អាស៊ីខាងលិច
អនុតំបន់មួយនៅទ្វីបអាស៊ី From Wikipedia, the free encyclopedia
Remove ads
អាស៊ីខាងលិច ឬអាចហៅបានថា អាស៊ីបស្ចិម គឺជាតំបន់ភាគខាងលិចបំផុតនៃទ្វីបអាស៊ី។ យោងតាមនិយមន័យពីស្ថាប័នសិក្សានានា អង្គការសហប្រជាជាតិ និងស្ថាប័នដទៃទៀត គេបានកំណត់អនុតំបន់អាស៊ីខាងលិចដោយក្ដោបតំបន់តូចៗដូចជា អាណាតូលី ឧបទ្វីបអារ៉ាប់ អ៊ីរ៉ង់ មេសូប៉ូតាមី វាលខ្ពស់អាមេនី ឡេវ៉ាន កោះស៊ីប ឧបទ្វីបស៊ីណៃ និងកូកាសខាងត្បូង។ តំបន់មួយនេះត្រូវបានកាត់ផ្ដាច់ពីទ្វីបអាហ្វ្រិកតាមដីសន្ទះស៊ុយអេ និងពីទ្វីបអឺរ៉ុបតាមរយៈផ្លូវទឹកនៃច្រកសមុទ្រតួកគី និងដីជម្រាលនៃតំបន់មហាកូកាស។ អាស៊ីខាងលិចមានព្រំប្រទល់ជាប់នឹងតំបន់អាស៊ីកណ្ដាលនៅភាគឦសាន្ត និងអាស៊ីខាងត្បូងនៅភាគខាងកើត។ តំបន់នេះផងដែរត្រូវបានព័ទ្ធជុំវិញដោយផ្ទៃសមុទ្រចំនួន ១២ ដូចជា៖ សមុទ្រកាសព្យែន សមុទ្រខ្មៅ ឈូងសមុទ្រពែរ្ស សមុទ្រមេឌីទែរ៉ាណេ សមុទ្រម៉ាម៉ារ៉ា ឈូងសមុទ្រស៊ុយអេ សមុទ្រអ៊ីជាន ឈូងសមុទ្រអាកាបា ឈូងសមុទ្រអាឌែន សមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។ អាស៊ីខាងលិចគឺគ្របដណ្ដប់ទៅលើតំបន់ផ្ទៃដីស្រដៀងគ្នានឹងតំបន់មជ្ឈិមបូព៌ាដែរ គ្រាន់តែមជ្ឈិមបូព៌ាគឺជាពាក្យបង្កប់ន័យនយោបាយដែលតែងតែសម្គាល់ដោយភូមិវិទូលោកខាងលិចអាស្រ័យទៅលើបរិបទនយោបាយ និងប្រវត្តិសាស្ត្រ ខណៈដែលអាស៊ីខាងលិចវិញគឺជាពាក្យភូមិសាស្ត្រដែលមានភាពត្រឹមត្រូវនិងភាពស៊ីសង្វាក់គ្នាជាង។
តំបន់អាស៊ីខាងលិចគ្របដណ្ដប់លើផ្ទៃដីសរុប ៥,៩៩៤,៩៣៥ គម២ និងមានប្រជាជនរស់នៅចំនួន ៣១៣ លាននាក់។[១][២] ក្នុងចំណោមប្រទេសដែលជាសមាជិកអង្គការសហប្រជាជនទាំង ២០ នៅក្នុងតំបន់ (ឬមានមួយផ្នែកនៃទឹកដីរបស់ពួកគេក្នុងតំបន់) មាន ១៣ ប្រទេសដែលត្រូវជាផ្នែកនៃពិភពអារ៉ាប់។ បណ្ដាប្រទេសដែលមានចំនួនប្រជាជនរស់ច្រើនជាងគេនៅក្នុងតំបន់នេះរួមមាន៖ អ៊ីរ៉ង់ តួកគី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និងយេម៉ែន។ល។
នៅក្នុងគ្រោងការណ៍ភូមិសាស្ត្រពិភពលោកសម្រាប់កំណត់ត្រាចែកចាយរុក្ខជាតិ (WGSRPD) គេមិនបានរាប់បញ្ចូលឧបទ្វីបអារ៉ាប់ជាផ្នែកមួយនៃតំបន់អាស៊ីខាងលិចឡើយ តែក្រុមនេះបានរាប់បញ្ចូលប្រទេសអាហ្វហ្កានីស្ថាន។[៣] ចំពោះអង្គការស្បៀងអាហារ និងកសិកម្ម (FAO) វិញបានរាប់បញ្ចូលប្រទេសអាហ្វហ្កានីស្ថានចូលដូចគ្នា តែបានចាត់ទុកប្រទេសអេហ្ស៊ីបនៅខាងក្រៅតំបន់អាស៊ីខាងលិច។[៤] រីឯកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិវិញបានដកប្រទេសស៊ីប អ៊ីស្រាអែល តួកគី និងអ៊ីរ៉ង់ចេញពីតំបន់មួយនេះ។[៥]
Remove ads
និយមន័យ
ពាក្យថា អាស៊ីខាងលិច ឬអាស៊ីបស្ចិម ត្រូវបានគេនិយមប្រើជាការណ៍ និងមិនមាននិយមន័យកំណត់ "ត្រឹមត្រូវ" ឬទទួលយកជាទូទៅណាមួយឡើយ។ និយមន័យធម្មតារបស់វាគឺច្រើនជាន់គ្នាមិនថាដោយប្រយោល ឬដោយផ្ទាល់ជាមួយនិយមន័យនៃពាក្យសម្គាល់តំបន់ដូចជា មជ្ឈិមបូព៌ា មេឌីទែរ៉ាណេខាងកើត និងដើមបូព៌ា (ដែលពីបុរាណមកគឺសុទ្ធតែមាននិយមន័យស្រដៀងៗនឹងគ្នា លើកលែងតែពេលបច្ចុប្បន្នដោយគេចង់បំបែកវាឱ្យច្បាស់ដាច់ដោយឡែកពីគ្នា)។[៦] Style Manual របស់ National Geographic ក៏ដូចជាសៀវភៅសេដ្ឋកិច្ចពិភពលោក៖ ស្ថិតិប្រវត្តិសាស្ត្រ (២០១៣) បោះពុម្ភផ្សព្វផ្សាយដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានរាប់បញ្ចូលប្រទេសដូចជា កាតា គុយវ៉ែត តួកគី ប៉ាឡេស្ទីន(សម្គាល់ដោយវ៉េសប៊ែង និងក្រោយមកហ្កាហ្សា) បារ៉ែន យេម៉ែន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួមទៅក្នុងតំបន់អាស៊ីខាងលិច។[៧][៨] ផ្ទុយមកវិញ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) នៅក្នុងសៀវភៅប្រចាំឆ្នាំនៃឆ្នាំ២០១៥ របស់ខ្លួនបានរាប់បញ្ចូលប្រទេសអាមេនី និងអាស៊ែបៃសង់ និងដកអ៊ីស្រាអែល និងតួកគីចេញ (ជាផ្នែកនៃទ្វីបអឺរ៉ុប)។[៩]
ខុសពី UNIDO ក្រុមស្ថិតិអង្គការសហប្រជាជាតិ (UNSD) បានកាត់ប្រទេសអ៊ីរ៉ង់ចេញពីតំបន់ ហើយបានរាប់បញ្ចូលប្រទេសចចជី តួកគី និងស៊ីបចូលវិញ។[១០] ចំពោះក្រុមអឺរ៉ុបខាងលិចដែលត្រួវជាក្រុមមួយនៃក្រុមភូមិសាស្ត្រនយោបាយអង្គការសហប្រជាជាតិ បានរាប់បញ្ចូលប្រទេសអាមេនី និងចចជីជាផ្នែកនៃតំបន់អឺរ៉ុបខាងកើត ខណៈស៊ីប និងតំបន់ធ្រែសខាងកើតនៃប្រទេសតួកគីគឺស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងត្បូង។ ប្រទេសទាំងបីនេះផងដែរត្រូវបានចុះបញ្ជីក្នុងចំណាត់ថ្នាក់អឺរ៉ុបនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។
សមាជិកជាតិនៃស្ថាប័នគ្រប់គ្រងកីឡាអាស៊ីខាងលិចត្រូវបានកំណត់ចំពោះប្រទេសដូចជា កាតា គុយវ៉ែត ប៉ាឡេស្ទីន បារ៉ែន យេម៉ែន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ង់ អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។[១១][១២][១៣] ព្រឹត្តិការណ៍ពហុកីឡារបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺកីឡាអាស៊ីខាងលិចត្រូវបានចូលរួមប្រកួតប្រជែងដោយអត្តពលិកតំណាងមកពីប្រទេសទាំង ១៣ នេះដូចគ្នា។ ក្នុងចំណោមអង្គការស្ថាប័នកីឡាក្នុងតំបន់ទាំងនោះរួមមាន សមាគមបាល់បោះអាស៊ីខាងលិច សហព័ន្ធកីឡាបុកប៊ីយ៉ា និងស្នូកឃ័រអាស៊ីខាងលិច សហព័ន្ធបាល់ទាត់អាស៊ីខាងលិច និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ីខាងលិច។
ផែនទី
(អហ្ស.)
អារ៉ាប់រួម
សមុទ្រអ៊ីជាន
ឈូងសមុទ្រអាឌែន
ឈូងសមុទ្រអូម៉ង់
សមុទ្រក្រហម
សមុទ្រអាសូវ
អាហ្វ្រិក
អាស៊ី
អឺរ៉ុប
Remove ads
ប្រទេស
សម្គាល់៖
១ ទឹកក្រៅស្រុកអង់គ្លេស។
២ រ៉ាំអាឡាគឺជាទីអាសនៈនៃរដ្ឋាភិបាល ខណៈដែលរដ្ឋធានីតាមសេចក្ដីប្រកាសរបស់រដ្ឋប៉ាឡេស្ទីនគឺមានទីតាំងនៅយេរូសាឡឹមឯណោះ ដែលកំពុងមានទំនាស់ជាមួយអ៊ីស្រាអែល។[ស ៤]
៣ យេរូសាឡឹមគឺជារដ្ឋធានីតាមសេចក្ដីប្រកាសរបស់អ៊ីស្រាអែល និងជាទីតាំងនៃឃ្នេសេត តុលាការកំពូលអ៊ីស្រាអែល។ល។ ដោយសារស្ថានភាពនៃក្រុងនេះកំពុងជាប់ជម្លោះទំនាស់ ដូច្នេះស្ថានទូតបរទេសភាគច្រើនគឺមានទីតាំងស្ថិតនៅក្រុងតែលអាវីវវិញ។[ស ៤]
Remove ads
ប្រវត្តិសាស្ត្រ
សូមមើលផងដែរ: ប្រវត្តិសាស្ត្រមជ្ឈិមបូព៌ា
ពាក្យ "អាស៊ីខាងលិច" ត្រូវបានប្រើប្រាស់ជាពាក្យសម្គាល់ទីតាំងភូមិសាស្ត្រចាប់ផ្ដើមនៅដើមសតវត្សរ៍ទី១៩ មុនពេលពាក្យ "ដើមបូព៌ា" បានក្លាយជាពាក្យសម្គាល់ពីភូមិសាស្ត្រនយោបាយនៃតំបន់អាស៊ីខាងលិច។[១៨] នៅក្នុងបរិបទនៃប្រវត្តិសាស្រ្តសម័យបុរាណ "អាស៊ីខាងលិច" ច្រើនមានន័យថាផ្នែកនៃទ្វីបអាស៊ីដែលប្រវត្តិវិទូបុរាណដូចជាក្រិក និងរ៉ូមស្គាល់ ខណៈ "អាស៊ីក្នុង" ដូចជា ស៊ីតធី ត្រង់សូស៊ាន និងឥណ្ឌាច្រើននៅខាងក្រៅនិយមន័យអាស៊ីខាងលិចព្រោះគេមិនទាន់ ឬមិនសូវស្គាល់តំបន់ទាំងនេះ។[១៩][២០][២១] នៅសតវត្សរ៍ទី២០ ពាក្យ "អាស៊ីខាងលិច" ត្រូវបានគេប្រើប្រាស់ភាគច្រើននៅក្នុងវិស័យបុរាណវិទ្យា និងប្រវត្តិសាស្រ្តបុរាណ សម្រាប់សម្គាល់តំបន់ភូមិសាស្ត្រ "អឌ្ឍចន្ទពហុពលដោយមិនរាប់បញ្ចូលអេហ្ស៊ីបបុរាណ" ក្នុងគោលបំណងប្រៀបធៀបអរិយធម៌ដើមនៃប្រទេសអេហ្ស៊ីប និងអរិយធម៌ផ្សេងៗក្នុងតំបន់នោះ។[២២]
ការប្រើប្រាស់ពាក្យនេះនៅក្នុងបរិបទភូមិសាស្ត្រនយោបាយសហសម័យ ឬសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានលេចឡើងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មកម៉្លេះ។[២៣]
ភូមិសាស្ត្រ
តំបន់នេះមានសមុទ្រធំៗព័ទ្ធជុំវិញចំនួនប្រាំបីរួមមាន៖ សមុទ្រក្រហម សមុទ្រកាសព្យែន សមុទ្រខ្មៅ ឈូងសមុទ្រពែរ្ស សមុទ្រមេឌីទែរ៉ាណេ សមុទ្រអ៊ីជាន ឈូងសមុទ្រអាឌែន និងសមុទ្រអារ៉ាប់។
នៅភាគពាយព្យ និងខាងជើង តំបន់នេះត្រូវបានបំបែកចេញពីទ្វីបអឺរ៉ុបដោយច្រកសមុទ្រតួកគី និងដីជម្រាលនៃតំបន់មហាកូកាស។ ចំពោះភាគនិរតីវិញ វាត្រូវបានផ្ដាច់ចេញពីទ្វីបអាហ្រ្វិកដោយដីសន្ទះស៊ុយអេ ខណៈនៅភាគឦសាន និងខាងកើត វាមានព្រំប្រទល់ជាប់តំបន់អាស៊ីកណ្តាល និងអាស៊ីខាងត្បូង។ តំបន់នេះផងដែរគឺស្ថិតនៅភាគខាងកើតនៃតំបន់អឺរ៉ុបខាងត្បូង និងភាគខាងត្បូងនៃតំបន់អឺរ៉ុបខាងកើត។
វាលលំហដាឆតឺកាវារ និងដាឆតឺលូតនៅភាគខាងកើតប្រទេសអ៊ីរ៉ង់អាចចាត់ទុកបានថាជាព្រំដែនធម្មជាតិបំបែកអាស៊ីខាងលិចពីតំបន់អាស៊ីខាងត្បូង។
ភូគព្ភសាស្ត្រ
ផ្លាកតិចតូនិច
ផ្លាកតិចតូនិចចំនួនបីធំៗត្រូវបានគ្របដណ្ដប់ដោយតំបន់អាស៊ីខាងលិចមានដូចជា៖ ផ្លាកអាហ្វ្រិក អឺរ៉ាស៊ី និងអារ៉ាប់។ បច្ចុប្បន្ន ផ្លាកអារ៉ាប់បានកំពុងរំកឹលខ្លួនបន្តិចម្តងៗចូលទៅកាន់ផ្លាកអាណាតូលី (តួកគី) នៅត្រង់សម្រុតអាណាតូលីខាងកើត[២៤] ហើយព្រំដែនរវាងផ្លាកអ៊ីជាន និងអាណាតូលីនៅភាគខាងកើតប្រទេសតួកគីក៏មានលំនាំរញ្ជួយជាសកម្មផងដែរ។[២៥]
ធនធានទឹក
អាស៊ីខាងលិចមានប្រភពទឹកក្រោមដីជាច្រើននៅខ្ចាត់ខ្ចាយជុំវិញតំបន់នេះ។ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានវត្តមានប្រភពទឹកក្រោមដីធំៗចំនួនពីរដែលបន្សល់ពីយុគប៉ាឡេអូសូអិច និងត្រ័យិកនៅក្រោមជួរភ្នំធូវ៉ែគ និងតំបន់ប៉ែកខាងលិចពីសមុទ្រក្រហម។[២៦] ប្រភពទឺកក្រោមដីសល់ពីយុគក្រេតាសេ និងឱសាកន្យគឺមានទីតាំងស្ថិតនៅខាងក្រោមផ្ទៃភាគកណ្តាល និងភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានផ្ទុកទាំងទឹកសាប និងប្រៃ។[២៦] ប្រព័ន្ធធារាសាស្រ្តទឹកជន់ ឬគន្លង ក៏ដូចជាប្រព័ន្ធប្រោះទឹកត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់វិស័យកសិកម្មនៅទូទាំងអាស៊ីខាងលិចដែលគ្របដណ្តប់លើផ្ទៃដីជិត ៩០,០០០ គម២។[២៧] ទន្លេធីក្រឺ និងអឺហ្វ្រាត់គឺជាទន្លេពីរដ៏សំខាន់ដែលបានចាក់ឫសចូលអាស៊ីខាងលិចផងដែរ។
អាកាសធាតុ

អាស៊ីខាងលិចជាចម្បងមានលក្ខណៈស្ងួតហួតហែង ហើយងាយប្រឈមនឹងគ្រោះរាំងស្ងួត ប៉ុន្តែតំបន់នេះក៏មានវត្តមានព្រៃឈើ និងដីជ្រលងជីជាតិនៅតាមផ្នែកខ្លះផងដែរ។ អាស៊ីខាងលិចនេះផងដែរក៏មាន វាលស្មោង វាលលំហ និងតំបន់ភ្នំជាច្រើនកន្លែង។ កង្វះទឹកប្រើប្រាស់គឺជាបញ្ហាមួយនៅក្នុងទីតាំងមួយចំនួននៃអាស៊ីខាងលិច ដោយកំណើនចំនួនប្រជាជនបានទាមទារតម្រូវការទឹកប្រើប្រាស់បន្ថែម ខណៈដែលការរីកសាយនៃជាតិអំបិល និងការបំពុលទឹកបានកំពុងគំរាមកំហែងដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងតំបន់នេះ។[២៨]
Remove ads
សេដ្ឋកិច្ច
សេដ្ឋកិច្ចនៅតាមប្រទេសក្នុងតំបន់អាស៊ីខាងលិចនេះគឺមានភាពចម្រុះ និងកម្រិតខុសៗគ្នា។ តួកគីជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ នាំមុខប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ជាដើម។ រ៉ែប្រេងកាតគឺជាឧស្សាហកម្មដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ ដោយជាងពាក់កណ្តាលនៃធនធានប្រេងទាំងអស់នៅលើពិភពលោកគឺស្ថិតក្នុងតំបន់នេះ និងព្រមទាំងប្រមាណ ៤០ ភាគរយនៃឧស្ម័នធម្មជាតិផងដែរ។
ប្រជាសាស្ត្រ
ចំនួនប្រជាជននៅក្នុងតំបន់អាស៊ីខាងលិចត្រូវបានប៉ាន់ស្មានថាមានចំនួន ២៧២ លាននាក់នៅក្នុងឆ្នាំ២០០៨ និងត្រូវបានម៉ាឌីសុនព្យាករណ៍ថានឹងស្ទុះឡើងដល់ ៣៧០ លាននាក់នៅក្នុងឆ្នាំ២០៣០ (ព្យាករណ៍កាលពីឆ្នាំ២០០៧ និងមិនបានរាប់បញ្ចូលតំបន់កូកាស និងប្រទេសស៊ីបឡើយ)។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយអាងលើអត្រាកំណើនប្រជាជនប្រចាំឆ្នាំ ១.៤% (កើនឡើងទ្វេដងក្នុងរយៈពេល ៥០ ឆ្នាំ) ដែលជាអត្រាលើសពីមធ្យមភាគពិភពលោក ០.៩% (ស្មើនឹងកំណើនទ្វេដងក្នុង ៧៥ ឆ្នាំ)។ ចំនួនប្រជាជននៅអាស៊ីខាងលិចត្រូវបានគេប៉ាន់ស្មានថាមានចំនួនស្មើនឹង ៤% នៃចំនួនប្រជាជនសរុបនៅលើពិភពលោកដោយកើនឡើងពីចំនួនប្រមាណ ៣៩ លាននាក់នៅដើមសតវត្សរ៍ទី២០ ឬប្រហែល ២% នៃចំនួនប្រជាជនពិភពលោកនៅពេលនោះ។[២៩]
ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅក្នុងតំបន់គឺប្រទេសតួកគី និងអ៊ីរ៉ង់ដោយប្រទេសទាំងពីរនេះមានប្រជាជនប្រមាណ ៧៩ លាននាក់ ហើយជាបន្ទាប់គឺអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីតដែលមានចំនួនប្រមាណ ៣៣ លាននាក់ និងប្រទេសយេម៉ែនជាមួយប្រជាជនចំនួន ២៩ លាននាក់។
បើតាមចំនួនតួលេខ តំបន់អាស៊ីខាងលិចមានប្រជាជនរស់នៅភាគច្រើនជាជនជាតិអារ៉ាប់ ពែរ្ស និងតួកគី ហើយភាសារបស់ពួកគេក៏ជាភាសានិយមប្រើប្រាស់ជាងគេបំផុតនៅក្នុងតំបន់ផងដែរ ខណៈភាសាគេនិយមបន្ទាប់មានដូចជា ភាសាឃឺដ អាស៊ែបៃសង់ ហេប្រឺ អាមេនី និងនវអារ៉ាមជាដើម។ ការនិយមប្រើប្រាស់ភាសាអារ៉ាប់ និងតួកគីនៅក្នុងតំបន់នេះគឺបណ្ដាលមកពីសកម្មភាពត្រួតត្រា និងឈ្លានពានពីចក្រភពអារ៉ាប់និងតួកគីពីសម័យបុរាណចាប់ផ្ដើមពីសតវត្សរ៍ទី៧ ដែលនាំឱ្យអតីតភាសាអារ៉ាមនៅស៊ីរី និងភាសាក្រិកនៅអាណាតូលីបានបាត់បង់ឥទ្ធិពល និងធ្លាក់ចុះខ្សោយចាប់តាំងពីពេលនោះមក។ ថ្វីបើភាសាហេប្រឺបានទទួលប្រជាប្រិយភាពចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី២០ នៅលើទឹកដីអ៊ីស្រាអែលមែន ប៉ុន្តែភាសាដើមក្នុងរដ្ឋមួយនេះគឺភាសានវអារ៉ាម និងភាសាក្រិកនូវតែមានអ្នកនិយាយប្រើប្រាស់វាដដែរគ្រាន់តែស្ថិតក្នុងកម្រិតភាគតិច។
ជនជាតិភាគតិចធំៗនៅក្នុងតំបន់នេះរួមមាន៖ អារ៉ាម អាស៊ីរី[៣០] ឌ្រូស[៣១] ជ្វីហ្វ ឡូរី ម៉ង់ដា ម៉ារ៉ូនីត សាបាក់ និងយ៉េហ្ស៊ីឌីជាដើម។ល។
សាសនា
សាសនានៅក្នុងអាស៊ីខាងលិច (២០២០)[៣២]
យូដាសាសនា (2.02%)
គ្មានជំនឿសាសនា (1.16%)
សាសនាផ្សេងៗទៀត (0.25%)
សាសនាប្រជាប្រិយ (0.06%)
សាសនាធំៗចំនួនបួន (មានដូចជាសាសនាធំបំផុតចំនួនពីរលើពិភពលោកគឺ គ្រិស្តសាសនា និងឥស្លាមសាសនា បូករួមទាំងយូដាសាសនា និងជំនឿឌ្រូស) គឺសុទ្ធតែមានប្រភពចេញពីតំបន់អាស៊ីខាងលិចនេះ។[៣៣][៣៤][៣៥] បច្ចុប្បន្ន ឥស្លាមសាសនាគឺជាសាសនាធំបំផុតនៅក្នុងតំបន់ ខណៈសាសនាដទៃដែលមានប្រភពចេញពីនេះដូចជាគ្រិស្តសាសនា[៣៦] និងយូដាសាសនាជាដើមនៅតែបន្តមានចំនួនអ្នកគោរពប្រតិបត្តិច្រើនគួរសម។
នៅក្នុងប្រទេសចចជី និងអាមេនី អូស្សូដក់បូព៌ាគឺជាសាសនាដែលប្រជាជននៃរដ្ឋទាំងពីរគោរពប្រតិបត្តិច្រើនបំផុត។[៣៧] អូស្សូដក់បូព៌ាក៏ត្រូវជាសាសនាដ៏ធំមួយនៅក្នុងប្រទេសស៊ីបផងដែរ។ សព្វថ្ងៃ សហគមន៍បុរាណនៃគ្រិស្តសាសនិកបូព៌ានៅតែមានវត្តមាននៅក្នុងតំបន់ (ដូចជា អាស៊ីរី គ្រិស្តសាសនិកមជ្ឈិមបូព៌ា និងគ្រិស្តសាសនិកអារ៉ាប់ជាដើម) ពិសេសនៅក្នុងប្រទេសតួកគី[៣៨][៣៧] ប៉ាឡេស្ទីន លីបង់[៣៧] ហ្សកដានី[៣៧] អ៊ីរ៉ង់[៣៩] អ៊ីរ៉ាក់[៣៧] ស៊ីរី[៣៧] អាស៊ែបៃសង់ និងអ៊ីស្រាអែល។[៣៧]
យូដាសាសនាគឺជាសាសនាធំបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ខណៈសហគមន៍ជ្វីហ្វតូចៗមានវត្តមានរាយប៉ាយនៅជុំវិញតំបន់មួយនេះដូចជានៅក្នុងប្រទេសតួកគី (១៤,៣០០),[៤០] អាស៊ែបៃសង់ (៩,១០០)[៤១] និងអ៊ីរ៉ង់ (៨,៧៥៦)។[៤២]
ចំពោះជំនឿឌ្រូសវិញ វាគឺជាសាសនាឯកទិទេពដែលផ្អែកលើការបង្រៀនទូន្មានរបស់តួរអង្គដូចជា ហាំសា អ៊ីប៊ីន-អាលី អ៊ីប៊ីន-អាម៉ាដ និងអាល់-ហាឃីម ប៊ី-អាមារ អាឡោះ និងទស្សនវិទូក្រិកដូចជា ផ្លាតូ និងអារីសស្ដូថូល។ ចំនួនអ្នកកាន់ជំនឿឌ្រូសនៅជុំវិញពិភពលោកមានប្រមាណមួយលាននាក់ដោយ ៤០% ទៅ ៥០% កំពុងរស់នៅក្នុងប្រទេសស៊ីរី, ៣៥% ទៅ ៤០% កំពុងរស់នៅលីបង់ និងប្រមាណតិចជាង ១០% មានវត្តមានក្នុងប្រទេសអ៊ីស្រាអែល។[៤៣]
ក្រៅពីសាសនាធំៗខាងលើ អាស៊ីខាងលិចក៏មានវត្តមានសាសនាតូចៗជាច្រើនដែរដូចជា៖ ជំនឿបាហៃ យ៉ាសង់នី យ៉េហ្ស៊ីឌី[៤៤] ហ្សូរូអាសទ្រីសសាសនា ម៉ង់ដាសាសនា និងសាបាក់សាសនា។
Remove ads
មើលផងដែរ
- មជ្ឈិមបូព៌ា
- បញ្ជីរាយតំបន់បេតិកភណ្ឌពិភពលោកនៅអាស៊ីខាងលិច
- កីឡាអាស៊ីខាងលិច
ឯកសារយោង
អានបន្ថែម
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads