ឡេតូនី
ប្រទេសនៅតំបន់បាល់ទិកនៃទ្វីបអឺរ៉ុប From Wikipedia, the free encyclopedia
Remove ads
ប្រទេសឡេតូនី[ស ២] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឡេតូនី[ស ៣] គឺជាប្រទេសមួយស្ថិតនៅតំបន់បាល់ទិកនៃទ្វីបអឺរ៉ុប។ ឡេតូនីជាប្រទេសមួយក្នុងចំណោមរដ្ឋបាល់ទិកទាំងអស់ចំនួនបី ពោលគឺប្រទេសអេស្តូនីនៅភាគខាងជើង និងប្រទេសលីទុយអានីនៅភាគខាងត្បូង។ ក្រៅពីនេះ ឡេតូនីមានព្រំប្រទល់ជាប់នឹងប្រទេសបេឡារុសនៅភាគអាគ្នេយ៍ និងប្រទេសរុស្ស៊ីនៅភាគខាងកើត ហើយមានព្រំដែនសមុទ្រជាប់ប្រទេសស៊ុយអែតនៅភាគខាងលិច។ ប្រទេសឡេតូនីគ្របដណ្ដប់លើក្រឡាផ្ទៃសរុប ៦៤,៥៨៩ គម២ និងមានប្រជាជនរស់នៅសរុប ១.៨ លាននាក់។ រីកាគឺជារដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសឡេតូនី។ ជនជាតិឡេតូនីគឺជាជនជាតិមួយដែលស្ថិតក្នុងក្រុមជនជាតិបាល់ទិកដោយមានចំនួនស្មើនឹង ៦៥.៥% នៃប្រជាជនទាំងអស់នៅក្នុងប្រទេស និងនិយាយភាសាឡេតូនី។ រុស្ស៊ីគឺជាជនជាតិច្រើនបំផុតទីពីរនៅក្នុងប្រទេសដោយមានចំនួនស្មើនឹង ៣៧.៧% នៃប្រជាជនសរុប ហើយនិយាយភាសារុស្ស៊ីជាភាសាកំណើត។[១៣]
ទឹកដីនៃប្រទេសឡេតូនីបច្ចុប្បន្នត្រូវស្ថិតនៅក្រោមអំណាចទូតូនីក ស៊ុយអែត ប៉ូឡូញ-លីទុយអានី និងរុស្ស៊ីអស់ជាច្រើនសតវត្សរ៍ មុនពេលត្រូវបានទទួលឯករាជ្យពីរុស្ស៊ីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩១៨ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី១។[៣] ក្រោយពីរដ្ឋប្រហារក្នុងឆ្នាំ១៩៣៤ ប្រទេសឡេតូនីបានធ្លាក់ទៅក្រោមរបបអត្ថាធិបតេយ្យផ្ដាច់ការដោយមានលោកការលីស អ៊ូលម៉ានីសជាមេដឹកនាំ។ ឯករាជ្យភាពឡេតូនីត្រូវបានរំខានដោយសហភាពសូវៀតនៅដើមសង្គ្រាមលោកលើកទី២ មុនពេលត្រូវអាល្លឺម៉ង់ណាស៊ីចូលឈ្លានពាននិងគ្រប់គ្រងនៅក្នុងឆ្នាំ១៩៤១ ហើយមកដល់ឆ្នាំ១៩៤៤ ឡេតូនីក៏ត្រូវសូវៀតចូលមកត្រួតត្រាម្តងទៀត បង្កើតបានជាសាធារណរដ្ឋសូវៀតមួយរហូតដល់ឆ្នាំ១៩៩១។ ជាលទ្ធផលនៃការស្ថិតនៅក្រោមសហភាពសូវៀតអស់ជាច្រើនទសវត្សរ៍ ប្រជាជនរុស្ស៊ីជាច្រើនបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងប្រទេសឡេតូនី។ បដិវត្តន៍ច្រៀងដោយសន្តិវិធីដែលបានផ្តើមឡើងនៅក្នុងឆ្នាំ១៩៨៧ ក្នុងបណ្ដារដ្ឋសូវៀតបាល់ទិកបាននាំឱ្យឡេតូនីទទួលបានឯករាជ្យជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក ប្រទេសឡេតូនីបានក្លាយជាសាធារណរដ្ឋប្រជាធិបតេយ្យនិយមសភារហូតមកដល់បច្ចុប្បន្ន។
ឡេតូនីជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ និងសេដ្ឋកិច្ចដ៏ជឿនលឿនមួយដោយមានចំណាត់ថ្នាក់លេខរៀងទី៣៩ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ បច្ចុប្បន្ន ឡេតូនីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រឹក្សារដ្ឋនៃសមុទ្របាល់ទិក ហ្សូនអឺរ៉ូ អង្គការណាតូ ន័រឌិក-បាល់ទិកប្រាំបី ធនាគារវិនិយោគន័រឌិក មូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ល។
Remove ads
កំណត់សម្គាល់
- ដោយមិនរាប់បញ្ចូលប្រជាជនដែលមិនដឹងសញ្ជាតិ ឬដើមកំណើត
- ភាសាលីទុយអានី៖ Latvija, ភាសាឡាតហ្កាលី៖ Latveja, ភាសាឡែហ្វ៖ Lețmō, ភាសាបារាំង៖ Lettonie
- ឡេតូនី៖ Latvijas Republika, ឡាតហ្កាលី៖ Latvejas Republika, ឡែហ្វ៖ Lețmō Vabāmō
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads