ទុយនីស៊ី

From Wikipedia, the free encyclopedia

ទុយនីស៊ី

ប្រទេសទុយនីស៊ី[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋទុយនីស៊ី[ស ២] គឺជាប្រទេសមួយស្ថិតនៅភាគខាងជើងបំផុតនៃទ្វីបអាហ្វ្រិក។ ទុយនីស៊ីគឺជាផ្នែកមួយនៃតំបន់ម៉ាហ្គ្រីបនៅអាហ្រ្វិកខាងជើង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាល់ហ្សេរីនៅភាគខាងលិចនិងភាគនិរតី ប្រទេសលីប៊ីនៅភាគអាគ្នេយ៍ និងសមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើងនិងខាងកើត។ មិនតែប៉ុណ្ណោះ ប្រទេសនេះក៏មានដែនទឹកជាប់នឹងប្រទេសអ៊ីតាលីតាមរយៈប្រជុំកោះស៊ីស៊ីលី និងសាដេនីនៅភាគខាងជើង និងប្រទេសម៉ាល់តានៅភាគខាងកើត។​ ប្រទេសនេះជាម្ចាស់ផ្ទះនៃបុរាណវត្ថុនៃអរិយធម៌ការតាច ដែលមានអាយុកាលតាំងពីសតវត្សទី៩ មុន គ.ស. មកម៉្លេះ ក៏ដូចជាព្រះមហាវិហារឥស្លាមនៃក្រុងគាហ្អួងជាដើម។ ទុយនីស៊ីត្រូវបានគេស្គាល់ទូលំទូលាយដោយសារស្ថាបត្យកម្មបុរាណដ៏អស្ចារ្យ ទីផ្សារក្នុងស្រុកដ៏មមាញឹក និងឆ្នេរសមុទ្រពណ៌ខៀវស្រឡះ។​ ទុយនីស៊ីគ្របដណ្តប់លើផ្ទៃដីសរុប ១៦៣,៦១០ គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅជាង ១២ លាននាក់។ ចុងខាងកើតនៃជួរភ្នំអាត្លាស និងប៉ែកខាងជើងបង្អស់នៃវាលលំហសាហារ៉ាបានលាតសន្ធឹងចូលមកក្នុងដែនដីប្រទេសមួយនេះ ខណៈឆ្នេរសមុទ្រប្រវែង ១,៣០០ គីឡូម៉ែត្ររបស់ខ្លួនបានអូសបន្លាយតាមសមុទ្រមេឌីទែរ៉ាណេ។ ឈ្មោះប្រទេសទុយនីស៊ីនេះផងដែរគឺមានប្រភពចេញពីទីក្រុងទុយនីសដែលត្រូវជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។

ព័ត៌មានសង្ខេប الجمهورية التونسية (ភាសាអារ៉ាប់), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋទុយនីស៊ី
الجمهورية التونسية (ភាសាអារ៉ាប់)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
បាវចនា
حرية، نظام، عدالة (អារ៉ាប់)
(សេរីភាព សណ្ដាប់ធ្នាប់ យុត្តិធម៌)
ភ្លេងជាតិ
حرية، نظام، عدالة (អារ៉ាប់)
("មាតុនូបត្ថម្ភ")
Thumb
ទីតាំងនៃប្រទេសទុយនីស៊ី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ទុយនីស
36°49′N 10°11′E
ភាសាផ្លូវការភាសាអារ៉ាប់[]
គ្រាមភាសាអារ៉ាប់ទុយនីស៊ី[]
ភាសាបរទេសភាសាបារាំង[]
ក្រុមជនជាតិ
(ឆ្នាំ ២០២១)[]
សាសនា
  • ៩៩% ឥស្លាមស៊ុននី[]
  • ១% សាសនាផ្សេងៗទៀត (មាន គ្រិស្តសាសនា យូដា ឥស្លាមស៊ីយ៉ា បាហៃ។ល។)[១០][១១][១២]
រដ្ឋាភិបាលសាធារណរដ្ឋប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត
- ប្រធានាធិបតី
កៃស៍ សាយ៉េដ
- នាយករដ្ឋមន្ត្រី
កាមែល ម៉ាឌូរី
នីតិបញ្ញត្តិរដ្ឋសភា
ក្រុមប្រឹក្សាជាតិនៃតំបន់ និងស្រុក
- សភាជាន់ទាប
សភាតំណាងប្រជាជន
និម្មិតកម្ម
- ការតាចបុរាណ
៨១៤ មុន គ.ស.
- រាជវង្សហ៊ូស៊ីនីដ
១៥​ កក្កដា ១៧០៥
- រាជាណាចក្រ
២០ មីនា ១៩៥៦
- សាធារណរដ្ឋ
២៥ កក្កដា ១៩៥៧
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
២៥ កក្កដា ២០២២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៦៣,៦១០ គ.ម   (ទី៩១)
- ផ្ទៃទឹក (%)
៥.០៤
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
១១,៧០៨,៣៧០[១៣] (ទី៨១)
- ដង់ស៊ីតេ
៧១.៦៥ នាក់/គ.ម   (ទី១៤៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
១៦២.០៩៧ ពាន់លានដុល្លារ[១៤] (ទី៨២)
- ក្នុងម្នាក់
១៣,២៤៨ ដុល្លារ[១៤] (ទី១១៣)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
៥១.២៧១ ពាន់លានដុល្លារ[១៤] (ទី៩២)
- ក្នុងម្នាក់
៤,១៩០ ដុល្លារ[១៤] (ទី១២៩)
ជីនី (២០២១) ៣៣.៧[១៥]
មធ្យម
HDI (២០២២) ០.៧៣២[១៦]
ខ្ពស់ · ទី១០១
រូបិយវត្ថុឌីណាទុយនីស៊ី (TND)
ល្វែងម៉ោងUTC+១ (CET)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២១៦
កូដ ISO 3166TN
ដែនកម្រិតខ្ពស់.tn
មើលជា Q948 លើវីគីទិន្នន័យ
បិទ

ចាប់ផ្តើមពីសម័យដើមបុរាណ ជនជាតិដើមប៊ែប៊ែរបានឡើងមកតាំងទីលំនៅលើទឹកដីនៃប្រទេសទុយនេស៊ីបច្ចុប្បន្ន។ ជនជាតិហ្វីនីស៊ីដែលជាក្រុមជនជាតិសេមីទិកមួយបានចូលមកតាំងទីលំនៅនៅតាមឆ្នេរសមុទ្រ និងបង្កើតចេញជាសហគមន៍តូចៗជាច្រើននៅក្នុងសតវត្សរ៍ទី១២ មុនគ្រិស្តសករាជ ហើយជាលទ្ធផលក៏រួមគ្នាបង្កើតបានអរិយធម៌ការតាចដែលត្រូវជាមហាអំណាចតំបន់មួយនៅសតវត្សរ៍ទី៧ មុនគ្រិស្តសករាជ។ បច្ចជនរបស់ជនជាតិហ្វីនីស៊ីត្រូវបានគេស្គាល់ថាជនជាតិព្យូនិកការតាចបុរាណរបស់ជនជាតិមួយនេះបានក្លាយជាអាណាចក្រពាណិជ្ជកម្មដ៏សំខាន់មួយ និងជាគូប្រជែងវិស័យយោធាជាមួយសាធារណរដ្ឋរ៉ូម៉ាំង ប៉ុន្តែមកដល់ឆ្នាំ១៤៦ មុន គ.ស. ការតាចក៏ត្រូវបានរ៉ូមវាយកាន់កាប់អស់រយៈពេល ៨០០ ឆ្នាំបន្ទាប់។ ក្រោមការកាន់កាប់របស់រ៉ូម ពួកគេបានផ្សព្វផ្សាយគ្រិស្តសាសនា ហើយបានបន្សល់ទុកនូវកេរដំណែលស្ថាបត្យកម្មដ៏វិសេសវិសាលជាច្រើនដូចជា រង្គសាលអែលជេមជាដើម។ មកដល់សតវត្សរ៍ទី៧ នៃគ.ស. ជនជាតិអារ៉ាប់ឥស្លាមបានវាយសញ្ជ័យទឹកដីទុយនីស៊ីទាំងមូល (ដោយទទួលបានជ័យជម្នះនៅក្នុងឆ្នាំ៦៩៧ បន្ទាប់ពីខិតខំប្រឹងប្រែងកាន់កាប់អស់ជាច្រើនដងចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ៦៤៧) ហើយបានបញ្ជូនកុលសម្ព័ន្ធ និងក្រុមគ្រួសាររបស់ពួកគេជាមួយនឹងសាសនា និងវប្បធម៌អារ៉ាប់ចូលមកទុយនីស៊ី។ នៅប្រមាណសតវត្សរ៍ទី១៥ ភាសា និងវប្បធម៌អារ៉ាប់បានជ្រាបចូលក្នុងសង្គមទុយនីស៊ីស្ទើរគ្រប់ស្រទាប់វណ្ណៈ ខណៈជនជាតិដើមស្ទើរទាំងអស់បានប្រែអត្តសញ្ញាណក្លាយជាជនជាតិអារ៉ាប់។[១៧] នៅឆ្នាំ១៥៤៦ ចក្រភពអូតូម៉ង់បានបង្កើតរបបគ្រប់គ្រងនៅទុយនីស៊ី និងបន្តកាន់កាប់អស់រយៈពេលជាង ៣០០ ឆ្នាំរហូតដល់ឆ្នាំ១៨៨១ នៅពេលដែលបារាំងបានត្រួតត្រាទុយនីស៊ី។ នៅក្នុងឆ្នាំ១៩៥៦ ទុយនីស៊ីបានទទួលឯករាជ្យជាសាធារណរដ្ឋទុយនីស៊ីក្រោមការដឹកនាំរបស់លោកហាប៊ីប បូហ្គីបា។ បច្ចុប្បន្ននេះ វប្បធម៌ និងអត្តសញ្ញាណប្រទេសទុយនីស៊ីបានចាក់ឫសគល់ជ្រៅទៅក្នុងចំណុចប្រសព្វនៃវប្បធម៌ និងជាតិសាសន៍ផ្សេងៗគ្នាដែលបានអូសបន្លាយអស់ជាច្រើនសតវត្សរ៍មកនេះ។

នៅឆ្នាំ២០១១ បដិវត្តន៍ទុយនីស៊ីបានផ្ទុះឡើងប្រឆាំងនឹងរបបផ្ដាច់ការរបស់លោកហ្សីន អែលអាប៊ីឌីនបេនអាលីដែលកាលនុះបានកំពុងកាន់អំណាចអស់រយៈពេលជាង ២៤ ឆ្នាំមកហើយ។ ជាលទ្ធផល របបរបស់លោកក៏ត្រូវបានមហាជនផ្តួលរំលំ ហើយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទុយនីស៊ីមួយនេះក៏បានរាលដាលបង្កើតចេញជាចលនាប្រឆាំងរដ្ឋាភិបាលផ្ដាច់ការនៅទូទាំងតំបន់អារ៉ាប់ និងមជ្ឈិមបូព៌ា ដែលគេនិយមហៅថា និទាឃរដូវអារ៉ាប់។ យោងតាមសន្ទស្សន៍ប្រជាធិបតេយ្យ (ធ្វើដោយ The Economist) បានបង្ហាញឱ្យឃើញថា ប្រទេសទុយនីស៊ីគឺជារដ្ឋដែលមានគុណតម្លៃប្រជាធិបតេយ្យតែមួយគត់ប៉ុណ្ណោះនៅក្នុងពិភពអារ៉ាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។[១៨] បន្ទាប់ពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសបានចុះទន់ខ្សោយ ទុយនីស៊ីក៏ត្រូវបានគេចាត់ទុកថាជារដ្ឋក្រោមរបបប្រសង្ករណ៍។[១៩]​ ទុយនីស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសនៅទ្វីបអាហ្រ្វិកតែប៉ុន្មានប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ជាមួយនឹងប្រាក់ចំណូលខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ៗនៅលើទ្វីបនេះ ខណៈជាប់ចំណាត់ថ្នាក់ទី១២៩ នៅលើសកលលោកក្នុង ផសស សម្រាប់មនុស្សម្នាក់ៗ។

ទុយនីស៊ីមានចំណងដ៏ស្អិតរមួតនៅក្នុងសហគមន៍អន្តរជាតិ ដោយបច្ចុប្បន្ន ប្រទេសនេះគឺជាសមាជិកនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី សម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម សហភាពអាហ្រ្វិក ទីផ្សាររួមសម្រាប់អាហ្វ្រិកខាងកើត និងត្បូង ចលនាមិនចូលបក្សសម្ព័ន្ធ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងក្រុម ៧៧។ល។ ខុសពីប្រទេសនៃពិភពអារ៉ាប់ភាគច្រើន ទុយនីស៊ីនូវតែបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអឺរ៉ុបមួយចំនួន ជាពិសេសជាមួយបារាំង និងអ៊ីតាលី។ មិនតែប៉ុណ្ណោះ ទុយនីស៊ីក៏មានកិច្ចព្រមព្រៀងសមាគមន៍ជាមួយសហភាពអឺរ៉ុបផងដែរ ហើយថែមទាំងទទួលបានឋានៈជាសម្ព័ន្ធមិត្តក្រៅអង្គការណាតូមួយរបស់សហរដ្ឋអាមេរិកទៀតផង។

កំណត់សម្កាល់

  1. ភាសាអារ៉ាប់៖ تونس, ភាសាប៊ែប៊ែរ៖ Tunest, ភាសាបារាំង៖​ Tunisie
  2. ភាសាអារ៉ាប់៖ الجمهورية التونسية, ភាសាបារាំង៖ République tunisienne

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.