តាលីបង់

From Wikipedia, the free encyclopedia

តាលីបង់

តាលីបង់ (អក្សរឡាតាំង៖ Taliban; ភាសាបាស្តូ៖ طالبان‎, ប្រែមកថា 'និស្សិត')[៥៨] គឺជាចលនានយោបាយសាសនាឌីអូបង់ឌីនិយមឥស្លាម និងជាអង្គការសកម្មប្រយុទ្ធមួយនៅប្រទេសអាហ្វហ្កានីស្ថាន។ ក្រុមនេះបានគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានប្រមាណបីភាគបួនពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១ មុនពេលត្រូវបានផ្តួលរំលំតាមរយៈការឈ្លានពានពីសហរដ្ឋអាមេរិក។ ក្រោយពីមានការតស៊ូបះបោរអស់រយៈពេលជិត ២០ ឆ្នាំ តាលីបង់ក៏បានវាយដណ្តើមយករដ្ឋធានីកាប៊ុលមកវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីកងកម្លាំងបរទេសចម្រុះភាគច្រើនបានដកខ្លួនចេញពីអាហ្វហ្កានីស្ថាន ដែលនាំឱ្យតាលីបង់អាចឡើងគ្រប់គ្រងប្រទេសទាំងមូលបានរហូតមកដល់សព្វថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលតាលីបង់មិនត្រូវបានទទួលស្គាល់ដោយប្រទេសណាមួយឡើយ។ រដ្ឋាភិបាលខ្លួន​ត្រូវ​បានមនុស្សជាច្រើន​រិះ​គន់​អំពីរឿងរឹតបន្តឹងសិទ្ធិ​សេរីភាព​មនុស្ស​នៅក្នុង​ប្រទេស រួម​មាន​សិទ្ធិ​នារី និង​ស្ត្រី​ក្នុង​ការ​ប្រកបរបរ​ការងារផ្សេងៗ និង​ការ​ទទួល​បាន​ការ​អប់រំជាដើម។[៥៩]

ព័ត៌មានសង្ខេប តាលីបង់, ស្ថាបនិក ...
តាលីបង់
طالبان
ស្ថាបនិក
  • ម៉ូហាម៉ាដ អូម៉ារ
  • អាប់ឌុល ហ្កានី បារ៉ាដារ
មេដឹកនាំកំពូល
ស្ថាប័នអភិបាលក្រុមប្រឹក្សាថ្នាក់ដឹកនាំ
កាលបរិច្ឆេទនៃប្រតិបត្តិការ
ក្រុមភាគច្រើនជាជនជាតិប៉ាស្តុន[][] ភាគតិចជា ជនជាតិតាជិក និងជនជាតិអ៊ូសបេក[][]
ទីស្នាក់ការកណ្តាលកាន់ដាហារ (១៩៩៤–២០០១, ២០២១–បច្ចុប្បន្ន)
តំបន់សកម្មអាហ្វហ្កានីស្ថាន
មនោគមវិជ្ជា
ទំហំកម្លាំងស្នូល
  • ៤៥,០០០ (ឆ្នាំ២០០១)[១៨]
  • ១១,០០០ (ឆ្នាំ២០០៨)[១៩]
  • ៣៦,០០០ (ឆ្នាំ២០១០)[២០]
  • ៦០,០០០ (ឆ្នាំ២០១៤)[២១]
  • ៦០,០០០ (ឆ្នាំ២០១៧; មិនរាប់ចំនួនកងជីវពលប្រមាណ ៩០,០០០ នាក់ និងកងកម្លាំងគាំទ្រប្រមាណ ៥០,០០០ នាក់ទៀត)[២២]
  • ៧៥,០០០ (ឆ្នាំ២០២១)[២៣][២៤][២៥]
សម្ព័ន្ធមិត្តអនុក្រុម
  • បណ្តាញហាក់កានី
  • រណសិរ្សយោធាតូរ៉ាបូរ៉ា (ពីឆ្នាំ២០១៦)[២៦]
  • អ៊ីម៉ាំប៊ូការីចាម៉ាត (ពីឆ្នាំ២០១៧)
សម្ព័ន្ធមិត្តជារដ្ឋ
សម្ព័ន្ធមិត្តមិនមែនជារដ្ឋ
  • ហាម៉ាស់[៣៧][៣៨]
  • គណបក្សឥស្លាមគូលប៊ូដង់[៣៩] (សាមីខ្លួនបានបដិសេដពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១,[៤០] ចេញគាំទ្រពីឆ្នាំ២០២១)[៤១]
  • ចលនាឥស្លាមអ៊ូសបេគីស្ថាន (ក្រុមបក្សពួកប្រឆាំង ISIL)[៤២][៤៣]
  • អាល់កៃដា (បដិសេដដោយតាលីបង់)[៤៤]
  • ចាម៉ាតអាន់សារូលឡា[៤៥] (បដិសេដដោយតាលីបង់)[៤៦]
  • ចាអ៊ីស-អ៊ឺ-ម៉ូហាម៉េដ[៤៧] (បដិសេដដោយតាលីបង់)[៤៨][៤៩]
  • ចលនាតាលីបង់នៅប៉ាគីស្ថាន (បដិសេដដោយតាលីបង់)[៥០]
  • សហភាពជីហាដឥស្លាម
សត្រូវសត្រូវជារដ្ឋ និងអន្តររដ្ឋាភិបាល
សត្រូវជាបក្សសម្ព័ន្ធ
  • រណសិរ្សតស៊ូជាតិអាហ្វហ្កានីស្ថាន
  • រណសិរ្សសេរីភាពអាហ្វហ្កានីស្ថាន
  • រដ្ឋឥស្លាម–ខេត្តកូរ៉ាសាន[៥៣][៥៤][៥៥]
  • ចលនាឥស្លាមអ៊ូសបេគីស្ថាន (បក្សសម្ព័ន្ធរបស់ ISIL)[៥៦]
  • ហ្វីដីយម៉ាហាស
សមរភូមិនិងសង្គ្រាម
  • សង្គ្រាមផ្ទៃក្នុងអាហ្វហ្កានីស្ថាន (១៩៩២–១៩៩៦)
  • សង្គ្រាមផ្ទៃក្នុងតាជីគីស្ថាន (១៩៩២–១៩៩៧)[៥៧]
  • សង្គ្រាមផ្ទៃក្នុងអាហ្វហ្កានីស្ថាន (១៩៩៦–២០០១)
  • សង្គ្រាមនៅអាហ្វហ្កានីស្ថាន (២០០១–២០២១)
    • ការវាយលុករបស់តាលីបង់ (២០២១)
  • ជម្លោះតាលីបង់–រដ្ឋឥស្លាម (២០១៥–បច្ចុប្បន្ន)
បិទ

តាលីបង់បានលេចរូបរាងឡើងជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ១៩៩៤ ហើយបានក្លាយជាក្រុមបក្សសម្ព័ន្ធដ៏សំខាន់មួយនាអំឡុងសម័យសង្គ្រាមស៊ីវិលអាហ្វហ្កានីស្ថាន[៦០] និងមានសមាជិកភាគច្រើនជានិស្សិតជនជាតិប៉ាស្តុនមកពីភាគខាងត្បូងនិងខាងកើតនៃប្រទេសដោយពួកគេសុទ្ធតែធ្លាប់បានទទួលការអប់រំនៅតាមសាលាប្រពៃណីឥស្លាម[៦១] នៅក្រោមការដឹកនាំរបស់ម៉ូហាម៉ាដ អូមារ ចលនាមួយនេះបានរីករាលដាលទៅពាសពេញផ្ទៃប្រទេសអាហ្វហ្កានីស្ថានរហូតទាន់តែអាចវាយដណ្តើមយកអំណាចបាននៅក្នុងឆ្នាំ១៩៩៦ និងបានគ្រប់គ្រងលើទឹកដីប្រមាណបីភាគបួននៅក្រោមរបបថ្មីមួយដែលគេតែងស្គាល់ថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានលើកទីមួយ។ រដ្ឋាភិបាលតាលីបង់នាពេលនោះត្រូវបានប្រឆាំងដោយកងជីវពលមួយក្រុមហៅ សម្ព័ន្ធភាពខាងជើង ខណៈដែលក្រុមមួយនេះបានកាន់កាប់ផ្នែកខ្លះនៃភាគឦសានប្រទេសអាហ្វហ្កានីស្ថាន និងត្រូវជាក្រុមដែលគេទទួលស្គាល់ជាអន្តរជាតិថាជារដ្ឋាភិបាលស្របច្បាប់នៃរបបរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានមួយភាគធំរហូតដល់ត្រូវបានផ្ដួលរំលំដោយសហរដ្ឋអាមេរិកនៅខែធ្នូ ឆ្នាំ២០០១។ ក្រោយពីត្រូវបានផ្ដួលរំលំទៅបាត់ សមាជិកតាលីបង់ជាច្រើនបាននាំគ្នាភៀសខ្លួនរត់ទៅប្រទេសប៉ាគីស្ថានដែលមានព្រំដែនជាប់អាហ្វហ្កានីស្ថាននោះ។

ភ្លាមៗ ក្រុមតាលីបង់បានប្រជុំគ្នាបង្កើតចេញជាចលនាបះបោរប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិក និងព្រមទាំងកងកម្លាំងជំនួយសន្តិសុខអន្តរជាតិដែលគាំទ្រដោយណាតូ។ នៅខែឧសភា ឆ្នាំ២០០២ សមាជិកនិរទេសនៃតាលីបង់បានបង្កើតក្រុមប្រឹក្សាថ្នាក់ដឹកនាំឡើង ដែលមានមូលដ្ឋាននៅទីក្រុងគ្វេទតាក្នុងប្រទេសប៉ាគីស្ថាន។ ក្រោមការដឹកនាំរបស់ហៃបាទូឡា អាហ៊ុងហ្សាដា តាលីបង់បានបើកប្រតិបត្តិការយោធានៅក្នុងខែឧសភា ឆ្នាំ២០២១ ដែលឈានដល់ការដួលរលំនៃទីក្រុងកាប៊ុលនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ និងនាំឱ្យតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្កានីស្ថានឡើងវិញ។ សាធារណរដ្ឋ​ឥស្លាម​ត្រូវ​បាន​រំលាយ ហើយ​របប​អេមីរ៉ាតឥស្លាម​ត្រូវ​បាន​ស្ដារ​ឡើង​វិញ។

ចាប់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១ ក្រុមតាលីបង់បានត្រួតត្រាលើទឹកដីប្រមាណបីភាគបួននៃប្រទេសអាហ្វកានីស្ថានទាំងមូលហើយបានអនុវត្តច្បាប់ឥស្លាមដ៏តឹងរឹងដែលគេតែងនិយមហៅថា"សារីយ៉ា" (شَرِيعَة‎)។

ឈ្មោះ

ផ្ទៃរឿង

អន្តរាគមន៍របស់សូវៀតក្នុងអាហ្វកានីស្ថាន (១៩៧៨–១៩៩២)

Thumb
ប្រធានាធិបតីអាមេរិកលោករ៉ូណាល់ រីហ្កេននៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ក្រុមមូចាហ៊ីឌីននៅក្នុងឆ្នាំ១៩៨៣

បន្ទាប់ពីសូវៀតបានចូលឈ្លានពាននិងកាន់កាប់ប្រទេសអាហ្វកានីស្ថាននៅក្នុងឆ្នាំ១៩៧៩ ចលនាមូចាហ៊ីឌីនក៏បានបង្កើតឡើងដើម្បីធ្វើសកម្មភាពប្រឆាំងនឹងកងកម្លាំងសូវៀត។ មេដឹកនាំមូលដ្ឋានក្រុមតាលីបង់ស្ទើរទាំងអស់គឺសុទ្ធតែធ្លាប់បានបម្រើការឱ្យចលនាមូចាហ៊ីឌីននៅអំឡុងសង្គ្រាមសូវៀត–អាហ្វកានីស្ថាន។[៦២]

ប្រធានាធិបតីប៉ាគីស្ថាននាពេលនោះគឺលោកមហាម៉ាដ ស៊ា-អ៊ូល-ហាក់បានកើតការព្រួយបារម្ភខ្លាចសហភាពសូវៀតបន្តវាយចូលប្រទេសរបស់ខ្លួនទៀតដូច្នេះហើយ មហាម៉ាដក៏បញ្ជូនឧត្តមសេនីយ៍របស់លោកមួយរូបទៅប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីឃោសនានិងប្រមូលសម្លេងគាំទ្រឱ្យចលនាតស៊ូប្រឆាំងសូវៀតនៅឯអាហ្វកានីស្ថាន។ មិនយូរប៉ុន្មាន រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតរួមជាមួយទីភ្ញាក់ងារស៊ើបការណ៍កណ្តាលរបស់អាមេរិកក៏ផ្តល់ជំនួយជាថវិកានិងគ្រឿងសព្វាវុធទៅឱ្យចលនាមូហាហ៊ីឌីនតាមរយៈទីភ្ញាក់ងារស៊ើបការណ៍អន្តរសេវាកម្ម (ISI) របស់ប្រទេសប៉ាគីស្ថាន។[៦៣] ក្នុងទស្សវត្តរ៍ឆ្នាំ១៩៨០ ទាហានអាហ្វកានីស្ថានជាង ៩០,០០០ នាក់ត្រូវបានទទួលការហ្វឹកហ្វឺនពី ISI ដោយនៅក្នុងនោះក៏មានមហាម៉ាដ អូម៉ារផងដែរ។[៦៣]

សង្គ្រាមស៊ីវិលអាហ្វកានីស្ថាន (១៩៩២–១៩៩៦)

នៅខែមេសា ឆ្នាំ១៩៩២ បន្ទាប់ពីរបបកុម្មុយនិស្តដែលគាំទ្រដោយសូវៀតបានផ្តួលរំលំរួច គណបក្សនយោបាយអាហ្វកានីស្ថានជាច្រើនបានយល់ស្របលើកិច្ចព្រមព្រៀងប៉េស្សាវ៉ារហើយបានរួមគ្នាតែងតាំងរដ្ឋាភិបាលបណ្តោះអាសន្នមួយសម្រាប់អន្តរកាលឆ្ពោះទៅរកសន្តិភាព។ បក្សពួកភាគច្រើនក្នុងចលនាមូហាហ៊ីឌីនមិនបានចូលរួមក្នុងអន្តរកាលនេះទេ។ វិបត្តិនយោបាយបានផុសចេញឡើងភ្លាមៗនៅអាហ្វកានីស្ថានបន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នបានបង្កើតឡើងមក នេះគឺដោយសារតែការចង់ដណ្តើមអំណាចគ្នាកាន់កាប់រវាងបក្សពួកនយោបាយដែលយល់ស្របពីមុនៗ។[៦៤]

គណបក្សឥស្លាមគូលប៊ូដង់ដែលជាបក្សពួកសមាជិកនៅក្នុងចលនាមូហាហ៊ីឌីន មិនបានចេញទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នថ្មីទេហើយនៅអំឡុងខែមេសា ក្រុមមួយនេះបានសម្រុកចូលរដ្ឋធានីកាប៊ុលដើម្បីដណ្តើមអំណាចកាន់កាប់ផ្ទាល់ខ្លួនដែលជាហេតុនាំឱ្យសង្គ្រាមស៊ីវិលថ្មីផ្ទុះឡើង។ នៅខែឧសភា បក្សពួកមួយនេះបានចាប់ផ្តើមបើកការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលបណ្តោះអាសន្ននៅទីក្រុងកាប៊ុល។[៦៥] ប្រតិបត្តិការរបស់ក្រុមនេះត្រូវបានទទួលការគាំទ្រពី ISI របស់ប្រទេសប៉ាគីស្ថានទាំងជំនួយថវិកានិងយោធា។[៦៦] ដោយមើលឃើញផលប្រយោជន៍ច្រើន ប្រទេសអ៊ីរ៉ង់បានឆ្លៀតឱកាសចូលគាំទ្រកងកម្លាំងបក្សរួបរួមឥស្លាមអាហ្វកានីស្ថានខណៈដែលអារ៉ាប៊ីសាអូឌីតបានផ្តល់ការគាំទ្រដល់សហភាពឥស្លាមដើម្បីរំដោះអាហ្វកានីស្ថាន[៦៥][៦៧][៦៨] ជម្លោះរវាងបក្សពួកទាំងអស់នេះបានអូសទាញអាហ្វកានីស្ថានឱ្យធ្លាក់ចូលកាន់តែជ្រៅបន្ថែមទៀតទៅក្នុងភ្លើងសង្គ្រាមស៊ីវិល។

Thumb
បក្សតាលីបង់បានលេចចេញឡើងនៅផ្នែកខាងត្បូងនៃទីក្រុងកាន់ដាហារនៅអំឡុងខែកញ្ញា ឆ្នាំ១៩៩៤

បទឈប់បាញ់ទាំងឡាយដែលត្រូវចរចាគ្នារួចបានចូលជាធរមានបានរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះមុននឹងត្រូវផ្ទុះជម្លោះថ្មីម្តងហើយម្តងទៀត។[៦៥] ទោះជាជម្លោះបានរុញបន្តទៅក្តីប៉ុន្តែផ្នែកខ្លះនៃប្រទេសអាហ្វកានីស្ថានមិនបានទទួលផងប៉ះពាល់អ្វីធំដុំច្រើននោះទេដូចជានៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីម៉ាស៊ូដនិងទីក្រុងហេរ៉ាដជាដើម។[ត្រូវការអំណះអំណាង]

ចំណែកឯទឹកដីភាគខាងត្បូងវិញគឺមិនស្ថិតនៅក្រោមការត្រួតត្រារបស់បក្សពួកសង្គ្រាមណាមួយឡើយដោយទឹកដីទាំងនោះត្រូវជាកម្មសិទ្ធិរបស់មេដឹកនាំតាមតំបន់នីមួយៗ។ ទីបំផុត ក្រុមតាលីបង់ក៏បានលេចរូបរាងឡើងនៅចុងខែសីហា ឆ្នាំ១៩៩៤ ដោយបានអះអាងថាខ្លួននឹងរំដោះប្រទេសអាហ្វកានីស្ថានចេញពីអំពើពុករលួយនិងភាពចលាចលដែលកំពុងបង្កឡើងដោយបក្សពួកផ្សេងៗរួចបើបានជោគជ័យ ខ្លួននឹងបង្កើតចេញជារបបថ្មីដែលមានសាសនាឥស្លាមជាគ្រឹះ។[ត្រូវការអំណះអំណាង]

ប្រវត្តិ

១៩៩៤

តាលីបង់គឺជាចលនារបស់និស្សិតសាសនា (តាលីប) មកពីតំបន់ប៉ាស្តុននៃភាគខាងកើតនិងខាងត្បូងប្រទេសអាហ្វកានីស្ថាន ពួកគេគឺសុទ្ធតែធ្លាប់ទទួលបានការអប់រំនៅតាមសាលាប្រពៃណីសាសនាឥស្លាមនៅក្នុងប្រទេសប៉ាគីស្ថាន។[៦៩] ចលនាតាលីបង់ក៏មានសមាជិកដើមកំណើតតាជិកនិងអ៊ូសបេកដែរហើយពួកគេបាន"ដើរតួយ៉ាងសំខាន់នៅក្នុងកំណើនប្រជាប្រិយភាពនិងភាពជោគជ័យរបស់តាលីបង់"។[៧០]

ការអប់រំនិងហេតុផល

នៅអំឡុងខែកញ្ញា ឆ្នាំ១៩៩៤ មហាម៉ាដ អូម៉ារនិងនិស្សិតរបស់លោកចំនួន ៥០ នាក់បានសម្រេចបង្កើតចលនាតាលីបង់ឡើងនៅទីក្រុងកាន់ដាហារ[][៧១][៧២] មូលហេតុក្រោយការបង្កើតចលនានេះគឺដោយសារគាត់មិនសប្បាយចិត្តដែលច្បាប់ឥស្លាមមិនត្រូវបានតម្លើងជាច្បាប់កំពូលនៅអាហ្វកានីស្ថានបន្ទាប់ពីបានផ្តួលរំលំរបបកុម្មុយនិស្តរួចហើយឥឡូវនេះ លោកជាមួយនឹងគ្នីគ្នាលោកបានសន្យាថានឹងកម្ចាត់មេដឹកនាំចលនាផ្សេងៗនិងឧក្រិដ្ឋជនទាំងប៉ុន្មានចេញពីអាហ្វកានីស្ថានទាំងអស់។[]

ច្រើនខែក្រោយមក ចំនួនសមាជិកនៃចលនារបស់អូម៉ារបានកើនដល់ ១៥,០០០ នាក់ដែលភាគច្រើនជាជនភៀសខ្លួនមកពីសាលាសាសនាឥស្លាមនៅប្រទេសប៉ាគីស្ថាន

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយចលនាបះបោរប្រឆាំងនឹងសូវៀត រដ្ឋាភិបាលអាមេរិកបានផ្តល់សៀវភៅសិក្សាជាសម្ងាត់ដោយលើកកម្ពស់ការបង្រៀនសាសនាឥស្លាមបែកសកម្មប្រយុទ្ធនិងរួមបញ្ចូលរូបភាពនៃអាវុធនិងទាហានដើម្បីបណ្តុះកុមារឱ្យស្អប់ជនឈ្លានពានបរទេស។ ក្រុមតាលីបង់បានយកសៀវភៅអាមេរិកទាំងនោះមកសិក្សាប៉ុន្តែបានគូសមុខមនុស្សក្នុងសៀវភៅនោះចោលដោយរក្សាតាមគោលការណ៍ដ៏តឹងរឹងរបស់ពួកគេ។ ទីភ្ញាក់ងារដើម្បីការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់លានដុល្លារទៅសាកលវិទ្យាល័យណេប្រាស្កានៅរដ្ឋអូម៉ាហានាអំឡុងទស្សវត្តឆ្នាំ១៩៨០ ដើម្បីបោះពុម្ភសៀវភៅសិក្សាបន្ថែមជាភាសាក្នុងស្រុករបស់អាហ្វកានីស្ថាន។[៧៣]

ក្រុមតាលីបង់ដំបូងបានផ្តាច់ជ្ញារចិត្តបន្តប្រតិបត្តិការរបស់ខ្លួនព្រោះតែពួកគេមើលឃើញទុក្ខសោករបស់ប្រជាជនអាហ្វកានីស្ថានដែលពួកគេជឿថាបណ្តាលមកពីភាពលោភលន់ចង់បានអំណាចរវាងក្រុមបក្សពួកនយោបាយផ្សេងៗនៅក្នុងប្រទេសនិងដោយមិនប្រកាន់ខ្ជាប់ក្រមសីលធម៌សាសនាឥស្លាម។[][][]

អន្តរាគមន៍របស់ប៉ាគីស្ថាន

ប្រភពមួយចំនួនបានថ្លែងថាប្រទេសប៉ាគីស្ថានបានលូកដៃចូលធ្វើអន្តរាគមន៍នៅអំឡុងខែតុលា ឆ្នាំ១៩៩៤ ដើម្បី"បង្កើត"ក្រុមតាលីបង់ឡើង។[៧៤] ទីភ្ញាក់ងារស៊ើបការណ៍អន្តរសេវារបស់ប៉ាគីស្ថាន (ISI) មានទំនោរគាំទ្រតាលីបង់ខ្លាំងនៅក្នុងឆ្នាំ១៩៩៤ ដោយសង្ឃឹមថាអំណាចគ្រប់គ្រងថ្មីមួយនេះនឹងផ្តល់ផលប្រយោជន៍ដល់ខ្លួននាពេលខាងមុខ។[] ទោះជាតាលីបង់បានទទួលជំនួយហិរញ្ញវត្ថុពីប៉ាគីស្ថាននៅរវាងឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦ ក្តីហើយទោះបីជា"ប៉ាគីស្ថានបានខំប្រឹងគាំទ្រចលនាតាលីបង់ពីឆាក់ដំបូងក៏ដោយក៏ទំនាក់ទំនងរវាងបក្សពួកទាំងពីរនូវតែមានភាពផុយស្រួយនិងមានគោលដៅខុសៗពីគ្នា។ ISI និងប៉ាគីស្ថានមានគោលបំណងចង់គ្រប់គ្រងប្រើប្រាស់ចលនានេះខណៈដែលថ្នាក់ដឹកនាំតាលីបង់កំពុងរកផែនការនិងល្បិចដើម្បីធ្វើប្រតិបត្តិការប្រកបដោយឯករាជ្យភាពផងនិងទទួលបានការគាំទ្រផង"។ អ្នកគាំទ្រតាលីបង់ធំជាងគេនៅប្រទេសប៉ាគីស្ថានគឺលោកឧត្តមសេនីយ៍ណាស៊ីរូឡា បាបារដោយលោកជឿថាតាលីបង់អាហ្វកានីស្ថានអាចជាចំណុចនយោបាយភូមិសាស្ត្រដ៏សំខាន់និងដោយសារក្រុមនេះជា"ក្រុមតំណាងឌីអូបង់ឌីនិយមដែលអាចដើរតួជាគូប្រជែងនឹងឥទ្ធិពលវ៉ាហាប៊ីយ៉ាដែលកំពុងរីករាលដាលនៅក្នុងតំបន់"។[៧៥]

ការឡើងត្រួតត្រាទីក្រុងកាន់ដាហារ

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៩៤ តាលីបង់បានធ្វើការវាយប្រហាររួចកាន់កាប់ទីក្រុងកាន់ដាហារ។[] មុនថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៥ តាលីបង់បានគ្រប់គ្រងខេត្តចំនួន ១២។[] ក្រុមសកម្មប្រយុទ្ធនៅតាមតំបន់ភាគច្រើនបានសុំទទួលចុះចាញ់ដោយមិនប្រើកម្លាំងតបតវិញទេ។ មេបញ្ជាការរបស់អូម៉ារខ្លះធ្លាប់ជាអតីតមេបញ្ជាការយោធាខ្នាតតូចនិងខ្លះទៀតជាគ្រូបង្រៀនម៉ាដ្រាសា (សាលាឬវិទ្យាស្ថានអប់រំសាសនាទាំងឡាយនៅក្នុងវប្បធម៌ឥស្លាម)។[៧៦][៧៧][៧៨][៧៩][៨០] នេះជាដំណាក់កាលមួយដែលប្រជាប្រិយភាពរបស់ក្រុមតាលីបង់បានលេចឡើងព្រោះក្រោមការគ្រប់គ្រងរបស់ក្រុមនេះ៖ អំពើពុករលួយត្រូវបានទាត់ចោល សណ្តាប់ធ្នាប់សង្គមត្រូវបានស្តារឡើងវិញ ផ្លូវនិងបរិវេណរបស់តាលីបង់មានសុវត្ថិភាពជាងមុន។[]

១៩៩៥–កញ្ញា ១៩៩៦

Thumb
ផែនទីនយោបាយប្រទេសអាហ្វកានីស្ថាននៅចុងឆ្នាំ១៩៩៦ ក្រោយពីតាលីបង់បានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល

ដើម្បីបង្កើនការគ្រប់គ្រងរបស់ខ្លួនលើប្រទេសអាហ្វកានីស្ថាន ក្រុមតាលីបង់បានចាប់ផ្តើមពង្រីកអំណាចនិងឥទ្ធិពលពីក្រៅមូលដ្ឋានកាន់ដាហារដោយវាតទីយកទឹកដីជិតខាងបន្តិចម្តងៗ។ នៅដើមឆ្នាំ១៩៩៥ ចលនាតាលីបង់បានឆ្ពោះសម្រុកទៅរដ្ឋធានីកាប៊ុលប៉ុន្តែត្រូវទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងដៃកងកម្លាំងរដ្ឋាភិបាលនៃរដ្ឋឥស្លាមអាហ្វកានីស្ថាន។ ខណៈពេលកំពុងដកថយចេញពីកាប៊ុល ក្រុមតាលីបង់បានធ្វើការបាញ់ប្រហារមកលើទីក្រុង[៨១]ដែលបណ្តាលឱ្យស្លាប់ជនស៊ីវិលមួយចំនួន។ បណ្តាញសារព័ត៌មានបានចាប់ផ្តើមផ្សព្វផ្សាយនៅអំឡុងខែមីនា ឆ្នាំ១៩៩៥ ថាក្រោយពីសកម្មភាពបាញ់ប្រហារ ក្រុមតាលីបង់បានបាត់បង់នូវសេចក្តីគោរពនិងជំនឿពីសំណាក់ប្រជាពលរដ្ឋហើយត្រូវបានប្រជាពលរដ្ឋមើលឃើញថាជា បក្សពួកយោធាដែល"ស្រេកឃ្លានអំណាច"មួយទៀតប៉ុណ្ណោះ។[៨២]

ក្រោយពីបានទទួលបរាជ័យជាច្រើនលើកមក ទីបំផុតតាលីបង់ក៏បានទទួលជោគជ័យម្តងទៀតដោយបានចូលកាន់កាប់ភាគខាងលិចនៃទីក្រុងហេរ៉ាដនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៥។ បន្ទាប់ពីមានការចោទប្រកាន់ពីរដ្ឋាភិបាលអាហ្វកានីស្ថានថាប្រទេសប៉ាគីស្ថានបានកំពុងជួយក្រុមតាលីបង់ ក្រុមមនុស្សមួយហ្វូងធំបានសម្រុកទៅបាតុកម្មនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់ស្ថានទូតប៉ាគីស្ថានក្នុងទីក្រុងកាប៊ុល។[៨៣]

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៩៦ នៅពេលដែលតាលីបង់កំពុងត្រៀមប្រតិបត្តិការវាយប្រហារដ៏ធំមួយ មេបញ្ជាការនៃកងកម្លាំងរដ្ឋាភិបាលអាហ្វកានីស្ថានបានបញ្ជាឱ្យកម្លាំងប្រឆាំងតាលីបង់ដកថយចេញពីទីក្រុងឆ្ពោះទៅភាគឥសាន្តនៃជួរភ្នំហិណ្ឌូឃូសវិញ។ ការធ្វើបែបនេះក៏ព្រោះតែខ្លាចមានករណីស្លាប់ជនស៊ីវិលបន្តទៀត ជាពិសេសគឺការប្រយុទ្ធគ្នាតាមទីប្រជុំជននេះឯង។ ចលនាតាលីបង់បានចូលក្នុងទីក្រុងកាប៊ុលនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៦ រួចបានសម្រេចប្រកាសបង្កើតរដ្ឋាភិបាលថ្មីដែលគេតែងស្គាល់ថាអេមីរ៉ាតឥស្លាមអាហ្វកានីស្ថាន។ ក្រុមអ្នកវិភាគបាននិយាយថាតាលីបង់នាពេលនោះគឺកំពុងតែវិវត្តទៅជាចលនាអាយ៉ងសម្រាប់បម្រើផលប្រយោជន៍តំបន់របស់ប្រទេសប៉ាគីស្ថានហើយ។[៦៧][៧៨][៨១][៨៤][៨៥][៨៦]

អេមីរ៉ាតឥស្លាមអាហ្វកានីស្ថាន (១៩៩៦–២០០១)

គោលដៅយោធារបស់តាលីបង់នៅអំឡុងឆ្នាំ១៩៩៦–២០០១ គឺស្តារសណ្តាប់ធ្នាប់សង្គមនិងយោធាតាមសម័យអាប់ឌួរ រ៉ាម៉ាន់ដោយបង្កើតរដ្ឋដែលមានជនជាតិប៉ាស្តុនកាន់កាប់នៅតំបន់ភាគខាងជើងឡើងវិញ។[៨៧] តាលីបង់មានបំណងបង្កើតរដ្ឋាភិបាលឥស្លាមតាមរយៈច្បាប់និងសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់មូលដ្ឋានសារីយ៉ា ស្របតាមសាលាហានាហ្វីនៃយុត្តាធិការសាសនាឥស្លាមនិងបញ្ញត្តិសាសនារបស់អូម៉ារលើទឹកដីអាហ្វកានីស្ថានទាំងមូល។ ត្រឹមឆ្នាំ១៩៩៨ រដ្ឋាភិបាលតាលីបង់បានត្រួតត្រាលើទឹកដីអាហ្វកានីស្ថានប្រមាណ ៩០%។[]

នៅខែធ្នូ ឆ្នាំ២០០០ សេចក្តីសម្រេច ១៣៣៣ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រកាសថាប្រជាពលរដ្ឋអាហ្វកានីស្ថានកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ហើយបានថ្កោលទោសសកម្មភាពរបស់តាលីបង់ក្នុងការប្រើប្រាស់ទឹកដីអាហ្វកានីស្ថានសម្រាប់បណ្តុះបណ្តាលហ្វឹកហ្វឺន"ក្រុមភេវរករ"និងបូករួមទាំងការផ្តល់ទីជម្រកសុវត្ថិភាពដល់អូសាម៉ា ប៊ីន ឡាឌែន ហើយជាលទ្ធផល ក្រុមប្រឹក្សាបានចេញសំណើដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើចលនាតាលីបង់។[៨៨] នៅខែតុលា ឆ្នាំ២០០១ សហរដ្ឋអាមេរិករួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនបានវាយចូលឈ្លានពានអាហ្វកានីស្ថាននិងបានទម្លាក់តាលីបង់ចេញពីអំណាច។ ថ្នាក់ដឹកនាំតាលីបង់បានរត់ភៀសខ្លួនទៅប្រទេសប៉ាគីស្ថាន។[]

អាហ្វកានីស្ថានក្រោមការដឹកនាំរបស់តាលីបង់

តាលីបង់បានឡើងកាន់អំណាចនៅឆ្នាំ១៩៩៦ ពោលគឺខណៈដែលសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអាហ្វកានីស្ថានត្រូវបានបំផ្លិចបំផ្លាញដោយសឹកសង្គ្រាមអស់រយៈពេលជាង ២០ ឆ្នាំកន្លងមក។ កង្វះទឹកស្អាតនិងភ្លើងអគ្គិសនី ស្បៀងអាហារ ផ្ទះសម្បែង និងរបស់ផ្សេងៗទៀតគឺជាបញ្ហាដែលមិនងាយដោះស្រាយដោយស្រួលៗនោះឡើយសម្រាប់ពួកតាលីបង់។ លើសពីនេះ រចនាសម្ព័ន្ធត្រកូលនិងគ្រួសារដែលផ្តល់ឱ្យអាហ្វកានីស្ថាននូវសំណាញ់សុវត្ថិភាពសង្គមនិងសេដ្ឋកិច្ចក៏ត្រូវបានទទួលរងខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ អត្រាមរណៈទារកនៅអាហ្វកានីស្ថាននាពេលនោះគឺខ្ពស់បំផុតនៅលើពិភពលោក។ មួយភាគបួននៃកុមារទាំងអស់បានស្លាប់មុនពេលពួកគេឈានចូលដល់អាយុ ៥ ឆ្នាំដែលត្រូវជាអត្រាខ្ពស់បំផុតនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍លើពិភពលោក។[៨៩][៩០][៩១]

អង្គការសប្បុរសធម៌ឬអង្គការមិនមែនរដ្ឋាភិបាល (NGO) បានដើរតួយ៉ាងសំខាន់នៅក្នុងជួយផ្គត់ផ្គង់ស្បៀងអាហារ ការងារ ការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្មផ្សេងៗទៀតជូនប្រជាជនអាហ្វកានីស្ថានប៉ុន្តែក្រុមតាលីបង់វិញបានកើតការសង្ស័យយ៉ាងខ្លះចំពោះ"ជំនួយ"ដែលអង្គការទាំងនោះផ្តល់ឱ្យ។ ដោយមានករណីស្លាប់ជាងមួយលាននាក់ដោយសារតែសង្គ្រាម ចំនួនស្ត្រីមេម៉ាយនៅតាមគ្រួសារនីមួយៗបានកើនឈានដល់ ៩៨,០០០ នាក់គិតត្រឹមឆ្នាំ១៩៩៨។ នៅកាប៊ុលវិញ ផ្នែកជាច្រើននៃទីក្រុងនេះត្រូវរងការបំផ្លិចបំផ្លាញពីរុក្កែរ មីស៊ីល ឬអាវុធបំផ្ទុះផ្សេងៗ ហើយប្រជាជនប្រមាណ ១.២ លាននាក់បានទទួលផលប្រយោជន៍ពីជំនួយរបស់អង្គការបរទេស។ សង្គ្រាមស៊ីវិលនិងការភៀសខ្លួននូវតែបន្តកើតមាននៅក្នុងរបបរបស់តាលីបង់។ តំបន់ទីប្រជុំជនខ្លះដូចជាហេរ៉ាដ និងមាហ្សាត្រូវឆ្លងកាត់ការជម្លៀសប្រជាជនប្រមាណបីភាគបួននៃប្រជាជនមួយលាននាក់ដោយតាលីបង់ហើយមិនតែប៉ុណ្ណោះទីកន្លែងបម្រើសេវាកម្មនៅតាមទីប្រជុំជនទាំងនោះត្រូវបានក្រុមតាលីបង់ដុតបំផ្លាញដោយពួកគេគិតថាវាជាទីផ្តល់ប្រយោជន៍ដល់សត្រូវរបស់ខ្លួន។[៩២][៩៣][៩៤]

អ្នកធ្វើសេចក្តីសម្រេចរបស់តាលីបង់ពោលគឺលោកអូម៉ារផ្ទាល់បានកម្រចេញមុខមកនិយាយដោយផ្ទាល់ជាមួយជនបរទេសដែលមិនមែនជាជនមូស្លីមណាស់ ដូចនេះ បុគ្គលផ្តល់ជំនួយត្រូវដោះស្រាយជាមួយអន្តរការីដែលការយល់ព្រមនិងកិច្ចព្រមព្រៀងទាំងឡាយត្រូវបានបញ្ច្រាស។[៩៥][៩៦]

អសប បានសម្រេចចិត្តបង្កើនចំនួនបុគ្គលិកស្ត្រីមូស្លីមដើម្បីបំពេញតម្រូវការរបស់តាលីបង់បន្ទាប់មកក្រុមតាលីបង់បានតម្រូវឱ្យបុគ្គលិក អសប ដែលជាស្ត្រីមូស្លីមទាំងអស់ត្រូវធ្វើដំណើរចូលអាហ្វកានីស្ថានដើម្បីធ្វើពិធីចូលជាម៉ារាំ (បុគ្គលម្នាក់នៅក្នុងគ្រួសារដែលមិនអាចរៀបការបានឡើយ)។[៩៧] នៅខែកក្កដា ឆ្នាំ១៩៩៨ តាលីបង់បានសម្រេចបិទការិយាល័យ NGO នៅកាប៊ុលដោយបង្ខំបន្ទាប់ពីអង្គការទាំងនោះបានបដិសេដមិនផ្លាស់ប្តូរចេញពីទីកន្លែងដែលត្រូវទម្លាក់គ្រាប់បែកទៅអតីតមហាវិទ្យាល័យពហុបច្ចេកទេសមួយកន្លែងតាមបញ្ជា។[៩៨] មួយខែក្រោយមក ការិយាល័យ សបអ ក៏បានបិទទ្វាលែងដំណើរការ។[៩៩] តម្លៃស្បៀងអាហារកាន់តែកើនឡើងនិងស្ថានភាពកាន់តែយ៉ាប់យ៉ឺន រដ្ឋមន្ត្រីក្រសួងផែនការលោកការី ឌីន មហាម៉ាដបានពន្យល់ថាការបាត់បង់ជំនួយមនុស្សធម៌នេះមិនមានអ្វីខុសពីពេលកាលមានជំនួយអ្វីទេ៖

យើងជាមូស្លីមជឿថាព្រះជាម្ចាស់ដែលមានអំណាចចេស្តានឹងចិញ្ចឹមថែរក្សាមនុស្សគ្រប់គ្នាតាមមធ្យោបាយមួយឬផ្សេងទៀត។ ប្រសិនបើអង្គការក្រៅរដ្ឋាភិបាលបរទេសចាកចេញនោះ វាគឺជាការសម្រេចចិត្តរបស់ពួកគេ។ ពួកយើងមិនបានបណ្តេញគេចេញឯណា។[១០០]

អង្គការមួយចំនួននៅកាន់ដាហារមិនបានទទួលរងផលប៉ះពាល់អ្វីនោះទេហើយបានបន្តប្រតិបត្តិការរបស់ពួកគេដូចធម្មតា។

មុខងារយោធាប៉ាគីស្ថានអំឡុងរបបតាលីបង់

ទីភ្ញាក់ងារស៊ើបការណ៍អន្តរសេវាកម្មនៃប្រទេសប៉ាគីស្ថាន (ISI) បានដើរតួយ៉ាងសំខាន់នៅក្នុងដំណើរបង្កើតចលនាតាលីបង់ឡើងនៅឆ្នាំ១៩៩៤។ ISI បានប្រើតាលីបង់ដើម្បីបង្កើតរបបមួយនៅអាហ្វកានីស្ថានដែលនឹងបង្កើតផលចំណេញនិងផលប្រយោជន៍ដល់ប៉ាគីស្ថានពិសេសគឺឥទ្ធិពលរបស់ពួកគេនៅក្នុងតំបន់។ បន្ទាប់ពីបានបង្កើតចលនាតាលីបង់ឡើងមក ISI និងយោធាប៉ាគីស្ថានតែងតែផ្តល់ជំនួញនិងការគាំទ្រផ្នែកហិរញ្ញវត្ថុ ភស្តុភារ និងយោធា។[១១៧]

បើយោងទៅតាមអ្នកជំនាញជនជាតិប៉ាគីស្ថានម្នាក់ឈ្មោះអាម៉េដ រ៉ាស៊ីតបានឱ្យដឹងថា"នៅរវាងឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩ ទាហានយោធាប៉ាគីស្ថានពីប្រមាណ ៨០,០០០ ទៅ ១០០,០០០ នាក់បានហ្វឹងហ្វាត់និងប្រយុទ្ធឱ្យខាងតាលីបង់នៅក្នុងប្រទេសអាហ្វកានីស្ថាន"។ លោកពីទ័រ ថមសុនបានបញ្ជាក់ថារហូតត្រឹមព្រឹត្តិការណ៍ ៩/១១ យោធាប៉ាគីស្ថាននិងមន្រ្តី ISI រួមជាមួយនឹងបុគ្គលិកកងកម្លាំងប្រដាប់អាវុធប៉ាគីស្ថានរាប់ពាន់នាក់បានចូលរួមក្នុងសង្គ្រាមនៅអាហ្វកានីស្ថាន។[១១៨][១១៩]

យោងតាមប្រភពអន្តរជាតិមួយចំនួននៅអំឡុងឆ្នាំ២០០១ បានឱ្យដឹងថា ទាហានប៉ាគីស្ថានប្រមាណ ២៨,០០០–៣០,០០០ នាក់រួមជាមួយយុទ្ធជនតាលីបង់ប្រមាណ ១៤,០០០–១៥,០០០ នាក់និងជនសកម្មប្រយុទ្ធអាល់កៃដាប្រមាណ ២,០០០–៣,០០០ នាក់បានរួមប្រយុទ្ធជាមួយគ្នាប្រឆាំងនឹងកងកម្លាំងប្រឆាំងតាលីបង់នៅអាហ្វកានីស្ថាន។ ប្រធានាធិបតីប៉ាគីស្ថាននាពេលនោះគឺលោកពែវ៉េស មូសារ៉ាហ្វ (ហើយក៏ជាមេបញ្ជាការកងទ័ពប៉ាគីស្ថានផងដែរ) គឺជាអ្នកដែលទទួលខុសត្រូវចំពោះសេចក្តីសម្រេចបញ្ជូនទាហានប៉ាគីស្ថានរាប់ពាន់នាក់ទៅប្រយុទ្ធខាងក្រុមតាលីបង់នៅអាហ្វកានីស្ថាន។ ក្នុងចំណោមជនជាតិប៉ាគីស្ថានប្រមាណ ២៨,០០០ នាក់ដែលកំពុងប្រយុទ្ធនៅអាហ្វកានីស្ថាន មាន ៨,០០០ នាក់ជាសកម្មប្រយុទ្ធដែលត្រូវបានកេណ្ឌជ្រើសរើសក្នុងម៉ាដ្រាសាដើម្បីយកទៅបំពេញជួរកងទ័ពតាលីបង់។ ឯកសារឆ្នាំ១៩៩៨ ដោយក្រសួងរដ្ឋអាមេរិកបានបញ្ជាក់ថា យុទ្ធជនតាលីបង់ពីប្រមាណ ២០% ទៅ ៤០% គឺមានដើមកំណើតមកពីប្រទេសប៉ាគីស្ថាន។[១២៦]

នៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៧ តាលីបង់បានបើកការវាយប្រហារលើស៊ែប៊ឺហ្កានដែលជាមូលដ្ឋានយោធាដ៏សំខាន់មួយកន្លែងរបស់កងកម្លាំងប្រឆាំង។ មេមូលដ្ឋាននោះគឺលោកឌូស្តុមបាននិយាយឱ្យដឹងថា មូលហេតុដែលការវាយប្រហារនេះប្រកបទៅដោយជោគជ័យគឺដោយសារតែមានកងកុម្ម៉ង់ដូប៉ាគីស្ថានចំនួន ១,៥០០ នាក់បានចូលរួមហើយកម្លាំងទ័ពអាកាសប៉ាគីស្ថានក៏បានផ្តល់ជំនួយគាំទ្រផងដែរ។[១២៧]

នៅឆ្នាំ១៩៩៨ អ៊ីរ៉ង់បានចោទប្រកាន់ប៉ាគីស្ថានថាបានបញ្ជូនកងកម្លាំងអាកាសរបស់ខ្លួនទៅទម្លាក់គ្រាប់បែកនៅទីក្រុងមួយឈ្មោះម៉ាស្សា-អ៊ី-សារីហ្វនិងថែមទាំងបានចោទដោយផ្ទាល់លើកងទ័ពប៉ាគីស្ថានពី"បទឧក្រិដ្ឋកម្មសង្គ្រាមនៅក្រុងបាមីយ៉ាន"។ នៅឆ្នាំដដែរនោះ ប្រទេសរុស្ស៊ីបាននិយាយថា ប៉ាគីស្ថានគឺត្រូវមានទំនួលខុសត្រូវចំពោះ"ការពង្រឹងយោធា"របស់ពួកតាលីបង់នៅភាគខាងជើងអាហ្វកានីស្ថានដោយបញ្ជូនកងទ័ពប៉ាគីស្ថានមួយចំនួនធំដោយក្នុងនោះមានមួយចំនួនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដោយរណសិរ្សរួបរួមប្រឆាំងតាលីបង់។[១២៨][១២៩]

នៅអំឡុងឆ្នាំ២០០០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មហាមឃាត់ជំនួយផ្នែកយោធាដល់ក្រុមតាលីបង់ដោយមន្ត្រីអង្គការសហប្រជាជាតិបានសម្តៅលើប្រទេសប៉ាគីស្ថានផ្ទាល់។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានរិះគន់ប៉ាគីស្ថានយ៉ាងច្បាស់ចំពោះសកម្មភាពគាំទ្រផ្នែកយោធារបស់ពួកគេហើយក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់ទៀតថា "ខ្លួនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ពាក់ព័ន្ធនឹងចំនួនទាហានខាងក្រុមតាលីបង់រាប់ពាន់នាក់ដែលមិនមែនជាជនជាតិអាហ្វកានីស្ថាន"។ នៅខែកក្កដា ឆ្នាំ២០០១ ប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិកបានចោទប៉ាគីស្ថានថាបានរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយប៉ាគីស្ថាននូវតែបន្តផ្តល់ជំនួយយោធានិងហិរញ្ញវត្ថុដល់តាលីបង់។ នៅឆ្នាំ១៩៩៧ ក្នុងប្រតិបត្តិការចូលកាន់កាប់ទីក្រុងកាប៊ុល ប៉ាគីស្ថានបានចំណាយថវិកាប្រមាណ ៣០ លានដុល្លារសម្រាប់ជំនួយយោធានិង ១០ លានដុល្លារទៀតសម្រាប់ប្រាក់ឈ្នួលរដ្ឋាភិបាល។.[១៣០][១៣១][១៣២]

នៅអំឡុងឆ្នាំ២០០០ សេវាស៊ើបការណ៍សម្ងាត់អង់គ្លេស (MI6) បានរាយការណ៍ថា ISI បានដើរតួនាទីយ៉ាងសកម្មនៅក្នុងជំរុំហ្វឹកហ្វឺនអាល់កៃដានៅលើទឹកដីអាហ្វកានីស្ថាន។ ISI បានជួយសាងសង់ជំរុំហ្វឹកហ្វឺនទាំងនោះសម្រាប់ទាំងតាលីបង់និងអាល់កៃដា។ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ប្រទេសអាហ្វកានីស្ថានបានក្លាយជាសប្បុកលាក់ខ្លួនរបស់ក្រុមអាល់កៃដា។[១៣៣][១៣៤][១៣៥][១៣៦][១៣៧]

ចលនាតស៊ូប្រឆាំងតាលីបង់ក្រោមបញ្ជាការម៉ាស៊ូដ

Thumb
ផែនទីនយោបាយអាហ្វកានីស្ថានក្រោមរបបតាលីបង់នៅដើមឆ្នាំ២០០០

នៅចុងឆ្នាំ១៩៩៦ លោកអាម៉ាដ សា ម៉ាស៊ូដនិងលោកអាប់ឌុល រ៉ាស៊ីត ដូស្តុមបានបង្កើតរណសិរ្សរួបរួមមួយឡើង (ឬអាចហៅថាសម្ព័ន្ធមិត្តខាងជើង) ដើម្បីប្រឆាំងនឹងពួកតាលីបង់។ អ្នកនយោបាយនិងអ្នកការទូតសំខាន់ៗនៃរណសិរ្សនេះមាន៖ លោកអាប់ឌុល រ៉ាហ៊ីម ហ្កាហ្វ័រហ្សៃ លោកអាប់ឌូឡា អាប់ឌូឡា និងម៉ាស៊ូដ កាលីលី។ ចាប់ពីឆ្នាំ១៩៩៦ ពោលគឺក្រោយការចូលកាន់កាប់ទីក្រុងកាប៊ុលដោយតាលីបង់រហូតដល់ឆ្នាំ២០០១ រណសិរ្សរួបរួមរបស់ម៉ាស៊ូដបានត្រួតត្រាលើខេត្តចំនួនដប់ដែលស្មើនឹង ៣០% នៃប្រជាជនអាហ្វកានីស្ថានសរុប។

បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេលយ៉ាងយូរ ទីបំផុតកងកម្លាំងរបស់ដូស្តុមក៏ត្រូវបានទទួលចុះចាញ់នៅឆ្នាំ១៩៩៨។ ក្រោមមក ដាស្តុមក៏បានភៀសខ្លួនទៅបរទេសដោយបន្សល់ទុកលោកម៉ាស៊ូដជាមេដឹកនាំប្រឆាំងតាលីបង់តែមួយគត់នៅអាហ្វកានីស្ថាន។ ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីក្រោមម៉ាស៊ូដគឺមានសេរីភាពច្រើនជាងអ្នកដែលនៅក្នុងទឹកដីតាលីបង់។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា ករណីរំលោភសិទ្ធិមនុស្សនៅតាមទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងរបស់ម៉ាស៊ូដគឺមានកម្រិតទាបបំផុតពីដើមរហូតដល់ចប់។ មនុស្សចំនួនពី ៤០០,០០០ ទៅមួយលាននាក់បានរត់ភៀសខ្លួនមករស់នៅក្នុងទឹកដីម៉ាស៊ូដ។[១២៥][១៣៨][១៣៩]

នៅដើមឆ្នាំ២០០១ លោកម៉ាស៊ូដរួមជាមួយមេដឹកនាំក្រុមជនជាតិនៅអាហ្វកានីស្ថានបានថ្លែងទៅសភាអឺរ៉ុបនៅឯទីក្រុងព្រុចសែលដោយសុំឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វកានីស្ថាន។ លោកបានបញ្ជាក់ថា តាលីបង់និងអាល់កៃដាបានណែនាំ"ការយល់ឃើញខុសឆ្គងយ៉ាងជ្រាលជ្រៅចំពោះសាសនាឥស្លាម" ហើយបើគ្មានការគាំទ្រពីប៉ាគីស្ថាននិងប៊ីនឡាដិនទេ ពួកតាលីបង់នឹងមិនអាចទ្រទ្រង់យុទ្ធនាការយោធារបស់ពួកគេរហូតដល់ទៅរយៈពេលមួយឆ្នាំឯណោះ។ នៅដំណើរទស្សនកិច្ចនៅឯអឺរ៉ុបនេះ លោកបានបន្តថ្លែងទៀតថាក្រុមស៊ើបការណ៍សម្ងាត់របស់លោកបានប្រមូលព័ត៌មានទាក់ទងនឹងផែនការវាយប្រហារជាទ្រង់ទ្រាយធំនៅលើទឹកដីអាមេរិកនាពេលខាងមុខនេះ។ ប្រធានសភាអឺរ៉ុបគឺលោកស្រីនីកូល ហ្វុនតេនបានសម្តៅទៅលោម៉ាស៊ូដថាជា"បង្គោលនៃសេរីភាពនៅអាហ្វកានីស្ថាន"។[១៤០][១៤១][១៤២][១៤៣]

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០១ លោកម៉ាស៊ូដបានធ្លាក់ខ្លួនជាជនរងគ្រោះនៅក្នុងការវាយប្រហារបែបអត្តឃាតកម្មមួយដោយជនជាតិអារ៉ាប់ចំនួនពីររូបដែលបន្លំខ្លួនធ្វើជាអ្នកសារព័ត៌មាន។ ម៉ាស៊ូដដែលធ្លាប់បានជៀសផុតពីការប៉ុនប៉ងធ្វើឃាតរាប់មិនអស់ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកបានទទួលអនិច្ចកម្មនៅក្នុងឧទ្ធម្ភាគចក្រខណៈកំពុងដឹកគាត់ទៅកាន់មន្ទីរពេទ្យ។[៦៨][១៤៤][១៤៥][១៤៦]

ឃាតកម្មលោកម៉ាស៊ូដត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិកាណ៍ ១១ កញ្ញាដែលកើតឡើងនៅលើទឹកដីអាមេរិកដោយបានសម្លាប់មនុស្សជិត ៣,០០០ នាក់ហើយវាហាក់ដូចជាការវាយប្រហារភេរវកម្មដែលលោកម៉ាស៊ូដធ្លាប់បានព្រមាននៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភាអឺរ៉ុបកាលពីប៉ុន្មានខែមុន។ លោកចនអូនីលគឺជាអ្នកជំនាញប្រឆាំងភេរវកម្មនិងជាជំនួយការនាយកការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) រហូតដល់ចុងឆ្នាំ២០០១។ លោកបានចូលនិវត្តន៍ពី FBI និងត្រូវបានគេផ្តល់ជូនតំណែងជានាយកសន្តិសុខនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC)។ គាត់បានទទួលមុខងារដែលផ្តល់ឱ្យនោះរយៈពេលពីរសប្តាហ៍មុនព្រឹត្តិការណ៍ ១១ កញ្ញា។ លោកអូនីលបានទទួលមរណភាពនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅពេលប៉មភាគខាងត្បូងបានដួលរលំចុះមកដី។[១៤៧][១៤៨]

ក្រោយព្រឹត្តិការណ៍ ១១ កញ្ញា កងទ័ពរណសិរ្សរួបរួមរបស់លោកម៉ាស៊ូដរួមជាមួយនឹងកងកម្លាំងថ្មីរបស់លោកដាស្តុមបានទម្លាក់ក្រុមតាលីបង់ចេញពីអំណាចដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ គេបានសម្តៅលើយុទ្ធនាការយោធានេះថា"ប្រតិបត្តិការទ្រាំទ្រសេរីភាព"។ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០០១ រណសិរ្សរួបរួមបានគ្រប់គ្រងទឹកដីអាហ្វកានីស្ថានភាគច្រើនហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយក្រោមការដឹកនាំរបស់លោកហាមីដ កាហ្សៃ។

ការទម្លាក់តាលីបង់ចេញពីអំណាចនិងជម្លោះជាបន្តបន្ទាប់

ផ្ទៃរឿង

Thumb
ឆ្មាំព្រំដែនតាលីបង់នៅអំឡុងឆ្នាំ២០០១

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០១ ប្រធានាធិបតីអាមេរិកលោកចច ប៊ូសបានថ្លែងទៅកាន់សម័យប្រជុំសភារួមស្តីបន្ទោសអាល់កៃដាចំពោះការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ដោយបញ្ជាក់ថា"ថ្នាក់ដឹកនាំអាល់កៃដាគឺមានឥទ្ធិពលខ្លាំងក្លានៅអាហ្វកានីស្ថានហើយពួកគេថែមទាំងគាំទ្ររបបតាលីបង់នៅក្នុងប្រទេសអាហ្វកានីស្ថានផងដែរ"។ លោកបាននិយាយថា"យើងបានថ្កោលទោសក្រុមតាលីបង់"..."នៅយប់នេះ សហរដ្ឋអាមេរិកបានទាមទារឱ្យតាលីបង់នូវចំណុចដូចតទៅ (ហើយអាមេរិកមិនបើកចំហចំពោះការចរចាឬការពិភាក្សាណានោះឡើយ)"៖[១៤៩][១៥០]

១. ប្រគល់ខ្លួនមេដឹកនាំអាល់កៃដាទាំងអស់ឱ្យមកអាមេរិក

២. ដោះលែងជនបរទេសទាំងអស់ដែលបានជាប់ពន្ធនាគារដោយភាពអយុត្តិធម៌

៣. ការពារអ្នកសារព័ត៌មាន អ្នកការទូត និងកម្មករជំនួយ

៤. បិទជំរុំហ្វឹកហ្វឺនភេរវករជាបន្ទាន់

៥. ប្រគល់រាល់ភេរវករនិងអ្នកគាំទ្រពួកគេទៅឱ្យអាជ្ញាធរសមស្រប

៦. ផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិពេញលេញក្នុងការចុះត្រួតពិនិត្យជំរុំហ្វឹកហ្វឺនភេរវករទាំងនោះ។

សហរដ្ឋអាមេរិកបានផ្ញើលិខិតទៅសហគមន៍អន្តរជាតិឱ្យចូលគាំទ្រយុទ្ធនាការយោធាដើម្បីផ្តួលរំលំរបបតាលីបង់។ អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចចំនួនពីរស្តីពីភេរវកម្មក្រោយពីព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ ខែកញ្ញា។ សេចក្តីសម្រេចទាំងពីរនោះបានអំពាវនាវដល់រដ្ឋទាំងអស់ឱ្យ"បង្កើនកិច្ចសហប្រតិបត្តិការនិងការអនុវត្តឱ្យបានពេញលេញនូវអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងភេរវកម្ម" និងបានផ្តល់អនុសាសន៍ឯកភាពគ្នាសម្រាប់ប្រទេសទាំងអស់។[១៥១][១៥២] យោងតាមការស្រាវជ្រាវសង្ខេបដោយបណ្ណាល័យសភាសាមញ្ញជន៖ ថ្វីបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មិនអនុញ្ញាតឱ្យមានយុទ្ធនាការយោធាដឹកនាំដោយអាមេរិកក៏ដោយក៏ត្រូវបាន"គេយល់ថាវាជាទម្រង់នៃការការពារខ្លួនឯងពីភេវរកម្មដោយស្របច្បាប់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ" ហើយទីបំផុត ក្រុមប្រឹក្សាក៏បាន"ផ្តល់សិទ្ធិឱ្យអនុវត្តប្រតិបត្តិការយោធាភ្លាមៗដើម្បីរក្សាស្ថិរភាពប្រទេសនិងពិភពលោក"។[១៥៣] នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០១ ណាតូបានអនុម័តយុទ្ធនាការប្រឆាំងនឹងប្រទេសអាហ្វកានីស្ថានដោយអះអាងថាវាជាការការពារខ្លួនឯងពីការវាយប្រហារប្រដាប់អាវុធបរទេស។[១៥៤]

ឯកអគ្គរដ្ឋទូតតាលីបង់ប្រចាំប្រទេសប៉ាគីស្ថានលោកអាប់ឌុល សាឡិម ហ្សាអ៊ីហ្វបានឆ្លើយតបនឹងឱសានវាទនោះដោយទាមទារឱ្យមាន"ភស្តុតាងច្បាស់លាស់"ថាប៊ីនឡាដិនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះឬអត់ ហើយបានបន្តបញ្ជាក់ថា"ជំហររបស់យើងគឺថាប្រសិនបើអាមេរិកមានភស្តុតាង ពួកគេគួរតែបង្ហាញវា"។ លើសពីនេះ តាលីបង់បានទាមទារឱ្យរឿងក្តីជំនុំជម្រះទាំងអស់លើប៊ិនឡាដិនគួរតែធ្វើឡើងនៅក្នុងតុលាការប្រទេសអាហ្វកានីស្ថាន។ ហ្សាអ៊ីហ្វក៏បានអះអាងផងដែរថា"ជនជាតិជីហ្វចំនួន ៤,០០០ នាក់ដែលធ្វើការនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មបានដឹងមុនអំពីផែនការភេវរកម្មនោះហើយ'ពួកគេបាននាំគ្នាអវត្តមានអស់នៅចំថ្ងៃនោះ'"។ ការឆ្លើយតបនេះជាទូទៅត្រូវបានគេច្រានចោលថាជាយុទ្ធសាស្ត្រពន្យារពេលបេសកកម្មណាតូច្រើនជាជាងការព្យាយាមសហការជាមួយឱសានវាទ។[១៥៥][១៥៦][១៥៧][១៥៨][១៥៩][១៦០] នៅថ្ងៃទី២២ ខែកញ្ញា អេមីរ៉ាតអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីតបានដកសេចក្តីទទួលស្គាល់ក្រុមតាលីបង់ថាជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសអាហ្វកានីស្ថានដោយបន្សល់ទុកឱ្យប៉ាគីស្ថានជាប្រទេសតែមួយគត់ដែលនូវមានទំនាក់ទំនងការទូតជាមួយតាលីបង់។ នៅថ្ងៃទី៤ ខែតុលា ពួកតាលីបង់បានយល់ព្រមបញ្ជូនប៊ិនឡាដិនទៅប្រទេសប៉ាគីស្ថានដើម្បីធ្វើការជំនុំជម្រះនៅសាលាក្តីអន្តរជាតិដែលដំណើរការតាមច្បាប់ឥស្លាមសារីយ៉ាប៉ុន្តែប៉ាគីស្ថានបានដកខ្លួនចេញដោយអះអាងថាខ្លួនមិនអាចធានានូវសុវត្ថិភាពរបស់គាត់បានទេ។ នៅថ្ងៃទី៧ ខែតុលា ឯកអគ្គរដ្ឋទូតតាលីបង់ប្រចាំប្រទេសប៉ាគីស្ថានបានស្នើឱ្យមានការឃុំខ្លួនប៊ិនឡាដិននិងកាត់ទោសគាត់ក្រោមច្បាប់ឥស្លាមប្រសិនបើអាមេរិកធ្វើសំណើផ្លូវការនិងបង្ហាញភស្តុតាងដល់តាលីបង់។[១៦១][១៦២][១៦៣]

ប្រតិបត្តិការឈ្លានពាន

Thumb
ក្រុមតាលីបង់ត្រូវបានដកចេញពីអំណាចនៅខែតុលា ឆ្នាំ២០០១ ដោយកងកម្លាំងរបស់រណសិរ្សរួបរួមឥស្លាម (សម្ព័ន្ធភាពខាងជើង) ជាមួយនឹងជំនួយពីក្រុមប្រតិបត្តិការពិសេសសហរដ្ឋអាមេរិកនិងកងកម្លាំងជើងអាកាសអាមេរិក

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០១ សហរដ្ឋអាមេរិកដែលមានជំនួយពីអង់គ្លេស កាណាដា និងបណ្តាប្រទេសណាតូមួយចំនួនទៀតបានរួមគ្នាផ្តួចផ្តើមសកម្មភាពយោធាទម្លាក់គ្រាប់បែកមកលើពួកតាលីបង់និងជំរុំអាល់កៃដា។[១៦៤][១៦៥] គោលដៅចម្បងនៃប្រតិបត្តិការយោធានេះគឺដើម្បីដកក្រុមតាលីបង់ចេញពីអំណាចនិងការពារប្រទេសអាហ្វកានីស្ថានកុំឱ្យធ្លាក់ជាមូលដ្ឋានប្រតិបត្តិការរបស់ក្រុមភេវរករ។[១៦៦]

អង្គភាពសកម្មភាពពិសេស (SAD) របស់ CIA គឺជាកងកម្លាំងអាមេរិកដំបូងដែលត្រូវបានបញ្ជូនចូលប្រទេសអាហ្វកានីស្ថាន (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសផ្សេងៗបានធ្វើប្រតិបត្តិការក្រោមឈ្មោះ SAD)។ ពួកគេបានចូលរួមជួបជាមួយរណសិរ្សរួបរួមអាហ្វកានីស្ថាន (សម្ព័ន្ធភាពខាងជើង) ដើម្បីត្រៀមខ្លួនធ្វើប្រតិបត្តិការនៅពេលកងកម្លាំងប្រតិបត្តិការពិសេសសហរដ្ឋអាមេរិកមកចុះដល់។ នៅពេលក្រុមប្រតិបត្តិការពិសេសសហរដ្ឋអាមេរិកបានចុះមកដល់ទឹកដីអាហ្វកានីស្ថាន កងកម្លាំងទាំងអស់ក៏បានរួបរួមគ្នាចេញទៅទម្លាក់តាលីបង់ចេញពីអំណាចដោយមានករណីរងរបួសតិចតួចបំផុតនិងដោយមិនចាំបាច់ប្រើប្រាស់កម្លាំងមូលដ្ឋានជើងគោកអន្តរជាតិអ្វីនោះទេ។ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានបញ្ជាក់នៅក្នុងវិចារណកថារបស់ចន ឡឺម៉ានក្នុងឆ្នាំ ២០០៦ ថា៖

អ្វីដែលធ្វើឱ្យយុទ្ធនាការអាហ្វកានីស្ថានក្លាយជាចំណុចដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រយោធាអាមេរិកគឺថាវាត្រូវចូលរួមដោយកងកម្លាំងប្រតិបត្តិការពិសេសពីសេវាកម្លាំងទាំងអស់រួមជាមួយកម្លាំងយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកនិងអាកាសដែលប្រតិបត្តិដោយសម្ព័ន្ធភាពអាហ្វកានីស្ថានខាងជើងនិង CIA។ ហើយមិនចាំបាច់បញ្ជូនកងទ័ពឬកងម៉ារីនអ្វីធំដុំនោះទេ។[១៦៧]

នៅថ្ងៃទី១៤ ខែតុលា ក្រុមតាលីបង់បានស្នើឱ្យមានការពិភាក្សាអំពីការប្រគល់ខ្លួនលោកអូសាម៉ាប៊ីនឡាដិនទៅឱ្យប្រទេសអព្យាក្រឹតជាថ្នូរនឹងការបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែកប៉ុន្តែលុះត្រាតែតាលីបង់អាចរកឃើញភស្តុតាងថាប៊ិនឡាដិនបានចូលរួមក្នុងបេសកកម្មភេវរករ ៩/១១ សិន។[១៦៨] តែទោះជាយ៉ាងណា អាមេរិកបានច្រានចោលសំណើមួយនេះរួចបន្តប្រតិបត្តិការយោធារបស់ពួកគេ។

នៅខែវិច្ឆិកា ឆ្នាំ២០០១ មុនពេលចូលកាន់កាប់ទីក្រុងឃុនឌូស ថ្នាក់ដឹកនាំនិងយុទ្ធជនតាលីបង់ អាល់កៃដា ភ្ញាក់ងារស៊ើបការណ៍អន្តរសេវា និងអ្នកគាំទ្រតាលីបង់ជាច្រើននាក់ត្រូវបានជម្លៀសចេញពីទីក្រុងដោយអាកាសយានភណ្ឌប៉ាគីស្ថានទៅមូលដ្ឋានកងកម្លាំងជើងអាកាសប៉ាគីស្ថាននៅឯភាគខាងជើងប្រទេសប៉ាគីស្ថាន។[១៦៩][១៧០][១៧១][១៧២][១៧៣]

នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ក្រុមតាលីបង់បានដកថយចេញពីទីក្រុងកាប៊ុលតាមភាគខាងត្បូង។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ពួកគេបានដោះលែងបុគ្គលិកជំនួយលោកខាងលិចចំនួន ៨ នាក់បន្ទាប់ពីអ្នកទាំងនោះជាប់ឃុំឃាំងអស់រយៈពេលជាងបីខែ។ មកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមតាលីបង់បានដកថយចេញពីទីក្រុងកាប៊ុលនិងចាឡាឡាបាដទាំងស្រុង។ ទីបំផុតនៅដើមខែធ្នូ ក្រុមតាលីបង់បានបោះបង់ចោលទីក្រុងកាន់ដាហារដែលជាមូលដ្ឋានចុងក្រោយរបស់ពួកគេប៉ុន្តែមិនបានប្រកាស់ចុះចាញ់ទេ។[ត្រូវការអំណះអំណាង]

ដំណើរផុសឡើងវិញក្រោយឆ្នាំ២០០១

ក្រោយពីព្រឹត្តិការណ៍ ៩/១១ ប៉ាគីស្ថានត្រូវបានគេបន្តចោទប្រកាន់ថានូវតែបន្តគាំទ្រក្រុមតាលីបង់ប៉ុន្តែខ្លួនបានបដិសេដ។[១៧៤][១៧៥]

Thumb
ផែនទីសកម្មភាពកុបកម្មតាលីបង់នៅរវាងឆ្នាំ២០០២ ដល់ឆ្នាំ២០០៦

នៅខែឧសភា និងមិថុនា ឆ្នាំ២០០៣ មន្ត្រីកំពូលតាលីបង់បានប្រកាសថា ក្រុមតាលីបង់បានប្រមូលផ្តុំគ្នាឡើងវិញនិងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើសង្គ្រាមដើម្បីបណ្តេញកងកម្លាំងអាមេរិកចេញពីអាហ្វកានីស្ថាន។[១៧៦][១៧៧] នៅចុងឆ្នាំ២០០៤ មេដឹកនាំតាលីបង់ដែលកំពុងលាក់ខ្លួនគឺលោកម៉ូហាម៉ាដ អូម៉ារបានប្រកាសថាកម្លាំងខ្លួននឹងបន្តកុបកម្មប្រឆាំងនឹង"អាមេរិកនិងអាយ៉ងរបស់វា" (ពោលគឺកងកម្លាំងរដ្ឋាភិបាលអន្តរកាលអាហ្វកានីស្ថាន) ដើម្បី"ដណ្តើមអធិបតេយ្យភាពនៃប្រទេសអាហ្វកានីស្ថានមកវិញ"។[១៧៨]

អាមេរិកបានទទួលរងនូវករណីគំរាមកំហែងជាច្រើនពីតាលីបង់នៅតាមទីជនបទដូចកាលនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០៦ មានរថយន្តយោធាអាមេរិកមួយគ្រឿងនៅទីក្រុងកាប៊ុលត្រូវដាច់ហ្វ្រាំងហើយបានបន្តជ្រុលទៅបុករថយន្តស៊ីវិលចំនួន ១២ គ្រឿងទៀតដែលបណ្តាលឱ្យស្លាប់មនុស្សម្នាក់និងរបួសប្រាំមួយនាក់។ ហ្វូងមនុស្សនៅជុំវិញក៏កើតការខឹងសម្បារហើយកុបកម្មមួយបានផ្ទុះឡើងពេញមួយថ្ងៃដោយជាលទ្ធផល មនុស្សស្លាប់បន្ថែមចំនួន ២០ នាក់និងរបួសចំនួន ១៦០ នាក់។ នៅអំឡុងពេលបាតុកម្មនិងភាពចលាចលនោះ គេបានឮសម្លេងស្នូលគ្រាប់កាំភ្លើងបាញ់ចេញពីហ្វូងមនុស្សប្រមាណ ៤០០ នាក់ហើយដូច្នេះ កងទ័ពអាមេរិកក៏បាន"ប្រើប្រាស់កាំភ្លើង"របស់ពួកគេដោយបានអះអាងថា"វាគឺជាការការពារខ្លួនប៉ុណ្ណោះ"។ បន្ទាប់ពីព្រឹត្តិការណ៍នេះ អរិភាពនៃជនបរទេសក៏បានកើនឡើងលើសដើម នេះប្រហែលមកពីសកម្មភាពវាយប្រហារតាមអាកាសដោយអាមេរិកពីមួយសប្តាហ៍មុននៅភាគខាងត្បូងប្រទេសអាហ្វកានីស្ថានដែលបានធ្វើឱ្យបាត់បង់ជីវិតជនស៊ីវិលសរុប ៣០ នាក់ដោយទាហានអាមេរិកនាពេលនោះគិតថាយុទ្ធជនតាលីបង់បានចូលជ្រកកោននៅតាមគេហដ្ឋានស៊ីវិលទាំងនោះ។[១៧៩][១៨០]

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៩ មេបញ្ជាការប្រតិបត្តិការអាមេរិកនៅអាហ្វកានីស្ថានគឺលោកឧត្តមសេនីយ៍ស្តានលី ម៉ាកគ្រីស្តាល់ និងមន្រ្តីផ្សេងទៀតបានរាយការណ៍ថាថ្នាក់ដឹកនាំតាលីបង់គឺកំពុងស្ថិតនៅក្នុងក្រុងកេតា ប្រទេសប៉ាគីស្ថាន។[១៨១] ដល់ឆ្នាំ២០០៩ តាលីបង់បានបើកប្រតិបត្តិការយោធាដ៏ធំមួយឈ្មោះថាអាល់ហ្វាត (الفتح) ជាពាក្យដក់ស្រង់ចេញពីគម្ពីរកូអានមានន័យថា"ជ័យជម្នះ"។[១៨២][១៨៣][១៨៤]

នៅខែធ្នូ ឆ្នាំ២០០៩ អេស៊ាថែមស៍អនឡាញបានរាយការណ៍ថា ពួកតាលីបង់បានផ្តល់ឱ្យអាមេរិកនូវការធានាស្របច្បាប់ថាខ្លួននឹងមិនប្រើប្រាស់ទឹកដីអាហ្វកានីស្ថានសម្រាប់រៀបចំផែនការឬប្រតិបត្តិការវាយប្រហារលើប្រទេសណាទៀតឡើយប៉ុន្តែអាមេរិកមិនបានផ្តល់ចម្លើយតបវិញទេ។[១៨៥]

គិតត្រឹមខែកក្កដា ឆ្នាំ២០១៦ ទស្សនាវដ្តីថែមស៍បានធ្វើការប៉ាន់ស្មានថា ទឹកដីប្រទេសអាហ្វកានីស្ថាន ២០% គឺកំពុងស្ថិតនៅក្នុងដៃក្រុមតាលីបង់ដោយខេត្តចុងខាងត្បូងបង្អស់ឈ្មោះហែលម៉ានជាបន្ទាយមូលដ្ឋានរបស់ពួកគេ។[១៨៦] នៅខែធ្នូ ឆ្នាំ២០១៦ ឧត្តមសេនីយ៍លោកនីកូលសុនបានថ្លែងប្រាប់ថាទឹកដី ១០% ប៉ុណ្ណោះដែលស្ថិតនៅក្រោមតាលីបង់ខណៈដែលទឹកដី ២៦% ទៀតជាទឹកដីជម្លោះរវាងរដ្ឋាភិបាលអាហ្វកានីស្ថាននិងចលនាកុបកម្មតូចៗដទៃទៀត។[១៨៧]

Thumb
អ្នកតំណាងអាមេរិក (ឆ្វេង) នៅក្នុងជំនួបជាមួយគណៈប្រតិភូតាលីបង់នៅទីក្រុងដូហា ប្រទេសកាតា, ២១ វិច្ឆិកា ២០២០

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ តាលីបង់បានសម្លាប់មនុស្សប្រមាណ ៥០ នាក់នៅឯទីក្រុងកាប៊ុលដោយការបំផ្ទុះគ្រាប់បែក។ នៅខែសីហា ឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានថ្លែងសុន្ទរកដៀលត្មះក្រុមតាលីបង់ ក្រោយមក អ្នកនាំពាក្យតាលីបង់បានចេញតបមកវិញថាពួកគេនឹងបន្តប្រយុទ្ធដើម្បីរំដោះអាហ្វកានីស្ថានពី"អាមេរិកដែលជាអ្នកឈ្លានពាន"។[១៨៨]

នៅឆ្នាំ២០២០ រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់និងឡេវ៉ាន (ISIL) បានបាត់បង់ទឹកដីរបស់ខ្លួនស្ទើរទាំងអស់ហើយសកម្មភាពភេរវកម្មរបស់ពួកគេក៏កាន់តែថយចុះដែរ។ ដូចនេះ វិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាពនៅប្រទេសអូស្ត្រាលីបានចាត់ទុកតាលីបង់ជាក្រុមភេវរករដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក ជាពិសេសគឺសកម្មភាពយុទ្ធនាការយោធាថ្មីៗរបស់ក្រុមនេះ។[១៨៩]

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មានសេចក្តីរាយការណ៍ថាកូនប្រុសរបស់មូលឡាអូម៉ារឈ្មោះម៉ូហាម៉ាដ យ៉ាកូបបានក្លាយជាមេដឹកនាំតាលីបង់ម្នាក់។[១៩០] វាត្រូវបានបញ្ជាក់យ៉ាងច្បាស់បន្ថែមនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ថាលោកយ៉ាកូបបានក្លាយជាប្រធានគណៈកម្មការយោធាតាលីបង់ដែលធ្វើឱ្យលោកក្លាយជាមេបញ្ជាការយោធានៃចលនាបះបោរនៅអាហ្វកានីស្ថាន។[១៩១]

ឆ្នាំ២០២១ និងការឡើងកាន់អំណាចជាថ្មី

នៅពាក់កណ្តាលឆ្នាំ២០២១ តាលីបង់បានបើកការវាយលុកជាលក្ខណៈទ្រង់ទ្រាយធំបន្ទាប់ពីអាមេរិកបានប្រកាសដកទ័ពចេញពីអាហ្វកានីស្ថានហើយគិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ តាលីបង់បានត្រួតត្រាលើទឹកដីអាហ្វកានីស្ថានជាងពាក់កណ្តាល។[១៩២] [១៩៣]

គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២១ តាលីបង់បានចូលគ្រប់គ្រងទីក្រុងសំខាន់ៗស្ទើរទាំងអស់និងរួមទាំងរដ្ឋធានីកាប៊ុលផងដែរដោយក្នុងនោះ ក្រុមតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីក្រោយពីប្រធានាធិបតីអាហ្វកានីស្ថាននាពេលនោះគឺលោកអាស្រាហ្វ ហ្កានីបានរត់ភៀសខ្លួនទៅអេមីរ៉ាតអារ៉ាប់រួម។[១៩៤][១៩៥] ការសុំសិទ្ធិជ្រកកោនរបស់លោកហ្កានីត្រូវបានបញ្ជាក់ដោយក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។[១៩៦][១៩៧] កងកម្លាំងអាហ្វកានីស្ថានដែលនៅសេសសល់ទាំងប៉ុន្មានក្រោមបញ្ជាការរបស់លោកអាមរូឡា សាឡេ និងអាម៉េដ ម៉ាស៊ូដបាននាំគ្នារត់ទៅតំបន់បាញស៊ួរដើម្បីបង្កើតចលនាបះបោរថ្មីប្រឆាំងនឹងតាលីបង់។[១៩៨][១៩៩][២០០]

មនោគមវិជ្ជា

មនោគមវិជ្ជារបស់តាលីបង់ត្រូវបានគេលើកឡើងមកថាជា"ទម្រង់នវានុវត្តន៍នៃសារីយ៉ាដែលរួមបញ្ចូលក្រមរដ្ឋប្បវេណីកុលសម្ព័ន្ធប៉ាស្តុន"[២០១] ឬហៅថាបាស្តុនវ៉ាលីជាមួយនឹងលទ្ធិឌីអូបានឌីជ្រុលនិយម។[២០២] ពួកតាលីបង់ធ្លាប់បាននិយាយថាគោលដៅរបស់ពួកគេគឺស្តារសន្តិភាពនិងសន្តិសុខនៅអាហ្វកានីស្ថានដោយតម្រូវឱ្យទាហានបស្ចឹមលោកទាំងប៉ុន្មានចុះចេញពីមាតុប្រទេសរួចពួកគេនឹងប្រកាន់អនុវត្តច្បាប់សារីយ៉ាពេលបានឡើងកាន់អំណាច។[២០៣][២០៤][២០៥]

ពួកតាលីបង់បានអនុវត្តមនោគមន៍វិជ្ជាខ្លួនយ៉ាងម៉ឹងម៉ាតនៅតាមទីប្រជុំជនធំៗដូចជា ហេរ៉ាដ កាប៊ុល និងកាន់ដាហារជាដើម។ ប៉ុន្តែ នៅតំបន់ជនបទវិញគឺមិនសូវមានការគ្រប់គ្រងពេញលេញនោះទេដូច្នេះពួកគេបានជម្រុញឱ្យអនុវត្តប្រព័ន្ធជាហ្កា (សភាភូមិ) ពោលគឺតាលីបង់មិនដែលបានអនុវត្តមនោគមវិជ្ជាដ៏តឹងរឹងរបស់ខ្លួននៅតំបន់ជនបទឡើយ។[២០៦]

(ឌីអូបង់ឌី) ក្បួនខ្នាតឥស្លាម

Thumb
វិហារដារុលអ៊ូលូមឌីអូបង់នៅអុត្តាប្រដែស ប្រទេសឥណ្ឌា, ជាកន្លែងដែលចលនាឌីអូបង់ឌីលេចចេញដំបូង

របបតាលីបង់បានអនុវត្តច្បាប់សារីយ៉ាដោយអនុលោមទៅតាមសាលាហាណាហ្វីនៃយុត្តាធិការឥស្លាមនិងច្បាប់សាសនារបស់មូលឡាអូម៉ារ។ តាលីបង់បានហាមឃាត់ការបរិភោគសាច់ជ្រូកនិងគ្រឿងស្រវឹង ការប្រើប្រាស់ប្រភេទបច្ចេកវិទ្យាទំនើបៗដូចជា តន្ត្រី ទូរទស្សន៍ ខ្សែភាពយន្ត អន្តរជាល ហាមឃាត់ទម្រង់ប្រភេទសិល្បៈមួយចំនួនដូចជាវិចិត្រកម្មនិងសិល្បៈថតរូប ការចូលរួមក្នុងវិស័យកីឡាដូចជាបាល់ទាត់ឬល្បែងអុក សកម្មភាពកម្សាន្តដូចជាការបង្ហោះខ្លែង និងការរក្សាសត្វព្រាបឬសត្វចិញ្ចឹមដទៃទៀតក៏ត្រូវបានហាមឃាត់ដែរ ហើយបើយោងតាមវិន័យតាលីបង់ សត្វស្លាបទាំងនោះគឺត្រូវតែសម្លាប់ចោល។ រោងកុនត្រូវបានបិទនិងកែប្រែទៅជាវិហារសាសនា។ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមលោកខាងលិចនិងអ៊ីរ៉ង់ក៏ត្រូវបានហាមឃាត់ដែរ។ ការថតរូបនិងការបង្ហាញឬចែករំលែករូបភាពគឺត្រូវបានហាមឃាត់ព្រោះវាត្រូវបានក្រុមតាលីបង់ចាត់ទុកថាជាទម្រង់នៃសរណវត្ថុបូជា។ ស្ត្រីត្រូវបានហាមឃាត់មិនឱ្យចេញធ្វើការហើយយុវតីឬក្មេងស្រីគឺមិនឱ្យចុះឈ្មោះរៀនតាមសាលាឬសាកលវិទ្យាល័យណាមួយឡើយ ពេលចេញទៅទីសាធារណៈ មនុស្សស្រីត្រូវតែមានមនុស្សប្រុសដែលជាសាច់ញាតិឬសមាជិកគ្រួសារនៅអមដំណើរជានិច្ច។ អ្នកដែលរំលោភលើច្បាប់និងវិន័យទាំងអស់នេះនឹងត្រូវទទួលទោសទណ្ឌកម្ម។ បុរសត្រូវបានណែនាំឱ្យរក្សាពុកចង្ការនិងមិនត្រូវកោរចោលទេហើយត្រូវតែពាក់ឈ្នួតពេលចេញទៅទីសាធារណៈ។[២០៧] ការលេងល្បែងស៊ីសងត្រូវបានហាមឃាត់ជាដាច់ខាតហើយអ្នកប្រព្រឹត្តិអំពើឆក់ប្លន់គឺត្រូវបានចាប់ដាក់ទណ្ឌកម្មដោយកាត់ដៃឬជើងចោល។ នៅឆ្នាំ២០០០ មេដឹកនាំតាលីបង់គឺមូលឡាអូម៉ារបានចេញហាមឃាត់វប្បកម្មអាភៀននិងការជួញដូរគ្រឿងញៀនផ្សេងៗនៅលើទឹកដីអាហ្វកានីស្ថានជាផ្លូវការ។[២០៨][២០៩] គិតត្រឹមឆ្នាំ២០០១ ផលិតផលអាភៀនត្រូវបានធ្លាក់ចុះ ៩៩%។[២០៨][២០៩][២១០] នៅក្រោមរបបតាលីបង់ អ្នកប្រើប្រាស់ឬជួញដូរគ្រឿងញៀនគឺត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងរបបតាលីបង់ គេមិនអនុញ្ញាតឱ្យនរណាកាន់និកាយស៊ីអ៊ីតនោះទេហើយបើចាប់បាននឹងត្រូវតែទទួលទោស។ និកាយស៊ីអ៊ីត (ឬស៊ីយ៉ា) នៅអាហ្វកានីស្ថានគឺភាគច្រើនត្រូវបានកាន់ដោយក្រុមជនជាតិហាសារ៉ាដែលស្មើនឹង ១០% នៃប្រជាជនអាហ្វកានីស្ថានសរុប។ ដោយសារការរឹតបន្តឹងបែបនេះ អ្នកកាន់និកាយស៊ីអ៊ីតមួយចំនួនបានចេញមុខមកប្រឆាំងនឹងតាលីបង់ដូចជាលោកតាអ៊ូស្តាដ មហាម៉ាដ អាក់បារីជាដើម។[២១១] ប៉ុន្តែនៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមតាលីបង់បានផ្លាស់ប្តូរទស្សនៈរបស់ខ្លួនលើអ្នកកាន់និកាយស៊ីអ៊ីតដោយបានតែងតាំងបព្វជិតនិកាយស៊ីអ៊ីតមួយចំនួនជាអភិបាលតំបន់ និងអនុញ្ញាតឱ្យជនជាតិហាសារ៉ាចូលធ្វើយុទ្ធជនប្រយុទ្ធប្រឆាំងនឹងក្រុម ISIL។[២១២]

ក្រៅពីអ្នកកាន់និកាយស៊ីអ៊ីត តាលីបង់ក៏បានរើសអើងលើក្រុមអ្នកកាន់គ្រិស្តសាសនាផងដែរ។[២១៣] នៅខែឧសភា ឆ្នាំ២០០១ រដ្ឋាភិបាលតាលីបង់បានប្រកាសឱ្យព្រហ្មញ្ញសាសនិកនៅអាហ្វកានីស្ថានចូលពាក់សញ្ញាសម្គាល់សាសនារបស់ខ្លួន អ្នកវិភាគបរទេសបានប្រៀបធៀបទង្វើនេះទៅនឹងរបបណាស៊ីនៅប្រទេសអាល្លឺម៉ង់[២១៤]

ខុសពីអង្គការនយោបាយសាសនាឥស្លាមដទៃៗ តាលីបង់មិនមែនជាក្រុមបក្សពួកសាឡាហ្វីទេ។ ប្រទេសអារ៉ាប់ធំៗមួយចំនួនបាននាំយកសាលាម៉ាដ្រាសាសាឡាហ្វីមកអាហ្វកានីស្ថាននៅអំឡុងសម័យសង្គ្រាមសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក៏ប៉ុន្តែថ្នាក់ដឹកនាំឌីអូបង់ឌីរបស់តាលីបង់បានគាបសង្កត់លើចលនាសាឡាហ្វីនៅអាហ្វកានីស្ថានបន្ទាប់ពីបានឡើងកាន់កាប់អំណាចដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ បន្ទាប់ពីត្រូវទម្លាក់ចេញពីអំណាចដោយអាមេរិកនៅក្នុងឆ្នាំ២០០១ តាលីបង់បានចងសម្ព័ន្ធភាពជាមួយចលនាសាឡាហ្វីដើម្បីប្រឆាំងនឹងអាមេរិកប៉ុន្តែយូរៗទៅ ក្រុមសាឡាហ្វីនៅក្នុងជួរដឹកនាំនិងជួរយោធាតាលីបង់ក៏ត្រូវបានទម្លាក់ទៅកាន់តំណែងទាបៗបំផុត។[២១៥]

តាលីបង់មិនចូលចិត្តជជែកវែកញែកអំពីគោលលទ្ធិជាមួយក្រុមមូស្លីមដទៃផ្សេងទៀតឡើយ។ "តាលីបង់គឺមិនអនុញ្ញាតឱ្យសូម្បីតែអ្នកសារព័ត៌មានមូស្លីមសួរសំណួរអំពីបញ្ញត្តិរបស់ពួកគេឬពិភាក្សាអំពីការយល់ដឹងពីគម្ពីរកូអានឡើយ"។[៨៩]

តាលីបង់ជាពិសេសមូលឡាអូម៉ារបានជឿថាសុបិន្តអាចជានិមិត្តសញ្ញាតំណាងឱ្យលក្ខណ៍ពិត។[២១៦][២១៧]

ឥទ្ធិពលវប្បធម៌ប៉ាស្តុន

តាលីបង់តែងតែប្រើច្បាប់រដ្ឋប្បវេណីកុលសម្ព័ន្ធប៉ាស្តុនហៅថាប៉ាស្តុនវ៉ាលីនៅក្នុងសេចក្តីសម្រេចដោះស្រាយបញ្ហាសង្គមណាមួយ។ ការអនុវត្តបែបនេះត្រូវបានគេមើលឃើញដូចក្នុងករណីការបែងចែកមរតកអញ្ចឹងដោយគេតម្រូវឱ្យគ្រួសារប៉ាស្តុនបែងចែកដំណែលមរតកស្មើៗគ្នាទៅឱ្យកូនប្រុសទាំងប៉ុន្មានដែលខ្លួនមានទោះបីជាក្នុងគម្ពីកូអានបានបញ្ជាក់យ៉ាងច្បាស់ថាកូនស្រីត្រូវទទួលបានចំណែកកូនប្រុសពាក់កណ្តាលក្តី។[២១៨][២១៩]

យោងតាមអាលី ចាឡាលី៖ "តាលីបង់បានទទួលការគាំទ្រយ៉ាងពេញលេញពីជនជាតិប៉ាស្តុនទូទាំងប្រទេសដោយពួកគេគិតថាចលនាតាលីបង់អាចស្តារវប្បធម៌ខ្លួនឡើងជាវប្បធម៌ផ្តាច់មុខនៅក្នុងប្រទេសអាហ្វកានីស្ថាន។ សម្បីតែបញ្ញវន្តដើមកំណើតប៉ាស្តុនមួយចំនួននៅលោកខាងលិចក៏បានសម្តែងនូវការគាំទ្រដល់ចលនាតាលីបង់ដែរទោះបីជាបញ្ញវន្តទាំងនោះមានគោលគំនិតខុសពីតាលីបង់ក្តី។[២២០]

ថ្នាក់ដឹកនាំ និងអង្គការ

ថ្នាក់ដឹកនាំបច្ចុប្បន្ន

គិតត្រឹមឆ្នាំ២០២១ សមាជិកកំពូលនៃក្រុមតាលីបង់មាន៖[២២១]

  • ហ៊ីបាទូឡា អាឃុនហ្សាដា, ជាមេដឹកនាំកំពូលតាលីបង់ចាប់តាំងពីឆ្នាំ២០១៦ ហើយត្រូវជាវិជ្ជាករសាសនាម្នាក់មកពីខេត្តកាន់ដាហារ។
  • មូលឡាអាប់ឌុល ហ្កានី បារ៉ាដារ, ជាសហស្ថាបនិកនៃចលនាមួយនេះ។ មានដើមកំណើតមកពីខេត្តអ៊ូរូសហ្កាន លោកត្រូវបានគេចាប់ឃុំឃាំងនៅប្រទេសប៉ាគីស្ថានមុននឹងត្រូវអាមេរិកស្នើឱ្យដោះលែងវិញ។
  • មូលឡាមហាម៉ាដ យ៉ាកូប, ជាកូនប្រុសនៃស្ថាបនិកមហាម៉ាដ អូម៉ារនិងសព្វថ្ងៃជាមេដឹកនាំប្រតិបត្តិការយោធាតាលីបង់។
  • ស៊ីរ៉ាជូដឌីន ហាក់កានី, ជាមេដឹកនាំនៃបណ្តាញហាក់កានីដែលភ្ជាប់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា។ លោកមាននាទីត្រួតពិនិត្យសម្បត្តិហិរញ្ញវត្ថុនិងយោធារបស់ក្រុមនេះនៅរវាងព្រំដែនអាហ្វកានីស្ថាន-ប៉ាគីស្ថាន។
  • ហ្ស៊ារ មហាម៉ាដ អាប់បាស ស្តានីកហ្សៃ, អតីតប្រមុខការិយាល័យនយោបាយតាលីបង់ប្រចាំទីក្រុងដូហា។ មានកំណើតមកពីខេត្តឡូហ្ការ គាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យនិងទទួលបានការបណ្តុះបណ្តាលជាកម្មាភិបាលនៅសាលាបណ្ឌិតសភាយោធាឥណ្ឌា។
  • អាប់ឌុល ហាឃីម អ៊ីស្សាកហ្សៃ, ប្រធានអ្នកចរចានៃការិយាល័យនយោបាយតាលីបង់នៅទីក្រុងដូហា ហើយជាប្រមុខដឹកនាំក្រុមប្រឹក្សាសាសនារបស់ក្រុមនេះ។
  • ស៊ូហែល សាហ៊ីន, អ្នកនាំពាក្យការិយាល័យនយោបាយតាលីបង់នៅទីក្រុងដូហា។ បានទទួលការអប់រំនៅឯសាកលវិទ្យាល័យមួយក្នុងប្រទេសប៉ាគីស្ថាន លោកជានិពន្ធនាយកផ្នែកភាសាអង់គ្លេសនៃកាសែតកាប៊ុលថែមស៍ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតរងប្រចាំប្រទេសប៉ាគីស្ថាននាពេលនោះផងដែរ។
  • សាប៊ីហ៊ូឡា មូចាហីដ, អ្នកនាំពាក្យឱ្យក្រុមតាលីបង់ចាប់តាំងពីឆ្នាំ២០០៧ លោកបានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងបន្ទាប់ពីតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុលនៅក្នុងឆ្នាំ២០២១។

ទស្សនៈទូទៅ

មុនឆ្នាំ២០១៣ មូលឡាមហាម៉ាដ អូម៉ារគឺជាមេដឹកនាំកំពូលនៃចលនាតាលីបង់។ លោកអាក់តារ ម៉ាន់សួរត្រូវបានគេជ្រើសរើសជាអ្នកបន្តតំណែងជំនួសមហាម៉ាដនៅក្នុងឆ្នាំ២០១៥។[២២២] មួយឆ្នាំក្រោយមកពោលគឺនៅខែឧសភា ឆ្នាំ២០១៦ ម៉ាន់សួរត្រូវបានសម្លាប់ដោយយន្តហោះគ្មានអ្នកបើក (ដ្រូន) របស់អាមេរិក បន្ទាប់មកលោកហ៊ីបាទូឡា អាឃុនហ្សាដាក៏បានឡើងកាន់អំណាចបន្តជាមេដឹកនាំនៅក្នុងឆ្នាំដដែរ។[២២៣]

នៅឆ្នាំ២០០១ តាលីបង់បានត្រួតត្រាលើទឹកដីអាហ្វកានីស្ថាន ៨៥% ដោយភាគច្រើនជាទីក្រុងនិងយន្តបថធំៗ។ នៅក្នុងនោះ កុលសម្ព័ន្ធខាន់ និងស្តេចត្រាញ់មានការគ្រប់គ្រងដោយផ្ទាល់តាមទីប្រជុំជន ភូមិ និងតំបន់ជនបទផ្សេងៗ។[២២៤]

Thumb
កម្លាំងប៉ូលីសតាលីបង់កំពុងចុះល្បាតនៅតាមផ្លូវក្នុងទីក្រុងហេរ៉ាដ

អ្នកវិភាគលោករ៉ាស៊ីដបានថ្លែងថារដ្ឋាភិបាលតាលីបង់ជា"សង្គមសម្ងាត់មួយដែលដឹកនាំដោយអ្នកក្រុងកាន់ហាដារ...អាថ៌កំបាំង សម្ងាត់ និងបែបផ្តាច់ការ។[២២៥] តាលីបង់គឺមិនដែលធ្វើការបោះឆ្នោតជ្រើសរើសគណបក្សឬមេដឹកនាំនោះទេដោយអ្នកនាំពាក្យរបស់ក្រុមនេះបានពន្យល់ថា៖

ច្បាប់សារីយ៉ាគឺមិនអនុញ្ញាតឱ្យធ្វើនយោបាយឬមានវត្តមានគណបក្សនយោបាយបានឡើយ។ នោះហើយជាមូលហេតុដែលយើងមិនផ្តល់ប្រាក់ខែដល់មន្រ្តីឬទាហានរបស់យើង ពួកយើងគ្រាន់តែផ្តល់ស្បៀងអាហារ សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអាវុធជាការគ្រប់គ្រាន់។ យើងចង់រស់នៅដូចក្នុងជីវិតព្យាការីដែលទ្រង់បានរស់នៅកាលពី ១៤០០ ឆ្នាំមុនហើយជីហាដគឺជាសិទ្ធិរបស់យើង។ យើងចង់បង្កើតសម័យដែលមានលក្ខណៈដូចសម័យព្យាការីឡើងវិញហើយយើងគ្រាន់តែអនុវត្តនូវអ្វីៗដែលប្រជាជនអាហ្វកានីស្ថានចង់បានក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។[២២៦]

តាលីបង់បានធ្វើសេចក្តីសម្រេចរបស់ពួកគេដោយផ្អែកលើក្រុមប្រឹក្សាកុលសម្ព័ន្ធបាស្តុន (ជាហ្កា) រួមជាមួយនឹងអ្វីដែលពួកគេជឿថាជាគំរូឥស្លាមដំបូងៗ។ ការពិភាក្សាត្រូវបានបន្តដោយការចរចាមតិឯកច្ឆន្ទដោយក្រុម"អ្នកជឿ"។[២២៧] មុននឹងដណ្តើមកាន់កាប់ទីក្រុងកាប៊ុលនៅឆ្នាំ១៩៩៦ តាលីបង់បានធ្វើការពិភាក្សាគ្នាអំពីជំហរពួកគេដោយដកខ្លួនចេញនៅពេលដែលរដ្ឋាភិបាល"ឥស្លាមល្អ"មួយបានឡើងកាន់អំណាចនិងនៅពេលដែលច្បាប់និងសណ្តាប់ធ្នាប់ត្រូវបានស្តារឡើងវិញ។

នៅពេលអំណាចរបស់តាលីបង់កាន់តែកើនឡើង រាល់សេចក្តីសម្រេចត្រូវបានធ្វើឡើងដោយមូលឡាអូម៉ារដោយមិនពិគ្រោះជាមួយជាហ្កាឬផ្នែកពិគ្រោះផ្សេងទៀតនៃប្រទេសនោះទេ។ លោកបានធ្វើទស្សនកិច្ចនៅរដ្ឋធានីកាប៊ុលតែពីរដងប៉ុណ្ណោះក្នុងអំឡុងពេលកាន់អំណាច។ ជំនួសឱ្យការបោះឆ្នោតដោយភាពស្របច្បាប់ មេដឹកនាំរបស់ពួកគេបានធ្វើសច្ចាប្រណិធាន ("បាយ៉ា") ទៅវិញដោយនេះគឺជាការយកតម្រាប់តាមព្យាការីនិងកាលីហ្វបួនរូបដំបូងក្នុងប្រវត្តិសាស្ត្រ។

តាលីបង់មានភាពស្ទាក់ស្ទើរក្នុងការចែករំលែកអំណាចហើយក្រុមពួកគេពោលគឺជនជាតិបាស្តុនបានគ្របដណ្តប់លើជួរតំណែងរដ្ឋាភិបាលភាគច្រើន។ ដូច្នេះ ថ្នាក់ដឹកនាំបាស្តុនគឺមានទំនួលខុសត្រូវលើការគ្រប់គ្រងជនជាតិអាហ្វកានីស្ថានប្រមាណ ៦០% ដែលមានដើមកំណើតមកពីក្រុមជនជាតិដទៃទៀត។ តែទោះជាយ៉ាងណា ជនជាតិបាស្តុននូវតែរក្សាជំហរជាក្រុមផ្តាច់មុខនៅក្នុងជួររដ្ឋាភិបាលក្នុងស្រុកមានដូចជាក្រុមប្រឹក្សាទីក្រុងកាប៊ុល[២២៥] ឬហេរ៉ាដជាដើម[២២៨]ដោយតំណែងនយោបាយស្ទើរទាំងអស់ត្រូវបានធ្លាក់ក្នុងដៃជនជាតិបាស្តុន។ ក្រុមអ្នកវិភាគបាននិយាយថា"កង្វះអ្នកតំណាងមូលដ្ឋានក្នុងរដ្ឋបាលទីប្រជុំជនបានធ្វើឱ្យតាលីបង់លេចចេញជាកម្លាំងកាន់កាប់មួយ"។[៩៥]

អង្គការនិងរដ្ឋាភិបាល

រដ្ឋាភិបាលតាលីបង់បានអនុលោមទៅតាមអភិបាលកិច្ចរបស់មូស្លីមសម័យដើមពោលគឺអវត្តមាននៃស្ថាប័នរដ្ឋឬក៏"វិធីសាស្រ្តសម្រាប់បញ្ជានិងការត្រួតពិនិត្យ"។ ក្នុងមួយរយៈពេលក្តោបក្តាប់អំណាចពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ក្រុមតាលីបង់គឺមិនដែលបានចេញសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ គោលនយោបាយ ឬធ្វើសន្និសីទកាសែតជាប្រចាំនោះឡើយ។ ពិភពខាងក្រៅនិងប្រជាជនអាហ្វកានីស្ថានភាគច្រើនមិនដឹងថាមេដឹកនាំរបស់ពួកគេមានមុខដូចម្តេចផងព្រោះថាការថតរូបត្រូវបានហាមឃាត់។[២២៩]

រដ្ឋមន្រ្តីខុទ្ទកាល័យនិងអ្នកតំណាងរាស្ត្រច្រើនមានគោរមងារជា"មូលឡា"ហើយសុទ្ធតែជាបុគ្គលដែលធ្លាប់ទទួលបាន"ការអប់រំតាមម៉ាដ្រាសា"។ បុគ្គលមួយចំនួនមិនត្រឹមតែកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងទេសាភិបាលធនាគាររដ្ឋប៉ុណ្ណោះទេប៉ុន្តែពួកគេនូវតែរក្សាតំណែងមុនៗរបស់ខ្លួនពោលគឺមេបញ្ជាការយោធា ហើយពេលខ្លះបុគ្គលទាំងនេះត្រូវអវត្តមានពីតំណែងរដ្ឋបាលដើម្បីចេញទៅប្រយុទ្ធនៅពេលចាំបាច់។[២៣០] នៅថ្នាក់ជាតិ "ការិយលេខនុការជាន់ខ្ពស់តាជិក អ៊ូបេស និងហាសារ៉ា"ត្រូវបានជំនួសដោយក្រុមបាស្តុនទាំងស្រុងទោះបីជាអ្នកខ្លះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្តី។ ជាលទ្ធផល ក្រសួង"ធំៗត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នឬខ្លះជាអចិន្ត្រៃយ៍តែម្តង"នៅរយៈពេលពីរបីឆ្នាំក្រោយការចាត់តាំង។[៩៥]

ទំនាក់ទំនងអន្តរជាតិ

នៅក្នុងអំឡុងកាន់អំណាច (១៩៩៦–២០០១) របបតាលីបង់នៅអាហ្វកានីស្ថានដែលគេតែងស្គាល់ថាអេមីរ៉ាតឥស្លាមអាហ្វកានីស្ថានបានទទួលភាពទទួលស្គាល់ជាអន្តរជាតិពីប្រជាជាតិបរទេសចំនួនតែបីប៉ុណ្ណោះដូចជា៖ អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត។ ប្រទេសនិងអង្គការដទៃទៀតភាគច្រើនរួមទាំងអង្គការសហប្រជាជាតិផងបានទទួលស្គាល់តែរដ្ឋាភិបាលនៃរដ្ឋឥស្លាមអាហ្វកានីស្ថាន (១៩៩២-២០០២) ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ប៉ុណ្ណោះរបស់អាហ្វកានីស្ថាន។ ទាក់ទងនឹងទំនាក់ទំនងជាមួយពិភពលោកទាំងមូល អេមីរ៉ាតឥស្លាមអាហ្វកានីស្ថានរបស់តាលីបង់បានប្រកាន់យកគោលនយោបាយឯកោនិយមដោយនិយាយថា"តាលីបង់ជឿជាក់លើគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសផ្សេងៗនិងដូចគ្នាគឺមិនចង់បានការជ្រៀតជ្រែកពីខាងក្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួននោះទេ"។[២៣១]

ប្រទេស

កាណាដា

ប្រទេសកាណាដាបានប្រកាសចាត់ទុកតាលីបង់ថាជាក្រុមភេវរករ។[២៣២]

ចិន

យោងតាមលោកម៉ាឡេក សេទីសដែលជាទីប្រឹក្សាទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសអាហ្វកានីស្ថានបានឱ្យដឹងថា ប្រទេសចិនបានគាំទ្ររដ្ឋាភិបាលថ្មីនេះទាំងផ្នែកហិរញ្ញវត្ថុនិងនយោបាយ។[២៣៣] រដ្ឋមន្ត្រីក្រសួងការបរទេសនៃក្រុងប៉េកាំងក៏មិនបានបដិសេដសកម្មភាពទំនាក់ទំនងខ្លួនជាមួយរបបតាលីបង់ដែរ។[២៣៤]

ឥណ្ឌា

ប្រទេសឥណ្ឌាមិនបានទទួលស្គាល់របបតាលីបង់នៅអាហ្វកានីស្ថាននោះទេតែផ្ទុយទៅវិញ ឥណ្ឌាបានគាំទ្រនិងរក្សាទំនាក់ទំនងយុទ្ធសាស្ត្រនិងយោធាយ៉ាងជិតស្និទជាមួយសត្រូវតាលីបង់ទៅវិញគឺចលនាសម្ព័ន្ធភាពខាងជើង។ ឥណ្ឌាគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់អតីតប្រធានាធិបតីអាហ្វកានីស្ថានគឺលោកមហាម៉ាដ ណាជីប៊ុលឡាហើយឥណ្ឌាបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការកាត់ទោសប្រហារជីវិតសម្ព័ន្ធមិត្តរបស់ខ្លួនជាសាធារណៈដោយតាលីបង់។ ក្រុមសកម្មប្រយុទ្ធមួយដែលមានមូលដ្ឋាននៅប៉ាគីស្ថាននិងតំបន់កាស្មៀត្រូវបានគេគិតថាមានទំនាក់ទំនងជាមួយតាលីបង់ដោយក្រុមនេះបានជាប់ពាក់ព័ន្ធជាប្រវត្តិសាស្ត្រនៅក្នុងជម្លោះកាស្មៀហើយវាបានដាក់គោលដៅប្រឆាំងតែកងកម្លាំងសន្តិសុខឥណ្ឌាតែមួយគត់។[២៣៥][២៣៦][២៣៧][២៣៨]

នៅខែធ្នូ ឆ្នាំ១៩៩៩ ជើងហោះហើរលេខ ៨១៤ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដែលធ្វើដំណើរពីក្រុងកណ្ឋមណ្ឌូទៅដេលីត្រូវបានអ្នកដំណើរមួយក្រុមលួចប្លន់យកទៅកាន់ដាហារ។ តាលីបង់បានចល័តកងជីវពលរបស់ខ្លួនទៅក្បែរកន្លែងចុះចតយន្តហោះនោះដោយដើម្បីការពារតំបន់ចតយន្តហោះនោះពីការវាយលុករបស់កងកម្លាំងពិសេសឥណ្ឌាហើយថែមទាំងបានពន្យារការចរចារវាងឥណ្ឌានិងក្រុមចោរប្លន់នោះអស់រយៈពេលជាច្រើនថ្ងៃ។ ក្រោយបន្តិចមក កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា ក្រុមចោរប្លន់នោះអាចមានទំនាក់ទំនងអ្វីមួយជាមួយតាលីបង់។ ជាថ្នូរនិងការដោះលែងយន្តហោះ ឥណ្ឌាបានសម្រេចដោះលែងពួកសកម្មប្រយុទ្ធចំនួនបីនាក់។ ក្រុមតាលីបង់បានផ្តល់សិទ្ធិឆ្លងកាត់ដោយសុវត្ថិភាពដល់ក្រុមចោរប្លន់និងក្រុមសកម្មប្រយុទ្ធដែលត្រូវបានដោះលែងទាំងនោះ។[២៣៩][២៤០]

ក្រោយពីករណីប្លន់យន្តហោះនេះ ឥណ្ឌាបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រក្រុមប្រឆាំងតាលីបង់ដោយផ្តល់អាវុធជាឃ្លាំងៗតាមរយៈទីក្រុងឌូសង់បេ ប្រទេសតាជីគីស្ថាន។ ឥណ្ឌាក៏បានផ្តល់អាវុធយុទ្ធសាស្ត្ររយៈកម្ពស់ខ្ពស់ (សម្ភារៈសម្រាប់ប្រយុទ្ធលើភ្នំ) ឧទ្ធម្ភាគច្រក អ្នកបច្ចេកទេស និងក្រុមវេជ្ជសាស្ត្រជាដើម។ យោងទៅតាមរបាយការណ៍មួយបានឱ្យដឹងថា យោធាឥណ្ឌាបានចំណាយថវិកាប្រមាណ ៧០ លានដុល្លារអាមេរិកដើម្បីគាំទ្រកងកម្លាំងប្រឆាំងតាលីបង់នៅអាហ្វកានីស្ថានហើយក្នុងនោះលុយ ៨ លានដុល្លារត្រូវបានចំណាយលើគ្រឿងសព្វាវុធរយៈពេលកម្ពស់ខ្ពស់។ គម្រោងស្ថាបនាស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅអាហ្វកានីស្ថានក្នុងឆ្នាំ២០០១ បានធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសម្ចាស់ជំនួយធំបំផុតនៅក្នុងតំបន់។[២៤១][២៤២][២៤៣][២៤៤]

នៅឆ្នាំ២០១២ តាលីបង់បាននិយាយថាពួកគេចង់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសឥណ្ឌាហើយបានសម្តែងការកោតសរសើរទៅឥណ្ឌាដែលប្រឆាំងនឹងការអំពាវនាវរបស់អាមេរិកឱ្យមានការចូលរួមផ្នែកយោធាបន្ថែមទៀតនៅអាហ្វកានីស្ថាន។[២៤៥]

អ៊ីរ៉ង់

ប្រទេសអ៊ីរ៉ង់បានក្លាយជាសត្រូវតាលីបង់តាំងពីពេលដំបូងមកម្លេះពោលគឺនៅពេលដែលតាលីបង់បានបើកការវាយប្រហារលើក្រុងម៉ាហ្សាអ៊ីសារីហ្វដោយតាលីបង់បានសម្លាប់អ្នកការទូតអ៊ីរ៉ង់ចំនួន ១១ នាក់និងមន្ត្រីស៊ើបការណ៍នៅឯស្ថានកុងស៊ុលអ៊ីរ៉ង់។នៅក្នុងវិបត្តិជាបន្តបន្ទាប់រវាងអ៊ីរ៉ង់និងតាលីបង់ រដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេចប្រមូលកងទ័ពនិយ័តរហូតដល់ ២០០,០០០ នាក់រួចបញ្ជូនទៅព្រំដែនអាហ្វកានីស្ថាន-អ៊ីរ៉ង់។[២៤៦] ចុងក្រោយ សង្គ្រាមរវាងក្រុមទាំងពីរក៏ត្រូវបានបញ្ចៀស។

មន្ត្រីយោធាអាមេរិកជាន់ខ្ពស់មួយចំនួនជឿថាកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់បានចូលរួមគាំទ្រក្រុមតាលីបង់ក្នុងកម្រិតខ្ពស់នៅអំឡុងទសវត្សរ៍ដំបូងនៃសតវត្សទី២១។ របាយការណ៍ដែលរដ្ឋណាតូចោទប្រកាន់អ៊ីរ៉ង់ថាបានផ្គត់ផ្គង់និងបណ្តុះបណ្តាលក្រុមបះបោរតាលីបង់ខ្លះបានចាប់ផ្តើមលេចឡើងពីឆ្នាំ២០០៤/២០០៥។[២៤៧]

មានប្រភពជាច្រើនដែលបានបញ្ជាក់ពីទំនាក់ទំនងរវាងតាលីបង់និងអ៊ីរ៉ង់ក្នុងអំឡុងទស្សវត្តរ៍ឆ្នាំ២០១០។ ក្នុងនោះមានដូចជាការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ក្រុមតាលីបង់ដោយលោកអាក់តារ ម៉ានស៊ួរក្នុងគោលបំណងបង្កើនទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់។[២៤៨] ប្រព័ន្ធផ្សព្វផ្សាយគាំទ្រអ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថាតាលីបង់បានអនុញ្ញាតឱ្យយុទ្ធជនអាសារ៉ាចូលបម្រើក្នុងជួរបក្សរបស់គេ។[២៤៩] ក្រុមតាលីបង់បានថ្កោលទោសការវាយប្រហាររបស់ ISIS មកលើជនជាតិភាគតិចហាសារ៉ា។[២៥០] នៅខែសីហា ឆ្នាំ២០១៩ កាសែតដឹវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា"ទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយតាលីបង់ឥឡូវនេះបានគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច សន្តិសុខ និងនយោបាយហើយទំនងជានឹងកើនឡើងបន្តទៀត"។[២៥១]

នៅខែសីហា ឆ្នាំ២០២០ មន្រ្តីស៊ើបការសម្ងាត់របស់អាមេរិកបានប៉ាន់ប្រមាណថា នៅឆ្នាំ២០១៩ អ៊ីរ៉ង់បានស្នើរដល់ក្រុមបណ្តាញហាក់កានីឱ្យតាមសម្លាប់សមាជិកសេវាកម្មបរទេសមួយចំនួន ក្នុងនោះក៏មានជនជាតិអាមេរិកនៅអាហ្វកានីស្ថានផងដែរ។[២៥២] ទីភ្ញាក់ងារស៊ើបការអាមេរិកបានបន្តកំណត់ថាអ៊ីរ៉ង់គឺជាអ្នកគាំទ្រក្រុមតាលីបង់ក្នុងការវាយប្រហារលើអាកាសយានដ្ឋានបាក្រាមនៅឆ្នាំ២០១៩។[២៥៣] យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំគឺមិនដែលនិយាយពីការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ចំពោះការបំផ្ទុះគ្រាប់បែកនោះទេ។ ផ្ទុយទៅវិញ អតីតមន្រ្តីរដ្ឋបាលនេះបាននិយាយថា វាមានទំនាក់ទំនងជាមួយអាទិកម្មនៃកិច្ចព្រមព្រៀងសន្តិភាពនិងការដកទ័ពចេញពីអាហ្វកានីស្ថាន។[២៥២]

នៅខែមករា ឆ្នាំ២០២០ តាលីបង់បានថ្កោលទោសអាមេរិកលើការសម្លាប់មេបញ្ជាការកងកម្លាំងឃុតស៍របស់អ៊ីរ៉ង់គឺលោកកាស្សេម សូឡៃមេនីហើយបានសរសើរលោកសាឡៃមេនីថាជា"អ្នកចម្បាំងដ៏អស្ចារ្យ"។[២៥៤] នៅខែសីហា ឆ្នាំ២០២១ អ៊ីរ៉ង់បានសម្រេចបិទស្ថានទូតនិងស្ថានកុងស៊ុលរបស់ខ្លួនបន្ទាប់ពីតាលីបង់បានវាយដណ្តើមរដ្ឋធានីកាប៊ុល។[២៥៥][២៥៦]

ប៉ាគីស្ថាន

ហ្វាសាល-អ៊ួរ-រ៉េម៉ានគឺជាមេដឹកនាំនៃគណបក្សឥស្លាម (ឌីអូបានឌី) នៅប្រទេសប៉ាគីស្ថាននិងធ្លាប់ជាសម្ព័ន្ធមិត្តរបស់លោកស្រីបេណាហ្សៀរ ប៊ូតូដែលកាលនុះជានាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថានពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦។ ដោយហេតុនេះហើយបានជារ៉េម៉ានមានឥទ្ធិពលខ្លាំងនៅក្នុងជួររដ្ឋាភិបាលប៉ាគីស្ថាននិងអាចបង្កើតទំនាក់ទំនងជាមួយយោធាប៉ាគីស្ថានដើម្បីផ្តល់ជំនួយដល់ក្រុមតាលីបង់។[២៥៧] នៅឆ្នាំ១៩៩៤ ទីភ្ញាក់ងារស៊ើបការណ៍អន្តរសេវា (ISI) នៃប្រទេសប៉ាគីស្ថានបានចាប់ផ្តើមលូកដៃចូលក្នុងជម្លោះអាហ្វកានីស្ថានរហូតទាន់តែតាលីបង់បានឡើងកាន់កាប់ទឹកដីអាហ្វកានីស្ថានស្ទើរទាំងអស់នៅក្នុងឆ្នាំ១៩៩៦។[][២៥៨][២៥៩][២៦០]

បន្ទាប់ពីអាមេរិកបានចូលកាន់កាប់ប្រទេសអាហ្វកានីស្ថាននៅចុងឆ្នាំ២០០១ មានគេអះអាងថាថ្នាក់ដឹកនាំតាលីបង់បានរត់ទៅជ្រកកោននៅឯប្រទេសប៉ាគីស្ថានហើយបន្ទាប់មកពួកគេបានប្រជុំគ្នាឡើងវិញដើម្បីរៀបចំផែនការធ្វើកុបកម្មប្រឆាំងនឹងរដ្ឋាភិបាលអាហ្វកានីស្ថានថ្មីដែលមានអាមេរិកនៅពីក្រោយ។[១៨១]

មន្រ្តីអាហ្វកានីស្ថានបានចេញសេចក្តីបញ្ជាក់អំពីការជាប់ពាក់ព័ន្ធរបស់ ISI នៅក្នុងព្រឹត្តិការណ៍វាយប្រហារដោយតាលីបង់មកលើស្ថានទូតឥណ្ឌាកាលពីខែកក្កដា ឆ្នាំ២០០៨។ មន្រ្តីអាមេរិកជាច្រើនបានចោទប្រកាន់ ISI ថាបានគាំទ្រក្រុមភេរវករដោយក្នុងនោះមានរួមទាំងក្រុមតាលីបង់ផងដែរ។ នៅឆ្នាំ២០១១ ប្រធានសហប្រធានសេនាធិការអាមេរិកឧត្តមនាវីទោម៉ៃក៍ មូលឡិនបានហៅបណ្តាញហាក់កានី (កូនក្រុមសម្ព័ន្ធមិត្តរបស់តាលីបង់) ថាជា"ដៃដែលប្រឡូកប្រឡាក់របស់ប៉ាគីស្ថាន"។[២៦១][២៦២]

រហូតដល់ឆ្នាំ២០១១ ប៉ាគីស្ថានគឺតែងតែបដិសេធយ៉ាងដាច់ខាត់រាល់នូវការចោទប្រកាន់ពីទំនាក់ទំនងរបស់ខ្លួនជាមួយតាលីបង់។[២៦៣][២៦៤][២៦៥][២៦៦][២៦៧][២៦៨]

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ កងទ័ពប៉ាគីស្ថានបានចាប់ផ្តើមប្រតិបត្តិការ"ហ្សាប-អ៊ី-អាសប៍"នៅតំបន់វ៉ាហ្ស៊ីរីស្ថានខាងជើងដើម្បីបណ្តេញនិងកម្ចាស់ពួកតាលីបង់ពីប្រទេសប៉ាគីស្ថាន។ នៅក្នុងប្រតិបត្តិការនេះ គេបានរាយការណ៍ថាក្រុមភេរវករចំនួន ៣២៧ នាក់ត្រូវបានសម្លាប់នៅក្នុងកន្លែងលាក់ខ្លួនចំនួន ៤៥ កន្លែង ហើយរោងចក្រផលិតគ្រាប់បែកពីរកន្លែងត្រូវបានបំផ្លាញនៅក្នុងទីភ្នាក់ងារវ៉ាហ្សីរីស្ថានខាងជើងខណៈប្រតិបត្តិការកំពុងតែបន្ត។[២៦៩][២៧០][២៧១]

អារ៉ាប៊ីសាអ៊ូឌីត

អារ៉ាប៊ីសាអ៊ូឌីតធ្លាប់បានត្រូវគេចោទប្រកាន់ថាបានគាំទ្រក្រុមតាលីបង់។[២៧២] នៅអំឡុងខែធ្នូ ឆ្នាំ២០០៩ ខ្សែទូរលេខទៅបុគ្គលិកក្រសួងការបរទេសអាមេរិក (ត្រូវបានបែកចេញជាសាធារណៈនៅឆ្នាំបន្ទាប់) រដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុនបានជំរុញឱ្យអ្នកការទូតអាមេរិកបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងដំណើរថវិកាពីរដ្ឋឈូងសមុទ្រអារ៉ាប់ពីការចូលទៅក្នុងដៃភេរវករនៅប៉ាគីស្ថាននិងអាហ្វកានីស្ថានដោយសរសេរថា"ម្ចាស់ជំនួយជាច្រើននៅអារ៉ាប៊ីសាអ៊ូឌីតគឺជាប្រភពដ៏សំខាន់បំផុតនៃការផ្តល់មូលនិធិដល់ក្រុមភេរវករស៊ុននីនៅទូទាំងពិភពលោក" ហើយលោកស្រីបានបន្ថែមទៀតថា"ត្រូវការសកម្មភាពបន្ថែមទៀតព្រោះថាអារ៉ាប៊ីសាអ៊ូឌីតគឺនូវតែជាមូលដ្ឋានគាំទ្រហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ក្រុមអាល់កៃដា តាលីបង់ និងក្រុមភេរវករផ្សេងៗទៀត"។[២៧៣]

តួកគី

តួកគីបានចាត់ទុកក្រុមតាលីបង់ជាអង្គការភេវរករ។[២៧៤] ចំពេលដែលអាមេរិកបានដកទ័ពរបស់ខ្លួនចេញពីអាហ្វកានីស្ថាននៅឆ្នាំ២០២១ ប្រធានាធិបតីតួកគីលោករ៉េស៊ីប តាយីប អ៊ែរដូហ្កានបានថ្លែងអំឡុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងព្រុចសែលនាថ្ងៃទី១៤ ខែមិថុនា ថា៖ តួកគីមានឆន្ទៈក្នុងការធានាការពារអាកាសយានដ្ឋានអន្តរជាតិហាមីដ កាហ្សៃនៃទីក្រុងកាប៊ុលព្រោះវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនិងវត្តមានអន្តរជាតិនៅប្រទេសអាហ្វកានីស្ថាន។ ដោយឮបែបនេះ ក្រុមតាលីបង់បានឆ្លើយតបវិញដោយព្រមានតួកគីថានឹងទទួល"ផលវិបាកធ្ងន់ធ្ងរ" ប្រសិនបើយោធារបស់តួកគីនូវតែបន្តវត្តមាននៅប្រទេសអាហ្វកានីស្ថានខណៈដែលកងកម្លាំងបរទេសផ្សេងៗទៀតបានដកចេញអស់។[២៧៥][២៧៦] នៅខែកក្កដា ឆ្នាំ២០២១ ហ្សាប៊ីអុលឡា មូចាហ៊ីដដែលជាអ្នកនាំពាក្យរបស់ក្រុមតាលីបង់បាននិយាយថា តាលីបង់ចង់បង្កើត"ទំនាក់ទំនងការទូតធម្មតា"ជាមួយរដ្ឋាភិបាលតួកគីប៉ុន្តែនឹងចាត់ទុកកងកម្លាំងតួកគីជាសត្រូវត្រួតត្រាប្រសិនបើពួកគេនៅតែបន្តមាននៅលើទឹកដីខ្លួនក្រោយយុទ្ធនាការដកថយបានបញ្ចប់។[២៧៧]

កាតា

នៅឆ្នាំ២០១៣ បន្ទាប់ពីទទួលបានការយល់ព្រមពីអាមេរិកនិងអាហ្វកានីស្ថាន កាតាក៏បានអនុញ្ញាតឱ្យតាលីបង់បង្កើតការិយាល័យនយោបាយនិងការទូតនៅក្នុងប្រទេសរបស់ខ្លួន។[២៧៨][២៧៩] ទាំងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់កិច្ចចរចាសន្តិភាពនិងដោយសារមានការគាំទ្រពីប្រទេសដទៃទៀត។[២៨០][២៧៨]

កាសែតហ្វាយណិនស៊លថែមស៍ (Financial Tines) បានសរសេរថា តាមរយៈការិយាល័យនៅប្រទេសកាតា កិច្ចប្រជុំជាច្រើនត្រូវបានធ្វើឡើងរវាងតាលីបង់និងប្រទេសនិងអង្គការជាច្រើនរួមទាំងក្រសួងការបរទេសអាមេរិក អង្គការសហប្រជាជាតិ ជប៉ុន រដ្ឋាភិបាលអឺរ៉ុបមួយចំនួន និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀតដោយពួកគេទាំងអស់បានព្យាយាមជំរុញគំនិតនៃកិច្ចចរចាសន្តិភាព។[២៨០] នៅខែកក្កដា ឆ្នាំ២០១៧ អារ៉ាប៊ីសាអ៊ូឌីតដែលកំពុងមានជម្លោះធ្ងន់ធ្ងរជាមួយកាតាបានចោទកាតាថាបានគាំទ្រភេរវកម្មរួមទាំងតាលីបង់ជា"ភេរវករប្រដាប់អាវុធ"ដោយគ្មានអំណះអំណាង។[២៧៨]

នៅខែកញ្ញា ឆ្នាំ២០១៧ ទាំងប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាហ្វកានីស្ថានបានទាមទារឱ្យកាតាបិទការិយាល័យរបស់តាលីបង់។[២៨១] ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២០ កាតាបានធ្វើជាម្ចាស់ផ្ទះសម្របសម្រួលកិច្ចព្រមព្រៀងទីក្រុងដូហារវាងសហរដ្ឋអាមេរិកនិងតាលីបង់។ យោងតាមកិច្ចព្រមព្រៀង ក្រុមតាលីបង់នឹងកាត់ផ្តាច់រាល់ទំនាក់ទំនងរបស់ខ្លួនជាមួយអាល់កៃដានិងចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វកានីស្ថាន។ ជាថ្នូរ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញ។[២៨២]

រុស្ស៊ី

រុស្ស៊ីត្រូវបានអ្នកនយោបាយមួយចំនួនចោទប្រកាន់ថាបានគាំទ្រកងយោធាតាលីបង់។[២៨៣] សព្វថ្ងៃគ្មានភស្តុតាងជាសាធារណៈណាដែលអាចបញ្ជាក់ពីការគាំទ្ររបស់រុស្ស៊ីចំពោះក្រុមតាលីបង់ឡើយប៉ុន្តែអ្នកជំនាញឯករាជ្យខ្លះនូវតែមានការសង្ស័យថារុស្ស៊ីបានគាំទ្រក្រុមតាលីបង់តាមមធ្យោបាយណាមួយ។[២៨៤] យោងទៅតាមសារព័ត៌មាន BBC បានឱ្យដឹងថាប្រទេសរុស្ស៊ី"មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើននៃមូលដ្ឋាននិយមឥស្លាមនៅក្នុងតំបន់ដែលកំពុងរីករាលដាលសម្តៅមកទិសរបស់ខ្លួនហើយរុស្ស៊ីមើលឃើញថាតាលីបង់អាចជាដំណោះស្រាយសម្រាប់បញ្ហានេះ"។[២៨៥]

នៅខែកុម្ភៈ និងម្តងទៀតនៅខែឧសភា ឆ្នាំ២០១៩ គណៈប្រតិភូមន្រ្តីតាលីបង់និងអ្នកនយោបាយជាន់ខ្ពស់អាហ្វកានីស្ថានបានជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូដើម្បីរៀបចំកិច្ចចរចាសន្តិភាពអាហ្វកានីស្ថានថ្មីមួយទៀត។[២៨៦][២៨៧] សារព័ត៌មាន Reuters បានរាយការណ៍ថា"មន្រ្តីរុស្ស៊ីក៏ដូចជាមេដឹកនាំសាសនាផងសុទ្ធតែបានស្នើសុំឱ្យមានបទឈប់បាញ់"។[២៨៨]

នៅខែមិថុនា ឆ្នាំ២០២០ មន្ត្រីស៊ើបការណ៍អាមេរិកបានប៉ាន់ប្រមាណដោយប្រាកដថាទីភ្ញាក់ងារស៊ើបការណ៍រុស្ស៊ីមិនបានផ្តល់រង្វាន់អ្វីទៅឱ្យតាលីបង់សម្រាប់ការសម្លាប់កងកម្លាំងសម្ព័ន្ធមិត្តនៅអាហ្វកានីស្ថានណាមួយឡើយ។[២៨៩][២៩០][២៩១]

សហរាជាណាចក្រ

បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃ ៩/១១ អង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់តាលីបង់នៅប្រទេសខ្លួនប្រមាណជិត ២០០ លានដុល្លារនៅដើមខែតុលា ឆ្នាំ២០០១។ រាជាណាចក្ររួមក៏បានគាំទ្រសេចក្តីសម្រេចរបស់អាមេរិកក្នុងការដកតាលីបង់ចេញពីឆាកនយោបាយនិងយោធាផងដែរ។[២៩២][២៩៣]

អសប បានឯកភាពថាណាតូនឹងធ្វើសកម្មភាពជំនួសខ្លួនដោយផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្មនៅអាហ្វកានីស្ថានបន្ទាប់ពីក្រុមតាលីបង់ត្រូវបាន"បរាជ័យ"។ សហរាជាណាចក្រធ្លាប់បានទទួលខុសត្រូវលើប្រតិបត្តិការនៅខេត្តហែលម៉ានដែលជាខេត្តមានផលិតកម្មដំណាំអាភៀនដ៏ធំមួយនៅភាគខាងត្បូងប្រទេសអាហ្វកានីស្ថានដោយអង់គ្លេសបានដាក់ពង្រាយកងទ័ពនៅទីនោះនៅពាក់កណ្តាលឆ្នាំ២០០៦ ហើយបានប្រឈមនឹងកម្លាំងតស៊ូតាលីបង់ជារឿយៗដោយសង្ស័យថាក្រុមនេះបានចូលមកក្នុងទឹកដីអាហ្វកានីស្ថានតាមប្រទេសប៉ាគីស្ថាន។[២៩៤]

នៅអំឡុងឆ្នាំ២០០៨ រដ្ឋាភិបាលអង់គ្លេសបានប្រកាសផែនការបង់ប្រាក់ដល់យុទ្ធជនតាលីបង់ក្នុងគោលបំណងបញ្ចុះបញ្ចូលអ្នកទាំងនោះឱ្យផ្លាស់ប្តូរភាគីឬទម្លាក់អាវុធចុះ។ នៅឆ្នាំជាបន្តបន្ទាប់ អង់គ្លេសបានគាំទ្រការបើកការចរចាជាមួយតាលីបង់។[២៩៥][២៩៦]

សហរដ្ឋអាមេរិក

Thumb
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ៃក៍ ប៉ុមប៉េអូនៅក្នុងជំនួបជាមួយគណៈប្រតិភូតាលីបង់នៅទីក្រុងដូហា ប្រទេសកាតាក្នុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០

សហរដ្ឋអាមេរិកគឺមិនដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់នៅប្រទេសអាហ្វកានីស្ថានឡើយ។ លោកអាម៉េដ រ៉ាស៊ីតបានបញ្ជាក់ថាសហរដ្ឋអាមេរិកធ្លាប់គាំទ្រក្រុមតាលីបង់ដោយប្រយោលតាមរយៈសម្ព័ន្ធមិត្តរបស់ខ្លួនគឺប៉ាគីស្ថាននៅចន្លោះឆ្នាំ១៩៩៤ និងឆ្នាំ១៩៩៦ ដោយទីក្រុងវ៉ាស៊ីនតោនចាត់ទុកក្រុមតាលីបង់ជាអ្នកប្រឆាំងអ៊ីរ៉ង់ ប្រឆាំងនិកាយស៊ីអ៊ីត និងអាចជាមិត្តដ៏ល្អរបស់លោកខាងលិច។ ម្យ៉ាងទៀតទីក្រុងវ៉ាស៊ីនតោនបានសង្ឃឹមថាតាលីបង់នឹងគាំទ្រផែនការអភិវឌ្ឍន៍ដែលបានគ្រោងទុកដោយក្រុមហ៊ុនប្រេងកាតយូនីកាល (Unical) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ឧទាហរណ៍ ពេលពួកតាលីបង់បានកាន់កាប់ទីក្រុងហេរ៉ាដនៅឆ្នាំ១៩៩៥ និងបានបណ្តេញក្មេងស្រីរាប់ពាន់នាក់ចេញពីសាលារៀនប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនបានខ្ចីប្រតិកម្មអ្វីនោះទេ។ នៅចុងឆ្នាំ១៩៩៧ ទើបអាមេរិកបានចាប់ផ្តើមពន្លាតខ្លួនឆ្ងាយពីពួកតាលីបង់បន្តិចម្តងៗហើយក្រុមហ៊ុនប្រេងកាតយូនីកាលនោះក៏បានដកខ្លួនចេញពីការចរចាលើផែនការសាងសង់បំពង់បង្ហូរប្រេងពីអាស៊ីកណ្តាលដែរ។[២៩៧][២៩៨][២៩៩][៣០០]

មួយថ្ងៃមុនពេលក្រុមតាលីបង់ចូលកាន់កាប់ទីក្រុងមាសារនៅខែសីហា ឆ្នាំ១៩៩៨ គ្នីគ្នារបស់ប៊ិនឡាដិនបានបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកចំនួនពីរកន្លែងនៅទ្វីបអាហ្វ្រិកដោយសម្លាប់មនុស្ស ចំនួន ២២៤ នាក់និងរបួស ៤,៥០០ នាក់ដែលភាគច្រើនជាជនជាតិអាហ្វ្រិក។ សហរដ្ឋអាមេរិកបានឆ្លើយតបដោយបាញ់មីស៊ីលឆ្លងទ្វីបសម្តៅលើជំរុំភេរវករសង្ស័យនៅអាហ្វកានីស្ថានដោយបានសម្លាប់មនុស្សជាង ២០ នាក់ប៉ុន្តែវាមិនបានប៉ះចំប៊ីនឡាដិនឬសមាជិកអាល់កៃដាធំៗនោះទេ។ លោកអូម៉ារបានថ្កោលទោសនូវសកម្មភាពវាយប្រហារមីស៊ីលរបស់អាមេរិកនិងរួមទាំងប្រធានាធិបតីអាមេរិកលោកប៊ីល គ្លីនតុនផងដែរ។ អារ៉ាប៊ីសាអ៊ូឌីតបានបណ្តេញប្រេសិតតាលីបង់ចេញពីទឹកដីខ្លួនដោយសារតែតាលីបង់បានបដិសេធមិនប្រគល់ខ្លួនប៊ិនឡាដិននិងបន្ទាប់ពីអូម៉ារត្រូវបានគេចោទប្រកាន់ថាបានប្រមាថគ្រួសាររាជវង្សអារ៉ាប៊ីសាអ៊ូឌីត។ នៅពាក់កណ្តាលខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតជាឯកច្ឆន្ទក្នុងការហាមឃាត់ការហោះហើរយន្តហោះពាណិជ្ជកម្មទៅនិងមកពីអាហ្វកានីស្ថាននិងបង្កកគណនីធនាគារអាហ្វកានីស្ថាននៅទូទាំងពិភពលោក។[៣០១][៣០២][៣០៣]

នៅខែតុលា ឆ្នាំ២០០៩ អាមេរិកបានកែប្រែយុទ្ធសាស្ត្រប្រឆាំងកុបកម្មនៅអាហ្វកានីស្ថានដោយប្រកាសពីផែនការប្រគល់ប្រាក់ជាច្រើនឱ្យយុទ្ធជនតាលីបង់ប្រសិនបើពួកគេផ្លាស់ប្តូរភាគី។[៣០៤]

Thumb
ទាហានអាមេរិកកំពុងដុតកន្លែងលាក់ខ្លួនសង្ស័យរបស់តាលីបង់

នៅខែ ធ្នូ ឆ្នាំ២០០៩ អេស៊ាថែមស៍អនឡាញបានរាយការណ៍ថាតាលីបង់បានធានាដល់អាមេរិកដោយផ្លូវច្បាប់ថាពួកគេនឹងឈុំប្រើប្រាស់ទឹកដីអាហ្វកានីស្ថានសម្រាប់ធ្វើការវាយប្រហារគ្រប់រូបភាពលើប្រទេសដទៃទៀតហើយ ប៉ុន្តែអាមេរិកមិនបានផ្តល់ការឆ្លើយតបជាផ្លូវការអ្វីនោះទេ។[១៨៥]

នៅថ្ងៃទី៦ ខែធ្នូ មន្រ្តីអាមេរិកបានបង្ហាញថាពួកគេមិនទាន់ច្រានចោលការចរចាជាមួយតាលីបង់ទេ។ ជាច្រើនថ្ងៃក្រោយមក មានសេចក្តីរាយការណ៍ថាហ្គេតស៍ដែលជាមន្ត្រីអាមេរិកម្នាក់អាចផ្តើមការសម្រុះសម្រួលជាមួយតាលីបង់បានប៉ុន្តែសម្រាប់ក្រុមអាល់កៃដាគឺមិនអាចទៅរួចទេ។ ជាងនេះទៅទៀត លោកបាននិយាយបន្តថាការសម្រុះសម្រួលគ្នានេះនឹងអាចបញ្ចប់ជម្លោះនយោបាយ និងសង្គ្រាមជារួម។ ប៉ុន្តែលោកបាននិយាយថាការសម្រុះសម្រួលនោះត្រូវស្ថិតនៅក្រោមលក្ខខណ្ឌរបស់រដ្ឋាភិបាលអាហ្វកានីស្ថានហើយថាតាលីបង់ត្រូវតែទទួលស្គាល់អធិបតេយ្យភាពរបស់រដ្ឋាភិបាល។[៣០៥][៣០៦]

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលត្រាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌជាមួយតាលីបង់[៣០៧][៣០៨]ដោយបានអំពាវនាវឱ្យមានការដកកងទ័ពបរទេសក្នុងរយៈពេល ១៤ ខែប្រសិនបើតាលីបង់អាចគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ។[៣០៩][៣១០] នៅខែមីនា ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទ័ពរបស់ខ្លួនបន្តិចម្តងៗទៅតាមសេចក្តីយល់ព្រមក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយតាលីបង់។[៣១១]

ក្រុមសកម្មប្រយុទ្ធ

អាល់កៃដា

Thumb
អ្នកសារព័ត៌មានជនជាតិប៉ាគីស្ថានម្នាក់កំពុងធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំអាល់កៃដាអូសាម៉ា ប៊ីន ឡាឌែននៅក្នុងអាហ្វកានីស្ថាន, ប្រហែលឆ្នាំ១៩៩៧ ឬ ១៩៩៨

នៅឆ្នាំ១៩៩៦ ប៊ីនឡាដិនបានផ្លាស់ទីលំនៅពីប្រទេសស៊ូដង់មកក្នុងអាហ្វកានីស្ថាន។ គាត់បានមកក្នុងអាហ្វកានីស្ថានដោយគ្មានការអញ្ជើញអ្វីឡើយដែលជាហេតុនាំអូម៉ារដំបូងរាងខឹងបន្តិចព្រោះថាអាល់កៃដាបានផ្តើមប្រកាសសង្រ្គាមនិងប្រឆាំងនឹងពលរដ្ឋនៃប្រទេសទីបីពីទឹកដីរបស់ខ្លួនប៉ុន្តែទំនាក់ទំនងរវាងក្រុមទាំងពីរបានកើតមានភាពល្អប្រសើរឡើងរហូតទាន់តែដល់ចំណុចដែលអូម៉ារបានរិះគុណភាគីគាំទ្រក្រុមលោកពោលគឺប្រទេសអារ៉ាប៊ីសាអ៊ូឌីតបន្ទាប់ពីសាអ៊ូឌីតបានស្នើឱ្យតាលីបង់ប្រគល់ខ្លួនប៊ីនឡាដិន។[៣១២][៣១៣]

ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ អង្គការរបស់អូសាម៉ាប៊ីនឡាដិននិងចលនាអៃម៉ាន់អាល់ហ្សាវ៉ាហ៊ីរីបានក្លាយជារដ្ឋបំពួនមួយនៅក្នុងប្រទេសអាហ្វកានីស្ថាន។ កាសែតអង់គ្លេស The Telegraph បានបញ្ជាក់នៅខែកញ្ញា ឆ្នាំ២០០១ ថា ជនជាតិអារ៉ាប់ចំនួន ២,៥០០ នាក់ក្រោមបញ្ជាការរបស់ប៊ីនឡាដិនបានកំពុងប្រយុទ្ធឱ្យក្រុមតាលីបង់។[១២០]

ទំនាក់ទំនងតាលីបង់-អាល់កៃដាក៏ត្រូវបានពង្រឹងបន្ថែមបន្ទាប់ពីការរៀបអាពាហ៍ពិពាហ៍រវាងកូនប្រុសម្នាក់របស់ប៊ីនឡាដិននិងកូនស្រីរបស់មូលឡាអូម៉ារ។ អង្គការរបស់ប៊ីនឡាដិនត្រូវបានគេចោទថាអាចជាប្រភពហិរញ្ញវត្ថុដ៏សំខាន់មួយរបស់តាលីបង់នៅអាហ្វកានីស្ថាន។[៣១៤][៣១៥]

បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងទ្វីបអាហ្វ្រិកនៃឆ្នាំ១៩៩៨ ប៊ីនឡាដិននិងសមាជិកអាល់កៃដាជាច្រើននាក់ត្រូវបានរងការចោទប្រកាន់នៅតុលាការព្រហ្មទណ្ឌអាមេរិក។ តាលីបង់បានបដិសេធសំណើធ្វើបត្យាប័នពីសហរដ្ឋអាមេរិកដោយអះអាងថាប៊ីនឡាដិន"បានបាត់ខ្លួន" ឬក៏វ៉ាស៊ីនតោន"មិនអាចផ្តល់ភស្តុតាងជាក់លាក់ណាមួយ"ដែលថាប៊ីនឡាដិនបានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មនោះហើយបានបន្ថែមទៀតថា"ដោយគ្មានភស្តុតាងណាមួយ ប៊ីនឡាដិនគឺជាបុរសម្នាក់ដែលគ្មានបាប...គាត់គឺជាមនុស្សសេរី"។[៣១៦][៣១៧][៣១៨][៣១៩]

យោងតាមលោកប៊ីនឡាដិន ក្រុមតាលីបង់គឺមិនបានជាប់ពាក់ព័ន្ធអ្វីនៅក្នុងការវាយប្រហារថ្ងៃ ១១ កញ្ញានោះទេដោយលោកបានបញ្ជាក់នៅក្នុងខ្សែអាត់មួយផ្ញើទៅសារព័ត៌មាន Al Jazeera៖ "ខ្ញុំគឺជាអ្នកទទួលខុសត្រូវ...ប្រជាជនអាហ្វកានីស្ថាននិងរដ្ឋាភិបាលពួកគេគឺមិនដឹងអ្វីទាំងអស់អំពីព្រឹត្តិការណ៍ទាំងនេះ"។[៣២០]

នៅចុងឆ្នាំ២០០៨ ពួកតាលីបង់បានកំពុងចរចាដើម្បីផ្តាច់រាល់ទំនាក់ទំនងទាំងអស់ដែលខ្លួនមានជាមួយអាល់កៃដា។[៣២១]

នៅខែកក្កដា ឆ្នាំ២០១២ មេបញ្ជាការតាលីបង់ជាន់ខ្ពស់អនាមិកម្នាក់បានបញ្ជាក់ថា"ប្រជាជនរបស់យើងបានចាត់ទុកអាល់កៃដាជារោគរាតត្បាតដែលបានបញ្ជូនមកពីស្ថានសួគ៌។ អ្នកខ្លះថែមទាំងសន្និដ្ឋានទៀតថាអាល់កៃដាគឺជាក្រុមស៊ើបការណ៍របស់អាមេរិក។ ដើមឡើយ តាលីបង់យើងជាក្រុមឆោតនិងសូវមិនអើពើពីរឿងនយោបាយទេហើយបានស្វាគមន៍ក្រុមអាល់កៃដាចូលមកក្នុងផ្ទះរបស់យើងដោយមិនគិតគូរបានច្បាស់លាស់ ហើយអាល់កៃដាបានរំលោភលើបដិសណ្ឋារកិច្ចរបស់យើងពីពេលនោះមក"។ លោកបានបន្តអះអាងទៀតថាប្រហែល ៧០% នៃសមាជិកតាលីបង់គឺមិនពេញចិត្តនឹងអាល់កៃដាទេ នេះមានន័យថាក្រុមតាលីបង់គ្រាន់តែសម្តែងចូលចិត្តអាល់កៃដាប៉ុណ្ណោះ។[៣២២][៣២៣]

រដ្ឋឥស្លាមអ៊ីរ៉ាក់និងឡេវ៉ាន

តាលីបង់មានទំនាក់ទំនងអវិជ្ជមានជាមួយក្រុមរដ្ឋឥស្លាមអ៊ីរ៉ាក់និងឡេវ៉ាន–ខេត្តកូរ៉ាសាន អាយស៊ីស (ISIS) បានចាប់ផ្តើមយ៉ាងសកម្មក្នុងការជ្រើសរើសអ្នករត់ចោលជួរក្រុមតាលីបង់នៅអាហ្វកានីស្ថានជាពិសេសក្នុងចំណោមអ្នកដែលមិនពេញចិត្តនឹងមេដឹកនាំរបស់ពួកគេឬខ្វះភាពជោគជ័យក្នុងសមរភូមិ។ នេះបានជំរុញឱ្យមេដឹកនាំតាលីបង់ជាន់ខ្ពស់ម្នាក់គឺលោកអាក់តារ ម៉ាន់សួរសរសេរសំបុត្រមួយផ្ញើទៅអាប៊ូបាកគ៍ អាល់បាកដាឌីដោយសុំឱ្យបញ្ឈប់សកម្មភាពកេណ្ឌបុគ្គលនៅអាហ្វកានីស្ថានហើយអះអាងថាសង្គ្រាមនៅអាហ្វកានីស្ថានគួរតែស្ថិតនៅក្រោមភាពដឹកនាំរបស់តាលីបង់។[៣២៤] តែយ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នារវាងក្រុមទាំងពីរបានផ្ទុះឡើងនៅក្នុងខេត្តណានហ្ការហារហើយគិតត្រឹមខែមិថុនា ឆ្នាំ២០១៥ ISIL បានដណ្តើមទឹកដីមួយភាគតូចនៅអាហ្វកានីស្ថានជាលើកដំបូង។[៣២៥] នៅខែកញ្ញា ឆ្នាំ២០១៥ ISIL បានបណ្តេញក្រុមតាលីបង់ចេញពីតំបន់មួយចំនួនបន្ថែមទៀតនៅក្នុងខេត្តណានហ្ការហារបន្ទាប់ពីបានប្រយុទ្ធគ្នាអស់ជាច្រើនខែ។[៣២៦]

នៅខែមេសា ឆ្នាំ២០១៦ តាលីបង់បានរាយការណ៍ថាមេដឹកនាំជាន់ខ្ពស់និងថ្នាក់កណ្តាលមួយចំនួននៃវីឡាយ៉ាកូរ៉ាសាននៅក្នុងខេត្តណានហ្ការហារបានរត់ចោលក្រុម ISIL របស់ពួកគេហើយមកសន្យាភាពស្មោះត្រង់នឹងមេដឹកនាំតាលីបង់អាក់តា ម៉ាន់សួរ។ អ្នករត់ចោលជួរទាំងនោះរួមមានសមាជិកក្រុមប្រឹក្សាកណ្តាល ក្រុមប្រឹក្សាតុលាការ និងក្រុមប្រឹក្សាអ្នកទោសព្រមទាំងមេបញ្ជាការនិងយុទ្ធជនមួយចំនួន។[៣២៧]

តាលីបង់នៅប៉ាគីស្ថាន

មុនពេលចលនាតាលីបង់នៅប៉ាគីស្ថានត្រូវបានបង្កើតឡើង យុទ្ធជននិងថ្នាក់ដឹកនាំរបស់ពួកគេប្រមាណ ៨,០០០ នាក់បានតស៊ូប្រយុទ្ធជាមួយរដ្ឋាភិបាលតាលីបង់នៅក្នុងប្រទេសអាហ្វកានីស្ថាននៅរវាងឆ្នាំ១៩៩៦–២០០១ ហើយនិងសង្គ្រាមបន្ទាប់ពីរវាងឆ្នាំ២០០១–២០២១។[១២០] សមាជិកពួកគេភាគច្រើនជាជនជាតិប៉ាគីស្ថានហើយបន្ទាប់ពីរដ្ឋាភិបាលតាលីបង់ត្រូវបានទម្លាក់ចេញពីអំណាចក្នុងឆ្នាំ២០០១ ក្រុមនេះបាននាំគ្នារត់ភៀសខ្លួនទៅស្រុកកំណើតពួកគេវិញ។

នៅឆ្នាំ២០០៧ ចលនាតាលីបង់នៅប៉ាគីស្ថាន (តារីគ-អ៊ី-តាលីបង់ ឬអក្សរកាត់ឡាតាំងថា TTP)[៣២៨] ក៏បានបង្កើតឡើងដោយមានការដឹកនាំពីលោកបៃទុលឡា ម៉េស៊ូដ។ ក្រុមនេះមានគោលដៅចង់ឡើងគ្រប់គ្រងតំបន់កុលសម្ព័ន្ធអភិបាលសហព័ន្ធរបស់ប៉ាគីស្ថាន។ ក្រុមតាលីបង់នៅអាហ្វកានីស្ថានមិនបានទទួលស្គាល់ក្រុមនេះតាំងពីដំបូងមកម្លេះពោលគឺបន្ទាប់ពី TTP បានបើកការវាយប្រហារលើកងកម្លាំងប៉ូលីសនិងទាហានប៉ាគីស្ថាន។[៣២៩][៣៣០][៣៣១]

ទោះជាមានឈ្មោះនិងមនោគមវិជ្ជាដូចគ្នាមែនប៉ុន្តែក្រុមទាំងពីរនេះមានប្រវត្តិសាស្ត្រ គោលដៅ និងថ្នាក់ដឹកនាំខុសដាច់ដោយឡែកពីគ្នា។[៣៣០] តាលីបង់អាហ្វកានីស្ថានគឺតែងតែបដិសេដរាល់ទំនាក់ទំនងទាំងឡាយជាមួយ TTP។ អ្នកនាំពាក្យតាលីបង់បាននិយាយប្រាប់កាសែតញូវយ៉កថែមស៍ថា៖

ពួកយើងគឺមិនមានទំនាក់ទំនងអ្វីជាមួយគ្នាដូចដែលយើងធ្លាប់បានអះអាងពីមុនៗអញ្ចឹង...ក្នុងនាមជាមូស្លីមដូចគ្នាគឺយើងមានចិត្តអាណិតអាសូរដល់ពួកគេប៉ុន្តែក្រៅពីនេះយើងមិនមានអ្វីដូចគ្នាឡើយ។[៣៣២]

ពីមុនៗមក បស្ចឹមលោកតែងតែចោទប្រកាន់និងចង្អុលថាតាលីបង់បានទទួលជំនួយពីប្រទេសប៉ាគីស្ថានហើយរហូតមកដល់សព្វថ្ងៃ ការចោទប្រកាន់នេះនូវតែបន្តមានដដែរ។ ថ្នាក់ដឹកនាំតាលីបង់ជាច្រើនបានរត់ភៀសខ្លួនទៅប៉ាគីស្ថានបន្ទាប់ពីរដ្ឋាភិបាលពួកគេត្រូវផ្តួលរំលំ។ នៅឆ្នាំ២០០៦ ចាឡាលូដិន ហាក់កានីត្រូវបានចោទប្រកាន់ដោយមន្ត្រីជាន់ខ្ពស់នៃទីភ្ញាក់ងារស៊ើបការណ៍អន្តេសេវាថាជា"កូនក្រុមរបស់ប៉ាគីស្ថាន"។ ប្រទេសប៉ាគីស្ថានបានចេញបដិសេធអំពីទំនាក់ទំនងជាមួយហាក់កានីឬក្រុមភេរវករផ្សេងៗទៀត។ មេដឹកនាំហាក់កានីផ្ទាល់ក៏បានបដិសេធថាខ្លួនមិនមានទំនាក់ទំនងអ្វីជាមួយប៉ាគីស្ថានដែរ។[១២១][៣៣៣][៨៤][៣៣៤][៣៣៥][៣៣៦][៣៣៧][៣៣៨]

នៅចុងឆ្នាំ២០០៨ និងដើមឆ្នាំ២០០៩ មេដឹកនាំតាលីបង់អាហ្វកានីស្ថានគឺមូលឡាអូម៉ារបានស្នើតេរីគអ៊ីតាលីបង់ប៉ាគីស្ថានឱ្យឈប់ដំណើរប្រតិបត្តិការពួកគេនៅក្នុងប្រទេសប៉ាគីស្ថានហើយមកផ្តោតជាមួយអង្គការតែមួយដើម្បីតតាំងជាមួយកងទ័ពជាតិអាហ្វកានីស្ថាននិងកងកម្លាំងបរទេសផ្សេងៗនៅក្នុងប្រទេសអាហ្វកានីស្ថានវិញ។[៣៣២]

ចលនាតាលីបង់នៅអាហ្វកានីស្ថានត្រូវបានអង្គការសហប្រជាជាតិថ្កោលទោសសម្រាប់សកម្មភាពវាយប្រហារបែបភេវរកម្មនៅប៉ាគីស្ថាននិងការបំផ្ទុះគ្រាប់បែកនៅថែមស៍ស្វែរនៃទីក្រុងញូវយ៉ក។[៣៣១]

មើលផងដែរ

  • ប្រវត្តិសាស្ត្រអាហ្វកានីស្ថាន (១៩៩២–បច្ចុបន្ន)
  • បណ្តាញហាក់កានី
  • អាល់កៃដា

ឯកសារយោង

គន្ថនិទ្ទេស

សម្គាល់ជាភាសាអង់គ្លេស

អានបន្ថែម

តំណ​ភ្ជាប់​ខាងក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.