កតិកាសញ្ញាវ៉ាសូរី
From Wikipedia, the free encyclopedia
អង្គការសន្ធិសញ្ញាវ៉ាសូរី[៣] (អ.ស.វ.), មានឈ្មោះជាផ្លូវការថា សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភ[៤] ឬត្រូវបានគេស្គាល់ជាទូទៅថា កតិកាសញ្ញាវ៉ាសូរី (ក.វ.)[៥] គឺជាសន្ធិសញ្ញាការពារជាតិរួមមួយដែលបានចុះនៅទីក្រុងវ៉ាសូរី, ប្រទេសប៉ូឡូញ រវាងសហភាពសូវៀតនិងសាធារណរដ្ឋសង្គមនិយមទិសបូព៌ាចំនួន ៧ ទៀតនៅអឺរ៉ុបកណ្តាលនិងខាងកើតនៅខែឧសភា ឆ្នាំ១៩៥៥ ក្នុងអំឡុងសង្គ្រាមត្រជាក់។ កតិកាសញ្ញាវ៉ាសូរីគឺជាការបំពេញបន្ថែមផ្នែកយោធាដល់ក្រុមប្រឹក្សាសម្រាប់ជំនួយសេដ្ឋកិច្ចជនុបត្ថម្ភ ដែលជាអង្គការសេដ្ឋកិច្ចក្នុងតំបន់សម្រាប់រដ្ឋសង្គមនិយមនៅអឺរ៉ុបកណ្តាលនិងខាងកើត។ កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងបន្ទាប់ពីអាល្លឺម៉ង់ខាងលិចត្រូវបានរាប់បញ្ចូលទៅក្នុងអង្គការណាតូ[៦][៧][៨][៩] ក្នុងឆ្នាំ១៩៥៥ ដែលជាផ្នែកមួយនៃសន្និសីទទីក្រុងប៉ារីសនិងទីក្រុងឡុងដ៍នាឆ្នាំ១៩៥៤[១០][១១][១២][១៣][១៤] ប៉ុន្តែអ្នកខ្លះបានគិតថា កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដោយសារតែសូវៀតចង់រក្សាការគ្រប់គ្រងកងកម្លាំងយោធានៅអឺរ៉ុបកណ្តាលនិងខាងកើត។[១៥]
![]() | |
![]() The WTO in 1990 | |
អក្សរកាត់ | ស.ម.ក.ជ., ក.វ., អ.ស.វ. |
---|---|
ស្ថាបនា | ១៤ ឧសភា ១៩៥៥ |
ទីតាំងស្ថាបនា | វ៉ាសូរី, ប៉ូឡូញ |
រំលាយ | ១ កក្កដា ១៩៩១ |
ប្រភេទ | សម្ព័ន្ធភាពយោធា |
ទីស្នាក់ការកណ្ដាល | ម៉ូស្គូ, សហភាពសូវៀង |
សមាជិកភាព |
|
មេបញ្ជាការកំពូល | អ៊ីវ៉ាន កូណ្វ (ដំបូង) ពីអូទ័រ លូស៊ីវ (ក្រោយ) |
ប្រធានបុគ្គលិកចម្រុះ | អាឡិកស៊ី អានតូណូវ (ដំបូង) វ៉្លាឌីមៀរ ឡូបូវ (ក្រោយ) |
សាខា | ក្រុមប្រឹក្សាសម្រាប់សេដ្ឋកិច្ចជនុបត្ថម្ភ |

ប្រទេសអព្យាក្រឹត (យោធា)
ចំណុចដុតពណ៌ខ្មៅគឺតំណាងឱ្យទីក្រុងប៊ែរឡាំងខាងលិចដែលជាបរិពន្ធភូមិរបស់អាល្លឺម៉ង់ខាងលិច។ អាល់បានីបានបញ្ឈប់ការគាំទ្រលើកតិកាសញ្ញាវ៉ាសូរីនៅក្នុងឆ្នាំ១៩៦១ ដោយសារតែការខ្វែងគំនិតនិងមនោគវិជ្ជាជាមួយសហភាពសូវៀតហើយទីបំផុតក៏បានដកខ្លួនចេញជាផ្លូវការនៅក្នុងឆ្នាំ១៩៦៨។
កតិកាសញ្ញាវ៉ាសូរីត្រូវបានបង្កើតឡើងដើម្បីរក្សាតុល្យភាពនៃអំណាច[១៦] ឬប្រឆាំងនឹងអង្គការណាតូ។[១៧] អង្គការទាំងពីរគឺមិនដែលមានការប្រឈមមុខប្រយុទ្ធតតាំងគ្នាដោយផ្ទាល់ឡើយ ផ្ទុយទៅវិញការប្រយុទ្ធគ្នាគឺត្រូវផ្អែកលើមនោគមវិជ្ជានិងសង្គ្រាមមិនប្រយោល។ ទាំងអង្គការណាតូនិងសន្ធិសញ្ញាអង្គការវ៉ាសូរីបានធ្វើការពង្រីកផ្នែកយោធានិងធ្វើសមាហរណកម្មកម្លាំងពួកគេរៀងៗខ្លួន។[១៧] សកម្មភាពដ៏ធំនិងសំខាន់បំផុតរបស់អង្គការនេះគឺការចូលឈ្លានពានប្រទេសឆេកូស្លូវ៉ាគីនៅអំឡុងខែសីហា ឆ្នាំ១៩៦៨ (ដោយមានការចូលរួមពីបណ្តាប្រទេសសមាជិកស្ទើរទាំងអស់លើកលែងតែអាល់បានី រ៉ូម៉ានី និងអាល្លឺម៉ង់ខាងកើត)[១៦] ហើយជាលទ្ធផលវាបានធ្វើឱ្យអាល់បានីដកខ្លួនចេញពីសន្ធិសញ្ញានេះ។ ការរីករាលដាលនៃបដិវត្តន៍ឆ្នាំ១៩៨៩ បានផ្តល់បញ្ហាជាច្រើនដល់កតិកាសញ្ញាវ៉ាសូរី ចាប់ផ្តើមជាមួយចលនាសាមគ្គីភាពនៅប្រទេសប៉ូឡូញ[១៨] និងការបោះឆ្នោតដ៏មានប្រសឹទ្ធភាពមួយ។
នៅឆ្នាំ១៩៩០ អាល្លឺម៉ង់ខាងកើតបានដកខ្លួនចេញពីកតិកាសញ្ញាវ៉ាសូរីបន្ទាប់ពីបានបង្រួបបង្រួមជាប្រទេសតែមួយជាមួយអាល្លឺម៉ង់ខាងលិច។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩១ កិច្ចប្រជុំមួយបានប្រព្រឹត្តិទៅនៅប្រទេសហុងគ្រីដោយនៅក្នុងនោះ រដ្ឋមន្រ្តីការពារជាតិនិងមន្ត្រីការបរទេសនៃរដ្ឋសមាជិកចំនួន ៦ ដែលនៅសល់បានប្រកាសរំលាយសន្ធិសញ្ញាកតិកាសញ្ញាវ៉ាសូរីនេះចោល។ សហភាពសូវៀតបានរំលាយខ្លួនចោលជាផ្លូវការនៅខែធ្នូ ឆ្នាំ១៩៩១។ ក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ពីការរំលាយចោល អតីតសមាជិករដ្ឋទាំង ៧ នៃកតិកាសញ្ញាវ៉ាសូរីសុទ្ធតែបានចុះចូលជាមួយអង្គការណាតូ រដ្ឋបាល់ទិកដែលត្រូវជាអតីតសាធារណរដ្ឋសូវៀតក៏បានចូលរួមផងដែរ។
រចនាសម្ព័ន្ធ
អង្គការសន្ធិសញ្ញាវ៉ាសូរីត្រូវបានបែងចែកជាពីរក្រុម៖ ទីមួយគឺគណៈកម្មាធិការប្រឹក្សានយោបាយដែលមានតួនាទីដោះស្រាយបញ្ហានយោបាយទាំងឡាយ និងទីពីរគឺកងកម្លាំងប្រដាប់អាវុធរួមដែលមាននាទីគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធពហុជាតិហើយជារួមគឺមានទីស្នាក់ការនៅទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។ មេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរួមនៃអង្គការសន្ធិសញ្ញាវ៉ាសូរីគឺមាននាទីគ្រប់គ្រងនិងដឹកនាំកងកម្លាំងយោធាទាំងអស់នៃប្រទេសដែលជាសមាជិកហើយខ្លួនក៏ត្រូវជាមេយោធាដ៏គួរឱ្យទុកចិត្តបំផុតផងដែររបស់សហភាពសូវៀតពោលគឺត្រូវកាន់តំណែងយោធាកំពូលដូចអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិនៃសហភាពសូវៀតជាដើម។ ក៏ដូចគ្នាជាមួយនឹងប្រធានបុគ្គលិករួមនៃកងកម្លាំងប្រដាប់អាវុធរួមនៃអង្គការសន្ធិសញ្ញាវ៉ាសូរីដែរដោយបុគ្គលនេះគឺត្រូវកាន់តំណែងជាអនុប្រធានទីមួយនៃអង្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធសូវៀត។ ដូច្នេះ ទោះសន្ធិសញ្ញានេះមានឈ្មោះជាសម្ព័ន្ធភាពសន្តិសុខសមូហភាពអន្តរជាតិក្តីប៉ុន្តែរចនាសម្ព័ន្ធនិងស្ថានភាពយោធាគឺសុទ្ធសឹងតែស្ថិតនៅក្រោមសហភាពសូវៀតទាំងអស់ដោយវាស្រដៀងនឹងសម្ព័ន្ធភាពណាតូដែរដែលផ្នែកយោធាត្រូវស្ថិតក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក។[១៩]
យុទ្ធសាស្ត្រ
យុទ្ធសាស្ត្រនៅពីក្រោយការបង្កើតកតិកាសញ្ញាវ៉ាសូរីគឺដើម្បីការពារអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតកុំឱ្យក្លាយជាមូលដ្ឋានយោធារបស់សត្រូវសូវៀត។ មូលហេតុមួយចំនួនទៀតគឺពាក់ព័ន្ធទៅនឹងមនោគមវិជ្ជានយោបាយនិងយុទ្ធភូមិសាស្ត្រ។ សហភាពសូវៀតបានសន្មត់និងអះអាងថាខ្លួនមានសិទ្ធិកំណត់ជោគវាសនានៃលទ្ធិសង្គមនិយមនិងលទ្ធិកុម្មុយនិស្ត និងដើរតួនាទីជាមេដឹកនាំចលនាសង្គមនិយមពិភពលោក។ បើយោងតាមលទ្ធិប្រេស្នេវ វាគឺជាភាពចាំបាច់សម្រាប់អង្គការវ៉ាសូរីក្នុងការចូលធ្វើអន្តរាគមន៍ក្នុងប្រទេសដែលរំលោភលើស្នូលសង្គមនិយម។[២០]
ប្រវត្តិសាស្ត្រ
និម្មិតកម្ម

មុនពេលបង្កើតកតិកាសញ្ញាវ៉ាសូរី ថ្នាក់ដឹកនាំប្រទេសឆេកូស្លូវ៉ាគីបានកើតការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់កាន់អាវុធសារជាថ្មីពីប្រទេសអាល្លឺម៉ង់ (ពិសេសគឺអាល្លឺម៉ង់ខាងលិច)។[១៣] ដូច្នេះប្រទេសអឺរ៉ុបខាងកើតក៏បាននាំគ្នាចេញប្រឆាំងនឹងសកម្មភាពលើកកាន់អាវុធឡើងវិញរបស់អាល្លឺម៉ង់ខាងលិច។[២១] ផែនការនិងគម្រោងនៃកតិកាសញ្ញាវ៉ាសូរីក៏ក្លាយជាប្រធានបទក្តៅៗសម្រាប់ប្រទេសអឺរ៉ុបខាងកើតបន្ទាប់ពីអង្គការណាតូបានគាំទ្រវិស័យយោធានៅរដ្ឋអាល្លឺម៉ង់ខាងលិច។ មេដឹកនាំសូវៀតក៏ដូចជាមេដឹកនាំអឺរ៉ុបដទៃទៀតទាំងសងខាងខ្សែវាំងននដែកបានសម្តែងនូវសេចក្តីព្រួយបារម្ភខ្លាចអាល្លឺម៉ង់វិវត្តក្លាយជាមហាអំណាចយោធាម្តងទៀតដែលអាចផ្តល់ផលវិបាកខ្លាំងដល់ទ្វីបអឺរ៉ុបទាំងមូលសារជាថ្មី។ អនុស្សាវរីយ៍និងលទ្ធផលនៃយោធានិយមអាល្លឺម៉ង់គឺនៅដិតជាប់ក្នុងប្រជាជាតិអឺរ៉ុបខាងលិចនិងសហភាពសូវៀតនាពេលនោះនៅឡើយ។[៧][៨][២២][២៣][២៤] ដោយឃើញបែបនេះ សហភាពសូវៀតក៏ស្នើសុំចូលជាសមាជិកអង្គការណាតូនៅក្នុងឆ្នាំ១៩៥៤ ប៉ុន្តែសំណើនេះត្រូវបានបដិសេដដោយប្រទេសអង់គ្លេសនិងអាមេរិក។[២៥][២៦][២៧]
សំណើរបស់សហភាពសូវៀតក្នុងការចូលរួមជាសមាជិកអង្គការណាតូត្រូវបានលើកឡើងនៅក្រោយសន្និសីទទីក្រុងប៊ែរឡាំងដែលបានផ្តើមឡើងនៅខែមករានិងបញ្ចប់ទៅវិញនៅខែកុម្ភៈ ឆ្នាំ១៩៥៤។ រដ្ឋមន្ត្រីក្រសួងការបរទេសសូវៀតលោកម៉ូឡូតូវបានស្នើឱ្យមានការបង្រួបបង្រួមជាតិអាល្លឺម៉ង់ឡើងវិញ[២៨]និងការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលស្របច្បាប់មួយ[២៩]ដោយស្ថិតនៅក្រោមលក្ខខណ្ឌដកទ័ពរបស់មហាអំណាចទាំងបួននិងធានានូវអព្យាក្រឹតភាពអាល្លឺម៉ង់ក៏ប៉ុន្តែសំណើមួយនេះត្រូវបានបដិសេដដោយរដ្ឋមន្ត្រីការបរទេសផ្សេងទៀត (អង់គ្លេស អាមេរិក និងបារាំង)។[៣០] នេះមិនមែនជាសំណើស្នើរឱ្យមានការបង្រួបបង្រួមជាតិអាល្លឺម៉ង់វិញជាលើកដំបូងនោះទេ ប្រធានបទប្រទេសអាល្លឺម៉ង់ត្រូវបានប្រទេសលោកសេរីធ្លាប់បានលើកឡើងមកពិភាក្សាយ៉ាងដិតដល់ដោយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងមិនចង់ឱ្យដំណើរបង្រួបបង្រួមនេះប្រព្រឹត្តិទៅដោយអព្យាក្រឹតនោះឡើយ។ ផ្ទុយទៅវិញ លោកខាងលិចគឺចង់ឱ្យការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់មានភាពលំអៀងទៅរកខាងពួកគេដោយអះអាងថារដ្ឋអាល្លឺម៉ង់ដែលនឹងបង្រួបបង្រួមថ្មីគឺគួរតែមានសិទ្ធិចូលរួមក្នុងសហគមន៍ការពារប្រជាជាតិអឺរ៉ុប (ស.ក.អ.)និងពង្រឹងវិស័យយោធារបស់ខ្លួន។[៣១][៣២]
ជាលទ្ធផល ម៉ូឡូតូវបានកើតការព្រួយបារម្ភខ្លាច ស.ក.អ. អាចចេញប្រឆាំងនឹងសហភាពសូវៀតនាពេលអនាគតដូច្នេះលោកក៏បានស្វែងរកមធ្យោបាយ"ដើម្បីការពារកុំឱ្យកើតមានក្រុមប្រទេសអឺរ៉ុបប្រឆាំងនឹងក្រុមប្រទេសអឺរ៉ុបដទៃទៀត"[៣៣]ដោយបានស្នើឱ្យមានសន្ធិសញ្ញាទូទៅស្តីពីសន្តិសុខសមូហភាពនៅអឺរ៉ុប"ដែលនឹងបើកចំហរឱ្យប្រទេសអឺរ៉ុបទាំងអស់ចូលរួមដោយមិនប្រកាន់អំពីប្រព័ន្ធសង្គម"[៣៣] ប៉ុន្តែ អង់គ្លេស អាមេរិក និងបារាំងបានប្រឆាំងនឹងសំណើនេះ។[៣៤]
មួយខែក្រោយមក សន្ធិសញ្ញាដែលបានស្នើដោយសូវៀតក៏ត្រូវបដិសេដមិនត្រឹមតែដោយក្រុមអ្នកគាំទ្រ ស.ក.អ.ប៉ុណ្ណោះទេតែថែមទាំងដោយក្រុមប្រឆាំងលោកខាងលិចនៃសហគមន៍ការពារប្រជាជាតិអឺរ៉ុបផងដែរដោយពួកគេយល់ឃើញថា"ទម្រង់សន្ធិសញ្ញានេះគឺមិនអាចទទួលយកបានទេព្រោះថាវាមិនរាប់បញ្ចូលសហរដ្ឋអាមេរិកក្នុងប្រព័ន្ធសន្តិសុខសមូហភាពនៅអឺរ៉ុប"។[៣៥] ដោយឃើញដូច្នេះ សហភាពសូវៀតក៏សម្រេចចិត្តធ្វើសំណើជាទម្រង់ថ្មីមួយទៅកាន់រដ្ឋាភិបាលអាមេរិក អង់គ្លេស និងបារាំងដោយលើកនេះគឺទទួលស្គាល់អាមេរិកចូលក្នុងកិច្ចព្រមព្រៀងអឺរ៉ុបទូទៅ។[៣៥] មហាអំណាចលោកខាងលិចទាំងបីក៏ចេញប្រឆាំងនឹងសំណើរបស់សូវៀតម្តងទៀតដោយបានលើកឡើងថា"សំណើនេះគឺមានទំនោរប្រឆាំងនិងរំលោភលើកតិកាសញ្ញាអាត្លង់ទិកខាងជើង"។[៣៥][៣៦]
ដូចមុនៗអញ្ចឹងដែរ សំណើរបស់សហភាពសូវៀតក្នុងការសុំចូលជាសមាជិកអង្គការណាតូគឺត្រូវបានបដិសេដដោយរដ្ឋាភិបាលអាមេរិក អង់គ្លេស និងបារាំង។[២៧][៣៧] អង្គលេខាធិការណាតូនៅពេលនោះគឺលោកឧត្តមសេនីយ៍ហេស្ទីង អ៊ីស្មេបានចេញមុខប្រឆាំងនឹងសំណើរបស់សូវៀតនៅឆ្នាំ១៩៥៤[៣៨] ដោយបានមានប្រសាសន៍ថា៖ "សំណើរបស់សហភាពសូវៀតក្នុងការចូលជាសមាជិកណាតូគឺប្រៀបដូចជាចោរប្លន់ម្នាក់ស្នើសុំចូលរួមជាមួយកម្លាំងនគរបាលអញ្ចឹង"។[៣៩]
នៅខែមេសា ឆ្នាំ១៩៥៤ មេដឹកនាំអាល្លឺម៉ង់ខាងលិចបានធ្វើដំណើរទៅជួបជាមួយថ្នាក់ដឹកនាំអាមេរិកជាលើកដំបូងនៅឯសហរដ្ឋអាមេរិក។ ការធ្វើសច្ចានុមតិនៃ ស.ក.អ. ត្រូវបានពន្យាប៉ុន្តែអ្នកតំណាងអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់មេដឹកនាំអាល្លឺម៉ង់ថា ស.ក.អ. គឺនឹងក្លាយជាផ្នែកមួយរបស់អង្គការណាតូ។[៤០]
អនុស្សាវរីយ៍នៃមហាសង្គ្រាមគឺនូវស្ថិតនៅក្នុងកែវភ្នែករដ្ឋាភិបាលបារាំងនិងប្រជាជនបារាំងមួយចំនួននៅឡើយ។[៨][៤១] នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៥៤ សភាបារាំងបានសម្រេចបដិសេដការបង្កើត ស.ក.អ. ឡើងដែលជាសកម្មភាពរារាំងអាមេរិកមិនឱ្យសម្រេចនូវគោលនយោបាយរបស់ពួកគេនៅទ្វីបអឺរ៉ុប។[៤២] ដោយឃើញដូច្នេះ ក្រសួងការបរទេសអាមេរិកក៏ចាប់ផ្តើមឆ្លុះបញ្ចាំងលើជម្រើសផ្សេងៗ៖ ទោះយ៉ាងណាអាល្លឺម៉ង់ខាងលិចនឹងត្រូវអញ្ជើញឱ្យចូលជាសមាជិកអង្គការណាតូតែក្នុងករណីដែលបារាំងធ្វើការរារាំងហើយដើម្បីជៀសវាងវេតូរបស់បារាំង អាមេរិកនឹងត្រូវគាំទ្រយោធាអាល្លឺម៉ង់ដោយវិធីសាស្ត្រផ្សេងទៀតក្រៅអង្គការណាតូ។[៤៣]

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៥៤ – ពោលគឺ ៩ ឆ្នាំបន្ទាប់ពីការទទួលជ័យជម្នះលើអាល្លឺម៉ង់ណាស៊ីនៅក្នុងសង្គ្រាមលោកលើកទី២ – ទីបំផុតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក៏ត្រូវទទួលចូលជាសមាជិកកតិកាសញ្ញាអាត្លង់ទិកខាងជើង។[៤៤] នៅខែវិច្ឆិកា ឆ្នាំ១៩៥៤ សហភាពសូវៀតបានស្នើសន្ធិសញ្ញាសន្តិសុខអឺរ៉ុបថ្មីមួយទៀត[៤៥]ជាលើកចុងក្រោយដោយមានបំណងចង់បញ្ឈប់ជំនួយនិងអភិវឌ្ឍវិស័យយោធានៅអាល្លឺម៉ង់ខាងលិចប៉ុន្តែចុងក្រោយគឺមិនបានផលអ្វីនោះទេ។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៥ សហភាពសូវៀតនិងបណ្តាប្រទេសអឺរ៉ុបចំនួន ៧ ផ្សេងទៀតបានបញ្ជាក់ជាថ្មីនូវបំណងរបស់ពួកគេក្នុងការបង្កើតប្រព័ន្ធសន្តិសុខអឺរ៉ុបរួមដោយមិនរើសអើងនិងគិតពីប្រព័ន្ធសង្គមនិងនយោបាយរបស់រដ្ឋនីមួយៗ[៤៦]ហើយដើម្បីជាការឆ្លើយតបទៅនឹងការបញ្ចូលអាល្លឺម៉ង់ខាងលិចទៅក្នុងអង្គការណាតូ កតិកាសញ្ញាវ៉ាសូរីក៏ត្រូវបានបង្កើតឡើង។[៧][៩]
ដើម្បីទប់ទល់នឹងអាល្លឺម៉ង់ខាងលិចដែលកំពុងវិវត្តវិស័យយោធារបស់ខ្លួន សហភាពសូវៀតក៏សម្រេចចិត្តផ្តល់ជំនួយនិងអភិវឌ្ឍវិស័យយោធានៅអាល្លឺម៉ង់ខាងកើតហើយជាលទ្ធផល កងទ័ពប្រជាជនជាតិក៏ត្រូវបានបង្កើតឡើងហើយដំណើរការជាកងកម្លាំងប្រដាប់អាវុធរួមនៃសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។[៤៧]
សមាជិក

ប្រទេសសមាជិកសរុបទាំងប្រាំបីនៃកតិកាសញ្ញាវ៉ាសូរីបានសន្យាការពារគ្នាទៅវិញទៅមកបើមានការចូលឈ្លានពានលើសមាជិកណាមួយពីប្រទេសខាងក្រៅ។ ទំនាក់ទំនងក្នុងចំណោមប្រទេសហត្ថលេខីនៃសន្ធិសញ្ញាគឺបានផ្អែកលើការមិនចូលធ្វើអន្តរាគមន៏ក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសសមាជិកនីមួយៗ ការគោរពអធិបតេយ្យភាពជាតិគ្នា និងឯករាជ្យភាពនយោបាយ។[៤៨]
ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភមានដូចជា៖
ឆេកូស្លូវ៉ាគី[៤៩]
ប៉ូឡូញ[៤៩]
ប៊ុលការី[៤៩]
រ៉ូម៉ានី (ជាសមាជិកតែមួយគត់ដែលមិនស្ថិតនៅក្រោមបញ្ជារបស់សូវៀតផ្ទាល់[៥០][៥១])
សហភាពសូវៀត[៤៩]
ហុងគ្រី (បានដកខ្លួនចេញជាបណ្តោះអាសន្ននៅរវាងថ្ងៃទី១–៤ ខែវិច្ឆិកា ឆ្នាំ១៩៥៦ ដោយសារតែបដិវត្តន៍ហុងគ្រី)[៤៩]
អាល្លឺម៉ង់ខាងកើត (បានដកខ្លួនចេញជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩០ *ដោយមានការអនុញ្ញាតពីសហភាពសូវៀត* ដើម្បីត្រៀមខ្លួនបង្រួបបង្រួមជាមួយអាល្លឺម៉ង់ខាងលិចហើយនៅពាក់កណ្តាលអធ្រាត្រនៃថ្ងៃទី៣ ខែតុលា, រដ្ឋមួយនេះក៏បានបាត់បង់អត្ថិភាពជារៀងរហូតមក)[៥២][៥៣][៥៤][៥៥][៥៦]
អាល់បានី (ឈប់ផ្តល់ការគាំទ្រនៅក្នុងឆ្នាំ១៩៦១ ដោយសារតែការមិនចុះសម្រុងគ្នាជាមួយសហភាពសូវៀតហើយទីបំផុតក៏បានដកខ្លួនចេញជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៦៨)
រដ្ឋសង្កេតការណ៍
ម៉ុងកូល៖ នៅខែកក្កដា ឆ្នាំ១៩៦៣ សាធារណរដ្ឋប្រជាមានិតម៉ុងកូលបានស្នើសុំចូលជាសមាជិកកតិកាសញ្ញាវ៉ាសូរីក្រោមមាត្រា ៩ នៃសន្ធិសញ្ញានេះ។[៥៧] ដោយសារតែទំនាក់ទំនងរវាងចិន–សូវៀតកំពុងធ្លាក់ចុះដុនដាបខ្លាំង ម៉ុងកូលបានប្រកាសខ្លួនជារដ្ឋសង្កេតការណ៍។[៥៧] រដ្ឋាភិបាលសូវៀតបានយល់ព្រមដាក់ទ័ពនៅលើទឹកដីម៉ុងកូលនៅក្នុងឆ្នាំ១៩៦៦។[៥៨]
ដំបូងឡើយ ប្រទេសចិន កូរ៉េខាងជើង ម៉ុងកូល និងវៀតណាមគឺសុទ្ធតែជារដ្ឋសង្កេតការណ៍ប៉ុន្តែចិនបានដកខ្លួនចេញវិញនៅអំឡុងទស្សវត្ត១៩៦០ បន្ទាប់ពីមិនត្រូវគ្នាជាមួយសហភាពសូវៀត។[៥៩]
អំឡុងសង្គ្រាមត្រជាក់

ក្នុងរយៈពេល ៣៦ ឆ្នាំ អង្គការណាតូនិងកតិកាសញ្ញាវ៉ាសូរីគឺមិនដែលធ្វើសង្គ្រាមជាមួយគ្នាផ្ទាល់នៅទ្វីបអឺរ៉ុបនោះឡើយ។ សហរដ្ឋអាមេរិកហើយសហភាពសូវៀតនិងរួមជាមួយសម្ព័ន្ធមិត្តរៀងៗខ្លួនបានអនុវត្តគោលនយោបាយយុទ្ធសាស្ត្រដើម្បីទប់ទល់គ្នានៅទ្វីបអឺរ៉ុបខណៈពេលដែលកំពុងប្រយុទ្ធនិងបណ្តុះឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្តរជាតិផង។ សកម្មភាពទាំងនោះរួមមាន៖ ការចូលធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមកូរ៉េ សង្គ្រាមវៀតណាម ការឈ្លានពានឈូងសមុទ្រជ្រូក សង្គ្រាមកខ្វក់ និងសង្គ្រាមកម្ពុជា-វៀតណាម...។ល។[៦០][៦១]

នៅឆ្នាំ១៩៥៦ បន្ទាប់ពីរដ្ឋាភិបាលលោកអ៊ីម្រេ ណាហ្គីបានប្រកាសដកប្រទេសខ្លួន (ហុងគ្រី) ចេញពីកតិកាសញ្ញាវ៉ាសូរី សហភាពសូវៀតក៏បានលើកទ័ពចូលឈ្លានពាននិងដករដ្ឋាភិបាលលោកណាហ្គីចេញពីអំណាចភ្លាមៗ។[៦២] លើសពីនេះទៅទៀត កងកម្លាំងសូវៀតថែមទាំងបង្ក្រាបការបះបោររបស់ប្រជាជនហុងគ្រីផងដែរហើយជាលទ្ធផល ពលរដ្ឋហុងគ្រីប្រមាណ ២,៥០០ នាក់បានបាត់បង់ជីវិត។[៦៣]
កងកម្លាំងកុម្មុយនិស្តពហុជាតិបានចេញសកម្មភាពចូលឈ្លានពានរដ្ឋឆេកូស្លូវ៉ាគីនៅក្នុងខែសីហា ឆ្នាំ១៩៦៨។[៦៤] គ្រប់សមាជិកស្ទើរទាំងអស់បានចូលរួមធ្វើការសកម្មភាពឈ្លានពានលើកលែងតែសាធារណរដ្ឋសង្គមនិយមរ៉ូម៉ានីនិងសាធារណរដ្ឋប្រជាមានិតអាល់បានី។[៦៥] ចំណែកឯសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់វិញបានចេញការគាំទ្រតិចតួចប៉ុណ្ណោះ។[៦៥]
ការបញ្ចប់សង្គ្រាមត្រជាក់
នៅឆ្នាំ១៩៨៩ ប្រជាជនក្នុងបណ្តាប្រទេសកតិកាសញ្ញាវ៉ាសូរីបានចាប់ផ្តើមកើតក្តីមិនពេញចិត្តនិងបានបញ្ចេញសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលពួកគេបន្តិចម្តងៗ។ អតីតរជ្ជទាយាទនៃចក្រភពអូទ្រីស–ហុងគ្រីគឺលោកអូតូ វ៉ន ហាបស៍ប៊ឺកបានចេញគម្រោងនយោបាយមួយហៅថាពិចនិចប៉ង់-អឺរ៉ុបដើម្បីសាកល្បងចិត្តប្រជាជនប្លុកខាងលិចដោយបើកច្រកព្រំដែនប្រទេសអូទ្រីស។ មនុស្សរាប់រយនាក់មកពីគ្រប់ប្រទេសនៃកតិកាសញ្ញាវ៉ាសូរី (ជាពិសេសគឺប្រជាជនអាល្លឺម៉ង់ខាងលិច) បានធ្វើដំណើរមកប្រទេសហុងគ្រីដើម្បីរត់ចេញតាមច្រកព្រំដែនអូទ្រីសដែលបានបើកនោះ។ ប៉ូឡូញបានឆ្លងកាត់ការបោះឆ្នោតសេរីមួយនៅឆ្នាំ១៩៩០ ដោយឃើញថាបក្សសាមគ្គីភាពជាតិបានទទួលសម្លេងច្រើនជាងគេហើយនឹងឡើងជារដ្ឋាភិបាលថ្មីនៃប្រទេសប៉ូឡូញជំនួសរដ្ឋាភិបាលកុម្មុយនិស្តចាស់,[៦៦] ដំណើរគ្នានេះដែរ សម្ព័ន្ធយោធានៃកតិកាសញ្ញាបានកំពុងដួលរលំបន្តិចម្តងៗ។[៦៧][៦៨][៦៩] គោលនយោបាយចបើកចំហរ"នៅសហភាពសូវៀតបាននាំឱ្យបក្សកុម្មុយនិស្តសូវៀតបាត់បង់ឥទ្ធិពលនិងការក្តោបក្តាប់អំណាចបន្តិចម្តងៗហើយទីបំផុតក៏ត្រូវផ្តួលរលំនៅឆ្នាំ១៩៩១។[៧០] ជារួមនៅពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩១ រដ្ឋាភិបាលកុម្មុយនិស្តនៅប្រទេសអាល់បានី ប៉ូឡូញ ហុងគ្រី ឆេកូស្លូវ៉ាគី អាល្លឺម៉ង់ខាងកើត ប៊ុលការី រ៉ូម៉ានី យូហ្គោស្លាវី និងសហភាពសូវៀតគឺសុទ្ធតែត្រូវបានផ្តួលរលំ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៩១ កតិកាសញ្ញាវ៉ាសូរីត្រូវបានប្រកាសរំលាយនៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេសហុងគ្រីរវាងរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសសមាជិកដែលនៅសេសសល់។[៧១] នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩១ ប្រធានាធិបតីឆេកូស្លូវ៉ាគីគឺលោកវ៉ាក្លាវ ហាវែល[៧២]បានប្រកាសឈប់ទទួលស្គាល់អង្គការសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជនុបត្ថម្ភឆ្នាំ១៩៥៥ ពោលគឺលោកបានបញ្ចប់សម្ព័ន្ធភាពយោធា ៣៦ ឆ្នាំជាមួយសហភាពសូវៀត។[៧២][៧៣] ជាទីបញ្ចប់ សហភាពសូវៀតក៏ត្រូវបានរំលាយនៅខែធ្នូ ឆ្នាំ១៩៩១។
សូមមើលផងដែរ
- អង្គការសន្ធិសញ្ញាសន្តិសុខរួម (អ.ស.ស.រ.–CSTO)៖ សម្ព័ន្ធយោធាទំនើបរវាងអតីតរដ្ឋសហភាពសូវៀតចំនួនប្រាំមួយ។
- អង្គការសហប្រតិបត្តិការស៊ាងហៃ (អ.ស.ស.–SCO)៖ អង្គការសម្ព័ន្ធភាពនយោបាយ សេដ្ឋកិច្ច និងយោធាទំនើបនៃតំបន់អឺរ៉ាស៊ី។
- សន្ធិសញ្ញាមិត្តភាព
ឯកសារយោង
អានបន្ថែម
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.