From Wikipedia, the free encyclopedia
វាំងននដែក (Iron Curtain) គឺជាតំណាងនៃ "មនោគមវិជ្ជា" និង ខ្សែបន្ទាត់ព្រំដែនពិតមួយគូសចែកទ្វីបអឺរ៉ុបទៅជាតំបន់ពីរផ្សេងគ្នា ចាប់តាំងពីពេលបញ្ចប់សង្គ្រាមលោកលើកទី២ រហូតដល់ពេលបញ្ចប់សង្គ្រាមត្រជាក់ (១៩៤៥-១៩៩១) ។ ភាគីទាំងសងខាងនៃវាំងននដែក បានខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចអន្តរជាតិ និង សម្ព័ន្ធមិត្តយោធាតែរៀងៗខ្លួន។ អង្គការសេដ្ឋកិច្ច "កូមេកុង" ជាមួយកតិកាសញ្ញាវ៉ាសូវី ស្ថិតនៅខាងកើតនៃវាំងននដែក ដែលមានសហភាពសូវៀតជាសមាជិកដ៏សំខាន់ និង អង្គការណាតូ ជាមួយសហគមន៍អឺរ៉ុប ស្ថិតនៅខាងលិចនៃវាំងននដែក ដែលមានសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តដ៏រឹងមាំ។
វាំងននដែក បានបង្ហាញស្រមោលនៃការកាពារព្រំដែនរវាងប្រទេសនៃអឺរ៉ុបខាងលិច និង អឺរ៉ុបខាងកើត ជាក់ស្ដែងជញ្ជាំងប៊ែរឡាំងគឺជាសក្ខីភាពមួយគួរឲ្យកត់សម្គាល់ ដែលបានដើរតួជានិមិត្តរូបដ៏យូរអង្វែងនៃវាំងននដែកទាំងស្រុង។
ពាក្យ "វាំងននដែក" ត្រូវបានប្រើលើកដំបូងដោយរដ្ឋមន្ត្រីឃោសនាការអាល្លឺម៉ង់ លោក "ហ្សូសែហ្វ ហ្គូអេបេល" នៅក្នុងសេចក្ដីថ្លែងការមួយ ដែលគាត់បានចុះផ្សាយនៅក្នុងសារព័ត៌មានអាល្លឺម៉ង់ Das Reich នៅខែកុម្ភៈ ឆ្នាំ១៩៤៥ ប៉ុន្តែវាត្រូវបានធ្វើឲ្យមានប្រជាប្រិយភាពដោយសារសន្ទរកថា "Sinews of Peace" ("Iron Curtain Speech") របស់លោក "វីនស្តុន ឆឺឈីល" ដែលបានថ្លែងនាថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៤៦។
នៅខណៈដែល វាំងននដែកបានលេចឡើង ជាការពិតប្រទេសទាំងអស់នៃអឺរ៉ុបខាងកើត និង ប្រទេសជាច្រើននៅអឺរ៉ុបកណ្ដាល (លើកលែងតែ អាល្លឺម៉ង់ខាងលិច លីចថិនស្តេន ស្វីស និង អូទ្រីស) បានធ្លាក់ទៅក្រោមការគ្រប់គ្រងពីសំណាក់សហភាពសូវៀត។ បន្ថែមលើនេះទៅទៀត រដ្ឋអឺរ៉ុបកណ្ដាលទាំងឡាយណា ដែលស្ថិតនៅខាងកើតនៃវាំងននដែក ជារឿយៗត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអឺរ៉ុបខាងកើត ជាជាងអឺរ៉ុបកណ្ដាល។ ជាទូទៅនៅក្នុងប្រទេសលោកខាងលិច បានចាត់ទុកអតីតអាល្លឺម៉ង់ខាងកើត និង ឆេកូស្លូវ៉ាគី ជាផ្នែកនៃអឺរ៉ុបខាងកើត។ ទោះបីជា អាល្លឺម៉ង់ខាងកើត និង សាធារណរដ្ឋឆេក និងមួយផ្នែកធំនៃប្រទេសប៉ូឡូញ មានភូមិសាស្ត្រនៅខាងលិចជាងប្រទេសអូទ្រីស ព្រមទាំងទីក្រុងប្រាក ស្ថិតនៅខាងលិចជាងទីក្រុងវ្យែនក៏ដោយ។ ភាគច្រើននៃវាំងននដែក បានខណ្ឌចែកឆេកូស្លូវ៉ាគីពីអូទ្រីសទៅខាងត្បូង។
បណ្ដារដ្ឋជាច្រើន បានក្លាយជាសមាជិកសហភាពសូវៀត (សាធារណរដ្ឋសង្គមនិយមសូវៀត) ចំណែកឯ ប្រទេសជិតខាងជាច្រើននៃប្លុកខាងកើត ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែលចាត់តាំងដោយសហភាពសូវៀត លើកលែងតែប្រទេសពីរចេញគឺ យូហ្គោស្លាវី និង អាល់បានី។ ប្រទេសយូហ្គោស្លាវី នៅតែរក្សាបាននូវឯករាជ្យពេញលេញរបស់ខ្លួន ហើយប្រទេសអាល់បានី បានគេចចេញពីឥទ្ធិពលសូវៀត នាទសវត្សឆ្នាំ១៩៦០ និងបានងាកទៅរកប្រទេសចិន។ ទាំងយូហ្គោស្លាវី និង អាល់បានីសុទ្ធតែជារដ្ឋកុម្មុយនិស្ត។
បណ្ដារដ្ឋដែលស្ថិតនៅខាងកើតនៃវាំងននដែកទាំងនោះ បានអភិវឌ្ឍន៍សេដ្ឋកិច្ច និង សម្ព័ន្ធមិត្តយោធាផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយអង្គការសេដ្ឋកិច្ចកូមេកុង និង កតិកាសញ្ញាវ៉ាសូវី។
នៅខាងលិចនៃវាំងននដែក ប្រទេសនៃអឺរ៉ុបខាងលិច អឺរ៉ុបខាងជើង និង អឺរ៉ុបខាងត្បូង ព្រមទាំង ប្រទេសអូទ្រីស អាល្លឺម៉ង់ខាងលិច លីចថិនស្តេន និង ស្វីស បានអនុវត្តសេដ្ឋកិច្ចទីផ្សារ។ លើកលែងតែ សម័យកាលនៃការគ្រប់គ្រងបែបហ្វាស៊ីសនៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ហើយនិងរបបយោធាផ្ដាច់ការនៅប្រទេសក្រិចចេញ ប្រទេសទាំងនោះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលប្រជាធិបតេយ្យ។
បណ្ដារដ្ឋភាគច្រើននៅខាងលិចវាំងននដែក លើកលែងតែ "ប្រទេសអព្យាក្រឹត" ស្វីស លីចថិនស្តេន អូទ្រីស ស៊ុយអ៊ែត ហ្វាំងឡង់ និង អៀរឡង់ចេញ បានចងសម្ពន្ធមិត្តជាមួយសហរដ្ឋអាមេរិក និង កាណាដា តាមរយៈអង្គការណាតូ។ វិស័យសេដ្ឋកិច្ចវិញ សហគមន៍អឺរ៉ុប និង សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប គឺជាគូប្រជែងរបស់អង្គការសេដ្ឋកិច្ចកូមេកុង។ ទោះយ៉ាងណាក៏ដោយ ជាធម្មតាប្រទេសអព្យាក្រឹតទាំងនោះ មានទំនាក់ទំនងសេដ្ឋកិច្ចស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក ច្រើនជាងពួកគេបានធ្វើជាមួយកតិកាសញ្ញាវ៉ាសូវី។
វាំងននដែក បានលេចជារូបរាងឡើងនៅក្នុងការបង្កើតខ្សែបន្ទាត់ការពាររវាងបណ្ដាប្រទេសនៅអឺរ៉ុបខាងលិច និង អឺរ៉ុបខាងកើត។ មានតំបន់ដែលមានភាពតានតឹងយោធាខ្លាំងក្លាមួយចំនួននៅលើពិភពលោក ជាពិសេសអ្វីដែលត្រូវបានគេហៅថា "ព្រំដែនខាងក្នុងអាល្លឺម៉ង់" (Inner German Bordder ដែលត្រូវបានគេស្គាល់ជាទូទៅថា die Grenzw) រវាងអាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច។ ព្រំដែនខាងក្នុងអាល្លឺម៉ង់ ត្រូវបានលេចរូបរាងឡើងនៅតំបន់ទីជនបទដោយរបងពីរជាន់ធ្វើអំពីសំណាញ់ដែកថែប ដែលមានចម្រូងស្រួចៗ ចំណែកនៅតាមតំបន់ទីប្រជុំជន រនាំងខ្ពស់ៗដូចគ្នាទៅនឹងជញ្ជាំងប៊ែឡាំង ត្រូវបានគេកសាងឡើង។ ជញ្ជាំងនេះតែងតែមានចម្ងាយខ្លីៗនៅខាងទឹកដីអាល្លឺម៉ង់ខាងកើត ដើម្បីបញ្ចៀសការឈ្លានពានណាមួយទៅលើអាល្លឺម៉ង់ខាងលិច។ ព្រំដែនពិតមួយត្រូវបានលេចរូបរាងឡើង ដោយសារការដាក់ប៉ុស្តិ៍យាមកាម និង គ្រឿងសម្គាល់ ដែលត្រូវបានត្រួតពិនិត្យដោយអ្នកឃ្លាំមើលជាច្រើននាក់នៅខាងក្រោយជញ្ជាំង។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.