រដ្ឋប៉ាឡេស្ទីន

From Wikipedia, the free encyclopedia

រដ្ឋប៉ាឡេស្ទីន

ប៉ាឡេស្ទីន (ភាសាអារ៉ាប់៖ فلسطين), មានឈ្មោះជាផ្លូវការថា រដ្ឋប៉ាឡេស្ទីន[lower-alpha ៤] គឺជារដ្ឋអធិបតេយ្យមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ រដ្ឋនេះត្រូវបានគ្រប់គ្រងជាផ្លូវការដោយអង្គការរំដោះប៉ាឡេស្ទីន (PLO) និងមានទឹកដីទាមទារនៅវ៉េសប៊ែង និងដែនជ្រោយកាសា។ បរិពន្ធភូមិចំនួន ១៦៥ នៅតំបន់វ៉េសប៊ែង ត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) ខណៈដែលតំបន់កាសាកំពុងស្ថិតនៅក្រោមក្រុមហាម៉ាស[lower-alpha ២] បើទោះបីជាប៉ាឡេស្ទីនបានអះអាងក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់ខ្លួនពិតក៏មែនក្តីប៉ុន្តែទីក្រុងនេះសព្វថ្ងៃគឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអ៊ីស្រាអែល។ ការទាមទារអះអាងរបស់ភាគីទាំងពីរចំពោះទីក្រុងយេរូសាឡឹមគឺមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ។ ទឹកដីទាំងប៉ុន្មាន​ដែល​រដ្ឋប៉ាឡេស្ទីន​កំពុងទាមទារ​គឺត្រូវ​បាន​អ៊ីស្រាអែល​កាន់កាប់​តាំង​ពី​បញ្ចប់សង្គ្រាមប្រាំមួយថ្ងៃនៅ​ក្នុង​ឆ្នាំ១៩៦៧ មកម្លេះ។[][២៩] ប៉ាឡេស្ទីនសព្វថ្ងៃមានប្រជាជនចំនួន ៥,០៥១,៩៥៣ នាក់បើគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី ១២១ នៅលើពិភពលោក។[៣០]

ព័ត៌មានសង្ខេប دولة فلسطين (ភាសាអារ៉ាប់), ស្ថានភាព ...
រដ្ឋប៉ាឡេស្ទីន
دولة فلسطين (ភាសាអារ៉ាប់)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
ភ្លេងជាតិ
"فدائي"
"អ្នកចម្បាំងហ្វេដាយ៉ី"[]
Thumb
ទឹកដីដែលអះអាងថាជារបស់ប៉ាឡេស្ទីន (បៃតង)[]
ទឹកដីដែលអះអាងថាជារបស់អ៊ីស្រាអែល (បៃតងខ្ចី)
ស្ថានភាព{{#if: | |រដ្ឋទទួលស្គាល់ខ្លះៗ រដ្ឋសង្កេតការណ៍ អសប
ទទួលស្គាល់ដោយរដ្ឋសមាជិក អសប ចំនួន ១៣៨
រដ្ឋធានីយេរូសាឡឹម (ការទទួលស្គាល់មានកំណត់)[lower-alpha ១]
មជ្ឈមណ្ឌលរដ្ឋបាលរ៉ាំអាឡា
ទីក្រុងធំបំផុតទីក្រុងកាសា
ភាសាផ្លូវការភាសាអារ៉ាប់
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម[]
- ប្រធានាធិបតី
ម៉ះមូដ អាបាស់a
- នាយករដ្ឋមន្ត្រី
មហាម៉ាដ ស្តៃយ៉េ
- ប្រធានសភា
សាលីម សានូន
នីតិបញ្ញត្តិក្រុមប្រឹក្សាជាតិ
និម្មិតកម្ម
- ប្រកាសឯករាជ្យ
១៥ វិច្ឆិកា ១៩៨៨
- សេចក្តីសម្រេចក្លាយជារដ្ឋសង្កេតការណ៍ អសប
២៩ វិច្ឆិកា ២០១២
- ជម្លោះអធិបតេយ្យភាពជាមួយអ៊ីស្រាអែល
កំពុងកើតមានb[lower-alpha ២][][]
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦,០២០ គ.ម   (ទី១៦៣)
- ផ្ទៃទឹក (%)
៣.៥[]
៥,៦៥៥ គម
៣៦៥ គម[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
៥,១៥៩,០៧៦[] (ទី១២១)
- ដង់ស៊ីតេ
៧៣១ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
២៦.៤៧៨ ពាន់លានដុល្លារ[] ()
- ក្នុងម្នាក់
៥,៧៩៥ ដុល្លារ[១០] ()
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
១៤.៦១៦ ពាន់លានដុល្លារ[១១] ()
- ក្នុងម្នាក់
៣,១៩៩ ដុល្លារ[១២] ()
ជីនី (២០១៦) 33.7[១៣]
មធ្យម
HDI (២០១៩) 0.708[១៤]
ខ្ពស់ · ទី១១៥
រូបិយវត្ថុ
  • ផោនអេហ្ស៊ីប (EGP)
  • ស៊ីគែលថ្មីអ៊ីស្រាអែល (ILS)
  • ឌីណាហ្សកដានី (JOD)[១៥]
  • (សូមមើលរូបិយវត្ថុប៉ាឡេស្ទីន)
ល្វែងម៉ោងUTC+២ (ម៉ោងស្តង់ដាប៉ាឡេស្ទីន)
- រដូវក្តៅ (DST)
UTC+៣ (ម៉ោងរដូវក្តៅប៉ាឡេស្ទីន)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៧០
កូដ ISO 3166PS
ដែនកម្រិតខ្ពស់.ps
  1. ក៏ត្រូវជាមេដឹកនាំនៃរដ្ឋាភិបាលរបស់រដ្ឋផងដែរ។[lower-alpha ៣]
  2. តំបន់ដែលបានទាមទារគឺកំពុងស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល
  3. រ៉ាំអាឡាគឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃអាជ្ញាធរជាតិប៉ាឡេស្ទីន។[១៦]
បិទ

នៅក្រោយសង្គ្រាមលោកលើកទី២ នៅក្នុងឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានអនុម័តផែនការបែងចែកទឹកដីម៉ាន់ដាតប៉ាឡេស្ទីនដោយផ្តល់អនុសាសន៍ឱ្យបង្កើតរដ្ឋអារ៉ាប់និងជ្វីហ្វឯករាជ្យពីរនិងទឹកដីអន្តរជាតិមួយនៅក្រុងយេរូសាឡឹម។[៣១] ផែនការបែងចែកទឹកដីនេះត្រូវបានទទួលស្គាល់ដោយជនជាតិយូដា (ជ្វីហ្វ) ប៉ុន្តែត្រូវបានបដិសេធដោយពួកអារ៉ាប់។ ភ្លាមៗបន្ទាប់ពីការអនុម័តសេចក្តីសម្រេចចប់ដោយមហាសន្និបាត អសប សង្រ្គាមស៊ីវិលមួយក៏បានផ្ទុះឡើង[៣២] ហើយផែនការនេះក៏ត្រូវបានដកលែងអនុវត្តវិញ។[៣៣] រយៈពេលមួយថ្ងៃបន្ទាប់ពីបានបង្កើតរដ្ឋអ៊ីស្រាអែលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨[៣៤][៣៥][៣៦] កងទ័ពរួមអារ៉ាប់ជិតខាងបានសម្រុកចូលឈ្លានពានអតីតម៉ាន់ដាតរបស់អង់គ្លេស និងបានប្រឈមប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែល។[៣៧][៣៨] ក្រោយមក រដ្ឋាភិបាលប៉ាឡេស្ទីនរួមត្រូវបានបង្កើតឡើងដោយសម្ព័ន្ធអារ៉ាប់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៤៨ ដើម្បីគ្រប់គ្រងតំបន់បរិពន្ធភូមិកាសា។ រដ្ឋាភិបាលនោះត្រូវបានទទួលស្គាល់ដោយសមាជិកសម្ព័ន្ធអារ៉ាប់ទាំងអស់ លើកលែងតែត្រង់ហ្សកដានី។ ទោះបីជាយុត្តាធិការរបស់វាត្រូវបានប្រកាសថាគ្របដណ្តប់លើម៉ាន់ដាតប៉ាឡេស្ទីនទាំងមូលមែន ប៉ុន្តែតាមការពិតយុត្តាធិការរបស់វាត្រូវបានកំណត់តែចំពោះតំបន់ដែនជ្រោយកាសាប៉ុណ្ណោះ។[៣៩] អ៊ីស្រាអែលក្រោយមកបានដណ្តើមកាន់កាប់តំបន់ដែនជ្រោយកាសា និងឧបទ្វីបស៊ីណៃពីប្រទេសអេហ្ស៊ីប តំបន់វ៉េសប៊ែង (រួមទាំងក្រុងយេរូសាឡឹមខាងកើត) ពីហ្សកដានី និងកំពូលហ្កូឡានពីប្រទេសស៊ីរីនៅក្នុងខែមិថុនា ឆ្នាំ១៩៦៧ នៃអំឡុងសង្គ្រាមប្រាំមួយថ្ងៃ

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នៅទីក្រុងអាល់ហ្សែរ លោកយ៉ាសែរ អារ៉ាហ្វាត់ ប្រធានអង្គការរំដោះប៉ាឡេស្ទីន (PLO) បានប្រកាសពីការបង្កើតរដ្ឋប៉ាឡេស្ទីនឡើង។ មួយឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងអូស្លូនៅក្នុងឆ្នាំ១៩៩៣ អាជ្ញាធរជាតិប៉ាឡេស្ទីនក៏បានបង្កើតឡើងដើម្បីគ្រប់គ្រង (ក្នុងកម្រិតផ្សេងៗគ្នា) តំបន់ A និង B នៅវ៉េសប៊ែងដែលរួមមាន"កោះ"ចំនួន ១៦៥ និងដែនជ្រោយកាសាទាំងមូល។ បន្ទាប់ពីក្រុមហាម៉ាសបានក្លាយជាគណបក្សឈានមុខគេនៅក្នុងសភា PNA នៅក្នុងការបោះឆ្នោតថ្មីៗបំផុត (២០១៦) ជម្លោះថ្មីមួយក៏បានផ្ទុះឡើងរវាងខ្លួននិងគណបក្សហ្វាតា ដែលជាហេតុនាំឱ្យកាសាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅក្នុងឆ្នាំ២០០៧ (ពោលគឺពីរឆ្នាំបន្ទាប់ពីការផ្តាច់ខ្លួនចេញរបស់អ៊ីស្រាអែល)។

រដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ដោយរដ្ឋចំនួន ១៣៨ នៅក្នុងចំណោមរដ្ឋសមាជិកសរុប ១៩៣ របស់អង្គការសហប្រជាជាតិ ហើយចាប់តាំងពីឆ្នាំ២០១២ មក វាមានស្ថានភាពជារដ្ឋអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រជាជាតិ[៤០][៤១][៤២] ប៉ាឡេស្ទីនជាសមាជិកនៃសម្ព័ន្ធអារ៉ាប់ អង្គការសហប្រតិបត្តិការឥស្លាម ហ្សេ ៧៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏ដូចជាអង្គការយូណេស្កូ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ល។[៤៣]

និរុត្តិសាស្ត្រ

ដូចឈ្មោះប្រទេស និងរដ្ឋភាគច្រើនផ្សេងទៀតនៅក្នុងភាសាខ្មែរយើងអញ្ចឹង ពាក្យ"ប៉ាឡេស្ទីន"គឺជាពាក្យកម្ចីពីភាសាបារាំងហៅ "Palestine" (ប្រកប ប៉ា-លេ-ស្ទីន)។ ពាក្យអង់គ្លេសគឺសរសេរទម្រង់ដូចគ្នា គ្រាន់តែការបញ្ចេញសំឡេងមានលក្ខណៈខុសគ្នាបន្តិចដោយភាសាអង់គ្លេសគេប្រកបថា "ផា-លេស-ស្តែន"។

ទឹកដីនៃតំបន់ប៉ាឡេស្ទីន និងវិសាលភាពភូមិសាស្រ្តរបស់វាមានភាពខុសៗប្លែកពីគ្នាទៅតាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ហើយបច្ចុប្បន្ននេះ តំបន់ប៉ាឡេស្ទីនត្រូវបានគេចាត់ទុកថាបានគួបផ្សំឡើងពីរដ្ឋអ៊ីស្រាអែលបច្ចុប្បន្ន តំបន់វ៉េសប៊ែង និងដែនជ្រោយកាសា។[៤៤] ការប្រើប្រាស់ជាទូទៅនៃពាក្យ "ប៉ាឡេស្ទីន" ឬពាក្យទាក់ទងនឹងតំបន់នៅជ្រុងភាគអាគ្នេយ៍នៃសមុទ្រមេឌីទែរ៉ានេ ក្បែរប្រទេសស៊ីរី បានកើតឡើងតាំងពីសម័យក្រិកបុរាណមកម្លេះដោយមានលោកអេរ៉ូដូតឺសដែលជាអ្នកសរសេរប្រវត្តិសាស្ត្រដំបូងគេនៅសតវត្សទីប្រាំមុន គ.ស ជាអ្នកសម្គាល់បញ្ជាក់។ លោកបានសរសេរនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់លោកថា "ស្រុកមួយនៃប្រទេសស៊ីរីហៅថា ប៉ាឡេស្ទីន (Palaistine)" ដែលជនជាតិព្យូនិកបានធ្វើទំនាក់ទំនងជាមួយនិងរួមទាំងប្រជាជននៅតាមដែនសមុទ្រផ្សេងៗទៀត។[៤៥][៤៦] ពាក្យ "ប៉ាឡេស្ទីន" (ជាភាសាឡាតាំងថា Palæstina) ត្រូវគេគិតថាជាពាក្យបង្កើតដោយជនជាតិក្រិកបុរាណសម្រាប់សម្តៅលើតំបន់ដែលកាន់កាប់ដោយពួកភីលីស្ទីន ប៉ុន្តែនេះគ្រាន់តែជាទ្រឹស្តីមួយប៉ុណ្ណោះ។[៤៧]

បច្ចេកសព្ទសាស្ត្រ

អត្ថបទនេះបានប្រើពាក្យ "ប៉ាឡេស្ទីន" "រដ្ឋប៉ាឡេស្ទីន" "ទឹកដីកាន់កាប់ប៉ាឡេស្ទីន" ឆ្លាស់គ្នាអាស្រ័យទៅលើបរិបទ។ ជាពិសេស ពាក្យថា "ទឹកដីកាន់កាប់ប៉ាឡេស្ទីន" គឺសម្តៅទាំងស្រុងទៅលើទឹកដីភូមិសាស្ត្ររបស់ប៉ាឡេស្ទីនដែលប្រទេសអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ១៩៦៧។ រាល់ករណីទាំងអស់ គ្រប់ឯកសារសម្អាងទាក់ទងនឹងទឹកដីគឺចង់សម្តៅទៅលើដីដែលទាមទារដោយរដ្ឋប៉ាឡេស្ទីន។[៤៨]

ប្រវត្តិសាស្ត្រ

នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ (អសប) បានអនុម័តផែនការបែងចែកសម្រាប់ដំណោះស្រាយរដ្ឋចំនួនពីរនៅលើទឹកដីម៉ាន់ដាត។ ផែនការនេះត្រូវបានទទួលស្គាល់ដោយមេដឹកនាំជនជាតិជ្វីហ្វ ប៉ុន្តែត្រូវបានបដិសេធដោយមេដឹកនាំអារ៉ាប់ ហើយចំណែកចក្រភពអង់គ្លេសវិញក៏បានបដិសេដមិនអនុវត្តផែនការនេះដែរ។ នៅមុនថ្ងៃនៃការដកខ្លួនចុងក្រោយរបស់អង់គ្លេស ទីភ្នាក់ងារជ្វីហ្វសម្រាប់អ៊ីស្រាអែលបានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលតាមផែនការដែលបានស្នើឡើងរបស់ អសប។ គណៈកម្មាធិការកំពូលអារ៉ាប់មិនបានប្រកាសបង្កើតរដ្ឋរបស់ខ្លួននោះទេតែផ្ទុយទៅវិញ ប្រទេសអេហ្ស៊ីបរួមជាមួយត្រង់ហ្សកដានី និងសមាជិកដទៃទៀតនៃសម្ព័ន្ធអារ៉ាប់នាពេលនោះ បានចាប់ផ្តើមធ្វើសកម្មភាពយោធាដែលជាហេតុបណ្តាលឱ្យផ្ទុះសង្រ្គាមអារ៉ាប់–អ៊ីស្រាអែលឆ្នាំ១៩៤៨។ ក្នុងអំឡុងពេលសង្រ្គាម អ៊ីស្រាអែលបានដណ្តើមយកទឹកដីបន្ថែមដែល អសប ធ្លាប់បានកំណត់ជាផ្នែកនៃរដ្ឋអារ៉ាប់។ អេហ្ស៊ីបដំបូងបានគាំទ្រការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីនរួម ប៉ុន្តែបានបោះបង់គំនិតនេះចោលនៅក្នុងឆ្នាំ១៩៥៩។ ត្រង់ហ្សកដានីមិនដែលទទួលស្គាល់រដ្ឋាភិបាលនេះទេ ហើយថែមទាំងបានសម្រេចចិត្តកាត់បញ្ចូលតំបន់វ៉េសប៊ែងជាទឹកដីរបស់ខ្លួនទៀតដើម្បីបង្កើតរដ្ឋហ្សកដានី។ ការកាត់បញ្ចូលទឹកដីនេះត្រូវបានផ្តល់សច្ចាប័ននៅឆ្នាំ១៩៥០ ប៉ុន្តែត្រូវបានច្រានចោលដោយសហគមន៍អន្តរជាតិ។ សង្គ្រាមប្រាំមួយថ្ងៃនៅក្នុងឆ្នាំ១៩៦៧ ដែលជាពេលអ៊ីស្រាអែលប្រយុទ្ធតបទល់ជាមួយអេហ្ស៊ីប ហ្សកដានី និងស៊ីរី បានបញ្ចប់ដោយអ៊ីស្រាអែលចូលកាន់កាប់ទឹកដីប៉ាឡេស្ទីនដូចជាតំបន់វ៉េសប៊ែង និងដែនជ្រោយកាសា។[៤៩]

នៅក្នុងឆ្នាំ១៩៦៤ នៅពេលដែលហ្សកដានីចូលគ្រប់គ្រងតំបន់វ៉េសប៊ែងម្តងទៀត អង្គការរំដោះប៉ាឡេស្ទីន (PLO) ក៏ត្រូវបានបង្កើតឡើងនៅទីនោះដោយមានគោលដៅប្រឆាំងនឹងអ៊ីស្រាអែល។ ធម្មនុញ្ញជាតិប៉ាឡេស្ទីននៃ PLO បានកំណត់ព្រំដែនប៉ាឡេស្ទីនជាទឹកដីទាំងមូលដែលបន្សល់ពីម៉ាន់ដាតរបស់អង់គ្លេសដែលក្នុងនោះក៏មានទាំងរដ្ឋអ៊ីស្រាអែលផងដែរ។ បន្ទាប់ពីសង្គ្រាមប្រាំមួយថ្ងៃបានបញ្ចប់ PLO បានផ្លាស់ទៅជ្រកនៅប្រទេសហ្សកដានី ប៉ុន្តែក្រោយមកបានផ្លាស់ទៅប្រទេសលីបង់វិញនៅក្នុងឆ្នាំ១៩៧១។[៥០]

កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅខែតុលា ឆ្នាំ១៩៧៤ បានកំណត់ PLO ថាជា "តំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនប៉ាឡេស្ទីន" ហើយបានបញ្ជាក់សារជាថ្មីថា "ពួកគេមានសិទ្ធិផ្ទាល់ក្នុងការបង្កើតរដ្ឋឯករាជ្យមួយជាបន្ទាន់"។[៥១] នៅខែវិច្ឆិកា ឆ្នាំ១៩៧៤ PLO ត្រូវបានទទួលស្គាល់ថាមានសមត្ថភាពលើការដោះស្រាយបញ្ហាទាក់ទងនឹងប្រធានបទប៉ាឡេស្ទីនដោយមហាសន្និបាតអង្គការសហប្រជាជាតិផ្តល់ឋានៈសង្កេតការណ៍របស់ពួកគេជា "អង្គភាពមិនមែនរដ្ឋ" នៅអង្គការសហប្រជាជាតិ។[៥២][៥៣] បន្ទាប់ពីបានប្រកាសឯករាជ្យនៅក្នុងឆ្នាំ១៩៨៨ មហាសន្និបាតអង្គការសហប្រជាជាតិបានទទួលស្គាល់ជាផ្លូវការនូវសេចក្តីប្រកាសនេះ ហើយបានសម្រេចចិត្តប្រើឈ្មោះ "ប៉ាឡេស្ទីន" ជំនួសឱ្យ "អង្គការរំដោះប៉ាឡេស្ទីន" នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។[២០][៥៤] ទោះបីជាមានការសម្រេចនេះក៏ដោយ PLO មិនដែលបានចូលរួមនៅអង្គការសហប្រជាជាតិក្នុងនាមជារដ្ឋាភិបាលរបស់រដ្ឋប៉ាឡេស្ទីនឡើយ។[៥៥]

នៅក្នុងឆ្នាំ១៩៧៩ តាមរយៈកិច្ចព្រមព្រៀងកាំដេវីដ អេហ្ស៊ីបបានសម្រេចចុះហត្ថលេខាបញ្ចប់ការទាមទារទឹកដីរបស់ខ្លួនលើតំបន់ដែនជ្រោយកាសា។ នៅខែកក្កដា ឆ្នាំ១៩៨៨ ហ្សកដានីបានលះបង់ការទាមទាររបស់ខ្លួននៅវ៉េសប៊ែងទៅឱ្យ PLO។ នៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៨៨ សភានីតិបញ្ញត្តិនិរទេសរបស់ PLO បានប្រកាសបង្កើត"រដ្ឋប៉ាឡេស្ទីន"ឡើង។ នៅខែបន្ទាប់ រដ្ឋនេះត្រូវបានទទួលស្គាល់ភ្លាមៗដោយរដ្ឋដទៃជាច្រើន រួមទាំងអេហ្ស៊ីប និងហ្សកដានីផង។ នៅក្នុងសេចក្តីប្រកាសឯករាជ្យរបស់ប៉ាឡេស្ទីន គេបានចែងថា រដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើងនៅលើ "ទឹកដីប៉ាឡេស្ទីន" ដោយមិនមានការបញ្ជាក់ច្បាស់លាស់បន្ថែមទៀតនោះទេ។ ដោយហេតុនេះ ទើបប្រទេសមួយចំនួនដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបានសម្តៅកិច្ចទទួលស្គាល់របស់ពួកគេទៅលើ "ព្រំដែនឆ្នាំ១៩៦៧" ដូច្នេះប្រទេសទាំងអស់នោះបានទទួលស្គាល់ទឹកដីប៉ាឡេស្ទីនត្រឹមតែជាទឹកដីក្រោមការកាន់កាប់ប៉ុណ្ណោះ មិនមែនទឹកដីរបស់អ៊ីស្រាអែលនោះទេ។ ការដាក់ពាក្យសុំចូលជាសមាជិកអង្គការសហប្រជាជាតិដែលដាក់ជូនដោយរដ្ឋប៉ាឡេស្ទីនក៏បានបញ្ជាក់ផងដែរថាវាបានផ្អែកខ្លួនលើ "ព្រំដែនឆ្នាំ១៩៦៧"។[] នៅអំឡុងពេលចរចាក្នុងកិច្ចព្រមព្រៀងទីក្រុងអូស្លូ PLO បានប្រកាសទទួលស្គាល់សិទ្ធិអត្ថិភាពរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលក៏បានទទួលស្គាល់ PLO ថាជាអ្នកតំណាងរបស់ប្រជាជនប៉ាឡេស្ទីនវិញដែរ។ សេចក្តីប្រកាសឯករាជ្យរបស់ប៉ាឡេស្ទីនឆ្នាំ១៩៨៨ បានរួមបញ្ចូលនូវការអំពាវនាវរបស់ PNC សម្រាប់ការចរចាបែបពហុភាគីលើមូលដ្ឋាននៃដំណោះស្រាយលេខ ២៤២ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលក្រោយមកត្រូវបានគេស្គាល់ថា "កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ"[៥៦] ដោយវាបង្ហាញពីការទទួលយកដំណោះស្រាយរដ្ឋចំនួនពីរ ហើយលែងចោទសួរពីភាពស្របច្បាប់នៃរដ្ឋអ៊ីស្រាអែល។[៥៧]

បន្ទាប់ពីអ៊ីស្រាអែលបានដណ្តើម និងកាន់កាប់តំបន់វ៉េសប៊ែងពីហ្សកដានី និងដែនជ្រោយកាសាពីអេហ្ស៊ីប រដ្ឋាភិបាលអ៊ីស្រាអែលក៏ចាប់ផ្តើមបញ្ជូនប្រជាជនខ្លួនឱ្យចូលទៅរស់នៅទីនោះ។ ការគ្រប់គ្រងប្រជាជនអារ៉ាប់លើទឹកដីទាំងនេះត្រូវបានអនុវត្តដោយក្រុមសម្របសម្រួលសកម្មភាពរដ្ឋាភិបាលនៅក្នុងដែនដីនៃរដ្ឋបាលស៊ីវិលអ៊ីស្រាអែល និងដោយក្រុមប្រឹក្សាក្រុងក្នុងតំបន់ដែលមានវត្តមានតាំងពីមុនពេលការកាន់កាប់របស់អ៊ីស្រាអែល។ នៅឆ្នាំ១៩៨០ អ៊ីស្រាអែល​បាន​សម្រេច​​បញ្ឈប់​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា ហើយ​បង្កើត"សម្ព័ន្ធភូមិ"ដើម្បីជំនួសក្រុមប្រឹក្សាទាំងនោះដោយ​មន្ត្រីនៃសម្ព័ន្ធភូមិថ្មីនេះគឺសុទ្ធតែស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ៊ីស្រាអែល។ ក្រោយបន្តិចមក គំរូថ្មីនេះក៏បាត់បង់ប្រសិទ្ធភាពសម្រាប់អ៊ីស្រាអែល និងព្រមទាំងប៉ាឡេស្ទីនផង ហើយសម្ព័ន្ធភូមិបានចាប់ផ្តើមបែកបាក់ដួលរលំដោយសម្ព័ន្ធភូមិចុងក្រោយហៅ"ហេប្រុន"បានរំលាយនៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៨៨។[៥៨]

នៅឆ្នាំ១៩៩៣ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងអូស្លូ អ៊ីស្រាអែលបានទទួលស្គាល់ក្រុមចរចារបស់ PLO ថាជា "តំណាងប្រជាជនប៉ាឡេស្ទីន" ជាថ្នូរនឹង PLO ទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការរក្សាសន្តិភាព ការទទួលយកដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៤២ និង ៣៣៨ និងការឈុំប្រកាន់"អំពើហឹង្សា និងអំពើភេរវកម្ម"លើអ៊ីស្រាអែល។[៥៩] ជាលទ្ធផល នៅក្នុងឆ្នាំ១៩៩៤ PLO បានបង្កើតរដ្ឋបាលដែនដីមួយហៅអាជ្ញាធរជាតិប៉ាឡេស្ទីន (ហៅកាត់ថា PNA ឬ PA) ដោយវាមានមុខងារអនុវត្តកិច្ចការមួយចំនួនរបស់រដ្ឋាភិបាលនៅក្នុងផ្នែកខ្លះនៃតំបន់វ៉េសប៊ែងនិងដែនជ្រោយកាសា។[៦០][៦១] នៅឆ្នាំ២០០៧ ក្រុមហាម៉ាសបានឡើងកាន់កាប់តំបន់ដែនជ្រោយកាសា ហើយទឹកដីប៉ាឡេស្ទីនក៏ត្រូវបែងចែកជាពីរដោយបន្សល់ទុកគណបក្សហ្វាតារបស់លោកអាបាស់ឱ្យគ្រប់គ្រងតំបន់វ៉េសប៊ែង[៦២] ខណៈក្រុមហាម៉ាសនៅគ្រប់គ្រងតំបន់ដែនជ្រោយកាសា។ នៅអំឡុងខែមេសា ឆ្នាំ២០១១ ក្រុមភាគីនយោបាយប៉ាឡេស្ទីនទាំងអស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៃដំណើរផ្សះផ្សា ប៉ុន្តែការប្រកាសអនុវត្តជាផ្លូវការនៃសន្ធិសញ្ញានេះត្រូវផ្អាក[៦២] រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ នៅពេលដែលរដ្ឋាភិបាលរួបរួមមួយត្រូវបានបង្កើតឡើង។[៦៣]

Thumb
បាតុកម្មប្រឆាំងនឹងការបិទផ្លូវធ្វើដំណើរនៅក្រុងកាហ្វ្ររកាដដុំ, មីនា ២០១២

ដូចដែលបានឃើញនៅក្នុងកិច្ចព្រមព្រៀងទីក្រុងអូស្លូកន្លងមក អ៊ីស្រាអែលបានអនុញ្ញាតឱ្យ PLO បង្កើតស្ថាប័នរដ្ឋបាលបណ្តោះអាសន្ននៅក្នុងទឹកដីប៉ាឡេស្ទីនដែលមានទម្រង់ជាការគ្រប់គ្រងដោយអាជ្ញាធរជាតិប៉ាឡេស្ទីន។ អាជ្ញាធរនេះត្រូវបានផ្តល់ការគ្រប់គ្រងជាលក្ខណៈស៊ីវិលនៅក្នុងតំបន់ B និងទាំងការគ្រប់គ្រងស៊ីវិល និងសន្តិសុខនៅក្នុងតំបន់ A ប៉ុន្តែពួកគេមិនមានជាប់ពាក់ព័ន្ធអ្វីនឹងតំបន់ C នោះទេ។ នៅក្នុងឆ្នាំ២០០៥ បន្ទាប់ពីការអនុវត្តផែនការផ្តាច់ខ្លួនជាឯកតោភាគីរបស់អ៊ីស្រាអែល អាជ្ញាធរជាតិប៉ាឡេស្ទីនបានទទួលការគ្រប់គ្រងពេញលេញលើតំបន់ដែនជ្រោយកាសា លើកលែងតែនៅតាមព្រំដែន ដែនអាកាស និងដែនទឹករបស់វា។[lower-alpha ២] បន្ទាប់ពីជម្លោះផ្ទៃក្នុងប៉ាឡេស្ទីនបានកន្លងផុតទៅនៅក្នុងឆ្នាំ២០០៦ ក្រុមហាម៉ាសបានឡើងកាន់កាប់តំបន់ដែនជ្រោយកាសាដោយទុកឱ្យហ្វាតារក្សាការគ្រប់គ្រងនៅតំបន់វ៉េសប៊ែង។ ចាប់ពីឆ្នាំ២០០៧ មក តំបន់ដែនជ្រោយកាសាត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស និងតំបន់វ៉េសប៊ែងដោយហ្វាតា។[៦៤]

ការទទួលស្គាល់ជាអន្តរជាតិ

រដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ដោយរដ្ឋចំនួន ១៣៨ នៅក្នុងចំណោមរដ្ឋសមាជិកសរុប ១៩៣ របស់អង្គការសហប្រជាជាតិ ហើយចាប់តាំងពីឆ្នាំ២០១២ ប៉ាឡេស្ទីនមានស្ថានភាពជារដ្ឋអ្នកសង្កេតការណ៍-មិនមែនជាសមាជិកនៅក្នុងអង្គការសហប្រជាជាតិ។[៤០][៤១][៤២]

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងលទ្ធផលបោះឆ្នោត ១៣៨–៩ (ដោយមានរដ្ឋអនុបវាទចំនួន ៤១ និងរដ្ឋអវត្តមានចំនួនប្រាំ)[៦៥] មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយលេខ ៦៧/១៩ ដោយតម្លើងស្ថានការណ៍ប៉ាឡេស្ទីនពី "អង្គសង្កេតការណ៍" មក "រដ្ឋសង្កេតការណ៍-មិនមែនសមាជិក" នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ដែលនេះត្រូវបានខ្លះចាត់ទុកថាជាការទទួលស្គាល់នូវអធិបតេយ្យភាពរបស់អង្គការរំដោះប៉ាឡេស្ទីន។[៤១][៤២][៦៦][៦៧][៦៨] អង្គការសហប្រជាជាតិបានអនុញ្ញាតឱ្យប៉ាឡេស្ទីនដាក់ងារការិយាល័យតំណាងរបស់ខ្លួនប្រចាំអង្គការសហប្រជាជាតិជា "បេសកកម្មអ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃរដ្ឋប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ"[៦៩] ហើយប៉ាឡេស្ទីនបានណែនាំអ្នកការទូតរបស់ខ្លួនឱ្យធ្វើជាតំណាងផ្លូវការនៃ "រដ្ឋប៉ាឡេស្ទីន" ដោយលែងតំណាងឱ្យអាជ្ញាធរជាតិប៉ាឡេស្ទីនទៀតឡើយ។[៦៨] នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ប្រធានពិធីសាររបស់អង្គការសហប្រជាជាតិលោកយេអូឆេអូល យូនបានប្រកាសថា "ឈ្មោះរដ្ឋប៉ាឡេស្ទីនដែលបានកំណត់នឹងត្រូវយកមកប្រើប្រាស់ដោយលេខាធិការដ្ឋាននៅក្នុងឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិទាំងអស់"។[៧០] គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋសមាជិកចំនួន ១៣៨ (៧១.៥%) នៃរដ្ឋសមាជិកសរុប ១៩៣ នៃអង្គការសហប្រជាជាតិបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។[៦៧] ប្រទេសមួយចំនួនមិនបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមែនប៉ុន្តែពួកគេបានទទួលស្គាល់ PLO ជា "តំណាងនៃប្រជាជនប៉ាឡេស្ទីន"។ គណៈកម្មាធិការប្រតិបត្តិរបស់ PLO ត្រូវបានផ្តល់សិទ្ធិអំណាចដោយក្រុមប្រឹក្សាជាតិប៉ាឡេស្ទីនដើម្បីបំពេញមុខងារជារដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីន។[៧១]

ភូមិសាស្ត្រ

ទីតាំងភូមិសាស្ត្ររបស់រដ្ឋប៉ាឡេស្ទីនគឺស្ថិតនៅក្នុងតំបន់ឡេវ៉ានដែនជ្រោយកាសាមានព្រំប្រទល់ជាប់សមុទ្រមេឌីទែរ៉ានេនៅភាគខាងលិច ប្រទេសអេហ្ស៊ីបនៅភាគខាងត្បូង និងប្រទេសអ៊ីស្រាអែលនៅភាគខាងជើង និងកើត។ ចំណែកឯតំបន់វ៉េសប៊ែងវិញមានព្រំប្រទល់ជាប់នឹងប្រទេសហ្សកដានីនៅភាគខាងកើត ហើយនិងប្រទេសអ៊ីស្រាអែលនៅភាគខាងជើង ត្បូង និងលិច។ ដូចនេះ តំបន់​ទាំងពីររបស់​រដ្ឋ​ប៉ាឡេស្ទីនមិនមាន​ព្រំដែន​ភូមិសាស្ត្រ​ជាប់ជាមួយ​គ្នា​នោះទេដោយ​វាត្រូវបាន​បំបែក​ដោយទឹកដី​អ៊ីស្រាអែល។ បើរាប់ទឹកដីទាំងពីរបញ្ចូលគ្នា រដ្ឋប៉ាឡេស្ទីននឹងក្លាយជាប្រទេសធំជាងគេទី ១៦៣ នៅលើពិភពលោក។[៧២][៧៣][៧៤]

បច្ចុប្បន្ន ប៉ាឡេស្ទីនកំពុងតែប្រឈមនឹងបញ្ហាបរិស្ថានជាច្រើន ពិសេសនៅតំបន់កាសាដែលមានបញ្ហាដូចជា៖ វាលលំហកម្ម កំណើននៃកម្រិតបរិមាណអំបិលនៅក្នុងទឹកសាប ទឹកសម្អុយ ជំងឺក្នុងទឹក គុណភាពដីធ្លាក់ចុះ តំហយ និងកំណើនជាតិពុលក្នុងធនធានទឹកក្រោមដី។ នៅតំបន់វ៉េសប៊ែងក៏ជួបបញ្ហាស្រដៀងៗគ្នានេះដែរ ហើយទោះបីជាប្រភពទឹកសាបមានច្រើនជាងនៅតំបន់កាសាក្តី ប៉ុន្តែមធ្យោបាយប្រើប្រាស់នូវមានកំណត់នៅឡើយដោយសារតែជម្លោះកំពុងតែកើតមានក្នុងតំបន់។[៧៥]

អាកាសធាតុ

សីតុណ្ហភាពនៅប៉ាឡេស្ទីនមានការប្រែប្រួលខ្លាំង។ អាកាសធាតុនៅតំបន់វ៉េសប៊ែងភាគច្រើនមានលក្ខណៈដូចអាកាសធាតុសមុទ្រមេឌីទែរ៉ានេដោយតំបន់ខ្ពង់រាបរាងត្រជាក់ជាងតំបន់ឆ្នេរសមុទ្រភាគខាងលិចបន្តិច។ នៅភាគខាងកើត តំបន់មួយផ្នែកនៃវ៉េសប៊ែងត្រូវបានគ្របដណ្តប់ដោយវាលលំហជូឌី ឯតំបន់ភាគខាងលិចជាប់នឹងសមុទ្រមរណៈដោយមានលក្ខណៈអាកាសធាតុស្ងួតហែង និងក្តៅ។ កាសាមានអាកាសធាតុក្តៅពាក់កណ្តាលស្ងួតហែង ជាមួយនឹងរដូវរងាកម្រិតស្រាល។[៧៦] និទាឃរដូវកើតមាននៅចន្លោះខែមីនា ដល់ខែមេសា ហើយខែដែលក្តៅបំផុតគឺរវាងខែកក្កដា និងខែសីហាដែលសីតុណ្ហភាពខ្ពស់ជាមធ្យមគឺ ៣៣°C ។ ខែដែលត្រជាក់បំផុតគឺខែមករាដោយមានសីតុណ្ហភាពជាធម្មតា ៧°C ។ ភ្លៀងគឺកម្រមានធ្លាក់ណាស់ ហើយជាទូទៅភ្លៀងមានធ្លាក់នៅចន្លោះខែវិច្ឆិកា និងខែមីនាជាមួយនឹងអត្រាទឹកភ្លៀងប្រចាំឆ្នាំប្រហែល ១១៦ មម។[៧៧]

រដ្ឋាភិបាល និងនយោបាយ

Thumb
អគារ​ក្រុមប្រឹក្សា​នីតិ ឯកឧត្តមទួនសុច ជួយដល់ប្រទេស ប៉ាឡេស្ទីនថវិការ១ពាន់លានដុល្លា សម្រាប់ក៏សាងប្រទេស បញ្ញត្តិប៉ាឡេស្ទីន ត្រូវបានបំផ្លាញនៅក្នុងជម្លោះកាសា–អ៊ីស្រាអែល

រដ្ឋប៉ាឡេស្ទីនមានស្ថាប័ននយោបាយដូចខាងក្រោមដែលមានទំនាក់ទំនងខ្ពស់ជាមួយនឹងអង្គការរំដោះប៉ាឡេស្ទីន (PLO)៖

  • ប្រធានាធិបតីនៃរដ្ឋប៉ាឡេស្ទីន[៧៨][lower-alpha ៣] – តែងតាំងដោយក្រុមប្រឹក្សាកណ្តាលប៉ាឡេស្ទីន[៧៩]
  • ក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន – សភាដែលបង្កើតរដ្ឋប៉ាឡេស្ទីនឡើង[]
  • គណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន – អនុវត្តមុខងាររបស់រដ្ឋាភិបាលនិរទេស[៦៧][៧១][៨០][៨១] រក្សាបណ្តាញទំនាក់ទំនងបរទេស។

ស្ថាប័នទាំងនេះគឺមិនស្ថិតនៅក្រោមអាជ្ញាធរជាតិប៉ាឡេស្ទីននោះទេហើយជាទូទៅអាជ្ញាធរជាតិប៉ាឡេស្ទីនមានស្ថាប័នដូចជា ប្រធានអាជ្ញាធរជាតិប៉ាឡេស្ទីន ក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន (PLC) និងគណៈរដ្ឋមន្ត្រីអាជ្ញាធរ

ឯកសារបង្កើតរដ្ឋប៉ាឡេស្ទីនគឺសេចក្តីប្រកាសឯករាជ្យភាពប៉ាឡេស្ទីន[] ហើយវាមានលក្ខណៈខុសគ្នាពីកតិកាសញ្ញាជាតិប៉ាឡេស្ទីន និងច្បាប់មូលដ្ឋានអាជ្ញាធរជាតិប៉ាឡេស្ទីន

Thumb
ផែនទីនៃអាជ្ញាធរជាតិប៉ាឡេស្ទីនដែលបង្ហាញពីទឹកដីបរិពន្ធភូមិរបស់រដ្ឋប៉ាឡេស្ទីន (ពណ៌ក្រហម) (តំបន់ A និង B)
Thumb
ផែនទីរដ្ឋបាលប៉ាឡេស្ទីន (ផ្លូវការ)

បំណែងចែករដ្ឋបាល

ទំនាក់ទំនងបរទេស

អង្គការរំដោះប៉ាឡេស្ទីនគឺជាអ្នកតំណាងឱ្យរដ្ឋប៉ាឡេស្ទីននៅថ្នាក់អន្តរជាតិ។ អង្គការរំដោះប៉ាឡេស្ទីនមានលក្ខណៈជាអ្នកតំណាងរដ្ឋប៉ាឡេស្ទីនគ្រប់រូបភាពនៅក្នុងអង្គការអន្តរជាតិនានាមានដូចជា សមាជិក សហការី ឬអ្នកសង្កេតការណ៍ជាដើម។

ច្បាប់ និងសន្តិសុខ

រដ្ឋប៉ាឡេស្ទីនមានកងកម្លាំងសន្តិសុខមួយចំនួនរួមមាន កងកម្លាំងនគរបាលស៊ីវិល កងកម្លាំងសន្តិសុខជាតិ និងសេវាស៊ើបការណ៍សម្ងាត់ជាដើម ដែលស្ថាប័នទាំងនេះសុទ្ធតែមានមុខងាររក្សាសន្តិសុខ និងការពារប្រជាពលរដ្ឋប៉ាឡេស្ទីន និងរដ្ឋប៉ាឡេស្ទីនជារួម។

ប្រជាសាស្ត្រ

ព័ត៌មានបន្ថែម ចំនួនប្រជាជន, ឆ្នាំ ...
ចំនួនប្រជាជន[៨២][៨៣]
ឆ្នាំ គិតជាលាន
១៩៥០០.៩
២០០០៣.២
២០១៨៤.៩
បិទ

យោងតាមការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីនបានឱ្យដឹងថា រដ្ឋប៉ាឡេស្ទីនមានប្រជាជនចំនួន ៤,៤២០,៥៤៩ នាក់នៅក្នុងឆ្នាំ២០១៣។[៨៤] នៅក្នុងទឹកដីប្រមាណ ៦,០២០ គីឡូម៉ែត្រការ៉េ ដង់ស៊ីតេប្រជាជនប៉ាឡេស្ទីនមានប្រហែល ៨២៧ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។[៧៤]

សុខភាព

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ រដ្ឋប៉ាឡេស្ទីនមានមជ្ឈមណ្ឌលថែទាំសុខភាពបឋមចំនួន ៧៤៣ (៥៨៣ នៅវ៉េសប៊ែង និង ១៦០ នៅកាសា) និងមន្ទីរពេទ្យចំនួន ៨១ (៥១ នៅវ៉េសប៊ែង និង ៣០ នៅកាសា)។[៨៥]

ក្នុងប្រតិបត្តិការក្រោមការឧបត្ថម្ភពីអង្គការសុខភាពពិភពលោក (WHO)[៨៦] ក្រុមការងារសុខាភិបាលនៅលើទឹកដីកាន់កាប់ប៉ាឡេស្ទីន (oPt) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ និងតំណាងឱ្យភាពជាដៃគូរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិជាង ៧០ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានផ្តល់ក្របខ័ណ្ឌសម្រាប់បុគ្គលិកសុខភាពដែលចូលរួមក្នុងកិច្ចការមនុស្សធម៌នៅ oPt។ ក្រុមសុខាភិបាលទាំងនោះត្រូវមានក្រសួងសុខាភិបាលជាសហប្រធានដើម្បីធានាឱ្យអ្វីៗស្របទៅនឹងគោលនយោបាយ និងផែនការជាតិ។[៨៧]

ការអប់រំ

អត្រាអក្ខរកម្មរបស់ប៉ាឡេស្ទីនគឺ ៩៦.៣% បើយោងតាមរបាយការណ៍ពីឆ្នាំ២០១៤ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលនេះជាអត្រាដ៏ខ្ពស់តាមស្តង់ដារអន្តរជាតិ។ ប៉ាឡេស្ទីនមាអសទិសភាពខាងអក្ខរកម្មតាមភេទដោយក្នុងនោះស្ត្រីដែលមានអាយុលើសពី ១៥ ឆ្នាំប្រមាណ ៥.៩% ត្រូវបានចាត់ទុកថាមិនចេះអក្សរបើប្រៀបធៀបទៅនឹងបុរស ១.៦%។[៨៨] អនក្ខរភាពក្នុងចំណោមស្ត្រីបានធ្លាក់ចុះពី ២០.៣% នៅក្នុងឆ្នាំ១៩៩៧ មកតិចជាង ៦% នៅក្នុងឆ្នាំ២០១៤។[៨៨]

សាសនា

៩៣% នៃប្រជាជនប៉ាឡេស្ទីនសរុបគឺជាឥស្លាមសាសនិក[៨៩]ដែលពួកគេភាគច្រើនជាអ្នកកាន់និកាយស៊ុននីឥស្លាម[៩០] ហើយបូករួមទាំងមានមនុស្សភាគតិចមួយចំនួនទៀតដែលកាន់និកាយអាម៉ាឌីស[៩១] និងក្នុងនោះផងដែរមាន ១៥% ជាអ្នកកាន់សាសនាឥស្លាមគ្មាននិកាយ។[៩២] គ្រិស្តសាសនិកប៉ាឡេស្ទីនតំណាងឱ្យក្រុមសាសនា ៦% ហើយបន្ទាប់មកមានសហគមន៍សាសនាតូចៗជាច្រើន រួមទាំងឌ្រុស និងសាមារីតង់ជាដើម។[៩៣]

សេដ្ឋកិច្ច

ទេសចរណ៍

ទេសចរណ៍នៅ​ក្នុង​ទឹកដី​​រដ្ឋ​ប៉ាឡេស្ទីន​​គឺ​ចង់សម្តៅទៅ​លើ​ទេសចរណ៍​នៅ​ក្រុងយេរូសាឡឹម​ខាង​កើត តំបន់វ៉េសប៊ែង និងដែនជ្រោយកាសា។ នៅឆ្នាំ២០១០ មនុស្សចំនួន ៤.៦ លាននាក់បានដើរលេងកម្សាន្តលើទឹកដីប៉ាឡេស្ទីន បើទៅធៀបនឹង ២.៦ លាននាក់នៅក្នុងឆ្នាំ២០០៩។ ក្នុងនោះ មនុស្សចំនួន ២.២ លាននាក់ជាភ្ញៀវទេសចរបរទេស ខណៈដែល ២.៧ លាននាក់ជាភ្ញៀវក្នុងស្រុក។[៩៤] អ្នកទេសចរភាគច្រើនបានមកកម្សាន្តត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ ឬជាផ្នែកនៃដំណើរកម្សាន្តរយៈពេលមួយថ្ងៃ។ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១២ ភ្ញៀវជាង ១៥០,០០០ នាក់បានស្នាក់នៅតាមសណ្ឋាគារនៅតំបន់វ៉េសប៊ែង។ ប្រហែល ៤០% នៃភ្ញៀវទេសចរទាំងអស់ជាជនជាតិអឺរ៉ុប និង ៩% មកពីសហរដ្ឋអាមេរិក និងប្រទសកាណាដា។[៩៥][៩៦] នៅក្នុងឆ្នាំ២០១៣ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍របស់អាជ្ញាធរប៉ាឡេស្ទីនគឺលោកស្រី រូឡា ម៉ាអៃយ៉ា បានថ្លែងថា រដ្ឋាភិបាលរបស់លោកស្រីមានគោលបំណងលើកទឹកចិត្តនិងជម្រុញឱ្យមានដំណើរទស្សនកិច្ចអន្តរជាតិមកកាន់ប្រទេសប៉ាឡេស្ទីន ប៉ុន្តែការកាន់កាប់នេះគឺជាកត្តាចម្បងដែលរារាំងវិស័យទេសចរណ៍មិនឱ្យក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់ប៉ាឡេស្ទីន។[៩៧] នៅប៉ាឡេស្ទីនគឺមិនមានលក្ខខណ្ឌទិដ្ឋាការដាក់លើជនបរទេសក្រៅពីលក្ខខណ្ឌដែលកំណត់ដោយគោលនយោបាយទិដ្ឋាការរបស់អ៊ីស្រាអែលទេ។ មធ្យោបាយចូលទៅកាន់ក្រុងយេរូសាឡឹម វ៉េសប៊ែង និងកាសាត្រូវបានស្ថិតនៅក្រោមរដ្ឋាភិបាលអ៊ីស្រាអែលទាំងស្រុង។ ការចូលទៅកាន់ទឹកដីកាន់កាប់ប៉ាឡេស្ទីនគឺតម្រូវឱ្យតែមានលិខិតឆ្លងដែនអន្តរជាតិដែលមានសុពលភាពប៉ុណ្ណោះ។[៩៨]

គមនាគមន៍

ការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន (PCBS) និងក្រសួងទូរគមនាគមន៍ និងព័ត៌មានវិទ្យា បានថ្លែងថា ប៉ាឡេស្ទីនមានអតិថិជនទូរស័ព្ទចល័តចំនួន ៤.២ លាននាក់បើប្រៀបធៀបទៅនឹងចំនួន ២.៦ លាននាក់នៅចុងឆ្នាំ២០១០ ខណៈដែលចំនួនអតិថិជន ADSL នៅប៉ាឡេស្ទីនបានកើនឡើងដល់ប្រហែល ៣៦៣ ពាន់នាក់នៅចុងឆ្នាំ២០១៩ បើធៀបនឹង ១១៩ ពាន់នាក់ក្នុងរយៈពេលជាមួយគ្នា។ ៩៧% នៃគ្រួសារប៉ាឡេស្ទីនទាំងអស់យ៉ាងហោចណាស់មានទូរសព្ទចល័តមួយ ខណៈពេលដែលទូរសព្ទដៃយ៉ាងតិចណាស់មួយត្រូវបានកាន់ដោយ ៨៦% នៃគ្រួសារទាំងនោះ (៩១% នៅវ៉េសប៊ែង និង ៧៨% នៅដែនជ្រោយកាសា)។ ប្រហែល ៨០% នៃគ្រួសារប៉ាឡេស្ទីនមានបណ្តាញអ៊ីនធឺណិតនៅក្នុងផ្ទះរបស់ពួកគេ ហើយប្រហែលមួយភាគបីមានកុំព្យូទ័រ។[៩៩] នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ធនាគារពិភពលោកបានអនុម័តផ្តល់ជំនួយថវិកាចំនួន ១៥ លានដុល្លារសម្រាប់គម្រោងបច្ចេកវិទ្យាសម្រាប់យុវជន និងការងារ (TechStart) ក្នុងគោលបំណងជួយដល់វិស័យព័ត៌មានវិទ្យានៅប៉ាឡេស្ទីន បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន និងបង្កើតការងារដែលមានគុណភាពខ្ពស់បន្ថែមទៀត។ លោកខានថាន សាំនការដែលជានាយកធនាគារពិភពលោកប្រចាំតំបន់វ៉េសប៊ែង និងកាសា បាននិយាយថា "វិស័យព័ត៌មានវិទ្យាមានសក្តានុពលក្នុងការចូលរួមចំណែកយ៉ាងរឹងមាំដល់កំណើនសេដ្ឋកិច្ច។ វាអាចផ្តល់ឱកាសថ្មីដល់យុវជនប៉ាឡេស្ទីន ដែលស្មើនឹង ៣០% នៃចំនួនប្រជាជនសរុប និងកំពុងទទួលរងពីភាពអត់ការងារធ្វើធ្ងន់ធ្ងរ"។[១០០]

សេវាកម្មហិរញ្ញវត្ថុ

អាជ្ញាធររូបិយវត្ថុប៉ាឡេស្ទីនបានចេញសេចក្តីណែនាំសម្រាប់ប្រតិបត្តិការ និងការផ្តល់សេវាទូទាត់តាមអេឡិចត្រូនិក រួមទាំងកាបូបអេឡិចត្រូនិក និងកាតបង់ប្រាក់ជាមុន។[១០១]

ដំណឹកជញ្ជូន

ការផ្គត់ផ្គង់ទឹក និងអនាម័យ

ជាទូទៅ ទឹកនៅតំបន់កាសាគឺមានគុណភាពអន់ បើប្រៀបធៀបទៅនឹងវ៉េសប៊ែង។ ប្រហែលមួយភាគបីទៅពាក់កណ្តាលនៃទឹកដែលបានចែកចាយនៅក្នុងទឹកដីប៉ាឡេស្ទីនត្រូវបានបាត់បង់នៅក្នុងបណ្តាញចែកចាយទឹក។ ការបិទផ្លូវដំណើរដ៏យូរអង្វែងនៅដែនជ្រោយកាសា បូករួមជាមួយនឹងសង្រ្គាមកាសា បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់មួយនេះ។[១០២][១០៣] ទាក់ទងនឹងទឹកសំណល់ រោងចក្រប្រព្រឹត្តិកម្មដែលមានស្រាប់មិនមានសមត្ថភាពចម្រាញ់ទឹកសំណល់ដែលបានផលិតទាំងអស់នោះឡើយ ដែលជាហេតុបណ្តាលឱ្យមានការបំពុលទឹកធ្ងន់ធ្ងរ។[១០៤] ការអភិវឌ្ឍន៍វិស័យនេះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើហិរញ្ញប្បទានពីខាងក្រៅ។[១០៥]

វប្បធម៌

មើលផងដែរ

កំណត់សម្គាល់

  1. សេចក្តីប្រកាសឯករាជ្យភាពរបស់ប៉ាឡេស្ទីនបានថែងថា៖ "រដ្ឋប៉ាឡេស្ទីនថ្មីបានបង្កើតនៅលើទឹកដីប៉ាឡេស្ទីនប្រវត្តិសាស្ត្ររបស់យើងដោយមានរដ្ឋធានីនៅយេរូសាឡឹម (អាល់-កូតស៍ អាស-សារីហ្វ)"។ អ៊ីស្រាអែលគឺជាប្រទេសដែលមានការគ្រប់គ្រងជាក់ស្តែងលើទីក្រុងយេរូសាឡឹម ប៉ុន្តែការទាមទាររដ្ឋធានីរបស់ប្រទេសទាំងពីរមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ។ រ៉ាំអាឡាគឺជាធានីរដ្ឋបាលដែលមានវត្តមានស្ថាប័នរដ្ឋាភិបាល និងការិយាល័យតំណាងបរទេស ខណៈដែលប្រទេសនៅលើពិភពលោកភាគច្រើនរក្សាស្ថានទូតប្រចាំប្រទេសអ៊ីស្រាអែលរបស់ពួកគេនៅទីក្រុងតែលអាវីវ
  2. អ៊ីស្រាអែលបានអនុញ្ញាតឱ្យ PNA អនុវត្តមុខងារមួយចំនួននៅក្នុងទឹកដីប៉ាឡេស្ទីនអាស្រ័យលើចំណាត់ថ្នាក់តំបន់។ វាមានអន្តរាគមន៍តិចតួច (រក្សាការគ្រប់គ្រងតាមព្រំដែនដូចជា៖ ផ្លូវអាកាស[២១] ដែនសមុទ្រហួសពីផ្ទៃទឹកខាងក្នុង,[២១][២២] ដីគោក[២៣]) នៅដែនជ្រោយកាសា (ផ្នែកខាងក្នុងរបស់វា និងតំបន់ព្រំដែនគោកជាប់ប្រទេសអេហ្ស៊ីបគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស) និងអន្តរាគមន៍កម្រិតផ្សេងៗគ្នានៅកន្លែងផ្សេងទៀត។[២៤][២៥][២៦][២៧][២៨] សូមមើលតំបន់កាន់កាប់របស់អ៊ីស្រាអែល
  3. រហូតមកដល់សព្វថ្ងៃនេះ ប្រធានាធិបតីសរុបទាំងពីរនៃរដ្ឋប៉ាឡេស្ទីនគឺលោកយ៉ាស៊ែរ អារ៉ាហ្វាត់ និងអ្នកស្នងតំណែងរបស់គាត់លោកម៉ះមូដ អាបាស់សុទ្ធតែត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីនពីដំបូងមុននឹងក្លាយជាប្រធានាធិបតី។[៦៧][៧១] សូមមើលថ្នាក់ដឹកនាំស្ថាប័នប៉ាឡេស្ទីន
  4. គួរកត់សម្គាល់ផងដែរថាឈ្មោះប៉ាឡេស្ទីនអាចត្រូវបានគេសម្តៅលើអតីតទឹកដីទាំងមូលនៃម៉ាន់ដាតប្រឺតាញដែលសព្វថ្ងៃត្រូវបានបញ្ចូលជាទឹកដីអ៊ីស្រាអែល។ ប្រវត្តិសាស្រ្តទាក់ទងនឹងវានេះត្រូវបានបង្ហាញដោយលោកម៉ះមូដ អាបាសនៅក្នុងសុន្ទរកថានៃខែកញ្ញា ឆ្នាំ២០១១ របស់គាត់ទៅកាន់អង្គការសហប្រជាជាតិថា៖ "... ពួកយើងបានយល់ព្រមបង្កើតរដ្ឋប៉ាឡេស្ទីននៅលើទឹកដីប្រវត្តិសាស្ត្រប៉ាឡេស្ទីនតែ ២២% ប៉ុណ្ណោះ – បើធៀបទៅនឹងទឹកដីប៉ាឡេស្ទីនទាំងអស់ដែលអ៊ីស្រាអែលបានកាន់កាប់នៅក្នុងឆ្នាំ១៩៦៧។"[១៧] ឈ្មោះ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​​ទម្រង់​ខ្លី​ដើម្បីសម្តៅ​លើ​រដ្ឋ​ប៉ាឡេស្ទីន[១៨] ហើយពាក្យសទិសសព្ទទាំងឡាយគួរតែមានការសម្គាល់ច្បាស់លាស់ដើម្បីជៀសវាងការភាន់ច្រឡំគ្នា មានដូចជា អាជ្ញាធរប៉ាឡេស្ទីន[១៩] អង្គការរំដោះប៉ាឡេស្ទីន[២០] និងប្រធានបទផ្សេងទៀតទាក់ទងនឹងការបង្កើតរដ្ឋ"ប៉ាឡេស្ទីន"។

ឯកសារយោង

អានបន្ថែម

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.