ឆ្នាំ ២០២៥

From Wikipedia, the free encyclopedia

Remove ads

គ.ស. ២០២៥ ត្រូវ​នឹង ព.ស. ២៥៦៩ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃពុធ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២៥ នៃសកលសករាជ និងគ្រិស្តសករាជ

ព័ត៌មានសង្ខេប
ព័ត៌មានសង្ខេប ឆ្នាំ ២០២៤ ក្នុង​ប្រតិទិន​ផ្សេងៗ ...

នៅក្នុងឆ្នាំនេះ ជម្លោះប្រដាប់អាវុធធំៗកាលពីឆ្នាំមុនៗនៅបន្តកើតមានដដែរដូចជា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈឯសង្គ្រាមស៊ីវិលស៊ូដង់ និងសង្គ្រាមហ្កាហ្សាវិញបានវិវត្តកាន់តែធ្ងន់ធ្ងរ ពោលគឺកំពុងតែឆ្លងកាត់គ្រោះទុរ្ភិក្ស និងវិបត្តិមនុស្សធម៌។ វិបត្តិផ្ទៃក្នុងនៅតាមប្រទេសមួយចំនួនកាលពីឆ្នាំមុនៗបានបន្តឆ្លងចូលក្នុងឆ្នាំនេះដូចជា វិបត្តិនៅប្រទេសកូរ៉េខាងត្បូង ចចជី បង់ក្លាដែស បារាំង សូម៉ាលី ហៃទី អាមេនី អាល្លឺម៉ង់ និងអេក្វាឌ័រ។ ជម្លោះ​ខ្លីៗ​មួយចំនួន​ក៏បានកើត​មានឡើងដែរនៅ​កំឡុង​ពាក់កណ្តាល​នៃឆ្នាំនេះរួមមាន៖ ជម្លោះឥណ្ឌា–ប៉ាគីស្ថាន​ក្នុង​ខែ​ឧសភា ជម្លោះអ៊ីរ៉ង់–អ៊ីស្រាអែល​ក្នុង​ខែមិថុនា និងជម្លោះ​កម្ពុជា–ថៃ​នៅក្នុង​ខែកក្កដា ដែលជម្លោះចុងក្រោយនេះបានរុញច្រានប្រទេសថៃឱ្យធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ។

ចំពោះវិស័យសេដ្ឋកិច្ចនិងធុរកិច្ចវិញ ការវិលត្រឡប់របស់លោកដូណាល់ ត្រាំក្នុងនាមជាប្រធានាធិបតីអាមេរិកបាននាំឱ្យអាមេរិកផ្លាស់ប្ដូរគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់ខ្លួន ដោយក្នុងនោះ អាមេរិកបានយកពន្ធនាំចូលក្នុងអត្រាខ្ពស់ពីបណ្ដាប្រទេសនានានៅលើពិភពលោក ហើយលើសពីនេះទៀតនោះ លោកត្រាំថែមទាំងបានអុជបញ្ឆេះសង្គ្រាមពាណិជ្ជកម្មចិន–សហរដ្ឋអាមេរិកឱ្យរុលឡើងវិញទៀតផង ដែលជាហេតុបង្កឱ្យពាណិជ្ជកម្មសកលលោករង្គោះរង្គើក្រឡាប់ចាក់។ ចំពោះវិស័យបច្ចេកវិជ្ជាក៏បានទទួលរងនូវការរង្គោះរង្គើដូចគ្នា ជាពិសេសបន្ទាប់ពីការដាក់ចេញឱ្យប្រើប្រាស់នូវ DeepSeek ដែលជា "chatbot" បញ្ញាសិប្បនិម្មិតរបស់ចិន និងកំពុងតែប្រកួតប្រជែងជាមួយ ឆាតជីភីធី (ChatGPT)។ នៅក្នុងវិស័យអាកាសចរណ៍និងអវកាសវេហាក្នុងឆ្នាំនេះវិញ គេបានសង្កេតឃើញមានគ្រោះថ្នាក់មួយចំនួនកើតឡើងដូចជានៅពេលដែលយន្តហោះអាកាសចរណ៍ឥណ្ឌាលេខ ១៧១ បានធ្លាក់នៅទីក្រុងអះមេដាបាដនៃប្រទេសឥណ្ឌា។ ផ្ទុយមកវិញ ដំណើររុករកអវកាសបានបោះជំហានបានមួយកម្រិតទៀត ដោយក្នុងនោះគេបានបង្ហោះយានអវកាសដំបូងគេទៅគោចរជុំវិញប៉ូលផែនដី ក៏ដូចជាការចុះចតយានអវកាសលើឋានព្រះច័ន្ទដោយក្រុមហ៊ុនឯកជនដោយជោគជ័យ

Remove ads

មេដឹកនាំកម្ពុជា

ព្រឹត្តិការណ៍សំខាន់ៗ

មករា

  • ១ មករា
    • ប្រទេសប៉ូឡូញបានឡើងជាប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប បន្តពីប្រទេសហុងគ្រី[]
    • ប្រទេសប៊ុលហ្ការី និងរូម៉ានីបានបញ្ចប់​ដំណើរ​ការចូលជាសមាជិកនៃ​តំបន់ស្សិនគែន ដោយ​នាំឱ្យដំណើរឆ្លងព្រំ​ដែន​រវាងប្រទេសទាំងពីរមានភាពងាយស្រួលជាងមុន។[]
    • លិចតិនស្តាញបានក្លាយ​ជា​ប្រទេស​ទី ៣៧ ដែល​អនុញ្ញាត​ឱ្យ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នាមានភាព​ស្រប​ច្បាប់។[]
    • ប្រទេសអ៊ុយក្រែនបាន​ផ្អាកលំហូរនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី​ឆ្លងកាត់​ប្រទេសខ្លួន បន្ទាប់ពី​កិច្ចព្រមព្រៀងឧស្ម័ន​រយៈពេល​ប្រាំ​ឆ្នាំរវាងប្រទេសទាំងពីរបាន​ផុតកំណត់។[] ក្រៅពីនេះ អ៊ុយក្រែនក៏បានក្លាយជារដ្ឋសមាជិកផ្លូវការនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។[]
    • រថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្ស មុនពេលតៃកុងរថយន្តនោះបានចុះចេញក្រៅរថយន្តខ្លួនរួចលើកកាំភ្លើងបាញ់រះបន្ត ធ្វើឱ្យមនុស្សចំនួន ១៥ នាក់បានបាត់បង់ជីវិត និង ៣៥ នាក់ទៀតបានរងរបួសនៅទីក្រុងញូវអ័រលិនស៍ រដ្ឋល្វីស៊ីយ៉ាណា សហរដ្ឋអាមេរិក[]
    • មនុស្ស​ចំនួន ១២ ​នាក់​បាន​បាត់បង់ជីវិត និងបួននាក់​ទៀតបាន​រង​របួស​ក្នុងឧប្បត្តិហេតុបាញ់​រះនៅ​ក្រុងសេធីនញ៉ា ប្រទេស​ម៉ុងតេណេគ្រោ[]
  • ៤ មករា – អធិការបតីនៃប្រទេសអូទ្រីស លោកកាល់ នីហាំម៉ើបានប្រកាសលាលែងពីតំណែង។[]
  • ៦ មករា
    • លោកចាស្ទីន ទ្រូដូបានប្រកាសថានឹងលាឈប់ពីតំណែងជាប្រធានគណបក្សសេរីនិយម និងជានាយករដ្ឋមន្ត្រីប្រទេសកាណាដា ក្រោយពីលោកបានកាន់អំណាចអស់រយៈពេលជាង ៩ ឆ្នាំកន្លងមក។[]
    • ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាសមាជិកទីដប់នៃអង្គការប្រ៊ីក្ស[១០]
  • ៧ មករា
    • គ្រោះរញ្ជួយដីកម្រិត ៧.១ វ៉ិចទ័របានឡើងអង្រួនតំបន់ស្វយ័តទីបេ ភាគនិរតីនៃប្រទេសចិន ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ១២៦ នាក់ ខណៈមនុស្សប្រមាណ ៣៣៨ នាក់ផ្សេងទៀតបានទទួលរងរបួស។[១១][១២]
    • តំបន់ទីក្រុងឡូស​អាន់​ជ័រ​លេសត្រូវប្រឈមនឹងភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយជាន់សង្កត់ដោយខ្យល់បក់កន្ត្រាក់ខ្លាំងៗលាយឡំនឹងគ្រោះរាំងស្ងួត បាននាំឱ្យវាក្លាយជាគ្រោះអគ្គីភ័យដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រតំបន់។ សំណង់រាប់ពាន់ត្រូវបានឆេះខ្ទេចខ្ទាំ រួមទាំងមួយភាគធំនៃមហាវិថីសាន់ស៊ែត (Sunset)។ មនុស្សចំនួន ២៩ នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និងមនុស្សប្រមាណ ១៨០,០០០ នាក់ត្រូវបានអាជ្ញាធរចាត់ជម្លៀសចេញពីគេហដ្ឋាន ខណៈភ្លើងបានបន្តឆាបឆេះរហូតដល់ថ្ងៃទី៣១ មករា។[១៣][១៤]
  • ៨ មករា – ខ្មាន់កាំភ្លើងចំនួន ១៨ នាក់​ និងទាហានម្នាក់បានបាត់បង់ជីវិតក្រោយផ្ទុះអាវុធបាញ់ប្រហារគ្នានៅឯវិមានប្រធានាធិបតីក្នុងរដ្ឋធានីអ៊ិនចាមេណា ប្រទេសឆាដ[១៥]
  • ៩ មករា – លោកនាយឧត្តមសេនីយ៍ចូសែហ្វ អោនត្រូវបានសភាលីបង់បោះឆ្នោតជ្រើសរើសជាប្រធានាធិបតីផ្លូវការនៃប្រទេសលីបង់ ដោយបិទបញ្ចប់សម័យកាលដែលគ្មានប្រធានាធិបតីអចិន្ត្រៃយ៍ចំនួនពីរឆ្នាំ។[១៦]
  • ១០​ មករា
    • ប្រធានាធិបតីកំពុងកាន់អំណាចនៅប្រទេសវេណេស៊ុយអេឡាគឺលោកនីកូឡាស់ ម៉ាឌូរ៉ូបានស្បថចូលកាន់អំណាចក្នុងអាណត្តិទីបីរបស់លោក ថ្វីបើកំពុងប្រឈមនឹងបាតុកម្មមហាជនប្រឆាំងនឹងរូបលោក ពិសេសទាក់ទិននឹងលទ្ធផលបោះឆ្នោតនៃឆ្នាំទៅនេះ។[១៧]
    • សេវាបម្រែបម្រួលអាកាសធាតុកូពែនីគូសអឺរ៉ុបបានរាយការណ៍ថា ឆ្នាំ ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រាពិភពលោក ហើយជាឆ្នាំប្រតិទិនដំបូងដែលឆ្លងលើសកម្រិតនិមិត្តនៃ ១.៥°C នៃកំណើនកម្ដៅផែនដី[១៨]
  • ១២ មករា – ជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីក្រូអាតបានបិទបញ្ចប់ដោយមានលោកហ្សូរ៉ាន មីឡាណូវិចជាប់ឆ្នោតបន្តអាណត្តិទីពីរក្នុងនាមជាប្រធានាធិបតីក្រូអាត[១៩]
  • ១៥ មករា
    • ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សកយ៉លត្រូវបានគេចាប់ខ្លួនដោយជោគជ័យទាក់ទិននឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែធ្នូឆ្នាំមុន។[២០]
    • សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់អ៊ីស្រាអែល និងហាម៉ាស់​​បានអនុម័តលើបទឈប់បាញ់មួយក្នុងគោលបំណងបញ្ចប់សង្រ្គាម ផ្ដោះប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលជាមួយនឹងអ្នកទោសប៉ាឡេស្ទីន និងបើកផ្លូវឱ្យមានលំហូរជំនួយអន្តរជាតិចូលទីតាំងរងគ្រោះធ្ងន់ធ្ងរ។ វាត្រូវបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។[២១]
  • ១៦ មករា
    • កងទ័ពរំដោះជាតិកូឡុំប៊ីបានបើកការវាយប្រហារប្រដាប់អាវុធនៅក្នុងតំបន់កាតាទូមបូ ប៉ែកឦសានប្រទេសកូឡុំប៊ី។ មនុស្សជាង ១០០ នាក់បានបាត់បង់ជីវិតជាលទ្ធផលនៃការវាយប្រហារនេះ។[២២]
    • ការបោះឆ្នោតសកលវ៉ានូអាទូត្រូវបានប្រព្រឹត្តិធ្វើឡើង។[២៣]
  • ១៨ មករា
    • រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងបានក្រឡាប់ផ្ទុះនៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ាដោយបានសម្លាប់មនុស្សចំនួន ៩៨ នាក់។[២៤]
    • ចៅក្រមកំពូលអ៊ីរ៉ង់ចំនួនពីរនាក់ត្រូវបានខ្មាំងកាំភ្លើងម្នាក់លបធ្វើឃាតកម្មនៅឯតុលាការកំពូលអ៊ីរ៉ង់ក្នុងរដ្ឋធានីតេហេរ៉ង់។​ ខ្មាំងកាំភ្លើងនោះបានបង្ករបួសដល់មនុស្សចំនួនពីរនាក់ផ្សេងទៀតមុនពេលធ្វើអត្តឃាតខ្លួន។[២៥]
  • ២១ មករា – មនុស្សចំនួន ៧៨ នាក់បានបាត់បង់ជីវិតក្នុងគ្រោះអគ្គីភ័យឆាបឆេះសណ្ឋាគារមួយកន្លែងនៅក្នុងរមណីយដ្ឋានស្គីទឹកកកឈ្មោះកាតាល់កាយ៉ានៃប្រទេសតួកគី។[២៦]
  • ២២ មករា – ប្រទេសថៃបានក្លាយជាប្រទេសទី៣៨ និងជាប្រទេសទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល​អនុញ្ញាត​ឱ្យ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នាមានភាព​ស្រប​ច្បាប់។[២៧]
  • ២៣ មករា – លោកមីឈីអាល់ ម៉ាទីនបានជាប់ឆ្នោតបម្រើអាណត្តិទីពីរក្នុងនាមជានាយករដ្ឋមន្ត្រីអៀរឡង់[២៨]
  • ២៤ មករា – ខ្យល់ព្យុះអេអូវីនបានកួចចូលប្រទេសអៀរឡង់ និងចក្រភពអង់គ្លេស។ នៅអៀរឡង់ គេបានវាស់ស្ទង់ឃើញថាល្បឿនខ្យល់ខ្ពស់បំផុតមានប្រមាណ ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលផ្ទះសម្បែងជាងមួយលានខ្នងត្រូវដាច់ប្រព័ន្ធអគ្គិសនី។[២៩][៣០][៣១]
  • ២៦ មករា – ការបោះឆ្នោតប្រធានាធិបតីបេឡារុសត្រូវបានប្រព្រឹត្តិធ្វើឡើង។​ ប្រធានាធិបតីកាន់អំណាច លោកអាឡិចសានដឺ លូកាឆេនកូបានបន្តជាប់ឆ្នោតមួយអាណត្តិបន្ថែមទៀត ដោយលើកនេះលោកបានឈរឈ្មោះជាបេក្ខជនឯករាជ្យផង និងតំណាងឱ្យសម្ព័ន្ធភាពបេឡាយ៉ារូសផង។[៣២]
  • ២៧ មករា – ភាគហ៊ុនបច្ចេកវិទ្យាសកលបានធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីការផ្ទុះឡើងនូវប្រជាប្រិយភាពនៃកម្មវិធីបញ្ញាសិប្បនិម្មិតចិនថ្មីឈ្មោះ ឌីបស៊ីគ (DeepSeek) ហើយវាក៏បានជាប់ឈ្មោះភ្លាមៗជាគូប្រកួតប្រជែងចម្បងនឹង​ ឆាតជីភីធី (ChatGPT) របស់អូផិនអេអាយ (OpenAI)។ ជាលទ្ធផល ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស អ៊ិនវីឌីអា (Nvidia) បានខាតបង់តម្លៃខ្លួនជិត ៦០០ ពាន់លានដុល្លារអាមេរិក ដែលជាការធ្លាក់ចុះតម្លៃដ៏សែនច្រើនបំផុតសម្រាប់ក្រុមហ៊ុនមួយនៅក្នុងប្រវត្តិសាស្រ្តទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក។[៣៣][៣៤]
  • ២៩ មករា
    • យន្តហោះដឹកអ្នកដំណើរមួយគ្រឿងឈ្មោះ American Eagle Flight 5342 ដែលដឹកអ្នកដំណើរចំនួន ៦៤ នាក់បានប៉ះទង្គិចនឹងឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿងទៀតពេលកំពុងចុះចតនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ មនុស្សទាំងអស់នៅលើយានយន្តទាំងពីរត្រូវបានបាត់បង់ជីវិត។[៣៥][៣៦]
    • លោកអាម៉េដ អាល់ឆារ៉ាត្រូវបានតែងតាំងជាប្រធានាធិបតីទី២០ នៃប្រទេសស៊ីរី បន្ទាប់ពីស៊ីរីត្រូវអវត្តមានប្រធានាធិបតីអស់ជាងមួយខែនៅពេលដែលរបបអាសាដបានដួលរលំនៅដើមខែធ្នូនៃឆ្នាំមុន។[៣៧]
  • ៣០ មករា – បន្ទាប់ពីបានអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញហើយ ប្រធានាធិបតីប្រទេសនីការ៉ាក្វា លោកដានីញ៉ែល អ័រតេហ្កា និងលោកស្រីអនុប្រធានាធិបតីរ៉ូសារីយ៉ូ មូរីយ៉ូបានក្លាយខ្លួនជាសហប្រធានាធិបតីដឹកនាំប្រទេសស្មើគ្នា។[៣៨]

កុម្ភៈ

  • ១ កុម្ភៈ – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសតម្លើងពន្ធ ១០% លើគ្រប់ទំនិញដែលនាំចូលពីប្រទេសចិន។[៣៩]
  • ៤ កុម្ភៈ
    • សង្គ្រាមពាណិជ្ជកម្មចិន–សហរដ្ឋអាមេរិក៖ ប្រទេសចិនបានប្រកាសគ្រប់គ្រងទំនិញនាំចេញរបស់ខ្លួនទៅសហរដ្ឋអាមេរិក និងបានតម្លើងពន្ធលើទំនិញនាំចូលមួយចំនួនពីអាមេរិក ជាការសងសឹកចំពោះការដាក់តម្លើងពន្ធលើទំនិញចិនដោយលោកដូណាល់ ត្រាំ។[៤០]
    • មនុស្សយ៉ាងតិចចំនួន ១១ នាក់ (រួមទាំងខ្មាន់កាំភ្លើង) បានស្លាប់បាត់បង់ជីវិត និងប្រមាណ ១៥ នាក់ទៀតបានទទួលរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅសាលារៀនរីប៊ែកស្កា ដែលជាមជ្ឈមណ្ឌលអប់រំនីតិជនក្នុងទីក្រុងអូរេប៊្រូ ប្រទេសស៊ុយអែត ដោយនាំឱ្យវាជាឧប្បត្តិហេតុបាញ់ប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសស៊ុយអែត។[៤១][៤២]
    • ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងតំបន់ដែនជ្រោយហ្កាហ្សាតាមរយៈកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីស្រាអែល ហើយយោធាអាមេរិកនឹងទទួលខុសត្រូវលើការកសាងតំបន់ហ្កាហ្សាឡើងវិញ។[៤៣]
  • ​​ ៩​ កុម្ភៈ
    • ការបោះឆ្នោតសកលអេក្វាឌ័រត្រូវបានប្រព្រឹត្តិធ្វើឡើង។[៤៤] ដោយគ្មាន​បេក្ខភាពប្រធានាធិបតី​ណា​ម្នាក់​អាចដណ្ដើម​សំឡេង​ភាគច្រើនបាន ដូច្នេះការបោះឆ្នោតជុំ​ទី​ពីរ​នឹងរៀបចំប្រព្រឹត្តិទៅ​​នៅ​អំឡុងខែ​មេសាខាងមុខ។[៤៥]
    • ការបោះឆ្នោតសកលលិចតិនស្តាញត្រូវបានប្រព្រឹត្តិធ្វើឡើង ដោយក្នុងនោះ គណបក្សសហភាពមាតុភូមិក្រោមការដឹកនាំរបស់លោកស្រីប៊្រីគីតា ហាស បានបន្តឈរជាគណបក្សធំបំផុតនៅក្នុងសភា។[៤៦]
  • ១០ កុម្ភៈ
    • ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានតម្លើងពន្ធ ២៥% លើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ ដោយគ្មានការលើកលែង។[៤៧]
    • រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរ៉េចង្កូតធ្លាក់ពីលើស្ពានឆ្លងទន្លេឡាសវ៉ាកាសក្នុងទីក្រុងក្វាតេម៉ាឡានៃប្រទេសក្វាតេម៉ាឡាដោយបានសម្លាប់មនុស្សចំនួន ៥៤ នាក់ និងបង្ករបួសធ្ងន់ដល់មនុស្សចំនួន ៩ នាក់ផ្សេងទៀត។[៤៨]
  • ១២ កុម្ភៈ
    • លោកកូងស្តង់ទីណូស តាស៊ូឡាត្រូវបានសភាអេលេនិកឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីនៃប្រទេសក្រិកក្នុងដំណើរការបោះឆ្នោតជុំទីបួន និងចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីក្រិកឆ្នាំ២០២៥[៤៩]
    • លោកក្លោស យូហានីសបានលាឈប់​ពី​តំណែងជាប្រធានាធិបតី​រូម៉ានី ដែល​នាំ​ឱ្យ​លោកក្លាយ​ជា​ប្រធានាធិបតី​ប្រទេសរូម៉ានី​ដំបូង​ដែលចុះពីតំណែងមុនបញ្ចប់អាណត្តិ​នៅសម័យក្រោយ​បដិវត្តន៍[៥០]
  • ១៨​ កុម្ភៈ – លោកវ៉្លាឌីមៀរ ពូទីនបានប្រកាសថាប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានយល់ព្រមស្ដារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ។[៥១] កិច្ចប្រជុំកំពូលរយៈពេលបួនម៉ោងរវាងប្រទេសទាំងពីរត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
  • ១៩ កុម្ភៈ – ប្រទេសក្រូអាតបានបំពេញដំណើរចូលជាសមាជិកនៃតំបន់សេដ្ឋកិច្ចអឺរ៉ុប[៥២]
  • ២៣ កុម្ភៈ – ជាលទ្ធផលនៃវិបត្តិនយោបាយកាលពីចុងឆ្នាំមុននេះ ការបោះឆ្នោតសហព័ន្ធអាល្លឺម៉ង់ក៏បានប្រព្រឹត្តិធ្វើឡើងមុនអាណត្តិបានបញ្ចប់។ បក្សសម្ព័ន្ធស៊ីឌីអ៊ូ/ស៊ីអ៊ែសអ៊ូបានទទួលសំឡេងគាំទ្រច្រើនជាងគេបំផុត ខណៈគណបក្សអាអេហ្វឌីបានទទួលការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្លាយជាគណបក្សធំបំផុតទីពីរ។
  • ២៥ កុម្ភៈ – យន្តហោះដំណឹកយោធាមួយគ្រឿងប្រភេទ Antonov An-26 របស់កងកម្លាំងជើងអាកាសស៊ូដង់បានធ្លាក់នៅតំបន់ប្រជាជនរស់នៅមួយកន្លែងក្បែរមូលដ្ឋានទ័ពអាកាសវ៉ាឌីសេយីដណា។ មនុស្សទាំង ១៧ នាក់នៅលើយន្តហោះបូករួមទាំងមនុស្សចំនួន ២៩ នាក់ទៀតនៅនឹងដីបានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុមួយនេះ។[៥៣]
  • ២៨ កុម្ភៈ – កិច្ចប្រជុំមួយរវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានធ្វើឡើងនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ត្រាំ និងអនុប្រធានាធិបតីអាមេរិកលោកជេឌី វ៉ែនស៍បានរិះគន់ដោយចំហចំពោះមុខលោកហ្សេឡេនស្គីទាក់ទិនជុំវិញការគាំទ្ររបស់អាមេរិកទៅអ៊ុយក្រែន សំណើបញ្ចប់សង្គ្រាម និងអនាគតនៃប្រទេសអ៊ុយក្រែនជារួម។[៥៤]

មីនា

  • ២ មីនា – ជាផ្នែកមួយនៃបេសកកម្មប្លូហ្កូសត៍ ១ ក្រុមហ៊ុនអវកាសហ្វាយអឺហ្វ្លាយ (Firefly) បានក្លាយជាក្រុមហ៊ុនជំនួញពាណិជ្ជកម្មដំបូងដែលបានបញ្ជូនយានចុះចតនៅឋានព្រះច័ន្ទដោយជោគជ័យ និងគ្មានបញ្ហាបច្ចេកទេសអ្វី។[៥៥][៥៦]
  • ៣​ មីនា – រដ្ឋបាលត្រាំបានផ្អាកជំនួយយោធាទៅអ៊ុយក្រែនបន្ទាប់ពីជំនួបដ៏តឹងសសៃករវាងប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គី និងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីសប្តាហ៍មុន។[៥៧]
  • ៨ មីនា – មនុស្សជាង ១,០០០ នាក់រួមទាំងជនស៊ីវិលត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតនៅក្នុងយុទ្ធនាការបង្ក្រាបចលនាបះបោរដោយរដ្ឋាភិបាលស៊ីរីនៅតំបន់អាឡាវី[៥៨][៥៩]
  • ៩​ មីនា – ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សសេរីនិយមកាណាដា៖ អតីតអភិបាលធនាគារនៃកាណាដា លោកម៉ាក ខារនីបានជាប់ឆ្នោតក្លាយជាប្រធានថ្មីនៃគណបក្សសេរីនិយម និងបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដានៅថ្ងៃទី១៤ ខែមីនា។[៦០][៦១]
  • ១១ មីនា
    • អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌុយទែរតេត្រូវបានចាប់ខ្លួននៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនរូបលោកជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ[៦២]
    • ការបោះឆ្នោតសកលក្រូអិនឡង់៖ គណបក្សស្ដាំនិយមគឺបក្សប្រជាធិបតេយ្យបានក្លាយជាគណបក្សធំបំផុតនៅក្នុងសភាដោយឈរពីលើគណបក្សកាន់អំណាចគឺអ៊ីនូអ៊ីតអាតាកាធីជីត[៦៣]
  • ១២​ មីនា – ការបោះឆ្នោតសកលបេលីស៖ បក្សកាន់អំណាចគឺគណបក្សប្រជាជនរួមបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីបន្តកាន់អំណាចមួយអាណត្តិបន្ថែមទៀត។[៦៤]
  • ​​​​​ ១៦​ មីនា
    • អគ្គីភ័យមួយបានឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងកូឆានី ប្រទេសម៉ាសេដ្វានខាងជើង ដោយបានសម្លាប់មនុស្សចំនួន ៥៩ នាក់ និងបង្ករបួសដល់មនុស្សចំនួន ១៥៥​ នាក់ផ្សេងទៀត។[៦៥]
    • លោកឃីត្វ រ៉ូលីបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីទ្រីនីតេ និងតូបាគោក្រោយបានកាន់អំណាចអស់រយៈពេល ៩ ឆ្នាំ​ ហើយត្រូវបានបន្តស្នងតំណែងដោយលោកស្ទូអាត យ៉ាំង[៦៦]
  • ១៩ មីនា – អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែក និងវាយប្រហារជាបន្តបន្ទាប់លើដែនជ្រោយហ្កាហ្សា ដោយបានសម្លាប់មនុស្សប្រមាណ ៥៩១ នាក់រួមទាំងកុមារផង នាំឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមករាកន្លងទៅលែងមានសុពលភាព។[៦៧]
  • ២០ មីនា – លោកស្រីឃឺស្ទ្រី ខូវិនទ្រីត្រូវបានជាប់ឆ្នោតក្លាយជាប្រធានទី១០ និងជាប្រធានស្ត្រី និងអាហ្វ្រិកដំបូងគេនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅក្នុងការបោះឆ្នោតជុំទីមួយនៃសម័យប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៤៤[៦៨]
  • ២១ មីនា
    • ការបោះឆ្នោតសកលគូរ៉ាសៅ៖ គណបក្សកាន់អំណាចគឺចលនាដើម្បីអនាគតគូរ៉ាសៅបានឈ្នះអាសនៈច្រើនលើសលប់ជាងគណបក្សផ្សេងៗទាំងអស់នៅក្នុងសភា។[៦៩]
    • ប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដោយផ្ទៃដីប្រមាណ ៨៧,០០០ ហិចតាត្រូវបានឆេះខូចខាតនៅក្នុងខេត្តក្យុងសាំងខាងត្បូង និងបានសម្លាប់មនុស្សប្រមាណ ២៧​ នាក់។[៧០]
  • ២៨ មីនា – មនុស្សយ៉ាងហោចចំនួន ៥,៤០០ នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ៧,៨០០ នាក់បន្ថែមទៀតបានទទួលរងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៧ វិចទ័រដែលបានផ្ទុះឡើងនៅប្រទេសមីយ៉ាន់ម៉ាដោយបានជះឥទ្ធិពលរំញ័រឆ្លងទៅរហូតដល់ទីក្រុងបាងកកនៃប្រទេសថៃ។[៧១][៧២]
  • ៣១ មីនា – រូបិយវត្ថុថ្មីគឺហ្វ្លូរ៉ង់ការ៉ាអ៊ីបត្រូវបានប្រកាសជារូបិយបណ្ណផ្លូវការនៃប្រទេសគូរ៉ាសៅ និងស៊ីនម៉ារតិន ជំនួសឱ្យហ្វ្លូរ៉ង់អង់ធីល្ស៍ហុល្លង់[៧៣]

មេសា

  • ១ មេសា – ហ្វ្រាំ ២ ដែលត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត SpaceX Falcon 9 បានក្លាយជាយានអវកាសដំបូងគេដែលចូលទៅក្នុងគន្លងបញ្ច្រាសប៉ូល[៧៤] ពោលគឺហើរពីលើប៉ូលផែនដី។[៧៥]
  • ២ មេសា – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសតម្លើងពន្ធពាណិជ្ជកម្មទៅលើប្រទេសជាច្រើន រាប់ចាប់ពីពន្ធមូលដ្ឋាន ១០% ឡើងទៅសម្រាប់ការនាំចូលទាំងអស់ពីប្រទេសទាំងនោះ។[៧៦][៧៧]
  • ៣ មេសា – ប្រទេសហុងគ្រីបានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនយ៉ាមិន នេតាញ៉ាហ៊ូបានធ្វើដំណើរចុះដល់ទីក្រុងប៊ុយដាប៉ែសដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដោយនេះជាសកម្មភាពប្រឆាំងនិងមិនទទួលស្គាល់របស់ហុងគ្រីទៅលើដីកាចាប់ខ្លួនលោកនេតាញ៉ាហូរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម។[៧៨]
  • ៤​ មេសា – ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សកយ៉លត្រូវបានតុលាការធម្មនុញកូរ៉េសម្រេចជាឯកច្ឆ័ន្ទដកលោកចេញពីអំណាចដោយបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោកជាផ្លូវការ។[៧៩]
  • ១២ មេសា – ការបោះឆ្នោតប្រធានាធិបតីកាបុង៖ ប្រធានាធិបតីអន្តរកាល លោកប៊្រីស អូលីហ្គី អ៊ិនហ្គីម៉ាបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីពេញសិទ្ធិមួយអាណត្តិ។ នេះជាការបោះឆ្នោតដំបូងនៅប្រទេសកាបុងបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២៣ និងប្រជាមាតិរដ្ឋធម្មនុញ្ញកាបុងនៅឆ្នាំ២០២៤។[៨០]
  • ១៣ មេសា – ការបោះឆ្នោតសកលអេក្វាឌ័រ៖ លោកដានីយ៉ែល ណូបូអាបានជាប់ឆ្នោតបន្តបម្រើជាប្រធានាធិបតីពេញមួយអាណត្តិទៀត។[៨១]
  • ១៥ មេសា – ទូកដឹកអ្នកដំណើរធ្វើអំពីឈើមួយគ្រឿងបានរងការឆាបឆេះរួចក៏ក្រឡាប់លិចចូលទៅក្នុងទន្លេកុងហ្គោក្បែរក្រុងអឹមបង់ដាកានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយបានសម្លាប់មនុស្សសរុបចំនួន ១៤៨ នាក់។[៨២][៨៣]
  • ១៧ មេសា – ពិភពសមុទ្រមួយឈ្មោះ K2-18b ដែលមានរយៈចម្ងាយ ១២៤ ឆ្នាំពន្លឺនៃភពផែនដី ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថាមានផ្ទុកសមាសធាតុឌីមេទីលស៊ុលភីត និងឌីមេទីលឌីស៊ុលភីតនៅក្នុងបរិយាកាសរបស់វា ដែលសមាសធាតុពីរនេះក៏មានវត្តមានដូចគ្នានៅក្នុងភពផែនដីយើងដែរ និងអាចបង្កបង្កើតឡើងបានដោយភាវៈមានជីវិតតែប៉ុណ្ណោះ។[៨៤][៨៥]
  • ២១ មេសា – ប្រមុខព្រះសហគមន៍កាតូលិកតាំងពីឆ្នាំ​២០១៣ គឺសម្ដេចប៉ាបហ្វ្រង់ស័របានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា។[៨៦]
  • ២២ មេសា – ក្រុមសកម្មប្រយុទ្ធដែលជាប់ពាក់ព័ន្ធនឹងរណសិរ្សតស៊ូបានបើកការបាញ់ប្រហារទៅលើក្រុមភ្ញៀវទេសចរនៅក្នុងជ្រលងបៃសារ៉ាននៃតំបន់​ចាម្មុ និងកាស្មៀរ ប្រទេសឥណ្ឌា ដោយបានផ្ដាច់ជីវិតមនុស្សចំនួន ២៦ នាក់ និងបង្ករបួសដល់មនុស្សចំនួន​ ២០ នាក់ទៀត។[៨៧]
  • ២៦ មេសា
    • ព្រះពិធីបុណ្យសពសម្ដេចប៉ាបហ្វ្រង់ស្វ័រត្រូវបានប្រព្រឹត្តិឡើងនៅឯបុរីវ៉ាទីកង់ដោយមានការចូលរួមពីគណៈប្រតិភូតំណាងមកពី ១៦៤ ប្រទេសដោយនៅក្នុងនោះមានប្រមុខដឹកនាំមកពីប្រទេសចំនួន ៨២ និងថែមទាំង សមាជិកសាធារណៈចំនួន ២៥០,០០០ នាក់បន្ថែមទៀត។[៨៨][៨៩]
    • កំពង់ផែឆាហីដរ៉ាចៃនៅទីក្រុងបង់ដារអាប់បាសនៃប្រទេសអ៊ីរ៉ង់ត្រូវរងឥទ្ធិពលខ្ទុះខូចខាតយ៉ាងដំណំ ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ៤០ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ១,២០០ នាក់ផ្សេងទៀត។[៩០][៩១]
    • មនុស្សយ៉ាងតិច ១១ នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ២០ នាក់ទៀតបានទទួលរងរបួសនៅក្នុងឧប្បត្តិហេតុមានរថយន្តបុកចូលហ្វូងមនុស្សនៅក្នុងពិធីបុណ្យឡាពូឡាពូនៅទីក្រុងវ៉ាន់ខូវឺ ប្រទេសកាណាដា។[៩២]
  • ២៨ មេសា
    • ការបោះឆ្នោតសហព័ន្ធកាណាដាគណបក្សសេរីនិយមក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកម៉ាក ខារនីបានទទួលសំឡេងគាំទ្រច្រើនជាងគេ បង្កើតបានជារដ្ឋាភិបាលសំឡេងភាគតិច។[៩៣]
    • ការបោះឆ្នោតសកលទ្រីនីតេ និងតូបាគោសមាជជាតិរួមបានកើបសំឡេងគាំទ្របានច្រើនជាងគេដោយឈរនៅពីលើគណបក្សកំពុងកាន់អំណាចគឺចលនាជាតិប្រជាជន[៩៤]
  • ៣០ មេសា – ការបោះឆ្នោតសកលកេម៉ិនត្រូវ​បានប្រព្រឹត្តិធ្វើឡើង។[៩៥]

ឧសភា

  • ៣ ឧសភា
    • ការបោះឆ្នោតសហព័ន្ធអូស្ត្រាលីគណបក្សពលករដែលជាបក្សកាន់អំណាចក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីអាន់តូនី អាល់បានីសបានឈ្នះឆ្នោតមួយអាណត្តិបន្ថែមទៀតបង្កើតបានជារដ្ឋាភិបាលសំឡេងភាគច្រើន។[៩៦][៩៧]
    • ការបោះឆ្នោតសកលសិង្ហបុរីគណបក្សសកម្មភាពប្រជាជនដែលជាបក្សកាន់អំណាចក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីឡរ៉ែនស៍ វ័ងបានឈ្នះសំឡេងគាំទ្រភ្លូកទឹកភ្លូកដីបន្តដឹកនាំមួយអាណត្តិទៀត។[៩៨]
  • ៦ ឧសភា
    • ការបោះឆ្នោតសហព័ន្ធអាល្លឺម៉ង់៖ លោកហ្វ្រីឌ្រិច មែក្សបានជាប់ឆ្នោតក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មីនៅក្នុងជុំទីពីរនៃការបោះឆ្នោតដោយសភា។[៩៩][១០០]
    • ជម្លោះឥណ្ឌា–ប៉ាគីស្ថាន៖ ប្រទេសឥណ្ឌាបានបើកបាញ់មីស៊ីលជាច្រើនគ្រាប់ចូលក្នុងទឹកដីប៉ាគីស្ថានដែលជាការឆ្លើយតបនឹងការបើកបាញ់ប្រហារលើភ្ញៀវទេសចរឥណ្ឌាដោយក្រុមភេវរករប៉ាគីស្ថាននៅតំបន់កាស្មៀរកាលពីពីរសប្តាហ៍មុន។[១០១]
  • ៧–៨ ឧសភា – បោះឆ្នោតជ្រើសរើសសម្តេចប៉ាប៖ គណៈមន្ត្រីការឌីណាល់ចំនួន ១៣៣ រូបបានរួមគ្នាបោះឆ្នោតជ្រើសរើសព្រះឧត្តមរ៉ូបឺត ហ្វ្រានស៊ីស ប្រេវ៉ូស្តជាអ្នកស្នងបន្តពីអតីតសម្ដេចប៉ាបហ្វ្រង់ស្វ័រ។ ព្រះអង្គបានទទួលព្រះនាមថា សម្ដេចប៉ាបលីអុងទី១៤ និងត្រួវជាសម្ដេចប៉ាបដំបូងគេមកពីទ្វីបអាមេរិកខាងជើង មានដំណើមពីសហរដ្ឋអាមេរិក និងមានសញ្ជាតិប៉េរូ។[១០២]
  • ១១ ឧសភា – ការបោះឆ្នោតសភាអាល់បានី៖ គណបក្សកំពុងកាន់អំណាចគឺគណបក្សសង្គមនិយមក្រោមការដឹកនាំរបស់លោកអែដវីន រ៉ាម៉ាបានជាប់ឆ្នោតបន្តកាន់អំណាចមួយអាណត្តិទៀត។[១០៣]
  • ១២​ ឧសភា – ការបោះឆ្នោតសកលហ្វីលីពីនត្រូវបានប្រព្រឹត្តិធ្វើឡើង។[១០៤]
  • ១៣–១៧ ឧសភា – កម្មវិធីប្រឡងចម្រៀងយូរ៉ូវីស្យិនឆ្នាំ២០២៥ ត្រូវបាន​ប្រារព្ធធ្វើឡើងនៅទីក្រុងបាសែល ប្រទេសស្វីស។ បេក្ខជនមកពីប្រទេសអូទ្រីសឈ្មោះជេជេបានឈ្នះកម្មវិធីឆ្នាំនេះជាមួយនឹងបទចម្រៀងចំណងជើងថា "Wasted Love"។[១០៥]
  • ១៨​ ឧសភា
    • ការបោះឆ្នោតនីតិប្បញ្ញត្តិព័រទុយហ្កាល់៖ បក្សកាន់អំណាចគឺគណបក្សសង្គមប្រជាធិបតេយ្យក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីលោកល្វីស ម៉ុងតេណេគ្រោបានដណ្ដើមឈ្នះអាសនៈមួយភាគធំ ប៉ុន្តែមិនគ្រប់គ្រាន់បានអាសនៈភាគច្រើននោះទេ។[១០៦]
    • ការបោះឆ្នោតប្រធានាធិបតីរូម៉ានី៖ បន្ទាប់ពីលទ្ធផលបោះឆ្នោតឆ្នាំទៅត្រូវបានលុបចោល អភិបាលក្រុងប៊ុយការែសគឺលោកនីកូស៊ួរ ដាន់បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីនៅក្នុងជុំទីពីរនៃការបោះឆ្នោតលើកនេះ។[១០៧]
  • ២៥ ឧសភា
    • ការបោះឆ្នោតសកលស៊ូរីណាមត្រូវបានប្រព្រឹត្តិធ្វើឡើង។[១០៨]
    • ការបោះឆ្នោតសភាវេណេស៊ុយអេឡាត្រូវបានប្រព្រឹត្តិធ្វើឡើង។[១០៩]
  • ៣១ ឧសភា – ចូសែហ្វ-ល្វីស សេរ៉ាណូ ប៉េនធីណាត៍បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាសហអង្គក្សត្រថ្មីនៃប្រទេសអង់ដូរ៉ា និងជាសង្ឃគណៈនៃយួរជែល បន្ទាប់ពីវ៉ាទីកង់បានទទួលស្គាល់ការលាលែងពីតំណែងរបស់អតីតសហអង្គក្សត្រព្រះនាមចូអាន អិនរិក វីហ្វស៍ ស៊ីគីលីយ៉ា[១១០]

មិថុនា

  • ១ មិថុនា – ការបោះឆ្នោតប្រធានាធិបតីប៉ូឡូញ៖ លោកការ៉ូល ណាវរ៉ូស្គីបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសប៉ូឡូញនៅក្នុងការបោះឆ្នោតនៃជុំទីពីរដោយយកឈ្នះលើលោករ៉ាហ្វាល់ ត្ហ្រាស្កូហ្វស្គី[១១១]
  • ៣ មិថុនា
    • ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង៖ លោកលី​ ចែម្ញ៉ុងបានក្លាយប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីយកឈ្នះលើលោកគីម មូនស៊ូ[១១២]
    • បាតុកម្មនៅម៉ុងហ្គោលី៖ លោកលូវសានណាមស្រាញ អូយុនអឺដែនបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីម៉ុងហ្គោលីបន្ទាប់ពីមហាសភារដ្ឋបានបោះឆ្នោតដកទំនុកចិត្តលើរូបលោក។[១១៣]
  • ៦ មិថុនា – បាតុកម្មនៅឡូសអាន់ជ័រលេស៖ បាតុកម្មដ៏ធំមួយបានផ្ទុះឡើងនៅទីក្រុងឡូស​អាន់​ជ័រ​លេសនៃសហរដ្ឋអាមេរិកប្រឆាំងនឹងសកម្មភាពរបស់ភ្ញាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយដែលបានវាយសន្ធប់ចូលទីតាំងជាច្រើននៅក្នុងក្រុងដើម្បីចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់។[១១៤]
  • ១០ មិថុនា – មនុស្សយ៉ាងតិចចំនួន ១០ នាក់ត្រូវបានបាត់បង់ជីវិត និង ១២​​ នាក់ថែមទៀតបានទទួលរងរបួសបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅសាលារៀនមួយកន្លែងក្នុងទីក្រុងក្រាតស៍ ប្រទេសអូទ្រីស[១១៥]
  • ១២ មិថុនា – យន្តហោះអាកាសចរណ៍ឥណ្ឌាលេខ ១៧១ ដែលជាយន្តហោះប្រភេទ Boeing 787 មានគោលដៅធ្វើដំណើរទៅទីក្រុងឡុងដ៍ បានធ្លាក់មកនឹងដី បន្ទាប់ពីបានហោះចេញឡើងបន្តិចពីអាកាសយានដ្ឋានទីក្រុងអះមេដាបាដ ប្រទេសឥណ្ឌា ដោយបានសម្លាប់អ្នកដំណើរចំនួន ២២៩ នាក់ និងយានិកចំនួន ១២ នាក់នៅលើយន្តហោះនោះ ហើយបានបន្តផ្ដាច់ជីវិតមនុស្សចំនួន ២៨ នាក់បន្ថែមទៀតនៅនឹងដី ដោយបន្សល់ទុកអ្នកដំណើរតែម្នាក់គត់នៅរស់រានមានជីវិត។[១១៦][១១៧]
  • ១៣​ មិថុនា – សង្គ្រាមអ៊ីរ៉ង់–អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលបានធ្វើការបាញ់ប្រហារតាមដែនអាកាសសម្រុកទៅកម្ទេចរោងចក្រនុយក្លេអ៊ែរជាច្រើនទីតាំងនៅប្រទេសអ៊ីរ៉ង់ និងបានផ្ដាច់ជីវិតឥស្សរជនសំខាន់ៗមួយចំនួនផងដែរដូចជាអគ្គមេបញ្ជាការកងយោធាអ៊ីរ៉ង់គឺលោកហូសេន​ សាឡាមីជាដើម។ អ៊ីរ៉ង់បានឆ្លើយតបវិញដោយបាញ់ស្រោបមីស៊ីលជាច្រើនគ្រាប់ចូលក្នុងប្រទេសអ៊ីស្រាអែល។[១១៨][១១៩]
  • ១៤​ មិថុនា – ១៣ កក្កដា – ពានរង្វាន់ក្លឹបបាល់ទាត់ពិភពលោកឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងនៅសហរដ្ឋអាមេរិក[១២០]
  • ១៦ – ១៧ មិថុនា – កិច្ចប្រជុំកំពូលក្រុមប្រជាជាតិប្រាំពីរលើកទី៥១ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅស្រុកកាណាណាស្គីសនៃប្រទេសកាណាដា[១២១]
  • ២៣ មិថុនា – ប្រទេសអ៊ីរ៉ង់​បានបាញ់​មីស៊ីលសម្រុកចូលទៅ​ក្នុងមូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​ប្រទេស​កាតា និង​អ៊ីរ៉ាក់ ដើម្បីជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​ទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិកលើ​មូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់កាលពីមួយថ្ងៃមុន។[១២២]
  • ២៤–២៥ មិថុនា – កិច្ចប្រជុំកំពូលណាតូត្រូវបានប្រព្រឹត្តិធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតវេទិកាពិភពលោកក្នុងទីក្រុងឡាអេ ប្រទេសហុល្លង់[១២៣]
  • ២៥ មិថុនា – បេសកកម្មអ័កស្សូម ៤ ត្រូវបានចាប់ដំណើរការឡើងដោយនាំយកអវកាសយានិកចំនួន ៤ នាក់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដោយក្នុងចំណោមអវកាសយានិកបួននាក់នោះមានម្នាក់មកពីប្រទេសប៉ូឡូញ (ស្វាវ៉ូស អ៊ូស្នាញយីស្គី-វីសស្នេហ្វស្គី) និងម្នាក់ទៀតមកពីឥណ្ឌា (ស៊ូបបានស៊ូ សុក្លា) ដែលនាំឱ្យពួកគេទាំងពីរនាក់ក្លាយជាអវកាសយានិកដំបូងមកពីប្រទេសពួកគេរៀងខ្លូនដែលបានឡើងមកទីអវកាសចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។[១២៤][១២៥]
  • ២៧ មិថុនា – សហរដ្ឋអាមេរិកដោយមានការគាំទ្រពីប្រទេសកាតាបានព្រមព្រៀងគ្នាបង្កើតបាននូវសន្ធិសញ្ញាសន្តិភាពកម្រិតបឋមមួយរវាងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរ្វ៉ាន់ដា ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធរវាងភាគីទាំងពីរដែលបានផ្ទុះឡើងកាលពីឆ្នាំ២០២២។[១២៦]

កក្កដា

  • ១ កក្កដា – វិបត្តិនយោបាយថៃឆ្នាំ២០២៥តុលាការធម្មនុញ្ញថៃបានព្យួរតំណែងនាយករដ្ឋមន្ត្រីពែទងធារ ជិនវ័ត្រដោយរង់ចាំការជំនុំជម្រះគ្នាពិចារណាដកតំណែងលោកស្រីនាយករដ្ឋមន្ត្រីជាផ្លូវការ។[១២៧]
  • ៤–៧ កក្កដា – មនុស្សប្រមាណចំនួន ១២១ នាក់បានបាត់បង់ជីវិត និងប្រមាណរាប់សិបនាក់បានបាត់ខ្លួនក្នុងអំឡុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។[១២៨]
  • ១៣​ កក្កដា – ក្រុមសកម្មប្រយុទ្ធឌ្រូស និងបេដួអាងបានផ្ទុះអាវុធប្រឆាំងគ្នាជាច្រើនសារនៅភាគខាងត្បូងប្រទេសស៊ីរី។[១២៩]
  • ១៦ កក្កដា – អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមដែនអាកាសសម្រុកទៅវិមានប្រធានាធិបតីស៊ីរី និងទីស្នាក់ការអគ្គសេនាធិការស៊ីរីក្នុងទីក្រុងដាម៉ាស។[១៣០]
  • ២១ កក្កដា – ឧប្បត្តិហេតុធ្លាក់យន្តហោះចម្បាំងនៅដាក្កា៖ យន្តហោះចម្បាំងប្រភេទ F-៧ BGI ដែលកំពុងហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងអគារនៃមហាវិទ្យាល័យម៉ែលស្តូនក្នុង

ទីក្រុងដាក្កា ដោយបានសម្លាប់មនុស្សចំនួន ១៩ នាក់ រួមទាំងអ្នកបើកបរយន្តហោះនោះផងដែរ។[១៣១]

  • ២៤ កក្កដា
    • យន្តហោះប្រភេទ Antonov An-24 មួយគ្រឿងរបស់ក្រុមហ៊ុនអាំងហ្កាឡាអ៊ែរឡាញស៍បានធ្លាក់នៅជិតទីក្រុងទីនដា ភាគខាងកើតនៃតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។ មនុស្សទាំង ៤៩ នាក់នៅលើយន្តហោះនោះបានបាត់បង់ជីវិត។[១៣២]
    • ប្រទេសកម្ពុជា និងថៃបានផ្ទុះជម្លោះប្រដាប់​អាវុធ​ដាក់គ្នានៅតំបន់​ព្រំដែន​នៃប្រទេសទាំងពីរ។ មនុស្សប្រមាណ ៣៩ នាក់ត្រូវបានបាត់បង់ជីវិត និងជាង ១០០,០០០ នាក់ទៀតត្រូវភៀសសឹក។[១៣៣]
  • ៣០ កក្កដា – ដែនសមុទ្រប៉ែកខាងត្បូងនៃឧបទ្វីបកាំឆាត់កានៃប្រទេសរុស្ស៊ី បានរងនូវគ្រោះរញ្ជួយដីកម្រិត ៨.៨ វិចទ័រ ដែលអាចបង្កឱ្យកើតរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន និងកោះហាវ៉ៃ។[១៣៤]

សីហា

  • ៣ សីហា – នាវាដឹក​ទេសន្តរប្រវេសជនពីទ្វីប​អាហ្វ្រិកបាន​ក្រឡាប់លិច​នៅក្បែរ​ឆ្នេរសមុទ្រនៃប្រទេស​យេម៉ែន ដែលនាំឱ្យមនុស្សប្រមាណ ៦៨ ​នាក់​បាន​បាត់បង់ជីវិត។[១៣៥]
  • ៧–១៧ សីហា – ព្រឹត្តិការណ៍កីឡាពិភពលោកត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងឆឹងទូ ប្រទេសចិន។[១៣៦]
  • ៨ សីហា – ប្រទេសអាមេនី និងអាស៊ែបៃសង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះអរិភាពរយៈពេល ៣៧ ឆ្នាំទាក់ទិននឹងតំបន់ណាហ្គ័រណូ-ការ៉ាបាក់[១៣៧]
  • ១៥ សីហា – កិច្ចប្រជុំកំពូលរុស្ស៊ី–សហរដ្ឋអាមេរិកឆ្នាំ២០២៥៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីននៅរដ្ឋអាឡាស្កា ដើម្បីពិភាក្សាអំពីផែនការដោះស្រាយជម្លោះសង្គ្រាមនៅអ៊ុយក្រែន[១៣៨]
  • ២២ សីហា – ទីក្រុងហ្កាហ្សាត្រូវបានគេទទួលស្គាល់ថាកំពុងជួបគ្រោះទុរ្ភិក្ស បន្ទាប់ពីស្ថាប័ននៃអង្គការសហប្រជាជាតិទទួលបន្ទុកត្រួតពិនិត្យសន្តិសុខស្បៀងអាហារបានតម្លើងចំណាត់ថ្នាក់សន្តិសុខស្បៀងនៅទីក្រុងនេះដល់កម្រិតទីប្រាំ ពោលជាកម្រិតខ្ពស់ និងធ្ងន់ធ្ងរបំផុត។ ស្ថាប័នដដែរបានថ្លែងថា មនុស្សជាង ៥០០,០០០ នាក់គិតត្រឹមបច្ចុប្បន្ននេះកំពុងប្រឈមមុខនឹង "ភាពអត់ឃ្លាន ទុគ្គតភាព និងសេចក្ដីស្លាប់"។[១៣៩]
  • ៣០ សីហា – វិបត្តិនយោបាយថៃតុលាការធម្មនុញ្ញថៃបានសម្រេចដកនាយករដ្ឋមន្ត្រី លោកស្រីពែទងធារ ជិនវ័ត្រចេញពីតំណែង ពីបទប្រព្រឹត្តិខុសក្រមសីលធម៌ ជុំវិញការបែកធ្លាយសំឡេងចរចាទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន[១៤០][១៤១]
  • ៣១ សីហា – ក្បួនព្យុហយាត្រាដើម្បីអូស្ត្រាលីដែលត្រូវជាបាតុកម្មតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍ចូលអូស្ត្រាលី បានប្រព្រឹត្តិធ្វើឡើង។[១៤២]

កញ្ញា

  • ១ កញ្ញា – គ្រោះរញ្ជួយដីកម្រិត ៦.០ វិចទ័របានអង្រួនទឹកដីប៉ែកខាងកើតនៃប្រទេសអាហ្វហ្កានីស្ថាន ដោយបានសម្លាប់មនុស្សប្រមាណ ៨០០ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ២,៨០០ ផ្សេងទៀតនាក់។[១៤៣]
  • ៨ កញ្ញា
    • ការបោះឆ្នោតសភាន័រវែស៖ សម្ព័ន្ធនយោបាយរបស់នាយករដ្ឋមន្ត្រីកាន់អំណាច លោកយូណាស ហ្គារ៍ ស្ទើរ៉េបានបន្ដកាន់កាប់អាសនៈភាគច្រើននៅក្នុងសភា។[១៤៤]
    • វិបត្តិនយោបាយបារាំងរដ្ឋាភិបាលលោកបៃរូបានដួលរលំបន្ទាប់ពីសភាបានបោះឆ្នោតដកទំនុកចិត្តលើនាយករដ្ឋមន្ត្រី។[១៤៥]
    • បាតុកម្មប្រឆាំងរដ្ឋាភិបាលបានផ្ទុះឡើងនៅប្រទេសនេប៉ាល់ បង្កឱ្យមានមនុស្សស្លាប់ចំនួន ២២ នាក់ និងរបួសរាប់រយនាក់ទៀត។ នាយករដ្ឋមន្ត្រីនេប៉ាល់ លោកខណ្ឌប្រាសាទ សម្មាអូលីបានលាឈប់ពីតំណែងនៅថ្ងៃបន្ទាប់ខណៈស្ថានការណ៍កាន់តែតានតឹងឡើង។[១៤៦]
  • ៩​ កញ្ញា
    • សម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបើកដំណើរការឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។[១៤៧]
    • អ៊ីស្រាអែលបានធ្វើការវាយប្រហារលើថ្នាក់ដឹកនាំហាម៉ាស់នៅទីក្រុងដូហា ប្រទេសកាតា ដែលនាំឱ្យវាជាករណីវាយប្រហារដោយអ៊ីស្រាអែលដំបូងមកលើប្រទេសមួយនេះ។[១៤៨]
    • ដ្រូនរុស្ស៊ីជាច្រើនគ្រឿងបានហោះចូលរំលោភដែនអាកាសប្រទេសប៉ូឡូញ កំឡុងពេលរុស្ស៊ីកំពុងធ្វើប្រតិបត្តិការវាយប្រហារអ៊ុយក្រែន។ ដ្រូនរុស្ស៊ីមួយចំនួនត្រូវបានបាញ់កម្ទេចដោយកងកម្លាំងប៉ូឡូញនិងអង្គការណាតូ ដែលនាំឱ្យវាជាករណីរំលោភលើទឹកដីរបស់សមាជិកអង្គការណាតូដំបូង ហើយជាហេតុជំរុញឱ្យប៉ូឡូញចាត់អនុវត្តមាត្រា ៤ របស់ណាតូ[១៤៩]
  • ១១ កញ្ញា – តុលាការសហព័ន្ធកំពូលបានកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីល លោកចាអៀ បុលសូណារ៉ូឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំពីបទចូលប្រឡូកពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារក្ដោបក្ដាប់អំណាចកាលឆ្នាំ២០២២។[១៥០][១៥១]
  • ១២ កញ្ញា – អតីត​ប្រធាន​តុលាការកំពូល លោកស្រីសុសីល ការគីបានចូល​កាន់​តំណែង​ក្នុងនាមជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​នៃប្រទេសនេប៉ាល់​បន្ទាប់​ពី​អតីតនាយករដ្ឋមន្ត្រី​លោកខណ្ឌប្រាសាទ សម្មាអូលីបានលាឈប់ពីតំណែងកាលថ្ងៃទី៨។ [១៥២]ការសម្រេចចិត្តជ្រើសយកលោកស្រីការគីជានាយករដ្ឋមន្ត្រីនេះបានឆក់យកចំណាប់អារម្មណ៍ពីសំណាក់សហគមន៍អន្តរជាតិ ព្រោះថាដំណើរការជ្រើសរើសលោកស្រីត្រូវបានប្រព្រឹត្តិធ្វើឡើងតាមរយៈការស្ទង់មតិនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមឌីស្កដ (Discord)។[១៥៣][១៥៤]
  • ១៦ កញ្ញា
    • ការបោះឆ្នោតសកលម៉ាឡាវីត្រូវបានប្រព្រឹត្តិធ្វើឡើង។[១៥៥]
    • គណៈកម្មាធិការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានរកឃើញថា អ៊ីស្រាអែលបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាពិតមែន។[១៥៦][១៥៧]
  • ២១ កញ្ញា – ចក្រភព​អង់គ្លេស កាណាដា និងអូស្ត្រាលីបាន​ប្រកាស​ទទួលស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋ​អធិបតេយ្យ ខណៈ​បារាំងបានចេញសេចក្ដីប្រកាស​ទទួលស្គាល់ប៉ាឡេស្ទីនដូចគ្នានៅថ្ងៃបន្ទាប់។[១៥៨][១៥៩]
  • ២៨​ កញ្ញា – ការបោះឆ្នោតសភាម៉ុលដាវី៖ គណបក្សកាន់អំណាចទំនោរគាំទ្រអឺរ៉ុបគឺគណបក្សសកម្មភាព និងសាមគ្គីភាពបានយកឈ្នះការបោះឆ្នោត បង្កើតបានជារដ្ឋាភិបាលសំឡេងភាគច្រើន។[១៦០]
  • ៣០ កញ្ញា – គ្រោះរញ្ជួយដីកម្រិត ៦.៩ វិចទ័របានអង្រួនកោះសេប៊ូក្នុងប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យស្លាប់មនុស្សចំនួន ៧៣ នាក់ និងរបួសដល់មនុស្ស ១៩៧ នាក់បន្ថែម។[១៦១]

តុលា

  • ៣ តុលា – ព្រះមហាចៅពញានៃពញារដ្ឋលុចសំបួព្រះបាទអង់រីបានដាក់រាជ្យដោយបន្សល់ទុករាជ្យបល្ល័ង្កឱ្យព្រះបុត្រារបស់ព្រះអង្គសោយរាជ្យគឺ ព្រះបាទហ្គីយ៉ូម[១៦២]
  • ៣–៤ តុលា – ការបោះឆ្នោតសភាឆែក៖ ប្រធានគណបក្សអាណូ និងជាអតីតនាយករដ្ឋមន្ត្រី លោកអានដ្រេជ៍ បាប៊ីសបានឈ្នះអាសនៈបានមួយក្ដាប់ធំ ប៉ុន្តែមិនអាចដណ្ដើមយកអាសនៈភាគច្រើនបាន ខណៈនាយករដ្ឋមន្ត្រីកំពុងកាន់អំណាច លោកពេទ្រ ហ្វីអាឡា និងសម្ព័ន្ធភាពនយោបាយរបស់លោកបានបរាជ័យក្នុងការដណ្ដើមអាសនៈភាគច្រើន។[១៦៣]
  • ៥ តុលា – ការបោះឆ្នោតសភាស៊ីរីត្រូវបានប្រព្រឹត្តិធ្វើឡើង ហើយត្រូវជាការបោះឆ្នោតដំបូងចាប់តាំងពីរបបអាសាដបានដួលរលំ[១៦៤]
Remove ads

ថ្ងៃ​មរណភាព

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads