ក្រូអាស៊ី
From Wikipedia, the free encyclopedia
Remove ads
ក្រូអាស៊ី[ស ៣] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋក្រូអាស៊ី[ស ៤] គឺជាប្រទេសមួយស្ថិតនៅអឺរ៉ុបកណ្ដាល និងអាគ្នេយ៍ ត្រង់តំបន់ឆ្នេរនៃសមុទ្រអាឌ្រីយ៉ាទិក។ ប្រទេសក្រូអាស៊ីមានព្រំដែនជាប់នឹងប្រទេសសស្លូវេនីនៅភាគពាយព្យ ប្រទេសហុងគ្រីនៅភាគឦសាន ស៊ែប៊ីនៅភាគខាងកើត បូស្នី-អ៊ែរសេកូវីននិងម៉ុងតេណេគ្រោនៅភាគអាគ្នេយ៍ ហើយមានព្រំដែនសមុទ្រជាប់ប្រទេសអ៊ីតាលីនៅភាគខាងលិច។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសនេះគឺទីក្រុងសាក្រិប ហើយក៏ជាតំបន់រដ្ឋបាលមួយផងដែរបូករួមជាមួយរដ្ឋបាលស្រុកចំនួនម្ភៃផ្សេងទៀតនៅក្នុងប្រទេស។ តំបន់ទីប្រជុំជនសំខាន់ៗដទៃទៀតរួមមាន សាផ្លីត រីអេកា និងអូស៊ីយ៉េក។ ប្រទេសនេះមានក្រឡាផ្ទៃសរុប ៥៦,៥៩៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជិត ៣.៩ លាននាក់។
ជនជាតិក្រូអាតបានចូលមកដល់ទឹកដីនៃប្រទេសក្រូអាស៊ីបច្ចុប្បន្នដំបូងនៅក្នុងសតវត្សរ៍ទី៦ ដែលកាលនុះត្រូវបានគេនិយមស្គាល់ថាអ៊ីល្លីរី។ នៅក្នុងសតវត្សរ៍ទី៧ ក្រុមជនជាតិក្រូអាតបានរៀបចំបែងចែកទឹកដីនោះទៅជារដ្ឋនគរតូចៗចំនួនពីរ។ រដ្ឋក្រូអាស៊ីត្រូវបានអន្តរជាតិទទួលស្គាល់ជារដ្ឋឯករាជ្យដំបូងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ៨៧៩ ក្នុងរជ្ជកាលព្រះពញាក្សត្រប្រានីមៀរ។ ព្រះបាទតូមីស្លាវបានក្លាយជាស្ដេចក្រូអាស៊ីដំបូងគេបង្អស់នៅក្នុងឆ្នាំ៩២៥ ដោយនាំឱ្យនគរព្រះអង្គវិវត្តទៅជាព្រះរាជាណាចក្រមួយ។ នៅកំឡុងពេលដែលរាជវង្សទ្រឺពីមីរ៉ូវីចបានដាច់ពូជពង្សបង្កឱ្យកើតជាវិបត្តិស្នងរាជសម្បត្តិធ្ងន់ធ្ងរ ព្រះរាជនគរក្រូអាស៊ីក៏បានចុះចូលក្នុងឯកត្តសហភាពជាមួយនឹងប្រទេសហុងគ្រីនៅក្នុងឆ្នាំ១១០២។ នៅឆ្នាំ១៥២៧ ដោយត្រូវប្រឈមនឹងយុទ្ធនាការសញ្ជ័យដោយពួកអូតូម៉ង់ រដ្ឋសភាក្រូអាស៊ីក៏បានជ្រើសរើសតែងតាំងព្រះបាទហ្វែឌីណង់ទី ១ នៃអូទ្រីសជាព្រះរាជានៃប្រទេសក្រូអាស៊ី។ ក្រោយទទួលបានឯករាជ្យពីចក្រភពហាបស្បួក រដ្ឋស្លូវេន ក្រូអាត និងស៊ែបក៏ត្រូវបានប្រកាសឡើងនៅទីក្រុងសាក្រិបនៅខែតុលា ឆ្នាំ១៩១៨ មុនពេលត្រូវបានបង្រួមចូលទៅក្នុងព្រះរាជាណាចក្រយូហ្គោស្លាវីនៅខែធ្នូ ឆ្នាំ១៩១៨។ បន្ទាប់ពីការឈ្លានពានដោយមហាអំណាចអ័ក្សលើយូហ្គោស្លាវីនៅក្នុងខែមេសា ឆ្នាំ១៩៤១ រដ្ឋក្រូអាស៊ីស្ទើរទាំងមូលត្រូវបានពួកណាស៊ីកាន់កាប់ជារដ្ឋអាយ៉ងក្រោមឈ្មោះថារដ្ឋឯករាជ្យក្រូអាស៊ី។ ដំណាលគ្នានោះ ចលនាតស៊ូប្រឆាំងនឹងណាស៊ីក៏បានលេចឡើងរហូតដល់បានបង្កើតចេញជារដ្ឋមួយទៀតហៅសាធារណរដ្ឋសង្គមនិយមក្រូអាស៊ី ហើយក្រោយសង្គ្រាមបានបញ្ចប់ រដ្ឋមួយនេះក៏ក្លាយជាសមាជិកស្ថាបនិក និងសាធារណរដ្ឋស្វយ័តមួយនៅក្នុងសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវីថ្មី។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩១ ក្រូអាស៊ីក៏បានប្រកាសឯករាជ្យ ហើយត្រូវចំណាយពេលបួនឆ្នាំក្នុងសង្គ្រាមដណ្ដើមឯករាជ្យទម្រាំបានឯករាជ្យពេញលេញរហូតមកដល់បច្ចុប្បន្ន។
ប្រទេសក្រូអាស៊ីគឺជាសាធារណរដ្ឋដែលប្រកាន់ប្រព័ន្ធប្រជាធិបតេយ្យអាស្រ័យសភា។ បច្ចុប្បន្ន ក្រូអាស៊ីជាសមាជិកនៃសហភាពអឺរ៉ុប ហ្សូនអឺរ៉ូ តំបន់ស្សិនគែន ណាតូ អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអឺរ៉ុប អង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក ហើយជាសមាជិកស្ថាបនិកនៃសហភាពសម្រាប់មេឌីទែរ៉ាណេ និងកំពុងស្ថិតតក្នុងដំណើរការចូលជាសមាជិកនៃអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច។ ក្នុងនាមជាប្រទេសចូលរួមយ៉ាងសកម្មក្នុងកិច្ចការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រទេសក្រូអាស៊ីបានចូលរួមចំណែកបញ្ជូនចំនួនទ័ពជាច្រើននាក់ដល់កងកម្លាំងជំនួយសន្តិសុខអន្តរជាតិ ហើយត្រូវបានជ្រើសតាំងឱ្យបំពេញអាសនៈមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិឆ្នាំ២០០៨–២០០៩ ជាលើកដំបូង។
ក្រូអាស៊ីជាប្រទេសអភិវឌ្ឍន៍មួយដែលមានសេដ្ឋកិច្ចជឿនលឿន និងមានប្រាក់ចំណូលខ្ពស់។[៨] វិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម គឺជាកម្លាំងចលករដ៏សំខាន់ដល់សេដ្ឋកិច្ចក្រូអាស៊ី។ វិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសនេះ ដោយគិតត្រឹមឆ្នាំ២០១៩ ក្រូអាស៊ីបានទទួលភ្ញៀវទេសចរជិត ២០ លាននាក់។[៩][១០][១១] ចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០ រដ្ឋាភិបាលក្រូអាស៊ីបានចូលរួមវិនិយោគយ៉ាងសកម្មទៅលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវដឹកជញ្ជូន និងគ្រឿងបរិក្ខារនានាតាមបណ្តោយច្រកផ្លូវអឺរ៉ុបរួម។ ប្រទេសក្រូអាស៊ីផងដែរក៏បានតាំងខ្លួនជាប្រទេសនាំមុខគេនៅក្នុងវិស័យថាមពលក្នុងតំបន់នៃដើមទសវត្សរ៍ឆ្នាំ២០២០ ហើយកំពុងរួមចំណែកដល់ការធ្វើពិពិធកម្មនៃការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបតាមរយៈស្ថានីយនាំចូលឧស្ម័នធម្មជាតិរាវអណ្តែតទឹករបស់ខ្លួននៅក្បែរកោះក្រឺក ហៅ អិលអិនជី ហឺរវ៉ាតស្កា (LNG Hrvatska)។[១២] នៅក្នុងប្រទេសក្រូអាស៊ី រដ្ឋជាអ្នកផ្តល់សន្តិសុខសង្គម តំហែទាំសុខភាពសកល និងការអប់រំបឋមសិក្សានិងមធ្យមសិក្សាដោយឥតគិតថ្លៃសិក្សាដល់ប្រជាពលរដ្ឋ ហើយមិនតែប៉ុណ្ណោះ រដ្ឋក៏ថែមទាំងបានគាំទ្រទៀតផងដល់វិស័យវប្បធម៌តាមរយៈស្ថាប័នសាធារណៈ និងការវិនិយោគរបស់ក្រុមហ៊ុនផ្សេងៗក្នុងប្រព័ន្ធផ្សព្វផ្សាយនិងការបោះពុម្ពផ្សាយជាដើម។
Remove ads
កំណត់សម្គាល់
- ក្រៅពីភាសាក្រូអាត ស្រុកតំបន់នីមួយៗក្នុងប្រទេសនេះមានភាសាផ្លូវការប្រចាំតំបន់រៀងៗខ្លួនសម្រាប់ប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម និងរដ្ឋាភិបាល។ ភាសាភាគតិចដ៏គួរឱ្យកត់សម្គាល់ក្នុងប្រទេសក្រូអាតមានដូចជា ភាសាហុងគ្រី ស៊ែប៊ី និងអ៊ីតាលី។ ភាសាភាគតិចដែលគេទទួលស្គាល់ផ្សេងទៀតរួមមាន៖ ឆែក ស្លូវេនី ស្លូវ៉ាក រូម៉ានី រុស្ស៊ី និងអាល្លឺម៉ង់។
- ប្រព័ន្ធសំណេរនៃក្រូអាស៊ីគឺត្រូវបានការពារដោយច្បាប់ដោយសភាក្រូអាស៊ី។
- ភាសាក្រូអាត៖ Hrvatska, ប្រកបថា ហឺ-រ-វ៉ាត-ស្កា
- ភាសាក្រូអាត៖ Republika Hrvatska, ចុចទីនេះដើម្បីស្ដាប់របៀបប្រកប
Remove ads
ឯកសារយោង
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
