បូស្នី-អ៊ែរសេកូវីន

From Wikipedia, the free encyclopedia

បូស្នី-អ៊ែរសេកូវីន
Remove ads

ប្រទេសបូស្នី-អ៊ែរសេកូវីន ឬអាចសរសេរបានថា បូស្នី និងអ៊ែរសេកូវីន[ស ១] ឬអាចហៅខ្លីបានថា បូស្នី គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបអាគ្នេយ៍ ពោលនៅក្នុងឧបទ្វីបបាល់កង់។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសស៊ែប៊ីនៅភាគខាងកើត ម៉ុងតេណេគ្រោនៅភាគអាគ្នេយ៍ និងប្រទេសក្រូអាស៊ីនៅភាគខាងជើងនិងនិរតី ហើយមានឆ្នេរប្រវែង ២០ គីឡូម៉ែត្រជាប់សមុទ្រអាឌ្រីយ៉ាទិកនៅភាគខាងត្បូង។ ប្រទេសនេះបែងចែកជាតំបន់ធំៗចំនួនពីរ (ដូចដែលឃើញនៅក្នុងឈ្មោះ) ដោយបូស្នី (តំបន់ធំ) មានអាកាសធាតុទ្វីបមធ្យមជាមួយនឹងនិទាឃរដូវដ៏ក្ដៅខ្លាំង និងសិសិររដូវត្រជាក់រងា។ ភូមិសាស្ត្របូស្នីភាគច្រើនមានលក្ខណៈខ្ពង់រាប ពិសេសនៅតំបន់ផ្នែកកណ្ដាលនិងខាងកើត ដែលសុទ្ធសឹងតែត្រួតពីលើដោយជួរភ្នំទឹកកកឌីណារីក។ រីឯអ៊ែរសេកូវីនវិញ (តំបន់តូច) គឺមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនៃប្រទេស និងមានអាកាសធាតុតំបន់មេឌីទែរ៉ាណេ ហើយគ្របដណ្ដប់ភាគច្រើនដោយជួរភ្នំខ្ពង់រាបដូចបូស្នីដែរ។ សារ៉ាសេវ៉ូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេសនេះ។

ព័ត៌មានសង្ខេប Bosna i Hercegovina (បូស្នី)Босна и Херцеговина (ស៊ែប៊ូ-ក្រូអាត), រដ្ឋធានី និង ទីក្រុងធំបំផុត ...

ទឹកដីតំបន់នៃប្រទេសបូស្នី-អ៊ែរសេកូវីនសព្វថ្ងៃត្រូវបានមនុស្សចូលមកតាំងទីលំនៅដំបូងតាំងពីយុគថ្មបំបែកលើមកម៉្លេះ ដោយវប្បធម៌មនុស្សក្នុងតំបន់ដំបូងៗដូចជា ប៊ុតមៀរ កាកានជ៍ និងវូឆេដុលបានលេចចេញជារូបរាងឡើងនៅកំឡុងយុគថ្មរំលីង។ ក្រោយពីក្រុមពួកបុព្វឥណ្ឌូអឺរ៉ុបបានផ្លាស់ទីមករស់នៅក្នុងទ្វីបអឺរ៉ុប តំបន់ទឹកដីនៃប្រទេសបូស្នីបច្ចុប្បន្នក៏ត្រូវបានកាន់កាប់ និងទទួលឥទ្ធិពលពីអរិយធម៌អ៊ីល្លីរី និងសែលត៍។ មកដល់ពាក់កណ្ដាលសតវត្សរ៍ទីមួយនៃគ្រិស្តសករាជ ទឹកដីបូស្នីក៏ត្រូវបានកាត់បញ្ចូលទៅក្នុងខេត្តដាល់ម៉ាស៊ីរបស់ចក្រភពរ៉ូមបុព្វបុរសនៃជនជាតិស្លាវខាងត្បូងបច្ចុប្បន្នបានចូលមកដល់ទឹកដីប្រទេសបូស្នីនេះនៅរវាងសតវត្សរ៍ទីប្រាំមួយ និងទីប្រាំបួន។ នៅសតវត្សរ៍ទី១២ បានាចក្របូស្នីបានលេចឡើងជាអង្គភាពនយោបាយបូស្នីឯករាជ្យដំបូងគេ។[១១] រដ្ឋនគរមួយនេះបានវិវត្តខ្លួនក្លាយជាព្រះរាជាណាចក្របូស្នី ដែលត្រូវជារដ្ឋដ៏មានអំណាចឥទ្ធិពលបំផុតនៅក្នុងតំបន់បាល់កង់ខាងលិចនៅត្រឹមសតវត្សរ៍ទី១៤។[១១] ចក្រភពអូតូម៉ង់បានកាត់អាណាចក្របូស្នីបញ្ចូលជាទឹកដីរបស់ខ្លួននៅក្នុងឆ្នាំ១៤៦៣ ហើយបានផ្សព្វផ្សាយសាសនាឥស្លាមទៅកាន់ប្រជាជនបូស្នីកាលសម័យនោះ។ ចាប់តាំងពីចុងសតវត្សរ៍ទី១៩ រហូតដល់សង្គ្រាមលោកលើកទី១ រដ្ឋបូស្នីត្រូវបានកាត់ចូលទៅក្នុងចក្រភពអូទ្រីស-ហុងគ្រី។ នៅក្នុងសម័យអន្តរសង្គ្រាម បូស្នី-អ៊ែរសេកូវីនបានក្លាយជាផ្នែកមួយនៃព្រះរាជាណាចក្រយូហ្គោស្លាវី។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ បូស្នីបានទទួលសិទ្ធិជាសាធារណរដ្ឋស្វយ័តនៅក្នុងសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវីដែលទើបបង្កើតថ្មី។ នៅក្នុងឆ្នាំ១៩៩២ បន្ទាប់ពីយូហ្គោស្លាវីបានបែកខ្ញែកទៅជារដ្ឋតូចៗ សាធារណរដ្ឋបូស្នីក៏បានប្រកាសឯករាជ្យ។ ភ្លាមៗនោះ សង្គ្រាមបូស្នីក៏បានផ្ទុះឡើងដោយបានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៥ នៅពេលដែលកិច្ចព្រមព្រៀងទីក្រុងដេយតុនបានបិទបញ្ចប់ឈុតឆាកសង្គ្រាមនោះ។

ប្រទេសបូស្នី-អ៊ែរសេកូវីនបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ ២.៩ លាននាក់ ដោយបែងចែកទៅជាក្រុមជនជាតិធំៗចំនួនបី។ ទីមួយគឺ ជនជាតិបូស្នី ដែលមានចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុងប្រទេស បន្ទាប់មកគឺ ជនជាតិស៊ែប ដែលមានចំនួនមួយភាគបីនឹងប្រជាជនសរុប និងចុងក្រោយគឺ ជនជាតិក្រូអាតប្រមាណមួយភាគប្រាំមួយ។ ជនជាតិភាគតិចរស់នៅនៅក្នុងប្រទេសនេះរួមមាន ជ្វីហ្វ រ៉ូម៉ានី អាល់បានី ម៉ុងតេណេគ្រោ អ៊ុយក្រែន និងតួកគីជាដើម ដែលសុទ្ធតែស្ថិតក្នុងចំណោម "ជនជាតិភាគតិចជាតិ" ចំនួន ១៧ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋ។ បូស្នី-អ៊ែរសេកូវីនមានស្ថាប័ននីតិប្បញ្ញត្តចំនួនពីរថ្នាក់ (ទ្វេសភា) និងប្រធានាធិបតីចំនួនបីរូបដែលម្នាក់ៗមានដើមកំណើតមកពីក្រុមជនជាតិសំខាន់ៗទាំងបី (បញ្ចូលគ្នាហៅថា គណៈអធិបតី)។ អំណាចរបស់រដ្ឋាភិបាលមជ្ឈិមគឺមានតិចតួចណាស់ ដោយសារប្រទេសនេះភាគច្រើនមានវិមជ្ឈការជ្រៅគ្របដណ្ដប់គ្រប់ជាន់ថ្នាក់។ ដោយសារហេតុនេះ ប្រទេសបូស្នី-អ៊ែរសេកូវីនត្រូវបានបែងចែកបន្តទៅជាអង្គភាពស្វយ័តចំនួនពីរទៀតគឺ សហព័ន្ធបូស្នី-អ៊ែរសេកូវីន និងសាធារណរដ្ឋស៊ែបរ៍ស្កា ហើយនិងអង្គភាពទីបីដាច់ដោយឡែកមួយទៀតហៅថា ស្រុកប្រ៊ឺឆ្កូ ដែលគ្រប់គ្រងដោយរដ្ឋបាលមូលដ្ឋានរៀងខ្លួន។

បូស្នី-អ៊ែរសេកូវីនគឺជាប្រទេសកំពុងអភិវឌ្ឍ និងមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតខ្ពស់ ដោយផ្ដោតលើវិស័យឧស្សាហកម្មនិងកសិកម្ម បន្ទាប់មកគឺវិស័យទេសចរណ៍និងសេវាកម្ម។ វិស័យទេសចរណ៍នេះមួយផងដែរបានកំពុងរីកលូតលាស់កើនឡើងគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។[១២][១៣] ប្រទេសនេះមានប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធតំហែសុខភាពសកល ហើយការអប់រំក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាគឺមិនគិតថ្លៃឡើយ។ បច្ចុប្បន្ន បូស្នី-អ៊ែរសេកូវីនគឺជាប្រទេសបេក្ខភាពចូលរួមក្នុងសហភាពអឺរ៉ុប ហើយក៏ជារដ្ឋបេក្ខភាពសម្រាប់សមាជិកភាពណាតូផងដែរចាប់តាំងពីខែមេសា ឆ្នាំ២០១០ មក។[១៤]

Remove ads

កំណត់សម្គាល់

  1. ភាសាបូស្នី៖ Босна и Херцеговина, ភាសាក្រូអាត៖ Bosna i Hercegovina, ភាសាស៊ែប៊ី៖ Bosna i Hercegovina ឬ Босна и Херцеговина (ទម្រង់គីរីឡុស)

ឯកសារយោង

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads