ជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥

From Wikipedia, the free encyclopedia

ជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥
Remove ads

ជម្លោះ​ព្រំដែន​រវាង​ប្រទេសកម្ពុជា និងថៃបាន​រុលឡើង​ជាថ្មីម្តងទៀតនៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ប្រដាប់អាវុធគ្នាមួយ​រយៈពេល​ខ្លី។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្បែរ​តំបន់មុំបី (ឬចុង​បូ​ក) ដែល​ជា​ចំណុចប្រសព្វ​រវាង​ព្រំប្រទល់នៃ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ។ តំបន់​ចុងបូកគឺនេះ​ជា​ចំណុចក្ដៅ​នៃ​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ​តាំងពី​យូរយារ​ណាស់​មក​ហើយ ហើយធ្លាប់ជាចំណុច​នៃ​ភាព​តានតឹង​ និង​ប៉ះទង្គិចគ្នាផ្សេងៗជាច្រើនដង។

ព័ត៌មានសង្ខេប វិបត្តិព្រំដែនកម្ពុជា-ថៃ, កាលបរិច្ឆេទ ...

វិវាទ​រវាង​កម្ពុជា​និង​ថៃ​ជុំវិញ​ខ្សែព្រំដែននៃប្រទេសទាំងពីរ​មាន​ប្រភព​ចេញពីសន្ធិសញ្ញា​ដែល​បាន​ចុះ​រវាង​ភាគីសៀម (ថៃ​បច្ចុប្បន្ន) និង​បារាំង។ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យ ប្រាសាទព្រះវិហារដែលកាលនុះកំពុងជាប់ជម្លោះជាមួយនឹងថៃត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ ICJ កាត់ក្ដីសម្រេចប្រគល់ឱ្យខាងកម្ពុជានៅក្នុងឆ្នាំ១៩៦២ ប៉ុន្តែទោះជាយ៉ាងណា ប្រាសាទព្រះវិហារ និងរួមទាំងតំបន់ជម្លោះតាមបណ្ដោយព្រំដែនផ្សេងៗនៅតែបន្តជាចំណោទពិបាកដោះស្រាយសម្រាប់ប្រទេសទាំងពីរ។ នៅរវាងឆ្នាំ២០០៨ និងឆ្នាំ២០១១ កម្ពុជា និងថៃបានផ្ទុះការប៉ះទង្គិចគ្នាម្តងទៀតដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។ ជាលទ្ធផល តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាក់ឡើងវិញសារជាថ្មីនូវសេចក្តីសម្រេចឆ្នាំ១៩៦២ របស់ខ្លួនដែលនាំឱ្យជម្លោះចុះត្រជាក់វិញ។[១២]

ភាពតានតឹងនៅតំបន់ព្រំដែនប្រទេសទាំងពីរបានកើនឡើងក្ដៅគគុកសារជាថ្មីម្តងទៀតនៅដើមឆ្នាំ២០២៥ នៅពេលដែលទាហានថៃបានរារាំងភ្ញៀវទេសចរខ្មែរមិនឱ្យច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទតាមាន់ធំ[១៣][១៤] មកដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ទាហាន​ខ្មែរ​ និង​ថៃ​បាន​ប៉ះ​ទង្គិច​គ្នា​មួយ​រយៈពេល​ខ្លី បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​បានស្លាប់បាត់បង់ជីវិត។ ប្រទេស​ទាំង​ពីរ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​បណ្ដោយឱ្យផ្ទុះអាវុធបាញ់គ្នា។[១២]

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេចហ៊ុន ម៉ាណែតបាន​ឆ្លើយ​តប​នឹង​ហេតុការណ៍ទាំងនេះដោយ​​ផ្តើម​រៀបចំឯកសារដើម្បីទៅប្ដឹង​​តុលាការ​យុត្តិធម៌​អន្តរជាតិជុំវិញទីតាំងជម្លោះ ដោយ​ថាលោក​មិន​ចង់​ឃើញ​មានជម្លោះ​កើតមានជាមួយ​ប្រទេស​ថៃនោះ​ទេ។[១៥] លោកភូមិធម្ម វេជ្ជយជ័យ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជានាយករដ្ឋមន្ត្រីស្ដីទីថៃបានថ្លែងថា គ្មានភាគីណាមួយចង់បង្កើនជម្លោះដាក់គ្នានោះទេ ហើយកំពុងស្វះស្វែងរកមធ្យោបាយដោះស្រាយវិវាទ។[] មកដល់ព្រឹកថ្ងៃទី២៤ ខែកក្កដា កម្ពុជា និងថៃបានផ្ទុះអាវុធម្តងទៀតដោយភាគីកម្ពុជាបានចោទខាងថៃថាជាអ្នកផ្ដើមការបាញ់ប្រហារមុន។[១៦] ក្រោយពីផ្ទុះជម្លោះប្រដាប់អាវុធអស់រយៈពេល ៥ ថ្ងៃ នៅថ្ងៃទី២៨ ខែកក្កដា ប្រទេសកម្ពុជានិងថៃបានយល់ព្រមទទួលបទឈប់បាញ់ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ហើយនិងចូលជាធរមាននៅថ្ងៃបន្ទាប់ទី២៩ បិទបញ្ចប់អរិភាពយោធារវាងប្រទេសទាំងពីរ។

Remove ads

ផ្ទៃរឿង

Thumb
រឿងក្ដី​ប្រាសាទ​ព្រះវិហារ​កំពុងត្រូវ​បាន​បើក​សវនាការ​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ឆ្នាំ១៩៦១

ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃមានឫសគល់នៅក្នុងបន្ទាត់កំណត់ព្រំដែនដែលកើតចេញពីសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ ដែលបានកំណត់ព្រំដែនជាក់លាក់រវាងព្រះរាជាណាចក្រសៀម (ប្រទេសថៃបច្ចុប្បន្ន) និងឥណ្ឌូចិនបារាំង (ប្រទឹសកម្ពុជា ឡាវ និងវៀតណាមបច្ចុប្បន្ន)។ ទោះជាយ៉ាងណា នៅក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំង តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចកាត់ក្ដីនៅឆ្នាំ១៩៦២ ថា ប្រាសាទព្រះវិហារគឺស្ថិតនៅក្រោមអធិបតេយ្យភាពកម្ពុជា។ ទោះបីជាមានការក្ដីបែបនេះក៏ដោយ តំបន់នៅជុំវិញប្រាសាទក៏ដូចជាតំបន់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅតែមានជាជម្លោះ ដែលនាំឱ្យមានភាពតានតឹងរវាងរដ្ឋទាំងពីរជាបន្តបន្ទាប់ ជពិសេសក្នុងអំឡុងចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១១ នៅពេលដែលការប៉ះទង្គិចដោយយោធាបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។ មនោសញ្ចេតនា និងគំនិត​ជាតិនិយម​ក្នុង​ប្រទេស​ទាំងពីរ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងកំណើនកម្ដៅនៃជម្លោះអស់ទាំងនេះ។ ជាលទ្ធផលនៃការប៉ះទង្គិចគ្នានៅរវាងឆ្នាំ២០០៨ និងឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបញ្ជាក់ឡើងវិញនូវសេចក្តីសម្រេចខ្លួនកាលពីឆ្នាំ១៩៦២។[១២]

ភាពតានតឹងនៅតំបន់ព្រំដែនប្រទេសទាំងពីរបានកើនឡើងក្ដៅគគុកសារជាថ្មីម្តងទៀតនៅដើមឆ្នាំ២០២៥ នៅពេលដែលទាហានថៃបានរារាំងភ្ញៀវទេសចរខ្មែរមិនឱ្យច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទតាមាន់ធំ[១៣][១៤] មកដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ទាហាន​ខ្មែរ​ និង​ថៃ​បាន​ប៉ះ​ទង្គិច​គ្នា​មួយ​រយៈពេល​ខ្លីនៅក្នុងតំបន់ចុងបូក ដែលបណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​បានស្លាប់បាត់បង់ជីវិត។ ប្រទេស​ទាំង​ពីរ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​បណ្ដោយឱ្យផ្ទុះអាវុធបាញ់គ្នា។[១២]

Remove ads

ព្រឹត្តិការណ៍មុនជម្លោះ

ការប៉ះទង្គិចថ្ងៃទី២៨ ខែឧសភា

នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ទាហាន​កម្ពុជា និង​ថៃបានផ្ទុះអាវុធ​ប៉ះ​ទង្គិច​បាញ់បកគ្នា​រយៈពេល ១០ ​នាទី​ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែល​បណ្ដាល​ឱ្យទាហាន​ខ្មែរ​ម្នាក់បាន​ស្លាប់នោះគឺ​លោកព្រិន្ទបាលឯក សួន រោន។[១៧] ប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការឈ្លានពានដែលនាំឱ្យមានឧប្បត្តិហេតុបាញ់គ្នាមួយប្រាវនេះ។ លោកម៉ៅ ផល្លា អ្នក​នាំពាក្យ​កងទ័ពជើងគោក​កម្ពុជា​បាន​ថ្លែង​ថា ទាហាន​ថៃ​គឺជា​អ្នក​​ដែល​បើក​ការ​បាញ់​ប្រហារ​មក​លើ​ទាហាន​កម្ពុជា​មុននៅក្នុង​លេណដ្ឋាន​ដែលកម្ពុជា​បាន​ប្រើប្រាស់អស់​មួយ​រយៈ​មក​ហើយ។ ជាមួយគ្នានេះ លោកវិនទ័យ សុវរី អ្នកនាំពាក្យកងទ័ពថៃ បានអះអាងថា ទាហានថៃបានព្យាយាមនិយាយសម្រួលជាមួយទាហានកម្ពុជាឱ្យដកថយចេញពី"តំបន់ប្រទាញប្រទង់" មុនពេលភាគីកម្ពុជាបានធ្វើការបាញ់ប្រហារ។[១៨][១៩]

ហេតុការណ៍បែកសំឡេងទូរស័ព្ទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រីពែទងធារ ជិនវ័ត្របានទាក់ទងទៅអភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត ដើម្បីស្នើសុំជំនួយលោកក្នុងការធ្វើជាអ្នកបកប្រែ និងជាអន្តរការីសម្រាប់ការសន្ទនាក្រៅផ្លូវការជាមួយសម្ដេចតេជោហ៊ុន សែន។ សម្ដេចហ៊ុន សែនបានថតសំឡេងសន្ទនាតាមទូរស័ព្ទទាំងស្រុងដោយប្រើឧបករណ៍ចល័តរបស់លោក ហើយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចក៏បានបញ្ចេញវីដេអូឃ្លីបនៃសំឡេងទូរស័ព្ទនោះជាឯកតោភាគីទៅសាធារណៈ។[២០]

ការបែកលេចធ្លាយសំឡេងទូរស័ព្ទនោះជាដំបូងបានប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចប្រទេសថៃ ជាពិសេសនៅក្នុងទីផ្សារមូលធន។ សន្ទស្សន៍ផ្សារហ៊ុនថៃបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលបីថ្ងៃជាប់គ្នាបន្ទាប់ពីការផ្សព្វផ្សាយចេញនូវឃ្លីបសំឡេងនោះ ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់វិនិយោគិនចំពោះស្ថិរភាពនយោបាយនៃរាជរដ្ឋាភិបាលថៃ។ ការធ្លាក់ចុះ -៤.១៧% ជាបន្តបន្ទាប់នៅក្នុងសន្ទស្សន៍គោលបានបង្ហាញពីការបាត់បង់ទំនុកចិត្តលើទីផ្សារដោយវិនិយោគិនក្នុងស្រុកថៃ និងបរទេសជុំវិញការគ្រប់គ្រងស្ថានភាពរបស់ថ្នាក់ដឹកនាំនយោបាយថៃ។[២១] ភាពតានតឹងបានឆ្លងទៅដល់វិស័យនយោបាយនៅពេលដែលគណបក្សភូមិជ័យថៃ ដែលជាសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលចម្រុះថៃបានប្រកាសដកខ្លួនជាផ្លូវការពីសម្ព័ន្ធរាជរដ្ឋាភិបាលថៃនៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ការវិវត្តស្ថានភាពនយោបាយនេះបានធ្វើឱ្យរដ្ឋបាលលោកស្រីពែទងធារបាត់បង់សំឡេងភាគច្រើននៅក្នុងសភា បង្កើតឱ្យមានវិបត្តិនយោបាយកាន់តែធ្ងន់់ធ្ងរ និងធ្វើឱ្យកើតមានការសង្ស័យចំពោះអសមត្ថភាពរបស់រដ្ឋាភិបាលកាន់អំណាច។

តាមទស្សនៈយល់ឃើញរបស់បណ្ឌិតបញ្ញវន្ត និងអ្នកជំនាញទំនាក់ទំនងអន្តរជាតិ បានចាត់ទុកឃ្លីបសំឡេងដែលបែកធ្លាយនោះជាចំណុចដ៏សំខាន់ដែលបង្ហាញអំពីរចនាសម្ព័ន្ធដ៏ផុយស្រួយ និងស្មុគស្មាញនៃអំណាចប្រតិបត្តិនៅក្នុងប្រទេសថៃ។ លោកបវិន ជ័ចាវលពង្សពាន់ ដែលជាអ្នកជំនាញសិក្សាទំនាក់ទំនងបរទេសថៃ បានអត្ថាធិប្បាយតាមរយៈបណ្ដាញអនឡាញថា ការសន្ទនាដោយខ្វះការប្រុងប្រយ័ត្នរបស់លោកស្រីពែទងធារជាមួយលោកហ៊ុន សែន គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីទំនោរ "ចុះចូល" ជាមួយមេដឹកនាំបរទេស។ លោក​បាន​អះអាង​ថា អាកប្បកិរិយា​របស់​លោកស្រី​បាន​បង្ហាញ​ពី​កង្វះ​បទពិសោធន៍​ការទូត និង​បង្ក​បង្កើតហានិភ័យ​ដល់អធិបតេយ្យភាព​ប្រទេស​ថៃ។[២២][២៣]

ផ្នែកដ៏ចម្រូងចម្រាសបំផុតនៃសំឡេងសន្ទនានោះគឺការដែលលោកស្រីបានចាត់ទុកកងទ័ពថៃថាជា "បក្សពួកគូប្រជែង" ចំពោះរដ្ឋបាលលោកស្រី។ លោកស្រីបានសារភាពចំពោះលោកហ៊ុន សែនថា រដ្ឋាភិបាលរបស់លោកស្រីកំពុងប្រឈមនឹងភាពលំបាកលំបិនជាបន្តបន្ទាប់ជាមួយកងយោធា ហើយបានសង្កត់ធ្ងន់ថា "ក្រុមនោះទាំងអស់មកពីភាគីបក្សប្រឆាំង" ពោលគឺចង់សម្ដៅទៅលើមន្ត្រីយោធាជាន់ខ្ពស់ថៃ ពិសេសឧត្តមសេនីយ៍ឯកប៊ុនស៊ីន ផាតឃ្លាំង មេបញ្ជាការកងទ័ពភូមិភាគទី២។[២៤] ថ្វីបើលោកស្រីនាយករដ្ឋមន្ត្រីបានចេញលិខិតសុំទោសជាផ្លូវការចំពោះលោកប៊ុនស៊ីន និងបានបំភ្លឺថាការសន្ទនានោះបានកើតឡើងក្រៅម៉ោងធ្វើការ ហើយមិនមានចេតនាធ្វើឱ្យខូចដល់ស្ថាប័នរដ្ឋណាមួយឡើយក៏ពិតមែន ក៏សំឡេងរិះគន់ជាសាធារណៈនៅតែចោទច្របោលខ្លាំងៗ។ សំណួរជាច្រើនត្រូវបានលើកឡើងជុំវិញការវិនិច្ឆ័យរបស់លោកស្រី រួមទាំងភាពប្រុងប្រយ័ត្នខាងការទូត និងផលប៉ះពាល់ជាច្រើនទៀតតាមរយៈការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមេដឹកនាំបរទេសដែលអាចនាំឱ្យខូចផលប្រយោជន៍ជាតិប្រទេសថៃ។[២៥]

ការបិទច្រកព្រំដែន

Thumb
Thumb
កិច្ចប្រកាសបិទព្រំដែនជាឯកតោភាគីរបស់ថៃ (ឆ្វេង) និងកិច្ចប្រកាសឆ្លើយតបរបស់កម្ពុជា (ស្ដាំ)
Remove ads

ជម្លោះប្រដាប់អាវុធ

ទាំងកម្ពុជា និងថៃបានចោទគ្នាទៅវិញទៅមកពីការបំផ្ទុះជម្លោះប្រដាប់អាវុធនៅព្រំដែននេះ។[២៦] គិតត្រឹមថ្ងៃទី២៧ ខែកក្កដា​ ប្រទេសកម្ពុជាមានទាហានពលីជីវិតចំនួន ៥ នាក់ (សរុបឡើង ៦ នាក់) និងរបួស ២១ នាក់ ខណៈស៊ីវិលស្លាប់ចំនួន ៨ នាក់ និងរបួស ៥០ នាក់។[] សម្រាប់ជនស៊ីវិលកម្ពុជាភៀសសឹកសង្គ្រាមវិញមានប្រមាណ ១៦១,១៥៩ នាក់ ឬជាងបួនម៉ឺនគ្រួសារ បើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា។[] យោងតាមប្រភពនៅប្រទេសថៃ ទាហានចំនួន ៦ នាក់ និងជនស៊ីវិលចំនួន ១៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈទាហានចំនួន ១៤ នាក់ និងជនស៊ីវិលចំនួន ៣២ នាក់ទៀតបានទទួលរងរបួស។[២៧][២៨] ជនស៊ីវិលថៃប្រមាណ ១៤០,០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ប្រឈម។[២៧]

២៤ កក្កដា

យោងតាមក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថាមានការផ្ទុះអាវុធបាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅខេត្តឧត្តរមានជ័យ។ ភាគីកម្ពុជាបានចោតប្រទេសថៃថាជាអ្នកផ្ដើមការបាញ់ប្រហារមុន ហើយកងទ័ពកម្ពុជាមានសិទ្ធិការពារខ្លួន និងទឹកដីរបស់ខ្លួនពីការឈ្លានពានរបស់កងទ័ពថៃ។[១៦] ចំពោះខាងថៃវិញបានអះអាងថា គេបានឭសំឡេងដ្រូន UAV កម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ មុនពេលឃើញទាហានកម្ពុជាចំនួន ៦ នាក់ដើរមកជិត"មូលដ្ឋានពួកគេ"ដើម្បីពិនិត្យ​របង​លួស​បន្លា​ដែលទ័ព​​ថៃបានដាក់នៅជើងប្រាសាទ។ របាយការណ៍​ដដែរ​អះអាង​ថា ទាហាន​កម្ពុជា​បាន​បាញ់​ប្រហារ​មក​លើ​កង​កម្លាំង​ថៃ​ចម្ងាយ​ប្រហែល ២០០ ម៉ែត្រ​ខាង​កើត​ប្រាសាទ​តាមាន់ធំ។[២៩]

នៅថ្ងៃដដែរ កម្ពុជាបានរាយការណ៍ថា យោធាថៃបានបើកការវាយប្រហារប្រដាប់អាវុធមកលើកងកម្លាំងកម្ពុជា ហើយបានបិទផ្លូវសាធារណៈទៅកាន់ប្រាសាទតាមាន់ធំ។[៣០]

ស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងខេត្តសិរីសាកេតត្រូវបានរងគ្រាប់ផ្លោងពីរថយន្ត BM-២១ Grad របស់កម្ពុជា ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួស"ជាច្រើននាក់" ដោយក្នុងនោះមានអ្នកស្លាប់យ៉ាងហោចណាស់ ៨ នាក់។[៣១][៣២]

យោធាថៃបានប្រើយន្តហោះចម្បាំងប្រភេទ F-១៦ ដោយមានគោលដៅទម្លាក់គ្រាប់បែកនៅមូលដ្ឋានយោធាកម្ពុជា ខណៈកម្ពុជាបានថ្កោលទោសសកម្មភាពឈ្លានពានរបស់ថៃដោយចាត់ទុកវាជា "ទង្វើគ្មានការគិតគូរ និងប្រកបដោយអរិភាព"។[៣៣]

នៅវេលាម៉ោង ១៥៖០០ យោធាថៃបានបើកការវាយលុកផ្លូវគោក និងផ្លូវអាកាស ដែលមានកូដនាមថា "ប្រតិបត្តិការយុត្ថាបូឌីន" ដឹកនាំដោយលោកឧត្តមសេនីយ៍ផន ក្លែវផ្លតទុក្ខ ដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចជាបន្តបន្ទាប់ជាមួយកងកម្លាំងកម្ពុជា។[៣៤]

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា សម្ដេចហ៊ុន សែនបានថ្លែងថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីវាយបកជាមួយថៃវិញទេ ដោយបន្ថែមថាលោកបានកំពុងចូលរួមនៅក្នុងបញ្ជាការយោធាតាមរយៈប្រព័ន្ធវីដេអូ។ សម្ដេចបានបញ្ជាក់ទៀតថា លោកមិនបានធ្វើដំណើរទៅក្រៅប្រទេសដូចដែលប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍នោះទេ ហើយបានបន្តស្តីបន្ទោសយោធាថៃដែលបានបណ្ដោយឱ្យស្ថានការណ៍កាន់តែតានតឹងឡើង ពិសេសជុំវិញករណីដែលថៃបានបិទច្រកចូលប្រាសាទតាមាន់ធំ។[៣៥][៣៦] នៅវេលាល្ងាចដដែរ រដ្ឋបាលខេត្តឧត្តរមានជ័យបានរាយការណ៍ថា ប្រជាជនកម្ពុជាប្រមាណ ៥,០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះ។[៣៧]

ជាលទ្ធផលនៃការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសដោយយោធាថៃ រចនាសម្ព័ន្ធ និងតំបន់ជុំវិញប្រាសាទព្រះវិហារត្រូវបានរងការខូចខាតជាទម្ងន់។ កម្ពុជាបានចោទថានេះជាសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរនឹងច្បាប់អន្តរជាតិដោយសារប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកចុះក្រោមអង្គការយូណេស្កូ[៣៨]

២៥ កក្កដា

នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីការបិទគ្រឹះស្ថានសិក្សានានាជាបណ្ដោះអាសន្ននៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយនឹងប្រទេសថៃ ខណៈការប្រយុទ្ធគ្នាកំពុងតែកើនខ្លាំង។[៣៩] ចំពោះភាគីថៃនៅថ្ងៃទី២៥ ដដែរ​បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​ក្នុងខេត្តច័ន្ទបុរី និង​ត្រាច[៤០]

២៦ កក្កដា

ឈានចូលដល់ថ្ងៃទី២៦ ខែកក្កដា (ម៉ោងនៅកម្ពុជា) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់ទាក់ទងនឹងជម្លោះកម្ពុជា-ថៃ ហើយជាលទ្ធផល ក្រុមប្រឹក្សាបានអំពាវនាវឱ្យភាគីកម្ពុជា និងថៃ ប្រកាន់យកការអត់ធ្មត់ និងមានដំណោះស្រាយដោយសន្តិវិធី ព្រមទាំងបញ្ឈប់ហិង្សាដោយប្រដាប់អាវុធ។[៤១] ថ្វីបើក្រុមប្រឹក្សាបានអំពាវនាវបែបនេះ ហើយកម្ពុជាបានយល់ស្របទទួលយកជម្រើសបទឈប់បាញ់ក្ដី យោធាថៃនៅតែបន្តបើកការវាយប្រហារនៅវេលាព្រឹកនៃថ្ងៃដដែរ ដោយប្រើកាំភ្លើងធំចំនួន ៥ គ្រាប់មកស្រោបលើស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនាំឱ្យជម្លោះឆ្លងចូលមកដល់ប៉ែកខាងលិចនៃព្រំដែនកម្ពុជា-ថៃ។[៤២]

គ្រាប់ផ្លោងប្រមាណ ១០ ​គ្រាប់​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ដីប្រទេស​ឡាវនៅថ្ងៃទី២៦ ខែកក្កដា ខណៈ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​ថៃ និង​កម្ពុជាកំពុងតែតានតឹងឡើងៗ។ កងទ័ពថៃបានចោទ​កម្ពុជា​ថា​ជាអ្នកបាញ់បំផ្លោងគ្រាប់ទាំងនោះ តែក្រោយមក បាននិយាយថាខ្លួនមិនច្បាស់ទៅវិញ។ ក្រសួងការពារជាតិកម្ពុជានៅរសៀលនៃថ្ងៃដដែរបានថ្លែងច្រានចោលការចោទប្រកាន់ពីយោធាថៃ ដោយបានចាត់ទុកវាជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ និងជាព័ត៌មានភូត​កុហក ប្រឌិត និង​បំភ្លៃ។[៤៣]

២៧ កក្កដា

​ក្រសួងការពារជាតិ​កម្ពុជាបាន​ថ្លែងថា យោធា​ថៃ​នៅ​តែ​បន្ត​បាញ់​ផ្លោង​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ពិសេសនៅចំណុចតំបន់​ប្រាសាទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិលកម្ពុជា ថ្វីបើទើបមាន​ការ​យល់ស្របលើបទឈប់បាញ់តាមរយៈការសន្ទនា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​ប្រទេសទាំង​ពីរ និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកដូណាល់ ត្រាំកាល​ពី​យប់ថ្ងៃទី២៦ ក្ដី។[៤៤] ការប្រយុទ្ធបានកើនឡើងបន្ថែម នៅពេលយោធាថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកផ្សេងៗសម្ដៅលើក្រុងសំរោង ខេត្តឧត្តរមានជ័យ និងទីតាំងជនស៊ីវិលដទៃទៀត។[៤៥]

២៨ កក្កដា

នៅថ្ងៃដែលកម្ពុជា និងថៃត្រៀមជួបគ្នាដើម្បីចរចាពីបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ី យោធាថៃបានបង្កើនការវាយលុករបស់ពួកគេនៅវេលាព្រឹកព្រលឹម ដោយផ្តោតលើទីតាំងយោធាសំខាន់ៗរបស់កម្ពុជានៅតាមព្រំដែន។[៤៦] កម្ពុជា​ក៏បាន​ថ្លែងពីការ​​ប្រើ​ប្រាស់អាវុធ​គីមី​ដោយសំណាក់យោធាថៃផងដែរនៅក្នុង​ការ​វាយ​ប្រហារនា​កំឡុងពេល​ព្រឹកនោះ ដែល​ក្រោយ​មក​ត្រូវ​បាន​ច្រានចោលបដិសេធ​ដោយ​ថៃ​។[៤៧]

២៩ កក្កដា

ចូលមកដល់ថ្ងៃដំបូងនៃបទឈប់បាញ់ កងទ័ព​ថៃ​បាន​ចោទភាគី​កម្ពុជា​ថា​បាន​រំលោភ​លើបទ​ឈប់​បាញ់​ និងអះអាងថាមាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្តបន្ទាប់នៅក្នុងតំបន់ជម្លោះ។ នាយករដ្ឋមន្ត្រីស្ដីទីថៃ និងព្រមទាំងក្រសួងការពារជាតិកម្ពុជាបានថ្លែងថា សភាពការណ៍នៅព្រំដែនគឺមានភាពស្ងប់ស្ងាត់ចាប់តាំងពីម៉ោងបទឈប់បាញ់ចូលជាធរមានមកម៉្លេះ និងមិនមានការប៉ះទង្គិចអ្វីដូចដែលយោធាថៃបានចោទនោះទេ។[៤៨]

៣០ កក្កដា

ដោយថ្លែងទៅកាន់អនុព័ន្ធយោធា និងមន្ត្រីការទូតបរទេសចំនួន ១៣ រូបនៅថ្ងៃទី៣០ ខែកក្កដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពន្យល់ថា ក្រុម​ទាហានថៃមួយបានធ្វើជាមកចាប់ដៃជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ តែក្រោយបន្តិចមកក៏បានលើកកាំភ្លើង​ភ្ជង់​ចាប់ខ្លួន​ទា​ហា​នកម្ពុជាដោយមានប្រមាណ ២០ នាក់ (ក្នុងនោះមានម្នាក់បានរត់គេចខ្លួនរួច ខណៈពីរនាក់ទៀតត្រូវគេសង្ស័យថាទាហានថៃបានបាញ់សម្លាប់)។[៤៩][៥០]

១ សីហា

ទាហានខ្មែរចំនួនពីរនាក់ក្នុងចំណោម ២០ នាក់ដែលត្រូវបានថៃចាប់ខ្លួននោះត្រូវបានដោះលែងត្រឡប់ចូលមកកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានបន្តទាមទារឱ្យភាគីថៃដោះលែងទាហានកម្ពុជាទាំងអស់ដែលកំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់ថៃ។ ទាហានពីរនាក់ដែលបានដោះលែងនោះមាន​ម្នាក់បាន​រង​របួស​បាក់​ដៃ ខណៈ​ម្នាក់​ទៀតមានបញ្ហាស្មារតី​ផ្លូវចិត្ត។[៥១] ពលទាហាន​ខ្មែរដែលថៃបានចាប់ខ្លួនទាំងនោះមិន​បានបញ្ហាញពី​សញ្ញា​របួស ឬ​អ្វី​ខុសប្រក្រតីឡើយ​មុន​ពេលត្រូវបានចាប់ខ្លួន។[៥២]

៣ សីហា

បន្ទាប់ពីទទួលបានដំណឹងថាយោធាថៃបានណែនាំប្រជាជនស៊ីវិលខ្លួនដែលនៅសេសសល់នៅតំបន់ព្រំដែនខេត្តសុរិន្ទឱ្យជម្លៀសខ្លួនចេញត្រឹមយប់ថ្ងៃទី៣ ខែសីហា ក្រសួងការពារជាតិកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ព្រមានអំពីការគ្រោងវាយលុកពីកងទ័ពថៃនៅតាមតំបន់ព្រំដែន ពោលគឺចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ។[៥៣][៥៤] អ្នកនាំពាក្យកងទ័ពថៃក្រោយមកបានច្រានចោលនូវរបាយការណ៍ដែលថាប្រទេសថៃគ្រោងនឹងធ្វើការវាយប្រហារលើប្រទេសកម្ពុជា ដោយបញ្ជាក់ថាពួកគេនៅតែរក្សាគោលជំហរគោរពបទឈប់បាញ់ និងបន្តត្រៀមខ្លួនប្រសិនបើសភាពការណ៍នៅព្រំដែនវិវត្តកាន់តែធ្ងន់ធ្ងរ។[៥៥]

៤ សីហា

ក្រសួងការពារជាតិបានថ្លែងថា នៅវេលាម៉ោង ១១ ព្រឹក ទាហានថៃអមដោយគ្រឿងចក្រធុនធ្ងន់និងអាវុធគ្រប់ដៃបានចូលតំបន់អានសេះនៃទឹកដីកម្ពុជា ហើយបានរាយបន្លាលួស ទោះបីជាមានការហាមឃាត់យ៉ាងខ្លាំងពីកងកម្លាំងកម្ពុជាក្ដី។ ក្រសួងបានទាមទារឱ្យយោធាថៃបញ្ឈប់នូវសកម្មភាពនេះជាបន្ទាន់ និងគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។[៥៦]

Remove ads

កិច្ចចរចា

នៅថ្ងៃទី២ ខែមិថុនា សម្ដេចធិបតីហ៊ុន ម៉ាណែតបានប្រកាសថា រដ្ឋាភិបាលកម្ពុជានឹងដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយលោកសង្ឃឹមថា ប្រទេសថៃនឹងយល់ស្របនាំបញ្ហានេះទៅតុលាការ ICJ ដូចគ្នាដើម្បីស្កាត់ការប្រឈមមុខដាក់គ្នាដោយអាវុធ។[៥៧] ចំពោះភាគី​ថៃវិញបានប្រកាសបដិសេដដោយថាខ្លួនមិន​ទទួល​ស្គាល់​យុត្តាធិការ​របស់ ICJ នោះទេ ហើយបញ្ហាព្រំដែនណាមួយគួរតែត្រូវបានដោះស្រាយតាមរយៈយន្តការទ្វេភាគីវិញ។[៥៨]

នៅថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីជម្លោះប្រដាប់អាវុធបានផ្ទុះឡើង សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើសុំឱ្យមានការកោះប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ប្រទេសថៃប្រឆាំងនឹងអធិបតេយ្យភាពរបស់កម្ពុជា។[៥៩]

នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងការបរទេសថៃបានផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអះអាងថា ខ្លួនមានភ័ស្តុតាងច្បាស់លាស់ដែលថាកម្ពុជាបានឈ្លានពានអធិបតេយ្យភាពរបស់ខ្លួនពិតមែន ហើយបានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខបន្តផ្សព្វផ្សាយលិខិតនោះទៅកាន់ប្រទេសជាសមាជិកទាំងអស់។[៦០] នៅថ្ងៃទី២៥ ខែកក្កដាដដែរ ប្រទេសថៃបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី (ប្រធានអាស៊ានបច្ចុប្បន្ន) ក្នុងការផ្ដល់ជំនួយសម្របសម្រួលចរចាតាមសន្តិវិធី ដោយបញ្ជាក់ថាពួកគេ "ចង់ឱ្យបញ្ហាមានការដោះស្រាយបែបទ្វេភាគី"។ នៅល្ងាចថ្ងៃដដែរនោះ សម្ដេចហ៊ុន ម៉ាណែតបានទម្លាយថា ប្រទេសកម្ពុជា និងថៃបានយល់ស្របលើបទឈប់បាញ់រួចទៅហើយកាលពីថ្ងៃទី២៤ ខែកក្កដាបន្ទាប់ពីមានការសម្រុះសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោអាន់វ៉ា អ៊ីប្រាហ៊ីម ប៉ុន្តែឈានចូលដល់ថ្ងៃទី២៥ ខាងភាគីថៃបែរជាប្តូរជំហរបដិសេដនឹងបទឈប់បាញ់នោះទៅវិញ។[៦១][៦២]

នោថ្ងៃទី២៦ ខែកក្កដា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំបានបញ្ជាក់ថា លោកបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីសម្របសម្រួលប្រទេសទាំងពីរឱ្យកើតមានបទឈប់បាញ់។[៦៣] នៅថ្ងៃទី២៧ ខែកក្កដា នាយករដ្ឋមន្ត្រីស្ដីទីថៃបានសម្តែងការពេញចិត្តចំពោះកិច្ចព្រួយបារម្ភ និងការគាំទ្ររបស់លោកត្រាំ និងមេដឹកនាំបរទេសផ្សេងៗទៀត ប៉ុន្តែលោកបានថ្លែងថាថៃនៅតែរក្សាជំហរចង់ពិភាក្សាទ្វេភាគីជាមួយកម្ពុជា និងមិនមានបំណងចង់បានការអន្តរាគមន៍ពីភាគីទីបីក្នុងការដោះស្រាយជម្លោះព្រំដែននោះឡើយ។

នៅល្ងាចថ្ងៃទី២៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃនឹងជួបប្រជុំគ្នាចរចាពីបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃបន្ទាប់ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម។[៦៤]

នៅថ្ងៃទី២៨ ខែកក្កដា ក្រោយការជួបពិភាក្សាគ្នាហើយ កម្ពុជា និងថៃបានសម្រេចឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយនឹងចាប់អនុវត្តនៅវេលាម៉ោង ១២ យប់ចូលថ្ងៃទី២៩។[៦៥]

Remove ads

ប្រតិកម្មអន្តរជាតិ

សមាជិកអាស៊ាន

  •  ម៉ាឡេស៊ី៖ លោកនាយករដ្ឋមន្ត្រីអាន់វ៉ា អ៊ីប្រាហ៊ីមបានសម្តែងការព្រួយបារម្មណ៍ចំពោះស្ថានការណ៍រវាងកម្ពុជានឹងថៃ ហើយបានបង្ហាញឆន្ទៈក្នុងការពិភាក្សាជាមួយភាគីទាំងពីរ ដើម្បីស្វែងរកវិធីសាស្ត្រសម្របសម្រួល និងចរចាសន្តិភាព។[៦៦]
  •  មីយ៉ាន់ម៉ា៖ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោកស៊រ មីនធុនបានថ្លែងថា មីយ៉ាន់ម៉ាមានការជឿជាក់ថា ប្រទេសកម្ពុជា និងថៃនឹងអាចស្វែងរកដំណោះស្រាយដោយសន្តិវិធីបាន ហើយពលរដ្ឋភូមាដែលរស់នៅនៅក្នុងប្រទេសទាំងនោះគួរតែបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពរបស់ពួកគេ និងស្វែងរកជំនួយនានាពីស្ថានទូត និងស្ថានកុងស៊ុលមីយ៉ាន់ម៉ា។[៦៧]
  •  វៀតណាមក្រសួងការបរទេសវៀតណាមបានអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា ជៀសវាងការប្រើប្រាស់កម្លាំង ជៀសបង្កើនជម្លោះបន្ថែម និងដោះស្រាយបញ្ហាដោយប្រើមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសាមគ្គីភាពក្នុងតំបន់។[៦៨]
  •  សិង្ហបុរីក្រសួងការបរទេសសិង្ហបុរីបានសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នានេះ ហើយបានជំរុញឱ្យប្រទេសទាំងពីរបង្ហាញការប្រុងប្រយ័ត្ន និងបញ្ឈប់រាល់អរិភាព រួមទាំងចូលរួមកាត់បន្ថយភាពតានតឹងតាមរយៈបណ្តាញការទូត និងការពារសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់។[៦៩]
  •  ហ្វីលីពីនក្រសួងការបរទេសហ្វីលីពីនបានសង្កត់ធ្ងន់លើ "សារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហរ និងការធានាឱ្យមានការថយចុះនៃស្ថានការណ៍ជម្លោះ"។ ក្រសួងសង្ឃឹម​ថា ប្រទេស​ទាំង​ពីរ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។[៧០]
  •  ឡាវក្រសួងការបរទេស​ឡាវបាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​។ ក្រសួងបានជំរុញឱ្យភាគីទាំងពីរប្រើការប្រុងប្រយ័ត្ន និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនាពេលបច្ចុប្បន្ន។[៧១]
  •  ឥណ្ឌូណេស៊ី៖ ស្ថានទូតឥណ្ឌូណេស៊ីនៅទីក្រុងបាងកក និងទីក្រុងភ្នំពេញបានជំរុញឱ្យពលរដ្ឋឥណ្ឌូនេស៊ីមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ខ្លួន និងបរិស្ថានជុំវិញ។[៧២] ក្រសួងការបរទេស​បាន​ជំរុញ​ប្រទេស​ទាំងពីរឱ្យចូល​ដោះស្រាយ​បញ្ហា​របស់ខ្លួន​ដោយ​មិត្តភាព​ស្របតាម​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ និង​ធម្មនុញ្ញ​អាស៊ាន[៧៣]

ប្រទេសផ្សេងៗ

  •  កាណាដា៖ កាណាដា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ប៉ះ​ទង្គិច​គ្នា និង​របាយការណ៍​អំពីការស្លាប់របស់ជន​ស៊ីវិលនៅ​ក្បែរ​ព្រំដែន​កម្ពុជា-ថៃ។ ប្រទេសកាណាបាបានអំពាវនាវឱ្យប្រទេសទាំងពីរកាត់បន្ថយអរិភាព ហើយចាប់ផ្តើមជជែកចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។[៧៤]
  •  កូរ៉េខាងត្បូង៖ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េបានអំពាវនាវឱ្យមានការដោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យម្នាក់បានថ្លែងថា "រដ្ឋាភិបាលកូរ៉េបានសម្តែងការព្រួយបារម្មណ៍យ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខចំពោះអ្នកស្លាប់ និងក្រុមគ្រួសាររបស់ពួកគេដោយសារឧបទ្ទវហេតុនេះ"។[៧៥]
  •  ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្តែងការព្រួយបារម្ភចំពោះការវិវត្តនៃស្ថានការណ៍ជម្លោះ ហើយសង្ឃឹមថាភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហាបានត្រឹមត្រូវតាមរយៈការសន្ទនា និងពិគ្រោះយោបល់គ្នា។[៦៦] រដ្ឋមន្ត្រីការបរទេស លោកវ៉ាង យីបានថ្លែងថា "ជម្លោះនាពេលថ្មីៗនេះ និងទាំងការស្លាប់និងរបួសដែលបានកើតឡើងនៅព្រំដែនកម្ពុជា-ថៃ គឺគួរឱ្យឈឺចាប់ និងជាកង្វល់ដ៏ធំ" ហើយលោកបានចោទទៅលើកេរអាណានិគមថាជាមូលហេតុដើមនៃបញ្ហានេះ ហើយបានអំពាវនាវឱ្យមាន "ដំណោះស្រាយដ៏ស្ងប់ស្ងាត់ និងត្រឹមត្រូវ"។ លោកយីបានបន្ថែមទៀតថា ប្រទេសចិនបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការសម្របសម្រួល ហើយថាប្រទេសខ្លួននឹងរក្សាគោលជំហរ "យុត្តិធម៌ និងមិនលំអៀង" លើបញ្ហានេះ។[៧៦]
  •  ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការបរទេស លោកតាកេស្សិ អ៊ីវ៉ាយ៉ាបានមានប្រសាសន៍ថា លោកកំពុងធ្វើការដើម្បីលើកទឹកចិត្តទាំងកម្ពុជា និងថៃ ក្នុងការបន្ធូរបន្ថយស្ថានការណ៍ជម្លោះ ហើយបានបញ្ជាក់ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។[៦៦]
  •  បារាំងរដ្ឋាភិបាល​បារាំង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ផ្ទុះការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​រវាង​ប្រទេស​ថៃ និង​កម្ពុជា និង​បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ជម្លោះនេះ។ បារាំងក៏បានជំរុញឱ្យប្រទេសទាំងពីរបញ្ឈប់រាល់សកម្មភាពប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយទំនាស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។[៧៧]
  •  រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភអំពីកំណើននៃជម្លោះនេះ ហើយបានជំរុញឱ្យភាគីនានាបង្ហាញពីឆន្ទៈសម្របសម្រួល។[៧៨]
  •  សហរដ្ឋអាមេរិក៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាងកក និងទីក្រុងភ្នំពេញបានជំរុញឱ្យប្រជាពលរដ្ឋអាមេរិកដែលរស់នៅ ឬធ្វើដំណើរក្បែរព្រំដែនថៃ-កម្ពុជា គួរតែធ្វើតាមការណែនាំរបស់អាជ្ញាធរសន្តិសុខនៃប្រទេសទាំងពីរ។[៧៩][៨០] មួយរយៈក្រោយមក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានជំរុញឱ្យបញ្ឈប់អរិភាព និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ។[៨១]
  •  សហរាជាណាចក្រ៖ អនុរដ្ឋលេខាធិការសភាទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក លោកស្រីកាតឺរីន វ៉ែស្តបានសម្តែងនូវកង្វល់ទុក្ខព្រួយចំពោះការស្លាប់និងរបួសរបស់ជនស៊ីវិល ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ និងស្វែងរកវិធីសាស្ត្រចរចាដោយសន្តិវិធី។[៨២]

អង្គការអន្តរជាតិ

  •  សហភាពអឺរ៉ុប៖ អ្នកនាំពាក្យការបរទេសអឺរ៉ុប លោកអានូអារ អែលអានូនី បានសម្តែងការព្រួយបារម្ភរបស់ប្លុកមួយនេះ ហើយបានអំពាវនាវឱ្យភាគីទាំងពីរចូលបន្ថូរបន្ថយស្ថានការណ៍ និងដោះស្រាយជម្លោះដោយការសន្ទនាដោយសន្តិវិធី។[៨៣]
  •  អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការសហប្រជាជាតិ លោកអាន់តូនីអូ ហ្គូតេរ៉េស បានថ្លែងថា លោកកំពុងតាមដានរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ហើយបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានានាតាមរយៈការសន្ទនា និងក្នុងស្មារតីជាអ្នកជិតខាងល្អ ក្នុងគោលបំណងស្វែងរកដំណោះស្រាយយូរអង្វែង។[៨៤]
  •  អាស៊ាន​៖ រដ្ឋមន្ត្រីការបរទេសតាមបណ្ដាប្រជាជាតិអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជារួមចំពោះស្ថានការណ៍ជម្លោះនេះ ដោយបានហៅភាគីទាំងពីរឱ្យបញ្ឈប់អរិភាពទាំងអស់ អនុវត្តបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ និងបើកផ្លូវឱ្យមានការចរចា ខណៈទាំងកម្ពុជា និងថៃជារដ្ឋសមាជិកអាស៊ានស្រាប់។[៨៥]
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads