មជ្ឈិមបូព៌ា

តំបន់ភូមិសាស្ត្រនយោបាយ From Wikipedia, the free encyclopedia

មជ្ឈិមបូព៌ា
Remove ads

មជ្ឈិមបូព៌ា (ដែលជាពាក្យមានប្រភពចេញពីភាសាអង់គ្លេសគឺ Middle East) គឺជាតំបន់ភូមិសាស្ត្រនយោបាយមួយដែលគ្របដណ្តប់លើឧបទ្វីបអារ៉ាប់ ឡេវ៉ាន តួកគី អេហ្ស៊ីប អ៊ីរ៉ង់ និងអ៊ីរ៉ាក់

ព័ត៌មានសង្ខេប ផ្ទៃក្រឡា, ចំនួនប្រជាជន ...

ពាក្យ "មជ្ឈិមបូព៌ា" នេះត្រូវ​បាន​គេ​ចាប់ផ្ដើមប្រើប្រាស់ដំបូងនៅចក្រភពអង់គ្លេស និងតាមបណ្ដាប្រទេសនៅអឺរ៉ុបខាងលិចមួយចំនួននៅដើមសតវត្សរ៍ទី២០ ដោយជាពាក្យជំនួសឱ្យដើមបូព៌ា (ដោយពាក្យទាំងពីរមានលក្ខណៈផ្ទុយពីពាក្យចុងបូព៌ា)។ ពាក្យមជ្ឈិមបូព៌ាបានបង្កឱ្យមនុស្សជាច្រើនកើតការយល់ច្រឡំដោយសារតែនិយមន័យនៃពាក្យនេះចេះតែវិវត្តទៅតាមកាលៈទេសៈភូមិសាស្ត្រនយោបាយ។ ចាប់តាំងពីសតវត្សរ៍ទី២០ មក ពាក្យមជ្ឈិមបូព៌ាបានទទួលការរិះគន់ជាខ្លាំងចំពោះន័យបែបមជ្ឈអឺរ៉ុបនិយមរបស់វា។ តំបន់មួយនេះរាប់បញ្ចូលទឹកដីទាំងប៉ុន្មានដែលស្ថិតក្នុងតំបន់អាស៊ីខាងលិចស្ទើរទាំងអស់ គ្រាន់តែដកតំបន់កូកាសខាងត្បូងចេញ។ ខុសពីអាស៊ីខាងលិចបន្តិច មជ្ឈិមបូព៌ាគឺគិតប្រទេសអេហ្ស៊ីប (មិនតែឧបទ្វីបស៊ីណៃ) និងប្រទេសតួកគី (មិនតែធ្រែសខាងកើត) ទាំងមូល។

បណ្ដាប្រទេសនៅក្នុងមជ្ឈិមបូព៌ាភាគច្រើន (១៣ ក្នុងចំណោម ១៨) គឺត្រូវជាផ្នែកនៃពិភពអារ៉ាប់ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងតំបន់នោះគឺ អេហ្ស៊ីប តួកគី និងអ៊ីរ៉ង់ ខណៈប្រទេសអារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសមជ្ឈិមបូព៌ាមានក្រឡាផ្ទៃធំបំផុត។ ប្រវត្តិមជ្ឈិមបូព៌ាមានអាយុកាលតាំងពីសម័យ​បុរាណយូរណាស់មកម៉្លេះ ដោយប្រវត្តិវិទូតែងសម្ដៅមកតំបន់នេះថាជា "លំយោលនៃអរិយធម៌"។ មិនតែប៉ុណ្ណោះ សារៈសំខាន់នៃភូមិសាស្ត្រនយោបាយនៅតំបន់នេះត្រូវបានគេទទួលស្គាល់ជាយូរណាស់មកហើយ​ដែរ។[][][] ពពួក​សាសនា​អាប្រាហាម (សាសនយូដា គ្រិស្តសាសនា និង ឥស្លាមសាសនា) គឺសុទ្ធតែ​មានកំណើតកើតចេញពីតំបន់នេះ។[] អារ៉ាប់គឺជាក្រុមជនជាតិធំជាងគេប្រចាំតំបន់[] និងបន្ទាប់មកគឺ តួកគី ពែរ្ស ឃឺដ អាហ្សេរី កុបត៍ ជ្វីហ្វ អាស៊ីរី អ៊ីរ៉ាក់តួកគី យ៉េហ្ស៊ីឌី និងស៊ីបក្រិកជាដើម។

មជ្ឈិមបូព៌ាមានអាកាសធាតុក្ដៅ និងស្ងួត ពិសេសនៅក្នុងតំបន់ឧបទ្វីបអារ៉ាប់ និងអេហ្ស៊ីប។ ប្រព័ន្ធទន្លេខ្លះៗបានផ្ដល់ជាប្រភពទឹកដើម្បីផ្គត់ផ្គង់វិស័យកសិកម្មតិចតួចនៅក្នុងតំបន់មួយនេះដូចជា ដីសណ្ដនីលនៅក្នុងប្រទេសអេហ្ស៊ីប ទន្លេធីក្រឺ និងអឺហ្វ្រាត់នៃតំបន់មេសូប៉ូតាមី និងអាងនៃទន្លេហ្សកដានីដែលអូសបន្លាយស្ទើរពេញតំបន់ឡេវ៉ាន។ តំបន់ដែលបានរៀបរាប់ទាំងអស់នេះត្រូវបានគេស្គាល់ថា អឌ្ឍចន្ទពហុពល ដែលត្រូវជាទីតាំងដ៏សំខាន់ដែលប្រវត្តិវិទូតែងសម្ដៅថា លំយោលនៃអរិយធម៌ ពោលជាតំបន់ដែលអរិយធម៌មនុស្សវិវត្តដោយឯកឯងគ្មានរងឥទ្ធិពលពីអរិយធម៌ ឬតំបន់ដទៃ។

ផ្ទុយមកវិញ នៅតំបន់ឆ្នេរឡេវ៉ាន និងប្រទេសតួកគីមួយភាគធំគឺមានអាកាសធាតុលក្ខណៈមេឌីទែរ៉ាណេ ជាមួយនឹងរដូវក្តៅស្ងួត និងរដូវរងាសើម។ ប្រទេស​ភាគច្រើន​ដែល​ស្ថិតនៅជាប់​ឈូងសមុទ្រពែរ្សគឺសុទ្ធសឹងតែកាន់កាប់ធនធាន​ប្រេងកាតស្ទើរទាំងអស់នៅក្នុងតំបន់។ ដោយសារតែអាកាសធាតុក្ដៅស្ងួតហែងរួមជាមួយការពឹងផ្អែកជាធំលើឧស្សាហកម្មឥន្ធនៈហ្វូស៊ីល មជ្ឈិមបូព៌ាជាតំបន់មួយដែលបង្កនិងពន្លឿននូវបាតុភូតបម្រែបម្រួលអាកាសធាតុ និងក៏ត្រូវជាតំបន់ដែលងាយរងគ្រោះធ្ងន់ធ្ងរពីវាផងដែរ។

Remove ads

បច្ចេកសព្ទ

ពាក្យថា មជ្ឈិមបូព៌ា (ភាសាអង់គ្លេសMiddle East) គឺមានដើមកំណើតចេញពីការិយាល័យអាណានិគមឥណ្ឌានៅអង់គ្លេសក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៨៥០។[] ពាក្យនេះបានចាប់ផ្ដើមទទួលប្រជាប្រិយភាពជាខ្លាំងនៅក្នុងឆ្នាំ១៩០២[] នៅពេលដែលអ្នកយុទ្ធសាស្ត្រយោធាជើងទឹកអាមេរិកមួយរូបគឺលោកអាល់ហ្វ្រែដ តេយឺរ ម៉ាហានបានប្រើប្រាស់ពាក្យនេះដើម្បី "កំណត់បែងចែកតំបន់រវាងបណ្ដាប្រទេសអារ៉ាប់ និងឥណ្ឌា"។[១០][១១]

នៅអំឡុងសម័យនោះ ចក្រភពអង់គ្លេស និងរុស្ស៊ីបានកំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលគ្នានៅតំបន់អាស៊ីកណ្តាល ដែលគេច្រើនស្គាល់ការប្រជែងនោះថា មហាល្បែង។ កាលនោះផងដែរ ម៉ាហានបានទើបតែដឹងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់នេះ ពិសេសទីតាំងរបស់វាដែលព័ទ្ធជុំវិញឈូងសមុទ្រពែរ្ស[១២][១៣] ដោយដូច្នេះ លោកក៏បានសម្គាល់តំបន់ដែលនៅជុំវិញឈូងសមុទ្រនោះថា មជ្ឈិមបូព៌ា។ លោកបានបន្តថ្លែងថា ហួសពីព្រែកជីកស៊ុយអេក្នុងប្រទេសអេហ្ស៊ីប ឈូងសមុទ្រពែរ្សគឺជាច្រកតំបន់ដ៏សំខាន់បំផុតសម្រាប់ចក្រភពអង់គ្លេសគ្រប់គ្រង ដើម្បីកុំឱ្យប្រទេសរុស្ស៊ីពង្រីកឥទ្ធិពលចូលទៅកៀកទឹកដីឥណ្ឌា។[១៤]

មុនពេលបញ្ចប់សង្គ្រាមលោកលើកទី២ គេគ្រប់គ្នាបានទម្លាប់ហៅតំបន់ដែលស្ថិតនៅជុំវិញប្រទេសតួកគី និងប៉ែកខាងកើតនៃសមុទ្រមេឌីទែរ៉ាណេថា "ដើមបូព៌ា" ខណៈពាក្យ "ចុងបូព៌ា" គឺគេសម្ដៅលើប្រទេសចិន ឥណ្ឌា និងជប៉ុន[១៥]

ក្រោយចប់សង្គ្រាមលោកលើកទី២ មជ្ឈិមបូព៌ាត្រូវបានគេកំណត់ថាអូសបន្លាយពីតំបន់ពីមេសូប៉ូតាមីទៅដល់ប្រទេសភូមា ពោលគឺ តំបន់នៅរវាងភូមិភាគដើមបូព៌ា និងចុងបូព៌ា។[១៦][១៧] នៅចុងទសវត្សរ៍ឆ្នាំ១៩៣០ អង់គ្លេសបានបង្កើតបញ្ជាការមជ្ឈិមបូព៌ាឡើង ដែលមានមូលដ្ឋាននៅទីក្រុងគែរ សម្រាប់កងកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់។ បន្ទាប់ពីពេលនោះមក ពាក្យ "មជ្ឈិមបូព៌ា" ទទួលបានការប្រើប្រាស់កាន់តែទូលំទូលាយនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។[១៨]

បម្រើបម្រាស់​ និងការរិះគន់

រឿងភាពយន្តអាមេរិកាំងឆ្នាំ១៩៥៧ បង្ហាញពីមជ្ឈិមបូព៌ា

ពាក្យ មជ្ឈិម (កណ្ដាល) បានធ្វើឱ្យមានការភាន់ច្រឡំជាច្រើនពិសេសជុំវិញការវិវត្តនៃនិយមន័យរបស់តំបន់នេះ។ នៅមុនសង្គ្រាមលោកលើកទី១ ពាក្យ "ដើមបូព៌ា" (Near East) ត្រូវបានប្រើប្រាស់ដើម្បីសម្ដៅលើតំបន់បាល់កង់ និងចក្រភពអូតូម៉ង់ ខណៈដែលពាក្យ "មជ្ឈិមបូព៌ា" វិញគឺសម្ដៅលើតំបន់កូកាស ពែរ្ស និងទឹកដីអារ៉ាប់[១៦] ហើយពេលខ្លះឆ្លងដល់ទៅប្រទេសអាហ្វហ្កានីស្ថាន ឥណ្ឌា និងប្រទេសតំបន់ក្បែរៗនោះមួយចំនួនផងដែរ។[១៧] ផ្ទុយពីនេះ ពាក្យ "ចុងបូព៌ា" គឺសម្ដៅទៅបណ្ដាប្រទេសនៃតំបន់អាស៊ីបូព៌ា (ដូចជា កូរ៉េ ចិន និងជប៉ុនជាដើម)។[១៩][២០]

បន្ទាប់ពីចក្រភពអូតូម៉ង់បានដួលរលំនៅក្នុងឆ្នាំ១៩១៨ ប្រជាប្រិយភាពនៃការប្រើប្រាស់ "ដើមបូព៌ា" បានធ្លាក់ចុះយ៉ាងគំហុក ខណៈពាក្យ "មជ្ឈិមបូព៌ា" បានត្រូវគេយកមកសម្ដៅចំពោះបណ្ដាប្រទេសនៃពិភពឥស្លាមដែលកំពុងទាមទារឯករាជ្យភាពនាពេលនោះ។ ទោះជាយ៉ាងណាក្ដី ពាក្យ "ដើមបូព៌ា" ត្រូវបានវិស័យខ្លះនៅតែបន្តរក្សាប្រើប្រាស់ដូចជានៅក្នុងបុរាណវិទ្យា និងប្រវត្តិសាស្ត្របុរាណជាដើម។

ការប្រើប្រាស់ពាក្យ "មជ្ឈិមបូព៌ា" ជាផ្លូវការដំបូងបង្អស់គឺដោយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកនៅក្នុងឯកសារលទ្ធិអែសិនហូវរ៍ឆ្នាំ១៩៥៧ ដែលទាក់ទងនឹងវិបត្តិស៊ុយអេ។ នៅឆ្នាំ១៩៥៨ ក្រសួងការបរទេសអាមេរិកបានពន្យល់ថាពាក្យ "ដើមបូព៌ា" និង "មជ្ឈិមបូព៌ា" អាចប្រើឆ្លាស់គ្នាបាន ហើយបានកំណត់ប្រទេសមួយចំនួនចូលក្នុងតំបន់មជ្ឈិមបូព៌ានេះរួមមាន អេហ្ស៊ីប ស៊ីរី អ៊ីស្រាអែល លីបង់ ហ្សកដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត គុយវ៉ែត បារ៉ែន និងកាតា[២១]

ចាប់តាំងពីចុងសតវត្សរ៍ទី២០ មក វិជ្ជាកររួមទាំងអ្នកកាសែតក្នុងតំបន់ដូចជាប្រវត្តិវិទូលោកហាសាន់ ហាណាហ្វីជាដើម បានចេញមុខរិះគន់ចំពោះបម្រើបម្រាស់នៃពាក្យ "មជ្ឈិមបូព៌ា" ដោយចោទវាថាមានបង្កប់ន័យមជ្ឈអឺរ៉ុបនិយម និងអាណានិគមនិយមនៅពីក្រោយ។[២២][២៣][២៤]

Remove ads

ប្រទេស​ និងទឹកដី

ប្រទេស​​ និងទឹកដីដែលច្រើនចាត់ទុកនៅក្នុងមជ្ឈិមបូព៌ា

ជារឿយៗ គេតែងចាត់ទុកតំបន់ដូចជា ឧបទ្វីបអារ៉ាប់ អាណាតូលី ធ្រែសខាងកើត អេហ្ស៊ីប អ៊ីរ៉ង់ ឡេវ៉ាន មេសូប៉ូតាមី និងប្រជុំកោះសូកូត្រាស្ថិតក្នុងមជ្ឈិមបូព៌ា។ ជាសរុប តំបន់នេះ​មាន​វត្តមានប្រទេស​ចំនួន ១៧ ដែលសុទ្ធតែមានការ​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ និង​មួយ​ជា​ទឹកដី​ក្រៅស្រុករបស់​ចក្រភព​អង់គ្លេស។

ព័ត៌មានបន្ថែម ក្រោះរូប, ទង់ជាតិ ...
ក. ^ ^ យេរូសាឡឹមគឺជារដ្ឋធានីតាមសេចក្ដីប្រកាសរបស់អ៊ីស្រាអែលដែលកំពុងជាប់ទំនាស់ជាមួយប៉ាឡេស្ទីន និងជាទីតាំងនៃឃ្នេសេត តុលាការកំពូល និងស្ថាប័នរដ្ឋាភិបាលផ្សេងៗរបស់អ៊ីស្រាអែល។ ចំពោះប៉ាឡេស្ទីនវិញ ទីក្រុងរ៉ាំអាឡាគឺត្រូវជាទីអាសនៈរដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីន ខណៈរដ្ឋធានីតាមសេចក្ដីប្រកាសរបស់ខ្លួនគឺត្រូវនៅយេរូសាឡឹមខាងកើតដែលកំពុងជាប់ក្នុងទំនាស់ជាមួយអ៊ីស្រាអែល។
ខ. ^ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទីមកពីសង្គ្រាមស៊ីវិលបច្ចុប្បន្ន។ អាសនៈរដ្ឋាភិបាលត្រូវបានប្តូរទៅទីក្រុងអេដេន។
Remove ads

ប្រវត្តិសាស្ត្រ

Thumb
បណ្ដុំសំណង់ពីរ៉ាម៉ែតជីហ្សានៅក្នុងប្រទេសអេហ្ស៊ីប ដែលបានកសាងឡើងក្នុងសម័យរាជវង្សទីបួននៃអាណាចក្រអេហ្ស៊ីបបុរាណនៅចន្លោះប្រមាណឆ្នាំ២៦០០ – ២៥០០ មុន គ.ស.។
Thumb
ជញ្ជាំងបស្ចិម និងព្រះវិហារដោមថ្មនៅទីក្រុងយេរូសាឡឹម
Thumb
ព្រះសហគមន៍វិសុទ្ធសុសានសេពុលក្រេនៅយេរូសាឡឹម
Thumb
អាល់កាបា នៅទីក្រុងមេក្កា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

តំបន់មជ្ឈិមបូព៌ាមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទ្វីបអាហ្វ្រិក និងអឺរ៉ាស៊ី និងនៃមហាសមុទ្រឥណ្ឌា និងសមុទ្រមេឌីទែរ៉ាណេ។ លើសពីនេះ មជ្ឈិមបូព៌ាជាទីកន្លែងកំណើត និងជាមជ្ឈមណ្ឌលនៃជំនឿសាសនាជាច្រើនដូចជា គ្រិស្តសាសនា ឥស្លាមសាសនា យូដាសាសនា សាសនាម៉ានី យ៉េហ្ស៊ីឌី ឌ្រូស យ៉ាសង់និយម និងសាសនាម៉ាន់ដា ហើយចំពោះប្រទេសអ៊ីរ៉ង់មាន មីថ្រានិយម ហ្សូរូអាសទ្រីសសាសនា លទ្ធិម៉ានី និងជំនឿបាហៃជាដើម។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ តំបន់មជ្ឈិមបូព៌ាគឺត្រូវជាទីតាំងដ៏សំខាន់ទាំងក្នុងវិស័យសេដ្ឋកិច្ច​ យោធា នយោបាយ វប្បធម៌ និងសាសនា។ វាក៏ត្រូវជាតំបន់មួយផងដែរដែលវិស័យកសិកម្មបានវិវត្តដោយឯកឯងដោយគ្មានទទួលឥទ្ធិពលពីតំបន់ ឬវប្បធម៌ណាក្រៅតំបន់ឡើយ ហើយជាបន្ទាប់វាបានរីករាលដាលទៅតំបន់ផ្សេងៗទៀតកំឡុងយុគថ្មរំលីងដូចជា អឺរ៉ុប ជ្រលងទន្លេឥណ្ឌា និងអាហ្វ្រិកខាងកើតជាដើម។

មុនពេលដែលអរិយធម៌ផ្សេងៗនៅលើពិភពលោកបាននិម្មិតឡើង តំបន់មជ្ឈិមបូព៌ាមានវត្តមានអរិយធម៌វប្បធម៌ជាច្រើនស្រាប់មុនទៅហើយដែលភាគច្រើនបានលេចឡើងតាំងពីយុគថ្មមកម៉្លេះ។ ការដើរស្វែងរកដីដែលសមស្របសម្រាប់ធ្វើកសិកម្មដោយក្រុមមនុស្សនិយមធ្វើស្រែចម្ការ និងដីជីវជាតិផ្សេងៗដោយក្រុមអ្នកគង្វាលបានបញ្ជាក់ថា តំបន់នេះមានចលនាចំណាកស្រុកជាច្រើនទិសច្រើនកន្លែង និងជាមូលដ្ឋានគ្រឹះនៃការវិវត្តន៍ប្រជាសាស្រ្តនៅក្នុងតំបន់។

មជ្ឈិមបូព៌ាត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាលំយោលនៃអរិយធម៌។ អរិយធម៌ដំបូងៗបំផុតនៅលើពិភពលោកបានកកើតឡើងនៅក្នុងតំបន់នេះមានដូចជា មេសូប៉ូតាមី (អាស៊ីរី និងបាប៊ីឡូន) អេហ្ស៊ីបបុរាណ អរិយធម៌គីសនៅឡេវ៉ានជាដើម។ ក្រោយៗមកក៏មានអរិយធម៌វប្បធម៌បន្ថែមលេចឡើងដូចជា អ៊ីធីត ក្រិក អ៊ូរីត្ស និងអ៊ូរ៉ាធូនៅអាណាតូលី អ៊ីឡាំ អ៊ីរ៉ង់ ម៉េដនៅអ៊ីរ៉ង់ និងក៏ដូចជាបណ្ដុំអរិយធម៌មួយចំនួនទៀតនៅឡេវ៉ាន (អ៊ីប្លា ម៉ារី ណាហ្គា អារ៉ាម ភេនីស៊ី និងអ៊ីស្រាអែល) និងឧបទ្វីបអារ៉ាប់ (ម៉ាហ្កាន សាបា និងអ៊ូបារ)។ ដើមបូព៌ាត្រូវធ្លាក់ក្រោមការបង្រួបបង្រួមជាធ្លុងដំបូងបង្អស់ក្រោមចក្រភអាស៊ីរីថ្មី មុនពេលត្រូវបន្តស្ថិតក្រោមចក្រភពអាឆេមីនីដ្ស៍ និងចក្រភពម៉ាសេដ្វាន ហើយជាបន្ទាប់ដោយចក្រភពអ៊ីរ៉ង់មួយចំនួន (ដូចជាចក្រភពប៉ារធ្យា និងសាស្សានីដ្ស៍) និងក៏ដូចជារដ្ឋបរទេសផងដែរដូចចក្រភពរ៉ូម និងចក្រភពប៊ីហ្សង់តាំងជាដើម។ នៅក្រោមចក្រភពរ៉ូម តំបន់នេះបានដើរតួនាទីយ៉ាងសំខាន់ជាមជ្ឈមណ្ឌលអប់រំ និងសេដ្ឋកិច្ច ខណៈមួយចំណែកទៀតត្រូវជាបរិមណ្ឌលរបស់អាណាចក្រសាស្សានីដ្ស៍។ ដោយសារតែសារៈសំខាន់ដ៏កាត់ថ្លៃមិនបានរបស់វា អាណាចក្ររ៉ូមបានឈរជើងពហទាហានរហូតទៅប្រាំឬប្រាំមួយកងពលក្នុងគោលបំណងតែមួយគត់គឺដើម្បីការពារទឹកដីមជ្ឈិមបូព៌ារបស់ខ្លួនពីការឈ្លានពានដោយសាស្សានីដ្ស៍ និងបេដួអាង។

ចាប់ពីសតវត្សរ៍ទី៤ នៃ គ.ស. តំបន់មជ្ឈិមបូព៌ាបានក្លាយជាមជ្ឈមណ្ឌលនៃមហាអំណាចសំខាន់ៗចំនួនពីរគឺ ចក្រភពប៊ីហ្សង់តាំង និងចក្រភពសាស្សានីដ្ស៍។ បន្ទាប់មកទៀត តំបន់នេះបានក្លាយទៅជាដែនគ្រប់គ្រងរបស់កាលីផ្វចក្រឥស្លាមនៅក្នុងមជ្ឈិមសម័យយុគមាសឥស្លាម ដែលបានចាប់ផ្តើមដំបូងដោយការវាតទីពីសំណាក់រដ្ឋឥស្លាមនៅក្នុងសតវត្សរ៍ទី ៧ នៃ គ.ស. ដែលនាំឱ្យមជ្ឈិមបូព៌ាទាំងមូលកើតជាតំបន់មានអត្តសញ្ញាណអារ៉ាប់ឥស្លាមដែលមិនធ្លាប់មានពីមុនមក ហើយបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ កាលីផ្វចក្រទាំង ៤ ដែលបានគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាអស់រយៈពេលជាង ៦០០ ឆ្នាំនោះរួមមាន កាលីផ្វចក្ររ៉ាស៊ីដន អូមេយ៉ាដ អាប់បាស៊ីដ និងហ្វាទីមីដ។ ក្រោយសម័យកាលីផ្វចក្រ អាណាចក្រម៉ុងហ្គោលបានចូលមកត្រួតត្រាតំបន់នេះអស់មួយរយៈពេលខ្លី ខណៈចក្រភពស៊ែលជុកបាននាំចូលមកនូវវប្បធម៌ពែរ្ស-តួកគី។ កំឡុងសម័យនោះដែរ ពួកហ្វ្រង់ខាងប៉ែកអឺរ៉ុបបានបង្កើតរដ្ឋក្រូយសេឡើងនៅតំបន់ឡេវ៉ានអស់រយៈពេលជាងពីរសតវត្សរ៍ដើម្បីព្យាយាមផ្សព្វផ្សាយឥទ្ធិពលវប្បធម៌ និងសាសនារបស់ខ្លួននៅក្នុងតំបន់។ លោកចូស៊ីយ៉ាស រូស៊ែលបានធ្វើការប៉ាន់ប្រមាណថា ចំនួនប្រជាជននៅក្នុង"ទឹកដីឥស្លាម" មានរហូតដល់ទៅ ១២.៥ លាននាក់នៅក្នុងឆ្នាំ១០០០ ដោយក្នុងនោះមាន ៨ លាននាក់នៅអាណាតូលី, ២ លាននាក់នៅស៊ីរី និង ១.៥ លាននាក់នៅអេហ្ស៊ីប។ នៅក្នុងសតវត្សរ៍ទី១៦ មជ្ឈិមបូព៌ាត្រូវស្ថិតក្រោមការត្រួតត្រាម្តងទៀតដោយមហាអំណាចចំនួនពីរអស់មួយរយៈពោលគឺ ចក្រភពអូតូម៉ង់ និងរាជវង្សសេហ្វេវីដ

សម័យកាលមជ្ឈិមបូព៌ាទំនើបបានចាប់ផ្តើមបន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ ពោលគឺនៅពេលដែលចក្រភពអូតូម៉ង់ដែលជាសម្ព័ន្ធមិត្តនឹងមហាអំណាចកណ្តាលត្រូវចាញ់សង្គ្រាមជាមួយនឹងចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេហើយជាលទ្ធផល ទឹកដីអូតូម៉ង់នៅមជ្ឈិមបូព៌ាត្រូវបានបែងចែកទៅជាប្រទេសផ្សេងៗដែលស្ថិតក្រោមម៉ាន់ដាតរបស់អង់គ្លេស និងបារាំង។ ព្រឹត្តិការណ៍សំខាន់ផ្សេងៗទៀតរួមមានការបង្កើតរដ្ឋអ៊ីស្រាអែលឡើងនៅក្នុងឆ្នាំ១៩៤៨ និងការដកថយជាយថាហេតុនៃមហាអំណាចអឺរ៉ុបចេញពីមជ្ឈិមបូព៌ា ជាពិសេសគឺចក្រភពអង់គ្លេស និងបារាំងនៅចុងទសវត្សរ៍ឆ្នាំ១៩៦០។ ចន្លោះអំណាចទាំងប៉ុន្មានដែលបានបន្សល់ទុកពីរដ្ឋអំណាចទាំងពីរត្រូវបានជំនួសដោយសហរដ្ឋអាមេរិកចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០។

នៅសតវត្សរ៍ទី២០ វត្តមាននៃស្តុកប្រេងឆៅដ៏ច្រើនមហិមាបានធ្វើឱ្យមជ្ឈិមបូព៌ាក្លាយជាតំបន់យុទ្ធសាស្ត្រ និងសេដ្ឋកិច្ចថ្មីដ៏សំខាន់។ ផលិតកម្មប្រេងក្នុងកម្រិតធំបានចាប់ផ្តើមនៅប្រហែលឆ្នាំ១៩៤៥ ដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ គុយវ៉ែត អ៊ីរ៉ាក់ និងអារ៉ាប់រួមដែលសុទ្ធសឹងជាប្រទេសមានធនធានប្រេងច្រើន។[២៥] ធនធានប្រេងសរុបនិងបម្រុង ពិសេសនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ គឺកំពុងស្ថិតនៅក្នុងកម្រិតខ្ពស់ជាងគេនៅលើពិភពលោក ហើយអង្គការនៃក្រុមប្រទេសនាំប្រេងចេញ (OPEC) វិញមានខ្សែទំនាក់ទំនងជាច្រើនទៅនឹងបណ្តាប្រទេសមជ្ឈិមបូព៌ា។

ក្នុងកំឡុងសង្គ្រាមត្រជាក់ តំបន់មជ្ឈិមបូព៌ាបានក្លាយជាទីតាំងសមរភូមិនៃជម្លោះមនោគមវិជ្ជារវាងមហាអំណាចចំនួនពីរគឺ៖ អង្គការណាតូរួមទាំងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តខ្លួន និងសហភាពសូវៀតនិងកតិកាសញ្ញាវ៉ាសូរី។ ក្នុងមួយសតវត្សរ៍ទី២០ និងទី២១ តំបន់មជ្ឈិមបូព៌ាបានឆ្លងកាត់និងជួបប្រទះទាំងសន្តិភាព និងជម្លោះនានា ពិសេសរវាងក្រុមកាន់និកាយស៊ុននី និងស៊ីអ៊ីត។

Remove ads

ភូមិសាស្ត្រ

បម្រែបម្រួលអាកាសធាតុ

នៅក្នុងឆ្នាំ២០១៨ តំបន់មេណា (MENA) បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ ៣.២ លានតោនទៅកាន់បរិយាកាស និងផលិត ៨.៧% នៃឧស្ម័នផ្ទះកញ្ចក់សកល[២៦] ថ្វីបើតំបន់នេះមានប្រជាជនតែប្រមាណ ៦% នៃចំនួនប្រជាជនពិភពលោកសរុបក្ដី។[២៧] ការបំភាយឧស្ម័ន និងសារធាតុពុលអស់ទាំងនេះគឺដោយសារតែតម្រូវការ និងឧស្សាហកម្មថាមពល[២៨] ដែលជាគ្រឹះដ៏សំខាន់នៃសេដ្ឋកិច្ចប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងជាច្រើន ហើយក៏ព្រោះតែវត្តមាននៃធនធានប្រេង និងឧស្ម័នធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់នេះផងដែរ។[២៩][៣០] មជ្ឈិមបូព៌ាជាតំបន់មួយដែលងាយរងគ្រោះខ្លាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយឥទ្ធិពលដែលអាចជះមកលើតំបន់នេះរួមមាន គ្រោះរាំងស្ងួត អាកាសធាតុស្ងួតហែងលើសកម្រិត រលកកម្ដៅ និងកំណើនកម្រិតទឹកសមុទ្រជាដើម។

បម្រែបម្រួលអាកាសធាតុបាននាំមកនូវផលប៉ះពាល់ជាច្រើនដូចជា បម្រែបម្រួលសីតុណ្ហភាពសកលលោក និងរួមទាំងកម្រិតទឹកសមុទ្រ បម្លាស់ប្ដូរលំនាំទឹកភ្លៀង និងកំណើនអច្ចន្ទភាពអាកាសធាតុជាដើម ដូចដែលបានកំណត់ដោយក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC)។[៣១] តំបន់មេណាជាពិសេសគឺងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់ទាំងនោះ ដោយសារតែបរិស្ថានស្ងួតហែងរបស់វារួមទាំងបញ្ហាអាកាសធាតុមួយចំនូនដូចជា កម្រិតទឹកភ្លៀងធ្លាក់ទាប សីតុណ្ហភាពខ្ពស់ និងដីស្ងួតជាដើម។[៣១][៣២] IPCC បានព្យាករណ៍ថា បញ្ហាអាកាសធាតុគឺនឹងវិវត្តកាន់តែអាក្រក់ឡើងចំពោះតំបន់មេណានៅក្នុងសតវត្សរ៍ទី២១ នេះ។[៣១] ប្រសិនបើមិនមានការកាត់បន្ថយនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងទ្រង់ទ្រាយធំទេនោះ តំបន់មេណាមួយផ្នែកធំអាចនឹងកើតហានិភ័យខ្ពស់សម្រាប់ជីវិតរស់នៅមនុស្សនៅមុនឆ្នាំ២១០០។[៣៣][៣៤][៣៥]

បម្រែបម្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងបង្កើតភាពតានតឹងទៅលើធនធានទឹក និងវិស័យកសិកម្មដែលកំពុងនៅកម្រស្រាប់ក្នុងតំបន់មេណា ហើយនឹងបន្តគំរាមកំហែងដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៃបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់។[៣៦] ប្រការទាំងអស់នេះបានជំរុញឱ្យប្រទេសតំបន់មេណាមួយចំនួនចូលរួមពិភាក្សារកដំណោះស្រាយទប់ស្កាត់បម្រែបម្រួលអាកាសធាតុលើឆាកអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងបរិស្ថាន ដូចជាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាដើម។ ច្បាប់ និងគោលនយោបាយក៏កំពុងត្រូវបានបង្កើតឡើងនៅកម្រិតថ្នាក់ជាតិក្នុងចំណោមបណ្តាប្រទេសមេណាមួយចំនួនផងដែរដោយភាគច្រើនតែងផ្តោតលើការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។[៣៧]

Remove ads

សេដ្ឋកិច្ច

Thumb
បំពង់បង្ហូរប្រេងកាត និងឧស្ម័នធម្មជាតិនៅមជ្ឈិមបូព៌ា

មជ្ឈិមបូព៌ាមានទាំងប្រទេសសេដ្ឋកិច្ចក្រីក្រខ្លាំង (ដូចជាហ្កាហ្សា និងយេម៉ែន) និងប្រទេសដែលមានទ្រព្យសម្បត្តិច្រើន (ដូចជាកាតា និងអារ៉ាប់រួម)។ ​បើ​យោងតាម​មូលនិធិរូបិយវត្ថុអន្តរជាតិ[៣៨] ប្រទេសមជ្ឈិមបូព៌ាចំនួនបីដែលមានសេដ្ឋកិច្ចធំបំផុតបើគិតតាមផលិតផលក្នុងស្រុកជាមធ្យមនៅក្នុងឆ្នាំ២០២៣ គឺ អារ៉ាប៊ីសាអ៊ូឌីត (១.០៦ ទ្រីលានដុល្លារ), តួកគី (១.០៣ ទ្រីលានដុល្លារ) និងអ៊ីស្រាអែល (០.៥៤ ទ្រីលានដុល្លារ)។ ចំពោះផលិតផលក្នុងស្រុកសរុបជាមធ្យមក្នុងមនុស្សម្នាក់ៗវិញ ប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេគឺ កាតា (៨៣,៨៩១ ដុល្លារ), អ៊ីស្រាអែល (៥៥,៥៣៥ ដុល្លារ), អេមីរ៉ាតអារ៉ាប់រួម (៤៩,៤៥១ ដុល្លារ) និងស៊ីប (៣៣,៨០៧ ដុល្លារ)។[៣៨] ប្រទេសតួកគី (៣.៦ ទ្រីលានដុល្លារ), អារ៉ាប៊ីសាអ៊ូឌីត (២.៣ ទ្រីលានដុល្លារ) និងអ៊ីរ៉ង់ (១.៧ ពាន់ពាន់លានដុល្លារ) គឺមានសេដ្ឋកិច្ចធំជាងគេបើគិតតាម ផសស យុគភាពអំណាចនៃការទិញ (យអទ)។[៣៨] សម្រាប់ ផសស (យអទ) ក្នុងមនុស្សម្នាក់វិញ ប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេគឺ កាតា (១២៤,៨៣៤ ដុល្លារ), អេមីរ៉ាតអារ៉ាប់រួម (៨៨,២២១ ដុល្លារ), អារ៉ាប៊ីសាអ៊ូឌីត (៦៤,៨៣៦ ដុល្លារ), បារ៉ែន (៦០,៥៩៦ ដុល្លារ) និងអ៊ីស្រាអែល (៥៤,៩៩៧ ដុល្លារ)។ ប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតនៅមជ្ឈិមបូព៌ាបើគិតពីផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ គឺប្រទេសយេម៉ែន (៥៧៣ ដុល្លារ)។[៣៨]

រចនាសម្ព័ន្ធសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសមជ្ឈិមបូព៌ាគឺមានលក្ខណៈខុសប្លែកពីគ្នាច្រើន ព្រោះខណៈពេលដែលប្រទេសខ្លះពឹងផ្អែកជាចម្បងលើការនាំចេញតែប្រេង និងផលិតផលទាក់ទងនឹងប្រេង (ដូចជា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងគុយវ៉ែតជាដើម) តែខ្លះទៀតមានមូលដ្ឋានសេដ្ឋកិច្ចចម្រុះ (ដូចជា ស៊ីប អ៊ីស្រាអែល តួកគី និងអេហ្ស៊ីបជាដើម)។ ឧស្សាហកម្មនៃតំបន់មជ្ឈិមបូព៌ារួមមាន រ៉ែប្រេងកាត និងផលិតផលទាក់ទងនឹងប្រេង កសិកម្ម ផលិតកម្មកប្បាស បសុសត្វនិងរួមទាំងទឹកដោះរបស់វា វាយនភណ្ឌ ផលិតផលធ្វើពីស្បែកសត្វ ឧបករណ៍វះកាត់ ឧបករណ៍ឬអាវុធការពារ (កាំភ្លើង គ្រាប់រំសេវ រថក្រោះ នាវាមុជទឹក យន្តហោះចម្បាំង និងមីស៊ីលជាដើម)។ ធនាគារគឺជាវិស័យដ៏សំខាន់មួយផងដែរ ជាពិសេសសម្រាប់ប្រទេសអារ៉ាប់រួម និងបារ៉ែន។

ដោយលើកលែងតែប្រទេសស៊ីប តួកគី អេហ្ស៊ីប លីបង់ និងអ៊ីស្រាអែល វិស័យទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់ច្រើនពីសំណាក់អាជ្ញាធរ នេះក៏ព្រោះតែដោយសារកត្តាមួយផ្នែគនៃសង្គមបែបអភិរក្សនិយមនៅក្នុងតំបន់ ក៏ដូចជាវិបត្តិនយោបាយនៅក្នុងប្រទេសមួយចំនួនផងដែរ។ ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានចុះធូរស្បើយមក ប្រទេសមួយចំនួនបន្ថែមដូចជា អេមីរ៉ាតអារ៉ាប់រួម[៣៩] បារ៉ែន[៤០] និងហ្សកដានី[៤១]បានចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងលើសពីមុន ដោយសារការកែលម្អទីកន្លែងទេសចរណ៍ និងការបន្ធូរបន្ថយគោលនយោបាយរឹតបន្តឹងវិស័យទេសចរណ៍។[៤២]

មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងមានអត្រាអ្នកអត់ការងារធ្វើខ្ពស់ ជាពិសេសក្នុងចំណោមមនុស្សដែលមានអាយុពី ១៥ ទៅ ២៩ ឆ្នាំ ដែលត្រូវជាប្រមាណ ៣០% នៃចំនួនប្រជាជនសរុបក្នុងតំបន់។ អត្រាអត់ការងារធ្វើក្នុងតំបន់សរុបនៅក្នុងឆ្នាំ២០២៥ គឺ ១១%[៤៣] ហើយក្នុងចំណោមយុវជនគឺមានខ្ពស់រហូតដល់ទៅ​ ២៨%។[៤៤]

Remove ads

ប្រជាសាស្ត្រ

Thumb
ផែនទីបង្ហាញពីជាតិពន្ធុនៅមជ្ឈិមបូព៌ានៅមុនសង្គ្រាមលោកលើកទី១

ក្រុមជនជាតិ

អារ៉ាប់គឺជាក្រុមជនជាតិធំជាងគេបង្អស់នៅតំបន់មជ្ឈិមបូព៌ា ហើយជាបន្ទាប់មានក្រុមជនជាតិអ៊ីរ៉ង់ និងតួកគី។ ក្រៅពីជនជាតិអារ៉ាប់ ក្រុមជនជាតិដើមនៃតំបន់នេះរួមមាន៖ អារ៉ាម អាស៊ីរី បាលូឈី ប៊ែប៊ែរ កុបត៍ ឌ្រូស ក្រិកស៊ីប ជ្វីហ្វ ឃឺដ ឡូរី ម៉ង់ដា ពែរ្ស សាម៉ារីយ៉ា សាបាក់ តាត និងហ្សាហ្សាជាដើម។ល។​ ក្រុមជនជាតិដើមកំណើតអឺរ៉ុបដែលមានវត្តមានក្នុងតំបន់ក្នុងនាមជាក្រុមអព្យពរួមមាន៖ អាល់បានី បូស្នី កូកាស តាតារគ្រីមៀ ក្រិក បារាំងឡេវ៉ាន អ៊ីតាលីឡេវ៉ាន និងតួកមែនអ៊ីរ៉ាក់។ល។ ចំពោះជនជាតិចំណាកស្រុកវិញមាន៖ ចិន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ប៉ាស្តុន រ៉ូម៉ានី និងអាហ្វ្រិក-អារ៉ាប់ជាដើម។ល។

ទេសន្តរប្រវេសន៍

"ទេសន្តរប្រវេសន៍ ឬចំណាកស្រុកគឺតែងតែផ្តល់នូវខ្យល់អាកាសដ៏សំខាន់សម្រាប់សម្ពាធទីផ្សារការងារនៅមជ្ឈិមបូព៌ា។ នៅចន្លោះរយៈពេលរវាងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៩០ បណ្ដារដ្ឋអារ៉ាប់ជាប់ឈូងសមុទ្រពែរ្សបានផ្តល់ប្រភពការងារដ៏ច្រើនសម្បូរបែបដល់កម្មករមកពីប្រទេសអេហ្ស៊ីប យេម៉ែន និងបណ្តាប្រទេសឡេវ៉ាន ខណៈដែលខាងទ្វីបអឺរ៉ុបបានទាក់ទាញកម្មករវ័យក្មេងមកពីបណ្តាប្រទេសនៅអាហ្វ្រិកខាងជើងជាច្រើន ដោយសារតែទីតាំងភូមិសាស្ត្រនៅជិតគ្នា និងឥទ្ធិពលនៃអតីតអាណានិគមអឺរ៉ុបនៅអាហ្វ្រិក"។[៤៥]

យោងទៅតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិបានឱ្យដឹងថា ជនជាតិអារ៉ាប់ជំនាន់ទីមួយប្រមាណ ១៣ លាននាក់ ដែលក្នុងនោះមាន ៥.៨ លាន់នាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងបណ្ដាប្រទេសអារ៉ាប់ដទៃ។ កម្លាំងពលកម្មបរទេសនៅតាមបណ្តាប្រទេសអារ៉ាប់បានចូលរួមជាចំណែកដ៏សំខាន់ដល់លំហូរចេញចូលហិរញ្ញវត្ថុ និងមូលធនមនុស្សក្នុងតំបន់ ហើយជាលទ្ធផល វាបានជំរុញដល់ដំណើរការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ នៅក្នុងឆ្នាំ២០០៩ ប្រទេសអារ៉ាប់បានទទួលទឹកប្រាក់សរុបចំនួន ៣៥.១ ពាន់លានដុល្លារអាមេរិកពីលំហូរនិងការផ្ទេរប្រាក់ ពិសេសចំពោះប្រទេសហ្សកដានី អេហ្ស៊ីប និងលីបង់ដែលបានទទួលប្រាក់ចំណូលពីពលករកម្មករពីប្រទេសអារ៉ាប់ផ្សេងៗលើសពីពាណិជ្ជកម្មរវាងខ្លួននិងប្រទេសអារ៉ាប់ទាំងនោះទៅទៀតពោលគឺខុសត្រូវគ្នាពី ៤០ ទៅ ១៩០ ភាគរយឯណោះ។[៤៦] នៅក្នុងប្រទេសសូម៉ាលី ដោយសារកំពុងតែត្រូវរងគ្រោះពីភ្លើងសង្រ្គាមស៊ីវិល ប្រជាជនសូម៉ាលីជាច្រើននាក់បានធ្វើចំណាកស្រុកគេចវេះពីសង្គ្រាមទៅកាន់បណ្តាប្រទេសមជ្ឈិមបូព៌ា ក៏ដូចជាទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ហើយអ្នកទាំងនោះភាគច្រើនដែរសុទ្ធតែមានប្រវត្តិទទួលបានការអប់រំខ្ពស់ៗ។

សន្តរប្រវេសជនពីប្រទេសអារ៉ាប់មួយភាគធំបានរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួនក្រោមមូលហេតុរដ្ឋធ្វើទុក្ខបុកម្នេញ ព្រោះពួកគេជាជនជាតិភាគតិច និងកាន់សាសនាផ្សេងពីសាសនារដ្ឋ។ ជនជាតិឃឺដ ជ្វីហ្វ អាស៊ីរី ក្រិក អាមេនី និងជនជាតិម៉ង់ដាជាដើមបានសម្រេចចិត្តចាកចេញពីប្រទេសមួយចំនួនដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី និងតួកគី ដោយសារតែហេតុផលខាងលើនៅកំឡុងមួយសតវត្សរ៍ចុងក្រោយនេះ។ នៅក្នុងប្រទេសអ៊ីរ៉ង់ អ្នកដែលកាន់សាសនាក្រៅពីឥស្លាមដូចជាសាសនាគ្រិស្តជាដើម ពួកគេបាននាំគ្នារត់ចាកចេញពីអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ មកម៉្លេះ។[៤៧][៤៨]

សាសនា

Thumb
ឥស្លាមគឺជាសាសនាធំជាងគេបង្អស់នៅមជ្ឈិមបូព៌ា។ បុរសៗឥស្លាមសាសនិកក្នុងរូបនេះកំពុងក្រាបថ្វាយបង្គំព្រះកំឡុងពេលអធិស្ឋាននៅក្នុងព្រះវិហារឥស្លាមមួយកន្លែង។

មជ្ឈិមបូព៌ាមានភាពចម្រុះច្រើនខាងសាសនា ហើយក៏ត្រូវជាទឹកដីកំណើតនៃសាសនាជាច្រើនដែរ។ ឥស្លាមគឺជាសាសនាដែលមានអ្នកប្រតិបត្តិតាមច្រើនជាងគេបំផុតនៅមជ្ឈិមបូព៌ា ប៉ុន្តែជំនឿសាសនាផ្សេងៗទៀតដែលមានដើមកំណើតចេញពីតំបន់នេះដូចគ្នា ដូចជាសាសនាយូដា និងគ្រិស្តសាសនាជាដើម[៤៩]ក៏មានចំនួនអ្នកគោរពប្រតិបត្តិច្រើនគួរសមផងដែរ។ សហគមន៍គ្រិស្តបរិស័ទបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងមជ្ឈិមបូព៌ា[៥០] ហើយពួកគេគឺតំណាងឱ្យ ៧៨% នៃចំនួនប្រជាជនស៊ីបសរុប[៥១] និង ៤០.៥% នៃប្រជាជនលីបង់ ដែលបច្ចុប្បន្ន ប្រធានាធិបតីលីបង់ សមាជិកគណៈរដ្ឋមន្ត្រី និងសភាលីបង់ជាងពាក់កណ្ដាលជាអ្នកកាន់និកាយគ្រិស្តលីបង់។ មជ្ឈិមបូព៌ាក៏មានសាសនាភាគតិចសំខាន់ៗច្រើនផងដែរដូចជា ជំនឿបាហៃ យ៉ាសង់នី យ៉េហ្ស៊ីឌី[៥២] ហ្សូរូអាសទ្រី ម៉ង់ដា ឌ្រូស[៥៣] និងសាបាក់សាសនាជាដើម។ នៅបុរាណកាល តំបន់នេះជាទីកំណើតនៃពពួកសាសនាមេសូប៉ូតាមី សាសនាកាណាន សាសនាម៉ានីកេស្មឹ សាសនាមីត្រា និងពពួកក្រុមសាសនាឯកទិទេពជាច្រើនផ្សេងៗ។

ភាសា

ភាសាធំៗដែលគេនិយមប្រើប្រាស់ច្រើនជាងគេបំផុតនៅមជ្ឈិមបូព៌ារួមមាន អារ៉ាប់ ពែរ្ស តួកគី ឃឺដ ហេប្រឺសម័យ និងក្រិក។ ភាសាភាគតិចប្រមាណ ២០ ភាសាទៀតក៏មានអ្នកប្រើប្រាស់ច្រើនគួរសមផងដែរ។

ភាសាអារ៉ាប់រួមជាមួយគ្រាមភាសាជាច្រើនរបស់វា គឺជាភាសាដែលគេនិយាយយ៉ាងទូលំទូលាយបំផុតនៅមជ្ឈិមបូព៌ា ដោយភាសាអារ៉ាប់នេះផ្ទាល់គឺជាភាសាផ្លូវការនៅគ្រប់ប្រទេសនៃតំបន់អាហ្វ្រិកខាងជើង និងនៅក្នុងប្រទេសអាស៊ីខាងលិចភាគច្រើន។ គ្រាមភាសាអារ៉ាប់ក៏ត្រូវបាននិយាយនៅក្នុងតំបន់ជាប់ៗគ្នាមួយចំនួនផងដែរ។ អារ៉ាប់ត្រូវជាសមាជិកនៃក្រុមភាសាស៊ីមីទិកនៃអំបូរភាសាអាហ្វ្រូអាស៊ី។ ភាសាអារ៉ាប់ខាងត្បូងសម័យមួយចំនួនដូចជា មេរី និងសូកូទ្រី ក៏ត្រូវបានគេប្រើប្រាស់ជាសកម្មផងដែរនៅក្នុងប្រទេសយេម៉ែន និងអូម៉ង់។ ភាសានៃក្រុមភាសាស៊ីមីទិកមួយទៀតគឺ ភាសាអារ៉ាម ហើយគ្រាមភាសារបស់វាត្រូវបានប្រើប្រាស់ជាចម្បងដោយជនជាតិអាស៊ីរី និងម៉ង់ដា ដោយគ្រាមភាសាអារ៉ាមបស្ចិមនៅមានអ្នកនិយាយប្រើប្រាស់ជាសកម្មនៅឡើយដោយស្ថិតនៅក្នុងភូមិចំនួនពីរប៉ុណ្ណោះនៅក្បែររដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី។

ភាសាពែរ្សគឺជាភាសាដែលគេនិយមនិយាយច្រើនជាងគេទីពីរ។ ថ្វីបើពែរ្សត្រូវបានគេប្រើប្រាស់ជាចម្បងនៅក្នុងប្រទេសអ៊ីរ៉ង់ និងតំបន់ព្រំដែនមួយចំនួននៅក្នុងប្រទេសជិតខាងអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់នេះគឺស្ថិតក្នុងចំណោមប្រទេសដែលមានទំហំធំបំផុត និងមានប្រជាជនរស់នៅច្រើនបំផុតក្នុងតំបន់់។ ពែរ្សស្ថិតនៅក្នុងក្រុមឥណ្ឌូ-អ៊ីរ៉ង់នៃអំបូរភាសាឥណ្ឌូ-អឺរ៉ុប។ ភាសានៃក្រុមភាសាអ៊ីរ៉ង់បស្ចិមផ្សេងៗទៀតនៅក្នុងតំបន់រួមមាន ភាសាអាឆូមី ឌៃឡាម ពួកគ្រាមភាសាឃឺដ សេមណានី និងភាសាឡូរីជាដើម។ល។

ភាសាដែលគេនិយាយយ៉ាងទូលំទូលាយបំផុតទីបីគឺ ភាសាតួកគី ដែលភាគច្រើនស្ថិតក្នុងប្រទេសតួកគី ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមានទំហំធំបំផុត និងប្រជាជនច្រើនបំផុតក្នុងតំបន់ផងដែរ។ តួកគីជាសមាជិកនៃអំបូរភាសាតួកស៊ីគ ដែលមានដើមកំណើតនៅអាស៊ីបូព៌ា។ ភាសាអំបូរតួកស៊ីគមួយទៀតគឺ អាស៊ែបៃសង់ ត្រូវបានប្រើប្រាស់ដោយជនជាតិអាស៊ែបៃសង់នៅក្នុងប្រទេសអ៊ីរ៉ង់។

ភាសាដែលគេនិយមនិយាយបំផុតទីបួនគឺ ភាសាឃឺដ ដែលត្រូវបាគេប្រើប្រាស់នៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងតួកគី។ គ្រាមភាសាឃឺដសូរ៉ានីគឺជាភាសាផ្លូវការទីពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ (ចែងដោយរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ឆ្នាំ២០០៥) បន្ទាប់ពីភាសាអារ៉ាប់។

ភាសាហេប្រឺគឺជាភាសាផ្លូវការនៃប្រទេសអ៊ីស្រាអែល ខណៈភាសាអារ៉ាប់ក៏ធ្លាប់ជាភាសាផ្លូវការរួមជាមួយភាសាហេប្រឺដែរមុនពេលត្រូវច្បាប់មូលដ្ឋានរបស់អ៊ីស្រាអែលដកវាចេញពីភាសាផ្លូវការរបស់ខ្លួននៅក្នុងឆ្នាំ២០១៨។ ភាសាហេប្រឺត្រូវបាននិយាយ និងប្រើប្រាស់ដោយប្រជាជនអ៊ីស្រាអែលជាង ៨០% ខណៈ ២០% ទៀតប្រើប្រាស់ភាសាអារ៉ាប់។ ភាសាហេប្រឺសម័យបានចាប់ផ្តើមមានអ្នកប្រើប្រាស់ដំបូងនៅក្នុងសតវត្សរ៍ទី២០ បន្ទាប់ពីត្រូវបានបំផុសឡើងវិញកាលពីចុងសតវត្សរ៍ទី១៩ ដោយលោកអេលីហ្សឺរ ប៊ែន-យេហ៊ូដា និងជនជាតិយូដាមកពីអឺរ៉ុបមួយចំនួន។

ភាសាក្រិកគឺជាភាសាផ្លូវការមួយក្នុងចំណោមភាសាផ្លូវការចំនួនពីរនៅក្នុងប្រទេសស៊ីប និងក៏ជាភាសាចម្បងនៃស៊ីបផងដែរ។ សហគមន៍តូចៗនៃអ្នកនិយាយភាសាក្រិកនៅមានវត្តមាននៅពាសពេញមជ្ឈិមបូព៌ាសព្វថ្ងៃ ហើយនៅមុនសតវត្សរ៍ទី២០ អ្នកនិយាយភាសាក្រិកគឺមានវត្តមានច្រើននៅតំបន់អាណាតូលី (ជាភាសានិយាយច្រើនជាងគេទីពីរនៅទីនោះ បន្ទាប់ពីតួកគី) និងអេហ្ស៊ីប។

Thumb
ប្រតិទិនអូតូម៉ង់ឆ្នាំ១៩១១ បង្ហាញជាភាសាផ្សេងៗគ្នាដូចជា៖ តួកគីអូតូម៉ង់ (ជាទម្រង់អក្សរអារ៉ាប់) ក្រិក អាមេនី ហេប្រឺ ប៊ុលហ្ការី និងបារាំង។

អង់គ្លេសគឺជាភាសាផ្លូវការមួយនៅអាក្រូទីរី និងដេកេលី[៥៤][៥៥] ភាសាអង់គ្លេសត្រូវបានគេបង្រៀន និងប្រើជាទូទៅជាភាសាបរទេសទីពីរផងដែរដូចនៅក្នុងប្រទេសដូចជា អេហ្ស៊ីប ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ កាតា បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត។[៥៦][៥៧] អង់គ្លេសជាភាសាកំណើតរបស់ជនអន្តោប្រវេសន៍ជ្វីហ្វមកពីបណ្តាប្រទេសនិយាយភាសាអង់គ្លេស (ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម) នៅប្រទេសអ៊ីស្រាអែល ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាភាសាទីពីរនៅទីនោះ។

ភាសាបារាំងត្រូវបានគេបង្រៀន និងប្រើប្រាស់នៅក្នុងស្ថាប័នរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសលីបង់ ហើយត្រូវបានបង្រៀននៅក្នុងថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យមួយចំនួននៃប្រទេសអេហ្ស៊ីប និងស៊ីរី។ ដោយសារតែចំណាកស្រុកទ្រង់ទ្រាយធំដោយជនជាតិជ្វីហ្វបារាំងមកប្រទេសអ៊ីស្រាអែល ភាសាបារាំងក៏ត្រូវជាភាសាកំណើតរបស់ជនជាតិជ្វីហ្វបារាំងទាំងនោះប្រមាណ ២០០,០០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែលបច្ចុប្បន្ន។

ភាសារុស្ស៊ីត្រូវបាននិយាយដោយប្រជាជនអ៊ីស្រាអែលមួយចំនួនដែរ ដោយភាគច្រើនជាអ្នកធ្វើចំណាកស្រុកពីប្រទេសរុស្ស៊ីកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០។[៥៨]

ភាសាបេន្កាលី ហិណ្ឌូ និងអ៊ូរឌូត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅបណ្ដាប្រទេសមជ្ឈិមបូព៌ាដោយសហគមន៍អ្នកចំណាកស្រុកជាច្រើនដូចជានៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (ដែល ២០–២៥% នៃប្រជាជនសរុបជាអ្នកមកពីអាស៊ីខាងត្បូង) អេមីរ៉ាតអារ៉ាប់រួម (ដែល ៥០–៥៥% ជាប្រជាជនអាស៊ីខាងត្បូង) និងកាតាដែលសម្បូរជនអន្តោប្រវេសន៍ប៉ាគីស្ថាន បង់ក្លាដែស និងឥណ្ឌាច្រើនដូចគ្នា។

Remove ads

វប្បធម៌

កីឡា

ថ្មីៗនេះ បណ្ដាប្រទេសនៃតំបន់មជ្ឈិមបូព៌ាបានធ្វើ និងទទួលសិទ្ធិជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកជាច្រើនជាបន្តបន្ទាប់ ដោយនេះបានបង្ហាញពីឆន្ទៈនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។[៥៩]

មើលផងដែរ

  • អាស៊ីខាងលិច
  • ដើមបូព៌ា
  • មេណា
  • បញ្ជីរាយជម្លោះសម័យនៅមជ្ឈិមបូព៌ា

ឯកសារយោង

អានបន្ថែម

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads