អឹមផក

From Wikipedia, the free encyclopedia

អឹមផក
Remove ads

ជំងឺអឹមផក[] (Mpox, មានឈ្មោះដើមថា ជំងឺអុតស្វា, ​ភាសាអង់គ្លេស៖ monkeypox) គឺជាជំងឺឆ្លងធ្ងន់ធ្ងរបង្កឡើងដោយវីរុស ដែលអាចកើតមានឡើងទៅលើមនុស្ស និងពពួកសត្វមួយចំនួន។[] រោគសញ្ញានៃជំងឺនេះរួមមាន គ្រុនក្តៅ ហើមកូនកណ្តុរ និងស្នាមកន្ទួលៗដែលបង្កជាពងបែក ហើយបន្ទាប់មកប្រែជាសំបកកន្ទួលក្រៀមលើស្បែក។[] ជំងឺនេះជាធម្មតាមានលក្ខណៈស្រាល ហើយអ្នកដែលឆ្លងជំងឺនេះភាគច្រើនអាចជាសះស្បើយវិញក្នុងរយៈពេលពីពីរទៅបីសប្តាហ៍ដោយមិនចាំបាច់ការព្យាបាល។[] រយៈវេលានៃរោគសញ្ញានឹងចាប់ផ្តើមពីប្រាំទៅម្ភៃមួយថ្ងៃក្រោយការប៉ះពាល់ ហើយរោគសញ្ញាជាធម្មតាមានរយៈពេលពីរទៅបីសប្តាហ៍។[] តែទោះយ៉ាងណា ករណីឆ្លងអាចវិវត្តទៅសភាពធ្ងន់ធ្ងរបាន ជាពិសេសចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។[]

ព័ត៌មានសង្ខេប អឹមផក Mpox, ឯកទេសភាព ...

ជំងឺ​នេះត្រូវបាន​បង្កឡើង​ដោយ វីរុសអុតស្វា ​ដែលជា​មេរោគហ្សូណូស នៅក្នុងពូជ មេរោគអ័រថូផក[] វីរុសវ៉ារីអូឡា ដែលជាភ្នាក់ងារបង្កជំងឺអុត ក៏មានវត្តមាននៅក្នុងប្រភេទជំងឺនេះដែរ។[] ការចម្លងពីមនុស្សទៅមនុស្សអាចកើតមានឡើងតាមរយៈការប៉ះពាល់ផ្ទាល់នឹងស្បែកដែលឆ្លង ឬវត្ថុវាវក្នុងរាងកាយណាមួយ ដោយរួមមានកត្តាទំនាក់ទំនងផ្លូវភេទផងដែរ។[] រយៈពេលឆ្លងនៃជំងឺនេះនឹងអូសបន្លាយចាប់ពីកើតមានរោគសញ្ញារហូតដល់ពេលដែលស្នាមដំបៅនិងសង្វារទាំងអស់បានបាត់ទើបមានន័យថាជាសះស្បើយ។[] វីរុសនេះក៏អាចឆ្លងពីសត្វដែលផ្ទុកមេរោគតាមរយៈការប៉ះពាល់សាច់សត្វឆ្លង ឬតាមរយៈការខាំឬខ្វាចពីសត្វដែលឆ្លង។[] ការធ្វើរោគវិនិច្ឆ័យអាចត្រូវបញ្ជាក់បានដោយការធ្វើតេស្តស្វ័យប្រវត្តិ PCR នៅលើស្នាមដំបៅដើម្បីរក អាដេអិន របស់វីរុស។[]

អ្នកដែលងាយរងនឹងហានិភ័យខ្ពស់ត្រូវបានអ្នកជំនាញណែនាំឱ្យចាក់វ៉ាក់សាំងជាមុន។​[] មកទល់បច្ចុប្បន្ននេះ គ្មានវ៉ាក់សាំងណាដែលបានផលិតឡើងជាពិសេសសម្រាប់ប្រឆាំងនឹងអឹមផកនោះទេ ប៉ុន្តែវ៉ាក់សាំងបង្កាជំងឺអុតទូទៅត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពធម្មតា។[] ជំងឺអឹមផកគឺមិនមានវិធីព្យាបាលជាក់លាក់ណាឡើយ ដូច្នេះគេមានតែវិធីគ្រប់គ្រងរោគសញ្ញា និងបង្កាកុំឱ្យវារើធ្ងន់ធ្ងរបន្ត។[][] ថ្នាំប្រឆាំងវីរុសមួយចំនួនដូច តេកូវីរីម៉ាត អាចយកមកប្រើប្រាស់បានដើម្បីព្យាបាលជំងឺអឹមផក[] តែប្រសិទ្ធភាពរបស់ថ្នាំទាំងនោះមិនទាន់ត្រូវបានបញ្ជាក់បង្ហាញត្រឹមត្រូវនោះទេ។[១០]

អឹមផកគឺជាជំងឺកំពុងរាតត្បាតនៅតំបន់អាហ្វ្រិកកណ្ដាល​ និងខាងលិច ដែលត្រូវជាជម្រកប្រភេទថនិកសត្វមួយចំនួនដែលគេសង្ស័យថាជាស្ពានចម្លងធម្មជាតិនៃវីរុសនេះ។[] ករណីឆ្លងលើមនុស្សដំបូងត្រូវបានគេរកឃើញនៅក្នុងឆ្នាំ 1970 ក្នុងក្រុងបាសានគូស៊ូ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ[១១] ចាប់តាំងពីពេលនោះមក​ ភាពធ្ងន់ធ្ងរ និងញឹកញាប់នៃការរាតត្បាតជំងឺអឹមផកបានកើនឡើងជាលំដាប់ ដែលប្រហែលបណ្ដាលមកពីការចុះខ្សោយនៃប្រព័ន្ធស៊ាំរបស់មនុស្សនៅក្នុងតំបន់បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺអុតជាប្រចាំលែងសូវបានអនុវត្តខ្ជាប់ខ្ខូន។[១១] ការផ្ទុះឡើងជាសកលនៃជំងឺប្រភេទក្លាត II នៅក្នុងឆ្នាំ 2022–2023 គឺជាករណីឆ្លងតាមសហគមន៍ដែលរីករាលដាលនៅក្រៅទ្វីបអាហ្រ្វិកជាលើកដំបូង។ នៅអំឡុងខែកក្កដា ឆ្នាំ 2022 អង្គការសុខភាពពិភពលោក (WHO) បានប្រកាសការផ្ទុះជំងឺនេះថាជាបញ្ហាសុខភាពសាធារណៈកម្រិតអន្តរជាតិ (PHEIC)។ មកដល់ខែឧសភា ឆ្នាំ 2023 អង្គការមួយនេះបានទម្លាក់សេចក្ដីប្រកាសអាសន្ននោះចោល ដោយហេតុថាការរីករាលដាលបានកំពុងស្ថិតក្រោមការគ្រប់គ្រង ដែលជាលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការផ្សព្វផ្សាយព័ត៌មានសុខភាពសាធារណៈមានប្រសិទ្ធភាពខ្ពស់។[១២]

ការផ្ទុះឡើងនៃវ៉ារ្យ៉ង់ (ប្រភេទ) ថ្មីនៃ clade I mpox (ដែលគេស្គាល់ថា ក្លាត Ib) ត្រូវបានរកឃើញនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងអំឡុងឆ្នាំ 2023។ គិតត្រឹមខែសីហា ឆ្នាំ 2024 វាបានរីករាលដាលដល់ប្រទេសមួយចំនួនផ្សេងៗទៀតនៃទ្វីបអាហ្រ្វិក ដោយបង្កើតជាក្ដីព្រួយបារម្ភថាប្រភេទមួយនេះអាចមានសមត្ថភាពចម្លងសាហាវជាងប្រភេទមុនៗ។[១៣][១៤] នៅថ្ងៃទី 14 ខែសីហា ឆ្នាំ 2024 អង្គការសុខភាពពិភពលោកបានប្រកាសករណីផ្ទុះថ្មីៗនោះថា PHEIC។[១៥]

Remove ads

រោគសញ្ញា

Thumb
ការវិវត្តនៃស្នាមដំបៅអឹមផកតាមដំណាក់កាលនីមួយៗ
Thumb
ការវិវត្តនៃស្នាមដំបៅរលួយអឹមផកបន្ទាប់ពីការប៉ះម្ជុលលើពងខ្ទុះ។[១៦]

រោគសញ្ញាដំបូងៗក្រោយឆ្លងជំងឺអឹមផករួមមាន គ្រុនក្តៅ ឈឺសាច់ដុំ និងឈឺបំពង់ក បន្ទាប់មកមានកើតកន្ទួលរមាស់ឬឈឺចាប់ ឈឺក្បាល ហើមកូនកណ្តុរ និងឆាប់អស់កម្លាំង។ តែគ្មានករណីណាដែលអ្នកជំងឺបានជួបគ្រប់រោគសញ្ញាទាំងអស់នោះទេ។[][]

អ្នកជំងឺអឹមផកភាគច្រើននឹងមានកើតរោគសញ្ញាពី 4 ទៅ 11 ថ្ងៃក្រោយការឆ្លងវា តែយ៉ាងណា រយៈពេលភ្ញាស់ខ្លីបំផុតអាចមានពេលតែមួយថ្ងៃប៉ុណ្ណោះ។ ការរាតត្បាតនៅរវាងឆ្នាំ 2022–2023 បានបង្ហាញឱ្យឃើញថា រយៈពេលភ្ញាស់អាចកើតមានរហូតដល់ទៅ 4 សប្តាហ៍ ដោយ 5% នៃករណីទាំងអស់មានរយៈពេលភ្ញាស់យូរជាងការស្មាន់ 21 ថ្ងៃ។[][១៧]

កន្ទួលអឹមផកមានស្នាមដំបៅតូចៗ ដែលអាចលេចឡើងនៅលើបាតដៃ បាតជើង មុខ​ មាត់ ​បំពង់ក ប្រដាប់ភេទ និងទ្វារធំជាដើម។[] កន្ទួលទាំងនោះដំបូងមានជាស្នាមរាបតូចៗ មុននឹងវិវត្តបន្តទៅជាដុំកន្ទួលតូចៗ ដែលក្រោយបន្តិចមកនឹងផ្ទុកដោយសារធាតុរាវ​ មុនពេលផ្ទុះបង្កើតជាស្នាមសង្វារ ការវិវត្តន៍នៃស្នាមកន្ទួលនេះជាធម្មតាប្រើរយៈពេលប្រហែលដប់ថ្ងៃ។[] ក្នុងករណីកម្រ ដុំដំបៅនឹងប្រែជារលួយ ដែលនឹងតម្រូវឱ្យមានការវះកាត់នៅលើចំណុចនោះ។[១៨][១៦]

អ្នកជំងឺមួយចំនូនអាចមានចំណុចដំបៅតែមួយប៉ុណ្ណោះនៅលើដងខ្លួន ឯខ្លះទៀតអាចមានរហូតដល់ទៅរាប់រយ។[] បុគ្គលម្នាក់អាចឆ្លងវីរុសអុតស្វាហើយមិនកើតរោគសញ្ញាសម្បីតែមូយ។​[] រោគសញ្ញាជាធម្មតាមានរយៈពេល 2 ទៅ 4 សប្តាហ៍។[][]

ដង្ហកធ្វើទុក្ខ

ដង្ហកធ្វើទុក្ខដោយជំងឺអឹមផករួមមាន៖ ការឆ្លងទីពីរ រលាកសួត រោគចូលឈាម រលាកខួរក្បាល និងអាចប៉ះពាល់ដល់កញ្ចក់ភ្នែកដែលធ្វើឱ្យសមត្ថភាពនៃការមើលឃើញធ្លាក់ចុះ។[] ប្រសិនបើបុគ្គលណាដែលមានប្រព័ន្ធស៊ាំខ្សោយ មិនថាដោយសារកត្តាសុខភាព ថ្នាំវេជ្ជសាស្ត្រ ឬជំងឺហ៊ីវទេ ពួកគេគឺមានភាគរយហានិភ័យខ្ពស់ក្នុងការកើតករណីធ្ងន់ធ្ងរ។[] ប្រសិនស្ត្រីមានផ្ទៃពោះឆ្លងជំងឺអឹមផក នោះវាអាចបង្កឱ្យមានផលវិបាកក្នុងការសម្រាលកូន ហើយក្នុងករណីធ្ងន់ធ្ងរវាអាចនាំឱ្យទារកស្លាប់ក្នុងផ្ទៃ ឬមុននឹងកើត។[]

លទ្ធផល

ក្នុងករណីមិនមានដង្ហកធ្វើទុក្ខនោះទេ ផលវិបាកក្រោយពេលជាសះស្បើយគីកម្រ តែស្នាមសន្លាក់ដែលបង្កដោយអុតស្វាអាចជាសភាពស្លេក មុនពេលប្រែជាស្នាមរាងក្រម៉ៅ។[១៩]

ករណីមរណៈ

តាំងពីដើមមក​ អត្រាករណីស្លាប់ (CFR) ត្រូវបានគេប៉ាន់ប្រមាណថាស្ថិតនៅចន្លោះពី 1% ទៅ 10% នៃអ្នកឆ្លងសរុប ដោយប្រភេទក្លាត I ត្រូវបានចាត់ទុកថាធ្ងន់ធ្ងរជាងប្រភេទក្លាត II ។[២០][២១]

អត្រាករណីស្លាប់កាលពីផ្ទុះជំងឺនេះនៅរវាងឆ្នាំ 2022–2023 ដែលបង្កឡើងដោយប្រភេទក្លាត II​ គឺមានកម្រិតទាបខ្លាំង ដោយមានអត្រាប្រមាណតែ 0.16% ប៉ិណ្ណោះនៃចំនួនអ្នកឆ្លងសរុប ហើយករណីស្លាប់ភាគច្រើនគឺកើតលើបុគ្គលដែលប្រព័ន្ធស៊ាំរបស់ពួកគេស្ទើរលែងដំណើរការ​ ឬអត់ដំណើរការតែម្តង។[២២]​ ផ្ទុយមកវិញ បើគិតត្រឹមខែមេសា ឆ្នាំ 2024 ការផ្ទុះឡើងនៃប្រភេទក្លាត I នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានតម្លើងអត្រាករណីស្លាប់មក 4.9%។[២៣]

Remove ads

ហេតុបង្ក

អឹមផកនៅក្នុងខ្លួនមនុស្ស និងសត្វគឺបង្កឡើងដោយការឆ្លងនឹង អរថូផកវីរុសអុតស្វា (Orthopoxvirus monkeypox) ដែលជាវីរុសអាដេអិនទ្វេខ្សែនៅក្នុងពួកអរថូផកវីរុសនៃគ្រួសារផកវីរីដេ ដែលនាំឱ្យជំងឺនេះមានទំនាក់ទំនងកៀកជិតគ្នានឹង ជំងឺអុត​ អុតគោ និងពួកវីរុសវ៉ាក់ស៊ីនជាដើម។[]

ជំងឺនេះបន្តបែងចែកទៅជាអនុប្រភេទធំៗចំនួនពីរគឺ៖ ក្លាត I និងក្លាត II។ នៅអំឡុងខែមេសា​ ឆ្នាំ 2024 បន្ទាប់ពីគេបានរកឃើញនូវវ៉ារ៉្យង់ (ប្រភេទ) ថ្មី គេក៏បានសម្រេចបែងចែកក្លាត I បន្តទៅអនុប្រភេទពីរទៀតគឺ Ia និង Ib។ ចំពោះក្លាត II វិញក៏គេបែងចែកស្រដៀងគ្នាដែរដោយមាន IIa និង IIb។[][២៤][២៥]

ក្លាត I ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថាអាច​បង្ក​ឱ្យ​កើតជា​ជំងឺ​ធ្ងន់ធ្ងរ​ និង​មានអត្រា​ស្លាប់​ខ្ពស់​ជាងក្លាត II។[២៦]

Thumb
ទម្រង់ និងទំហំវីរុសអុតស្វា

វីរុស​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាវីរុស​កំពុងរីករាលដាលនៅក្នុង​តំបន់​ព្រៃ​ត្រូពិច​នៃ​តំបន់អាហ្វ្រិក​កណ្តាល និង​ខាងលិច។[២៧] ក្រៅពីសត្វស្វា វីរុសនេះត្រូវបានកំណត់អត្តសញ្ញាណថាមាននៅក្នុងសត្វកណ្ដុរយក្សកំប៊ី (Cricetomys gambianus), កណ្តុរស្រយង់ (Graphiurus spp.) និងពពួកសត្វកំប្រុកអាហ្វ្រិក (Heliosciurus និង Funisciurus)។ ការចាប់ប្រមាញ់សត្វទាំងអស់នេះធ្វើជាអាហារអាចជាប្រភពចម្បងមួយនៃការចម្លងពីសត្វទៅមនុស្ស។[]

Remove ads

ការចម្លង

ថនិកសត្ចតូចៗនៅតំបន់ត្រូពិចនៃទ្វីបអាហ្វ្រិកអាចជាស្ពានចម្លងធម្មជាតិនៃអរថូផកវីរុសអុតស្វា។[២៧]​ វីរុសនេះអាចឆ្លងពីសត្វទៅមនុស្សតាមរយៈការខាំឬខ្វាច ឬក្នុងអំឡុងពេលបរបាញ់ ពន្លះស្បែក ឬចម្អិនសត្វដែលផ្ទុកវីរុស។ វីរុសអឹមផកអាចចូលទៅក្នុងរាងកាយមនុស្សបានតាមរយៈស្បែកដែលខូច ឬផ្ទៃស្បែកស្តើងៗដូចមាត់ជាដើម ផ្លូវដង្ហើម ឬប្រដាប់ភេទ។[]

អឹមផកអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ជាមួយដំបៅឬសារធាតុរាវនៅលើស្បែក នៅក្នុងមាត់ឬនៅលើប្រដាប់បន្តពូជ នេះរួមបញ្ចូលទាំងសកម្មភាពប៉ះរាងកាយ ទំនាក់ទំនងផ្លូវកាយជិតស្និទ និងអំឡុងពេលរួមភេទ។ វាក៏អាចឆ្លងបានពីការនៅក្បែរអ្នកជម្ងឺក្នុងរយៈពេលយូរតាមរយៈដំណក់ផ្លូវដង្ហើមផងដែរ។[][២៨] កាលពីការផ្ទុះរីករាលដាលនៃប្រភេទក្លាត II នៅអំឡុងឆ្នាំ 2022–2023​ ការចម្លងរវាងមនុស្សនឹងមនុស្សស្ទើរទាំងស្រុងកើតតាមរយៈទំនាក់ទំនងផ្លូវភេទ។[២៩]

ការឆ្លងវីរុសអឹមផកតាមរយៈវត្ថុដែលធ្លាប់ប៉ះដោយអ្នកជម្ងឺដូចជាសម្លៀកបំពាក់ ឬពូកជាដើម គឺមានភាគរយ និងហានិភ័យតិចតួចណាស់​​ តែគួរយ៉ាងណាត្រូវបន្តរក្សាជំហរប្រុងប្រយ័ត្ន ជៀសវាងការប៉ះនឹងវត្ថុចម្លងទាំងនោះជាដាច់ខាត។[២៨]

រោគវិនិច្ល័យ

ការធ្វើរោគវិនិច្ឆ័យត្រូវប្រព្រឹត្តិទៅដោយល្អិតល្អន់ដើម្បីកំណត់អត្តសញ្ញាណវីរុសឱ្យបានច្បាស់លាស់​ និងចៀសវាងការភាន់ច្រឡំជាមួយប្រភេទជំងឺកន្ទួលផ្សេងៗទៀត ដូចជាជំងឺអុតស្វាយ កញ្ជ្រឹល ការឆ្លងបាក់តេរីលើស្បែក កមរមាស់ រោគស្វាយ និងអាឡែស៊ីថ្នាំវេជ្ជសាស្ត្រផ្សេងៗ។ ការធ្វើរោគវិនិច្ឆ័យអាចត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ដោយការធ្វើតេស្ត ឬសំណាករកវីរុស។ ការធ្វើតេស្ត PCR តាមរយៈសំណាកពីដំបៅនៅលើស្បែកគឺជាជម្រើសធ្វើតេស្តដ៏ល្អបំផុត។[]

Remove ads

ការការពារ

វ៉ាក់សាំង

ក្រោយពីការសង្កេតមើលអស់រយៈពេលជាច្រើនឆ្នាំមក គេរកឃើញថាវ៉ាក់សាំងសម្រាប់ជំងឺអុតទូទៅអាចកាត់បន្ថយហានិភ័យនៃជំងឺអឹមផកបាន។ តំហយចុះនៃភាពស៊ាំទៅនឹងវីរុសអុជ​ ឬផកវីរុស​នៅក្នុងសហគមន៍គឺជាកត្តាមួយដែលនាំឱ្យកើនការចម្លងអឹមផកទៅលើមនុស្ស។ ក្នុងន័យនេះ គេបានសន្មតថា ភាពស៊ាំរបស់អ្នកដែលបានចាក់វ៉ាក់សាំងមុនឆ្នាំ 1980 អាចលែងសូវមានប្រសិទ្ធភាព​ ហើយម្យ៉ាងទៀត យុទ្ធនាការចាក់វ៉ាក់សាំងជំងឺអុតត្រូវបានបិទបណ្ដើរៗនាអំឡុងពេលនោះ ដែលនាំឱ្យអ្នកកើតជំនាន់ថ្មីមិនបានទទួលវា។[៣០]

គិតត្រឹមខែសីហា​ ឆ្នាំ​ 2024 គេមានប្រភេទវ៉ាក់សាំងចំនួនបួនដែលប្រើប្រាស់ដើម្បីបង្ការការពារវីរុសអឹមផក តែវ៉ាក់សាំងទាំងនោះនៅមានចំនួនកំណត់ខ្លាំង។​ គួរបញ្ជាក់ដែរថាវ៉ាក់សាំងទាំងបួនប្រភេទត្រូវបានផលិតឡើងដំបូងដើម្បីប្រឆាំងនឹងជំងឺអុត។[៣១]

  • វ៉ាក់សាំង MVA-BN (ឈ្មោះតាមទីផ្សារហៅថា Jynneos, Imvammune ឬ Imvanex) ផលិតនៅប្រទេសដាណឺម៉ាកដោយក្រុមហ៊ុន Bavarian Nordic។ វាបានទទួលអាជ្ញាប័ណ្ណសម្រាប់ប្រើប្រាស់ប្រឆាំងនឹងអឹមផកនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។[៣២]
  • ​ LC16 ផលិតនៅប្រទេសជប៉ុនដោយក្រុមហ៊ុន KMB Biologics។ វាបានទទួលអាជ្ញាប័ណ្ណសម្រាប់ប្រើនៅប្រទេសជប៉ុន។[៣៣]
  • OrthopoxVac ផលិត​ និងទទួលបានអាជ្ញាប័ណ្ណប្រើប្រាស់នៅប្រទេសរុស្ស៊ីដោយមជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋនៃវិសាណូសាស្ត្រ និងបច្ចេកវិទ្យាជីវសាស្ត្រវិចទ័រ[៣៤]
  • ACAM2000​ ផលិត និងទទួលបានអាជ្ញាប័ណ្ណប្រើប្រាស់នៅសហរដ្ឋអាមេរិកដោយក្រុមហ៊ុន Emergent BioSolutions។[៣៥][៣៦]

វិធីសាស្ត្រផ្សេងៗទៀត

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃសហរដ្ឋអាមេរិកបានធ្វើការណែនាំលម្អិតៗបន្ថែមលើការប្រុងប្រយ័ត្នដើម្បីគ្រប់គ្រងការឆ្លងនៃវីរុសនេះ។ សេចក្ដីណែនាំនោះបានបង្គាប់ឱ្យគ្រូពេទ្យ និងរាល់បុគ្គលិកសុខភាពចូលពាក់សម្លៀកបំពាក់ការពារ ម៉ាស វ៉ែនតាការពារ និងឧបករណ៍ដង្ហើមចម្រោះផ្សេងៗ (ដូច N95) ហើយអ្នកជំងឺគួរតែត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងបន្ទប់ឯកជនមួយ ដើម្បីការពារអ្នកក្រៅពីការធ្វើទំនាក់ទំនងជាមួយអ្នកជំងឺ។[៣៧]

ចំពោះអ្នកដែលរស់នៅក្នុងប្រទេសដែលកំពុងរងការឆ្លងរីករាលដាលអឹមផក ជាពិសេសក្នុងតំបន់កំណើតនៃជំងឺនេះ គួរតែជៀសវាងការទាក់ទង ឬប៉ះពាល់ជាមួយថនិកសត្វដែលអាចមានផ្ទុកវីរុសដូចជា សត្វកកេរ ថវិកសត្វ ពពួកវានរសត្វដែលមិនមានសណ្ឋានដូចមនុស្ស (ងាប់ ឬនៅរស់) ហើយគួរតែបដិសេធមិនបរិភោគ ឬប៉ះពាល់សាច់សត្វព្រៃជាដាច់ខាត។[៣៨][]

នៅអំឡុងការផ្ទុះជំងឺអឹមផកកាលពីឆ្នាំ 2022–2023 អាជ្ញាធរសុខាភិបាលសាធារណៈក្នុងប្រទេសជាច្រើនបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយអប់រំជាសាធារណៈអំពីជំងឺនេះដើម្បីកាត់បន្ថយការរីករាលដាលតទៅមុខទៀត។[៣៩][៤០][៤១]

Remove ads

ការព្យាបាល

ករណីឆ្លងអឹមផកភាគច្រើនមានរោគសញ្ញាស្រាល ហើយអ្នកជម្ងឺអាចជាសះស្បើយពេញលេញក្នុងរយៈពេលពី​ 2 ទៅ 4 សប្តាហ៍។​[][] ចំពោះជំងឺអឹមផកគឺមិនមានវិធីព្យាបាលជាក់លាក់ណាមួយឡើយ ប៉ុន្តែថ្នាំប្រឆាំងវីរុសខ្លះដូចជា តេកូវីរីម៉ាត ត្រូវបានគេទទួលស្គាល់ថាអាចមានប្រសិទ្ធភាពក្នុងការព្យាបាលករណីអឹមផកធ្ងន់ធ្ងរ។[១០][៤២][] អ្នកជំងឺដែលមានអាការធន់ស្រាលគួរតែនៅឱ្យដាច់ដោយឡែកក្នុងគេហដ្ឋាន រក្សាជាតិទឹក ទទួលទានអាហារឱ្យបានគ្រប់គ្រាន់ និងរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ។[]

អ្នកជំងឺដែលមានហានិភ័យខ្ពស់នឹងជំងឺនេះច្រើនតែជាកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធស៊ាំខ្សោយ។[៤៣] ចំពោះអ្នកជំងឺធ្ងន់ធ្ងរគួរតែចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីទទួលការត្រួតពិនិត្យរោគសញ្ញាបានទៀងទាត់។[៤៤]

ឆ្លងតាមការពិសោធន៍បច្ចេកទេសបានបញ្ជាក់ថាថ្នាំតេកូវីរីម៉ាតគឺមានសុវត្ថិភាពនិងមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់អ្នកជំងឺឡើយ[៤៥] តែការវិនិច្ឆ័យសាកល្បងថ្នាំប្រឆាំងវីរុសតេកូវីរីម៉ាតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានបង្ហាញឱ្យឃើញថាវាមិនមានលទ្ធភាពកាត់បន្ថយរយៈពេលនៃវត្តមានដំបៅអឹមផកចំពោះអ្នកជំងឺប្រភេទក្លាត I នោះទេ។[៤៦]​ តែទោះជាយ៉ាងណា អត្រាស្លាប់សរុបក្រោយការធ្វើតេស្តវិនិច្ឆ័យថ្នាំប្រឆាំងវីរុសលើអ្នកជម្ងឺមានតែ 1.7% ប៉ុណ្ណោះដែលជាអត្រាទាបគួរឱ្យកត់សម្គាល់បើប្រៀបនឹងអត្រាស្លាប់ទូទៅនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលមាន 3.6%។[៤៧] ទាំងនេះជាភស្តុតាងបញ្ជាក់ថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងក្រោមការមើលថែទាំដិតដោយពីអ្នកបច្ចេកទេស គឺជាវីធីសាស្ត្រព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកឆ្លងវីរុសអឹមផក។[៤៨]

Remove ads

រោគូត្បាតសាស្ត្រ

Thumb
ផែនទីពិភពលោកបង្ហាញពីការរីករាលដាលនៃ វីរុសអុតស្វា
  ករណីក្លាត I
  ករណីក្លាត II
  មានករណីក្លាតទាំងពីរ
  ក្លាត II ចាប់រាតត្បាតក្នុងឆ្នាំ 2022
  ករណីសង្ស័យ

ប្រវត្តិ

អឹមផកត្រូវបានគេកំណត់អត្តសញ្ញាណថាជាជំងឺដាច់ដោយឡែកពីប្រភេទជំងឺអុតផ្សេងៗទៀតនៅក្នុងឆ្នាំ 1958 បន្ទាប់ពីបានរកឃើញវានៅលើសត្វស្វាក្នុងមន្ទីរពិសោធន៍មួយកន្លែងនៅឯទីក្រុងកូពែនហាក ប្រទេសដាណឺម៉ាក។[៤៩] នៅក្នុងអំឡុងយុទ្ធនាការកម្ចាត់ជំងឺអុតនៅក្នុងឆ្នាំ 1970 គេបានកត់ត្រាករណីអឹមផកឆ្លងលើមនុស្សដំបូងបង្អស់ដែលបានកើតឡើងនៅលើកុមារចំនួន​ 6 នាក់ ដែលពួកគេសុទ្ធតែមិនធ្លាប់បានចាក់វ៉ាក់់សាំងបង្ការជំងឺអុតពីមុនមក ដោយករណីឆ្លងដំបូងត្រូវបានរកឃើញនៅក្នុងក្មេងប្រុសអាយុ​ 9 ខែក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។[១១][៥០] ចាប់ពីឆ្នាំ 1981 រហូតដល់ឆ្នាំ 1986 គេបានរកឃើញករណីអឹមផក​ជាង 300 ករណីនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយករណីឆ្លងស្ទើរទាំងអស់សុទ្ធតែធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយសត្វព្រៃ។[៥១] វីរុសនេះត្រូវបានរកឃើញនៅក្នុងសត្វកណ្តុរយក្សកំប៊ី កណ្តុរស្រយោង និងពពួកសត្វកំប្រុកអាហ្វ្រិក ដោយសុទ្ធតែជាប្រភេទសត្ចដែលប្រជាជនកុងហ្គោ​ និងតំបន់ជុំវិញយកបរិភោគជាអាហារ។[៥២][]

ករណីអឹមផកជាច្រើនទៀតត្រូវបានគេរកឃើញនៅក្នុងតំបន់អាហ្វ្រិកកណ្តាល និងខាងលិច ជាពិសេសនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមានអ្នកឆ្លងជាង 2,000 ករណីរៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ 2011 និងឆ្នាំ 2014។ ក៏ប៉ុន្តែ ទិន្នន័យដែលប្រមូលបាននោះភាគច្រើនមិនទាន់មានលក្ខណៈគ្រប់គ្រាន់ពេញលេញ និងមិនអាចបញ្ជាក់បានច្បាស់លាស់ទេ ដែលនាំឱ្យការប៉ាន់ប្រមាណចំនួនមនុស្សឆ្លងតាមរយៈកាលនីមូយៗមិនមានភាពប្រក្រតី។[៥៣] ដើមឡើយគេបានគិតថាវាកម្រនឹងឆ្លងទៅលើមនុស្សណាស់ ប៉ុន្តែចាប់ពីទសវត្សរ៍ឆ្នាំ 1980 មក ករណីឆ្លងចំពោះមនុស្សបានហក់ស្ទុះឡើងយ៉ាងគួរឱ្យកត់សម្គាល់[៥៤][១១] ខណៈគេចោតមូលហេតុថាអាចបណ្ដាលមកពីការចុះខ្សោយនៃប្រព័ន្ធស៊ាំរបស់ប្រជាជននៅក្នុងតំបន់បន្ទាប់ពីយុទ្ធនាការចាក់់វ៉ាក់សាំងបង្ការជំងឺអុតជាប្រចាំត្រូវបានថយចុះ​ និងលែងបន្ត។[]

ហានិភ័យនាពេលអនាគត

ស្ពានចម្លងធម្មជាតិនៃអរថូផកវីរុសអុតស្វា (Orthopoxvirus monkeypox) មិនទាន់ត្រូវបានគេកំណត់ច្បាស់លាស់នោះទេ។ ពពួកសត្ចកកេរតូចៗត្រូវបានគេចាត់ទុកថាជាបេក្ខភាពផ្ទុកវីរុសមួយនេះ។​ បើពុំមានយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទេនោះ ការផ្ទុះរីករាលដាលជំងឺអឹមផកនឹងនូវតែបន្ត​ ពិសេសក្នុងតំបន់ក្រហម ពោលគឺតំបន់រាតត្បាតនៅអាហ្វ្រិកកណ្ដាលនោះឯង ខណៈហានិភ័យឆ្លងទៅក្រៅតំបន់ក្រហមក៏អាចមានលទ្ធភាពទៅរួចដែរ។​ ភស្តុតាងថ្មីៗជាច្រើនដែលបញ្ជាក់ថាសមត្ថភាពចម្លងអឹមផកបានកំពុងវិវត្តសាហាវជាងមុន បានកំពុងធ្វើឱ្យអ្នកជំនាញ​ និងអ្នកឃ្លាំមើលកើតការព្រួយបារម្ភជាខ្លាំងដោយខ្លាចថាវីរុសនេះនឹងទៅបង្កើតស្ពានចម្លងនៅក្រៅទ្វីបអាហ្វ្រិក ឬនាំឱ្យកើតការផ្ទុះរីករាលដាលជាសកលធំជាងមុន។[៥៥][៥៦][៥៧][៥៨]

បន្ទាប់ពីកើតការផ្ទុះរាលដាលក្នុងកំឡុងឆ្នាំ 2022–2023 វីរុសអឹមផក (ប្រភេទក្លាត IIb) នូវតែបន្តមានវត្តមាននៅក្នុងចំនួនប្រជាជនរស់នៅក្រៅទ្វីបអាហ្វ្រិកក្នុងកម្រិតទាបបំផុត។[៥៩] នៅអំឡុងខែវិច្ឆិកា ឆ្នាំ 2023 អង្គការសុខភាពពិភពលោកបានរាយការណ៍ថា ករណីជំងឺអឹមផកប្រភេទក្លាត I បានកំពុងកើនឡើងជាលំដាប់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានករណីឆ្លងសរុបចំនួន 12,569 ករណីរហូតមកដល់បច្ចុប្បន្ន និងករណីស្លាប់ចំនួន 651 ករណី។​ អំឡុងពេលរាលដាលថ្មីៗនេះ គេក៏បានរកឃើញករណីឆ្លងប្រភេទក្លាត I ដំបូងតាមរយៈទំនាក់ទំនងផ្លូវភេទផងដែរ។[៦០]

នៅក្នុងឆ្នាំ 2024 នេះ អង្គការសុខភាពពិភពលោកបានដាក់បញ្ចូលវីរុសអុតស្វាទៅក្នុងបញ្ជីនៃ "ភ្នាក់ងារបង្ករោគជាអាទិភាព" ដែលអាចបង្កឱ្យកើតការរាតត្បាតជាសកលបាន។[៦១]

Remove ads

ការរាលដាល

ខាងក្រោមនេះគឺជាបញ្ជីនៃការផ្ទុះរាលដាលនៃជំំងឺអឹមផក ដោយរួមបញ្ចូលទាំងការផ្ទុះរាលដាលធំៗនៅក្នុងតំបន់ក្រហមផងដែរ (ដូចជាប្រទេសកាណា កាបុង​ កាមេរូន សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កូតឌីវ័រ នីហ្សេរីយ៉ា បេណាំង លីបេរីយ៉ា សៀរ៉ាលេអូន ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល)។[៦២] ការផ្ទុះរាលដាលនៃជំងឺអឹមផកច្រើនកើតឡើងម្តងហើយម្តងទៀតនៅក្នុងតំបន់ក្រហម ដោយសារតែកង្វះហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ហើយណាមួយហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដែលមានគឺមិនស្របតាមស្តង់ដាអន្តរជាតិ ដែលនាំឱ្យកំណត់ត្រានៃការផ្ទុះរាលដាលក្នុងទម្រង់តូចមានភាពរអាក់រអួល និងមិនច្បាស់លាស់។[៦៣][៦៤][៦៥]

ព័ត៌មានបន្ថែម ឆ្នាំ, ប្រទេស ...

ការរាលដាលសកលឆ្នាំ 2022–2023

ការរាលដាលនៃជំងឺអឹមផកដែលបង្កឡើងដោយក្លាត IIb ត្រូវបានគេរកឃើញដំបូងនៅក្នុងអំឡុងខែឧសភា​ ឆ្នាំ 2022។[៧០] ករណីដំបូងរបស់វាត្រូវបានរកឃើញនៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសនៅថ្ងៃទី​ 6 ខែឧសភា នៅក្នុងអ្នកជំងឺម្នាក់ដែលធ្លាប់មានប្រវត្តិធ្វើដំណើរចេញពីប្រទេសនីហ្សេរីយ៉ាថ្មីៗ ដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់ក្រហម។[៧១][៧២] ករណីបន្ទាប់ៗនៃវីរុសប្រភេទ IIb នេះក៏ចាប់ផ្តើមលេចចេញឡើងនៅតាមបណ្ដាប្រទេសក្នុងតំបន់ក្រហម និងប្រទេសក្បែរៗនោះ។[៧៩] នៅខែកក្កដា ឆ្នាំ 2022 អង្គការសុខភាពពិភពលោកបានប្រកាសកំណត់ការផ្ទុះឡើងនៃជំងឺនេះថាជាបញ្ហាសុខភាពសាធារណៈកម្រិតអន្តរជាតិ។​ មកដល់ខែឧសភា ឆ្នាំ 2023​ អង្គការសុខភាពពិភពលោកក៏បានទម្លាក់ស្ថានភាពអាសន្ននៃជំងឺនេះក្រោយពីមើ់លឃើញថាចំនួនករណីឆ្លងបានថយចុះជាខ្លាំងដោយសារតែប្រសិទ្ធភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ និងការផ្សព្វផ្សាយព័ត៌មានអប់រំ។​[៨០] គិតមកត្រឹមខែសីហា ឆ្នាំ 2024 ករណីអឹមផកប្រភេទក្លាត IIb នៅខាងក្រៅតំបន់ក្រហមនៃទ្វីបអាហ្វ្រិកនូវតែបន្តរកឃើញតែនៅក្នុងកម្រិតទាបបំផុត។[៦៨]

ការរាលដាលឆ្នាំ 2023–2024

ក្នុងអំឡុងឆ្នាំ​ 2023 ការរាលដាលនៃជំងឺអឹមផកប្រភេទ I​ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចម្លងមនុស្សប្រមាណចំនួន 14,626 នាក់​ ខណៈករណីស្លាប់បានហក់ឡើងដល់ 654 ករណីដែលធ្វើឱ្យអត្រាស្លាប់មាន 4.5%។ ការរាលដាលនៃប្រភេទ I​ នេះបានបន្តទៅក្នុងឆ្នាំ 2024 ដោយគេបានរកឃើញករណីសង្ស័យចំនូន 3,576 ករណី និងករណីស្លាប់ចំនួន 256 ករណីបន្ថែមនៅកំឡុងប្រាំបួនសប្តាហ៍ដំបូង ដែលនាំឱ្យអត្រាស្លាប់កើនឡើងដល់ 7.4%។[៨១]

ការផ្ទុះរាលដាលលើកនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា វីរុសអុតស្វាច្រើនឆ្លងតាមរយៈការទំនាក់ទំនងផ្លូវភេទ និងទំនាក់ទំនងគ្រួសារ ខណៈករណីឆ្លងជាច្រើនទៀតបានលេចឡើងនៅក្នុងតំបន់ដែលគ្មានប្រវត្តិឆ្លងដូចជា គីវូខាងត្បូង និងគីនស្យាសាជាដើម។ 64% នៃករណីឆ្លងទាំងអស់បូករួមទាំង 85% នៃករណីស្លាប់សរុបបានកើតឡើងនៅលើកុមារ។ ការរាលដាលនេះបានបង្កឡើងដោយអនុប្រភេទក្លាត I​ ពីរផ្សេងៗគ្នា ដោយក្នុងនោះមានអនុប្រភេទមួយដែលមានការវិវត្តន៍ថ្មីប្លែកពីអនុប្រភេទដទៃ ដែលនាំឱ្យវាមានលក្ខណៈពិបាកក្នុងការកំណត់អត្តសញ្ញាណ។[៨១][៨២]

ក្រោយផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជំងឺអឹមផកក៏បានបន្តរាលដាលទៅដល់សាធារណរដ្ឋកុងហ្គោដែលត្រូវជាប្រទេសជិតខាង ដោយទទួលករណីឆ្លងចំនួន 43 ករណីនៅក្នុងខែមីនាឆ្នាំ 2024។[៨១] មកដល់ដើមខែសីហា ជំងឺអឹមផកបានរីករាលដាលបន្ថែមទៀតទៅកាន់តំបន់អាហ្រ្វិកកណ្តាល និងភាគខាងត្បូង ដែលសុទ្ធសឹងតែជាករណីនៃប្រភេទក្លាត I និងក្លាត II។[៦៩][១៤]

អង្គការសុខភាពពិភពលោកបានប្រកាសកំណត់ការផ្ទុះរាលដាលនេះជាគ្រោះអាសន្នសុខភាពសកលនៅថ្ងៃទី 14 ខែសីហា ឆ្នាំ 2024។[៨៣] នៅថ្ងៃបន្ទាប់ ប្រទេសស៊ុយអែតបានក្លាយជាប្រទេសក្រៅទ្វីបអាហ្វ្រិកដំបូងគេដែលទទួលករណីអឹមផកប្រភេទក្លាត I។[៨៤] មួយថ្ងៃបន្ទាប់ទៀតគឺនៅថ្ងៃទី 16 ខែសីហាឆ្នាំ 2024 ករណីអឹមផកមួយទៀតត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថាន។[៨៥]

Remove ads

ឯកសារយោង

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads