ឆ្នាំ ២០២០

From Wikipedia, the free encyclopedia

ឆ្នាំ ២០២០
Remove ads

គ.ស. ២០២០ ត្រូវ​នឹង ព.ស. ២៥៦៤ ជាឆ្នាំបង្គ្រប់ចាប់ផ្តើមនៅថ្ងៃពុធនៅក្នុងប្រតិទិនគ្រីកូរី និងជាឆ្នាំទី ២០២០ នៃសកលសករាជ និងគ្រិស្តសករាជ

  • ឆ្នាំជូត ទោសក ចុល្លសករាជ ១៣៨២ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃថ្លើងសក)
  • ឆ្នាំទី ២ របស់ទសវត្សរ៍ឆ្នាំ ២០២០, ឆ្នាំទី ២១ របស់សតវត្សទី ២១ និងឆ្នាំទី ២០ របស់សហវត្សរ៍ទី ៣
  • ឆ្នាំនៃគិលានុបដ្ឋាយិកា និងគ្រូពេទ្យឆ្មប ប្រកាសដោយអង្គការសុខភាពពិភពលោក[] ឆ្នាំអន្តរជាតិនៃសុខភាពរុក្ខជាតិ ប្រកាសដោយអង្គការសហប្រជាជាតិ[] និងឆ្នាំអន្តរជាតិនៃសំឡេង ប្រកាសដោយគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិ[]
  • សរុបមាន ៣៦៦ ថ្ងៃ
Thumb
ពីឆ្វេងទៅស្ដាំតាមទ្រនិចនាឡិកា៖ សំណល់នៃយន្តហោះអ៊ែរឡាញហ្វ្លាយត៍ ៧៥២ អន្តរជាតិអ៊ុយក្រែន ដែលត្រូវបានបាញ់ទម្លាក់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់, សកម្មភាពរដ្ឋប្រហារលើរដ្ឋាភិបាលម៉ាលីដោយកងកម្លាំងប្រដាប់អាវុធម៉ាលី, ទិដ្ឋភាពហាយននៅក្រុងហ្កាន់ហ្សា ដែលបង្កឡើងដោយគ្រាប់មីស៊ីលក្នុងអំឡុងសង្គ្រាមណាហ្គ័រណូ-ការ៉ាបាក់លើកទី២, ទិដ្ឋភាពខ្ទិចខ្ទាំហេដ្ឋារចនាសម្ព័ន្ធក្រោយបាតុកម្មចច ហ្វ្លយ, រូបភាពទីក្រុងម៉េកេលេក្រោយរងការវាយប្រហារតាមផ្លូវអាកាសក្នុងអំឡុងសង្គ្រាមធីក្រេ, ទិដ្ឋភាពនៅកំពង់ផែបៃរូត នៃប្រទេសលីបង់ បន្ទាប់ពីឧប្បត្តិហេតុផ្ទុះនៃសារធាតុអាម៉ូញ៉ូមនីត្រាត ដែលបានសម្លាប់មនុស្សចំនួន ២១៨ នាក់, មហាជនប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសពឧត្តមសេនីយ៍អ៊ីរ៉ង់កាស៊ឹម សូលីម៉ានី បន្ទាប់ពីលោកត្រូវបានគេធ្វើឃាតដោយប្រើដ្រូនឃាតកម្ម, មីក្រូក្រាហ្វអេឡិចត្រុងចម្លងពណ៌នៃមេរោគសារស៍-កូវ-២ ដែលជាវីរុសបង្កឱ្យមានជំងឺរាតត្បាតសកលកូវីដ-១៩
ព័ត៌មានសង្ខេប
ព័ត៌មានសង្ខេប ឆ្នាំ ២០២០ ក្នុង​ប្រតិទិន​ផ្សេងៗ ...

នៅក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលត្រូវទទួលរងឥទ្ធិពលពីជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ រហូតបង្កជាជំងឺរាតត្បាតសកល ដែលនាំឱ្យសេដ្ឋកិច្ចសង្គមពិភពលោកជួបនូវវិបត្តិជាច្រើនដូចជា ការលុបចោល ឬការពន្យារព្រឹត្តិការណ៍ធំៗ ការបិទខ្ទប់ជាសាធារណៈ និងតំហយសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីមហាឱនភាពនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។[] Geospatial World បានចុះផ្សាយថា ឆ្នាំ ២០២០ គឺជា "ឆ្នាំដ៏អាក្រក់បំផុត ពិសេសគឺទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ" ដោយសារតែក្នុងឆ្នាំនេះ គេសង្កេតឃើញមានគ្រោះមហន្តរាយអាកាសធាតុធំៗនៅជុំវិញភពផែនដីដូចជា ភ្លើងឆេះព្រៃធំៗនៅក្នុងប្រទេសអូស្ត្រាលី និងភាគខាងលិចនៃសហរដ្ឋអាមេរិក ក៏ដូចជាព្យុះស៊ីក្លូនត្រូពិចធំៗដែលបោកបក់វាយប្រហារទ្វីបអាមេរិកខាងជើង[] ក្រៅពីនេះ របាយការណ៍វឌ្ឍនភាពរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា គ្មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) អន្តរជាតិសម្រាប់ឆ្នាំ២០២០ ណាមួយត្រូវបានសម្រេចនោះឡើយ។[]

Remove ads

មេដឹកនាំកម្ពុជា

ព្រឹត្តិការណ៍សំខាន់ៗ

មករា

  • ១ មករា
  • ២ មករា – កងទ័ពអាកាស និងកងទ័ពជើងទឹកអូស្ត្រាលី ត្រូវបានបញ្ជូនចុះទៅកាន់រដ្ឋញូវសោតថ៏វ៉ែលស៍ និងវិចតូរីយ៉ា ដើម្បីជួយជម្លៀសប្រជាជនអូស្ត្រាលីចេញពីតំបន់ឆេះព្រៃ[]
  • ៣ មករា – ដ្រូនឃាតកម្មរបស់សហរដ្ឋអាមេរិកបានធ្វើសកម្មភាពវាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដ ដោយបានសម្លាប់មនុស្សចំនួន ១០ នាក់ ដោយក្នុងនោះរួមមានបុគ្គលតម្រុយពីរនាក់គឺឧត្តមសេនីយ៍អ៊ីរ៉ង់ លោកកាស៊ឹម សូលីម៉ានី និងមេដឹកនាំយោធាកំពូលអ៊ីរ៉ាក់ លោកអាប៊ូ ម៉ាឌី អាល់-មូហានឌីស[១០]
  • ៥ មករា
    • សង្គ្រាមផ្ទៃក្នុងលីប៊ីលើកទី២ប្រធានាធិបតីតួកគី លោករ៉េសិប តាយីប អ៊ែរដូហ្កាន បានប្រកាសបញ្ជូនកងទ័ពតួកគីទៅកាន់ប្រទេសលីប៊ី ក្នុងនាមរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ[១១]
    • ការបោះឆ្នោតប្រធានាធិបតីក្រូអាតឆ្នាំ២០១៩–២០៖ ការបោះឆ្នោតជុំទីពីរត្រូវបានធ្វើឡើង ហើយលោកហ្សូរ៉ាន មីឡាណូវិចនៃគណបក្សសង្គមប្រជាធិបតេយ្យក្រូអាត បានផ្តួលប្រធានាធិបតីកាន់អំណាច លោកកូលីនដា ក្រាបា-គីតារ៉ូវិច[១២]
  • ៨ មករា
    • អ៊ីរ៉ង់បាន​បាញ់​មីស៊ីល​បាលីស្ទិក​ទៅកាន់​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​ចំនួន​ពីរ​កន្លែងដែល​មានវត្តមាន​ទាហាន​អាមេរិក​ ដោយបានបង្ករបួសដល់​មនុស្ស​ជាង ​១០០​ នាក់​។[១៣]
    • យន្តហោះអ៊ុយក្រែនអ៊ែរឡាញហ្វ្លាយត៍ ៧៥២ អន្តរជាតិអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ភ្លាមៗ បន្ទាប់ពីធ្វើការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេហេរ៉ង់អ៊ីម៉ាម ខូម៉ីនី ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន ១៧៦ នាក់។[១៤]
  • ៩ មករា – ក្រុមរដ្ឋឥស្លាមនៅតំបន់សាហារ៉ាបានធ្វើការវាយប្រហារលើមូលដ្ឋានយោធានីហ្សេរីយ៉ានៅឈីណាគោត្រា ដោយបានសម្លាប់ទាហាននីហ្សេរីយ៉ាយ៉ាងតិច ៨៩ នាក់។[១៥]
  • ១០ មករា – ហៃថាម ប៊ិន តារីគបានឡើងសោយរាជ្យជាព្រះចៅស៊ុលតង់នៃរដ្ឋអូម៉ង់ ស្នងបន្តពីព្រះចៅកាប៊ូស ប៊ីន សាអ៊ីដ[១៦]
  • ១១ មករា – ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិត្រូវបានធ្វើឡើងនៅប្រទេសតៃវ៉ាន់។ ប្រធានាធិបតីកាន់អំណាចគឺលោកស្រីត្សៃ អ៊ីងវិនបានជាប់ឆ្នោតបន្តមួយអាណត្តិទៀត ខណៈគណបក្សរបស់លោកស្រីគឺគណបក្សប្រជាធិបតេយ្យចម្រើននិយមបានដណ្ដើមអាសនៈចំនួន ៦៧ ក្នុងចំណោមអាសនៈសរុប ១១៣ នៅក្នុងអង្គនីតិប្បញ្ញត្តិយាន[១៧][១៨]
  • ១២ មករា – ភ្នំភ្លើងតាអាល់នៅប្រទេសហ្វីលីពីន បានបំផ្ទុះបែកកម្អែលភ្លើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៧។[១៩]
  • ១៦ មករា – រឿងជំនុំជម្រះដកតំណែងរបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ត្រាំបានចាប់​ផ្តើម​នៅ​ក្នុងស្ថាប័នព្រឹទ្ធសភា​អាមេរិក។ តែលោក​ត្រូវ​បាន​រួចពី​ទោស​ចោទប្រកាន់នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ។[២០]
  • ១៨ មករា – សង្គ្រាមស៊ីវិលយេម៉ែន៖ ទាហានយេម៉ែនចំនួន ១១១ នាក់ និងជនស៊ីវិល ៥ នាក់ទៀតត្រូវបានបាត់បង់ជីវិតបន្ទាប់ពីរងការវាយប្រហារដោយដ្រូនពិឃាដ និងមីស៊ីលនៅក្នុងជំរុំយោធាមួយក្បែរទីក្រុងម៉ារីប[២១]
  • ២០ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ អាជ្ញាធរចិនបានចេញបញ្ជាក់ជាសាធារណៈនូវការចម្លងពីមនុស្សទៅមនុស្សដោយកូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២[២២]
  • ២២ មករា – សភាអេលេនិកបានជ្រើសតាំងលោកស្រីកាតេរីណា សាគែលឡារ៉ូពូលូជាប្រធានាធិបតីនៃប្រទេសក្រិក[២៣]
  • ២៣ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ ទីក្រុងអ៊ូហាននៃប្រទេសចិន ដែលជាចំណុចចាប់ផ្ដើមនៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចិនបិទខ្ទប់ដោយផ្អាករាល់សេវាកម្មដឹកជញ្ជូនសាធារណៈ និងជើងហោះហើរអន្តរក្រុង។[២៤]
  • ២៦ មករា
    • ការបោះឆ្នោតសភាប៉េរូឆ្នាំ២០២០ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ១៣០ រូប។[២៥]
    • កីឡាករបាល់បោះដ៏ល្បីម្នាក់ឈ្មោះ ខូប៊ី ប្រាយអាន បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុងកាឡាបាសាស រដ្ឋកាលីហ្វ័រញ៉ា[២៦]
  • ២៩ មករា – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក–ម៉ិកស៊ិក–កាណាដា ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងថ្មីជំនួសឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។[២៧]
  • ៣០ មករា – ជំងឺរាតត្បាតកូវីដ ១៩អង្គការសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ថាជាស្ថានភាពអាសន្នសុខភាពសាធារណៈដែលត្រូវការយកចិត្តទុកដាក់ជាអន្តរជាតិ។[២៨]
  • ៣១ មករា – ចក្រភពអង់គ្លេស និងជីប្រាល់តាបានប្រកាសដកខ្លួនជាផ្លូវការចេញពីសហភាពអឺរ៉ុប ដោយចាប់ផ្តើមអន្តរកាលរយៈពេល ១១ ខែ។[២៩]

កុម្ភៈ

  • ៦ កុម្ភៈ – រថភ្លើងល្បឿនលឿនដែលធ្វើដំណើរពីទីក្រុងមីឡានទៅក្រុងសាលែរណូ បានផ្ដាច់ចេញពីផ្លូវដែកនៅក្រុងលីវរ៉ាហ្គា តំបន់លុមបាឌី ប្រទេសអ៊ីតាលី និងបណ្ដាលឱ្យមនុស្ស​ចំនួន ២​ នាក់​បានស្លាប់ និង​របួស ៣១ ​នាក់ទៀត​។[៣០]
  • ៨ កុម្ភៈ – ការបោះឆ្នោតសកលអៀរឡង់ឆ្នាំ២០២០ បានធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១៦០ រូបនៃដែល ដែលត្រូវជាសភាជាន់ទាបនៃអ៊ុយរាជឆ្តា[៣១]
  • ១១ កុម្ភៈ – ជំងឺរាតត្បាតកូវីដ ១៩អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះឱ្យជំងឺនេះថា កូវីដ-១៩[៣២]
  • ២៤ កុម្ភៈ – រដ្ឋាភិបាលចម្រុះប៉ាកាតានហារ៉ាប៉ាននៃប្រទេសម៉ាឡេស៊ីដួលរលំ ហើយត្រូវបានជំនួសដោយសម្ព័ន្ធភាពជាតិ។ លោកមូហ៊ីឌីន យ៉ាស្ស៊ីនបានក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទីប្រាំបីនៃប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី ១ ខែ​មីនា។[៣៣]
  • ២៧ កុម្ភៈ – ការជាប់គាំងទីផ្សារភាគហ៊ុនឆ្នាំ២០២០ ដែលបង្កឡើងដោយភាពភ័យខ្លាចពីការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឱ្យសន្ទស្សន៍ Dow Jones Industrial Average (DJIA) ធ្លាក់ចុះដោយ ១,១៩០.៩៥ ពិន្ទុ ឬ ៤.៤% មកនៅត្រឹម ២៥,៧៦៦.៦៤ ដោយនេះត្រូវជាចំណុះចុះដ៏ទាបបំផុតសម្រាប់រយៈពេលមួយថ្ងៃនៅពេលនោះ។ មិនតែប៉ុណ្ណោះ សន្ទស្សន៍មួយនេះបានបន្តធ្លាក់ចុះជាច្រើនថ្ងៃជាបន្តបន្ទាប់ទៀត។[៣៤]
  • ២៨ កុម្ភៈ – សង្គ្រាមស៊ីវិលស៊ីរី៖ អង្គការណាតូបានសម្តែងពីសាមគ្គីភាពជាមួយប្រទេសតួកគី បន្ទាប់ពីទាហានតួកគីចំនួន ៣៤ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសពីកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី។[៣៥]
  • ២៩ កុម្ភៈ – កិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌមួយត្រូវបានចុះរវាងសហរដ្ឋអាមេរិក និងតាលីបង់ ដោយបញ្ជាក់ថាសហរដ្ឋ​អាមេរិក​នឹងចាប់ផ្តើម​ដក​ទ័ព​​ជា​បណ្តើរៗ​ចេញពី​ប្រទេសអាហ្វហ្កានីស្ថាន​ចាប់ពី​ថ្ងៃ​ទី១០ ខែ​មីនា តទៅ។[៣៦]

មីនា

  • ៥ មីនា – តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានអនុញ្ញាតឱ្យបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមអាហ្វហ្កានីស្ថាន ដោយនេះជាលើកដំបូងដែលមានអ្នកជាប់សញ្ជាតិអាមេរិកត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតបែបនេះ។[៣៧]
  • ៩ មីនា
    • ជំងឺរាតត្បាតកូវីដ ១៩អ៊ីតាលីបានក្លាយជាប្រទេសដំបូងគេដែលអនុវត្តយុទ្ធនាការបិទខ្ទប់នៅទូទាំងប្រទេស បន្ទាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស។[៣៨][៣៩]
    • តម្លៃភាគហ៊ុនអន្តរជាតិបានបន្តធ្លាក់ចុះយ៉ាងគំហុកបន្ថែមបន្ទាប់ពីការផ្ទុះឡើងនៃសង្រ្គាមតម្លៃប្រេងកាតរវាងរុស្ស៊ី–អារ៉ាប៊ីសាអ៊ូឌីត និងជំងឺកូវីដ-១៩។ DJIA បានធ្លាក់ចុះច្រើនជាង ២,០០០ ពិន្ទុ ដែលត្រូវជាការធ្លាក់ចុះដ៏ទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រដល់ត្រឹមចំណុចនេះ។[៤០] មួយវិញទៀត តម្លៃប្រេងបានធ្លាក់ចុះដល់ទៅ ៣០% ក្នុងជំនួញដើមឆ្នាំដំបូង ដែលជាការធ្លាក់ចុះដ៏ទាបបំផុតផងដែរចាប់តាំងពីឆ្នាំ១៩៩១។[៤១][៤២]
  • ១១ មីនា – ជំងឺរាតត្បាតកូវីដ ១៩អង្គការសុខភាពពិភពលោកបានប្រកាសជំងឺកូវីដ-១៩ ថាជាជំងឺរាតត្បាតសកល។[៤៣]
  • ១២ មីនា – ទីផ្សារភាគហ៊ុនសកលបានដួលរលំដោយសារជំងឺរាតត្បាតកូវីដ ១៩ និងបម្រាមហាមឃាត់ការធ្វើដំណើរពីសហរដ្ឋអាមេរិកទៅតំបន់ស្សិនគែន។ DJIA បានបន្តដំណើរធ្លាក់ចុះសេរីដល់ប្រមាណជាង -២,៣០០ ពិន្ទុ ដែលជាអសារបង់ដ៏អាក្រក់បំផុតសម្រាប់សន្ទស្សន៍មួយនេះចាប់តាំងពីឆ្នាំ១៩៨៧។[៤៤]
  • ១៣ មីនា – ជំងឺរាតត្បាតកូវីដ ១៩៖ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បានប្រកាសថាបិទភ្នំអេវឺរេសពីភ្ញៀវទេសចរ និងសាធារណជនទាំងអស់ពេញមួយរដូវកាល ដោយសារក្តីបារម្ភពីជំងឺរាតត្បាតកូវីដ-១៩ នៅទ្វីបអាស៊ី[៤៥]
  • ១៦ មីនា – DJIA បានធ្លាក់ពិន្ទុចុះប្រមាណ ២,៩៩៧.១០ ពិន្ទុដែលជាការធ្លាក់ចុះដ៏ទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រ និងការធ្លាក់ចុះជាភាគរយទាបបំផុតទីពីរដែលមិនធ្លាប់មាន (១២.៩៣%) ពោលគឺទាបជាងព្រឹត្តិការណ៍ដួលរលំផ្សារហ៊ុនវ៉លស្ទ្រីតឆ្នាំ១៩២៩ ទៅទៀត។ ហេតុការណ៍ទាំងអស់នេះក៏បណ្ដាលមកពីការប្រកាសកាត់បន្ថយគោលដៅអត្រាការប្រាក់ដោយធនាគារកណ្តាលសហរដ្ឋអាមេរិកមកត្រឹម ០–០.២៥% ដែរ។[៤៦]
  • ១៧ មីនា
    • ជំងឺរាតត្បាតកូវីដ ១៩
      • ព្រំដែនខាងក្រៅ និងតំបន់ស្សិនគែនរបស់សហភាពអឺរ៉ុបត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសម្រាប់រយៈពេល ៣០ ថ្ងៃដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។[៤៧]
      • ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុបឆ្នាំ២០២០ និងកូប៉ាអាមេរិកាឆ្នាំ២០២០ ត្រូវបានពន្យាររហូតដល់រដូវក្តៅនៃឆ្នាំ២០២១ ដោយសហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់នៃទ្វីបទាំងពីរ។[៤៨][៤៩]
  • ១៨ មីនា
    • ជំងឺរាតត្បាតកូវីដ ១៩
      • ការប្រឡងចម្រៀងយូរ៉ូវីស្យិនឆ្នាំ២០២០ ត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុប ដោយនេះជាការលុបចោលកម្មវីធីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ៦៤ ឆ្នាំរបស់វា។[៥០]
      • អង្គការសុខភាពពិភពលោកបានប្រកាសឧបត្ថម្ភទៅពិសោធន៍សូលីដារីធី ដើម្បីស្វែងរកវិធីសាស្ត្រព្យាបាលប្រឆាំងនឹងជំងឺកូវីដ-១៩។[៥១]
  • ២០ មីនា
    • ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកស្លាប់នៅទូទាំងសកលលោកដោយសារជំងឺកូវីដ-១៩ បានកើនលើសពី ១០,០០០ នាក់ ខណៈចំនួនករណីឆ្លងសរុបបានកើនដល់មួយភាគបួននៃខ្ទង់មនុស្សមួយលាននាក់។[៥២]
    • ឧទ្យានសូរិយាបាដឡា ត្រូវបានបើកឱ្យដំណើរការ ហើយក៏ក្លាយជាឧទ្យានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅលើពិភពលោក។ [៥៣]
  • ២៤ មីនា
    • ជំងឺរាតត្បាតកូវីដ ១៩៖
      • ឥណ្ឌា និងសហរាជាណាចក្របានប្រកាសបិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់ការរីករាលដាលនៃ​ជំងឺ​កូវីដ-១៩។ ចំនួនមនុស្សសរុបនៅលើពិភពលោកដែលប្រឈមមុខនឹងការរឹតបន្តឹង ឬបិទខ្ទប់ដោយសារជំងឺនេះបានកើនលើសពី ២.៦ ពាន់លាននាក់ ដែលស្មើនឹងមួយភាគបីនៃចំនួនប្រជាជនពិភពលោក។[៥៤]
      • នាយករដ្ឋមន្ត្រីចិន លោកលី ខឹឈានបានរាយការណ៍ថា ជំងឺរាតត្បាតចម្លងក្នុងស្រុកឥឡូវត្រូវស្ថិតក្រោមការគ្រប់គ្រងហើយ។[៥៥] ពីរ​ថ្ងៃ​ក្រោយ​មក ចិនបានប្រកាស​ផ្អាក​សិទ្ធិ​ចូលក្នុងប្រទេស​ជា​បណ្ដោះ​អាសន្ន​សម្រាប់​ជន​បរទេស​ដែល​មាន​ទិដ្ឋាការ ឬ​លិខិត​អនុញ្ញាត​ស្នាក់​នៅ ដោយចូលជាធរមាននៅ​ពាក់​កណ្តាល​អធ្រាត្រ​ក្នុងថ្ងៃ​ទី​២៨ ខែ​មីនា។[៥៦]
      • គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងប្រទេសជប៉ុនបានពន្យារព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ទៅឆ្នាំ២០២១។ នៅថ្ងៃទី៣០ ខែមីនា កាលបរិច្ឆេទនៃការប្រកួតត្រូវបានបញ្ជាក់ជាថ្មី ពោលគឺចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។[៥៧][៥៨]
  • ២៦ មីនា
    • ជំងឺរាតត្បាតកូវីដ ១៩៖
      • របាយការណ៍បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសកលលោកបានកើនលើស ៥០០,០០០ នាក់ និងករណីស្លាប់បានឈានជិត ២៣,០០០ នាក់។[៥៩] សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន និងអ៊ីតាលី ក្នុងករណីឆ្លងសរុប ដោយមានចំនួនយ៉ាងតិច ៨១,៣២១ ករណី និងមានអ្នកស្លាប់ជាង ១,០០០ នាក់។[៦០]
      • ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសហ្វីលីពីន ស៊ីរី យេម៉ែន និងលីប៊ី បានប្រកាសយល់ស្របចំពោះការអំពាវនាវពីបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីអូ ហ្គូតេរ៉េស ដោយក្រុមខ្លះបានព្រមទទួលយកជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ខ្លួនផ្ទាល់ និងជនស៊ីវិលនៅក្នុងសហគមន៍របស់ពួកគេ។ ប្រទេសកូឡុំប៊ី និងវេណេស៊ុយអេឡាបានរួមគ្នាពិភាក្សាអំពីដំណោះស្រាយចំពោះជំងឺរាតត្បាតសកល ខណៈអេមីរ៉ាតអារ៉ាប់រួមបានទម្លាក់ជំនួយមនុស្សធម៌ទៅប្រទេសអ៊ីរ៉ង់តាមផ្លូវអាកាស។[៦១]
  • ២៧ មីនា – ម៉ាសេដ្វានខាងជើងបានក្លាយជាសមាជិកទី៣០ នៃអង្គការណាតូ[៦២]
  • ២៩ មីនា – សង្រ្គាមតម្លៃប្រេងកាតរវាងរុស្ស៊ី–អារ៉ាប៊ីសាអ៊ូឌីត៖ តម្លៃប្រេងឆៅប្រិនត៍ (Brent) បានធ្លាក់ចុះប្រមាណ ៩% ពោលគឺមកត្រឹម ២៣ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតតម្លៃទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០២ មក។[៦៣]

មេសា

  • ១ មេសា
    • ជំងឺរាតត្បាតកូវីដ ១៩៖
      • ​ចិនបាន​រាយការណ៍​ពី​ករណី​គ្មាន​រោគសញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ចំនួន ១៣០ ករណី ដែល​ជា​ករណី​​គ្មាន​រោគសញ្ញាដំបូងបង្អស់ដែលគេរកឃើញ។[៦៤]
      • រដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនៃប្រទេសយេម៉ែនបានសម្រេចដោះលែងអ្នកទោសខ្លួនជាង ៤៧០ នាក់ ខណៈពេលមានក្ដីបារម្ភអំពីការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងបណ្ដាពន្ធនាគារយេម៉ែនដែលមានអ្នកទោសច្រើនកកកុញ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលយេម៉ែនដោះលែងអ្នកទោសនយោបាយទាំងអស់។[៦៥]
  • ២ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ បានកើនលើស​ពី ១ លាន​នាក់​នៅ​ទូទាំង​ពិភពលោក។[៦៦]
  • ៥ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ករណីឆ្លងជំងឺកូវីដ-១៩ ដំបូងនៅក្នុងសួនសត្វមួយត្រូវបានគេរកឃើញនៅក្នុងសត្វខ្លាម៉ាឡេយ៉ាញីអាយុ ៤ ឆ្នាំមួយក្បាលក្នុងសួនសត្វប៊្រុងស៍ នៃទីក្រុងញូវយ៉ក[៦៧]
  • ៧ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ជប៉ុនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបានលុបចោលកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ១០៨ ពាន់ពាន់លានយ៉េន (៩៩០ ពាន់លានដុល្លារ) ដែលស្មើនឹង ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។[៦៨]
  • ៨ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសបទឈប់បាញ់ជាឯកតោភាគីសម្រាប់ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងហ៊ូទីនៅប្រទេសយេម៉ែន ស្របទៅតាមកិច្ចខិតខំប្រឹងប្រែងដោយអង្គការសហប្រជាជាតិ។[៦៩]
  • ១០ មេសា
    • រោគរាតត្បាតគីវូអ៊ីបូឡាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានរាយការណ៍អំពីករណីដំបូងនៃជំងឺអ៊ីបូឡាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។ បន្ទុះនៃជំងឺនេះបានសម្លាប់មនុស្សសរុបជាង ២,២០០ នាក់ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក។[៧០]
    • យានអង្កេតអវកាសឈ្មោះបេពីកូឡុំបូរបស់ ESA/JAXA បានធ្វើជំនួយទំនាញចុងក្រោយរបស់វាជុំវិញភពផែនដី មុនពេលបន្តដំណើរទៅកាន់ភពសុក្រ ដែលជាភពដែលវានឹងធ្វើចលនាជំនួយទំនាញជាច្រើនជុំទៀត មុននឹងទៅដល់ភពពុធនៅក្នុងឆ្នាំ២០២៥។[៧១]
    • ជំងឺរាតត្បាតកូវីដ ១៩៖
      • ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនលើសពី ១០០,០០០ នាក់នៅទូទាំងពិភពលោក ច្រើនជាងដប់ដងបើប្រៀបកាលពីថ្ងៃទី២០ ខែមីនា។[៧២]
      • ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ថវិកាកម្ចីចំនួន ៥៤០ ពាន់លានអឺរ៉ូ ដើម្បីត្រៀមផ្គត់ផ្គងតំហយសេដ្ឋកិច្ចបង្កឡើងដោយជំងឺរាតត្បាតសកល។[៧៣]
  • ១២ មេសា – អង្គការប្រទេសនាំចេញប្រេងកាត (OPEC) និងសម្ព័ន្ធមិត្តបានសម្រេចកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មប្រេងចំនួន ៩.៧ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាការកាត់បន្ថយដ៏ធំបំផុតក្រោមកិច្ចព្រមព្រៀង ចាប់ផ្ដើមពីថ្ងៃទី១ ខែឧសភាទៅ។[៧៤]
  • ១៤ មេសា
  • ១៥ មេសា
    • ជំងឺរាតត្បាតកូវីដ ១៩៖
      • ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានកើនលើសពី ២ លាននាក់នៅទូទាំងពិភពលោក។[៧៧]
      • ធួរដេហ្វ្រង់ស៍ឆ្នាំ២០២០ ត្រូវបានពន្យាររហូតដល់ខែសីហា ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតសកល។[៧៨]
      • ការបោះឆ្នោតនីតិប្បញ្ញត្តិកូរ៉េខាងត្បូងឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិករដ្ឋសភាទាំង ៣០០ រូប។ គណបក្សវេទិកាដែលជាសម្ព័ន្ធភាពនយោបាយដឹកនាំដោយគណបក្សប្រជាធិបតេយ្យកូរ៉េ បានឈ្នះអាសនៈចំនួន ១៨០ ក្នុងចំណោម ៣០០ អាសនៈសរុប។[៧៩]
  • ១៧ មេសា
    • គណៈកម្មការនិយតកម្មមូលបត្រចិនបានអនុម័តលើប្រតិបត្តិការមួយដែលអនុញ្ញាតឱ្យក្រេឌីតស្វីស (Credit Suisse) កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនមូលបត្រចិនមួយ។ សកម្មភាពនេះបានធ្វើឱ្យក្រេឌីតស្វីសក្លាយជាធនាគារបរទេសដំបូងគេដែលកាន់កាប់ភាគហ៊ុនធំនៃក្រុមហ៊ុនចិនចាប់តាំងពីការបន្ធូរបន្ថយច្បាប់កម្មសិទ្ធិបរទេសនៅក្នុងឆ្នាំ២០១៨ មក។[៨០]
    • ជំងឺរាតត្បាតកូវីដ ១៩
      • ចិនបានធ្វើកំណែប្រែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទីក្រុងអ៊ូហាន ដោយលើកនេះបានរកឃើញថាមានអ្នកស្លាប់បន្ថែមចំនួន ១,២៩០ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ នៅចិនកើនឡើងដល់ ៤,៦៣២ នាក់។[៨១]
      • ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅទ្វីបអឺរ៉ុបបានកើនលើសពី ១០០,០០០ នាក់។[៨២]
  • ១៨ មេសា – បុគ្គលសង្ស័យជាសមាជិក​ចលនាបូកូហារ៉ាំ​ចំនួន ៤៤ នាក់ ត្រូវ​បាន​គេ​ប្រទះឃើញបាត់បង់ជីវិតនៅក្នុងពន្ធនាគារមួយកន្លែងនៅរដ្ឋធានី​អ៊ិនចាមេណានៃប្រទេសឆាដ ដោយករណីពុលស្លាប់។[៨៣]
  • ១៩ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ភាពចលាចលបានផ្ទុះឡើងនៅទីក្រុងប៉ារីស ប៊ែរឡាំង និងវ៉្លាឌីកាហ្វកាស ចំពេលការបិទខ្ទប់ដោយសារកូវីដ-១៩ បានកំពុងរឹតបន្តឹងខ្លាំងជាងមុន។[៨៤]
  • ២០ មេសា – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនយ៉ាមិន នេតាញ៉ាហ៊ូ និងមេដឹកនាំសម្ព័ន្ធខៀវនិងស លោកបេននី ហ្កានស៍ បានយល់ស្របគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ដោយបញ្ចប់វិបត្តិជាប់គាំងនយោបាយរយៈពេលជាងមួយឆ្នាំ។ នៅក្នុងកិច្ចព្រមព្រៀងនេះ លោកនេតាញ៉ាហ៊ូនឹងកាន់តំណែងរយៈពេល ១៨ ខែបន្ថែមទៀត មុនពេលលោកហ្កានស៍ឡើងកាន់បន្ត។[៨៥]
  • ២១ មេសា – នគរបាលនៃប្រទេសម៉ូសំប៊ិកបានថ្លែងថា អ្នកភូមិដែលមានភេទប្រុស ចំនួន ៥២ នាក់ត្រូវបានពួកសកម្មប្រយុទ្ធជ្រុលនិយមឥស្លាមសម្លាប់ចោលកាលពីដើមខែនេះនៅក្នុងស្រុកមុយដុំបេ ខេត្តកាបូឌែលហ្កាដូ បន្ទាប់ពីពួកគេបានបដិសេធមិនចូលក្នុងជួររបស់ក្រុមនោះ។[៨៦]
  • ២២ មេសា – កងឆ្មាំបដិវត្តន៍ឥស្លាមនៃប្រទេសអ៊ីរ៉ង់ បានបាញ់បង្ហោះរ៉ុក្កែតផ្ទុកផ្កាយរណបយោធាដំបូងបង្អស់របស់ប្រទេសទៅក្រៅភពផែនដី។[៨៧]
  • ២៥ មេសា
    • សង្គ្រាមស៊ីវិលយេម៉ែនក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងបានប្រកាសពីការបង្កើតរដ្ឋបាលគ្រប់គ្រងផ្ទាល់ខ្លួននៅភាគខាងត្បូងនៃប្រទេសយេម៉ែន រួចក៏បានដាក់ពង្រាយកងកម្លាំងខ្លួននៅទីក្រុងអាតាក[៨៨] ប៉ុន្តែក្រោយពីរងការរិះគន់ និងប្រឆាំងពីរដ្ឋបាលផ្សេងៗក្នុងតំបន់ ក្រុមប្រឹក្សាមួយនេះក៏យល់ព្រមទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិភាពក្រោមជំនួយពីអារ៉ាប៊ីសាអ៊ូឌីត ហើយបាន​បោះបង់​ចោលនូវបំណងគ្រប់គ្រងផ្ទាល់ខ្លួន។[៨៩]
    • ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីអ្នកស្លាប់នៅទូទាំងពិភពលោកបានកើនលើសពី ២០០,០០០ នាក់[៩០] ខណៈចក្រភព​អង់គ្លេសបាន​ក្លាយជា​ប្រទេស​ទី​ប្រាំដែល​មាន​អ្នកស្លាប់ច្រើនជាង ​២០,០០០ ​នាក់​ដោយសារជំងឺកូវីដ-១៩។[៩១]
  • ២៦ មេសា – ព្រះចៅសាល់ម៉ាននៃអារ៉ាប៊ីសាអ៊ូឌីតបានចេញព្រះរាជក្រឹត្យមួយប្រកាសថា បុគ្គលដែលជាប់ទោសឧក្រិដ្ឋកម្មក្នុងនាមជាអនីតិជននឹងលែងត្រូវយកទៅប្រហារជីវិតទៀតហើយ។[៩២]
  • ២៧ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងបានកើនលើសពី ៣ លាននាក់នៅទូទាំងពិភពលោក ខណៈដែលចំនួនករណីឆ្លងនៅសហរដ្ឋអាមេរិកបានកើនផុតពី ១ លាននាក់។[៩៣][៩៤]
  • ២៨ មេសា – ប្រទេសកូឡុំប៊ីបានចូលជាសមាជិកផ្លូវការទី៣៧ នៃអង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD)។[៩៥]
  • ៣០ មេសា – ណាសាបានជ្រើសរើស SpaceX, Blue Origin និង Dynetics ជាដៃគូផ្លូវការសម្រាប់សាងសង់យានចុះចតលើឋានព្រះច័ន្ទ ត្រៀមបេសកកម្មដឹកអវកាសយានិកអាមេរិកទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ២០២៤[៩៦]

ឧសភា

  • ១ ឧសភា
    • ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុបបានកើនដល់ ១ លាននាក់នៅទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យចនស៍ហប់ឃីនស៍[៩៧]
    • កុប្បកម្មក្នុងពន្ធនាគារក្វាណារ៉េ៖ កុប្បកម្ម និងការប៉ុនប៉ងរត់គេចខ្លួនរបស់ឈ្លើយពន្ធនាគារបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤៧ នាក់ និងរបួស ៧៥ នាក់បន្ថែមនៅក្នុងមជ្ឈមណ្ឌលពន្ធនាគារដេឡូសយ៉ាណូស នៅទីក្រុងក្វាណារ៉េ ប្រទេសវេណេស៊ុយអេឡា[៩៨]
  • ២ ឧសភា – អង្គការសហប្រជាជាតិបានបោះផ្សាយរបាយការណ៍មួយដែលបញ្ជាក់ថា ការទម្លាក់គ្រាប់បែកមិនរើសមុខដោយរុស្ស៊ីទៅលើជនស៊ីវិលនៅក្នុងប្រទេសស៊ីរី គឺជាឧក្រិដ្ឋកម្មសង្គ្រាម។[៩៩][១០០][១០១]
  • ៣–៤ ឧសភា – ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡា និងក្រុមហ៊ុនយោធាឯកជនអាមេរិកខាងជើងមួយ ឈ្មោះ Silvercorp USA បានព្យាយាមលបចូលប្រទេសវេណេស៊ុយអេឡាដើម្បីដកប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូចេញពីតំណែង ប៉ុន្តែត្រូវទទួលបរាជ័យបន្ទាប់ពីអាជ្ញាធរវេណេស៊ុយអេឡារកឃើញ។[១០២]
  • ៤ ឧសភា – ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស និងកេនយ៉ា បានប្រកាសពីការរកឃើញ "មីក្រូស្ពរីឌីយ៉ា អ៊ឹមប៊ី" (Microsporidia MB) ដែលជាអតិសុខុមប្រាណប៉ារ៉ាសិតនៅក្នុងក្រុមផ្សិតមីក្រូស្ពរីឌីយ៉ា ដែលមានសមត្ថភាពរារាំងសត្វមូសពីការចម្លងជំងឺគ្រុនចាញ់ ពោលការរកឃើញនេះអាចត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងជំងឺគ្រុនចាញ់នាពេលអនាគត។[១០៣]
  • ៥ ឧសភា – ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនអ្នកស្លាប់នៅចក្រភពអង់គ្លេសដោយសារកូវីដ-១៩ (៣២,៣១៣) គឺជាអត្រាអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅទ្វីបអឺរ៉ុប ខណៈអត្រាអ្នកស្លាប់នៅអ៊ីតាលីបានចុះមកនៅចំណាត់ថ្នាក់លេខពីរ (២៩,០២៩)។[១០៤]
  • ៦ ឧសភា
    • ក្រុមតារាវិទូមួយបានប្រកាសពីការរកឃើញនូវប្រហោងខ្មៅដំបូងបង្អស់ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយដែលអាចមើលឃើញដោយភ្នែកទទេបាន។[១០៥]
    • ជំងឺរាតត្បាតកូវីដ-១៩៖ ភ័ស្តុតាងថ្មីបានបង្ហាញថា អ្នកនេសាទបារាំងដើមកំណើតអាល់ហ្សេរីម្នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាកើតជំងឺរលាកទងសួតដែលមិនស្គាល់ប្រភពកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានគេកំណត់សារជាថ្មីថាជាជំងឺកូវីដ-១៩ ទៅវិញទោះបីជាបុរសម្នាក់នោះគ្មានប្រវត្តិធ្វើដំណើរទៅប្រទេសចិន ហើយមិនដែលមានទំនាក់ទំនងជាមួយជនជាតិចិនណាមួយនោះក្ដី។[១០៦]
  • ៩ ឧសភា – ទាហាន​ចិន​ និង​ឥណ្ឌា​ជាច្រើន​នាក់​បាន​ទទួលរង​របួសនៅ​ក្នុង​ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​នៅចំណុច​ច្រក​ឆ្លង​​នធុលា។ ទាហានទាំងសងខាងសរុបប្រហែល ១៥០ នាក់បានចូលរួមក្នុងជម្លោះព្រំដែនមួយនេះ ដោយប្រើដៃវាយគ្នា និងការគប់ដុំថ្មទៅវិញទៅមក។[១០៧]
  • ១០ ឧសភា — ជំងឺរាតត្បាតកូវីដ ១៩៖ ទីក្រុងអ៊ូហានបានរាយការណ៍ពីករណីឆ្លងវីរុសដំបូងក្នុងក្រុងបន្ទាប់គ្មានដំណឹងអំពីករណីឆ្លងអស់រយៈពេលជាងមួយខែ។ បុរសអាយុ ៨៩ ឆ្នាំម្នាក់ត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែភរិយារបស់គាត់ និងរួមជាមួយសមាជិកមួយចំនួននៃសហគមន៍ដែលគាត់រស់នៅ ត្រូវបានអាជ្ញាធរសម្គាល់ថាកើតជាករណីគ្មានរោគសញ្ញា។[១០៨]
  • ១១ ឧសភា – វិទ្យាស្ថានម៉ាក្ស ផ្លុងក៍សម្រាប់នរវិទ្យានិវត្តន៍បានចេញផ្សាយលទ្ធផលនៃការវិភាគវិទ្យុកាបូន និងដេអ៊ិនអាលើហ្វូស៊ីលដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំបាឆូគីរ៉ូ នៃប្រទេសប៊ុលហ្ការី។ លទ្ធផលបានបង្ហាញអត្តសញ្ញាណហ្វូស៊ីលនោះថាជាអំបូរអូម៉ូសាព្យាង និងមិនមែនជាពូជនេអង់ឌែតាល់ទេ។ របកគំហើញថ្មីនេះអាចជាភ័ស្តុតាងបញ្ជាក់បានថាមនុស្សសម័យបច្ចុប្បន្នអាចប្រហែលជាបានឆ្លងចូលទ្វីបអឺរ៉ុបតាំងពីរាប់ពាន់ឆ្នាំមុនជាងការគិតទៅទៀត។[១០៩]
  • ១៤ ឧសភា
    • ជំងឺរាតត្បាតកូវីដ ១៩៖
      • ចំនួនអ្នកស្លាប់ពីកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនលើសពី ៣០០,០០០ អ្នក។[១១០]
      • អង្គការសហប្រជាជាតិបានកើនរំលឹកអំពីវិបត្តិសុខភាពផ្លូវចិត្តសកល ដែលបណ្តាលមកពីភាពឯកោ ការភ័យខ្លាច ភាពមិនប្រាកដប្រជា និងវិបត្តិសេដ្ឋកិច្ចពិភពលោក។[១១១]
  • ១៥ ឧសភា – ក្រុមអ្នកស្រាវជ្រាវបានប្រកាសថា ហ្វូស៊ីលម្រើមព្រះប្រវែង ២.៥ សង់ទីម៉ែត្រនៃអំបូរកម្ពេការីស ដែលត្រូវបានរកឃើញនៅលើកោះកេរេរ៉ា នៃប្រទេសស្កុតឡិន គឺត្រូវជាសត្វលើគោកដ៏ចំណាស់បំផុតដែលគេស្គាល់ ដោយវាធ្លាប់មានជីវិតរស់នៅកាលពីប្រមាណ ៤២៥ លានឆ្នាំមុនក្នុងយុគសម័យស៊ីល័រ[១១២]
  • ១៦ ឧសភា – ពាណិជ្ជករសញ្ជាតិរ៉្វាន់ដា លោកហ្វេលីស៊ីអង់ កាប៊ូហ្កា ដែលធ្លាប់ចូលដៃគាំទ្រការប្រល័យពូជសាសន៍រ៉្វាន់ដា ត្រូវបានចាប់ខ្លួននៅអានីអ៊ែរ-ស៊ួស-ស៊ែន ប្រទេសបារាំង បន្ទាប់ពីរត់គេចខ្លួនពីអាជ្ញាធររ៉្វាន់ដាអស់រយៈពេល ២៦ ឆ្នាំ។[១១៣]
  • ១៨ ឧសភា
    • ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានប្រកាសថា មនុស្សជិតមួយលាននាក់ត្រូវបានរងផលប៉ះពាល់ ហើយមនុស្សយ៉ាងតិចចំនួន ២៤ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដែលបានវាយប្រហារទីក្រុងបេលេដ្វេន និងចូហារ ប្រទេសសូម៉ាលី[១១៤]
    • ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ អង្គការសុខភាពពិភពលោកបានរៀបចំសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំរបស់ខ្លួនតាមរយៈវីដេអូអនឡាញជំនួសឱ្យការប្រជុំដោយផ្ទាល់។[១១៥]
  • ១៩ ឧសភា – ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ះមូដ អាបាស់បានប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ រួមទាំងផ្នែកសន្តិសុខជាមួយប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងផែនការរបស់អ៊ីស្រាអែលក្នុងការកាត់បញ្ចូលជ្រលងទន្លេហ្សកដានីជាកម្មសិទ្ធិខ្លួន។[១១៦]
  • ២១ ឧសភា
    • ព្យុះស៊ីក្លូនអាំផានបានវាយបោកបក់តំបន់ភាគខាងកើតប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សជាង ១០០ នាក់ និងបង្ខំមនុស្សជាងបួនលាននាក់ផ្លាស់ប្តូរទីលំនៅ។ ព្យុះនេះបានបង្កឱ្យមានការខូចខាតជាទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យវាក្លាយជាព្យុះស៊ីក្លូនដ៏ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងមហាសមុទ្រឥណ្ឌាខាងជើង ដោយបានបំបែកកំណត់ត្រាព្យុះស៊ីក្លូនណាហ្គីសកាលពីឆ្នាំ២០០៨។[១១៧]
    • សហរដ្ឋអាមេរិកបានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញាបើកមេឃនៅក្នុងរយៈពេលប្រាំមួយខែ ដោយចោទប្រកាន់ពីការបំពានសន្ធិសញ្ញាជាបន្តបន្ទាប់ដោយប្រទេសរុស្ស៊ី។[១១៨]
    • ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងបានកើនឡើងដល់ ៥ លានករណីនៅទូទាំងពិភពលោក ដោយមានករណីថ្មីចំនួន ១០៦,០០០ ករណីបន្ថែមទៀតដែលបានរកឃើញនៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយនាំឱ្យវាក្លាយជាកំណត់ត្រាតួលេខឆ្លងខ្ពស់បំផុតសម្រាប់រយៈពេលមួយថ្ងៃ។[១១៩]
  • ២២ ឧសភា
    • ជើងហោះហើរ PK8303 ដែលជាយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានធ្លាក់ក្នុងតំបន់ប្រជាជនរស់នៅមួយកន្លែងនៅជិតទីក្រុងការ៉ាជីនៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ៩៧ នាក់ក្នុងចំណោមមនុស្សសរុប ៩៩ នាក់នៅលើយន្តហោះ និងបង្ករបួសដល់មនុស្សរាប់សិបនាក់ទៀតនៅក្បែរកន្លែងកើតហេតុ។[១២០]
    • ជំងឺរាតត្បាតកូវីដ ១៩៖ ប្រទេសប្រេស៊ីលបានវ៉ាដាច់រុស្ស៊ី ក្លាយខ្លួនជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេទីពីរ ដោយមានករណីឆ្លងសរុបជាង ៣៣០,០០០ ករណី។ ប្រធានាធិបតីស៊ែរ បុលសូណារ៉ូបានបន្តច្រានចោលនូវហានិភ័យរបស់មេរោគនេះ។[១២១]
  • ២៣ ឧសភា – ជំងឺរាតត្បាតកូវីដ ១៩៖ ប្រទេសចិនបានរាយការណ៍ពីអវត្តមាននៃករណីឆ្លងថ្មីជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាតមួយនេះបានផ្ទុះឡើងមក បើយោងទៅតាមគណៈកម្មការសុខភាពជាតិ[១២២]
  • ២៤ ឧសភា – ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ឌែល ហ្វាតា អែល-ស៊ីស៊ីបានលើកលែងទោសឱ្យអ្នកជាប់ពន្ធនាគារចំនួន ៣,១៥៧ នាក់ដើម្បីប្រារព្ធពិធីបុណ្យអៃឌែលហ្វីតរ៍ ហើយពីរថ្ងៃក្រោយមក ប្រធានាធិបតីប្រទេសហ្សំប៊ី លោកអេដហ្ការ លូងហ្គូក៏បានលើកលែងទោសឱ្យអ្នកជាប់ពន្ធនាគារជិត ៣,០០០ នាក់ដែរ ដើម្បីរំលឹកទិវាសេរីភាពអាហ្វ្រិក[១២៣][១២៤]
  • ២៥ ឧសភា – ការបោះឆ្នោតសកលស៊ូរីណាមឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ៥១ រូបនៃរដ្ឋសភាស៊ូរីណាម[១២៥]
  • ២៦ ឧសភា
    • បាតុកម្មដែលបង្កឡើងដោយឃាតកម្មលើបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះចច ហ្វ្លយ បានផ្ទុះឡើងនៅតាមទីប្រជុំជនជាច្រើននៅសហរដ្ឋអាមេរិក[១២៦] និងព្រមទាំងផ្នែកខ្លះនៃពិភពលោកផងដែរ។[១២៧] ការបាតុកម្មតវ៉ាចំពោះរឿងនេះបានឈានដល់ដំណាក់កាលតានតឹងខ្លាំងបន្ថែមនៅថ្ងៃទី៦ ខែមិថុនា បន្ទាប់ពីមហាជនបានចេញមុខតវ៉ាចំពោះករណីរើសអើងជាតិសាសន៍ និងអំពើឃោរឃៅរបស់កម្លាំងនគរបាលនៅជុំវិញសកលលោក។[១២៨]
    • កូស្តារីកាបានក្លាយជាប្រទេសនៅតំបន់អាមេរិកកណ្តាលដំបូងគេ ដែលអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកភេទដូចគ្នាដោយស្របទៅតាមច្បាប់។[១២៩]
    • ក្រុមហ៊ុនអាកាសចរណ៍ឡាតាំ (LATAM) ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅអាមេរិកឡាទីន បានចុះឯកសារប្រកាសក្ស័យធនក្នុងជំពូក ១១។[១៣០]
  • ២៧ ឧសភា
    • សមាជជាតិប្រជាជនចិនបានបោះឆ្នោតគាំទ្រច្បាប់សន្តិសុខជាតិដែលអនុញ្ញាតឱ្យអាជ្ញាធរចិនដាក់ទោសទណ្ឌ "អបគមន៍" "វិទ្ធង្សនា" "អំពើភេរវកម្ម" និងការជ្រៀតជ្រែកពីបរទេសនៅទីក្រុងហុងកុង[១៣១] ពោលច្បាប់នេះបានផ្តល់អំណាចយ៉ាងទូលំទូលាយដល់រដ្ឋាភិបាលកណ្តាលចិន ដើម្បីគាបសង្កត់ចលនាប្រជាធិបតេយ្យហុងកុងដូចជា ការហាមប្រាមក្រុមសកម្មជននានា និងកាត់បន្ថយសេរីភាពស៊ីវិលជាដើម។[១៣២] រដ្ឋាភិបាល​អាមេរិក​បាន​ឆ្លើយ​តប​ទៅសកម្មភាពរបស់ចិនដោយ​ប្រកាស​ទីក្រុង​ហុងកុង​ថាលែង​មាន​ស្វ័យភាពដូចមុន​ទៀត​ហើយ​នៅក្រោម​ច្បាប់​គោលនយោបាយ​សហរដ្ឋ​អាមេរិក-ហុងកុង[១៣៣]
    • ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនលើសពី ១០០,០០០ នាក់ ដោយត្រូវជាចំនួនច្រើនលើសលប់ជាងចំនួននៃទាហានអាមេរិកដែលបានស្លាប់នៅក្នុងសង្គ្រាមវៀតណាម និងសង្គ្រាមកូរ៉េបូកបញ្ចូលគ្នាទៅទៀត ហើយស្ទើរស្មើនឹងចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតកាលពីសង្រ្គាមលោកលើកទី១ (១១៦,០០០ នាក់) ទៅហើយ។[១៣៤] ចំនួនករណីឆ្លងសរុបនៅអាមេរិកនៅតែបន្តកើនឡើង ប៉ុន្តែសន្ទុះនៃកំណើនឆ្លងបានរាថយច្រើនបើប្រៀងធៀបទៅនឹងប៉ុន្មានខែមុន។[១៣៥]

មិថុនា

  • ១ មិថុនា — រោគរាតត្បាតគីវូអ៊ីបូឡា៖ អង្គការសុខភាពពិភពលោកបានរាយការណ៍ះអំពីករណីថ្មីចំនួនប្រាំមួយនៃអ្នកឆ្លងជំងឺអ៊ីបូឡា ខណៈអង្គការយូនីសេហ្វបានរាយការណ៍ពីករណីអ្នកស្លាប់ចំនួន ៥ នាក់បន្ថែមទៀតនៅក្រុងអ៊ឹមបង់ដាកា ខេត្តអេក្វាទ័រ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ[១៣៦]
  • ៣ មិថុនា
    • នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោកបូរីស ចនសុន បាននិយាយថាប្រទេសលោកនឹងកែប្រែច្បាប់អន្តោប្រវេសន៍ដើម្បីជាមធ្យោបាយផ្តល់សញ្ជាតិអង់គ្លេសដល់ប្រជាជនហុងកុងទាំងឡាយដែលមានសិទ្ធិទទួលបានសញ្ជាតិអង់គ្លេសក្រៅស្រុក ប្រសិនបើរដ្ឋាភិបាលចិនដាក់អនុវត្តច្បាប់សន្តិសុខថ្មីនៅទីក្រុងហុងកុង។[១៣៧]
    • SpaceX បានបាញ់បង្ហោះ និងពង្រាយផ្កាយរណប ស្តារលីង (Starlink) ចំនួន ៦០ គ្រឿងទៅក្នុងគន្លងផែនដីកម្រិតទាបបានដោយជោគជ័យ ដោយនាំឱ្យចំនួនផ្កាយរណបស្តារលីងសរុបនៅក្នុងគន្លងកើនឡើងដល់ចំនួន ៤៨២ គ្រឿង។[១៣៨]
    • ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីប្រេងកាតប្រមាណ ២០,០០០ តោនបានលេចធ្លាយចូលទៅក្នុងទន្លេអាំបាណាយ៉ា នៅក្បែរទីក្រុងណូរីលស្ក៍ នៃតំបន់ស៊ីបេរីកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។[១៣៩]
  • ៤ មិថុនា – រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិនៅប្រទេសលីប៊ីបានថ្លែងថា ពួកគេកំពុងកាន់កាប់រដ្ឋធានីទ្រីប៉ូលីទាំងស្រុង បន្ទាប់ពីបានវាយបណ្ដេញកងកម្លាំងនៃកងទ័ពជាតិលីប៊ីចេញពីទីក្រុង។[១៤០]
  • ៥ មិថុនា – ការបោះឆ្នោតសកលសាំងគីត និងណឺវីសឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១៥ រូបនៃរដ្ឋសភាប្រទេសសាំងគីត និងណឺវីស[១៤១]
  • ៧ មិថុនា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកស្លាប់ទូទាំងសកលលោកដោយសារជំងឺកូវីដ-១៩ បានកើនលើសពី ៤០០,០០០ នាក់។[១៤២]
  • ៨ មិថុនា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានឈានដល់ ៧ លានករណីនៅជុំវិញពិភពលោក។[១៤៣]
  • ៩ មិថុនា – ជំងឺរាតត្បាតកូវីដ ១៩៖ ការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យហា​វើដបានឱ្យដឹងថា ជំងឺកូវីដ-១៩ អាចទំនងជាចាប់ផ្តើមរាលដាលដំបូងនៅក្នុងប្រទេសចិនតាំងពីដើមខែសីហា ឆ្នាំ២០១៩ មកម៉្លេះ នេះបើផ្អែកតាមការសង្កេតឃើញពីបម្រើបម្រាស់ចំណតរថយន្តតាមមន្ទីរពេទ្យ និងលទ្ធផលរាវរកព័ត៌មានតាមបណ្ដាញអ៊ីនធឺណិតរបស់ប្រជាជនចិន។[១៤៤]
  • ១៥ មិថុនា
    • ទាហានឥណ្ឌាប្រមាណ ២០ នាក់ និងកងកម្លាំងចិនជាង ៤០ នាក់ត្រូវបាត់បង់ជីវិត ឬទទួលរងរបួសនៅអំឡុងការប៉ះទង្គិចប្រដាប់អាវុធនៅឯជ្រលងភ្នំកាល់វ៉ាន។ ការប៉ះទង្គិចគ្នានេះត្រូវបានគេចាត់ទុកថាជាឧប្បត្តិហេតុជម្លោះដ៏ធំបំផុតដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនចិន-ឥណ្ឌាក្នុងរយៈពេលប្រាំទសវត្សរ៍ចុងក្រោយ។[១៤៥]
    • កងកម្លាំងតួកគី និងអ៊ីរ៉ង់បានចាប់ដៃគ្នាវាយប្រហារតាមរយៈផ្លូវអាកាស និងដោយការប្រើប្រាស់កាំភ្លើងធំប្រឆាំងនឹងកងកម្លាំងនៃគណបក្សពលករឃឺដនៅក្នុងតំបន់ឃឺឌីស្ថាននៃប្រទេសអ៊ីរ៉ាក់។ ប្រទេសតួកគីចាប់ផ្តើមចេញប្រតិបត្តិការដីគោកនៅក្នុងតំបន់នោះនៅថ្ងៃទី១៧ ខែមិថុនា។[១៤៦]
  • ១៦ មិថុនា
    • ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនឡើងដល់ ៨ លានករណីនៅទូទាំងពិភពលោក។[១៤៧]
    • កូរ៉េ​ខាង​ជើង​បានបំផ្ទុះ​កម្ទេចចោលនូវ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​នៅក្នុងក្រុងគែសង់។ អគារដែលបានកម្ទេចចោលនោះត្រូវបានសាងសង់ឡើង និងបើកសម្ពោធនៅក្នុង​ឆ្នាំ២០១៨ ដើម្បី​ពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។[១៤៨]
  • ២១ មិថុនា
    • សូរ្យគ្រាសចិញ្ចៀនភ្លើងបានកើតឡើង។[១៤៩]
    • ការបោះឆ្នោតសភាស៊ែប៊ីឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិករដ្ឋសភាប្រទេសស៊ែប៊ីទាំង ២៥០ រូប។ បក្សកាន់អំណាចគឺសម្ព័ន្ធភាពដើម្បីកូនៗរបស់យើងបានដណ្ដើមឈ្នះអាសនៈចំនួន ១៨៨ ក្នុងចំណោមអសនៈសរុប ២៥០។[១៥០]
  • ២២ មិថុនា
    • ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានហក់ឡើងដល់ ៩ លានករណីនៅទូទាំងពិភពលោក។[១៥១]
    • ការបោះឆ្នោតប្រធានាធិបតីគីរីបាទីឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ ប្រធានាធិបតីកាន់អំណាច លោកតាណេទី ម៉ាអាម៉ាវ បានជាប់ឆ្នោតបន្តជាប្រធានាធិបតីមួយអាណត្តិទៀត។[១៥២]
    • ការបោះឆ្នោតប្រធានាធិបតីម៉ាឡាវីឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ លោកឡាហ្សារូស ឆាឃ្វេរ៉ានៃគណបក្សសមាជម៉ាឡាវី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មី[១៥៣]
  • ២៤ មិថុនា – ការបោះឆ្នោតនីតិបញ្ញត្តិម៉ុងហ្គោលីឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកនៃមហាសភារដ្ឋ។ បក្សកាន់អំណាចគឺគណបក្សប្រជាជនម៉ុងហ្គោលីបានឈ្នះអាសនៈចំនួន ៦២ ក្នុងចំណោមអសនៈសរុបទាំងអស់ ៧៦។[១៥៤]
  • ២៧ មិថុនា
    • លោកមីឈីអាល់ ម៉ាទីនបានឡើងស្នងតំណែងបន្តពីលោកលីអូ វ៉ារ៉ាដការជាតាវអ៊ីស៊ីជនៃប្រទេសអៀរឡង់ ខណៈលោកវ៉ារ៉ាដការវិញបានក្លាយជាតានីយស្ត៍ក្នុងរដ្ឋាភិបាលចម្រុះបីបក្សសម្ព័ន្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។[១៥៥]
    • ការបោះឆ្នោតប្រធានាធិបតីអ៊ីស្លង់ឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ ប្រធានាធិបតីកាន់អំណាច លោកហ្គូដនី ថូរឡាស៊ូស ចូអានេសុន បានជាប់ឆ្នោតបន្តជាប្រធានាធិបតីមួយអាណត្តិទៀត។[១៥៦]
  • ២៨ មិថុនា
    • ជំងឺរាតត្បាតកូវីដ ១៩៖
      • ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនលើសពី ១០ លានករណីនៅទូទាំងពិភពលោក។[១៥៧] សហរដ្ឋអាមេរិក​បាន​បន្តក្លាយជាប្រទេសដែលមាន​ចំនួនករណីឆ្លង​ច្រើន​បំផុត​​ជាង​ប្រទេស​ដទៃៗ ដោយមានករណីឆ្លងសរុប​ ២.៥ លាន​ករណីដែលត្រូវជា​មួយ​ភាគ​បួន​នៃ​ករណី​សរុបទាំងអស់នៅ​ទូទាំង​ពិភពលោក។[១៥៨]
      • ចំនួនករណីស្លាប់ពីជំងឺកូវីដ-១៩ នៅលើសកលលោកបានកើនលើសពី ៥០០,០០០ ករណី។[១៥៩]
  • ៣០ មិថុនា – ចិន​បានអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ ដែល​អនុញ្ញាត​ឱ្យចិន​អាចបង្ក្រាប​រាល់សកម្មភាពប្រឆាំង​ទាំងឡាយលើរដ្ឋធានី​ប៉េកាំង​ទាំងក្នុង និង​ក្រៅប្រទេស។[១៦០]

កក្កដា

  • ១ កក្កដា – ប្រជាជនរុស្ស៊ីបានសម្ដែងការគាំទ្រចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីដែលអនុញ្ញាតឱ្យលោកវ៉្លាឌីមៀរ ពូទីនបន្តកាន់អំណាចរយៈពេលពីរអាណត្តិបន្ថែម ពោលលោកអាចកាន់អំណាចរហូតដល់ឆ្នាំ២០៣៦។[១៦១]
  • ៥ កក្កដា
    • ការបោះឆ្នោតសភាក្រូអាតឆ្នាំ២០២០ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ១៥១ រូប។[១៦២]
    • ការបោះឆ្នោតសកលនៃសាធារណរដ្ឋដូមីនិកឆ្នាំ២០២០៖ បេក្ខភាពនៃគណបក្សបដិវត្តន៍សម័យ លោកល្វី អាប៊ីណាដឺរបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋដូមីនិក[១៦៣]
  • ៧ កក្កដា
    • បាតុកម្មប្រឆាំងរដ្ឋាភិបាលបានផ្ទុះឡើងនៅក្នុងប្រទេសប៊ុលហ្ការី ទាមទារឱ្យគណៈរដ្ឋមន្ត្រីបូរីសូហ្វ និងប្រធានរដ្ឋអាជ្ញាលោកអ៊ីវ៉ាន ជេស៊ែហ្វចុះចេញពីតំណែង។[១៦៤]
    • ជំងឺរាតត្បាតកូវីដ ១៩៖ មនុស្សរាប់ពាន់នាក់បានចេញតវ៉ាប្រឆាំងនៅមុខអគាររដ្ឋសភាក្នុងទីក្រុងបែលក្រាដនៃប្រទេសស៊ែប៊ី ទាក់ទិននឹងវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីលោកអាឡិចសាន់ដឺ វូសីជ ក្រោយពីករណីឆ្លងបានផ្ទុះឡើងនៅក្នុងរដ្ឋធានី។[១៦៥]
  • ៨ កក្កដា – សាកសពប្រមាណ ១៨០ ត្រូវបានគេរកឃើញនៅក្នុងមហាសុសានមួយកន្លែងនៅក្រុងជីប៊ូ ប្រទេសបួគីណាហ្វាសូ ដែលធ្លាប់ត្រូវជាទីសមរភូមិប្រយុទ្ធប្រឆាំងនឹងចលនាជីហាដ។ គេ​បានកើតការសង្ស័យ​ពីករណីប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​តុលាការដោយកម្លាំងរដ្ឋាភិបាល។[១៦៦]
  • ១០ កក្កដា
    • ធនាគារកណ្ដាលអឺរ៉ុបបានទទួលស្គាល់ប្រទេសប៊ុលហ្ការី និងក្រូអាតចូលក្នុងយន្តការអត្រាប្តូរប្រាក់អឺរ៉ុប (ERM II) ដែលជាដំណាក់កាលចាំបាច់សម្រាប់ប្រទេសដែលមានបំណងចង់ប្រើប្រាស់លុយអឺរ៉ូ[១៦៧]
    • ការបោះឆ្នោតសកលសិង្ហបុរីឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ៩៣ រូប។ គណបក្សសកម្មភាពប្រជាជន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលី ស៊ានឡុងបានដណ្ដើមអាសនៈចំនួន ៨៣ ក្នុងចំណោមអាសនៈសរុប ៩៣ នៅក្នុងសភា[១៦៨]
  • ១២ កក្កដា – ជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីប៉ូឡូញឆ្នាំ២០២០ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ ប្រធានាធិបតីកំពុងកាន់អំណាចលោក​អង់ដ្រេជ៍​ ឌូដាបានជាប់ឆ្នោតបន្តមួយអាណត្តិទៀត។[១៦៩]
  • ១៩ កក្កដា​ – គ្រោះទឹកជំនន់នៅតាមបណ្តោយទន្លេព្រហ្មបុត្របានសម្លាប់មនុស្សអស់ចំនួន ១៨៩ នាក់​ និងនាំឱ្យប្រជាជនប្រមាណ ៤ លាននាក់បាត់បង់ផ្ទះសម្បែងរស់នៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់។[១៧០]
  • ២១ កក្កដា – ជំងឺរាតត្បាតកូវីដ ១៩៖ ថ្នាក់ដឹកនាំអឺរ៉ុបបានយល់ព្រមបង្កើតមូលនិធិសង្គ្រោះចំនួន ៧៥០​ ពាន់លានអឺរ៉ូ​​ (៥៨៨ ពាន់លានដុល្លារ) ដើម្បីកសាងសេដ្ឋកិច្ចនៃសហភាពអឺរ៉ុបចំពេលកំពុងរងវិបត្តិជំងឺកូវីដ-១៩។[១៧១]
  • ​​ ២២ កក្កដា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩​ បានកើនដល់ ១៥​ លានករណីនៅជុំវិញសកលលោក។[១៧២]
  • ២៥ កក្កដា – ជំងឺរាតត្បាតកូវីដ ១៩៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានកោះប្រជុំបន្ទាន់ជាមួយរដ្ឋាភិបាលរបស់លោក​ រួចក៏ប្រកាសជាអាសន្ន​ និងបានបញ្ជាឱ្យបិទខ្ទប់ទីក្រុងគែសង់ បន្ទាប់ពីមានករណីសង្ស័យធ្វើដំណើរត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងវិញ។ បើជាករណីឆ្លងពិតមែននោះ វានឹងក្លាយជាករណីកូវីដ-១៩ ដំបូងបង្អស់ដែលបានទទួលស្គាល់ជាផ្លូវការដោយប្រទេសកូរ៉េខាងជើង។.[១៧៣]
  • ៣០ កក្កដា – អង្គការណាសាបានបាញ់បង្ហោះបេសកកម្មយានអវកាសទៅភពអង្គារ ម៉ារស៍​ ២០២០ (Mars 2020) របស់ខ្លួនបានដោយជោគជ័យ​ ក្នុងគោលបំណងស្វែងរកសញ្ញានៃជីវិតបុរាណនៅលើភពអង្គារ និងប្រមូលសំណាកត្រឡប់មកផែនដីវិញ។ បេសកកម្មនេះផងដែរបានបង្ហាញពីបច្ចេកវិទ្យាថ្មីត្រៀមសម្រាប់នាំមនុស្សទៅភពអង្គារនាថ្ងៃអនាគត។[១៧៤]

សីហា

  • ១ សីហា – រោងចក្រថាមពលនុយក្លេអ៊ែរបារ៉ាកានៅអេមីរ៉ាតអារ៉ាប់រួមបានបើកដំណើរការបន្ទាប់ពីត្រូវពន្យារប្រតិបត្តិការចាប់តាំងពីឆ្នាំ២០១៧ មក។ វាត្រូវជាស្ថានីយ៍ថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មដំបូងគេបង្អស់ប្រចាំពិភពអារ៉ាប់[១៧៥]
  • ៤ សីហា – ការរក្សាទុកសារធាតុអាម៉ូញ៉ូមនីត្រាតមិនបានល្អបាននាំឱ្យកើតមានហេតុការណ៍ផ្ទុះ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅកំពង់ផែនៃទីក្រុងបៃរូត ប្រទេសលីបង់ និងនាំឱ្យស្លាប់មនុស្សយ៉ាងតិចចំនួន ២១៨ នាក់ និងរងរបួសប្រមាណរាប់ពាន់នាក់ទៀត។ ថ្លៃនៃការខូចខាតទាំងឡាយត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនពី ១០ ទៅ ១៥ ពាន់លានដុល្លារអាមេរិក ហើយមនុស្សប្រមាណ ៣០០,០០០ នាក់ត្រូវបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ នៅថ្ងៃបន្ទាប់ រដ្ឋាភិបាលលីបង់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលពីរសប្តាហ៍។[១៧៦][១៧៧]
  • ៥ សីហា – រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សនៃសហរដ្ឋអាមេរិក លោកអាឡិច អាហ្សារ បានធ្វើដំណើរទៅកាន់តៃវ៉ាន់ ដែលជាដំណើរទស្សនកិច្ចផ្លូវការខ្ពស់បំផុតរបស់មន្ត្រីអាមេរិកមកកាន់ប្រទេសនេះក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ ជាលទ្ធផល ចិនបានចេញថ្កោលទោសដំណើរទស្សនកិច្ចនេះ។[១៧៨]
  • ៩ សីហា – ប្រធានាធិបតីកាន់អំណាច លោកអាឡិចសានដឺ លូកាឆេនកូបានជាប់ឆ្នោតបន្តជាប្រធានាធិបតីបេឡារុសប្រាំមួយអាណត្តិជាប់ៗគ្នា ដែលបង្កឱ្យមានបាតុកម្មតវ៉ាផ្ទុះឡើងនៅទូទាំងប្រទេស ខណៈបេក្ខភាពប្រឆាំងចម្បងគឺលោកស្រីស៊្វែតឡាណា ធិកាណូហ្វស្កាយ៉ាបានច្រានចោលលទ្ធផលបោះឆ្នោតនេះ។ ប្រាំពីរថ្ងៃក្រោយមក ដំណើរហែក្បួននយោបាយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសបេឡារុសបានលេចឡើង ដោយមានមនុស្សចូលរួមប្រមាណ ៣០០,០០០ នាក់នៅរដ្ឋធានីមីនស្កឹ និងចំនួន ២០០,០០០ ទៀតនាក់នៅតាមទីក្រុង និងទីប្រជុំជនដទៃ។[១៧៩]
  • ១០ សីហា
    • ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនករណីឆ្លងបានកើនលើសពី ២០ លាននាក់នៅទូទាំងសកលលោក។[១៨០]
    • ការបោះឆ្នោតសកលទ្រីនីតេ និងតូបាគោឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាតំណាងរាស្រ្ត ទាំង ៤១ រូប។ គណបក្សចលនាជាតិប្រជាជន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឃីថ រោលី បានឈ្នះអាសនៈចំនួន ២២ ក្នុងចំណោមអាសនៈសរុប ៤១។[១៨១]
  • ១១ សីហា – ជំងឺរាតត្បាតកូវីដ-១៩៖ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានប្រកាសថា រុស្ស៊ីបានទទួលស្គាល់វ៉ាក់សាំងកូវីដ-១៩ ដំបូងគេបង្អស់។[១៨២]
  • ១៣ សីហា – អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួមបានព្រមព្រៀងធ្វើនិយតកម្មទំនាក់ទំនងទ្វេភាគី ដែលនាំឱ្យកើតជាកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-អារ៉ាប់ទីបី[១៨៣]
  • ១៥ សីហា – នាវាដឹកទំនិញជប៉ុនឈ្មោះ វ៉ាកាស៊ីអុ ដែលបានជាប់គាំងនៅលើថ្មប៉ប្រះទឹកក្នុងប្រទេសម៉ូរីសកាលពីមួយខែមុននេះ បានបាក់ដាច់ចេញជាពីរផ្នែក។ ជាលទ្ធផល ប្រេងប្រហែល ១,០០០ តោនត្រូវកំពប់ចូលទៅក្នុងទឹកសមុទ្រ ដោយបង្កជាគ្រោះមហន្តរាយបរិស្ថានដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសម៉ូរីស។[១៨៤]
  • ១៨ សីហា – សង្កុបកម្មនៅ​ក្នុង​មូលដ្ឋាន​យោធា​ដោយពល​ទាហាន​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ម៉ាលីបាន​វិវត្ត​ក្លាយទៅ​ជា​រដ្ឋប្រហារទម្លាក់រដ្ឋាភិបាល។ លោកប្រធានាធិបតីអ៊ីប្រាហ៊ីម ប៊ូបាកា គីយតា និងនាយករដ្ឋមន្ត្រីប៊ូប៊ូ ស៊ីសេ រួមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងយោធាផ្សេងៗទៀតត្រូវបានចាប់ខ្លួន។ នៅថ្ងៃបន្ទាប់ លោកគីយតាបានប្រកាសលាលែងពីតំណែងតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ។[១៨៥][១៨៦]
  • ១៩ សីហា – តុលាការពិសេសសម្រាប់លីបង់បានកាត់ទោសសមាជិកជាន់ខ្ពស់នៃក្រុមហេសបុលឡាម្នាក់ឈ្មោះសាលីម អៃយ៉ាសដោយអវត្តមាន ពីបទធ្វើឃាតកម្មអតីតនាយករដ្ឋមន្ត្រីលីបង់លោករ៉ាហ្វិក ហារីរីកាលពីឆ្នាំ២០០៥។[១៨៧]
  • ២២ សីហា – ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនអ្នកស្លាប់ទូទាំងសកលលោកដោយសារជំងឺកូវីដ-១៩ បានកើនឡើងលើសពី ៨០០,០០០ នាក់។[១៨៨]
  • ២៥ សីហា – ទ្វីបអាហ្រ្វិកត្រូវបានប្រកាសថាលែងមានជំងឺគ្រុនស្វិតដៃជើងធម្មជាតិទៀតហើយ ដោយវាត្រូវជាវីរុសទីពីរប៉ុណ្ណោះដែលត្រូវបានកម្ចាត់ចោលចេញពីទ្វីបនេះចាប់តាំងពីជំងឺអុតស្វាយកាលពី ៤០ ឆ្នាំមុន។[១៨៩][១៩០]
  • ២៨ សីហា – នាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុនគឺលោកស៊ីនហ្សូ អាបេ បានប្រកាសលាលែងពីតំណែង ដោយលើកឡើងពីបញ្ហាសុខភាព។[១៩១]
  • ៣០ សីហា – ជំងឺរាតត្បាតកូវីដ-១៩៖ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ បានកើនលើសពី ២៥ លាននាក់នៅទូទាំងពិភពលោក ខណៈប្រទេសឥណ្ឌាបានបន្តកត់ត្រាកំណើនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។[១៩២]

កញ្ញា

  • ៣ កញ្ញា – នាយករដ្ឋមន្ត្រីស៊ូដង់ លោកអាប់ដាល់ឡា ហាំដុក និងមេដឹកនាំនៃចលនារំដោះប្រជាជនស៊ូដង់-ជើង លោកអាប់ដេឡាស៊ីស អាល់-ហ៊ីលូ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្លាស់ប្តូរប្រទេសទៅជាអសាសនរដ្ឋ។ កិច្ចព្រមព្រៀងនេះបានកើតឡើងរយៈពេលបីថ្ងៃក្រោយការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលអន្តរកាលស៊ូដង់ និងរណសិរ្សបដិវត្តន៍ស៊ូដង់ ដែលចលនារបស់លោកហ៊ីលូមិនព្រមចូលរួម។ ប៉ុន្មានសប្តាហ៍ក្រោយមក គឺនៅថ្ងៃទី៣ ខែតុលា រដ្ឋាភិបាលអន្តរកាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមសំខាន់ៗ រួមទាំងចលនារំដោះប្រជាជនស៊ូដង់ផងដែរ បន្ទាប់ពីក្រុមនេះបានបដិសេ ធមិនចូលរួមក្នុងកិច្ចចរចាមុនៗ។[១៩៣][១៩៤]
  • ៤ កញ្ញា
    • សម្ដេចប៉ាបព្រះបេណេឌីកទី១៦ បានក្លាយជាសម្តេចប៉ាបដែលមានព្រះជន្មាយុវែងបំផុតដោយព្រះអង្គមានអាយុ ៩៣ ឆ្នាំ ៤ ខែ និង ១៦ ថ្ងៃ។[១៩៥]
    • ប្រទេសកូសូវ៉ូ និងស៊ែប៊ីបានប្រកាសពីការធ្វើនិយតកម្មទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា។ ប្រទេសទាំងពីរបានប្ដូរទីតាំងស្ថានទូតអ៊ីស្រាអែលរៀងៗខ្លួនទៅកាន់ទីក្រុងយេរូសាឡឹម​ ដោយក្លាយខ្លួនជាប្រទេសទីបី​​ និងទីបួនប៉ុណ្ណោះដែលទទួលស្គាល់យេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។[១៩៦][១៩៧]
    • ប្រទេសបារ៉ែន និងអ៊ីស្រាអែលបានព្រមព្រៀងធ្វើនិយតកម្មទំនាក់ទំនងទ្វេភាគី ដែលនាំឱ្យកើតជាកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-អារ៉ាប់ទីបួន[១៩៨]
  • ៦ កញ្ញា – ព្យុះទីហ្វុងហៃសិនបានបោកគួចចូលទឹកដីប្រទេសជប៉ុន និងកូរ៉េខាងត្បូង មុនពេលបន្តចូលទៅក្នុងប្រទេសកូរ៉េខាងជើង​ បង្កជាគ្រោះទឹកលិចជាច្រើនកន្លែង។[១៩៩]
  • ១៤ កញ្ញា
    • ឈ្មោះអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប ​រ៉ាហ្សាក់ត្រូវបានចុះបញ្ជីនៅក្នុងប្រព័ន្ធទិន្នន័យរបស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី អំពីជនល្មើសអំពើពុករលួយដែលត្រូវបានកាត់ទោសនៅក្នុងស្រុក។[២០០]
    • សមាគមន៍ភូមិន្ទតារាសាស្ត្របានប្រកាសអំពីការរកឃើញនៃសារធាតុផូស្វីននៅក្នុងបរិយាកាសភពសុក្រ ដោយនេះត្រូវជាសារធាតុបញ្ជាក់ពីវត្តមានរបស់អតិសុខុមជីវិត។[២០១]
  • ​ ១៦ កញ្ញា
    • បេសកកម្មស្វែងរកការពិតរបស់​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចោទប្រកាន់រដ្ឋាភិបាលវេណេស៊ុយអេឡា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងករណីសម្លាប់ ការធ្វើទារុណកម្ម អំពើហិង្សាចំពោះក្រុមបក្សប្រឆាំងនយោបាយ និងការបាត់ខ្លួនឥស្សរជនមួយចំនួនចាប់តាំងពីឆ្នាំ២០១៤។ លោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ និងរួមទាំងមន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡាផ្សេងទៀតគឺស្ថិតនៅក្នុងចំណោមអ្នកដែលជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់នេះ។[២០២]
    • លោកយ៉ូស៊ីហ៊ីដិ ស៊ូហ្កាបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន​​ ដោយឡើងកាន់តំណែងបន្តពីលោកស៊ីនហ្សូ អាបេ[២០៣]
    • ព្យុះវេរម្ភវាតសាល់លីបានបោកបក់សម្រុកចូលតំបន់ឆ្នេរនៃរដ្ឋអាឡាបាម៉ា ដោយបានបង្កឱ្យមានការខូចខាតជាទឹកប្រាក់សរុបជាង ៨ ពាន់លានដុល្លារអាមេរិក និងបានសម្លាប់មនុស្សចំនួន ៨ នាក់។
  • ១៧ កញ្ញា – ជំងឺរាតត្បាតកូវីដ-១៩​៖ ចំនួនករណីឆ្លងសរុបនៃជំងឺកូវីដ-១៩​ នៅទូទាំងសកលលោកបានកើនលើសពី ៣០ លានករណី។[២០៤]
  • ២០ កញ្ញា – សារព័ត៌មាន Buzzfeed ​និងសម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (ICIJ)​ បានចេញផ្សាយឯកសារហ៊្វីនសិន​ (FinCEN) ដែលជាបណ្ដុំឯកសារចំនួន ២,៦៥៧ ពណ៌នាអំពីប្រតិបត្តិការមន្ទិលជាង ២០០,០០០ ករណីដែលបានកើតឡើងនៅរវាងឆ្នាំ១៩៩៩ និងឆ្នាំ២០១៧ នៅតាមស្ថាប័នហិរញ្ញវត្ថុសកលជាច្រើន​ ដោយបណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលមានតម្លៃសរុបជាង ២ ពាន់ពាន់លានដុល្លារអាមេរិក។[២០៥]
  • ២១ កញ្ញា – ក្រុមហ៊ិនមីក្រូសូបបានព្រមព្រៀងទិញក្រុមហ៊ុនគ្រប់គ្រងហ្គេមវីដេអូ ZeniMax Media រួមទាំង Bethesda Softworks និងព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងតម្លៃ ៧.៥ ពាន់លានដុល្លារអាមេរិក ដោយវាបានក្លាយជាការទិញកាន់កាប់ដ៏ធំបំផុត និងថ្លៃបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្មហ្គេមវីដេអូ។[២០៦]
  • ២៧ កញ្ញា –​ សង្គ្រាមណាហ្គ័រណូ-ការ៉ាបាក់លើកទី២ បានផ្ទុះឡើងរវាងប្រទេសអាមេនី និងអាស៊ែបៃសង់។​​​​ ប្រទេសទាំងពីរ​ និងរួមទាំងសាធារណរដ្ឋអាតសាក់បានប្រកាសអនុវត្តច្បាប់អាជ្ញាសឹកនៅក្នុងទឹកដីរៀងៗខ្លួន​ និងថែមទាំងចាប់ផ្ដើមកេណ្ឌពលកម្លាំងត្រៀមប្រយុទ្ធ។[២០៧]
  • ២៩ កញ្ញា
    • ជំងឺរាតត្បាតកូវីដ-១៩៖​ ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងលើសពី ១ លានករណី។[២០៨]
    • ព្រះអេមារនៃរដ្ឋគុយវ៉ែត ព្រះចៅសាបា អាល់-សាបាបានចូលព្រះទិវង្គតក្នុងព្រះជន្មាយុ ៩១ ព្រះវស្សា។​​ ព្រះរជ្ជទាយាទ​ ព្រះអង្គណាវ៉ាហ្វ អាល់-អាមាដ អាល់-ចាបែរ អាល់-សាបាបានឡើងសោយរាជ្យបន្តពីព្រះរាជបិតាទ្រង់។[២០៩][២១០]

តុលា

  • ៥ តុលា ​ ជំងឺរាតត្បាតកូវីដ-១៩៖ ករណីឆ្លងនៃជំងឺកូវីដ-១៩ នៅជុំវិញសកលលោកបានកើនលើសពី ៣៥ លានករណី។​​ ព័ត៌មាននេះបានចេញចំពេលអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍ប៉ាន់ស្មាន់ថាករណីសរុបសកលអាចមានចំនួន ៧៦០ លានករណី​ ដែលស្មើនឹងមួយភាគដប់នៃចំនួនប្រជាជនពិភពលោក។[២១១]
  • ១៥ តុលា
    • បាតុកម្មថៃឆ្នាំ២០២០៖ រាជរដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន "ធ្ងន់ធ្ងរ" ដោយហាមប្រាមការប្រមូលផ្តុំមនុស្សចាប់ពី ៥ នាក់ឡើងទៅ ខណៈការបង្រ្កាបលើបាតុករកំពុងចាប់ផ្ដើមមមាញឹក និងការដាក់ពិរុទ្ធកម្មប្រព័ន្ធផ្សព្វផ្សាយ។[២១២]
    • ប្រធានាធិបតីកៀគីស្ថាន លោកស៊ូរូនប៊េ ជីនបេកូហ្វ​បានលាចុះពីតំណែង​ក្រោយពីមានបាតុកម្មធំៗបានផ្ទុះឡើងប៉ុន្មានសប្តាហ៍នេះ​ដែលជាឆ្លើយតបទៅនឹងលទ្ធផលការបោះឆ្នោតសភាកាលដើមខែតុលា។ ប្រធានបក្សប្រឆាំង លោកសាឌីវ ចាប៉ារូហ្វបានចូលកាន់តំណែងជាប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីនៃប្រទេសកៀគីស្ថាន[២១៣]
Remove ads

ថ្ងៃកំណើត និងថ្ងៃមរណភាព

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads