លីទុយអានី

ប្រទេសនៅតំបន់បាល់ទិកនៃទ្វីបអឺរ៉ុប From Wikipedia, the free encyclopedia

លីទុយអានី
Remove ads

ប្រទេសលីទុយអានី[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋលីទុយអានី[ស ២] គឺជា​ប្រទេស​មួយស្ថិត​នៅ​តំបន់​បាល់ទិក​ក្នុងទ្វីបអឺរ៉ុប។ លីទុយអានីជារដ្ឋបាល់ទិកមួយក្នុងចំណោមរដ្ឋបាល់ទិកចំនួនបី ដែលស្ថិតនៅលើច្រាំងខាងកើតនៃសមុទ្របាល់ទិក ដោយមានព្រំប្រទល់ជាប់នឹងប្រទេសឡេតូនីនៅភាគខាងជើង ប្រទេសបេឡារុសនៅភាគខាងកើតនិងត្បូង ប្រទេសប៉ូឡូញនៅភាគខាងត្បូង និងប្រទេសរុស្ស៊ីត្រង់តំបន់កាលីនីនក្រាដនៅភាគនិរតី និងមានព្រំដែនសមុទ្រជាមួយប្រទេសស៊ុយអែតនៅភាគខាងលិច។ ប្រទេសលីទុយអានីគ្របដណ្តប់លើផ្ទៃដីសរុប ៦៥,៣០០ គម ដែលមានប្រជាជនរស់នៅចំនួន ២.៩ លាននាក់។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសនេះគឺ វីលនៀស

ព័ត៌មានសង្ខេប Lietuvos Respublika (លីទុយអានី), រដ្ឋធានី និង ទីក្រុងធំបំផុត ...

អស់រយៈពេលជាច្រើនពាន់ឆ្នាំ តំបន់ឆ្នេរភាគអាគ្នេយ៍នៃសមុទ្របាល់ទិកត្រូវបានកុលសម្ព័ន្ធបាល់ទិកជាច្រើនក្រុមកាន់កាប់រស់នៅ។ នៅក្នុងទសវត្សរ៍ឆ្នាំ១២៣០ ទឹកដីលីទុយអានីត្រូវបានបង្រួបបង្រួមជាលើកដំបូងដោយព្រះបាទមីនដោហ្កាស ដោយបានបង្កើតជាព្រះរាជាណាចក្រលីទុយអានីឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១២៥៣។ ការពង្រីកទឹកដី និងការបង្រួបបង្រួមរដ្ឋជាបន្តបន្ទាប់បាននាំឱ្យនគរមួយនេះក្លាយជាព្រះមហាពញារដ្ឋនៅក្នុងសតវត្សរ៍ទី១៤ និងត្រូវជារដ្ឋដ៏ធំជាងគេបំផុតនៅអឺរ៉ុបនាសម័យនោះ។ នៅក្នុងឆ្នាំ១៣៨៦ ព្រះមហាពញារដ្ឋលីទុយអានីបានចងឯកត្តសហភាពជាមួយព្រះរាជមកុដនៃរាជាណាចក្រប៉ូឡូញ។ ដោយសារឯកត្តសហភាពនេះ​ មហានគរទាំងពីរក៏ត្រូវបានបង្រួបបង្រួមចូលគ្នាបង្កើតបានជាសហធនរដ្ឋប៉ូឡូញ–លីទុយអានីនៅក្នុងឆ្នាំ១៥៦៩ ដោយក្លាយខ្លួនជារដ្ឋដ៏ធំបំផុត និងរីកចម្រើនបំផុតមួយនៅទ្វីបអឺរ៉ុប។ របបនគរមួយនេះមានអត្ថិភាពជាងពីរសតវត្សរ៍ រហូតដល់ពេលដែលមហាអំណាចជិតខាងបានពុះកាត់បែងចែកទឹកដីបូឡូញ–លីទុយអានីជាផ្នែកៗបន្តិចម្ដងៗពីចន្លោះឆ្នាំ១៧៧២ រហូតដល់ឆ្នាំ១៧៩៥ ពោលរហូតដល់បាត់ស្រមោលពីផែនទីអឺរ៉ុប។

ពេលជិតចប់សង្គ្រាមលោកលើកទី១ ពោលគឺនៅក្នុងឆ្នាំ១៩១៨ លីទុយអានីក៏បានប្រកាសឯករាជ្យ បង្កើតបានជាសាធារណរដ្ឋលីទុយអានីថ្មី។ នៅក្នុងសង្គ្រាមលោកលើកទី២ លីទុយអានីត្រូវបានកាន់កាប់ដោយសហភាពសូវៀត មុនពេលត្រូវធ្លាក់ក្រោមការត្រួតត្រារបស់អាល្លឺម៉ង់ណាស៊ី ហើយទីបំផុតត្រូវបានសហភាពសូវៀតចូលមកកាន់កាប់ម្ដងទៀតនៅក្នុងឆ្នាំ១៩៤៤។ ជាលទ្ធផល ចលនាតស៊ូប្រដាប់អាវុធលីទុយអានីប្រឆាំងការកាន់កាប់របស់សូវៀតបានផ្ទុះឡើងដោយបានអូសបន្លាយរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៥០។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩០ មួយឆ្នាំមុនពេលសហភាពសូវៀតត្រូវរំលាយ លីទុយអានីបានក្លាយជាសាធារណរដ្ឋសូវៀតដំបូងគេដែលបានបំបែកខ្លួនចេញពីសហភាពដោយបានប្រកាសស្ដារឯករាជ្យភាពរបស់ខ្លួនឡើងវិញ

លីទុយអានីជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ និងសេដ្ឋកិច្ចដ៏ជឿនលឿនមួយដោយមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសលីទុយអានីក៏បានជាប់ចំណាត់ថ្នាក់ខ្ពស់ផងដែរនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល[១៣][១៤] សេរីភាពសារព័ត៌មាន និងសុភមង្គលប្រជាពលរដ្ឋ[១៥] បច្ចុប្បន្ន លីទុយអានីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រឹក្សារដ្ឋនៃសមុទ្របាល់ទិក ហ្សូនអឺរ៉ូ ធនាគារវិនិយោគន័រឌិក មូលនិធិរូបិយវត្ថុអន្តរជាតិ កិច្ចព្រមព្រៀងស្សិនគែន អង្គការណាតូ អង្គការអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ល។ លីទុយអានីក៏មានឈ្មោះចូលរួមក្នុងទម្រង់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ន័រឌិក-បាល់ទិកប្រាំបី (NB8) ផងដែរ។

Remove ads

កំណត់សម្គាល់

  1. ភាសាលីទុយអានីLietuva, អានថា លាទូវ៉ា
  2. ភាសាលីទុយអានីLietuvos Respublika

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads