ជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥
From Wikipedia, the free encyclopedia
Remove ads
ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃបានបានវិវត្តក្លាយជាជម្លោះប្រដាប់អាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្រោយមកបន្តិចមក ប្រទេសទាំងពីរក៏បានយល់ព្រមអនុវត្តបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌមួយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ថ្វីបើដូច្នេះក្ដី ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងខែធ្នូ ហើយដូចមុនអញ្ចឹងដែរ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថាបានរំលោភកិច្ចព្រមព្រៀងសន្តិភាពបន្ទុះជម្លោះម្តងទៀត។
ព្រឹត្តិការណ៍នេះបានកើតជាជម្លោះប្រដាប់អាវុធដំបូងនៅថ្ងៃទី២៤ ខែកក្កដា គឺមួយថ្ងៃក្រោយទាហានថៃម្នាក់បានទទួលរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបានជាន់លើមីនប្រឆាំងមនុស្សប្រភេទ ភីអ៊ឹមអ៊ិន-២ នៅក្នុងស្រុកណាំយឿន ខេត្តឧប្បលរាជធានី។ ហេតុការណ៍ជាន់មីននេះបានបើកផ្លូវឱ្យថៃចោទប្រកាន់កម្ពុជាថាជាអ្នកបង្កប់មីន ហើយនៅថ្ងៃបន្ទាប់ ជម្លោះប្រដាប់អាវុធក៏បានផ្ទុះឡើងដោយប្រទេសទាំងពីរបានចោទគ្នាទៅវិញទៅមកថាជាអ្នកផ្ដើមការវាយប្រហារ។ ជនស៊ីវិលសរុបជាង ២០០,០០០ នាក់នៅទូទាំងភាគឦសាននៃប្រទេសថៃ និងភាគខាងជើងនៃប្រទេសកម្ពុជាត្រូវភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនដើម្បីស្វែងរកទីទួលជម្រកសុវត្ថិភាព។ កងទ័ពអាកាសភូមិន្ទថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-១៦ ក្នុងធ្វើការវាយប្រហារនានាទៅលើទីតាំងឈរជើងយោធាកម្ពុជានៅតាមបណ្តោយខ្សែព្រំដែន ដោយនេះជាលើកដំបូងហើយដែលកងទ័ពអាកាសថៃបានប្រឡូកចូលប្រយុទ្ធក្នុងសមរភូមិចាប់តាំងពីសង្គ្រាមព្រំដែនថៃ-ឡាវកាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០។
សហគមន៍អន្តរជាតិ ពិសេសគឺសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការសហប្រជាជាតិ ត្រូវបានជំរុញឱ្យធ្វើអន្តរាគមន៍ក្នុងការសម្របសម្រួលជម្លោះមូយនេះ។ ទោះបីជាភាពតានតឹងបានចុះថមថយបន្តិចម្តងៗក្រោមសម្ពាធការទូតពីខាងក្រៅក៏ដោយ ការវាយប្រយុទ្ធគ្នានៅកំឡុងខែកក្កដា ឆ្នាំ២០២៥ គឺជាការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីករណីប្រាសាទព្រះវិហារមក ដោយបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងលើស្ថិរភាព និងសន្តិសុខនៅអាស៊ីអាគ្នេយ៍ដីគោក។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងកម្ពុជា និងថៃបានប៉ះទង្គិចគ្នាមួយរយៈពេលខ្លីនៅក្នុងតំបន់ព្រំដែន។ នៅថ្ងៃបន្ទាប់ កងកម្លាំងយោធាថៃបានបើកយន្តហោះចម្បាំង F-១៦ វាយប្រហារនិងទម្លាក់គ្រាប់បែកលើទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជា។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានចេញមុខម្តងទៀតមកជំរុញឱ្យភាគីថៃនិងកម្ពុជាគោរពនូវកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្របសម្រួលដោយលោកកាលពីខែតុលា។
Remove ads
ផ្ទៃរឿង

ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃមានឫសគល់នៅក្នុងបន្ទាត់កំណត់ព្រំដែនដែលកើតចេញពីសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលបានកំណត់ខ្សែបន្ទាត់ព្រំដែនខណ្ឌចែកព្រះរាជាណាចក្រសៀម (ប្រទេសថៃបច្ចុប្បន្ន) និងឥណ្ឌូចិនបារាំង (ប្រទេសកម្ពុជា ឡាវ និងវៀតណាមបច្ចុប្បន្ន)។
បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យភាពពីបារាំងនៅក្នុងឆ្នាំ១៩៥៣ អធិបតេយ្យភាពលើប្រាសាទព្រះវិហារបានក្លាយជាចំណុចដ៏ក្ដៅមួយនៅក្នុងជម្លោះរវាងកម្ពុជានិងថៃ។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចកាត់ក្ដីនៅក្នុងឆ្នាំ១៩៦២ ថា ប្រាសាទព្រះវិហារគឺស្ថិតនៅក្រោមអធិបតេយ្យភាពកម្ពុជា ដោយយោងតាមឯកសារផែនទីរបស់បារាំង។[១៩] ទោះបីជាមានការកាត់ក្ដីបែបនេះក៏ដោយ តែតុលាការអន្តរជាតិមួយនេះមិនបានកំណត់ខណ្ឌព្រំដែនច្បាស់លាស់នៅក្នុងតំបន់ជុំវិញនោះទេ ដែលជាហេតុធ្វើឱ្យវានៅតែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។[២០]
ដោយហេតុនេះ តំបន់នៅជុំវិញប្រាសាទក៏ដូចជាតំបន់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅតែមានជាជម្លោះ ដែលនាំឱ្យមានភាពតានតឹងរវាងរដ្ឋទាំងពីរជាបន្តបន្ទាប់ ជាពិសេសក្នុងកំឡុងចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១១ នៅពេលដែលការប៉ះទង្គិចគ្នាដោយយោធាបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។ មនោសញ្ចេតនា និងគំនិតជាតិនិយមក្នុងប្រទេសទាំងពីរក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនកម្ដៅនៃជម្លោះអស់ទាំងនេះផងដែរ។ ជាលទ្ធផលនៃការប៉ះទង្គិចគ្នានៅរវាងឆ្នាំ២០០៨ និងឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបញ្ជាក់ឡើងវិញនូវសេចក្តីសម្រេចខ្លួនកាលពីឆ្នាំ១៩៦២។
យ៉ាងណាមិញ ភាពមិនច្បាស់លាស់នៅតាមបណ្ដោយខ្សែព្រំដែន និងអវត្តមាននៃការកំណត់ខណ្ឌព្រំដែនទ្វេភាគី បានបន្តជំរុញឱ្យមានភាពតានតឹង ហើយធ្វើឱ្យតំបន់នេះក្លាយជាចំណុចក្តៅគគុកម្តងហើយម្តងទៀតសម្រាប់វិបត្តិយោធា និងការទូតរវាងប្រទេសទាំងពីរ។ អ្នកវិភាគបានសង្កត់ធ្ងន់ថា ជម្លោះរវាងរដ្ឋទាំងពីរសុទ្ធតែមានប្រភពជាប់ទាក់ទងនឹងកត្តានយោបាយក្នុងស្រុក ប្រវត្តិសាស្ត្រ និងតម្លៃយុទ្ធសាស្ត្រនៃកំពូលភ្នំដែលប្រាសាទព្រះវិហារកំពុងឈរពីលើ។[២១][២២][២៣]
Remove ads
ព្រឹត្តិការណ៍មុនជម្លោះ
ភាពតានតឹងនៅតំបន់ព្រំដែនប្រទេសទាំងពីរបានកើនឡើងក្ដៅគគុកសារជាថ្មីម្តងទៀតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលដែលទាហានថៃបានរារាំងភ្ញៀវទេសចរខ្មែរមិនឱ្យច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទតាមាន់ធំ។[២៤][២៥] មកដល់ថ្ងៃទី២៨ ខែឧសភា ទាហានខ្មែរ និងថៃបានប៉ះទង្គិចគ្នាមួយរយៈពេលខ្លី បណ្ដាលឱ្យទាហានខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិត។ ប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបណ្ដោយឱ្យផ្ទុះអាវុធបាញ់គ្នា។[១៩] នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែតបានឆ្លើយតបនឹងហេតុការណ៍ទាំងនេះដោយផ្តើមរៀបចំឯកសារដើម្បីទៅប្ដឹងតុលាការយុត្តិធម៌អន្តរជាតិជុំវិញទីតាំងជម្លោះ ដោយថាលោកមិនចង់ឃើញមានជម្លោះកើតមានជាមួយប្រទេសថៃនោះទេ។[២១] លោកភូមិធម្ម វេជ្ជយជ័យ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជានាយករដ្ឋមន្ត្រីស្ដីទីថៃបានថ្លែងថា គ្មានភាគីណាមួយចង់បង្កើនជម្លោះដាក់គ្នានោះទេ ហើយកំពុងស្វះស្វែងរកមធ្យោបាយដោះស្រាយវិវាទ។[៨]
ការប៉ះទង្គិចនៅមុំបី
នៅថ្ងៃទី២៨ ខែឧសភា ទាហានកម្ពុជា និងថៃបានផ្ទុះអាវុធប៉ះទង្គិចបាញ់បកគ្នារយៈពេល ១០ នាទី នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្ដាលឱ្យទាហានខ្មែរម្នាក់បានស្លាប់នោះគឺលោកព្រិន្ទបាលឯក សួន រោន។[២៦] ព្រឹត្តិការណ៍ប៉ះទង្គិចមួយប្រាវនេះបានកើតឡើងក្នុងតំបន់ចុងបូក ឬមុំបី តាមបណ្ដោយព្រំដែនរវាងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា និងខេត្តឧប្បលរាជធានីរបស់ថៃ។[២៧] លោកម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាបានថ្លែងថា ទាហានថៃគឺជាអ្នកដែលបើកការបាញ់ប្រហារមកលើទាហានកម្ពុជាមុននៅក្នុងលេណដ្ឋានដែលកម្ពុជាបានប្រើប្រាស់អស់មួយរយៈមកហើយ។ ជាមួយគ្នានេះ លោកវិនទ័យ សុវរី អ្នកនាំពាក្យកងទ័ពថៃ បានអះអាងថា ទាហានថៃបានព្យាយាមនិយាយសម្រួលជាមួយទាហានកម្ពុជាឱ្យដកថយចេញពី"តំបន់ប្រទាញប្រទង់" មុនពេលភាគីកម្ពុជាបានធ្វើការបាញ់ប្រហារ។[២៧][២៨]
ហេតុការណ៍បែកសំឡេងទូរស័ព្ទ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រីពែទងធារ ជិនវ័ត្របានទាក់ទងទៅអភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត ដើម្បីស្នើសុំជំនួយលោកក្នុងការធ្វើជាអ្នកបកប្រែ និងជាអន្តរការីសម្រាប់ការសន្ទនាក្រៅផ្លូវការជាមួយសម្ដេចតេជោហ៊ុន សែន។ សម្ដេចហ៊ុន សែនបានថតសំឡេងសន្ទនាតាមទូរស័ព្ទទាំងស្រុងដោយប្រើឧបករណ៍ចល័តរបស់លោក ហើយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចក៏បានបញ្ចេញវីដេអូឃ្លីបនៃសំឡេងទូរស័ព្ទនោះជាឯកតោភាគីទៅសាធារណៈ។[២៩]
ការបែកលេចធ្លាយសំឡេងទូរស័ព្ទនោះជាដំបូងបានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចប្រទេសថៃ ជាពិសេសនៅក្នុងទីផ្សារមូលធន។ សន្ទស្សន៍ផ្សារហ៊ុនថៃបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលបីថ្ងៃជាប់គ្នាបន្ទាប់ពីការផ្សព្វផ្សាយចេញនូវឃ្លីបសំឡេងនោះ ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់វិនិយោគិនចំពោះស្ថិរភាពនយោបាយនៃរាជរដ្ឋាភិបាលថៃ។ ការធ្លាក់ចុះ -៤.១៧% ជាបន្តបន្ទាប់នៅក្នុងសន្ទស្សន៍គោលបានបង្ហាញពីការបាត់បង់ទំនុកចិត្តលើទីផ្សារដោយវិនិយោគិនក្នុងស្រុកថៃ និងបរទេសជុំវិញការគ្រប់គ្រងស្ថានភាពរបស់ថ្នាក់ដឹកនាំនយោបាយថៃ។[៣០] ភាពតានតឹងបានឆ្លងទៅដល់វិស័យនយោបាយនៅពេលដែលគណបក្សភូមិជ័យថៃ ដែលជាសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលចម្រុះថៃបានប្រកាសដកខ្លួនជាផ្លូវការពីសម្ព័ន្ធរាជរដ្ឋាភិបាលថៃនៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ការវិវត្តស្ថានភាពនយោបាយនេះបានធ្វើឱ្យរដ្ឋបាលលោកស្រីពែទងធារបាត់បង់សំឡេងភាគច្រើននៅក្នុងសភា បង្កើតឱ្យមានវិបត្តិនយោបាយកាន់តែធ្ងន់់ធ្ងរ និងធ្វើឱ្យកើតមានការសង្ស័យចំពោះអសមត្ថភាពរបស់រដ្ឋាភិបាលកាន់អំណាច។
តាមទស្សនៈយល់ឃើញរបស់បណ្ឌិតបញ្ញវន្ត និងអ្នកជំនាញទំនាក់ទំនងអន្តរជាតិ បានចាត់ទុកឃ្លីបសំឡេងដែលបែកធ្លាយនោះជាចំណុចដ៏សំខាន់ដែលបង្ហាញអំពីរចនាសម្ព័ន្ធដ៏ផុយស្រួយ និងស្មុគស្មាញនៃអំណាចប្រតិបត្តិនៅក្នុងប្រទេសថៃ។ លោកបវិន ជ័ចាវលពង្សពាន់ ដែលជាអ្នកជំនាញសិក្សាទំនាក់ទំនងបរទេសថៃ បានអត្ថាធិប្បាយតាមរយៈបណ្ដាញអនឡាញថា ការសន្ទនាដោយខ្វះការប្រុងប្រយ័ត្នរបស់លោកស្រីពែទងធារជាមួយលោកហ៊ុន សែន គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីទំនោរ "ចុះចូល" ជាមួយមេដឹកនាំបរទេស។ លោកបានអះអាងថា អាកប្បកិរិយារបស់លោកស្រីបានបង្ហាញពីកង្វះបទពិសោធន៍ការទូត និងបង្កបង្កើតហានិភ័យដល់អធិបតេយ្យភាពប្រទេសថៃ។[៣១][៣២]
ផ្នែកដ៏ចម្រូងចម្រាសបំផុតនៃសំឡេងសន្ទនានោះគឺការដែលលោកស្រីបានចាត់ទុកកងទ័ពថៃថាជា "បក្សពួកគូប្រជែង" ចំពោះរដ្ឋបាលលោកស្រី។ លោកស្រីបានសារភាពចំពោះលោកហ៊ុន សែនថា រដ្ឋាភិបាលរបស់លោកស្រីកំពុងប្រឈមនឹងភាពលំបាកលំបិនជាបន្តបន្ទាប់ជាមួយកងយោធា ហើយបានសង្កត់ធ្ងន់ថា "ក្រុមនោះទាំងអស់មកពីភាគីបក្សប្រឆាំង" ពោលគឺចង់សម្ដៅទៅលើមន្ត្រីយោធាជាន់ខ្ពស់ថៃ ពិសេសឧត្តមសេនីយ៍ឯកប៊ុនស៊ីន ផាតឃ្លាំង មេបញ្ជាការកងទ័ពភូមិភាគទី២។[៣៣] ថ្វីបើលោកស្រីនាយករដ្ឋមន្ត្រីបានចេញលិខិតសុំទោសជាផ្លូវការចំពោះលោកប៊ុនស៊ីន និងបានបំភ្លឺថាការសន្ទនានោះបានកើតឡើងក្រៅម៉ោងធ្វើការ ហើយមិនមានចេតនាធ្វើឱ្យខូចដល់ស្ថាប័នរដ្ឋណាមួយឡើយក៏ពិតមែន ក៏សំឡេងរិះគន់ជាសាធារណៈនៅតែចោទច្របោលខ្លាំងៗ។ សំណួរជាច្រើនត្រូវបានលើកឡើងជុំវិញការវិនិច្ឆ័យរបស់លោកស្រី រួមទាំងភាពប្រុងប្រយ័ត្នខាងការទូត និងផលប៉ះពាល់ជាច្រើនទៀតតាមរយៈការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមេដឹកនាំបរទេសដែលអាចនាំឱ្យខូចផលប្រយោជន៍ជាតិប្រទេសថៃ។[៣៤]
ការបិទច្រកព្រំដែន
កិច្ចប្រកាសបិទព្រំដែនជាឯកតោភាគីរបស់ថៃ (ឆ្វេង) និងកិច្ចប្រកាសឆ្លើយតបរបស់កម្ពុជា (ស្ដាំ)
Remove ads
ជម្លោះក្នុងខែកក្កដា
ទាំងកម្ពុជា និងថៃបានចោទគ្នាទៅវិញទៅមកពីការបំផ្ទុះជម្លោះប្រដាប់អាវុធនៅព្រំដែននេះ។[៣៥] គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ប្រទេសកម្ពុជាមានទាហានពលីជីវិតចំនួន ៥ នាក់ (សរុបឡើង ៦ នាក់) និងរបួស ២១ នាក់ ខណៈស៊ីវិលស្លាប់ចំនួន ៨ នាក់ និងរបួស ៥០ នាក់។[៧] សម្រាប់ជនស៊ីវិលកម្ពុជាភៀសសឹកសង្គ្រាមវិញគឺមានប្រមាណ ១៩២,១៧៣ នាក់ ឬជាងបួនម៉ឺនគ្រួសារ បើគិតត្រឹមថ្ងៃទី១០ ខែធ្នូ។[១២] យោងតាមប្រភពនៅប្រទេសថៃ ទាហានចំនួន ៦ នាក់ និងជនស៊ីវិលចំនួន ១៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈទាហានចំនួន ១៤ នាក់ និងជនស៊ីវិលចំនួន ៣២ នាក់ទៀតបានទទួលរងរបួស។[៣៦][៣៧] ជនស៊ីវិលថៃប្រមាណ ១៤០,០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ប្រឈម។[៣៦]
២៤ កក្កដា
យោងតាមក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថាមានការផ្ទុះអាវុធបាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅខេត្តឧត្តរមានជ័យ។ ភាគីកម្ពុជាបានចោតប្រទេសថៃថាជាអ្នកផ្ដើមការបាញ់ប្រហារមុន ហើយកងទ័ពកម្ពុជាមានសិទ្ធិការពារខ្លួន និងទឹកដីរបស់ខ្លួនពីការឈ្លានពានរបស់កងទ័ពថៃ។[៣៨] ចំពោះខាងថៃវិញបានអះអាងថា គេបានឭសំឡេងដ្រូន UAV កម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ មុនពេលឃើញទាហានកម្ពុជាចំនួន ៦ នាក់ដើរមកជិត"មូលដ្ឋានពួកគេ"ដើម្បីពិនិត្យរបងលួសបន្លាដែលទ័ពថៃបានដាក់នៅជើងប្រាសាទ។ របាយការណ៍ដដែរអះអាងថា ទាហានកម្ពុជាបានបាញ់ប្រហារមកលើកងកម្លាំងថៃចម្ងាយប្រហែល ២០០ ម៉ែត្រខាងកើតប្រាសាទតាមាន់ធំ។[៣៩]
នៅថ្ងៃដដែរ កម្ពុជាបានរាយការណ៍ថា យោធាថៃបានបើកការវាយប្រហារប្រដាប់អាវុធមកលើកងកម្លាំងកម្ពុជា ហើយបានបិទផ្លូវសាធារណៈទៅកាន់ប្រាសាទតាមាន់ធំ។[៤០]
ស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងខេត្តសិរីសាកេតត្រូវបានរងគ្រាប់ផ្លោងពីរថយន្ត BM-២១ Grad របស់កម្ពុជា ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួស"ជាច្រើននាក់" ដោយក្នុងនោះមានអ្នកស្លាប់យ៉ាងហោចណាស់ ៨ នាក់។[៤១][៤២]
យោធាថៃបានប្រើយន្តហោះចម្បាំងប្រភេទ F-១៦ ដោយមានគោលដៅទម្លាក់គ្រាប់បែកនៅមូលដ្ឋានយោធាកម្ពុជា ខណៈកម្ពុជាបានថ្កោលទោសសកម្មភាពឈ្លានពានរបស់ថៃដោយចាត់ទុកវាជា "ទង្វើគ្មានការគិតគូរ និងប្រកបដោយអរិភាព"។[៤៣]
នៅវេលាម៉ោង ១៥៖០០ យោធាថៃបានបើកការវាយលុកផ្លូវគោក និងផ្លូវអាកាស ដែលមានកូដនាមថា "ប្រតិបត្តិការយុត្ថាបូឌីន" ដឹកនាំដោយលោកឧត្តមសេនីយ៍ផន ក្លែវផ្លតទុក្ខ ដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចជាបន្តបន្ទាប់ជាមួយកងកម្លាំងកម្ពុជា។[៤៤]
នៅល្ងាចថ្ងៃទី២៤ ខែកក្កដា សម្ដេចហ៊ុន សែនបានថ្លែងថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីវាយបកជាមួយថៃវិញទេ ដោយបន្ថែមថាលោកបានកំពុងចូលរួមនៅក្នុងបញ្ជាការយោធាតាមរយៈប្រព័ន្ធវីដេអូ។ សម្ដេចបានបញ្ជាក់ទៀតថា លោកមិនបានធ្វើដំណើរទៅក្រៅប្រទេសដូចដែលប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍នោះទេ ហើយបានបន្តស្តីបន្ទោសយោធាថៃដែលបានបណ្ដោយឱ្យស្ថានការណ៍កាន់តែតានតឹងឡើង ពិសេសជុំវិញករណីដែលថៃបានបិទច្រកចូលប្រាសាទតាមាន់ធំ។[៤៥][៤៦] នៅវេលាល្ងាចដដែរ រដ្ឋបាលខេត្តឧត្តរមានជ័យបានរាយការណ៍ថា ប្រជាជនកម្ពុជាប្រមាណ ៥,០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះ។[៤៧]
ជាលទ្ធផលនៃការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសដោយយោធាថៃ រចនាសម្ព័ន្ធ និងតំបន់ជុំវិញប្រាសាទព្រះវិហារត្រូវបានរងការខូចខាតជាទម្ងន់។ កម្ពុជាបានចោទថានេះជាសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរនឹងច្បាប់អន្តរជាតិដោយសារប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកចុះក្រោមអង្គការយូណេស្កូ។[៤៨]
២៥ កក្កដា
នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីការបិទគ្រឹះស្ថានសិក្សានានាជាបណ្ដោះអាសន្ននៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសថៃ ខណៈការប្រយុទ្ធគ្នាកំពុងតែកើនខ្លាំង។[៤៩] ចំពោះភាគីថៃនៅថ្ងៃទី២៥ ដដែរបានប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ជាប់ព្រំដែនកម្ពុជាក្នុងខេត្តច័ន្ទបុរី និងត្រាច។[៥០]
២៦ កក្កដា
ឈានចូលដល់ថ្ងៃទី២៦ ខែកក្កដា (ម៉ោងនៅកម្ពុជា) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់ទាក់ទងនឹងជម្លោះកម្ពុជា-ថៃ ហើយជាលទ្ធផល ក្រុមប្រឹក្សាបានអំពាវនាវឱ្យភាគីកម្ពុជា និងថៃ ប្រកាន់យកការអត់ធ្មត់ និងមានដំណោះស្រាយដោយសន្តិវិធី ព្រមទាំងបញ្ឈប់ហិង្សាដោយប្រដាប់អាវុធ។[៥១] ថ្វីបើក្រុមប្រឹក្សាបានអំពាវនាវបែបនេះ ហើយកម្ពុជាបានយល់ស្របទទួលយកជម្រើសបទឈប់បាញ់ក្ដី យោធាថៃនៅតែបន្តបើកការវាយប្រហារនៅវេលាព្រឹកនៃថ្ងៃដដែរ ដោយប្រើកាំភ្លើងធំចំនួន ៥ គ្រាប់មកស្រោបលើស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនាំឱ្យជម្លោះឆ្លងចូលមកដល់ប៉ែកខាងលិចនៃព្រំដែនកម្ពុជា-ថៃ។[៥២]
គ្រាប់ផ្លោងប្រមាណ ១០ គ្រាប់បានធ្លាក់ចូលក្នុងទឹកដីប្រទេសឡាវនៅថ្ងៃទី២៦ ខែកក្កដា ខណៈការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជាកំពុងតែតានតឹងឡើងៗ។ កងទ័ពថៃបានចោទកម្ពុជាថាជាអ្នកបាញ់បំផ្លោងគ្រាប់ទាំងនោះ តែក្រោយមក បាននិយាយថាខ្លួនមិនច្បាស់ទៅវិញ។ ក្រសួងការពារជាតិកម្ពុជានៅរសៀលនៃថ្ងៃដដែរបានថ្លែងច្រានចោលការចោទប្រកាន់ពីយោធាថៃ ដោយបានចាត់ទុកវាជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ និងជាព័ត៌មានភូតកុហក ប្រឌិត និងបំភ្លៃ។[៥៣]
២៧ កក្កដា
ក្រសួងការពារជាតិកម្ពុជាបានថ្លែងថា យោធាថៃនៅតែបន្តបាញ់ផ្លោងចូលក្នុងទឹកដីកម្ពុជា ពិសេសនៅចំណុចតំបន់ប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ថ្វីបើទើបមានការយល់ស្របលើបទឈប់បាញ់តាមរយៈការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសទាំងពីរ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំកាលពីយប់ថ្ងៃទី២៦ ក្ដី។[៥៤] ការប្រយុទ្ធបានកើនឡើងបន្ថែម នៅពេលយោធាថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកផ្សេងៗសម្ដៅលើក្រុងសំរោង ខេត្តឧត្តរមានជ័យ និងទីតាំងជនស៊ីវិលដទៃទៀត។[៥៥]
២៨ កក្កដា
នៅថ្ងៃដែលកម្ពុជា និងថៃត្រៀមជួបគ្នាដើម្បីចរចាពីបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ី យោធាថៃបានបង្កើនការវាយលុករបស់ពួកគេនៅវេលាព្រឹកព្រលឹម ដោយផ្តោតលើទីតាំងយោធាសំខាន់ៗរបស់កម្ពុជានៅតាមព្រំដែន។[៥៦] កម្ពុជាក៏បានថ្លែងពីការប្រើប្រាស់អាវុធគីមីដោយសំណាក់យោធាថៃផងដែរនៅក្នុងការវាយប្រហារនាកំឡុងពេលព្រឹកនោះ ដែលក្រោយមកត្រូវបានច្រានចោលបដិសេធដោយថៃ។[៥៧]
២៩ កក្កដា
ចូលមកដល់ថ្ងៃដំបូងនៃបទឈប់បាញ់ កងទ័ពថៃបានចោទភាគីកម្ពុជាថាបានរំលោភលើបទឈប់បាញ់ និងអះអាងថាមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅក្នុងតំបន់ជម្លោះ។ នាយករដ្ឋមន្ត្រីស្ដីទីថៃ និងព្រមទាំងក្រសួងការពារជាតិកម្ពុជាបានថ្លែងថា សភាពការណ៍នៅព្រំដែនគឺមានភាពស្ងប់ស្ងាត់ចាប់តាំងពីម៉ោងបទឈប់បាញ់ចូលជាធរមានមកម៉្លេះ និងមិនមានការប៉ះទង្គិចអ្វីដូចដែលយោធាថៃបានចោទនោះទេ។[៥៨]
៣០ កក្កដា
ដោយថ្លែងទៅកាន់អនុព័ន្ធយោធា និងមន្ត្រីការទូតបរទេសចំនួន ១៣ រូបនៅថ្ងៃទី៣០ ខែកក្កដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពន្យល់ថា ក្រុមទាហានថៃមួយបានធ្វើជាមកចាប់ដៃជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ តែក្រោយបន្តិចមកក៏បានលើកកាំភ្លើងភ្ជង់ចាប់ខ្លួនទាហានកម្ពុជាដោយមានប្រមាណ ២០ នាក់ (ក្នុងនោះមានម្នាក់បានរត់គេចខ្លួនរួច ខណៈពីរនាក់ទៀតត្រូវគេសង្ស័យថាទាហានថៃបានបាញ់សម្លាប់)។[៥៩][៦០]
១ សីហា
ទាហានខ្មែរចំនួនពីរនាក់ក្នុងចំណោម ២០ នាក់ដែលត្រូវបានថៃចាប់ខ្លួននោះត្រូវបានដោះលែងត្រឡប់ចូលមកកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានបន្តទាមទារឱ្យភាគីថៃដោះលែងទាហានកម្ពុជាទាំងអស់ដែលកំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់ថៃ។ ទាហានពីរនាក់ដែលបានដោះលែងនោះមានម្នាក់បានរងរបួសបាក់ដៃ ខណៈម្នាក់ទៀតមានបញ្ហាស្មារតីផ្លូវចិត្ត។[៦១] ពលទាហានខ្មែរដែលថៃបានចាប់ខ្លួនទាំងនោះមិនបានបញ្ហាញពីសញ្ញារបួស ឬអ្វីខុសប្រក្រតីឡើយមុនពេលត្រូវបានចាប់ខ្លួន។[៦២]
៣ សីហា
បន្ទាប់ពីទទួលបានដំណឹងថាយោធាថៃបានណែនាំប្រជាជនស៊ីវិលខ្លួនដែលនៅសេសសល់នៅតំបន់ព្រំដែនខេត្តសុរិន្ទឱ្យជម្លៀសខ្លួនចេញត្រឹមយប់ថ្ងៃទី៣ ខែសីហា ក្រសួងការពារជាតិកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ព្រមានអំពីការគ្រោងវាយលុកពីកងទ័ពថៃនៅតាមតំបន់ព្រំដែន ពោលគឺចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ។[៦៣][៦៤] អ្នកនាំពាក្យកងទ័ពថៃក្រោយមកបានច្រានចោលនូវរបាយការណ៍ដែលថាប្រទេសថៃគ្រោងនឹងធ្វើការវាយប្រហារលើប្រទេសកម្ពុជា ដោយបញ្ជាក់ថាពួកគេនៅតែរក្សាគោលជំហរគោរពបទឈប់បាញ់ និងបន្តត្រៀមខ្លួនប្រសិនបើសភាពការណ៍នៅព្រំដែនវិវត្តកាន់តែធ្ងន់ធ្ងរ។[៦៥]
៤ សីហា
ក្រសួងការពារជាតិបានថ្លែងថា នៅវេលាម៉ោង ១១ ព្រឹក ទាហានថៃអមដោយគ្រឿងចក្រធុនធ្ងន់និងអាវុធគ្រប់ដៃបានចូលតំបន់អានសេះនៃទឹកដីកម្ពុជា ហើយបានរាយបន្លាលួស ទោះបីជាមានការហាមឃាត់យ៉ាងខ្លាំងពីកងកម្លាំងកម្ពុជាក្ដី។ ក្រសួងបានទាមទារឱ្យយោធាថៃបញ្ឈប់នូវសកម្មភាពនេះជាបន្ទាន់ និងគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។[៦៦]
Remove ads
កិច្ចចរចា
នៅថ្ងៃទី២ ខែមិថុនា សម្ដេចធិបតីហ៊ុន ម៉ាណែតបានប្រកាសថា រដ្ឋាភិបាលកម្ពុជានឹងដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយលោកសង្ឃឹមថា ប្រទេសថៃនឹងយល់ស្របនាំបញ្ហានេះទៅតុលាការ ICJ ដូចគ្នាដើម្បីស្កាត់ការប្រឈមមុខដាក់គ្នាដោយអាវុធ។[៦៧] ចំពោះភាគីថៃវិញបានប្រកាសបដិសេដដោយថាខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់ ICJ នោះទេ ហើយបញ្ហាព្រំដែនណាមួយគួរតែត្រូវបានដោះស្រាយតាមរយៈយន្តការទ្វេភាគីវិញ។[៦៨]
នៅថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីជម្លោះប្រដាប់អាវុធបានផ្ទុះឡើង សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើសុំឱ្យមានការកោះប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ប្រទេសថៃប្រឆាំងនឹងអធិបតេយ្យភាពរបស់កម្ពុជា។[៦៩]
នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងការបរទេសថៃបានផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអះអាងថា ខ្លួនមានភ័ស្តុតាងច្បាស់លាស់ដែលថាកម្ពុជាបានឈ្លានពានអធិបតេយ្យភាពរបស់ខ្លួនពិតមែន ហើយបានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខបន្តផ្សព្វផ្សាយលិខិតនោះទៅកាន់ប្រទេសជាសមាជិកទាំងអស់។[៧០] នៅថ្ងៃទី២៥ ខែកក្កដាដដែរ ប្រទេសថៃបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី (ប្រធានអាស៊ានបច្ចុប្បន្ន) ក្នុងការផ្ដល់ជំនួយសម្របសម្រួលចរចាតាមសន្តិវិធី ដោយបញ្ជាក់ថាពួកគេ "ចង់ឱ្យបញ្ហាមានការដោះស្រាយបែបទ្វេភាគី"។ នៅល្ងាចថ្ងៃដដែរនោះ សម្ដេចហ៊ុន ម៉ាណែតបានទម្លាយថា ប្រទេសកម្ពុជា និងថៃបានយល់ស្របលើបទឈប់បាញ់រួចទៅហើយកាលពីថ្ងៃទី២៤ ខែកក្កដាបន្ទាប់ពីមានការសម្រុះសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោអាន់វ៉ា អ៊ីប្រាហ៊ីម ប៉ុន្តែឈានចូលដល់ថ្ងៃទី២៥ ខាងភាគីថៃបែរជាប្តូរជំហរបដិសេដនឹងបទឈប់បាញ់នោះទៅវិញ។[៧១][៧២]
នោថ្ងៃទី២៦ ខែកក្កដា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបានបញ្ជាក់ថា លោកបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីសម្របសម្រួលប្រទេសទាំងពីរឱ្យកើតមានបទឈប់បាញ់។[៧៣] នៅថ្ងៃទី២៧ ខែកក្កដា នាយករដ្ឋមន្ត្រីស្ដីទីថៃបានសម្តែងការពេញចិត្តចំពោះកិច្ចព្រួយបារម្ភ និងការគាំទ្ររបស់លោកត្រាំ និងមេដឹកនាំបរទេសផ្សេងៗទៀត ប៉ុន្តែលោកបានថ្លែងថាថៃនៅតែរក្សាជំហរចង់ពិភាក្សាទ្វេភាគីជាមួយកម្ពុជា និងមិនមានបំណងចង់បានការអន្តរាគមន៍ពីភាគីទីបីក្នុងការដោះស្រាយជម្លោះព្រំដែននោះឡើយ។
នៅល្ងាចថ្ងៃទី២៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃនឹងជួបប្រជុំគ្នាចរចាពីបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃបន្ទាប់ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម។[៧៤]
នៅថ្ងៃទី២៨ ខែកក្កដា ក្រោយការជួបពិភាក្សាគ្នាហើយ កម្ពុជា និងថៃបានសម្រេចឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយនឹងចាប់អនុវត្តនៅវេលាម៉ោង ១២ យប់ចូលថ្ងៃទី២៩។[៧៥]
Remove ads
កិច្ចព្រមពៀងសន្តិភាព និងបទឈប់បាញ់លើកទីពីរ

កិច្ចព្រមពៀងសន្តិភាពមួយត្រូវបានចុះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីក្នុងកំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧។[៧៦] កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថៃ លោកអនុទិន ជាញវីរកូល នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ កិច្ចព្រមព្រៀងនេះបានចែងថា ទាំងកម្ពុជានិងថៃបានព្រមព្រៀងគ្នាដកអាវុធធុនធ្ងន់ទាំងឡាយចេញពីតំបន់ព្រំដែន បង្កើតក្រុមត្រួតពិនិត្យបទឈប់បាញ់បណ្តោះអាសន្ន សហការគ្នាលើប្រតិបត្តិការរំដោះមីន សាងសង់បង្គោលព្រំដែនបណ្តោះអាសន្ននៅទីកន្លែងដែលគ្មានបង្គោល និងឱ្យប្រទេសថៃដោះលែងឈ្លើយសឹកកម្ពុជាចំនួន ១៨ នាក់ដែលកំពុងជាប់ឃុំខ្លួន។[៧៧][៧៨]
ការផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាព
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ មីនមួយគ្រាប់បានផ្ទុះនៅក្នុងតំបន់ព្រំដែននៃខេត្តសិរីសាកេត ដែលបានបណ្តាលឱ្យទាហានថៃចំនួនពីរនាក់បានរងរបួស ដោយម្នាក់បាត់បង់ជើងខាងស្តាំ និងម្នាក់ទៀតរងនូវការឈឺចាប់នឹងផ្នែកទ្រូង។[៧៩] ក្រោយហេតុការណ៍នេះ ប្រទេសថៃក៏បានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។[៨០] ភ្លាមៗ ក្រសួងការពារជាតិកម្ពុជាបានសម្តែងនូវការសោកស្តាយ ដោយបញ្ជាក់ថា ហេតុការណ៍ផ្ទុះមីននេះគឺបណ្តាលមកពីមីនចាស់ៗដែលនៅសេសសល់ពីសម័យសង្គ្រាម។ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបដិសេធការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានដាក់បង្កប់មីនថ្មី ដោយលោកស្រីបានបញ្ជាក់បន្ថែមថាកម្ពុជាបានអនុលោមតាមអនុសញ្ញាទីក្រុងអូតាវ៉ាយ៉ាងម៉ឹងម៉ាត់។ ក្រសួងការពារជាតិបានជំរុញឱ្យកងទ័ពថៃជៀសវាងសកម្មភាពដើរល្បាតនៅក្នុងតំបន់ដែលមានវត្តមានមីនច្រើន ដើម្បីទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀត ហើយក្រសួងក៏បានបញ្ជាក់ថែមទៀតពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។[៨១]
នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពភូមិន្ទថៃបានអះអាងថាខ្លួនបានឮសូរសំឡេងបាញ់កាំភ្លើងចេញមកពីខាងទឹកដីកម្ពុជាប្រមាណរយៈពេលដប់នាទីនៅក្បែរនងយ៉ាកែវ ខេត្តសិរីសាកេត។[៨២] នៅថ្ងៃដដែរនោះ អាជ្ញាធរមូលដ្ឋានកម្ពុជាបានរាយការណ៍ថា កងកម្លាំងថៃបានធ្វើការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យមានជនស៊ីវិលម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។[៨៣]
Remove ads
ជម្លោះលើកទីពីរ
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ២:១៥ រសៀល ក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កងទ័ពថៃបានធ្វើការបាញ់ប្រហារដោយប្រើប្រាស់អាវុធធុនតូច កាំភ្លើងបាញ់គ្រាប់បែកដៃ បេ-៤០ និងកាំភ្លើងត្បាល់ ៦០ មម មកលើទីតាំងឈរជើងមួយកន្លែងរបស់កងកម្លាំងកម្ពុជានៅក្នុងភូមិសាស្ត្រព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្ពុជាបានបន្តថ្លែងថា កងទ័ពរបស់ខ្លួនបានទាក់ទងទៅសមភាគីថៃភ្លាមៗដើម្បីបញ្ឈប់ការវាយប្រហារ ហើយនឹងមិនបានបាញ់តបតទៅភាគីថៃវិញទេ ខណៈការបាញ់ប្រហារបានបញ្ចប់នៅម៉ោង ២:៣២ រសៀល។ កងកម្លាំងកម្ពុជាវិញបានថ្លែងថា ពួកគេបានបន្តតាមដានស្ថានការណ៍ជាក់ស្ដែង និងកំពុងតែរក្សាការអត់ធ្មត់។ ក្រសួងការពារជាតិក៏បានជូនដំណឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងបានស្នើសុំការស៊ើបអង្កេត ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន។[៨៤][៨៥][៨៦]
ចំពោះខាងថៃវិញ ក្រសួងការពារជាតិថៃបានចោទកងកម្លាំងកម្ពុជាថាបានបើកការបាញ់ប្រហារនៅម៉ោងប្រមាណ ២:១៥ រសៀល នៅតំបន់ភូផាលេកក្នុងខេត្តសិរីសាកេត ខណៈពេលដែលទាហានថៃកំពុងបំពេញបេសកកម្មធ្វើផ្លូវពីភូផាលេកទៅចំណុចបុស្តិ៍ត្រួតពិនិត្យភៀងហ្វា។ ថៃបានអះអាងថា ទាហានខ្លួនចំនួនពីរនាក់បានរងរបួស ជាហេតុដែលនាំឱ្យយោធាថៃបាញ់តបតវិញស្របទៅតាមច្បាប់គោលការណ៍សមាមាត្រនៃការវាយប្រហារ។ ការប៉ះទង្គិចគ្នានោះបានបញ្ចប់នៅវេលាម៉ោង ២:៥០ រសៀល ហើយក្រសួងការពារជាតិថៃបានថ្កោលទោសសកម្មភាពរបស់កម្ពុជាដែលថា យោធាថៃបានបាញ់មុន ហើយកងកម្លាំងកម្ពុជាមិនបានបាញ់តបវិញ ទោះបីជាមានភស្តុតាងច្បាស់លាស់ថា ទាហានថៃបានទទួលរងរបួសដោយសារអាវុធយោធាកម្ពុជាក៏ដោយ។[៨៧]
នៅបន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេល ៣៥ នាទីនៅខេត្តសិរីសាកេតដែលបានធ្វើឱ្យទាហានថៃពីរនាក់ទទួលរងរបួសនោះ កងទ័ពភូមិភាគទី២ នៃយោធាថៃបានប្រកាសពីការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ព្រំដែនក្នុងខេត្តបុរីរម្យ សុរិន្ទ សិរីសាកេត និងឧប្បលរាជធានី ហើយបានជំរុញឱ្យប្រជាជនខ្លួនចូលលាក់ពួននៅក្នុងជម្រកនានា ដោយលើកឡើងពី "ភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន និងលទ្ធភាពដែលការប៉ះទង្គិចគ្នាដែលអាចកើនឡើង"។[៨៨]
៨–៩ ធ្នូ

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ការបាញ់ប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតាមបណ្ដោយតំបន់ព្រំដែន។ កងទ័ពភូមិភាគទី២ នៃយោធាថៃបានប្រកាសថា កងកម្លាំងថៃបានបើកយុទ្ធនាការវាយប្រហារតាមអាកាសតាមបណ្តោយព្រំដែនជាមួយប្រទេសកម្ពុជា ដោយលើកហេតុផលថាដើម្បីសងសឹកចំពោះការប៉ះទង្គិចគ្នាដែលបានសម្លាប់ទាហានថៃម្នាក់នៅខេត្តឧប្បលរាជធានី។[៨៩][៩០]
នៅវេលាម៉ោងប្រមាណ ៥:០៤ ព្រឹក កងកម្លាំងថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅក្នុងខេត្តព្រះវិហារ ដូចជាក្នុងតំបន់អានសេះ ប្រាសាទតាមាន់ធំ និងតំបន់ ៥ មករា នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។ អាជ្ញាធរកម្ពុជាផងដែរបានថ្លែងថា កងទ័ពកម្ពុជាមិនបានបាញ់តបតវិញទេ ហើយក៏មិនបានដាក់ពង្រាយអាវុធធុនធ្ងន់ដូចដែលខាងភាគីថៃបានចោទនោះដែរ។ ក្នុងការវាយប្រហារនោះ ប្រទេសថៃក៏បានប្រើប្រាស់យន្តហោះចម្បាំង F-16 មកទម្លាក់គ្រាប់បែកលើទីតាំងកាំភ្លើងធំរបស់កម្ពុជាផងដែរ។ ការប៉ះទង្គិចគ្នានេះបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានជម្លៀសប្រជាជនស៊ីវិលចេញនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ហើយវាក៏បានបង្កឱ្យជនស៊ីវិលជាច្រើននាក់រងរបួសផងដែរ ក៏ដូចជាបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជនជាច្រើន និងនាំឱ្យមានការបិទសាលារៀននិងមន្ទីរពេទ្យជាបណ្តោះអាសន្ននៅទាំងសងខាងព្រំដែន ដើម្បីការពារសុវត្ថិភាពជនស៊ីវិល។[៩១][៩២]
នៅវេលាម៉ោង ២:៣០ រសៀល ប្រទេសថៃបានប្រកាសឱសានវាទសម្រាប់ការឈប់បាញ់ដល់ម៉ោង ៦ ល្ងាច ឬបើមិនអញ្ចឹងទេ ប្រទេសថៃនឹងប្រើប្រាស់កម្លាំងយោធាពេញលេញរបស់ខ្លួន។[៩៣] ភាគីថៃក៏បានប្រកាសក្ដែងៗដែរថា ខ្លួននឹងបន្តប្រើប្រាស់សកម្មភាពយោធាដើម្បីប្រឆាំងនឹងប្រទេសកម្ពុជា។[៩៤] អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានប្រកាសហាមឃាត់រាល់ការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅក្នុងបណ្ដាខេត្តជាប់ព្រំដែនមួយចំនួនចាប់ពីថ្ងៃទី៩ ខែធ្នូ។[៩៥]
កម្ពុជាបានចេញបដិសេធនូវការអះអាងរបស់ភាគីថៃអំពីការប៉ះទង្គិចគ្នាដែលបានបណ្តាលឱ្យមានទាហានថៃម្នាក់បានស្លាប់។ ក្រោយមក រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោកនេត្រ ភក្ត្រាបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការវាយប្រហាររបស់ថៃបានសម្លាប់ប្រជាជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់ចំនួនបួននាក់នៅក្នុងខេត្តឧត្តរមានជ័យនិងព្រះវិហារជាប់ព្រំដែននោះ និងមនុស្សប្រមាណ ១០ នាក់ផ្សេងទៀតបានទទួលរងរបួស។[៩៦]
ការប្រយុទ្ធគ្នាបានកាន់តែរាលដាលឡើងនៅថ្ងៃទី៩ ខែធ្នូ បន្ទាប់ពីឱសានវាទថៃបានផុតកំណត់។ នាយសេនាធិការនៃកងទ័ពអាកាសថៃ ឧត្តមសេនីយ៍ជ័យព្រឹក ដួងប្រាផាត់បានថ្លែងថា គោលដៅបច្ចុប្បន្នរបស់កងទ័ពអាកាសថៃគឺ "កម្ទេចកម្លាំងកងទ័ពកម្ពុជា ដើម្បីការពារខ្លួនពីការគំរាមកំហែង ឬការឈ្លានពានណាមួយនាពេលអនាគត"។[៩៧]
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតាបានរាយការណ៍ថា ការបាញ់ផ្លោងដោយកងកម្លាំងថៃចន្លោះពីថ្ងៃទី៨–៩ ខែធ្នូ បានសម្លាប់ប្រជាជនស៊ីវិលកម្ពុជាចំនួន ៧ នាក់ និងបង្ករបួសដល់ជនស៊ីវិលប្រមាណ ២០ នាក់ទៀត។ ក្រសួងការពារជាតិបានថ្កោលទោសការវាយប្រហារទាំងនោះថាជា "ទង្វើអមនុស្សធម៌ និងឃោរឃៅ" និងបានចាត់ទុកវាជាការរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីប្រកាសរួមកម្ពុជា–ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។[៩៨] បន្ថែមពីលើនេះ របាយការណ៍ក្រសួងក៏បានបង្ហាញឱ្យឃើញផងដែរថា ប្រទេសថៃបានប្រើប្រាស់រថក្រោះ និងបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងកំឡុងការវាយប្រហាររបស់ខ្លួន។[៩៩]
នៅក្នុងថ្ងៃដដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសថ្កោលទោសការវាយប្រហាររបស់យោធាថៃមកលើប្រាសាទតាក្របី ដោយបានសម្ដៅលើការវាយប្រហារទាំងនោះថា អសីលធម៌យ៉ាងខ្លាំង ប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ។ ក្រសួងបានអំពាវនាវឱ្យអង្គការយូណេស្កូ និងអាស៊ានចូលអន្តរាគមន៍ ហើយបានកត់សម្គាល់ទៀតថា នៅក្បែរប្រាសាទព្រះវិហារក៏ត្រូវបានទទូលរងខូចខាតផងដែរ រីឯអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា–ឥណ្ឌាត្រូវបានខូចខាតទាំងស្រុង។ កម្ពុជាបានបញ្ជាក់ថានឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ដើម្បីទាមទារឱ្យថៃទទួលខុសត្រូវលើសកម្មភាពអសីលធម៌ទាំងនេះក្រោមច្បាប់អន្តរជាតិ។[១០០][១០១]
១០–១៣ ធ្នូ
នៅថ្ងៃទី១០ ខែធ្នូ រយៈពេលចំនួនមួយថ្ងៃបន្ទាប់ពីពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានប្រកាសដកគណៈប្រតិភូរបស់ខ្លួនចេញពីការប្រកួតទាំងស្រុង ដោយលើកឡើងពីកំណើននៃភាពតានតឹងនៃការប៉ះទង្គិចគ្នានៅតាមព្រំដែន និងហានិភ័យជុំវិញសុវត្ថិភាពអត្តពលិក។[១០២][១០៣] អត្តពលិក និងមន្ត្រីកម្ពុជាប្រមាណ ៣០ នាក់បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នៅថ្ងៃទី៩ ខែធ្នូមុនរួចទៅហើយ ប៉ុន្តែពួកគេបានចាកចេញមុនពេលព្រឹត្តិការណ៍ប្រកួតណាមួយចាប់ផ្តើម។[១០៤]
នៅព្រឹកថ្ងៃទី១១ ខែធ្នូ យន្តហោះចម្បាំង F-១៦ របស់កងទ័ពអាកាសថៃបានទម្លាក់គ្រាប់បែកលើអគារកាស៊ីណូមួយកន្លែងក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បន្ថែមពីលើការបាញ់បំផ្លាញឃ្លាំងផ្ទុកប្រេងមួយកន្លែងទៀតនៅក្បែរនោះដោយកងទ័ពថៃ។[១០៥] នៅថ្ងៃដដែរនោះ កម្ពុជាបានបញ្ជាក់ថាកងកម្លាំងថៃបានបាញ់ផ្លោងចូលតំបន់ប្រាសាទខ្នារ ក៏ដូចជាតំបន់មានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ។[១០៦]
នៅថ្ងៃទី១២ ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោកអនុទិន ជាញវីរៈគុលបានថ្លែងបញ្ជាក់ថា លោកបានទទួលនិយាយទូរស័ព្ទជាមួយសមភាគីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ជុំវិញលទ្ធភាពនៃបទឈប់បាញ់។ យោងតាមលោកអនុទិន លោកត្រាំគឺ "បានជំរុញឱ្យមានបទឈប់បាញ់" ហើយលោកគឺ "យល់" អំពីស្ថានភាពកាលៈទេសៈរបស់ប្រទេសថៃ។ នៅក្នុងសន្និសីទសារព័ត៌មាន លោកអនុទិន បានបញ្ជាក់ជាថ្មីនូវជំហររបស់រដ្ឋាភិបាលថៃថា ប្រតិបត្តិការយោធាថៃគឺមិនមែនជាការឈ្លានពានទេ ប៉ុន្តែជា "ការការពារអធិបតេយ្យភាព និងប្រជាជនថៃ" ហើយថាកម្ពុជា "ត្រូវតែគោរពតាមបទឈប់បាញ់ ត្រូវតែដកកងកម្លាំងខ្លួន និងត្រូវតែបោសសម្អាតចម្ការមីន ដោយមានភស្តុតាងលទ្ធផលបញ្ជាក់"។[១០៧]
នៅថ្ងៃទី១៣ ខែធ្នូ សម្ដេចហ៊ុន ម៉ាណែតបានប្រកាសថា លោកបានទូរស័ព្ទចរចាសន្ទនាជាមួយលោកអាន់វ៉ា អ៊ីប្រាហ៊ីម និងលោកដូណាល់ ត្រាំ រួចហើយដើម្បីស្វែងរកមធ្យោបាយឆ្ពោះទៅកាន់បទឈប់បាញ់។ ក្នុងកំឡុងពេលសន្ទនាតាមទូរស័ព្ទ សម្ដេចបានថ្លែងអំណរគុណដល់មេដឹកនាំទាំងពីរចំពោះកិច្ចខិតខំប្រឹងប្រែងរិះរកដំណោះស្រាយបញ្ចប់សង្គ្រាមដោយសន្តិវិធី និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ។ សម្ដេចក៏បានស្នើឱ្យមានការប្រើប្រាស់រូបភាពផ្កាយរណបផងដែរដើម្បីផ្ទៀងផ្ទាត់ហេតុការណ៍ផ្ទុះអាវុធបាញ់ប្រហារកាលពីថ្ងៃទី៧ ខែធ្នូ។[១០៨][១០៩]
នៅក្នុងថ្ងៃដដែរ កម្ពុជាបានបញ្ជាក់ថា កងកម្លាំងថៃបានបន្តធ្វើការវាយប្រហារតាមអាកាសមកលើកម្ពុជានៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសថា ទីក្រុងបាងកកនិងភ្នំពេញបានយល់ស្របលើបទឈប់បាញ់ថ្មី។ ក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់បន្ថែមថា យន្តហោះចម្បាំង F-១៦ របស់ថៃចំនួនពីរគ្រឿងបានទម្លាក់គ្រាប់បែកចំនួនប្រាំពីរគ្រាប់ទៅលើគោលដៅជាច្រើន រួមទាំងសណ្ឋាគារ និងស្ពាននៅក្នុងភូមិសាស្ត្រថ្មដា ខេត្តពោធិ៍សាត់។[១១០] ក្រសួងការពារជាតិក៏បានរាយការណ៍ផងដែរថា កងកម្លាំងជើងទឹកថៃបានបាញ់គ្រាប់កាំភ្លើងធំពីនាវាចូលទៅក្នុងខេត្តកោះកុងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្ពោះទៅរកគោលដៅតំបន់ជាប់សមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ការប៉ះទង្គិចគ្នានៅភូមិសាស្ត្រថ្មីនេះបានបង្ខំឱ្យប្រជាជននៅក្នុងខេត្តកោះកុងរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈដែលអរិភាពបានរីករាលដាលដល់តំបន់ជាប់ឆ្នេរសមុទ្រ។[១១១][១១២]
១៤–១៦ ធ្នូ
ការប្រយុទ្ធគ្នាបានបន្តនៅថ្ងៃទី១៤ ខែធ្នូ ហើយនៅព្រឹកវេលាម៉ោង ៧ៈ៣០ យោធាថៃបានប្រកាសគ្រប់គ្រងអគារកាស៊ីណូ "ចំនួនបីខ្នង" នៅជាប់ព្រំដែនខេត្តត្រាត ដោយបានចោទកម្ពុជាថាបានសាងសង់វានៅលើទឹកដីថៃ ហើយជាមូលដ្ឋានសម្ងាត់របស់ទ័ពកម្ពុជា។[១១៣]
នៅថ្ងៃទី១៥ ខែធ្នូ យន្តហោះចម្បាំង F-១៦ របស់កងទ័ពអាកាសថៃបានវាយប្រហារទម្លាក់គ្រាប់បែកនៅតំបន់ក្បែរជំរុំជនភៀសឹកនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលមានចម្ងាយជាង ៧០ គីឡូម៉ែត្រពីព្រំដែន ដោយបង្កឱ្យជនភៀសសឹកនៅទីនោះស្រាប់ត្រូវជម្លៀសខ្លួនចេញម្តងទៀត។[១១៤] នៅល្ងាចនៃថ្ងៃដដែរ ទាំងស្ថានទូតរុស្ស៊ីនៅទីក្រុងបាងកកនិងទីក្រុងភ្នំពេញបានចេញបដិសេដការចោទប្រកាន់របស់ថៃថាកម្ពុជាបានប្រើប្រាស់ទាហានស៊ីឈ្នួលរុស្ស៊ីនៅក្នុងជម្លោះ។[១១៥]
នៅថ្ងៃទី១៦ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោកសីហស័ក ភួងកេតកែវ បានថ្លែងក្នុងអំឡុងបទសម្ភាសន៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនទាន់បានពិចារណាបើកកិច្ចប្រជុំពិសេសទាក់ទងនឹងជម្លោះកម្ពុជា-ថៃនៅឡើយទេ។ ចំពោះការរឹបអូសអាវុធទ័ពកម្ពុជាផលិតដោយប្រទេសចិន លោកសីហស័កបានថ្លែងថា ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់រួចហើយថា អាវុធដែលបញ្ជូនមកកម្ពុជាគឺជាអាវុធចាស់ៗ ហើយថាចិនមិនបានផ្ដល់អាវុធថ្មីណាមួយឡើយ។[១១៦]
Remove ads
ប្រតិកម្មអន្តរជាតិ
សមាជិកអាស៊ាន
ម៉ាឡេស៊ី៖ លោកនាយករដ្ឋមន្ត្រីអាន់វ៉ា អ៊ីប្រាហ៊ីមបានសម្តែងការព្រួយបារម្មណ៍ចំពោះស្ថានការណ៍រវាងកម្ពុជានឹងថៃ ហើយបានបង្ហាញឆន្ទៈក្នុងការពិភាក្សាជាមួយភាគីទាំងពីរ ដើម្បីស្វែងរកវិធីសាស្ត្រសម្របសម្រួល និងចរចាសន្តិភាព។[១១៧]
មីយ៉ាន់ម៉ា៖ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោកស៊រ មីនធុនបានថ្លែងថា មីយ៉ាន់ម៉ាមានការជឿជាក់ថា ប្រទេសកម្ពុជា និងថៃនឹងអាចស្វែងរកដំណោះស្រាយដោយសន្តិវិធីបាន ហើយពលរដ្ឋភូមាដែលរស់នៅនៅក្នុងប្រទេសទាំងនោះគួរតែបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពរបស់ពួកគេ និងស្វែងរកជំនួយនានាពីស្ថានទូត និងស្ថានកុងស៊ុលមីយ៉ាន់ម៉ា។[១១៨]
វៀតណាម៖ ក្រសួងការបរទេសវៀតណាមបានអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា ជៀសវាងការប្រើប្រាស់កម្លាំង ជៀសបង្កើនជម្លោះបន្ថែម និងដោះស្រាយបញ្ហាដោយប្រើមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសាមគ្គីភាពក្នុងតំបន់។[១១៩]
សិង្ហបុរី៖ ក្រសួងការបរទេសសិង្ហបុរីបានសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នានេះ ហើយបានជំរុញឱ្យប្រទេសទាំងពីរបង្ហាញការប្រុងប្រយ័ត្ន និងបញ្ឈប់រាល់អរិភាព រួមទាំងចូលរួមកាត់បន្ថយភាពតានតឹងតាមរយៈបណ្តាញការទូត និងការពារសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់។[១២០]
ហ្វីលីពីន៖ ក្រសួងការបរទេសហ្វីលីពីនបានសង្កត់ធ្ងន់លើ "សារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហរ និងការធានាឱ្យមានការថយចុះនៃស្ថានការណ៍ជម្លោះ"។ ក្រសួងសង្ឃឹមថា ប្រទេសទាំងពីរនឹងដោះស្រាយបញ្ហានេះស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ដំណោះស្រាយជម្លោះដោយសន្តិវិធី។[១២១]
ឡាវ៖ ក្រសួងការបរទេសឡាវបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ននៅព្រំដែនកម្ពុជា-ថៃ។ ក្រសួងបានជំរុញឱ្យភាគីទាំងពីរប្រើការប្រុងប្រយ័ត្ន និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនាពេលបច្ចុប្បន្ន។[១២២]
ឥណ្ឌូណេស៊ី៖ ស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងបាងកក និងទីក្រុងភ្នំពេញបានជំរុញឱ្យពលរដ្ឋឥណ្ឌូនេស៊ីមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ខ្លួន និងបរិស្ថានជុំវិញ។[១២៣] ក្រសួងការបរទេសបានជំរុញប្រទេសទាំងពីរឱ្យចូលដោះស្រាយបញ្ហារបស់ខ្លួនដោយមិត្តភាពស្របតាមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងធម្មនុញ្ញអាស៊ាន។[១២៤]
ប្រទេសផ្សេងៗ
កាណាដា៖ កាណាដាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះទង្គិចគ្នា និងរបាយការណ៍អំពីការស្លាប់របស់ជនស៊ីវិលនៅក្បែរព្រំដែនកម្ពុជា-ថៃ។ ប្រទេសកាណាបាបានអំពាវនាវឱ្យប្រទេសទាំងពីរកាត់បន្ថយអរិភាព ហើយចាប់ផ្តើមជជែកចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។[១២៥]
កូរ៉េខាងត្បូង៖ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េបានអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យម្នាក់បានថ្លែងថា "រដ្ឋាភិបាលកូរ៉េបានសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់ និងក្រុមគ្រួសាររបស់ពួកគេដោយសារឧបទ្ទវហេតុនេះ"។[១២៦]
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្តែងការព្រួយបារម្ភចំពោះការវិវត្តនៃស្ថានការណ៍ជម្លោះ ហើយសង្ឃឹមថាភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហាបានត្រឹមត្រូវតាមរយៈការសន្ទនា និងពិគ្រោះយោបល់គ្នា។[១១៧] រដ្ឋមន្ត្រីការបរទេស លោកវ៉ាង យីបានថ្លែងថា "ជម្លោះនាពេលថ្មីៗនេះ និងទាំងការស្លាប់និងរបួសដែលបានកើតឡើងនៅព្រំដែនកម្ពុជា-ថៃ គឺគួរឱ្យឈឺចាប់ និងជាកង្វល់ដ៏ធំ" ហើយលោកបានចោទទៅលើកេរអាណានិគមថាជាមូលហេតុដើមនៃបញ្ហានេះ ហើយបានអំពាវនាវឱ្យមាន "ដំណោះស្រាយដ៏ស្ងប់ស្ងាត់ និងត្រឹមត្រូវ"។ លោកយីបានបន្ថែមទៀតថា ប្រទេសចិនបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការសម្របសម្រួល ហើយថាប្រទេសខ្លួននឹងរក្សាគោលជំហរ "យុត្តិធម៌ និងមិនលំអៀង" លើបញ្ហានេះ។[១២៧]
ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការបរទេស លោកតាកេស្សិ អ៊ីវ៉ាយ៉ាបានមានប្រសាសន៍ថា លោកកំពុងធ្វើការដើម្បីលើកទឹកចិត្តទាំងកម្ពុជា និងថៃ ក្នុងការបន្ធូរបន្ថយស្ថានការណ៍ជម្លោះ ហើយបានបញ្ជាក់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។[១១៧]
បារាំង៖ រដ្ឋាភិបាលបារាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីផ្ទុះការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសថៃ និងកម្ពុជា និងបានសម្តែងការចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានស្លាប់នៅក្នុងជម្លោះនេះ។ បារាំងក៏បានជំរុញឱ្យប្រទេសទាំងពីរបញ្ឈប់រាល់សកម្មភាពប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយទំនាស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។[១២៨]
រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភអំពីកំណើននៃជម្លោះនេះ ហើយបានជំរុញឱ្យភាគីនានាបង្ហាញពីឆន្ទៈសម្របសម្រួល។[១២៩]
សហរដ្ឋអាមេរិក៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាងកក និងទីក្រុងភ្នំពេញបានជំរុញឱ្យប្រជាពលរដ្ឋអាមេរិកដែលរស់នៅ ឬធ្វើដំណើរក្បែរព្រំដែនថៃ-កម្ពុជា គួរតែធ្វើតាមការណែនាំរបស់អាជ្ញាធរសន្តិសុខនៃប្រទេសទាំងពីរ។[១៣០][១៣១] មួយរយៈក្រោយមក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានជំរុញឱ្យបញ្ឈប់អរិភាព និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ។[១៣២]
សហរាជាណាចក្រ៖ អនុរដ្ឋលេខាធិការសភាទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក លោកស្រីកាតឺរីន វ៉ែស្តបានសម្តែងនូវកង្វល់ទុក្ខព្រួយចំពោះការស្លាប់និងរបួសរបស់ជនស៊ីវិល ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ និងស្វែងរកវិធីសាស្ត្រចរចាដោយសន្តិវិធី។[១៣៣]
អង្គការអន្តរជាតិ
សហភាពអឺរ៉ុប៖ អ្នកនាំពាក្យការបរទេសអឺរ៉ុប លោកអានូអារ អែលអានូនី បានសម្តែងការព្រួយបារម្ភរបស់ប្លុកមួយនេះ ហើយបានអំពាវនាវឱ្យភាគីទាំងពីរចូលបន្ថូរបន្ថយស្ថានការណ៍ និងដោះស្រាយជម្លោះដោយការសន្ទនាដោយសន្តិវិធី។[១៣៤]
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការសហប្រជាជាតិ លោកអាន់តូនីអូ ហ្គូតេរ៉េស បានថ្លែងថា លោកកំពុងតាមដានរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានានាតាមរយៈការសន្ទនា និងក្នុងស្មារតីជាអ្នកជិតខាងល្អ ក្នុងគោលបំណងស្វែងរកដំណោះស្រាយយូរអង្វែង។[១៣៥]
អាស៊ាន៖ រដ្ឋមន្ត្រីការបរទេសតាមបណ្ដាប្រជាជាតិអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជារួមចំពោះស្ថានការណ៍ជម្លោះនេះ ដោយបានហៅភាគីទាំងពីរឱ្យបញ្ឈប់អរិភាពទាំងអស់ អនុវត្តបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ និងបើកផ្លូវឱ្យមានការចរចា ខណៈទាំងកម្ពុជា និងថៃជារដ្ឋសមាជិកអាស៊ានស្រាប់។[១៣៦]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
