បក្សបដិវត្តន៍ប្រជាជនឡាវ

From Wikipedia, the free encyclopedia

បក្សបដិវត្តន៍ប្រជាជនឡាវ
Remove ads

បក្សបដិវត្តន៍ប្រជាជនឡាវ (ភាសាលាវ៖ ພັກປະຊາຊົນປະຕິວັດລາວ, បក្សប្រជាជនបដិវត្តន៍ឡាវ) គឺ​ជា​គណបក្ស​កាន់​អំណាចនយោបាយ​តែ​មួយ​គត់​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ ឯកាធិភាពរបស់បក្សនេះលើអំណាចរដ្ឋត្រូវបានបញ្ជាក់ដោយមាត្រាបីនៃរដ្ឋធម្មនុញ្ញប្រទេសឡាវ ហើយវាដឹកនាំប្រទេសជាប្រព័ន្ធឯកភូតពោលគឺរដ្ឋាភិបាលមានការគ្រប់គ្រងមជ្ឈការលើសេដ្ឋកិច្ច និងយោធាប្រទេស។

ព័ត៌មានសង្ខេប បក្សបដិវត្តន៍ប្រជាជនឡាវ ພັກປະຊາຊົນປະຕິວັດລາວបក្សប្រជាជនបដិវត្តន៍ឡាវ, អង្គលេខាធិការបក្ស ...
Remove ads

បក្សបដិវត្តន៍ប្រជាជនឡាវត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ ដោយអតីតសមាជិកនៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន។ ក្រោយនិម្មិតកម្ម បក្សនេះបានដឹកនាំការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលឡាវ និងថែមទាំងបានគាំទ្រកងកម្លាំងវៀតណាមខាងជើងនៅក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិកទៀតផង។ ជាលទ្ធផលនៃការបះបោរខាងលើ បក្សបដិវត្តន៍ប្រជាជនឡាវបានឡើងដណ្តើមអំណាចដោយជោគជ័យនៅចុងឆ្នាំ១៩៧៥។ ក្នុងអំឡុងពេលឆ្នាំដំបូងៗក្រោមការដឹកនាំរបស់ខ្លួន បក្សនេះបានពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើសង្គម និងបានព្យាយាមបង្កើតសេដ្ឋកិច្ចផែនការដោយផ្អែកលើគំរូរបស់សូវៀត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឃើញមានកំណែទម្រង់ទីផ្សារសេរីនៅក្នុងប្រទេសចិននិងវៀតណាម បក្សនេះក៏ចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមដូចជា ការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋ និងបង្កើតកម្មសិទ្ធិឯកជនឡើងវិញ។

ប្រជាធិបតេយ្យមជ្ឈិមនិយមគឺជាគោលគំនិតដែលបង្កើតឡើងដោយមេដឹកនាំសូវៀតលោកវ្លាឌីមៀរ លេនីនហើយវាក៏ជាជាទម្រង់រចនាសម្ព័ន្ធរបស់បក្សនេះផងដែរ។ គណៈកម្មាធិការបជ្ឈឹមបក្សគឺត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសមាជជាតិដែលត្រូវជាស្ថាប័នខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យកិច្ចប្រជុំ​សមាជនីមួយៗ​ គណៈកម្មាធិការ​មជ្ឈិមបក្សគឺ​ជា​អ្នក​ធ្វើ​រាល់សេចក្តី​សម្រេចកំពូលៗទាំងឡាយដែលទាក់​ទង​នឹង​កិច្ចការ​របស់បក្ស។ បន្ទាប់ពីបញ្ចប់សមាជ គណៈកម្មាធិការមជ្ឈិមបក្សនឹងត្រូវជ្រើសតាំងការិយាល័យនយោបាយនិងលេខាធិការដ្ឋាន និងព្រមទាំងអគ្គលេខាធិការបក្សផងដែរពោលគឺមន្ត្រីខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។ គិតត្រឹមឆ្នាំ២០២១ ការិយាល័យនយោបាយលើកទី ១១ មានសមាជិកចំនួន ១៣ រូប។ មេដឹកនាំគណបក្សបច្ចុប្បន្នគឺលោកថងលូន ស៊ីស៊ូលីតហើយលោកក៏កំពុងកាន់តំណែងមួយចំនួនទៀតផងដែរមានដូចជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មការការពារជាតិនិងសន្តិសុខសាធារណៈ និងនាយករដ្ឋមន្ត្រីឡាវពោលគឺប្រមុខរដ្ឋាភិបាល។

បក្សបដិវត្តន៍ប្រជាជនឡាវគឺប្តេជ្ញាស្មោះត្រង់ចំពោះលទ្ធិកុម្មុយនីស្ត ហើយតែងតែបានចូលរួមក្នុងកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ។ យោងតាមលក្ខន្តិកៈរបស់បក្ស គណបក្សខ្លួនគឺប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស–លេនីន និងគោលគំនិតកៃសន ព្រហ្មវិហារ។ បន្ទាប់ពីបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ គណបក្សនេះបានរុះរកវិធីលុបបំបាត់ចោលនូវផលិតកម្មមូលធននិយមភ្លាមៗដើម្បីចាក់គ្រឹះមូលដ្ឋានបង្កើតសង្គមនិយម។ នៅទស្សវត្សរ៍ឆ្នាំ១៩៩០ ទិសដៅរបស់បក្សត្រូវបានផ្លាស់ប្តូរដោយថ្នាក់ដឹកនាំរបស់វាជឿថា ប្រទេសឡាវនូវខ្វះការអភិវឌ្ឍន៍ច្រើនដើម្បីសម្រេចកសាងសង្គមនិយម។ ដូច្នេះ បក្សមួយនេះក៏បានប្រើប្រាស់មូលធននិយមរបស់រដ្ឋជាឧបករណ៍សម្រាប់ធ្វើការឆ្ពោះទៅរកសង្គមនិយម។

Remove ads

ប្រវត្តិ

ដើមកំណើត និងបដិវត្តន៍ជាតិប្រជាធិបតេយ្យ (១៩៤៥–១៩៧៥)

បក្សបដិវត្តន៍ប្រជាជនឡាវគឺកើតចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិនដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំកុម្មុយនីស្តវៀតណាមឈ្មោះហូ ជីមិញនៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៣០ តាមបញ្ជាពីអង្គការកុម្មុយនីស្តអន្តរជាតិ[] បក្សកុម្មុយនីស្តឥណ្ឌូចិនមានភារកិច្ច "កម្ចាត់កាកសំណល់សក្តិភូមិ ចែកចាយដីធ្លីទៅឱ្យអ្នកស្រែចម្ការ ផ្ដួលរំលំរបបចក្រពត្តិនិយម និងធ្វើឱ្យតំបន់ឥណ្ឌូចិនទាំងមូលទទួលឯករាជ្យពេញលេញ"។[] ដំបូងឡើយគណបក្សមួយនេះមានឈ្មោះថា"បក្សកុម្មុយនីស្តវៀតណាម"ក៏ព្រោះតែសមាជិកភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែអង្គការកុម្មុយនីស្តអន្តរជាតិបានសម្តែងនូវការមិនពេញចិត្តពីព្រោះឈ្មោះរបស់វានេះបានបង្ហាញពីអត្តសញ្ញាណជាតិវៀតណាមតែមួយដោយអង្គការនេះជឿថា កម្មករពលករវៀតណាម ខ្មែរ និងឡាវគឺមានភាពដូចគ្នាច្រើនជាងភាពខុសគ្នា។[] ទោះជាបានប្តូរឈ្មោះមក"គណបក្សឥណ្ឌូចិន"មែនប៉ុន្តែតាមការពិត បក្សនេះនូវតែគ្រប់គ្រងនិងដឹកនាំដោយជនជាតិវៀតណាមរហូតទាន់តែដល់ថ្ងៃរំលាយបក្សជាផ្លូវការពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅពេលដែលបដិវត្តន៍ជាតិប្រជាធិបតេយ្យបានប្រកាសដំណើរការនៅក្នុងតំបន់ឥណ្ឌូចិន។[] នៅក្នុងឆ្នាំ១៩៤៦ សមាជិកបក្សឥណ្ឌូចិនសម្ងាត់មួយចំនួនបានចាប់ផ្តើមចេញរកកេណ្ឌកម្មាភិបាលកុម្មុយនីស្តជនជាតិឡាវឱ្យចូលរួមក្នុងចលនារបស់ខ្លួន។[] លោកកៃសន ព្រហ្មវិហារដែលមានដើមកំណើតជាជនជាតិឡាវកាត់វៀតណាមត្រូវបានគេជ្រើសរើសជាសមាជិកម្នាក់នៅចន្លោះឆ្នាំ១៩៤៦–៤៧ ខណៈដែលខ្លួនកំពុងជានិស្សិតសិក្សានៅសាកលវិទ្យាល័យទីក្រុងហាណូយ[] តែទោះជាយ៉ាងណាក្តី កង្វះអ្នកតំណាងឡាវនូវតែជាបញ្ហាដ៏ធំមួយនៅក្នុងចលនា។[] គិងត្រឹមខែកុម្ភៈ ឆ្នាំ១៩៥១ សមាជិកជាជនជាតិឡាវមានចំនួនតែ ៨១ នាក់ប៉ុណ្ណោះប្រើប្រៀបធៀនទៅនឹងសមាជិកសរុបចំនួន ២,០៩១ នាក់។[]

នៅខែកុម្ភៈ ឆ្នាំ១៩៥១ បក្សឥណ្ឌូចិនលាក់មុខមួយនេះបានកោះប្រជុំសមាជជាតិលើកទីពីរហើយបានសម្រេចប្តូរឈ្មោះទៅ គណបក្សពលករវៀតណាម[] ភ្លាមៗបន្ទាប់ពីសមាជជាតិលើកទីពីរបានបញ្ចប់ សម្ព័ន្ធភាពវៀតណាម-ឡាវ-ខ្មែរត្រូវបានប្រកាសឡើងដោយមានការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិកនៅក្នុងតំបន់។[] នៅក្នុងឆ្នាំ១៩៥២ បក្សពលករវៀតណាមបានបង្កើត"គណៈកម្មាធិការដើម្បីអង្គការបក្ស"ដែលមានសមាជិកចំនួនប្រាំរូបដូចជា លោកកៃសន ព្រហ្មវិហារ (ជាលេខា) នូហាក់ ភូមសៈវ៉ាន់ ស្រីសាវត្ត កែវប៊ុនផាន ប៊ុន ពុំមហសាយ និងខាមសែន[][] ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បក្សពួកកុម្មុយនីស្តជាច្រើនត្រូវបាននិម្មិតឡើងនៅទូទាំងប្រទេសឡាវ។ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ សមាជប្រជុំបក្សលើកទីមួយត្រូវបានប្រព្រឹត្តិទៅនិងជាលទ្ធផល ក៏បង្កើតបានចេញជាបក្សប្រជាជនឡាវ (ប.ប.ឡ.)។[] ប៉ុន្តែអ្វីៗទាំងអស់មិនបានដំណើរការទៅដូចផែនការនោះទេ ព្រោះថា ប.ប.ឡ ត្រូវបានរាជរដ្ឋាភិបាលឡាវនាពេលនោះបោសសម្អាតនិងបំផ្លាញស្ទើរអស់ទាំងស្រុងនៅអំឡុងឆ្នាំ១៩៥៩។[] វៀតណាមខាងជើងបានប្រតិកម្មដោយបង្កើនការគាំទ្ររបស់ពួកគេចំពោះ ប.ប.ឡ. និងយោធារបស់ខ្លួនហៅប៉ៈថេតឡាវ[] ហើយនៅដើមទសវត្សរ៍១៩៦០ គណបក្សនេះបានគ្រប់គ្រងលើទឹកដីប្រទេសឡាវជិតពាក់កណ្តាល។[] ថ្វីត្បិតតែខ្លួនជាកម្លាំងនាំមុខនៅពីក្រោយសកម្មភាពបះបោរពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ មែនក៏គណបក្សនេះនូវតែបន្តរក្សាភាពសម្ងាត់របស់ខ្លួនដោយចូលចិត្តដឹកនាំសកម្មភាពរបស់ពួកគេតាមរយៈសាខារណសិរ្ស។ ជនជាតិឡាវភាគតិចណាស់ដែលបានដឹងអំពីអត្ថិភាពរបស់បក្ស ឬក៏ឈ្មោះមេដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលនោះ។[] នៅខែកុម្ភៈ ឆ្នាំ១៩៧២ សមាជជាតិលើកទីពីរត្រូវបានប្រព្រឹត្តិធ្វើឡើងហើយឈ្មោះផ្លូវការរបស់បក្សក៏បានប្តូរមក "បក្សបដិវត្តន៍ប្រជាជនឡាវ" រហូតដល់សព្វថ្ងៃ។[]

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៣ បន្ទាប់ពីឆ្លងកាត់សឹកសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតកិច្ចព្រមព្រៀងសន្តិភាពមួយក៏ត្រូវបានរៀបចំធ្វើឡើងជាមួយរាជរដ្ឋាភិបាលឡាវ។[] រដ្ឋាភិបាលឯកភាពជាតិបណ្តោះអាសន្នត្រូវបានបង្កើតឡើងដោយមានសមាជិកជាអ្នកនយោបាយកុម្មុយនីស្តតែស្ថិតក្រោមការដឹកនាំដោយអ្នកនយោបាយរាជានិយមម្នាក់គឺសុវណ្ណភូមា[] ស្រដៀងគ្នាទៅនឹងវៀតណាមខាងត្បូងដែរ រាជរដ្ឋាភិបាលឡាវថ្មីនេះត្រូវប្រឈមមុខនឹងការបះបោរឥតឈប់ឈរពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥។[] ចាប់ពីខែធ្នូ ឆ្នាំ១៩៧៤ ដល់ខែមករា ឆ្នាំ១៩៧៥ កងកម្លាំងរាជានិយមនៅស្រុកហួយសៃនៃខេត្តហួកុង (បច្ចុប្បន្នហៅហួផាន់) និងនៅតាមខេត្តខាំមួនបាននាំគ្នាងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលក៏ព្រោះតែវាមានទំនោរទៅរកពួកកុម្មុយនីស្ត។[] ប្រតិកម្មទៅនឹងព្រឹត្តិការណ៏ដែលកំពុងលាតត្រដាង ភាគីប៉ៈថេតឡាវបានចេញគ្រប់គ្រងផ្លូវសាធារណៈដែលនាំទៅដល់ទីក្រុងវៀងចន្ទន៍ដែលនាំឱ្យមានការកាត់ផ្តាច់ស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់ទាំងឡាយទៅរាជធានី។[] នៅអំឡុងខែមេសានិងខែឧសភា បាតុកម្មប្រឆាំងរាជរដ្ឋាភិបាលក្នុងក្រុងមួយបានកើតឡើងដែលជាហេតុនាំឱ្យសមាជិកគណៈរដ្ឋមន្ត្រីចំនួនប្រាំរូបសម្រេចលាលែងចេញពីតំណែង។[១០] ដើម្បីជួយស្រោចសង្គ្រោះរាជាធិបតេយ្យនៅឡាវកុំឱ្យរលាយ រាជរដ្ឋាភិបាលបានប្រកាសពីការបោះឆ្នោតថ្មីមួយសម្រាប់ឆ្នាំ១៩៧៦។[១១] នៅថ្ងៃទី២៦ ខែវិច្ឆិកា អ្នកតំណាងបក្សបដិវត្តន៍ប្រជាជនឡាវបាន"បញ្ចុះបញ្ចូល"អ្នករាជានិយមឱ្យលះបង់ទ្រព្យសម្បត្តិរាជវង្ស និងដាក់រាជ្យដោយ"ស្ម័គ្រចិត្ត"។[១២] ជាងចុងក្រោយ បក្សនេះបានកោះប្រជុំសភាតំណាងប្រជាជនទូទាំងប្រទេសនៅថ្ងៃទី១–២ ខែធ្នូ ឆ្នាំ១៩៧៥។ សមាជនោះបានរំលាយព្រះរាជាណាចក្រឡាវចោលរួចបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឡើង និងបានប្រកាសបញ្ចប់បដិវត្តន៍ប្រជាធិបតេយ្យជាតិដែលមានអាយុកាលចំនួន ៣០ ឆ្នាំ។[១១]

បក្សកាន់អំណាច (១៩៧៥–បច្ចុប្បន្ន)

ការដួលរលំនៃរាជរដ្ឋាភិបាល និងការឡើងកាន់កាប់អំណាចរបស់បក្សពួកកុម្មុយនីស្តបានធ្វើឱ្យប្រទេសឡាវទទួលរងនូវភាពចលាចលជាច្រើនជាពិសេសគឺបញ្ហាចំណាកស្រុក។[១៣] នៅឆ្នាំ១៩៨០ ប្រជាជនឡាវប្រមាណដប់ភាគរយនៃប្រជាជនសរុបបាននាំគ្នារត់ចេញពីប្រទេស។[១៤] នៅក្នុងរយៈពេលពីរឆ្នាំក្រោយការឡើងកាន់អំណាច បក្សនេះនូវតែរក្សាភាពសម្ងាត់របស់ខ្លួន។[១៤] ឧទាហរណ៍៖ លោកកៃសន ព្រហ្មវិហារដែលជាអង្គលេខាធិការបក្សនាពេលនោះមិនសូវបានជាប្រជាជនឡាវច្រើនស្គាល់លោកនោះទេ។[១៤] មេដឹកនាំចលនាកុម្មុយនីស្តមុនឆ្នាំ១៩៧៥ មួយចំនួនដូចជាប្រធានរណសិរ្សស្នេហាជាតិឡាវលោកសុផានុវង្សត្រូវបក្សបែរក្រោយដាក់បន្ទាប់ពីបានឡើងកាន់កាប់អំណាចនយោបាយ។[១៥] រដ្ឋាភិបាលកុម្មុយនីស្តឡាវបានបិទអង្គការសារព័ត៌មានឯករាជ្យទាំងឡាយនៅក្នុងប្រទេស។ អង្គការសំខាន់ៗផ្សេងទៀតដែលមិនទាន់បានរំលាយត្រូវបានគេបង្ខំឱ្យចុះជាសមាជិកនៅក្នុងរណសិរ្សឡាវសម្រាប់ការកសាងជាតិ (រ.ឡ.ក.ជ.) ដែលជាអង្គការដ៏ធំមួយគ្រប់គ្រងដោយបក្សបដិវត្តន៍។[១៦] ដើម្បីឃោសនាទាក់ទាញប្រជាជនឱ្យគាំទ្របន្ថែម រ.ឡ.ក.ជ. បានរៀបចំធ្វើការប្រជុំទូទាំងប្រទេសដើម្បីអប់រំប្រជាជនអំពីខ្សែគំនិតរបស់បក្ស និងផ្សព្វផ្សាយអំពីលទ្ធិម៉ាក្ស–លេនីន[១៥] គោលដៅចម្បងនៃដំណើរនេះគឺដើម្បីកែប្រជាជនចាស់ឱ្យក្លាយទៅជា"មនុស្សសង្គមនិយមថ្មី"។[១៥]

នៅឆ្នាំ១៩៧៨ បក្សបដិវត្តន៍ប្រជាជនឡាវបានបន្តដំណើរផ្លាស់ប្តូរសង្គមជាតិរបស់ខ្លួនតាមរយៈកសិកម្មសមូហភាព។[១៧] បើយោងទៅតាមអ្នកសារព័ត៌មាននិងជាប្រវត្តិវិទូម្នាក់បានឱ្យដឹងថា បក្សបដិវត្តន៍ជឿថា "ផលិតភាពនៃកសិកម្មអាចលើកឡើងបានតាមរយៈសេដ្ឋកិច្ចនៃមាត្រដ្ឋាន (ដោយភាពស្រដៀងគ្នាជាមួយគំរូឧស្សាហកម្ម) ហើយវាអាចសម្រេចបានតែដោយកម្មសិទ្ធិសមូហភាពនៃមធ្យោបាយផលិតកម្មប៉ុណ្ណោះ។ ពួក​គេ​បាន​បន្តលើក​ឡើង​ថា សហករណ៍​អាច​បង្កើន​ការ​ប្រើ​ប្រាស់​ធាតុ​ចូល​ទំនើប​ៗ​ក្នុង​វិស័យ​កសិកម្ម"។[១៨] គោលដៅពីរចម្បងនៃដំណើរការសមូហភាពគឺ (១) លុបបំបាត់កម្មសិទ្ធិឯកជននៅជនបទ និង (២) ពង្រឹងការគ្រប់គ្រងនយោបាយនៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយរាជរដ្ឋាភិបាលឡាវ។[១៩] សមូហនីយកម្មបានបញ្ជាក់ឱ្យឃើញថាវាគឺលំបាកក្នុងការអនុវត្តជាងនៅក្នុងទ្រឹស្តី ហើយវិស័យជាច្រើនបានចេញប្រឆាំងនឹងគោលនយោបាយមួយនេះ។[១៩] អាស្រ័យហេតុនេះ គណៈកម្មាធិការបជ្ឈឹមបក្សក៏បានបោះបង់គោលនយោបាយសមូហនីយកម្មចោលនៅក្នុងឆ្នាំ១៩៨១។[២០] ជាជាងព្យាយាមបង្កើតសង្គមសមូហភាព បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមផ្តោតលើការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។[២១] ដល់ត្រឹមឆ្នាំ១៩៨៨ លោកកៃសន ព្រហ្មវិហារបានទទួលស្គាល់ថាគោលនយោបាយសមូហភាពបានបរាជ័យទាំងស្រុង៖ "គោលនយោបាយសមូហភាពពីមុនរបស់យើងគឺស្ថិតក្នុងទម្រង់ចាស់បុរាណដែលប្រទេសសង្គមនិយមដទៃទៀតអនុវត្ត។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតមួយចំនួនអំពីស្ថានភាពជាក់ស្តែងនៅប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរទិសដៅដោយចាប់ផ្តើមពីគ្រួសារ"។[២១] ពីរឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ១៩៩០ ស្ថាប័នសហករណ៍កសិកម្មទាំងអស់ដែលមានវត្តមានក្នុងស្រុកត្រូវបានលុបបំបាត់ចោល។[២២]

នៅឆ្នាំ១៩៨៦ ក្នុងសមាជជាតិលើកទី៨ បក្សនេះបានចាប់ផ្តើមរុះរើប្រព័ន្ធផែនការសេដ្ឋកិច្ចរបស់ខ្លួនដែលយកគំរូតាមសហភាពសូវៀត។[២៣] នៅក្នុងរបាយការណ៍នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទីបី លោកកៃសន ព្រហ្មវិហារបានកត់សម្គាល់ថា "ចំណុចខ្វះខាតចម្បងរបស់យើងគឺស្ថិតនៅលើអត្ថវិស័យនិយមនិងសេចក្តីរវៀសរវៃ នៅក្នុងទំនោររបស់យើងក្នុងការលុបបំបាត់វិស័យសេដ្ឋកិច្ចដែលមិនមែនជាសង្គមនិយមភ្លាមៗ...យើងគឺទំនោរទៅរកសមភាពនិយម។ ជាលទ្ធផល យើងមិនបានលើកទឹកចិត្តកម្មករល្អៗដែលមានផលិតភាពការងារខ្ពស់"។[២៣] នៅក្រោមគោលការណ៍"គណនេយ្យសេដ្ឋកិច្ចសង្គមនិយម" បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមបំបែកសហគ្រាសរដ្ឋចេញពីសមូហកម្មរដ្ឋដោយបង្ខំឱ្យសហគ្រាសទាំងនោះដំណើរការទៅតាមទីផ្សារសេរីវិញ។[២៤] នៅឆ្នាំ១៩៨៨ ដោយសារតែកើតមានវិបត្តិនយោបាយនៅប្លុកបូព៌ានិងសហភាពសូវៀត កំណែទម្រង់បន្ថែមត្រូវបានធ្វើឡើងនៅប្រទេសឡាវ។[២៤] ក្រមច្បាប់សម្រាប់ការវិនិយោគពីបរទេសត្រូវបានអនុម័តហើយការបណ្តាក់ទុនរួមត្រូវបានជម្រុញអនុវត្ត។[២៤] ហេតុផលដ៏សំខាន់ពីក្រោយការផ្លាស់ប្តូរទាំងនេះគឺការធ្លាក់ចុះយ៉ាងខ្លាំងនៃជំនួយបរទេសដែលឡាវតែងពឹងផ្អែកដែលក្នុងនោះ ៧០ ភាគរយមានប្រភពមកពីសហភាពសូវៀតនិងប្លុកបូព៌ា។[២៤] នៅក្នុងឆ្នាំ១៩៨៨ ជំនួយបរទេសសរុបពីប្លុកបូព៌ាមានចំនួនស្មើនឹង ៥២ លានដុល្លារអាមេរិក។ ត្រឹមឆ្នាំ១៩៨៩ វាបានធ្លាក់មកត្រឹមមួយលានដុល្លារអាមេរិកហើយដល់ឆ្នាំ១៩៩០ ឡាវក៏លែងទទួលបានថវិកាជំនួយតទៅទៀត។[២៤]

ការដួលរលំនៃរបបកុម្មុយនីស្តនៅប៉ែកអឺរ៉ុបបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសឡាវ។ សិស្សានុសិស្សក្នុងស្រុកមួយចំនួនបានចាប់ផ្តើមរិះគន់ភាពផ្តាច់មុខរបស់បក្សបដិវត្តន៍លើអំណាចរដ្ឋ ហើយបានចាប់ផ្តើមអំពាវនាវឱ្យមានប្រព័ន្ធពហុបក្ស។[២៥] សកម្មភាពរបស់សិស្សទាំងនោះត្រូវបានគាំទ្រដោយក្លិបសង្គមប្រជាធិបតេយ្យដែលជាក្រុមបញ្ញវន្តឡាវចំនួនសែសិបនាក់។[២៥] ដោយយល់ឃើញគំនិតពីក្រោយព្រឹត្តិការណ៍បែបនេះ មន្ត្រីបក្សបដិវត្តន៍ប្រជាជនមួយរូបគឺលោក ថងសុគ សៃសាងឃីដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានដាក់លិខិតលាលែងពីតំណែងជាចំហ ហើយបានចោទប្រកាន់រិះគុណបក្សថាបានបង្កើត "របបរាជានិយមកុម្មុយនីស្ត" និង "រាជវង្សក្នុងការិយាល័យនយោបាយ" ដោយនេះគឺជាការសម្តៅទៅលើកំណើនឥទ្ធិពលរបស់កូនចៅថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាល។[២៥] បក្សបដិវត្តន៍ប្រជាជនឡាវបានប្រតិកម្មយ៉ាងខ្លាំងនឹងការចោទប្រកាន់នេះហើយជាលទ្ធផលលោកសៃសាងឃីរួមជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងផែនការលោកលតស្មី ខាំភួយ និងមន្ត្រីក្រសួងយុត្តិធម៌លោកប៉េង ស័កចិត្តពង្សត្រូវបានរដ្ឋាភិបាលឡាវចាប់ដាក់ពន្ធនាគារនៅអំឡុងខែតុលា ឆ្នាំ១៩៩០ និងបានកាត់ទោសជាប់ពន្ធនាគារបន្តរយៈពេលដប់បួនឆ្នាំនៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៩២។[២៥] ក្រោយមកនៅឆ្នាំដដែរនោះ រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តដែលគេបានចែងថា ឡាវគឺជារដ្ឋប្រកាន់"របបផ្តាច់ការប្រជាធិបតេយ្យប្រជាជននៅក្រោមអំណាចដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវ"។[២៦] លោកខាំតៃ ស៊ីផាន់ដុនដែលជាសមាជិក​ការិយាល័យ​នយោបាយ​ម្នាក់នាពេលនោះ​បាន​ថ្លែងថា "បក្ស​យើងគឺជា​គណបក្ស​តែមួយគត់​ដែល​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​លើ​។ គ្រប់​ការ​បង្ខូច និង​ការ​ប៉ុនប៉ង​ធ្វើ​យឱ្យខូច​តួនាទី​ថ្នាក់ដឹកនាំណាម្នាក់​របស់​បក្ស​នឹងត្រូវ​បាន​ចាត់ទុក​ជារឿង​ផ្ទុយ​នឹងប្រវត្តិសាស្ត្រពិត និងផលប្រយោជន៍ជាតិរួម"។[២៥]

បន្ទាប់ពីបានបម្រើការអស់រយៈពេលដប់បួនឆ្នាំជាអគ្គលេខាធិការបក្ស លោកខាំតៃ ស៊ីផាន់ដុនបានសម្រេចលាចេញពីតំណែងនៅក្នុងឆ្នាំ២០០៦ ហើយត្រូវបានបន្តដោយលោកឈុំម៉ាលី សៃយ៉ាសានដែលបានបម្រើការរយៈពេលដប់ឆ្នាំបន្ទាប់។[២៧] នៅឆ្នាំ២០១៦ តំណែងលោកសៃយ៉ាសានត្រូវបានស្នងដោយប៊ុនយ៉ាង វរៈចិត្តដែលបានបម្រើការរហូតដល់ឆ្នាំ២០២១[២៨] ហើយត្រូវបានស្នងបន្តទៀតដោយអគ្គលេខាធិការបក្សបដិវត្តន៍បច្ចុប្បន្នគឺលោកថងលូន ស៊ីស៊ូលីត[២៩]

Remove ads

រដ្ឋាភិបាល

មជ្ឈឹមនិយមប្រជាធិបតេយ្យ

រចនាសម្ព័ន្ធកណ្តាល និងឋានានុក្រមរបស់បក្សគឺផ្អែកលើមជ្ឈឹមនិយមប្រជាធិបតេយ្យដែលជាទ្រឹស្តីនយោបាយបង្កើតឡើងដោយវ្លាឌីមៀរ លេនីន[៣០][៣១] រចនាសម្ព័ននេះតម្រូវឱ្យអង្គការឬស្ថាប័នថ្នាក់ទាបគោរពតាមសេចក្តីសម្រេចរបស់អង្គការថ្នាក់លើដូចជាគណៈកម្មាធិការមជ្ឈឹមបក្សជាដើម។[៣១] មិនត្រឹមតែប៉ុណ្ណោះ វាក៏បានហាមប្រាមពីការបង្កើតបក្សពួកផ្ទៃក្នុងបក្សផងដែរ។[៣១] ជាចុងក្រោយ រាល់សេចក្តីសម្រេចរបស់អង្គការទាំងអស់ត្រូវតែដើរតាមគោលការណ៍ថ្នាក់ដឹកនាំសមូហភាពពោលគឺជាដំណើរសម្រេចដោយសហសេវិកផ្ទុយទៅនឹងការត្រួតត្រារបស់មនុស្សតែម្នាក់។[៣១] នៅក្នុងសុន្ទរកថានៃមហាសន្និបាតជាតិលើកទីប្រាំ ឆ្នាំ១៩៩១ អគ្គលេខាធិការបក្សលោកកៃសន ព្រហ្មវិហារបានមានប្រសាសន៍ថា "លទ្ធិប្រជាធិបតេយ្យរបស់គណបក្សយើងគឺមានលក្ខណៈជាមជ្ឈិមនិយម ដូច្នេះយើងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដែលសំឡេងភាគតិចត្រូវទាញមកសម្លេងភាគច្រើន អង្គការស្ថាប័នទាបត្រូវប្រតិបត្តិតាមបញ្ជារបស់ស្ថាប័នកំពូល។ បក្សទាំងមូលគឺដើរតាមគណៈកម្មាធិការកណ្តាល។[៣២]

បក្សពួកនិយម

បក្សបដិវត្តន៍ប្រជាជនឡាវបានពឹងផ្អែកលើបក្សពួកនិយមដើម្បីរក្សាអំណាចក្តោបក្តាប់ប្រទេសឡាវ។[៣៣][៣៤] គេបានធ្វើការប៉ាន់ប្រមាណថា ២៥ ភាគរយនៃសមាជិកទាំងអស់ក្នុងគណៈកម្មាធិការមជ្ឈិមបក្សលើទីដប់គឺមានទំនាក់ទំនងតាមកំណើត ឬតាមរយៈអាពាហ៍ពិពាហ៍ជាមួយគ្រួសារអ្នកបដិវត្តន៍ចាស់របស់បក្ស។[៣០] ឧទាហរណ៍៖ លោកសាយ​សោម​ភ័​ណ្ឌ ព្រហ្ម​វិហារគឺជាកូនប្រុស​ច្បង​របស់​លោកកៃសន ព្រហ្ម​វិហារហើយលោកបាន​ជាប់​ឆ្នោត​ជាសមាជិកក្នុង​ការិយាល័យ​នយោបាយ​បក្សលើកទី​១០ និង​ទី​១១។[៣៥] ភរិយារបស់លោកកៃសន ព្រហ្មវិហារគឺលោកស្រីថុងវីន ព្រហ្មវិហារធ្លាប់បានបម្រើការជាអគ្គលេខាធិការនៃសហភាពយុវជនបដិវត្តន៍ប្រជាជនឡាវពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ១៩៩៣។[៣៦] លោកខាំផេង សាយសំផេងដែលជាកូនប្រសាររបស់អតីតអគ្គលេខាធិការបក្សលោកខាំតៃ ស៊ីផានដុនត្រូវគេបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី៩ ហើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារនិងសុខុមាលភាពសង្គមនៅឆ្នាំ ២០១៥ និងត្រូវបានបោះឆ្នោតជ្រើសរើសជាគណៈកម្មាធិការមជ្ឈិមបក្សទីដប់នៅក្នុងឆ្នាំ២០១៦។[៣៥] នៅឆ្នាំ២០១៥ អ្នកស្រីវៀងថង ស៊ីផាន់ដុន ភរិយារបស់លោកខាំផេង សាយសំផេងនិងជាកូនស្រីរបស់លោកខាំតៃ ស៊ីផាន់ដុនត្រូវបានគេតែងតាំងជាប្រធានអង្គការសវនកម្មរដ្ឋ ហើយនៅក្នុងឆ្នាំ២០១៦ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សលើកទីដប់...។[៣៥]

ឯកាធិភាពលើអំណាចរដ្ឋ

Thumb
ទង់សមាជជាតិឡាវ

បក្សបដិវត្តន៍ប្រជាជនឡាវមានសិទ្ធិផ្តាច់មុខស្របច្បាប់លើអំណាចរបស់រដ្ឋ។[៣៧] ដូច្នេះ រដ្ឋអាចរក្សាបាននូវទម្រង់មជ្ឈិម និងឯកតានៃអំណាចរដ្ឋ ដោយផ្អែកលើប្រជាធិបតេយ្យមជ្ឈឹមនិយម[៣៧] ក្នុងនាមជាប្រទេស"ចម្រុះជាតិសាសន៍ច្រើនបំផុត"នៅអាស៊ីអាគ្នេយ៍ ប្រព័ន្ធរដ្ឋឯកបក្សរបស់ឡាវត្រូវបានធ្វើឱ្យស្របច្បាប់ដោយសមាហរណកម្មសង្គមនិយម។[៣៧] សេដ្ឋវិទូមួយរូបបានសរសេរថា"បក្សបដិវត្តន៍ឡាវមានភាពផ្តាច់មុខលើមហិច្ឆិតានយោបាយ និងគ្រប់គ្រងជីវិតសាធារណៈ។ ប្រតិបតិ្តការទាំងឡាយរបស់បក្សបានជ្រៀតចូលគ្រប់ស្ថាប័នរបស់រដ្ឋាភិបាល និងផ្នែកជាច្រើននៃសង្គម។ អង្គការទាំងអស់នៃរដ្ឋបក្ស (ពីការិយាធិបតេយ្យរបស់រដ្ឋាភិបាល អង្គការមហាជន រហូតដល់យោធា) ត្រូវអនុវត្តតាមការណែនាំរបស់បក្ស និងគ្រប់គ្រងភាពផ្តាច់មុខរបស់ខ្លួនលើអំណាច"។[៣៨]

បក្សបានបង្កើតអង្គការតូចៗនៅគ្រប់ស្ថាប័នរដ្ឋ។[៣៩] គោលបំណងនេះគឺដើម្បីធានា "ការគ្រប់គ្រងទាំងស្រុងនិងដោយផ្ទាល់របស់បក្សជុំវិញស្ថាប័នទាំងអស់ចាប់ពីការរៀបចំផែនការនិងគោលនយោបាយ ដល់ការរៀបចំប្រតិបត្តិនិងគ្រប់គ្រង"។[៣៩] បើយោងតាមអតីតអង្គលេខាធិការបក្សលោកខាំតៃ ស៊ីផាន់ដុនបានប្រាប់ថា ផលផ្លែនៃកម្លាំងពលកម្មនេះគឺ"ថ្នាក់ដឹកនាំគណបក្សអាចបញ្ជារាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ"។[៤០] នេះមានន័យថាស្ថាប័នរដ្ឋដូចជារដ្ឋាភិបាលឡាវបានអនុវត្តតាមការណែនាំរបស់បក្សទាំងស្រុង។[៤០] ក្រសួង​នីមួយៗ​របស់​រដ្ឋាភិបាល​បានតែង​តាំង​អនុរដ្ឋមន្ត្រី​រៀងៗខ្លួនដែលមានភារកិច្ចទទួល​បន្ទុក​ខាងការរៀបរៀងនិងចេញ​សេចក្តី​ណែនាំ​របស់​បក្ស។[៤០]

កងកម្លាំងប្រដាប់អាវុធប្រជាជនឡាវដែលជាដៃយោធាត្រូវបានបក្សប្រគល់ភារកិច្ចដោយផ្អែកលើរដ្ឋធម្មនុញ្ញថាការពារផលប្រយោជន៍នៃបដិវត្តន៍ និងសមិទ្ធិផលនៃការដឹកនាំរបស់បក្សបដិវត្តន៍។[៤១] រដ្ឋធម្មនុញ្ញឡាវមិនបានចែងអ្វីច្រើនអំពីទំនាក់ទំនងស៊ីវិល និងយោធា និងការគ្រប់គ្រងនយោបាយលើវានោះទេ។[៤១] លក្ខន្តិកៈផ្ទាល់របស់បក្សបានបញ្ជាក់យ៉ាងច្បាស់ថា ការដឹកនាំនយោបាយរបស់ខ្លួនលើវិស័យយោធា (និងកងកម្លាំងសន្តិសុខផ្សេងទៀត) គឺចេញមកពីគណៈកម្មាធិការការពារជាតិនិងសន្តិសុខសាធារណៈ (គ.ក.ជ.ស.ស.) ក្រោមគណៈកម្មាធិការមជ្ឈឹមបក្សបដិវត្តន៍ ហើយបានបន្ថែមទៀតថា គ.ក.ជ.ស.ស. គឺរក្សាការគ្រប់គ្រងដោយផ្ទាល់ ឯកភាព និងពេញលេញលើកងកម្លាំងប្រដាប់អាវុធជាតិ។[៤១]

ដំណើរបោះឆ្នោត

ព័ត៌មានបន្ថែម ឆ្នាំបោះឆ្នោត, អាណត្តិ ...

បុព្វនិមិត្តនិយម

បក្សបដិវត្តន៍ប្រជាជនឡាវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីលទ្ធិកុម្មុយនីស្តនៅប្រទេសវៀតណាម និងសហភាពសូវៀត។[៤២] គណបក្សនេះបានមើលឃើញខ្លួនឯងថាជា "តំណាងដ៏ស្មោះស្ម័គ្រតែមួយគត់នៃផលប្រយោជន៍របស់វណ្ណៈកម្មករ ពោលគឺកម្មករនៃប្រជាជាតិឡាវទាំងអស់ និងប្រជាជនឡាវទាំងមូលផងដែរ"។[៤២] ដូចបក្សកុម្មុយនីស្តវៀតណាមដែរ បក្សបដិវត្តន៍ឡាវបណ្តុះគំនិតថាសង្គមនិយមអាចជោគជ័យទៅមុខបាន លុះត្រាតែមានបក្សបដិវត្តន៍ប្រកបដោយវិន័យ និងភាពច្បាស់លាស់។[៤៣] ដូច្នេះ បក្សនេះគឺចាត់ទុកខ្លួនឯងថាជាកម្លាំងដឹកនាំនៃបដិវត្តន៍សង្គមនិយម និងការកសាងសង្គមនិយម ដែលទំនួលខុសត្រូវរបស់ខ្លួនគឺការផ្សព្វផ្សាយតម្លៃនៃលទ្ធិម៉ាក្ស។[៤២] ទាំងនោះ​ហើយ​បានជាបក្សមួយនេះបាន​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​គណបក្សបុព្វនិមិត្ត[៤២] ទាក់ទិននឹងនេះ លោកកៃសន ព្រហ្មវិហារបានប្រាប់កាសែតញូវយ៉កថាមស៍ថា "ប្រជាជនឡាវមានជំនឿ និងឯកភាពលើការដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនព្រោះបក្សជារបស់ប្រជាជន មានប្រភពមកពីប្រជាជន និងជួយបម្រើប្រជាជន។ គណបក្សឡាវរបស់យើងមិន​ទាន់​យល់ឃើញ​ពី​តម្រូវការ​បង្កើត​គណបក្ស​នយោបាយ​ផ្សេង​ទៀត​នោះទេ"។[៤៤]

Remove ads

អង្គការ

អង្គការកណ្តាល

សមាជជាតិគឺជាស្ថាប័នខ្ពស់បំផុតរបស់បក្ស ហើយកិច្ចប្រជុំត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង។[៤៥][៣៩] យោង​ទៅតាម​លក្ខន្តិកៈ​របស់បក្ស គណៈកម្មាធិការ​មជ្ឈឹមបក្សគឺជាអ្នក​រៀបចំ​សមាជ​ជាតិឡើង។ លក្ខន្តិកៈ​បក្ស​បានផ្តល់​ឱ្យ​សមាជនេះ​នូវទំនួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម៖

  1. រង់ចាំស្តាប់របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស
  2. ពិនិត្យ​របាយការណ៍​នយោបាយ​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​
  3. អនុម័តផែនការប្រាំឆ្នាំនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
  4. បោះឆ្នោតជ្រើសរើសគណៈកម្មាធិការបជ្ឈឹមបក្ស
  5. ពិភាក្សា និងអនុម័តគោលនយោបាយរបស់បក្ស
  6. ពិនិត្យលក្ខន្តិកៈរបស់បក្ស។

នៅក្នុងកិច្ចប្រជុំសមាជជាតិរបស់បក្ស គណៈកម្មាធិការមជ្ឈឹមបក្សគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។[៤៦] គណៈកម្មាធិការមជ្ឈឹមបក្សនឹងជ្រើសតាងសមាជិកនៃស្ថាប័នមួយចំនួនដើម្បីអនុវត្តការងាររបស់ខ្លួន។[៣៩] សម័យប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្សដែលទើបតែជាប់ឆ្នោតថ្មីៗ ពួកគេនឹងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្ស[៣៩] គណៈកម្មការការពារនិងសន្តិសុខសាធារណៈ[៤១] លេខាធិការដ្ឋាន[៤៦] ការិយាល័យនយោបាយ[៣៩] និងគណៈកម្មការអធិការកិច្ច។ ការិយាល័យនយោបាយនឹងអនុវត្តមុខងារ និងអំណាចរបស់គណៈកម្មាធិការមជ្ឈិមបក្សនៅពេលដែលសម័យប្រជុំចុងក្រោយមិនមាននៅក្នុងសម័យប្រជុំ។[៤៦]

អង្គការថ្នាក់ទាប

សម្ព័ន្ធយុវជនបដិវត្តន៍ប្រជាជនឡាវគឺជាសម្ព័ន្ធយុវជនរបស់បក្សបដិវត្តន៍ប្រជាជនឡាវ។[៣៦] វាត្រូវបានបក្សបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៣ ហើយរចនាសម្ព័ន្ធផ្ទៃក្នុងរបស់វាត្រូវបានយកគំរូតាមអង្គការលើរបស់បក្សពោលគឺវាមានអគ្គលេខាធិការ ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការកណ្តាលផ្ទាល់ខ្លួនដូចនឹងបក្សបដិវត្តន៍ដែរ។[៣៦] សម្ព័ន្ធនេះមានសិទ្ធិរៀបចំសមាជជាតិផ្ទាល់ខ្លួននៅរៀងរាល់ប្រាំឆ្នាំម្តងដែលនេះជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុតរបស់ខ្លួន។[៣៦] លើសពីនេះទៅទៀត វាក៏មានសាខាសារព័ត៌មានផ្ទាល់ខ្លួនផងដែរដែលមានឈ្មោះថា"នុមឡាវ"។[៣៦]

មើលផងដែរ

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads