សង្គ្រាមហ្កាហ្សា

From Wikipedia, the free encyclopedia

សង្គ្រាមហ្កាហ្សា
Remove ads

សង្គ្រាមហ្កាហ្សា[ស ១៥] គឺជាជម្លោះប្រដាប់អាវុធនៅក្នុងដែនជ្រោយហ្កាហ្សារបស់ប្រទេសប៉ាឡេស្ទីន និងនៅប្រទេសអ៊ីស្រាអែល ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣​។ សង្គ្រាមមួយនេះគឺជាលទ្ធផលនៃជម្លោះប៉ាឡេស្ទីន–អ៊ីស្រាអែល និងជម្លោះហ្កាហ្សា–អ៊ីស្រាអែលដែលកើតឡើងដំបូងតាំងពីសតវត្សរ៍ទី២០ មកម៉្លេះ ហើយមកទល់បច្ចុប្បន្នគឺនៅតែមិនទាន់បានដោះស្រាយរួច។ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នោះ ក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀតបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើប្រទេសអ៊ីស្រាអែល ដោយជាលទ្ធផល ជនជាតិអ៊ីស្រាអែលនិងជនបរទេសសរុបចំនួន ១,១៩៥ នាក់ (ក្នុងនោះមានជនស៊ីវិលចំនួន ៨១៥ នាក់) ត្រូវបានហាម៉ាស់សម្លាប់ផ្ដាច់ជីវិត ហើយមនុស្សចំនួន ២៥១ នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈហាម៉ាស់បានបញ្ជាក់ទាមទារឱ្យអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនជាថ្នូរនឹងសេរីភាពចំណាប់ខ្មាំងដែលពួកគេបានចាប់។ ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកតបតវិញមក ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សាជាង ៦៤,០០០ នាក់ត្រូវបានបាត់បង់ជីវិត[ស ១៦] ដោយស្ទើរជាងពាក់កណ្ដាលនៃប្រជាជនស្លាប់ទាំងនោះគឺជាស្ត្រីនិងកុមារ ហើយប្រជាជនបន្ថែមជាង ១៦៤,០០០ នាក់ទៀតបានទទួលរងរបួស។[៦៧][២០] យោងតាមការសិក្សាពី The Lancet បានបង្ហាញថា អ្នកស្លាប់ចំនួន ៦៤,២៦០ នាក់គឺបណ្ដាលមកពីការរងរបួសធ្ងន់ធ្ងរគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ហើយបានកត់សម្គាល់ទៀតថា តួលេខអ្នកស្លាប់អាចមានចំនួនខ្ពស់ជាងនេះច្រើនដងប្រសិនបើរាប់បញ្ចូលទាំងករណីស្លាប់ដោយ "ប្រយោល"។[១៩] [៦៨] គិតមកត្រឹមខែឧសភា ឆ្នាំ២០២៤ តួលេខចំនួនអ្នកស្លាប់ដោយរបួសធ្ងន់ធ្ងរអាចឈានដល់ ៩៣,០០០​ នាក់។[៦៩]

ព័ត៌មានសង្ខេប សង្គ្រាមហ្កាហ្សា, កាលបរិច្ឆេទ ...

សង្គ្រាមហ្កាហ្សានេះគឺជាជម្លោះបន្តពីការប៉ះទង្គិចគ្នាកាលឆ្នាំ២០០៨–២០០៩ ឆ្នាំ២០១២ ឆ្នាំ២០១៤ និងចុងក្រោយបង្អស់ក្នុងឆ្នាំ២០២១។ បន្ទាប់ពីវាយបណ្ដេញពួកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចេញពីទឹកដីរបស់ខ្លួនអស់ អ៊ីស្រាអែលក៏ចាប់ផ្តើមបើកយុទ្ធនាការទម្លាក់គ្រាប់បែក រួចបានវាយចូលឈ្លានពានតំបន់ហ្កាហ្សាតែម្តងនៅថ្ងៃទី២៧ ខែតុលា ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស់ និងរំដោះចំណាប់ខ្មាំង។ ក្នុងដំណើរឈ្លានពាននេះ កងកម្លាំងអ៊ីស្រាអែលបានបើកយុទ្ធនាការជាច្រើនបន្ថែមដូចជា ការវាយលុកទីក្រុងរ៉ាហ្វាដែលបានចាប់ផ្ដើមតាំងពីខែឧសភា ឆ្នាំ២០២៤ មក ក៏ដូចជាការបន្ទុះនូវសមរភូមិបីធំៗនៅជុំវិញទីក្រុងខាន់យូនីស និងការឡោមព័ទ្ធហ្កាហ្សាខាងជើងចាប់ពីខែតុលា ឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ កងកម្លាំងអ៊ីស្រាអែលក៏ថែមទាំងបានធ្វើឃាតក្រុមមេដឹកនាំហាម៉ាស់ទាំងក្នុង និងនៅក្រៅតំបន់ហ្កាហ្សាផងដែរ។ បទឈប់បាញ់បណ្តោះអាសន្នដំបូងត្រូវបានធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានដួលរលំភ្លាមៗ ហើយចំណែកឯបទឈប់បាញ់លើកទីពីរក្នុងខែមករា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់មុនកាលកំណត់ដោយការប្រទូសរ៉ាយថ្មីគួរឱ្យភ្ញាក់ផ្អើលពីសំណាក់ភាគីអ៊ីស្រាអែលនៅខែក្នុងមីនា ឆ្នាំ២០២៥។ នៅកំឡុងខែសីហា ឆ្នាំ២០២៥ អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការវាយដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សានៅឯភាគខាងជើងតំបន់។

សង្គ្រាម​នេះបានបង្កឱ្យ​មាន​វិបត្តិ​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរនៅ​ដែនជ្រោយហ្កាហ្សា។ ការបិទផ្លូវគមនាគមន៍ចេញចូលហ្កាហ្សាដោយអ៊ីស្រាអែលបានកាត់ផ្តាច់នូវប្រព័ន្ធពាណិជ្ជកម្មនិងជំនួញផ្សេងៗ បង្កបង្កើតវិបត្តិអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាកង្វះអាហារូបត្ថម្ភ និងខ្វះតែមួយជំហានតូចទៀតប៉ុណ្ណោះមុនឈានដល់កើតគ្រោះទុរ្ភិក្ស បើគិតត្រឹមនៅខែសីហា ឆ្នាំ២០២៥។[៧០][៧១][៧២][៧៣] មកដល់ដើមឆ្នាំ២០២៥ អ៊ីស្រាអែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងចាស់ដៃមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្កាហ្សា ដោយក្នុងនោះ មួយផ្នែកធំនៃតំបន់នេះបានក្លាយជាទីកន្លែងមិនអាចរស់នៅបាន[៧៤] ទីក្រុងទាំងមូលត្រូវអន្តរាយ[៧៥] ហើយមន្ទីរពេទ្យជាច្រើនបានរងការខូចខាតខ្ទេចខ្ទីជាបន្តបន្ទាប់ (រួមទាំងមន្ទីរពេទ្យកុមារផងដែរ) និងរួមទាំងទីកន្លែងសំខាន់ៗផ្សេងទៀតដូចជា ទីគោរពសាសនានិងវប្បធម៌[៧៦] កន្លែងអប់រំដូចសាលារៀន[៧៧][៧៨] ដីកសិកម្មធ្វើស្រែចម្ការ[៧៩] និងទីបញ្ចុះសពជាដើម។[៨០] អ្នកសារព័ត៌មាន[៨១] បុគ្គលិកសុខាភិបាល[៨២] អ្នកសម្រួលជំនួយមនុស្សធម៌ និងសមាជិកដទៃនៃអង្គការសង្គមស៊ីវិលផ្សេងៗនៅហ្កាហ្សាត្រូវបានអ៊ីស្រាអែលចាប់ឃុំខ្លួន ធ្វើទារុណកម្ម ឬត្រូវសម្លាប់ចោលតែម្តង។[៨៣] ប្រជាជនប៉ាឡេស្ទីន ២.៣ លាននាក់ស្ទើរតែទាំងអស់នៅហ្កាហ្សាត្រូវបង្ខំចិត្តរត់ចេញពីទីលំនៅរបស់ពួកគេដោយភាគច្រើនបានធ្លាក់ខ្លួនមករស់នៅតាមជំរុំភៀសខ្លួននៅទូទាំងទឹកដីហ្កាហ្សា។[៨៤][៨៥] ប្រជាជនអ៊ីស្រាអែលជាង ១០០,០០០ នាក់ក៏ត្រូវផ្លាស់ប្ដូរទីលំនៅដោយបង្ខំផងដែរ ពិសេសអ្នករស់នៅតាមទឹកដីជុំវិញ ឬក្បែរតំបន់ហ្កាហ្សានោះឯង។[៨៦] ថ្ងៃដំបូងនៃជម្លោះនេះបានផ្ដាច់ជីវិតប្រជាជនអ៊ីស្រាអែលអស់ច្រើនបំផុតចាប់តាំងពីរដ្ឋអ៊ីស្រាអែលបានបង្កើតឡើងមក ហើយជម្លោះសង្រ្គាមនេះទាំងមូលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនអស់ជាច្រើននាក់ផងដែរបើប្រៀបទៅនឹងជម្លោះមុនៗ។[៨៧]

អង្គការសិទ្ធិមនុស្ស និងបណ្ឌិតបញ្ញវន្តជាច្រើនរូបដែលមានជំនាញសិក្សាអំពីអំពើប្រល័យពូជសាសន៍និងច្បាប់អន្តរជាតិ រួមទាំងគណៈកម្មាការឯករាជ្យផ្សេងៗនៃអង្គការសហប្រជាជាតិ សុទ្ធតែបានបោះសម្ដីគ្នាថ្លែងថា អ៊ីស្រាអែលកំពុងតែប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែទោះជាយ៉ាងណានៅតែមានភាគីខ្លះបានច្រានចោលរឿងប្រល័យពូជសាសន៍នេះ។[៨៨][៨៩][៩០][៩១][៩២] អ្នក​ជំនាញ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ទាំងនោះក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថា ទាំងអ៊ីស្រាអែលនិង​​ហាម៉ាស់​សុទ្ធតែបាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាមរៀងៗខ្លួន។ ករណីចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាកំពុងតែត្រូវបានពិនិត្យដោយតុលាការយុត្តិធម៌អន្តរជាតិ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ, យ៉ូអាហ្វ ហ្កាឡង់ត៍ និងម៉ូហាម៉េដ ដេហ្វ ប៉ុន្តែដេហ្វត្រូវបានដកឈ្មោះចេញវិញបន្ទាប់ពីរូបលោកត្រូវបានអ៊ីស្រាអែលធ្វើឃាតសម្លាប់ចោល។[៩៣] ករណីធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទត្រូវបានគេសង្កេតឃើញថាបានអនុវត្តជារឿយៗដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងដោយកងកម្លាំងអ៊ីស្រាអែល។[៩៤]

ចាប់តាំងពីសង្គ្រាមហ្កាហ្សាបានផ្ទុះឡើងមក ប្រទេសអ៊ីស្រាអែលបានទទួលការគាំទ្រទាំងផ្នែកយោធា និងការទូតពីសហរដ្ឋអាមេរិក ហើយមហាអំណាចមួយនេះហើយដែលជារដ្ឋតែងបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយគាំទ្របទឈប់បាញ់ជាច្រើនលើករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ[៩៥] សង្រ្គាមមួយនេះក៏បានបំផុសនូវវិបត្តិ និងបង្កើនអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ដោយក្រុមសម្ព័ន្ធអ័ក្សធន់តស៊ូនៅតាមបណ្ដាប្រទេសអារ៉ាប់មួយចំនួននិងរួមទាំងអ៊ីរ៉ង់បានប្រឈមមុខប៉ះទង្គិចគ្នាជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បង្កឱ្យផ្ទុះសង្រ្គាមអ៊ីរ៉ង់–អ៊ីស្រាអែលឡើងដែលបានអូសបន្លាយរយៈពេល ១២ ថ្ងៃ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីការបាញ់ប្រហារតបតគ្នាអស់រយៈពេលជាងមួយឆ្នាំរវាងអ៊ីស្រាអែលនិងក្រុមហេស្បុលឡា អ៊ីស្រាអែលក៏បានសម្រេចចិត្តវាយចូលឈ្លានពានប្រទេសលីបង់នៅក្នុងឆ្នាំ២០២៤ ហើយជាបន្តបន្ទាប់ក៏បានផ្ដើមប្រតិបត្តិការយោធាចូលក្នុងប្រទេសស៊ីរី ដែលជាកត្តាមួយរួមចំណែកដល់ការដួលរលំនៃរបបអាសាដ។ ក្រៅពីនេះ សង្រ្គាមហ្កាហ្សាបានជះឥទ្ធិពល និងផលប៉ះពាល់យ៉ាងធំសម្បើមទាំងក្នុងនិងក្រៅតំបន់ ពោលបានបង្កឱ្យផ្ទុះបាតុកម្មតវ៉ាមហាជននៅទូទាំងពិភពលោកដែលអំពាវនាវឱ្យមានបទឈប់បាញ់ ក៏ដូចជាកំណើននៃការប្រឆាំងសាសន៍យូដា និងប៉ាឡេស្ទីន

Remove ads

ឈ្មោះ

សង្គ្រាមហ្កាហ្សាត្រូវគេបានហៅទៅតាមឈ្មោះផ្សេងៗគ្នា។ នៅអ៊ីស្រាអែល គេនិយមហៅសង្គ្រាមនេះថា "សង្រ្គាមដាវដែក" (ភាសាហេប្រឺ៖ מלחמת הרבות ברזל)។[៩៦] ប្រជាជនអ៊ីស្រាអែលខ្លះទៀតបានហៅវាថា "សង្គ្រាមស៊ីមហាត់តូរ៉ា" ព្រោះវាបានផ្ទុះឡើងនៅចំថ្ងៃពិធីបុណ្យជ្វីហ្វស៊ីមហាត់តូរ៉ា[៩៧] ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានសម្ដៅលើសង្គ្រាមនេះថា "សមរភូមិរលកអាល់អាក់សា" (ភាសាអារ៉ាប់៖ معركة طوفان الأقصى) ដោយយោងទៅតាមប្រតិបត្តិការរលកអាល់អាក់សា[៩៨][៩៩] ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានលោកខាងលិចក៏បានសម្ដៅលើសង្គ្រាមនេះខុសៗគ្នាដែរដោយខ្លះបានហៅវាថា "សង្រ្គាមហាម៉ាស់–អ៊ីស្រាអែល"[១០០] ហើយខ្លះទៀតបានប្រើ "សង្រ្គាមលើហ្កាហ្សា"។[១០១] សារព័ត៌មានមួយចំនួនផ្សេងទៀតបានប្រើពាក្យ "សង្គ្រាម ៧ តុលា",[១០២][១០៣] "ការប្រល័យពូជសាសន៍ហ្កាហ្សា",[៧៤][១០៤] ណាក់បាលើកទីពីរ[១០៥] ឬណាក់បាឆ្នាំ២០២៣។[១០៦][១០៧]


Remove ads

ផ្ទៃរឿង

Thumb
ចំនួនប្រៀបធៀបមរណភាពជនជាតិអ៊ីស្រាអែល (ខៀវ) និងប៉ាឡេស្ទីន (ទឹកក្រូច) ចាប់តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២៣ មុនហាម៉ាស់ផ្ដើមការវាយលុកចូលអ៊ីស្រាអែលបន្តិច[៥០][១០៨]

សង្គ្រាមហ្កាហ្សាមួយនេះគឺគ្រាន់តែជាផ្នែកតូចមួយនៃជម្លោះប៉ាឡេស្ទីន–អ៊ីស្រាអែលប៉ុណ្ណោះ ដែលមានឬសគល់ដើមកំណើតកើតចេញពីកំណើននៃលទ្ធិហ្ស៊ីយ៉ងនិយមនៅដើមសតវត្សរ៍ទី២០ (លទ្ធិគាំទ្រការបង្កើតរដ្ឋ​និងសិទ្ធិអត្ថិភាពនៃរដ្ឋសាសន៍យូដា) និងការធ្វើចំណាកស្រុកដោយជនជាតិជ្វីហ្វរាប់ពាន់រាប់លាននាក់មកតាំងទីលំនៅបង្កើតរដ្ឋរបស់ពួកគេនៅប៉ាឡេស្ទីន[១០៩][១១០] នៅក្នុងឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានប្រកាសចេញនូវផែនការបំបែកទឹកដីប៉ាឡេស្ទីនទៅជាបីផ្នែកដោយមានក្រុងយេរូសាឡឹមស្ថិតក្រោមអង្គអន្តរជាតិ។ នៅក្នុងសង្រ្គាមប៉ាឡេស្ទីនឆ្នាំ១៩៤៨ ប្រជាជនប៉ាឡេស្ទីនជាង ៧០០,០០០ នាក់បានបង្ខំចិត្តរត់ភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីទឹកដីកំណើតរបស់ពួកគេ ហើយជាលទ្ធផល រដ្ឋអ៊ីស្រាអែលក៏ត្រូវបានបង្កើតឡើងនៅលើទឹកដីនោះ (ពេលនោះត្រូវបានគេស្គាល់ថា ម៉ាន់ដាតប៉ាឡេស្ទីន) លើកលែងតែទឹកដីចំនួនពីរដាច់ដោយឡែកផ្សេងទៀតដែលគេស្គាល់ថា វ៉េសប៊ែងនិងដែនជ្រោយហ្កាហ្សា ដែលកាលនុះកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ហ្សកដានី និងអេហ្ស៊ីបរៀងគ្នា។[១១១] បន្ទាប់ពីសង្គ្រាមប្រាំមួយថ្ងៃនៃឆ្នាំ១៩៦៧ បានបញ្ចប់ អ៊ីស្រាអែលក៏បានកាន់កាប់ទឹកដីប៉ាឡេស្ទីននៃវ៉េសប៊ែង និងដែនជ្រោយហ្កាហ្សាជាផ្លូវការ។[១១២] បន្ទាប់មក ចលនាបាតុកម្មបះបោរចំនួនពីរធំៗប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែលនៅប៉ាឡេស្ទីនក៏បានផ្ទុះឡើង ពោលគឺអ៊ីនធីហ្វាដាលើកទីមួយក្នុងឆ្នាំ១៩៨៧ និងអ៊ីនធីហ្វាដាលើកទីពីរនៅក្នុងឆ្នាំ២០០០[១១៣] ហើយអ៊ីនធីហ្វាដចុងក្រោយនេះហើយដែលបានជំរុញឱ្យអ៊ីស្រាអែលដកខ្លួនដោយឯកតោភាគីចេញពីតំបន់ហ្កាហ្សានៅក្នុងឆ្នាំ២០០៥។[១១៤][១១៥]

ចាប់តាំងពីឆ្នាំ២០០៧ មក​ តំបន់ដែនជ្រោយហ្កាហ្សាគឺត្រូវស្ថិតនៅក្រោមគ្រប់គ្រងដោយក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធឥស្លាមនិយមមួយ ខណៈតំបន់វ៉េសប៊ែងវិញនៅបន្តស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនដឹកនាំដោយហ្វាតាដដែរ។ បន្ទាប់​ពីហាម៉ាស់បានកាន់កាប់​ហ្កាហ្សាហើយ ប្រទេសអ៊ីស្រាអែល​ក៏បានប្រកាសបិទ​ច្រកចេញចូលផ្សេងៗទៅ​ក្នុងតំបន់ហ្កាហ្សា[១១៦][១១៧] ដែលជាហេតុបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចនៃកូនតំបន់មួយនេះ។[១១៨] អ៊ីស្រាអែល​បាន​ការពារទង្វើរបស់ខ្លួនដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ[១១៩] ប៉ុន្តែ​ក្រុមសម្ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិផ្សេងៗ​បាន​ចាត់​ទុក​វាថា​ជា​ទម្រង់​​ទណ្ឌកម្ម​សមូហភាព ពោលគឺជាទង្វើដែលប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់មិនដឹងអ្វី។[១២០][១២១][១២២] នៅឆ្នាំ២០២៣ ទីភ្នាក់ងារជំនួយ និងការងារនៃអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅដើមបូព៌ា (UNRWA) បានរាយការណ៍ថា ប្រជាជនហ្កាហ្សាប្រមាណ ៨១% កំពុងតែរស់នៅក្រោមកម្រិតនៃភាពក្រីក្រ ដោយ ៦៣% ខ្វះសន្តិសុខស្បៀងអាហារ និងពឹងផ្អែកលើជំនួយអន្តរជាតិស្ទើរទាំងស្រុង។[១០៨][១២៣]

ចាប់តាំងពីឆ្នាំ២០០៧ មក អ៊ីស្រាអែលនិងក្រុមហាម៉ាស់ក៏ដូចជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងៗទៀតដែលមានមូលដ្ឋាននៅហ្កាហ្សា បានរួមប្រឡូកចូលក្នុងជម្លោះប្រឆាំងគ្នាឥតឈប់ឈរ[១១៩][១១៧][១២៤] ដោយក្នុងនោះរួមមានសង្រ្គាមចំនួនបួនគឺ សង្គ្រាមហ្កាហ្សាឆ្នាំ២០០៨–២០០៩, ២០១២, ២០១៤ និង ឆ្នាំ២០២១[១២៥][១២៦][១២៧] បើបូកបញ្ចូលគ្នា ជម្លោះធំៗទាំងបួននោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណ ៦,៤០០ នាក់ និងជនជាតិអ៊ីស្រាអែលប្រមាណ ៣០០ នាក់។[១២៨][៥០][១០៨] នៅរវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ បាតុកម្មទ្រង់ទ្រាយធំបានកើតឡើងជារៀងរាល់សប្តាហ៍នៅក្បែរព្រំដែនហ្កាហ្សា–អ៊ីស្រាអែល ដែលក្នុងនោះ បាតុករបានទាមទារសិទ្ធិវិលត្រឡប់ចូលមាតុភូមិគេវិញ តែយ៉ាងណា កងកម្លាំងការពារអ៊ីស្រាអែលបានបង្ក្រាបបាតុកម្មតវ៉ាទាំងនោះដោយប្រើអំពើហិង្សាគ្មានប្រណី ហើយជាលទ្ធផល ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានស្លាប់ និងរបួសរាប់ពាន់នាក់ទៀតក្រោមថ្វីដៃកងកម្លាំងអ៊ីស្រាអែល។[១២៩][១៣០] ភ្លាមៗបន្ទាប់ពីផ្ទុះជម្លោះដ៏ខ្លីមួយនៅក្នុងឆ្នាំ២០២១ ស្លាបយោធារបស់ក្រុមហាម៉ាស់គឺ កងពលតូចអាល់កាសាំ បានចាប់ផ្តើមរៀបចំផែនការប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីស្រាអែល ពោលជាផែនការវាយប្រហារថ្ងៃទី៧ ខែតុលា នោះឯង។[១៣១][១៣២]

យោងទៅតាមមន្ត្រីក្រុមហាម៉ាស់ មូលហេតុដែលពួកគេបានផ្ដើមការវាយប្រហារនោះគឺដើម្បីឆ្លើយតបទៅនឹងការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន ការបិទច្រកចេញចូលតំបន់ហ្កាហ្សា អំពើប្រមាថមហាវិហារឥស្លាមអាល់អាក់សា អំពើហិង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែលចំពោះម្ចាស់ទឹកដីប៉ាឡេស្ទីន ការរឹតបន្តឹងដំណើរចេញចូលរបស់ជនជាតិប៉ាឡេស្ទីន និងការចាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដាក់ពន្ធនាគារ ហើយដោយចាប់ប្រជាជនអ៊ីស្រាអែលធ្វើជាចំណាប់ខ្មាំងនេះហើយ ក្រុមហាម៉ាស់សង្ឃឹមថានឹងអាចយកជាថ្នូរដោះដូរនឹងសេរីភាពអ្នកទោសប៉ាឡេស្ទីនទាំងនោះ។[១៣៣][១៣៤][១៣៥] អ្នកជំនាញវិភាគ និងអត្ថាធិប្បាយជាច្រើនបានកំណត់ការកាន់កាប់របស់អ៊ីស្រាអែលថាជាមូលហេតុដែលនាំឱ្យសង្រ្គាមនេះផ្ទុះឡើង។[១៣៦][១៣៧][១៣៨] សារព័ត៌មាន Associated Press បានសរសេរថា ប្រជាជនប៉ាឡេស្ទីនកំពុងតែ "ស្ថិតក្នុងសភាពអស់សង្ឃឹម ចំពោះការកាន់កាប់មិនចេះចប់មិនចេះហើយនៅក្នុងតំបន់វ៉េសប៊ែងដោយអ៊ីស្រាអែល និងការបិទច្រកផ្លូវផ្សេងៗពីហ្កាហ្សា"។[១៣៩] អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនដូចជា អង្គការលើកលែងទោសអន្តរជាតិ[១៤០] បេត្សាលែម[១៤១] និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស[១៤២] បាន​ប្រដូច​ការ​កាន់កាប់​របស់​អ៊ីស្រាអែល​ទៅ​នឹង​ការ​ប្រកាន់​វែកញែកពូជសាសន៍ ថ្វីបើមានការជំទាស់ពីអ្នក​គាំទ្រ​អ៊ីស្រាអែល​ក្ដី។[១៤៣][១៤៤] ប៉ុន្តែទោះជាយ៉ាងណា មតិយោបល់របស់តុលាការយុត្តិធម៌អន្តរជាតិដែលបានផ្សព្វផ្សាយកាលពីខែកក្កដា ឆ្នាំ២០២៤ បានអះអាងថា ការកាន់កាប់របស់អ៊ីស្រាអែលគឺជាទង្វើខុសនឹងច្បាប់ ហើយបានបន្ថែមទៀតថា វាបានរំលោភលើមាត្រា ៣ នៃអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ ដែលហាមប្រាមការរើសអើងពូជសាសន៍ និងការប្រកាន់ពូជសាសន៍។[១៤៥]

Remove ads

ដំណើរសង្គ្រាម

ព្រឹត្តិការណ៍វាយប្រហារ ៧ តុលា

Thumb
Thumb
Thumb
Thumb
Thumb
មើលពីលើចុះក្រោមតាមទ្រនិចនាឡិកា
  • ស្ថានការណ៍ទឹកដីនៅជុំវិញដែនជ្រោយហ្កាហ្សានៅថ្ងៃទី៧–៨ ខែតុលា
  • ឥដ្ឋប្រឡាក់ឈាមក្រោយការវាយប្រហារណាហាល់អូហ្សដោយហាម៉ាស់
  • បន្ទប់សម្ភពនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្របាហ្ស៊ីឡៃក្រោយរងគ្រាប់រ៉ុក្កែតពីក្រុមហាម៉ាស់
  • ទិដ្ឋភាព​ផ្កាយរណប​បង្ហាញពីភ្លើង​ឆេះ​រាលដាល​ក្នុង​ទឹកដីអ៊ីស្រាអែល​ជុំវិញ​ដែនជ្រោយហ្កាហ្សា
  • វីដេអូ​ឃ្លីបពីទាហាន​អ៊ីស្រាអែលកំពុងធ្វើសកម្មភាពរំដោះ​ទីតាំងនៃមហោស្រពប្រគំតន្ត្រីណូវ៉ាបន្ទាប់​ពីទាហានហាម៉ាស់បានចូលទៅ​បាញ់សម្លាប់​រង្គាលអ្នកចូលរួមកម្សាន្តក្នុងកម្មវិធីនោះ

នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣[១៤៦] ដែលត្រូវនឹងថ្ងៃពិធីបុណ្យឆាបាត់នៃស៊ីមហាត់តូរ៉ា និងឆ្មីនីអាត់ហ្សឺរ៉ែត[១៤៧] ហាម៉ាស់បានប្រកាសពីដំណើរចាប់ផ្តើមនៃ "ប្រតិបត្តិការរលកអាល់អាក់សា" ដោយបានបាញ់គ្រាប់រ៉ុក្កែតប្រមាណពី ៣,០០០ ទៅ ៥,០០០ គ្រាប់ចេញពីដែនជ្រោយហ្កាហ្សាសម្ដៅចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលដោយប្រើរយៈពេលតែ ២០ នាទីប៉ុណ្ណោះ ហើយបានសម្លាប់មនុស្សយ៉ាងតិចចំនួ​ន ៥ នាក់។[១៤៨][១៤៩] នៅ​ពេល​ល្ងាចនៃថ្ងៃដដែរនោះ ក្រុម​ហាម៉ាស់​បាន​បាញ់​រ៉ុក្កែតបន្ថែមចំនួន ​១៥០ ​គ្រាប់​ទៀតចូល​ប្រទេស​អ៊ីស្រាអែល។[១៤៨] ដំណាលគ្នានោះដែរ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រមាណ ៣,០០០ នាក់[៣៦] បានឆ្លងចូលក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាដោយប្រើរថយន្ត ម៉ូតូ គ្រឿងចក្រឈូសឆាយ ទូកល្បឿនលឿន និងឆ័ត្រយោងជាដើម។[១៣៩][១៤៦][១៥០]

ក្រុមសកម្មប្រយុទ្ធទាំងនោះបានសម្លាប់ជនស៊ីវិលនៅក្នុងភូមិនិងក្រុងតូចៗនៅក្បែរព្រំដែនហ្កាហ្សា[១៥១][១៥២] ហើយជនស៊ីវិលជាច្រើននាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។[១៥៣] ហាម៉ាស់ក៏បានវាតទីចូលទៅទីតាំងមហោស្រពតន្ត្រីមួយនៅក្បែរនោះផងដែរ ដោយបានបើកការបាញ់ប្រហារសម្លាប់មនុស្សមិនរើសមុខ ដោយនាំឱ្យមានអ្នកស្លាប់យ៉ាងហោចចំនួន ៣២៥ នាក់ និងមនុស្សជាច្រើននាក់ទៀតត្រូវរងរបួសធ្ងន់ស្រាល ឬត្រូវហាម៉ាស់ចាប់ជាចំណាប់ខ្មាំង។[១៥៤][១៥៥] សរុបមកមានមនុស្សចំនួន ២៥១ នាក់ដែលហាម៉ាស់បានចាប់ជំរិតជាចំណាប់ខ្មាំង[១៥៦] ដោយក្នុងនោះមានទាំងកុមារ​ មនុស្សចាស់ជរា និងទាហានអ៊ីស្រាអែលមួយចំនួនទៀតផង។[១៥៧] មិនតែប៉ុណ្ណោះ មានគេរាយការណ៍ផងដែរថា ពួកសកម្មប្រយុទ្ធហាម៉ាសបានប្រព្រឹត្តិអំពើកាយវិកលកម្ម ធ្វើទារុណកម្ម និងប្រព្រឹត្តិអំពើហិង្សាផ្លូវភេទផ្សេងៗជាច្រើនទៀត។[១៥៨][១៥៩]

សេចក្ដីសង្ខេបរបស់សារព័ត៌មាន The Economist បានកត់សម្គាល់ថា "ប្រតិបត្តិការវាយប្រហារដោយហាម៉ាស់នេះគឺបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលអស់ច្រើនជាងព្រឹត្តិការណ៍ជម្លោះមុនៗទៅទៀត" ហើយបានបន្ថែមទៀតថា "មុនព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលានេះ ថ្ងៃចុងក្រោយបង្អស់ដែលជនជាតិជ្វីហ្វជាច្រើននាក់ត្រូវបានសម្លាប់ក្នុងថ្ងៃតែមួយបែបនេះគឺកាលនៅកំឡុងមហាហាយនភាពក្នុងសង្គ្រាមលោកលើកទី២"។[១៥២] យោងតាមទាំងមន្ត្រីក្រុមហាម៉ាស់ និងអ្នកសង្កេតការណ៍ខាងក្រៅ ប្រតិបត្តិការវាយប្រហារនេះគឺជាកិច្ចប្រឹងប្រែងដែលបានគណនាមុនដើម្បីបង្កើតស្ថានការណ៍សង្គ្រាម "អចិន្ត្រៃយ៍" ប្រឆាំងនឹងអ៊ីស្រាអែល និងបំផុសបុព្វហេតុជាតិប៉ាឡេស្ទីនឡើងវិញ។[១៦០][១៦១]

ប្រតិបត្តិការវាយបកដំបូងរបស់អ៊ីស្រាអែល (តុលា ២០២៣)

Thumb
Thumb
Thumb
Thumb
មើលពីលើចុះក្រោមតាមទ្រនិចនាឡិកា
  • កូនទារក​ប៉ាឡេស្ទីនកំពុង​ទទួល​ការ​ព្យាបាល​បន្ទាប់​ពី​រងការវាយ​ប្រហារ​តាម​អាកាស​ពី​អ៊ីស្រាអែល​នៅ​ក្នុង​ក្រុងឌែរអែលបាឡានៃដែនជ្រោយហ្កាហ្សា
  • បុរសប៉ាឡេស្ទីនចំណាស់ម្នាក់កំពុងលើកចៅរបស់គាត់ដែលបានរងរបួសពេលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួននូសីរ៉ាត
  • វីដេអូឃ្លីបបង្ហាញពីសំណង់អគារនៅហ្កាហ្សាកំពុងត្រូវរងគ្រាប់មីស៊ីលពីអ៊ីស្រាអែល
  • លទ្ធផលខូចខាតនៅក្នុងតំបន់អែលរ៉េម៉ាលក្រោយត្រូវរងគ្រាប់អ៊ីស្រាអែលកំឡុងខែតុលា ឆ្នាំ២០២៣
  • កុមារប៉ាឡេស្ទីនទទួលការព្យាបាលនៅមន្ទីរពេទ្យអាល់អាក់សាបន្ទាប់ពីបានរងរបួសកំឡុងអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើជំរុំនូសីរ៉ាត

អ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការវាយបកវិញនៅប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការវាយលុកដំបូងរបស់ហាម៉ាស់។[១៦២] ឧទ្ធម្ភាគចក្រ​ដំបូង​ដែលត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​យោធា​បានហោះឆ្លងចូលតំបន់​អ៊ីស្រាអែលនៅ​ជុំវិញ​ដែនជ្រោយហ្កាហ្សានៅមួយម៉ោង​ក្រោយបានផ្ទុះអាវុធ។[១៥៤] ក្រុមយានិកនៅលើឧទ្ធម្ភាគចក្រនោះបានបញ្ជាក់ថាពួកគេបានជួបបញ្ហាក្នុងការកំណត់ទីកន្លែងដែលកំពុងកាន់កាប់ដោយពួកសកម្មប្រយុទ្ធឈ្លានពាន និងការបែងចែករវាងជនស៊ីវិលអ៊ីស្រាអែល ទាហានអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅលើផ្ទៃដី។[១៥៤] របាយការណ៍ អសប ខែមិថុនា ឆ្នាំ២០២៤[១៦៣][១៦៤] និងការស៊ើបអង្កេតដោយសារព័ត៌មាន Haaretz ក្នុងខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញថា កងកម្លាំងការពារអ៊ីស្រាអែល (ក.ក.អ.) បានបញ្ជាឱ្យកម្លាំងខ្លួនអនុវត្តក្រមបង្គាប់ហាន្នីបាល ពោលបានបើកផ្លូវឱ្យមានការបាញ់សម្លាប់មនុស្សមិនរើសមុខនៅតំបន់សង្ស័យមានវត្តមានក្រុមសកម្មប្រយុទ្ធ មិនថាជាជនស៊ីវិល ឬទាហានគ្នាឯង។[១៦៥]

នៅលើកញ្ចក់ទូរទស្សន៍អ៊ីស្រាអែល នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោកប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ​បានចេញសេចក្ដី​ប្រកាស​ថា នាពេលនេះប្រទេស​ជាតិ​កំពុង​តែប្រឈមនឹង​សង្រ្គាម។[១៥០] លោក​បាន​គំរាមថា "កងកម្លាំងអ៊ីស្រាអែលនឹងបំលែងកន្លែង​ប្រតិបត្តិការនិងកន្លែងលាក់ខ្លួនរបស់​​ហាម៉ាស់ទាំងអស់ឱ្យក្លាយជា​ផេះ" និងបានហៅ​ហ្កាហ្សា​ថាជា "ទីក្រុង​អាក្រក់" ហើយ​បាន​ជំរុញ​ឱ្យអ្នក​រស់នៅក្នុងហ្កាហ្សាទាំងអស់ចាកចេញពីទីនោះ។[១៦៦][១៣៣] នៅយប់ក្រោយថ្ងៃវាយប្រហារនោះ សាជីវកម្មអគ្គិសនីអ៊ីស្រាអែលដែលជាប្រភពផ្គត់ផ្គង់អគ្គិសនីប្រមាណ ៨០% ទៅឱ្យដែនជ្រោយហ្កាហ្សា បានសម្រេចកាត់ផ្តាច់ចរន្តអគ្គិសនីទៅដល់តំបន់នោះ។[១៦៧] កងកម្លាំងការពារអ៊ីស្រាអែលបានប្រកាសថាខ្លួនកំពុងស្ថិតក្នុង "សភាពការណ៍ត្រៀមខ្លួនសម្រាប់សង្គ្រាម"[១៤៨] ហើយក៏បានចាប់ផ្ដើមកោះហៅទាហានបម្រុងរាប់ម៉ឺននាក់បន្ថែម[១៤៦][១៦៧] និងបានប្រកាសភាពអាសន្នចំពោះតំបន់ទឹកដីដែលស្ថិតក្នុងចម្ងាយ ៨០ គីឡូម៉ែត្រពីហ្កាហ្សា។[១៦៨] អង្គភាពប្រឆាំងភេរវកម្ម យ៉ាម៉ាំ ត្រូវបានបញ្ជូនចូលក្នុងតំបន់គ្រោះថ្នាក់នៅក្បែរហ្កាហ្សានោះ[១៦៩] រួមជាមួយកងពលថ្មីៗចំនួនបួនទៀត ដែលនាំឱ្យកងវរសេនាតូចប្រចាំការកើនឡើងដល់ ៣១ ពល។[១៣៩] ចំណែកឯកម្លាំងបម្រុងវិញត្រូវបានគេរាយការណ៍ថាបានត្រូវបញ្ជូនទៅហ្កាហ្សា តំបន់វ៉េសប៊ែង និងតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់ និងស៊ីរី។[១៧០] ប្រជាជនដែលមានវត្តមាននៅជិតតំបន់ហ្កាហ្សាត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែលស្នើឱ្យសម្ងំក្នុងអគារឬគេហដ្ឋាន ខណៈដែលជនស៊ីវិលនៅភាគខាងត្បូង និងតំបន់កណ្តាលអ៊ីស្រាអែលបានត្រូវ "តម្រូវឱ្យស្ថិតនៅក្បែរជម្រកជ្រកកោនណាមួយ"។[១៦៧] តំបន់នៅប៉ែកខាងត្បូងប្រទេសអ៊ីស្រាអែលត្រូវបានបិទទាំងស្រុងពោលគឺមិនឱ្យមានចរាចរណ៍ស៊ីវិលឡើយ។[១៦៩][១៣៩] នៅថ្ងៃទី៩ ឬទី១០ ខែតុលា ក្រុមហាម៉ាស់បានស្នើថាខ្លួននឹងដោះលែងចំណាប់ខ្មាំងស៊ីវិលទាំងអស់នៅហ្កាហ្សា ប្រសិនបើអ៊ីស្រាអែលលុបចោលគម្រោងឈ្លានពានហ្កាហ្សារបស់ពួកគេ ប៉ុន្តែសំណើនោះត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែលបដិសេដច្រានចោល។[១៧១]

ការបិទផ្លូវ ការទម្លាក់គ្រាប់បែក និងការជម្លៀសប្រជាជនចេញពីហ្កាហ្សាភាគខាងជើង

Thumb
Thumb
Thumb
Thumb
មើលពីលើចុះក្រោមតាមទ្រនិចនាឡិកា
  • ក្រុមគ្រូពេទ្យកំពុង​ព្យាបាល​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ដែល​រង​របួស​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ក្រុងឌែរអែលបាឡាក្នុងដែនជ្រោយហ្កាហ្សា
  • កុមារប៉ាឡេស្ទីនដែលរងរបួសកំពុងទទួលការព្យាបាល
  • ទារកទើបនឹងកើតបានស្លាប់ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
  • មនុស្ស​ម្នា​កំពុងរត់​គេច​ខ្លួន​បន្ទាប់​ពី​មានការ​វាយ​ប្រហារ​ពី​អាកាស​ដោយអ៊ីស្រាអែលមក​លើ​ផ្ទះ​មួយ​ខ្នងនៅ​ក្នុង​ក្រុងឌែរអែលបាឡានៃដែនជ្រោយហ្កាហ្សា
  • បទសម្ភាសន៍ជាវីដេអូធ្វើឡើងជាមួយអ្នកដែលបានរស់រានមានជីវិតពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ២០២៣

បន្ទាប់​ពី​ព្រឹត្តិការណ៍ ៧ តុលា កង​ទ័ព​អាកាស​អ៊ីស្រាអែល​បាន​ចាប់ផ្ដើមធ្វើ​ការ​វាយ​ប្រហារ​តាមអាកាសទៅលើ​គោល​ដៅ​ដែលគេអះអាងថាមានវត្តមាន​ហាម៉ាស់។[១៤៨][១៦៨][១៧២] សកម្មភាពវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនោះបានសម្លាប់មនុស្សជាមធ្យម ៣៥០ នាក់ក្នុងមួយថ្ងៃ ហើយបានប្រើពេល ២០ ថ្ងៃ ដោយសរុបបានបង្កឱ្យមានមនុស្សស្លាប់ជាង ៧,០០០ នាក់។[១៧៣] ក្រោយបានជួយរំដោះចំណាប់ខ្មាំងខ្លួនចំនួនពីរនាក់ អ៊ីស្រាអែលបានប្រកាសសង្រ្គាមជាលើកដំបូងក្នុងរយៈពេលជាងប្រាំទសវត្សរ៍ពោលគឺចាប់តាំងពីសង្រ្គាមយមគីបពួរក្នុងឆ្នាំ១៩៧៣​ មក។[១៧៤][១៧៥] នៅថ្ងៃទី៩ ខែតុលា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកហ្កាឡង់ត៍បានប្រកាសថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធដែនជ្រោយហ្កាហ្សាបានទាំងស្រុង ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនី និងបានបិទលំហូរនាំចូលស្បៀងអាហារនិងប្រេងឥន្ធនៈ។[១៧៦] សកម្មភាពឡោមព័ទ្ធហ្កាហ្សាដោយអ៊ីស្រាអែលបានទាក់ទាញការរិះគន់ជាគំហុក ពិសេសពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលបានចាត់ទុកវាជា "ទង្វើគួរឱ្យស្អប់ខ្ពើម" និងជា "ការអំពាវនាវឱ្យមានឧក្រិដ្ឋកម្មសង្គ្រាម"។[១៧៧][១៧៨] ហ្កាឡង់ត៍បានបន្ថយប្រតិបត្តិការឡោមព័ទ្ធរបស់អ៊ីស្រាអែលវិញបន្ទាប់ពីត្រូវរង​សម្ពាធ​ពី​ប្រធានាធិបតី​អាមេរិក លោកចូ បៃដិន ហើយ​កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅដប់​ថ្ងៃ​ក្រោយ​មក ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​ចូល​ក្នុង​ហ្កាហ្សា។[១៧៩]

នៅថ្ងៃទី១៣ ខែតុលា ក.ក.អ. បានបញ្ជាឱ្យជនស៊ីវិលទាំងអស់នៅក្នុងទីក្រុងហ្កាហ្សាជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូងនៃវ៉ាឌីហ្កាហ្សា ក្នុងរយៈពេល ២៤ ម៉ោង។[១៨០] នៅថ្ងៃទី១៣ ខែតុលា ក.ក.អ. បានប្រកាសផ្សព្វផ្សាយពីច្រកផ្លូវនានាដែលប្រជាជនហ្កាហ្សាភាគខាងជើងអាចធ្វើដំណើរតាមបានដើម្បីទៅរកទីទួលសុវត្ថិភាពនៅភាគខាងត្បូង[១៨១] ហើយនៅថ្ងៃដដែរមានករណីផ្ទុះ​មួយបានកើតឡើង​នៅ​លើកំណាត់​ផ្លូវ​សុវត្ថិភាព​មួយដែលណែនាំដោយអ៊ីស្រាអែលនោះ ជាហេតុបង្កឱ្យមានមនុស្សស្លាប់ប្រមាណ ៧០ នាក់​។ អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចោទប្រកាន់គ្នាទៅវិញទៅមកចំពោះករណីផ្ទុះលើផ្លូវមួយនោះ។[១៨២] មន្ត្រីអ៊ីស្រាអែល រដ្ឋាភិបាលបរទេស និងអង្គការអន្តររដ្ឋាភិបាលជាច្រើនបានថ្កោលទោសក្រុមហាម៉ាស់ជុំវិញការប្រើប្រាស់មន្ទីរពេទ្យ និងជនស៊ីវិលជាខែលការពារពីការវាយប្រហារផ្សេងៗ ប៉ុន្តែការចោទប្រកាន់ទាំងនេះត្រូវបានជំទាស់ដោយអង្គការលើកលែងទោសអន្តរជាតិ[១៨៣] ក៏ដូចជាហាម៉ាស់ខ្លួនឯងផ្ទាល់។[១៨៤] ទាំងទាហាន​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន ព្រម​ទាំង​ក្រុម​សិទ្ធិ​មនុស្ស​ដទៃទៀតក៏​បាន​ចោទ​ប្រកាន់ ក.ក.អ. ថា​បាន​ប្រើ​ប្រាស់ជនស៊ីវិលធ្វើជាខែលការពារ​ដូច​គ្នា​។[១៨៥][១៨៦][១៨៧]

នៅថ្ងៃទី១៧ ខែតុលា អ៊ីស្រាអែលបានចាប់ផ្ដើមទម្លាក់គ្រាប់បែកនៅភាគខាងត្បូងតំបន់ហ្កាហ្សា​[១៨៨] ហើយនៅល្ងាចនៃថ្ងៃដដែរនោះ ចំណតរថយន្តនៅមន្ទីរពេទ្យអារ៉ាប់អាល់អាលីនៃកណ្ដាលក្រុងហ្កាហ្សា បានរងគ្រាប់ផ្ទុះឆាបឆេះស្លាប់មនុស្សអស់រាប់រយនាក់។[១៨៩] សេចក្តីថ្លែងការណ៍របស់ប៉ាឡេស្ទីនដែលថាវាជាលទ្ធផលនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលត្រូវបានបដិសេធដោយ ក.ក.អ. ដែលសាមីខ្លួនបានបញ្ជាក់ថាហេតុការណ៍ផ្ទុះនោះគឺបណ្តាលមកពីគ្រាប់រ៉ុក្កែតបាញ់ខុសបច្ចេកទេសដោយក្រុមជីហាដឥស្លាមប៉ាឡេស្ទីន[១៩០] ខណៈក្រុមនេះបានបដិសេធការប្រឡូកចូលពាក់ព័ន្ធក្នុងការវាយប្រហារនោះ។[១៩១]

ការឈ្លានពានដំបូង និងបទឈប់បាញ់ដំបូង (តុលា–វិច្ឆិកា ២០២៣)

Thumb
Thumb
Thumb
កងយោធា​អ៊ីស្រាអែលកំឡុង​ប្រតិបត្តិការ​ថ្មើរជើង​នៅ​ហ្កាហ្សា

នៅថ្ងៃទី២៧ ខែតុលា បន្ទាប់ពីប្រមូលផ្ដុំកម្លាំងទាហានបានជាង ១០០,០០០ នាក់ កងកម្លាំងការពារអ៊ីស្រាអែលក៏បានបើកការឈ្លានពានទ្រង់ទ្រាយធំចូលទៅក្នុងទឹកដីហ្កាហ្សាភាគខាងជើង។[១៩២][១៩៣] នៅថ្ងៃបន្ទាប់ អ៊ីស្រាអែលបានបាញ់មីស៊ីលចូលក្នុងជំរុំជនភៀសខ្លួនចាបាលីយ៉ាដោយបានសម្លាប់មនុស្សប្រមាណ ៥០ នាក់ និងរបួស ១៥០ នាក់។ អ៊ីស្រាអែលបានអះអាងថាការវាយប្រហារលើជំរុំនោះគឺមានគោលដៅលើអគ្គមេបញ្ជាការហាម៉ាស់ម្នាក់ និងក្រុមសកម្មប្រយុទ្ធប៉ុន្មានទៀត ខណៈហាម៉ាស់វិញបានច្រានចោលពីវត្តមានសមាជិកខ្លួននៅក្នុងជំរុំនោះ។[១៩៤][១៩៥]

នៅថ្ងៃទី៣១ ខែតុលា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសសម្ដៅលើអគារប្រាំមួយជាន់មួយកន្លែង ដែលជាហេតុនាំឱ្យជនស៊ីវិលយ៉ាងតិច ១០៦ នាក់បាត់បង់ជីវិត ដោយក្នុងនោះមានកុមារចំនួន ៥៤ នាក់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានសម្ដៅលើការវាយប្រហារនោះថាជា "ឧក្រិដ្ឋកម្មសង្គ្រាមស្ដែងៗ"។[១៩៦] នៅថ្ងៃទី១ ខែវិច្ឆិកា ក្រុមមនុស្សដែលត្រូវជម្លៀសដំបូងបានឆ្លងចេញពីហ្កាហ្សាចូលក្នុងប្រទេសអេហ្ស៊ីប។ ប្រជាជនដែលត្រូវជម្លៀសចំនួនប្រាំរយនាក់ទៀត រួមមានអ្នករងរបួសធ្ងន់ធ្ងរនិងជនបរទេស ត្រូវបានជម្លៀសតាមព្រំដែនប្រទេសអេហ្ស៊ីបនៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។[១៩៧] នៅថ្ងៃទី១៨ ខែវិច្ឆិកា អ៊ីស្រាអែលបានធ្វើការវាយប្រហារលើក្បួនរថយន្តរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន ដោយបានសម្លាប់បុគ្គលិកអង្គការនោះចំនួនពីរនាក់។[១៩៨] មកដល់ថ្ងៃទី២២ ខែវិច្ឆិកា អ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នមួយ ដោយមានការផ្អាកអរិភាពរយៈពេល ៤ ថ្ងៃ[១៩៩] ដើម្បីបើកផ្លូវឱ្យមានដំណើរដោះលែងចំណាប់ខ្មាំង ៥០ នាក់ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា។[១៩៩][២០០] កិច្ច​ព្រម​ព្រៀងនោះក៏បានតម្រូវឱ្យអ៊ីស្រាអែល​ដោះ​លែង​ស្ត្រី​និង​កុមារ​ប៉ាឡេស្ទីន​ប្រមាណ​ ១៥០ ​នាក់​ដែល​ខ្លួនបានកំពុង​ឃុំ​ឃាំងដែរ។[២០០]

Thumb
ចំណាប់ខ្មាំងអ៊ីស្រាអែលអាយុ ១៣ ឆ្នាំម្នាក់ក្រោយហាម៉ាស់បានដោះលែងកំឡុងបទឈប់បាញ់, ២៦ វិច្ឆិកា ២០២៣

បន្ទាប់ពីបទឈប់បាញ់ដែលមានប្រទេសកាតាជាអ្នកសម្របសម្រួលបានចូលជាធរមាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មភាពវាយប្រយុទ្ធគ្នាទាំងឡាយនៅដែនជ្រោយហ្កាហ្សាក៏បានឈប់ផ្អាកទាំងស្រុង។ កំឡុងបទឈប់បាញ់នោះ ក្រុមហាម៉ាស់បានដោះដូរចំណាប់ខ្មាំងមួយចំនួនរបស់ខ្លួនជាមួយនឹងអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលចាប់ឃុំ[២០១] រីឯអ៊ីស្រាអែល​វិញនៅតែបន្ត​ចាប់​ខ្លួន​ប្រជាជន​ប៉ាឡេស្ទីន​ផ្សេងទៀតដែលស្ទើរ​តែ​មានចំនួនស្មើនឹងអ្នកទោសដែលសាមីខ្លួន​បាន​ដោះលែងនោះទៅហើយ។[២០២] ដំណើរការដោះដូរអ្នកទោសនោះបានអូសបន្លាយរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា នៅពេលដែលភាគីទាំងសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភលើបទឈប់បាញ់។[២០៣][២០៤] នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅក្នុង "កិច្ចព្រមព្រៀងនាទីចុងក្រោយ" ហាម៉ាស់បានដោះលែងចំណាប់ខ្មាំងចំនួនប្រាំបីនាក់ជាថ្នូរនឹងសេរីភាពជនជាតិប៉ាឡេស្ទីនចំនួន ៣០ នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារអ៊ីស្រាអែល និងរួមទាំងការពន្យារបទឈប់បាញ់បន្ថែមមួយថ្ងៃទៀត។[២០៥] ទោះជាយ៉ាងណា បទឈប់បាញ់នៅតែផុតកំណត់នៅថ្ងៃទី១ ខែធ្នូ ខណៈដែលអ៊ីស្រាអែលនិងហាម៉ាស់បានចោទគ្នាទៅវិញទៅមកចំពោះការបដិសេដលើការពន្យារបទឈប់បាញ់។[២០៦]

ការបន្តប្រយុទ្ធគ្នា (ធ្នូ ២០២៣ – មេសា ២០២៤)

ក្រោយពីសង្គ្រាមបានរើបន្តឡើងវិញ អ៊ីស្រាអែលបានប្រកាសនូវផែនទីជម្លៀសជនស៊ីវិលនៅហ្កាហ្សា ប៉ុន្តែផែនទីនោះបានទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ ព្រោះថាអ៊ីស្រាអែលទើបតែបានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតនិងអគ្គិសនីប្រើប្រាស់ថ្មីៗនៅហ្កាហ្សា ជាហេតុបណ្ដាលឱ្យប្រជាជនហ្កាហ្សាមិនអាចមើលឬភ្ជាប់នឹងផែនទីជម្លៀសនោះបាន។ ម្យ៉ាងទៀត លំណែនាំក្នុងផែនទីនោះគឺខ្វះសេចក្ដីពន្យល់លម្អិត[២០៧][២០៨] ហើយជួនកាល ផ្លូវជម្លៀសក្នុងផែនទីនោះត្រូវទទួលរងការវាយប្រហារផ្សេងៗពីអ៊ីស្រាអែលដោយគ្មានហេតុផលភស្តុតាងច្បាស់លាស់។[២០៩][២១០] អង្គការលើកលែងទោសអន្តរជាតិមិនបានរកឃើញភស្តុតាងអ្វីដែលបញ្ជាក់ពីវត្តមានសមាជិកក្រុមហាម៉ាស់នៅតាមទីកន្លែងមួយចំនួនដែលអ៊ីស្រាអែលបានវាយប្រហារនោះទេ ហើយបានស្នើឱ្យមានការស៊ើបអង្កេតពីសក្តានុភាពនៃឧក្រិដ្ឋកម្មសង្គ្រាម។[២១១]

Thumb
រូបថតពីអាកាសបង្ហាញពីហ្វូងប្រជាជនស៊ីវិលប៉ាឡេស្ទីននៅនូសីរ៉ាតខាងជើង កំពុងរង់ចាំការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ

គិតមកត្រឹមខែធ្នូ ឆ្នាំ២០២៣ ក.ក.អ. បានវាយចូលដល់ទីកណ្ដាលទីក្រុងខាន់យូនីស ចាបាលីយ៉ា និងឈូចាអ៊ីយ៉ា[២១២] ខណៈកំណើនចំនួនគ្រាប់បែកទម្លាក់ដោយអ៊ីស្រាអែលក្នុងតំបន់ទាំងនោះបានបង្ខំឱ្យប្រជាជនស៊ីវិលរត់ទៅភាគខាងត្បូងតំបន់ហ្កាហ្សាសម្ដៅទៅទីក្រុងរ៉ាហ្វា។[២១៣] មកដល់ថ្ងៃទី១៥ ខែមករា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកយ៉ូអាហ្វ ហ្កាឡង់ត៍បានមានប្រសាសន៍ថា ប្រតិបត្តិការប្រយុទ្ធកម្រិតខ្លាំងនៅភាគខាងជើងដែនជ្រោយហ្កាហ្សាបានបិទបញ្ចប់ហើយ ចំណែកឯដំណាក់កាលថ្មីនៃប្រតិបត្តិការប្រយុទ្ធក្នុងកម្រិតទាបកំពុងតែនឹងត្រៀមចាប់ផ្តើម។[២១៤] ថ្វីបើសាមីខ្លួនធ្លាប់បានអះអាងបញ្ជាក់ថាកម្លាំងហាម៉ាស់នៅភាគខាងជើងហ្កាហ្សាត្រូវបានវិនាសអស់ក្ដី ប៉ុន្តែមកដល់ថ្ងៃទី១៨ ខែមករា ក.ក.អ. បានចេញសេចក្ដីរាយការណ៍មួយទៀតថា ហាម៉ាស់បានកំពុងរៀបចំកម្លាំងប្រយុទ្ធឡើងវិញនៅតំបន់ហ្កាហ្សាខាងជើង។[២១៥]

នៅថ្ងៃទី២២ ខែមករា ទាហាន ក.ក.អ. ចំនួន ២៤ រូបបានស្លាប់បាត់បង់ជីវិត ដោយនេះត្រូវជាចំនួនស្លាប់ទាហានអ៊ីស្រាអែលច្រើនបំផុតក្នុងមួយថ្ងៃចាប់តាំងពីអ៊ីស្រាអែលបានបើកការឈ្លានពានចូលដែនជ្រោយហ្កាហ្សាមក។ នៅក្នុងនោះ ទាហានចំនួន ២១ នាក់បានក្ស័យជីវិត នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុក្កែតដៃសម្ដៅទៅលើរថក្រោះអ៊ីស្រាអែល និងបានបង្កឱ្យអគារដែលនៅជុំវិញដួលរលំពីលើ។[២១៦][២១៧] នៅថ្ងៃទី២៩ ខែមករា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ហ៊ីន រ៉ាចាប ដែលជាក្មេងស្រីប៉ាឡេស្ទីនអាយុ ៥ ឆ្នាំម្នាក់ រួមជាមួយសមាជិកគ្រួសាររបស់នាងចំនួន ៦ នាក់ទៀត នៅពេលដែលរថយន្តពួកគេកំពុងបើកបរត្រូវបានរងគ្រាប់ប្រហារដោយរថក្រោះ និងកាំភ្លើងយន្តរបស់អ៊ីស្រាអែល។[២១៨] បុគ្គលិក​សង្គ្រោះ​បន្ទាន់ចំនួនពីរ​នាក់​ទៀតដែលព្យាយាមទៅជួយរ៉ាចាបក៏​ត្រូវ​បាន​អ៊ីស្រាអែលបាញ់សម្លាប់​ដែរ។ ក្រោយមក អង្គការអឌ្ឍចន្ទក្រហមបានបញ្ចេញសំឡេងហៅទូរស័ព្ទដ៏អភព្វពន់ពេករបស់រ៉ាចាបជាមួយនឹងអ្នកសង្គ្រោះបន្ទាន់ ដែលជាហេតុធ្វើឱ្យសហគមន៍អន្តរជាតិមានប្រតិកម្មខឹងកម្រើកយ៉ាងខ្លាំងចំពោះមរណភាពរបស់នាង និងសកម្មភាពសម្លាប់មនុស្សដោយគ្មានប្រណីរបស់អ៊ីស្រាអែល។[២១៩]

Thumb
រូបថតពីអាកាសបង្ហាញពីវិនាសកម្មទីក្រុងរ៉ាហ្វា ក្រោយពីអ៊ីស្រាអែលបានដកកម្លាំងចេញ
Thumb
រូបភាពពីដ្រូនអ៊ីស្រាអែលថតជាប់ការសម្លាប់រង្គាលជនស៊ីវិលប៉ាឡេស្ទីនខណៈពួកគេកំពុងទទួលជំនួយមនុស្សធម៌, កុម្ភៈ ២០២៤

អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកលើទីក្រុងរ៉ាហ្វានៅថ្ងៃទី១២ ខែកុម្ភៈ។[២២០] ដំណាលគ្នានេះ ការផ្គត់ផ្គង់ស្បៀងអាហារបានក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុន ពិសេសនៅក្នុងថ្ងៃទី៥ ខែកុម្ភៈ នៅពេលដែលកូននាវាចម្បាំងអ៊ីស្រាអែលមួយគ្រឿងបានបើកការបាញ់ផ្លោងទៅលើក្បួនរថយន្តជំនួយ UNRWA ដែលជាហេតុបង្ខំឱ្យ UNRWA ផ្អាកប្រតិបត្តិការរបស់ខ្លួនរយៈពេលជិត ៣ សប្តាហ៍ និងជាលទ្ធផលបានប៉ះពាល់ដល់មនុស្សត្រូវការស្បៀងប្រមាណ ២០០,០០០ នាក់។[១៩៨] មកដល់ថ្ងៃទី២៩ ខែកុម្ភៈ កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើប្រជាជនប៉ាឡេស្ទីនដែលកំពុងរង់ចាំជំនួយស្បៀងអាហារនៅភាគនិរតីនៃទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្ស ១០០ នាក់ និងបង្ករបួសដល់មនុស្ស ៧៥០ នាក់ផ្សេងទៀត។[២២១] នៅថ្ងៃទី១ ខែមីនា ថ្វីបើអាមេរិកបានប្រកាសថាចាប់ផ្តើមប្រតិបត្តិការទម្លាក់ជំនួយស្បៀងអាហារពីលើអាកាសចូលក្នុងតំបន់ហ្កាហ្សាក្ដី ប៉ុន្តែអ្នក​ជំនាញ​មួយចំនួន​បាន​សម្ដៅលើ​កិច្ច​ផ្ដួចផ្ដើម​របស់អាមេរិកនោះ​ថា​គ្រាន់តែជា​ឆាកល្ខោនសម្ដែងកិច្ចការមនុស្សធម៌ប៉ុណ្ណោះ ដោយបាន​និយាយ​បញ្ជាក់ទៀតថា​វា​នឹង​មិន​បានជួយ​សម្រាលអ្វីដល់​ស្ថានភាព​ស្បៀងនៅហ្កាហ្សា​នោះ​ទេ។[២២២]

មន្ទីរពេទ្យអាល់ឈីហ្វាដែលធ្លាប់ត្រូវបានកងកម្លាំងអ៊ីស្រាអែលឡោមព័ទ្ធកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានអ៊ីស្រាអែលបញ្ជូនទាហានវាយលុកចូលនៅចន្លោះថ្ងៃទី១៨ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា។[២២៣] នៅក្នុងយុទ្ធនាការនេះ កងកម្លាំងអ៊ីស្រាអែលបានអះអាងថាខ្លួនបានសម្លាប់មន្ត្រីហាម៉ាស់មួយចំនួន និងរួមទាំងមនុស្សប្រមាណ​ ២០០​ នាក់បន្ថែមទៀត។[២២៤] អ្នកដែលបានរួចផុតជីវិតចេញពីយុទ្ធនាការនោះបានបដិសេធថាគ្មានក្រុមសកម្មប្រយុទ្ធណាបានរៀបចំមូលដ្ឋានពួកគេនៅក្នុងមន្ទីរពេទ្យនោះទេ។[២២៥] បន្ថែមពីលើនេះ កងកម្លាំងអ៊ីស្រាអែលត្រូវបានគេចោទប្រកាន់ថាបានបំផ្លាញមន្ទីរពេទ្យនោះនៅសល់ត្រឹម "ផេះ" ហើយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជ្រកកោននៅទីនោះចំនួន ៤០០ នាក់។[២២៦][២២៧]

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី២៥ ខែមីនា ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្កាហ្សាសម្រាប់ខែរ៉ាម៉ាដាន[២២៨] ត្រូវបាន ក.ក.អ. មិនអើពើអនុវត្តតាមឡើយ។[២២៩] នៅថ្ងៃទី១ ខែមេសា បុគ្គលិកជំនួយអន្តរជាតិចំនួន ៧ នាក់របស់អង្គការផ្ទះបាយមជ្ឈិមសកល (WCK) ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសពីអ៊ីស្រាអែលនៅភាគខាងត្បូងនៃក្រុងឌែរអែលបាឡា[២៣០][២៣១] WCK បានរាយការណ៍ថារថយន្តរបស់ខ្លួនគឺមានស្លាកសញ្ញាសម្គាល់អង្គការជំនួយច្បាស់លាស់ ហើយថែមទាំងបានប្រាប់បង្ហាញទីតាំងរបស់ពួកគេទៅអ៊ីស្រាអែលទៀតផង។ ក្រោយមក WCK ក៏បានសម្រេចចិត្តដកខ្លួនចេញពីប្រតិបត្តិការផ្ដល់ជំនួយនៅហ្កាហ្សារួមជាមួយអង្គការមួយចំនួនផ្សេងទៀតដូចជា អាណេរ៉ា និងប្រូជិចត៍ហូប្ប៍[២៣១][២៣២]

នៅថ្ងៃទី៦ ខែមីនា អ៊ីស្រាអែលបានបញ្ចប់ការសាងសង់ផ្លូវថ្មីពីភាគខាងកើតទៅលិចក្នុងតំបន់ហ្កាហ្សាដើម្បីសម្រួលដល់ប្រព័ន្ធភស្តុភារតភ្ជាប់ទីតាំងឈរជើងនានារបស់ ក.ក.អ. នៅលើវិថីអាល់រ៉ាឈីដ និងសាឡាអាល់ឌីន ហើយជាខ្សែរារាំងប្រជាជននៅភាគខាងត្បូងហ្កាហ្សាមិនឱ្យត្រឡប់ទៅប៉ែកខាងជើងវិញ។[២៣៣] មិនយូរប៉ុន្មាន អ៊ីស្រាអែលក៏បានចាប់ផ្ដើមរៀបចំគម្រោងវាយលុកចូលទីក្រុងរ៉ាហ្វាដោយជ្រើសរើសយកពាក់កណ្តាលខែមេសាជាពេលបរិច្ឆេទចាប់ផ្ដើម ប៉ុន្តែអ៊ីស្រាអែលត្រូវបង្ខំពន្យារគម្រោងនោះវិញបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការបាញ់មីស៊ីលជាច្រើនគ្រាប់ចូលក្នុងទឹកដីរបស់ខ្លួន។[២៣៤] ចូលមកដល់ថ្ងៃទី២៥ ខែមេសា អ៊ីស្រាអែលបានបង្កើនការបាញ់ប្រហារផ្សេងៗលើក្រុងរ៉ាហ្វាមុនពេលចាប់ផ្ដើមដំណើរលុកលុថ្មើរជើង។[២៣៥][២៣៦]

ប្រតិបត្តិការវាយក្រុងរ៉ាហ្វា (ឧសភា–កញ្ញា ២០២៤)

Thumb
ទិដ្ឋភាពនៅតំបន់អាល់ម៉ាវ៉ាស៊ីដែលកំពុងផ្ទុកជនភៀសសឹកប៉ាឡេស្ទីនរាប់ពាន់រាប់ម៉ឹននាក់, ហ្កាហ្សាខាងត្បូង

នៅថ្ងៃទី៦​ ខែឧសភា ក.ក.អ. បានបញ្ជាឱ្យប្រជាជស៊ីវិលប្រមាណ ១០០,០០០ នាក់នៅរ៉ាហ្វាភាគខាងលិចជម្លៀសខ្លួនទៅតំបន់អាល់ម៉ាវ៉ាស៊ីនៅភាគខាងលិចនៃក្រុងខាន់យូនីស។[២៣៧] នៅចុងថ្ងៃដដែរនោះ ហាម៉ាស់បានប្រកាសថាខ្លួនបានយល់ស្របទទួលយកលក្ខខណ្ឌក្នុងបទឈប់បាញ់ដែលមានការសម្របសម្រួលពីប្រទេសអេហ្ស៊ីប និងកាតា[២៣៨] ប៉ុន្តែទោះយ៉ាងណា អ៊ីស្រាអែលបានបដិសេដមិនយល់ស្របលើបទឈប់បាញ់នោះទេ[២៣៩] ដោយបានអះអាងថាសាមីខ្លួននឹងនៅបន្តកិច្ចចរចា ខណៈដែលប្រតិបត្តិការយោធានៅរ៉ាហ្វានៅដំណើរការឡើងដដែរដើម្បីបន្ត "ដាក់សម្ពាធយោធាលើក្រុមហាម៉ាស់"។[២៤០] នៅថ្ងៃទី៦ ខែឧសភាដដែរ ក.ក.អ. បានវាយចូលតំបន់ជាងក្រុងរ៉ាហ្វា[២៤១] ហើយបានគ្រប់គ្រងលើច្រកឆ្លងដែនរ៉ាហ្វាទល់នឹងប្រទេសអេហ្ស៊ីបនៅថ្ងៃបន្ទាប់។[២៤២] គិតត្រឹមថ្ងៃទី១៥ ខែឧសភា មនុស្សប្រមាណ ៦០០,០០០ នាក់បានរត់ភៀសខ្លួនចេញពីទីក្រុងរ៉ាហ្វា និង ១០០,០០០ នាក់បន្ថែមទៀតពីតំបន់ភាគខាងជើង នេះបើយោងតាមអង្គការសហប្រជាជាតិ។[២៤៣]

Thumb
រថក្រោះអ៊ីស្រាអែលនៅច្រកឆ្លងដែនរ៉ាហ្វា

នៅថ្ងៃទី២៤ ខែឧសភា អង្គការសហប្រជាជាតិបាននិយាយថា រថយន្តដឹកជំនួយតែចំនួន ៩០៦ ប៉ុណ្ណោះដែលបានចូលក្នុងហ្កាហ្សាចាប់តាំងពីប្រតិបត្តិការវាយទីក្រុងរ៉ាហ្វាដោយអ៊ីស្រាអែលបានចាប់ផ្តើមមក។[២៤៤] នៅពីរថ្ងៃក្រោយគឺនៅថ្ងៃទី២៦ ខែឧសភា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរុំភៀសខ្លួនតែលអាល់ស៊ុលតាននៅក្នុងទីក្រុងរ៉ាហ្វា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥ នាក់ ខណៈខាងភាគីអ៊ីស្រាអែលបានអះអាងថាខ្លួនបានផ្ដាច់ជីវិតមន្ត្រីជាន់ខ្ពស់ហាម៉ាស់ចំនួនពីរនាក់នៅក្នុងការវាយប្រហារនោះ។[២៤៥][២៤៦] ក្រោម ៤៨ ម៉ោងក្រោយមក តំបន់ជម្លៀសមួយទៀតគឺ ជំរុំជនភៀសខ្លួនអាល់ម៉ាវ៉ាស៊ីត្រូវបានរងគ្រាប់រថក្រោះពីចម្ងាយ ដែលបណ្ដាលឱ្យមនុស្សយ៉ាងតិច ២១ នាក់បានស្លាប់[២៤៥][២៤៧] ប៉ុន្តែលើកនេះ ក.ក.អ. បានបដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងឧប្បត្តិហេតុវាយប្រហារមួយនេះ។[២៤៨]

នៅថ្ងៃទី៦ ខែមិថុនា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើសាលារៀនមួយកន្លែងក្នុងជំរុំជនភៀសខ្លួននូសីរ៉ាត ដោយបានសម្លាប់មនុស្សជាច្រើនរាប់សិបនាក់។ រយៈពេលពីរថ្ងៃក្រោយមក អ៊ីស្រាអែលបានធ្វើការវាយប្រហារលើជំរុំជនភៀសខ្លួននូសីរ៉ាតផ្ទាល់ ដោយបានជួយរំដោះចំណាប់ខ្មាំងអ៊ីស្រាអែលបួននាក់[២៤៩] ប៉ុន្តែប្រជាជនប៉ាឡេស្ទីនចំនួន ២៧៤ នាក់ត្រូវស្លាប់ជាលទ្ធផលនៃប្រតិបត្តិការរំដោះចំណាប់ខ្មាំងនោះ។[២៥០] យោងតាម​អ្នកឃ្លាំមើលមជ្ឈិមបូព៌ា និងអង្គការ ReliefWeb នៅរវាងពីថ្ងៃទី៤ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា អ៊ីស្រាអែលបានធ្វើការវាយប្រហារលើសាលារៀនចំនួន ២១ កន្លែងនៅហ្កាហ្សា ដោយបានសម្លាប់មនុស្សសរុប ២៧៤ នាក់។[២៥១]

ទិន្នន័យវិភាគរបស់អង្គការសហប្រជាជាតិលើប្រជាជនស៊ីវិលប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤។[២៥២][២៥៣]

  កុមារ (44%)
  ស្ត្រី (26%)
  បុរស (30%)

នៅថ្ងៃទី២២ ខែកក្កដា ក.ក.អ. បានចាប់ផ្តើមបើកការលុកលុយជាលើកទីពីរទៅលើទីក្រុងខាន់យូនីស[២៥៤] ក្នុងនោះ អ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនស៊ីវិលជម្លៀសខ្លួនចេញពីតំបន់ប៉ែកខាងកើតនៃទីក្រុងខាន់យូនីស[២៥៥] ខណៈមនុស្សចំនួន ៧៣ នាក់បានបាត់បង់ជីវិតនៅក្នុងថ្ងៃដំបូងនៃការលុកលុយរបស់អ៊ីស្រាអែល។[២៥៤][២៥៦] ការលុកលុយលើកទីបីដែលមានយៈពេលមួយខែបានបញ្ចប់នៅថ្ងៃទី៣០ ខែសីហា នៅពេលដែល ក.ក.អ​​​​​​​. បានដកកងវរសេនាតូចទី ៩៨ របស់ខ្លួនចេញពីក្រុងខាន់យូនីស និងឌែរអែលបាឡា ដោយអះអាងថាខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនជាង ២៥០ នាក់។[២៥៧]

ត្រឡប់មកថ្ងៃទី១៣ ខែកក្កដាវិញ មនុស្សប្រមាណ​ ៩០ នាក់បានបាត់បង់ជីវិត និង ៣០០ នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរុំក្នុងតំបន់អាល់ម៉ាវ៉ាស៊ី ហើយមនុស្ស ២២ នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយអ៊ីស្រាអែលខណៈពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នាបួងសួងនៅក្នុងជំរុំជនភៀសខ្លួនអាល់ឆាទី[២៥៨][២៥៩] រំលងមកដល់ថ្ងៃទី១០ ខែសីហា ប្រជាជនប៉ាឡេស្ទីនប្រមាណ ៨០ នាក់ត្រូវបានសម្លាប់តាមរយៈការវាយប្រហារតាមអាកាសពីអ៊ីស្រាអែលសម្ដៅទៅលើសាលារៀនតាបាអ៊ីន។[២៦០] នៅថ្ងៃទី១០ ខែកញ្ញា អ៊ីស្រាអែលបានវាយប្រហារលើជំរុំក្នុងតំបន់អាល់ម៉ាវ៉ាស៊ីម្តងទៀតដោយប្រើប្រាស់គ្រាប់មីស៊ីល ហើយបានសម្លាប់មនុស្សពី ១៩ ទៅ ៤០ នាក់។[២៦១][២៦២]

ប្រតិបត្តិការជាបន្តបន្ទាប់នៅជុំវិញហ្កាហ្សា (តុលា–ធ្នូ ២០២៤)

នៅក្នុងខែតុលា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើវិហារឥស្លាមឈូហាដាអាល់អាក់សានៅឯទីក្រុងឌែរអែលបាឡា និងសាលារៀនមួយកន្លែងនៅភាគកណ្តាលដែនជ្រោយហ្កាហ្សា ដែលនាំឱ្យមានមនុស្សស្លាប់ ២៦ នាក់ និងរបួសជាង ៩៣ នាក់។[២៦៣][២៦៤] រំលងប៉ុន្មានថ្ងៃបន្ទាប់ អ៊ីស្រាអែលបានធ្វើការវាយប្រហារមួយទៀតទៅលើសាលារៀនរូហ្វៃដា ដែលកាលនុះបានកំពុងបម្រើជាជម្រកជ្រកកោនដល់ជនភៀសសឹកនៅក្រុងឌែរអែលបាឡា ដោយបានសម្លាប់មនុស្សប្រមាណ ២៨ នាក់ និងបង្ករបួសដល់មនុស្ស ៥៤ នាក់បន្ថែមទៀត។[២៦៥][២៦៦] ប្រតិបត្តិការយោធាថ្មើរជើងនិងអាកាសនៅក្នុងក្រុងចាបាលីយ៉ាបានបន្តរហូតពេញមួយខែតុលា[២៦៧] ហើយនៅចន្លោះពីខែតុលានោះរហូតដល់ខែវិច្ឆិកា សកម្មភាពទម្លាក់គ្រាប់បែកនិងបាញ់ប្រហារផ្សេងៗរបស់អ៊ីស្រាអែលបានផ្ដាច់ជីវិតប្រជាជនប៉ាឡេស្ទីនរាប់រយនាក់។[២៦៨]

នៅថ្ងៃទី១៦ ខែតុលា កងកម្លាំងថ្មើរជើងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំហាម៉ាស់នាពេលនោះគឺលោកយ៉ាយ៉ា ស៊ីនវ៉ានៅក្នុងការបាញ់ប្រយុទ្ធគ្នាក្នុងជំរុំតែលអាសស៊ុលតាន[២៦៩] កំឡុងពេលបាញ់ប្រយុទ្ធជាមួយស៊ីនវ៉ានោះដែរ ទាហានអ៊ីស្រាអែលមិនបានរកឃើញចំណាប់ខ្មាំងណានៅក្បែរនោះទេ[២៧០] ហើយក៏គ្មានរបាយការណ៍អំពីការស្លាប់របួសជនស៊ីវិលផងដែរ។[២៧១]

ការឡោមព័ទ្ធហ្កាហ្សាខាងជើង

Thumb
ដងផ្លូវមួយនៅហ្កាហ្សាខាងជើងក្នុងកំឡុងបទឈប់បាញ់ក្នុងឆ្នាំ២០២៥ ពោលក្រោយប្រតិបត្តិការឡោមព័ទ្ធរបស់អ៊ីស្រាអែល

នៅថ្ងៃទី១៣ ខែតុលា មន្ត្រីជាន់ខ្ពស់ ក.ក.អ. បានប្រាប់សារព័ត៌មានហាអារ៉េតស៍ថា រដ្ឋាភិបាលអ៊ីស្រាអែលមិនមានបំណងចង់ចរចារំដោះចំណាប់ខ្មាំងទៀតឡើយ ហើយថ្នាក់ដឹកនាំនយោបាយកំពុងរកមធ្យោបាយកាត់យកដែនហ្កាហ្សាមួយផ្នែកបញ្ចូលជាទឹកដីអ៊ីស្រាអែល។[២៧២] នៅសប្ដាហ៍ក្រោយៗនៃខែតុលា អ៊ីស្រាអែលបានបង្កើននិងរឹតបន្តឹងការឡោមព័ទ្ធរបស់ខ្លួននៅហ្កាហ្សាខាងជើង ហើយជំនួយមនុស្សធម៌ប្រចាំថ្ងៃក្នុងតំបន់នោះត្រូវបានកាត់បន្ថយស្ទើរគ្មានសល់អ្វី។ សកម្មភាពបាញ់គ្រាប់ផ្លោងទៅលើមន្ទីរពេទ្យ ការបំផ្លាញកម្ទេចជម្រកជ្រកកោននានា និងការចាប់ជំរឹតបុរសនិងក្មេងប្រុសដោយយោធាអ៊ីស្រាអែល បាននាំឱ្យមានការសន្មតថា អ៊ីស្រាអែលបានកំពុងបំផ្លែងតំបន់ហ្កាហ្សាខាងជើងទៅជាតំបន់យោធាបិទជិត និងប្រកាសរាល់បុគ្គលដែលបដិសេធមិនព្រមចាកចេញពីហ្កាហ្សាខាងជើងថាជាខ្មាំងសត្រូវប្រដាប់អាវុធ។[២៧៣] នៅថ្ងៃទី៥ ខែវិច្ឆិកា ឧត្តមសេនីយឯករបស់អ៊ីស្រាអែលម្នាក់គឺលោកកូហិន អ៊ីតហ្ស៊ីកបានប្រាប់អ្នកយកព័ត៌មានថា "ក.ក.អ. គ្មានគោលបំណងអនុញ្ញាតឱ្យប្រជាជនដែលធ្លាប់រស់នៅក្នុងហ្កាហ្សាខាងជើងត្រឡប់មកវិញទេ" ហើយបានបន្តប្រាប់ថា ជំនួយស្បៀងអាហារផ្សេងៗគឺមិនមានទៀតឡើយ ព្រោះតំបន់នេះ "អស់វត្តមានជនស៊ីវិល" ហើយ។[២៧៤]

ទន្ទឹមនឹងនេះ ក.ក.អ. បានបន្តប្រតិបត្តិការឡោមព័ទ្ធរបស់គេនៅជុំវិញទីក្រុងចាបាលីយ៉ាដោយបានបញ្ជូនរថក្រោះបន្ថែមចូលទៅកាន់តំបន់ជុំវិញ ហើយបានចេញបញ្ជាឱ្យប្រជាជនក្នុងតំបន់ជម្លៀសខ្លួនចេញឱ្យអស់។[២៧៥] នៅថ្ងៃទី២៥ ខែតុលា អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយមន្ទីរពេទ្យកាម៉ាលអាដវ៉ាន ខណៈប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកវ៉ុលគើ ធួកបានសម្ដៅលើស្ថានការណ៍វិវត្តថ្មីៗនៅហ្កាហ្សាខាងជើងថាជា "ពេលវេលាដ៏ខ្មៅងងឹតបំផុត" ចាប់តាំងពីសង្រ្គាមបានកើតឡើងមក។[២៧៦] អង្គការសហប្រជាជាតិបានព្រមានថាស្ថានការណ៍បច្ចុប្បន្នអាចនាំឱ្យហ្កាហ្សាខាងជើងធ្លាក់ទៅក្នុងរណ្ដៅ "អន្តរាយ" ហើយថា "ប្រជាជនប៉ាឡេស្ទីនទាំងមូលនៅហ្កាហ្សាខាងជើងកំពុងប្រឈមនឹងហានិភ័យអាចបាត់បង់ជីវិតដោយសាររោគជំងឺ គ្រោះទុរ្ភិក្ស និងអំពើហិង្សាផ្សេងៗ"។[២៧៧] នៅថ្ងៃទី២ ខែវិច្ឆិកា អង្គការយូនីសេហ្វបាននិយាយថា កុមារជាង ៥០ នាក់នៅទីក្រុងចាបាលីយ៉ាត្រូវបានសម្លាប់ក្រោមថ្វីដៃអ៊ីស្រាអែលក្នុងរយៈពេលពីរថ្ងៃកន្លងមក។[២៧៨]

UNRWA បាននិយាយថា អ៊ីស្រាអែលបានច្រានចោលកិច្វខិតខំផ្ដល់ជំនួយចំនួនប្រាំបួនលើកទៅកាន់ហ្កាហ្សាខាងជើងនៅក្នុងខែវិច្ឆិកា ហើយបានរារាំងកិច្ចប្រឹងប្រែងបន្ថែមចំនួន ៨២​ លើកទៀត ចំណែកឯស្ថានការណ៍រស់នៅបើយោងតាមអង្គការដដែរនោះបានឱ្យដឹងថាកំពុងថយចុះ ពិសេសចំពោះជនស៊ីវិលពីប្រមាណ ៦០,០០០ ទៅ ៧០,០០០ នាក់ដែលកំពុងនៅមានវត្តមានក្នុងហ្កាហ្សាភាគខាងជើងនៅឡើយ។[២៧៩]

បទឈប់បាញ់លើកទីពីរ និងការបន្តប្រយុទ្ធគ្នា (មករា–មេសា ២០២៥)

Thumb
ប្រជាជនជម្លៀសកំពុងធ្វើដំណើរតាមវិថីអាល់រ៉ាស៊ីដទៅកាន់ទីកន្លែងដែលពួកគេធ្លាប់បានរស់នៅវិញបន្ទាប់ពីបទឈប់បាញ់ថ្មីត្រូវបានចុះ, មករា ២០២៥

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងមួយត្រូវបានប្រកាសរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់តាមរយៈការសម្រុះសម្រួលពីប្រទេសកាតា ដែលក្នុងនោះក្រុមហាម៉ាស់បានយល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួនដែលត្រូវបានជាប់ឃុំខ្លួននៅដែនជ្រោយហ្កាហ្សា ជាថ្នូរនឹងការដោះលែងពួកសកម្មប្រយុទ្ធហាម៉ាស់ និងអ្នកទោសប៉ាឡេស្ទីនផ្សេងទៀតដែលបានកំពុងជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល។ ភាគីទាំងពីរក៏បានយល់ព្រមលើបទឈប់បាញ់ថ្មីផងដែរដោយវាបានចូលជាធរមាននៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។[២៨០][២៨១] ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលពីការរំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់ ហើយបានប្រកាសផ្អាកការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅក្នុងថ្ងៃទី១០ ខែកុម្ភៈ។[២៨២] បន្ទាប់ពីលោកណេតាន់យ៉ាហ៊ូ និងត្រាំបានគំរាមបំផ្ទុះសង្គ្រាមឡើងវិញនៅហ្កាហ្សា[២៨៣] ក្រុមហាម៉ាស់ក៏បានផ្លាស់ប្ដូរជំហររបស់ខ្លួននៅថ្ងៃទី១៣ ខែកុម្ភៈ ដោយបានប្រកាសដោះលែងចំណាប់ខ្មាំងនៅរយៈពេលពីរថ្ងៃខាងមុខ។[២៨៤]

នៅថ្ងៃទី១ ខែមីនា ដែលត្រូវជាថ្ងៃបទឈប់បាញ់ដំណាក់កាលទីមួយបិទបញ្ចប់ ក្រុមចលនាហាម៉ាស់បានបដិសេដចំពោះសំណើរបស់អ៊ីស្រាអែលក្នុងការពន្យារដំណាក់កាលទីមួយបន្តដើម្បីដោះលែងចំណាប់ខ្មាំងបន្ថែម ដោយផ្ទុយមកវិញ ហាម៉ាស់បានអំពាវនាវឱ្យចាប់ផ្ដើមអនុវត្តបទឈប់បាញ់ដំណាក់កាលទីពីរភ្លាមៗ។[២៨៥] លក្ខខណ្ឌសំខាន់ៗនៅក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់នោះរួមមាន ការដោះលែងចំណាប់ខ្មាំងដែលនៅមានជីវិតទាំងប៉ុន្មាន និងការដកកងកម្លាំងយោធារបស់អ៊ីស្រាអែលទាំងអស់ចេញពីហ្កាហ្សាដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ហើយកិច្ចចរចាដើម្បីបានអនុវត្តវាត្រូវបានកំណត់ចាប់ផ្ដើមនៅក្នុងខែកុម្ភៈ ពោលគឺ ១៦ ថ្ងៃក្រោយបទឈប់បាញ់បានចូលជាធរមានដំបូង ប៉ុន្តែកិច្ចចរចាដូចដែលបានព្រមព្រៀងគ្នាទុកមុននោះមិនដែលត្រូវបានចាប់ផ្ដើមអនុវត្តទេ។[២៨៦][២៨៧] ការិយាល័យលោកណេតាន់យ៉ាហ៊ូបានថ្លែងថា អ៊ីស្រាអែលបានគាំទ្រនូវផែនការរបស់អាមេរិកក្នុងការពន្យារបទឈប់បាញ់ដំណាក់កាលទីមួយ ពិសេសសម្រាប់រដូវកាលរ៉ាម៉ាដាន និងបុណ្យរំលងនាពេលខាងមុខ។ ក្រោមផែនការនេះ ប្រមាណពាក់កណ្ដាលនៃចំណាប់ខ្មាំងទាំងនៅរស់និងស្លាប់នឹងត្រូវរំដោះលែងនៅថ្ងៃដំបូងនៃដំណាក់កាលពន្យារថ្មី ហើយចំណាប់ខ្មាំងដែលនៅសល់ទាំងប៉ុន្មាននឹងត្រូវដោះលែងនៅចុងដំណាក់កាលពន្យារនោះ ប្រសិនបើបទឈប់បាញ់អចិន្ត្រៃយ៍អាចត្រូវបានសម្រេចព្រមពៀង។ យោងតាមអំណះអំណាងពីប្រភពមួយចំនួនបានឱ្យដឹងថា កិច្ចព្រមព្រៀងគ្នាដំបូងៗនោះបានបើកដៃឱ្យអ៊ីស្រាអែលបន្តសង្គ្រាមឡើងវិញនៅពេលណាដែលគេចង់នៅក្រោយថ្ងៃទី១ ខែមីនា ប្រសិនបើកិច្ចចរចាជាប់គាំងមិនអាចទៅមុខរួច។ បន្ទាប់ពីហាម៉ាស់បានបដិសេដមិនយល់ស្របលើសំណើរបស់អាមេរិក[២៨៨][២៨៩] លោកណេតាន់យ៉ាហ៊ូក៏បានបញ្ជាឱ្យបិទផ្លូវបញ្ជូនជំនួយចូលហ្កាហ្សាភ្លាមៗ។[២៩០][២៩១]

ឈានមកដល់ថ្ងៃទី៩ ខែមីនា រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោកអេលី កូហេនបានបញ្ជាឱ្យផ្អាកការផ្គត់ផ្គង់អគ្គិសនីចូលទៅហ្កាហ្សា។[២៩២] នៅថ្ងៃទី១៤​ ខែមីនា ក្រុមហាម៉ាស់បានប្រកាសយល់ស្របលើសំណើដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល-អាមេរិកាំងម្នាក់ និងរួមទាំងសាកសពនៃចំណាប់ខ្មាំងពីរសញ្ជាតិចំនួនបួនរូបទៀត[២៩៣] ប៉ុន្តែអាមេរិកនិងអ៊ីស្រាអែលបានបដិសេដ ព្រោះវាខុសមិនដូចការអំពាវនាវឱ្យដោះលែងចំណាប់ខ្មាំងនៅរស់ចំនួនបួននាក់របស់ពួកគេនៅថ្ងៃដំបូងនៃដំណាក់កាលពន្យារ។[២៩៤]

Thumb
ជនស៊ីវិលប៉ាឡេស្ទីនកំពុងទទួលយកចំណីអាហារក្នុងកំឡុងខែរ៉ាម៉ាដាននៅទីក្រុងឌែរអែលបាឡា

នៅថ្ងៃទី១៨ ខែមីនា អ៊ីស្រាអែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយរួមមានការបាញ់មីស៊ីលនិងគ្រាប់ផ្លោងផ្សេងៗចូលទៅទូទាំងតំបន់ហ្កាហ្សា ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់ជាង ៤០០ នាក់ (យោងតាមមន្ត្រីហ្កាហ្សា) និងនាំឱ្យបទឈប់បាញ់បាត់សុពលភាពទាំងស្រុង។[២៩៥][២៩៦] ភាគីអ៊ីស្រាអែលបានអះអាងថា មូលហេតុដែលខ្លួនបានផ្ដើមការវាយប្រហារដូច្នោះគឺដោយសារតែក្រុមហាម៉ាស់បានបដិសេធពន្យារបទឈប់បាញ់ដំណាក់កាលទីមួយបន្តដើម្បីដោះលែងចំណាប់ខ្មាំងបន្ថែម និងការនៅបន្តរៀបចំពង្រីកនិងពង្រឹងកម្លាំងរបស់ពួកគេចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។[២៩៧] ចំពោះក្រុមហាម៉ាស់វិញ គេបាននិយាយអះអាងថាខ្លួនបានប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឹងម៉ាត់និងជាក់លាក់ ហើយអ៊ីស្រាអែលគឺជាអ្នកបង្កអរិភាពឈ្លានពានឡើងវិញ។ ក្នុងកែវភ្នែកអន្តរជាតិ ការវាយប្រហាររបស់អ៊ីស្រាអែលគឺជាទង្វើបង្ខាំងកុំឱ្យមានបទឈប់បាញ់ដ៏យូរអង្វែង។[២៩៨]

សមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលហ្កាហ្សាជាច្រើននាក់ និងរួមទាំងសមាជិកនៃការិយាល័យនយោបាយហាម៉ាស់ផងដែរត្រូវបានសម្លាប់អស់ជីវិតនៅកំឡុងយុទ្ធនាការវាយប្រហារដោយអ៊ីស្រាអែលលើកនេះ ដែលក្នុងនោះរួមមាន៖ លោកអៃសំ អាល់ដាអាលីសដែលត្រូវជាប្រមុខរដ្ឋាភិបាលនៅហ្កាហ្សា លោកសាឡា អាល់បារដាវី[២៩៩]និងអ៊ីស្មាអ៊ីល បារហ៊ូម (សមាជិកនៃការិយាល័យនយោបាយ)[៣០០][៣០១] ម៉ះមូដ អាប៊ូវ៉ាត់ហ្វា (អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនៃដែនជ្រោយហ្កាហ្សា) និងលោកបះចាត់ អាប៊ូស៊ុលតាន (ប្រធានសន្តិសុខផ្ទៃក្នុង)។

នៅថ្ងៃទី១៩​ ខែមីនា ក.ក.អ. បានបាញ់បំផ្ទុះអគារ អសប មួយកន្លែងនៅក្រុងឌែរអែលបាឡា ដែលបានសម្លាប់បុគ្គលិក អសប ម្នាក់ និងបុគ្គលអង្គការអន្តរជាតិផ្សេងទៀតចំនួនប្រាំមួយនាក់។[៣០២] ពីរថ្ងៃក្រោយមក ក.ក.អ. បានបំផ្ទុះបំផ្លាញមន្ទីរពេទ្យមិត្តភាពតួកគី-ប៉ាឡេស្ទីន[៣០៣] នៅថ្ងៃទី២៣ ខែមីនា ទាហាន ក.ក.អ. បានធ្វើការបាញ់ប្រហារលើរថយន្តដឹកជំនួយមនុស្សធម៌មួយហ្វូងដោយក្នុងនោះមានឡានពេទ្យចំនួនប្រាំគ្រឿង ឡានពន្លត់អគ្គិភ័យមួយគ្រឿង និងរថយន្ត អសប មួយគ្រឿងនៅភាគខាងត្បូងទីក្រុងរ៉ាហ្វា ដោយបានផ្ដាច់ជីវិតបុគ្គលិកជាពេទ្យនិងអ្នកសង្គ្រោះបន្ទាន់សរុប ១៥ នាក់។ សាកសពរបស់ពួកគេទាំងអស់ត្រូវបានគេរកឃើញនៅក្នុងថ្ងៃទី៣០​ ខែមីនា ស្ថិតក្នុងរណ្ដៅសាកសពមួយកន្លែង។[៣០៤][៣០៥] មកដល់ថ្ងៃទី១២ ខែមេសា ក.ក.អ. បានប្រកាសថាខ្លួនបានកំពុងឡោមព័ទ្ធទីក្រុងរ៉ាហ្វា ហើយគ្រោងនឹងកាន់កាប់ទីក្រុងនេះមួយផ្នែក ខណៈបញ្ជាជម្លៀសប្រជាជនទ្រង់ទ្រាយធំកំពុងដំណើរការ។[៣០៦] នៅថ្ងៃបន្ទាប់ មីស៊ីលអ៊ីស្រាអែលចំនួនពីរគ្រាប់បានហោះមកបំបុកមន្ទីរពេទ្យអាល់អាលី ដែលជាហេតុនាំឱ្យអ្នកជំងឺនិងអ្នករបួសបង្ខំជម្លៀសខ្លួនចេញពីអគារ ខណៈប៉ែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យនោះបានទទួលរងការខូចខាតយ៉ាងដំណំ។[៣០៧]

នៅថ្ងៃទី២៥ ខែមីនា នៅចំកណ្ដាលប្រតិបត្តិការយោធាអ៊ីស្រាអែល[២៩៨] ប្រជាជនប៉ាឡេស្ទីនប្រមាណរាប់រយទៅរាប់ពាន់នាក់[៣០៨][៣០៩]បានរួមគ្នាចេញបាតុកម្មប្រឆាំងនឹងហាម៉ាស់និងសង្គ្រាមដែលកំពុងឆាបឆេះ ដោយពួកគេបាននាំគ្នាអំពាវនាវឱ្យបញ្ចប់សង្គ្រាម និងបញ្ចប់របបគ្រប់គ្រងរបស់ហាម៉ាស់នៅហ្កាហ្សា។ បាតុកម្មតវ៉ានោះបានកើតឡើងដោយសារការអត់នឿយមិនអាចទ្រាំទ្ររបស់ប្រជាជនស៊ីវិលនឹងសង្គ្រាមរ៉ាំរ៉ៃ និងការមិនពេញចិត្តនឹងរបបហាម៉ាស់ ពិសេសទាក់ទិននឹងការប្រើប្រាស់ជំនួយខុសគោលដៅមិនបានដល់ដៃជនស៊ីវិល[៣១០] ការគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិ និងការរំលោភសិទ្ធិប្រជាជនប៉ាឡេស្ទីនផ្សេងៗទៀត។[៣១១]

ប្រតិបត្តិការអ៊ីស្រាអែលថ្មី (ឧសភា–សីហា ២០២៥)

នៅដើមខែឧសភា អ៊ីស្រាអែលបានប្រកាសពីផែនការពង្រីកប្រតិបត្តិការយោធានៅហ្កាហ្សា និងកំណែនកងទ័ពបម្រុងរាប់ពាន់នាក់បន្ថែមទៀត។[៣១២][៣១៣] មនុស្សយ៉ាងតិច ១៤៣ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងថ្ងៃទី១៥ ខែឧសភា ដែលធ្វើឱ្យវាក្លាយជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតចាប់តាំងពីសង្គ្រាមបានបន្តឡើងវិញក្រោយបទឈប់បាញ់។[៣១៤]

នៅថ្ងៃទី១៣ ខែមិថុនា ការវាយប្រហារពីលើអាកាសដោយអ៊ីស្រាអែលទៅលើបរិវេណមន្ទីរពេទ្យអឺរ៉ុបហ្កាហ្សានៅក្នុងទីក្រុងខាន់យូនីសនិងតំបន់ជុំវិញ បានសម្លាប់ថ្នាក់ដឹកនាំកំពូលហាម៉ាស់ចំនួនពីររូបគឺលោកម៉ូហាម៉េដ ស៊ីនវ៉ា និងមូហាម៉ាដ ឆាបាណា ដែលអ្នកទាំងពីរកំពុងបានលាក់ខ្លួននៅក្នុងរូងសម្ងាត់ក្រោមដី។[៣១៥][៣១៦][៣១៧] ក្នុងកំឡុងខែមិថុនាដដែរ ក.ក.អ. បានរាយការណ៍ថាខ្លួនបានរកឃើញ និងកំណត់អត្តសញ្ញាណសាកសពរបស់ស៊ីនវ៉ាបានហើយ។[៣១៨] អូសបន្លាយរហូតដល់ថ្ងៃទី៣០ ខែសីហា ទើបក្រុមហាម៉ាស់បានប្រកាសបញ្ជាក់ពីមរណភាពរបស់ស៊ីនវ៉ា។[៣១៩]

នៅថ្ងៃទី១៦ ខែឧសភា អ៊ីស្រាអែលបានប្រកាសបើកប្រតិបត្តិការរថចម្បាំងហ្គីដអ៊ន ដែលត្រូវជាប្រតិបត្តិការយោធាវាយសម្ដៅយកដែនជ្រោយហ្កាហ្សាទាំងមូលមកគ្រប់គ្រង។ សកម្មភាពនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយសម្ព័ន្ធមិត្តអ៊ីស្រាអែលជាច្រើន ដោយខ្លះថែមទាំងបានគំរាមដាក់ទណ្ឌកម្មលើអ៊ីស្រាអែលទៀតផង។[៣២០][៣២១] មកដល់ថ្ងៃទី១៨ ខែឧសភា អ៊ីស្រាអែលបានបាញ់ប្រហារលើសាលារៀនមួយកន្លែងក្នុងសង្កាត់ដារ៉ាជក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ៣៦ នាក់ (ក្នុងនោះមាន ១៨ នាក់ជាកុមារ និងប្រាំមួយនាក់ជាស្ត្រី) និងបង្ករបួសដល់មនុស្សជាង ៥៥ នាក់ផ្សេងទៀត។[៣២២] កងជីវពលថ្មីនៅហ្កាហ្សាគឺកងកម្លាំងប្រជាជនបានចាប់ផ្ដើមប្រតិបត្តិការបានលេចឡើងនៅចុងខែឧសភាដោយមានទំនោរប្រឆាំងនឹងហាម៉ាស់។ លោកអាវីកឌ័រ លីប៊ឺរម៉ានបានចោទប្រកាន់លោកណេតាន់យ៉ាហ៊ូនិងរដ្ឋាភិបាលអ៊ីស្រាអែលថាជាអ្នកគាំទ្រផ្ដល់ហិរញ្ញប្បទាន និងបំពាក់អាវុធដល់កងជីវពលមួយនោះ។[៣២៣]

នៅថ្ងៃទី២៧ ខែឧសភា មូលនិធិមនុស្សធម៌ហ្កាហ្សារបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើប្រតិបត្តិការនៅក្រុងតែលអាល់ស៊ុលតាន។ ខណៈដែលប្រជាជនប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លានបានទៅប្រជ្រៀតគ្នានៅជុំវិញមជ្ឈមណ្ឌលចែកចាយជំនួយនោះ កងកម្លាំងអ៊ីស្រាអែលក៏បានបើកការបាញ់ប្រហារទៅលើហ្វូងប្រជាជនស្រេកឃ្លានទាំងនោះ បណ្ដាលឱ្យមនុស្សចំនួន ១០ នាក់បានស្លាប់បាត់បង់ជីវិត និងរបួសប្រមាណ ៦២ នាក់ទៀត។[៣២៤] ចាប់តាំងពីពេលនោះមក ប្រជាជនដែលរត់ទៅរកជំនួយហើយត្រូវបានអ៊ីស្រាអែលបាញ់សម្លាប់ មានចំនួនរហូតដល់ទៅជាង ១,៣០០ នាក់។[៣២៥]

នៅថ្ងៃទី២០ ខែកក្កដា ក.ក.អ. បានចេញបញ្ជាជម្លៀសសម្រាប់ប្រជាជននៅក្នុងទីក្រុងឌែរអែលបាឡា ដែលជាទីប្រជុំជនមួយមិនដែលធ្លាប់ត្រូវបានអ៊ីស្រាអែលលើកទ័ពវាយលុកនោះឡើយចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើមមក។[៣២៦] នៅថ្ងៃបន្ទាប់ កងកម្លាំងអ៊ីស្រាអែលបានចល័តទ័ពចូលទៅដល់តំបន់នៃជាយក្រុងនោះ ខណៈគ្រាប់ផ្លោងនិងមីស៊ីលជាច្រើនត្រូវបានបាញ់បង្ហោះចូល។[៣២៧]

ប្រតិបត្តិការវាយលុកទីក្រុងហ្កាហ្សា (សីហា ២០២៥–បច្ចុប្បន្ន)

នៅដើមខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តផែនការដើម្បីកាន់កាប់ទីក្រុងហ្កាហ្សា។ ផែនការអ៊ីស្រាអែលនេះបានប្រទាញការថ្កោលទោសជាច្រើនពីអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងបណ្ដាប្រទេសបរទេសមួយចំនួន។[៣២៨][៣២៩]

នៅថ្ងៃទី១០ ខែសីហា កងកម្លាំងអ៊ីស្រាអែលបានវាយប្រហារលើតង់អ្នកសារព័ត៌មានមួយនៅខាងក្រៅមន្ទីរពេទ្យអាល់ឆាហ្វា ដោយបានសម្លាប់អ្នកសារព័ត៌មានអាល់ចាហ្ស៊ីរ៉ាចំនួនប្រាំមួយនាក់[៣៣០][៣៣១] ដែលនាំឱ្យចំនួនអ្នកសារព័ត៌មានដែលត្រូវបានអ៊ីស្រាអែលសម្លាប់នៅក្នុងសង្គ្រាមនេះកើនឡើងដល់ ១៩២ នាក់។[៣៣២]

នៅថ្ងៃទី២០ ខែសីហា អ៊ីស្រាអែលបានចាប់ផ្តើមដំណាក់កាលដំបូងនៃការវាយលុកដណ្ដើមកាន់កាប់ទីក្រុងហ្កាហ្សា ហើយបានប្រមូលកម្លាំងបម្រុងចំនួន ៦០,០០០ នាក់នៅដើមខែកញ្ញា។[៣៣៣][៣៣៤]

នៅថ្ងៃទី១៥ ខែសីហា កងកម្លាំងអ៊ីស្រាអែលបានបាញ់ប្រហារលើមន្ទីរពេទ្យណាស៊ែរចំនួនពីរលើកផ្ទួនៗគ្នានៅភាគខាងត្បូងហ្កាហ្សា ដោយបានសម្លាប់មនុស្សចំនួន ២២ នាក់ ដោយក្នុងនោះមានអ្នកសារព័ត៌មានចំនួនប្រាំនាក់។[៣៣៥][៣៣៦] ក.ក.អ. បានបញ្ជាក់នៅលើបណ្ដាញសង្គមអ៊ីចថា កាមេរ៉ានៅលើដំបូលអគារមន្ទីរពេទ្យនោះត្រូវបានប្រើប្រាស់ដើម្បី "នាំមុខសកម្មភាពភេរវកម្ម" ប្រឆាំងនឹងទាហានរបស់ខ្លួន ប៉ុន្តែអ្នកកាសែតសារព៌ត៌មានវិញបាននិយាយតបថា កាមេរ៉ានោះគ្រាន់តែជាកាមេរ៉ារបស់សារព័ត៌មានរ៉យទ័រប៉ុណ្ណោះ។[៣៣៧]

នៅថ្ងៃទី៩ ខែកញ្ញា អ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជននៅទីក្រុងហ្កាហ្សាទាំងអស់ជម្លៀសខ្លួនចេញពីបរិវេណទីក្រុង ដោយលើកឡើងពីផែនការត្រៀមចាប់ផ្ដើមប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំ។[៣៣៨] មកដល់ទី១៥ ខែកញ្ញា ក.ក.អ​. បានចាប់ផ្តើមប្រតិបត្តិការថ្មើរជើងវាយចូលទីក្រុងហ្កាហ្សា ដោយាបានបញ្ជូននូវអង្គភាពពីកងពលរថពាសដែកចំនួនពីរ និងទ័ពថ្មើរជើងជាច្រើនពលទៀត។[៣៣៩]

Remove ads

ការរាលដាល

Thumb
Thumb
Thumb
  • ផ្សែងហុយឡើងលើបន្ទាប់អ៊ីស្រាអែលបានវាយប្រហារទៅលើទីស្នាក់ការហេស្បុលឡា
  • អគារខូចខាតនៅក្រុងគីរយ៉ាត់ឆ្មូណេ អ៊ីស្រាអែលភាគខាងជើង
  • ក្រុមនាវាចម្បាំងរបស់អាមេរិកនៅឯសមុទ្រមេឌីទែរ៉ាណេ

សង្គ្រាមមួយនេះបានរុញច្រានភាពតានតឹងរវាងប្រទេសមួយចំនួននៅក្នុងតំបន់ឱ្យធ្លាក់ចូលទៅក្នុងជម្លោះប្រឈមគ្នាផ្ទាល់ ជាពិសេសរវាងប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែល ដែលជាហេតុបង្កឱ្យកើតវិបត្តិសមុទ្រក្រហម និងសង្គ្រាមអ៊ីរ៉ង់–អ៊ីស្រាអែលជាដើម។[៣៤០] មេដឹកនាំកំពូលហាម៉ាស់ លោកអ៊ីស្មែល ហានីយ៉េត្រូវបានអ៊ីស្រាអែលលបធ្វើឃាតនៅឯរដ្ឋធានីតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់ ខណៈលោកបានធ្វើដំណើរមកអ៊ីរ៉ង់ដើម្បីចូលរួមពិធីសម្ពោធអាណត្តិប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូត ប៉េហ្សេស្សខ្ចន់។ ការវាយប្រហារសម្លាប់ថ្នាក់ដឹកនាំយោធា និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ដោយអ៊ីស្រាអែលជាបន្តបន្ទាប់បានរំពុះភាពតានតឹងរហូតដល់ផ្ទុះចេញជាសង្គ្រាម មុនពេលត្រូវរម្ងាប់ទៅវិញតាមរយៈបទឈប់បាញ់[៣៤១]

នៅប្រទេសស៊ីរីក្បែរនោះវិញ អ៊ីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់ផ្លោងចូលរដ្ឋធានីដាម៉ាស់នៃប្រទេសមួយនេះ ដូចជាការវាយប្រហារលើស្ថានទូតអ៊ីរ៉ង់នៅដាម៉ាស់នៅក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ជាដើម។​[៣៤២] រីឯនៅប្រទេសលីបង់ជិតនោះដូចគ្នា ក្រុមសកម្មប្រយុទ្ធហេស្បុលឡានៃភាគខាងត្បូងលីបង់បានចំណាយពេលមួយឆ្នាំបាញ់ស្រោបគ្រាប់មីស៊ីលជាច្រើនចូលក្នុងប្រទេសអ៊ីស្រាអែល មុនពេលត្រូវអ៊ីស្រាអែលផ្ដើមការឈ្លានពានចូលប្រទេសលីបង់វិញ ហើយត្រូវបានបញ្ចប់ទៅវិញដោយបទឈប់បាញ់[៣៤៣] វិបត្តិមួយនេះក៏ជាកត្តាមួយនាំឱ្យរបបផ្ដាច់ការត្រកូលអាសាដនៅស៊ីរីដួលរលំផងដែរ និងផ្ដល់ឱកាសឱ្យអ៊ីស្រាអែលចូលឈ្លានពាននិងកាន់កាប់កំពូលហ្កូឡានរបស់ស៊ីរីរហូតមកដល់សព្វថ្ងៃ។[៣៤៤] នៅមុនសង្រ្គាម ឆ្នាំ២០២៣ គឺជាឆ្នាំដ៏សាហាវបំផុតនៅក្នុងរយៈពេល ២០ ឆ្នាំសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់វ៉េសប៊ែងក្រោមការកាន់កាប់អ៊ីស្រាអែល។

អំពើហឹង្សានៅតំបន់វ៉េសប៊ែងបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីសង្គ្រាមហ្កាហ្សាបានផ្ទុះឡើង ដោយក្នុងនោះជនជាតិប៉ាឡេស្ទីនជាង ៦០៧ នាក់ និងជនជាតិអ៊ីស្រាអែលជាង ២៥ នាក់បានស្លាប់បាត់បង់ជីវិត។[៣៤៥] អង្គការលើកលែងទោសអន្តរជាតិបានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា អ៊ីស្រាអែលកំពុងអនុវត្តការសម្លាប់មនុស្សដោយខុសច្បាប់នៅវ៉េសប៊ែង និង "មិនប្រណីជីវិតប្រជាជនប៉ាឡេស្ទីនឡើយ" ហើយថាកងកម្លាំងអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើហឹង្សាខុសច្បាប់ជាច្រើនដែលជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់។[៣៤៦]

Remove ads

វិនាសកម្ម

ព័ត៌មានបន្ថែម ព្រឹត្តិការណ៍, សរុប ...

វិបត្តិមនុស្សធម៌

ឥទ្ធិពល

សង្រ្គាមនេះបានបង្កឱ្យកើតមានវិបត្តិការទូត ដោយប្រទេសជាច្រើននៅជុំវិញពិភពលោកសុទ្ធតែមានប្រតិកម្មខ្ពស់ចំពោះជម្លោះមួយនេះ ដែលជាហេតុប៉ះពាល់ដល់ស្ថិរភាពនៃទំនាក់ទំនងក្នុងតំបន់មជ្ឈិមបូព៌ា។[៣៥៥] ជាលទ្ធផល​ ​ប្រទេសយ៉ាងតិច​ចំនួន​ប្រាំបួនបាន​ដក​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ចេញ ឬ​បានកាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​តែម្តងជាមួយនឹងប្រទេស​អ៊ីស្រាអែល។[៣៥៦] សង្គ្រាម​នេះផងដែរក៏​បាននាំឱ្យ​សហគមន៍អន្តរជាតិចាប់ផ្ដើមមានចំណាប់អារម្មណ៍​ផ្តោតសារ​ជា​ថ្មីចំពោះដំណោះស្រាយ​រដ្ឋ​ពីរ​ ដែលនឹងបើកផ្លូវឱ្យរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីនមានអត្ថិភាពស្របគ្នា។[៣៥៧]

សេដ្ឋកិច្ច

ធនាគារនៃអ៊ីស្រាអែលបានប៉ាន់ប្រមាណថានៅត្រឹមឆ្នាំ២០២៥ សង្រ្គាមនេះនឹងធ្វើឱ្យប្រទេសអ៊ីស្រាអែលខាតបង់ទឹកប្រាក់ចំនួន ៦៧ ពាន់លានដុល្លារ ទោះបីជាមានជំនួយកញ្ចប់ថវិកាចំនួន ១៤.៥ ពាន់លានដុល្លារពីសហរដ្ឋអាមេរិកក៏ដោយ ដែលជាផ្នែកមួយនៃជំនួយយោធាអាមេរិកទៅដល់អ៊ីស្រាអែលដែលមានទឹកប្រាក់សរុប ២២.៧៦ ពាន់លានដុល្លារ។[៣៥៨] នៅដើមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារនៃអ៊ីស្រាអែលបានរាយការណ៍ថា ការធ្លាក់ចុះនៃកម្លាំងពលកម្មដែលបណ្តាលមកពីសង្រ្គាមកំពុងធ្វើឱ្យសេដ្ឋកិច្ចអ៊ីស្រាអែលខាតបង់ជាទឹកប្រាក់ចំនួន ៦០០ លានដុល្លារក្នុងមួយសប្តាហ៍ឬ ៦% នៃផលិតផលក្នុងស្រុកសរុបប្រចាំសប្តាហ៍។ ធនាគារ​នេះក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប៉ាន់​ស្មានរបស់ខ្លួនគឺ​មិនបានទាំង​រាប់​បញ្ចូល​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​អវត្តមាន​កម្មករ​ប៉ាឡេស្ទីន និង​បរទេសផ្សេងៗផង។[៣៥៩]​ នៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់អ៊ីស្រាអែលបានធ្លាក់ចុះប្រមាណ ៥.២% ចាប់ពីមួយត្រីមាសទៅមួយត្រីមាសទៀត ដោយសារតែកង្វះកម្លាំងពលកម្មនៅក្នុងវិស័យសំណង់ និងបូករួមទាំងការកំណែនទាហានបម្រុងបន្ថែមចំនួន ៣០០,០០០ នាក់ទៀត។[៣៦០] ខណៈដែលអ៊ីស្រាអែលនៅបន្តមានកំណើនសេដ្ឋកិច្ច ២% ប៉ុន្តែភាគរយនេះជាការធ្លាក់ចុះពីកំណើន ៦.៥% នៅក្នុងឆ្នាំមុនសង្គ្រាម។ ការចំណាយរបស់ប្រជាជនអ៊ីស្រាអែលបានធ្លាក់ចុះ ២៧% រីឯការនាំចូលវិញបានធ្លាក់ចុះ ៤២% និងការនាំចេញបានធ្លាក់ចុះ ១៨%។

កម្មករថៃប្រមាណ ៩,៨៥៥ នាក់នៅក្នុងវិស័យកសិកម្ម បូករួមទាំងកម្មករបរទេសឯទៀតប្រមាណ ៤,៣៣១ នាក់ក្នុងវិស័យសំណង់ និង ២,៩៩៧ នាក់ក្នុងវិស័យគិលានុបដ្ឋាយិកាបានចាកចេញពីអ៊ីស្រាអែលនៅក្រោយព្រឹត្តិការណ៍ ៧ តុលា។ មិនតែប៉ុណ្ណោះ ការរារាំងកម្មករប៉ាឡេស្ទីនប្រមាណ ៨៥,០០០ នាក់មិនឱ្យចូលប្រទេសអ៊ីស្រាអែលបានបង្កើនកង្វះខាតចំនួនកម្មករបន្ថែមសរុប ១០០,០០០ នាក់ទៀត។[៣៦១]

Remove ads

មើលផងដែរ

  • ជម្លោះប៉ាឡេស្ទីន–អ៊ីស្រាអែល
  • ដែនជ្រោយហ្កាហ្សា
  • បញ្ជីរាយសង្គ្រាមដែលមានប៉ាឡេស្ទីនជាប់ពាក់ព័ន្ធ
  • បញ្ជីរាយសង្គ្រាមដែលមានអ៊ីស្រាអែលជាប់ពាក់ព័ន្ធ

កំណត់សម្គាល់

  1. សូមមើល បញ្ជីរាយជំនួយយោធាដល់អ៊ីស្រាអែលក្នុងសង្គ្រាមហ្កាហ្សា
  2. កងកម្លាំងប្រជាជនត្រូវបានគេចាត់ទុកថាជាអង្គការជីហាដនិយមសាលាហ្វីដែលមានទំនាក់ទំនងជាមួយរដ្ឋឥស្លាម។ មេដឹកនាំកំពូលមួយចំនួនរបស់កងកម្លាំងប្រជាជនថែមទាំងមានសម្ព័ន្ធភាពជាមួយរដ្ឋឥស្លាមនៅក្នុងឧបទ្វីបស៊ីណៃទៀតផង។[]
  3. ពីខែឧសភា ឆ្នាំ២០២៤[][][]
  4. ត្រូវបានបណ្ដេញចេញក្នុងនាមជារដ្ឋមន្ត្រីការពារជាតិដោយណេតាន់យ៉ាហ៊ូនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤
  5. កងកម្លាំង​បូកបញ្ចូលគ្នាទាំងអស់រវាង​ក្រុម​ហាម៉ាស់ និង​ជីហា​ដឥស្លាម​ប៉ាឡេស្ទីនអាចមានចំនួនរហូត​ដល់ទៅ ៣៧,០០០នាក់។[១០][១១] ចំនួនកម្លាំងហាម៉ាស់តែឯងគឺពិបាកប៉ានណាស់ ដោយក្រុមនេះអាចមានកម្លាំងចាប់ពី ២០,០០០ រហូតដល់ ៤០,០០០ នាក់។[១២][១៣]
  6. ក្នុងនោះមានកម្លាំងសកម្មចំនួន ១៦៩,៥០០ នាក់[១៤] និងកម្លាំងបម្រុងចំនួន ៣៦០,០០០ នាក់[១៥]
  7. គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥[១៨][១៩] ផ្អែកតាមក្រសួងសុខាភិបាលហ្កាហ្សា ចំនួនអ្នកស្លាប់ដែលបានកត់ត្រាទុកមាន ៦៤,៧១៨ នាក់។[២០][២១] ចំនួន​អ្នក​ស្លាប់ដែលបាន​​កំណត់​អត្តសញ្ញាណ​មាន ៥៨,៣៨០ នាក់។[២២][២៣][២៤]
    ប្រភពអ៊ីស្រាអែលដែលបានអះអាងថាជនជាតិប៉ាឡេស្ទីនប្រមាណ ៣៦,០០០+ នាក់បានស្លាប់ ដោយក្នុងនោះមានជិត ២០,០០០ នាក់ (ក្រោយមកបានបន្ថយចុះមកត្រឹម ៨,០០០ នាក់វិញ)[២៥] ជាអ្នកសកម្មប្រយុទ្ធ ឬយោធិន[២៦] ត្រូវបានគេរិះគន់ថាមិនមានសុក្រឹតភាព ហើយមិនមានភស្តុតាងអ្វីគាំទ្រអំណះអំណាងខ្លួនឡើយ។[២៧] ទិន្នន័យផ្ទៃក្នុងរបស់អ៊ីស្រាអែលបានស្មានថា ៨៣% នៃអ្នកស្លាប់ទាំងអស់ជាជនស៊ីវិល។[២៨]
  8. គិតត្រឹមខែឧសភា ឆ្នាំ២០២៥ ដោយផ្អែកតាមមូលដ្ឋានទិន្នន័យផ្ទៃក្នុងអ៊ីស្រាអែល៖ មនុស្សចំនួន ៧,៣៣០ នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ ហើយ ១,៥៧០ នាក់ទៀតត្រូវបានសន្មតថាស្លាប់[២៩]
  9. បន្ថែមពីលើករណីស្លាប់ផ្ទាល់ ជម្លោះប្រដាប់អាវុធមួយនេះក៏បានបង្កឱ្យមានករណីស្លាប់ដោយប្រយោលផងដែរ។ មរណភាពដោយប្រយោលអាចបណ្ដាលមកពីមូលហេតុជាច្រើនខុសៗគ្នាដូចជា ជំងឺអាសន្នរោគជាដើម។[៣១] យោងតាមជម្លោះសង្គ្រាមថ្មីៗ អ្នកស្លាប់ដោយប្រយោលគឺមានចំនួនច្រើនចាប់ពីបីទៅដប់ប្រាំដងលើចំនួនអ្នកស្លាប់ដោយសារសង្គ្រាមផ្ទាល់។[៣២]
  10. ផ្អែកតាម (ព្រំប្រទល់ឆ្នាំ១៨៦៣)
  11. ចំនួនសរុបនេះគឺទាញចេញពីទិន្នន័យចំនួនអ្នកស្លាប់សរុបនៅហ្កាហ្សា វ៉េសប៊ែង លីបង់ អ៊ីរ៉ង់ និងស៊ីរី ក៏ដូចជាចំនួនសកម្មប្រយុទ្ធដែលបានស្លាប់នៅអ៊ីស្រាអែល។
  12. ដោយ៖
    • ៧៩៧ នាក់នៅក្នុងព្រឹត្តិការណ៍ ៧ តុលា (ក្នុងនោះក៏មានជនបរទេស និងជនជាតិមានពីរសញ្ជាតិផងដែរ ហើយជនស៊ីវិលអ៊ីស្រាអែល "រហូតដល់ទៅ" ១៤ នាក់ត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែលក្នុងក្រមបង្គាត់ហាន្នីបាល[៤៥])
    • ចំណាប់ខ្មាំងចំនួន ៨៣ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ (មាន ២៧ នាក់មិនទាន់ធ្វើមាតុភូមិនិវត្តមកវិញ),[៤៦] ដែល ១១ នាក់ក្នុងនោះជាទាហាន[៤៧]ដោយបន្សល់ចំណាប់ខ្មាំងស៊ីវិលដែលបានបញ្ជាក់ថាស្លាប់ចំនួន ៧២ នាក់
    • ៤៦ នាក់នៅព្រំដែនលីបង់[៤៨]
    • ៣ នាក់នៅអាឡិចសង់ឌ្រី អេហ្ស៊ីប
    • សមាជិកបុគ្គលិកស្ថានទូត ២ នាក់វ៉ាស៊ីនតោន សហរដ្ឋអាមេរិក[៤៩]
    • ២៤ នាក់នៅវ៉េសប៊ែង និងអ៊ីស្រាអែល ត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ (ផ្អែកតាម OCHA oPt)[៥០] ដោយមិនរាប់បញ្ចូលមនុស្សចំនួន ២ នាក់ដែលបានសម្លាប់ដោយអចេតនាក្រោមថ្វីដៃទាហានអ៊ីស្រាអែល (ម្នាក់នៅយេរូសាឡឹម និងម្នាក់នៅវ៉េសប៊ែង)[៥១][៥២] មនុស្ស ៦ នាក់ទៀតត្រូវបានក្រុមសកម្មប្រយុទ្ធសម្លាប់ (២ នាក់នៅក្បែរអូហ្វ្រា, ម្នាក់នៅតែលអាវីហ្វ, ម្នាក់ក្បែរយ៉ុក្នេអាមអ៊ីល្លីត និងពីរនាក់ក្បែរប៊្រូឃីន), ៣ នាក់បានស្លាប់ក្នុងការវាយប្រហារផ្សេងទៀត (ម្នាក់នៅហៃហ្វា, ម្នាក់នៅហាដេរ៉ា ​និងម្នាក់នៅហ៊ែរស្លីយ៉ា), ម្នាក់នៅហ្គូសអេតហ្ស៊ីយ៉ង,[៥៣] និង ៦ នាក់នៅយេរូសាឡឹម[៥៤] ដោយចំនួនអ្នកស្លាប់ដោយពាក់ព័ន្ធនឹងជម្លោះសរុបមកកើនដល់ ៤២ នាក់
    • ៣ នាក់នៅដែនជ្រោយហ្កាហ្សា[៥៥]
    • ៣ នាក់នៅស្ពានអាលែនប៊ី[៥៦]
    • ៣២ នាក់នៅក្នុងជម្លោះអ៊ីរ៉ង់–អ៊ីស្រាអែល និងក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល (ក្នុងនោះមាន ២ នាក់ដោយប្រយោល)[៥៧]
    • ២ នាក់ក្នុងឧប្បត្តិហេតុមីស៊ីលហ៊ូទី (ម្នាក់ដោយប្រយោល)[៥៨][៥៩]
  13. រួមមាន៖[៦០][៦១][៦២][៦៣][៦៤][៦៥]
    • ទាហាន ក.ក.អ.ចំនួន ៩៨៨ នាក់ (បញ្ចេញឈ្មោះ ៩០៤ នាក់)
    • មន្ត្រីនគរបាលអ៊ីស្រាអែលចំនួន ៧០ នាក់
    • មន្ត្រីទីភ្ញាក់ងារសន្តិសុខចំនួន ១០ នាក់ (មិនរាប់ពីរនាក់ទៀតដែលជាទាហាន ក.ក.អ.)
    តួលេខទាហាន ក.ក.អ. ដែលបានស្លាប់ច្រើនជាងនេះគឺរាប់ចាប់ពីសង្គ្រាមបានផ្ទុះដំបូងមកម៉្លេះ មិនមែនដោយសារសង្គ្រាមឡើយ ខណៈតួលេខទាបៗវិញគឺរាប់តែទាហានស្លាប់ក្នុងបញ្ជី ក.ក.អ. ប៉ុណ្ណោះ។ តួលេខទាំងពីរបានរាប់បញ្ចូលចំនួនស្លាប់នៅក្នុងតំបន់ក្រៅពីហ្កាហ្សាដូចជា អ៊ីស្រាអែល វ៉េសប៊ែង ហ្កូឡាន និងលីបង់។
  14. គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។[៦៦] ក្នុងនោះរួមមានទាហានចំនួន ៦,២៣៧ នាក់ (គិតត្រឹម ១៤ កញ្ញា ២០២៥)។[៦២]
  15. អាចហៅបានថា "សង្រ្គាមហាម៉ាស់–អ៊ីស្រាអែល", "សង្រ្គាមនៅហ្កាហ្សា", "ប្រតិបត្តិការដាវដែក" (ភាសាហេប្រឺ៖ מלחמת חרבות ברזל), "សមរភូមិរលកអាល់អាក់សា" (ភាសាអារ៉ាប់៖ معركة طوفان الأقصى), "សង្គ្រាម ៧ តុលា" និងតាមឈ្មោះជាច្រើនទៀត។ សូមមើលផ្នែក "ឈ្មោះ" សម្រាប់ព័ត៌មានលម្អិត។
  16. ក្នុងនោះមាន ៥៨,៣៨០ នាក់ត្រូវបានកំណត់អត្តសញ្ញាណពេញលេញរួច បើគិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
  17. ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥[៣៤]
Remove ads

ឯកសារយោង

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads