ឆ្នាំ ២០២៤
From Wikipedia, the free encyclopedia
Remove ads
គ.ស. ២០២៤ ត្រូវនឹង ព.ស. ២៥៦៨ ជាឆ្នាំសកលចាប់ផ្តើមនៅថ្ងៃច័ន្ទ្រ តាមប្រតិទិនគ្រីកូរី ហើយជាឆ្នាំទី ២០២៤ នៃសកលសករាជ និងគ្រិស្តសករាជ។

សម្រាប់ឆ្នាំនេះ គេឃើញថាជម្លោះប្រដាប់អាវុធធំៗនូវតែបន្តជាសកម្មដដែរ ដូចជា៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា សង្រ្គាមនៅស៊ូដង់ និងកុបកម្មឥស្លាមនៅសាអែលជាដើម។ នៅចុងខែកញ្ញាឆ្នាំនេះ សង្គ្រាមសស៊ីវិលស៊ីរីបានបន្តឆាបឆេះក្នុងទ្រង់ទ្រាយធំរហូតនាំឱ្យដួលរលំនៃរបបបាស្សស៊ីរីនៅដើមខែធ្នូ។
ចំពោះសង្រ្គាមអ៊ីស្រាអែល–ហាម៉ាស់វិញ វាបានរីករាលដាលចូលទៅក្នុងប្រទេសជិតខាងមួយចំនួន ពិសេសគឺប្រទេសលីបង់ដែលត្រូវអ៊ីស្រាអែលវាយចូលឈ្លានពាននៅក្នុងអំឡុងខែតុលា។ ការឈ្លានពានមួយនេះបានប្រព្រឹត្តិទៅក្រោយពីកើតមានភាពតានតឹង និងការប៉ះទង្គិចគ្នាអស់ជាច្រើនខែរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបុលឡាដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់នោះ។ នៅប៉ុន្មានខែក្រោយការឈ្លានពាន អ៊ីស្រាអែលបានបង្កើនយុទ្ធសាស្ត្រសង្គ្រាមបន្ថែមដូចជា ការបញ្ជាបំផ្ទុះផ្ទួនៗគ្នានៃឧបករណ៍ផ្ញើសារ និងទាក់ទងរបស់ហេសបុលឡា និងការទម្លាក់គ្រាប់បែកបំផុះទីស្នាក់ការហេសបុលឡា ដែលនាំឱ្យស្លាប់មេដឹកនាំក្រុមមួយនេះឈ្មោះហាសាន់ ណាស្រារ៉ា។[១] មេដឹកនាំផ្នែកនយោបាយនៃក្រុមហាម៉ាស់គឺលោកអ៊ីស្មែល ហានីយ៉េត្រូវបានគេលួចសម្លាប់នៅឯរដ្ឋធានីតេហេរ៉ង់តាំងពីខែកក្កដាមកម៉្លេះ។ ក្រៅពីនេះ វិបត្តិនៅសមុទ្រក្រហមក៏ចាប់ផ្ដើមវិវត្តទៅមុខធ្ងន់ធ្ងរជាងមុន ពិសេសគឺកំណើនសកម្មភាពរបស់ចលនាហ៊ូទី ដែលបានបង្កឱ្យមានការរាំងស្ទះដល់ផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម។
ប្រទេសប្រមាណ ៨០ ដែលមានប្រជាជនសរុបប្រហែល ៤ ពាន់លាននាក់ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ ២០២៤ នេះ[២][៣][៤][៥] ដោយក្នុងនោះរួមមានបណ្ដាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេចំនួនដប់ (បង់ក្លាដែស ប្រេស៊ីល ប៉ាគីស្ថាន រុស្ស៊ី ម៉ិកស៊ិក សហរដ្ឋអាមេរិក ឥណ្ឌា និងឥណ្ឌូណេស៊ី)។[២] សភាអឺរ៉ុបក៏ត្រូវឆ្លងកាត់ការបោះឆ្នោតក្នុងឆ្នាំនេះផងដែរ។[៦]
Remove ads
មេដឹកនាំកម្ពុជា
ព្រឹត្តិការណ៍សំខាន់ៗ
មករា
- ១ មករា
- អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានក្លាយជាសមាជិកប្រ៊ីក្សជាផ្លូវការ។[៧]
- សាធារណរដ្ឋអាតសាក់ ត្រូវបានរំលាយជាផ្លូវការ ខណៈតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ត្រូវបានកាត់បញ្ចូលទៅក្នុងប្រទេសអាស៊ែបៃសង់។[៨]
- គ្រោះរញ្ជួយដីកម្រិត ៧.៥ វ៉ិចទ័រ បានរំជួលតំបន់ឆ្នេរខាងលិចនៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ៤៦២ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ១,៣៤៤ នាក់ផ្សេងទៀត។[៩][១០] មនុស្សចំនួនប្រាំនាក់ទៀតត្រូវបានបាត់បង់ជីវិតនៅថ្ងៃបន្ទាប់ នៅពេលដែលយន្តហោះឆ្មាំសមុទ្រមួយគ្រឿងបានបើកទៅបុកទង្គិចលើផ្លូវរត់ជាមួយយន្តហោះដឹកអ្នកដំណើររបស់ Japan Airlines។ មនុស្សទាំង ៣៧៩ នាក់នៅលើយន្តហោះដឹកអ្នកដំណើរនោះត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។[១១]
- ប្រទេសអេត្យូពីបានប្រកាសពីកិច្ចព្រមព្រៀងជាមួយរដ្ឋសូម៉ាលីឡង់ ដើម្បីប្រើប្រាស់កំពង់ផែក្រុងប៊ែប៊ឺរ៉ា។ អេត្យូពីក៏បានបញ្ជាក់ដែរថាខ្លួននឹងទទួលស្គាល់ឯករាជ្យភាពរបស់សូម៉ាលីឡង់ ដោយក្លាយខ្លួនជាប្រទេសដំបូងគេដែលព្រមទទួលស្គាល់រដ្ឋមួយនេះ។[១២]
- ២ មករា – ការបោះឆ្នោតសកលម៉ាសាល់៖ សភានីតិបញ្ញត្តិនៃកោះម៉ាសាល់បានបោះឆ្នោតជ្រើសតាំងលោកស្រីហ៊ីលដា ហែនណាជាប្រធានាធិបតីសម្រាប់អាណត្តិទីពីររបស់លោកស្រីនៅក្នុងសម័យប្រជុំដំបូងក្រោយការបោះឆ្នោតសកល។[១៣]
- ៣ មករា – ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅគែរម៉ាន់៖ ក្រុមរដ្ឋឥស្លាមបានបំផ្ទុះគ្រាប់បែកចំនួនពីរនៅក្នុងអំឡុងព្រឹត្តិការណ៍រំលឹកឃាតកម្មលោកកាស៊ឹម សូលីម៉ានីនៅក្នុងទីក្រុងគែរម៉ាន់ ប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សចំនួន ៩៤ នាក់។[១៤]
- ៧ មករា – ការបោះឆ្នោតសកលបង់ក្លាដែសឆ្នាំ២០២៤៖ សម្ព័ន្ធអាវ៉ាមីដែលដឹកនាំដោយលោកស្រីស្យីគ ហាស៊ីណាបានយកជ័យជម្នះបន្តអាណត្តិទីបួនរបស់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រី ខណៈដែលការតវ៉ាពីគណបក្សប្រឆាំងកំពុងបន្លឺខ្លាំងឡើងៗ រួមជាមួយនឹងការធ្លាក់ចុះនៃចំនួនអ្នកចូលរួមបោះឆ្នោត។[១៥][១៦]
- ៨ មករា – ជម្លោះនៅប្រទេសអេក្វាឌ័រ៖ ប្រធានាធិបតីអេក្វាឌ័រ លោកដានីយ៉ែល ណូបូអាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបន្ទាប់ពីមេខ្លោងនៃក្រុមជួញដូរគ្រឿងញៀនម្នាក់ឈ្មោះហូសេ អាដុលហ្វូ ម៉ាស៊ីយ៉ាស វីល្លាម៉ារបានរត់គេចខ្លួនពីពន្ធនាគារ។ កងកម្លាំងយោធាអេក្វាឌ័រត្រូវបានដាក់ពង្រាយនៅតាមដងផ្លុវសំខាន់ៗ និងក្នុងពន្ធនាគារ ខណៈបម្រាមគោចរនាពេលរាត្រីត្រូវបានប្រកាស។[១៧]
- ១២ មករា – ប្រតិបត្តិការអាណាព្យាបាលភាពរុងរឿង៖ សម្ព័ន្ធយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងក្រុមសកម្មប្រយុទ្ធហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដោយនេះជាការសងសឹកឆ្លើយតបចំពោះសកម្មភាពវាយប្រហាររបស់ចលនាហ៊ូទីលើនាវាដឹកជញ្ជូននៅសមុទ្រក្រហម។[១៨]
- ១៣ មករា – ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់៖ លោកឡៃ ឈីងទឿនៃគណបក្សប្រជាធិបតេយ្យចម្រើននិយមដែលកំពុងកាន់អំណាច បានជាប់ឆ្នោតជាប្រធានាធិបតីដោយទទួលបានសំឡេងគាំទ្រ ៤០%។[១៩]
- ១៤ មករា
- សម្តេចព្រះរាជិនីនាថម៉ារហ្គ្រេថឺរទី២ បានដាក់រាជ្យជាផ្លូវការក្នុងនាមជាព្រះមហាក្សត្រិយានីនៃប្រទេសដាណឺម៉ាក ដោយមានព្រះរាជបុត្រច្បងរបស់ទ្រង់ ព្រះនាមហ្វ្រេដេរីគទី១០ ឡើងស្នងរាជ្យបន្ត។[២០]
- ការបោះឆ្នោតប្រធានាធិបតីកូម័រ៖ ប្រធានាធិបតីកាន់អំណាច លោកអាហ្សាលី អាស៊ូម៉ានីបានជាប់ឆ្នោតបន្តជាប្រធានាធិបតីកូម័រដោយទទួលបានសំឡេងគាំទ្រ ៦២.៩%។[២១][២២]
- ១៥ មករា – បន្ទាប់ពីកើតវិបត្តិនយោបាយមួយរយៈក្រោយការបោះឆ្នោតនៅឆ្នាំមុន លោកប៊ែរណាដូ អារេវ៉ាឡូក៏បានឡើងកាន់តំណែងជាប្រធានាធិបតីទី៥២ នៃប្រទេសក្វាតេម៉ាឡា។[២៣]
- ១៩ មករា – ជប៉ុនបានក្លាយជាប្រទេសទីប្រាំដែលសម្រេចបាននូវការចុះចតដោយរលូនលើឋានព្រះច័ន្ទ ជាមួយនឹងបេសកកម្ម SLIM របស់ខ្លួន។[២៤]
- ២៦ មករា
- សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់៖ តុលាការយុត្តិធម៌អន្តរជាតិនៃអង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចបញ្ជាឱ្យអ៊ីស្រាអែលត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីបញ្ចៀសទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែតុលាការកំពូលមួយនេះមិនបានបញ្ជាឱ្យអ៊ីស្រាអែលផ្អាកនូវប្រតិបត្តិការយោធាជាបន្ទាន់នោះឡើយ។[២៥]
- ការបោះឆ្នោតសកលទូវ៉ាលូ៖ នាយករដ្ឋមន្ត្រីទូវ៉ាលូ លោកកូស៊ី ណាតាណូមិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីសភាដើម្បីបន្តតំណែងជានាយករដ្ឋមន្ត្រីនោះទេ។ មួយខែក្រោយមក សភាក៏បានសម្រេចបោះឆ្នោតជ្រើសតាំងលោកហ្វេលេទី ទីអូជានាយករដ្ឋមន្ត្រីថ្មី។[២៦]
- ៣១ មករា – ព្រះស៊ុលតង់នៃរដ្ឋចូហ័រ អ៊ីប្រាហ៊ីម អ៊ីស្កាន់ដារ បានឡើងសោយរាជ្យជាព្រះប្រមុខរដ្ឋកំពូលទី១៧ នៃប្រទេសម៉ាឡេស៊ី។[២៧]
កុម្ភៈ
- ៤ កុម្ភៈ
- ប្រធានាធិបតីណាមីប៊ី លោកហាហ្កេ ហ្កាំងហ្កូបបានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំ ហើយត្រូវបានអនុប្រធានាធិបតី លោក[[ណាំងហ្កូឡូ អ៊ឹមប៊ុមបា] ឡើងស្នងតំណែងបន្តជាប្រធានាធិបតីប្រទេសណាមីប៊ី។[២៨][២៩]
- ការបោះឆ្នោតសកលអែលសាល់វ៉ាឌ័រ៖ ប្រធានាធិបតីកំពុងកាន់អំណាច លោកណាយីប ប៊ូកេលេបានឈ្នះឆ្នោតដោយទទួលសំឡេងគាំទ្រជាង ៨០% ដោយក្លាយខ្លួនជាប្រធានាធិបតីដំបូងចាប់ពីឆ្នាំ១៩៤៤ មក ដែលត្រូវគេបោះឆ្នោតជ្រើសរើសបន្តបម្រើអាណត្តិទីពីរ។[៣០][៣១]
- ៧ កុម្ភៈ – ការបោះឆ្នោតប្រធានាធិបតីអាស៊ែបៃសង់៖ ទោះមានការធ្វើពហិការពីគណបក្សប្រឆាំងក្ដី ប្រធានាធិបតីអាស៊ែបៃសង់ លោកអ៊ីឡាំ អាលីយែវ ត្រូវជាប់ឆ្នោតបន្តអាណត្តិទីប្រាំរបស់លោក។[៣២]
- ៨ កុម្ភៈ – ការបោះឆ្នោតសកលប៉ាគីស្ថានឆ្នាំ២០២៤៖ អ្នកនយោបាយឯករាជ្យ ដែលភាគច្រើនជាសមាជិកនៃអតីតចលនាប៉ាគីស្ថានដើម្បីយុត្តិធម៌ បានដណ្ដើមអាសនៈមួយភាគធំនៅក្នុងរដ្ឋសភា។[៣៣]
- ១១ កុម្ភៈ – លទ្ធផលជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់៖ លោកអាឡិចសាន់ដឺ ស្ទូបបានទទួលជ័យជម្នះនៅក្នុងជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីហ្វាំងឡង់ដោយទទួលបានសំឡេងគាំទ្រក្រោម ១០០,០០០ សំឡេង។[៣៤]
- ១៤ កុម្ភៈ – ការបោះឆ្នោតសកលឥណ្ឌូណេស៊ី៖ លោកប្រាបូវ៉ូ ស៊ូប៊ីយានតូបានឈ្នះការបោះឆ្នោតប្រធានាធិបតី ខណៈគណបក្សប្រជាធិបតេយ្យនិយមតស៊ូបានកើបបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ។[៣៥]
- ២៨ កុម្ភៈ – វិបត្តិហៃទី៖ រដ្ឋាភិបាលហៃទីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីក្រុមបក្សពួកទំនើងបានធ្វើសកម្មភាពវាយលុកលើពន្ធនាគារចំនួនពីរ និងទាមទារឱ្យនាយករដ្ឋមន្ត្រីអារីយែល អង់រីចុះចេញពីតំណែង។[៣៦]
- ២៩ កុម្ភៈ – សង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់៖ ពលទាហាននៃកងកម្លាំងការពារអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើហ្វូងជនស៊ីវិលនៅហ្កាហ្សា ដោយបានសម្លាប់មនុស្សជាងមួយរយនាក់ ខណៈដែលចំនួនប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមបានកើនលើសពី ៣០,០០០ នាក់។[៣៧]
មីនា
- ៧ មីនា – ប្រទេសស៊ុយអែតបានក្លាយជាសមាជិកទី៣២ របស់អង្គការណាតូ។[៣៨]
- ១០ មីនា – ការបោះឆ្នោតនីតិប្បញ្ញត្តិព័រទុយហ្កាល់ឆ្នាំ២០២៤៖ សម្ព័ន្ធប្រជាធិបតេយ្យបានដណ្ដើមអាសនៈមួយភាគធំនៅក្នុងសភា ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ដើម្បីវ៉ាដាច់គណបក្សសង្គមនិយមដែលកំពុងកាន់អំណាច ខណៈគណបក្សស្តាំនិយមឆេហ្កាបានឈ្នះអាសនៈបន្ថែមគុណនឹងបួនបើប្រៀបទៅអាណត្តិមុន។[៣៩]
- ១១ មីនា – នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានាធិបតីប្រទេសហៃទី លោកអារីយែល អង់រីបានប្រកាសថាខ្លួនលោកនឹងលាលែងចេញពីតំណែងទាំងពីរនៅរយៈពេលដ៏ខ្លីខាងមុខ ខណៈពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្លោះប្រដាប់អាវុធរវាងអាជ្ញាធរសន្តិសុខ និងក្រុមបក្សពួកបងធំ។[៤០]
- ១៣ មីនា – ច្បាប់បញ្ញាសិប្បនិម្មិត ដែលត្រូវជាក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិទូលំទូលាយដំបូងគេនៅលើពិភពលោកដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិត ត្រូវបានអនុម័តដោយសហភាពអឺរ៉ុប។[៤១]
- ១៥–១៧ មីនា — ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤៖ ប្រធានាធិបតីកាន់អំណាច លោកវ៉្លាឌីមៀរ ពូទីនបានឈ្នះឆ្នោតជាប់អាណត្តិទីប្រាំ។[៤២]
- ២២ មីនា – ភេរវករនៃរដ្ឋឥស្លាមបានធ្វើការបាញ់រះសម្លាប់មនុស្សយ៉ាងតិច ១៤៥ នាក់ និងបង្ករបួសដល់មនុស្សប្រមាណ ៥៥១ នាក់ផ្សេងទៀតនៅឯសាលមហោស្រពក្រូកូស្ស ក្នុងក្រុងក្រាស្នូហ្គ័រស្ក៍ ប្រទេសរុស្ស៊ី។[៤៣]
- ២៤ មីនា – ការបោះឆ្នោតប្រធានាធិបតីសេនេហ្កាល់៖ លោកបាស៊ីរូ ឌីអូម៉េយ៍ ហ្វេយ៍ត្រូវជាប់ឆ្នោតក្លាយជាប្រធានាធិបតី បន្ទាប់ពីបេក្ខជនគោលឈ្មោះអ៊ូសម៉ាន់ ស៊ុងកូត្រូវបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោត។[៤៤]
- ២៥ មីនា – ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដោយអំពាវនាវឱ្យមាន "បទឈប់បាញ់ជាបន្ទាន់" នៅក្នុងតំបន់ហ្កាហ្សា និងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។[៤៥]
- ៣១ មីនា – ប្រទេសប៊ុលហ្ការី និងរូម៉ានីបានក្លាយជាសមាជិកនៃតំបន់ស្សិនគែន តាមរយៈផ្លូវសមុទ្រ និងផ្លូវអាកាស។[៤៦]
មេសា
- ១ មេសា – អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសលើស្ថានទូតអ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាសដោយបានសម្លាប់មនុស្សសរុបចំនួន ១៦ នាក់។[៤៧]
- ៣ មេសា – គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្រខាងកើតនៃកោះតៃវ៉ាន់ ខណៈរលកស៊ូណាមិតូចមួយកម្ពស់ពី ២០ ទៅ ៣០ សង់ទីម៉ែត្របានប៉ះទង្គិចនឹងខេត្តអូគីណាវ៉ា ប្រទេសជប៉ុន។[៤៨]
- ៥ មេសា – កម្លាំងនគរបាលអេក្វាឌ័របានសម្រុកចូលស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងគីតូ ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតី លោកហ្ក័រហ្កេ ក្លាស ទោះត្រូវប្រទេសម៉ិកស៊ិកផ្តល់សិទ្ធិជ្រកកោននយោបាយឱ្យក្ដី។ ទង្វើនេះត្រូវជាសកម្មភាពបំពានលើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត ហើយរដ្ឋាភិបាលម៉ិកស៊ិក និងនីការ៉ាក្វាក៏បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអេក្វាឌ័រ។[៤៩]
- ៦ មេសា – លោកភីទ័រ ប៉េឡេគ្រីនីបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្លូវ៉ាគីនៅក្នុងជុំទីពីរនៃការបោះឆ្នោតប្រធានាធិបតីស្លូវ៉ាគីឆ្នាំ២០២៤។[៥០]
- ៨ មេសា – សូរ្យគ្រាសពេញលេញអាចត្រូវបានមើលឃើញនៅទូទាំងទ្វីបអាមេរិកខាងជើង។[៥១]
- ៩ មេសា – ក្រោយពីលោកលីអូ វ៉ារ៉ាដការបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីប្រទេសអៀរឡង់ជាផ្លូវការ មេដឹកនាំនៃគណបក្សហ្វីនហ្គែល លោកសៃម៉ន ហារីសបានក្លាយជាតាវអ៊ីស៊ីជ (នាយករដ្ឋមន្ត្រី) វ័យក្មេងបំផុត បន្ទាប់ពីត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសភាដែល និងបានតែងតាំងដោយប្រធានាធិបតី លោកម៉ៃឃើល ឌី. ហ៊ីហ្គីន។[៥២]
- ១០ មេសា – ការបោះឆ្នោតនីតិប្បញ្ញត្តិកូរ៉េខាងត្បូងឆ្នាំ២០២៤៖ គណបក្សប្រជាធិបតេយ្យកូរ៉េបានដណ្ដើមឈ្នះ ១៧៦ អាសនៈនៅក្នុងរដ្ឋសភា ខណៈគណបក្សអំណាចប្រជាជនរបស់ប្រធានាធិបតីយូន សកយ៉លបានទទួលត្រឹមតែ ១០៨ អាសនៈប៉ុណ្ណោះ។[៥៣]
- ១៣ មេសា – ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៊ីស្រាអែលវិញដើម្បីជាការសងសឹកនឹងសកម្មភាពវាយប្រហារលើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសដោយអ៊ីស្រាអែលកាលពីដើមខែមេសា។[៥៤]
- ១៦ មេសា – គ្រោះទឹកជំនន់នៅឈូងសមុទ្រពែរ្សឆ្នាំ២០២៤៖ មនុស្សយ៉ាងតិចចំនួន ៣២ នាក់បានបាត់បង់ជីវិតខណៈពេលមានភ្លៀងធ្លាក់ធ្ងន់ធ្ងរនៅតំបន់មជ្ឈិមបូព៌ា ដែលក្រោយមកបានបង្កជាគ្រោះទឹកជំនន់ភ្លាមៗ។ គ្រោះទឹកជំនន់នេះក៏បានបង្កការរំខានដល់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអ៊ែរឡាញនៅឯអាកាសយានដ្ឋានអន្តរជាតិឌូបៃ។[៥៥]
- ១៧ មេសា
- ១៩ មេសា – អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសតបទៅអ៊ីរ៉ង់វិញបន្ទាប់ពីខ្លួនបានរងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមេសា។[៥៨]
- ២៥ មេសា – បន្ទាប់ពីអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីស្ដីទីនៃប្រទេសហៃទីលោកអារីយែល អង់រីបានលាឈប់ពីតំណែង ក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលមួយត្រូវបានបង្កើតឡើង និងបានចូលកាន់អំណាចជាគណៈប្រមុខរដ្ឋរបស់ហៃទី។[៥៩]
ឧសភា
- ៥ ឧសភា – ការបោះឆ្នោតសកលប៉ាណាម៉ា៖ លោកហូសេ រ៉ាអ៊ូល ម៉ូលីណូត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសប៉ាណាម៉ា។[៦០]
- ៦ ឧសភា – ការបោះឆ្នោតប្រធានាធិបតីឆាដឆ្នាំ២០២៤៖ លោកមហាម៉ាត់ ដេប៊ីបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីមួយអាណត្តិពេញ ដោយបន្តតំណែងពីឪពុករបស់គាត់ លោកអ៊ីដរីស ដេប៊ី។[៦១]
- ៧–១១ ឧសភា – ការប្រឡងចម្រៀងយូរ៉ូវីស្យិនឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងម៉ាល់ម៉ូនៃប្រទេសស៊ុយអែត។[៦២] បេក្ខជនមកពីប្រទេសស្វីសឈ្មោះណេម៉ូបានឈ្នះកម្មវិធីឆ្នាំនេះជាមួយនឹងបទចម្រៀងចំណងជើងថា "The Code"។[៦៣]
- ៨ ឧសភា – នៅក្នុងការបោះឆ្នោតក្នុងប្រទេសម៉ាសេដ្វានខាងជើង គណបក្សប្រជាធិបតេយ្យដើម្បីសាមគ្គីភាពជាតិ (VMRO-DPMNE) បានឈ្នះសំឡេងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាជាតិ ខណៈបេក្ខភាពប្រធានាធិបតីនៃគណបក្សនេះឈ្មោះ ហ្គ័រដាណា ស៊ីលយ៉ាណូហ្វស្កា-ដាហ្វកូវ៉ា បានជាប់ឆ្នោតជាប្រធានាធិបតីស្ត្រីដំបូងបង្អស់នៅក្នុងប្រទេស។[៦៤][៦៥]
- ១០ ឧសភា
- មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដើម្បីផ្តល់សិទ្ធិឱ្យរដ្ឋប៉ាឡេស្ទីននូវអាសនៈមួយពេញនៅក្នុងចំណោមរដ្ឋសមាជិកទាំងអស់ទៅតាមលំដាប់អក្សរក្រម។ សេចក្ដីសម្រេចនេះនឹងចូលជាធរមាននៅក្នុងសម័យប្រជុំបន្ទាប់នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។[៦៦]
- ព្យុះព្រះអាទិត្យ និងអណ្តាតភ្លើងព្រះអាទិត្យកម្រិតធ្ងន់បានជះឥទ្ធិពលមកកាន់ភពផែនដី ដោយបង្កើតបានជាសំរាំងប៉ូលដ៏ភ្លឺជាងធម្មតានៅរយៈទទឹងខាងត្បូង និងខាងជើង។[៦៧]
- ១៥ ឧសភា
- អតីតឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោកឡរ៉ែនស៍ វ័ងបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីសិង្ហបុរីបន្តពីអតីតនាយករដ្ឋមន្ត្រីលី ស៊ានឡុង មុនការបោះឆ្នោតសកលឆ្នាំ២០២៥។[៦៨]
- នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោករ៉ូប៊ឺត ហ្វីកូត្រូវបានគេលបបាញ់ប្រហារនៅក្នុងព្រឹត្តិការណ៍ជួបជុំជាមួយអ្នកគាំទ្រនៅក្រុងហានដ៍ឡូវ៉ា ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។[៦៩]
- ១៩ ឧសភា
- ការបោះឆ្នោតសកលនៃសាធារណរដ្ឋដូមីនិក ត្រូវបានប្រព្រឹត្តិធ្វើឡើង ដោយលោកល្វី អាប៊ីណាដឺរបានឈ្នះឆ្នោតបន្តអាណត្តិទីពីរជាប្រធានាធិបតី។[៧០][៧១]
- ប្រធានាធិបតីអ៊ីរ៉ង់ លោកអេប្រាហ៊ីម រ៉ៃស៊ី និងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោកហ៊ូសេន អាមៀរ អាប់ឌុលឡាយ៉ាន ត្រូវបាnបាត់បង់ជីវិត រួមជាមួយនឹងមនុស្សចំនួន ៧ នាក់ផ្សេងទៀត នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្បែរព្រំដែនអាស៊ែបៃសង់–អ៊ីរ៉ង់។[៧២]
- ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបង្កឱ្យមានភាពចលាចលនៅរដ្ឋធានីគីនសាសា។ ពលទាហានរដ្ឋាភិបាលកុងហ្គោបានចេញធ្វើអន្តរាគមន៍ភ្លាមៗ ដោយបានចាប់ខ្លួនមេខ្លោងរដ្ឋប្រហារ ខណៈស្ថានការណ៍នៅរដ្ឋធានីត្រូវបានគេរាយការណ៍ថាបានចុះស្ងប់ស្ងាត់ឡើងវិញ។[៧៣][៧៤]
- ២០ ឧសភា – ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានប្រកាសស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនយ៉ាមិន នេតាញ៉ាហ៊ូ និងមេដឹកនាំហាម៉ាស់ប្រចាំតំបន់ហ្កាហ្សា លោកយ៉ាយ៉ា ស៊ីនវ៉ា ជុំវិញបទឧក្រិដ្ឋកម្មសង្គ្រាម។[៧៥]
- ២៤ ឧសភា
- តុលាការកំពូលនៃអង្គការសហប្រជាជាតិគឺ តុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្ដីសម្រេចថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅទីក្រុងរ៉ាហ្វាហ៍នៃភាគខាងត្បូងតំបន់ហ្កាហ្សា។[៧៦]
- គ្រោះរអិលបាក់ដីដ៏ធំមួយនៅក្នុងប្រទេសប៉ាពួនូវែលគីនេបានសម្លាប់មនុស្សជាង ២,០០០ នាក់ ខណៈមនុស្សជាច្រើននាក់ទៀតត្រូវបានគេរាយការណ៍ថាកំពុងបាត់ខ្លួន។[៧៧]
- ២៦ ឧសភា – ការបោះឆ្នោតប្រធានាធិបតីលីទុយអានីឆ្នាំ២០២៤ ត្រូវបានប្រព្រឹត្តិធ្វើឡើង។ ប្រធានាធិបតីកាន់អំណាច លោកជីតាណាស ណោសេដា បានជាប់ឆ្នោតបន្តជាប្រធានាធិបតីមួយអាណត្តិទៀត។[៧៨]
- ២៨ ឧសភា – ប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវែសបានរួមគ្នាប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។[៧៩]
- ២៩ ឧសភា
- ការបោះឆ្នោតសកលអាហ្វ្រិកខាងត្បូង៖ គណបក្សសមាជជាតិអាហ្វ្រិកបានទទួលបរាជ័យក្នុងការដណ្ដើមសំឡេងឆ្នោតភាគច្រើនជាលើកដំបូងបង្អស់នៅចាប់តាំងពីប្រទេសអាហ្វ្រិកខាងត្បូងទទួលបានប្រជាធិបតេយ្យពេញលេញមក។[៨០]
- ការបោះឆ្នោតសភាម៉ាឡាហ្កាស៊ី៖ គណបក្សយុវជនបដិញ្ញាម៉ាឡាហ្កាស៊ីរបស់ប្រធានាធិបតីលោកអង់ឌ្រី រ៉ាចូអែលីណាបានបាតបង់អាសនៈភាគច្រើនរបស់ខ្លួននៅក្នុងសភាដោយឈ្នះបានត្រឹមតែ ៨០ អាសនៈក្នុងចំណោមអាសនៈសរុបចំនួន ១៦៣ អាសនៈប៉ុណ្ណោះ។[៨១]
- ៣០ ឧសភា – អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំត្រូវបានគេរកឃើញថាមានពិរុទ្ធលើបទល្មើសព្រហ្មទណ្ឌចំនួន ៣៤ ករណីនៅក្នុងវិនិច្ឆ័យកិច្ចទាក់ទិននឹងរឿងក្លែងបន្លំទ្រព្យរបស់លោក ដោយនេះជាលើកទីមួយហើយដែលប្រធានាធិបតីអាមេរិកត្រូវបានគេរកឃើញថាមានទោសពីបទឧក្រិដ្ឋ។[៨២]
មិថុនា
- ១ មិថុនា
- ការបោះឆ្នោតសកលឥណ្ឌា ដែលបានប្រព្រឹត្តិធ្វើឡើងតាំងពីថ្ងៃទី១៩ ខែមេសា ត្រូវបានបិទបញ្ចប់។[៨៣] នៅក្នុងលោកសភា ទោះជាគណបក្សប្រជាជនឥណ្ឌាបានបាត់បង់សំឡេងភាគច្រើនក៏ពិតមែន ប៉ុន្តែបក្សសម្ព័ន្ធនយោបាយរបស់ខ្លួនហៅថា សម្ព័ន្ធប្រជាធិបតេយ្យជាតិនៅតែបន្តរក្សាសំឡេងភាគច្រើននៅក្នុងសភាដដែរ។[៨៤]
- ការបោះឆ្នោតប្រធានាធិបតីអ៊ីស្លង់ បានប្រព្រឹត្តិធ្វើឡើង។ លោកស្រីហាល់ឡា ថូម៉ាសដុធាត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសអ៊ីស្លង់។[៨៥]
- ២ មិថុនា – ការបោះឆ្នោតសកលម៉ិកស៊ិកត្រូវបានប្រព្រឹត្តិធ្វើឡើង។ លោកស្រីក្លោឌីយ៉ា ស៊ែនបោមបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រប្រទេសម៉ិកស៊ិក។[៨៦]
- ៦–៩ មិថុនា – ការបោះឆ្នោតសភាអឺរ៉ុបត្រូវបានប្រព្រឹត្តិធ្វើឡើង។ គណបក្សប្រជាជនអឺរ៉ុបដែលជាបក្សកាន់អំណាចរបស់លោកស្រីប្រធានគណៈកម្មការ អួរស៊ូឡា វ៉ន ឌែរ ឡេយ៉េន បានបន្តរក្សាឋានៈជាបក្សសម្ព័ន្ធធំជាងគេនៅក្នុងសភា។[៨៧]
- ៩ មិថុនា
- ការបោះឆ្នោតសកលសានម៉ារីណូ៖ សម្ព័ន្ធប្រជាធិបតេយ្យ និងសេរីភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យគ្រិស្តសាន់ម៉ារីន បានឈ្នះអាសនៈមួយភាគធំនៅក្នុងអគ្គមហាក្រុមប្រឹក្សា។[៨៨]
- ការបោះឆ្នោតសហព័ន្ធបែលហ្ស៊ិក៖ សម្ព័ន្ធភាពវ្លាំសឺថ្មីនៅតែរក្សាតំណែងជាគណបក្សធំជាងគេនៅក្នុងសភា ខណៈគណបក្សរបស់នាយករដ្ឋមន្ត្រីលោកអាឡិចសាន់ដឺ ដឺក្រេរូបានបាត់បង់អាសនៈជាបន្តបន្ទាប់។[៨៩]
- ១០ មិថុនា – យន្តហោះមួយគ្រឿងបានធ្លាក់នៅក្បែរទីក្រុងឈីកង់ហ្កាវ៉ា ប្រទេសម៉ាឡាវី ដោយបានសម្លាប់មនុស្សចំនួនប្រាំបួននាក់ដោយក្នុងនោះរួមមានទាំងអនុប្រធានាធិបតីម៉ាឡាវី លោកស៊ូលូស ឈីលីម៉ាផងដែរ។[៩០]
- ១២ មិថុនា – អង្គការសហប្រជាជាតិបានបើកការស៊ើបអង្កេតជាលើកដំបូងជុំវិញការវាយប្រហាររបស់ហាម៉ាស់លើអ៊ីស្រាអែលកាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយជាលទ្ធផល គេបានរកឃើញថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដូចគ្នា។[៩១][៩២]
- ១៤ មិថុនា – ការបោះឆ្នោតសកលអាហ្វ្រិកខាងត្បូង៖ សមាជជាតិអាហ្វ្រិក និងគណបក្សប្រឆាំងមួយចំនួនទៀតបានយល់ស្របបង្កើតរដ្ឋាភិបាលរួមមួយ ដោយមានលោកស៊ីរីល រ៉ាម៉ាហ្វូសាបន្តកាន់អំណាចជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង។[៩៣][៩៤]
- ២៣ មិថុនា
- នៅក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាចៅពញានៃពញារដ្ឋលុចសំបួព្រះអង់រី ទ្រង់បានប្រកាសថាព្រះរាជបុត្រ និងជារជ្ជទាយាទរបស់ព្រះអង្គ ព្រះនាមហ្គីយ៉ូម នឹងត្រូវទទួលរ៉ាប់រងលើព្រះរាជកិច្ចនៃប្រទេសលុចសំបួចាប់ផ្តើមនៅខែតុលា ដែលត្រូវជាកិច្ចត្រៀមឡើងសោយរាជ្យបន្តពីព្រះអង់រីនៅពេលអនាគត។[៩៥]
- គ្រោះមហន្តរាយក្នុងពិធីបុណ្យហាជ៖ មនុស្សជាង ១,៣០០ នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតដោយសារតែការរងកម្ដៅខ្ពស់ហួសប្រមាណក្នុងអំឡុងពេលធ្វើធម្មយាត្រាក្នុងពិធីបុណ្យហាជប្រចាំឆ្នាំនៅទីក្រុងមេក្កា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។[៩៦]
- ការវាយប្រហារនៅដាហ្កេស្ថាន៖ ការវាយប្រហារចំនួនពីរលើកក្នុងពេលតែមួយបានកើតឡើងនៅក្នុងទីក្រុងម៉ាកាជកាឡា និងឌែរប៊ែន ក្នុងសាធារណរដ្ឋដាហ្កេស្ថាន ប៉ែកខាងត្បូងនៃប្រទេសរុស្ស៊ី ដោយបានផ្ដាច់ជីវិតមនុស្សចំនួន ២៨ នាក់។[៩៧]
- ២៦ មិថុនា – រដ្ឋប្រហារប៉ុនប៉ងមួយបានប្រព្រឹត្តិឡើងនៅរដ្ឋធានីឡាប៉ាសនៃប្រទេសបូលីវី ក្រោមការដឹកនាំរបស់អតីតអគ្គមេបញ្ជាការយោធា លោកហ័ន ហូសេ ស៊ូនីហ្កា។[៩៨]
- ២៨ មិថុនា – ការបោះឆ្នោតនីតិបញ្ញត្តិម៉ុងហ្គោលីឆ្នាំ២០២៤៖ គណបក្សប្រជាជនម៉ុងហ្គោលីនៅតែបន្តរក្សាអាសនៈភាគច្រើនដដែរ ថ្វីបើបាត់បង់សំឡេងគាំទ្រមួយចំនួនទៅកាន់គណបក្សប្រជាធិបតេយ្យនៅក្នុងមហាសភារដ្ឋក្ដី។[៩៩]
- ២៩ មិថុនា
- ការបោះឆ្នោតប្រធានាធិបតីម៉ូរីតានី៖ ប្រធានាធិបតីកាន់អំណាច លោកម៉ូហាម៉េដ អ៊ូល ហ្កាស៊ូអានីបានឈ្នះឆ្នោតបន្តបម្រើអាណត្តិទីពីរក្នុងនាមជាប្រធានាធិបតី។[១០០]
- គ្រោះផ្ទុះគ្រាប់បែកនៅរដ្ឋបូរណូ៖ មនុស្សចំនួន ៣០ នាក់ត្រូវបានបាត់បង់ជីវិត និងមនុស្សប្រមាណ ១០០ នាក់ទៀតត្រូវទទួលរងរបួសបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅទីតាំងបីកន្លែងផ្សេងគ្នាក្នុងទីក្រុងហ្គូហ្សានៃរដ្ឋបូរណូ ប្រទេសនីហ្សេរីយ៉ា។[១០១]
កក្កដា
- ១ កក្កដា – លោកស្រីសាម ម៉ូស្ទីនបានស្បថចូលកាន់តំណែងជាអគ្គទេសាភិបាលទី២៨ នៃប្រទេសអូស្ត្រាលី។[១០២]
- ៤ កក្កដា – ការបោះឆ្នោតសកលនៃចក្រភពអង់គ្លេស៖ លោកគៀរ ស្តារមឺបានដឹកគណបក្សពលករយកជ័យជម្នះភ្លូកទឹកភ្លូកដី។ នៅថ្ងៃបន្ទាប់ លោកក៏បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោករីស៊ី ស៊ូណាក់ដែលទើបតែបានលាឈប់ពីតំណែងថ្មីៗ។[១០៣]
- ៥ កក្កដា – ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់៖ លោកម៉ាស៊ូត ប៉េហ្សេស្សខ្ចន់បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសអ៊ីរ៉ង់។[១០៤]
- ៧ កក្កដា – ការបោះឆ្នោតនីតិបញ្ញត្តិបារាំង៖ បក្សសម្ព័ន្ធឆ្វេងនិយមពោលគឺរណសិរ្សប្រជានិយមថ្មីបានឈ្នះអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាបារាំង ថ្វីបើបក្សសម្ព័ន្ធស្ដាំនិយមគឺជំនួបជាតិបានយកឈ្នះកាលពីជុំទីមួយក្ដី។[១០៥]
- ១៣ កក្កដា – ខណៈពេលកំពុងធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតប្រធានាធិបតីអាមេរិក អតីតប្រធានាធិបតីលោកដូណាល់ ត្រាំក៏ត្រូវទទួលរងរបួសនៅចំស្លឹកត្រចៀកខាងស្ដាំបន្ទាប់ពីត្រូវគេព្យាយាមធ្វើឃាតកម្មលើរូបលោកនៅក្នុងពិធីជួបជុំអ្នកគាំទ្រនៅជិតក្រុងបាត់ឡឺ រដ្ឋផេនស៊ីលវ៉ានី។[១០៦]
- ១៥ កក្កដា – ការបោះឆ្នោតសកលរ៉្វាន់ដា៖ ប្រធានាធិបតីកាន់អំណាច លោកប៉ូល កាហ្កាម៉េបានជាប់ឆ្នោតបន្តអាណត្តិទីបួនរបស់លោក។[១០៧]
- ១៩ កក្កដា – ឧប្បត្តិហេតុដាច់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសកល បានបង្កការរំខានប៉ះពាល់ដល់អាជីវកម្ម និងអង្គការជាច្រើននៅទូទាំងពិភពលោក។[១០៨]
- ២២ កក្កដា – គ្រោះបាក់ដីចំនួនពីរបានសម្លាប់មនុស្សចំនួន ២៥៧ នាក់ និងបានបង្កប់ភូមិចំនួនពីរនៅក្នុងតំបន់ហ្កូហ្វាហ្សូរីយ៉ានៃប្រទេសអេត្យូពី។[១០៩]
- ២៣ កក្កដា – ប្រទេសចិនបានសម្រេចកិច្ចព្រមព្រៀងឯកភាពគ្នារវាងអតីតគូបដិបក្ខប៉ាឡេស្ទីនចំនួនពីរគឺ ក្រុមហ្វាតា និងហាម៉ាស់ ដើម្បីបង្កើតរដ្ឋាភិបាលរួមមួយ។[១១០]
- ២៦ កក្កដា – ១១ សីហា – កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។[១១១]
- ២៨ កក្កដា – ការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡា៖ ប្រធានាធិបតីកាន់អំណាច លោកនីកូឡាស់ ម៉ាឌូរ៉ូបានប្រកាសយកជ័យជំនះលើបេក្ខជនប្រឆាំងលោកអ៊ែដមុនដូ ហ្គនហ្សាឡែស អ៊ូរូទីយ៉ា បន្ទាប់ពីការបោះឆ្នោតបានប្រព្រឹត្តិទៅដោយភាពរអាក់រអួល និងនាំឱ្យរដ្ឋអាមេរិកខាងត្បូងជាច្រើនចេញមុខបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយខ្លះបានផ្អាកទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលម៉ាឌូរ៉ូ។[១១២]
- ៣១ កក្កដា – មេដឹកនាំនយោបាយនៃចលនាហាម៉ាស់គឺលោកអ៊ីស្មែល ហានីយ៉េត្រូវបានគេលបធ្វើឃាតនៅឯគេហដ្ឋានរបស់គាត់ក្នុងរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។[១១៣]
សីហា
- ១ សីហា – ការដោះដូរអ្នកទោសអាមេរិក-រុស្ស៊ី៖ បុគ្គលចំនួន ២៦ នាក់ត្រូវបានដោះលែងនៅក្នុងអាកាសយានដ្ឋានអង់ការ៉ាអេស៊ែនបូហ្កា ដែលជាការដោះដូរអ្នកទោសច្រើនបំផុតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។[១១៤]
- ៤ សីហា – នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រីស្យីគ ហាស៊ីណា បានប្រកាសលាលែងពីតំណែង និងបានរត់ភៀសខ្លួនទៅប្រទេសឥណ្ឌា ក្រោយពីស្ថានភាពនៃបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសបានឈានចូលដល់ចំណុចធ្ងន់ធ្ងរបំផុត។ ជាលទ្ធផល លោកប្រធានាធិបតីម៉ូហាម៉េដ សាហាប៊ូឌីនបានចេញប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយឡើង។[១១៥]
- ៧ សីហា – តុលាការធម្មនុញ្ញថៃបានប្រកាសរំលាយគណបក្សឈានមុខ ខណៈលោកពិធា លិមចម្រើនរ័ត្ន រួមជាមួយសមាជិកបក្សសំខាន់ៗផ្សេងទៀតត្រូវបានហាមឃាត់មិនឱ្យប្រឡូកចូលឆាកនយោបាយរយៈពេល ១០ ឆ្នាំ។[១១៦]
- ៩ សីហា – យន្តហោះ Voepass Linhas Aéreas ATR-72 បានធ្លាក់នៅក្បែរទីក្រុងសាវប៉ូលឡូ ប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ៦២ នាក់។[១១៧]
- ១១ សីហា – ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានប្រកាសថាកងកម្លាំងយោធាអ៊ុយក្រែនបានកំពុងធ្វើប្រតិបត្តិការវាយឆ្លងព្រំដែនចូលទៅក្នុងអូប្លាសគូស្គិ៍នៃទឹកដីរុស្ស៊ី។ ភាគីខាងរុស្ស៊ីបានថ្លែងថា មនុស្សចំនួន ៧៦,០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់នោះ។[១១៨]
- ១៤ សីហា
- អង្គការសុខភាពពិភពលោកបានប្រកាសជំងឺអឹមផកជាគ្រោះអាសន្នសុខភាពសាធារណៈកម្រិតអន្តរជាតិជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំជាប់គ្នា បន្ទាប់ពីជំងឺមួយនេះបានចាប់ផ្ដើមផ្ទុះរីករាលដាលម្តងទៀតនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក។[១១៩]
- តុលាការធម្មនុញ្ញប្រទេសថៃបានប្រកាសដកលោកស្រេតដ្ឋា ទវីសិនចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីលោកបានតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានទោសជាប់ពន្ធនាគារចូលគណៈរដ្ឋមន្ត្រីថៃ។[១២០] លោកស្រីពែទងធារ ជិនវ័ត្របានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោកនៅថ្ងៃទី១៦។[១២១]
- ១៧ សីហា – ពិធីបុណ្យឯករាជ្យជាតិលើកទី៧៩ របស់ប្រទេសឥណ្ឌូណេស៊ីត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងនូសាន់តារ៉ា។ ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះគឺត្រូវធ្វើដំណាលគ្នានឹងពិធីសម្ពោធក្រុងនូសាន់តារ៉ាជារដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែវាត្រូវបានពន្យារពេលដោយទុកឱ្យពិធីបុណ្យឯករាជ្យជាតិដំណើរការទៅដោយឯកឯង។[១២២]
- ២៤ សីហា –នៅតំបន់បាសាឡូហ្គោនៃប្រទេសបួគីណាហ្វាសូ ជនស៊ីវិលប្រមាណ ៦០០ នាក់ត្រូវបានក្រុមជ្រុលនិយមឥស្លាមមួយបានបាញ់រះសម្លាប់ដោយឥតប្រណី។[១២៣]
- ២៨ សីហា – ៨ កញ្ញា – កីឡាប៉ារ៉ាឡាំពិករដូវក្ដៅឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។[១២៤]
កញ្ញា
- ២ កញ្ញា – តុលាការកំពូលប្រេស៊ីលបានសម្រេចបិទប្រតិបត្តិការរបស់បណ្ដាញសង្គម X (អតីត Twitter) នៅក្នុងប្រទេស បន្ទាប់ពីរដ្ឋាភិបាលប្រេស៊ីលបានចោទប្រកាន់បណ្ដាញសង្គមមួយនេះពីការផ្សព្វផ្សាយព័ត៌មានមិនពិត។[១២៥]
- ៧ កញ្ញា – ការបោះឆ្នោតប្រធានាធិបតីអាល់ហ្សេរីត្រូវបានប្រព្រឹត្តិធ្វើឡើង ហើយលោកអាប់ឌែលម៉ាដជីដ ធេបប៊ូនបានជាប់ឆ្នោតបន្តជាប្រធានាធិបតីអាល់ហ្សេរី។[១២៦]
- ១៥ កញ្ញា – បុរសម្នាក់ឈ្មោះរ៉ៃយ៉ាន វែស្លី រូតធ៍ត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំនៅក្នុងរដ្ឋផ្លរីដា។ ក្រោយមក គេក៏បានឃាត់ និងចាប់ខ្លួនរ៉ៃយ៉ាន ហើយកាលបរិច្ឆេទកាត់ក្តីនឹងត្រូវកំណត់ធ្វើឡើងនៅឆ្នាំ២០២៥។[១២៧]
- ១៧–១៨ កញ្ញា – មនុស្សចំនួន ៣២ នាក់ត្រូវបានបាត់បង់ជីវិត និងជាង ៣,២០០ នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពីវិទ្យុផ្ញើសារ និងវិទ្យុទាក់ទងរបស់ក្រុមសកម្មប្រយុទ្ធ និងក្រុមគ្រូពេទ្យហេសបុលឡា បានផ្ទុះផ្ទួនៗគ្នាចំនួនពីរលើក។ គេបានសន្និដ្ឋានថាប្រទេសអ៊ីស្រាអែលគឺនៅពីក្រោយហេតុការណ៍ផ្ទុះនេះ។[១២៨]
- ២០ កញ្ញា – អ៊ីស្រាអែលបានលបធ្វើឃាតកម្មលើមេដឹកនាំកំពូលៗនៃក្រុមហេសបុលឡាចំនួន ១០ នាក់ ដោយក្នុងនោះរួមមានមេបញ្ជការយោធាម្នាក់ឈ្មោះអ៊ីប្រាហ៊ីម អាគីល នៅឯរដ្ឋធានីបៃរូត ប្រទេសលីបង់។ ហេតុការណ៍នេះគឺជាចំណុចចាប់ផ្ដើមនៃភាពតានតឹងថ្មីរវាងអ៊ីស្រាអែល និងហេសបុលឡា តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយឧប្បត្តិហេតុផ្ទុះវិទ្យុទាក់ទងផ្ទួនៗគ្នារបស់ក្រុមហេសបុលឡា។[១២៩]
- ២១ កញ្ញា – ការបោះឆ្នោតប្រធានាធិបតីស្រីលង្កា៖ លោកអនុរ កុមារ ឌីស្សានាយ៉ាកាត្រូវជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្រីលង្កានៅក្នុងជុំទីពីរនៃការបោះឆ្នោត ដោយនេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រស្រីលង្កាដែលការបោះឆ្នោតប្រធានាធិបតីត្រូវឆ្លងចូលក្នុងជុំទីពីរ។[១៣០]
- ២៣ កញ្ញា – កំណត់ត្រាចំនួនអ្នកស្លាប់ដ៏ច្រើនបំផុតចាប់តាំងពីឆ្នាំ២០០៦ មកក្នុងជម្លោះអ៊ីស្រាអែល–ហេសបុលឡា ដោយគេបានរាយការណ៍ថា មនុស្សចំនួន ៥៦៩ នាក់បានបាត់បង់ជីវិត ខណៈមនុស្សចំនួន ១,៨៦៥ នាក់ទៀតបានទទួលរងរបួសតាមរយៈការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។[១៣១]
- ២៦ កញ្ញា – ព្យុះវេរម្ភវាតហ៊ែលីន ដែលជាប្រភេទខ្យល់ព្យុះវេរម្ភវាតតំបន់អាត្លង់ទិកដ៏កំណាចបំផុតចាប់តាំងពីវត្តមានព្យុះវេរម្ភវាតម៉ារីយ៉ាកាលពីឆ្នាំ២០១៧ បានវិវត្តខ្លួនទៅជាខ្យល់ព្យុះកម្រិតទីបួនមុននឹងចូលវាយបោកបក់រដ្ឋផ្លរីដា។ វាបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ២៣៦ នាក់ និងបាត់ខ្លួនជាង ៦៨៥ នាក់ទៀត។[១៣២]
- ២៧ កញ្ញា – កងកម្លាំងជើងអាកាសអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកបំផ្ទុះទីស្នាក់ការកណ្ដាលរបស់ក្រុមហេសបុលឡានៅក្នុងរដ្ឋធានីបៃរូត ដោយបានសម្លាប់មនុស្សជាច្រើននាក់ដែលក្នុងនោះរួមមានមេដឹកនាំហេសបុលឡា លោកហាសាន់ ណាស្រារ៉ាផងដែរ។[១៣៣][១៣៤]
- ២៩ កញ្ញា – ការបោះឆ្នោតនីតិប្បញ្ញត្តិអូទ្រីស៖ គណបក្សស្តាំនិយមជ្រុលឈ្មោះគណបក្សសេរីភាពបានទទួលលទ្ធផលដ៏ល្អប្រសើរបំផុតនៅក្នុងប្រវត្តិសាស្ត្រគណបក្សខ្លួន ប៉ុន្តែមិនបានឈានដល់ការដណ្ដើនសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាជាតិនោះទេ។ លទ្ធផលមួយនេះត្រូវបានគេចាត់ទុកថាជាជ័យជម្នះដ៏ធំពីគណបក្សស្តាំនិយមជ្រុលចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។[១៣៥]
- ៣០ កញ្ញា – សហរាជាណាចក្របានក្លាយជាប្រទេសជី ៧ ដំបូងដែលឈប់ប្រើប្រាស់ធ្យូងថ្មដើម្បីផលិតអគ្គិសនី ដោយនេះជាលើកដំបូងក្នុងរយៈពេល ១៤២ ឆ្នាំដែលប្រទេសនេះលែងប្រើប្រាស់ធ្យូងថ្មជាប្រភពអគ្គិសនី។[១៣៦][១៣៧]
តុលា
- ១ តុលា
- កងកម្លាំងការពារអ៊ីស្រាអែលបានវាយលុកចូលប្រទេសលីបង់ ដែលនាំឱ្យជម្លោះរវាងអ៊ីស្រាអែល និងហេសបុលឡាកាន់តែតានតឹងជាងមុន។[១៣៨]
- សភាជប៉ុនបានតែងតាំងលោកស្ហ៊ីកេរុ អ៊ីស្ហ៊ីបាជានាយករដ្ឋមន្ត្រីថ្មី ខណៈគណបក្សប្រជាធិបតេយ្យសេរីនូវបន្តកាន់កាប់អាសនៈភាគច្រើននៅក្នុងសភា។[១៣៩][១៤០] ក្រោយពីបានកាន់អំណាច លោកក៏បានចាត់តែងតាំងគណៈរដ្ឋមន្ត្រីថ្មីភ្លាមៗ និងព្រមទាំងបានអំពាវនាវឱ្យមានការបោះឆ្នោតមួយមុនកាលកំណត់នៅថ្ងៃទី២៧ ខែតុលាខាងមុខ។[១៤១]
- អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីឆ្លើយតបទៅនឹងសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែលមកលើហេសបុលឡាលីបង់។[១៤២]
- ៦ តុលា – ការបោះឆ្នោតប្រធានាធិបតីទុយនីស៊ី៖ ប្រធានាធិបតីទុយនីស៊ីលោកកៃស៍ សាយ៉េដត្រូវបានជាប់ឆ្នោតកាន់អំណាចបន្តអាណត្តិទីពីររបស់ខ្លួន។[១៤៣]
- ៧ តុលា – ព្យុះវេរម្ភវាតមីលតុនបានក្លាយជាព្យុះវេរម្ភវាតដ៏មានឥទ្ធិពលបំផុតទីប្រាំនៅក្នុងអាងសមុទ្រអាត្លង់ទិក និងជាព្យុះដ៏មានឥទ្ធិពលបំផុតទីពីរនៅក្នុងឈូងសមុទ្រម៉ិកស៊ិក បន្ទាប់ពីព្យុះវេរម្ភវាតរីតាកាលពីឆ្នាំ២០០៥។ មីលតុនក៏ជាខ្យល់ព្យុះទីមួយដែលមានកម្រិតសម្ពាធឈានដល់ក្រោម ៩០០ មីលីបាក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកនេះ។[១៤៤]
- ៩ តុលា – ការបោះឆ្នោតសកលម៉ូសំប៊ិក៖ លោកដានីយ៉ែល ឆាប៉ូបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មី ខណៈគណបក្សកាន់អំណាចហ្វ្រេលីម៉ូបានបន្តរក្សាអាសនៈភាគច្រើននៅក្នុងសភាសាធារណរដ្ឋ។[១៤៥]
- ១២ តុលា – ផ្កាយដុះកន្ទុយរយៈពេលវែងមួយឈ្មោះ C/2023 A3 (Tsuchinshan–ATLAS) ដែលត្រូវបានគេនិយមហៅថា "ផ្កាយដុះកន្ទុយប្រចាំសតវត្សន៍" បានធ្វើដំណើរមកខិតជិតភពផែនដីបំផុត។[១៤៦]
- ១៣ តុលា – SpaceX បានសម្រេចនូវការចុះចតវិញដោយជោគជ័យជាលើកដំបូងរបស់រ៉ុក្កែត Super Heavy Booster ពីនាវាអវកាស Starship ដែលត្រូវជារ៉ុក្កែតដ៏ធំ និងមានឥទ្ធិពលខ្លាំងបំផុតដែលបានបង្ហោះ។[១៤៧][១៤៨]
- ១៤ តុលា – យានអវកាសស្រាវជ្រាវឈ្មោះយូរ៉ូប៉ាឃ្លីបពើ (Europa Clipper) ត្រូវបានបាញ់បង្ហោះទៅទីអវកាសសម្ដៅទៅយូរ៉ូប៉ាដែលត្រូវជាព្រះចន្ទទឹកកកនៃភពព្រហស្បតិ៍។[១៤៩]
- ១៦ តុលា – មេដឹកនាំហាម៉ាស់ លោកយ៉ាយ៉ា ស៊ីនវ៉ាត្រូវបានស្លាប់ក្នុងអំឡុងពេលប្រយុទ្ធបាញ់គ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅឯទីក្រុងរ៉ាហ្វា។[១៥០]
- ២០ តុលា – ប្រជាមតិចូលជាសមាជិកភាពសហភាពអឺរ៉ុបត្រូវបានធ្វើឡើងនៅក្នុងប្រទេសម៉ុលដាវី ដោយទទួលបានលទ្ធផលយល់ស្របដ៏ចង្អៀត។[១៥១]
- ២១ តុលា – រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងលោកលឿង កឿងជាប្រធានាធិបតីថ្មី។ លោកត្រូវជំនួសឱ្យលោកតូ ឡឹមដែលត្រូវបានគេជ្រើសតាំងធ្វើជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។[១៥២]
- ២៦ តុលា – ការបោះឆ្នោតសភាចចជី៖ លទ្ធផលបោះឆ្នោតត្រូវបានគេចោទការសង្ស័យថាមានការជ្រៀតជ្រែកពីបរទេស បន្ទាប់ពីគណបក្សនិយមរុស្ស៊ីមួយឈ្មោះសុបិន្តចចជីបានដណ្ដើមឈ្នះអាសនៈភាគច្រើន។[១៥៣]
- ២៧ តុលា
- ការបោះឆ្នោតសកលជប៉ុន៖ គណបក្សប្រជាធិបតេយ្យសេរីបានបាត់បង់អាសនៈសភាភាគច្រើនជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ ប៉ុន្តែនៅតែកាន់កាប់អាសនៈច្រើនជាងគណបក្សដទៃៗដដែរ។ ផ្ទុយមកវិញ គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញបានទទួលលទ្ធផលដ៏ល្អបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របក្សរបស់ខ្លួន។[១៥៤]
- ការបោះឆ្នោតសភាលីទុយអានី៖ បក្សប្រឆាំងឆ្វេងនិយមគឺ គណបក្សសង្គមប្រជាធិបតេយ្យលីទុយអានី បានឈ្នះអាសនៈភាគច្រើន។[១៥៥]
- ៣០ តុលា
- ការបោះឆ្នោតសកលបុតស្វាណា៖ គណបក្សប្រជាធិបតេយ្យបុតស្វាណាបានបាត់បង់អំណាចនយោបាយជាលើកដំបូងក្នុងរយៈពេល ៥៨ ឆ្នាំ។ លោកឌូម៉ា បូកូនៃគណបក្សឆត្រដើម្បីបម្រែបម្រួលប្រជាធិបតេយ្យត្រូវបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីបុតស្វាណា។[១៥៦]
- គ្រោះទឹកជំនន់នៅអេស្ប៉ាញឆ្នាំ២០២៤៖ អេស្ប៉ាញត្រូវរងនូវគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងហាសិបឆ្នាំ ដែលបង្កឱ្យមនុស្សជាង ២០០ នាក់បានបាត់បង់ជីវិត និងបាត់ខ្លួនជាច្រើនរយនាក់ទៀត។[១៥៧][១៥៨]
វិច្ឆិកា
- ៣ វិច្ឆិកា – ការបោះឆ្នោតប្រធានាធិបតីម៉ុលដាវី៖ លោកស្រីម៉ៃយ៉ា សានឌូត្រូវបានជាប់ឆ្នោតបន្តអាណត្តិទីពីរជាប្រធានាធិបតីម៉ុលដាវី។[១៥៩]
- ៥ វិច្ឆិកា
- ការបោះឆ្នោតប្រធានាធិបតីនៃសហរដ្ឋអាមេរិក៖ លោកដូណាល់ ត្រាំបានជាប់ឆ្នោតអាណត្តិទីពីរជាប្រធានាធិបតីអាមេរិក រួមជាមួយបេក្ខភាពអនុប្រធានាធិបតីថ្មីឈ្មោះ ជេឌី វ៉ែនស៍។[១៦០]
- ការបោះឆ្នោតសកលប៉ាឡូ៖ លោកស៊ូរ៉ង់ជែល វីបស៍ ជូញ័រត្រូវបានជាប់ឆ្នោតបន្តអាណត្តិទីពីរជាប្រធានាធិបតីប៉ាឡូ។[១៦១]
- អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ ស្ហុលស៍បានដកតំណែងមេដឹកនាំគណបក្សសេរីប្រជាធិបតេយ្យ លោកគ្រីស្ទាន លីនណឺរចេញពីឋានៈជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលជាហេតុនាំឱ្យរដ្ឋមន្ត្រីមកពីបក្សសេរីប្រជាធិបតេយ្យចំនួនពីរនាក់ផ្សេងទៀតប្រកាសចុះចេញពីតំណែងរៀងៗខ្លួន ហើយក៏បន្តនាំឱ្យសម្ព័ន្ធភាពរដ្ឋាភិបាលអាល្លឺម៉ង់ដួលរលំទាំងស្រុង។[១៦២]
- ៩ វិច្ឆិកា – ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅឯស្ថានីយ៍រថភ្លើងទីក្រុងក្វេតាក្នុងខេត្តបាឡូឈីស្ថាននៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងតិចចំនួន ២៦ នាក់។ សកម្មភាពភេរវកម្មនេះត្រូវបានក្រុមកងទ័ពរំដោះបាឡូឈីស្ថានប្រកាសទទួលខុសត្រូវ ហើយជាលើកដំបូងបង្អស់ដែលក្រុមមួយនេះបានបញ្ចេញសកម្មភាពភេរវកម្មនៅកណ្ដាលទីក្រុងក្វេតា។[១៦៣]
- ១០ វិច្ឆិកា – ការបោះឆ្នោតសកលម៉ូរីស៖ សម្ព័ន្ធនយោបាយឡេប៉េបរបស់នាយករដ្ឋមន្ត្រីម៉ូរីស លោកប្រាវិន ចាកណតបានចាញ់សំឡេងឆ្នោតទល់នឹងមេដឹកនាំបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្ត្រី លោករ៉ាវិន រ៉ាំហ្គូឡាម ដោយរបូតអាសនៈក្នុងសភាស្ទើរទាំងអស់។[១៦៤]
- ១១–២២ វិច្ឆិកា – សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៩ បានប្រព្រឹត្តិធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃសង់។[១៦៥]
- ១៣ វិច្ឆិកា – ការបោះឆ្នោតប្រធានាធិបតីសូម៉ាលីឡង់៖ បេក្ខភាពបក្សប្រឆាំង លោកអាប់ឌីរ៉ាម៉ាន់ ម៉ូហាម៉េដ អាប់ឌុលឡាហ៊ីនៃគណបក្សវ៉ាដានីបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីសូម៉ាលីឡង់។[១៦៦]
- ១៤ វិច្ឆិកា – ការបោះឆ្នោតសភាស្រីលង្កា៖ សម្ព័ន្ធភាពអំណាចប្រជាជនជាតិរបស់ប្រធានាធិបតីអនុរ កុមារ ឌីស្សានាយ៉ាកាបានឈ្នះអាសនៈភាគច្រើននៅក្នុងសភា។[១៦៧]
- ១៦ វិច្ឆិកា – ប្រជាមតិរដ្ឋធម្មនុញ្ញកាបុងឆ្នាំ២០២៤ ត្រូវបានប្រព្រឹត្តិធ្វើឡើង និងអនុម័ត។[១៦៨]
- ១៧ វិច្ឆិកា – ការបោះឆ្នោតសភាសេណេហ្កាល់៖ គណបក្សប៉ាស្តែហ្វរបស់ប្រធានាធិបតីបាស៊ីរូ ឌីអូមេយ៍ ហ្វេយ៍បានឈ្នះសំឡេងភាគច្រើននៅក្នុងរដ្ឋសភាសេនេហ្កាល់។[១៦៩]
- ២១ វិច្ឆិកា
- តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនយ៉ាមិន នេតាញ៉ាហ៊ូ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោកយ៉ូអាហ្វ ហ្កាឡង់ត៍ និងមេដឹកនាំយោធាហាម៉ាស់ លោកម៉ូហាម៉េដ ដេហ្វជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្តក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់។[១៧០]
- ភេរវករមួយក្រុមនៅទីក្រុងប៉េស្យាវ៉ា ប្រទេសប៉ាគីស្ថានបានស្ទាក់វាយប្រហាររថយន្តមួយក្រុម ដែលមានដឹកអ្នកដំណើរជាឥស្លាមសាសនិកនិកាយស៊ីអ៊ីត រួចក៏បានចាប់សម្លាប់មនុស្សចំនួន ៤៦នាក់ និងបង្ករបួសដល់មនុស្សចំនួន ២០ នាក់ទៀត។[១៧១]
- ២៤ វិច្ឆិកា – ការបោះឆ្នោតសកលអ៊ូរុយគ្វេ៖ បេក្ខភាពបក្សប្រឆាំងឆ្វេងនិយម លោកយ៉ាម៉ាន់ឌូ អ័រស៊ីបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអ៊ូរុយគ្វេ។[១៧២]
- ២៦ វិច្ឆិកា – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនយ៉ាមិន នេតាញ៉ាហ៊ូបានប្រកាសការអនុវត្តកិច្ចព្រមព្រៀងនៃបទឈប់បាញ់មួយដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយក្រុមហេសបុលឡានៃប្រទេសលីបង់។[១៧៣]
- ២៧ វិច្ឆិកា – ការបោះឆ្នោតសកលណាមីប៊ី៖ លោកស្រីណេធុមប៊ូ ណង់ឌី-អ៊ិនដៃត្វាបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់ប្រទេសណាមីប៊ី។[១៧៤]
- ២៩ វិច្ឆិកា – ការបោះឆ្នោតសកលអៀរឡង់៖ គណបក្សមជ្ឈិមនិយមស្តាំហ្វីណាហ្វូលបានដណ្ដើមអាសនៈបន្ថែមចំនួន ៤៨ អាសនៈដោយបន្តរក្សាតំណែងជាគណបក្សធំជាងគេនៅក្នុងសភាអៀរឡង់។[១៧៥]
- ៣០ វិច្ឆិកា
- ការបោះឆ្នោតសភាអ៊ីស្លង់៖ បក្សប្រឆាំងឈ្មោះសម្ព័ន្ធភាពសង្គមប្រជាធិបតេយ្យបានឈ្នះអាសនៈចំនួន ១៥ នៅក្នុងរដ្ឋសភាអ៊ីស្លង់ ខណៈបក្សកាន់អំណាចគឺគណបក្សឯករាជ្យវិញដណ្ដើមបានតែ ១៤ អាសនៈប៉ុណ្ណោះ ដែលនាំឱ្យគ្មានគណបក្សណាមួយកាន់អាសនៈភាគច្រើននោះឡើយ។[១៧៦]
- ចលនាឧទ្ទាមបានវាយដណ្ដើមកាន់កាប់ទីក្រុងអាឡិបនៃប្រទេសស៊ីរីស្ទើរទាំងមូល ដែលជាហេតុជំរុញឱ្យរុស្ស៊ីប្រើអាវុធដែនអាកាសបាញ់សម្ដៅមកលើទីក្រុងនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ មក។[១៧៧]
ធ្នូ
- ១ ធ្នូ – ការបោះឆ្នោតសភារូម៉ានី៖ បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីរូម៉ានីបានទទួលសំឡេងគាំទ្រមួយភាគធំ ខណៈក្រុមគណបក្សស្តាំនិយមជ្រុលបានកើបសំឡេងគាំទ្រយ៉ាងច្រើនគួរឱ្យកត់សម្គាល់។[១៧៨]
- ៣ ធ្នូ – ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សកយ៉លបានថ្លែងសុន្ទរកថាពីការប្រកាសច្បាប់អាជ្ញាសឹកតាមរយៈកញ្ចក់ទូរទស្សន៍នាយប់ជិតរំលងអធ្រាត្រ ដោយបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងពីការប្រឡូកដៃជាមួយកូរ៉េខាងជើង និងចូលរួមសកម្មភាពប្រឆាំងនឹងរដ្ឋ។[១៧៩]
- ៤ ធ្នូ – វិបត្តិនយោបាយបារាំង៖ នាយករដ្ឋមន្ត្រីបារាំង លោកមីឈែល បារនីយែរត្រូវបានគេបោះឆ្នោតដកទំនុកចិត្តជានាយករដ្ឋមន្ត្រី។[១៨០]
- ៦ ធ្នូ – ការបោះឆ្នោតប្រធានាធិបតីរូម៉ានី៖ តុលាការធម្មនុញ្ញរូម៉ានីបានលុបចោលលទ្ធផលនៃការបោះឆ្នោតជុំទីមួយ បន្ទាប់ពីរងការចោទប្រកាន់ថាមានការជ្រៀតជ្រែកពីប្រទេសរុស្ស៊ី ពិសេសក្រោយពីមើលឃើញថាបេក្ខជននិយមរុស្ស៊ីម្នាក់ឈ្មោះកាលីន ចរជេស្គូបានទទួលសំឡេងគាំទ្រច្រើនហួសប្រមាណពីការស្មាន។[១៨១]
- ៧ ធ្នូ
- ៨ សីហា – សង្គ្រាមស៊ីវិលស៊ីរី៖ ប្រធានាធិបតីស៊ីរី លោកបាស្ហា អាល់-អាសាដបានរត់ភៀសខ្លួនចេញពីរដ្ឋធានីដាម៉ាស់ បន្ទាប់ពីរបបផ្ដាច់ការរបស់លោកត្រូវបានចលនាប្រឆាំងវាយផ្ដួលរំលំ។ ការរត់ភៀសខ្លួនរបស់លោកបាស្ហាគឺជាសញ្ញាបញ្ជាក់ពីទីបញ្ចប់នៃរបបបាស្សនៅស៊ីរីដែលបានក្ដោបក្ដាប់អំណាចតពីឳពុកមកកូនចាប់តាំងពីឆ្នាំ១៩៧១។ ក្រុមប្រឆាំងស៊ីរីបានប្រកាសបង្កើតរដ្ឋាភិបាលអន្តរកាលមួយដើម្បិដឹកនាំប្រទេសជាបណ្ដោះអាសន្ន។[១៨៤]
- ១១ ធ្នូ – សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (ហ្វីហ្វា) បានប្រកាសថា ប្រទេសអាហ្សង់ទីន ប៉ារ៉ាគ្វេ និងអ៊ូរុយគ្វេនឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកនាឆ្នាំ២០៣០ ខណៈដែលអារ៉ាប៊ីសាអ៊ូឌីតត្រូវបានទទួលស្គាល់ជាម្ចាស់ផ្ទះពានរង្វាន់នោះនៅឆ្នាំ២០៣៤។[១៨៥]
- ១៤ ធ្នូ
- ការបោះឆ្នោតប្រធានាធិបតីចចជី៖ បេក្ខភាពនៃគណបក្សអំណាចប្រជាជន លោកមីខាអ៊ីល កាវ៉េឡាច្ឆវីលីបានជាប់ឆ្នោតជាប្រធានាធិបតីដោយគ្មានសំឡេងប្រឆាំង។[១៨៦]
- អំណាច និងតួនាទីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សកយ៉ល ត្រូវបានផ្អាកមួយរយៈ បន្ទាប់ពីសមាជិកសភាបានបោះឆ្នោតទម្លាក់លោកពីអំណាច ដែលជាលទ្ធផលនៃការប្រកាសច្បាប់អាជ្ញាសឹកដោយលោកកាលពីសប្តាហ៍មុន។[១៨៧]
- ព្យុះចក្រវាតឈីដូបានគួចចូលកោះម៉ាយុត ដោយសម្លាប់មនុស្សយ៉ាងតិចចំនួន ២០ នាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។[១៨៨]
- ១៧ ធ្នូ – រដ្ឋធានីព័រវីឡានៃប្រទេសវ៉ានូអាទូបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះរញ្ជួយដីកម្រិត ៧.៣ វិចទ័រ ខណៈមនុស្សចំនួន ១៩ នាក់បានបាត់បង់ជីវិត។[១៨៩]
- ២០ ធ្នូ – មនុស្សចំនួន ៥ នាក់បានបាត់បង់ជីវិត និងចំនួន ២០៥ នាក់ទៀតបានទទួលរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកសម្រុកចូលហ្វូងមនុស្សជាច្រើននៅឯផ្សារណូអែលមួយកន្លែងក្នុងទីក្រុងម៉ាកដេប៊ួក ប្រទេសអាល្លឺម៉ង់។[១៩០]
- ២១ ធ្នូ – មនុស្សយ៉ាងតិចចំនួន ៤១ នាក់បានបាត់បង់ជីវិត និងចំនួន ៧ នាក់ផ្សេងទៀតបានទទួលរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពហុយានយន្តជាច្រើនគ្រឿងនៅលើដងផ្លូវមហាវិថី BR-១១៦ នៅទីក្រុងតេអូហ្វីឡូអូតូនី រដ្ឋមីណាសជេរ៉ៃស ប្រទេសប្រេស៊ីល។ ឧប្បត្តិហេតុមួយនេះគឺត្រូវជាគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបំផុតនៅលើមហាវិថីកម្រិតសហព័ន្ធក្នុងប្រទេសប្រេស៊ីលចាប់តាំងពីតួលេខស្ថិតិគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេតាមដានកាលពីឆ្នាំ២០០៧ មក។[១៩១]
- ២៤ ធ្នូ – យានអវកាសអង្កេតព្រះអាទិត្យហៅ ផាកឃឺរ បានគោចរខិតជិតនឹងព្រះអាទិត្យបំផុតនៅរយៈចម្ងាយ ៦.១ គីឡូម៉ែត្រ ដោយនាំឱ្យវាក្លាយជាវត្ថុសិប្បនិម្មិតកៀកនឹងព្រះអាទិត្យបំផុតមិនធ្លាប់មាន។[១៩២]
- ២៥ ធ្នូ – យន្តហោះដឹកអ្នកដំណើរប្រទេសអាស៊ែបៃសង់លេខ ៨២៤៣ បានជួបគ្រោះថ្នាក់ធ្លាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន។ មនុស្សចំនួន ២៩ នាក់ក្នុងចំណោមមនុស្សសរុប ៦៧ នាក់បានរួចជីវិតពីឧប្បត្តិហេតុធ្លាក់យន្តហោះមួយនេះ។[១៩៣][១៩៤]
- ២៧ ធ្នូ – ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោកហាន់ ដុកស៊ូត្រូវបានសមាជិករដ្ឋសភាបោះឆ្នោតទម្លាក់ពីអំណាច បន្ទាប់ពីលោកមិនបានប្រកាសអនុវត្តគម្រោងច្បាប់ចំនួនពីរទាក់ទិននឹងដំណើរការផ្លូវច្បាប់របស់លោកប្រធានាធិបតីយូន។ លោកហាន់ត្រូវបានជំនួសមកវិញដោយឧបនាយករដ្ឋមន្ត្រី លោកឆូអេ សាំងម៉ូ។[១៩៥]
- ២៩ ធ្នូ – យន្តហោះដឹកអ្នកដំណើរកូរ៉េខាងត្បូងមួយគ្រឿងលេខ ៧៣៧-៨០០ ដែលបានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្រុងបាងកក ប្រទេសថៃ ទៅអាកាសយានដ្ឋានអន្តរជាតិមូអាន ប្រទេសកូរ៉េខាងត្បូង បានបើកងាករេចេញពីផ្លូវរត់នៅអាកាសយានដ្ឋានអន្តរជាតិមូអាន រួចទៅបុកនឹងជញ្ជាំងថ្ម ដោយសម្លាប់មនុស្សចំនួន ១៧៩ នាក់។ ជនរងគ្រោះពីរនាក់ត្រូវបានរាយការណ៍ថាកំពុងតែត្រូវសង្គ្រោះបន្ទាន់។[១៩៦][១៩៧]
Remove ads
ថ្ងៃមរណភាព
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads