រាជធានីឧដុង្គមានជ័យ
អតីតរាជធានីរបស់ប្រទេសកម្ពុជា From Wikipedia, the free encyclopedia
Remove ads
រាជធានីឧដុង្គមានជ័យ (អង់គ្លេស : Oudong Mean Chey) គឺជាអតីតរាជធានីរបស់ខ្មែរមួយនៅក្នុងសម័យឧដុង្គដែលសព្វថ្ងៃមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនិងនៅចន្លោះទិសពាយ័ព្យនិងទិសឧត្តរនៃរាជធានីភ្នំពេញ។បច្ចុប្បន្នអតីតរាជធានីខ្មែរនេះត្រូវបានបំបែកចេញជា ០២ ពីស្រុកឧដុង្គក្លាយជាក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺវិញ។រាជធានីឧដុង្គមានជ័យគឺជាទីកន្លែងប្រវត្តិសាស្ត្រស្នូលនៃសម័យឧដុង្គ។នៅលើភ្នំឧដុង្គដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាលមានព្រះចេតិយនៃអតីតព្រះមហាក្សត្រនិងព្រះរាជរង្សានុវង្សមួយចំនួនព្រមទាំងព្រះវិហារព្រះពុទ្ធសាសានាផងដែរ។នៅក្នុងឆ្នាំ ១៩១៧ ព្រះបាទស៊ីសុវត្ថិទ្រង់បានត្រាស់បង្គាប់ឲ្យកសាងសិលាចារឹកដាក់នៅមុខព្រះចេតិយយ៉ាងតិចចំនួន ០២ នៅទីនោះ។ព្រះបាទនរោត្ដម សីហនុទ្រង់បានដង្ហែព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធមកដាក់នៅលើភ្នំនេះផងដែរ។
Remove ads
អំពីឈ្មោះរាជធានី
មានមតិខ្លះយល់ថាឈ្មោះក្រុងឧដុង្គក្លាយមកពីពាក្យសំស្ក្រឹតថាឧត្ដុង្គ ឬ ឧដុង្គ(សំស្ក្រឹត : उत्तुङ्ग)ដែលមានន័យថាខ្ពស់ ខ្ពង់ខ្ពស់ ប្រសើរ ថ្លៃថ្លា។
ប្រវត្តិសាស្ត្រ
រាជធានីឧដុង្គមានជ័យចាប់ផ្ដើមកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជនៅក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី ២ បើយោងតាមឯកសារព្រះរាជពង្សាវតារខ្មែរដែលដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី ០៥ មានចែងថានៅក្នុងពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ព្រះបាទព្រះជ័យជេដ្ឋាទី ២ ជាម្ចាស់ជីវិតតម្កល់លើត្បូងស្ដេចទ្រង់គង់នៅព្រះបរមរាជវាំងល្វាឯមទ្រង់បាននាំព្រះរាជអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី និង នាម៉ឺនសព្វមុខមន្ត្រីខ្ញុំរាជការទាំងពួងចុះព្រះរាជទីន័ងនាវាស្ដេចយាងទៅប្រពាតនៅតំបន់អូរក្រងលាយនៅក្នុងខេត្តសំរោងទង។ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃរួចស្ដេចយាងទៅក្រសាលនៅទីតាដុងយាយជ័យទ្រង់បានទតឃើញទីទួលមួយនៅតំបន់ស្រះកែវជាទីមានទេសភាពល្អក៏ទ្រង់ចាប់ព្រះរាជហឫទ័យហើយទ្រង់មានព្រះតម្រាស់នឹងមន្ត្រីខ្ញុំរាជការទាំងពួងមានហោរាធិបតីជាដើមថា«យើងចង់សាងព្រះរាជវាំងគង់នៅទីនេះតើអស់អ្នកទាំងពួងយល់ថាម្ដេចដែរ?»។នៅគ្រានោះឧកញ៉ាហោរាធិបតីមុំបានគន់គូរពិនិត្យមើលទីតាំងដីនោះដោយក្បួនហោរាសាស្ត្រហើយក៏ក្រាបបង្គំទូលព្រះរាជាថា«ទីនេះជាទីជ័យភូមិល្អណាស់ត្រូវតាមក្បួនទាយថានឹងមានឬទ្ធីតបៈតេជៈឈ្នះអស់សត្រូវទាំង ០៨ ទិស»។ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយព្រះអង្គទ្រង់ចាត់ឲ្យឧកញ៉ាក្រឡាហោមកែវឲ្យជានាយកចាត់ការកសាងព្រះបរមរាជវាំងនៅតំបន់ស្រះកែវនោះទ្រង់ចាត់ហើយស្ដេចទ្រង់យាងត្រឡប់មកកាន់ព្រះបរមរាជវាំងល្វាឯមវិញ។ឧកញ៉ាក្រឡាហោមកែវបានបង្គាប់ទៅចៅហ្វាយស្រុកឲ្យកេណ្ឌបណ្ដាប្រជានរាស្ត្រកាប់ឈើមកធ្វើជាព្រះបរមរាជវាំងតាមព្រះរាជបញ្ជា។លុះប្រមូលគ្រឿងសម្ភារៈបានសព្វគ្រប់ហើយឧកញ៉ាក្រឡាហោមកែវបានបង្គាប់មេការឲ្យចាប់ផ្ដើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់ធំតូច និង ចុងព្រះរាជរោងរយៈពេលប្រមាណ ១០ ខែទើបរួចស្រេចហើយឧកញ៉ាក្រឡាហោមកែវបានយកសេចក្ដីក្រាបបង្គំទូលថ្វាយដល់ព្រះរាជាទ្រង់ជ្រាបសព្វគ្រប់ការ។លុះទ្រង់ជ្រាបហើយព្រះបាទជ័យជេដ្ឋាទី ២ ជាអម្ចាស់ជីវិតតម្កល់លើត្បូងស្ដេចបានយាងចាកចេញពីព្រះបរមរាជវាំងល្វាឯមឡើងគង់ព្រះទីន័ងនាវាធ្វើព្រះរាជដំណើរតាមទន្លេសាបជាមួយព្រះរាជអគ្គមហេសី ព្រះស្នំក្រមការ ព្រះរាជវង្សានុវង្ស សេនាបតី នាហ្មឺនសព្វមុខមន្ត្រីខ្ញុំរាជការគ្រប់ក្រុមជារាជបរិពារលុះដល់កំពង់តាដុងយាយជ័យទ្រង់ប្រថាប់នៅទីនោះ ០៣ រាត្រីទ្រង់ព្រះរាជបញ្ញត្តិឲ្យហៅទីនោះថាកំពង់ហ្លួង។ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់មុខក្រសួងឲ្យរៀបចំធ្វើព្រះរាជពិធីឡើងព្រះបរមរាជវាំងថ្មីដោយនិមន្តព្រះសង្ឃរាជាគណៈចម្រើនព្រះបរិត្ត ០៣ ថ្ងៃចូលព្រះរាជពិធីនៅថ្ងៃ ០៥ កើត ខែផល្គុន ឆ្នាំវកទោស័ក ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះរាជអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី មន្ត្រីខ្ញុំរាជការជារាជបរិពារបានដង្ហែស្ដេចឡើងពីស្ដេចឡើងពីកំពង់ហ្លួងចូលទៅគង់នៅក្នុងព្រះបរមរាជវាំងថ្មីរួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធព្រះនគរ ០៣ ថ្ងៃទៀតដោយមានល្បែងមហោស្រពគ្រប់បែបសម្ដែងយ៉ាងឧឡារិកអធិកអធមក្រៃពេកទើបទ្រង់តាំងព្រះនាមព្រះនគរ(ទីក្រុង)ថ្មីនោះថាព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្ដមរាជនិវេសនដ្ឋានដែលហៅខ្លីៗថាក្រុងឧដុង្គមានជ័យហើយសព្វថ្ងៃនៅសល់ត្រឹមឧដុង្គដែលជាឈ្មោះរបស់ស្រុកមួយនៅក្នុងខេត្តកំពង់ស្ពឺគឺស្រុកឧដុង្គ(បំបែកចេញជាក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យ)។[១]
រាជធានីឧដុង្គមានជ័យក៏មានប្រវត្តិជាប់ទាក់ទងនឹងរឿងព្រេងខ្មែរមួយទៀតផងដែរគឺរឿងតាដុងយាយជ័យដែលជារឿងព្រេងបែបប្រវត្តិសាស្រ្តនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ប្រជាជនដែលរស់នៅក្នុងស្រុកឧដុង្គ(ក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យ)ជាពិសេសប្រជាជននៅជុំវិញភ្នំឧដុង្គ។គេនិយាយតៗគ្នាថាតំបន់ឧដុង្គឬរាជធានីឧដុង្គមានជ័យដែលជារាជធានីបុរាណក្រោយសម័យអង្គរនេះមានកំណើតពីតាដុងយាយជ័យឬឪដុងម៉ែជ័យដែលមានសេចក្ដីដំណាលថាកាលនោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរបាននាំព្រះរាជអគ្គមហេសីដែលទ្រង់គភ៌ទៅក្រសាលព្រៃកាលយាងទៅដល់ព្រៃព្រះរាជអគ្គមហេសីទ្រង់ប្រឈួនព្រះឧទរតែទ្រង់ពុំបានជ្រាបថាព្រះអង្គប្រឈួននឹងប្រសូតព្រះរាជបុត្រព្រះនាងក៏ទ្រង់នាំព្រះស្វាមីយាងចូលព្រៃនៅឆ្ងាយពីពលរេហ៍។លុះព្រះរាជបុត្រប្រសូតមកជាពងព្រះនាងនិងព្រះរាជាទតឃើញដូច្នោះនឹកខ្មាសអស់អាណាប្រជានុរាស្ត្រក៏ទ្រង់កាយដីកប់ពងនោះទុកចោលនៅក្នុងព្រៃទៅ។ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះដោយនឹកស្មានព្រះរាជបុត្រដែលទ្រង់សង្ឃឹមនៅក្នុងព្រះរាជហឫទ័យថាបើប្រសូតមកជាកូនមនុស្សនឹងបានសោយរាជ្យតំណព្រះរាជវង្សតទៅព្រោះព្រះអង្គគ្មានព្រះរាជបុត្រសោះលុះទ្រង់ឃើញហេតុចម្លែកអស្ចារ្យដូច្នេះព្រះរាជាក៏នាំព្រះរាជអគ្គមហេសីយាងចូលក្នុងព្រះមហានគរវិញ។ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះព្រានវិងជាព្រានរបស់ព្រះរាជាមានថ្ងៃមួយនោះព្រានវិងបានចេញដើរបរបាញ់សត្វនៅក្នុងព្រៃបានបណ្ដើរឆ្កែទៅជាមួយផងលុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះឆ្កែព្រានក៏ព្រុសកោះកកាយដីព្រានបានឃើញពងកប់នៅក្នុងដីក៏រើសយកមកទុកនៅផ្ទះរបស់ខ្លួន។ដោយពងនោះធំចម្លែកណាស់ព្រានបានថែរក្សាភ្ញាស់ទុកមើល។លុះគ្រប់ថ្ងៃខែព្រះរាជបុត្រប្រសូតចេញពីពងនោះមកជាកូនមនុស្សភេទប្រុស។ព្រានឃើញចម្លែកអស្ចារ្យក៏ចិញ្ចឹមកូននោះលុះត្រាតែធំបានដាក់ឈ្មោះកូននោះថាប្រមាញ់វិងស៊ុង។ចៅប្រមាញ់វិងស៊ុងលុះចម្រើនវ័យឡើងមានរូបឆោមពណ៌ល្អឆើតឆាយលើសលុបបុរសទាំងពួងស្ត្រីណាបានឃើញរូបចៅប្រមាញ់វិងស៊ុងចេះតែស្រឡាញ់គ្រប់គ្នា។ឯចៅប្រមាញ់វិងស៊ុងបានថ្នឹកហាត់ខាងដើរបរបាញ់សត្វជាមួយព្រានវិងជាឪពុកអ្នកស្រុកភូមិគេបានស្គាល់ថាចៅប្រមាញ់វិងស៊ុងគឺជាកូនព្រានវិងគ្រប់គ្នា។ស្លេះរឿងព្រានវិងនិទានពីតាដុងយាយជ័យ។តាយាយនេះគាត់មានកូនក្រមុំស្រីម្នាក់ឈ្មោះនាងត្រចើលដោះក្រាលមានរូបឆោមលោមពណ៌ល្អស្រស់លើសនារីទាំងពួងសាច់សបបូរមាត់ដិតស្លាភ្នែកទាំងគូភ្លឺដូចនិលចិញ្ចឹមដូចគេវាសថ្ពាល់ប៉ោងពេញក្រហមប្រឿងៗដោះទាំងគូឡើងណែនក្ដន់ក្រហមរលោងហាក់ដូចជាបូសឲ្យមុខឡើងក្រហមច្រាលដំណើរទន់ភ្លន់ល្វន់ល្វាសសមឫកពាហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា។តាដុងយាយជ័យបានសង់ផ្ទះនៅជាមួយនឹងកូនលើដីទួលមួយមានទឹកព័ទ្ធជុំវិញការពារកុំឲ្យបុរសចេញចូលដល់ទីលំនៅគាត់បាន។ទួលដែលតាដុងយាយជ័យសង់ផ្ទះនោះនៅមានជាដំណែលជាប់មកដល់សព្វថ្ងៃឋិតនៅមុខខ្លោងទ្វារចូលទៅវត្តទេពប្រណម្យខាងត្បូងផ្លូវជាតិលេខ ០៥ ចម្ងាយពីផ្លូវជាតិប្រមាណ ៥០ ម៉ែត្រស្ថិតនៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។តាដុងយាយជ័យមានប្អូនស្រីម្នាក់ឈ្មោះនាងទែននៅភូមិស្រែរនោង។តានិងយាយបាននាំនាងត្រចើលដោះក្រាលទៅលេងឯផ្ទះនាងទែនជាញឹកញាប់។ពេលដែលនាងទៅលេងឯផ្ទះម្ដាយមីងនាងតែងតែដើរកាត់ភូមិកាន់ក្អមមកដងទឹកអ្នកស្រុកបានឃើញដំណើរនាងដើរក៏នាំគ្នាសរសើរថាដំណើរនាងដើរញ៉ែងញ៉ងពាក្យសរសើរនោះរាល់ពេលនាងដើរបានជាកន្លែងនោះមានឈ្មោះថាភូមិញ៉ែងញ៉ង ឃុំញ៉ែងញ៉ងដល់សព្វថ្ងៃលុះនាងដើរមកដល់ទីកន្លែងអណ្ដូងទឹកមនុស្សដែលមកដងទឹកជាមួយនាងតែងពោលសរសើរសាច់នាងថាសស្គុសពាក្យសរសើររាល់ពេលវេលាដែលនាងមកដងទឹកទើបមានពាក្យហៅមកដល់សព្វថ្ងៃថាឃុំគុស។ឯឃុំញ៉ែងញ៉ងនិងឃុំគុសនេះស្ថិតនៅជិតជាប់គ្នានៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ពេលនេះនាងនៅលេងនឹងផ្ទះម្ដាយមីងពីរបីថ្ងៃលុះតាដុងយាយជ័យក៏មកយកនាងវិលទៅកាន់ទីលំនៅវិញ។តាដុងយាយជ័យនិងនាងត្រចើលដោះក្រាលដែលមកដល់កាន់ផ្ទះនាងទែននោះលស់ខែតិចណាស់។មានថ្ងៃមួយតានិងយាយបាននាំនាងមកលេងផ្ទះនាងទែនទៀតលុះមកដល់ពាក់កណ្ដាលផ្លូវបានជួបនឹងព្រានវិងកំពុងនាំចៅប្រមាញ់វិងស៊ុងដើរបរបាញ់សត្វនៅក្នុងព្រៃ។ដោយព្រានវិងនិងតាដុងយាយជ័យនោះបានស្គាល់ច្បាស់ពីមុនមកផងអ្នកនោះក៏មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក។ឯចៅប្រមាញ់វិងស៊ុងនិងនាងត្រចើលដោះក្រាលកាលបើបានឃើញគ្នាហើយក៏ចេះតែគយគន់មើលគ្នាទៅវិញទៅមក។ដោយការគយគន់រកគ្នានោះសេចក្ដីស្នេហាក៏ចាប់ផ្ដើមដុះដាលឡើងពេញពោរនៅក្នុងបេះដូងរៀងខ្លួនហើយបញ្ចេញឫកពាទៅវិញទៅមកលុះត្រាតែដឹងចិត្តគ្នា។ឯតាដុងយាយជ័យចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុងមានរូបល្អក៏នឹកនៅក្នុងចិត្តថា បើបានធ្វើជាគូស្វាមីភរិយាជាមួយនឹងកូនអញស័ក្ដិសមគ្នាណាស់។តានិងយាយក៏សួរព្រានវិងថា«អ្នកកម្លោះត្រូវជាអ្វីនឹងអ្នក?»។ព្រានវិងក៏ឆ្លើយប្រាប់ថា«កូន»។ដោយសេចក្ដីពេញចិត្តនឹងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុងតានិងយាយក៏ទុកឱកាសឲ្យគូស្នេហាទាំងពីរនាក់នេះនិយាយឆ្លើយឆ្លងគ្នាបានតាមចិត្ត។លុះចប់ការសន្ទនានឹងគ្នាហើយអ្នកដំណើរទាំងពីរក៏លាបែកចាកចេញពីគ្នាទៅដោយពាំយកទាំងក្ដីស្នេហាជាប់រៀងខ្លួនទៅផង។ចៅប្រមាញ់វិងស៊ុងបានដឹងដំណើរនាងត្រចើលដោះក្រាលមកលេងនៅផ្ទះនាងទែនញឹកញាប់ក៏ចេះដើរកាត់ស្វែងមករកជួបនឹងនាងនៅផ្ទះនាងទែននោះជាញឹកញាប់ដែរ។ឯព្រានវិងនិងតាដុងយាយជ័យក៏ពេញចិត្តនឹងគូស្នេហាទាំងពីរនោះចាំតែដល់ពេលចូលដណ្ដឹងនិងរៀបការផ្សំផ្គុំគ្នាឲ្យប៉ុណ្ណោះ។លុះនៅយូរទៅសេចក្ដីស្នេហាក៏រីកដុះដាលធំឡើងតែរាល់ថ្ងៃដោយតាដុងយាយជ័យពុំបានជូននាងមកលេងផ្ទះនាងទែនជាញឹកញាប់ដូចកាលមុនៗព្រោះគាត់មានការកង្វល់ច្រើននាងក៏លបលួចរត់មកផ្ទះនាងទែនតែម្នាក់ឯង។ថ្លែងពីព្រះរាជាដែលគង់សំចតនៅព្រៃបន្ទាយលង្វែកព្រះអង្គឡើងគង់លើអស្សពាហ៍មានសេនា ០៤ នាក់ដង្ហែព្រះអង្គទៅផងលុះចូលដល់ក្នុងព្រៃជ្រៅស្រាប់តែប្រទះនាងត្រចើលដោះក្រាលដើរត្រាច់តែម្នាក់ឯង។ត្រង់ព្រៃដែលស្ដេចប្រទះនាងនោះអ្នកស្រុកគេហៅថាព្រៃប្រទះនាងដែលសព្វថ្ងៃគេហៅក្លាយមកថាប្រទះឡាងទៅវិញ។ព្រះអង្គបានទតឃើញនាងមានរូបឆោមលោងពណ៌ល្អដូចនាងទេពធីតាក៏ទ្រង់លោតចុះពីលីខ្នងសេះយាងសំដៅទៅរកនាងទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា។នាងត្រចាលដោះក្រាលក៏មានសេចក្ដីភិតភ័យនាងមិនមានអ្វីឆ្លើយតបទៅព្រះរាជាទេនាងបែរជារត់ត្រឡប់មកក្រោយវិញ។ពេលនោះព្រះរាជានិងសេនា ០៤ នាក់ក៏រត់ដេញតាមនាង។ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿនហើយដោយសារព្រះរាជាដេញប្រកិតជិតណាស់មកផងនាងបានឃើញដំបូកមួយនៅក្នុងព្រៃពីមុខនាងក៏លើកដៃបួងសួងថា«បើខ្លួននាងពិតជាគូនឹងចៅប្រមាញ់វិងស៊ុងសូមឲ្យចូលទៅពួនលាក់ខ្លួននៅដំបូកនេះឲ្យបាត់»។បួងសួងហើយនាងរត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ។ព្រះរាជានិងសេនា ០៤ នាក់ក៏ទតមើលពីចម្ងាយមកនាងរត់ចូលទៅក្នុងដំបូកនោះដែរតែលុះមកដល់បែរជារកនាងពុំឃើញវិញបានជាពាក្យហៅទីនោះថាដំបូកមានលក្ខណ៍។កន្លែងនេះក្រោយមកអ្នកស្រុកបានកសាងវត្តហៅវត្តដំបូកមានលក្ខណ៍ស្ថិតនៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាលតែតាមពាក្យចាស់ៗជំនាន់ដើមទីត្រង់នេះគេហៅថាត្រពោកមានលក្ខណ៍។ពេលនោះព្រះរាជាទ្រង់ឆ្ងល់នឹងដំណើរដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះក៏ទ្រង់ពិគ្រោះជាមួយសេនាៗ ០៤ នាក់ទូលតបវិញថា«ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះបានជារត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរឲ្យនឹងលាក់ខ្លួនបាត់យ៉ាងដូច្នេះដោយព្រះអង្គដេញចាប់បង្ខំចិត្តនាងប្រហែលជាមានទេវតាជួយយកអាសានាងជាមិនខាន»ហើយសេនាទូលថែមទៀតថា«បើព្រះអង្គសព្វព្រះរាជហឫទ័យនឹងរូបនាងសូមព្រះអង្គចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយនាងតាមប្រពៃណីវិញ»។ព្រះរាជាទ្រង់មានព្រះបន្ទូលថា«ចុះធ្វើម្ដេចនឹងបានស្គាល់ទីកន្លែងឪពុកម្ដាយនាង?»។សេនាក្រាបបង្គំទូលថា«បើនាងនោះពិតជាមនុស្សលោកមែនទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាងថ្វាយព្រះអង្គនឹងបានសម្រេចតាមព្រះរាជបំណងជាមិនខាន»។ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង ០៤ នាក់សព្វគ្រប់ហើយទ្រង់យាងចូលព្រះពន្លាវិញ។ចាប់តាំងពីថ្ងៃនោះមកសេនា ០៤ នាក់ក៏ត្រាច់ស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាងត្រចើលដោះក្រាលរកពេលអស់យូរថ្ងៃពុំឃើញសោះក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជាទូលតាមការស្រាវជ្រាវរកមិនឃើញនោះ។ព្រះរាជាក៏ប្រជុំអស់ពួកសេនាទ្រង់មានព្រះរាជបញ្ជាថា«ឲ្យរៀបធ្វើពិធីបុណ្យប្រណាំងទូកងឲ្យអ្នកស្រុកផ្អើលឈូឆរមកមើលក្រែងបានជួបប្រទះនឹងនាងហើយពួកយើងតាមមើលនាងឲ្យស្គាល់ទីលំនៅរបស់នាង»។សេនាទទួលព្រះរាជបញ្ជាហើយក៏ចាត់ចែងផ្សាយដំណឹងដល់អ្នកស្រុកជនបទជិតឆ្ងាយឲ្យមកមើលប្រណាំងទូកអ្នកស្រុកក៏ផ្អើលឈូឆរមីរដេរដាសដើរពពាក់ពពូនគ្នាទៅមើលដោយសេចក្ដីរីករាយ។ចំណែកនាងត្រចើលដោះក្រាលកាលស្ដេចដេញចាប់នាងៗពុំបានស្គាល់ជាស្ដេចទេលុះស្ដេចយាងផុតទៅនាងឃើញស្ងាត់ក៏រត់ចេញពីដំបូកត្រឡប់មកផ្ទះឪពុកម្ដាយនាងវិញនាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនូវហេតុដែលកើតមានដល់រូបនាងតាមត្រង់ហើយថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាងដ៏លើសលុបទៅលើចៅប្រមាញ់វិងស៊ុង។ឪពុកម្ដាយបានដឹងចិត្តកូនសព្វគ្រប់ហើយក៏មានចិត្តអាណិតកូនដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក។ពេលដែលអ្នកស្រុកផ្អើលឈូឆរទៅមើលប្រណាំងទូកតាដុងយាយជ័យក៏នាំនាងត្រចើលដោះក្រាលទៅមើលនឹងគេដែរលុះដើរទៅដល់កន្លែងប្រណាំងទូកអ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសម្រស់របស់នាងត្រចើលដោះក្រាលហើយគេសរសើរគ្រប់គ្នា។សេចក្ដីសរសើរលម្អនាងពីមាត់មួយទៅមាត់មួយក៏លេចឮដល់សេនារបស់ព្រះរាជាដែលកំពុងដើរត្រាច់រង្គាត់រកមើលនាង។សេនាទាំង ០៤ បានដើរមកឃើញស្គាល់ច្បាស់ហើយក៏ប្រជុំគ្នាចាំមើលដំណើររបស់នាងត្រឡប់ទៅផ្ទះវិញ។លុះពិធីប្រណាំងទូកចប់ហើយអ្នកស្រុកក៏ត្រឡប់ទៅទីលំនៅរៀងខ្លួន។សេនា ០៤ នាក់ក៏លួចធ្វើដំណើរតាមក្រោយតាដុងយាយជ័យលុះបានស្គាល់ទីលំនៅនាងនិងឪពុកម្ដាយនាងហើយក៏ត្រឡប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត។ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយនឹងសេនា ០៤ នាក់។តាដុងយាយជ័យបានឃើញព្រះរាជាស្ដេចយាងមកដល់ផ្ទះនាងក៏រៀបទីកន្លែងទទួលព្រះអង្គព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនឹងតាដុងយាយជ័យសូមដណ្ដឹងយកនាងត្រចើលដោះក្រាលមកធ្វើជាព្រះរាជអគ្គមហេសីហើយព្រះអង្គបញ្ជាក់ថា«សូមឲ្យតានិងយាយបង្គាប់យ៉ាងណាៗក៏បង្គាប់ចុះព្រះអង្គហ៊ានទទួលទាំងអស់»។ពេលនោះតាដុងយាយជ័យបានស្គាល់ទឹកចិត្តកូនច្បាស់តែមិនទាន់ហ៊ានសម្រេចថាថ្វាយឬមិនថ្វាយព្រះរាជាទេចាំសួរចិត្តកូនសិន។លុះទៅសួរនាងត្រចើលដោះក្រាលប្រកែកចំពោះឪពុកម្ដាយនាងថា«នាងមិនទទួលយកស្ដេចទេនាងស៊ូស្លាប់ជាមួយនឹងចៅប្រមាញ់វិងស៊ុងជាគូបណ្ដូលចិត្តនាងហើយ»។តាដុងយាយជ័យឮកូនប្រកែកតឹងរឹងដូច្នោះក៏ពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធថា«បើយើងមិនថ្វាយនាងទៅស្ដេចយើងមុខជាមានទុក្ខទៅថ្ងៃក្រោយជាមិនខានតែបើយើងលើកនាងថ្វាយស្ដេចយើងអាណិតចិត្តកូនដែលគ្នាបានស្រឡាញ់ទៅលើរូបចៅប្រមាញ់វិងស៊ុងជាទីពេញចិត្តយើងដែរទៅហើយបើដូច្នេះយើងបង្គាប់ព្រះរាជាជាឲ្យធ្ងន់កុំឲ្យព្រះអង្គទទួលរួចទោះជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គចាត់ការធ្វើមិនទាន់ដែរ»។លុះពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយតានិងយាយក៏ទូលព្រះរាជាថា«មិនហ៊ានបង្គាប់ព្រះអង្គទេក្រែងព្រះអង្គមិនហ៊ានទទួល»ព្រះរាជាមានព្រះបន្ទូលថា«ព្រះអង្គហ៊ានទទួលទាំងអស់ឲ្យតែលើកនាងថ្វាយព្រះអង្គចុះ»តានិងយាយក៏បង្គាប់ព្រះរាជាថា«សូមព្រះអង្គលើកផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឲ្យបានស្រេចតែមួយរាត្រីបើមិនហើយទូលព្រះបង្គំមិនលើកនាងថ្វាយទេ»។ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយឃើញថាការនេះមានបន្ទុកធ្ងន់ណាស់តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផងទ្រង់សព្វព្រះរាជហឫទ័យលើរូបនាងត្រចើលដោះក្រាលខ្លាំងលើសលុបផងព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុងយាយជ័យ។លុះព្រះអង្គយាងថយទៅវិញទ្រង់ប្រាប់រេហ៍ពលឲ្យមកប្រជុំគ្នាហើយព្រះអង្គត្រាស់បង្គាប់ថា«ចូលសេនារេហ៍ពលទាំងអស់លើកផ្លូវថ្នល់មួយចាប់ព្រះពន្លារហូតទៅដល់ផ្ទះឪដុងម៉ែជ័យធ្វើមួយយប់ឲ្យហើយស្រេច»។ពាក្យដែលហៅថាស្រុកឧដុង្គសព្វថ្ងៃគឺហៅតាមបន្ទូលស្ដេចមុនដំបូងដែលហៅថាឪដុងម៉ែជ័យតែក្រោយមកគេហៅក្លាយជាឧដុង្គមានជ័យ។គ្រានោះសេនារេហ៍ពលលើកផ្លូវថ្នល់នៅក្នុងមួយរាត្រីនោះមិនហើយសោះលុះដល់ភ្លឺស្វាងឡើងផ្លូវថ្នល់នោះនៅដាច់មិនជួបគ្នាបានជាមានពាក្យហៅថាភូមិថ្នល់ដាច់ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ។ឯតាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេចតាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ដោយមានបំណងថាបើព្រះអង្គលើកផ្លូវថ្នល់មួយយប់ហើយមែននឹងនាំនាងរត់ទៅតែម្ដងលុះឃើញផ្លូវថ្នល់នោះស្ដេចលើកមិនហើយតានិងយាយត្រេកអរណាស់ក៏ចូលចតទូកត្រង់កន្លែងផ្លូវថ្នល់ដាច់មិនជួបគ្នានោះហើយតាដុងយាយជ័យឡើងទៅមើលផ្លូវថ្នល់។គាត់កំពុងតែពិនិត្យមើលថ្នល់នោះសេនាក៏ទៅក្រាបបង្គំទូលព្រះរាជាតាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរព្រះរាជាក៏ស្ដេចយាងមកទតមើល។តាដុងយាយជ័យឮដំណឹងថាស្ដេចយាងមកហើយក៏បបួលគ្នារត់ចុះទូកកុំឲ្យស្ដេចឃើញមុខ។ពេលនោះយាយជ័យប្រពន្ធតាដុងភ័យញញីញញ័ររត់ចុះទៅទូកមិនកើតក៏វារចុះតាមច្រាំងជង្ហុកក៏គាប់ជួនជាសេនាមកដល់ក៏ស្រែកឃាត់ថា«យាយកុំវារចុះទៅទូកអីស្ដេចយាងមកដល់ឥឡូវហើយ»។យាយជ័យមិនស្ដាប់សោះក៏ចេះតែវារចុះទូកដល់ទូកហើយក៏ច្រានទូកចេញទៅ។កន្លែងដែលយាយជ័យវារនោះពីដើមគេហៅកំពង់យាយជ័យវារតែសព្វថ្ងៃគេហៅក្លាយថាកំពង់ជវារស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។លុះស្ដេចយាងមកដល់ទតឃើញទូកតាដុងយាយជ័យចេញពីកំពង់ឆ្ងាយទៅហើយព្រះអង្គក៏គិតស្មាននៅក្នុងព្រះទ័យថាឪដុងម៉ែជ័យមុខជាខឹងនឹងព្រះអង្គលើកផ្លូវថ្នល់មិនហើយបានជាមិនចាំជួបនឹងព្រះអង្គព្រះរាជាក៏ចាត់សេនា ០៤ នាក់ឲ្យចូលទៅអង្វរឪដុងម៉ែជ័យនិងសូមឲ្យយកនាងត្រចើលដោះក្រាលមកធ្វើជាទេពីរបស់ព្រះអង្គ។សេនា ០៤ នាក់ក៏តាមទៅជួបនឹងតាដុងយាយជ័យដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះហើយសេនាទាំងនោះនិយាយអង្វរតាដុងយាយជ័យតាងព្រះនាមព្រះមហាក្សត្រថាព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពីរបស់ព្រះអង្គ។គ្រានោះនាងត្រចើលដោះក្រាលដែលជាស្រីល្អដូចនាងទេពធីតាក៏លុតជង្គង់សំពះប្រណម្យទៅសេនា ០៤ នាក់វិញថា«នាងខ្ញុំសូមក្រាបបង្គំទូលព្រះរាជាថានាងខ្ញុំមិនសុខចិត្តទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេព្រោះរូបខ្ញុំជារាស្ត្របើព្រះអង្គនៅតែបង្ខំយករូបខ្ញុំនាងខ្ញុំនឹងសម្លាប់ខ្លួនជាមិនខាន»។ខណៈនោះតាដុងយាយជ័យនិយាយទៅកាន់សេនា ០៤ នាក់ថា«សូមលោកទូលព្រះរាជាផងកុំឲ្យព្រះអង្គបង្ខំពេកចាំខ្ញុំលួងលោមចិត្តកូនស្រីខ្ញុំឲ្យបានស្រួលសិន»។សេនា ០៤ នាក់ ក៏លាថយត្រឡប់ទៅវិញ។ចំណែកតានិងយាយក៏នាំគ្នាចូលទៅក្នុងផ្ទះ។ពេលរាត្រីនោះតាដុងយាយជ័យនាំនាងត្រចើលដោះក្រាលរត់បណ្ដោះទៅទុកនៅផ្ទះនាងទែនឯភូមិស្រែរនោងហើយតាដុងយាយជ័យនិយាយប្រាប់នាងទែនជាប្អូនតាមរឿងសព្វគ្រប់និងប្រាប់ឲ្យហៅព្រានវិងឲ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុងមករើសរកពេលាការឲ្យហើយ។តាយាយផ្ដាំនាងទែនសព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញចាំទូលដោះសារនឹងស្ដេច។ត្រង់កន្លែងដែលសេនា ០៤ នាក់មកអង្វរតាដុងយាយជ័យសុំនាងត្រចើលដោះក្រាល ទៅធ្វើជាព្រះទេពីរបស់ព្រះរាជាហើយនាងសំពះប្រណម្យទៅសេនាវិញថានាងមិនសុខចិត្តទៅទេនោះគេហៅថាទេពធីតាប្រណម្យដែលឥឡូវនេះមានវត្តមួយឋិតនៅក្នុងកន្លែងនោះ ឈ្មោះវត្តទេពប្រណម្យគឺពីដើមគេហៅវត្តទេពធីតាប្រណម្យតែក្រោយមកទៅជាវត្តទេពប្រណម្យស្ថិតនៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាលសព្វថ្ងៃ។គ្រានោះព្រះរាជាលុះត្រាបានទ្រង់បានសណ្ដាប់សេនា ០៤ នាក់ថាចាំឪដុងម៉ែជ័យអង្វរលួងលោមចិត្តនាងកូនឲ្យបានស្រួលសិនដូច្នេះតាំងពីថ្ងៃនោះមកព្រះអង្គទ្រង់ចាត់សេនាឲ្យមកស្ដាប់ដំណឹងនៅផ្ទះឪដុងម៉ែជ័យជារៀងរាល់ថ្ងៃ។ឯតាដុងយាយជ័យចេះតែដោះសារថា«ចិត្តនាងពុំទាន់ស្រួលនៅឡើយទេ»។ចំណែកនាងទែនកាលបើបានទទួលចងចាំតាមសម្ដីបងសព្វគ្រប់ហើយក៏ចាត់ការហៅព្រានវិងនិងចៅប្រមាញ់វិងស៊ុងឲ្យចូលមកស្ដីដណ្ដឹងនាងត្រចើលដោះក្រាលរួចឲ្យអាចារ្យមើលពេលាការបានហើយក៏ផ្ដល់ដំណឹងទៅបងឲ្យមករៀបការកូន។តាដុងយាយជ័យមិនទាន់បានមកភ្លាមទេព្រោះនៅជាប់ដោះសារនឹងស្ដេចលុះដល់ថ្ងៃចូលរោងតានិងយាយក៏លួចលបធ្វើដំណើរមកតាមផ្លូវក្នុងព្រៃមានសេចក្ដីព្រួយជានិច្ចក្រែងស្ដេចមកតាមការគិតរបស់តានិងយាយច្រើនពេករហូតនាំឲ្យគាត់ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃរកផ្លូវទៅផ្ទះនាងទែនមិនឃើញ។គាប់ជួនពេលនោះតាយាយបានជួបនឹងក្មេងគង្វាលក្របីម្នាក់តាយាយក៏ស្រែកសួរថា«អឺអាវ៉ា!ផ្លូវទៅណា ទៅទ្រាំង ទៅវាំងពន្លុស ផ្លូវណាទៅគុស ទៅស្រែរនោង?»។ក្មេងគង្វាលក្របីក៏គិតថា«បើអញបង្ហាញចង្អុលប្រាប់ផ្លូវតែម្ដងទៅវាគ្មានបានប្រយោជន៍អ្វីមកដល់អញសោះបើអញប្រាប់ឲ្យតានិងយាយនេះបន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឲ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង»ក្មេងគង្វាលក្របីគិតដូច្នោះហើយក៏ឆ្លើយតបទៅនឹងតាយាយថា«បើតានិងយាយចង់រកផ្លូវឲ្យឃើញដូចបំណងសូមឡើងទៅបន់អ្នកតាខ្នងភ្នំទៅរួចត្រូវមានសំណែនមកថ្វាយហើយមានទាំងភ្លេងប្រគំភ្លេងបទខ្ទោរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ទឹកទប់ ជ្រង ជ្រងសម្ងាត់ ដោះក្រាល កន្ទែនទ្រាំងផងទើបតានិងយាយរកផ្លូវឃើញ»។តាដុងយាយជ័យឮពាក្យក្មេងគង្វាលក្របីបង្គាប់ឲ្យធ្វើដូច្នេះក៏ជឿធ្វើតាមហើយតានិងយាយក៏ឡើងទៅបន់អ្នកតាលើខ្នងភ្នំ។លុះចុះមកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅដល់ផ្ទះនាងទែន។កាលទៅដល់ជិតរបងផ្ទះនាងទែនៗក្រឡេកឃើញបងស្ទុះមកទទួលតាដុងយាយជ័យក៏និយាយប្រាប់ហេតុវង្វេងផ្លូវហើយបានបន់អ្នកតាទើបរកផ្លូវឃើញ។ពេលនោះលោកអាចារ្យបានឮថាតាដុងយាយជ័យជាមេបាខាងស្រីចូលមកក្នុងរោងមង្គលការដែលជិតបង្ហើយមានបំណន់ដូច្នោះក៏ផ្អាកដំណើរតាយាយឲ្យឈរនៅខាងក្រៅរបងសិនមិនឲ្យអ្នកជាប់បំណន់ចូលក្នុងរោងមង្គលការនោះឡើយ។លោកអាចារ្យប្រាប់មេបាទាំងសងខាងថា«ឲ្យរៀបសំណែនមានទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាឲ្យហើយសិនទើបអាចចូលមកក្នុងរោងមង្គលការនេះបាន»។នាងទែនក៏បានចាត់ចែងរៀបចំសំណែនមានបង្អែមចម្អាបព្រមទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាខ្នងភ្នំ។ខណៈនោះភ្លេងក៏ចាប់ប្រគំបទខ្ទរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ទឹកទប់ ជ្រង ជ្រងសម្ងាត់ ដោះក្រាល កន្ទែនទ្រាំង។ភ្លេងទាំង ០៩ បទនេះក៏បានចូលមកនៅក្នុងទម្លាប់ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។លុះធ្វើកិច្ចលាបំណន់រួចហើយតាដុងយាយជ័យក៏មកចូលរួមនៅក្នុងមង្គលការនោះអាចារ្យក៏បានឲ្យកូនប្រុសស្រីក្រាបសំពះផ្ទឹមឲ្យពរជ័យ។ថ្លែងពីព្រះរាជាដែលគង់នៅព្រះពន្លាឯបន្ទាយលង្វែកលុះទ្រង់ជ្រាបហេតុការថាតាដុងយាយជ័យលួចពង្រត់នាងត្រចើលដោះក្រាលយកទៅរៀបការនៅផ្ទះនាងទែនឯភូមិស្រែរនោងនោះហើយព្រះអង្គក៏យាងទៅជាមួយនឹងសេនាសំដៅទៅផ្ទះនាងទែនលុះស្ដេចដល់ហើយព្រះអង្គបានទតឃើញនាង ត្រចើលដោះក្រាលនិងចៅប្រមាញ់វិងស៊ុងកំពុងតែក្រាបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា។ដោយទ្រង់ទតឃើញគូស្វាមីភរិយាទាំងពីរនាក់នោះមានរូបសម្ផស្សល្អស័ក្ដិសមគ្នាទ្រង់ក៏បណ្ដោយឲ្យគេធ្វើកិច្ចផ្ទឹមនោះឲ្យហើយស្រេចរួចព្រះអង្គត្រាស់បង្គាប់ឲ្យសេនាហៅមេបាទាំងសងខាងព្រមទាំងសាមីខ្លួនទាំងពីរនាក់ មកជួបជុំចំពោះព្រះភ័ក្ត្រព្រះអង្គ។អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យញាប់ញ័ររន្ធត់គ្រប់គ្នាព្រះរាជាក៏ត្រាស់សួរទៅចៅប្រមាញ់វិងស៊ុងថា«អ្នកឯងជាកូនអ្នកណាបានជាហ៊ានរៀបការនឹងនាងត្រចើលដោះក្រាលជាគូដណ្ដឹងរបស់យើង?»។ពេលនោះចៅប្រមាញ់វិងស៊ុងក៏ឆ្លើយទូលតបវិញថា«ទូលព្រះបង្គំជាកូនព្រានវិង»ហើយចង្អុលទៅព្រានវិងជាឪពុករបស់ខ្លួន។ព្រះរាជាទតឃើញព្រានវិងជាព្រានរបស់ព្រះអង្គក៏ទ្រង់សួរទៅថា«ព្រានឯងមានកូនប្រុសពីកាលណាមកបានជាយើងមិនដែលឃើញ?»។ព្រានវិងឱនក្បាលក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំងបានរៀបរាប់ទូលព្រះរាជាថា«កូនប្រុសនេះ មិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេគឺជាកូនចិញ្ចឹមព្រោះកាលមួយថ្ងៃនោះទូលព្រះបង្គំទៅបាញ់សត្វនៅក្នុងព្រៃបានប្រទះឃើញស៊ុតសត្វមួយធំចម្លែកលើសស៊ុតទាំងអស់នៅទីមួយដែលមានកាយដីកប់ថ្មីៗទូលព្រះបង្គំឃើញហើយក៏យកមកទុកមើល លុះគ្រប់ថ្ងៃខែស៊ុតញាស់ឡើងស្រាប់តែឃើញចេញមកជាកូនមនុស្សតែម្ដងដែលជារូបកូនចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំឲ្យឈ្មោះថាចៅប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះមុខព្រះភ័ក្ត្រព្រះអង្គ»។ចៅប្រមាញ់វិងស៊ុងក៏ភ្ញាក់ខ្លួនពេលនោះថាខ្លួនកើតចេញពីពង។ខណៈនោះព្រះរាជាក៏ស្ទុះទៅឱបក្រសោបចៅប្រមាញ់វិងស៊ុងទ្រង់ហៅថា«កូនសម្លាញ់ឪពុក!ៗនេះហើយជាឪពុករបស់កូន»។ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំព្រះរាជអគ្គមហេសីយាងទៅក្រសាលព្រៃហើយប្រសូតព្រះរាជបុត្រទៅជាស៊ុតក៏កាយដីកប់ចោលនៅក្នុងព្រៃទៅ។ទ្រង់រៀបរាប់សព្វគ្រប់ហើយព្រះរាជាក៏ទ្រង់ចាត់ចែងឲ្យដង្ហែព្រះរាជបុត្រព្រមទាំងនាងត្រចើលដោះក្រាលចូលទៅក្នុងព្រះនគរធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់វិងស៊ុងនិងនាងត្រចើលដោះក្រាលឲ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដីតំណពីព្រះអង្គនៅក្នុងពេលនោះទៅហើយព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា ឪដុងម៉ែជ័យជាប់រហូតមក។
Remove ads
បេតិកភ័ណ្ឌពិភពលោក
ទីតាំងរបស់រាជធានីឧដុង្គមានជ័យជាប់ឈ្មោះនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកបម្រុងរបស់អង្គការយូនីស្កូ(UNESCO)នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៩២ ក្រោមចំណាត់ថ្នាក់បេតិកភ័ណ្ឌវប្បធម៌។[២]
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads

