ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)

រដ្ឋរាជានិយមនៅអាស៊ីអាគ្នេយ៍ពីឆ្នាំ១៩៥៣–១៩៧០ From Wikipedia, the free encyclopedia

ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)

ព្រះរាជាណាចក្រកម្ពុជា (បារាំងRoyaume du Cambodge) ឬអាចហៅបានថា ព្រះរាជាណាចក្រកម្ពុជាទី១[] ឬខ្មែរយើងតែងនិយមហៅថារបបសង្គមរាស្រ្តនិយម (បារាំងCommunauté socialiste populaire) គឺជាសម័យកាលប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាត្រូវស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម សីហនុពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៧០។ នៅក្រោមការដឹកនាំរបស់ទ្រង់ ប្រទេសកម្ពុជាបានក្លាយជារដ្ឋដែលមានឥទ្ធិពលធំធេងមួយនៅក្នុងចំណោមរដ្ឋទាំងប៉ុន្មាននៅភូមិភាគអាស៊ីអាគ្នេយ៍។ ក្នុងសម័យនេះ សង្គមរាស្ត្រនិយមគឺជាគណបក្សនយោបាយស្របច្បាប់តែមួយគត់របស់ប្រទេស។[]

ព័ត៌មានសង្ខេប ព្រះរាជាណាចក្រកម្ពុជា Royaume du Cambodge (បារាំង), រាជធានី និង ទីក្រុងធំបំផុត ...
ព្រះរាជាណាចក្រកម្ពុជា

Royaume du Cambodge (បារាំង)
១៩៥៣–១៩៧០
បាវចនា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្លេងជាតិ
បទនគររាជ
Thumb
រាជធានី
និង ទីក្រុងធំបំផុត
ភ្នំពេញ
ភាសាផ្លូវការភាសាខ្មែរ
ភាសាជាតិទទួលស្គាល់ភាសាចាម, ភាសាបារាំង
សាសនា
ព្រះពុទ្ធសាសនា (ផ្លូវការ), គ្រិស្ដសាសនា, ឥស្លាមសាសនា និងសាសនាផ្សេងៗទៀត
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ​អាស្រ័យសភាឯកភូត
(១៩៥៣–១៩៥៥)
រដ្ឋឯកបក្សប្រកាន់រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
(១៩៥៥–១៩៧០)
ព្រះមហាក្សត្រ 
 ១៩៥៣–១៩៥៥
នរោត្តម សីហនុ
 ១៩៥៥–១៩៦០
នរោត្តម សុរាម្រិត
 ១៩៦០–១៩៧០
ស៊ីសុវត្ថិ កុសមៈ
ប្រមុខរដ្ឋ 
 ១៩៦០–១៩៧០
នរោត្តម សីហនុ
 ១៩៧០
ចេង ហេង (ស្ដីទី)
នាយករដ្ឋមន្រ្តី 
 ១៩៥៣
ប៉ែន នុត (ដំបូង)
 ១៩៦៩–១៩៧០
លន់ នល់ (ចុងក្រោយ)
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
 សភាជាន់ទាប
រដ្ឋសភា
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
៩ វិច្ឆិកា ១៩៥៣
២១ កក្កដា ១៩៥៤
 សង្គមរាស្រ្តនិយមត្រូវបានស្ថាបនាឡើង
២២ មីនា ១៩៥៥
 ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ
១៤ ធ្នូ ១៩៥៥
១៨ មីនា ១៩៧០
 ប្រកាសជាសាធារណរដ្ឋ
៩ តុលា ១៩៧០
ក្រឡាផ្ទៃ
១៩៥៣១៨១០៣៣ គ.ម (៦៩៨៩៧ ម៉ាយ ក.)
១៩៦២១៨១០៣៥ គ.ម (៦៩៨៩៨ ម៉ាយ ក.)
ប្រជាជន
 ១៩៦២
៥,៧២៨,៧៧១[]
រូបិយវត្ថុរៀល
ល្វែងម៉ោងUTC+០៧:០០ (ICT)
ទិសបើកបរស្តាំ
កូដហៅទូរសព្ទ៨៥៥
កូដ ISO 3166KH
Preceded by
Succeeded by
សហភាពឥណ្ឌូចិន
កម្ពុជាក្រោមអាណានិគមបារាំង
សាធារណរដ្ឋខ្មែរ
ឥឡូវជាផ្នែកនៃកម្ពុជា
បិទ

សន្និសីទក្រុងហ្សឺណេវ និងការលុកលុយរបស់វៀតមិញ

ទោះជាកម្ពុជាបានទទួលឯករាជ្យពេញលេញនៅចុងឆ្នាំ១៩៥៣ ក្តី ប៉ុន្តែស្ថានការណ៍យោធានៅក្នុងប្រទេសគឺនូវតែមានភាពច្របូកច្របល់ដដែល។ ក្រុមបក្សពួកមិនមែនកុម្មុយនិស្តរបស់ខ្មែរឥស្សរៈបានសម្រេចចុះចូលជាមួយនឹងរដ្ឋាភិបាលកម្ពុជាថ្មីរួចទៅហើយ តែពួកសមាគមខ្មែរឥស្សរៈនិងពួកគាំទ្រវៀតមិញនូវតែបន្តបង្កជម្លោះនៅតាមតំបន់ជនបទដដែល។ កងកម្លាំងខេមរភូមិន្ទបានចូលធ្វើអន្តរាគមន៍ជាច្រើនលើកដែរប៉ុន្តែនូវតែមិនអាចបំបែកពួកកុម្មុយនិស្តនោះបាន។ ក្រុមកុម្មុយនិស្តទាំងនោះក៏បានបង្វែរក្បាលមកខំប្រឹងព្យាយាមពង្រឹងគោលជំហរចរចារបស់ពួកគេវិញនៅឯសន្និសីទក្រុងហ្សឺណេវដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែមេសា។

សន្និសីទក្រុងហ្សឺណេវគឺត្រូវបានចូលរួមដោយអ្នកតំណាងមកពីប្រទេសដូចជា៖ កម្ពុជា វៀតណាមខាងជើង សមាគមរដ្ឋវៀតណាម ឡាវ សាធារណរដ្ឋប្រជាមានិតចិន សហភាពសូវៀត ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ គោលដៅមួយដ៏សំខាន់នៃសន្និសីទនេះគឺដើម្បីស្តារសន្តិភាពដ៏យូរអង្វែងនៅតំបន់ឥណ្ឌូចិន។ ការពិភាក្សាអំពីតំបន់ឥណ្ឌូចិនបានចាប់ផ្តើមឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៥៤។ ពួកវៀតណាមខាងជើងបានខំប្រឹងយ៉ាងខ្លាំងដើម្បីធ្វើជាតំណាងឱ្យចលនាតស៊ូរបស់ខ្លួននៅទឹកដីភាគខាងត្បូងប៉ុន្តែត្រូវទទួលបរាជ័យ។ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ សន្និសីទហ្សឺណេវក៏បានឈានមកដល់កិច្ចព្រមព្រៀងមួយដែលអំពាវនាវឱ្យបញ្ឈប់រាល់ជម្លោះទាំងឡាយណាដែលមានវត្តមាននៅឥណ្ឌូចិន។ ទាក់ទងនឹងប្រទេសកម្ពុជាវិញ កិច្ចព្រមព្រៀងនោះបានទុករយៈពេលចំនួន ៩០ ថ្ងៃសម្រាប់ឱ្យកងកម្លាំងវៀតមិញទាំងអស់ដកខ្លួនចេញពីកម្ពុជាហើយចំណែកឯកងកម្លាំងប្រឆាំងរបស់កម្ពុជាវិញនឹងតម្រូវឱ្យរំសាយចេញក្នុងរយៈពេលត្រឹម ៣០ ថ្ងៃ។ នៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀតដែលបានចុះដោយក្រុមអ្នកតំណាងកម្ពុជា បារាំង និងវៀតមិញបានតម្រូវឱ្យកងកម្លាំងភាគីទាំងអស់ត្រូវដកខ្លួនចេញពីដែនដីប្រទេសកម្ពុជាត្រឹមខែតុលា ឆ្នាំ១៩៥៤។

ជាថ្នូរនឹងការដកទ័ពរបស់វៀតមិញ ក្រុមអ្នកតំណាងកុម្មុយនិស្តក៏បានស្នើសំណើមួយនៅហ្សឺណេវថាសូមឱ្យកម្ពុជានិងឡាវចូលប្រកាន់នូវអព្យាក្រឹតភាពដាច់ខាត។ ការធ្វើបែបនេះ វានឹងជួយរារាំងកុំឱ្យមានការឈរជើងរបស់ទាហានសហរដ្ឋអាមេរិកនៅក្នុងប្រទេសទាំងពីរ។[] ប៉ុន្តែ មុនថ្ងៃបញ្ចប់នៃសន្និសីទនេះ អ្នកតំណាងប្រទេសកម្ពុជាម្នាក់ឈ្មោះសម សារីបានទទូចប្រាប់ថា ប្រសិនបើប្រទេសកម្ពុជាមានឯករាជ្យពេញលេញពិតប្រាកដមែននោះ គ្មានរដ្ឋប្រទេសណាអាចមានសិទ្ធិមកហាមឃាត់កម្ពុជាមិនឱ្យរកជំនួយយោធាពីប្រទេសផ្សេងបានទេ។ សន្និសីទក៏បានទទួលយល់ព្រមនូវចំណុចដែលលើកឡើងដោយសារីហើយរុញច្រានសំណើរបស់វៀតណាមខាងជើងចោល។ នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ ប្រទេសកម្ពុជាបានសម្រេចទទួលយកនូវអព្យាក្រឹតភាពខ្លួនដោយប្តេជ្ញាថានឹងមិនចូលរួមជាមួយសម្ព័ន្ធភាពយោធាណាមួយឡើយ ជាពិសេសបើ"មិនស្របទៅនឹងគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ" ហើយនឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសណានៅលើទឹកដីរបស់ខ្លួនឡើយ លុះត្រាតែ"មានការគំរាមកំហែងរំលោភបំពានពីភាគីណាមួយ"។

កិច្ចព្រមព្រៀងនៃសន្និសីទក្រុងហ្សឺណេវបានបង្កើតចេញនូវគណៈកម្មការត្រួតពិនិត្យអន្តរជាតិ (ហៅជាផ្លូវការថា គណៈកម្មការអន្តរជាតិសម្រាប់ការឃ្លាំមើលនិងត្រួតពិនិត្យ) ទៅគ្រប់ប្រទេសនៅឥណ្ឌូចិន។ អ្នកតំណាងនៃគណៈកម្មការនេះមានជនជាតិដូចជា ឥណ្ឌា កាណាដា និងប៉ូឡូញ ហើយពួកគេមានតួនាទីត្រួតត្រាបទឈប់បាញ់ បញ្ជាឱ្យពួកបរទេសដកទ័ពខ្លួនចេញ ដោះលែងរាល់ឈ្លើយសង្គ្រាមនៅឥណ្ឌូចិន និងអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ កងកម្លាំងទាហានបារាំងនិងវៀតមិញត្រូវបានដកថយចេញពីទឹកដីកម្ពុជាទៅតាមអ្វីដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទាំងអស់។[]

ការអភិវឌ្ឍន៍ក្នុងប្រទេស

កិច្ចព្រមព្រៀងក្រុងហ្សឺណេវក៏បានចែងផងដែរថាការបោះឆ្នោតសកលកម្ពុជាគួរតែប្រព្រឹត្តិធ្វើឡើងនៅឆ្នាំ១៩៥៥ ហើយគណៈកម្មការត្រួតពិនិត្យអន្តរជាតិគួរតែតាមដានការបោះឆ្នោតនេះឱ្យបានជាប់។ ព្រះបាទសីហនុមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការយកឈ្នះលើពួកប្រជាធិបតេយ្យ (ដោយផ្អែកតាមការបោះឆ្នោតកន្លងៗមក គេបានរំពឹងថាបក្សប្រជាធិបតេយ្យនឹងអាចឈ្នះការបោះឆ្នោតលើកនេះដែរ)។ ព្រះបាទសីហនុក៏បានព្យាយាមកែកំណែប្រែរដ្ឋធម្មនុញ្ញប៉ុន្តែត្រូវទទួលបរាជ័យ។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ ព្រះអង្គបានប្រកាសដាក់រាជ្យទៅឱ្យព្រះបិតារបស់ទ្រង់ព្រះនាមនរោត្តម សុរាម្រិត។ ដោយទទួលបាននូវងារជា"សម្តេច" សីហនុបានពន្យល់ប្រាប់ថា សកម្មភាពនេះគឺជាការដ៏ចាំបាច់ដើម្បីឱ្យខ្លួនទ្រង់អាចលូកដៃចូលទៅក្នុងកិច្ចការរឿងនយោបាយដោយសេរី។

ដើម្បីចូលប្រកួតប្រជែងជាមួយនឹងក្រុមប្រជាធិបតេយ្យបាន សម្តេចសីហនុបានបង្កើតអង្គការនយោបាយមួយផ្ទាល់គឺសង្គមរាស្រ្តនិយម (អាចហៅខ្លីបានថាសង្គម)។ មានពាក្យ"សង្គម"និង"និយម"នៅក្នុងឈ្មោះមែន ប៉ុន្តែវាបានបង្រួបបញ្ចូលនូវក្រុមស្តាំនិយមជាច្រើនចូលក្នុងអង្គការខ្លួនដែលសុទ្ធតែជាពួកប្រឆាំងកុម្មុយនិស្តដាច់ខាត។ នៅក្នុងការបោះឆ្នោតនាខែកញ្ញា សង្គមរាស្រ្តនិយមបានយកឈ្នះលើបក្សប្រជាធិបតេយ្យ បក្សឯករាជ្យខ្មែររបស់លោកសឺង ង៉ុកថាញ និងពួកឆ្វេងនិយមប្រជាជន ដោយទទួលបានសម្លេងឆ្នោតប្រមាណ ៨៣% និងអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ។

លទ្ធផលនៃការបោះឆ្នោតឆ្នាំ១៩៥៥ ត្រូវបានគេចាត់ទុកថាមានការបន្លំសន្លឹកឆ្នោតនិងការបំភិតបំភ័យ។ អ្នកកាសែតឈ្មោះហ្វីលីព ចនបានលើកយកសេចក្តីថ្លែងការណ៍ឆ្នាំ១៩៥៧ របស់សីហនុជាភស្តុតាងដោយនៅក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចសីហនុបានសារភាពថាមណ្ឌលបោះឆ្នោតចំនួន ៣៦ បានបោះឆ្នោតជ្រើសយកក្រុមប្រជាជន ឬប្រជាធិបតេយ្យភាគច្រើនរីឯលទ្ធផលផ្លូវការមិនបានបង្ហាញថាបក្សទាំងពីរត្រូវឈ្នះឆ្នោតអ្វីទេ។

នៅកំឡុងខែសីហា ឆ្នាំ១៩៥៧ សម្តេចសីហនុបានកោះហៅថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យឱ្យមក"ពិភាក្សា"គ្នានៅឯព្រះបរមរាជវាំង។ ប៉ុន្តែតាមការពិត អ្នកទាំងនោះត្រូវរងនូវការជេរប្រមាថអស់រយៈពេល ៥ ម៉ោងទៅវិញ។ ក្រោយពីព្រឹត្តិការណ៍នោះបានបញ្ចប់ហើយគ្រោងនឹងចាកចេញពីព្រះបរមរាជវាំង អ្នកដែលសីហនុកោះហៅនុះក៏ត្រូវប៉ូលីសនិងទាហានសីហនុទាញចេញពីឡានហើយវាយតប់ដោយស្វាយកាំភ្លើង។

ក្នុងពេលដំណាលគ្នានោះដែរ បក្សប្រជាជនបានលើកយកបុគ្គលចំនួន ៥ នាក់ឡើងឈរឈ្មោះជាបេក្ខជនបោះឆ្នោត។ សម្តេចសីហនុបានធ្វើដំណើរទៅតាមស្រុកនីមួយៗ ហើយក៏ចាត់យុទ្ធនាការប្រឆាំងនឹងបក្សប្រជាជនទាំងមូល។ វិទ្យុជាតិកម្ពុជាបានផ្សព្វផ្សាយចោទទៅកាន់បក្សប្រជាជនថាជាអាយ៉ងរបស់យួន។ ជាចុងក្រោយ បេក្ខជនឈរឈ្មោះចំនួន ៤ នាក់របស់បក្សប្រជាជនត្រូវបានគេបំភិតបំភ័យឱ្យលះបង់ចោលនូវការឈរឈ្មោះរបស់ខ្លួន។ បេក្ខជនតែម្នាក់គត់ដែលនៅសល់បានទទួលសម្លេងគាំទ្រតែ ៣៩៦ ប៉ុណ្ណោះក្នុងចំណោមអ្នកបោះឆ្នោតចំនួន ៣០,០០០ នាក់នៅក្នុងតំបន់ដែលបក្សប្រជាជនត្រូវបានគេដឹងថាមានការគាំទ្រយ៉ាងជ្រាលជ្រៅ។

ពេលទស្សវត្ត ១៩៦០ ចាប់ផ្តើម រាល់ក្រុមបក្សពួកឬគណបក្សនយោបាយទាំងប៉ុន្មានដែលប្រឆាំងនឹងសីហនុនិងសង្គមរាស្រ្តនិយមត្រូវបង្ខំបន្តចលនាតស៊ូប្រឆាំងរបស់គេជាសម្ងាត់។ យោងទៅតាមវិឃឺរី គណបក្សប្រជាធិបតេយ្យបានបែកបាក់នៅកំឡុងឆ្នាំ១៩៥៧ បន្ទាប់ពីថ្នាក់ដឹកនាំរបស់វាបានស្នើសុំដោយឯកសិទ្ធិក្នុងការចូលរួមជាមួយសង្គមរាស្ត្រនិយម។

ទោះជាមានសមាជិកស្តាំនិយមច្រើនមែនតែសង្គមរាស្រ្តនិយមមិនបានចាត់ទុកខ្លួនជាគណបក្សនយោបាយស្លាបស្តាំនោះទេ។ សម្តេចសីហនុបានអញ្ជើញពួកឆ្វេងនិយមមួយចំនួនឱ្យមកចូលរួមជាមួយបក្សនិងរដ្ឋាភិបាលរបស់ទ្រង់ដើម្បីឱ្យមានតុល្យភាពក្នុងជួរបក្ស។ ក្នុងចំណោមអ្នកទាំងនោះ បុគ្គលសំខាន់ៗមានចំនួនបីនាក់គឺលោកហ៊ូ យន់ និងហូ នឹម, ដែលបានបម្រើការឱ្យក្រសួងមួយចំនួននៅចន្លោះឆ្នាំ១៩៥៨ និងឆ្នាំ១៩៦៣ ចំណែកឯបុគ្គលម្នាក់ទៀតគឺលោកខៀវ សំផនដែលបម្រើការជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងរយៈពេលដ៏ខ្លីមួយនៅកំឡុងឆ្នាំ១៩៦៣។

គណបក្សឯករាជ្យស្លាបឆ្វេងទាំងប៉ុន្មានត្រូវបានរដ្ឋាភិបាលសីហនុកម្ចាត់ចេញទាំងអស់។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៥៨ អ្នកនិពន្ធកាសែតប្រចាំសប្តាហ៍របស់បក្សប្រជាជនឈ្មោះណុប បូផាន់ ត្រូវបានប៉ូលីសសន្តិសុខរដ្ឋបាញ់សម្លាប់នៅខាងក្រៅការិយាល័យរបស់លោកផ្ទាល់តែម្តង។ នៅក្នុងឆ្នាំ១៩៦០ មនុស្សប្រមាណ ២,០០០ នាក់ត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួនដោយសារហេតុផលនយោបាយនៅឯជំរុំឃុំឃាំងមួយកន្លែងក្រៅរាជធានីភ្នំពេញ។ ករណីសន្តិសុខរដ្ឋត្រូវបានដោះស្រាយដោយតុលាការយោធាដែលមិនមានបណ្តឹងឧទ្ធរណ៍ឡើយ។ តុលាការនោះគឺទទួលខុសត្រូវលើក្រឹត្យមរណភាពចំនួន ៣៩ ក្នុងរយៈពេលត្រឹមតែ ៦ ខែដំបូងនៃប្រតិបត្តិការរបស់ខ្លួនប៉ុណ្ណោះហើយគេដឹងជាទូទៅថាសាលក្រមខ្លះគឺត្រូវបានសម្រេចដោយសម្តេចសីហនុផ្ទាល់។

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.