សម្ព័ន្ធអារ៉ាប់
From Wikipedia, the free encyclopedia
Remove ads
សម្ព័ន្ធអារ៉ាប់ (ភាសាអារ៉ាប់៖ الجامعة العربية (ស្តាប់) , ភាសាអង់គ្លេស៖ Arab League) ដោយមានឈ្មោះជាផ្លូវការថា សម្ព័ន្ធរដ្ឋអារ៉ាប់ (ភាសាអារ៉ាប់៖ جامعة الدول العربية) គឺជាអង្គការថ្នាក់តំបន់មួយនៅពិភពអារ៉ាប់ ដែលមានទីតាំងគ្របដណ្ដប់លើតំបន់អាហ្វ្រិកខាងជើង អាហ្រ្វិកខាងលិច អាហ្វ្រិកខាងកើត និងអាស៊ីខាងលិច។ សម្ព័ន្ធអារ៉ាប់ត្រូវបានបង្កើតឡើងនៅទីក្រុងគែរក្នុងថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៤៥ ដោយមានសមាជិកដំបូងចំនួនប្រាំមួយដូចជា៖ ត្រង់ហ្សកដានី (ប្តូរឈ្មោះមកហ្សកដានីក្នុងឆ្នាំ១៩៤៩) លីបង់ ស៊ីរី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប។ ប្រទេសយេម៉ែនបានចូលរួមជាសមាជិកបន្ទាប់បន្សំនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៤៥។ បច្ចុប្បន្ន អង្គការនេះមានសមាជិកសរុបចំនួន ២២ ប្រទេសប៉ុន្តែរដ្ឋស៊ីរីត្រូវបានគេព្យួរពីសម្ព័ន្ធចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១ មកម្លេះ។[៤]
Remove ads
គោលដៅចម្បងរបស់អង្គការនេះគឺ "ពង្រឹងទំនាក់ទំនងរបស់រដ្ឋជាសមាជិកឱ្យកាន់តែមានភាពជិតស្និទ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសមាជិកខ្លួនដើម្បីការពារឯករាជ្យភាព និងអធិបតេយ្យភាព ហើយគិតពិចារណាអំពីកិច្ចការទូទៅ និងផលប្រយោជន៍នៃប្រជាជាតិអារ៉ាប់"។[៥] ប៉ុន្តែបើក្រឡេកមើលទៅក្នុងប្រវត្តិសាស្ត្រវិញ កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការមួយនេះគឺនូវមានកម្រិតទាបនៅឡើយ។[៦]
តាមរយៈស្ថាប័ននានា ជាពិសេសគឺ អង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃសម្ព័ន្ធអារ៉ាប់ (ALECSO) ហើយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃក្រុមប្រឹក្សាឯកភាពសេដ្ឋកិច្ចអារ៉ាប់ (CAEU) សម្ព័ន្ធនេះជាទូទៅបានជួយសម្រួលកម្មវិធីនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងសង្គមដែលបានរចនាឡើងដើម្បីលើកកម្ពស់ផលប្រយោជន៍នៃពិភពអារ៉ាប់។[៧][៨] វាបានបម្រើជាវេទិកាសម្រាប់រដ្ឋសមាជិកក្នុងការជួយសម្រួលគោលនយោបាយ រៀបចំការសិក្សាស្រាវជ្រាវ និងគណៈកម្មាធិការទាក់ទងនឹងបញ្ហានៃក្តីកង្វល់រួម ដោះស្រាយជម្លោះអន្តររដ្ឋ និងកម្រិតជម្លោះដូចជាវិបត្តិលីបង់ឆ្នាំ១៩៥៨ ជាដើម។ សម្ព័ន្ធនេះក៏បានបម្រើជាវេទិកាសម្រាប់ការតាក់តែង និងការសន្និដ្ឋាននៃឯកសារសំខាន់ៗជាច្រើនដែលលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ឧទាហរណ៍៖ ធម្មនុញ្ញសកម្មភាពសេដ្ឋកិច្ចអារ៉ាប់រួម ដែលបានបង្ហាញពីគោលការណ៍សម្រាប់សកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់។
រដ្ឋសមាជិកនីមួយៗមានសម្លេងឆ្នោតចំនួនមួយរៀងៗខ្លួននៅក្នុងក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ហើយវាជាកាតព្វកិច្ចរបស់រដ្ឋទាំងអស់ក្នុងការបោះឆ្នោតជ្រើសរើសសេចក្តីសម្រេចណាមួយ។ គោលដៅរបស់សម្ព័ន្ធអារ៉ាប់នៅក្នុងឆ្នាំ១៩៤៥ គឺពង្រឹង និងសម្របសម្រួលកម្មវិធីនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសង្គមរបស់សមាជិកខ្លួន និងជួយសម្រួលរាល់ជម្លោះទាំងឡាយនៅក្នុងចំណោម ឬរវាងសមាជិក ឬរវាងភាគីទីបី។ ជាងនេះទៀត ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការការពារជាតិរួម និងសេដ្ឋកិច្ច (JAF) នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៥០ បានធ្វើឱ្យប្រទេសហត្ថលេខីមានការប្តេជ្ញាសម្របសម្រួលវិធានការការពារយោធា។ នៅអំឡុងខែមីនា ឆ្នាំ២០១៥ អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់បានប្រកាសបង្កើតកងកម្លាំងអារ៉ាប់រួមមួយក្នុងគោលបំណងទប់ទល់នឹងភាពជ្រុលនិយម និងការគំរាមកំហែងផ្សេងៗទៀតចំពោះរដ្ឋអារ៉ាប់។ ការសម្រេចចិត្តនេះត្រូវបានធ្វើទៅរួចខណៈពេលដែលប្រតិបត្តិការព្យុះកំណាចកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសយេម៉ែន។ ការចូលរួមនៅក្នុងគម្រោងនេះគឺធ្វើដោយស្ម័គ្រចិត្ត ហើយកងទ័ពចូលអន្តរាគមន៍តាមតែសំណើរបស់រដ្ឋជាសមាជិកមួយប៉ុណ្ណោះ។ កំណើនឃ្លាំងអាវុធយោធានៅក្នុងរដ្ឋជាសមាជិកជាច្រើន និងនៅក្នុងជួរក្រុមបក្សពួកតូចៗមួយចំនួន ជម្លោះសង្គ្រាមស៊ីវិល ក៏ដូចជាចលនាភេរវកម្ម គឺជាកម្លាំងរុញច្រានឱ្យ JAF មានបដិសន្ធិឡើងដោយមានការផ្តល់ហិរញ្ញប្បទានពីបណ្តាប្រទេសអ្នកមាននៅតាមឈូងសមុទ្រ។[៩]
Remove ads
ប្រវត្តិសាស្ត្រ

បន្ទាប់ពីបានអនុម័តកិច្ចព្រមព្រៀងអាឡិចសង់ឌ្រីនៅឆ្នាំ១៩៤៤ សម្ព័ន្ធអារ៉ាប់ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៤៥។ វាមានគោលបំណងក្លាយជាអង្គការក្នុងតំបន់នៃរដ្ឋអារ៉ាប់ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ការដោះស្រាយជម្លោះផ្សេងៗ និងការសម្របសម្រួលគោលដៅនយោបាយ។[១០] ក្រៅពីរដ្ឋសមាជិកដើមទាំងប្រាំបី ប្រទេសជាច្រើនទៀតក៏បានចូលរួមជាបន្តបន្ទាប់។[១១] ប្រទេសសមាជិកនីមួយៗត្រូវបានផ្តល់សម្លេងឆ្នោតមួយនៅក្នុងក្រុមប្រឹក្សាសម្ព័ន្ធ។ សកម្មភាពសំខាន់ដំបូងគឺ ការធ្វើអន្តរាគមន៍រួមគ្នាប្រឆាំងនឹងរដ្ឋដែលទើបបង្កើតថ្មីគឺអ៊ីស្រាអែលដោយរដ្ឋមួយនេះបានស្ថាបនាឡើងនៅលើទឹកដីរបស់ដូនតាអារ៉ាប់ មិនតែប៉ុណ្ណោះអ៊ីស្រាអែលថែមទាំងបានបណ្តេញប្រជាជនអារ៉ាប់ក្នុងស្រុកចេញផងដែរ។ ហ្សកដានីដែលជារដ្ឋសមាជិកមួយបានយល់ព្រមជាមួយអ៊ីស្រាអែលក្នុងការបំបែករដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលស្នើឡើងដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ចំណែកឯប្រទេសអេហ្ស៊ីបវិញបានចូលធ្វើអន្តរាគមន៍ជាចម្បងដើម្បីរារាំងទីក្រុងអាម៉ាន់ពីការសម្រេចគោលដៅរបស់គេ។[១២] ពីរឆ្នាំក្រោយមក សន្ធិសញ្ញាយោធាការពាររួមក៏ត្រូវបានបង្កើតឡើង។ ទីផ្សាររួមមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៥។[១០][១៣]
Remove ads
ភូមិសាស្ត្រ

ទសវត្សរ៍ទី៤០ ទសវត្សរ៍ទី៥០ ទសវត្សរ៍ទី៦០ ទសវត្សរ៍ទី៧០
រដ្ឋជាសមាជិកសម្ព័ន្ធអារ៉ាប់ទាំងអស់បានគ្របដណ្តប់លើផ្ទៃដីជាង ១៣,០០០,០០០ គម២ និងឆ្លងកាត់ទ្វីបចំនួនពីរគឺ៖ ទ្វីបអាហ្រ្វិក និងអាស៊ី។ តំបន់ផ្ទៃដីទាំងអស់នោះភាគច្រើនជាវាលខ្សាច់ស្ងួត ដូចវាលខ្សាច់សាហារ៉ាជាដើម។ តែទោះជាយ៉ាងណាក្តី វាក៏មានតំបន់ដែលមានដីសម្បូរទៅដោយជីជាតិខ្ពស់ជាច្រើនដែរដូចជា ជ្រលងទន្លេនីល ជ្រលងភ្នំជូបបា និងសេបែលនៅក្នុងតំបន់ស្នែងអាហ្រ្វិក, ភ្នំអាត្លាសនៅតំបន់ម៉ាហ្គ្រីប និងតំបន់រាងអឌ្ឍចន្ទដ៏មានជីជាតិដែលលាតសន្ធឹងលើមេសូប៉ូតាមី និងឡេវ៉ាន។
Remove ads
សមាជិកភាព
ធម្មនុញ្ញសម្ព័ន្ធអារ៉ាប់ ឬអាចហៅបានថា កតិកាសញ្ញានៃសម្ព័ន្ធរដ្ឋអារ៉ាប់ គឺជាសន្ធិសញ្ញាបង្កើតសម្ព័ន្ធអារ៉ាប់ឡើង។ បានអនុម័តនៅក្នុងឆ្នាំ១៩៤៥ វាបានចែងថា "សម្ព័ន្ធរដ្ឋអារ៉ាប់ត្រូវមានសមាសភាពនៃរដ្ឋអារ៉ាប់ឯករាជ្យដែលបានចុះហត្ថលេខាលើកតិកាសញ្ញានេះ"។[១៤]
ដើមឡើយមានសមាជិកតែប្រាំមួយប៉ុណ្ណោះនៅឆ្នាំ១៩៤៥។ សព្វថ្ងៃនេះ សម្ព័ន្ធអារ៉ាប់មានសមាជិករហូតដល់ទៅ ២២ ប្រទេសដោយក្នុងនោះរួមមានប្រទេសអាហ្វ្រិកធំៗចំនួនបី (ស៊ូដង់ អាល់ហ្សេរី និងលីប៊ី) និងប្រទេសធំជាងគេនៅអាស៊ីខាងលិច (អារ៉ាប៊ីសាអ៊ូឌីត)។
សម្ព័ន្ធរដ្ឋអារ៉ាប់បានទទួលនូវកំណើនសមាជិកជាបន្តបន្ទាប់នៅអំឡុងពាក់កណ្តាលទីពីរនៃសតវត្សទី២០។ គិតត្រឹមឆ្នាំ២០២០ ប្រទេសសមាជិកចំនួន ២២ នោះមាន៖
កាតា
កូម័រ
គុយវ៉ែត
ជីប៊ូទី
ទុយនីស៊ី
ប៉ាឡេស្ទីន
បារ៉ែន
ម៉ារ៉ុក
ម៉ូរីតានី
យេម៉ែន
លីបង់
លីប៊ី (ព្យួរ)
ស៊ីរី (ព្យួរ)
ស៊ូដង់
សូម៉ាលី
ហ្សកដានី
អ៊ីរ៉ាក់
អារ៉ាប៊ីសាអ៊ូឌីត
អាល់ហ្សេរី
អូម៉ង់
អេមីរ៉ាតអារ៉ាប់រួម
អេហ្ស៊ីប
និងរដ្ឋសង្កេតការណ៍ចំនួនប្រាំ (សម្គាល់៖ រដ្ឋសង្កេតការណ៍ខាងក្រោមត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសម័យប្រជុំនានារបស់សម្ព័ន្ធអារ៉ាប់ ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតទេ)៖
ប្រទេសលីប៊ីត្រូវបានគេព្យួរសមាជិកភាពនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ បន្ទាប់ពីមានផ្ទុះសង្រ្គាមស៊ីវិលនៅក្នុងប្រទេស។[២០] ក្រុមប្រឹក្សាជាតិអន្តរកាលដែលជារដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីដែលមានការទទួលស្គាល់មានកំណត់បានបញ្ជូនអ្នកតំណាងខ្លួនឱ្យទៅអង្គុយក្នុងកិច្ចប្រជុំសម្ព័ន្ធអារ៉ាប់នៅថ្ងៃទី១៧ ខែសីហា នៃឆ្នាំដដែរដើម្បីចូលរួមពិភាក្សាថាតើត្រូវទទួលស្គាល់ប្រទេសលីប៊ីជាសមាជិកនៃអង្គការនេះឬអត់។[២១]
សមាជិកភាពរបស់ស៊ីរីត្រូវបានគេព្យួរនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១។[២២] នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ សម្ព័ន្ធអារ៉ាប់បានផ្តល់អាសនៈតំណាងប្រទេសស៊ីរីឱ្យទៅសម្ព័ន្ធជាតិស៊ីរី។ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤ អគ្គលេខាធិការលោកណាប៊ីល អាល់-អារ៉ាប៊ីបាននិយាយថា អាសនៈរបស់ស៊ីរីនឹងទុកឱ្យនៅទំនេររហូតដល់ក្រុមបក្សប្រឆាំងអាចបំពេញនិម្មិតកម្មនៃស្ថាប័នរបស់ខ្លួន។[២៣]
នយោបាយ និងរដ្ឋបាល

សម្ព័ន្ធអារ៉ាប់គឺជាអង្គការនយោបាយដែលព្យាយាមជួយធ្វើសមាហរណកម្មសមាជិករបស់ខ្លួនខាងផ្នែកសេដ្ឋកិច្ច និងដោះស្រាយជម្លោះពាក់ព័ន្ធនឹងរដ្ឋជាសមាជិកដោយមិនពឹងពាក់ជំនួយពីបរទេសឡើយ។ វាផ្សំឡើងពីសភាតំណាងរដ្ឋ ខណៈកិច្ចការបរទេសត្រូវបានធ្វើឡើងជាញឹកញាប់ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។
ធម្មនុញ្ញនៃសម្ព័ន្ធអារ៉ាប់[៥]បានគាំទ្រគោលការណ៍មាតុភូមិអារ៉ាប់ (មនោគមវិជ្ជានៃការបង្រួបបង្រួមរដ្ឋអារ៉ាប់ឱ្យនៅក្រោមអំណាចសហភាពតែមួយ) ខណៈដែលគោរពអធិបតេយ្យភាពនៃរដ្ឋសមាជិកនីមួយៗផងដែរ។ បទប្បញ្ញត្តិផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសម្ព័ន្ធ[២៤] និងគណៈកម្មាធិការ[២៥]ត្រូវបានព្រមព្រៀងគ្នានៅក្នុងខែតុលា ឆ្នាំ១៩៥១។ អគ្គលេខាធិការសម្ព័ន្ធបានយល់ព្រមអនុម័តវានៅខែឧសភា ឆ្នាំ១៩៥៣។[២៦]
ចាប់តាំងពីពេលនោះមក អភិបាលកិច្ចនៃសម្ព័ន្ធអារ៉ាប់ត្រូវផ្អែកលើសមភាពនៃស្ថាប័នជាតិកំពូល និងអធិបតេយ្យភាពរបស់ប្រទេសជាសមាជិក។ ការរក្សានូវភាពជារដ្ឋរៀងខ្លួនៗគឺបានមកពីកម្លាំងនៃចំណង់ចំណូលចិត្តធម្មជាតិរបស់ឥស្សរជនដែលកំពុងកាន់អំណាចក្នុងរដ្ឋទាំងនោះដើម្បីរក្សាសិទ្ធិអំណាច និងឯករាជ្យភាពរបស់ពួកគេក្នុងការសម្រេចអ្វីមួយ។ ជាងនេះទៅទៀត ភាពភ័យខ្លាចរបស់អ្នកមានថាអ្នកក្រអាចនឹងចែករំលែកទ្រព្យសម្បត្តិរបស់ពួកគេក្នុងនាមជាតិនិយមអារ៉ាប់ ជម្លោះរវាងមេដឹកនាំអារ៉ាប់ និងឥទ្ធិពលនៃមហាអំណាចខាងក្រៅដែលធ្វើសកម្មភាពប្រឆាំងនឹងការរួបរួមរបស់រដ្ឋអារ៉ាប់អាចត្រូវបានគេមើលឃើញថាជាឧបសគ្គឆ្ពោះទៅរកសមាហរណកម្មកាន់តែស៊ីជម្រៅនៃសម្ព័ន្ធនេះ។
នៅក្នុងកិច្ចប្រជុំកំពូលនៃទីក្រុងគែរក្នុងឆ្នាំ១៩៦៤ សម្ព័ន្ធអារ៉ាប់បានផ្តួចផ្តើមបង្កើតអង្គការតំណាងឱ្យប្រជាជនប៉ាឡេស្ទីន។ ក្រុមប្រឹក្សាជាតិប៉ាឡេស្ទីនដំបូងបានកោះប្រជុំនៅឯទីក្រុងយេរូសាឡឹមខាងកើតនៅថ្ងៃទី២៩ ឧសភា ឆ្នាំ១៩៧៥។ អង្គការរំដោះប៉ាឡេស្ទីន (PLO) ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំនេះគឺនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៦៤។ ប៉ាឡេស្ទីនពេលនោះត្រូវបានទទួលស្គាល់ជាបណ្តោះអាសន្ននៅក្នុងសម្ព័ន្ធអារ៉ាប់ ដែលមាន PLO ជាតំណាង។ សព្វថ្ងៃនេះ រដ្ឋប៉ាឡេស្ទីនគឺជាសមាជិកពេញសិទ្ធិនៃសម្ព័ន្ធអារ៉ាប់។
នៅឯកិច្ចប្រជុំកំពូលនៃទីក្រុងបៃរូតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០២ សម្ព័ន្ធនេះបានអនុម័តនូវគោលគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់[២៧] ដែលជាផែនការសន្តិភាពជំរុញដោយអារ៉ាប៊ីសាអូឌីតសម្រាប់ជម្លោះអារ៉ាប់–អ៊ីស្រាអែល។ គោលគំនិតនេះអាចនឹងផ្តល់នូវភាពប្រក្រតីពេញលេញសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិអារ៉ាប់និងអ៊ីស្រាអែល ប្រសិនបើជោគជ័យ។ ជាថ្នូរនឹងគ្នាវិញ អ៊ីស្រាអែលត្រូវបានគេតម្រូវឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីដែលកំពុងកាន់កាប់ទាំងអស់ រួមទាំងតំបន់កំពូលហ្កូឡានផង ដើម្បីទទួលស្គាល់ឯករាជ្យភាពរបស់ប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង និងដែនជ្រោយកាសា ដែលមានយេរូសាឡឹមខាងកើតជារដ្ឋធានី និងព្រមទាំងតម្រូវឱ្យអ៊ីស្រាអែលទទួលស្គាល់ "ដំណោះស្រាយយុត្តិធម៌" ថែមទៀតដើម្បីរកយុត្តិធម៌ឱ្យជនភៀសខ្លួនប៉ាឡេស្ទីន។ គំនិតផ្តួចផ្តើមសន្តិភាពនេះត្រូវបានអនុម័តម្តងទៀតនៅឆ្នាំ២០០៧ នៅអំឡុងកិច្ចប្រជុំកំពូលក្នុងរាជធានីរីយ៉ាដ។ នៅខែកក្កដា ឆ្នាំ២០០៧ សម្ព័ន្ធអារ៉ាប់បានបំពេញបេសកកម្មមួយដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសហ្ស៊កដានីនិងអេហ្ស៊ីបទៅអ៊ីស្រាអែលដើម្បីនិយាយលើកកម្ពស់អំពីគំនិតផ្តួចផ្តើមនោះ។ បន្ទាប់ពីប្រទេសវេណេស៊ុយអេឡាបានបណ្តេញអ្នកការទូតអ៊ីស្រាអែលចេញចំពេលមានជម្លោះអ៊ីស្រាអែល-កាសាឆ្នាំ២០០៨-០៩ សមាជិកសភាប្រទេសគុយវ៉ែតម្នាក់ឈ្មោះ វ៉ាលេអ៊ីដ អាល់-តាបតាបាអ៊ីបានស្នើរឱ្យមានការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធអារ៉ាប់ទៅទីក្រុងការ៉ាកាសនៃប្រទេសវេណេស៊ុយអេឡា។[២៨] នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោកអាមារ មហាមេដ មូសាបានទៅធ្វើដំណើរទស្សនានៅតំបន់កាសាដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីនៃសម្ព័ន្ធអារ៉ាប់ចាប់តាំងពីការឡើងកាន់កាប់ប្រដាប់អាវុធដោយពួកហាម៉ានៅឆ្នាំ២០០៧ មក។
នៅឆ្នាំ២០១៥ សម្ព័ន្ធអារ៉ាប់បានសម្តែងការគាំទ្រចំពោះអន្តរាគមន៍យោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅប្រទេសយេម៉ែនដើម្បីប្រឆាំងនឹងក្រុមស៊ីយ៉ាហ៊ូទី និងកងកម្លាំងស្មោះស្ម័គ្រនឹងអតីតប្រធានាធិបតីលោកអាលី អាប់ឌុលឡា សាឡេដែលត្រូវបានទម្លាក់ពីអំណាចនៅក្នុងព្រឹត្តិការណ៍បះបោរឆ្នាំ២០១១។[២៩]
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ជាការឆ្លើយតបទៅនឹងការចូលលុកលុយដោយប្រទេសតួកគីនៅតំបន់ភាគខាងជើងប្រទេសស៊ីរីក្នុងគោលបំណងបណ្តេញជនជាតិឃឺដស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិកចេញពីបរិពន្ធភូមិអាហ្វ្រីន សម្ព័ន្ធអារ៉ាប់បានអនុម័តដំណោះស្រាយមួយដោយអំពាវនាវឱ្យកងកម្លាំងតួកគីដកខ្លួនចេញពីតំបន់អាហ្វ្រីនភ្លាមៗ។[៣០]
នៅខែកញ្ញា ឆ្នាំ២០១៩ សម្ព័ន្ធអារ៉ាប់បានថ្កោលទោសផែនការរបស់អតីតប្រធានាធិបតីអ៊ីស្រាអែលលោកប៊ីនយ៉ាមីន នេតាន់យ៉ាហ៊ូក្នុងការកាត់បញ្ចូលទឹកដីកាន់កាប់នៅផ្នែកខាងកើតនៃតំបន់វ៉េសប៊ែងដែលគេស្គាល់ថាជ្រលងភ្នំហ្សកដានី។[៣១]
សម្ព័ន្ធអារ៉ាប់បានជួបប្រជុំគ្នានៅទីក្រុងគែរកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីសកម្មភាពវាយលុករបស់តួកគីចូលទៅក្នុងភាគឦសានប្រទេសស៊ីរី។ នៅអំឡុងពេលប្រជុំ រដ្ឋជាសមាជិកបានសម្រេចបោះឆ្នោតថ្កោលទោសសកម្មភាពរបស់តួកគីដោយសម្តៅលើវាថាជា "ការឈ្លានពាន" ប្រឆាំងនឹងរដ្ឋអារ៉ាប់ហើយក៏បន្ថែមទៀតថាអង្គការអារ៉ាប់បានមើលឃើញថាវាជាការរំលោភបំពានលើច្បាប់អន្តរជាតិ។[៣២]
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធអារ៉ាប់បានបដិសេធមិនថ្កោលទោសលើការសម្រេចចិត្តរបស់ អអរ ក្នុងការធ្វើនិយតកម្មនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល។ លោកអាប់ឌុល ហ្កេតបាននិយាយថា "គោលដៅដែលប្រទេសអារ៉ាប់របស់យើងទាំងអស់ចង់បាន ដោយគ្មានអញ្ញត្រកម្ម គឺបញ្ឈប់ការត្រួតត្រា និងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅលើព្រំប្រទល់ឆ្នាំ១៩៦៧ ដោយមានក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់វា"។[៣៣]
Remove ads
កិច្ចប្រជុំកំពូល

Remove ads
យោធា
ក្រុមប្រឹក្សាការពាររួមនៃសម្ព័ន្ធអារ៉ាប់គឺជាស្ថាប័នមួយដ៏សំខាន់ក្នុងចំណោមស្ថាប័នទាំងឡាយរបស់អង្គការសម្ព័ន្ធអារ៉ាប់។[៤០] វាត្រូវបានបង្កើតឡើងក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញាការពាររួម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្នាំ១៩៥០ ដើម្បីសម្របសម្រួលការការពាររួមនៃប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់។[៤១]
ជាចម្បង សម្ព័ន្ធអារ៉ាប់គឺជាអង្គការមួយដែលមិនមានកងកម្លាំងយោធាដូចអង្គការសហប្រជាជាតិដែរ ប៉ុន្តែនៅក្នុងកិច្ចប្រជុំកំពូលនៃឆ្នាំ២០០៧ ថ្នាក់ដឹកនាំបានសម្រេចចិត្តធ្វើដំណើរការនូវគោលការណ៍ការពាររួមរបស់ពួកគេឡើងវិញ និងបង្កើតកងកម្លាំងរក្សាសន្តិភាពដើម្បីដាក់បញ្ឈរជើងនៅតំបន់លីបង់ខាងត្បូង ដាហ្វួរ អ៊ីរ៉ាក់ និងកន្លែងជម្លោះប្រដាប់អាវុធផ្សេងៗក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០១៥ នាប្រទេសអេហ្ស៊ីប រដ្ឋជាសមាជិកបានយល់ព្រមជាគោលការណ៍ដើម្បីបង្កើតកងកម្លាំងយោធារួមគ្នា។[៤២]
កិច្ចប្រជុំអាសន្ន
- កិច្ចប្រជុំកំពូលចំនួនពីរដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធនៃកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់៖
- អានសាស, អេហ្ស៊ីប: ២៨–២៩ ឧសភា ១៩៤៦
- បៃរូត, លីបង់: ១៣–១៥ វិច្ឆិកា ១៩៥៨។
- កិច្ចប្រជុំកំពូលទី១៤ ដែលធ្វើឡើងនៅទីក្រុងហ្វេស ប្រទេសម៉ារ៉ុកបានកើតឡើងចំនួនពីរដំណាក់កាល៖
- ២៥ វិច្ឆិកា ១៩៨១៖ កិច្ចប្រជុំរយៈពេលប្រាំម៉ោងបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងលើឯកសារអ្វីមួយ
- នៅថ្ងៃទី៦–៩ កញ្ញា ១៩៨២។
Remove ads
ធនធានសេដ្ឋកិច្ច
សម្ព័ន្ធអារ៉ាប់គឺសម្បូរទៅដោយធនធានជាច្រើនប្រភេទមានដូចជា ធនធានរ៉ែប្រេងកាត និងឧស្ម័នធម្មជាតិដ៏ធំសម្បើមនៅក្នុងរដ្ឋជាសមាជិកមួយចំនួន។ ប្រភេទឧស្សាហកម្មមួយទៀតដែលកំពុងតែរីកចម្រើនជាលំដាប់នៅក្នុងសម្ព័ន្ធអារ៉ាប់គឺវិស័យទូរគមនាគមន៍។ សមិទ្ធិផលសេដ្ឋកិច្ចដែលផ្តួចផ្តើមដោយរដ្ឋជាសមាជិកគឺមិនសូវទទួលបានការចាប់អារម្មណ៍ធំដុំអ្វីជាងអង្គការអារ៉ាប់តូចៗនោះទេ ដូចជាក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជាដើម។[៤៣] ក្នុងចំណោមនោះមាន "បំពង់បង្ហូរឧស្ម័នអារ៉ាប់" ដែលវាដឹកជញ្ជូនឧស្ម័នពីអេហ្ស៊ីប និងអ៊ីរ៉ាក់ទៅកាន់ហ្ស៊កដានី ស៊ីរី លីបង់ និងតួកគី។ គិតត្រឹមឆ្នាំ២០១៣ អសទិសភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចប្រជាជាតិអារ៉ាប់បានលេចចេញឡើងដូចជារវាងរដ្ឋអភិវឌ្ឍន៍រ៉ែប្រេងកាតមានអាល់ហ្សេរី កាតា គុយវ៉ែត និង អអរ និងប្រទេសកំពុងអភិវឌ្ឍន៍ដូចជា កូម័រ ជីប៊ូទី ម៉ូរីតានី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

សម្ព័ន្ធអារ៉ាប់បានរាប់បញ្ចូលដីមានជីជាតិដ៏ធំនៅភាគខាងត្បូងនៃប្រទេសស៊ូដង់ថាជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ វាត្រូវបានគេសម្តៅលើថា "កន្ត្រកស្បៀងអាហារនៃពិភពអារ៉ាប់"។ ជាមួយនឹងអស្ថិរភាពក្នុងតំបន់ដូចជា ឯករាជ្យភាពរបស់ប្រទេសស៊ូដង់ខាងត្បូងជាដើម វាមិនបានផ្តល់ផលប៉ះពាល់អ្វីដល់ឧស្សាហកម្មទេសចរណ៍របស់សម្ព័ន្ធនោះទេព្រោះថាឧស្សាហកម្មនេះបានកំពុងរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ជាមួយអេហ្ស៊ីប អារ៉ាប់រួម លីបង់ ទុយនេស៊ី និង ហ្ស៊កដានី។
ដំណឹកជញ្ជូន
ក្នុងវិស័យដំណឹកជញ្ជូន សម្ព័ន្ធអារ៉ាប់ត្រូវបានបែងចែកទៅជាប្រាំតំបន់មាន៖ ឧបទ្វីបអារ៉ាប់និងតំបន់ដើមបូព៌ាដែលត្រូវបានតភ្ជាប់ទាំងស្រុងដោយផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវថ្នល់ និងផ្លូវដែក។ តំបន់ផ្នែកមួយទៀតគឺជ្រលងទន្លេនីលដែលស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប និងស៊ូដង់។ រដ្ឋសមាជិកទាំងពីរនេះបានចាប់ផ្តើមកែលម្អប្រព័ន្ធនាវាចរណ៍នៅទន្លេនីលដើម្បីធ្វើឱ្យមានភាពងាយស្រួល ហើយក៏ដូចជាជំរុញការជួញដូរទំនិញនិងផលិតផលផ្សេងៗផងដែរ។ ប្រព័ន្ធផ្លូវដែកថ្មីត្រូវបានគេកំណត់ភ្ជាប់ទីក្រុងអាប៊ូស៊ីមបែលនៅភាគខាងត្បូងនៃប្រទេសអេហ្ស៊ីបជាមួយទីក្រុងវ៉ាឌីហាល់ហ្វានៃភាគខាងជើងនៃប្រទេសស៊ូដង់ ហើយបន្តទៅកាន់រដ្ឋធានីខាទូម និងកំពង់ផែស៊ូដង់។ តំបន់ផ្នែកទីបីគឺ តំបន់ម៉ាហ្គ្រីបដែលជាទីកន្លែងមានផ្លូវដែកប្រវែង ៣,០០០ គីឡូម៉ែត្ររត់ពីទីក្រុងភាគខាងត្បូងនៃប្រទេសម៉ារ៉ុកទៅកាន់ទីក្រុងទ្រីប៉ូលីនៅភាគខាងលិចប្រទេសលីប៊ី។ តំបន់ផ្នែកទីបួនគឺ តំបន់ស្នែងអាហ្វ្រិក ដែលរដ្ឋជាសមាជិករួមមាន ប្រទេសជីប៊ូទី និងសូម៉ាលី។ រដ្ឋសម្ព័ន្ធអារ៉ាប់ទាំងពីរនេះត្រូវបានបំបែកដោយចម្ងាយតែដប់ម៉ាយពីឧបទ្វីបអារ៉ាប់តាមបាបអែលម៉ង់ដិប។ តំបន់ផ្នែកចុងក្រោយគឺ ប្រទេសកោះកូម័រ ដែលមានទីតាំងស្ថិតនៅលើផ្ទៃសមុទ្រពីភាគខាងកើតនៃតំបន់អាហ្រ្វិកបូព៌ា ហើយវាមិនមានព្រំប្រទល់ដីគោកជាប់ជាមួយរដ្ឋអារ៉ាប់ផ្សេងទៀតនោះទេ។ ទោះយ៉ាងណាក្តី កូម័រនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយសមាជិកសម្ព័ន្ធអារ៉ាប់ដទៃទៀតទៅតាមមធ្យោបាយផ្សេងៗដែលខ្លួនមាន។
Remove ads
អក្ខរកម្ម
ទិន្នន័យអក្ខរកម្មដែលបានបង្ហាញខាងក្រោមគឺផ្អែកទៅលើទិន្នន័យដែលបានរាយការណ៍ដោយប្រទេសជាសមាជិកនីមួយៗ និងមិនមែនដោយអង្គការណានោះទេ។ ខ្លះបានប្រើទិន្នន័យទទួលបានពីការអប់រំជាប្រូកស៊ី ប៉ុន្តែវិធានការនៃការចូលរៀន ឬការបញ្ចប់ថ្នាក់អាចមានលក្ខណៈខុសគ្នា។ ដោយសារនិយមន័យ និងវិធីសាស្រ្តប្រមូលទិន្នន័យមានភាពខុសប្លែកគ្នានៅស្ទើរគ្រប់ប្រទេស ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដក់ស្រង់ព័ត៌មានអក្ខរកម្មខាងក្រោមយកទៅប្រើប្រាស់បន្ត។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០១០។ គួរកត់សម្គាល់ផងដែរថាតំបន់ជុំវិញឈូងសមុទ្រពែក្សមានការរីកចម្រើនខ្លាំងព្រោះដោយសារជំនួញរ៉ែប្រេងកាតដែលជាហេតុនាំឱ្យមានសាលារៀន និងសាកលវិទ្យាល័យជាច្រើនលេចចេញឡើង។
Remove ads
ប្រជាសាស្ត្រ
សម្ព័ន្ធអារ៉ាប់គឺជាសមាគមមួយដែលរដ្ឋសមាជិកទាំង ២២ ប្រទេសមានលក្ខណៈវប្បធម៌ និងជាតិសាសន៍តែមួយ ហើយប្រជាជនភាគច្រើននៃសម្ព័ន្ធនេះត្រូវបានសម្គាល់ថាជាជនជាតិអារ៉ាប់ (ផ្អែកលើមូលដ្ឋានវប្បធម៌ជាតិសាសន៍)។ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ប្រជាជនប្រហែល ៣៥៩ លាននាក់បានរស់នៅក្នុងរដ្ឋនៃសម្ព័ន្ធអារ៉ាប់។ ចំនួនប្រជាជនរបស់វាបានកើនឡើងលឿនជាងនៅក្នុងតំបន់ផ្សេងៗជុំវិញសកលលោកទៅទៀត ឯប្រទេសសមាជិកដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតគឺ ប្រទេសអេហ្ស៊ីប ដែលមានប្រជាជនប្រហែល ១០០ លាននាក់។[៤៧] ប្រទេសដែលមានចំនួនប្រជាជនតិចបំផុតគឺ ប្រទេសកូម័រ ជាមួយនឹងប្រជាជនជាង ០.៦ លាននាក់។
- ទិន្នន័យប្រជាសាស្ត្រស៊ីរីនេះត្រូវបានដក់ស្រង់មុនសង្គ្រាមស៊ីវិលផ្ទុះឡើង។
សាសនា
ប្រជាពលរដ្ឋរស់នៅតាមបណ្តាប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ភាគច្រើនប្រកាន់ខ្ជាប់នូវសាសនាឥស្លាម រីឯសាសនាគ្រិស្តវិញជាសាសនាធំបំផុតទីពីរ។ គ្រិស្តសាសនិកយ៉ាងតិច ១៥ លាននាក់បានរស់នៅក្នុងប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ ហ្សកដានី លីបង់ ប៉ាឡេស្ទីន ស៊ូដង់ និងស៊ីរី។ តួលេខបង្ហាញពីជនជាតិអារ៉ាប់ដែលមិនកាន់សាសនាជាទូទៅមិនមានទេ ប៉ុន្តែការស្រាវជ្រាវដោយវេទិកាភ្ជូ (Pew) បានបង្ហាញថាប្រហែល ១% នៃប្រជាជនរស់នៅក្នុងតំបន់ MENA គឺ"មិនពាក់ព័ន្ធសាសនា"។[៥៧]
ភាសា
ភាសាផ្លូវការរបស់សម្ព័ន្ធអារ៉ាប់គឺភាសាអារ៉ាប់ដោយផ្អែកលើភាសាអារ៉ាប់បុរាណ។ ទោះយ៉ាងណាក៏ដោយ រដ្ឋជាសមាជិកសម្ព័ន្ធអារ៉ាប់មួយចំនួនមានសហភាសា ឬភាសាជាតិផ្សេងទៀតដូចជា៖ ភាសាសូម៉ាលី អាហ្វា កូម័រ បារាំង អង់គ្លេស ប៊ែប៊ែរ និងភាសាឃឺដជាដើម។ នៅក្នុងប្រទេសសមាជិកជាច្រើនក៏មានមនុស្សនិយមនិយាយគ្រាមភាសាអារ៉ាប់ខ្លះដែលមិនមានកូដភាសាច្បាស់លាស់ផងដែរ។
Remove ads
មើលផងដែរ
- ធម្មនុញ្ញអារ៉ាប់ស្តីពីសិទ្ធិមនុស្ស
- សង្គ្រាមត្រជាក់អារ៉ាប់
- មូលនិធិអារ៉ាប់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម
- សហភាពម៉ាហ្គ្រីបអារ៉ាប់
- មូលនិធិរូបិយវត្ថុអារ៉ាប់
- អង្គការអារ៉ាប់សម្រាប់ឧស្សាហូបនីយកម្ម
- សភាតំណាងអារ៉ាប់
- សហភាពអារ៉ាប់
- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
- អង្គការប្រទេសនាំចេញប្រេងអារ៉ាប់
- អង្គការប្រទេសនាំចេញប្រេងកាត
ឯកសារយោង
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads