ហាម៉ាស់

From Wikipedia, the free encyclopedia

ហាម៉ាស់
Remove ads

ហាម៉ាស់ (ភាសាអារ៉ាប់៖ حماس) ដោយមានឈ្មោះជាផ្លូវការថា ចលនាតស៊ូឥស្លាម (حركة المقاومة الإسلامية) គឺជាអង្គការនយោបាយ និងយោធានិយមឥស្លាមស៊ុននី ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដែនជ្រោយហ្កាហ្សានៃទឹកដីប៉ាឡេស្ទីន[៣៣] ហាម៉ាស់មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្កាហ្សា និងវត្តមានតូចនៅតំបន់វ៉េសប៊ែង (ទឹកដីប៉ាឡេស្ទីនធំបន្ទាប់ពីហ្កាហ្សា) ដែលជាតំបន់គ្រប់គ្រងដោយហ្វាតា។ ហាម៉ាស់​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា "កម្លាំង​នយោបាយ​ដែល​មាន​ឥទ្ធិពល" នៅ​លើ​ទឹកដី​ប៉ាឡេស្ទីន។[៣៤][៣៥][៣៦] សត្រូវនយោបាយចម្បងរបស់ក្រុមនេះគឺ ជីហាដឥស្លាមប៉ាឡេស្ទីន និងហ្វាតា។[៣៧]

ព័ត៌មានសង្ខេប ចលនាតស៊ូឥស្លាម حركة المقاومة الإسلامية, ប្រធានការិយាល័យនយោបាយ ...
ព័ត៌មានសង្ខេប ទីស្នាក់ការកណ្តាល, សម្ព័ន្ធមិត្ត ...

នៅក្នុងឆ្នាំ១៩៨៧ ភ្លាមៗបន្ទាប់ពីការបោះបោរលើកទីមួយប្រឆាំងនឹងអ៊ីស្រាអែលបានផ្ទុះឡើង ក្រុមហាម៉ាស់ក៏ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយប៉ាឡេស្ទីនមួយរូបឈ្មោះ អាម៉េដ យ៉ាស៊ីន។ ក្រុមនេះបានផុសចេញពីមូចាម៉ា អាល់-អ៊ីស្លាមីយ៉ា (ស្ថាបនាដោយលោកយ៉ាស៊ីនដូចគ្នា) នៅទីក្រុងហ្កាហ្សាក្នុងឆ្នាំ១៩៧៣ ដែលជាអង្គការសប្បុរសធម៌សាសនាមានទំនាក់ទំនងជាមួយក្រុមភាតរភាពឥស្លាមសាសនិកដែលមានមូលដ្ឋាននៅប្រទេសអេហ្ស៊ីប[៣៨] ក្រុមហាម៉ាស់បានចូលដៃកាន់តែខ្លាំងឡើងទៅក្នុងជម្លោះអ៊ីស្រាអែល–ប៉ាឡេស្ទីននៅចុងទសវត្សរ៍ឆ្នាំ១៩៩០[៣៩] ហើយបានជំទាស់ប្រឆាំងនឹងលិខិតទទួលស្គាល់អញ្ញមញ្ញរបស់អ៊ីស្រាអែល–អង្គការរំដោះប៉ាឡេស្ទីន និងក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងអូស្លូ ដែលបានគូសបញ្ជាក់ពីការបោះបង់នូវ "បម្រើបម្រាស់អំពើភេរវកម្ម និងអំពើហឹង្សាផ្សេងៗ" ដោយក្រុមហ្វាតា និងការចាប់ដៃជាមួយអ៊ីស្រាអែលដើម្បីស្វែងរកដំណោះស្រាយផ្សះផ្សាគ្នា។ ក្រុមហាម៉ាស់បាន​បន្ត​ជ្រុមជ្រែងឱ្យមានចលនាតស៊ូប្រដាប់អាវុធដើម្បី​បញ្ចប់​ការ​កាន់កាប់​របស់​អ៊ីស្រាអែល។ ក្រុមហាម៉ាស់បានយកឈ្នះក្នុងការបោះឆ្នោតនីតិបញ្ញត្តិប៉ាឡេស្ទីននៅក្នុងឆ្នាំ២០០៦[៤០] ដោយទទួលបានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន[៤១] និងក្រោយមកបានឡើងកាន់កាប់តំបន់ដែនជ្រោយហ្កាហ្សាពីក្រុមហ្វាតានៅឆ្នាំ២០០៧។[៤២][៤៣]

ចាប់តាំងពីឆ្នាំ២០០៧ មក ក្រុមហាម៉ាស់បានធ្វើសង្គ្រាមជាច្រើនលើកច្រើនសាជាមួយអ៊ីស្រាអែល[៤៤] ជាយូរណាស់មកហើយ គោលបំណងចម្បងរបស់ក្រុមនេះគឺចង់បង្កើតរដ្ឋឥស្លាមប៉ាឡេស្ទីននៅលើទឹកដីរួមរបស់អ៊ីស្រាអែលពោលគឺ តំបន់វ៉េសប៊ែង និងដែនជ្រោយហ្កាហ្សា ដោយបដិសេធដំណោះស្រាយផ្សះផ្សារវាងរដ្ឋទាំងពីរ និងការចរចាទាំងឡាយជាមួយអ៊ីស្រាអែល។[៤៥][៤៦] នៅឆ្នាំ២០១៧ ក្រុមហាម៉ាស់បានយល់ព្រមទទួលស្គាល់ព្រំដែនរដ្ឋប៉ាឡេស្ទីនឆ្នាំ១៩៦៧ ប៉ុន្តែនៅបន្តមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែល។[៤៧][៤៨][៤៩] នៅក្រោមគោលគំនិតមនោគមវិជ្ជានៃសាសនាឥស្លាម ហាម៉ាស់បានលើកតម្កើនគំនិតជាតិនិយមប៉ាឡេស្ទីននៅក្នុងបរិបទឥស្លាម។ លើសពីនេះ វាបានបន្តគោលនយោបាយជីហាដ (ការតស៊ូប្រដាប់អាវុធ) ប្រឆាំងនឹងអ៊ីស្រាអែល។[ស ៣] រដ្ឋាភិបាលហាម៉ាស់មានសាខាសេវាកម្មសង្គមហៅថា ដាវ៉ា និងសាខាយោធាហៅ កងពលតូចអ៊ីសអាដ-ឌីន អាល់-កាសាំ

ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក[៥១] ក្រុមហាម៉ាស់បានទទួលនូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងសង្គមប៉ាឡេស្ទីន ក៏ព្រោះតែអំពើពុករលួយក្នុងក្រុមនេះមានកម្រិតទាប និងគោលជំហរយ៉ាងរឹងម៉ាំប្រឆាំងនឹងអ៊ីស្រាអែល។[៥២][៥៣] ប្រទេសលោកខាងលិចជាច្រើន និងសម្ព័ន្ធមិត្តរបស់ពួកគេបានចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវករ ដោយលើកឡើងពីការប្រើប្រាស់ខែលមនុស្ស[៥៤][៥៥] វិធីចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំង និងប្រវត្តិនៃអំពើហឹង្សាលើអ្នកមិនកាន់អាវុធ រួមមានការសម្លាប់រង្គាលលើជនស៊ីវិល ការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយគ្រាប់រ៉ុក្កែតមិនរើសមុខទៅលើទីកន្លែងប្រមូលផ្ដុំប្រជាជនអ៊ីស្រាអែល។[៥៦] នៅឆ្នាំ២០១៨ មានគេបានព្យាយាមថ្កោលទោសក្រុមហាម៉ាស់សម្រាប់ "អំពើភេរវកម្ម" នៅឯអង្គការសហប្រជាជាតិ ប៉ុន្តែត្រូវបានបរាជ័យ។[ស ៤] អ្នកវិវេចនាជាច្រើនបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយលើក្រុមហាម៉ាស់ថាជាអង្គការភេរវករ ដោយផ្ទុយទៅវិញបានសម្ដៅលើក្រុមនេះថាជា ក្រុមសកម្មប្រយុទ្ធដើម្បីសេរីភាព ឬគ្រាន់តែជា ក្រុមសកម្មប្រយុទ្ធ។[៥៨][៥៩][៦០]

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហាម៉ាស់បានចាប់ផ្តើមយុទ្ធនាការប្រដាប់អាវុធដ៏ធំមួយដែលមានឈ្មោះថា "ប្រតិបត្តិការរលកអាល់-អាកសា" ប្រឆាំងនឹងអ៊ីស្រាអែល។ ក្នុងយុទ្ធនាការនេះ ហាម៉ាស់បានវាយទម្លុះរបាំងព្រំដែនហ្កាហ្សា–អ៊ីស្រាអែល ហើយបានសម្លាប់ជនស៊ីវិល វាយប្រហារមូលដ្ឋានយោធាអ៊ីស្រាអែល និងព្រមទាំងចាប់ជំរិតជនស៊ីវិល និងទាហានអ៊ីស្រាអែល។[៣៤] សកម្មភាពនេះ​បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​ធ្វើការប្រកាស​សង្គ្រាម ហើយ​ក៏​បង្ក​ឱ្យ​ផ្ទុះការ​ប្រយុទ្ធ​សម្លាប់គ្នា​នៅទូទាំង​រដ្ឋអ៊ីស្រាអែល និង​តំបន់​ដែនជ្រោយហ្កាហ្សា។[៦១]

Remove ads

កំណត់សម្គាល់ និងឯកសារយោង

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads