រដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១
From Wikipedia, the free encyclopedia
Remove ads
រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តិទៅនៅអំឡុងពេលព្រឹកប្រលឹមនៃថ្ងៃទី១ ខែកុម្ភៈបន្ទាប់ពីមានការចាប់ឃាត់ខ្លួនទីប្រឹក្សារដ្ឋគឺលោកស្រីអ៊ុងសាន ស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។[២][៣] ច្រើនម៉ោងក្រោយមក កងយោធាមីយ៉ាន់ម៉ាបានធ្វើការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំនិងព្រមទាំងបានថ្លែងទៀតថាអំណាចដឹកនាំប្រទេសគឺត្រូវបានប្រគល់មកឱ្យអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោកមីន អ៊ុងឡាំង។ ក្រុមអ្នកធ្វើរដ្ឋប្រហារបានប្រកាសថាលទ្ធផលនៃការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ គឺលែងមានសុពលភាពទៀតហើយ និងបានបញ្ជាក់ពីគោលបំណងរៀបចំការបោះឆ្នោតថ្មីមួយនៅពេលស្ថានភាពអាសន្នជិតផុតកំណត់។[៤][៥] រដ្ឋប្រហារនេះបានប្រព្រឹត្តិធ្វើឡើងមួយថ្ងៃមុនពិធីធ្វើសច្ចាប្រណិធានរបស់សមាជិកសភាជាប់ឆ្នោតពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។[៦][៧][៨]
Remove ads
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ អតីតប្រធានាធិបតីលោកវីន ម្យីនត្រូវបានគេចោទប្រកាន់ពីបទរំលោភយុទ្ធនាការណែនាំនិងច្បាប់រឹតបន្តឹងការពារជំងឺកូវីដ-១៩ ក្រោមមាត្រា ២៥ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។ ចំណែកឯលោកស្រីអ៊ុងសានស៊ូជីវិញត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានច្បាប់ការពារជំងឺកូវីដ-១៩ និងការនាំចូលនិងប្រើប្រាស់នូវគ្រឿងឧបករណ៍វិទ្យុនិងឧបករណ៍ទំនាក់ទំនងដោយខុសច្បាប់ ជាពិសេសគឺ ICOM ចំនួន ៦ គ្រឿងពីក្រុមសន្តិសុខរបស់លោកស្រី។[៩] ដោយមូលហេតុនេះ បុគ្គលទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរឃុំឃាំងរយៈពេល ២ សប្តាហ៍។[១០][១១][១២]
គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ជនស៊ីវិលភូមាចំនួន ១,៧១៩ នាក់ (រួមទាំងកុមារផង) ត្រូវបានសម្លាប់ដោយកងកម្លាំងនគរបាលជាតិឬកម្លាំងយោធា ហើយមនុស្សចំនួន ៩,៩៨៤ នាក់ត្រូវអាជ្ញាធរចាប់ឃុំឃាំង។[១៣] លើសពីនេះទៅទៀតនោះ សមាជិក គ.ស.ជ.ប ចំនួនបីរូបបានទទួលមរណភាពខណៈកំពុងជាប់ឃុំឃាំងនៅអំឡុងខែមីនា ឆ្នាំ២០២១[១៤][១៥] ហើយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនបួននាក់ត្រូវបានរបបយោធាកាត់ទោសប្រហារជីវិតក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២។[១៦]
Remove ads
ផ្ទៃរឿង
ប្រទេសមីយ៉ាន់ម៉ា ឬភូមាត្រូវបានប្រឈមជាមួយនឹងអស្ថិរភាពនយោបាយចាប់តាំងពីបានទទួលឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៨ មកម្លេះ។ នៅរវាងឆ្នាំ១៩៥៨ និងឆ្នាំ១៩៦០ ពួកយោធាមីយ៉ាន់ម៉ាបានបង្កើតរដ្ឋាភិបាលមួយក្រោមការដឹកនាំរបស់លោកអ៊ូ នូក្នុងគោលបំណងចង់បញ្ឈប់ជម្លោះនយោបាយក្នុងប្រទេស។[១៧] យោធាភូមាបានសម្រេចចិត្តស្តាររដ្ឋាភិបាលស៊ីវិលបន្ទាប់ពីការបោះឆ្នោតសេរីមួយបានធ្វើឡើងនៅក្នុងឆ្នាំ១៩៦០។[១៨] ពីរឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៦២ ក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនោះចោលហើយខ្លួនបានឡើងកាន់អំណាចផ្តាច់មុខបន្តអស់រយៈពេលជាង ២៦ ឆ្នាំ។[១៩]
នៅឆ្នាំ១៩៨៨ បាតុកម្មជាតិមួយបានផ្ទុះឡើងដែលគេតែងសម្តៅលើវាថាការបះបោរ ៨៨៨៨។ វិបត្តិស៊ីវិលនេះបានលេចឡើងដោយសារតែការគ្រប់គ្រងសេដ្ឋកិច្ចមិនល្អពីសំណាក់រដ្ឋាភិបាលភូមាហើយប្រជាជនភូមាជាច្រើនបានទាមទារឱ្យមេដឹកនាំយោធាខ្លួនចុះចេញពីតំណែង។[២០] នៅខែកញ្ញា ឆ្នាំ១៩៨៨ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើកិច្ចប្រជុំបង្កើតក្រុមប្រឹក្សាស្តារនិងរៀបចំសណ្តាប់ធ្នាប់រដ្ឋឡើង រួចបានប្រគល់អំណាចដឹកនាំប្រទេសមកឱ្យក្រុមប្រឹក្សានោះ។[២០] អ៊ុងសានស៊ូជីដែលត្រូវជាកូនស្រីរបស់បិតាប្រទេសភូមាទំនើបឈ្មោះអ៊ុង សាន បានក្លាយជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់ម្នាក់។ នៅឆ្នាំ១៩៩០ ការបោះឆ្នោតសេរីមួយបានប្រព្រឹត្តិទៅហើយជាលទ្ធផល គណបក្សរបស់លោកស្រីស៊ូជីបានឈ្នះសម្លេងគាំទ្រជាច្រើនលើសលប់។ ក៏ប៉ុន្តែបក្សពួកយោធាបានបដិសេដក្នុងការប្រគល់អំណាចឱ្យហើយទីបំផុតបានចាប់លោកស្រីដាក់ឃុំនៅក្នុងគេហដ្ឋានរបស់គាត់។[២១][២២][២៣]
នៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៥ អន្តរកាលនៃលទ្ធិប្រជាធិបតេយ្យជាបណ្តោះអាសន្នត្រូវបានចាប់ដំណើរការឡើងនៅប្រទេសមីយ៉ាន់ម៉ាហើយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីស៊ូជីក៏ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៥។ ប៉ុន្តែយោធានូវតែរក្សាសិទ្ធិអំណាចខ្លះៗដែរដូចជាសិទ្ធិក្នុងការតែងតាំងសមាជិក ១/៤ នៅក្នុងសភាជាដើម។[២][២៤]
រដ្ឋប្រហារឆ្នាំ២០២១ នេះបានប្រព្រឹត្តិធ្វើឡើងក្រោយការបោះឆ្នោតសកលនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងនោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះអាសនៈចំនួន ៣៩៦ លើចំនួនអាសនៈសរុបគឺ ៤៧៦ នៅក្នុងសភាដែលត្រូវជាជ័យជម្នះដ៏លើសលប់មួយបើប្រៀបធៀបទៅនឹងការបោះឆ្នោតពីឆ្នាំ២០១៥។ រីឯគណបក្សតំណាងយោធាគឺគណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហភាពវិញបានដណ្តើមបានតែ ៣៣ អាសនៈតែប៉ុណ្ណោះ។[២]
យោធាបានជំទាស់នឹងលទ្ធផលការបោះឆ្នោតដោយអះអាងថាការបោះឆ្នោតនោះគឺមានការក្លែងបន្លំ។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់យោធាភូមាក្រោយការបោះឆ្នោតបានក្លាយជាប្រធានបទមួយដ៏ក្តៅកគុកនៅក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិហើយវាបានបង្កើតឱ្យមានការព្រួយបារម្ភពីប្រទេសលោកខាងលិចមួយចំនួនដូចជា អង់គ្លេស បារាំង និងសហរដ្ឋអាមេរិកជាដើម។[២]
Remove ads
ព្រឹត្តិការណ៍
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានមានប្រសាសន៍ថា លោកស្រីស៊ូជី លោកវីន ម្យីន លោកហាន ថាម្យីន និងថ្នាក់ដឹកនាំបក្សដទៃទៀតត្រូវបានក្រុមយោធាភូមាចាប់ខ្លួននៅអំឡុងវេលាព្រឹកប្រលឹមនៃថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។[២៥] បណ្តាញទំនាក់ទំនងជាច្រើនត្រូវបានផ្តាច់លែងឱ្យដំណើរការ បណ្តាញទូរស័ព្ទទៅកាន់រដ្ឋធានីណៃពិដោត្រូវបានកាត់ផ្តាច់ ចំណែកឯបណ្តាញផ្សព្វផ្សាយរបស់រដ្ឋគឺ MRTV បាននិយាយថាខ្លួនមិនអាចផ្សព្វផ្សាយអ្វីបាននោះទេដោយសារតែមូលហេតុ"បញ្ហាបច្ចេកទេស"[២៥] ហើយប្រព័ន្ធអ៊ិនធឺណេតវិញបានឈប់ដំណើរនៅវេលាម៉ោង ៣:០០ ទាបភ្លឺ។[២៦] គេឃើញមានទាហានជាច្រើនបានចុះមកឈរជើងនៅឯរដ្ឋធានីណៃពិដោហើយនិងទីក្រុងធំបំផុតគឺក្រុងយ៉ាំងហ្គូន។[២៧]
ក្រោយបន្តិចមក ទូរទស្សន៍យោធាភូមាបានចេញផ្សាយថាខ្លួនបានដាក់ប្រទេសក្រោមស្ថានភាពអាសន្នក្នុងរយៈពេលពេញមួយឆ្នាំ។[២៨] សេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខាដោយប្រធានាធិបតីស្តីទីគឺលោកម្យីន ស្វេបានថ្លែងថា"អំណាចនីតិប្បញ្ញត្តិ រដ្ឋបាល និងយុត្តិធម៌"ត្រូវបានប្រគល់ទៅឱ្យលោកមីន អ៊ុងឡាំង។[២៩] កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិដែលដឹកនាំដោយប្រធានាធិបតីស្តីទីលោកម្យីន ស្វេនិងមានការចូលរួមពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់ដទៃទៀតត្រូវបានធ្វើឡើងហើយក្រោយមកមានសេចក្តីថ្លែងការណ៍មួយបានចេញដោយយោធាថាការបោះឆ្នោតថ្មីនឹងត្រូវបានប្រព្រឹត្តិធ្វើឡើងហើយអំណាចនឹងត្រូវផ្ទេរបន្តបន្ទាប់ពីចប់ការបោះឆ្នោតថ្មីនោះ។[៣០]

ក្រោយរដ្ឋប្រហារ យោធាបានបញ្ជាឱ្យសមាជិកធនាគារទាំងអស់ដែលស្ថិតនៅក្រោមសមាគមធនាគារមីយ៉ាន់ម៉ាឱ្យផ្អាកសេវាកម្មហិរញ្ញវត្ថុរបស់ពួកគេ។[៣១]
កងយោធាថែមទាំងប្រកាសទៀតថាខ្លួនបានដកមន្ត្រីនិងសមាជិកតំណាងរដ្ឋាភិបាលចំនួន ២៤ រូប ហើយបានតែងតាំងសមាជិកជំនួសបាន ១១ រូប។[៣២]
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ មីន អ៊ុងឡាំងបានបង្កើតក្រុមប្រឹក្សារដ្ឋបាលរដ្ឋមួយដែលមានសមាជិកចំនួន ១១ រូប ហើយក្រុមប្រឹក្សានេះមានតួនាទីជាគណៈអភិបាលប្រតិបត្តិ។[៣៣][៣៤]
Remove ads
ប្រតិកម្ម
ប្រតិកម្មក្នុងស្រុក
បាតុកម្ម
កិច្ចប្រឹងប្រែងតស៊ូស៊ីវិលប្រឆាំងនឹងរដ្ឋប្រហារយោធាបានផ្ទុះឡើងភ្លាមៗនៅក្នុងប្រទេសដោយមានលក្ខណៈទម្រង់ខុសៗគ្នាមានដូចជា ការមិនគោរពរដ្ឋប្បវេណី ការធ្វើកូដកម្មការងារ ការធ្វើពហិការយោធា ចលនាគោះឆ្នាំង យុទ្ធនាការបដ្តិកាក្រហម ការធ្វើបាតុកម្មសាធារណៈ និងការទទួលស្គាល់ជាទូទៅពីសំណាក់ប្រជាពលរដ្ឋចំពោះលទ្ធផលនៃការបោះឆ្នោតដោយតំណាងអ្នកជាប់ឆ្នោត។ល។ ការលើកម្រាមដៃបីត្រូវបានបាតុករប្រើប្រាស់ជារឿយៗនៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនេះ។[៣៥] ចម្រៀងមួយបទចំណងជើងថា"កាបាម៉ាកយេប៊ូ" (ကမ္ဘာမကျေဘူး) ដែលជាចម្រៀងដ៏និយមមួយនាអំឡុងកាលការបះបោរ ៨៨៨៨ ត្រូវបានចលនាមិនគោរពរដ្ឋប្បវេណីលើកមកចាក់ឡើងវិញជាចម្រៀងបាតុកម្ម។[៣៦]

ក្រោយពីរដ្ឋប្រហារបានសម្រេចមក ប្រជាពលរដ្ឋនៅតាមទីប្រជុំជននានាដូចជាទីក្រុងយ៉ាំងហ្គូនជាដើម បាននាំគ្នាចេញមកគោះឆ្នាំងខ្ទះរៀងរាល់ពេលល្ងាច។ បើយោងទៅតាមប្រពៃណីនិងវប្បធម៌ភូមា ការគោះឆ្នាំងខ្ទះនាវេលាល្ងាចបែបនេះគឺតែងតែធ្វើឡើងនៅក្នុងពិធីប្រដេញពួកអសុរកាយចេញពីកន្លែងឬតំបន់ណាមួយ។[៣៧][៣៨][៣៩]
នៅថ្ងៃទី២ ខែកុម្ភៈ បុគ្គលិកសុខាភិបាលនិងមន្រ្តីរាជការទូទាំងប្រទេសបាននាំគ្នាធ្វើយុទ្ធនាការមិនគោរពរដ្ឋប្បវេណីជាតិដើម្បីប្រឆាំងនឹងរដ្ឋប្រហារដោយក្នុងនោះមានបុគ្គលិកមកពីមន្ទីរពេទ្យនិងស្ថាប័នរដ្ឋរាប់សិបនាក់បានចាប់ផ្តើមការធ្វើកូដកម្មការងារ។[៤០][៤១][៤២][៤៣] យុទ្ធនាការនៅលើបណ្តាញហ្វេសប៊ុកមួយដែលមានឈ្មោះថា"ចលនាមិនគោរពរដ្ឋប្បវេណី" (Civil Disobediance Movement) បានទាក់ទាញអ្នកគាំទ្រ (Followers) រហូតដល់ទៅ ១០០,០០០ នាក់បន្ទាប់ពីវាចាប់ដំណើរការឡើងនៅថ្ងៃទី២ ខែកុម្ភៈ។[៤២] គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ បុគ្គលិកសុខាភិបាលដែលមកពីមន្ទីរពេទ្យនិងភ្ញាក់ងារសុខភាពចំនួន ១១០ កន្លែង[៤៤] បានចូលរួមនៅក្នុងចលនាមួយនេះ។[៤៥] កុបកម្មការងារមិនត្រឹមតែផ្ទុះឡើងនៅក្នុងផ្នែកសុខាភិបាលតែប៉ុណ្ណោះទេ វាក៏បានរីករាលដល់សេវាស៊ីវិលផ្សេងៗផងដែរមានដូចជា ក្រសួងកម្រិតសហភាពនិងសកលវិទ្យាល័យ និងរួមទាំងក្រុមហ៊ុនឯកជនផ្សេងៗទៀតផងដូចជា រោងចក្រ ស្ថានីយ៍អណ្តូងរ៉ែ ក្រុមនិស្សិត និងក្រុមយុវជនជាដើម។[៤៦]
នៅថ្ងៃទី៣ ខែកុម្ភៈ បុគ្គលិកសុខាភិបាលបាននាំគ្នាផ្តើមយុទ្ធនាការបដ្តិកាក្រហម (ဖဲကြိုးနီလှုပ်ရှားမှု) ដោយពណ៌ក្រហមត្រូវជាពណ៌តំណាងឱ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។[៤៧][៤៨] បដ្តិកាក្រហមនេះត្រូវបានមន្ត្រីរាជការនិងកម្មករនៅទូទាំងប្រទេសទទួលយកប្រើប្រាស់ជាសញ្ញាប្រឆាំងនឹងរបបយោធា។[៤៩]

នៅថ្ងៃទី៣ ខែកុម្ភៈដដែរនោះ មានចលនាមួយថ្មីទៀតបានលេចឡើងដោយមានឈ្មោះថា យុទ្ធនាការ"បញ្ឈប់ការទិញអជីវកម្មរបស់យោធា"ដោយក្រុមបាតុករបានធ្វើការអំពាវនាវឱ្យមានការធ្វើពហិការផលិតផលនិងសេវាកម្មណាដែលជាប់ទាក់ទងជាមួយយោធា។[៥០]
សាធារណជនជាច្រើនបានចេញមុខធ្វើបាតុកម្មភ្លាមៗក្រោយពីបានដឹងឮរឿងរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ពួកគេ។ នៅថ្ងៃរដ្ឋប្រហារគឺថ្ងៃទី២ ខែកុម្ភៈ អ្នកក្រុងរ៉ាំងហ្គូនបានប្រមូលផ្តុំគ្នាជាក្រុមនៅវេលាម៉ោង ៨ យប់ដោយពួកគេបានអំពាវនាវឱ្យយោធាចុះចេញពីតំណែងនិងសុំដោះលែងលោកស្រីស៊ូជីមកវិញ។[៥១] នៅថ្ងៃទី៤ ខែកុម្ភៈ ប្រជាជនភូមាចំនួន ៣០ នាក់បានធ្វើបាតុកម្មនៅមុខសកលវិទ្យាល័យវិជ្ជសាស្ត្រនៅទីក្រុងម៉ង់ដាឡេហើយជាលទ្ធផល មនុស្សចំនួនបួននាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។[៥២][៥៣] នៅថ្ងៃទី៦ ខែកុម្ភៈ បាតុករចំនួន ២០,០០០ បានធ្វើបាតុកម្មនៅតាមដងផ្លូវមួយនៅក្នុងទីក្រុងយ៉ាំងហ្គូនដោយអំពាវនាវឱ្យមានការដោះលែងលោកស្រីស៊ូជី។[៥៤]
ការផ្តាច់បណ្តាញអ៊ីនធឺណេត
នៅថ្ងៃទី៤ ខែកុម្ភៈ ប្រតិបត្តិករទូរគមនាគមន៍និងអ្នកផ្តល់សេវាអ៊ីនធឺណិតទូទាំងប្រទេសមីយ៉ាន់ម៉ាត្រូវបានយោធាបញ្ជាឱ្យបិទកម្មវិធីហ្វេសប៊ុករហូតដល់ថ្ងៃទី៧ ខែកុម្ភៈដើម្បីធានានូវ"ស្ថេរភាពរបស់ប្រទេស"។[៥៥] ប.ទ.ម. ដែលជាក្រុមហ៊ុនប្រៃសណីយ៍របស់រដ្ឋបានសម្រេចបិទសេវាកម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក អ៊ីនស្តាក្រាម និងវ័តស៍អាប រីឯក្រុមហ៊ុនតេឡេណ័រមីយ៉ាន់ម៉ាវិញបានបិទតែកម្មវិធីហ្វេសប៊ុកតែមួយគត់ប៉ុណ្ណោះ។[៥៦][៥៥] ចាប់តាំងពីរដ្ឋប្រហារបានបញ្ចប់មក ប្រជាជនមីយ៉ាន់ម៉ាបានប្រើប្រាស់ហ្វេសប៊ុកដើម្បីរៀបចំធ្វើកូដកម្មការងារ យុទ្ធនាការមិនគោរពរដ្ឋប្បវេណី និងការធ្វើពហិការផលិតផលរបស់យោធាជាដើម។[៥៥] ក្រោយពីបណ្តាញហ្វេសប៊ុកត្រូវបានរដ្ឋាភិបាលបិទជាបណ្តោះអាសន្ន ប្រជាជនភូមាបាននាំគ្នាចាប់ប្រើប្រាស់បណ្តាញធ្វិតថឺរវិញដោយពួកគេបានបង្ហោះប៉ុស្តិ៍ដោយសរសេរដាក់សញ្ញាទ្រុងជ្រូកនៅពីមុខដូចជា #RespectOurVotes, #HearTheVoiceofMyanmar, និង #SaveMyanmar។[៥៧] នៅថ្ងៃទី៥ ខែកុម្ភៈ រដ្ឋាភិបាលថ្មីបានបិទបណ្តាញផ្សព្វផ្សាយជាបន្តបន្ទាប់ទៀតដូចជា អ៊ីនស្តាក្រាម និងធ្វិតថឺរជាដើម។[៥៨][៥៩] នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ អាជ្ញាធរយោធាបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណេតនៅទូទាំងប្រទេស។[៦០]
ប្រតិកម្មខាងពាណិជ្ជកម្ម
ក្រុមហ៊ុនអភិវឌ្ឍន៍សេដ្ឋកិច្ចធំបំផុតរបស់ប្រទេសថៃដែលមានឈ្មោះថាអាម៉ាតាបានបញ្ឈប់ការវិនិយោគតម្លៃ ១ លានដុល្លាររបស់ពួកគេនៅទីក្រុងយ៉ាំងហ្គូនដែលជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ។[៦១][៦២] ក្រុមហ៊ុនម៉ូតូស៊ូស៊ូគិដែលជាក្រុមហ៊ុនផលិតទោចក្រយានយន្តធំជាងគេនៅមីយ៉ាន់ម៉ាបានប្រកាសឈប់បើកដំណើរការក្នុងស្រុកក្រោយពីដំណឹងរដ្ឋប្រហារបានផ្ទុះឮ។[៦១] ផ្សារភាគហ៊ុនយ៉ាំងហ្គូនបានផ្អាកដំណើរការចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមកម្លេះ។[៦១] ទីផ្សារអចលនៈទ្រព្យរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងដែលជាលទ្ធផលនៃការធ្វើរដ្ឋប្រហារដោយកិច្ចការជំនួញលក់និងទិញបានធ្លាក់ចុះជិត ១០០%។[៦៣] នៅថ្ងៃទី៤ ខែកុម្ភៈ ក្រុមហ៊ុនប្រេងចម្រុះតូតាល់របស់បារាំងបានប្រកាសថាខ្លួនកំពុងតែវិភាគនូវគុណសម្បត្តិនិងគុណវិបត្តិនៃរដ្ឋប្រហារយោធាមកលើប្រតិបត្តិការនិងគម្រោងរបស់ខ្លួនក្នុងប្រទេស។[៦៤]
នៅថ្ងៃទី៥ ខែកុម្ភៈ ក្រុមហ៊ុនគីរីនបានបញ្ចប់ការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនសេដ្ឋកិច្ចហូលឌីងលីមីធីតមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា។[៦៥][៦៦][៦៧]
នៅថ្ងៃទី៨ ខែកុម្ភៈ លោកមីន អ៊ុងឡាំងបានធ្វើសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ក្នុងបំណងចង់បន្ថូរបំបាត់ការព្រួយបារម្ភអំពីបរិយាកាសវិនិយោគបរទេសនៅមីយ៉ាន់ម៉ា។[៦៨]
ប្រតិកម្មអន្តរជាតិ

មីយ៉ាន់ម៉ា
រដ្ឋដែលថ្កោលទោសរដ្ឋប្រហារ
រដ្ឋដែលមានការព្រួយបារម្ភទៅនឹងរដ្ឋប្រហារ
រដ្ឋអព្យាក្រឹត
រដ្ឋដែលគ្មានមតិ

ប្រទេសជាច្រើនដូចជា បង់ក្លាដែស[៧០] ចិន[៧១] ឥណ្ឌា[៧២] ឥណ្ឌូណេស៊ី[៧៣] ម៉ាឡេស៊ី[៧៤] ប៉ាគីស្ថាន[៧៥] ហ្វីលីពីន[៧៦] កូរ៉េខាងត្បូង[៧៧] និងសិង្ហបុរី[៧៨] បានសម្តែងពីក្ដីព្រួយបារម្ភចំពោះរដ្ឋប្រហារនៅមីយ៉ាន់ម៉ាហើយប្រទេសខាងលើថែមទាំងបានជំរុញឱ្យភាគីទាំងសងខាងចូលចរចាគ្នាដោយសន្តិវិធីទៀតផង។ រីឯប្រទេសមួយចំនួនទៀតដូចជា អូស្ត្រាលី[៧៩][៨០] កាណាដា[៨១] បារាំង[៨២] អាល្លឺម៉ង់[៨៣] ជប៉ុន[៨៤] នូវែលហ្សេឡង់[៨៥] អេស្ប៉ាញ[៨៦] ស៊ុយអែត[៨៧] តួកគី[៨៨] ចក្រភពអង់គ្លេស[៨៩] និងសហរដ្ឋអាមេរិក[៩០] បានប្រកាសថ្កោលទោសរដ្ឋប្រហារនិងអំពាវនាវឱ្យដោះលែងមន្ត្រីស៊ីវិលទាំងឡាយណាដែលនៅជាប់ឃុំឃាំង, លើសពីនេះទៅទៀត សេតវិមានបានគំរាមដាក់ទណ្ឌកម្មលើអ្នកធ្វើរដ្ឋប្រហារថែមទៀតផង។[៩១][៩២][៩៣] ប្រទេសកម្ពុជា ថៃ និងវៀតណាមបានជ្រើសរើសយកផ្លូវអព្យាក្រឹតដោយមិនគាំទ្រភាគីណាមួយជាដាច់ខាតហើយបានចាត់ទុកព្រឹត្តិការណ៍រដ្ឋប្រហារមីយ៉ាន់ម៉ាថាជារឿងផ្ទៃក្នុងរបស់បរទេស។[៩៤][៩៥][៩៦]
អង្គការអន្តររដ្ឋាភិបាលដូចជា អង្គការសហប្រជាជាតិ[៩៧] អាស៊ាន[៩៨][៩៩] និងសហភាពអឺរ៉ុបបានសម្តែងចេញនូវការព្រួយបារម្ភនិងអំពាវនាវឱ្យមានការចរចារវាងភាគីទាំងពីរ។ ក្រៅពីការព្រួយបារម្ភ សហភាពអឺរ៉ុបក៏បានថ្កោលទោសរដ្ឋប្រហារនិងជំរុញឱ្យមានការដោះលែងអ្នកជាប់ឃុំឃាំងផងដែរ។[១០០]
ជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាបន្ទាន់មួយដោយក្នុងនោះចក្រភពអង់គ្លេសបានចេញសេចក្តីសម្រេចមួយជំរុញឱ្យសហគមន៍អន្តរជាតិចូល"ស្តារលទ្ធិប្រជាធិបតេយ្យ"ឡើងវិញនៅប្រទេសមីយ៉ាន់ម៉ា ថ្កោលទោសសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា និងអំពាវនាវឱ្យមានការដោះលែងនូវមន្ត្រីរដ្ឋាភិបាលស៊ីវិលដែលកំពុងជាប់ឃុំឃាំង។ សេចក្តីសម្រេចមួយនេះមិនត្រូវបានទទួលស្គាល់ឡើយដោយសារតែខ្វះការគាំទ្រពីសមាជិកក្រុមប្រឹក្សាទាំង ១៥ រូប។ បើយោងតាមរបាយការណ៍មួយចំនួនបានឱ្យដឹងថា ដោយមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត អ្នកការទូតរុស្ស៊ីនិងចិនបានផ្ញើសេចក្តីសម្រេចនោះទៅឱ្យរដ្ឋាភិបាលរៀងៗខ្លួនដើម្បីឱ្យពួកគេត្រួតពិនិត្យនិងធ្វើសេចក្តីសម្រេចជំនួស។[១០១][១០២][១០៣][១០៤] ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា ចិននិងរុស្ស៊ីគឺមានសិទ្ធិអំណាចវេតូហើយបានបដិសេដមិនគាំទ្រសេចក្តីសម្រេចរបស់អង់គ្លេស។[១០៥]
ក្រុមជនជាតិភូមាចំនួនប្រហែល ២០០ នាក់រួមជាមួយនឹងសកម្មជនប្រជាធិបតេយ្យថៃមួយចំនួនបាននាំគ្នាមកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាភូមានៅមុខស្ថានទូតមីយ៉ាន់ម៉ានារាជធានីបាងកក ប្រទេសថៃ។ គេឃើញមានបាតុករមួយចំនួនបានលើកម្រាមបីឡើងដែលជាសញ្ញាតំណាងឱ្យសេរីភាពនិងប្រជាធិបតេយ្យ (បាតុករប្រជាធិបតេយ្យថៃតែងប្រើសញ្ញានេះជានិច្ចនៅក្នុងបាតុកម្មទាមទារប្រជាធិបតេយ្យរបស់ខ្លួន)។[១០៦] តែបាតុកម្មនេះត្រូវបានបញ្ចប់ទៅវិញបន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ពីសំណាក់កងនគរបាលប៉ូលីសថៃហើយជាលទ្ធផលមានមនុស្សចំនួនពីរនាក់បានទទួលរងរបួសនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្សចំនួនពីរនាក់ទៀតត្រូវបាននគរបាលឃាត់ខ្លួន។[១០៧] ចំណែកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនវិញមានកម្មករភូមាជាច្រើនបានចេញមុខមកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាភូមានៅមុខសកលវិទ្យាល័យសហប្រជាជាតិ។[១០៨]
កងកម្លាំងនគរបាលសិង្ហបុរីបានចេញសេចក្តីព្រមានដល់ជនបរទេសទាំងឡាយថាបើនរណាមានបំណងចង់ចូលរួមឬធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារភូមានៅសិង្ហបុរីនោះ អ្នកនុះនឹងត្រូវទទួលការផ្តទ្ទាទោសទៅតាមច្បាប់ជាមិនខាន។[១០៩]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads