ឥណ្ឌា
From Wikipedia, the free encyclopedia
ប្រទេសឥណ្ឌា ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋឥណ្ឌា[២៦] ឬឈ្មោះជាភាសាហិណ្ឌី ភារតៈ (ភាសាហិណ្ឌី: भारत, Bhārat) គឺជាប្រទេសនៅទ្វីបអាស៊ីខាងត្បូង ជាប្រទេសធំជាងគេទី ១៧ តាមតំបន់ ប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីរ និងប្រជាធិបតេយ្យដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ជាប់នឹងមហាសមុទ្រឥណ្ឌានៅភាគខាងត្បូង សមុទ្រអារ៉ាប់នៅភាគនិរតី និងឈូងសមុទ្របេងហ្គាល់នៅភាគអាគ្នេយ៍ មានព្រំប្រទល់ដីជាមួយប្រទេសប៉ាគីស្ថាននៅភាគខាងលិច[lower-alpha ៦] ប្រទេសចិន, នេប៉ាល់, និងប្រទេសភូតាននៅភាគខាងជើង និងប្រទេសបង់ក្លាដែសនិងមីយ៉ាន់ម៉ានៅភាគខាងកើត នៅមហាសមុទ្រឥណ្ឌា ប្រទេសឥណ្ឌាស្ថិតនៅក្នុងតំបន់ជុំវិញប្រទេសស្រីលង្កា និងម៉ាល់ឌីវ ប្រជុំកោះអាន់ដាម៉ាន់និងនីកូបាមានព្រំប្រទល់ដែនសមុទ្រជាមួយប្រទេសថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី
भारत गणराज्य (ភាសាហិណ្ឌី) Bhārat Gaṇarājya ភារតៈគណរាជយៈ | |
---|---|
បាវចនា Satyameva Jayate ជ័យជំនះតែម្នាក់ឯង | |
![]() ទឹកដីដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាបង្ហាញជាពណ៌បៃតងងងឹត; ទឹកដីបានទាមទារ ប៉ុន្តែមិនត្រូវបានគ្រប់គ្រង បង្ហាញជាពណ៌បៃតងស្រាល | |
ធានី | ញូវដេលី 28°36′50″N 77°12′30″E |
ទីក្រុងធំបំផុត |
|
ភាសាផ្លូវការ | |
ភាសាជាតិ | គ្មាន[៩][១០][១១] |
ភាសាប្រចាំតំបន់ | |
ភាសាដើម | ៤៤៧ ភាសា[lower-alpha ៣] |
សាសនា (ឆ្នាំ ២០១១) |
|
រដ្ឋាភិបាល | សាធារណរដ្ឋរដ្ឋធម្មនុញ្ញរដ្ឋសភាជាសហព័ន្ធរដ្ឋ |
- ប្រធានាធិបតី | ឌ្រូប៉ាឌី មឺរមូ |
- អនុប្រធាន | វេនកៃអា ណៃឌូ |
- នាយករដ្ឋមន្ត្រី | ណារ៉េនដ្រា ម៉ូឌី |
- ចៅក្រម | នូថាឡាប៉ាទី វេនកាតា រ៉ាម៉ាណា |
- ប្រធានសភាលោកសភា | អូម ប៊ីរឡា |
នីតិបញ្ញត្តិ | រដ្ឋសភា |
រាជយៈសភា | |
- សភាជាន់ទាប | លោកសភា |
ឯករាជ្យ | |
២៦ មករា ១៩៥០ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | គ.ម២ [lower-alpha ៤] (ទី៧) |
- ផ្ទៃទឹក (%) | ៩.៦ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ 2018) | 1,352,642,280[១៧][១៨] (ទី២) |
- ជំរឿន (ឆ្នាំ ២០១១) | ១,២១០,៨៥៤,៩៧៧[១៩][២០] (ទី២) |
- ដង់ស៊ីតេ | ទំព័រគំរូ:Pop density នាក់/គ.ម២ (ទី១៩) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១១.៧៤៥ ពាន់ពាន់លានដុល្លារ[២១] (ទី៣) |
- ក្នុងម្នាក់ | ៨,៣៥៨ ដុល្លារ[២១] (ទី១២៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៣.៥៣៥ ពាន់ពាន់លានដុល្លារ[២១] (ទី៥) |
- ក្នុងម្នាក់ | ២,៥១៥ ដុល្លារ[២១] (ទី១៤២) |
ជីនី (២០១១) | ៣៥.៧[២២][២៣] មធ្យម · ទី៩៨ |
HDI (២០១៩) | ០.៦៤៥[២៤] មធ្យម · 131st |
រូបិយវត្ថុ | រូពីឥណ្ឌា (₹) (INR) |
ល្វែងម៉ោង | UTC+០៥:៣០ (ម.ស.ឥ.) |
ម.ស.ព.ថ. មិនត្រូវបានអង្កេត | |
ទម្រង់កាលបរិច្ឆេទ |
|
ទិសបើកបរ | ឆ្វេង[២៥] |
កូដហៅទូរស័ព្ទ | +៩១ |
កូដ ISO 3166 | IN |
ដែនកម្រិតខ្ពស់ | .in (others) |
ភូមិសាស្ត្រ
ទីតាំងភូមិសាស្ត្រ

ប្រទេសឥណ្ឌា មានផ្ទៃដី ៣,២៨៧,៥៩០ គីឡូម៉ែត្រក្រឡា ធំជាងគេទី៧លើពិភពលោក ស្ថិតនៅភូមិភាគអាស៊ីខាងត្បូង ខាងលិចជាប់នឹង សមុទ្រអារ៉ាប់ ខាងកើតជាប់នឹង ឈូងសមុទ្របេងហ្គាល់ និងខាងត្បូងជាប់ មហាសមុទ្រឥណ្ឌា ចន្លោះប្រទេស មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។
ព្រំប្រទល់
ឥណ្ឌា មានព្រំដែនគោកសរុបប្រវែង ១៤.១០៣ គីឡូម៉ែត្រ ជាប់នឹងប្រទេស បង់ក្លាដេស ៤.០៥៣ គីឡូម៉ែត្រ ប្រទេសប៊ូតាន ៦០៥ គីឡូម៉ែត្រ ប្រទេសភូមា ១.៤៦៣ គីឡូម៉ែត្រ ប្រទេសចិន ៣.៣៨០ គីឡូម៉ែត្រ ប្រទេសនេប៉ាល់ ១.៦៩០ គីឡូម៉ែត្រ និងប្រទេសប៉ាគីស្ថាន ២.៩១២ គីឡូម៉ែត្រ។ លើសពីនេះឥណ្ឌា នៅមានឆ្នេរសមុទ្រជាង ៧.៥១៧ គីឡូម៉ែត្រទៀត។
សណ្ឋានដី
តំបន់ខ្ពង់រាបស្ថិតនៅភាគខាងត្បូង (ខ្ពង់រាបដេកង់) តំបន់ទំនាបស្ថិតនៅតាមទន្លេគង្គា តំបន់វាលខ្សាច់រហោឋាននៅភាគខាងលិច និងខាងជើងគឺជួរភ្នំហិមាល័យ។
ធនធានធម្មជាតិ
ប្រទេសឥណ្ឌា សំបូរនូវធនធានធម្មជាតិ យ៉ាងច្រើនដូចជា៖ ធ្យូងថ្ម រ៉ែដែក ម៉ង់ហ្កាណែស មីកា រ៉ែបុកស៊ីត ទីតាន ក្រូម ឧស្ម័នធម្មជាតិ ប្រេងកាត ពេជ្រ ថ្មកំបោរ និងដីដាំដំណាំដែលមានជីរជាតិ។ដោយផ្ដោតនិងអនុវត្តន៍ទៅលេីបដិវត្តន៍បៃតង៕
គ្រោះធម្មជាតិ
ភាពរាំងស្ងួត ទឹកជំនន់ ភ្លៀងមូសុង ខ្យល់ព្យុះ គ្រោះរញ្ជួយដី . . . ។
ប្រវត្តិសាស្ត្រ

ពួកអារ្យ ឬអារ្យន ដែលមកពីប៉ែកពាយព្យ បានលុកលុយចូលប្រទេសឥណ្ឌានៅប្រហែលឆ្នាំ ១៥០០ មុនគ្រិស្តសករាជ។ ការបូកបញ្ចូលគ្នារវាងពួកអារ្យ និងពួកដ្រាវីត ដែលរស់នៅមុនបង្កើតបានជាវប្បធម៌ឥណ្ឌាបុរាណ។ ចក្រភពមោរ្យា (Maurya Empire) នៃសតវត្សទី៤ និងទី៣មុនគ្រិស្តសករាជបានស្គាល់ភាពរុងរឿងដល់កំពូលក្នុងរជ្ជកាល ព្រះបាទ អសោក (ASHOKA) ដោយគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃភូមិភាគ អាស៊ីខាងត្បូង។ ក្រោយការសោយទីវង្កតរបស់ព្រះបាទ អសោក ឥណ្ឌាបានធ្លាក់ចុះខ្សោយ ដោយចក្រភពឥណ្ឌាត្រូវបែកទៅជារដ្ឋតូចៗជាច្រើន។
ឥណ្ឌាបានស្គាល់ភាពរុងរឿងសារជាថ្មីម្តងទៀត ហើយចាប់បើកនូវយុគមាសរបស់ខ្លួន ដោយរាជវង្សកុប្ត (Gupta): នៅរវាងសតវត្សទី៤ និងទី៦ នៃគ្រិស្តសករាជ ដែលនៅសម័យនោះត្រូវបានគេមើលឃើញនូវការរីកចំរើនទាំង វិទ្យាសាស្ត្រ សិល្បៈ និងវប្បធម៌។

នៅសតវត្សទី១៩ ចក្រភពអង់គ្លេសបានកាន់កាប់ទឹកដីឥណ្ឌាទាំងមូល។ កងទ័ពឥណ្ឌា ដែលស្ថិតនៅក្នុងជួរកងទ័ពជើងគោកចក្រភពអង់គ្លេស បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គ្រាមលោកទាំងពីរលើក ជួយអង់គ្លេសប្រឆាំងនឹងសត្រូវ។ ការតស៊ូដោយអហិង្សាប្រឆាំងអាណានិគមអង់គ្លេស ដឹកនាំដោយ មហាត្មៈ គន្ធី (Mahatma Gandhi) និង ចាវាហាឡាល នេរុ (Jawaharlal Nehru) បានទទួលឯករាជ្យនៅឆ្នាំ ១៩៤៧។ ក្រោយការទទួលបានជ័យជំនះ ឧបទ្វីបឥណ្ឌាត្រូវបានបែងចែកជារដ្ឋពីរផ្សេងគ្នា ដោយបុព្វហេតុទំនាស់សាសនាគឺៈ ឥណ្ឌា និងរដ្ឋឥស្លាមប៉ាគីស្ថាន ហើយមហាត្មៈ គន្ធី ត្រូវបានធ្វើឃាតដោយពួកហិណ្ឌូនិយមជ្រុល នៅថ្ងៃទី ៣០ មករា ឆ្នាំ ១៩៤៨ ក្រោយពេលដែលឥណ្ឌាទើបតែបានទទួលឯករាជ្យពីអង់គ្លេស។ ការចាកចេញទៅរបស់ពួកអង់គ្លេសបានបន្សល់ទុកឲ្យ ប្រទេសឥណ្ឌា និងប៉ាគីស្ថាននូវបញ្ហាទំនាស់ដណ្ដើមដែនដីកាស្មៀរ។ សង្គ្រាមលើកទី៣ រវាងប្រទេសទាំងពីរនៅឆ្នាំ ១៩៧១ បានបណ្តាលឲ្យប្រទេសប៉ាគីស្ថានខាងកើតក្លាយជារដ្ឋបង់ក្លាដេសឯករាជ្យ ពីប្រទេសប៉ាគីស្ថានខាងលិច (ប្រទេសប៉ាគីស្ថានសព្វថ្ងៃ)។
ប្រព័ន្ធនយោបាយ
រដ្ឋធម្មនុញ្ញឥណ្ឌា គឺជារដ្ឋធម្មនុញ្ញ ដែលចំណាស់ជាងគេ និងទូលំទូលាយបំផុតក្នុងចំណោមប្រជាជាតិឯករាជ្យនៅលើពិភពលោក ដោយបានប្រកាសដាក់ឲ្យប្រើចាប់តាំងពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ ១៩៥០ មកម៉្លេះ។ បុព្វកថា នៃរដ្ឋធម្មនុញ្ញ នេះបានចែងថា ឥណ្ឌា គឺជា សាធារណរដ្ឋ ដែលមាន អធិបតេយ្យភាព សង្គមនិយម មិនអាស្រ័យជំនឿសាសនា និងប្រជាធិបតេយ្យ។ ឥណ្ឌាមានរដ្ឋាភិបាលសហព័ន្ធមួយ និងសភាពីរ ដែលយកតាមរបៀបលោកខាងលិច ដែលចែកអំណាចបីផ្សេងគ្នាគឺ៖ អង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងតុលាការ ។
ប្រធានាធិបតី ជាប្រមុខរដ្ឋ ដែលត្រូវបានបោះឆ្នោតតាមវិធីមិនទូទៅ (សកល) ដែលរួមមាន សមាជិកនៃសភាទាំងពីរ សម្រាប់អាណត្តិ រយៈពេលប្រាំឆ្នាំ ដោយពុំមានការកម្រិតអាណត្តិទេ។ ប្រធានាធិបតីឥណ្ឌាគឺជានិមិត្តរូប ពុំមានអំណាចទូលំទូលាយទេ ប៉ុន្តែមានសិទ្ធិប្រកាសប្រទេសដាក់ក្នុងភាពអាសន្នប្រសិនបើមានការចាំបាច់។ នាយករដ្ឋមន្ត្រី ជាប្រមុខរដ្ឋាភិបាល មានអំណាចយ៉ាងទូលំទូលាយ ក្នុងអង្គនីតិប្រតិបត្តិ ។ នាយករដ្ឋមន្ត្រី ត្រូវតែងតាំងដោយប្រធានាធិបតី និងដោយមានការគាំទ្រពីសភា ពីគណបក្ស ដែលមានសំឡេងភាគច្រើនក្នុងសភាជាន់ទាប។
អង្គនីតិបញ្ញត្តិ
អង្គនីតិបញ្ញត្តិ នៃប្រទេសឥណ្ឌា មានសភាពីរផ្សងគ្នាគឺ៖ សភាជាន់ខ្ពស់ហៅថា Rajya Sabha (ក្រុមប្រឹក្សារដ្ឋ) និងសភាជាន់ទាបហៅថា Lok Sabha (សភាប្រជាជន)។ សភាជាន់ខ្ពស់ត្រូវមានសមាជិកមិនលើសពី ២៥០ រូបឡើយ (សមាជិកអចិន្ត្រៃយ៍មាន ២៤៥ រូប) ក្នុងនោះមាន ១២ រូបត្រូវបានតែងតាំងដោយប្រធានាធិបតី ក្រៅពីនេះត្រូវបានបោះឆ្នោតជ្រើសតាំងដោយសភារដ្ឋ និងសភាអាណាខេត្ត ទៅតាមសមាមាត្រ នៃចំនួនប្រជាជនសម្រាប់អាណត្តិ ០៦ ឆ្នាំ។ នៅសភាថ្នាក់ទាប មានសមាជិកសរុប ៥៤៥ រូប ក្នុងនោះ ៥៤៣ រូបត្រូវបោះឆ្នោតដោយផ្ទាល់ពីប្រជាជន និង ២ រូបទៀតត្រូវបានតែងតាំងដោយប្រធានាធិបតី សម្រាប់អាណត្តិ ០៥ ឆ្នាំ។
អង្គនីតិប្រតិបត្តិ
អង្គនីតិប្រតិបត្តិ រួមមាន ប្រធានាធិបតី អនុប្រធានាធិបតី និងគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រីគ្រប់រូបនៃគណៈរដ្ឋមន្ត្រីត្រូវតែជាសមាជិក នៃសភាណាមួយក្នុងចំណោមសភាទាំងពីរ។ ក្នុងប្រព័ន្ធសភាឥណ្ឌា អង្គនីតិប្រតិបត្តិ អាស្រ័យទៅនឹង អង្គនីតិបញ្ញត្តិ ។ ដូច្នេះនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី របស់គាត់ ត្រូវទទួលខុសត្រូវចំពោះសភាជាន់ទាប។
តុលាការ
ឥណ្ឌាមានតុលាការ បីថ្នាក់រួមគ្នាគឺមាន តុលាការកំពូល ដឹកនាំដោយប្រធានចៅក្រមម្នាក់ និងចៅក្រម ២៥ រូបផ្សេងទៀត ដែលតែងតាំងដោយប្រធានាធិបតី ដែលត្រូវបំពេញតួនាទីរហូតដល់អាយុ ៦៥ ឆ្នាំ ឬក៏អាចដកហូតតួនាទី ប្រសិនបើរកឃើញភស្តុតាងថាបានប្រព្រឹត្តនូវអំពើមិនសមរម្យ ឬខុសពីក្រមសីលធម៌ និងតុលាការថ្នាក់ខ្ពស់ចំនួន ២១ ព្រមទាំងតុលាការថ្នាក់ទាបជាច្រើនទៀត។ តុលាការកំពូល មានសមត្ថកិច្ច លើករណី ដែលពាក់ព័ន្ធនឹងសិទ្ធិមូលដ្ឋាន និងលើជម្លោះរវាងរដ្ឋ និង អំណាចកណ្ដាល ព្រមទាំងបណ្ដឹងឧទ្ធរណ៍ពីតុលាការថ្នាក់ខ្ពស់។ តុលាការត្រូវតែឯករាជ្យ ហើយមានអំណាចប្រកាសដាក់ឲ្យប្រើច្បាប់ និងអាចច្រានចោលផងដែរនូវច្បាប់របស់សហព័ន្ធ ឬច្បាប់រដ្ឋទាំងឡាយណា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ តួនាទីជាអ្នកត្រួតពិនិត្យច្បាប់ចុងក្រោយ នៃរដ្ឋធម្មនុញ្ញ គឺជាមុខងារមួយយ៉ាងសំខាន់ របស់តុលាការកំពូល ។
វិស័យនយោបាយ

ក្នុងក្របខ័ណ្ឌសហព័ន្ធ ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យ ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ តាមប្រវត្តិនៃប្រជាធិបតេយ្យរបស់ឥណ្ឌា ភាគច្រើននៃរដ្ឋាភិបាលសហព័ន្ធត្រូវបានដឹកនាំដោយគណបក្សសមាជជាតិឥណ្ឌា ហៅគណបក្សសមាជ (Indian National Congress)។ ចំពោះនយោបាយថ្នាក់រដ្ឋ ត្រូវបានដឹកនាំដោយគណបក្សថ្នាក់ជាតិជាច្រើនរួមមាន គណបក្សសមាជ គណបក្ស Bharatiya Janta (BJP) គណបក្សកុម្មុយនិស្តឥណ្ឌា (ម៉ាក្សនិយម) និងគណបក្សថ្នាក់តំបន់ជាច្រើនទៀត។ ចាប់ពីឆ្នាំ ១៩៥០ ដល់ ឆ្នាំ ១៩៩០ លើកលែងតែរយៈពីរខ្លីៗចេញនោះ គណបក្សសមាជតែងតែមានសំលេងភាគច្រើនក្នុងសភា។ គណបក្សសមាជ បានស្ថិតនៅក្រៅអំណាចពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨០ នៅពេលដែលគណបក្ស BJP បានឈ្នះការបោះឆ្នោតដោយសារការមិនពេញចិត្តជាសាធារណៈចំពោះការប្រកាសភាពអាសន្ន របស់អតីតនាយករដ្ឋមន្ត្រី លោកស្រី អ៊ីនដ្រា គន្ធី (Indira Gandhi) នៅឆ្នាំ ១៩៨៩។ នៅឆ្នាំ ១៩៨៩ គណបក្ស Janta Dal បានដឹកនាំសម្ព័ន្ធភាព Nation front រួមគ្នាបក្សឆ្វេងនិយម (The left front) បានឈ្នះឆ្នោត ប៉ុន្តែបានស្ថិតនៅក្នុងអំណាចតែ ២ ឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ ១៩៩៦ ដល់ ឆ្នាំ ១៩៩៨ គឺជាកំឡុងពេលដ៏វឹកវរក្នុងរដ្ឋាភិបាលសហព័ន្ធ ជាមួយការបង្កើតសម្ព័ន្ធភាពជាច្រើន ដែលមានរយៈពេលខ្លី ដោយការមានទំនោរនយោបាយរេចុះរេឡើងពុំមានជំហរច្បាស់លាស់។ គណបក្ស BJP បានបង្កើតរដ្ឋាភិបាលចម្រុះមួយ នៅឆ្នាំ ១៩៩៦ តែមានរយៈពេលមិនយូរប៉ុន្មានទេ តាមរយៈ United Front Collation ។ នៅឆ្នាំ ១៩៩៨ គណបក្ស BJP បានបង្កើតសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NDA) ហើយបានក្លាយទៅជារដ្ឋាភិបាលដំបូងបង្អស់ពុំមែនបក្សសមាជ ដែលបានកាន់អំណាចពេញមួយអាណត្តិរយៈពេល ៥ ឆ្នាំ។ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០០៤ គណបក្សសមាជ បានឈ្នះសំលេងភាគច្រើនក្នុងសភាជាន់ទាប ហើយបានបង្កើតរដ្ឋាភិបាលចម្រុះ ដោយបង្កើតសម្ព័ន្ធភាពមួយ ដែលមានឈ្មោះថា United Progressive Alliance ដោយមានការគាំទ្រពីបក្សឆ្វេងនិយមជាច្រើន និងសមាជិកខ្លះ ដែលប្រឆាំងនឹងគណបក្ស BJP។
ទំនាក់ទំនងអន្តរជាតិ និងយោធា
ចាប់តាំងពីទទួលឯករាជ្យនៅឆ្នាំ ១៩៤៧ មក ឥណ្ឌា បានថែរក្សាចំណងមិត្តភាពជាមួយប្រជាជាតិជាច្រើន។ នៅទសវត្សរ៍ឆ្នាំ ១៩៥០ ឥណ្ឌាបានចាប់យកតួនាទីជាអ្នកដឹកនាំការគាំទ្រដល់ការទាមទារឯករាជ្យនៃបណ្ដាអាណានិគមអឺរ៉ុបនៅទ្វីបអាស៊ី និងអាហ្វ្រិក។ ឥណ្ឌាគឺជាសមាជិកនៃប្រទេសមិនចូលបក្សសម្ព័ន្ធ ។ ក្រោយពីសង្គ្រាមរវាង ចិន-ឥណ្ឌា និង ឥណ្ឌា-ប៉ាគីស្ថាន នៅឆ្នាំ ១៩៦៥ មកទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង ឥណ្ឌា និងសហភាព សូវៀត បានធ្វើឲ្យឥណ្ឌា បាត់បង់នូវទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក ហើយបានបន្តសភាពបែបនេះរហូតដល់ការបញ្ចប់នូវសង្គ្រាម ត្រជាក់។ ឥណ្ឌា បានធ្វើសង្គ្រាម ៤ ដងជាមួយប៉ាគីស្ថានបញ្ហាចម្បងគឺជម្លោះដណ្ដើមដែនដីកាស្មៀរ ។ ឥណ្ឌា បានឈ្នះសង្គ្រាមជាមួយប៉ាគីស្ថាន នៅឆ្នាំ ១៩៧១ ដោយឥណ្ឌាបានជួយគាំទ្រដល់ចលនារំដោះជាតិបង់ក្លាដេស (អតីតប្រទេសប៉ាគីស្ថានខាងកើត)។
ប៉ុន្មានឆ្នាំថ្មីៗនេះ ឥណ្ឌាបានដើរតួនាទីដ៏មានឥទ្ធិពលក្នុងសមាគមអាស៊ាន SAARC និង WTO ។ ឥណ្ឌាគឺជាសមាជិក និងជាអ្នកទ្រទ្រង់ដ៏យូរលង់ នៃអង្គការសហប្រជាជាតិ នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពចំនួន ៣៥ ទូទាំងទ្វីបទាំង ៤ ដោយមានកងទ័ពជាង ៥៥.០០០ នាក់ និងកម្លាំងនគរបាលផ្ទាល់ខ្លួនផងដែរ។ ទោះបីជាមានការរិះគន់ និងមានការផ្ដល់សច្ចាប័នយោធាក៏ដោយ ឥណ្ឌា នៅតែរក្សាជំហរបដិសេធមិនព្រមចុះហត្ថលេខាលើ CTBT និង NTP ជំនួសការថែរក្សាអធិបតេយ្យភាពលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ថ្មីៗនេះគំនិត ដែលផ្ដួចផ្ដើមដោយមេដឹកនាំឥណ្ឌា បានបង្កើតឲ្យមានឡើងវិញនូវទំនាក់ទំនងរវាង សហរដ្ឋអាមេរិក ចិន និងប៉ាគីស្ថាន។ នៅក្នុងវិស័យសេដ្ឋកិច្ចវិញ ឥណ្ឌា បានបង្កើតឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នានា នៅអាមេរិកខាងត្បូង អាស៊ី និងអាហ្វ្រិក។
ឥណ្ឌា ជាប្រទេស ដែលមានកងទ័ពច្រើនជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក ដែលរួមមានទាំង កងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កងទ័ពជំនួយមានដូចជាទាហានប៉ារ៉ា (Paramilitary Forces) ឆ្មាំសមុទ្រ (Coast Guard) និងកងកំម៉ង់ដូយុទ្ធសាស្ត្រ (Strategic Forces Command) សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពទាំងអស់។ ប្រធានាធិបតី គឺជាមេបញ្ជាការកំពូល នៃកងទ័ពឥណ្ឌា។ ឥណ្ឌាបានក្លាយទៅជា មហាអំណាចនុយក្លេអ៊ែរ នៅឆ្នាំ ១៩៧៤ បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងមក ដោយពុំមានការប្រកាសជាសាធារណៈទេ។ ២៤ ឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៩៨ បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរម្ដងទៀត ដោយបានប្រកាសជាសាធារណៈ នូវសក្ដានុភាពរបស់ខ្លួនជា មហាអំណាចនុយក្លេអ៊ែរ ។ ជាការឆ្លើយតបចំពោះព្រឹត្តិការណ៍នេះ ប្រទេសប៉ាគីស្ថាន ដែលជាសត្រូវដ៏យូរអង្វែង របស់ឥណ្ឌា ក៏បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ របស់ខ្លួន នៅឆ្នាំជាមួយគ្នានោះដែរ។ នាពេលថ្មីៗនេះឥណ្ឌា បានធ្វើសហប្រតិការជាមួយសហរដ្ឋអាមេរិក លើការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល ទោះជាឥណ្ឌាពុំបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរក៏ដោយ។
បំណែងចែកប្រព័ន្ធរដ្ឋបាល ឥណ្ឌា គឺជាសាធារណរដ្ឋសហព័ន្ធនៃ ២៨ រដ្ឋ (States) និង ០៧ ទឹកដីសហភាព (Union Territories) ហើយមានរដ្ឋធានី នៅទីក្រុងញូដេលី (New Delhi) ។ គ្រប់រដ្ឋទាំងអស់ និង អាណាខេត្តចំនួនពីរគឺ៖ Producherry និង រដ្ឋធានីជាតិដេលី (National Capital Territory of Delhi) បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលប្រចាំរដ្ឋ និង អាណាខេត្តផ្ទាល់ខ្លួន។ អាណាខេត្តចំនួន ០៥ ផ្សេងទៀតត្រូវបានតែងតាំងក្បាលម៉ាស៊ីនរដ្ឋបាល និង គ្រប់គ្រងដោយផ្ទាល់ពីប្រធានាធិបតី។ នៅឆ្នាំ១៩៥៦ តាមរយៈច្បាប់ស្ដីអំពីការរៀបចំរដ្ឋឡើងវិញ (States Reorganisation Act) រដ្ឋត្រូវបានបង្កើតឡើងដោយផ្អែកទៅតាមមូលដ្ឋាននៃភាសា។ រចនាសម្ព័ន្ធថ្មីនេះមិនមានបំលាស់ប្ដូរអ្វីជាធំដុំទេ។ រដ្ឋ ឬ អាណាខេត្តនីមួយៗ ត្រូវបានចែកទៅជា ៦១០ ស្រុក (Districts) សម្រាប់ការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។ ស្រុកត្រូវបានចែកទៅជា tehsils និងបន្តចែកទៅជាភូមិ (villages) ។
ការបែងចែករដ្ឋបាល

រដ្ឋ
# អាន្ធរប្រទេស (អានដ្រាប៉្រាដេស)
- អរុណាចលប្រទេស (អារូណាចាល់ប្រ៉ាដេស)
- អាសសាម
- ពិហារ (ប៊ីហារ)
- ឆត្តីសគរហ៍ (ឆាត់ទីស្ការហ៍)
- គួរ (ហ្គោអា)
- គុជរាត (ហ្គូចារ៉ាត)
- ហរយាណា (ហារយ៉ាណា)
- ហិមាចលប្រទេស (ហ៊ីម៉ាចាល់ប្រ៉ាដេស)
- ឈារខ័ណ្ឌ (ចារខាន់)
- ករណាដកៈ (ការណាតាកា)
- កេរលៈ (កេរ៉ាឡា)
- មធ្យៈប្រទេស (ម៉ាដយ៉ាប៉្រាដេស)
- មហារាស្ត្រ (ម៉ាហារ៉ាសត្រា)
- មណីបុរៈ (ម៉ានីពូរ)
- មេឃាល័យ (មេហ្គាឡាយ៉ា)
- មីហ្សូរ៉ាម
- នាគាឡងដ៍ (ណាហ្គាឡងដ៍)
- ឱឌិសា ឬ ឱរិសា (អូឌីសា ឬ អូរីសសា)
- បញ្ចាប (ពុនចាប)
- រាជស្ថាន (រ៉ាចាស្ថាន)
- សិក្ខិម (ស៊ីកគីម)
- ទមិឡនាឌូ (តាមីលណាឌូ)
- តេលង្គានា (តេឡង់ហ្គាណា ឬ តេឡានហ្គាណា)
- ត្រីបុរៈ (ទ្រីពូរ៉ា)
- ឧត្តរប្រទេស (អ៊ូតារប៉្រាដេស)
- ឧត្ត្រាខ័ណ្ឌ (អ៊ូតារ៉ាខានដ៍)
- បេងហ្គាល់ខាងលិច
ទឹកដីសហភាព
- កោះអាន់ដាម៉ាន់និងនីកូបា
- ចណ្ឌីគរហ៍ (ចានឌីហ្គារ)
- ដាដ្រានិងនគរហវេលី និងដាម៉ាន់និងឌីអ៊ូ (ដាដ្រានិងណាហ្គារហាវេលី និងដាម៉ាន់និងឌីអ៊ូ)
- ជម្មូនិងកាស្មីរ (ចាមមូនិងកាស្មៀរ)
- ឡាដាក
- លក្សទ្វីប (ឡាកសាឌ្វីប)
- ដែនដីរាជធានីជាតិនៃដេលី
- បុឌុចេរី (ពូឌូឆេរី)
សេដ្ឋកិច្ច
ចាប់តាំងតែពីបានទទួលឯករាជ្យមក ឥណ្ឌាបានប្រកាន់ភ្ជាប់នូវទិសដៅសឹងតែសង្គមនិយម ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរឹងទៅលើ ការចូលរួមពីផ្នែកឯកជន ដូចជាពាណិជ្ជកម្មក្រៅប្រទេស និងការវិនិយោគផ្ទាល់ពីបរទេស។ ទោះជាយ៉ាងណាក្ដី ចាប់ពីឆ្នាំ ១៩៩១ មក ឥណ្ឌាបានបើកចំហទីផ្សារ របស់ខ្លួន ដោយធ្វើកំណែទម្រង់សេដ្ឋកិច្ច និងបន្ធូរបន្ថយការគ្រប់គ្រង របស់រដ្ឋទៅលើ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនបរទេស។ ការផ្តោះប្តូរពាណិជ្ជកម្មក្រៅប្រទេសបានកើនឡើងពី ៥.៨ ពាន់លានដុល្លារ នៅឆ្នាំ ១៩៩១ ដល់ ៣០៨ ពាន់លានដុល្លារ នៅថ្ងៃទី ៤ កក្កដា ឆ្នាំ ២០០៨ នៅខណៈដែលថវិការដ្ឋ និងសហព័ន្ធបានធ្លាក់ចុះ ការធ្វើឯកជនូបនីយកម្មលើសហគ្រាសសាធារណៈត្រូវបានបន្ត។ ជាមួយអត្រាកំណើន ៩.៤% នៅឆ្នាំ ២០០៦-២០០៧ សេដ្ឋកិច្ចឥណ្ឌា ស្ថិតនៅក្នុងបណ្ដាសេដ្ឋកិច្ច ដែលមានកំណើនខ្លាំងបំផុតក្នុងលោក។ ផលិតផលក្នុងស្រុកដុល (GDP) របស់ឥណ្ឌា គិតជាដុល្លារមាន ១.០៨៩ លានលានដុល្លារ ខណៈដែល អំណាចទិញ (PPP) មានដល់ ៤.៧២៦ លានលានដុល្លារជាប់លំដាប់ទី៤ ក្នុងលោក។ ចំណូលរបស់ប្រជាជនម្នាក់ៗ មាន ៩៧៧ ដុល្លារ ស្របពេលដែលអំណាចទិញរបស់ប្រជាជនម្នាក់ៗមាន ២.៧០០ ដុល្លារ។

ឥណ្ឌា មានកម្លាំងពលកម្ម ៥១៦.៣ លាននាក់ជាប់លំដាប់ទី២ក្នុងលោក ដែលក្នុងនោះ ៦០% បម្រើការនៅក្នុងវិស័យកសិកម្ម និងសហគ្រាសពាក់ព័ន្ធ ២៨% បម្រើវិស័យសេវាកម្ម និងសហគ្រាសពាក់ព័ន្ធ និង ១២%ទៀតបម្រើក្នុងវិស័យឧស្សាហកម្ម។ ដំណាំកសិកម្មសំខាន់ៗរួមមាន ស្រូវ ស្រូវសាលី ធញ្ញជាតិប្រេង កប្បាស ក្រចៅ តែ អំពៅ និងដំឡូងបារាំង។ វិស័យកសិកម្មរួមចំណែក ២៨% នៃផលិតផលក្នុងស្រុកដុល វិស័យសេវាកម្ម និងសហគ្រាសពាក់ព័ន្ធមានរហូតដល់ ៥៤% ហើយ ១៨%ទៀត តំណាងឲ្យឧស្សាហកម្មសំខាន់រួមមាន ឧស្សាហកម្មយានយន្ត ស៊ីម៉ងត៍ គីមី អេឡិចត្រូនិក ម្ហូបអាហារ គ្រឿងយន្ត អាជីវកម្មរុករករ៉ែ ប្រេងកាត ឱសថ ដែកថែប សម្ភារៈដឹកជញ្ជូននិងវាយនភណ្ឌ។ អាស្រ័យដោយកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ឥណ្ឌា បានធ្វើឲ្យមានការកើនឡើងនូវតម្រូវការថាមពលដ៏ច្រើនផងដែរ។ ដោយផ្អែកតាមអង្គការគ្រប់គ្រងព័ត៌មានស្ដីពីថាមពល (Energy Information Administration) ឥណ្ឌាជាប្រទេស ដែលប្រើប្រាស់ប្រេងច្រើនជាងគេទី៦ និងទី៣ ខាងធ្យូងថ្ម។
ទោះជាសេដ្ឋកិច្ចឥណ្ឌាមានការកើនក្នុង ២ទសវត្សចុងក្រោយនេះក៏ដោយ ប៉ុន្តែការរីកចម្រើនពុំមានភាពស្មើគ្នាទេ ទៅតាម សង្គម សហគមសេដ្ឋកិច្ច ភូមិសាស្ត្រតំបន់ ជាពិសេសភាពខុសគ្នារវាងទីក្រុង និងជនបទ។ សមភាព នៃចំណូលនៅប្រទេសឥណ្ឌា មានទំនាក់ទំនងគ្នាតិចណាស់ (Gini Coefficient: 36.8 នៅឆ្នាំ ២០០៤) ទោះជាមានការកើនឡើងនៅរយៈកាលចុងក្រោយនេះក៏ដោយ។ បំណែងចែកភោគផល (Wealth Distribution) នៅឥណ្ឌា ពុំមានសមភាពឡើយ ដោយអ្នកមានចំណូលខ្ពស់ ១០% នៃក្រុមចំណូល ទទួលបានផលរហូតដល់ ៣៣% នៃចំណូល។ ថ្វីបើដំណើរការសេដ្ឋកិច្ចសំខាន់ ១/៤ នៃប្រជាជនរកចំណូលបានក្រោមបន្ទាត់ក្រោមបន្ទាត់ភាពក្រីក្រ ០.៤ ដុល្លារ ក្នុងមួយថ្ងៃ។ នៅឆ្នាំ ២០០៤-២០០៥ ប្រជាជន ២៧.៥% បានរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
ថ្មីៗនេះ ឥណ្ឌាបានផ្ដល់មូលនិធិយ៉ាងច្រើន ដល់វិស័យអប់រំ ឲ្យប្រជាជនអាចនិយាយភាសាអង់គ្លេសបាន និងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យក្លាយជា Outsourcing Destination ដ៏សំខាន់ សម្រាប់សហប្រតិបត្តិការពហុភាគី និង Popular Destination សម្រាប់ Medical Tourism ។ ឥណ្ឌាបានក្លាយទៅជា អ្នកនាំចេញដ៏សំខាន់នូវ ផលិតផលផ្នែកទន់ (Software) ក៏ដូចជា ហិរញ្ញវត្ថុ ការស្រាវជ្រាវ និងសេវាកម្មផ្នែកបច្ចេកវិជ្ជា។
នៅឆ្នាំ ២០០៧ តាមការប៉ាន់ស្មានការនាំចេញមានប្រហែល ១៤០ ពាន់លានដុល្លារ និងនាំចូលមានប្រហែល ២២៤.៩ ពាន់លានដុល្លារ។ វាយនភណ្ឌ គ្រឿងអលង្ការ សម្ភារៈវិស្វកម្ម និងផលិតផលផ្នែកទន់ គឺជាផលិតផលនាំចេញដ៏សំខាន់។ ក្រៅពីនេះ ប្រេងឆៅ យានយន្ត ជីរកសិកម្ម ផលិតផលគីមី ក៏ជាផ្នែកនាំចេញដ៏សំខាន់ផងដែរ។ ដៃគូពាណិជ្ជកម្ម សំខាន់បំផុតរបស់ឥណ្ឌាមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសចិន រុស្ស៊ី និងជប៉ុន។
លក្ខណៈប្រជាសាស្ត្រ
ឥណ្ឌា មានប្រជាជនប្រហែល ១.១៤ លាននាក់ ជាប្រទេស ដែលមានប្រជាជនច្រើនជាងគេទី ២ ក្នុងលោក បន្ទាប់ពីប្រទេស ចិន ។ ប្រជាជនប្រហែល ៧០% រស់នៅតាមទីជនបទ ទោះជានៅទសវត្ស ចុងក្រោយប្រជាជន ដែលមានជីវភាពតោកយ៉ាកខ្លាំង បានធ្វើចំណាកស្រុកទៅកាន់ទីក្រុង ក្នុងចំនួនកាន់តែច្រើនឡើងក៏ដោយ ។ ទីក្រុងធំៗ នៃប្រទេសឥណ្ឌាមាន ៖ មុមបៃ (Mumbai) ឬ បុមបៃ (Bombay), ញូដេលី (New Delhi), កុលកាតា (Kolkata) ឬ កាល់កាត់តា (Culcutta), ចេនណៃ (Chennai) ឬ ម៉ាដ្រាស (Madras), បិង្គាលុរុ (Bengaluru) ឬ បែងហ្គាឡ័រ (Bangalore), ហៃដេរ៉ាបាដ (Hyderabad) និង អាំមេដាបាដ (Ahmedabad)។

ឥណ្ឌាមានជាតិសាស្ត្រ និង ភាសាផ្សេងៗគ្នាទៅតាមតំបន់ភូមិសាស្ត្រនីមួយ ។ ឥណ្ឌា គឺជាទីកំណើត នៃអំបូរភាសាពីរធំៗគឺ៖ ឥណ្ឌូ-អារ្យ័ន (មានប្រជាជន ៧៤% ជាអ្នកនិយាយ) និងទ្រាវីទ (មានប្រជាជន ២៤% ជាអ្នកនិយាយ)។ ក្រៅពីនេះភាសាផ្សេងទៀតមានកំណើតចេញពី អំបូរភាសា អូស្ត្រូ-អាស៊ី និងទីបេ-ភូមា។
ភាសាហិណ្ឌី ត្រូវបាននិយាយដោយប្រជាជន ច្រើនជាងគេ (ប្រហែល ៣០% នៃប្រជាជនសរុប) គឺជាភាសាផ្លូវការសម្រាប់សហព័ន្ធ។ ភាសាអង់គ្លេស ត្រូវបានគេនិយមប្រើ ក្នុងការងារធ្វើជំនួញ និងរដ្ឋបាល ជាភាសាផ្លូវការសម្រាប់ជំនួយ។ រដ្ឋធម្មនុញ្ញ ក៏បានទទួលស្គាល់ផងដែរថា ២១ ភាសាផ្សេងទៀតមានការប្រើប្រាស់យ៉ាងច្រើន ឬតំណាងភាពពីសម័យបុរាណ។ ឥណ្ឌាមានភាសារហូតដល់ ១៦៥២ ភាសា គឺច្រើនជាងគេលើពិភពលោក។
ប្រជាជនជាង ៨០០ លាននាក់ ត្រូវជា ៨០.៥% កាន់សាសនាហិណ្ឌូ ឬ លទ្ធិព្រាហ្មណ៍ ។ សាសនាផ្សេងៗទៀតមាន ៖ សាសនាឥស្លាម ១៣.៤%, គ្រិស្តសាសនា ២.៣%, សាសនា ស៊ីក ១.៩%, ព្រះពុទ្ធសាសនា ០.៨% និង សាសនាជាច្រើនទៀត ។ ក្រុមកុលសម្ព័ន្ធផ្សេងៗ មានប្រហែល ៨.១% នៃប្រជាជនសរុប ។
ប្រជាជនឥណ្ឌា ប្រមាណ ៦៤.៨% ចេះអាន និង សរសេរអក្សរ ក្នុងនោះ បុរស ៧៣.៣% ចេះអាន និងសរសេរអក្សរ ចំណែកឯស្ត្រីមានតែ ៥៣.៧% ប៉ុណ្ណោះ ។
កំណត់ចំណាំ
- "[...] បទ Jana Gana Mana គឺជាភ្លេងជាតិរបស់ឥណ្ឌា ស្ថិតក្រោមការកែប្រែពាក្យពេចន៍ដែលរដ្ឋាភិបាលអាចអនុញ្ញាតនៅពេលមានឱកាសកើតឡើង; និងបទ Vande Mataram ដែលបានដើរតួជាផ្នែកប្រវត្តិសាស្ត្រក្នុងការតស៊ូដើម្បីសេរីភាពឥណ្ឌា, នឹងត្រូវបានលើកតម្កើងស្មើនឹងបទ Jana Gana Mana ហើយនឹងមានឋានៈស្មើគ្នា"[៤]
- យោងទៅតាមផ្នែកទី ១៧ នៃរដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា, ភាសាហិណ្ឌីក្នុងអក្សរទេវនាគរីគឺជាភាសាផ្លូវការរបស់សហភាព រួមជាមួយនឹងភាសាអង់គ្លេសជាភាសាផ្លូវការបន្ថែម[៥][៦][៧] រដ្ឋនិងទឹកដីនៃសហភាព អាចមានភាសាផ្លូវការផ្សេងគ្នាជាភាសាផ្សេងទៀតជាភាសាហិណ្ឌីឬភាសាអង់គ្លេស
- "ទំហំពិតប្រាកដរបស់ប្រទេសគឺជាប្រធានបទដែលត្រូវជជែកគ្នាព្រោះព្រំដែនខ្លះមានជម្លោះ ដ្ឋាភិបាលឥណ្ឌាបានរាយបញ្ជីផ្ទៃដីសរុបចំនួន 3,287,260 km2 (1,269,220 sq mi) និងផ្ទៃដីសរុប 3,060,500 km2 (1,181,700 sq mi); អង្គការសហប្រជាជាតិបានរាយបញ្ជីផ្ទៃដីសរុបថា 3,287,263 km2 (1,269,219 sq mi) និងផ្ទៃដីសរុប 2,973,190 km2 (1,147,960 sq mi)."[១៦]
- រដ្ឋាភិបាលឥណ្ឌាក៏បានចាត់ទុកអាហ្វហ្គានីស្ថានជាប្រទេសជាប់ព្រំដែន ដូចដែលចាត់ទុកកាស្មីរទាំងអស់ជាផ្នែកមួយនៃប្រទេសឥណ្ឌា យ៉ាងណាមិញ នេះត្រូវបានជំទាស់ ហើយតំបន់ជាប់ព្រំដែនអាហ្វហ្គានីស្ថាន គ្រប់គ្រងដោយប៉ាគីស្ថាន ប្រភព: "Ministry of Home Affairs (Department of Border Management)" (PDF). Archived from the original (PDF) on 17 March 2015. Retrieved 1 September 2008.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.