ភ្នំឧដុង្គ

ភ្នំព្រះរាជទ្រព្យ ភ្នំអដ្ឋរស្ស From Wikipedia, the free encyclopedia

ភ្នំឧដុង្គ
Remove ads
ព័ត៌មានសង្ខេប កូអដោនេ: 11°48′N 104°45′E, ប្រទេស ...
Remove ads

ទីតាំងភូមិសាស្រ្ត

ភ្នំឧដុង្តមានទីតាំងស្ថិតនៅក្បែររាជធានីឧដុង្គមានជ័យដែលជាអតីតរាជធានីខ្មែរនាសតវត្សរ៍ទី ១៧(ពីឆ្នាំ ១៦១៨ ដល់ឆ្នាំ ១៨៦៦)ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តមនៅក្នុងឆ្នាំ ១៨៦៦ ដោយធ្វើការផ្លាស់ប្តូររាជធានីទៅកាន់រាជធានីចតុមុខវិញរហូតដល់សព្វថ្ងៃ។ភ្នំឧដុង្តមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ភ្នំឧដុង្គគឺជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូងប្រវែង ១៥០០ ម៉ែត្រនិងទទឹង ៧០០ ម៉ែត្រ។ទីកន្លែងនេះមានការទាក់ទាញជាថ្មីបន្ទាប់ពីការកសាងព្រះសក្យមុនីចេតិយដែលជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធដ៏ធំនិងព្រះពុទ្ធបដិមាតូចៗជាង ៣០០០ អង្គនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើងដែលមើលទៅឃើញធំខ្ពស់និងមានភាពស្រស់បំព្រង។ភ្នំនេះមានកំពូល ០៥ គឺកំពូលចេតិយទន្ទឹម កំពូលត្រៃត្រឹង្គ កំពូលភ្នំចេតិយកំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និង កំពូលភ្នំអរិយកាស្សប។ភ្នំឧដុង្តសព្វថ្ងៃមានទីតាំងស្ថិតនៅក្នុងភូមិភ្នំជ័យឧត្តម ភូមិស្រះពោធិ៍ដែលភូមិទាំង ០២ នេះស្ថិតនៅក្នុងឃុំផ្សារដែកនិងភូមិពោធិ៍រ៉ាល់ ភូមិត្រពាំងស្លែង ភូមិស្រះពោធិ៍ដែលភូមិទាំង ០៣ នេះស្ថិតនៅក្នុងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាលនិងមានចម្ងាយផ្លូវប្រមាណជា ៥១ គីឡូម៉េត្រពីទីរួមខេត្ត។ទេសភាពនៅលើកំពូលភ្នំនៅពេលយើងឡើងដល់កំពូលនៃភ្នំហាក់បីដូចជាខ្លួនយើងកំពុងជិះលើយន្តហោះព្រោះមើលទៅឃើញដើមត្នោត ផ្ទះសម្បែង ស្រែចម្ការរបស់អ្នកស្រុកព័ទ្ធជុំវិញហើយបើមើលទៅទិសខាងលិចឃើញភ្នំស្ទុងៗនៅឆ្ងាយសន្លឹមមើលទៅទិសខាងកើតឃើញដៃទនេ្លសាបនិងភូមិអ្នកស្រុកកំពង់ហ្លួងមើលទៅទិសខាងជើងឃើញភូមិវាំងចាស់និងផ្សារឧដុង្គនិងមើលទៅទិសខាងត្បូងឃើញផ្លូវជាតិលេខ ០៥ ទៅកាន់រាជធានីភ្នំពេញយ៉ាងវែងអន្លាយហាក់បីដូចខែ្សពួរមួយចង្វាយដែលគេរាយអញ្ចឹង។ភ្នំឧដុង្គមានទីកន្លែងសម្រាប់ជាទីសក្ការៈបូជារបស់ពុទ្ធសាសនិកកនែ្លងសម្រាប់អង្គុយលំហែមើលទេសភាពដ៏ស្រស់ត្រកាលពីលើកំពូលភ្នំមានលក់ភេសជ្ជៈម្អូបចំណីអាហារសម្បូរបែបជាច្រើនប្រភេទនិងមានលក់របស់វត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរជូនដល់ភ្ញៀវទេសចរណ៍ទាំងនៅក្នុងស្រុកនិងក្រៅស្រុកគ្រប់ៗរូបដែលបានទៅទស្សនាកម្សាន្ត។ភ្នំឧដុង្គឬជាភ្នំព្រះរាជ្យទ្រព្យនិងខ្លះទៀតហៅថាភ្នំអដ្ឋរស្សគឺជាអតីតរាជធានីរបស់ប្រទេសកម្ពុជាយើងនាសតវត្សរ៍ទី ១៧។ភ្នំនេះគឺជាទីកនែ្លងសម្រាប់បញ្ចុះព្រះអដ្ឋិធាតុនៃព្រះរាជវង្សានុវង្សនិងជាទីកនែ្លងដែលព្រះរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យសាងសង់វត្តនិងព្រះវិហារ។ការដែលគេហៅភ្នំព្រះរាជ្យទ្រព្យដោយសារព្រះមហាក្សត្រជំនាន់នោះទ្រង់ឈ្វេងយល់ថាភ្នំនេះមិនខ្ពស់ពេកហើយស្ថិតនៅកែ្បរក្រុងឧដុង្គដែលជាព្រះបរមរាជវាំងស្រាប់ទៀតនោះទើបព្រះរាជាទ្រង់ចាត់ឲ្យកសាងព្រះចេតិយធំៗនិងមានចម្លាក់លម្អសម្រាប់បញ្ចុះព្រះបរមអដ្ឋិធាតុនិងព្រះអដ្ឋិធាតុនៃព្រះរាជវង្សានុវង្សដោយចាប់សាងបូជនីយដ្ឋាននោះដោយកម្លាំងព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គទើបសន្មតហៅថាភ្នំព្រះរាជទ្រព្យ។បើគេធ្វើដំណើរ ឡើងលើភ្នំតាមជណ្តើរខាងជើងដែលទើបធ្វើថ្មីនោះមានចំនួន ៥០៩ កាំដំបូងនោះគេនឹងបានឃើញព្រះសក្យមុនីចេតិយដ៏ធំនិងស្រស់ស្អាតមានកម្ពស់ ៤០ ម៉ែត្រ។ព្រះសក្យមុនីចេតិយចាប់បញ្ចុះបឋមសិលានាថៃ្ង ០៩ រោច ខែទុតិយាសាធ ឆ្នាំជូត អដ្ឋស័ក ពុទ្ធសករាជ ២៥៤០ ដែលត្រូវនឹងថៃ្ងព្រហស្បតិ៍ ទី ០៨ ខែសីហា ឆ្នាំ ១៩៩៦។[][]

Thumb
ទេសភាពនៅលើកំពូលភ្នំឧដុង្គ
Remove ads

ប្រវត្តិក្រុងឧដុង្គ

បើតាមឯកសារប្រជុំរឿងព្រេងខែ្មរភាគទី ០៥ របស់ក្រុមជំនុំទំនៀមទម្លាប់ខែ្មរបានបញ្ជាក់ថាទីក្រុងឧដុង្គចាប់ផ្ដើមកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៧ ក្នុងរជ្ជកាលព្រះបាទព្រះជ័យជេដ្ឋាទី ២។នៅក្នុងពុទ្ធសករាជ ២១៦៤ នៃគ្រិស្តសករាជ ១៦២០ ព្រះបាទជ័យជេដ្ឋាទី ២ សេ្តចគង់នៅព្រះបរមរាជវាំងល្វាឯមទ្រង់បាននាំសេនាបតីនិងនាមឺនសព្វមុខមន្រ្តីចុះព្រះរាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅតំបន់អូរក្រងលាយនៅក្នុងខេត្តសំរោងទងទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថៃ្ងរួចសេ្តចយាងទៅក្រសាលនៅតាដុងយាយជ័យទ្រង់ក៏ទតឃើញទីទួលមួយនៅតំបន់ស្រះកែវជាទីមានទេសភាពល្អក៏ទ្រង់ចាប់ព្រះទ័យហើយទ្រង់មានព្រះតម្រាស់ជាមួយមន្រ្តីមានហោធិបតីជាដើមថា«យើងចង់សាងព្រះរាជវាំងគង់នៅទីនេះតើអស់អ្នកទាំងពួងយល់ថាមេ្តច?»ឧកញ្ញ៉ាហោរាធិបតីមុំគន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា«ទីនេះជាទីជ័យភូមិល្អណាស់ត្រូវតាមក្បួនទាយថានឹងមានឬទ្ធីតេជៈឈ្នះអស់សត្រូវទាំង ០៨ ទិស»ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយក៏ចាត់ឲ្យឧកញ៉ាក្រឡាហោមកែវជានាយកចាត់ការកសាងព្រះបរមរាជវាំងនៅតំបន់ស្រះកែវនេះនៅថៃ្ង ០៥ កើត ខែផល្គុន ឆ្នាំវក ទោស័ក ពុទ្ធសករាជ ២១៦៤ នៃគ្រិស្តសករាជ ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ(ទីក្រុង)ថ្មីនោះថាព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋានដែលហៅខ្លីៗថាក្រុងឧដុង្គមានជ័យ

Remove ads

ព្រះសក្យមុនីចេតិយ

ព្រះសក្យមុនីចេតិយនៅពីមុខស្ថានីយរាជាយស្ម័យយាននៅក្នុងរាជធានីភ្នំពេញគឺជាអតីតទីតម្កល់នូវព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុគឺព្រះអដ្ឋិធាតុនៃព្រះសារីបុត្តនិងព្រះមោគល្លានមុនពេលដែលព្រះបរមសារីរិកធាតុផ្លាស់ប្ដូរមកគង់ប្រថាប់នៅលើកំពូលភ្នំឧដុង្គ។ព្រះសក្យមុនីចេតិយដែលមានក្បូរក្បាច់រចនាល្អវិចិត្រនេះល្បីតគ្នាថាសាងសង់អស់ទឹកប្រាក់ ២០ ម៉ឺនរៀល។យោងតាមការស្រាវជ្រាវចងក្រងដោយលោកជា គាននិងអ៊ុង សូស្ដីពីប្រវត្តិព្រះសក្យមុនីចេតិយបានឲ្យដឹងថានៅថ្ងៃ ០២ រោច ខែអស្សុជ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៥ ត្រូវនឹងថ្ងៃអាទិត្យ ទី ០៥ ខែតុលា ឆ្នាំ ១៩៥២ ព្រះរាជាណាចក្រកម្ពុជាបានទទួលព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុគឺព្រះអដ្ឋិធាតុនៃព្រះសារីបុត្តនិងព្រះមោគល្លានព្រមជាមួយកូនមហាពោធិព្រឹក្ស ០២ ដើមដែលនាំមកពីប្រទេសឥណ្ឌា។ពិធីទទួលព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុនៅព្រលានយន្តហោះពោធិ៍ចិនតុងត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងសម្ដេចព្រះនរោត្តម សីហនុជាទីសក្ការៈ។ព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុត្រូវបានដង្ហែមកតម្កល់ទុកនៅក្នុងព្រះវិហារព្រះកែវមរកតនៅវេលាម៉ោង ១០ យប់។ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ១៩៥២ សម្ដេចព្រះសង្ឃនាយកទាំង ០២ គណៈនិមន្តព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុចេញពីព្រះវិហារព្រះកែវមរកតដង្ហែព័ទ្ធជុំវិញរាជធានីភ្នំពេញដល់មុខរាជាយស្ម័យយាន ក៏ដង្ហែព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុតម្កល់លើអាសនៈដ៏ប្រសើរមួយនាកណ្ដាលវេទិកាដ៏ល្អប្រណិតប្រារព្ធពិធីថ្លែងសុន្ទរកថាទៅវិញទៅមក។ក្រោយចប់ពិធីក៏ដង្ហែព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុទៅគង់នៅព្រះវិហារព្រះកែវមរកតវិញ។ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃ ១០ ខែតុលា ឆ្នាំ ១៩៥២ បានបើកឱកាសប្រគេនព្រះសង្ឃជូនមន្ត្រីរាជការពុទ្ធបរិស័ទទូទាំងប្រទេសធ្វើការគោរពបូជាតាមសទ្ធាជ្រះថ្លា។នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៥២ មានប្រារព្ធពិធីជូនដំណើរដង្ហែព្រះបរមសារីរិកធាតុនិងព្រះអរហន្តធាតុត្រឡប់ទៅប្រទេសឥណ្ឌាវិញដោយមានក្បួនដង្ហែដ៏មហោឡារិកដូចពេលទទួលដែរ។បច្ច័យដែលកើតឡើងពីការបូជានៅក្នុងពិធីបុណ្យ ០៧ យប់ ០៧ ថ្ងៃនេះទទួលបានចំនួន ១ ៦៦៧ ៣០៩ រៀល។បច្ច័យទាំងនេះគណៈកម្មការរៀបចំពិធីបុណ្យបានបែងចែកជា ០២ ផ្នែកសំខាន់ៗគឺចំនួន ៩០ ម៉ឺនរៀលសម្រាប់យកទៅសាងសង់មន្ទីរពេទ្យសម្រាប់ព្រះសង្ឃ ដែលក្រោយមកមានឈ្មោះថាមន្ទីរពេទ្យព្រះកុសុមៈ។បច្ច័យចំនួន ២០ ម៉ឺនរឿលសម្រាប់យកទៅចាត់ការសាងសង់ព្រះមហាចេតិយនៅមុខស្ថានីយរាជាស្ម័យយានក្រុងភ្នំពេញសម្រាប់តម្កល់ព្រះបរមសារីរិកធាតុព្រោះហេតុនោះហើយបានជា ព្រះមហាចេតិយនេះមានឈ្មោះថាព្រះសក្យមុនីចេតិយ។គួរបញ្ជាក់ឲ្យដឹងផងដែរថាពិធីសម្ពោធនិងដង្ហែព្រះបរមសារីរិកធាតុ ពីព្រះសក្យមុនីចេតិយចាស់នៅក្នុងរាជធានីភ្នំពេញមកគង់ប្រថាប់នៅព្រះសក្យមុនីចេតិយថ្មីលើភ្នំឧដុង្គ ស្រុកពញាឮ ខេត្តកណ្ដាលគឺប្រព្រឹត្តទៅកាលពីថ្ងៃ ១៥ កើត ខែមិគសិរ ពុទ្ធសករាជ ឆ្នាំ ២៥៤៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី ១៩ ខែធ្នូ ឆ្នាំ ២០០២។[]

Thumb
ព្រះសក្យមុនីចេតិយនៅលើកំពូលភ្នំឧដុង្គ
Remove ads

ព្រះចេតិយត្រៃត្រិង្ស

ស្ថិតនៅខាងឆេ្វងដៃកែ្បរព្រះសក្យមុនីចេតិយទើបធ្វើថ្មីនោះយើងឃើញមានចេតិយធំៗ ០២ នៅកែ្បរគ្នានៅក្នុងនោះចេតិយខាងជើងមានឆ្លាក់រូបដំរីលេចក្បាលធ្លោឡើងប៉ុនដំរីមែនទែនគេហៅថាចេតិយសាមពាន់ត្រូវបានកសាងឡើងតាំងពីគ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋាទី ២ ដើម្បីបញ្ចុះព្រះបរមអដ្ឋិធាតុរបស់ព្រះបាទស្រីសុរិយោពណ៌ជាព្រះវររាជបិតាមានលម្អដោយក្បាច់និងចម្លាក់ក្បាលដំរីព័ទ្ធជុំវិញចំនួន ៣២ ហើយក៏មានចារឹកអក្សរ ០១ ផ្ទាំងនៅខាងមុខផងដែរថា«ពុទ្ធសករាជ ២១៦៦ មហាសករាជ ១៥៤៥ ចុល្លសករាជ ៩៨៥ ឆ្នាំកុរ បញ្ចស័ក គ្រិស្តសករាជ ១៦២៣ ព្រះបាទសម្ដេចព្រះជ័យជេដ្ឋាព្រះចៅក្រុងកម្ពុជាធិបតីទ្រង់សាងព្រះចេតិយត្រ័យត្រឹង្សលើភ្នំព្រះរាជទ្រព្យខេត្តសំរោងទងធ្វើបុណ្យបញ្ចុះព្រះបរមអដ្ឋិព្រះបាទសម្ដេចព្រះស្រីសូរិយោពណ៌ព្រះចៅក្រុងកម្ពុជាធិបតីព្រះវរាជបិតាប្រសូត្រឆ្នាំវក​សំរិទ្ធិស័កគ្រិស្តសករាជ ១៥៤៩ សុវណ្ណគតនៅឆ្នាំមមែឯកស័ក»អក្សរចារឹកនោះនៅមានបន្តទៀតប៉ុន្តែដោយសារតែរងនូវការខូចខាតរលុបបាត់ខ្លះៗទៅហើយនោះទើបមិនអាចមើលដឹងថាមានខ្លឹមសារបែបណានិងសរសេរបង្ហាញបន្តទៀតបានឡើយ។ផ្ទាំងអក្សរចារឹកខាងលើនេះត្រូវបានព្រះបាទព្រះសុីសុវត្ថិទ្រង់ត្រាស់បង្គាប់ឲ្យមន្ត្រីក្រមការធ្វើឡើងនៅក្នុងឆ្នាំម្សាញ់ នព្វស័ក គ្រិស្ដសករាជ ១៩១៧ ដើម្បីឲ្យប្រជានុរាស្ត្រខ្មែរបានដឹងគ្រប់ជំនាន់។ចេតិយខាងត្បូងជាប់គ្នានោះកសាងឡើងនៅក្នុងគ្រិស្តសករាជ ១៨៩១ ដោយព្រះបាទនរោត្តមដើម្បីបញ្ចុះព្រះបរមអដ្ឋិធាតុរបស់ព្រះបាទអង្គឌួងជាព្រះវររាជបិតាមានលម្អដោយក្បាច់និងអក្សរចារឹក ០១ ផ្ទាំងនៅខាងមុខនោះផងដែរថា«ពុទ្ធសករាជ ២៤៣៤ មហាសករាជ ១៨១៣ ចុល្លសករាជ ១២៥៣ ឆ្នាំថោះត្រីស័កគ្រិស្តសករាជ ១៨៩១ ព្រះបាទសម្ដេចព្រះនរោត្តមព្រះចៅក្រុងកម្ពុជាធិបតីកសាងព្រះចេតិយនេះនៅលើកំពូលភ្នំព្រះរាជទ្រព្យដើម្បីបញ្ចុះព្រះបរមអដ្ឋិព្រះបាទសម្ដេចព្រះហរីរក្សរាមាព្រះបាទអង្គឌួងព្រះចៅក្រុងកម្ពុជាធិបតីជាព្រះវររាជបិតាប្រសូតនៅឆ្នាំរោងអដ្ឋស័កសោយរាជ្យបាន ១៤ ឆ្នាំនិងទ្រង់សុវណ្ណគតឆ្នាំវកទោស័ក គ្រិស្តសករាជ ១៧៩៦ ព្រះជន្មាយុ ៦៥ ឆ្នាំនិងសម្ដេចព្រះរាជនីបរមបពិត្រប្រសូតនៅឆ្នាំកុរសព្វស័កសុវណ្ណគតឆ្នាំមមែនព្វស័កគ្រិស្តសករាជ ១៨៩៥ ក្នុងព្រះជន្មាយុ ៨១ ឆ្នាំនិងឆ្នាំម្សាញ់នព្វស័កថ្ងៃពុធ ០២ រោជខែអស្សុជគ្រិស្តសករាជ ១៩១៧ ព្រះបាទសម្ដេចព្រះសុីសុវត្ថិចោមចក្រពង្សព្រះចៅក្រុងកម្ពុជាធិបតីទ្រង់បានចាត់ព្រះរាជពិធីបញ្ចុះព្របរមអដ្ឋិសម្ដេចព្រះវរាជនីជាព្រះវរាជមាតាប្រសូត្រក្នុងឆ្នាំរោងទោស័កគ្រិស្ដសករាជ ១៨២០»។រីឯព្រះចេតិយធំ ០១ ទៀតស្ថិតនៅជួរជាមួយគ្នានោះដែរតែនៅឃ្លាតឆ្ងាយបន្តិចពីព្រះចេតិយទាំង ០២ ខាងលើនោះគឺព្រះចេតិយបញ្ចុះព្រះអដ្ឋិធាតុរបស់ព្រះបាទសុីសុវត្ថិមានលម្អដោយក្បាច់ចម្លាក់និងមានរំលេចដោយចម្លាក់ព្រហ្មមុខ ០៤ នៅលើកំពូលតំណាងឲ្យព្រហ្មវិហារធម៌និងសេចក្ដីរីកចម្រើនរុងរឿងហើយក៏មានចារឹកជាអក្សរនៅខាងមុខព្រះចេតិយនោះផងដែរ។ចេតិយធំៗទាំង ០៣ ស្ថិតលើកំពូលភ្នំឧដុង្គជ្រុងខាងជើងត្រូវបានគេហៅថាព្រះចេតិយត្រៃត្រិង្ស[]

Thumb
ព្រះចេតិយត្រៃត្រិង្សនៅលើកំពូលភ្នំឧដុង្គ
Remove ads

ចេតិយព្រះបាទច័ន្ទរាជា

នៅលើកូនភ្នំមួយប៉ែកអាគ្នេយ៍នៃភ្នំអដ្ឋរស្សដែលយើងអាចធ្វើដំណើរទៅដល់ដោយចូលតាមវត្តធម្មកេរ្តិ៍មានចេតិយមួយគឺជាចេតិយរបស់ព្រះបាទព្រះច័ន្ទរាជាដែលជាក្សត្រមួយអង្គដែលមានស្នាព្រះហស្ថជាច្រើរួមមានការកសាងទីក្រុងលង្វែកនិងបន្តការងារចម្លាក់នៅជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្តដែលឆ្លាក់មិនទាន់រួចជាដើម។នៅជិតនោះមានដុំថ្មដែលជាចម្លាក់ព្រះបាទនិងវិហារមួយដែលធ្លាប់រងនូវការទម្លាក់គ្រាប់បែកនៅក្នុងសម័យសង្គ្រាមផងដែរ។ចេតិយព្រះបាទចន្ទរាជាស្ថិតនៅពីមុខព្រះពុទ្ធចូលនិព្វានកសាងឡើងតាំងពីគ្រិស្តសករាជ ១៥៦៧ ដោយព្រះបាទបរមិន្ទរាជាទ្រង់កសាងសម្រាប់បញ្ចុះព្រះអដ្ឋិធាតុនៃព្រះបាទច័ន្ទរាជាជាព្រះវររាជបិតា។ចេតិយនេះបែរមុខទៅទិសខាងជើងកសាងពីឥដ្ឋតាន់បូកបាយអ។[]

Remove ads

ចេតិយព្រះបាទសត្ថាទី ១ និង ព្រះបាទអង្គអេង

ព្រះវិហារអដ្ឋរស្ស

នៅក្នុងប្រទេសកម្ពុជាទាំងមូលពុទ្ធសាសនិកជនជាតិខ្មែរតែងធ្វើវត្តធ្វើព្រះវិហារបែរមុខឆ្ពោះទៅទិសខាងកើតតាមទម្លាប់ដែលគេនិយមប្រកាន់ទុកតាំងពីបុរាណកាលប៉ុន្តែយើងឃើញមានព្រះវិហារមួយបែរមុខឆ្ពោះទៅទិសខាងជើងគឺព្រះវិហារអដ្ឋរស្ស នៅលើកំពូលភ្នំឧដុង្គ ស្រុកពញាឮ ខេត្តកណ្ដាល។ការប្លែកនោះហើយដែលគួរឲ្យចង់ដឹងណាស់ដោយរឿងព្រះវិហារនោះមានសេចក្ដីដំណាលដូចតទៅនេះ ៖

កាលនៅគ្រិស្តសករាជនាសតវត្សរ៍ទី ១៣ គឺចុងសម័យអង្គរស្ដេចចិនបានចាត់បេសកជនជាច្រើនក្រុមឲ្យដើរមកមើលដើរស៊ើបសួរនៅក្នុងប្រទេសនានាដើម្បីដឹងថាតើប្រទេសណាមានអរិយធម៌ដូចម្ដេចខ្លះ?បើប្រទេសណាមានអរិយធម៌រុងរឿងត្រូវកត់ត្រាយកទៅផ្សាយនៅក្នុងប្រទេសចិនហើយប្រទេសចិននឹងយកប្រទេសនោះជាមិត្តបើប្រទេសណាមានអរិយធម៌ឱនអាប់ប្រទេសចិននឹងជួយទំនុកបម្រុងឬមួយនឹងយកធ្វើជាប្រទេសចំណុះ។កាលនោះក្រុមបេសកជនចិនចូលមកមើលមកស៊ើបសួរនៅក្នុងប្រទេសខ្មែរសព្វគ្រប់ហើយក៏ត្រឡប់ទៅទូលស្ដេចចិនវិញថា«ប្រទេសខ្មែរថ្កុំថ្កើងរុងរឿងតែឱនអាប់ជាងកាលមុនបន្តិចហើយអ្នកស្រុកនៅដើរជើងទទេបរិភោគអាហារផ្ទាល់នឹងដៃក្បាលទទេពុំសូវមានប្រើប្រាស់អ្វីឲ្យបានងាយស្រួលទេប៉ុន្តែមិនយូរប៉ុន្មានប្រទេសខ្មែរមុខជាជួបប្រទះនូវសេចក្ដីថ្កុំថ្កើងរុងរឿងអស្ចារ្យឡើងវិញលើសដើម»។ដោយបេសកជនទាំងនោះបានមកឃើញលើកទីមួយដែលតាមក្បួនចិនសែថា«ទីនោះនឹងឲ្យផលល្អផ្សេងៗដល់ប្រទេស»។ឯទីនោះគឺភ្នំឧដុង្គនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាលសព្វថ្ងៃ។ពួកបេសកជនចិនបានមើលឃើញភ្នំនោះមានរាងដូចសត្វមករគឺខ្លួនមករនៅត្រង់ព្រះចេតិយត្រៃត្រិង្សក្បាល ពុកមាត់មករនៅត្រង់ព្រះចេតិយទន្ទឹម និង កន្ទុយមករនៅត្រង់ព្រះពុទ្ធរូបចូលនិព្វានមិនតែប៉ុណ្ណោះនៅលើកំពូលភ្នំនោះថែមទាំងមានរូងមួយជ្រៅស្រឡូងទៅក្រោមផងដែរ។ពួកចិនយល់ឃើញថា«មិនយូរប៉ុន្មានទេសត្វមករនឹងរុលចេញតាមរូងនេះ»ហើយក្បួនចិនសែថា«បើប្រទេសឯណាឬទីណាមានសត្វមករផុសឡើងប្រទេសនោះនឹងមានឬទ្ធិអំណាចថ្កុំថ្កើងរុងរឿងពុំមានប្រទេសឯណាអាចស៊ូបានទេ»។ដូច្នេះដើម្បីសេចក្ដីសុខដល់ប្រទេសចិនទៅអនាគត មន្ត្រីចិនទាំងឡាយទូលសុំស្ដេចចិនថា«ត្រូវលើកទ័ពទៅវាយយកប្រទេសខ្មែរធ្វើជាស្រុកចំណុះឲ្យហើយ»។ស្ដេចចិនទ្រង់ព្រះតម្រិះថា«ធ្វើយ៉ាងនេះដូចជារំលោភទៅលើប្រទេសនេះជ្រុលពេកម្យ៉ាងទៀតប្រទេសខ្មែរនៅខ្លាំងពូកែថ្កុំថ្កើងនៅឡើយពុំអាចនឹងវាយបានដោយងាយទេទោះបីប្រទេសខ្មែរច្បាំងចាញ់ប្រទេសចិនៗក៏មុខជាលំបាកដោយអស់កងទ័ពច្រើននិងមានទុក្ខវេទនាដល់បណ្ដាជនមិនខានឡើយ»។ហេតុនេះដើម្បីនឹងទប់ទល់កុំឲ្យសត្វមករនេះនឹងងើបរួចនៅទីនោះបានពួកចិនចង់សន្ធប់រូងភ្នំនោះឲ្យជិតដោយប្រការណាមួយហើយគិតថា«បើយកដុំថ្មមកសន្ធប់រូងនោះទៅខ្លាចក្រែងថ្ងៃក្រោយខ្មែរយល់គំនិតនឹងគាស់ចេញវិញបានដូច្នេះគួរធ្វើអ្វីដែលជាទីគោរពរបស់ខ្មែរ»ទើបចិនយល់ឃើញថា«ប្រទេសខ្មែរកាន់ព្រះពុទ្ធសាសនាខ្ជាប់ខ្ជួនណាស់នៅទីណាមានព្រះពុទ្ធរូបមានព្រះវិហារខ្មែរពុំហ៊ានរំលាងរំលើងទីនោះទេ»។ដោយហេតុនេះបានជាស្ដេចចិនឲ្យមន្ត្រីមកសុំធ្វើព្រះវិហារនៅលើកំពូលភ្នំឧដុង្គ។កាលបានការអនុញ្ញាតហើយលើកដំបូងពួកចិនចាប់កសាងព្រះពុទ្ធរូបមុនគេតាមរចនាបថខ្មែររួចហើយទើបធ្វើព្រះវិហារគ្របព្រះពុទ្ធរូបនោះតាមទំនៀមទម្លាប់ខ្មែរព្រមទាំងតាមក្បួនហោរាសាស្ត្រចិនផងព្រោះហេតុនេះបានព្រះវិហារនេះបែរមុខឆ្ពោះទៅទិសខាងជើងគឺឆ្ពោះទៅរកប្រទេសចិន។ឯឈ្មោះព្រះវិហារនោះពុំដឹងជាពួកចិនគេហៅថាម្ដេចទេតែជនជាតិខ្មែរដោយឃើញនៅក្នុងព្រះវិហារនោះមានព្រះពុទ្ធរូបមារវិជ័យ ០១ ព្រះអង្គអស្ចារ្យកម្ពស់ ១៨ ហត្ថក៏ហៅថាព្រះវិហារអដ្ឋរស្សប្រែថាព្រះវិហារព្រះ ១៨ ហត្ថ។តមកស្ដេចចិនបានឲ្យមន្ត្រីចិននាំប្រស្នា ០៣ ខ មកថ្វាយព្រះរាជាខ្មែរដោះស្រាយបើព្រះរាជាខ្មែរដោះស្រាយប្រស្នាទាំង ០៣ ខ នេះពុំបាននោះប្រទេសខ្មែរត្រូវជាចំណុះប្រទេសចិនត្រូវយកសួយសារអាករទៅថ្វាយស្ដេចចិនរាល់ឆ្នាំ។ឯប្រស្នាស្ដេចចិនទាំង ០៣ ខ នោះមានសេចក្ដីដូចតទៅនេះ ៖

  • ប្រស្នាទី ០១ មន្ត្រីចិនចំកោងខ្នងលាដៃទាំងពីររបៀបដូចជាឱបរបស់អ្វីយ៉ាងធំ
  • ប្រស្នាទី ០២ មន្ត្រីចិនក្ដោបដៃលើកឡើងកម្ពស់មុខ
  • ប្រស្នាទី ០៣ មន្ត្រីចិនបោះដៃទៅមុខលាម្រាមដៃទាំង ០៥ ក្រញ៉ាងឡើង។

ហើយថ្វាយកាលបរិច្ឆេទចំពោះ«ព្រះរាជាខ្មែរថា ០៧ ថ្ងៃនឹងត្រឡប់មកគាល់សូមព្រះរាជទានសេចក្ដីដោះស្រាយ»។ព្រះរាជាខ្មែរព្រួយព្រះរាជហឫទ័យក៏ទ្រង់ត្រាស់បង្គាប់ឲ្យអស់នាម៉ឺនសព្វមុខមន្ត្រីខំត្រិះរិះរកប្រស្នាទាំងនេះ។នៅក្នុងចំណោមមន្ត្រីទ្រង់ទាំងប៉ុន្មានពុំមាននរណាម្នាក់អាចដោះស្រាយប្រស្នានោះបានឡើយទើបព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងរកអ្នកមានប្រាជ្ញាដោះស្រាយ។នៅក្នុងសម័យនោះមានបុរសគង្វាលគោម្នាក់បានឃើញគេប្រឹក្សាគ្នាជុំៗក៏ចូលទៅឈរស្ដាប់ហើយឆ្លើយថាប្រស្នាទាំង ០៣ ខ នេះងាយដោះស្រាយសោះគឺ ៖

  • ប្រស្នាទី ០១ ដែលធ្វើដៃទាំងពីរវង់ចូលនោះប្រែថាអង្រុតត្រី
  • ប្រស្នាទី ០២ ដែលក្ដោបដៃម្ខាងលើកទៅលើនោះប្រែថាស្នតែមួយ
  • ប្រស្នាទី ០៣ ដែលលាម្រាមដៃបោះត្រង់ទៅមុខនោះប្រែថា រកបានត្រី ០៥ ។

អ្នកដែលបានស្ដាប់ឮទាំងប៉ុន្មាននាំគ្នាពិចារណាហើយសួរបុរសនោះថា«និយាយលេងឬដូចម្ដេច?»។បុរសនោះឆ្លើយប្រាប់គេវិញថា«ប្រស្នាទាំង ០៣ ខ នេះប្រាកដជាប្រែដូច្នេះ»។អ្នកនោះនាំពាក្យទៅប្រាប់មន្ត្រីដែលប៉ាវគងមន្ត្រីក៏នាំបុរសគង្វាលគោនោះទៅថ្វាយព្រះមហាក្សត្រ។កាលព្រះរាជាទ្រង់មានព្រះរាជឱង្កាសួរបុរសនោះអំពីសេចក្ដីដោះស្រាយប្រស្នាទាំង ០៣ ខ បុរសនោះ ក៏ក្រាបបង្គំទូលដោយស្ងាត់ថា ៖

  • ប្រស្នាទី ១ ប្រែថា មានផែនដីមួយ គឺប្រទេសខ្មែរយើង,
  • ប្រស្នាទី ២ ប្រែថា មានស្ដេចមួយអង្គសោយរាជសម្បត្តិនៅលើផែនដីនេះ;
  • ប្រស្នាទី ៣ ប្រែថា មានសេនាបតី ៥ នាក់ធ្វើការមើលសុខទុក្ខរាស្ត្រ រងពីព្រះរាជាមក ។

ដល់ថ្ងៃដែលបានកំណត់ មន្ត្រីចិនចូលគាល់ព្រះរាជាខ្មែរទូលសុំសេចក្ដីដោះស្រាយ ។ ព្រះរាជាខ្មែរមានព្រះរាជឱង្កាមកដោះស្រាយប្រស្នា ។ នៅវេលានោះ គង្វាលគោក្រាបបង្គំព្រះរាជារួចហើយ ក៏ដោះស្រាយប្រស្នាទាំង ៣ ខ នោះ ចំពោះមុខមន្ត្រីខ្មែរចិនថា :

  • ប្រស្នាទី ១ គឺចក្កវាឡ ១ បានដល់ចក្កវាឡដែលយើងនៅសព្វថ្ងៃ ;
  • ប្រស្នាទី ២ គឺចក្កវាឡនេះមានភ្នំព្រះសុមេរុ១ ធំក្រៃលែង;
  • ប្រស្នាទី ៣ គឺក្នុងចក្កវាឡនេះ មានព្រះពុទ្ធត្រាស់ ៥ អង្គ ។

មន្ត្រីចិនព្រមទទួលថា ” សេចក្ដីដោះស្រាយប្រស្នាទាំង ៣ ខ នេះ ត្រូវហើយ ” រួចទើបក្រាបបង្គំលាព្រះរាជាខ្មែរទៅទូលស្ដេចខ្លួនវិញ ។ ព្រះរាជាក្រុងចិនក៏សូមចងមិត្តមេត្រីនឹងប្រទេសកម្ពុជា តាំងពីសម័យដរាបមក ពុំមានរករឿងហេតុអ្វីម្ដងណាសោះឡើយ ។ឯបុរសគង្វាលគោ ព្រះរាជាប្រទេសខ្មែរទ្រង់ព្រះប្រោសព្រះរាជទានសម្បត្តិទ្រព្យជាច្រើនហើយតាំងគោរមងារជា ” ធនញ្ជ័យបណ្ឌិត ” ។តមក ជាយូរអង្វែង វិហារអដ្ឋរស្សក៏បាក់បែកខ្ទេចខ្ទីអស់ទៅ សល់តែសីមា និងពុទ្ធរូប ។លុះមកដល់សម័យលង្វែក ទើបព្រះចន្ទរាជា ព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ត្រាស់បង្គាប់ឲ្យវិហារនោះជាថ្មី ។ ចំណែកព្រះពុទ្ធរូបនៅដូចដើម ពុំមានកែប្រែឡើយ គ្រាន់តែជួសជុលបន្តិចបន្តួចប៉ុណ្ណោះ ។ប៉ុន្តែដោយវិហារនោះទ្រុឌទ្រោមទៅទៀត ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម ព្រះអង្គចំណាយព្រះរាជទ្រព្យនិងប្រាក់ឃោសនាពីអ្នកនគរស្ថាបនាជាថ្មីម្ដងទៀត ដោយមានសម្ដេចព្រះមហាសង្ឃរាជ ទៀង កាន់កាប់ការផ្ទាល់ព្រះអង្គ ។ វិហារថ្មីនេះបានហើយស្រេចសព្វគ្រប់ បានធ្វើបុណ្យបញ្ចុះសីមា នៅ គ. ស. ១៩១១ ក្នុងរជ្ជកាលព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ។[]

Remove ads

ទីកនែ្លងបែ្លកៗលើភ្នំឧត្តុង្គ

ចុះតាមជណ្តើរថ្មទៅខាងត្បូងបានបន្តិចមានកនែ្លងមួយដែលអ្នកស្រុកប្រាប់ថាជាមាត់រូងប៉ុនែ្តពុំឃើញមានរូងឡើយកាលពីសម័យដើមគឺមានរូងធំមួយតែងត្រូវបានព្រះសង្ឃធុតុង្គនិមន្តចេញចូលតាមរូងនេះដោយគេនិយាយថារូងនោះចូលទៅដល់ភ្នំប្រសិទ្ធិឯណោះ។តែចំណេរក្រោយមកពុំដឹងមូលហេតុអ្វីទេក៏ស្រាប់តែមានការបិទមាត់រូងនោះសន្ធប់ចោលរហូតមកបន្តដំណើរទៅខាងត្បូងទៀតគេនឹងឃើញគុហាជញ្ជាំងថ្មបាយកៀ្រមមួយតូចមានតម្កល់ព្រះពុទ្ធរូបមួយអង្គហៅថាលោកតាដំបងដែកដែលអ្នកស្រុកនៅទីនោះប្រាប់ថាគេតែងទៅធ្វើការបន់ស្រន់នៅទីនោះព្រោះល្បីថាពូកែស័ក្តិសិទ្ធិណាស់។នៅលើភ្នំនេះមានព្រះវិហារព្រះពុទ្ធសាសនាដែលអ្នកស្រុកហៅថាព្រះវិហារអដ្ឋរស្សខ្ពស់ត្រដែតស្ថិតនៅប៉ែកខាងត្បូងដែលព្រះវិហារនេះបែរមុខទៅរកទិសខាងជើងខុសប្លែកពីព្រះវិហារនៅតាមទីវត្តអារាមទាំងអស់ដែលបែរមុខទៅទិសខាងកើត។ដោយសារព្រះពុទ្ធរូបមានកម្ពស់ដល់ទៅ ១៨ ហត្ថទើបអ្នកស្រុកសន្មតនាមព្រះវិហារនេះថាវិហារអដ្ឋរស្សដែលមានន័យសំដៅព្រះពុទ្ធរូបកម្ពស់ ១៨ ហត្ថជាភាសាបាលីគឺ ១៨ នេះឯង។ព្រះវិហារនេះបានទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងដំណំនៅក្នុងអំឡុងសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ទី ៧០។បច្ចុប្បន្នព្រះវិហារនេះនៅសល់តែសសរធំៗ ០៨ រីឯដំបូលវិញត្រូវបានបំផ្លិចបំផ្លាញនៅសម័យខ្មែរក្រហមនៅក្នុងឆ្នាំ ១៩៧៧។បើទោះបីជាមានសង្គ្រាមបានបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយក៏ភ្នំឧដុង្គនៅតែមានសម្រស់ធម្មជាតិ ទេសភាពដ៏ស្រស់ត្រកាល និង ជំនោរខ្យល់បរិសុទ្ធដែលអាចទាក់ទាញភ្ញៀវទេសចរណបានយ៉ាងច្រើន។

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads