ទីក្រុងស្រីទេព

ទីក្រុងស្រីទេព អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ទីក្រុងស្រីទេព
Remove ads

ទីក្រុងស្រីទេព ពីអតីតកាលគឺជាទីក្រុងរបស់អាណាចក្រភ្នំដែលស្ថិតនៅក្នុងសម័យនគរភ្នំរហូតមកដល់សម័យអង្គរ។បច្ចុប្បន្នទីក្រុងស្រីទេពត្រូវបានប្រទេសសៀមផ្លាស់ប្ដូរទីជាស្រុកស្រីទេព(សៀម : ศรีเทพ)វិញហើយទីក្រុងនេះក៏បានក្លាយទៅជាឧទ្យានជាតិប្រវត្តិសាស្ត្រស្រីទេព(សៀម : อุทยานประวัติศาสตร์ศรีเทพ)ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រីទេព ស្រុកស្រីទេព ខេត្តពេជ្របូរណ៍ហើយបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត[]

Thumb
ផែនទីនៃទីក្រុងស្រីទេពដែលបច្ចុប្បន្នគឺជាស្រុកស្ថិតនៅក្នុងខេត្តពេជ្របូរណ៍
Thumb
ផែនទីនៃឧទ្យានជាតិប្រវត្តិសាស្ត្រស្រីទេព
Remove ads

ប្រវត្តិ

អ្វីដែលយើងត្រូវកត់សម្គាល់គឺវត្តមានរបស់វត្ថុបុរាណនៅទីក្រុងស្រីទេពដែលអាចធ្វើឲ្យយើងជឿជាក់ថាទីក្រុងនេះបានកកើតឡើងមុនសម័យចេនឡាពោលគឺនៅសម័យនគរភ្នំ។ដូច្នេះទីក្រុងនេះពិតជាមានឈ្មោះបោះសម្លេងតាំងតែពីបុរាណកាលមក។

ទីក្រុងស្រីទេពមានទីតាំងស្ថិតនៅក្នុងស្រុកស្រីទេព ខេត្តពេជ្របូរណ៍ ប្រទេសសៀមបច្ចុប្បន្នដែលជាខេត្តមួយស្ថិតនៅក្នុងភូមិភាគខាងជើងនៃទីក្រុងបាងកក(ខេត្តបឹងកក់)ហើយស្ថិតនៅក្នុងចន្លោះភូមិភាគកណ្តាលនិងភូមិភាគឦសានត្រង់ខ្សែស្របទី ១៦ ទៅខាងជើងខ្សែបណ្ដោយទី ១០១ ទៅខាងកើត។ទីក្រុងនេះស្ថិតនៅឆ្ងាយពីទីក្រុងបាងកក(ខេត្តបឹងកក់)ប្រមាណជា ៣៤៦ គីឡូម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ ២១។ខេត្តខ្មែរបុរាណនេះដើមឡើយមានឈ្មោះថាវជ្ជបុរៈ(នេះបើសម្អាងទៅលើសិលាចារឹកសុខោទ័យ)ព្រមទាំងមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តមួយចំនួនដូចជាខេត្តជ័យភូមិ ខនកែន ពិចិត្រ ពិស្ណុលោក។ល។

សូមជម្រាបផងដែរថាខេត្តពេជ្របូរណ៍គឺមានព្រំប្រទលជាប់នឹងខេត្តនគរសួគ៌ ខេត្តលពបុរី ខេត្តពិចិត្រ ខេត្តពិស្ណុលោក ខេត្តជ័យភូមិ ខេត្តខនកែន និង ខេត្តលើយ។ទីក្រុងពេជ្របូរណ៍ដែលជាទីរួមខេត្តបច្ចុប្បន្ននេះត្រូវបានកសាងឡើងនៅក្នុងសម័យសុខោទ័យពោលគឺនៅក្នុងសតវត្សរ៍ទី ១៤ នៃគ្រិស្តសករាជ។បន្ទាប់មកទៀតទីក្រុងនេះត្រូវបានពង្រីកនៅក្នុងរជ្ជកាលរបស់ស្ដេចព្រះនារាយណ៍មហារាជនៃក្រុងអយុធ្យាស្ដេចអង្គនេះបានយកដងស្ទឹងឬទឹកទន្លេធ្វើជាមជ្ឈមណ្ឌលកណ្ដាលឡោមព័ទ្ធដោយកំពែងឥដ្ឋនិងថ្មកំបោរ។ប៉ុន្តែមិនឆ្ងាយប៉ុន្មានពីទីប្រជុំជននៃទីក្រុងនេះត្រង់តំបន់ស្រីទេពគេឃើញមានបុរាណដ្ឋានខ្មែរមួយឈ្មោះថាទីក្រុងស្រីទេពដែលជាទីក្រុងមួយស្ថិតក្នុងសម័យវប្បធម៌អន្តរកាលរវាងនគរភ្នំនិងចេនឡាដ៏ល្បីល្បាញ។មិនតែប៉ុណ្ណោះសោតអាជ្ញាធរខ្មែរបានកាន់កាប់តំបន់យុទ្ធសាស្រ្តនេះរហូតមកដល់សម័យអង្គរដូចវត្តមានរបស់បុរាណដ្ឋានមួយចំនួនជាសក្ខីកម្មស្រាប់។

បុរាណវិទូសៀមបានប្រទះឃើញនូវសំណាកសិល្បៈបុរាណខ្មែរជាច្រើនដែលស្ថិតនៅក្នុងទីក្រុងនេះក៏ប៉ុន្តែដើម្បីស្វែងយល់អំពីកំណើតនៃព្រះរាជនគរនេះយើងត្រូវដឹងថាការលេចធ្លោរបស់វាត្រូវបានកើតឡើងទន្ទឹមគ្នានឹងការរីកដុះដាលនៃទីក្រុងល្វោ ច័ន្ទបុរីហើយទីក្រុងបុរាណនេះជាមជ្ឈមណ្ឌលឬជាទីស្នាក់ការខ្មែរមួយដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់នគរមន។ដោយសារហេតុនេះហើយបានជាខ្មែរនៅសម័យចេនឡាបានទទួលឥទ្ធិពលវប្បធម៌ពីជនជាតិមនយ៉ាងពិតប្រាកដដោយមានស្លាកស្នាមដំណាក់កំពែងទីក្រុង ប្រាង្គប្រាសាទខ្មែរ វត្ថុសិល្បៈវប្បធម៌សម័យអង្គរនិងមុនអង្គរគឺស្ថិតនៅក្បែរទីក្រុងនេះដែលជាទីទំនាបខ្លះមានជាកំពែងខ្ពស់ៗហ៊ុមព័ទ្ធជុំវិញ។គេសង្កេតឃើញមានគូទឹកនៅផ្នែកខាងក្រៅកំពែងរីឯនៅក្នុងទីក្រុងស្រីទេពវិញគេសង្កេតឃើញមានប្រាង្គប្រាសាទតូចធំមួយចំនួនធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ព្រមទាំងចម្លាក់ទេវរូប និង ពុទ្ធបដិមាថ្ម សំរិទ្ធ និង មាសជាដើម។ក្រៅពីនេះនៅមានវត្តមានចេតិយបែបឧបកិច្ចនិយមព្រមទាំងព្រះពុទ្ធសាសនាដ្ឋានផងដែរ។វត្ថុបុរាណទាំងអស់នោះជារចនាបថខ្មែរដូចដែលគេបានរកឃើញនៅក្នុងខេត្តបស្ចិមបុរី ច័ន្ទបុរី និង លពបុរីផងដែរ។

បច្ចុប្បន្នស្ថានភាពទីក្រុងស្រីទេពដែលមានរាងជាពងក្រពើមានមានលក្ខណៈជារូបគ្រោងនៃទីក្រុងភ្លោះមួយគូដែលមានប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងនៅក្នុងក្រុង។ផ្ទៃដីខាងក្រៅនេះមានសណ្ឋានដូចជារលកទឹកប្រដេញគ្នា។វត្តមានរបស់ផ្នូរសពនិងរបស់ប្រើប្រាស់ធ្វើអំពីថ្ម សំរិទ្ធ និង ដែកនាសម័យបុរេអង្គរនេះបង្ហាញថាមានមនុស្សរស់នៅទីនោះយ៉ាងហោចណាស់ក៏ ១៥០០ ឆ្នាំមុនគ្រិស្ដសករាជផងដែរ។

នៅក្នុងឆ្នាំ ១៩០៤ នៅក្នុងទីក្រុងនេះគេបានរកឃើញវត្ថុសិល្បៈបុរាណយ៉ាងសន្ធឹកសន្ធាប់ដូចជាទេវរូប ព្រះពុទ្ធរូប ស្លឹកសីមាតែឥឡូវនេះមួយភាគធំត្រូវបានបាត់បង់។គេក៏បានរកឃើញផ្ទាំងសិលាចារឹកដែលចារឹកដោយខ្មែរជាភាសាសំស្ក្រឹតផងដែរ។ការសិក្សាបានបញ្ជាក់ថាសិលាចារឹកនេះមានព្រះនាមព្រះបាទភវវរ្ម័នទី ១ ចារឹកនៅក្នុងឆ្នាំ ៥៩៧ នៃគ្រិស្តសករាជ។

ជារួមមកគេអាចនិយាយបានថាទីក្រុងស្រីទេពគឺជាទីក្រុងខ្មែរបុរាណនៅចុងសម័យនគរភ្នំហើយត្រូវបានបញ្ចូលនៅក្នុងបង្គោលសីមារបស់នគរចេនឡាតែត្រូវបានកសាងឡើងនៅលើមូលដ្ឋានវប្បធម៌នគរភ្នំ(សតវត្សរ៍ទី ០១-០៦)ដែលអ្នកស្រាវជ្រាវសៀមឲ្យឈ្មោះថាសិល្បៈទ្វារវតីប៉ុន្តែនេះជាការខុសឆ្គងមួយគួរឲ្យសោកស្តាយខ្លាំងណាស់។ប្រភពបុរេអង្គរត្រូវបានគូសបញ្ជាក់តាមរយៈចម្លាក់ព្រះវិស្ណុដែលស្ថិតនៅក្នុងរចនាបថភ្នំដា។ការសម្អាងទៅលើវត្ថុបុរាណអាចឲ្យយើងដឹងបានថាចេនឡាគឺជាចក្រភពមួយដែលមានអំណាចហើយបានពង្រីកអំណាចរបស់ខ្លួនដែលលាតសន្ធឹងរហូតមកដល់ខាងក្រោមដងទន្លេបាសាក់ដោយបានគ្របដណ្ដប់លើខេត្តនេះតែម្ដងដូចវត្តមាននៃសិលាចរឹកខាងលើជាសក្ខីកម្មស្រាប់។ប្រការនេះជាអ្វីមួយដែលយើងនឹងវិភាគឲ្យបានល្អិតល្អន់នៅពេលក្រោយ។ជារួមមកឆ្លងកាត់ការសិក្សាផ្នែកបុរាណវិទ្យាដោយផ្អែកលើវត្ថុសិល្បៈដែលគេបានរកឃើញគេអាចដឹងបានថាវប្បធម៌គ្រឹះនៅទីនេះមានលក្ខណៈសំយោគរវាងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដែលប្រើប្រាស់ភាសាបាលីនិងភាសាសំស្ក្រឹត

ដូចជាទីក្រុងផ្សេងៗមួយចំនួនទៀតឯដែរទីក្រុងស្រីទេពដែលបានឆ្លងកាត់សម័យកាលជាច្រើនតាំងពីវប្បធម៌នគរភ្នំរហូតមកដល់សម័យអង្គរបានឆ្លងកាត់គ្រប់ដំណាក់កាលនៃការវិវត្តន៍ហើយទីបំផុតវាត្រូវបានអាជ្ញាធរខ្មែរបោះបង់ចោលនៅក្រោយសម័យអង្គរបន្តិច។ហើយការបោះបង់ចោលភូមិភាគនេះបណ្ដាលមកពីកត្តានយោបាយក្រោយពីចាញ់សង្គ្រាម។

នៅក្នុងឆ្នាំ ១៩០៤ ទីក្រុងនេះត្រូវបានព្រះអង្គម្ចាស់សៀមមួយព្រះអង្គព្រះនាមដាំរុងបានធ្វើការសិក្សាស្រាវជ្រាវជាលើកដំបូងក៏ប៉ុន្តែការជួសជុលអភិរក្សជាស្ថាពរទើបតែត្រូវបានអនុវត្តន៍ឡើងនៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះទេ។

សូមបញ្ជាក់ថានៅទីក្រុងស្រីទេពរចនាបថភ្នំដាបានផ្ដល់រចនាបថព្រៃក្មេង ប្រែរូប និង បាពួនមុននឹងឈានដល់វប្បធម៌សម័យអង្គរនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧។វឌ្ឍនភាពនៃលទ្ធិព្រះពុទ្ធសាសនាទាំង ០២ និកាយនាសម័យចេនឡាត្រូវបានឆ្លុះបញ្ចាំងតាមរយៈពុទ្ធបដិមាកម្មដ៏ប្រណិតគួរឲ្យចាប់អារម្មណ៍ក្រៃលែង។[]

Remove ads

មើលផងដែរ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads