អារ៉ាប៊ីសាអ៊ូឌីត

From Wikipedia, the free encyclopedia

អារ៉ាប៊ីសាអ៊ូឌីត
Remove ads

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ភាសាអារ៉ាប់៖ السعودية) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត (អារ៉ាប់៖ المملكة العربية السعودية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានទឹកដីគ្របដណ្តប់លើឧបទ្វីបអារ៉ាប់មួយភាគធំដោយមានក្រឡាផ្ទៃសរុប ២,១៥០,០០០ គីឡូម៉ែត្រការ៉េ។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសធំបំផុតនៅមជ្ឈិមបូព៌ា និងប្រទេសធំបំផុតទីពីរនៅពិភពអារ៉ាប់។ វាមានព្រំប្រទល់ជាប់នឹងប្រទេសហ្សកដានីនិងអ៊ីរ៉ាក់នៅភាគខាងជើង គុយវ៉ែតនៅភាគឥសាន្ត ប្រទេសកាតា បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួមនៅភាគខាងកើត ប្រទេសអូម៉ង់នៅភាគអាគ្នេយ៍ និងប្រទេសយេម៉ែននៅភាគខាងត្បូង។ អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសតែមួយគត់ដែលមានព្រំដែនជាប់នឹងសមុទ្រ​​ក្រហមផងនិងឈូងសមុទ្រពែក្សផង ហើយផ្ទៃដីប្រទេសនេះភាគច្រើនមានលក្ខណៈជា វាលលំហស្ងួត វាលទំនាបលាយលំជាមួយវាលស្មៅ និងតំបន់ភ្នំ។ រីយ៉ាដគឺជារាជធានី និងទីក្រុងធំបំផុត រីឯមេក្កា និងមេឌីណាដើរតួជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាយ៉ាងសំខាន់។

ព័ត៌មានសង្ខេប ٱلْمَمْلَكَة ٱلْعَرَبِيَّة ٱلسَّعُوْدِيَّة (ភាសាអារ៉ាប់), រាជធានី និង ទីក្រុងធំបំផុត ...
Remove ads

ទឹកដីអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្នគឺជាទីតាំងនៃវប្បធម៌និងអរិយធម៌បុរាណចំណាស់ៗជាច្រើន។ បុរេប្រវត្តិនៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញពីដានខ្លះៗនៃសកម្មភាពមនុស្សដំបូងៗបំផុតនៅលើពិភពលោក។[១៣] ឥស្លាមសាសនាដែលជាសាសនាពេញនិយមបំផុតទីពីរនៅលើពិភពលោក[១៤]បានចាប់កំណើតចេញពីប្រទេសមួយនេះ។ នៅដើមសតវត្សទី៧ ព្យាការីឥស្លាមឈ្មោះថាមហាម៉ាដបានបង្រួបបង្រួមប្រជាជនអារ៉ាប់ទាំងប៉ុន្មានហើយបានបង្កើតចេញនូវគោលនយោបាយសាសនាឥស្លាមតែមួយនៅក្នុងតំបន់។[១៥] ក្រោយពីបានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ៦៣២ សាវ័ករបស់គាត់បានបន្តពង្រីកទឹកដីនិងឥទ្ធិពលពួកគេទៅក្រៅតំបន់អារ៉ាប៊ីដោយបានចូលកាន់កាប់ទឹកដីរបស់រដ្ឋដទៃផងនិងទឹកដីដែលគ្មានម្ចាស់ផង។ មានរាជវង្សនិងចក្រភពជាច្រើនបានកើតចេញពីទឹកដីអារ៉ាប៊ីបច្ចុប្បន្ននេះដូចជា៖ កាលីហ្វាតរ៉ាស៊ីដន (៦៣២–៦៦១) អ៊ូមេយ៉ាដ (៦៦១–៧៥០) អាប់បាសាយ (៧៥០–១៥១៧) ហ្វាទីមីដ (៩៩០–១១៧១) និងរាជវង្សមួយចំនួនទៀតដែលលាតសន្ធឹងដល់អាស៊ី អាហ្វ្រិក និងអឺរ៉ុប។[១៦][១៧][១៨][១៩][២០]

ប្រទសអារ៉ាប៊ីសាអ៊ូឌីតសព្វថ្ងៃគឺបានគ្របដណ្តប់លើតំបន់ប្រវត្តិសាស្រ្តចំនួនបួនផ្សេងៗគ្នាគឺ ហេជហ្សា ណាដ និងផ្នែកខ្លះនៃទឹកដីអារ៉ាប់ខាងកើត (អាល់អាសា) និងទឹកដីអារ៉ាប់ខាងត្បូង (អាស៊ួរ)។[២១] រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតត្រូវបានស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៣២ ដោយស្តេចអាប់ឌូឡាស៊ីស (ត្រូវបស្ចិមលោកស្គាល់ព្រះអង្គថា អ៊ីបនូ សាអ៊ូត)។ ព្រះអង្គបានបង្រួបបង្រួមតំបន់ទាំងបួនចូលទៅជារដ្ឋតែមួយតាមរយៈការធ្វើសញ្ជ័យជាបន្តបន្ទាប់ដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩០២ ហើយបានកាន់កាប់ទីក្រុងរីយ៉ាដដែលជារាជដំណាក់ដូនតារបស់រាជវង្សទ្រង់គឺរាជវង្សសាអ៊ូត។ ចាប់ពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានប្រកាន់របបរាជាធិបតេយ្យផ្តាច់ការតំណពូជដោយផ្អែកតាមច្បាប់ឥស្លាម។[២២][២៣][២៤][២៥] អារ៉ាប៊ីសាអ៊ូឌីតពេលខ្លះត្រូវបានគេហៅថា"ទឹកដីនៃវិហារវិសុទ្ធពីរ" ពោលគឺវាហារអាល់ម៉ាសជីដអាល់ហារ៉ាម (នៅមេក្កា) និងអាល់ម៉ាសជីដអានណាបាវី (នៅមេឌីណា) ជាទីកន្លែងសក្ការៈពីរដែលពិសិដ្ឋបំផុតនៅក្នុងសាសនាឥស្លាម។ ភាសាផ្លូវការរបស់រដ្ឋគឺភាសាអារ៉ាប់

ប្រេងកាតត្រូវបានគេរកឃើញដំបូងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៣៨ ហើយបន្តដោយការរកឃើញបន្ថែមទៀតនៅឯខេត្តភាគខាងកើត[២៦] ចាប់តាំងពីពេលនោះមក អារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាអ្នកផលិតប្រេងកាតធំបំផុតទីពីរនៅលើលោក (នៅពីក្រោយតែអាមេរិកប៉ុណ្ណោះ) និងជាប្រទេសនាំចេញប្រេងកាតធំបំផុតលើលោកដោយគ្រប់គ្រងទីបម្រុងប្រេងធំជាងគេទីពីរនិងទីបម្រុងឧស្ម័នធំជាងគេទីប្រាំមួយ។[២៧] ប្រទេសនេះត្រូវបានគេដាក់ក្នុងចំណាត់ថ្នាក់ប្រទេសសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់របស់ធនាគារពិភពលោក[២៨]ជាមួយនឹងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតផងដែរ និងជាប្រទេសអារ៉ាប់តែមួយគត់ដែលជាសមាជិកនៃហ្សេ២០[២៩]

តែក្រៅពីនេះ អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេរិះគន់ទៅតាមហេតុផលផ្សេងៗនិងរួមទាំងតួនាទីរបស់ខ្លួននៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន ការចោទប្រកាន់ថាជាអ្នកឧបត្ថមភេរវកម្មឥស្លាម និងកំណត់ត្រាសិទ្ធិមនុស្សដ៏ទាបបំផុតនៅក្នុងប្រទេសមានដូចជា ករណីកាត់ទោសប្រហារជីវិតដោយហួសហេតុនិងជាញឹកញាប់ កង្វះវិធានការដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការរើសអើងលើជនជាតិភាគតិច អ្នកកាន់សាសនាដទៃៗ និងអ្នកដែលមិនកាន់សាសនា ហើយនិងការអនុវត្តច្បាប់សារីយ៉ាដ៏តឹងរឹង។[៣០][៣១][៣២][៣៣][៣៤] ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ អារ៉ាប៊ីសាអ៊ូឌីតបានណែនាំនូវកំណែទម្រង់ថ្មីៗក្រោមបញ្ជារបស់ស្តេចសាល់ម៉ានមានដូចជា៖ ការលើកតម្កើនសិទ្ធិនារី[៣៥] លុបបំបាត់ទម្លាប់ផ្សំផ្គុំមនុស្សពីអាយុវ័យក្មេង[៣៦][៣៧] លុបចោលផ្នែកប្រឆាំងសាសន៍និងជាតិសាសន៍យូដា សាសនាផ្សេងៗទៀតនៅក្នុងវិស័យអប់រំ[៣៨][៣៩] កំណែប្រែប្រព័ន្ធនីតិសាស្ត្រ[៤០] កាត់បន្ថយការអនុវត្តទោសប្រហារជីវិត[៤១] និងចេញច្បប់ការពារបុគ្គលនិងសិទ្ធិរបស់កម្មករចំណាកស្រុក។ល។[៤២] ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សជាច្រើនបានចង្អុលបង្ហាញថាអារ៉ាប៊ីសាអ៊ូឌីតត្រូវបន្តណែនាំកំណែទម្រង់ថ្មីៗបន្ថែមដើម្បីឆ្ពោះទៅរកវឌ្ឍនភាពកំណត់ត្រាសិទ្ធិមនុស្សខ្ពស់។[៤៣]

ប្រទេសនេះបានចំណាយថវិកា ៨% នៃផលិតផលក្នុងស្រុកសរុប (ផសស) របស់ខ្លួនលើវិស័យយោធា[៤៤]ដែលធ្វើឱ្យវាក្លាយជាប្រទេសចំណាយលើយោធាធំបំផុតទីបី (នៅពីក្រោយអាមេរិកនិងចិន)[៤៥] និងជាអ្នកនាំចូលគ្រឿងសព្វាវុធធំបំផុតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។[៤៦][៤៧] យោងតាម ​​BICC អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលមានកម្លាំងយោធាខ្លាំងបំផុតទី ២៨ នៅលើពិភពលោកហើយមានឧបករណ៍យោធាល្អបំផុតនៅក្នុងតំបន់បន្ទាប់ពីប្រទេសអ៊ីស្រាអែល។[៤៨] ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានអំពាវនាវជាបន្តបន្ទាប់ឱ្យបញ្ឈប់ការលក់គ្រឿងអាវុធទៅឱ្យអារ៉ាប៊ីសាអ៊ូឌីតដែលភាគច្រើនបណ្តាលមកពីឧក្រិដ្ឋកម្មសង្គ្រាមនៅយេម៉ែន។[៤៩]

អារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេចាត់ទុកជាមហាអំណាចក្នុងតំបន់ផងនិងមហាអំណាចកណ្តាលផង។[៥០][៥១] សេដ្ឋកិច្ចអារ៉ាប៊ីសាអ៊ូឌីតមានភាពជឿនលឿនជាងគេនៅតំបន់មជ្ឈិមបូព៌ានិងជាប់ចំណាត់ថ្នាក់ទី ១៩ នៅលើពិភពលោក។[១០] អារ៉ាប៊ីសាអ៊ូឌីតក៏មានកំណត់ត្រាប្រជាជនក្មេងជាងគេនៅលើពិភពលោកដែរដោយប្រមាណ ៥០ ភាគរយនៃប្រជាជនសរុបចំនួន ៣៤,២ លាននាក់របស់ខ្លួនមានអាយុក្រោម ២៥ ឆ្នាំ។[៥២] ក្រៅពីជាសមាជិកនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ អារ៉ាប៊ីសាអ៊ូឌីតក៏ជាសមាជិកសកម្មនិងស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការកិច្ចសហប្រតិបត្តិការឥស្លាម សម្ព័ន្ធអារ៉ាប់ និងអង្គការប្រទេសនាំចេញប្រេងកាត (OPEC)។

Remove ads

កំណត់សម្គាល់

  1. មានសភាប្រឹក្សា ឬក្រុមប្រឹក្សាស៊ូរ៉ាដែលគ្មានអំណាចនីតិបញ្ញត្តិ។[] ព្រោះថាតួនាទីរបស់វាគ្រាន់តែជាកន្លែងពិគ្រោះយោបល់ប៉ុណ្ណោះ ជាហេតុដែលគេមិនបានចាត់ទុកវាជាសភានីតិបញ្ញត្តិ។[]

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads