន។

រយៈកាលទី២ (១៩២៤–មកដល់ប៉េរេស្ត្រូយកា)

គឺជា​សម័យកាល​អនុវត្ត​សេដ្ឋកិច្ចកុំមុយនីស។ ក្នុង​អំឡុងពេល​ដែល​លោក​លេនីនគ្រប់គ្រង​អំណាច លោក​បានអនុវត្ត​វិធានការ​សេដ្ឋកិច្ចសង្គមនិយម ដែល​បាន​ហុចផល​យ៉ាង​ល្អ​គួរ​ជាទី​ពេញចិត្ត ជា​ហេតុ​នាំ​ឲ្យ​សហភាព​សូវៀត​គេច​ផុត​ពី​វិបត្តិសេដ្ឋកិច្ច និង​នយោបាយ។ ប៉ុន្តែ​ចាប់ពីឆ្នាំ១៩២៤ ក្រោម​ការដឹកនាំ​របស់លោកស្ដាលីន បាន​អនុវត្ត​លទ្ធិសេដ្ឋកិច្ចកុំមុយនីសនិយម ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ប្រែប្រួល​យ៉ាងខ្លាំង។
លោក​ស្ដាលីន មាន​បំណង​ចង់​ឲ្យ​ប្រទេស[​[រូស្ស៊ី]]ដែល​ពីដើម​មក​ពឹងផ្អែក​តែ​លើ​កសិកម្ម​នោះ ប្រែក្លាយ​ជាមហា​ប្រទេស​ឧស្សាហកម្ម​មួយ​ដ៏​សម្បូរ​សប្បាយ​លើ​ពិភពលោក។ លោក​ចាប់ផ្ដើម​ស្ថាបនា​ផែនការ​សេដ្ឋកិច្ច​គ្រប់មែក​ធាង​ទាំង​អស់។ ជំហាន​ដំបូង​ដើម្បី​សម្រេច​គោលដៅ គឺ​ស្ថាបនា​ផែនការ​ប្រាំឆ្នាំ។
ផែនការប្រាំឆ្នាំ ទី១(១៩២៨ - ១៩៣៣) បាន​ហុច​លទ្ធផល​យ៉ាងសម្បើម​។ ស្ថានភាព​សេដ្ឋកិច្ច​នៅពេល​នោះ បាន​ឡើង​មួយ​កម្រិត​ខ្ពស់​ដែល​គេ​ពុំ​ដែល​បាន​ជួប​ប្រទះ​សោះ​នៅ​ប្រទេស​រូស៊ី​តាំងពី​ដើម​មក​។ សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត ក៏​ប្រែ​ក្លាយ​ទៅ​ជា​មហាអំណាច​ឧស្សាហកម្ម​មួយ​នៅ​អឺរ៉ុប​ដែល​ប្រៀប​ស្មើ​នឹងសហរដ្ឋអាមេរិក
ផែនការ​ប្រាំឆ្នាំ​ទី​២​(១៩៣៣ - ១៩៣៨) លោក​ស្ដាលីន​បាន​អនុវត្ត​ផែនការ​ប្រាំ​ឆ្នាំ​ទី១​ដែរ ហើយ​ទទួល​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​ឆ្នាំ​ទី១។ ពេល​សហភាព​សូវៀត​ក្លាយ​ជា​មហាអំណាច​ដ៏​ខ្លាំង​ពូកែ​មួយ​លើ​ពិភពលោក​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៣៩​ពេល​ដែល​​សហភាព​សូវៀត​​ត្រូវ​​អនុវត្ត​​ផែនការ​ប្រាំ​ឆ្នាំ​ទី​៣​​ទៀត មហា​សង្គ្រាមលោកលើកទី២ ក៏​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ផង​ដែរ ជា​ហេតុនាំ​ឲ្យ​ផែនការ​នោះ​ពុំ​អាច​អនុវត្ត​បាន​ឡើយ ព្រោះ​ត្រូវ​រៀបចំ​ខ្លួន​ចូល​ក្នុង​សង្គ្រាម។

សមូហកម្មស្រែចំការ

ស្រែចំការ​ទាំង​ឡាយ​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ជា​កុលខូស ហើយ​រដ្ឋាភិបាល​បាន​ចែក​ឲ្យ​កសិករ​នូវ​ឧបករណ៍​កសិកម្ម​ដូច​ជា នង្គ័ល ត្រាក់ទ័រ ពូជស្រូវ និង​ឲ្យ​ខ្ចី​ប្រាក់កាស​ដើម្បី​ធ្វើ​ដើមរក​ស៊ី។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ រដ្ឋ​​បាន​​បង្កើត​​ស្រែ​ចំការ​​របស់​ខ្លួន​​លើ​ផ្ទៃដីទាំងឡាយ​​ដែល​​គេ​​បោះបង់​ចោល​​តាំង​ពី​ដើមមក ដើម្បី​​ធ្វើ​អាជីវកម្ម​​របស់រដ្ឋ​។ សហករណ៍​​នោះ​​ហៅថា​​សូវខូស​។
លទ្ធផល​នៃ​កំនែប្រែ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​មាន​សន្ទុះ​លឿន​ទៅមុខ​យ៉ាងខ្លាំង​។ ការអនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​លើ​វិស័យកសិកម្ម និង​ឧស្សាហកម្ម​បាន​ទទួល​ជោគជ័យ​យ៉ាងសម្បើម​។ សក្ខីភាព​នៃ​ការរីក​ចម្រើន​នេះ​មាន​ដូចត​ទៅ៖

  • ចាប់ពី​ឆ្នាំ​១៩៣៣មក៖
    • ឧស្សាហកម្ម​បាន​កើន​ឡើង​ដល់​ទៅ​២៣៨%
    • ពាណិជ្ជកម្ម​បាន​កើន​ពី១២៥ ទៅ​១៧៨%
    • ផលទុនជាតិ​បាន​កើន​ឡើង​ពី៤៥ ៥០០លាន​រូប ទៅ១០៥០០០លាន​រូប។
  • ក្នុង​អំឡុង​១០ឆ្នាំ(១៩២៨ - ១៩៣៩) ផលិតផល​ស្រូវសាលី ស្ករ ប្រេងកាត​បាន​កើន​ទ្វេជា​ពីរ កប្បាស​បាន​កើន​ជា​បួន -ល-។

ស្ថានភាពវប្បធម៌ និងសង្គម

វប្បធម៌

មូលដ្ឋាន​នៃវប្បធម៌​ស្ថិត​នៅលើ​​ប្រាកដ​និយម និង​ប្រលោមនិយម​បដិវត្ត​។ លើ​មូលដ្ឋាន​នេះ វប្បធម៌​ថ្មី​របស់​សហភាព​សូវៀត​សំដៅ​រក​ការអប់រំ​សុទិដ្ឋិនិយម​ចំពោះ​អនាគត​មនុស្ស​លោក​។ ការអប់រំ​ខាង​ស្ថាបនា និង​អប់រំ​ឲ្យ​មាន​ចិត្ត​ក្លៀវក្លា​ស្រឡាញ់​យុត្តិធម៌ មនុស្សធម៌ និង​ការពារ​ផលប្រយោជន៍​រួម (មនុស្សជាតិ) -ល-។

សង្គម

សហភាព​​សូវៀត​​បាន​លុប​​បំបាត់​​ចោល​​អស់​នូវ​វណ្ណៈ​ផ្សេងៗ​ក្នុង​សង្គម ហើយ​បាន​លើក​តម្កើង​វណ្ណៈ​ពលករ (ពលករ​ខាងបញ្ញា និង​ពលករ​ខាងហត្ថកម្ម) ដែល​បាន​ទទួល​ការធានា​ផ្សេងៗ​ពី​ក្រសួង​សន្តិសុខ​សង្គមជាតិ​ដូច​ត​ទៅ៖

  • មនុស្ស​គ្រប់រូប​ត្រូវ​តែ​មាន​ការងារ​ធ្វើ
  • មនុស្ស​គ្រប់រូប​ត្រូវ​ទទួល​ការធានា​ពី​រដ្ឋ​ចំពោះ​ជរាភាព ឬ​ចំពោះ​ជម្ងឺ -ល-។


ម្យ៉ាងទៀត​ការសិក្សា​បាន​លូតលាស់​យ៉ាង​ឆាប់រហ័ស​បំផុត។ យ៉ាង​ណា​មិញ​ក្នុង​ឆ្នាំ​១៩១៧ មាន​ប្រជាពលរដ្ឋ​ចំនួន​១៣០​លាន​នាក់​ជា​អនក្ខរជន។ ដល់​ឆ្នាំ​១៩៣៧ អនក្ខរភាព​ត្រូវ​បាន​លុប​បំបាត់​ស្ទើរ​អស់​ទាំងស្រុង​ពី​សហភាព​សូវៀត​។

Remove ads

សហភាពសូវៀតក្នុងឆ្នាំ១៩៣៩

លទ្ធផល​នៃ​បំលាស់ប្តូរ​ខាង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដែល​បាន​ប្រែប្រួល​តាំង​ពី​បដិវត្តន៍​ខែតុលា​ឆ្នាំ​១៩១៧​រហូតមក បាន​ធ្វើ​ឲ្យ​សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត​ប្រែក្លាយ​ទៅជា​មហាអំណាច​មួយ​យ៉ាង​ធំ​ទាំង​ខាង​ឧស្សាហកម្ម ទាំង​ខាងសឹក និង​ខាង​មនោគមន៍វិជ្ជា​ទៀតផង​។ គ្មាន​ប្រទេស​ណាមួយ ក្រៅ​ពី​សហភាពសូវៀត​ខ្លួនឯង អាច​នឹក​ស្មាន​បាន​ថា សហភាព​សូវៀត​មាន​សន្ទុះរីក​ចម្រើន​យ៉ាង​អស្ចារ្យ​ដូចនេះ​ឡើយ​ទោះ​ជា​ប្រទេស​អាឡឺម៉ង់​ក៏​ដោយ​៕

Remove ads

កំណត់សម្គាល់

  1. ជាប្រធានក្រុមប្រឹក្សាស្នងការដ្ឋានប្រជាជន
  2. ជាអគ្គលេខាធិការបក្សបក្សកុម្មុយនីស្ត និងជាប្រធានក្រុមប្រឹក្សាស្នងការដ្ឋានប្រជាជន (កាលនុះហៅក្រុមប្រឹក្សារដ្ឋមន្ត្រី)។
  3. មីនា–កញ្ញា។
  4. ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។
  5. ជាលេខាទីមួយនៃបក្សកុម្មុយនីស្ត។
  6. ជាអគ្គលេខាធិការបក្សកុម្មុយនីស្ត។
  7. ជាអគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតី។
  8. ឯកនីតិបញ្ញត្តិ
  1. មិនមានរហូតដល់ឆ្នាំ១៩៩០។ ព្រោះថាពីមុន សាធារណរដ្ឋធម្មនុញ្ញមានសិទ្ធិប្រកាសភាសាផ្លូវការរៀងៗខ្លួន។
Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads