ឆ្នាំ ២០២២
ឆ្នាំ From Wikipedia, the free encyclopedia
Remove ads
គ.ស. ២០២២ ត្រូវនឹង ព.ស. ២៥៦៦ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃសៅរ៍ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២២ នៃសកលសករាជ និងគ្រិស្តសករាជ។
- ឆ្នាំខាល ចត្វាសក ចុល្លសករាជ ១៣៨៤ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃថ្លើងសក)
- ឆ្នាំទី ៣ នៃទសវត្សរ៍ឆ្នាំ ២០២០, ឆ្នាំទី ២២ នៃទសវត្សរ៍ទី ២១, និងឆ្នាំទី ២២ នៃសហស្សវត្សរ៍ទី ៣
- ឆ្នាំអន្តរជាតិនៃជលផលជនជាតិដើមភាគតិច និងវារីវប្បកម្ម[១] ឆ្នាំនៃវិទ្យាសាស្ត្រមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពអន្តរជាតិ[២] ឆ្នាំអន្តរជាតិនៃការអភិវឌ្ឍន៍ភ្នំប្រកបដោយនិរន្តរភាព[៣] និងឆ្នាំកញ្ចក់អន្តរជាតិ[៤] ប្រកាសដោយអង្គការសហប្រជាជាតិ

ឆ្នាំ ២០២២ បានមើលឃើញពីឥទ្ធិពលបន្តនៃការកើនឡើងអតិផរណាជាលទ្ធផលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបន្ត ការដាក់ឱ្យប្រើប្រាស់ជាសាកលនៃវ៉ាក់សាំងកូវីដ ១៩ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០២០ បានបន្ត ហើយឆ្នាំនេះបានឃើញការដកការរឹតបន្តឹងជំងឺកូវីដ ១៩ និងការបើកព្រំដែនអន្តរជាតិឡើងវិញ
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២ ជម្លោះប្រដាប់អាវុធដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ បានបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនអ៊ុយក្រែន ១៥,៧ លាននាក់ (ជនភៀសខ្លួនផ្ទៃក្នុង ៨ លាននាក់ និងជនភៀសខ្លួន ៧.៧ លាននាក់) ហើយបាននាំឱ្យមានការថ្កោលទោសនិងទណ្ឌកម្មអន្តរជាតិ និងការគំរាមកំហែងនុយក្លេអ៊ែរ ការដកក្រុមហ៊ុនរាប់រយចេញពីប្រទេសរុស្ស៊ី និងការដកប្រទេសរុស្ស៊ីចេញពីព្រឹត្តិការណ៍កីឡាសំខាន់ៗ
បុគ្គលសំខាន់ៗជាច្រើនបានទទួលមរណភាពនៅក្នុងឆ្នាំ ២០២២ ដូចជា ស៊ីនហ្សូ អាបេ, មីខាអ៊ីល ហ្គ័របាឆូវ, អេលីហ្សាប៊ែតទី២, ជាំង ហ្សឺមីន, សម្ដេចប៉ាបបេណេឌីកទី១៦ និងវីរបុរសបាល់ទាត់ ប៉េលេ។
Remove ads
មេដឹកនាំកម្ពុជា
- ព្រះមហាក្សត្រ: ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (១៤ តុលា គ.ស. ២០០៤ – បច្ចុប្បន្ន)
- នាយករដ្ឋមន្ត្រី: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (៣០ វិច្ឆិកា គ.ស. ១៩៩៨ – បច្ចុប្បន្ន)
ព្រឹត្តិការណ៍សំខាន់ៗ
មករា
- ១ មករា – កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោក បានចូលជាធរមានដោយមានសមាជិកប្រទេសដូចជា៖ កម្ពុជា ថៃ ឡាវ សិង្ហបុរី វៀតណាម ប្រ៊ុយណេ ចិន ជប៉ុន អូស្ត្រាលី និងនូវែលហ្សេឡង់។[៥]
- ២ មករា
- ៤ មករា – ប្រទេសចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក (ដែលសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ) បានចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយដោយបញ្ជាក់ថា "សង្រ្គាមនុយក្លេអ៊ែរនឹងមិនអាចឈ្នះបានទេ ហើយសង្គ្រាមបែបនេះគឺមិនគួរកើតមានជាដាច់ខាត"។[៨]
- ៥ មករា – ជាការឆ្លើយតបទៅនឹងការតវ៉ាដែលបានផ្ទុះឡើងពីប៉ុន្មានថ្ងៃមុន កាហ្សាក់ស្ថានបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ គណៈរដ្ឋមន្ត្រីលោកអាស្ការ ម៉ាមីនបាននាំគ្នាលាលែងពីតំណែង ខណៈប្រធានាធិបតីកាស៊ីម យ៉ូម៉ារ តូកាយអេវបានសម្រេចចិត្តដកអតីតប្រធានាធិបតីលោកនុលស៊ុលតង់ ណាហ្សាបាយេវចេញពីតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខកាហ្សាក់ស្ថាន។[៩][១០][១១]
- ៦ មករា – អង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO) បានផ្តើមបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសកាហ្សាក់ស្ថាន ដោយបានបញ្ជូនទាហានឆ័ត្រយោងរុស្ស៊ីចូលទៅធ្វើអន្តរាគមន៍តាមសំណើរបស់ប្រធានាធិបតីកាហ្សាក់ស្ថានលោកតូកាយអេវ។[១២]
- ៧ មករា – វិបត្តិជំងឺកូវីដ-១៩៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅជុំវិញសកលលោកបានកើនលើស ៣០០ លានករណី។[១៣]
- ១០ មករា – ការវះកាត់ប្តូរបេះដូងមនុស្សដាក់បេះដូងជ្រូកត្រូវបានប្រព្រឹត្តិទៅជោគជ័យជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។[១៤][១៥]
- ១៥ មករា
- ភ្នំភ្លើងក្រោមទឹកនៅប្រទេសតុងកាឈ្មោះ ហុងកាតុងកា បានផ្ទុះឡើង ដែលជាហេតុអាចបង្កឱ្យមានរលកយក្សស៊ូណាមិដល់ប្រទេសអូស្ត្រាលី កាណាដា ឈីលី ហ្វីជី ជប៉ុន នូវែលហ្សេឡង់ សាម័រ និងសហរដ្ឋអាមេរិក។[១៦]
- ខ្មាំងកាំភ្លើងម្នាក់បានចាប់មនុស្សចំនួនបួននាក់ធ្វើជាចំណាប់ខ្មាំងនៅឯវិហារជ្វីហ្វហៅក្រុមជំនុំបេតអ៊ីស្រាអែល (Congregation Beth Israel) ក្នុងក្រុងខូលេវីល រដ្ឋតិចសាស់។ ក្រោយមក ជនដៃដល់ម្នាក់នោះក៏ត្រូវបានប៉ូលីសបាញ់សម្លាប់។[១៧]
- ១៦ មករា – ម្ចាស់ជើងឯកកីឡាវាយកូនបាល់លេខមួយប្រចាំពិភពលោកគឺណូវ៉ាក់ ចូកូវីកត្រូវបានបណ្តេញចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីករណីផ្លូវច្បាប់ដ៏ល្បីមួយទាក់ទងនឹងស្ថានភាពការចាក់វ៉ាក់សាំងកូវីដ-១៩ របស់គាត់ ដែលជាហេតុចម្បងរារាំងគាត់ពីការចូលរួមក្នុងព្រឹត្តិការណ៍អូពិនអូស្ត្រាលីឆ្នាំ២០២២។[១៨][១៩][២០]
- ១៨ មករា – ក្រុមហ៊ុនមីក្រូសូបរបស់អាមេរិកបានជាវទិញ Activision Blizzard ក្នុងតម្លៃ ៦៨.៧ ពាន់លានដុល្លារ (ប៊ីលាន)។ អង្គីករណ៍នេះគឺជាលទ្ធកម្មក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។[២១]
- ១៩ មករា – ការបោះឆ្នោតសកលនៅបាបាដឆ្នាំ២០២២៖ គណបក្សពលករបាបាដបានឈ្នះអាសនៈទាំង ៣០ នៃសភាបាបាដជាលើកទីពីរ។[២២]
- ២៣ មករា
- ព្យុះត្រូពិចអាណាបានសម្លាប់មនុស្សចំនួន ៨៨ នាក់នៅប្រទេសម៉ាដាហ្កាស្កា ម៉ាឡាវី និងម៉ូសំប៊ិក។ ប៉ុន្មានថ្ងៃក្រោយមក មានគ្រោះទឹកជំនន់ដែលបានសម្លាប់មនុស្សចំនួន ១១ នាក់ថែមទៀតនៅម៉ាដាហ្កាស្ការ។[២៣][២៤]
- រដ្ឋប្រហារនៅប្រទេសបួគីណាហ្វាសូបានប្រព្រឹត្តិទៅដោយជោគជ័យហើយជាលទ្ធផល លោកប្រធានាធិបតីរ៉ូច កាបូរ៉េត្រូវបានទម្លាក់ចេញពីអំណាច។ ក្រុមយោធាបួគីណាបានបញ្ជាក់ពីមូលហេតុនៃរដ្ឋប្រហារនេះថា ដោយសារតែការបរាជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេស។[២៥][២៦]
- ២៨ មករា – វិបត្តិជំងឺកូវីដ-១៩៖ ចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ជូនមនុស្សនៅទូទាំងពិភពលោកបានកើនលើសពី ១០ ពាន់លានដូស។[២៧]
- ២៩ មករា – ការបោះឆ្នោតប្រធានាធិបតីអ៊ីតាលីឆ្នាំ២០២២៖ លោកស៊ែជីអូ ម៉ាតារ៉េឡាត្រូវបានគេបោះឆ្នោតជ្រើសយកជាប្រធានាធិបតីអ៊ីតាលីឡើងវិញ។[២៨]
- ៣០ មករា – ការបោះឆ្នោតសភាព័រទុយកាល់ឆ្នាំ២០២២៖ គណបក្សសង្គមនិយមដែលដឹកនាំដោយលោកអាន់តូនីអូ កូស្តា បានឈ្នះអាសនៈភាគច្រើនដោយដណ្តើមបាន ១១៧ អាសនៈ។[២៩]
កុម្ភៈ
- ៣ កុម្ភៈ
- មេដឹកនាំរដ្ឋឥស្លាមឈ្មោះ អាប៊ូ អ៊ីប្រាហ៊ីម អាល់-ហាស្ស៊ីមី អាល់-កូរ៉ាហ្ស៊ី ត្រូវបានសម្លាប់នៅក្នុងបេសកកម្មប្រឆាំងភេរវកម្មដោយកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកនៅភាគពាយព្យនៃប្រទេសស៊ីរី។[៣០]
- វិបត្តិជំងឺកូវីដ-១៩៖ ឥណ្ឌាបានក្លាយជាប្រទេសទីបីដែលមានករណីស្លាប់បង្កដោយជំងឺកូវីដ-១៩ កើនលើស ៥០០,០០០ ករណី ដោយនៅពីក្រោយតែសហរដ្ឋអាមេរិក និងប្រេស៊ីលប៉ុណ្ណោះ។[៣១]
- ៤ កុម្ភៈ – ប្រទេសចិន និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមមួយប្រឆាំងនឹងការពង្រីកបន្ថែមឥទ្ធិពលរបស់អង្គការណាតូ ដោយបង្ហាញពី "ការព្រួយបារម្មណ៍យ៉ាងធ្ងន់ធ្ងរ" អំពីកតិកាសញ្ញាសន្តិសុខអឃឹស (AUKUS) និងបានសន្យាថានឹងសហការគ្នាដោះស្រាយបញ្ហាប្រឈមជាច្រើន។[៣២]
- ៤ កុម្ភៈ – ២០ កុម្ភៈ – ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលធ្វើឱ្យវាក្លាយជាទីក្រុងដំបូងគេបង្អស់ដែលបានធ្វើជាម្ចាស់ផ្ទះទទួលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅផង និងកីឡាអូឡាំពិករដូវរងាផង។[៣៣]
- ៥ កុម្ភៈ – ព្យុះស៊ីក្លូនបាត់ស៊ីរ៉ៃបានសម្លាប់មនុស្សសរុបចំនួន ១៣ នាក់នៅទូទាំងប្រទេសម៉ាដាហ្កាស្កា អាហ្វ្រិកខាងត្បូង ម៉ូរីស និងរេអុយញ៉ុង។ គ្រោះព្យុះស៊ីក្លូននេះបានកើតឡើងក្រោយពីព្យុះត្រូពិចអាណាបានសម្លាប់មនុស្សចំនួន ១១៥ នាក់នៅក្នុងតំបន់តែមួយកាលពីពីរសប្តាហ៍មុន។[៣៤]
- ៨ កុម្ភៈ – វិបត្តិជំងឺកូវីដ-១៩៖ ចំនួនករណីអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនលើសពី ៤០០ លានករណីនៅទូទាំងពិភពលោក។[៣៥]
- ១៣ កុម្ភៈ – ការបោះឆ្នោតប្រធានាធិបតីអាល្លឺម៉ង់ឆ្នាំ២០២២៖ លោកហ្វ្រង់-វាល់ធឺ ស្តែនមៃយឺរ បានជាប់ឆ្នោតជាប្រធានាធិបតីអាល្លឺម៉ង់ម្តងទៀត។[៣៦]
- ១៤ កុម្ភៈ – ក្បួនបាតុកម្មកាណាដា៖ នាយករដ្ឋមន្រ្តីកាណាដា លោកចាស្ទីន ទ្រូដូបានប្រកាសពីការអំពាវនាវឱ្យមានច្បាប់ស្តីពីគ្រាអាសន្នជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកាណាដាដើម្បីតបទល់នឹងចលនាតវ៉ា ដែលប្រឆាំងនឹងការរឹតបន្តឹងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។[៣៧]
- ២១ កុម្ភៈ – វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីនបានចុះហត្ថលេខាលើក្រឹត្យមួយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ និងសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ ហើយចាប់ផ្តើមបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទាំងពីរនោះ។ សកម្មភាពនេះត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ ខណៈដែលប្រទេសមួយចំនួនត្រៀមអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី។[៣៨]
- ២២ កុម្ភៈ – វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ អាល្លឺម៉ង់បានសម្រេចផ្អាកការដាក់ឱ្យដំណើរការគម្រោង Nord Stream 2 ដែលជាគម្រោងបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់។ ប្រធានាធិបតីអាមេរិកលោកចូ បៃដិនក៏បានដាក់ទណ្ឌកម្មលើឥស្សរជន និងស្ថាប័នរុស្ស៊ីមួយចំនួនផងដែរ។ ចំណែកឯចក្រភពអង់គ្លេសវិញបានប្រកាសដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួនប្រាំ និងបុគ្គលជនជាតិរុស្ស៊ីចំនួនបីរូប។[៣៩]
- ២៣ កុម្ភៈ – វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើរុស្ស៊ីដោយរឹតបន្តឹងការចូលប្រើប្រាស់ទីផ្សារហិរញ្ញវត្ថុពីសំណាក់ភាគី។[៤០]
- ២៤ កុម្ភៈ – វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ រុស្សីបានបើកការឈ្លានពានមកលើប្រទេសអ៊ុយក្រែន ដែលជាហេតុជំរុញឱ្យប្រទេសមួយចំនួនសម្រេចដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើរដ្ឋាភិបាលរុស្ស៊ី។[៤១]
- ២៧ កុម្ភៈ
- វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ លោកពូទីនបានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីស្ថិតក្នុង"ការប្រុងប្រយ័ត្នពិសេស"កម្រិតខ្ពស់ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា "សេចក្តីថ្លែងការណ៍ប្រទូស្ត"ដោយអង្គការណាតូ។[៤២] ទង្វើនេះត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក។[៤៣]
- វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីបានប្រកាសថា គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានយល់ព្រមជួបប្រជុំគ្នា ដោយគ្មានលក្ខខណ្ឌជាមុន។[៤៤]
- វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ បណ្តាប្រទេសនៅអឺរ៉ុបប្រកាសហាមឃាត់ការហោះហើររុស្ស៊ីនៅក្នុងដែនអាកាសរបស់ពួកគេ។[៤៥]
- នៅក្នុងប្រជាមតិរដ្ឋធម្មនុញ្ញ ប្រទេសបេឡារុសបានបោះឆ្នោតដកហូតច្បាប់លក្ខខណ្ឌគ្មាននុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីចូលជ្រកក្នុងប្រទេសខ្លួនជាអចិន្ត្រៃយ៍។[៤៦][៤៧]
- ២៨ កុម្ភៈ
- ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានចេញផ្សាយផ្នែកទីពីរនៃរបាយការណ៍វាយតម្លៃទីប្រាំមួយរបស់ខ្លួនស្តីពីការប្រែប្រួលអាកាសធាតុ។ វាបានសន្និដ្ឋានថាផលប៉ះពាល់ជាច្រើនឥឡូវនេះ"មិនអាចនឹងត្រឡប់បានវិញទេ"។[៤៨][៤៩]
- វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ អង្គការសហប្រជាជាតិបានរាយការណ៍ថាជនភៀសខ្លួនជាង ៥០០,០០០ នាក់បានភៀសខ្លួនពីអ៊ុយក្រែនទៅប្រទេសជិតខាង។[៥០]
- វិបត្តិរុស្ស៊ី–អ៊ុយក្រែន៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ហ្វីហ្វា និង យូអេហ្វា បញ្ឈប់ក្លឹប និងក្រុមជម្រើសជាតិរុស្ស៊ីពីការចូលរួមប្រកួតទាំងអស់។[៥១]
- វិបត្តិហិរញ្ញវត្ថុរុស្ស៊ី៖ ជាសកម្មភាពមួយមិនធ្លាប់កើតមានពីមុនមក ប្រទេសស្វីស ម៉ូណាកូ សិង្ហបុរី និងកូរ៉េខាងត្បូងបានរួមគ្នាដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសរុស្ស៊ី មានដូចជាការគ្រប់គ្រងការនាំចេញ និងការបង្កកទ្រព្យសម្បត្តិជាដើម។[៥២][៥៣][៥៤]
មីនា
- ១ មីនា
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ អង្គការអត្តពលកម្មពិភពលោកបានដកសិទ្ធិរុស្ស៊ី និងបេឡារុស មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ទាំងអស់របស់ខ្លួន។[៥៥]
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ នៅក្នុងសម័យប្រជុំបន្ទាន់មួយ រដ្ឋសមាជិកអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដោយបដិសេធចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងអំពាវនាវឱ្យមានការដកកងកម្លាំងឈ្លានពានជាបន្ទាន់។[៥៦]
- ២ មីនា
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ រុស្ស៊ីបានវាយដណ្តើមយកទីក្រុងធំដំបូងពីអ៊ុយក្រែនគឺទីក្រុងកំពង់ផែជាប់សមុទ្រខ្មៅហៅគែរសុន ខណៈដែលការបាញ់បំផ្លោងគ្រាប់មីស៊ីលកាន់តែកែនឡើងនៅទូទាំងទឹកដីអ៊ុយក្រែន។[៥៧]
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ អង្គការសហប្រជាជាតិបានរាយការណ៍ថា ជនភៀសខ្លួនប្រមាណជាងមួយលាននាក់កំពុងតែរត់ភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសផ្សេងទៀត។[៥៨]
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចាប់ផ្តើមការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលបង្កដោយរុស្ស៊ីនៅអ៊ុយក្រែន។[៥៩]
- ៣ មីនា
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ រុស្ស៊ីត្រូវបានមេដឹកនាំពិភពលោកថ្កោលទោសបន្ទាប់ពីការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ាដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅអឺរ៉ុប ហើយនាំឱ្យមានភ្លើងឆាបឆេះនៅទីតាំងនោះ។[៦០]
- រដ្ឋសភាអាមេនីបានបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់គឺលោកវ៉ាហាន កាឆាទូរីយ៉ង់ជាប្រធានាធិបតីថ្មី បន្ទាប់ពីលោកអាមែន សារគីស៊ានបានលាឈប់ពីតំណែង។[៦១]
- ៤–១៣ មីនា – កីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២ បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ប្រទេសចិន ដោយប៉េកាំងបានក្លាយជាទីក្រុងដំបូងគេបង្អស់ដែលធ្វើជាម្ចាស់ទទួលទាំងកីឡាប៉ារ៉ាឡាំពិករដូវក្តៅ និងរដូវរងា។[៦២]
- ៤ មីនា – បុរសអាហ្វហ្កានីស្ថានម្នាក់ដែលត្រូវជាសមាជិកក្រុមរដ្ឋឥស្លាម–ខេត្តខូរ៉ាសានបានធ្វើការវាយប្រហារអត្តឃាតលើវិហារឥស្លាមស៊ីយ៉ានៅក្រុងពេសាវ៉ា ខេត្តខៃប៊ឺរប៉ាកទូនខ្វា ប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សចំនួន ៦៣ នាក់។[៦៣]
- ៧ មីនា – វិបត្តិជំងឺកូវីដ-១៩៖ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកដោយសារជំងឺកូវីដ-១៩ បានកើនលើស ៦ លាននាក់។[៦៤]
- ៨ មីនា – សហរដ្ឋអាមេរិក និងអង់គ្លេសបានប្រកាសហាមនាំ ចូលប្រេងកាតរបស់រុស្ស៊ី ខណៈពេលដែលសហភាពអឺរ៉ុបចេញសេចក្តីប្រកាសកាត់បន្ថយពីរភាគបីនូវតម្រូវការឧស្ម័នរុស្ស៊ី។[៦៥]
- ៩ មីនា
- ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងឆ្នាំ២០២២៖ បេក្ខភាពគណបក្សអំណាចប្រជាជន លោកយូន សកយ៉លត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង។[៦៦]
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ រុស្ស៊ីត្រូវបានថ្កោលទោសដោយមេដឹកនាំពិភពលោកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសនៅទីក្រុងម៉ារីអ៊ូប៉ូលដែលបានបំផ្លាញមន្ទីរពេទ្យរួមមានបន្ទប់សម្ភព និងកុមារ។[៦៧]
- អ្នកស្រាវជ្រាវនៅតំបន់អង់តាក់ទិកបានប្រកាសរកឃើញ អិនឌូរេនស៍ ដែលជាសំពៅលិចចូលទៅក្នុងសមុទ្រនៅឆ្នាំ ១៩១៥ អំឡុងពេលបម្រើបេសកកម្មរុករករបស់លោកអ៊េរណេស្ត ស៊ែកលតុន។[៦៨]
- ១០ មីនា – រដ្ឋសភាហុងគ្រីបានបោះឆ្នោតជ្រើសតាំងអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការគ្រួសារគឺ លោកស្រីកាតាលីន ណូវ៉ាក់ ជាប្រធានាធិបតីថ្មីនៃប្រទេសហុងគ្រីក្នុងសំឡេង ១៣៧-៥១។[៦៩]
- ១១ មីនា – លោកកាព្រីយ៉ែល បូរិចបានស្បថចូលកាន់តំណែងជាប្រធានាធិបតីឈីលី។ លោកបានក្លាយជាប្រមុខរដ្ឋវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រឈីលី និងជាប្រធានាធិបតីដំបូងដែលបានកើតក្នុងរបបផ្តាច់ការយោធារបស់លោកអ៊ូហ្គូស្តូ ពីណូឆេត។[៧០][៧១]
- ១២ មីនា – ការបោះឆ្នោតប្រធានាធិបតីតួកមេនីស្ថានឆ្នាំ២០២២៖ លោកស៊ែរដារ ប៊ែរឌីមូហាមេដូ ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតីលោកហ្គួរបានហ្គូលី ប៊ែរឌីមូហាមេដូ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីដោយទទួលបានសម្លេងគាំទ្រសរុប ៨៩%។[៧២]
- ១៦ មីនា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើរោងមហោស្រពម៉ារីយ៉ូប៉ូល បានសម្លាប់ជនស៊ីវិលប្រមាណ ៦០០ នាក់។[៧៣]
- ២១ មីនា – ជើងហោះហើរលេខ ៥៧៣៥ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅតំបន់ក្វាងស៊ី ប្រទេសចិន ដោយបានសម្លាប់មនុស្សទាំង ១៣៣ នាក់នៅលើយន្តហោះ។
- ២៤ មីនា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ អង្គការណាតូបានប្រកាសថា ក្រុមប្រយុទ្ធថ្មីចំនួន ៤ ដែលមានទាហានសរុប ៤០,០០០ នាក់ នឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសប៊ុលការី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី រួមជាមួយនឹងការត្រៀមខ្លួនសម្រាប់ការគំរាមកំហែងគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។[៧៤][៧៥]
- ២៥ មីនា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ដំណាក់កាលដំបូងនៃប្រតិបត្តិការយោធារបស់ខ្លួន "ជាទូទៅ" ត្រូវបានបញ្ចប់ ដោយនិយាយថាប្រទេសខ្លួននឹងផ្តោតលើ "ការរំដោះ" នៃតំបន់ដូនបាសភាគខាងកើតរបស់អ៊ុយក្រែន។[៧៦][៧៧]
- ២៩ មីនា – សាធារណរដ្ឋប្រជាធិបតេយ្យកុងគោត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកសហគមន៍អាហ្វ្រិកខាងកើត។[៧៨]
- ៣១ មីនា – ពិព័រណ៍អ៊ិចស្ប៉ូ ២០២០ បានបិទទ្វានៅទីក្រុងឌូបៃ បន្ទាប់ពីដំណើរការអស់រយៈពេល ៦ ខែកន្លងមកដោយដំបូងគ្រោងនឹងបើកដំណើរការឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែវាត្រូវបានពន្យារ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។[៧៩]
មេសា
- ៣ មេសា
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ ខណៈកម្លាំងរុស្ស៊ីកំពុងដកថយពីតំបន់ក្បែរក្រុងកៀវ អ៊ុយក្រែនបានធ្វើការចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្រ្គាម ចំពេលមានភស្តុតាងនៃការសម្លាប់ជនស៊ីវិលដោយមិនរើសមុខ ដូចជានៅក្រុងប៊ូឆាជាដើម។[៨០][៨១]
- ការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតសកលកូស្តារីកាឆ្នាំ ២០២២ ត្រូវបានប្រព្រឹត្តិធ្វើឡើងដោយបេក្ខភាពប្រធានាធិបតីមកពីគណបក្សវឌ្ឍនភាពសង្គមប្រជាធិបតេយ្យគឺលោក រ៉ូឌ្រីកូ ឆាវ៉េស រ៉ូប្លេស ត្រូវគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី។[៨២]
- ៤ មេសា –ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានចេញផ្សាយផ្នែកទីបីនិងចុងក្រោយនៃរបាយការណ៍វាយតម្លៃទី៦ ស្តីពីការប្រែប្រួលអាកាសធាតុ ដោយព្រមានថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៥ និងត្រូវធ្លាក់ចុះវិញប្រមាណ ៤៣% នៅឆ្នាំ ២០៣០ ដើម្បីកំណត់កំណើនកម្តៅផែនដីត្រឹម ១.៥ °C (២.៧ °F)។[៨៣][៨៤]
- ៦ មេសា – ហ្វូស៊ីលសត្វដាយណូស័រដំបូងគេដែលជាប់ទាក់ទងនឹងឥទ្ធិពលទង្គិចឈីក្សូលូប ត្រូវបានរាយការណ៍ដោយក្រុមបុរាណវិទូ។[៨៥]
- ៧ មេសា
- អង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតព្យួរប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សដោយទទួលបានលទ្ធផល ៩៣–២៤ ហើយមានប្រទេសចំនួន ៥៨ បានបោះឆ្នោតអនុប្បវាទ។[៨៦]
- លោកអាប់ដ្រាប៊ូ ម៉ាន់ស៊ួរ ហាឌី ប្រធានាធិបតីយេម៉ែន បានចុះចេញពីតំណែង និងរួមទាំងដកលោកអាលី ម៉ូសេន អាល់-អាម៉ារចេញពីតំណែងអនុប្រធានាធិបតីផងដែរ ដោយផ្ទេរអំណាចការិយាល័យទាំងពីរទៅឱ្យក្រុមប្រឹក្សាដឹកនាំប្រធានាធិបតីដែលមានសមាជិកប្រាំបីរូបដែលទើបបង្កើតថ្មីក្រោមការដឹកនាំរបស់លោក រ៉ាស្សាត អាល់-អាលីមី។[៨៧][៨៨]
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ រុស្ស៊ីត្រូវបានថ្កោលទោសដោយមេដឹកនាំពិភពលោកបន្ទាប់ពីមីស៊ីលរុស្ស៊ីបានបុកចំស្ថានីយ៍រថភ្លើងក្រាម៉ាតុស្ក ហើយជាលទ្ធផលបានសម្លាប់ជនស៊ីវិលចំនួន ៥៩ នាក់ដែលព្យាយាមជម្លៀសខ្លួនដោយក្នុងនោះរួមមានទាំងកុមារចំនួនប្រាំពីរនាក់ផងដែរ។[៨៩][៩០]
- តម្លៃស្បៀងអាហារសកលបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីសន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានចាប់បង្កើតឡើងតាំងពីឆ្នាំ១៩៩០ មក ដោយតម្លៃទំនិញដូចជាស្រូវសាលីបានកើនឡើងជិត ២០% ដែលជាលទ្ធផលនៃវិបត្តិនៅអ៊ុយក្រែន។[៩១][៩២]
- ១១ មេសា – រដ្ឋសភាប៉ាគីស្ថានបានជ្រើសតាំងមេដឹកនាំបក្សប្រឆាំងលោកសេបាហ្ស សារីហ្វ ជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន បន្ទាប់ពីលោកអ៊ីមរ៉ាន ខានត្រូវបានគេដកចេញពីតំណែងក្រោយមានចលនាមិនទុកចិត្តកើតឡើងពីរថ្ងៃមុន។[៩៣][៩៤]
- ១៣ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីនៃជំងឺកូវីដ-១៩ បានកើនលើសពី ៥០០ លានករណីនៅទូទាំងពិភពលោក។[៩៥]
- ១៤ មេសា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២៖ នាវាចម្បាំងរុស្ស៊ីឈ្មោះ ម៉ូសក្វា (Moskva) បានក្លាយជានាវាចម្បាំងដ៏ធំបំផុតដែលត្រូវបានលិចខណៈពេលកំពុងបំពេញបេសកកម្មរបស់ខ្លួនចាប់តាំងពីចប់សង្គ្រាមលោកលើកទី២ មក ភាគីអ៊ុយក្រែនបានអះអាងថា វាត្រូវបានលិចដោយសារតែត្រូវគ្រាប់មីស៊ីលរបស់ខ្លួនខណៈដែលរុស្ស៊ីវិញបានអះអាងថា វាបានលិចអំឡុងពេលអាកាសធាតុព្យុះភ្លៀងក្រោយមានអគ្គិភ័យឆាបឆេះលើនាវា។[៩៦][៩៧]
- ១៩ មេសា – ការបោះឆ្នោតជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីទីម័រខាងកើតឆ្នាំ២០២២ បានប្រារព្ធធ្វើឡើង ហើយបេក្ខភាពរបស់គណបក្សសមាជជាតិដើម្បីការកសាងគឺលោកហ្សូសេ រ៉ាម៉ូស-អូរតាត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី។[៩៨][៩៩][១០០]
- ២០ មេសា – ក្រុមអ្នកសង្កេតការណ៍អឺរ៉ុបខាងត្បូង បានប្រកាសពីការរកឃើញមីក្រូណូវ៉ា។[១០១]
- ២២ មេសា – Large Hadron Collider បានចាប់ផ្តើមប្រតិបត្តិការពេញលេញវិញបន្ទាប់ពីរយៈពេលបីឆ្នាំ។[១០២][១០៣]
- ២៤ មេសា – ការបោះឆ្នោតសភាស្លូវេនីឆ្នាំ២០២២ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ៩០ រូបនៃរដ្ឋសភាស្លូវេនី ហើយគណបក្សចលនាសេរីភាពបានក្លាយជាគណបក្សធំជាងគេ ដោយដណ្តើមបានអាសនៈចំនួន ៤១ ក្នុងចំណោមអសនៈសរុបទាំង ៩០។[១០៤][១០៥]
- ២៧ មេសា – សហភាពអឺរ៉ុបបានចោទប្រកាន់រុស្ស៊ីពីបទប្រទាញផលប្រយោជន៍បន្ទាប់ពីប្រព័ន្ធផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៉ូឡូញ និងប៊ុលការី ត្រូវបានបញ្ឈប់ដោយក្រុមហ៊ុនថាមពលយក្សកាហ្សប៉្រុម (Gazprom)។[១០៦]
- ២៨ មេសា – សភាតំណាងរាស្ត្រម៉ុងតេណេគ្រោ បានជ្រើសតាំងរដ្ឋាភិបាលថ្មី ដែលមានលោកឌ្រីតង់ អាបាសូវិចជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានចលនាមិនទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាលលោកហ្សាដ្រាវកូ គ្រីវ៉ូកាពិច។[១០៧][១០៨]
ឧសាភា
- ៦ ឧសភា – ការរីករាលដាលនៃជំងឺអុតស្វា៖ ការរីករាលដាលនៃជំងឺអុតស្វាបានចាប់ផ្តើមបន្ទាប់ពីគេបានរកឃើញករណីវីរុសអុតស្វាដំបូងគេនៅឯរាជធានីឡុងដ៍ក្នុងចក្រភពអង់គ្លេស។[១០៩]
- ៩ ឧសភា
- នាយករដ្ឋមន្ត្រីស្រីលង្កាគឺលោក មហិនត្តា រាជប៉ក្សា បានលាឈប់ពីតំណែងដែលជាលទ្ធផលនៃបាតុកម្មតវ៉ាដ៏ធំប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនៅទូទាំងប្រទេស។ រយៈពេលបីថ្ងៃក្រោយ តំណែងនាយករដ្ឋមន្ត្រីក៏ត្រូវបានស្នងបន្តដោយលោក រ៉ានីល វីក្រេម៉េស៊ីងហេ។[១១០][១១១]
- ការបោះឆ្នោតសកលហ្វីលីពីនឆ្នាំ ២០២២៖ លោកបុងបុង ម៉ាកូស និងលោកស្រីសារ៉ា ឌុយទែរតេត្រូវបានប្រជាជនហ្វីលីពីនបោះឆ្នោតជ្រើសរើសជា ប្រធានាធិបតីហ្វីលីពីនទី១៧ និងអនុប្រធានាធិបតីហ្វីលីពីនទី១៥។[១១២]
- ១៣ ឧសភា – មហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ានត្រូវបានជ្រើសតាំងជាប្រធានាធិបតីទីបីនៃអេមីរ៉ាតអារ៉ាប់រួមដោយក្រុមប្រឹក្សាកំពូលសហព័ន្ធបន្ទាប់ពីមរណភាពរបស់កាលីហ្វា ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ានរយៈពេលមួយថ្ងៃមុន។[១១៣]
- ១៦ ឧសភា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់ទីក្រុងម៉ារីអ៊ូប៉ូលបានដោយជោគជ័យក្រោយពីការដកថយរបស់កងទ័ពអ៊ុយក្រែន។[១១៤]
- ២១ ឧសភា – ការបោះឆ្នោយសហព័ន្ធអូស្ត្រាលីឆ្នាំ ២០២២៖ គណបក្សពលករដែលដឹកនាំដោយលោកអាន់តូនី អាល់បានីសបានយកឈ្នះលើរដ្ឋាភិបាលចម្រុះជាតិ/សេរីនិយមដែលដឹកនាំដោយនាយករដ្ឋមន្ត្រីស្កុត ម៉ូរីសុន។ លោកអាល់បានីសនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២៣ ខែឧសភា។[១១៥]
មិថុនា
- ៤ មិថុនា – ឧត្តមសេនីយ៍ចូលនិវត្តន៍មួយរូបគឺលោកបាចរ៉ាំ បេហ្កាច ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទីប្រាំបួននៃប្រទេសអាល់បានីដោយសភាតំណាងរាស្ត្រក្នុងការបោះឆ្នោតជុំទីបួន។[១១៦]
- ៥ មិថុនា – មនុស្សយ៉ាងហោចណាស់ ៥០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយការបាញ់ប្រហារ និងការប្រើប្រាស់គ្រាប់បែកនៅទីក្រុងអូវ៉ូ ប្រទេសនីហ្សេរីយ៉ា។[១១៧]
- ១៤ មិថុនា – ប្រទេសកាណាដា និងដាណឺម៉ាកបានសម្រេចបញ្ចប់ការទាមទាររៀងៗខ្លួនមកលើកោះហានស៍ ដោយកាត់បែងចែកកោះនេះជាពាក់កណ្តាល។[១១៨]
- ១៩ មិថុនា – ជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីកូឡុំប៊ីបានដំណើរការ ហើយអតីតយុទ្ធជននៃចលនា ១៩ មេសា គឺលោកគូស្តាវ៉ូ ប៉េត្រូត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតី។[១១៩][១២០]
- ២២ មិថុនា – គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ (Mw) បានរញ្ជួយខ្សែឌូរ៉ាន (ព្រំដែនបែងចែកប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,០០០ នាក់។[១២១][១២២]
- ២៣ មិថុនា – គណបក្សរបស់លោកឌីគកុន មីតឆែលបានដណ្តើមអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសកលក្នុងប្រទេសក្រឺណាត ដោយបានយកឈ្នះគណបក្សរបស់នាយករដ្ឋមន្ត្រីឃីត មីតឆែល។[១២៣]
- ២៦ មិថុនា – មេដឹកនាំ G7 បានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលនៅប្រទេសអាល្លឺម៉ង់ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ ការហាមឃាត់នៃការនាំចូលរ៉ែមាសពីរុស្ស៊ីត្រូវបានប្រកាស។[១២៤]
- ២៨–៣០ មិថុនា – កិច្ចប្រជុំកំពូលរបស់អង្គការណាតូបានធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ រួមជាមួយនឹងវត្តមានរបស់ប្រទេសផ្សេងៗមកពីសហភាពអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រធានបទចម្បងនៃកិច្ចប្រជុំនេះគឺការស្វែងរកការរឹតបន្តឹងការការពារដោយឯកភាពបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការគំរាមកំហែងជានិរន្តរភាពលើបូរណភាពទឹកដីនៃប្រទេសដទៃទៀត។[១២៥]
កក្កដា
- ១ កក្កដា – លោកយ៉ាអៀរ ឡាពីដបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ខណៈដែកអតីតនាយករដ្ឋមន្ត្រីលោកណាតាលី បេននែតបានផ្លាស់មកតំណែងនាយករដ្ឋមន្ត្រីប្តូរវេន។ របៀបបែបបទនេះត្រូវបានបង្កើតឡើងព្រោះគ្មានគណបក្សណាមួយបានទទួលសំឡេងភាគច្រើនដាច់ខាតនៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិអ៊ីស្រាអែលកាលពីឆ្នាំ២០២១។[១២៦][១២៧]
- ៦–៣១ កក្កដា – ពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អឺរ៉ុបឆ្នាំ ២០២២ បានប្រារព្ធធ្វើឡើងនៅប្រទេសអង់គ្លេសដោយម្ចាស់ផ្ទះជាក្រុមដែលឈ្នះពានរង្វាន់មួយនេះ។ វាជាពានរង្វាន់ដ៏ធំដំបូងដែលប្រជាជាតិអង់គ្លេសបានឈ្នះចាប់តាំងពីឆ្នាំ ១៩៦៦ មក។[១២៨]
- ៧–១៧ កក្កដា – កីឡាវើលដ៏ហ្គេមឆ្នាំ ២០២២ បានប្រព្រឹត្តិធ្វើឡើងនៅទីក្រុងប៊ឺរមីងហាំ រដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក។[១២៩]
- ៨ កក្កដា – អតីតនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេត្រូវបានគេធ្វើឃាតខណៈកំពុងថ្លែងសុន្ទរកថាជាសាធារណៈនៅទីក្រុងណារ៉ា ប្រទេសជប៉ុន។[១៣០]
- ១១ កក្កដា – រូបភាពប្រតិបត្តិការដំបូងពីតេឡេទស្សន៍អវកាសជេមស៍វេប ដែលបង្ហាញពីចង្កោមកាឡាក់ស៊ី SMACS 0723 ត្រូវបានបង្ហាញជាសាធារណៈ។[១៣១]
- ១៨ កក្កដា – លោកស្រីឌ្រូប៉ាឌី មឺរមូ ត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីឥណ្ឌា ដែលធ្វើឱ្យលោកស្រីក្លាយជាស្ត្រីកុលសម្ព័ន្ធដំបូងគេ និងជាបុគ្គលក្មេងជាងគេបំផុតដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាប្រធានាធិបតីឥណ្ឌា។[១៣២]
- ១៩ កក្កដា – មនុស្សយ៉ាងតិចចំនួន ១២,០០០ នាក់ត្រូវបានស្លាប់ដោយសារតែឥទ្ធិពលរលកកម្តៅដ៏ខ្លាំងដែលបានភាយសាយពាសពេញទ្វីបអឺរ៉ុប ហើយលើសពីនេះ វាបានបង្កឱ្យមានភ្លើងឆេះព្រៃ បញ្ហាធ្វើដំណើរ និងកំណត់ត្រាសីតុណ្ហភាពខ្ពស់នៅក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើន។[១៣៣]
សីហា
- ៤ សីហា
- ប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីណានស៊ី ប៉េឡូស៊ី ដោយលោកស្រីជាមន្ត្រីជាន់ខ្ពស់អាមេរិកដំបូងដែលបានមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។[១៣៤][១៣៥]
- នាយករដ្ឋមន្ត្រីនៃប្រទេសប៉េរូ លោកអានីបាល់ តូរ៉េសបានសម្រេចលាលែងពីតំណែងបន្ទាប់ពីមានការស៊ើបអង្កេតឧក្រិដ្ឋកម្មជាច្រើនទាក់ទងនឹងប្រធានាធិបតីប៉េរូ លោកប៉េដ្រូ កាស្ទីលឡូ។[១៣៦]
- ៥–៧ សីហា – អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅតំបន់ដែនជ្រោយកាសា ដោយសម្លាប់មេដឹកនាំយោធាជីហាដឥស្លាមម្នាក់ឈ្មោះ តៃស៊ារ ចាបារី។ ជាចុងក្រោយ ភាគីទាំងពីរក៏បានឯកភាពគ្នាចុះលើបទឈប់បាញ់បន្ទាប់ពីរងការប៉ះទង្គិចគ្នាអស់រយៈពេលបីថ្ងៃ។[១៣៧][១៣៨]
- ៩ សីហា – ការបោះឆ្នោតសកលកេនយ៉ាឆ្នាំ ២០២២៖ លោកវីល្លៀម រូតូត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទីប្រាំនៃប្រទេសកេនយ៉ា ដោយយកឈ្នះលើមេដឹកនាំបក្សប្រឆាំងគឺលោក រៃឡា អូឌីងហ្កា។ ជ័យជម្នះរបស់លោកត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារត្រួតពិនិត្យការបោះឆ្នោតក្នុងប្រទេសកាលពីថ្ងៃទី១៥ ខែសីហា ចំពេលមានការតវ៉ា និងអំពើហិង្សាពីសំណាក់អ្នកគាំទ្រលោកអូឌីងហ្កា។[១៣៩][១៤០][១៤១]
- ១៧ សីហា – ប្រទេសតួកគី និងអ៊ីស្រាអែលបានយល់ព្រមស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ បន្ទាប់ពីរងនូវភាពតានតឹងមួយរយៈធំកន្លងមក។[១៤២]
- ១៩ សីហា – រដ្ឋាភិបាលចម្រុះនៃប្រទេសម៉ុងតេណេគ្រោបានដួលរលំបន្ទាប់ពីសមាជិកសភាតំណាងរាស្ត្របានបោះឆ្នោតដកទំនុកចិត្តដែលជាលទ្ធផលនៃជម្លោះទាស់ទែងគ្នាក្នុងជួររដ្ឋាភិបាលចម្រុះជុំវិញកិច្ចព្រមព្រៀងមួយដែលរដ្ឋាភិបាលបានចុះជាមួយនឹងព្រះសហគមន៍អូស្សូដក់ស៊ែប៊ី។[១៤៣]
- ២៨ សីហា – គ្រោះទឹកជំនន់នៅប៉ាគីស្ថានឆ្នាំ២០២២៖ ប្រទេសប៉ាគីស្ថានបានប្រកាសពី "គ្រោះមហន្តរាយអាកាសធាតុ" និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលផ្តល់ជំនួយ ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នេះបានកើនលើសពី ១,០០០ នាក់ ដែលធ្វើឱ្យវាក្លាយជាគ្រោះទឹកជំនន់ដ៏សាហាវបំផុតចាប់តាំងពីឆ្នាំ២០១៧ មក។ ប្រទេសជាច្រើនរួមជាមួយអង្គការសហប្រជាជាតិបានសន្យាថានឹងផ្តល់មូលនិធិជាទឹកប្រាក់រាប់លានសម្រាប់ជំនួយ។[១៤៤][១៤៥]
កញ្ញា
- ១ កញ្ញា – អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា ជំរុំឃុំឃាំងស៊ីនជាំង របស់រដ្ឋាភិបាលចិន និងទង្វើដែលប្រព្រឹត្តិមកលើជនជាតិអ៊ុយហ្គឺរក្នុងជំរុំអស់នោះអាចចូលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។[១៤៦]
- ៦ កញ្ញា – លោកស្រី លីហ្ស ត្រាស្ស ត្រូវបានគេបោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សអភិរក្សនិយម។[១៤៧]
- ៨ កញ្ញា – ព្រះអង្គម្ចាស់ឆាលស៍ទី៣ បានក្លាយជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស និងសហធនរដ្ឋចំនួន ១៤ ផ្សេងទៀតបន្ទាប់ពីព្រះមាតារបស់ព្រះអង្គព្រះនាមអេលីហ្សាប៊ែតទី២ បានសោយព្រះទិវង្គត។[១៤៨][១៤៩]
- ១២ កញ្ញា – ជម្លោះអាមេនី–អាស៊ែបៃសង់នៃខែកញ្ញា៖ ប្រទេសអាស៊ែបៃសង់បានបើកវាយប្រហារលើទីតាំងយោធារបស់ប្រទេសអាមេនីនៅក្បែរទីក្រុងវ៉ាដេនីស ហ្កូរីស សុត្ក និងជែរមុគ ហើយបានកាន់កាប់តំបន់មួយចំនួនតាមព្រំដែនអាមេនី–អាស៊ែបៃសង់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ ទាហានអាមេនីជាង ១០០ នាក់ត្រូវបានបាង់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈដែលភាគីខាងអាស៊ែបៃសង់បានប្រកាសថា ខ្លួនមានអ្នកស្លាប់ចំនួន ៧១ នាក់។[១៥០]
- ១៤–១៦ កញ្ញា – ជម្លោះកៀគីស្ថាន–តាជីគីស្ថានឆ្នាំ២០២២៖ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ខណៈដែលការប៉ះទង្គិចគ្នាជាបណ្តើរៗបានកើតឡើងរវាងកងទ័ពកៀគីស្ថាន និងតាជីគីស្ថាននៅតាមព្រំដែនប្រទេសរៀងៗខ្លួន។[១៥១]
- ១៤–២៥ កញ្ញា – ខ្យល់ព្យុះអាត្លង់ទិកហៅហ្វីអូណាបានបោកបក់មកប៉ះកោះក្វាដលូប ព័រតូរីកូ សាធារណរដ្ឋដូមីនិក ប្រជុំកោះលូកាយ៉ាន ប៊ែរមូដ និងទឹកដីកាណាដាភាគខាងកើត។[១៥២]
- ១៦ កញ្ញា – បាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីមរណភាពរបស់នារីម្នាក់ឈ្មោះ ម៉ាសា អាមីនី ខណៈដែលនាងកំពុងជាប់ខ្លួនក្នុងទីកន្លែងឃុំឃាំងរបស់"នគរបាលសីលធម៌"អ៊ីរ៉ង់។[១៥៣]
- ១៩ កញ្ញា – ពិធីបុណ្យព្រះបរមសពនៃអេលីហ្សាប៊ែតទី២ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងវិហារវ៉េស្តមីនស្ទឺរអាប៊ីនៃរាជធានីឡុងដ៍។ ក្រោយមក ព្រះមឈូសារព្រះអង្គត្រូវបានគេដង្ហែទៅកាន់ប្រាសាទវីនដ៍ស័រដើម្បីបញ្ចុះជាមួយនឹងព្រះស្វាមី ព្រះមាតាបិតា និងប្អូនស្រីរបស់ព្រះអង្គនៅក្នុងវិហារអនុស្សាវរីយ៍ស្តេចចចទី៦។[១៥៤]
- ២១ កញ្ញា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ បន្ទាប់ពីអ៊ុយក្រែនបានវាយដណ្តើមទឹកដីភាគខាងកើតរបស់ខ្លួនបានមួយភាគវិញ លោកពូទីនបានធ្វើការប្រកាសពីកំណែនទ័ពនៅរុស្ស៊ី និងគំរាមពីបំណងប្រើអាវុធនុយក្លេអ៊ែរដោយនិយាយថា "នេះមិនមែនជាសម្តីលេងសើចទេ"។[១៥៥]
- ២៤ កញ្ញា – ការបោះឆ្នោតសភាណូរូឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តិធ្វើឡើង ហើយជាលទ្ធផល លោករូស គុនត្រូវបានសភាបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី។[១៥៦]
- ២៥ កញ្ញា – ការបោះឆ្នោតសកលអ៊ីតាលីឆ្នាំ២០២២ បានដំណើរការឡើងដើម្បីជ្រើសរើសសមាជិកសម្រាប់សភាតំណាងរាស្រ្ត (៤០០ អាសនៈ) និងព្រឹទ្ធសភានៃសាធារណរដ្ឋ (២០០ អាសនៈ)។[១៥៧] អ្នកសង្កេតការណ៍បានធ្វើការអត្ថាធិប្បាយថា លទ្ធផលនៃការបោះឆ្នោតមួយនេះបានបញ្ជាក់ពីបម្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីកំណើនប្រជាប្រិយភាពនៃបក្សពួកស្ដាំនិយមនៅក្នុងប្រទេសបារាំង អេស្ប៉ាញ និងស៊ុយអែត។[១៥៨] គេក៏បានកត់សម្គាល់ផងដែរថា លទ្ធផលបោះឆ្នោតនេះបានស្វាគមន៍រដ្ឋាភិបាលប្រកាន់ស្លាបស្តាំនិយមបំផុតចូលកាន់អំណាចនៅប្រទេសអ៊ីតាលីចាប់តាំងពីឆ្នាំ១៩៤៥ មក។[១៥៩][១៦០]
- ២៦ កញ្ញា – យានដាត (DART) របស់អង្គការណាសាបានហោះទៅបុកអាចម៍ផ្កាយឌីម័រហ្វូស (Dimorphos) ដែលជាការសាកល្បងលើកដំបូងនៃប្រព័ន្ធការពារភពមនុស្សជាតិ។[១៦១]
- ២៧–៣០ កញ្ញា – ខ្យល់ព្យុះអ៊ីយ៉ានបានវាយបក់ប្រទេសគុយបា និងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានការខូចខាតដ៏ធំសម្បើមដល់ប្រទេសទាំងពីរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០២ នាក់ និងប្រហែល ១០,០០០ នាក់កំពុងបាត់ខ្លួន ហើយវាធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ភ្លើងអគ្គិសនីប្រើប្រាស់ រួមទាំងប្រទេសគុយបាទាំងមូលផងដែរ។[១៦២][១៦៣]
- ២៧ កញ្ញា – ប្រជាមតិកាត់ទឹកដីកាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែនឆ្នាំ២០២២៖ យោងតាមលទ្ធផលដែលចេញផ្សាយដោយអាជ្ញាធរត្រួតត្រារបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្ហាញថា សម្លេងឆ្នោតគ្រាំទ្រការផ្តាច់ខ្លួនចេញពីអ៊ុយក្រែនគឺមានចំនួនលើសលប់ខ្ពស់ដោយក្នុងនោះមាន ៩៩.២៣% នៅសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍, ៩៨.៤២% នៅសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍, ៩៣.១១% នៅអូប្លាសហ្សាប៉ូរីហ្ស៊ីយ៉ា និង ៨៧.០៥% នៅគែរសុន។ អ្នកចូលរួមក្នុងប្រជាមតិមានលើសពី ៧៥% នៅក្នុងតំបន់នីមួយៗ ហើយសម្រាប់តំបន់ដូណេតស្ក៍វិញមានដល់ប្រមាណ ៩៧% ឯណោះ។ តែយ៉ាងណាមិញ ការបោះឆ្នោតនេះត្រូវបានច្រានចោលដោយសហគមន៍អន្តរជាតិដោយចោតថាជា ប្រជាមតិក្លែងក្លាយ។[១៦៤][១៦៥]
- ៣០ កញ្ញា
- ការកាត់ទឹកដីអ៊ុយក្រែនខាងត្បូង និងកើត៖ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានចុះហត្ថលេខាលើសន្ធិសញ្ញាកាត់យកតំបន់កាន់កាប់ដូចជា ដូណេតស្ក៍ លូហ្កានស្ក៍ គែរសុន និងហ្សាប៉ូរីហ្ស៊ីយ៉ា ចូលទៅក្នុងសហព័ន្ធរុស្ស៊ី។ ការកាត់ទឹកដីនេះត្រូវបានសហគមន៍អន្តរជាតិមើលឃើញថាជាការបំពានច្បាប់អន្តរជាតិ។[១៦៦][១៦៧]
- របបយោធានៅប្រទេសបួគីណាហ្វាសូ ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារដឹកនាំដោយអនុសេនីយ៍អ៊ីប្រាហ៊ីម ត្រាអូរេ ដោយនេះគឺជារដ្ឋប្រហារទីពីរក្នុងឆ្នាំតែមួយនៅប្រទេសបួគីណាហ្វាសូ។[១៦៨]
តុលា
- ១ តុលា
- ការបោះឆ្នោតសភាឡេតូនីឆ្នាំ២០២២ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១០០ ក្នុងសភាសាយម៉ា (Saeima)។[១៦៩]
- ព្រឹត្តិការណ៍រត់ជាន់គ្នាមួយបានកើតឡើងក្នុងអំឡុងពេលការប្រកួតបាល់ទាត់នៅកីឡដ្ឋានកាន់ជូរូហានក្នុងតំបន់ម៉ាឡាំង ជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី ដែលបានសម្លាប់មនុស្សចំនួន ១៣១ នាក់ និងមានអ្នករងរបួសជាង ៥០០ នាក់។[១៧០][១៧១]
- ២ តុលា
- ៦ តុលា – អតីតមន្ត្រីនគរបាលម្នាក់បានបាញ់សម្លាប់មនុស្សចំនួន ៣៥ នាក់ដោយក្នុងនោះមានកុមារចំនួន ២៣ នាក់ ដែលនេះជាការបាញ់ប្រហារដ៏ធំមួយនៅមណ្ឌលថែទាំកុមារក្នុងស្រុកណាក្លាង ប្រទេសថៃ។ ក្រោយមក ខ្មាន់កាំភ្លើងបានធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញរួចក៏បាញ់សម្លាប់សមាជិកគ្រួសារពីរនាក់ និងខ្លួនឯង។ វាជាព្រឹត្តិការណ៍បាញ់ប្រហារដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រថៃ។[១៧៤]
- ៨ តុលា – ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅលើស្ពានគ្រីមៀដែលតភ្ជាប់តំបន់គ្រីមៀ និងប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សចំនួនបីនាក់ និងបណ្តាលឱ្យផ្នែកខ្លះនៃស្ពានត្រូវបាក់រលំ។[១៧៥] ពីរថ្ងៃក្រោយមក រុស្ស៊ីបានបើកការបាញ់ប្រហារមីស៊ីលទៅលើផ្ទៃដីប្រទេសអ៊ុយក្រែន និងរួមទាំងរដ្ឋធានីកៀវផងដែរ។[១៧៦]
- ១៦ តុលា – សមាជជាតិនៃបក្សកុម្មុយនីស្តចិនលើកទី២០ បានបើកធ្វើឡើងនៅទីក្រុងប៉េកាំង។[១៧៧][១៧៨]
- ២៥ តុលា – ចំពេលមានវិបត្តិរដ្ឋាភិបាល លោករីស៊ី ស៊ូណាក់ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសបន្ទាប់ពីលោកស្រីលីហ្ស ត្រាស្សបានលាលែងចេញពីតំណែងនេះក្រោយកាន់អំណាចបានត្រឹមតែ ៤៥ ថ្ងៃ។[១៧៩]
- ២៨ តុលា
- លោកអ៊ីឡន ម៉ាសក៍បានសម្រេចទិញបណ្ដាញសង្គមធ្វិតថឺរក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ។[១៨០]
- មហាសេដ្ឋីរ៉ែពេជ្រមួយរូបគឺលោកសាម ម៉ាតេកានេបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសឡឺសូតូ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលថ្ងៃទី៧ ខែតុលា។[១៨១]
- ២៩ តុលា
- មនុស្សយ៉ាងតិចចំនួន ១៥៦ នាក់បានស្លាប់ និងរបួស ១៥២ នាក់ផ្សេងទៀតនៅក្នុងហេតុការណ៍រត់ជាន់គ្នានាអំឡុងពិធីបុណ្យហាឡូវីនក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។[១៨២]
- ការវាយប្រហារភេរវកម្មដោយក្រុមអាល់ឆាបាបនៅទីក្រុងម៉ូកាឌីស៊ូ ប្រទេសសូម៉ាលី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០ នាក់ និងរបួសប្រហែល ៣០០ នាក់។[១៨៣]
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយដ្រូនសឹករបស់អ៊ុយក្រែនមកលើកងនាវាសមុទ្រខ្មៅរបស់ខ្លួន ប្រទេសរុស្ស៊ីបានប្រកាសផ្អាកកិច្ចព្រមព្រៀងលើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដែលនាំឱ្យតម្លៃស្បៀងអាហារពិភពលោកកាន់តែធ្លាក់ចុះបន្ថែម។[១៨៤]
- ៣០ តុលា
- ការបោះឆ្នោតសកលប្រេស៊ីលឆ្នាំ២០២២៖ លោកល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ាបានផ្តួលប្រធានាធិបតីកាន់អំណាច លោកស៊ែរ បុលសូណារ៉ូនៅក្នុងការបោះឆ្នោតបន្ទាប់បន្សំ បន្ទាប់ពីបេក្ខជនទាំងពីរមិនបានទទួលសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជុំទីមួយ។[១៨៥]
- ការបាក់ស្ពានយោលនៅរដ្ឋគូចារ៉ាត់ ប្រទេសឥណ្ឌា បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៤១ នាក់បាត់បង់ជីវិត។[១៨៦]
វិច្ឆិកា
- ១ វិច្ឆិកា – ការបោះឆ្នោតនីតិបញ្ញត្តិអ៊ីស្រាអែលឆ្នាំ២០២២៖ ប្លុកនៃក្រុមសស្តាំនិយម និងគណបក្សនយោបាយស្តាំនិយមជ្រុលក្រោមការដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោកប៊ីនយ៉ាមីន ណេតាញ៉ាហ៊ូ បានទទួលសំឡេងភាគច្រើនចំនួន ៦៤ ដែលអាចធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាលើកទីបី។[១៨៧][១៨៨]
- ៦–១៨ វិច្ឆិកា – សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២២ (COP27) បានប្រព្រឹត្តទៅនៅទីក្រុងស្យាមអែល-ស្យីគ ប្រទេសអេហ្ស៊ីប។[១៨៩]
- ១១ វិច្ឆិកា – ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ កងកម្លាំងអ៊ុយក្រែនបានវាយដណ្តើមយកទីក្រុងខឺសុនបានមកវិញ ដែលជាទីក្រុងសំខាន់តែមួយគត់ដែលត្រូវបានរុស្ស៊ីដណ្តើមកាន់កាប់តាំងពីសង្គ្រាមចាប់ផ្តើមមក។[១៩០]
- ១៥ វិច្ឆិកា
- ចំនួនប្រជាជនពិភពលោកបានកើនឡើងដល់ ៨ ពាន់លាននាក់។[១៩១]
- កិច្ចប្រជុំក្រុមម្ភៃ (G20) បានធ្វើឡើងនៅខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី។[១៩២]
- ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៖ ជនស៊ីវិលចំនួនពីរនាក់បានបាត់បង់ជីវិត នៅពេលដែលមីស៊ីលមួយគ្រាប់បានផ្ទុះនៅលើទឹកដីប្រទេសប៉ូឡូញ ក្បែរភូមិព្សេវ៉ូឌូ ជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ ដោយដំបូងគេជឿថាជាមីស៊ីលរបស់រុស្ស៊ី ការស៊ើបអង្កេតបន្តបន្ទាប់បានកំណត់ថាមីស៊ីលមានដើមកំណើតអ៊ុយក្រែន។[១៩៣]
- ១៦ វិច្ឆិកា – អង្គការណាសាបានធ្វើតែស្តបាញ់បង្ហោះរ៉ុក្កែតប្រព័ន្ធបាញ់បង្ហោះអវកាស (SLS) ដែលជាយានគ្មានមនុស្សបើកលើកដំបូង និងជាគ្រាប់រ៉ុក្កែតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ យានអូរ៉ៃអន (Orion) នៅក្នុងរ៉ុក្កែតនោះនឹងធ្វើដំណើរគោចរជុំវិញព្រះច័ន្ទមុនពេលហោះប្រឡប់មកភពផែនដីវិញ។[១៩៤][១៩៥]
- ១៩ វិច្ឆិកា – ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រទេសម៉ាឡេស៊ីដែលការបោះឆ្នោតសកលឆ្នាំ២០២២ លើកនេះមិនមានគណបក្សនយោបាយណាមួយអាចទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលបាន។ មេដឹកនាំបក្សប្រឆាំងជើងចាស់ឈ្មោះ អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រាំថ្ងៃក្រោយមកដើម្បីបិទបញ្ចប់វិបត្តិនយោបាយក្នុងប្រទេស។[១៩៦]
- ២០ វិច្ឆិកា – ១៨ ធ្នូ – ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ បានប្រព្រឹត្តិដំណើរការឡើងនៅប្រទេសកាតា។[១៩៧]
- ២០ វិច្ឆិកា – ការបោះឆ្នោតសកលនេប៉ាល់ឆ្នាំ២០២២៖ គណបក្សសមាជនេប៉ាល់ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីស្ស៊ែរ បាហាឌួ ឌូបាបានលេចឡើងជាគណបក្សនយោបាយដែលកាន់កាប់អាសនៈច្រើនជាងគេសរុបចំនួន ៨៩ ក៏ប៉ុន្តែប្លុកដឹកនាំគឺខ្វះត្រឹមពីរអាសនៈប៉ុណ្ណោះដើម្បីបង្កើតចេញជារដ្ឋាភិបាលមួយបាន ដូច្នេះរដ្ឋាភិបាលចម្រុះអាចនឹងត្រូវបង្កើតឡើង។[១៩៨][១៩៩]
ធ្នូ
- ៧ ធ្នូ
- សមាជប្រទេសប៉េរូបានដកប្រធានាធិបតីលោកប៉េដ្រូ កាស្ទីលយ៉ូចេញពីតំណែង ហើយចាប់ឃុំឃាំងរូបលោកបន្ទាប់ពីដឹងឮថាប៉េដ្រូមានបំណងធ្វើរដ្ឋប្រហារតាមរយៈការរំលាយសមាជចោល អនុប្រធានាធិបតីឌីណា បូលូអាតេបានឡើងជំនួសជាប្រធានាធិបតីថ្មី។[២០០]
- បន្ទាប់ពីមានការតវ៉ាឥតឈប់ឈរប្រឆាំងនឹងគោលនយោបាយសូន្យកូវីដពីសំណាក់ប្រជាពលរដ្ឋ រដ្ឋាភិបាលចិនក៏បានបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដនៅក្នុងប្រទេស។[២០១][២០២]
- ១៧ ធ្នូ – លីអូ វ៉ារ៉ាដការបានឡើងស្នងតំណែងលោក ម៉ៃឃើល ម៉ាទីន ជានាយករដ្ឋមន្ត្រីអៀរឡង់ ដូចដែលបានយល់ព្រមនឹងគ្នាកាលពីឆ្នាំ២០២០។[២០៣]
- ១៩ ធ្នូ – នៅក្នុងសន្និសីទស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិ (COP15) មានប្រទេសជិត ២០០ បានយល់ព្រមលើកិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីការពារធម្មជាតិមួយភាគបីនៃភពផែនដីនៅឆ្នាំ២០៣០។[២០៤]
- ២១–២៦ ធ្នូ – ព្យុះទឹកកកដ៏ធំបានលេចចេញវត្តមាននៅភាគខាងជើងសហរដ្ឋអាមេរិក និងភាគខាងត្បូងប្រទេសកាណាដាដោយបានសម្លាប់មនុស្សយ៉ាងតិច ៩១ នាក់។ ព្យុះនេះក៏បានរំខានដល់ចរាចរណ៍ផ្លូវអាកាសនៅអាមេរិកខាងជើងផងដែរ។[២០៥][២០៦]
- ២៤ ធ្នូ – ការបោះឆ្នោតសកលហ្វីជីឆ្នាំ២០២២៖ សភាតំណាងរាស្ត្រនៃប្រទេសហ្វីជីបានជ្រើសតាំងលោកស៊ីទីវេនី រ៉ាប៊ូកាជានាយករដ្ឋមន្ត្រី ដោយបានផ្តួលអតីតនាយករដ្ឋមន្ត្រី ហ្វ្រែង ប៉ៃនីម៉ារ៉ាម៉ា នៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ។[២០៧]
Remove ads
ថ្ងៃមរណភាព
មករា
- ៣ មករា – ចឹង មីន (郑敏, Zheng Min) កវីចិន (កើត ១៨ កក្កដា ឆ្នាំ ១៩២០)[២០៨]
- ៦ មករា – ស៊ីដនី ផយធៀរ (Sidney Poitier) តារាសម្តែងអាមេរិក-បាហាម៉ា (កើត ២០ កុម្ភៈ ឆ្នាំ ១៩២៧)[២០៩]
- ១៤ មករា – រីកាដូ បូហ្វីល (Ricardo Bofill) ស្ថាបត្យករអេស្ប៉ាញ (កើត ៥ ធ្នូ ឆ្នាំ ១៩៣៩)[២១០]
- ១៨ មករា – ហ្វ្រានស៊ីស្កូ "ប៉ាកូ" ហ្គេនតូ ឡូប៉េស (Francisco "Paco" Gento López) កីឡាករបាល់ទាត់អេស្ប៉ាញ និងជាអ្នកគ្រប់គ្រង (កើត ២១ តុលា ឆ្នាំ ១៩៣៣)[២១១]
- ១៩ មករា – ហ្គាសប៉ាដ៍ អ៊ូលៀល (Gaspard Ulliel) តារាសម្តែងបារាំង (កើត ២៥ វិច្ឆិកា ឆ្នាំ ១៩៨៤)[២១២]
- ២០ មករា – មីត ឡូហ្វ (Meat Loaf) អ្នកចម្រៀង និងតារាសម្តែងអាមេរិក (កើត ២៧ កញ្ញា ឆ្នាំ ១៩៤៧)[២១៣]
- ២២ មករា – ធីក ញើតហាញ់/ធីច ញ៉ាតហាញ់ (Thích Nhất Hạnh) ព្រះភិក្សុវៀតណាម (កើត ១១ តុលា ឆ្នាំ ១៩២៦)[២១៤]
កុម្ភៈ
- ៣ កុម្ភៈ – អាប៊ូ អ៊ីបរ៉ាហ៊ីម អាល់ហាស៊ីមី អាល់គូរ៉ាស៊ី (أبو إبراهيم الهاشمي القرشي, Abu Ibrahim al-Hashimi al-Qurashi) មេដឹកនាំរដ្ឋឥស្លាមអ៊ីរ៉ាក់និងឡេវ៉ាន (កើត ១ ឬ ៥ តុលា ឆ្នាំ ១៩៧៦)
- ៦ កុម្ភៈ – ឡាតា ម៉ាងហ្គេស្ការ (Lata Mangeshkar, លតា មង្គេសករ) អ្នកចម្រៀងឥណ្ឌា (កើត ២៨ កញ្ញា ឆ្នាំ ១៩២៩)
មីនា
មេសា
ឧសភា
- ១៣ ឧសភា – ខាលីហ្វា ប៊ីន ហ្សាយ៉េដ អាល់ណាហ៍យ៉ាន (خليفة بن زايد بن سلطان آل نهيان, Khalifa bin Zayed Al Nahyan) ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (កើត ៧ កញ្ញា ឆ្នាំ ១៩៤៨)[២២០]
- ១៧ ឧសភា – វ៉ែនជេលីស (Βαγγέλης, Vangelis) អ្នកនិពន្ធចម្រៀងនិងតន្ត្រីករក្រិក (កើត ២៩ មីនា ឆ្នាំ ១៩៤៣)[២២១]
- ២០ ឧសភា – ប៊ូហ្សារ នីសានី (Bujar Nishani) ប្រធានាធិបតីអាល់បានីទី៧ (កើត ២៩ កញ្ញា ឆ្នាំ ១៩៦៦)[២២២]
មិថុនា
- ៧ មិថុនា – ខាល ឌុកនៃវឺតថិមប៊ឺក (Carl, Duke of Württemberg) (ប្រសូត ១ សីហា ឆ្នាំ ១៨៣៦)
កក្កដា
- ៨ កក្កដា
- ស៊ីនហ្សូ អាបេ (安倍 晋三, Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុនទី ៥៧ (កើត ២១ កញ្ញា ឆ្នាំ ១៩៥៤)[២២៣]
- ហ្ស៊ូសែ អេឌួរឌូ ឌូស សង់ទូស (José Eduardo dos Santos) ប្រធានាធិបតីអង់ហ្គោឡាទី ២ (កើត ២៨ សីហា ឆ្នាំ ១៩៤២)[២២៤]
- លុយស៍ អេឆេបេរីអា (Luis Echeverría) ប្រធានាធិបតីម៉ិកស៊ិកទី ៥៧ (កើត ១៧ មករា ឆ្នាំ ១៩២២)[២២៥]
- ១៨ កក្កដា – ខ្លែស អូលដិនប៊ឺក (Claes Oldenburg) ជាងចម្លាក់អាមេរិកាំង–ស៊ុយអែត (កើត ២៨ មករា ឆ្នាំ ១៩២៩)[២២៦]
- ៣១ កក្កដា
- ហ្វីដេល រ៉ាមូស (Fidel V. Ramos) ប្រធានាធិបតីហ្វីលីពីនទី១២ (កើត ១៨ មីនា ឆ្នាំ ១៩២៨)[២២៧]
- អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី មេដឹកនាំអាល់កាអេដា (កើត ១៩ មិថុនា ឆ្នាំ ១៩៥១)[២២៨]
សីហា
- ៥ សីហា – អ៊ីសសេ មីយ៉ាកិ (三宅 一生, Issey Miyake) អ្នករចនាជប៉ុន (កើត ២២ មេសា ឆ្នាំ ១៩៣៨)[២២៩]
- ៨ សីហា – អូលីវៀ ញូវតុន-ចន (Olivia Newton-John) អ្នកចម្រៀងនិងតួសម្ដែងអង់គ្លេស-អូស្ត្រាលី (កើត ២៦ កញ្ញា ឆ្នាំ ១៩៤៨)[២៣០]
- ១១ សីហា – អាន ហេច (Anne Heche) តួសម្ដែងអាមេរិក (កើត ២៥ ឧសភា ឆ្នាំ ១៩៦៩)[២៣១]
- ១២ សីហា – វ៉ូលហ្វ៍ហ្គាំង ប៉ែទ័រសិន (Wolfgang Petersen) អ្នកដឹកនាំអាល្លឺម៉ង់ (កើត ១៤ មីនា ឆ្នាំ ១៩៤១)[២៣២]
- ៣០ សីហា – មីខាអ៊ីល ហ្គ័របាឆូវ (Mikhail Gorbachev) ប្រធានាធិបតីសហភាពសូវៀតទី ១ (កើត ២ មីនា ឆ្នាំ ១៩៣១)[២៣៣]
កញ្ញា

- ៨ កញ្ញា – សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២ នៃសហរាជាណាចក្រ (ប្រសូត ២១ មេសា ឆ្នាំ ១៩២៦)[២៣៤]
តុលា
- ២៤ តុលា – អាស ការទ័រ (Ash Carter) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក (កើត ២៤ កញ្ញា ឆ្នាំ ១៩៥៤)
វិច្ឆិកា
- ៣០ វិច្ឆិកា – ជាំង ហ្សឺមីន (江泽民) អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន (កើត ១៧ សីហា ឆ្នាំ ១៩២៦)[២៣៥]
ធ្នូ
- ២៩ ធ្នូ –
- ៣១ ធ្នូ – បេណេឌីកទី១៦ (ប្រសូត ១៦ មេសា ឆ្នាំ ១៩២៧)[២៣៨]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads