រាជធានីឧដុង្គមានជ័យ

អតីតរាជធានីរបស់ប្រទេសកម្ពុជា From Wikipedia, the free encyclopedia

រាជធានីឧដុង្គមានជ័យmap
Remove ads

រាជធានីឧដុង្គ​មានជ័យ (អង់គ្លេស : Oudong Mean Chey) គឺជាអតីត​រាជធានីរបស់ខ្មែរមួយនៅក្នុងសម័យឧដុង្គដែល​សព្វ​ថ្ងៃ​មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់​ស្ពឺនិងនៅចន្លោះទិសពាយ័ព្យនិងទិសឧត្តរនៃរាជធានីភ្នំពេញ។បច្ចុប្បន្នអតីតរាជធានីខ្មែរនេះត្រូវបានបំបែកចេញជា ០២ ពីស្រុកឧដុង្គក្លាយជាក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យនៃខេត្ត​កំពង់​ស្ពឺវិញ។រាជធានីឧដុង្គមានជ័យគឺ​ជា​ទីកន្លែង​ប្រវត្តិសាស្ត្រ​ស្នូល​នៃសម័យឧដុង្គ។នៅលើ​ភ្នំឧដុង្គដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាលមាន​ព្រះ​ចេតិយ​នៃ​អតីតព្រះ​មហាក្សត្រ​និង​ព្រះ​រាជរង្សានុវង្ស​មួ​យចំនួនព្រមទាំងព្រះវិហារ​ព្រះពុទ្ធសាសានា​ផងដែរ។នៅ​ក្នុងឆ្នាំ ១៩១៧ ព្រះបាទស៊ីសុវត្ថិ​ទ្រង់​បាន​ត្រាស់​បង្គាប់ឲ្យកសាងសិលាចារឹក​ដាក់​នៅមុខ​ព្រះចេតិយ​យ៉ាង​តិច​ចំនួន ០២ នៅទីនោះ​។

ព័ត៌មានសង្ខេប រាជធានីឧដុង្គមានជ័យ Oudong Mean Chey Capital, ប្រទេស ...
Remove ads

អំពីឈ្មោះរាជធានី

មានមតិ​ខ្លះយល់​ថាឈ្មោះ​ក្រុង​ឧដុង្គ​ក្លាយ​មក​ពី​ពាក្យ​សំស្ក្រឹត​ថាឧត្ដុង្គ ឬ ឧដុង្គ(សំស្ក្រឹត : उत्तुङ्ग)ដែល​មាន​ន័យ​ថាខ្ពស់ ខ្ពង់ខ្ពស់ ប្រសើរ ថ្លៃថ្លា

ប្រវត្តិសាស្ត្រ

រាជធានី​ឧដុង្គមានជ័យចាប់ផ្ដើម​កសាង​ឡើង​នៅក្នុង​សតវត្ស​រ៍ទី ​១៧ នៃ​គ្រិស្តសករាជនៅក្នុង​រជ្ជកាល​ព្រះបាទ​​ជ័យ​ជេដ្ឋា​ទី បើ​យោង​តាម​ឯកសារ​ព្រះរាជ​ពង្សាវតារខ្មែរដែល​ដកស្រង់​ចេញពី​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​ ០៥ មាន​ចែង​ថានៅ​ក្នុង​ពុទ្ធសករាជ ​២១៦៤ គ្រិស្តសករាជ ១៦២០ ព្រះបាទព្រះ​ជ័យ​ជេដ្ឋាទី ២ ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូងស្ដេច​ទ្រង់​គង់នៅ​ព្រះបរមរាជវាំង​ល្វាឯមទ្រង់បាន​នាំ​ព្រះរាជ​អគ្គមហេសី ព្រះ​ស្នំ​ក្រមការ សេនាបតី និង​ នាម៉ឺន​សព្វ​មុខមន្ត្រី​ខ្ញុំ​រាជការ​ទាំងពួងចុះ​ព្រះរាជ​ទីន័ង​នាវា​ស្ដេច​យាង​ទៅ​ប្រពាត​នៅ​តំបន់​អូរ​ក្រង​លាយនៅក្នុង​ខេត្ត​សំរោង​ទង​។ទ្រង់​ប្រថាប់​នៅ​ព្រះ​ពន្លា​ជា​យូរថ្ងៃរួច​ស្ដេច​យាងទៅ​ក្រសាល​នៅ​ទីតា​ដុ​ងយាយ​ជ័យទ្រង់​បានទត​ឃើញ​ទីទួល​មួយ​នៅ​តំបន់​ស្រះ​កែវជាទី​មាន​ទេសភាព​ល្អក៏​ទ្រង់​ចាប់​ព្រះរាជ​ហឫទ័យហើយ​ទ្រង់មាន​ព្រះ​តម្រាស់​នឹង​មន្ត្រី​ខ្ញុំ​រាជការ​ទាំងពួងមាន​ហោរា​ធិ​បតី​ជាដើម​ថា«​យើង​ចង់​សាង​ព្រះរាជវាំង​គង់នៅ​ទី​នេះតើ​អស់អ្នក​ទាំងពួង​យល់​ថា​ម្ដេច​ដែរ?​»។នៅគ្រានោះ​ឧកញ៉ា​ហោរា​ធិ​បតីមុំបាន​គន់គូរ​ពិនិត្យ​មើល​ទីតាំង​ដី​នោះដោយ​ក្បួន​ហោរាសាស្ត្រហើយ​ក៏​ក្រាប​បង្គំ​ទូល​ព្រះរាជា​ថា«ទី​នេះ​ជាទី​ជ័យ​ភូមិ​ល្អ​ណាស់ត្រូវ​តាម​ក្បួន​ទាយ​ថានឹង​មាន​ឬទ្ធីតបៈ​តេជៈឈ្នះ​អស់​សត្រូវ​ទាំង​ ០៨​ ទិស​»។ព្រះរាជា​ទ្រង់​ជ្រាប​ដូច្នោះ​ហើយព្រះ​អង្គ​ទ្រង់​ចាត់​ឲ្យឧកញ៉ា​ក្រឡាហោម​កែវឲ្យ​ជានា​យក​ចាត់ការ​កសាង​ព្រះបរមរាជវាំង​នៅ​តំបន់​ស្រះ​កែវ​នោះទ្រង់​ចាត់ហើយ​ស្ដេច​ទ្រង់​យាង​ត្រឡប់​មក​កាន់​ព្រះ​បរមរាជវាំង​ល្វាឯម​វិញ។ឧកញ៉ា​ក្រឡាហោមកែវបានបង្គាប់​ទៅ​ចៅហ្វាយស្រុកឲ្យ​កេណ្ឌ​បណ្ដា​ប្រជាន​រាស្ត្រ​កាប់​ឈើ​មក​ធ្វើ​ជា​ព្រះបរមរាជវាំងតាម​ព្រះរាជ​បញ្ជា។លុះ​ប្រមូល​គ្រឿង​សម្ភារៈ​បាន​សព្វគ្រប់​ហើយឧកញ៉ា​ក្រឡាហោមកែវបានបង្គាប់​មេការ​ឲ្យ​ចាប់ផ្ដើម​ចាត់ការ​លើកដី​ធ្វើ​ជា​បន្ទាយ​យាមល្បាត​ជុំវិញសង់​ជា​ព្រះរាជវាំង ព្រះរាជ​មន្ទីរ ព្រះរាជ​ដំណាក់​ធំ​តូច និង ​ចុង​ព្រះ​រាជរោងរយៈពេល​ប្រមាណ ​១០​ ខែទើប​រួច​ស្រេចហើយ​ឧកញ៉ា​ក្រឡាហោមកែវបាន​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​ដល់​ព្រះរាជា​ទ្រង់​ជ្រាប​សព្វ​គ្រប់ការ។លុះ​ទ្រង់​ជ្រាប​ហើយព្រះបាទ​ជ័យ​ជេដ្ឋាទី ២ ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូងស្ដេច​បានយាងចាកចេញពីព្រះ​បរមរាជវាំង​ល្វាឯមឡើង​គង់​ព្រះ​ទីន័ង​នាវា​ធ្វើ​ព្រះរាជ​ដំណើរ​តាម​ទន្លេសាបជាមួយព្រះ​រាជអគ្គមហេសី ព្រះ​ស្នំ​ក្រមការ ព្រះរាជ​វង្សានុវង្ស សេនាបតី នាហ្មឺន​សព្វ​មុខមន្ត្រី​ខ្ញុំ​រាជ​ការ​គ្រប់​ក្រុម​ជា​រាជបរិពារលុះដល់​កំពង់​តា​ដុ​ងយាយ​ជ័យទ្រង់​ប្រថាប់នៅ​ទីនោះ​ ០៣​ រាត្រីទ្រង់​ព្រះរាជ​បញ្ញត្តិ​ឲ្យ​ហៅ​ទីនោះ​ថាកំពង់ហ្លួង​។ហើយ​ទ្រង់​ព្រះរាជ​បញ្ជា​ភ្នា​ក់​មុខក្រសួងឲ្យ​រៀបចំ​ធ្វើ​ព្រះរាជ​ពិធី​ឡើង​ព្រះបរមរាជវាំង​ថ្មីដោយនិមន្ត​ព្រះ​សង្ឃ​រាជាគណៈ​ចម្រើន​ព្រះ​បរិត្ត​ ០៣​ ថ្ងៃចូល​ព្រះរាជ​ពិធី​នៅ​ថ្ងៃ ០៥ កើត ខែ​ផល្គុន ឆ្នាំវក​ទោស័ក ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ហើយ​ព្រះរាជ​វង្សានុវង្ស ព្រះ​រាជអគ្គមហេសី ព្រះ​ស្នំ​ក្រម​ការ សេនាបតី មន្ត្រី​ខ្ញុំ​រាជការ​ជា​រាជបរិពារបានដង្ហែស្ដេច​ឡើង​ពី​ស្ដេចឡើងពីកំពង់ហ្លួង​ចូល​ទៅ​គង់​នៅក្នុង​ព្រះបរមរាជវាំង​ថ្មីរួច​ទ្រង់​ឲ្យ​រៀប​ធ្វើ​ព្រះរាជ​ពិធី​សម្ពោធ​ព្រះ​នគរ ០៣​ ថ្ងៃ​ទៀតដោយ​មាន​ល្បែង​មហោ​ស្រព​គ្រប់​បែប​សម្ដែង​យ៉ាង​ឧឡា​រិ​ក​អធិកអធម​ក្រៃពេកទើប​ទ្រង់​តាំង​ព្រះ​នាម​ព្រះ​នគរ(​ទីក្រុង​)ថ្មី​នោះ​ថាព្រះ​បរមរាជវាំង​មហានគរឧដុង្គមាន​ជ័យ​បុរីរម្យ​ឧត្ដម​រាជ​និវេសនដ្ឋាន​ដែល​ហៅ​ខ្លី​ៗថាក្រុង​ឧដុង្គមាន​ជ័យ​ហើយសព្វថ្ងៃនៅសល់ត្រឹមឧដុង្គដែលជាឈ្មោះរបស់ស្រុកមួយនៅក្នុងខេត្តកំពង់ស្ពឺគឺស្រុកឧដុង្គ(បំបែកចេញជាក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យ)។[]

រាជធានីឧដុង្គមានជ័យក៏មានប្រវត្តិជាប់ទាក់ទងនឹងរឿងព្រេងខ្មែរមួយទៀតផងដែរគឺរឿងតាដុងយាយជ័យដែលជារឿងព្រេងបែបប្រវត្តិសាស្រ្តនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ប្រជាជនដែលរស់នៅក្នុងស្រុកឧដុង្គ(ក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យ)ជាពិសេសប្រជាជននៅជុំវិញភ្នំឧដុង្គ។គេនិយាយតៗគ្នាថាតំបន់ឧដុង្គឬរាជធានីឧដុង្គមានជ័យដែលជារាជធានីបុរាណក្រោយសម័យអង្គរនេះមានកំណើតពីតាដុងយាយជ័យឬឪដុងម៉ែជ័យដែលមានសេចក្ដីដំណាលថាកាលនោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរបាននាំព្រះរាជអគ្គមហេសីដែលទ្រង់គភ៌ទៅក្រសាលព្រៃកាលយាងទៅដល់ព្រៃព្រះរាជអគ្គមហេសីទ្រង់ប្រឈួនព្រះឧទរតែទ្រង់ពុំបានជ្រាបថាព្រះអង្គប្រឈួននឹងប្រសូតព្រះរាជបុត្រព្រះនាងក៏ទ្រង់នាំព្រះស្វាមីយាងចូលព្រៃនៅឆ្ងាយពីពលរេហ៍។លុះព្រះរាជបុត្រប្រសូតមកជាពងព្រះនាងនិងព្រះរាជាទតឃើញដូច្នោះនឹកខ្មាសអស់អាណាប្រជានុរាស្ត្រក៏ទ្រង់កាយដីកប់ពងនោះទុកចោលនៅក្នុងព្រៃទៅ។ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះដោយនឹកស្មានព្រះរាជបុត្រដែលទ្រង់សង្ឃឹមនៅក្នុងព្រះរាជហឫទ័យថាបើប្រសូតមកជាកូនមនុស្សនឹងបានសោយរាជ្យតំណព្រះរាជវង្សតទៅព្រោះព្រះអង្គគ្មានព្រះរាជបុត្រសោះលុះទ្រង់ឃើញហេតុចម្លែកអស្ចារ្យដូច្នេះព្រះរាជាក៏នាំព្រះរាជអគ្គមហេសីយាងចូលក្នុងព្រះមហានគរវិញ។ថ្លែងពី​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ​ព្រានវិងជា​ព្រាន​របស់​ព្រះ​រាជាមាន​ថ្ងៃ​មួយ​នោះព្រាន​វិង​បាន​ចេញ​ដើរ​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃបាន​បណ្ដើរ​ឆ្កែ​ទៅ​ជាមួយ​ផងលុះ​ទៅ​ដល់​ព្រៃ​កន្លែង​ព្រះរាជា​កប់​ពង​នោះឆ្កែ​ព្រាន​ក៏​ព្រុស​កោះ​កកាយ​ដីព្រាន​បាន​ឃើញ​ពង​កប់នៅ​ក្នុង​ដីក៏​រើស​យក​មក​ទុក​នៅ​ផ្ទះ​របស់​ខ្លួន។ដោយ​ពង​នោះ​ធំ​ចម្លែក​ណាស់ព្រាន​បាន​ថែ​រក្សា​ភ្ញាស់​ទុក​មើល។លុះ​គ្រប់​ថ្ងៃ​ខែព្រះ​រាជ​បុត្រ​ប្រសូតចេញ​ពី​ពង​នោះ​មកជា​កូន​មនុស្ស​ភេទ​ប្រុស។ព្រាន​ឃើញ​ចម្លែក​អស្ចារ្យក៏​ចិញ្ចឹម​កូន​នោះ​លុះ​ត្រា​តែ​ធំបាន​ដាក់​ឈ្មោះ​កូន​នោះ​ថាប្រមាញ់វិងស៊ុងចៅ​ប្រមាញ់វិងស៊ុងលុះ​ចម្រើន​វ័យ​ឡើងមាន​រូប​ឆោម​ពណ៌​ល្អ​ឆើតឆាយ​លើស​លុប​បុរស​ទាំង​ពួងស្ត្រី​ណា​បាន​ឃើញ​រូប​ចៅ​ប្រមាញ់វិងស៊ុងចេះ​តែ​ស្រឡាញ់​គ្រប់​គ្នា។ឯ​ចៅ​ប្រមាញ់វិងស៊ុងបាន​ថ្នឹក​ហាត់​ខាង​ដើរ​បរបាញ់​សត្វ​ជាមួយ​ព្រាន​វិង​ជា​ឪពុកអ្នក​ស្រុក​ភូមិ​គេ​បាន​ស្គាល់​ថាចៅ​ប្រមាញ់វិងស៊ុងគឺជាកូន​ព្រាន​វិង​​គ្រប់​គ្នា។ស្លេះ​រឿង​ព្រាន​វិងនិទាន​ពីតាដុងយាយ​ជ័យ។តា​យាយនេះ​គាត់​មាន​កូន​ក្រមុំ​ស្រី​ម្នាក់ឈ្មោះ​នាងត្រចើលដោះក្រាលមាន​រូប​ឆោម​លោម​ពណ៌​ល្អ​ស្រស់​លើស​នារី​ទាំង​ពួងសាច់​សបបូរ​មាត់​ដិត​ស្លាភ្នែក​ទាំង​គូ​ភ្លឺ​ដូច​និលចិញ្ចឹម​ដូច​គេ​វាសថ្ពាល់​ប៉ោង​ពេញ​ក្រហម​ប្រឿងៗដោះ​ទាំង​គូ​ឡើង​ណែន​ក្ដន់ក្រហម​រលោង​ហាក់​ដូច​ជា​បូស​ឲ្យ​មុខ​ឡើង​ក្រហម​ច្រាលដំណើរ​ទន់​ភ្លន់​ល្វន់​ល្វាស​សម​ឫកពាហាក់​ដូច​ជា​ស្រី​ទេព​អប្សរ​បវរ​កញ្ញា។តាដុងយាយ​ជ័យបាន​សង់​ផ្ទះ​នៅ​ជាមួយ​នឹង​កូន​លើ​ដី​ទួល​មួយមាន​ទឹក​ព័ទ្ធ​ជុំវិញការ​ពារ​កុំ​ឲ្យ​បុរស​ចេញ​ចូល​ដល់​ទី​លំនៅ​គាត់​បាន។ទួល​ដែល​តាដុងយាយ​ជ័យ​សង់​ផ្ទះ​នោះនៅ​មាន​ជា​ដំណែល​ជាប់​មក​ដល់​សព្វ​ថ្ងៃឋិត​នៅ​មុខ​ខ្លោង​ទ្វារ​ចូល​ទៅ​វត្ត​ទេពប្រណម្យខាង​ត្បូង​ផ្លូវ​ជាតិ​លេខ ០៥ ចម្ងាយ​ពី​ផ្លូវ​ជាតិ​​ប្រមាណ ៥០ ម៉ែត្រស្ថិតនៅ​ក្នុង​ឃុំ​វិហារហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាលតាដុងយាយ​ជ័យ​មាន​ប្អូន​ស្រី​ម្នាក់ឈ្មោះ​នាងទែននៅ​ភូមិ​ស្រែ​រនោង។តា​និង​យាយ​បាន​នាំ​នាង​ត្រចើល​ដោះ​ក្រាល​ទៅ​លេង​ឯ​ផ្ទះ​នាង​ទែន​ជា​ញឹក​ញាប់។ពេល​ដែល​នាង​ទៅ​លេង​ឯ​ផ្ទះ​ម្ដាយ​មីងនាង​តែងតែ​ដើរ​កាត់​ភូមិ​កាន់ក្អម​មក​ដង​ទឹកអ្នក​ស្រុក​បាន​ឃើញ​ដំណើរ​នាង​ដើរក៏​នាំ​គ្នា​សរសើរ​​ថាដំណើរ​នាង​ដើរ​ញ៉ែងញ៉ងពាក្យ​សរសើរ​នោះ​រាល់​ពេល​នាង​ដើរបាន​ជា​កន្លែង​នោះ​មាន​ឈ្មោះ​ថាភូមិញ៉ែងញ៉ង ឃុំញ៉ែងញ៉ង​ដល់​សព្វ​ថ្ងៃលុះ​នាង​ដើរ​មក​ដល់​ទី​កន្លែង​អណ្ដូង​ទឹកមនុស្ស​ដែល​មក​ដង​ទឹក​ជាមួយ​នាងតែង​ពោល​សរសើរ​សាច់​នាង​ថាសស្គុសពាក្យ​សរសើរ​រាល់​ពេល​វេលា​ដែល​នាង​មក​ដង​ទឹកទើប​មាន​ពាក្យ​ហៅ​មក​ដល់​សព្វ​ថ្ងៃ​ថាឃុំ​គុស។ឯ​ឃុំ​ញ៉ែងញ៉ងនិង​ឃុំ​គុស​នេះស្ថិតនៅ​ជិត​ជាប់​គ្នា​នៅក្នុង​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។ពេល​នេះនាង​នៅ​លេង​នឹង​ផ្ទះ​ម្ដាយ​មីង​ពីរ​បី​ថ្ងៃលុះ​តាដុងយាយ​ជ័យ​ក៏​មក​យក​នាង​​វិល​ទៅ​កាន់​ទី​លំនៅ​វិញ។តាដុងយាយ​ជ័យ​និង​នាងត្រចើលដោះក្រាលដែល​មក​ដល់​កាន់​ផ្ទះ​នាង​ទែន​នោះ​លស់​ខែ​តិច​ណាស់។មាន​ថ្ងៃ​មួយតា​និង​យាយ​បាន​នាំ​នាង​មក​លេង​ផ្ទះ​នាង​ទែន​ទៀតលុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវបាន​ជួប​នឹង​ព្រានវិងកំពុង​នាំ​​ចៅប្រមាញ់វិងស៊ុងដើរ​បរ​បាញ់​សត្វ​នៅក្នុង​ព្រៃ។ដោយ​ព្រានវិងនិង​តាដុងយាយ​ជ័យ​នោះបាន​ស្គាល់​ច្បាស់​ពីមុន​មក​ផងអ្នក​នោះ​ក៏​មាន​ការ​សាកសួរ​រាក់ទាក់​រក​គ្នា​ទៅវិញ​ទៅ​មក។ឯ​ចៅ​ប្រមាញ់វិងស៊ុងនិង​នាង​ត្រចើលដោះក្រាលកាល​បើ​បាន​ឃើញ​គ្នា​ហើយក៏​ចេះ​តែ​គយគន់​មើល​គ្នា​ទៅ​វិញ​ទៅ​មក។ដោយ​ការ​គយ​គន់​រក​គ្នា​នោះសេចក្ដី​ស្នេហា​ក៏​ចាប់​ផ្ដើម​ដុះ​ដាល​ឡើង​ពេញ​ពោរ​នៅ​ក្នុង​បេះដូង​រៀង​ខ្លួនហើយ​បញ្ចេញ​ឫកពា​ទៅ​វិញ​ទៅ​មក​លុះ​ត្រា​តែ​ដឹង​ចិត្ត​គ្នា។ឯ​តាដុងយាយ​ជ័យចេះ​តែ​គយ​គន់​មើល​ឃើញ​ចៅ​ប្រមាញ់​វិងស៊ុង​មាន​រូប​ល្អក៏​នឹក​នៅក្នុង​ចិត្ត​ថា បើ​បាន​ធ្វើ​ជា​គូ​ស្វាមី​ភរិយា​ជាមួយ​នឹងកូន​អញ​ស័ក្ដិ​សម​គ្នា​ណាស់។តា​និង​យាយ​ក៏​សួរ​ព្រាន​វិង​ថា«​អ្នក​កម្លោះ​ត្រូវ​ជា​អ្វី​នឹង​អ្នក?»។ព្រាន​វិង​ក៏​ឆ្លើយ​ប្រាប់​ថា«​កូន»។ដោយ​សេចក្ដី​ពេញ​ចិត្ត​នឹង​រូប​ល្អ​ស្រស់​របស់​ចៅ​ប្រមាញ់​វិងស៊ុងតា​និង​យាយ​ក៏​ទុក​ឱកាស​ឲ្យ​គូ​ស្នេហា​ទាំង​ពីរ​នាក់​នេះ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​បាន​តាម​ចិត្ត។លុះ​ចប់​ការ​សន្ទនា​នឹង​គ្នា​ហើយអ្នក​ដំណើរ​ទាំង​ពីរក៏​លា​បែក​ចាក​ចេញ​ពី​គ្នា​ទៅដោយ​ពាំ​យក​ទាំង​ក្ដី​ស្នេហា​ជាប់​រៀង​ខ្លួន​ទៅ​ផង។ចៅ​ប្រមាញ់វិងស៊ុងបាន​ដឹង​ដំណើរ​នាងត្រចើលដោះក្រាលមកលេង​នៅ​ផ្ទះ​នាង​ទែន​ញឹកញាប់ក៏​ចេះ​​ដើរ​កាត់​ស្វែង​មក​រក​ជួប​នឹង​នាង​នៅ​ផ្ទះ​នាង​ទែន​នោះ​ជា​ញឹកញាប់​ដែរ។ឯ​ព្រាន​វិង​និងតាដុងយាយជ័យក៏​ពេញ​ចិត្ត​នឹង​គូ​ស្នេហា​ទាំង​ពីរ​នោះចាំ​តែ​ដល់​ពេល​ចូល​ដណ្ដឹង​និង​រៀបការ​ផ្សំផ្គុំ​គ្នា​ឲ្យ​ប៉ុណ្ណោះ។លុះ​នៅ​យូរ​ទៅសេចក្ដី​ស្នេហា​ក៏​រីក​ដុះ​ដាល​ធំឡើង​តែ​រាល់​ថ្ងៃដោយ​តា​ដុង​យាយ​ជ័យ​ពុំ​បាន​ជូន​នាង​មក​លេង​ផ្ទះ​នាង​ទែនជា​ញឹក​ញាប់​ដូច​កាល​មុន​ៗព្រោះ​គាត់​មាន​ការ​កង្វល់​ច្រើន​នាង​ក៏​លប​លួច​រត់​មក​ផ្ទះ​នាង​ទែន​តែ​ម្នាក់ឯង។ថ្លែង​ពី​ព្រះ​រាជា​ដែល​គង់​សំចត​នៅ​ព្រៃ​បន្ទាយ​លង្វែកព្រះ​អង្គ​ឡើង​គង់​លើ​អស្សពាហ៍​មាន​សេនា ០៤​ នាក់ដង្ហែ​ព្រះ​អង្គ​ទៅ​ផងលុះ​ចូល​ដល់​ក្នុង​ព្រៃ​ជ្រៅស្រាប់​តែ​ប្រទះ​នាងត្រចើលដោះក្រាលដើរ​ត្រាច់​តែ​ម្នាក់​ឯង។ត្រង់​ព្រៃ​ដែល​ស្ដេច​​ប្រទះ​នាង​នោះអ្នក​ស្រុក​គេ​ហៅ​ថាព្រៃ​ប្រទះ​នាងដែល​សព្វ​ថ្ងៃ​គេ​ហៅ​ក្លាយ​មក​ថាប្រទះ​ឡាងទៅ​វិញ។ព្រះ​អង្គ​បាន​ទត​ឃើញ​នាង​មាន​រូប​ឆោម​លោង​ពណ៌​ល្អ​ដូច​នាង​ទេពធីតាក៏​ទ្រង់​លោត​ចុះ​ពី​លី​ខ្នង​សេះយាង​សំដៅ​ទៅ​រក​នាងទ្រង់​លួងលោម​នាង​ដោយ​សេចក្ដី​ស្នេហា។នាងត្រចាលដោះក្រាលក៏​មាន​សេចក្ដី​ភិត​ភ័យនាង​មិន​មាន​អ្វី​ឆ្លើយ​តប​ទៅ​ព្រះ​រាជា​ទេនាង​បែរ​ជា​រត់​ត្រឡប់​មក​ក្រោយ​វិញ។ពេល​នោះព្រះ​រាជា​និង​សេនា​ ០៤ នាក់ក៏​រត់​ដេញ​តាម​នាង។ដោយ​កម្លាំង​នាង​ជា​ស្រី​រត់​មិន​សូវ​លឿនហើយ​ដោយ​សារ​ព្រះ​រាជា​ដេញ​ប្រកិត​ជិត​ណាស់​មក​ផងនាង​បាន​ឃើញ​ដំបូកមួយនៅ​ក្នុង​ព្រៃ​ពី​មុខ​នាងក៏​លើក​ដៃ​បួង​សួង​ថា«​បើ​ខ្លួន​នាង​ពិត​ជា​គូ​នឹង​ចៅ​ប្រមាញ់​វិងស៊ុងសូម​ឲ្យ​ចូល​ទៅ​ពួន​លាក់​ខ្លួន​នៅ​ដំបូក​នេះ​ឲ្យ​បាត់»។បួង​សួង​ហើយ​នាង​រត់​ចូល​ទៅ​ពួន​លាក់​ខ្លួន​នៅ​ដំបូក​នោះ។ព្រះ​រាជា​និង​សេនា​ ០៤ នាក់ក៏​ទត​មើល​ពី​ចម្ងាយ​មក​នាង​រត់​ចូល​ទៅ​ក្នុង​ដំបូក​នោះ​ដែរតែ​លុះ​មក​ដល់​បែរ​ជា​រក​នាង​ពុំ​ឃើញ​វិញបាន​ជា​ពាក្យ​ហៅ​ទី​នោះ​ថាដំបូក​មាន​លក្ខណ៍។កន្លែង​នេះ​ក្រោយ​មកអ្នក​ស្រុក​បាន​កសាង​វត្ត​ហៅ​វត្ត​ដំបូក​មាន​លក្ខណ៍ស្ថិតនៅ​ក្នុង​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្ដាលតែ​តាម​ពាក្យ​ចាស់ៗ​ជំនាន់ដើមទី​ត្រង់​នេះ​គេ​ហៅ​ថាត្រពោក​មាន​លក្ខណ៍។ពេល​នោះព្រះ​រាជា​ទ្រង់​ឆ្ងល់​នឹង​ដំណើរ​ដែល​នាង​រត់​មក​ពួន​បាត់​ខ្លួន​នៅ​ដំបូក​នោះក៏​ទ្រង់​ពិគ្រោះ​ជា​មួយ​សេនា​ៗ ០៤ នាក់​ទូល​តប​វិញ​ថា«ស្ត្រី​ដែល​មាន​រូប​ល្អ​អម្បាញ់មិញ​នេះបាន​ជា​រត់​មក​ពួន​បាត់​នៅ​ដំបូក​ដែល​ជា​កន្លែង​មិន​គួរ​ឲ្យ​នឹង​លាក់​ខ្លួន​បាត់​យ៉ាង​ដូច្នេះ​ដោយ​ព្រះ​អង្គ​ដេញ​ចាប់​បង្ខំ​ចិត្ត​នាងប្រហែល​ជា​មាន​ទេវតា​ជួយ​យកអាសា​នាង​ជា​មិន​ខាន»ហើយ​សេនា​ទូល​ថែម​ទៀត​ថា«បើ​ព្រះ​អង្គ​សព្វ​ព្រះរាជ​ហឫទ័យ​នឹង​រូប​នាងសូម​ព្រះ​អង្គ​ចូល​ទៅ​ស្ដី​ដណ្ដឹង​នាង​​ដល់​ឪពុក​ម្ដាយ​នាង​តាម​ប្រពៃណី​វិញ»។ព្រះ​រាជា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា«ចុះ​ធ្វើ​ម្ដេច​នឹង​បាន​ស្គាល់​ទីកន្លែង​ឪពុក​ម្ដាយ​នាង?»។សេនា​ក្រាប​បង្គំ​ទូល​ថា«បើ​នាង​នោះ​ពិត​ជា​​មនុស្ស​លោក​មែនទូល​ព្រះ​បង្គំ​សួរ​រក​ទីកន្លែង​ឪពុក​ម្ដាយ​នាងថ្វាយ​ព្រះ​អង្គនឹង​បាន​សម្រេច​តាម​ព្រះ​រាជ​បំណង​ជា​មិន​ខាន»។ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​សេនា​ទាំង ០៤ នាក់​សព្វ​គ្រប់​ហើយទ្រង់​យាង​ចូល​ព្រះ​ពន្លា​វិញ។ចាប់​តាំង​ពី​ថ្ងៃ​នោះ​មកសេនា ០៤​ នាក់​ក៏​ត្រាច់​ស៊ើប​សួរ​រក​ទីកន្លែង​ផ្ទះ​ឪពុក​ម្ដាយ​នាងត្រចើលដោះក្រាលរក​ពេល​អស់​យូរ​ថ្ងៃ​ពុំ​ឃើញ​សោះក៏​នាំ​គ្នា​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​រាជាទូល​តាម​ការ​ស្រាវ​ជ្រាវ​រក​មិន​ឃើញ​នោះ។ព្រះ​រាជា​ក៏​ប្រជុំ​អស់​ពួក​សេនាទ្រង់​មាន​ព្រះរាជ​បញ្ជា​ថា«ឲ្យ​រៀប​ធ្វើ​ពិធី​បុណ្យ​ប្រណាំង​ទូក​ងឲ្យ​អ្នក​ស្រុក​ផ្អើល​ឈូឆរ​មក​មើល​ក្រែង​បាន​ជួប​ប្រទះ​នឹង​នាងហើយ​ពួក​យើង​តាម​មើល​នាង​ឲ្យ​ស្គាល់​ទី​លំនៅ​របស់​នាង»។សេនា​ទទួល​ព្រះ​រាជបញ្ជា​ហើយក៏​ចាត់​ចែង​ផ្សាយ​ដំណឹង​ដល់​អ្នក​ស្រុក​ជន​បទ​ជិត​ឆ្ងាយឲ្យ​មក​មើល​ប្រណាំង​ទូកអ្នក​ស្រុក​ក៏​ផ្អើល​ឈូឆរ​មីរ​ដេរដាស​ដើរ​ពពាក់​ពពូន​គ្នា​ទៅ​មើលដោយ​សេចក្ដី​រីករាយ។ចំណែក​នាងត្រចើលដោះក្រាលកាល​ស្ដេច​ដេញ​ចាប់​នាងៗពុំ​បាន​ស្គាល់​ជា​ស្ដេច​ទេ​លុះ​ស្ដេច​យាង​ផុត​ទៅនាង​ឃើញ​ស្ងាត់​ក៏​រត់​ចេញពី​ដំបូក​ត្រឡប់​មក​ផ្ទះ​ឪពុក​ម្ដាយ​នាង​វិញនាង​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ឪពុក​​នូវ​ហេតុ​ដែល​កើត​មាន​ដល់​រូប​នាង​តាម​ត្រង់ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ស្នេហា​របស់​នាងដ៏​លើស​លុប​ទៅ​លើ​ចៅ​ប្រមាញ់​វិងស៊ុង។​ឪពុក​ម្ដាយបាន​ដឹង​ចិត្ត​កូន​សព្វ​គ្រប់​ហើយក៏​មាន​ចិត្ត​អាណិត​កូនដោយ​ឃើញ​ទឹក​មុខ​កូន​ស្រពាប់ស្រពោន​ខ្លាំង​ពេក។ពេល​ដែល​អ្នក​ស្រុក​ផ្អើល​ឈូឆរ​ទៅ​មើល​ប្រណាំង​ទូកតា​ដុងយាយ​ជ័យ​ក៏​នាំ​នាងត្រចើលដោះក្រាលទៅ​មើល​នឹង​គេ​ដែរលុះ​ដើរ​ទៅ​ដល់​កន្លែង​ប្រណាំង​ទូកអ្នកស្រុក​ភូមិ​ក៏​ចេះ​តែ​បបួល​គ្នា​គយគន់​មើល​សម្រស់​របស់​នាងត្រចើលដោះក្រាលហើយ​គេ​សរសើរ​គ្រប់​គ្នា។សេចក្ដី​សរសើរ​លម្អនាង​ពី​មាត់​មួយ​ទៅ​មាត់​មួយក៏​លេច​ឮ​ដល់​សេនា​របស់​ព្រះ​រាជាដែល​កំពុង​ដើរ​ត្រាច់​រង្គាត់​រក​មើល​នាង។សេនា​ទាំង​ ០៤ បាន​ដើរ​មក​ឃើញ​ស្គាល់​ច្បាស់​ហើយក៏​ប្រជុំ​គ្នា​ចាំ​មើល​ដំណើរ​របស់​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។លុះ​ពិធី​ប្រណាំង​ទូក​ចប់​ហើយអ្នក​ស្រុក​ក៏​ត្រឡប់​ទៅ​ទី​លំនៅ​រៀង​ខ្លួន។សេនា ០៤ នាក់​ក៏​លួច​ធ្វើ​ដំណើរ​តាម​ក្រោយតាដុង​​យាយ​ជ័យលុះ​បាន​ស្គាល់​ទី​លំនៅ​នាង​និង​ឪពុក​ម្ដាយ​នាង​ហើយក៏ត្រឡប់​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះរាជា​ទូល​តាម​សេចក្ដី​ពិត។ព្រះ​រាជា​ក៏​ស្ដេច​យាង​មក​ផ្ទះ​តាដុង​យាយ​ជ័យ​ជា​មួយ​នឹង​សេនា ០៤ នាក់។តាដុង​យាយ​ជ័យបាន​ឃើញ​ព្រះ​រាជា​ស្ដេច​យាង​មក​ដល់​ផ្ទះ​នាងក៏​រៀប​ទី​កន្លែង​ទទួល​ព្រះ​អង្គព្រះ​រាជា​ទ្រង់​មាន​ព្រះ​បន្ទូល​ផ្ទាល់​ព្រះ​អង្គ​នឹង​តាដុង​យាយ​ជ័យសូម​ដណ្ដឹង​យក​នាងត្រចើលដោះក្រាលមក​ធ្វើ​ជា​ព្រះរាជអគ្គមហេសី​ហើយ​ព្រះ​អង្គ​បញ្ជាក់​ថា«សូម​ឲ្យ​តា​និង​យាយ​បង្គាប់​យ៉ាង​ណា​ៗក៏​បង្គាប់​ចុះព្រះ​អង្គ​ហ៊ាន​ទទួល​ទាំង​អស់»។ពេល​នោះតាដុង​យាយ​ជ័យបាន​ស្គាល់​ទឹក​ចិត្ត​កូន​ច្បាស់តែ​មិន​ទាន់​ហ៊ាន​សម្រេច​ថា​ថ្វាយ​ឬ​មិន​ថ្វាយ​ព្រះ​រាជា​ទេចាំ​សួរ​ចិត្ត​កូន​សិន។លុះ​ទៅ​សួរ​នាងត្រចើលដោះក្រាលប្រកែក​ចំពោះ​ឪពុក​ម្ដាយ​នាង​ថា«នាង​មិន​ទទួល​យក​ស្ដេច​ទេនាង​ស៊ូ​ស្លាប់​ជាមួយ​នឹង​ចៅ​ប្រមាញ់វិងស៊ុងជា​គូ​បណ្ដូល​ចិត្ត​នាង​ហើយ»។តាដុង​យាយ​ជ័យ​ឮ​កូន​ប្រកែក​តឹងរឹង​ដូច្នោះក៏​ពិគ្រោះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា«បើ​យើង​មិន​ថ្វាយ​នាង​ទៅ​ស្ដេចយើង​មុខ​ជា​មាន​ទុក្ខ​ទៅ​ថ្ងៃ​ក្រោយ​ជា​មិន​ខានតែ​បើ​យើង​លើក​នាង​ថ្វាយ​ស្ដេចយើង​អាណិត​ចិត្ត​កូនដែល​គ្នា​បាន​ស្រឡាញ់​ទៅ​លើ​រូប​ចៅ​ប្រមាញ់​វិងស៊ុងជា​ទី​ពេញ​ចិត្ត​យើង​ដែរ​ទៅ​ហើយបើ​ដូច្នេះ​យើង​បង្គាប់​ព្រះ​រាជា​ជា​ឲ្យ​ធ្ងន់​កុំ​ឲ្យ​ព្រះ​អង្គ​ទទួល​រួចទោះ​ជា​ព្រះ​អង្គ​ហ៊ាន​ទទួល​ក៏​ព្រះ​អង្គ​ចាត់​ការ​ធ្វើ​មិន​ទាន់​ដែរ»។លុះ​ពិគ្រោះ​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​រួច​ហើយតា​និង​យាយ​ក៏​ទូល​ព្រះ​រាជា​​ថា«មិន​ហ៊ាន​បង្គាប់​ព្រះ​អង្គ​ទេក្រែង​ព្រះ​អង្គ​មិន​ហ៊ាន​ទទួល»ព្រះ​រាជា​មាន​ព្រះ​បន្ទូល​ថា«ព្រះ​អង្គ​ហ៊ាន​ទទួល​ទាំង​អស់​ឲ្យ​តែ​លើក​នាង​ថ្វាយ​ព្រះ​អង្គ​ចុះ»តា​និង​យាយ​ក៏​បង្គាប់​ព្រះ​រាជា​ថា«សូម​ព្រះ​អង្គ​លើក​ផ្លូវ​ពី​ព្រះ​ពន្លា​ព្រះ​អង្គ​មក​ដល់​ផ្ទះ​ទូល​ព្រះ​បង្គំ​ឲ្យ​បាន​ស្រេច​តែ​មួយ​រាត្រីបើ​មិន​ហើយទូល​ព្រះ​បង្គំ​មិន​លើក​នាង​ថ្វាយ​ទេ»។ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយឃើញ​ថា​ការ​នេះ​មាន​បន្ទុក​ធ្ងន់​ណាស់តែ​ដោយ​ព្រះ​រាជា​ទ្រង់​ទសពិធ​រាជ​ធម៌​ផងទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​លើ​រូប​នាងត្រចើលដោះក្រាលខ្លាំង​លើស​លុប​ផងព្រះ​អង្គ​ក៏​ទទួល​ធ្វើ​ផ្លូវ​តាម​បង្គាប់​របស់​តាដុង​យាយ​ជ័យ។លុះ​ព្រះ​អង្គ​យាង​ថយ​ទៅ​វិញទ្រង់​ប្រាប់​រេហ៍ពល​ឲ្យ​មក​ប្រជុំ​គ្នាហើយ​ព្រះ​អង្គ​ត្រាស់​បង្គាប់​ថា«ចូលសេនា​រេហ៍ពល​ទាំង​អស់លើក​ផ្លូវ​ថ្នល់​មួយ​ចាប់​ព្រះ​ពន្លា​រហូត​ទៅ​ដល់​ផ្ទះ​ឪ​ដុង​ម៉ែ​ជ័យធ្វើ​មួយ​យប់​ឲ្យ​ហើយ​ស្រេច»។ពាក្យ​ដែល​ហៅ​ថាស្រុក​ឧដុង្គសព្វ​ថ្ងៃគឺ​ហៅ​តាម​បន្ទូល​ស្ដេច​មុន​ដំបូង​ដែល​ហៅ​ថាឪដុងម៉ែជ័យតែ​ក្រោយ​មក​គេ​ហៅ​ក្លាយ​ជាឧដុង្គមានជ័យ។គ្រានោះ​សេនា​រេហ៍ពលលើក​ផ្លូវ​ថ្នល់នៅ​ក្នុង​មួយរាត្រី​នោះ​មិន​ហើយ​សោះលុះ​ដល់​ភ្លឺ​ស្វាង​ឡើងផ្លូវ​ថ្នល់​នោះ​នៅ​ដាច់​មិន​ជួប​គ្នា​បាន​ជា​មាន​ពាក្យ​ហៅ​ថាភូមិ​ថ្នល់​ដាច់ស្ថិតនៅក្នុងឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំងសព្វ​ថ្ងៃ​នេះ។ឯ​តាដុង​យាយ​ជ័យ​បាន​នាំ​គ្រួសារ​ចុះ​ទូក​ជា​ស្រេចតាម​មើល​សេនា​រេហ៍ពល​របស់​ស្ដេច​លើក​ផ្លូវ​ថ្នល់ដោយ​មាន​បំណង​ថាបើ​ព្រះ​អង្គលើក​ផ្លូវ​ថ្នល់មួយយប់ហើយ​មែន​នឹង​នាំ​នាង​រត់​ទៅ​តែ​ម្ដងលុះ​ឃើញ​ផ្លូវ​ថ្នល់​នោះស្ដេច​លើក​មិន​ហើយតា​និង​យាយ​ត្រេក​អរ​ណាស់ក៏​ចូល​ចត​ទូក​ត្រង់​កន្លែង​ផ្លូវ​ថ្នល់​ដាច់​មិន​ជួប​គ្នា​នោះហើយ​តាដុងយាយ​ជ័យឡើង​ទៅ​មើល​ផ្លូវ​ថ្នល់។គាត់​កំពុង​តែ​ពិនិត្យ​មើល​ថ្នល់​នោះសេនា​ក៏​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​រាជាតាម​ហេតុ​រឿង​ដែល​លើក​ផ្លូវ​ថ្នល់​មិន​ហើយ​នោះ​ដែរព្រះរាជា​ក៏​ស្ដេច​យាង​មក​ទត​មើល។តា​ដុង​យាយ​ជ័យ​ឮ​ដំណឹង​ថាស្ដេច​យាង​មក​ហើយក៏​បបួល​គ្នា​រត់​ចុះទូក​កុំ​ឲ្យ​ស្ដេច​ឃើញ​មុខ។ពេល​នោះ​យាយ​ជ័យ​ប្រពន្ធ​តា​ដុង​ភ័យ​ញញី​ញញ័រ​រត់​ចុះ​ទៅ​ទូក​មិន​កើត​ក៏​វារ​ចុះ​តាម​ច្រាំង​ជង្ហុកក៏គាប់​ជួន​ជា​សេនា​មក​ដល់​ក៏​ស្រែក​ឃាត់​ថា«យាយ​កុំ​វារ​ចុះ​ទៅ​ទូក​អីស្ដេច​យាង​មក​ដល់​ឥឡូវ​ហើយ»។យាយ​ជ័យ​មិន​ស្ដាប់​សោះ​ក៏​ចេះ​តែ​វា​រចុះ​ទូកដល់​ទូក​ហើយ​ក៏​ច្រាន​ទូក​ចេញ​ទៅ។កន្លែង​ដែល​យាយ​ជ័យ​វារ​នោះពី​ដើម​គេ​ហៅ​កំពង់​យាយ​ជ័យ​វារតែ​សព្វ​ថ្ងៃ​គេ​ហៅ​ក្លាយ​ថាកំពង់​ជវារស្ថិតនៅ​ក្នុង​ឃុំលង្វែក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង។លុះ​ស្ដេច​យាង​មក​ដល់​ទត​ឃើញ​ទូក​តា​ដុងយាយ​ជ័យ​ចេញ​ពី​កំពង់​ឆ្ងាយ​ទៅ​ហើយព្រះ​អង្គ​ក៏​គិត​ស្មាននៅ​ក្នុង​ព្រះទ័យ​ថាឪ​ដុង​ម៉ែ​ជ័យ​មុខ​ជា​ខឹង​នឹង​ព្រះ​អង្គ​លើក​ផ្លូវ​ថ្នល់​មិន​ហើយបាន​ជា​មិន​ចាំ​ជួប​នឹង​ព្រះ​អង្គព្រះ​រាជា​ក៏​ចាត់​សេនា ០៤ នាក់​ឲ្យ​ចូល​ទៅ​អង្វរ​ឪ​ដុង​ម៉ែ​ជ័យនិងសូមឲ្យយកនាងត្រចើលដោះក្រាលមក​ធ្វើ​ជា​ទេពី​របស់​ព្រះ​អង្គ។សេនា ០៤ នាក់​ក៏​តាម​ទៅ​ជួប​នឹង​តា​ដុង​យាយ​ជ័យដែល​កំពុង​បណ្ដើរ​នាង​ត្រចើលដោះក្រាល​ឡើង​សំដៅ​មក​ផ្ទះហើយ​សេនា​ទាំង​នោះ​និយាយ​អង្វរ​តា​ដុង​យាយ​ជ័យតាង​ព្រះ​នាម​ព្រះ​មហា​ក្សត្រ​ថាព្រះ​អង្គ​សូម​យក​នាង​ទៅ​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​អង្គ។គ្រា​នោះ​នាង​ត្រចើលដោះក្រាលដែល​ជា​ស្រី​ល្អ​ដូច​នាង​ទេពធីតាក៏​លុត​ជង្គង់​សំពះ​ប្រណម្យ​ទៅ​សេនា ០៤ នាក់​វិញ​ថា«នាង​ខ្ញុំ​សូម​ក្រាប​បង្គំ​ទូល​ព្រះ​រាជា​ថានាង​ខ្ញុំ​មិន​សុខ​ចិត្ត​ទៅ​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​អង្គ​ទេព្រោះ​រូប​ខ្ញុំ​ជា​រាស្ត្របើ​ព្រះអង្គ​នៅ​តែ​បង្ខំ​យក​រូប​ខ្ញុំ​នាង​ខ្ញុំ​នឹង​សម្លាប់​ខ្លួន​ជា​មិន​ខាន»។ខណៈ​នោះ​តា​ដុង​យាយ​ជ័យនិយាយ​ទៅ​កាន់​សេនា ០៤ នាក់​ថា«សូម​លោក​ទូល​ព្រះ​រាជា​ផងកុំ​ឲ្យ​ព្រះ​អង្គ​បង្ខំ​ពេកចាំ​ខ្ញុំ​លួង​លោម​ចិត្ត​កូន​ស្រី​ខ្ញុំ​ឲ្យ​បាន​ស្រួល​សិន»។សេនា ០៤ នាក់ ក៏​លា​ថយ​ត្រឡប់​ទៅ​វិញ។ចំណែក​តា​និង​យាយ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ។ពេល​រាត្រី​នោះតាដុង​យាយ​ជ័យនាំ​នាង​ត្រចើលដោះក្រាល​រត់​បណ្ដោះ​ទៅ​ទុក​នៅ​ផ្ទះ​នាង​ទែន​ឯ​ភូមិ​ស្រែ​រនោងហើយ​តាដុង​យាយ​ជ័យនិយាយ​ប្រាប់​នាង​ទែន​ជា​ប្អូន​តាម​រឿង​សព្វ​គ្រប់និង​ប្រាប់​ឲ្យ​ហៅ​ព្រាន​វិង​ឲ្យ​នាំ​កូន​ឈ្មោះ​ចៅ​ប្រមាញ់​វិងស៊ុងមក​រើស​រក​ពេលា​ការ​ឲ្យ​ហើយ។តា​យាយ​ផ្ដាំ​នាង​ទែនសព្វ​គ្រប់​ហើយ​ក៏​វិល​ថយ​មក​ផ្ទះ​វិញចាំ​ទូល​ដោះ​សារ​នឹង​ស្ដេច។ត្រង់កន្លែងដែលសេនា ០៤ នាក់មកអង្វរតាដុងយាយជ័យសុំនាងត្រចើលដោះក្រាល ទៅធ្វើជាព្រះទេពីរបស់ព្រះរាជាហើយនាងសំពះប្រណម្យទៅសេនាវិញថានាងមិនសុខចិត្តទៅទេនោះគេហៅថាទេពធីតាប្រណម្យដែលឥឡូវនេះមានវត្តមួយឋិតនៅក្នុងកន្លែងនោះ ឈ្មោះវត្តទេពប្រណម្យគឺពីដើមគេហៅវត្តទេពធីតាប្រណម្យតែក្រោយមកទៅជាវត្តទេពប្រណម្យស្ថិតនៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាលសព្វថ្ងៃ។គ្រានោះព្រះរាជាលុះត្រាបានទ្រង់បានសណ្ដាប់សេនា ០៤ នាក់ថាចាំឪដុងម៉ែជ័យអង្វរលួងលោមចិត្តនាងកូនឲ្យបានស្រួលសិនដូច្នេះតាំងពីថ្ងៃនោះមកព្រះអង្គទ្រង់ចាត់សេនាឲ្យមកស្ដាប់ដំណឹងនៅផ្ទះឪដុងម៉ែជ័យជារៀងរាល់ថ្ងៃ។ឯតាដុងយាយជ័យចេះតែដោះសារថា«ចិត្តនាងពុំទាន់ស្រួលនៅឡើយទេ»។ចំណែកនាងទែនកាលបើបានទទួលចងចាំតាមសម្ដីបងសព្វគ្រប់ហើយក៏ចាត់ការហៅព្រានវិងនិងចៅប្រមាញ់វិងស៊ុងឲ្យចូលមកស្ដីដណ្ដឹងនាងត្រចើលដោះក្រាលរួចឲ្យអាចារ្យមើលពេលាការបានហើយក៏ផ្ដល់ដំណឹងទៅបងឲ្យមករៀបការកូន។តាដុងយាយជ័យមិនទាន់បានមកភ្លាមទេព្រោះនៅជាប់ដោះសារនឹងស្ដេចលុះដល់ថ្ងៃចូលរោងតានិងយាយក៏លួចលបធ្វើដំណើរមកតាមផ្លូវក្នុងព្រៃមានសេចក្ដីព្រួយជានិច្ចក្រែងស្ដេចមកតាមការគិតរបស់តានិងយាយច្រើនពេករហូតនាំឲ្យគាត់ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃរកផ្លូវទៅផ្ទះនាងទែនមិនឃើញ។គាប់ជួនពេលនោះតាយាយបានជួបនឹងក្មេងគង្វាលក្របីម្នាក់តាយាយក៏ស្រែកសួរថា«អឺអាវ៉ា!ផ្លូវទៅណា ទៅទ្រាំង ទៅវាំងពន្លុស ផ្លូវណាទៅគុស ទៅស្រែរនោង?»។ក្មេងគង្វាលក្របីក៏គិតថា«បើអញបង្ហាញចង្អុលប្រាប់ផ្លូវតែម្ដងទៅវាគ្មានបានប្រយោជន៍អ្វីមកដល់អញសោះបើអញប្រាប់ឲ្យតានិងយាយនេះបន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឲ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង»ក្មេងគង្វាលក្របីគិតដូច្នោះហើយក៏ឆ្លើយតបទៅនឹងតាយាយថា«បើតានិងយាយចង់រកផ្លូវឲ្យឃើញដូចបំណងសូមឡើងទៅបន់អ្នកតាខ្នងភ្នំទៅរួចត្រូវមានសំណែនមកថ្វាយហើយមានទាំងភ្លេងប្រគំភ្លេងបទខ្ទោរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ទឹកទប់ ជ្រង ជ្រងសម្ងាត់ ដោះក្រាល កន្ទែនទ្រាំងផងទើបតានិងយាយរកផ្លូវឃើញ»។តាដុងយាយជ័យឮពាក្យក្មេងគង្វាលក្របីបង្គាប់ឲ្យធ្វើដូច្នេះក៏ជឿធ្វើតាមហើយតានិងយាយក៏ឡើងទៅបន់អ្នកតាលើខ្នងភ្នំ។លុះចុះមកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅដល់ផ្ទះនាងទែន។កាលទៅដល់ជិតរបងផ្ទះនាងទែនៗក្រឡេកឃើញបងស្ទុះមកទទួលតាដុងយាយជ័យក៏និយាយប្រាប់ហេតុវង្វេងផ្លូវហើយបានបន់អ្នកតាទើបរកផ្លូវឃើញ។ពេលនោះលោកអាចារ្យបានឮថាតាដុងយាយជ័យជាមេបាខាងស្រីចូលមកក្នុងរោងមង្គលការដែលជិតបង្ហើយមានបំណន់ដូច្នោះក៏ផ្អាកដំណើរតាយាយឲ្យឈរនៅខាងក្រៅរបងសិនមិនឲ្យអ្នកជាប់បំណន់ចូលក្នុងរោងមង្គលការនោះឡើយ។លោកអាចារ្យប្រាប់មេបាទាំងសងខាងថា«ឲ្យរៀបសំណែនមានទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាឲ្យហើយសិនទើបអាចចូលមកក្នុងរោងមង្គលការនេះបាន»។នាងទែនក៏បានចាត់ចែងរៀបចំសំណែនមានបង្អែមចម្អាបព្រមទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាខ្នងភ្នំ។ខណៈនោះភ្លេងក៏ចាប់ប្រគំបទខ្ទរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ទឹកទប់ ជ្រង ជ្រងសម្ងាត់ ដោះក្រាល កន្ទែនទ្រាំង។ភ្លេងទាំង ០៩ បទនេះក៏បានចូលមកនៅក្នុងទម្លាប់ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។លុះធ្វើកិច្ចលាបំណន់រួចហើយតាដុងយាយជ័យក៏មកចូលរួមនៅក្នុងមង្គលការនោះអាចារ្យក៏បានឲ្យកូនប្រុសស្រីក្រាបសំពះផ្ទឹមឲ្យពរជ័យ។ថ្លែងពីព្រះរាជាដែលគង់នៅព្រះពន្លាឯបន្ទាយលង្វែកលុះទ្រង់ជ្រាបហេតុការថាតាដុងយាយជ័យលួចពង្រត់នាងត្រចើលដោះក្រាលយកទៅរៀបការនៅផ្ទះនាងទែនភូមិស្រែរនោងនោះហើយព្រះអង្គក៏យាងទៅជាមួយនឹងសេនាសំដៅទៅផ្ទះនាងទែនលុះស្ដេចដល់ហើយព្រះអង្គបានទតឃើញនាង ត្រចើលដោះក្រាលនិងចៅប្រមាញ់វិងស៊ុងកំពុងតែក្រាបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា។ដោយទ្រង់ទតឃើញគូស្វាមីភរិយាទាំងពីរនាក់នោះមានរូបសម្ផស្សល្អស័ក្ដិសមគ្នាទ្រង់ក៏បណ្ដោយឲ្យគេធ្វើកិច្ចផ្ទឹមនោះឲ្យហើយស្រេចរួចព្រះអង្គត្រាស់បង្គាប់ឲ្យសេនាហៅមេបាទាំងសងខាងព្រមទាំងសាមីខ្លួនទាំងពីរនាក់ មកជួបជុំចំពោះព្រះភ័ក្ត្រព្រះអង្គ។អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យញាប់ញ័ររន្ធត់គ្រប់គ្នាព្រះរាជាក៏ត្រាស់សួរទៅចៅប្រមាញ់វិងស៊ុងថា«អ្នកឯងជាកូនអ្នកណាបានជាហ៊ានរៀបការនឹងនាងត្រចើលដោះក្រាលជាគូដណ្ដឹងរបស់យើង?»។ពេលនោះចៅប្រមាញ់វិងស៊ុងក៏ឆ្លើយទូលតបវិញថា«ទូលព្រះបង្គំជាកូនព្រានវិង»ហើយចង្អុលទៅព្រានវិងជាឪពុករបស់ខ្លួន។ព្រះរាជាទតឃើញព្រានវិងជាព្រានរបស់ព្រះអង្គក៏ទ្រង់សួរទៅថា«ព្រានឯងមានកូនប្រុសពីកាលណាមកបានជាយើងមិនដែលឃើញ?»។ព្រានវិងឱនក្បាលក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំងបានរៀបរាប់ទូលព្រះរាជាថា«កូនប្រុសនេះ មិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេគឺជាកូនចិញ្ចឹមព្រោះកាលមួយថ្ងៃនោះទូលព្រះបង្គំទៅបាញ់សត្វនៅក្នុងព្រៃបានប្រទះឃើញស៊ុតសត្វមួយធំចម្លែកលើសស៊ុតទាំងអស់នៅទីមួយដែលមានកាយដីកប់ថ្មីៗទូលព្រះបង្គំឃើញហើយក៏យកមកទុកមើល លុះគ្រប់ថ្ងៃខែស៊ុតញាស់ឡើងស្រាប់តែឃើញចេញមកជាកូនមនុស្សតែម្ដងដែលជារូបកូនចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំឲ្យឈ្មោះថាចៅប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះមុខព្រះភ័ក្ត្រព្រះអង្គ»។ចៅប្រមាញ់វិងស៊ុងក៏ភ្ញាក់ខ្លួនពេលនោះថាខ្លួនកើតចេញពីពង។ខណៈនោះព្រះរាជាក៏ស្ទុះទៅឱបក្រសោបចៅប្រមាញ់វិងស៊ុងទ្រង់ហៅថា«កូនសម្លាញ់ឪពុក!ៗនេះហើយជាឪពុករបស់កូន»។ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំព្រះរាជអគ្គមហេសីយាងទៅក្រសាលព្រៃហើយប្រសូតព្រះរាជបុត្រទៅជាស៊ុតក៏កាយដីកប់ចោលនៅក្នុងព្រៃទៅ។ទ្រង់រៀបរាប់សព្វគ្រប់ហើយព្រះរាជាក៏ទ្រង់ចាត់ចែងឲ្យដង្ហែព្រះរាជបុត្រព្រមទាំងនាងត្រចើលដោះក្រាលចូលទៅក្នុងព្រះនគរធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់វិងស៊ុងនិងនាងត្រចើលដោះក្រាលឲ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដីតំណពីព្រះអង្គនៅក្នុងពេលនោះទៅហើយព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា ឪដុងម៉ែជ័យជាប់រហូតមក។[]

Remove ads

បេតិកភ័ណ្ឌពិភពលោក

ទីតាំង​របស់រាជធានីឧដុង្គ​មានជ័យជាប់​​ឈ្មោះនៅ​​ក្នុង​បញ្ជីបេតិកភ័ណ្ឌ​ពិភពលោក​បម្រុងរបស់​អង្គការយូនីស្កូ(UNESCO)នៅ​ថ្ងៃ​ទី​ ០១ ខែកញ្ញា ឆ្នាំ ១៩៩២ ក្រោម​ចំណាត់ថ្នាក់បេតិកភ័ណ្ឌ​វប្បធម៌។[]

ឯកសារ​យោង

តំណភ្ជាប់​ខាង​ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads